Category: សង្គម និងសេដ្ឋកិច្ច

  • ម៉ូដសម្លៀកបំពាក់បែបជឿជាក់សម្រាប់នារីសម័យថ្មី

    ម៉ូដសម្លៀកបំពាក់បែបជឿជាក់សម្រាប់នារីសម័យថ្មី

    នាថ្ងៃបុណ្យសិទ្ធិនារី 8មីនា ដែលជាថ្ងៃរំឭកពីភាពជោគជ័យរបស់នារីទូទាំងពិភពលោក ម៉ូដសម្លៀកបំពាក់ដែលអ្នកគួរស្លៀកពាក់ ក៏ត្រូវតែជាសម្លៀកបំពាក់បែបជឿជាក់ មានអំណាច និងពេញដោយភាពស្រស់ស្អាតបែបទុកចិត្ត និងជោគជ័យ ទោះជាមើលពីជ្រុងណាមកក៏មិនទើស មិនឃើញទន់ខ្សោយឡើង ស្អាតហើយ ពេញដោយសមត្ថភាព និងភាពជឿជាក់សម្រាប់នារីសម័យថ្មី ដើម្បីបង្ហាញដល់មនុស្សទាំងអស់ពីភាពជានារីរបស់យើង។ តោះចឹង! កុំភ្លេចជ្រើសរើសម៉ូដសម្លៀកបំពាក់បែបជឿជាក់ និងទាន់សម័យសម្រាប់ខែមីនានេះ៕

  • Kim Jong-un ជូនពរ​កូរ៉េខាង​ត្បូង​ ឆ្លង​ផុត​ពី​វិបត្តិ​សុខ​ភាព​ ខណៈ​ប្រទេស​នេះ​ មាន​អ្នក​ផ្ទុក​ Covid-19 ជាង 6,088​នាក់​

    Kim Jong-un ជូនពរ​កូរ៉េខាង​ត្បូង​ ឆ្លង​ផុត​ពី​វិបត្តិ​សុខ​ភាព​ ខណៈ​ប្រទេស​នេះ​ មាន​អ្នក​ផ្ទុក​ Covid-19 ជាង 6,088​នាក់​

    មេដឹក​នាំ​កូរ៉េខាង​ជើង លោក Kim Jong-un បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​កូរ៉េខាង​ត្បូង សម្ដែង​ការ​ជឿ​ជាក់​ថា ប្រទេស​នេះ​នឹងឆាប់​ទទួល​បាន​ជោគ​ជ័យ​លើ​រោគ​រាត​ត្បាត Covid-19 និង​អាច​ការ​ពារ​សុខ​ភាព​របស់​ប្រជា​ជន​។

    លេខាធិការ​សារព័ត៌​មាន​នៃ​វិមាន​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា “ប្រធាន​រដ្ឋ​ Kim Jong-un មាន​បំណង​លើក​ទឹក​ចិត្ត​ប្រជា​ជន​ (កូរ៉េខាង​ត្បូង) ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​។​ គាត់​ជឿ​ជាក់​ថា យើង​នឹង​ទទួល​បាន​ជ័យ​ជំនះ ហើយ​សង្ឃឹម​ថា​ សុខ​ភាព​របស់​ប្រជា​ជន​កូរ៉េខាង​ត្បូង​នឹង​ត្រូវ​បាន​ការ​ពារ​”។

    ​លិខិត​មួយ​ច្បាប់​នោះ ត្រូវ​បាន​លោក​ Kim ផ្ញើ​ទៅ​កាន់​ប្រធានាធិប​តី​កូរ៉េខាង​ត្បូង លោក Moon Jae-in កាល​ពី​ថ្ងៃ ទី4មីនា​ ឆ្នាំ​2020​។ នៅ​ក្នុង​លិខិត​នោះ លោក​ Kim Jong-un បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខ​ភាព​របស់​ថ្នាក់​ដឹក​នាំ​កូរ៉េខាង​ត្បូង ព្រម​ទាំង​បាន​បក​ស្រាយ​អំពី “គំនិត​ស្មោះ​ត្រង់” របស់​លោក Kim Joong-un អំពី​ស្ថាន​ការណ៍​នៅ​លើ​ឧបទ្វីប​​កូរ៉េ​នា​បច្ចុប្បន្ន​។

    ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ លោក Moon Jae-in ក៏បា​ន​ផ្ញើ​លិខិត​មួយ​ច្បាប់​ឆ្លើយ​តបទៅ​កាន់​កូរ៉េខាង​ជើង ក្នុង​នោះ​លោក Moon បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ការ​យកចិត្ត​ទុក​ដាក់​របស់​ប្រធាន​រដ្ឋ​កូរ៉េខាង​ជើង​ផង​ដែរ​។

    កូរ៉េខាង​ត្បូង ថ្ងៃ​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​​ Covid-19 បន្ថែម​ចំនួន​ជាង​332នាក់ នាំ​ឱ្យ​ចំនួន​អ្នក​បាន​​ឆ្លង​មេរោគ​នេះ សរុប​ឡើង​ដល់​ជាង 6,088​នាក់​ ក្នុង​នោះ​មាន​ 35នាក់​បាន​បាត់​បង់​ជីវិត និង​ជាង​40​នាក់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ប្រទេស​នេះ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ Covid-19 ធំ​ជាង​គេ​ក្នុង​ពិភព​លោកបន្ទាប់​ពី​ប្រទេស​ចិន​។

    ចំណែក​នៅ​ទូទាំង​ពិភពលោក​វិញ មនុស្ស​ចំនួន​ 95,748​នាក់​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ឆ្លង​មេរោគ Covid-19 ក្នុង​នោះ​មាន 3,286​នាក់ បាន​ស្លាប់​ និង 53,423​នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សេដ្ឋ​កិច្ច​ចិន​នឹងអាច​​ស៊ូទ្រាំ​ជាមួយ​រោគ​រាត​ត្បាត​ Covid-19 បាន​ដល់​ពេល​ណា​?

    សេដ្ឋ​កិច្ច​ចិន​នឹងអាច​​ស៊ូទ្រាំ​ជាមួយ​រោគ​រាត​ត្បាត​ Covid-19 បាន​ដល់​ពេល​ណា​?

    សាស្ត្រាចារ្យ​ Michael Spence ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ Nobel សេដ្ឋ​កិច្ច យល់ថា​ ឥទ្ធិពល​របស់​ Covid-19 ទៅ​លើ​សេដ្ឋ​កិច្ច​ចិន គ្រាន់​តែ​កើត​ឡើង​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ចំណែករយៈ​ពេល​វែង​វិញ វា​ហាក់​មិន​អាច​ទៅ​រួច​នោះ​ទេ​។

    រោគ​រាត​ត្បាត​ Covid-19 មក​ដល់​បច្ចុប្បន្ន បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​រយ​លាន​នាក់នៅ​ទូទាំង​ពិភពលោក ​ត្រូវ​រង​ផល​ប៉ះពាល់យ៉ាង​​ធ្ងន់​ធ្ងរ​។ ដោយ​សារ​តែ​អ្នក​វិទ្យា​សាស្ត្រ​មិន​ទាន់រក​ឃើញ​ថ្នាំ ឬ​វិធី​ពិសេស​​ដែល​​អាច​ទប់​ស្កាត់​ ឬ​ព្យា​បាល​មេរោគ​នេះ ដូច្នេះ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​អះអាង​​ថា ពេល​ណា​រោគ​រាត​ត្បាត​នេះ​ត្រូវ​បានគេ​គ្រប់​គ្រងទាំង​ស្រុងនោះ​ទេ កុំ​ថា​ឡើយ​និយាយ​ដល់​រឿង​សេដ្ឋ​កិច្ច​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​រយៈ​ពេល​ខ្លី។

    ក៏ប៉ុន្តែ ប្រការ​ខាង​លើ​នេះ​ មិន​មែន​មាន​ន័យ​ថា គេ​មិន​អាច​ព្យា​ករ​អ្វី​បាន​ទាំង​អស់នោះ​ទេ​។ កាល​ពី​អតីត​កាល​ បទ​ពិសោធ​ប្រហាក់​ប្រហែលគ្នា​នឹង​​​រោគ​រាត​ត្បាត​កូរ៉ូណា Covid-19នេះ​ បាន​បង្ហាញ​ថា ការ​ខាត​បង់​សេដ្ឋ​កិច្ច​រយៈ​ពេល​ខ្លី អាច​មានច្រើន​ ហើយ​វិស័យ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ​នោះ​គឺ​ វិស័យ​ដឹក​ជញ្ជូន ទេស​ចរណ៍ រថយន្ត​ និង​ផលិតផល​ប្រណិត​។

    ការ​ព្យាករ​មួយ​ចំនួន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ ក៏បានបង្ហាញថា កំណើន​ GDP របស់​ចិន អាច​ថយ​ចុះ​ពី 2-4​ពិន្ទុ​ភាគរយ​រៀង​រាល់​ត្រីមាស​ រហូត​ដល់​រោគ​រាត​ត្បាត​នេះ​បាន​កើន​ឡើង​ដល់​កំពូល។ ផលិត​ផល​នាំ​ចេញ​នាំ​ចូល​ សុទ្ធ​តែ​មាន​ការ​ថយ​ចុះ ដោយ​សារ​មាន​ការ​កាត់​បន្ថយ​សកម្ម​ភាព​ផលិត​ ​ការ​បញ្ជា​ទិញ​ និង​ការ​ដឹក​ជញ្ជូន ទាំង​ស្ម័គ្រ​ចិត្ត ទាំង​ត្រូវ​បង្ខំ។ កត្តា​ជំរុញកំណើន​សេដ្ឋ​កិច្ច​ដែល​ពឹង​ទៅ​លើ​រដូវ​កាល​បុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំ​នេះ​ក៏មិន​បាន​កើន​ឡើង​។

    សំណួរ​សួរ​ថា តើ​ពេល​ណា​រោគរាត​ត្បាត​នេះ​ឡើង​ដល់​កម្រិត​កំពូល​? ការ​ព្យាករ​ប្រកប​ដោយ​ភាព​ជឿ​ជាក់​ យល់​ថា សេដ្ឋ​កិច្ច​មួយ​ផ្នែក​នឹង​ងើប​ឡើង​វិញ​នៅ​ក្នុង​ត្រី​មាស​ទី​2។ លោក Michael Spence អ្នក​វិទ្យា​សាស្ត្រ​ដែល​ទទួល​បាន​ពាន​រង្វាន់​ Nobel សេដ្ឋ​កិច្ច និង​ជា​សាស្ត្រា​ចារ្យ​ផ្នែក​សេដ្ឋ​កិច្ច​មក​ពី​សាលា​សេដ្ឋ​កិច្ច​ Stern របស់​សកល​វិទ្យា​ល័យ​ New York និង​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Hoover យល់​ថា វា​នឹង​ឃើញ​ជាក់​ស្ដែង​ជាងនេះ បើ​សិន​គេ​រង់ចាំ​​ការ​ងើប​ឡើង​វិញនៃ​សេដ្ឋ​កិច្ច​នៅ​ត្រី​មាស​ទី​3។

    ប៉ុន្តែ លោក Michael Spence ក៏បាន​ថ្លែង​ថា គេ​នឹង​មិនអាច​ទាត់​ចោល​នូវ​លទ្ធ​ភាព​ដែល​ Covid-19 ក្លាយ​ជា​មហារោគ​​រាត​ត្បាត ដែល​អុក​ឡុក​ពិភពលោក​​រយៈ​ពេល​វែង​ ដែល​បង្ក​រការ​ខាតបង់​ច្រើន​ជាង​នេះ​ ចំពោះ​សេដ្ឋ​កិច្ច​ ព្រោះ​ថា​អ្នក​ជំនួញកាន់​តែ​ពិបាក​រកស៊ី ចំនួន​អ្នក​ធ្វើការ​ក៏​​ត្រូវ​បាន​កាត់​បន្ថយច្រើន​ឡើង​ អ្នក​វិនិយោគ​មានការ​រារែកកាន់​តែ​ខ្លាំង។ល។

    អ្ន​ជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​ខាង​លើ​បាន​អះអាង​ថា ជារួម​ ឥទ្ធិពល​​រយៈ​ពេល​វែង​របស់ Covid-19 ទៅ​លើ​សេដ្ឋ​កិច្ច​ចិន គឺ​មាន​តិច​តួច។ សេដ្ឋ​កិច្ច​របស់​មហា​អំណាច​ចិន​បច្ចុប្បន្ន គេ​មិន​អាច​ប្រើ​ពាក្យ​ថា “ទន់​ខ្សោយ​” បាន​ទៀត​ទេ​។ ជា​ការ​ពិត ប្រទេស​នេះ​លែង​ពឹង​ផ្អែក​ច្រើន​​ទៅ​លើ​ការ​នាំ​ចេញ​ បើ​ធៀប​នឹង​ឆ្នាំ​2003 ដែល​ពេល​នោះ​អាសន្ន​រោគ​ SARS កំពុងកើត​ឡើង​។ សេដ្ឋ​កិច្ច​ប្រទេស​ចិន ក៏​មាន​កត្តា​ជា​ច្រើន​ដើម្បី​ងើប​ឡើង​វិញយ៉ាង​លឿន ​ចេញពី​វិបត្តិ​សុខ​ភាព​នេះ​។

    លោក​សាស្ត្រាចារ្យ Michael Spence យល់​ថា ប្រភព​កម្លាំង​ដែល​កន្លង​មក​ត្រូវ​បាន​គេ​វាយ​តម្លៃ​ទាប​​នោះ​គឺ​ការ​ពង្រីក​ខ្លួន​យ៉ាង​លឿន​របស់​​សេដ្ឋ​កិច្ច​ឌីជីថល​នៃ​​ប្រទេស​ចិន​។ ការ​លក់​រាយ​តាម​អនឡាញ​នៅ​ប្រទេស​ចិន​ បាន​កើន​ឡើង​រហូត​ដល់​ 35,3% ឬ​ 25% (តាម​ស្ថិតិ​មួយ​ផ្សេង​ទៀត​)។ ការ​រក​ស៊ី​តាម​អនឡាញ​នៅ​ប្រទេស​ចិន ពេល​នេះ​កំពុង​តែ​មាន​កំណើន​ខ្ពស់។

    កត្តា​ខាង​លើ​នេះ ក៏​ជា​ជំនួយ​មួយ​ផ្នែក​ធំ​ដែល​ជំរុញ​ឱ្យ​សេដ្ឋ​កិច្ច​ចិន​ ងើប​ឡើង​វិញ​បាន​ឆាប់​រហ័ស ពិសេស​គឺ​នៅ​ចំពោះ​មុខ​វិបត្តិ​មួយ​ដែលកាត់​បន្ថយលទ្ធ​ភាព​នៃ​ការ​ធ្វើ​ដំណើរ។ វិស័យ​បច្ចេក​វិទ្យា​រីក​ចម្រើន​ខ្លាំង​ ក៏មាន​ន័យ​ថា បុគ្គលិក​ក្រុម​ហ៊ុន​អាច​ធ្វើ​ការឱ្យ​ក្រុម​ហ៊ុន​ពេល​ដែល​ពួក​គេ​នៅ​ឯ​ផ្ទះ​ ឬ​កន្លែង​ណា​មួយ​ដែល​នៅ​ខាង​ក្រៅ​ក្រុម​ហ៊ុន​​ សូម្បី​តែ​ពេល​ពួក​គេ​ត្រូវ​បង្ខាំង​ដើម្បី​ការ​ពារ​ការ​ឆ្លង​មេរោគ​ក៏ដោយ។ ចំណែក​វិស័យ​អប់រំ​ក៏​មិន​ខុស​គ្នា​ប៉ុន្មានដែរ​ ដោយ​សារ​គ្រូ និង​សិស្ស​អាច​បង្រៀន និង​ទទួល​ចំណេះ​ដឹង​ដោយ​ប្រើ​អ៊ីនធើណិត​។

    ក្រុម​ហ៊ុន​ដែល​ជួប​បញ្ហា​ទាក់​ទិន​នឹង​លម្ហូរ​សាច់​ប្រាក់ និង​ទុន​ នោះ​ឥណទាន​អាច​នឹង​ត្រូវ​បាន​ពន្យា​ពេល​​ និង​ផ្គត់​ផ្គង់​ពី​ចម្ងាយ​។ ប្រការ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ខាត​​បង់​ក្នុង​រយៈ​ពេល​វែង​សម្រាប់​វិស័យ​ទេស​ចរណ៍ ពិសេស​គឺ​ក្រុម​ហ៊ុនខ្នាត​​តូច​ និង​មធ្យម​។ ផលិត​ផល​ ឬ​សេវា​កម្ម​ធានារ៉ាប់​រង​តាម​អនឡាញ​ក៏អាច​ត្រូវ​បាន​ពង្រីក​​ទៅ​ក្នុង​វិស័យ​មួយ​ចំនួន​។ ការ​បញ្ជា​ទិញ​សម្ភារ​វេជ្ជ​សាស្ត្រ​​តាម​អនឡាញ ក៏អាច​ជួយ​បញ្ចៀសបញ្ហា​ខ្វះ​ខាត​ដោយ​សារ​វិបត្តិ​សុខភាព​នេះ ព្រោះ​ថា​​កម្មវិធី​កុំព្យូទ័រ​ មាន​សមត្ថ​ភាព​ដឹង​ នឹង​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​ឆាប់​រហ័ស​។

    កម្មវិធី​ ផ្សារ​ ឬ​ App អនឡាញ​នានា​ក៏​អាច​​ការ​ពារ​មិន​ឱ្យ​មាន​បញ្ហា​​ឱកាសនិយម និង​ការ​ពារ​អ្នក​ដែល​ងាយ​រង​គ្រោះ​។ ឧទាហរណ៍ ក្រុម​​ហ៊ុន​ផ្សារ​អនឡាញ Amazon បាន​ព្រមាន​មិន​ឱ្យ​ “ម្ចាស់​តូប​” នៅ​លើ​ផ្សារ​អនឡាញ​នេះ​​ ដាក់​លក់​ផលិត​ផល​ម៉ាស់​ក្នុង​តម្លៃ​ខ្ពស់​ បើ​សិន​ករណី​នេះ​កើត​ឡើង “ម្ចាស់​តូប” នោះ​នឹង​ត្រូវ​បាន​គេ​បិទ​ចោល​។

    នៅ​ពេល​សេដ្ឋ​កិច្ច​ត្រូវ​បាន​ដាក់​នៅ​លើ​អនឡាញ ការ​តាម​ដាន​ប្រសិទ្ធ​ភាព​របស់​វា​ បាន​ក្លាយ​ជា​រឿង​ងាយ​ស្រួល​ លឿន និង​សុក្រឹត​ជាង​មុន​។ ទិន្ន​ន័យ​នេះ អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​កែ​សម្រួល​លើ​បញ្ហា​នានា​​ដែល​កើត​មាន ព្រម​ទាំង​អាច​ជួយ​កែ​លម្អ​សុក្រឹត​ភាព​នៃ​ការ​ព្យាករ​ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​រក​ស៊ី និង​ជំរុញ​ឱ្យសេដ្ឋ​កិច្ច​អាច​ងើប​ឡើង​បាន​ឆាប់​រហ័ស​។

    និយាយ​មួយ ការ​ដាំ​ក្បាល​ចុះ​ដល់​កម្រិត​អាក្រក់​បំផុត​នៃ​សេដ្ឋ​កិច្ច​ចិន គឺពិត​ជា​គួរ​ឱ្យ​ខ្លាច និង​មាន​ហា​និភ័យ​ខ្ពស់។ ប៉ុន្តែ បញ្ហា​នេះ​មិន​ងាយ​នឹង​កើត​ឡើង​នោះ​ឡើយ ព្រោះ​ថា ប្រទេស​ចិន​ និង​ពិភពលោក​បាន​ និង​កំពុង​តែ​ចាត់​វិធាន​ការ​យ៉ាង​ខ្លាំង​ក្លា ដើម្បី​ទប់​ទល់​នឹង​បញ្ហា​នេះ​។ ក៏ប៉ុន្តែ អ្វី​ដែល​គេ​សោក​ស្ដាយ​នោះ គឺការ​បាត់​បង់​ជីវិត​មនុស្ស​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19៖ ​កម្ពុជា​​ដាក់​​មនុស្ស​40​នាក់​​​ក្រោម​​ការ​តាម​ដាន​​សុខ​ភាព​ និង​​4​នាក់​ទៀតដាក់​ឱ្យ​នៅដាច់ដោយឡែក ព្រោះ​មាន​ជាប់​ទាក់​ទិន​នឹង​ជន​ជាតិ​ជប៉ុន​ដែល​ផ្ទុក​មេរោគ Covid-19

    COVID-19៖ ​កម្ពុជា​​ដាក់​​មនុស្ស​40​នាក់​​​ក្រោម​​ការ​តាម​ដាន​​សុខ​ភាព​ និង​​4​នាក់​ទៀតដាក់​ឱ្យ​នៅដាច់ដោយឡែក ព្រោះ​មាន​ជាប់​ទាក់​ទិន​នឹង​ជន​ជាតិ​ជប៉ុន​ដែល​ផ្ទុក​មេរោគ Covid-19

    មនុស្ស​​4នាក់​ត្រូវ​បានដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ពោលគឺ​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ចំនួន​14​ថ្ងៃ និង​40​នាក់​ទៀត​ស្ថិតក្រោម​ការតាមដាន​សុខភាព បន្ទាប់​មាន​ព័ត៌មាន​ថា ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ធ្លាប់​ស្នាក់នៅ​សៀមរាប ត្រូវបាន​រកឃើញ​វិជ្ជមាន COVID-19 នៅ​ក្រុង Nagoya ប្រទេស​ជប៉ុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​

    ​បច្ចុប្បន្នស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ខេត្តសៀមរាបរ​ក​ឃើញ​មនុស្ស​4​នាក់​ដែលមាន​ប្រវត្តិ​ប៉ះពាល់​ផ្ទាល់ និង​40​នាក់​ដែល​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​ជនជាតិ​ជប៉ុន​ដែល​រកឃើញ​ករ​ណី​ឆ្លង​នៅ​ប្រទេស​ជប៉ុន​។​

    នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) របស់​ក្រសួងសុខាភិបាល បាន​អះអាង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ក្រុមមន្ត្រី​សុខាភិបាល​ថ្នាក់ជាតិ ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ខេត្តសៀមរាប កំពុងយកចិត្តទុកដាក់​លើករ​ណី​នេះ​ដោយ​តម្លាភាព​ និង​ធ្វើការ​ប្រកបដោយ​ភាពត្រឹមត្រូវ​បំផុត​ទៅតាម​នីតិវិធីរ​បស់​អង្គការ​សុខភាព​ពិភពលោក ម​ជ្ឈ​ណ្ឌ​ល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​។​

    ជនជាតិ​ជប៉ុន​ដែល​ត្រូវបាន​តេស្ត​វិជ្ជមាន​នៅ​ប្រទេស​កំណើត​ខ្លួន​នោះ ជា​អ្នក​ធុរកិច្ច​គាត់​បានធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​ក្នុង​រយ​:​ពេល​ខ្លី​ពី​វៀតណាម ថៃ ហ្វីលីពីន កម្ពុជា បន្ទាប់មក​ទៅ​វៀតណាម និង​ត្រឡប់​ចូល​ប្រទេស​ជប៉ុន​​វិញ​ហើយ​រកឃើញ​វិជ្ជមាន​ COVID-19 នៅ​ទីនោះ ។​

    ​លោក លី សូ​វ៉ាន់ បាន​ពន្យល់ថា មនុស្ស​4​នាក់​ត្រូវ​ស្ថិតក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ដោយនៅ​ដាច់ដោយឡែក​ពី​គេ​14ថ្ងៃ និងច40​​នាក់​ទៀត​អាច​ចេញ​ក្រៅ ប៉ុន្តែ​ស្ថិតក្រោម​ការតាមដាន​សុខភាព​ជាប្រចាំ ហើយ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​វិធាន​ការការពារ​ផ្សេងៗ​៕

     

  • ជួបជាមួយការប្រគំតន្រ្តីយ៉ាងកក្រើកនៅក្រុងតាខ្មៅ ជាមួយស្រាបៀរ ថៃហ្គ័រ

    ជួបជាមួយការប្រគំតន្រ្តីយ៉ាងកក្រើកនៅក្រុងតាខ្មៅ ជាមួយស្រាបៀរ ថៃហ្គ័រ

    រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី​០៧​-០៨ ​ខែមីនា ឆ្នាំ​២០២០ ខាងមុខនេះ ស្រាបៀរ ថៃហ្គ័រ (CBL) នឹងរៀបចំការប្រគំតន្រ្តីដ៏ធំសម្បើមរបស់ Tiger Street Football 2020 រួមជាមួយកម្មវិធីសប្បាយជាច្រើនទៀតយ៉ាងកក្រើក និងកាន់តែពិសេសអស្ចារ្យ នៅក្នុងបរិវេណទីធ្លាសួនច្បារច្រមុះជ្រូក មាត់ទន្លេក្រុងតាខ្មៅ ដើម្បីអបអរសាទរក្រុមជើងឯកម្ចាស់ពាន Tiger Street Football  2020  វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន។

    ​​កម្មវិធី​ពិសេសនេះនឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ រស្មីហង្សមាស ចាប់ពី​​ម៉ោង ​៨​ យប់​រហូតដល់ចប់កម្មវិធី ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយរីករាយជូនទស្សនិកជនមាន​ដូចជា លោក ខេមរះ សិរីមន្ត អ្នកនាង ឪក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ កញ្ញា សុខ សីឡាលីន លោក ហ្សូណូ លោក ខាត់ ជែមស៏ លោក នីកូ លោក​ Step និងកញ្ញា ឈិន ម៉ានិច្ច

    ការប្រគំតន្រ្តីដ៏កក្រើកពិសេសរបស់ Tiger Street Football 2020  ដែលរៀបចំផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ (CBL)។​ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.។

    ពិសាដោយការទទួលខុសត្រូវ៕​

  • ទិវា​សិទ្ធិនារី​អន្តរជាតិ 8មីនា

    ទិវា​សិទ្ធិនារី​អន្តរជាតិ 8មីនា

    ទិវា​នារី​អន្តរជាតិ​ 8មិនា​ គឺជា​ទិវា​មួយ​ដែល​នារី​ជុំវិញ​ពិភពលោក​តែង​ប្រារព្ធ​ពិធី​ដើម្បី​រំឭក​ និង​អបអរសាទរ​ពី​ថ្ងៃ​ដ៏​មាន​អត្ថន័យ​នេះ​។ អង្គការសហប្រជាជាតិ​ ក៏បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នេះ​ផង​ដែរ​ ហើយ​ប្រទេស​ជាច្រើន​បាន​កំណត់​ទិវា​នេះ​ ថា​ជា​ថ្ងៃបុណ្យ​ជាតិ​របស់​ខ្លួន​ផង​ដែរ​។ ស្ត្រី​ និង​បុរស​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ផែនដី​នេះ​ ដើម្បី​ឱ្យ​ក្លាយជា​គូ​នឹងគ្នា​ ហើយ​ត្រូវ​ធ្វើដំណើរ​ជាមួយគ្នា​គ្រប់​កិច្ចការ​ និង​គ្រប់គ្រង​លើ​ផែនដី​ទាំងមូល​ ប៉ុន្តែ​ពួកគេ​មាន​រូបរាង​ និង​ចិត្តគំនិត​ខុសពី​គ្នា​។ ធម្មជាតិ​បាន​ផ្តល់​នូវ​ភាពរឹងមាំ​ខាង​ផ្នែក​រាងកាយ​ដល់​បុរស​ក្នុង​ភាពជា​អ្នកប្រយុទ្ធ​ និង​ជា​អ្នកដឹកនាំ​ ទើប​ជំរុញ​ឱ្យ​បុរស​ភាគច្រើន​តែង​ប្រើ​ឥទ្ធិពល​នេះ​ ដើម្បី​គ្រប​ដណ្តប់​លើ​ស្ត្រី​ និង​ចាត់ទុក​ស្ត្រីជា​ភេទ​ទន់ខ្សោយ​ មិន​ស្មើនឹង​ខ្លួន​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​។ ដោយហេតុនេះ​ហើយ​ទើប​បង្ក​ឱ្យ​មានការ​ងើប​តវ៉ា​ពី​បណ្ដា​នា​រីៗ​ទូទាំង​ពិភពលោក​ រហូត​ជំរុញ​ឱ្យ​មាន​ទិវា​រំឭក​អំពី​សិទ្ធិ​នារី​ នៅ​ថ្ងៃទី8​ មីនា​ ជា​រៀងរាល់​ឆ្នាំ​។ តើ​ប្រវត្តិ​នៃ​ថ្ងៃ​សិទ្ធិ​នារី​មានដំណើរ​រឿង​បែប​ណា​ដែរ​? សូម​តាមដាន​ដូច​ខាងក្រោម​នេះ​។

    អំពី​ការ​ទាមទារ​សិទ្ធិ​
    ដោយសារតែ​ភាព​លំអៀង​មិន​ស្មើភាព​គ្នា​ទើប​ពួ​កស្រី​ៗចាប់ផ្តើម​បង្ហាញ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ទៅកាន់​បុ​រសៗ​ ហើយ​ចាប់ផ្តើម​ងើបឡើង​ទាមទារ​សិទ្ធិ​ និង​ភាព​ស្មើភាព​គ្នា​ជាមួយ​បុរស​រហូត​ទទួល​បាន​ជោគជ័យ​ ដោយ​ទទួល​បាន​សិទ្ធិ​ពេញ​បរិបូរ​ស្មើនឹង​បុរស​ ហើយ​ថ្ងៃទី8​ មីនា​នេះ​ហើយ​ ដែល​នា​រីៗ​ទាំងអស់​ទទួល​បាន​នូវ​ការ​ទទួលស្គាល់​ និង​មាន​សិទ្ធិ​ស្មើ​បុរស​ ទើប​នា​រីៗ​ទូទាំង​ពិភពលោក​បាន​លើក​ថ្ងៃនេះ​ឡើងជា​ថ្ងៃ​រំឭក​ពី​ថ្ងៃ​ជោគជ័យ​របស់​ខ្លួន​។ បន្ទាប់ពី​នា​រីៗ​បាន​ទទួល​សិទ្ធិ​ស្មើនឹង​បុ​រសៗ​ហើយ​ នារី​ទាំងអស់​មាន​សិទ្ធិ​ និង​សេរីភាព​ក្នុង​ការ​ចូល​ប្រឡូក​នៅ​ក្នុង​ការងារ​នយោបាយ​ វប្បធម៌​ សេដ្ឋកិច្ច​ និង​ការងារ​សង្គមជាតិ​ដូចគ្នានឹង​បុរស​ដែរ​។

    ប្រវត្តិ​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​មុនដំបូង​បង្អស់​ ចាប់ផ្តើម​ឡើង​ពី​សកម្មភាព​នៃ​ចលនា​ការងារ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ខាង​ជើង​ និង​បាន​រីក​រាលដាល​ទូទាំង​ទ្វីបអឺរ៉ុប​ ដែល​បណ្តាល​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ក្នុង​សតវត្ស​ទី20​។ ដំបូង​ឡើយ​ថ្ងៃបុណ្យ​សិទ្ធិ​នារី​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី28​ ខែកុម្ភៈ​ ឆ្នាំ1909​ ក្នុង​សហរដ្ឋអាមេរិក​។ ការរៀបចំ​នេះ​ ធ្វើឡើង​ដោយ​គណបក្ស​សង្គមនិយម​ (ក្នុង​សម័យ​នោះ​) ក្នុង​គោលបំណង​រំឭក​ពី​ការ​ធ្វើកូដកម្ម​របស់​កម្មការិនី​កាត់ដេរ​ ប្រឆាំង​នឹង​លក្ខខណ្ឌ​ការងារ​ក្នុង​ទីក្រុង​ញូ​វយ៉​កកាលពី​ឆ្នាំ1908​។

    នៅ​ឆ្នាំ1910​ ក្រុម​អ្នកសង្គមនិយម​បាន​ធ្វើការ​ជួបជុំគ្នា​នៅ​ទីក្រុង​កូ​ប៉េ​នហា​ជ (Copenhagen​)ប្រទេស​ដាណឺម៉ាក​ ជា​លក្ខណៈ​អន្តរជាតិ​ ដើម្បី​គោរព​ដល់​ចលនា​សិទ្ធិ​នារី​ និង​គ្រាំ​ទ្រ​ឱ្យ​នា​រីៗ​មាន​សិទ្ធិ​បោះឆ្នោត​ជាស​កល​។ សំ​ណើរ​នេះ​ ត្រូវ​បាន​យល់ព្រម​ជា​ឯកច្ឆ​ន្ទៈ​ ក្នុង​សន្និសីទ​ដែល​មាន​ស្ត្រី​ចូលរួម​ចំនួន100នាក់​ មក​ពី17ប្រទេស​។

    មួយឆ្នាំ​ក្រោយមក​ មានការ​បង្ហាញ​ពី​លទ្ធផល​នៃ​ជំនួប​ផ្តួចផ្តើម​គំនិត​ក្នុង​ទីក្រុង​កូ​ប៉េ​នហា​ជ ដដែល​ស្តី​ពី​ថ្ងៃបុណ្យ​សិទ្ធិ​នារី​ត្រូវ​បាន​ធ្វើឡើង​ដំបូង​គេ​នៅ​ថ្ងៃទី19​ ខែមីនា​ ក្នុង​ប្រទេស​ចំនួន3​ មាន​ប្រទេស​អូទ្រីស​ ប្រទេស​ដាណឺម៉ាក​ និង​ប្រទេស​ស្វីស​ ដោយមាន​ស្ត្រី​ និង​បុរស​ចូលរួម​ជួបជុំគ្នា​ ច្រើនជាង​មួយ​លាន​នាក់​ ដើម្បី​ទាមទារ​សិទ្ធិ​ក្នុង​ការបោះឆ្នោត​ជាសាកល​ និង​ការបញ្ឈប់​ការរើសអើង​លើ​ស្ត្រី​ក្នុង​វិស័យ​ការងារ​នៅក្នុង​សង្គម​។

    ក្នុង​ឆ្នាំ1913​-1914​ ថ្ងៃបុណ្យ​សិទ្ធិ​នារី​អន្តរជាតិ​បាន​ក្លាយជា​យន្តការ​សម្រាប់​ធ្វើការ​តវ៉ា​ក្នុង​សង្គ្រាមលោក​លើកទីមួយ​។ ស្ត្រីជន​ជាតិ​រុស្សី​បា​នប្រារ​ព្វ​ធ្វើ​ថ្ងៃបុណ្យ​សិទ្ធិ​នារី​អន្តរជាតិ​របស់​ខ្លួន​នៅ​ថ្ងៃអាទិត្យ​ ចុងខែ​កុម្ភៈ​។ រី​ឯនៅ​ប្រទេស​ផ្សេង​ៗទៀត​ក្នុង​ទ្វីបអឺរ៉ុប​ ស្ត្រី​ទាំងអស់​ក៏បាន​ប្រារព្ធ​ទិវា​នេះ​នៅ​ថ្ងៃទី8​ មីនា​ និង​នៅ​ថ្ងៃជា​បន្តបន្ទាប់​ ខណៈ​ពេល​ដែល​ស្ត្រី​ផ្សេងទៀត​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​ និង​ចូលរួម​ធ្វើសកម្មភាព​ក្នុង​ជួរ​កងទ័ព​ដូចជា​បុរស​ដែរ​។

    នៅក្នុង​ឆ្នាំ1917​ ស្ត្រីជន​ជាតិ​រុស្ស៊ី​បាន​ជ្រើសរើស​ការ​តវ៉ា​ និង​ធ្វើបាតុកម្ម​ម្តង​ទៀត​ ដោយ​ដាក់​ចំណងជើង​នៃ​ការ​តវ៉ា​នេះ​ថា​ “នំបុ័ង​ និង​សន្តិភាព​”កាលពី​ថ្ងៃអាទិត្យ​ ចុងខែ​កុម្ភៈ​ (ត្រូវជា​ថ្ងៃទី8​ មីនា​ក្នុង​ប្រតិ​ទិន​គ្រីកូ​រី​)។ បួន​ថ្ងៃក្រោយ​មក​ ស្តេច​ត្សារ​(Czar​) បាន​ដាក់រាជ្យ​ ហើយ​រាជរដ្ឋាភិបាល​បណ្តោះអាសន្ន​បាន​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​ក្នុង​ការបោះឆ្នោត​ដូចគ្នា​ដែរ​។

    បន្ទាប់មក​ អង្គការសហប្រជាជាតិ​បាន​ជ្រើសរើស​ថ្ងៃ8​ មីនា​ ជា​ថ្ងៃ​ចាប់ផ្តើម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​។ 2ឆ្នាំក្រោយ​មក​ នៅក្នុង​ខែធ្នូ​ ឆ្នាំ1977​ មហាសន្និបាត​បាន​អនុម័ត​សេចក្តី​សម្រេច​ប្រកាស​ជា​សាធារណៈ​ឱ្យ​សមាជិក​ទាំងអស់​នៃ​អង្គការសហប្រជាជាតិ​ ប្រារព្ធ​ថ្ងៃបុណ្យ​សិទ្ធិ​នារី​ជា​រៀងរាល់​ឆ្នាំ​ ស្រប​ទៅតាម​ប្រពៃណី​ និង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ មហាសន្និបាត​ក៏បាន​រំឭក​ឡើងវិញ​ពី​តួនាទី​របស់​ស្ត្រី​ក្នុង​កិច្ចការ​សន្តិភាព​ ការ​អភិវឌ្ឍ​ ការជំរុញ​ឱ្យ​បញ្ឈប់​នូវ​ការរើសអើង​ភេទ​ ព្រមទាំង​ការ​ពង្រឹង​ឱ្យ​មានការ​គាំទ្រ​ដល់​ស្ត្រី​ក្នុង​ការប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ​។

    ពិសេស​ អង្គការសហប្រជាជាតិ​បាន​ចាប់ផ្តើម​អនុម័ត​សន្ធិសញ្ញា​ និង​ច្បាប់​ជាបន្តបន្ទាប់​ទៀត​ស្ទើរ​រាល់​ឆ្នាំ​ ដើម្បី​ជួយ​ពង្រឹង​សិទ្ធិ​នារី​បន្ថែម​ទៀត​ ខណៈ​ពេល​ដែល​ថ្ងៃបុណ្យ​សិទ្ធិ​នារី​ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ រហូតដល់​ពេល​បច្ចុប្បន្ន​ ដោយ​សង្ឃឹមថា​ សិទ្ធិ​សេរីភាព​របស់​ស្ត្រី​នឹង​ត្រូវ​បាន​អនុវត្ត​ទូទាំង​ពិភពលោក​ជាមិនខាន​៕

  • ម៉ូដ​ក្រចកដៃ​បែប​សាមញ្ញ​សម្រាប់​នារី​ ក្នុង​ថ្ងៃ​សិទ្ធិ​នារី​

    ម៉ូដ​ក្រចកដៃ​បែប​សាមញ្ញ​សម្រាប់​នារី​ ក្នុង​ថ្ងៃ​សិទ្ធិ​នារី​

    សម្រាប់​សុភាពនារី​ដែល​និយម​ការ​តុបតែង​ខ្លួន​បែប​សាមញ្ញ​ ស្រគត់ស្រគំ​ ការ​តុបតែង​ម៉ូដ​ក្រចក​ក៏​ត្រូវតែ​សាមញ្ញ​ មិន​ឆើតឆាយ​ពេក​ដែរ​ ទើប​ស័ក្តិសម​នឹង​រូប​អ្នក​។ នៅក្នុង​លេខ​ថ្មីនេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​នូវ​ម៉ូដ​ក្រចក​ពណ៌​ស្រាល​ៗ និង​សុភាពរាបសារ​ជូន​ដល់​នា​រីៗ​វិញ​ម្តង​ ដើម្បី​លេង​ម៉ូដ​តាម​យ៉ាង​ស្រស់​ស្អាត​។ ដូច្នេះ​សូម​ជ្រើសរើស​ម៉ូដ​ក្រចក​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត​ដូចតទៅ​៕

  • ចាប់ពីពេលនេះទៅ ស្ថាប័នស្ទើរទាំងអស់ នឹងត្រូវកាត់បន្ថយចំណាយ 50% លើកលែងតែក្រសួង3ប៉ុណ្ណោះដែលកាត់ត្រឹម 25%

    ចាប់ពីពេលនេះទៅ ស្ថាប័នស្ទើរទាំងអស់ នឹងត្រូវកាត់បន្ថយចំណាយ 50% លើកលែងតែក្រសួង3ប៉ុណ្ណោះដែលកាត់ត្រឹម 25%

    ស្ថាប័នទាំងអស់នឹងត្រូវកាត់បន្ថយចំណាយរហូតដល់ 50% លើកលែងតែ​ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ ដែល​ត្រូវកាត់បន្ថយចំណាយចំនួន 25%។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតសុខាភិបាលកាលពីម្សិលមិញ។

    សម្តេចបានលើកឡើងថា ដើម្បី​ទប់ស្កាត់បញ្ហាសេដ្ឋកិច្ច និងបញ្ហាដែលប៉ះពាល់ដោយ​មេរោគ​ឆ្លង Covid-19 រាជរដ្ឋាភិបាលនឹងកាត់បន្ថយការចំណាយទាំងឡាយណាដែលមិនចាំបាច់។ សម្តេចបញ្ជាក់ថា ​ចាប់ពីពេលនេះទៅ​ សូមគ្រប់ក្រសួងស្ថាប័នទាំងអស់​ កុំសុំការបង្កើនចំណាយអ្វីទាំងអស់ ព្រោះយើងមិនមែនត្រឹមតែមិនបង្កើនទេ តែយើងត្រូវកាត់បន្ថយតែម្តង។ ចំពោះខ្ទង់ចំណាយដែលយើងមិនកាត់ គឺមានតែបៀវត្សរ៍តែប៉ុណ្ណោះ ដែលមិនអាចបន្ថយបាន តែចំពោះចំណាយនានា ដូចជាការចេញទៅក្រៅប្រទេស និងការវិនិយោគផ្ទាល់របស់រដ្ឋ ជាដើមត្រូវតែកាត់បន្ថយ។

    សម្តេច​តេជោ ហ៊ុន សែន ណែនាំថា៖ «ការចេញទៅក្រៅប្រទេស បើមិនចាំបាច់ទេ កុំទៅ។ ហើយបើត្រូវទៅ 5នាក់ ឱ្យទៅតែ 2នាក់ គ្រប់គ្រាន់ហើយ»។

    បន្ថែមពីលើនេះសម្តេចបានជំរុញឱ្យ​រដ្ឋមន្ត្រីនៃក្រសួងនីមួយៗ អាចសុំឱ្យឯកអគ្គរាជទូត​នៅតាមបណ្តាប្រទេស​ចូលរួមប្រជុំជំនួសប្រសិន បើករណីមិនមានបទអន្តរាគមន៍របស់កម្ពុជានៅក្នុងកិច្ចប្រជុំនោះទេ។ ចំណាត់ការនេះ គឺដើម្បីសន្សំ​ថវិកាសម្រាប់ដោះស្រាយបញ្ហានានាដែលនឹងអាចកើតឡើង។ ចំណែកឯ គម្រោងវិនិយោគផ្ទាល់របស់កម្ពុជាវិញ ចំពោះការដ្ឋានណាដែលមិនទាន់បានបើក គឺនឹងត្រូវផ្អាកសិន លើកលែងតែគម្រោងដែលជាហិរញ្ញប្បទានរបស់បរទេស ដែលមានបដិភាគជាមួយកម្ពុជាតែប៉ុណ្ណោះ។ គម្រោងនានាអាចលើកទៅឆ្នាំក្រោយ ក៏មិនទាន់ហួសពេលដែរ គឺយើងរង់ចាំឱ្យផុតពីបញ្ហា Covid-19 សិន៕

     

  • ភាពយន្ដ ១៥៧ ចំណងជើង បានប្រកាសបើកក្នុងមហោស្រពភាពយន្ដអន្ដរជាតិលើកទី១០ CIFF

    ភាពយន្ដ ១៥៧ ចំណងជើង បានប្រកាសបើកក្នុងមហោស្រពភាពយន្ដអន្ដរជាតិលើកទី១០ CIFF

    មហោស្រពភាពយន្ដអន្ដរជាតិ ឬ CIFF លើកទី ១០ នេះ បានប្រកាសបើកភាពយន្ដរហូតដល់ ១៥៧ ចំណងជើង មកពី៤៤ ប្រទេស រួមមានភាពយន្ដខ្នាតធំ ភាពយន្ដខ្នាតខ្លី ភាពយន្ដឯកសារ និងភាពយន្ដគំនូរជីវចល ។

    លោក CEDRIC ELOY ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជានិងជាអ្នករៀបចំកម្មវិធីនេះ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ៖ «CIFFលើកទី១០ នេះ ជាព្រឹត្តិការណ៍វប្បធម៌អន្តរជាតិដែលធំជាងគេបង្អស់នៅកម្ពុជានឹងប្រារព្ធខួបគម្រប់ ១០ ឆ្នាំរបស់ខ្លួន​ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០។ ឆ្នាំនេះការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូសហការ ព្រមទាំងអ្នកគាំទ្រផ្នែកបច្ចេកទេសជាច្រើន ហើយយើងខ្ញុំពិតជាមានសេចក្ដីរំភើបបំផុតដែលក្រុមហ៊ុនទូរស័ព្ទចល័ត CELLCARD បានចូលរួមធ្វើជា “ម្ចាស់ឧបត្ថម្ភកម្មវិធីធំ” នៃមហោស្រពរបស់យើង។

    ភាពយន្ដទាំង ១៥៧ ចំណងជើង ក៏ត្រូវបានសម្រិតសម្រាំងពិសេសៗយកមកដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សក្នុងរោងភាពទំនើបៗ ដូចជារឿង «រសាត់អណ្ដែត» (ជាភាពយន្តដែលឈ្នះពានរង្វាន់នៅក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើន)។ ភាពយន្តនេះបង្ហាញពីប្រធានបទ ការជួញដូរមនុស្សនៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ ភាពយន្តរឿង «នាឡិកាដាស់វិញ្ញាណ» ដែលដឹកនាំដោយលោកលៀក លីដា (ជាភាពយន្តដែលរកបានចំណូលខ្ពស់ និងទទួលងារជាភាពយន្តឆ្នើមក្នុងមហោស្រពភាពយន្តជាតិកាលពីឆ្នាំ ២០១៩) ក៏នឹងត្រូវចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១០ ផងដែរ» ។

    កម្មវិធីភាពយន្តខ្មែរដ៏ពិសេស គឺជាការចាក់បញ្ចាំងលើកដំបូងបង្អស់នៃទស្សនីយភាព «បង្សុកូល ៖ ការរំឭកដល់កម្ពុជា» ជាទស្សនីយភាពបង្កើតឡើងថ្មីដោយអង្គការសិល្បៈខ្មែរអមតៈ និងថតដោយមជ្ឈមណ្ឌលបុប្ផាណា។ ការចាក់បញ្ចាំងលើកដំបូងបង្អស់លើពិភពលោក ជាមួយការសម្ដែងទស្សនីយភាព។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាក៏សូមគោរព រំឭកដល់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសោយទិវង្គតកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩។ កម្មវិធីពិសេសរួមមានការបញ្ចាំងភាពយន្ត ពិធីគោរពរំឭក ព្រមទាំងពិព័រណ៍ដ៏ពិសេសមួយស្ដីពីរបាំព្រះរាជទ្រព្យ នៅឯសណ្ឋាគារ Rosewood។ នេះជាការបញ្ជាក់បន្ថែមរបស់លោក CEDRIC ELOY។

    សូមជម្រាបថា ការចាក់បញ្ចាំងខ្សែភាពយន្តលើសពី ១៥០ លើក នៅតាមរោងភាពយន្តធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយឆ្នាំនេះ ទីតាំងទាំងនោះមានដូចជា រោងភាពយន្ត LEGEND, រោងភាពយន្ត MAJOR CINEPLEX, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, សណ្ឋាគារ ROSEWOOD និង THE CIFF VILLAGE នៅផ្សារទំនើប EXCHANGE SQUARE។ កុំឱ្យខកខានឱ្យសោះណា៎ ជួបគ្នាជាថ្មីម្ដងទៀតនៅថ្ងៃបើកមហោស្រពថ្ងៃទី ១៣ មីនា ខាងមុខនេះ៕

  • តារាហ្វេសប៊ុក « ម៉ែរួយ » ប្រកាសជួយសាងសង់សាលារៀនមួយខ្នងជូនសិស្សក្រក្សត់នៅខេត្តក្រចេះ

    តារាហ្វេសប៊ុក « ម៉ែរួយ » ប្រកាសជួយសាងសង់សាលារៀនមួយខ្នងជូនសិស្សក្រក្សត់នៅខេត្តក្រចេះ

    តាមការលើកឡើង និងស៊ែរជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យឃើញថា តារាហ្វេសប៊ុក « ម៉ែរួយ » ដែលធ្លាប់តែកើបចំណូលពីការលក់ផលិតផលនៅលើហ្វេសប៊ុក ខណៈនេះស្រាប់តែអ្នកនាងធ្វើឱ្យកុមារៗសិស្សនុសិស្សនៅក្នុងសាលារៀនមួយកន្លែងក្នុងខេត្តក្រចេះ រំភើបចិត្តជាអនេក និងញញឹមបិទមាត់មិនជិត ដោយអ្នកនាងប្រកាសផ្ដល់ជំនួយសាងសង់សាលារៀនក្នុងទំហំទឹកប្រាក់ 60000ដុល្លា​រ។

    ផ្ដល់ការបញ្ជាក់បន្ថែមជូនសារព័ត៌មានឡារ៉ែន ម៉ែរួយ ឆ្លើយឆ្លងថា នេះជាការផ្ដល់ក្ដីសង្ឃឹមថ្មីមួយជូនកុមារទីទាល់ក្រនៅក្នុងខេត្តក្រចេះ ឱ្យមានថ្នាក់សិក្សារៀនសូត្រក្រេបយកចំណេះដឹង។ ទំហំទឹកប្រាក់ 60000ដុល្លា​រ គឺតិចតួចបំផុត ក៏ប៉ុន្ដែជាការរួមចំណែកក្នុងន័យមនុស្សធម៌ និងកិច្ចការងារសង្គម។ ម៉ែរួយ មើលឃើញថា សាលារៀនចាស់មានសភាពទ្រុដទ្រោមខ្លាំង​ ពេលភ្លៀងរឺក្តៅក្មេងៗរៀនមិនកេីត​ ទេីប «មែរួយ» សម្រេចចិត្តជួយតែម្តង​ មិ​នយូរទៀតទេក្មេងៗនិងមានសាលារៀនថ្មីរៀនឆាប់ៗ។ ហើយបងប្អូនតំណាងចែកចាយក្រុមហ៊ុនរបស់ម៉ែរួយទាំងអស់នេះ ក៏បានរួមចំណែកដល់សាលានៅ ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ ដែលជាអំណោយដ៏ថ្លៃថ្លាដោយទឹកចិត្តដ៏ល្អបរិសុទ្ធរបស់អ្នកម្ដាយ ដេីម្បីឱ្យក្មេងៗបានរៀននៅសាលាល្អនិងឱ្យក្មេងក្លាយជាពលរដ្ធល្អនៅក្នុងសង្គមទៅថ្ងៃមុខ។

    គួរបញ្ជាក់ផងដែរថា រហូតមកទល់និងពេលនេះសាលារៀនដែលខាងម៉ែរួយ ជាស្ថាបនិករបស់ក្រុមហ៊ុនរួយអ៊ិនហ្វីនិធី បានលេចចេញជារូបរាងនិងផ្លែផ្កាហើយ៕