Category: សង្គម និងសេដ្ឋកិច្ច

  • មហាញាប់ញ័រ…នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ រួចផុតពីការលបធ្វើឃាតយ៉ាងប្រផិតប្រផើយ កាលពីព្រឹកមិញ(ថ្ងៃចន្ទទី9មីនា)

    មហាញាប់ញ័រ…នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ រួចផុតពីការលបធ្វើឃាតយ៉ាងប្រផិតប្រផើយ កាលពីព្រឹកមិញ(ថ្ងៃចន្ទទី9មីនា)

    យោងតាមសេចក្ដីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងអាអេហ្វប៉េ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ លោក អាប់ឌុលឡា ហាមដក(Abdulla Hamdok) បានរួចផុតពីការលបធ្វើឃាត​កាលពីព្រឹកថ្ងៃចន្ទ(ទី9មីនា) ក្នុងអំឡុងពេលដែលក្បួនរថយន្តរបស់លោក​បានក្លាយជាគោលដៅនៃការវាយប្រហារ​កណ្ដាលទីក្រុង ខាធូម។ ​ប្រភពព័ត៌មានលំដាប់គណៈរដ្ឋមន្ត្រី​ស៊ូដ​ង់ និង​ស្ថានីយទូរទស្សន៍ផ្លូវការរបស់ស៊ូដង់បានបង្ហើបឱ្យដឹងអំពីរឿងនេះ។

    រ៉យទ័របានរាយការណ៍កាលពីថ្ងៃចន្ទ(ទី9មីនា)ថា លោក អាប់ឌុលឡា ហាមដក ដែលបានទទួលការតែងតាំងឱ្យក្លាយជាមេដឹកនាំរដ្ឋាភិបាលឈុតថ្មីរបស់ស៊ូដង់ ក្រោយពីអតីតប្រធានាធិបតីស៊ូដង់ លោក អូម៉ា អាល់-បាសៀ(Omar al-Bashir)ដែលបានគ្រប់គ្រងអំណាចដ៏យូរអង្វែងត្រូវបានផ្ដួលរំលំ។

    ដោយក្រោយពីការកើតហេតុលបធ្វើឃាតក្បួនរថយន្តរបស់លោក ក្នុងខណៈដែលកំពុងធ្វើដំណើរនៅក្នុងទីក្រុងខាធូម កាលពីព្រឹកមិញនេះ(ថ្ងៃចន្ទទី9មីនា)គេបានដឹងថា លោកប្រធានាធិបតី ហាមដក នៅមានសុវត្ថិភាព និងត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ នេះបើតាមស្ថានីយទូរទស្សន៍ផ្លូវការរបស់ស៊ូដង់រាយការណ៍។

    រូបភាពព័ត៌មានបានបង្ហាញឱ្យឃើញពីក្បួនរថយន្ត រួមទាំងរថយន្ត SUV ពណ៌សដែលមានសភាពរងការខូច​ខាតមិនជាធ្ងន់ធ្ងរប៉ុន្មាន និងរថយន្ត 1គ្រឿងទៀតដែលរងការខូចខាតយ៉ាងដំណំ។

    សាក្សី 3នាក់ បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការលបធ្វើឃាតនេះ បានកើតឡើងនៅជិតផ្លូវចូលផ្នែកខាងជើងរបស់ស្ពាន ខូប៊ើរ(Kober) ដែលតភ្ជាប់ជាមួយទីក្រុងខាធូមខាងជើង ដែលមានទីស្ដីការគណៈរដ្ឋមន្ត្រីស៊ូដង់របស់លោក ហាមដក ស្ថិតនៅកណ្ដាលទីក្រុង។

    អាអេហ្វប៉េ បានរាយការណ៍ថា ជាការលបធ្វើឃាតក្នុងអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីកំពុងធ្វើដំណើរទៅទីស្ដីការគណៈរដ្ឋមន្ត្រីស៊ូដង់ ដែលមកដល់ពេលនេះ នៅមិនទាន់ដឹងច្បាស់នៅពីព័ត៌មានលម្អិតនៅឡើយ តែត្រូវបានគេដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង09.00ព្រឹក។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានសាណា(SANA)។

    នៅពេលបន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហាមដក បានថ្លែងការណ៍តាមរយៈប្រព័ន្ធធ្វីតធើរផ្លូវការផ្ទាល់ខ្លួន ដោយបានបញ្ជាក់ថា៖ “ខ្ញុំសូមធានានៅចំពោះមុខប្រជាជនស៊ូដង់ទាំងអស់ថា ខ្ញុំមានសុវត្ថិភាព និងនៅល្អគ្រប់ប្រការ” ព្រមទាំងបន្ថែមទៀតថា “រឿងដែលកើតឡើងនេះ នឹងមិនអាចបញ្ឈប់ដំណើរក្បួននៃការផ្លាស់ប្ដូរបានឡើយ”។

    “ទាំងអស់នេះ មើលទៅហាក់ដូចជា ការវាយប្រហារក្បួនរថយន្តរបស់លោកនាយករដ្ឋមន្ត្រីនេះ ចេញមកពីផ្នែកខាងលើ…” សាក្សីទាំងអស់បានរៀបរាប់ ចំណែកឯស្ថានីយវិទ្យុរបស់រដ្ឋបានបញ្ជាក់ថា ក្បួនរថយន្តត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើង និងវត្ថុដែលបាញ់ដោយវិធីកោង ខណៈដែលស្ថានីយទូរទស្សន៍ស៊ូដង់រាយការណ៍ថា គឺរថយន្តគ្រាប់បែក ដែលបានវាយប្រហារក្បួនរថយន្តលោកនាយករដ្ឋមន្ត្រី។

    សាក្សីម្នាក់បាននិយាយថា៖ “បានឃើញអំឡុងពេលដែលកើតការផ្ទុះឡើង និងការវាយប្រហារដែលបាញ់ចេញមកពីលើអគារខ្ពស់”

    ហ្វូងមនុស្សចំនួនដ៏ច្រើន បាននាំគ្នាមកចោមរោមមើល ក្នុងខណៈដែលខាងភ្នាក់ងារប៉ូលីសខំព្យាយាមយ៉ាងខ្លាំងក្លាក្នុងការគ្រប់គ្រងទីកន្លែងកើតហេតុ។

    ចំណែកលោក ខាលីដ អូមើរ(Khalid Omer) សមាជិកថ្នាក់ដឹកនាំរបស់ក្រុមពលរដ្ឋចម្រុះ ដែលគាំទ្រការក្រោកឈរឡើងតស៊ូកាលពីឆ្នាំទៅ បានបង្ហាញពីការយល់ឃើញអំពីការលបធ្វើឃាត លោក ហាមដក ថា៖ “ការព្យាយាមលបធ្វើឃាតលោកនាយករដ្ឋមន្ត្រី អាប់ឌុលឡា ហាមដក នេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីដ៏អាក្រក់ក្នុងការរៀបផែនការធ្វើរដ្ឋប្រហារ ដើម្បីតតាំងការបដិវត្តន៍”។

    រ៉យទ័របានបង្ហាញថា លោក ហាមដក គឺជាអ្នកសេដ្ឋសាស្ត្រ និងជាអតីតមន្ត្រីលំដាប់ខ្ពស់របស់អង្គការសហប្រជាជាតិ ជាអ្នកដែលមានសម្ព័ន្ធភាពល្អជាមួយសហគមន៍ពិភពលោក។

    គួររំឭកដែរថា អ្នកតវ៉ាប្រឆាំងនឹងកងទ័ពស៊ូដង់ ចំនួនច្រើនពាន់នាក់ បានចេញមកប្រមូលផ្ដុំគ្នាកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ដើម្បីសម្ដែងការគាំទ្រដល់លោក ហាមដក និងរដ្ឋាភិបាលឈុតថ្មីរបស់លោក។

    ការលបធ្វើឃាតនេះបានកើតឡើងក្នុងអំឡុងពេលដែលលោក ហាមដក កំពុងព្យាយាមកែបញ្ហាវិបត្តិសេដ្ឋកិច្ចដ៏ដុនដាប ដែលក្រោយពីការវាយប្រហារក្នុងថ្ងៃចន្ទ(ទី9មីនា) សហព័ន្ធវិជ្ជាជីវៈស៊ូដង់ ឬ SPA (Sudanese Professionals Association) ដែលជាក្បាលម៉ាស៊ីនផ្ដួលរំលំអតីតមេដឹកនាំស៊ូដង់ លោក បាសៀរ បានទាមទារឱ្យមានការតវ៉ាដើម្បីសម្ដែងការគាំទ្រដល់ការអនុញ្ញាតឱ្យជនស៊ីវិលឡើងធ្វើជាអ្នកគ្រប់គ្រងប្រទេស៕

    https://www.youtube.com/watch?v=7TJ879i6RiU&feature=emb_logo

    https://www.youtube.com/watch?v=foUNQU74liI&feature=emb_logo

    https://www.youtube.com/watch?v=RL3Z00EAni8&feature=emb_logo

    ប្រភព៖ សារព័ត៌មានបរទេស

  • “មហារីកសុដន់” ឆាប់ដឹងមុន មានសង្ឃឹមព្យាបាលបាន ដោយមិនបាច់វះកាត់

    “មហារីកសុដន់” ឆាប់ដឹងមុន មានសង្ឃឹមព្យាបាលបាន ដោយមិនបាច់វះកាត់

    ជំងឺមហារីកសុដន់នៅតែជាប្រភេទជំងឺមហារីកលំដាប់ទី1 ដែលកើតមានចំពោះស្ត្រីនៅជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីយើងមិនគួរបណ្ដោយខ្លួនឱ្យកើតជំងឺដ៏អាក្រក់មួយនេះ ដែលមកបំផ្លាញទឹកចិត្ត និងបំផ្លាញក្ដីសង្ឃឹមនៅក្នុងជីវិតរបស់យើងនោះទេ។ សម័យវិទ្យាសាស្ត្រទំនើបនេះ ជំងឺមហារីកសុដន់ លែងជាបញ្ហាចោទគួរឱ្យព្រួយបារម្ភក្នុងការព្យាបាលមិនជាសះស្បើយទៀតហើយ ដោយមានវិធីព្យាបាលដោយការវះកាត់សុដន់ចេញជាដើម។ ក៏ប៉ុន្ដែ ហេតុអ្វីស្ដ្រីយើងចាំបាច់ត្រូវឱ្យជំងឺដ៏អាក្រក់នេះមករុករានរាងកាយរបស់យើងដល់កម្រិតមួយព្យាបាលមិនជានោះ? ស្ត្រីយើងគួរតែមានវិធានការប្រុងប្រយ័ត្នខ្លួនជាមុន ទើបជាការប្រសើរ។ ថ្ងៃនេះ ឡារ៉ែន សូមណែនាំនារីទាំងអស់ ដើម្បីឱ្យអ្នកឆាប់ដឹងបានឆាប់រហ័សពីជំងឺមហារីកសុដន់ដូចខាងក្រោមនេះ។

    ការពិនិត្យរកមើលជំងឺមហារីកសុដន់តាំងពីដំណាក់កាលដំបូងគឺជាវិធីដ៏ល្អបំផុត ដើម្បីឱ្យការព្យាបាលបានទាន់ពេលវេលា និងមានឱកាសខ្ពស់ក្នុងការជាសះស្បើយ ដោយមិនចាំបាច់ធ្វើការកាត់សុដន់ចេញ ហើយនៅមានជីវិតបន្ដរស់រាន្តទៅថ្ងៃខាងមុខទៀត។ ជំងឺមហារីកសុដន់ដំណាក់កាលដំបូង មិនអាចប្រើប្រាស់ថ្នាំព្យាបាលដោយខ្លួនឯងបាននោះទេ អ្នកត្រូវតែទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ដើម្បីឱ្យដឹងជាក់ច្បាស់អំពីអាការជំងឺ និងទទួលបានការណែនាំក្នុងការព្យាបាលឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងចៀសវាងទុកឱ្យជំងឺនេះកាន់តែរីករាលដាលកាន់តែធ្ងន់ធ្ងរឡើង។

    តើអ្វីទៅជាជំងឺមហារីកសុដន់?
    មហារីកសុដន់ គឺជាទម្រង់ពិសេសមួយនៃជំងឺមហារីក ដូចជាជំងឺមហារីកផ្សេងទៀតដែរ ដែលកោសិកាធ្វើការវិវឌ្ឍលូតលាស់យ៉ាងលឿនបំផុត។ កោសិកាមានជំងឺ (សាច់កាច) បង្កើនខ្លួនច្រើនឡើងៗ ដោយមិនមានសណ្តាប់ធ្នាប់ រហូតបង្កើតជាដុំពក ដែលមានសមត្ថភាពវាយប្រហារជាលិកាសរីរាង្គល្អៗនៅជិតនោះ និងអាចពង្រីកការរាតត្បាតជាកោសិកាមហារីកពេញខ្លួន ដែលគេហៅថា ដំណើរប្តូរកន្លែងឈឺ ឬការឆ្លងជំងឺពីតំបន់មួយទៅតំបន់មួយទៀតនៃរាងកាយ។ បើពន្យល់យ៉ាងងាយស្រួល គឺអ្នកប្រហែលជាធ្លាប់ឮថា ជំងឺមហារីកសុដន់តែងតែកើតមានឡើងក្នុងរូបរាងជាដុំពក។ នោះជាការពិត វាជារោគសញ្ញាជំងឺមហារីកសុដន់ទូទៅ។ នោះហើយជាមូលហេតុ ដែលគ្រូពេទ្យជំនាញចង់ណែនាំឱ្យអ្នកទៅពិនិត្យមើលដុំពកថ្មីនៅក្នុងសុដន់ ប្រសិនបើវានៅតែមិនបាត់ទៅវិញក្រោយពេលវដ្តរដូវច្រើនដងហើយ។

    ការវះកាត់កោសិកាមហារីក
    2ភាគ3នៃជំងឺមហារីកសុដន់ មានកើតនៅលើស្ត្រីដែលមានអាយុចាប់ពី50ឆ្នាំឡើងទៅ។ ផ្ទុយទៅវិញ គេកម្រឃើញជំងឺនេះកើតមានចំពោះស្ត្រីក្រោមអាយុ35ឆ្នាំណាស់ ហើយកាន់តែកម្រ ឬអាចជាករណីពិសេសផង បើមានកើតលើស្ត្រីក្រោមអាយុ20ឆ្នាំ។ ក្នុងករណីនេះ សូមគិតគូរដល់បញ្ហាពូជអម្បូររបស់អ្នកផងដែរ។ នៅក្នុងការព្យាបាលជំងឺមហារីកសុដន់ វិធីសាស្ត្រដែលប្រើញឹកញាប់ជាងគេនោះគឺ ការវះកាត់សុដន់។ សព្វថ្ងៃនេះ ប្រសិទ្ធភាពក្នុងការព្យាបាលក៏មានខ្ពស់ផងដែរ ហើយគ្រោះបាត់បង់សរីរាង្គក៏មានកាន់តែតិចទៅដែរ។ ប្រសិនបើដុំមហារីកមានទំហំតូចជាង3សង់ទីម៉ែត្រ គ្រូពេទ្យជំនាញនឹងសាកល្បងវះឆ្កៀលកាត់យកសាច់នោះចេញ និងស្រាវផ្តាច់ឱ្យអស់ (យកតែដុំមានជំងឺចេញ) ដោយរក្សាក្រពេញផ្សេងៗទៀត ពោលគឺរក្សាសុដន់ឱ្យនៅដដែល។ ចំណែកការវះកាត់តាមបែបវិទ្យុសកម្ម (កាំរស្មី) ឬគីមីវិទ្យា ក៏មានអមជាមួយផងដែរ។ ប្រសិនបើដុំមហារីកធំខ្លាំង គ្រូពេទ្យនឹងវះកាត់ចេញទាំងអស់នូវក្រពេញទឹកដោះ ក្រពេញកូនកណ្តុរ ដោយរក្សាទុកតែសាច់ដុំសុដន់ ដើម្បីឱ្យអ្នកជំងឺអាចធ្វើការវះកាត់កែទម្រង់សុដន់ឡើងវិញបាននៅថ្ងៃក្រោយ។

    យើងនឹងបង្ហាញអ្នកនូវរោគសញ្ញាមួយចំនួន ដែលអ្នកគួរតែចាប់អារម្មណ៍ ដើម្បីទទួលបានការពិនិត្យឱ្យបានទាន់ពេលវេលាដូចខាងក្រោមនេះ៖
    ការឈឺចាប់ : មានអារម្មណ៍ឈឺចាប់ ភាគច្រើនមិនសូវទាក់ទងទៅនឹងមហារីកសុដន់នោះទេ។ តែវាជាការឈឺចាប់របស់សុដន់ ដែលជាទូទៅកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន គីសសុដន់ ភាពតានតឹង ឬការប្រើថ្នាំពន្យារកំណើតជាដើម។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះជំងឺមហារីកសុដន់អាចមានការឈឺចុកចាប់តែម្ខាង ឬទាំងសងខាងនៃសុដន់របស់អ្នក។
    ក្បាលសុដន់លិបចូលក្នុង : ដោយសារតែមានការប្រែប្រួលកោសិកា នោះទើបធ្វើឱ្យក្បាលដោះដែលមានបញ្ហាទាញលិបចូលទៅខាងក្នុងអស់។
    មានអាការហើមសុដន់ : ទោះបីជាអ្នកមិនបានពិនិត្យឃើញដុំពកនៅលើសុដន់ក៏ដោយ តែសភាពរបស់សុដន់ ឬផ្នែកណាមួយរបស់វាមានលក្ខណៈហើម និងតឹងជាដើម ក៏អ្នកត្រូវទៅពិនិត្យឱ្យបានល្អិតល្អន់ជាមួយគ្រូពេទ្យជំនាញដែរ។
    សុដន់មានសភាពគគ្រាមដូចសម្បកផ្លែក្រូច : នេះជាសញ្ញាសម្គាល់សំខាន់បំផុត ដើម្បីកំណត់លក្ខណៈរបស់ជំងឺមហារីកសុដន់ ដោយវាមានសភាពខួចនៅលើសុដន់ ដែលមើលទៅស្រដៀងនឹងសម្បកក្រូចដែរ។
    កើតកូនកណ្តុរឡើងធំនៅលើសុដន់ : ចំពោះជំងឺមហារីកសុដន់ អ្នកអាចសម្គាល់បានថា មានកើតកូនកណ្តុររីកធំនៅក្នុងតំបន់ក្លៀក ដែលនេះជាសញ្ញាបញ្ជាក់ថា មានការរីករាលដាលពីសុដន់ទៅដល់ប្រព័ន្ធកូនកណ្តុរហើយ។
    ការហូរទឹកពីសុដន់មិនធម្មតា : ការហូរទឹកមិនធម្មតាចេញពីសុដន់ ក្រៅពីទឹកដោះ (ប្រសិនបើអ្នកបំបៅកូនដោយទឹកដោះម្តាយ) គឺជាសញ្ញាអាសន្នមួយនៃជំងឺមហារីកសុដន់ ប្រសិនបើមានរោគសញ្ញានេះ អ្នកមិនត្រូវបង្អង់យូរ ក្នុងការពិនិត្យព្យាបាលនោះទេ។
    ការស្រកទម្ងន់ដោយមិនដឹងពីមូលហេតុ : ជំងឺមហារីក ជាធម្មតាគឺបណ្តាលឱ្យបាត់បង់ចំណង់អាហារ និងបញ្ហាស្រកទម្ងន់ដោយមិនដឹងពីមូលហេតុ។
    ពណ៌នៃក្បាលសុដន់ប្រែប្រួល : ជំងឺមហារីកសុដន់ អាចធ្វើឱ្យសុដន់ ឬក្បាលសុដន់របស់អ្នកមានពណ៌ក្រហម សំប៉ែត និងមានពងបែកនៅបរិវេណសុដន់។
    ការផ្លាស់ប្តូរទំហំរបស់សុដន់ : វាជារឿងធម្មតាទេ ដែលស្រ្តីមានទំហំ ឬរាងសុដន់មិនស្មើគ្នា។ ប៉ុន្តែប្រសិនបើ វាមានការផ្លាស់ប្តូរទំហំ ឬរូបរាងរបស់វាភ្លាមៗ នោះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យឱ្យបានច្បាស់។

    ការព្យាបាលដំណាក់កាលដំបូងនេះជួយឱ្យអ្នកជំងឺមានទំនុកចិត្តខ្ពស់។ យ៉ាងណាមិញចំពោះការវះកាត់សុដន់ អាចធ្វើឡើងនៅក្នុងរយៈពេលមិនលើសពី4-6ម៉ោង អ្នកជំងឺភាគច្រើនអាចអង្គុយលើគ្រែ និងអាចដើរបាន អាចសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល5-7ថ្ងៃ បន្ទាប់មកអ្នកជំងឺអាចទៅផ្ទះវិញបានហើយ។ ប្រសិនបើអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ នោះអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា៕

  • ធ្វើតាមសន្យា ..តារាមច្រៀង ខេម ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយបន្លែធម្មជាតិផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា

    ធ្វើតាមសន្យា ..តារាមច្រៀង ខេម ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយបន្លែធម្មជាតិផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា

    ថ្មី​ៗ​នេះ តារា​ចម្រៀងសំឡេងស្អក ខេម បាន​​​ធ្វើតាមពាក្យ​​សន្យា​របស់​ខ្លួន​ពិត​មែន ដោយ​លោក​បាន​ចុះ​​ជួប​កសិករផ្ទាល់ ដើម្បី​ស្វែង​យល់​ក៏​ដូច​ជា លើក​ទឹក​ចិត្តកសិករ​ខ្មែរ​យើងក្នុង​ផលិត​បន្លែ​ផ្លែ​ឈើ​ក៏​ដូច​ជា​ត្រី​សាច់​ដែល មិន​មាន​ប្រើ​ជាតិ​គីមី​នោះ។ តារា​ចម្រៀង​លោក ខេម បាន​ប្រកាស​ថា ខ្លួន​នឹង​ចូល​រួម​ផ្សព្វផ្សាយ​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ដោយ​មិន​គិត​ប្រាក់​ឡើយ ដើម្បី​ឱ្យ​​ផលិត​ផល​​ធម្មជាតិ​ដែល​ដាំ​ដោយ​​កសិករ​ខ្មែរ​មាន​ទីផ្សារ។

    លោក ខេម បាន​និយាយ​ថា សូម​បង​ប្អូន ប្រជាកសិករ​​ព្រួយបារម្ភ​លើ​ទីផ្សារ បន្លែ​ផ្លែ​ឈើ​ដែល​ដាំ​ដោយ​ធម្មជាតិ​តទៅ​ទៀត ព្រោះ​មាន ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​​ចាំ ទទួល​ទិញ​​ហើយ នឹង​សូម​ដាំ​ដុះ​តាម​លក្ខណៈ​ស្តង់ដារបច្ចេកទេស។ ការ​ចុះ​ទៅ​ជួប​ប្រជាកសិករ​នោះ ខេម​និយាយ​​ថា ខ្លួន​ចូល​រួម​នោះ​ជា​ការ​ស្ម័គ្រចិត្ត ដោយ​មិន​គិត​ប្រាក់​ឡើយ ដើម្បី​រួម​ចំណែក​ដល់​ទីផ្សារ កសិករ​ខ្មែរ​ឲ្យ​មាន​ទីផ្សារ។ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះបាន​សម្ដែង​ភាព​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ដែល​បាន​ធ្វើ​សកម្មភាព​ជួយ​ដល់ កសិករ​ខ្មែរ​ ពិសេស​​ជួយ ដល់​អ្នក​ខេត្ត​ខ្លួន​បែប​នេះ។ គួរបញ្ជាក់ដែរថា ទីតាំង​ដែល​​ម្ចាស់​បទ”​ស្រលាញ់​ស្រី១ម៉ែត្រ៧៣” រូប​នេះ​ចុះ​ទៅ​នោះ គឺ​ស្ថិត​នៅ ដឹក​ដី​ខេត្ត កំពង់​ឆ្នាំង ដែល​ជា​ស្រុក​កំណើតរបស់​​លោក​តែ​​ម្ដង។ ខេម បានសិក្សា​​ស្វែង​យល់​ក៏​ដូច​ជាលើក​ទឹក​ចិត្តកសិករ​ដែល​លោក​បាន​ចុះ​ទៅ​ជួប​​នោះ ហើយ​ប្រជាពលរដ្ឋ​ពិសេស​កសិករ​ខ្មែរបាន​សម្ដែង​ភាព​សប្បាយ​ចិត្ត​ជា​ខ្លាំងនៅ​ពេល​ដែល​បាន​ជួយ លោក ខេម។

    មិន​មែន​មាន​តែ ខេម ម្នាក់​ប៉ុណ្ណោះ​ទេ តាម​ការ​ប្រកាស​ជា​សាធារណៈ​កន្លង​ទៅ​ គេ​ឃើញ​មាន​ តារា​ចម្រៀង​ល្បី​ជា​ច្រើន​ទៀត​ដែល នឹង​ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយ ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា របស់​ឧកញ៉ា វ័យ​ក្មេង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នេះ ក្នុង​នោះ​មាន​ដូច​ជា តារា​ចម្រៀង លោក ខេមរៈ សិរីមន្ត ប៉ែន ចំរ៉ុង កញ្ញា តាន់ ច័ន្ទសីម៉ា ជា​ដើម។ តាម​ប្រភព​ច្បាស់​ការ​មួយ​ទៀត​បាន​ទម្លាយ​ឱ្យ​ដឹង​ថា កំពូល​តារា​ចម្រៀង​ល្បី​ឈ្មោះ លោក ព្រាប សុវត្ថិ ក៏​អាច​នឹង​ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយ ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា ដោយ​ឥតគិតថ្លៃ​ថ្លៃ​ផង​ដែរ៕

  • ក្រៅពីអាជីពសម្ដែងភាពយន្ដ ទ្រី ដារ៉ាវុធ ព្យាយាមពង្រឹងតម្លៃខ្លួនជាពិធីករ

    ក្រៅពីអាជីពសម្ដែងភាពយន្ដ ទ្រី ដារ៉ាវុធ ព្យាយាមពង្រឹងតម្លៃខ្លួនជាពិធីករ

    តារាសម្ដែងប្រុសមានឈ្មោះល្បីនៅភាពយន្ដ «កុំងាកក្រោយ » លោក ទ្រី ដារ៉ាវុធ បាន​ឱ្យដឹងថា មួយរយៈចុងក្រោយនេះខ្លួនកំពុងមមាញឹកខ្លាំងលើការថតភាពយន្តភាគឱ្យស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក តែក៏ឈ្លៀតពេលខ្លះធ្វើជាពិធីករតាមកម្មវិធីទូទៅផងដែរ។

    រំលឹកពីបទពិសោធន៍ជាពិធីករ តារាសម្តែង និងជាតារាម៉ូដែលរូបនេះបានទម្លាយប្រាប់អ្នកសារព័ត៌មានថា ដំបូងបំផុតនៃអាជីពជាពិធីករខ្លួនទទួលបានប្រាក់តម្លៃកម្លាំងពលកម្មត្រឹម ២០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នតម្លៃពលកម្មនេះបានប្រែប្រួលហើយ ដោយខ្លួនអាចទទួលបានចន្លោះពី៣៥០ដុល្លារទៅ៥០០ដុល្លារក្នុងមួយកម្មវិធី។ ត្បិតតម្លៃនេះមិនច្រើនស្មើរពិធីករ ពិធីការនីអាជីពតែម្តងក្តី តែ ដារ៉ាវុធ រីករាយណាស់ដែលខ្លួនអាចទទួលបានវា ព្រោះវាជាអ្វីដែលខ្លួនខិតខំប្រឹងប្រែងក្នុងនាមជាសិល្បករមួយរូប។

    ជានិច្ចកាលគេតែងឃើញ អតីត Freshie Boy ចំណាត់ថ្នាក់លេខ១ប្រចាំ២០១៦ កាន់ម៉ៃក្រូហ្វូនក្នុងទឹកមុខប្រកបដោយភាពរីករាយតាមកម្មវិធីនានា។ ទ្រី ដារ៉ាវុធ ជាតារាម៉ូដែលម្នាក់ តែងធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ តាមរយៈរូបភាពសិចស៊ីប្លែកភ្នែកជាច្រើនសន្លឹកកាលពីពេលកន្លងទៅ ដោយលោកតែងស្លៀកតែលីអូ និងដោះអាវបញ្ចេញសាច់ដុំទ្រូងទាំងដុំៗ៕

  • អ្នកជំនាញចិត្តសាស្ត្របញ្ជាក់ថាអាណាព្យាបាលជាច្រើនលើពិភពលោកកំពុងបង្រៀនកូនខុស

    អ្នកជំនាញចិត្តសាស្ត្របញ្ជាក់ថាអាណាព្យាបាលជាច្រើនលើពិភពលោកកំពុងបង្រៀនកូនខុស

    ស្ទើរគ្រប់អាណាព្យាបាលទាំងអស់លើពិភពលោក សុទ្ធតែចង់អប់រំកូនឱ្យក្លាយជាមនុស្សល្អ តែអ្វីដែលជាបញ្ហាប្រឈម និងធ្វើឱ្យកូនៗក្លាយជាមនុស្សកាន់តែអាក្រក់ គឺវិធីសាស្ត្របង្រៀនដែលអាណាព្យាបាលភាគច្រើនប្រើចំពោះកូន គឺជាវិធីសាស្រ្តមិនត្រឹមត្រូវ។

    លោក Adam Grant អ្នកជំនាញចិត្តសាស្រ្ត បានលើកឡើងថា អាណាព្យាបាលជាច្រើន គិតថា
    រាល់ពេលកូនធ្វើខុសគឺត្រូវតែទទួលពិន័យដើម្បីអប់រំពួកគេកុំឱ្យដើរជាន់កំហុសដដែល។ មានអ្នកខ្លះអង្គុយចាំមើលតែសកម្មភាពរបស់កូន ឱ្យតែកូនធ្វើខុស ឬមានឥរិយាបថមិនល្អភ្លាម គាត់នឹងស្តីបន្ទោស ដាក់ពិន័យ និងប្រាប់ភ្លាមថា រឿងដែលក្មេងកំពុងធ្វើនោះជារឿងខុស ហើយធ្វើតាមគាត់ទើបជារឿងត្រឹមត្រូវ។ ការធ្វើបែបនេះ ពេលខ្លះអាចធ្វើឱ្យក្មេងក្លាយជាមនុស្សម្នាក់ដែលដើរត្រូវបន្ទាត់របស់មនុស្សទូទៅ តែមិនប្រាកដថាអាចធ្វើឱ្យក្មេងក្លាយជាមនុស្សខ្លាំងបាននោះទេ ព្រោះគ្រាន់ដឹងថាសកម្មភាពបែបណាខុស ហើយសកម្មភាពបែបណាត្រូវមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ជីវិតមនុស្សម្នាក់ៗ។

    លោកបានបញ្ជាក់ថា ការអប់រំតាមបែបបុរាណ គឺភាគច្រើនជំរុញឱ្យមនុស្សធ្វើអ្វីដដែលៗនៅលើបន្ទាត់មួយដូចៗគ្នា គឺរស់នៅក្នុងទម្លាប់ដូចៗគ្នា មានសកម្មភាពដូចៗគ្នា និងការគិតដូចៗគ្នា។ គ្រាន់តែក្មេងដើរខុសបន្ទាត់តែបន្តិច បើទោះបីជារឿងនោះល្អ ឬមិនសូវល្អក៏ដោយក៏មនុស្សធំភាគច្រើនតម្រង់មករកភាពដើមវិញ។

    ចំណុចនេះបានបង្កើតឱ្យមានបញ្ហាជាច្រើនសម្រាប់អនាគតរបស់មនុស្សលើពិភពលោក ដែលយើងកំពុងត្រូវការមនុស្សប្រកបដោយសមត្ថភាពខ្លាំងជាងមុន មានថាមពលនៃភាពច្នៃប្រឌិតខ្ពស់ជាងមុន និងមានភាពឆ្លាតវៃមុតស្រួចជាងមុន។

    លោក Adam Grant បាននិយាយថា៖ «ជាធម្មតានៅក្នុងសហគមន៍ នីមួយៗយើងមើលឃើញថា នៅពេលគេឃើញមានមនុស្សណាម្នាក់ចេញពីសហគមន៍នោះ ហើយក្លាយជាមនុស្សជោគជ័យ ឬក្លាយជាមនុស្សដែលមានសមិទ្ធផលជីវិតខ្លាំងមនុស្សគ្រប់គ្នាតែងតែគិតថាគាត់ជាមនុស្សអស្ចារ្យ
    (Hero)។ អ្វីដែលនៅពីក្រោយភាពអស្ចារ្យនេះគឺសិល្បៈក្នុងការអប់រំរបស់អាណាព្យាបាល»។

    អ្នកជំនាញខាងលើបានបញ្ជាក់ថា ជាធម្មតាបើគេមើលលើមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ៗ មានសមត្ថភាពខ្លាំងនៅក្នុងពិភពលោក គេនឹងឃើញថាអ្នកខ្លាំងទាំងអស់នោះទទួលការអប់រំបានល្អទាំងក្នុងសាលា និងក្នុងគ្រួសារ។ ការឆ្លើយតបដោយវិជ្ជមានរបស់អាណាព្យាបាលក្នុងការបណ្តុះផ្នត់គំនិតល្អ ទើបជាចម្លើយយ៉ាងសំខាន់ដែលរុញច្រានឱ្យក្មេងក្លាយជាមនុស្សខ្លាំង មិនមែនដើរតាមទម្លាប់ដដែលៗនោះទេ។ អ្វីដែលអាណាព្យាបាលឆ្លាតវៃទាំងអស់នោះធ្វើ គឺបង្រៀនកូនឱ្យចេះធ្វើអ្វីថ្មីៗ ក្នុងវិធីខុសប្លែកពីទម្លាប់ពិន័យដដែលៗ ហើយពួកគេអភិវឌ្ឍសមត្ថភាពកូនដោយការលើកទឹកចិត្ត។

    ជំនួសឱ្យការពិន័យនៅពេលធ្វើខុសគេ គាត់អាចលួងលោមកូនឱ្យមើលឃើញពីហេតុ និងផលនៃសកម្មភាព បន្ទាប់មកក៏ជំរុញកូនឱ្យធ្វើអ្វីដោយផ្អែកលើភាពខ្លាំងរបស់ខ្លួន។ ពេលខ្លះគាត់អាចខុសគេបន្តិចមែនតែគាត់ខ្លាំងខុសគេ មិនមែនខុសគេដោយភាពផ្តេសផ្តាសនោះទេហេតុនេះប្រសិនបើយើងមើលឃើញពីគុណសម្បត្តិនៃសកម្មភាពរបស់កូនច្បាស់លាស់ហើយ យើងគួរជំរុញ និងចេះផ្តល់រង្វាន់។ កុំបង្រៀនមនុស្សដោយភាពឈឺចាប់ តែត្រូវចេះដាស់ស្មារតីដោយថាមពលនៃភាពរីករាយ ឱ្យកូនចេះរស់ក្នុងសេចក្តីសុខ និងការអភិវឌ្ឍ ជាជាងអំពើហិង្សា។

    អ្នកចិត្តសាស្ត្រខាងលើបានបញ្ជាក់ផងដែរថា ជំនួសឱ្យការកំណត់បន្ទាត់ឱ្យកូនដើរ យើងគួរពង្រឹងសមត្ថភាពនៃការពិចារណាឱ្យបានល្អ បង្រៀនកូនឱ្យមានភាពចាស់ទុំ និងចេះប្រើប្រាស់ហេតុផលដើម្បីដោះស្រាយបញ្ហាក្នុងការរស់នៅជាក់ស្តែង។

    នៅពេលក្មេងមានប្រភពចំណេះដឹងច្បាស់លាស់ក្នុងការវិភាគ ពិចារណាស៊ីជម្រៅ និងមានទម្លាប់រស់នៅល្អហើយ យើងនឹងមិនចាំបាច់ខ្វល់ច្រើនថាគាត់នឹងអាចប្រឈមនឹងបញ្ហា ឬធ្វើអ្វីខុសប្លែកពីទម្លាប់របស់មនុស្សទូទៅនោះទេ ព្រោះយើងដឹងច្បាស់ថាគាត់មានប្រព័ន្ធការពារមួយដ៏ល្អរួចបាត់ទៅហើយ។ ម្យ៉ាងវិញទៀត យើងដឹងច្បាស់ណាស់ថាទោះជាយ៉ាងណាក៏ដោយអាណាព្យាបាលនឹងមិនអាចលែងដៃពីកូនបាននោះទេ បើទោះបីជាដឹងថាគេមានវិធីសាស្ត្រគិតល្អហើយក៏ដោយ។ ហេតុនេះអ្វីដែលអាណាព្យាបាលអាចធ្វើបាន គឺចែករំលែកបទពិសោធ និងជួយប្រឹក្សាជាមួយកូននៅពេលពួកគេត្រូវការជំនួយ ឬសង្ស័យថាគាត់មិនទាន់អាចបែងចែកហេតុផលនៃសកម្មភាពទាំងឡាយណាដែលគ្រោះថ្នាក់ដល់ជីវិតរបស់គាត់៕

  • ពេលវេលាតែ “2ថ្ងៃ” ក៏អាចធ្វើឱ្យជីវិតមនុស្សយើងផ្លាស់ប្ដូរបានដែរ…

    ពេលវេលាតែ “2ថ្ងៃ” ក៏អាចធ្វើឱ្យជីវិតមនុស្សយើងផ្លាស់ប្ដូរបានដែរ…

    អាយុរបស់ខ្លួនឯង បើ “មិនចង់ចាំ” ក៏មិនអីដែរ
    តែ “ថ្ងៃផុតកំណត់” របស់វត្ថុមួយចំនួន មិនចង់ចាំ មិនបានទេណា៎…
    ព្រោះការពិតទៅ ត្រូវតែខំព្យាយាម “ចាំ” ឱ្យបាន
    បើមិនចង់ “ខាតបង់” ឬ “ហួសពេលកែកុន”
    ជាពិសេស វត្ថុដែលមានតម្លៃ ជាទឹកប្រាក់រាប់ម៉ឺន រាប់សែន(ដុល្លារ)…
    ហាស ហាស ហា…

    ទាំងអស់នេះ តាមរយៈព័ត៌មាន បានរៀបរាប់ថា កាលពីពេលថ្មីៗនេះ ស្ថាប័នឆ្នោតជាតិរបស់រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក បានផូស្តលើហ្វេសប៊ុកនិយាយពីបុរសអ្នកសំណាងល្អម្នាក់ ដែលប៊ិះនឹងក្លាយជា “បុរសសំណាងអាក្រក់” ដោយមិនដឹងខ្លួន។

    នៅពេលរូបគេបានទិញសន្លឹកឆ្នាត ឌឹ ឡាកគី ហ្វ័រ ឡៃហ្វ៍ រួច និងទម្រាំតែដឹងខ្លួនថា ត្រូវរង្វាន់ទឹកប្រាក់ចំនួន 2,5000ដុល្លារ…និងធ្វើដំណើរទៅឡើងទទួលប្រាក់រង្វាន់នោះ ក៏ជ្រុលហួសទៅដល់ថ្ងៃទី4 មីនា ដែលនៅសល់តែ 2ថ្ងៃទៀតប៉ុណ្ណោះ សន្លឹកឆ្នោតនោះ នឹង “ផុតកំណត់” លែងមានសិទ្ធិទទួលបានរង្វាន់ នៅថ្ងៃទី6 មីនា!!!។

    ទាំងអស់នេះ ខាងស្ថាប័នឆ្នោតរដ្ឋ នៃសហរដ្ឋអាមេរិក បាននិយាយថា បើម្ចាស់សន្លឹកឆ្នោតដែលត្រូវរង្វាន់ មិនធ្វើដំណើរមកទទួលប្រាក់រង្វាន់ទេនោះ ប្រាក់រង្វាន់នោះ ក៏នឹងត្រូវនាំយកទៅបូករួមជាមួយប្រាក់រង្វាន់ក្នុងគ្រាបន្តទៀត ដែលនឹងធ្វើឱ្យវាកាន់តែកើនច្រើនឡើងទៅជារឿយៗ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កម្ពុជា​ប្រកាស​ស្តារ​វិស័យ​ ទេសចរណ៍​បណ្តា​លពី​ផលប៉ះពាល់​ជំងឺ COVID-19 ខណៈ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរ​ណ៍នៅតែ​បន្ត

    កម្ពុជា​ប្រកាស​ស្តារ​វិស័យ​ ទេសចរណ៍​បណ្តា​លពី​ផលប៉ះពាល់​ជំងឺ COVID-19 ខណៈ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរ​ណ៍នៅតែ​បន្ត

    ស្ថិតនៅក្នុង​ស្ថានភាព​ដែល​កំពុង​រង​ឥទ្ធិពល​អាក្រក់ និង​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយសារ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក និង​ជាពិសេស​នាពេល​បច្ចុប្បន្ន​ដែល​កំពុងតែ​ប្រឈម​នឹង​ភាពភ័យខ្លាច​នៃ​ការ​រាតត្បាត​របស់​វីរុស​ Covid-19 នោះ តាម​ការ​ព្យាករ​សាជាថ្មី​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ក្នុង​ឆ្នាំ2020 នេះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​កម្ពុជា អាច​នឹងមាន​ការធ្លាក់​ចុះ​រហូតដល់​ប្រមាណ 1លាន​នាក់។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ដោយសារតែ​វិបត្តិ​ជំងឺ Covid-19 បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម និង​បញ្ហា​មួយចំនួនទៀត​ដែលមាន​ប្រភពពី​កត្តា​ខាងក្រៅ បាន​បណ្ដាលឱ្យ​កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ​មិនបាន​ដូច​ការ​ព្យាករ​ជាក់ស្ដែង​នៅ​ឆ្នាំ2020 នេះ។ ការ​ព្យាករ​សាជាថ្មី​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ភ្ញៀវទេសចរ​អន្តរជាតិ​នឹងមាន​ការធ្លាក់ចុះ​ប្រមាណ 1លាន​នាក់ ខណៈ​ប្រទេស​ថៃ​ក៏បាន​ព្យាករ​ដែរ​ថាប្រទេស​គេ​នឹង​ជួប​បញ្ហា​ធ្លាក់ចុះ​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 6លាន​នាក់។

    ឯកឧត្តម ថោង ខុន បាន​បន្តថា៖“ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​មិន​ជួយ​គ្នា​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​វិធានការ​របស់​ក្រសួងទេសចរណ៍​ដើម្បី​ដោះស្រាយ​ឧបសគ្គ​នៅ​ចំពោះមុខ​នេះ​ទេ ភ្ញៀវទេសចរ​នៅ​កម្ពុជា​នឹង​ធ្លាក់ចុះ​ប្រមាណ40% ប៉ុន្តែ​បើ​ភាគី​ពាក់ព័ន្ធ​ចូលរួម​សាមគ្គី​គ្នា​ជម្នះ​ឧបសគ្គ​នេះ​បាន ភ្ញៀវទេសចរ​ប្រហែលជា​ធ្លាក់ចុះ​ត្រឹម 10-15%ប៉ុណ្ណោះ”។

    តាម​ការអះអាង​របស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ទោះបីជា​កម្ពុជា​ជួប​វិបត្តិ​ទាំងនេះ​ក៏ដោយ ប៉ុន្តែ​នៅ​ឆ្នាំ2025 ភ្ញៀវទេសចរ​នៅ​កម្ពុជា​នឹង​កើនឡើង​ប្រមាណ 25% មកវិញ។ នេះ​បើតាម​ការ​ព្យាករ។

    ដោយឡែក​វិស័យ​ទេសចរណ៍​ទូទាំង​សកលលោក បាន​ព្យាករ​ថា នឹង​ខាតបង់​ថវិកា​ជាង 22 ពាន់​លាន​ដុល្លារ។ ប្រធាន​អង្គការ​នៃ​ក្រុមប្រឹក្សា​ដំណើរ​កម្សាន្ត និង​ទេសចរណ៍​ពិភពលោក (WTTC) បាន​មានប្រសាសន៍ថា៖“ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19 អាច​នឹង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ទូទាំង​សកលលោក ខាតបង់​ថវិកា​ជាង 22ពាន់​លាន​ដុល្លារ ហើយ​ការខូចខាត​នេះ ក៏មាន​ការចូលរួមចំណែក​ពី​ការធ្លាក់ចុះ​នៃ​ចំនួន​អ្នកទេសចរ​ចិន​ផងដែរ។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA Channel NewsAsia កាលពី​ថ្ងៃ​សុក្រ ទី28 ខែកុម្ភៈ ឆ្នាំ2020។

    ប្រធាន​អង្គការ WTTC លោកស្រី ក្លូ​រៀ ហ្គេ​វ៉ា​រ៉ា (Gloria Guevara) បានធ្វើការ​កត់សម្គាល់​ខាងលើប្រាប់​សារព័ត៌មាន​អេ​ស្ប៉ា​ញ អែល ម៉ាន់​ឌូ (El Mundo) ដោយបាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “វា​ដូចជា​លឿន​ពេក​ដើម្បី​ដឹង​ពី​ទំហំ​ខាតបង់​ថា…ការរីក​រាលដាល​នៃ​ជំងឺ ​COVID-19 អាច​នឹង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​សកលលោក​ខាតបង់​ថវិកា​ជាង 22ពាន់​លាន​ដុល្លារ។

    ប៉ុន្តែ WTTC បានធ្វើការ​គណនា​ជាបឋម​នេះ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ស្រាវជ្រាវ​សេដ្ឋកិច្ច អុក​ស៍​ហ្វ៉​ដ(Oxford Economics)”។ គួរបញ្ជាក់​តាម​លោកស្រី Gloria ទៀតថា ការ​គណនា​នេះ គឺ​ផ្អែកលើ​បទពិសោធ​នៃ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺឆ្លងមុនៗដូចជា​ជំងឺ SARS ឬ H1N1 ព្រមទាំង​ផ្ដោតលើ​ការធ្លាក់ចុះ​នៃ​ភ្ញៀវទេសចរ​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​នេះ។

    អ្វី​ដែលជា​ភាពជាក់ស្តែង​នោះ គឺ​ការផ្អាក​ជើងហោះហើរ និង​ការណែនាំ​របស់​រដ្ឋាភិបាល របស់​ប្រទេស​នានា​ទូទាំង​ពិភពលោក ឱ្យ​ប្រជាជន​របស់​ពួកគេ មានការ​ប្រុងប្រយ័ត្ន និង​កុំ​ធ្វើដំណើរ​ទៅកាន់​បណ្តា​ប្រទេស​ដែលមាន​ការផ្ទុះ​ជំងឺ COVID-19 ខ្លាំងក្លា​នោះ ទាំងអស់នេះ​គឺ​សុទ្ធតែជា​ចំណាត់​ការដែល​បង្ក​ផលប៉ះពាល់​ធ្ងន់់ធ្ងរ ទៅដល់​វិស័យ​ទេសចរណ៍។

    ជា​បទពិសោធ ក្នុង​គ្រា​ដែល​ពិភពលោក​ជួប​វិបត្តិ​ជំងឺ SARS នៅ​ចុងឆ្នាំ2002 ដល់​ឆ្នាំ2003ចំនួន​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​យ៉ាងគំហុក ប៉ុន្តែ​នៅ​ខណៈនោះ​ក្រសួងទេសចរណ៍​បាន​ជំរុញឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក ដើម្បី​ជួយ​ទប់ទល់​ការចំណាយ​របស់​សណ្ឋាគា​រ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា។ ជាក់ស្ដែង ដោយ​អនុវត្តតាម​វិធានការ​នេះហើយ កម្ពុជា​បានទទួល​នូវ​កំណើន​ភ្ញៀវទេសចរ​ក្នុងស្រុក ដល់​ទៅ 9% ហើយ​បញ្ហា​នានា​ត្រូវបាន​ដោះស្រាយ​គួរ​ជាទី​គាប់ប្រសើរ។

    ជា​អកុសល នៅ​ចុងឆ្នាំ2019 រហូតដល់​ដើមឆ្នាំ2020 នេះ ពិភពលោក​បាន​ជួបប្រទះ​វិបត្តិ​ជំងឺ Covid-19 ថ្មី​នេះ​ទៀត ដែល​បណ្ដាលឱ្យ​វិស័យ​ទេសចរណ៍​លើ​ពិភពលោក​ជួប​បញ្ហា​ឱនភាព ក្នុងនោះ​កម្ពុជា​ក៏​គេច​មិន​ផុតពី​បញ្ហា​នេះដែរ ដូច្នេះហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​វិធានការ ជំរុញឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក​ឱ្យ​កាន់តែ​ខ្លាំងក្លា។

    ជាមួយនឹង​ការរំពឹងទុក​ថា ភ្ញៀវទេសចរណ៍ក្នុងស្រុក​នឹងមាន​ការកើនឡើង​ដែរនោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍ក្នុងប្រទេស ជាពិសេស​នៅ​ខេត្តសៀមរាប ត្រូវ​ត្រៀមខ្លួន​ទទួល​ភ្ញៀវទេសចរ​ក្នុងស្រុក​ឱ្យបាន​ត្រឹមត្រូវ និង​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​បកស្រាយ​ពន្យល់​ប្រាប់​ពួកគាត់​នូវ​អ្វី​ដែលមាន​នៅតាម​គោលដៅ​ទេសចរណ៍នីមួយៗ ខណៈ​ពួកគាត់​ក៏​ចង់ដឹង​ពី​ព័ត៌មាន ឬ​អាថ៌កំបាំង​ផ្សេងទៀត​ដែល​បង្កប់​លើ​ជញ្ជាំង​ប្រាសាទ ប្រាង្គ​ប្រាសាទ តំបន់​បេតិកភណ្ឌ​វប្បធម៌ អច្ឆរិយ​ភាព​របស់​ស្នាដៃ​ដូនតា​ខ្មែរ​ជាដើម​ដែរ។

    ជាមួយគ្នានេះដែរ នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ កម្ពុជា បានអះអាងចំពោះភ្ញៀវទេសចរអន្តរជាតិថា “កម្ពុ​ជាមាន​សុខសន្តិភាព សុវត្ថិភាព គ្មាន​ការឆ្លង​ជំងឺ Covid-19 និង​មានឱកាស​ច្រើន​សម្រាប់​ការវិនិយោគ” ដែល​ការផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ក្រោម​ប្រធានបទ “កម្ពុជា៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ”។ នេះបើតាមក្រុមការងារក្រសួងទេសចរណ៍ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនៅសហរដ្ឋអាមេរិក។

    ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក សូ វិ​សុ​ទ្ធី (So Visothy) អនុរដ្ឋលេខាធិការ និង​លោក ថោងរដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម និង​ផ្សព្វផ្សាយ នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន (ATF2021) តាមរយៈ​ការតាំង​បង្ហាញ​ស្តង់​កម្ពុជា នៃ​ការចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (Travel and Adventure Show) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី29 ខែកុម្ភៈ ដល់​ថ្ងៃទី1 ខែមីនា ឆ្នាំ2020 កន្លងទៅ​នៅ​ទីក្រុង​អា​ត្ល​ង់​តា រដ្ឋ​ច​ច​ជា សហរដ្ឋអាមេរិក។

    ការផ្សព្វផ្សាយ​នេះ ជាការ​បង្ហាញ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​ទេសចរណ៍​អាស៊ាន (ATF2021) នាពេលខាងមុខ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ពី​អាមេរិក​មក​ទស្សនា​កម្ពុ​ជា​ឱ្យ​កាន់តែច្រើន​ថែមទៀត។

    នាឱកាស​នោះ គណៈប្រតិភូ​នៃ​ក្រសួងទេសចរណ៍​បាន​អះអាង​ចំពោះ​ភ្ញៀវទេសចរ និង​ដៃគូ​អន្តរជាតិ​យ៉ាង​ដូច្នេះ​ថា៖ “កម្ពុជា បច្ចុប្បន្ន​មាន​សុខសន្តិភាព មាន​សុវត្ថិភាព ផ្ដល់​ភាពកក់ក្ដៅ​ចំពោះ​ភ្ញៀវទេសចរ និង​អ្នកដំណើរ​គ្រប់គ្នា ជាពិសេស​គ្មាន​ការឆ្លង​ជំងឺ Covid-19 និង​ផ្ដល់ឱកាសពិសេសៗយ៉ាងច្រើន​សម្រាប់​អ្នកវិនិយោគ និង​អ្នកធ្វើ​ធុរកិច្ចគ្រប់ៗគ្នា”។

    លោក ថោង រដ្ឋ​សក្តិ បានឱ្យដឹងថា ព្រឹត្តិការណ៍ Travel & Adventure Show ជា​ពិព័រណ៍​ទេសចរណ៍​ធំជាងគេ​បង្អស់​របស់​សហរដ្ឋអាមេរិក ដែល​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ទីក្រុង ចំនួន10 ផ្សេងគ្នា ដែល​ឆ្នាំនេះ​ជា​លើក​ទី1 ហើយ​សម្រាប់​ទីក្រុង​អា​ត្ល​ង់​តា ដោយមាន​អ្នកចូលរួម​តាំងពិព័រណ៍​ប្រមាណ​ជាង 500ស្ថាប័ន មកពី​ប្រមាណ 60ប្រទេស ក្នុងនោះ​ពន្លា​ក្រសួងទេសចរណ៍​កម្ពុជា ដែល​បានរៀបចំ​តុបតែង​យ៉ាង​ស្អាត និង​មាន​ភាព​ទាក់ទាញ ដោយ​ទទួលបាន​ភ្ញៀវ​ចូល​ទស្សនា និង​សាកសួរ​ព័ត៌មាន​យ៉ាង​ផុលផុស។

    លោក​បាន​បន្តថា ក្នុង​ព្រឹត្តិការណ៍​នោះ​ក្រុមការងារ​ក៏បាន​ជួបប្រជុំ​ជាមួយនឹង​លោក John Spooner និង​លោក Jonathan Goazlic ដែលជា​អ្នក​រៀច​ចំ​កម្មវិធី ដើម្បី​ពិភាក្សា​ពី​ការងារ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក​ទាំ​ង​មូល ជាពិសេស​នៅតាម​បណ្ដា​រដ្ឋ និង​ទីក្រុងធំៗ ដូចជា San Francisco, San Diego រដ្ឋ California, ទីក្រុង Philadelphia រដ្ឋ Pennsylvania, ទីក្រុង Denver រដ្ឋ Colorado, ទីក្រុង Tampa Bay និង Miami រដ្ឋ Florida, ទីក្រុង Chicago រដ្ឋ Illinois ដែលជា​ទីផ្សារធំៗរបស់​សហរដ្ឋអាមេរិក។

    ឆ្លៀត​ក្នុងឱកាស​នេះ ក្រុមការងារ​របស់​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ចុះ​ពិនិត្យ​ក្នុង​របៀប​ជា Study Tour & Research នៅ Studio 7 របស់​បណ្តាញ​ស្ថានីយទូរទស្សន៍​អន្តរជាតិ CNN ក្នុង​ទីក្រុង​អា​ត្ល​ង់​តា ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ភាព ជា​ដៃគូ​យូ​អង្វែង​ផងដែរ។

    យោងតាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍​ឆ្នាំ2019 កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អាមេរិក ប្រមាណ 25ម៉ឺន​នាក់ ឈរ​នៅក្នុង​លំដាប់​ទី6 នៃ​ទីផ្សារ​ទេសចរ​កំពូល​ទាំង 10របស់​កម្ពុជា៕

  • បញ្ហា​ជំងឺ​កូ​វីដ19 ធ្វើឱ្យមាន​ប្រទេស មួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច

    បញ្ហា​ជំងឺ​កូ​វីដ19 ធ្វើឱ្យមាន​ប្រទេស មួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច

    ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ កូ​រ៉ូ​ណា(COVID-19) បានធ្វើឱ្យ មានការ​ប្រឈម​ដ៏​ធំ​មួយទៀត ក្នុងចំណោម​បញ្ហា​ប្រឈមដែលមាន​សម្រាប់​ប្រទេស​ក្នុង​សកលលោក ពិសេស​សង្គ្រាម​ពាណិជ្ជកម្ម និងការ​អន់ថយ​នៃ​កំណើនសេដ្ឋកិច្ច។

    ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2020 នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់ថា ​ជំងឺកូ​វីដ19 (COVID-19) បានធ្វើឱ្យ​ប្រទេសមួយ​ចំនួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ផងដែរ។

    “ផលប៉ះពាល់​ជំងឺ COVID -19 បាន​មកដល់​មិនអាច​ព្យាករ ទុក​មុន​បាន​អំពី​ទំហំ​របស់​វា ហើយ​កំពុង​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ី និង​អាច​រុញច្រាន​ឱ្យ​ប្រទេស​មួយចំនួន​ធ្លាក់​ក្នុង​វិបត្តិ។ ប្រការនេះ​បាន​បង្កើតឱ្យមាន​ការព្រួយបារម្ភ ចំពោះ​និយោជក​ផងដែរ”។ នេះ​បើតាម​ប្រសាសន៍​សម្តេច​តេ​ជា។

    សម្តេច​តេ​ជោ ​ហ៊ុន សែន​ បាន​មានប្រសាសន៍​បន្ថែមថា ៖“រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដើម្បី​ធ្វើការ​ស្រោចស្រង់ ក្នុង​គោលបំណង កាត់បន្ថយ​ផលប៉ះពាល់ និង​គាំទ្រលើកស្ទួយ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់។ ទន្ទឹមនេះជំងឺ​កូ​វីដ19​នេះ​ បានធ្វើឱ្យ​ប៉ះពាល់ដល់វិស័យសំខាន់ៗនៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់ថា៖ “វិស័យ​2​របស់​កម្ពុជា​ដែល​រង​ផល​ប៉ះ ពាល់​ធ្ងន់​ជាង គេ​គឺ1-វិស័យ​ទេសចរណ៍ ដោយសារ​អ្នកទេសចរ​ភ័យ​លែង​ហាន​ធ្វើដំណើរ​កម្សាន្ត និង​ទី2-វិស័យ​កាត់ដេរ ដោយសារ​ខ្វះ​វត្ថុធាតុដើម បិទ​រោងចក្រ​មួយចំនួន នៅ​ប្រទេស​ចិន​មិនទាន់​ដំណើរការ​ឡើងវិញជា​ប្រក្រតី”។

    យោងតាម​ការផ្សព្វផ្សាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាន់ខ្ពស់​អាស៊ាន លើក​ទី19 នៅ​ទីក្រុង​ហាណូយប្រទេស​វៀតណាម ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2020កន្លងមកនេះ ឱ្យដឹងថា ការឆ្លើយតប​នឹង​ផលប៉ះពាល់​នេះ គោលនយោបាយ​មួយចំនួន​ត្រូវ បានលើកឡើង ដូចជា ការរក្សា​ឱ្យបាននូវ​កម្រិត​អតិផរណា ការបង្កើន​ការចំណាយ​របស់​រដ្ឋាភិបាល ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្លាំង​ពលកម្ម​និងបច្ចេកវិទ្យា ការផ្តល់​ហិរញ្ញប្បទាន​ចំពោះ​ការ ចំណាយ​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ​មេរោគ​នេះ បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការតភ្ជាប់​ក្នុង​តំបន់​អាស៊ាន​ជាដើម។

    កំណើនសេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​ព្យាករ​ថា អាច​នឹង​ថមថយ​ពី 4.9% ក្នុង​ឆ្នាំ 2019 មក​ត្រឹម4.5% នៅ​ឆ្នាំ2020 ដោយសារ​ការរីក​រាល​ដាល​នៃ​មេរោគ​កូ​រ៉ូ​ណា (COVID-19) ដែល​អាចមាន​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ក្នុង​តំបន់​រយៈពេល​មធ្យម និង​ជះឥទ្ធិពល​ខ្លាំង លើ​ផ្នែក​សេវា ការវិនិយោគ និង​ការប្រើប្រាស់​របស់​ប្រជាជន។

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF)ក៏បាន​ព្រមាន​ដែរថា​ ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​នឹងមាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក ខណៈ​ក្រុម​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស G20 និង​ប្រធាន​ធនាគារកណ្ដាល​បាន​ថ្លឹងថ្លែង​ផលប៉ះពាល់​សេដ្ឋកិច្ច​របស់ខ្លួន ។

    លោកស្រី Kristalina Georgieva ប្រធាន IMF បានឱ្យដឹងថា ការរីក​រាលដាល​នេះ​នឹង​កាត់បន្ថយ​ប្រហែល 0,1 % ពី​កំណើន​សេដ្ឋកិច្ចពិភពលោក និង​រារាំង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មក​នៅត្រឹម5.6% នៅ​ឆ្នាំនេះ។យើង​ក៏​កំពុង​សម្លឹងមើល​សេណារីយោ កាន់តែ​អាក្រក់​ដែល​ការរីក​រាលដាល​របស់​វីរុស​នេះ​បន្ត​ក្នុង​រយៈពេល​កាន់តែ​វែង និង​កាន់តែច្រើន​ទៀត​ទូទាំង​ពិភពលោក និង​ផលវិបាក​កំណើនសេដ្ឋកិច្ច​មាន​រយៈ​ពេល​កាន់តែ​វែង​ផងដែរ។

    លោក​បណ្ឌិត​ហុង វណ្ណៈ  អ្នកស្រាវជ្រាវ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា៖“តាមពិត​បើ​គិត​ទៅតាម​ការ​ព្យាករសេដ្ឋកិច្ច​យើង​នឹងមាន6.0-6.5%នៃ​ផលិតផល​សរុប​របស់​ប្រទេស​ក្នុងឆ្នាំនេះ។ សញ្ញាណ​នេះ​បើ​ជំងឺ​កូ​វីដ នៅតែ​បន្តសកម្មភាព​វា​អាច​បន្ត​ទៅដល់​ឆ្នាំ 2021 ទៀត។ ដូច្នេះ​វិស័យទេសចរណ៍ នឹងមាន​ផលប៉ះពាល់​ជាងគេ រួមទាំង​រោងចក្រ​ជាច្រើន​ដែល​ត្រូវ​ប៉ះពាល់​ក្នុង​រឿង​EBA ដែលជា​បញ្ហា​ធំ ដែល​ចំនួន​ប៉ះពាល់ អាច​ដល់​ទៅ 100 លាន​ដុល្លារ។ ព្រោះ​បើតាម​គណនា​ចំនួន 20% នៃ​ទឹកប្រាក់ 600លានដុល្លារ ដែលជា​ផលប៉ះពាល់​នៃ​វិស័យនេះ​ទាំងមូល”។

    លោក​បណ្ឌិត​បានបញ្ជាក់​ថា បើតាម​ខ្ញុំ​គិត វា​មាន​ផលប៉ះពាល់​ទំហំ​ធំ នៅ​ក្នុងនោះ​ផលិតកម្ម ទាំងអស់​ត្រូវ​គាំង។ សកម្មភាព​លក់ដូរ​រ​បស់​ពលរដ្ឋ​មាន​សភាព​តានតឹង ពោលគឺ​ស្រប​ពេលដែល​ជនជាតិ​ចិន​បាន​ចាកចេញ បន្ទាប់ពី​ការប្រកាស​បិទ​ហ្គេម​អន​ឡាញ ក៏ត្រូវ​នឹង​មេរោគ​កូ​វីដ19 បានកើតឡើង​ផងដែរ ដែលជា​អកុសល ធ្វើឱ្យ​សេដ្ឋកិច្ច​យើង​ត្រូវ​ទទួលរង​នូវ​បញ្ហា។

    លោក​បណ្ឌិត​បានបញ្ជាក់​ដែរ​ថា បើ​យើង​មើលទៅ​សេដ្ឋកិច្ចកម្ពុជា ដែល​ទទួលរង​ពី​បញ្ហា ជំងឺ​កូ​វីដ19 គឺមាន​2 ព្រោះ​បញ្ហា​នៃ​ជំងឺ​នេះ​វា​មាន​លក្ខណៈ​ជា​សកល​ហើយ ធ្វើឱ្យ​ឥទ្ធិពល​របស់​វា​ដែល​បានធ្វើឱ្យ​កម្ពុជា​ទទួលរង គឺមាន​ការពាក់ព័ន្ធ​នឹង​វិស័យ​ភ្ញៀវទេសចរ ពិសេស​ទេសចរ​ជនជាតិ​ចិន ដែល​ពីមុន​មានចំនួន​ក្នុង 1ឆ្នាំ​ប្រមាណ 200លាន​នាក់ សម្រាប់​សកល និង​មក​ទេសចរណ៍​នៅ​កម្ពុជា​ដល់​ទៅ 2 លាន​នាក់​តែ​ឥឡូវ​បាន​ថយចុះ​ដល់​ទៅ 90%។

    បញ្ហា​មួយទៀត​គឺ​បញ្ហា​រោងចក្រ​មួយចំនួន​ដែល​កំពុងដំណើរការ ត្រូវ​ទទួលរង​នូវ​ការខ្វះ​វត្ថុធាតុដើម មិនអាច​ផ្គត់ផ្គង់​បាន​ដោយសារ​ជំងឺ​កូ​វីដ19 ដែល​កើតឡើង​នៅ​ប្រទេស​ចិន ធ្វើឱ្យ​រោងចក្រ​មួយចំនួន នៅ​ប្រទេស​ចិន​មិនទាន់​ដំណើរការ​ឡើងវិញ​បាន ស្របពេល ដែល​បញ្ហា EBA ក៏បាន​កើតឡើង​ផងដែរ។

    លោក​បណ្ឌិត​បានបញ្ជាក់​ទៀតថា៖“ដូច្នេះ​សេដ្ឋកិច្ច​ប្រទេសមួយ​បើ​មាន​បញ្ហាផ្ទួនៗគ្នា​ពេក​ វា​ធ្វើឱ្យ​ជួបប្រទះ​នូវ​វិបត្តិ​ជាក់​ជាមិនខាន​ឡើយ។ តែ​យើង​ឃើញ​រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ បន្ទាន់ ដូចជា​ការលើកទឹកចិត្ត​ដល់​វិស័យ​អចលនទ្រព្យ ដែល​តម្លៃ​ត្រឹម 7ម៉ឺន​ គឺ​រដ្ឋ​មិន​យកពន្ធ​ប្រថាប់ត្រា​ និង​ការមិន​យកពន្ធ 4 ខែ​សម្រាប់​សណ្ឋាគារ នៅ​ខេត្តសៀមរាប​ជាដើម”។

    ក្រៅពីនោះ​រាជរដ្ឋាភិបាល​ក៏បាន​ស្វែងរក​អ្នកវិនិយោគ ដែល​ក្នុង​រយៈពេល​នេះ​មានការ​ទទួលបាន​អ្នកវិនិយោគ ដោយ​ទទួលបាន​ទឹកប្រាក់​ក្នុង​ចំនួន​ច្រើន​គួរសម ក៏ប៉ុន្តែ​បើតាម​ផលប៉ះពាល់​មិនអាច​ទូទាត់​គ្នា​បានទេ ព្រោះថា​វា​អាច​ទើបនឹង​ចាប់ផ្តើម​ដោយ​យើង​មិនអាច​ប៉ាន់ស្មាន​បាន​ព្រោះ​បញ្ហា​វា​ស្ទួន​គ្នា​ពេក។

    លោក​បណ្ឌិត​ ហុង វណ្ណៈ បានបញ្ជាក់​ផងដែរ​ថា៖ “បើតាម​ខ្ញុំ​គិត វា​មិនទាន់​ដល់​ដំណាក់​ការដែល​យើង​មិនអាច​ថា​ទប់ទល់​ស្ថានការណ៍​បាន​នោះទេ ពីព្រោះ​រដ្ឋាភិបាល​យើង​បាន​ត្រៀម​ប្រាក់​បម្រុង​សម្រាប់​ប្រតិបត្តិការ​សេដ្ឋកិច្ច​របស់ខ្លួន ក្នុង​ចំនួន​សមស្រប សម្រាប់​ប្រការ​ក្នុង​ស្ថានការណ៍​អាក្រក់។ ជាមួយគ្នានេះដែរ​រដ្ឋាភិបាល ក៏បាន​ធ្វើការ​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ រួមទាំង​ប្រាក់ចំណូល​ពី​ពន្ធដារ គយ និង​ការវិនិយោគ​ផង​នោះ យើង​អាចធ្វើឱ្យ​ចំណូល​នោះ​ទូទាត់​ក្នុង​ចំណាយ​ចរន្ត​បាន​ក្នុង​កាលៈទេសៈ​ចាំបាច់​នេះ។ ក្នុង​ស្ថានការណ៍​ដែល​រដ្ឋាភិបាល​នៅ​បន្ត​ការគ្រប់គ្រង​ដោយ​ម៉ឺងម៉ាត់​ទៅលើ​ប្រព័ន្ធ​ប្រាក់ចំណូល នោះ​យើង​នៅ​អាច​ទប់ទល់​បញ្ហា​មូ​យ​ផ្នែក​ណាមួយ​បាន”៕

  • បាក់​រលំសណ្ឋាគារ​នៅ​ចិន៖ 4នាក់​បាន​ស្លាប់ និង​38នាក់ត្រូវ​បាន​ជួយ​សង្គ្រោះ ខណៈ33​នាក់​កំពុង​…

    បាក់​រលំសណ្ឋាគារ​នៅ​ចិន៖ 4នាក់​បាន​ស្លាប់ និង​38នាក់ត្រូវ​បាន​ជួយ​សង្គ្រោះ ខណៈ33​នាក់​កំពុង​…

    មនុស្ស​យ៉ាង​តិច​4នាក់​ បាន​បាត់​បង់ជីវិត និង​33នាក់​ផ្សេង​ទៀត​ជាប់​នៅ​ក្រោម​គំនរបាក់​បែក​ ក្នុង​ករណី​បាក់​រលំសណ្ឋាគារ​មួយ​ដែល​គេ​ប្រើសម្រាប់​ដាក់​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​​ Covid-19​ នៅឯខេត្ត Fujian ប្រទេស​ចិន ​កាល​ពី​ម្សិល​មិញ​។

    “ក្រុម​អ្នក​សង្គ្រោះ​ បាន​ជួយយក​មនុស្ស​38នាក់​ដែល​នៅ​មាន​ជីវិត​ ចេញ​ពី​គំនរ​បាក់​បែក​ ក្នុង​នោះ​មាន​5នាក់​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​បំផុត​។ នៅ​ក្នុង​អំឡុង​អគារ​នេះ​ត្រូវ​បាក់​រលំ គឺ​មាន​មនុស្ស​ចំនួន​71នាក់​កំពុង​ស្ថិត​នៅ​ក្នុង​នោះ​” នេះ​បើ​តាម​ការ​ប្រកាស​ពី​ក្រសួង​គ្រប់​គ្រងគ្រោះ​អាសន្ន​នៃ​ប្រទេស​ចិន​។

    សណ្ឋាគារ​កម្ពស់​5ជាន់​ ឈ្មោះ Xinjia នៅ​ក្នុង​ខណ្ឌ​ Licheng ក្រុង Jinan ខេត្ត​ Fujian បាន​បាក់​រលំកាល​ពី​វេលា​ម៉ោង​ប្រហែល​19:30​ម្សិល​មិញ​។ សណ្ឋាគារ​នេះ​ ត្រូវ​បាន​អាជ្ញា​ធរ​ប្រើ​ប្រាស់​ជា​មជ្ឈ​មណ្ឌល​សម្រាប់​ដាក់​អ្នក​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ Covid-19។

    ក្រោយ​ការ​បាក់​រលំ​នៃ​អគារ​នេះបន្តិច ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​​​ចំនួន 800នាក់ និង​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន 200​នាក់ បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​។ ក្រៅ​ពី​នេះ​ក៏​មាន​អ្នក​ស្វែង​រក​ និង​អ្នក​សង្គ្រោះ​ចំនួន​11ក្រុម រួម​នឹង​សុក​​ជំនាញ​ចំនួន​7ក្បាល​ ក៏បាន​ចូល​រួម​ស្វែង​រក​ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​ហេតុ​ការណ៍​នេះផងដែរ​។

    អាជ្ញាធរ​ខេត្ត Fujian បាន​ឱ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ទី​6មីនា ខេត្ត​នេះ មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ចំនួន 296នាក់ និង​អ្នក​ដែលត្រូវ​បាន​តាម​ដាន​សុខ​ភាព​ជាពិសេស​ចំនួន 10,819​នាក់​។ នៅ​ថ្ងៃទី​8មីនា​នេះ ប្រទេស​​ចិន​បាន​ប្រកាស​ថា មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​44នាក់​បន្ថែម​ទៀត​ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​27ករណី ដែល​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្នុងខេត្ត Hubei។ ប្រទេស​នេះ បច្ចុប្បន្ន មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ 80,695​នាក់ និង​អ្នក​ស្លាប់​បាន​ឡើង​ដល់ 3,097នាក់​។ នេះ​បើ​តាម​សារ​ព័ត៌មាន AFP។

    Covid-19 បាន​ឆ្លង​រាល​ដាល​នៅ​ទីក្រុង​ Wuhan​ កាល​ពី​ចុង​ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ វា​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស និង​ដែនដី​​ចំនួន202​ នៅ​ទូទាំង​ពិភពលោក​ បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​ជំងឺ​រាត​ត្បាត​នេះ ចំនួន​ 106,165​នាក់ ក្នុង​នោះ​មាន​អ្នកស្លាប់​​ជិត 3,600នាក់ និង​អ្នក​បាន​ជា​សះស្បើយ​ មាន​ចំនួន59,963​នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស