Category: សង្គម និងសេដ្ឋកិច្ច

  • AI បង្កើត​រូបភាព​ដូច​ថត​ក្នុង​ស្ទូឌីយូ កំពុង​ធ្វើឱ្យ​កក្រើក​ប្រទេស​ចិន

    AI បង្កើត​រូបភាព​ដូច​ថត​ក្នុង​ស្ទូឌីយូ កំពុង​ធ្វើឱ្យ​កក្រើក​ប្រទេស​ចិន

    Miaoya ដែលជា​កម្មវិធី​បង្កើត​រូបភាព​នៅក្នុង WeChat កំពុង​ក្លាយជា AI (បញ្ញា​សិប្បនិម្មិត) ដែលមាន​ការពេញនិយម​ខ្លាំង​នៅ​ប្រទេស​ចិន បើ​ទោះ​អ្នកប្រើប្រាស់​ត្រូវ​បង់ថ្លៃ 9.9 យន់​ (1.39 ដុល្លារ​អាម៉េរិក) ពេល​ចូល​បង្កើត​រូបភាពម្ដងៗ។

    កម្មវិធី​ខាងលើនេះ​ត្រូវបាន​បង្ហាញខ្លួន​កាលពី​ថ្ងៃទី 17 កក្កដា 2023 នៅលើ​បណ្ដាញ​សង្គម WeChat របស់​ចិន។ នេះ​គឺជា​កម្មវិធី​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Weixu Internet Technology នៅ​ប្រទេសចិន។

    Miaoya អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ដំឡើង​រូបថត​ផ្ទៃ​មុខជា​លើកដំបូង ហើយ​បន្ទាប់មក​គឺ​កម្រង​រូបថត 20 សន្លឹក​ដែល​ថតថ្មីៗបំផុត។ AI នឹង​ចាត់ចែង​បំប្លែង​រូប​ទាំង​នេះ​​ឱ្យទៅជា​រូបភាព​ស្ដង់ដា រួម​នឹង​រូប​ភាព​បែប​ថត​ក្នុង​ស្ទូ​ឌី​យោ។

    «លទ្ធផល​ពិតជា​ដូច​ខ្លាំង​ទៅនឹង​ការថត​ក្នុង​ហាង» Zhang Yichang រស់នៅក្នុងខេត្ត Zhejiang ប្រទេស​ចិន និយាយ​អំពី​រូប​របស់​នាង​ដែល AI របស់ Miaoya បាន​បំប្លែង។

    យោងតាម SCMP ដោយសារ​តែមាន​អ្នកប្រើប្រាស់​ច្រើន កម្មវិធី​ខាងលើ​ក៏មាន​បញ្ហាយឺតយ៉ាវ​ជា​ញឹកញាប់។ អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ថា ត្រូវ​រង់ចាំ​ដល់ 24 ម៉ោង ទើប​អាច​ទទួលបាន​រូបភាព​របស់ខ្លួន។ តំណាង​របស់​ក្រុមហ៊ុន​ខាងលើ​ក៏​ចេញមក​ទទួលស្គាល់​បញ្ហា ហើយ​ថា កំពុង​ដោះស្រាយ។

    ទោះជា​យ៉ាងណាក៏ដោយ រូបភាព​ដែល AI របស់ Miaoya បង្កើតឡើង មិនមែន​សុទ្ធតែ​ស្អាត​ទាំង​អស់​នោះទេ។ វា​នៅមាន​បញ្ហា​ដែល​អ្នកប្រើប្រាស់​មិន​ចង់បាន​ផងដែរ។ ក្នុងនោះ​មានដូចជា រូប​ខ្លះ​មាន​ដៃ​ធំ​ជាង​ធម្មតា។ល។

    AI កំពុងតែ​ធ្វើឱ្យ​កក្រើក​ពិភពលោក បន្ទាប់ពី ChatGPT របស់ OpenAI ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់។ ទន្ទឹមនឹង​ផលប្រយោជន៍​ដ៏​ច្រើន​ដែល AI បាន និង​កំពុង​ផ្ដល់​ឱ្យ ពិភពលោក​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ដែល​កើតឡើង​ដោយសារ AI។ ចាប់ពី​មាន AI មនុស្ស​ជាច្រើន​បាន​បាត់បង់​ការងារ ពិសេស​គឺក្រុម​​វិចិត្រករ អ្នក​និពន្ធ​រឿងខ្លីៗ និង​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ជាដើម៕

  • ឧបករណ៍​ថត និង​ចាក់​បង្ហាញ​​សុបិន​ក្នុង​ទម្រង់​វីដេអូ

    ឧបករណ៍​ថត និង​ចាក់​បង្ហាញ​​សុបិន​ក្នុង​ទម្រង់​វីដេអូ

    សូម​ស្រមៃ​មើលថា តើ​វា​អស្ចារ្យ​កម្រិត​ណា នៅពេល​អ្នក​អាច​ទស្សនា​ទិដ្ឋភាព​ក្នុង​សុបិន​របស់​អ្នក​ដូច​ទៅនឹង​ការ​ទស្សនា​ខ្សែភាពយន្ត​នៅ​ខាងក្រៅ។

    ឧបករណ៍​ថត​សុបិន​ដែល​អភិវឌ្ឍ​ដោយ​អ្នកជំនាញ​ជប៉ុន បើក​ផ្លូវ​ឱ្យមាន​ការស្វែងយល់​លំអិត​​អំពី​អាថ៌កំបាំង​នៃ​សុបិន។ យោងទៅតាម​ការរីកចម្រើន​នៃ​វិស័យ​រូបភាព​សរសៃប្រសាទ និង​បញ្ញា​សិប្បនិម្មិត ឧបករណ៍​នេះ​ផ្ដិត​យក​សកម្មភាព​របស់​សរសៃប្រសាទ​ អម​នឹង​ស្ថានភាព​រវើរវាយនៅ​មុន​ពេល​ដេក​លក់ ហើយ​បំប្លែង​វា​ទៅជា​រូបភាព។

    តាមរយៈ​ការបំពាក់​បច្ចេកទេស​​​ផ្ដិត​យក​រូបភាពនៃ​ប្រព័ន្ធ​ប្រសាទ​ក្នុង​​ខួរក្បាល ជាមួយនឹង​បណ្ដា​បច្ចេកទេស​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប ក្រុម​អ្នកវិទ្យាសាស្ត្រ​សម្រេចបាន​ជំហាន​ថ្មី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ការបកស្រាយ​ខ្លឹមសារ​នៃ​រូបភាព​ក្នុង​​សុបិន នាំឱ្យមាន​ការបង្កើតបាន​ឧបករណ៍​ដែល​អាច​ប្រែក្លាយ​សុបិន​ឱ្យទៅជា​រូបភាព​វីដេអូ។

    យោងតាម​ទំព័រ Hoaxorface ឧបករណ៍​ផ្ដិត​យក​រូបភាព​​សុបិន ប្រើប្រាស់​រូបភាព​ពី​ការ​ស្កែ​ន​ដំណើរការ​នៃ​លំហូរ​​ឈាម​ក្នុង​សរសៃឈាម​ខួរក្បាល (fMRI) ដើម្បី​វាស់​ស្ទង់​សកម្មភាព​របស់​ខួរក្បាល និងការ​​កំណត់យក​​​គំរូ​នានា​ដែល​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​សុបិន​ជាក់លាក់។

    ក្រោយមក បច្ចេកទេស​កុំព្យូទ័រ​នឹង​បំប្លែង​បណ្ដា​គំរូ​ខាងលើ​ឱ្យទៅជា​រូបភាព​ដែល​អាច​មើល​យល់ អនុញ្ញាតឱ្យ​បង្កើតបានជា​វីដេអូ​ដែល​បង្ហាញ​ឡើងវិញ​នូវ​អ្វីដែល​កំពុង​កើតឡើង​ក្នុង​សុបិន។

    បើទោះជា​ឧបករណ៍​ថត​សុបិន​បានបង្ហាញ​អំពី​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នៅក្នុង​ការបកស្រាយ​សុបិន ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​កំពុង​​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ដំបូង​នៅឡើយ ហើយ​កំពុង​ត្រូវបាន​អភិវឌ្ឍ​បន្ត។

    នៅពេល​បច្ចេកវិទ្យា​នេះ​ត្រូវបាន​អភិវឌ្ឍ​ពេញលេញ វា​នឹង​អាច​ក្លាយជា​បដិវត្តន៍​ដែល​ទាក់ទង​នឹង​ការយល់ដឹង​របស់​មនុស្ស​ចំពោះ​អត្ថន័យ​ពិត​របស់​សុបិន និង​ដឹង​ច្បាស់​អំពី​ភាពស្មុគស្មាញ​របស់​អារ​ម្មណ៍​នៃ​មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ បញ្ហា​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​នេះ​ក៏​អាច​កើតឡើង​ដំណាល​គ្នា​ផងដែរ ក្នុងនោះ មានដូចជា​ បញ្ហា​សីលធម៌​ជាដើម៕

  • ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Modvion នៅ​ប្រទេស​ស៊ុយអែត កំពុងតែ​ប្រើប្រាស់​ភាព​ធន់​របស់​ឈើ ដើម្បី​បង្កើត​​​កង្ហារ​​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់។

    ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​របស់ Modvion ត្រូវបាន​ផលិតឡើង​ទៅតាម​ការបញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ថាមពល Varberg Energi នៅ​ប្រទេស​ស៊ុយអែត។ កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​​នេះ​មាន​កម្ពស់ 150 ម៉ែត្រ បើ​គិត​ទាំង​ប្រវែង​របស់​ស្លាប​កង្ហារ។  ទួ​រ​ប៊ី​ន​នេះ​ត្រូវបាន​ផលិត​ជា​ម៉ូឌុល និង​អាច​ដំ​ឡើងជា​រូបរាង​ចុងក្រោយ​ដោយ​ប្រើប្រាស់​កាវ​ពិសេស ជំនួស​ឱ្យ​ខ្ចៅ។

    តាម​គម្រោង កង្ហារ​ផលិត​អគ្គិសនី​ពី​ថាមពល​​ខ្យល់​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​វ៉ា​ត់​នេះ នឹងត្រូវ​បាន​ដឹក​ទៅកាន់ Skara នៃ​ប្រទេស​ស៊ុយអែត​ នៅក្នុង​ឆ្នាំនេះ។

    បន្ទាប់ពី​ឈប់​ដំណើរការ ទួរប៊ីនខ្យល់​​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​នៅក្នុង​គម្រោង​ដទៃ។ កន្លង​មក ក្រុមហ៊ុន Modvion ក៏បាន​ដំឡើង​ទួ​រ​ប៊ី​ន​ឈើ​គំរូ​មួយ​ដែល​ផលិត​កាលពី​ឆ្នាំ 2020 នៅលើ​កោះ Bjorko របស់​ប្រទេស​ស៊ុយអែត៕

  • កីឡាការិនី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​បំបែក​កំណត់ត្រា​របស់ Ronaldo

    កីឡាការិនី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​បំបែក​កំណត់ត្រា​របស់ Ronaldo

    គ្រាប់​បាល់​ដែល​រកបាន​នៅពេល​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​គូប្រកួត 2-0 ក្នុងការ​ប្រកួត​កាលពី​ថ្ងៃទី 27 កក្កដា ក្នុង​ក្របខណ្ឌ World Cup បាន​ជួយ​ឱ្យ​កីឡាការិនី Kika Nazareth បំបែក​កំណត់ត្រា​មួយ​របស់ Cristiano Ronaldo។

    Kika Nazareth ដែលមាន​អាយុ 20 ឆ្នាំ និង 8 ខែ ត្រូវបាន​គ្រូបង្វឹក Francisco Neto ដាក់ឱ្យ​ទាត់​ជា​កីឡាការិនី​ជម្រើស​ដំបូង នៅក្នុង​ការប្រកួត​ជាមួយនឹង​វៀតណាម កាលពី​ថ្ងៃទី 27 កក្កដា។ Kika Nazareth បាន​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​វៀតណាម 2-0 ចាប់ពី​នាទី​ទី 21។ ដោយ​រកបាន​គ្រាប់​បាល់​នេះ Kika Nazareth បាន​ក្លាយជា​អ្នកលេង​បាល់​ក្មេង​បំផុត​ដែល​ស៊ុត​ចូល​ទី​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ World Cup។

    មុន​នោះ កំណត់ត្រា​នេះ ត្រូវបាន​បង្កើតឡើង​ដោយ Cristiano Ronaldo ពេល​ទាត់​នៅ World Cup ផ្នែក​បុរស ឆ្នាំ 2006។ កាលនោះ កំពូល​តារាបាល់ទាត់​កើត​ឆ្នាំ 1985 បាន​ស៊ុត​ចូល​ទី​នៅ​នាទី​ទី 80 ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្មោះ​អ៊ីរ៉ង់ 2-0 នៅ​វគ្គ​ចែក​ពូ​ល។ Ronaldo មាន​អាយុ 21 ឆ្នាំ និង 132 ថ្ងៃ ក្នុង​គ្រា​ដែល​គាត់​ទាត់​ចូល​ទី​នៅក្នុង​ការប្រកួត​ដំបូង​របស់ខ្លួន​នៅ World Cup។

    Nazareth ដែលមាន​ឈ្មោះ​ពេញ​ថា Francisca Ramos Ribeiro Nazareth Sousa កំពុង​ទាត់​ឱ្យ​ក្លឹប Benfica។ នាង​បាន​បង្ហាញខ្លួន​ក្នុង​ក្លឹប​នេះ​តាំងពី​អាយុ 16 ឆ្នាំ និង​ចុះកិច្ចសន្យា​ដំបូង​កាលពី​ឆ្នាំ 2020 ក្នុង​វ័យ 17 ឆ្នាំ។ ខែមីនា ឆ្នាំ 2020 Nazareth បាន​ទាត់​ក្នុងការ​ប្រកួត​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។ នាង​រកបាន​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម​ជម្រើសជាតិ​នៅ​ថ្ងៃទី 22 មិថុនា 2022 ក្នុងការ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ក្រិ​ក៕

  • ​ម៉ូតូ​អគ្គិសនីទំនើប​ ផលិត​ដោយ​​ក្រុមហ៊ុន​វៀតណាម

    ​ម៉ូតូ​អគ្គិសនីទំនើប​ ផលិត​ដោយ​​ក្រុមហ៊ុន​វៀតណាម

    NU-E មាន​រូបរាង​បែប​អនាគតកាល លាយ​នឹង​បុរាណកាល ខណៈ​គ្រឿង​ម៉ាស៊ីន ថ្ម​ផ្ទុក​អគ្គិសនី និង​គ្រឿង​ដទៃ​ជាច្រើន​ទៀត សុទ្ធ​តែមាន​ស្រាប់​នៅក្នុង​ទីផ្សារ។

    ម៉ូតូ​អគ្គិសនី NU-E គឺជា​ម៉ូតូ​អគ្គិសនី​បែប​គំរូ​របស់​ក្រុមហ៊ុន​វៀតណាម Nuen Moto ​នៅ​ទីក្រុង​ព្រៃនគរ (ហូជីមិញ)។ ម៉ូតូ​នេះ​ត្រូវបាន​ផលិតឡើង​ដោយយោង​ទៅតាម​រូបមន្ត​ដែលមាន​ស្រាប់​ ដោយ​​ក្រុមហ៊ុន​នេះ​គ្រាន់តែ​រចនា​រូបរាង និង​ផលិត​គ្រោងឆ្អឹង គ្រា​ដែល​គ្រឿង​ផ្គុំ​នានា​ដែល​ NU-E ប្រើប្រាស់​ គឺជា​របស់​​អាច​រក​ទិញ​បាន​នៅក្នុង​ទីផ្សារ។ គ្រឿង​ផ្គុំ​ដែល​ NU-E ប្រើប្រាស់​ រួមមាន ​គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ស៊ុយអែត អង់គ្លេស ជប៉ុន ចិន។ល។

    NU-E មាន​ទម្ងន់​ប្រហែល 160 គីឡូក្រាម។ ម៉ូ​ទ័​រ​មាន​កម្លាំង​ពី 6 ទៅ 10 គីឡូវ៉ាត់។ ថ្ម​របស់​វា​អាច​ផ្ទុក​ថាមពល 72 វ៉ុល 120 អំពែរ​ម៉ោង ស្មើនឹង 8.64 គីឡូវ៉ាត់ម៉ោង។ ម៉ូតូ​នេះ​អាច​បើកបរ​ក្នុង​ល្បឿន 150 គីឡូម៉ែត្រ/ម៉ោង និង​ធ្វើដំណើរ​បាន​ចម្ងាយ 100 គីឡូម៉ែត្រពេល​បរ​លឿន និង 200 គីឡូម៉ែត្រពេល​បើកបរ​យឺត។

    យោងតាម​ក្រុមហ៊ុន Nuen ម៉ូតូ​អគ្គិសនី NU-E នេះ គ្រាន់តែ​ជា​កំណែ​សម្រាប់​បង្ហាញ​ពី​និន្នាការ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ប៉ុន្តែ Nuen នឹងដាក់​លក់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ៕

  • ចិន​ចាប់​ផ្ដើម​​បង្ហោះ​ផ្កាយរណប​​អ៊ីនធើណិត​បំពាក់​ផ្ទាំង​សូឡា ដើម្បី​ប្រជែង​នឹង​អាម៉េរិក

    ចិន​ចាប់​ផ្ដើម​​បង្ហោះ​ផ្កាយរណប​​អ៊ីនធើណិត​បំពាក់​ផ្ទាំង​សូឡា ដើម្បី​ប្រជែង​នឹង​អាម៉េរិក

    ថ្មីៗនេះ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប Lingxi-03 ដែលមាន​ស្លាប​បំពាក់​ផ្ទាំង​សូ​ឡា​មហា​ស្ដើង និង​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ផ្កាយរណប 13,000 គ្រឿង ដើម្បី​ប្រកួតប្រជែង​នឹង SpaceX របស់​អាម៉េរិក។

    ផ្កាយរណប​​ Lingxi-03 ​ដែល​​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន GalaxySpace នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan ក្នុង​ខេត្ត Shanxi ភាគ​កណ្ដាល​ប្រទេស​ចិន ដោយ​រ៉ុក្កែត Long March 2D កាលពី​ព្រឹក​ថ្ងៃទី 23 កក្កដា។

    ផ្ទាំង​សូ​ឡា​ដែល​ត្រូវបាន​បំពាក់​លើ​ស្លាប​ផ្កាយរណប អាច​កាច់​កោង ​កម្រាស់​ប្រហែល 1 មិល្លីម៉ែត្រ ដែល​ស្មើនឹង 5% នៃ​កម្រាស់​របស់​ផ្ទាំង​សូ​ឡា​ធម្មតា។ ផ្ទាំង​សូ​ឡា​របស់​ផ្កាយរណប​នេះ​មាន​ប្រវែង 9 ម៉ែត្រ និង​ទទឹង 2.5 ម៉ែត្រ នៅពេល​លាតសន្ធឹង។

    GalaxySPace គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2018 និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​ប្រទេស​ចិន ដែល​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ពី​ផ្កាយរណប។ តាម​ផែនការ ក្រុមហ៊ុន​នេះ​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ជា​បន្តបន្ទាប់ចំនួន​ 13,000 គ្រឿង ដើម្បី​អាច​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​អាម៉េរិក SpaceX ដែលបច្ចុប្បន្ន​​មាន​ ផ្កាយ​រណប​ Starlink ជាង​ 4,500 គ្រឿង​ កំពុង​ដំណើរ​ការ​នៅ​លើ​មេឃ។

    នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ផែនដី​នឹងមាន​ផ្កាយរណប​ច្រើនជាង 60,000 គ្រឿង ហោះហើរ​លើ​គន្លង​តារាវិថី ដែល​ភាគច្រើន​គឺជា​ផ្កាយរណប​របស់​អាម៉េរិក ពិសេស​គឺ Starlink របស់ SpaceX៕

  • បាញ់​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុលឱ្យ​​រត់​ឆ្លងកាត់​មនុស្ស​ដើម្បី​ឃោសនា​​ឡាន​អគ្គិសនី

    បាញ់​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុលឱ្យ​​រត់​ឆ្លងកាត់​មនុស្ស​ដើម្បី​ឃោសនា​​ឡាន​អគ្គិសនី

    អ្នក​បង្ហាញ​ម៉ូដ​ត្រូវបាន​គេ​ឱ្យ​ស្លៀកពាក់​ឈុត​ពិសេស រួច​បាញ់​​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុល​​ឱ្យ​រត់​ឆ្លងកាត់​រាងកាយ ដើម្បី​ផ្សព្វផ្សាយ​រថយន្ត​អគ្គិសនីថ្មី​របស់​ក្រុម​ហ៊ុន Kia។

    តារា​ម៉ូ​ដែល Jodie Kidd ដែលជា​អ្នក​ចូលចិត្ត​រថយន្ត​ទំនើប ហើយក៏​ជា​ពិធី​ការិនី​ទូរទស្សន៍​ដែរនោះ បាន​យល់​ព្រម​ឱ្យ​គេ​​ឆក់ខ្សែ​ភ្លើង ប៉ុន្តែ​នាង​នៅតែមាន​សុវត្ថិភាព បើ​ទោះ​ចរន្តអគ្គិសនី​កម្លាំង​មួយ​លាន​វ៉ុល​រត់​ឆ្លងកាត់​រាងកាយ។

    តាម​ការពិត នេះ​គឺជា​ការផ្សាយពាណិជ្ជកម្ម​ឱ្យ​រថយន្ត SUV អគ្គិសនី Kia EV9 ថ្មី។ ដើម្បី​អះអាងថា EV9 គឺជា​រថយន្ត SUV ដ៏​ល្អ​សម្រាប់​គ្រួសារ Kidd បាន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ពិសេស​ដែលមាន​មុខងារ​ដូច​ទៅនឹង​អង់​តែ​ន​ការពារ​រន្ទះ ដែល​ការពារ​នាង​ពី​ចរន្តអគ្គិសនី​ដ៏​គ្រោះថ្នាក់ នៅពេល​អនុញ្ញាតឱ្យ​អគ្គិសនី​បាញ់​ចេញពី​ម្រាមដៃ។

    ឈុត​សម្លៀកបំពាក់​នោះ​គឺជា​ប្រភេទ​ក្រណាត់​ពិសេស​​ម្យ៉ាង​ដែលមាន​ពណ៌​ប្រផេះ ហើយ​ Kidd ត្រូវ​ពាក់​គ្រប​ជិត​រាងកាយ ដូច​នៅក្នុង​រូបភាព​ខាងលើ។

    បន្ទាប់ពី​បាន​ថតរូប​ខាងលើ​រួច Kidd ក៏​ត្រូវបាន​តម្រូវឱ្យ​ស្លៀក​រ៉ូ​ប​ទៅតាម​ស្ដង់ដា​អ្នក​បង្ហាញ​ម៉ូដ។ រូបភាព​ថ្មី​នេះ​នឹង​ត្រូវបាន​កាត់ត​ដើម្បី​បង្កើតបានជា​រូប​ចុងក្រោយ​សម្រាប់​ការផ្សាយពាណិជ្ជកម្ម។

    និយាយ​ឱ្យ​ងាយ​យល់ តារា​ម៉ូ​ដែល​នេះ​ត្រូវ​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុល​រត់​ឆ្លងកាត់​រាងកាយ​គឺជា​រឿង​ពិត ប៉ុន្តែ​មិនមែន​នៅក្នុង​រ៉ូ​ប​ធម្មតា​នៅក្នុង​រូបថត​ផ្សាយពាណិជ្ជកម្ម​នោះ​ទេ។

    «ឈុត​ឆាក​ផ្សងព្រេង​នេះ​គឺ​ដើម្បី​លើកកម្ពស់​តម្លៃ​របស់​ថាមពល​អគ្គិសនី និង​អនាគត​របស់​រថយន្ត​អគ្គិសនី នៅក្នុង​ឱកាស​បង្ហាញរ​ថ​យន្ត​អគ្គិសនី​ម៉ូ​ដែល​ថ្មី Kia EV9» Kidd បកស្រាយ​ដូច្នេះ។

    តារា​ម៉ូ​ដែល Jodie Kidd

    ចំណែក​ក្រុមហ៊ុន Kia វិញ និយាយថា គោលដៅ​នៃ​ការឃោសនា​នេះ ​គឺ​ដើម្បី​បញ្ជាក់ថា EV9 គឺជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដ៏​សមស្រប​សម្រាប់​គ្រួសារ​ដែលមាន​សមាជិក​ច្រើន។

    Kia EV9 អាច​បើក​បរក្នុង​​ចម្ងាយ​ផ្លូវ 483 គីឡូម៉ែត្រ និង​អាចដាក់​បាន​មនុស្ស 7 នាក់។ រថយន្ត​នេះ​មានតម្លៃ​ចាប់ពី 64,995 ផោន​អង់គ្លេស (ប្រហែល 63,000 ដុល្លារ​អាម៉េរិក)​៕

  • ស្បែកជើង​ដែល Apple ផ្ដល់ឱ្យ​បុគ្គលិក ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាប់ម៉ឺន​ដុល្លារ

    ស្បែកជើង​ដែល Apple ផ្ដល់ឱ្យ​បុគ្គលិក ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាប់ម៉ឺន​ដុល្លារ

    ស្បែកជើង sneakers មួយគូ​ដែល​ក្រុមហ៊ុន Apple បញ្ជា​ឱ្យ​ផលិត​សម្រាប់​​​បុគ្គលិក​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 កំពុង​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 50,000 ដុល្លារ​អាម៉េរិក។

    ស្បែកជើង​មួយគូ​ដែលមាន​ឈ្មោះថា Omega Sports Apple Computer ត្រូវបាន​ដាក់លក់​លើ​ថ្នាល Sotheby’s មាន​ពណ៌​ស អម​នឹង​ពាណិជ្ជសញ្ញា Apple ពណ៌​ឥន្ទធនូ។ ខ្សែ​ចង​ពណ៌​ស ប៉ុន្តែ​មាន​អម​នឹង​ខ្សែ​បម្រុង​ពណ៌​ក្រហម។

    យោងតាម​ព័ត៌មាន​លើថ្នាល Sotheby’s ស្បែកជើង​មួយគូ​នេះ​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 1990 ដើម្បី​ទុក​ផ្ដល់ជូន​បុគ្គលិក​មួយចំនួន​នៅក្នុង​​ព្រឹត្តិការណ៍​ផ្ទៃក្នុង​មួយ​របស់ Apple។

    គិត​មកដល់​បច្ចុប្បន្ន មាន​ស្បែកជើង​ដូចគ្នានេះ​តែ​ពីរ​គូ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លក់​ដោយ​ការ​​ដេញថ្លៃ ក្នុងនោះ​មាន​មួយគូ​នៅ​ឆ្នាំ 2017 និង​មួយគូ​នៅ​ឆ្នាំ 2020 និង​លក់​ក្នុងតម្លៃ​រាប់ពាន់​ដុល្លារ។ ប៉ុន្តែ ស្បែកជើង​មួយគូ​ដែល​ទើបតែ​ដាក់លក់​នេះ មានតម្លៃ​ខ្ពស់​ជាងគេ គឺរហូត​ដល់​ 50,000 ដុល្លារ​អាម៉េរិក។

    កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ 1980 ក្រុម​ហ៊ុន Apple ធ្លាប់​លក់​សម្លៀកបំពាក់​ក្រោម​ឈ្មោះ The Apple Collection។ ក៏ប៉ុន្តែ​ក្រោយមក មុខ​ជំនួញ​នេះ​មិន​ទទួលបាន​ជោគជ័យ ហើយក៏​ត្រូវ​ឈប់​ដំណើរ​ការផលិត។

  • ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

    ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

    Honda Motor នឹង​បង្ហាញ​ម៉ូ​ដែល​នានា​របស់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ឥណ្ឌូណេស៊ី ព្រោះ​ចាត់ទុកថា អាស៊ីអាគ្នេយ៍​គឺជា​ទីផ្សារ​ដែលមាន​សក្ដា​នុព​ល​ខ្លាំង​សម្រាប់​ម៉ូតូ​អគ្គិសនី។

    ម៉ូតូ​អគ្គិសនី​ប្រភេទ scooter ដែលមាន​ឈ្មោះថា EM1 e: របស់​ Honda ដែល​គ្រោង​នឹងត្រូវ​បានដាក់​លក់​នៅ​ប្រទេស​ជប៉ុន​នៅ​ចុងខែ​សីហា​ខាងមុខ ក៏​ជា​ម៉ូតូ​អគ្គិសនី​ដំបូង​ដែល Honda ផលិតឡើង​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី។ ម៉ូតូ​ដែល​អាចឱ្យ​ធ្វើដំណើរ​បាន 53 គីឡូម៉ែត្រ​នេះ នឹងមាន​តម្លៃ​ប្រហែល 300,000 យេន (2,100 ដុល្លារ​អាម៉េរិក) នៅ​ប្រទេស​ជប៉ុន។

    បើ​ទោះ​ព័ត៌មាន​លម្អិត​ស្ដីពី​លក្ខណៈ​បច្ចេកទេស​របស់ EM1 e: មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង ប៉ុន្តែ តំណាង​របស់ Honda បាន​ហៅ​ម៉ូតូ​អគ្គិសនី​នេះ​ថា​ ជា​ម៉ូ​ដែល​មហាជន​ដំបូង​របស់​ខ្លួន។

    ក្រុមហ៊ុន Honda មាន​គម្រោង​បញ្ចេញ​ម៉ូតូ​អគ្គិសនី​ចំនួន 7 ម៉ូ​ដែល និង​លក់​ឱ្យបាន 3.5 លាន​គ្រឿង ចាប់ពីពេលនេះ​ដល់​ឆ្នាំ 2030 ហើយ​គ្រោង​នឹង​ផលិត​តែ​ម៉ូតូ​អគ្គិសនី​សុទ្ធ​នៅ​ពាក់កណ្ដាល​ទសវត្សរ៍ឆ្នាំ 2040៕

  • យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

    យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

    ក្រុមហ៊ុន 18 Wheels ដែលមាន​ទីស្នាក់ការ​នៅ Helsinki ប្រទេស​ហ្វាំ​ង​ឡង់ បានបង្ហាញ​យាន​គំរូ​មួយ​ប្រភេទ​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី និង​មាន​កង់​រហូតដល់ 18 គ្រាប់។

    រចនា​រូបរាង​ពិសេស​របស់​យាន​នេះ អនុញ្ញាតឱ្យ​វា​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​នៅលើ​ភូមិសាស្ត្រ​ដែល​មាន​ឧបសគ្គ​​កម្ពស់​រហូតដល់ 20 សង់ទីម៉ែត្រ ដោយ​មិនត្រូវ​បន្ថយល្បឿន។ វា​អាច​រត់​លើ​ដើមឈើ​ដែល​ផ្ដេក​នៅលើ​ដី ដុំថ្ម និង​ជណ្ដើរ​ជាដើម។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 25 កក្កដា 2023។

    កង់នីមួយៗរបស់​យាន​ចម្លែក​នេះ​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​មួយគ្រឿង។ ដោយសារ​ប្រព័ន្ធ​ជើង​ក្រោម​ដ៏​ពិសេស វា​ដំណើរការ​ស្ទើរ​ដូច​ទៅនឹង​កង់​របស់​រថក្រោះ។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ធ្វើដំណើរ​លើ​ភូមិសាស្ត្រ​ដែល​សម្បូរ​ឧបសគ្គ និង​មិន​បង្កឱ្យមាន​ការខូចខាត​ផ្ទៃដី​ដែលវាបាន​ធ្វើដំណើរ​ឆ្លងកាត់។

    យាន​ចម្លែក​នេះ​ត្រូវបាន​គេ​រៀប​គម្រោង​តាំងពី​ឆ្នាំ 2021 និង​អភិវឌ្ឍ​កាលពី​ឆ្នាំ 2022 មុននឹង​ធ្វើការ​សាកល្បង​នាពេលថ្មីៗនេះ ដូចដែល​បានបង្ហាញ​នៅក្នុង​វីដេអូ​ខាងក្រោម។

    ក្រុម​អ្នកស្រាវជ្រាវ​កំពុង​អភិវឌ្ឍ​កំណែ​គំរូ​ទី​ពីរ ដែល​គេ​ជឿថា នឹង​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង​នៅក្នុង​ការសាកល្បង។ កំណែ​គំរូ​ទី​ពីរ​គ្រោង​នឹង​ត្រូវបាន​ផលិត​បន្ទាប់ពី​បានបញ្ចប់​ការសាកល្បង​នៅ​ចុង​រដូវក្ដៅ​ឆ្នាំ2023​៕