Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកស្រាវជ្រាវ រកឃើញថា វីរុស COVID-19 អាចលុកលុយបំផ្លាញប្រព័ន្ធសរសៃប្រសាទអ្នកជំងឺ

    អ្នកស្រាវជ្រាវ រកឃើញថា វីរុស COVID-19 អាចលុកលុយបំផ្លាញប្រព័ន្ធសរសៃប្រសាទអ្នកជំងឺ

    កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យប៉េកាំង Ditan បានធ្វើការផ្ទាល់ជាមួយនឹងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Capital ជាស្ថាប័នដែលចាត់តាំងឡើងដើម្បីព្យាបាលជំងឺឆ្លងថ្មី COVID-19 បានប្រកាសថា ពួកគេបានព្យាបាលអ្នកជំងឺម្នាក់​ដែលមានសារធាតុរាវ Cerebrospinal មានផ្ទុកវីរុសនេះ។

    ករណី​រក​ឃើញ​នេះ គឺ​ជាលើក​ដំបូង​ហើយ​ដែលគ្រូ​ពេទ្យ​ចិនបាន​ធ្វើ​ការ​បញ្ជាក់​ថា ​មេរោគ​កូរ៉ូណា​​អាច​បណ្ដាល​ឱ្យ​ខូច​ខាត​​ប្រព័ន្ធប្រសាទ​របស់​អ្នក​ជំងឺ។ បុគ្គលិកពេទ្យនៅ​ទីនោះ បានធ្វើ​តេស្ដ​លើ​គំរូនៃសារធាតុរាវ Cerebrospinal របស់អ្នកជំងឺ និងបានបញ្ជាក់ថា ពិត​ជាមានវត្តមាននៃ Coronavirus ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺរលាកខួរក្បាលពិតមែន។

    ការសិក្សាពីពេលមុនបានបង្ហាញថា Covid-19 អាចវាយប្រហារសរីរាង្គជាច្រើន រួមទាំងក្រលៀន ថ្លើម និងបេះដូង ប៉ុន្តែមិនមានកំណត់ត្រាអំពីការខូចខាតប្រព័ន្ធសរសៃប្រសាទកណ្តាលទេ។

    យោងតាមលោក Liu Jingyuan  ​​ប្រធានផ្នែក ICU នៃ​មន្ទីរ​ពេទ្យ​ខាង​លើ​បានឱ្យ​ដឹង​ថា ​នៅពេលដែលអ្នកជំងឺ COVID-19 ត្រូវបានគេរកឃើញថា មានការសន្លប់ បុគ្គលិកពេទ្យគួរតែពិចារណាពីលទ្ធភាពនៃការឆ្លង​មេរោគ​ចូល​ដល់​ប្រព័ន្ធសរសៃប្រសាទ ហើយ​ធ្វើការពិនិត្យសារធាតុរាវ Cerebrospinal ក្នុងខួរក្បាល​ឱ្យ​បាន​ទាន់​ពេលវេលាដើម្បីចៀសវាងការធ្វើរោគវិនិច្ឆ័យយឺត និងកាត់បន្ថយអត្រាស្លាប់របស់អ្នកជំងឺធ្ងន់ធ្ងរ។

    គិតមកត្រឹមថ្ងៃអាទិត្យ មន្ទីរពេទ្យ​ខាង​លើបានផ្តល់ការព្យាបាលវេជ្ជសាស្រ្តដល់អ្នកជំងឺឆ្លងមេរោគ Covid-19 បានចំនួន 150នាក់ហើយ និងបានរកឃើញករណីរលាកខួរក្បាល​លើ​អ្នក​ជំងឺ​ម្នាក់។

    សូមជម្រាបជូនថា អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា វីរុស SARS និងវីរុស MERS ក៏អាចលុកលុយប្រព័ន្ធសរសៃប្រសាទរបស់អ្នកជំងឺបានដែរ៕

  • កុំភ្លេច!! ថ្ងៃស្អែក ព្រះខ័នរាជស្វាយរៀង ត្រូវទទួលស្វាគមន៍ក្រុមលីកកំពូលវៀតណាម Than Quang Ninh ក្នុងពាន AFC CUP

    កុំភ្លេច!! ថ្ងៃស្អែក ព្រះខ័នរាជស្វាយរៀង ត្រូវទទួលស្វាគមន៍ក្រុមលីកកំពូលវៀតណាម Than Quang Ninh ក្នុងពាន AFC CUP

    ការប្រកួតពានរង្វាន់ AFC CUP 2020 ប្រចាំពូលG នៅថ្ងៃស្អែកទី11 ខែមីនា ឆ្នាំ2020 ខាងមុខនេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយនឹងក្រុមមកពីលីកកំពូលវៀតណាម Than Quang Ninh វេលាម៉ោង 6ល្ងាច ក្នុងទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។

    ក្រុម Than Quang Ninh គឺជាក្រុមបាតតារាងប្រចាំពូលG ដោយ 2ប្រកួតកន្លងមកនេះ ស្មើ1 និង ចាញ់1 ខណៈដែលក្រុមព្រះខ័នរាជស្វាយរៀង 2ប្រកួតកន្លងមកនេះ ឈ្នះ1 និងចាញ់1 កំពុងតែឈរនៅលេខ2 នៃពូល G បន្ទាប់ពីរកបាន​ 3ពិន្ទុដំបូងពីក្រុមជើងឯកលីកកំពូលឥណ្ឌូនេស៊ី Bali United ដោយលទ្ធផល 2ទល់នឹង1៕

  • វគ្គជម្រុះ WORLD CUP គ្រប់ទ្វីបទាំងអស់ រួមទាំងកម្ពុជាផង ត្រូវបានសម្រេចលើកពេល

    វគ្គជម្រុះ WORLD CUP គ្រប់ទ្វីបទាំងអស់ រួមទាំងកម្ពុជាផង ត្រូវបានសម្រេចលើកពេល

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងស្ថិតនៅបាតតារាងនៃពូល C ដែល 1ពិន្ទុក្នុងដៃ តែនៅមិនទាន់អស់ឱកាសឡើងទៅលេង WORLD CUP នៅឡើយទេ។ បើយោងតាមកាលវិភាគចាស់ កម្ពុជាត្រូវប៉ះជាមួយប៉ារ៉ែន នៅថ្ងៃទី26 ខែមីនា ឆ្នាំ2020 និងប៉ះជាមួយអ៊ឺរ៉ាក់ នៅថ្ងៃទី31 ខែមីនា ឆ្នាំ2020។

    មកទល់នឹងពេលនេះ ការប្រកួតវគ្គជម្រុះ ​FIFA WORLD CUP ដែលនៅសេសសល់ទាំងអស់ ត្រូវបានសម្រេចលើកពេល ដោយមិនទាន់កំណត់ពេលវេលាថ្មីនៅឡើយទេ  នេះបើឆ្លងកាត់ការប្រជុំសម្រេចកាលពីម្សិលមិញនេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលសមាជិករបស់ FIFA និង AFC ទាំងអស់បានមូលមតិគ្នា។

    គួរបញ្ជាក់ដែរថា កម្ពុជាស្ថិតនៅក្នុងពូល ​C នៃវគ្គជម្រុះ ​FIFA WORLD CUP 2022 ជាមួយនឹងអ៊ឺរ៉ង់ ប៉ារ៉ែន ហុងកុង និងអ៊ឺរ៉ាក់។ ទោះបីជាមិនសូវទទួលបានលទ្ធផលល្អក្តី តែកម្ពុជានៅសល់ 3ប្រកួតទៀតក្នុងដៃ៕

  • ជម្រើសជាតិសិង្ហបុរី ហ្វឹកហាត់ជាធម្មតា ទោះបីមានអត្រាឆ្លងជំងឺកូរ៉ូណា ខ្លាំងជាងគេបំផុតនៅអាស៊ានក៏ដោយ

    ជម្រើសជាតិសិង្ហបុរី ហ្វឹកហាត់ជាធម្មតា ទោះបីមានអត្រាឆ្លងជំងឺកូរ៉ូណា ខ្លាំងជាងគេបំផុតនៅអាស៊ានក៏ដោយ

    សមាគមបាល់ទាត់ប្រទេសសិង្ហបុរី និងក្រោមការដឹកនាំរបស់លោក Tatsuma Yoshida គ្រូបង្គោលជម្រើសជាតិបានសម្រេចកោះហៅកីឡាករចំនួន 25នាក់ ជាបញ្ជីបឋមមកប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតមិត្តភាព និងប្រកួតផ្លូវការក្នុងខែនេះ។

    ទោះបីជាសិង្ហបុរី មានអ្នកឆ្លងជំងឺនេះរហូតដល់ទៅ 150ករណីពិតមែន ក៏ប៉ុន្តែការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិរបស់ពួកគេ នៅតែមាន ដើម្បីត្រៀមខ្លួនប្រកួតជម្រុះ FIFA World Cup 2022 និង AFC Asian Cup 2023។

    គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះវីរុស COVID-19 មកទល់នឹងពេលនេះ ការប្រកួតបាល់ទាត់នានា ទាំងជម្រើសជាតិ និងក្នុងស្រុក ទាំងក្របខ័ណ្ឌលីក ពានរង្វាន់នានា បានផ្អាកទាំងអស់នៅក្នុងប្រទេសជាច្រើន ដូចជា ជប៉ុន ចិន កូរ៉េខាងត្បូង វៀតណាម ថៃ អ៊ីតាលី និងស្វ៊ីសជាដើម៕

  • ចិន​អាច​ផ្តល់​អាទិភាព សម្រាប់​តម្រូវការ​វត្ថុធាតុដើម​របស់​កម្ពុ​ជា ខណៈ​ផលិតកម្ម​នឹងមិន​រង​ផលប៉ះពាល់​ធំ

    ចិន​អាច​ផ្តល់​អាទិភាព សម្រាប់​តម្រូវការ​វត្ថុធាតុដើម​របស់​កម្ពុ​ជា ខណៈ​ផលិតកម្ម​នឹងមិន​រង​ផលប៉ះពាល់​ធំ

    សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី27 ខែកុម្ភៈ បាន​ជំរុញ​ឱ្យ​ឯកអគ្គរដ្ឋទូត​ចិន​ លោក វ៉ាង វិ​ន​ធាន ពិនិត្យមើល​លទ្ធភាព​នៃ​ការនាំចេញ​វត្ថុធាតុដើម​តាមផ្លូវ​អាកាស និង​សមុទ្រ​មក​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​ការបាត់​បង់កា​រងារ​របស់​កម្មករ​និយោជិត ដែល​បណ្តាលមកពី​ការផ្អាក​ប្រតិបត្តិការ​របស់​រោងចក្រ​កាត់ដេរ ហើយ​ជាថ្មីទៀត សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​កាលពីដើម​ខែមីនា ឆ្នាំ2020 នេះដែរ​ថា ពេលនេះ​ផលប៉ះពាល់​នៃ​សេដ្ឋកិច្ច បានចាប់ផ្ដើម​រំជួល និង​អង្រួន​នៅលើ​សកលលោក​ហើយ។

    យោងតាម​ក្រសួង​ការងារ កម្មករ​ប្រមាណ 7,000នាក់ នឹង​ប្រឈម​នឹង​ការឈប់​សម្រាក ប្រសិនបើ​ការបញ្ជូន​វត្ថុធាតុដើម​មក​កម្ពុជា មិនមាន​លទ្ធផល ហើយ​ប្រសិនបើ​កង្វះខាត​នេះ​នៅតែ​បន្ត​កើតមាន កម្មករ​ប្រមាណ 90,000នាក់​នឹងត្រូវ​បញ្ឈប់​នៅ​ចុងខែ​មីនា។

    សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បញ្ជាក់ថា៖“ទីផ្សារ​នៅ​គ្រប់​ទ្វីប​ទាំងអស់ គឺ​គ្មាន​ទីផ្សារ​ណាមួយ​ស្ទុះ​ឡើង​នោះទេ គឺ​ដាំ​ក្បាល​ចុះ​ទាំងអស់។ ចង្វាក់​ផលិតកម្ម​នៅ​ប្រទេស​មួយចំនួន​ត្រូវបាន​បិទ​ទាំងអស់​តែម្ដង ព្រោះ​វត្ថុធាតុដើម គឺ​ត្រូវបាន​នាំ​ចេញពី​ប្រទេស​ចិន។ បើ​និយាយ​ពី​វិស័យ​កាត់ដេរ​នៅក្នុង​ប្រទេស​យើង ការផ្គត់ផ្គង់​វត្ថុធាតុដើម គឺ 60% នាំ​មកពី​ប្រទេស​ចិន អ៊ីចឹង​ហើយ បានជា​យើង​ស្នើ​សុំឱ្យ​មិត្ត​ចិន​ជួយ​ក្នុង​ការបញ្ជូន​វត្ថុធាតុដើម​មកកាន់​កម្ពុជា​ឱ្យបាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ចៀសវាង​ការព្យួរ​ការងារ​កម្មក​រ​នៅក្នុង​ដំណាក់កាល​នេះ”។

    កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ2020 កន្លងទៅនេះ មាន​រោងចក្រ​ចំនួន 10បាន​ស្នើសុំ​បិទទ្វារ​ជា​បណ្តោះអាសន្ន ដោយសារតែ​កង្វះខាត​វត្ថុធាតុដើម សម្រាប់​ចង្វាក់​ផលិតកម្ម ខណៈ​ដែលមាន​រោងចក្រ​ប្រមាណ 200ទៀត បានស្នើ​សុំ​ផ្អាក​បណ្តោះអាសន្ន នៅក្នុង​ខែមីនា ឆ្នាំ2020 នេះ និង​បណ្តាលឱ្យ​កម្មករ​សរុប​ប្រមាណ 16ម៉ឺន​នាក់​ត្រូវ​ប្រឈម​នឹង​ការព្យួរ​ការងារ។

    សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា៖“នៅ​ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​ចំនួន2 បានស្នើ​សុំ​ផ្អាក​ចង្វាក់​ផលិតកម្ម​បណ្តោះអាសន្ន ដែលមាន​ចំនួន​កម្មករ​សរុប​ទាំង​ប្រមាណ 350នាក់ ត្រូវ​ព្យួរការងារ​ជា​បណ្ដោះអាសន្ន និង​ទទួល​ប្រាក់បៀវត្សរ៍50%”។

    សម្ដេច​បាន​បន្តទៀតថា៖ “យើង​មិន​ចង់ឱ្យមាន​ការព្យួរ​ទេ បានជា​យើង​សំណូមពរ​ទៅ​មិត្ត​ចិន ហើយ​កាលពីពេល​កន្លងទៅ រដ្ឋាភិបាល​ចិន​ក៏បាន​បញ្ជូន​មន្ត្រី​ជំនាញ​មក​សិក្សា និង​គិតគូរ​ទៅលើ បញ្ហា​នៃ​ការបញ្ជូន​វត្ថុធាតុដើម​មកកាន់​កម្ពុជា ដែល​នេះ គឺជា​ការឆ្លើយតបភ្លាមៗជាមួយនឹង​បញ្ហា របស់​កម្ពុជា”។

    មន្ត្រីសភា​ពាណិជ្ជកម្ម​ចិន​ដែលមាន​ឋានៈ​ខ្ពស់ ត្រូវបាន​គេ​ស្រង់​សម្តី​ថា ប្រទេស​ចិន​អាច​ផ្តល់​អាទិភាព​ដល់​ប្រទេស​កម្ពុជា សម្រាប់​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ជាបន្ទាន់​របស់ខ្លួន ដើម្បី​អនុញ្ញាតឱ្យ​រោងចក្រ​នៅទីនេះ​បន្ត​ប្រតិបត្តិការ។

    ការងារ​រាប់ពាន់ បាន​ប្រថុយប្រថាន​នឹង​ការព្យួរ ហើយ​រោងចក្រ​បានប្រកាស​ផ្អាក​ដំណើរការ​ដោយសារតែ​កង្វះខាត​វត្ថុធាតុដើម ហើយ​មន្ត្រី បាន​ប៉ាន់​ស្មានថា កម្មករ​កាត់ដេរ​កម្ពុ​ជា​ជាច្រើន​ម៉ឺន​នាក់​អាច​ប្រឈម​នឹង​ការបាត់បង់​ការងារ ប្រសិនបើ​ស្ថានភាព​ផ្គត់ផ្គង់​មិន​ប្រសើរឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ខែ​នេះ​ទេនោះ។

    មន្ត្រី​ដដែល​បាន​ប្រាប់​ក្នុង​លក្ខខណ្ឌ​ថា ប្រទេស​ចិន​កំពុង​បង្កើន​ផលិតកម្ម​នៅ​គ្រប់​វិស័យ​ទាំង 24ម៉ោង និង​ធ្វើឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដែល​កម្ពុជា​ត្រូវការ ដើម្បី​ចៀសវាង​ការបាត់បង់​ការងារ​ពី​ការផ្អាក​រោងចក្រ និង​កត្តា​ផ្សេងទៀត ដែល​អាច​ប៉ះពាល់​ដល់ក​ម្មករ និង​ជីវភាព​នៃ​ការងារ​របស់​ពួកគេ។

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏បាន​ឱ្យដឹង​កាលពី​ខែ​មុន​ដែរ​ថា វត្ថុធាតុដើម​ជាង 60% ដែល​ត្រូវបាន​ប្រើ​នៅក្នុង​រោងចក្រ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​នៅ​កម្ពុជា ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន​ដោយមាន​អ្នកផ្គត់ផ្គង់​ជាច្រើន​បាន​ផ្អាក​ការផលិត និង​ធ្វើឱ្យប៉ះពាល់​ដល់​ផលិតកម្ម​រោងចក្រ​នៅក្នុង​ប្រទេស។

    លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ GMAC បាន​ថ្លែងថា ការផ្អាក​ផលិតកម្ម​ជា​បណ្តោះអាសន្ន មិនទាន់បាន​ចាប់ផ្តើម​នៅឡើយ​ទេ ប៉ុន្តែ​លោក​បានឃើញ មានការ​ផ្អាក​ខ្លះ​នឹង​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែមីនា រហូតដល់​ខែមេសា។

    មន្ត្រី​រូបនោះ​បញ្ជាក់ថា៖“ដើម្បី​ការពារ​បញ្ហា​នេះ ប្រទេស​ចិន​ប្រហែលជា​អាចជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា​បាន ដោយ​ផ្តល់​អាទិភាព​ដល់​ប្រទេស​តូច​មួយ​នេះ​ខ្លាំង​ជាង​ប្រទេស​ដទៃទៀត លើកលែងតែ​តម្រូវការ​ផ្ទាល់ខ្លួន”។

    ប៉ុន្តែ​ភាព​ប្រឈម​ទៅនឹង​កង្វះ​វត្ថុធាតុដើម​ផ្គត់ផ្គង់​ដោយសារ​ប្រទេស​ចិន បានធ្វើឱ្យ​បណ្តា​រោងចក្រ​ដែល​កំពុងដំណើរការ​នៅ​កម្ពុជា​ជាច្រើន នឹងត្រូវ​បង្ខំចិត្ត​បិទទ្វារ ផ្អាក​ផលិតកម្ម​ជា​បណ្តោះអាសន្ន​នាពេលខាងមុខ បាន​ត្រូវ​ឯកឧត្តម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​បន្ដ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ថា មាន​សញ្ញា​ល្អ​ឡើងវិញ​ជាបណ្ដើរៗហើយ នៅក្នុង​តម្រូវការ​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​នេះ។

    ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​មានប្រសាសន៍ថា៖“សញ្ញា​ល្អ​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម ដែល​អគ្គនាយកដ្ឋាន​គ​យ មិន​ប្រមូល​ចំណូល សម្រាប់​វិស័យ​កាត់ដេរ ពន្ធអាករ​ជា​បន្ទុក​រដ្ឋ​ទាំងអស់នោះ ត្រូវបាន​កត់សម្គាល់ឃើញ​ថា កំពុង​ងើបឡើង​វិញ”។

    ឯកឧត្តម​បាន​បន្តថា៖“ទន្ទឹម​នោះ ទំនិញ​ដែល​នាំចូល​មកជា​លក្ខណៈ​ពាណិជ្ជកម្ម ដើម្បី​យកមក​លក់​នៅក្នុង​ទីផ្សារ​ក្នុងស្រុក ក៏​ចាប់ផ្ដើម​ងើប​ឡើងវិញ​បន្ដិច​ផងដែរ។ អ៊ីចឹង នេះ​ជាស​ញ្ញា​ល្អ ដែល​យើង​នឹង​តាមដាន​បន្តទៀត”។

    ឯកឧត្តម គុណ ញឹម បាន​មានប្រសាសន៍​បន្ថែមថា៖“ជា​ការជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិស័យ​រោងចក្រ អគ្គនាយកដ្ឋាន​គយ​នៅ​កំពង់ផែ​អន្ដរជាតិ​ខេត្ត​ព្រះសីហនុ នៅពេលនេះ ធ្វើ​ការមិន​កំណត់​ពេលវេលា​នោះទេ ពោល​ប្រសិនបើ​ទំនិញ​មកដល់​ម៉ោង12 ឬ​ម៉ោង1 រំលង​អា​ធ្រា​ត្រ ក៏​ត្រូវតែ​បំពេញបែបបទ​បញ្ជូន​ចេញ​ដែរ មិនអាច​ពន្យារពេលបាន​ទេ ដើម្បី​សម្រួល​ដល់​រោងចក្រ​ដែល​កំពុងមាន​កង្វះខាត​វត្ថុធាតុដើម។

    លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“ដោយសារតែ​ទំនាក់ទំនង​ល្អ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​យើង​ជាមួយ​ប្រទេស​ចិន ទើប​ធ្វើឱ្យ ប្រទេស​ចិន​បាន​បញ្ជូន​ប្រតិភូ មក​សិក្សា​ពី​ផលប៉ះពាល់​រឿង​វត្ថុធាតុដើម​នេះ​រួចហើយ និង​ក៏បាន​បញ្ជូន​វត្ថុធាតុដើម​ទាំង​នោះមក​កម្ពុជា ដោយ​ទំនិញ​ក៏បាន​ចាប់ផ្តើម​ចូលមក​ដែរ”។

    លោក​ឧកញ៉ា បាន​បញ្ជាក់ថា៖“នាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​ថ្ងៃ ទី5 ខែមីនា ឆ្នាំ2020 កន្លងទៅ​ថា បើតាម​វិធានការ​របស់​រាជរដ្ឋាភិបាល គឺ​ត្រូវ​ព្រលែង ធ្វើ​ម៉េច​ឱ្យ​ទំនិញ​ចូល​បាន​លឿន​បំផុត។ ទំនិញ​ជា​វត្ថុធាតុដើម​ផ្នែក​វិស័យ​កាត់ដេរ ត្រួវ​ឱ្យចូល កុំឱ្យ​រាំងស្ទះ​តែម្តង”។

    លោក​ឧកញ៉ា បាន​បន្តថា៖“បើតាម​ខាង​នាយកដ្ឋាន​គយ គាត់​ថា បើ​ទំនិញ​បញ្ជូនមក​ច្រើន​គាត់​អាចបង្កើត​ច្រក​ពិសេស ថែមទៀត​ដើម្បី​ការងារ​នេះ”។

    លោក​ឧកញ៉ា បានបញ្ជាក់​បន្ថែមថា៖“នេះ​ជាស​ញ្ញា​ល្អ​ហើយ សម្រាប់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​យើង ដូច្នេះ​ការព្យួរ​រោងចក្រ អាច​ប្រហែលជា​មិនមាន​ចំនួន​ច្រើន​ទេ ប្រសិនបើ​វត្ថុធាតុដើម​បានមក​ដល់​ជា​បន្តបន្ទាប់​នោះ។ ការបញ្ជូន​មកជា​បណ្តើរៗនូវ​វត្ថុធាតុដើម​រោងចក្រ យើង​សង្ឃឹមថា ការព្យួរ​ការងារ​រោងចក្រ​ហ្នឹង អាចមាន​រយៈពេល​ខ្លី ឬក៏​តិច​បំផុត។ វា​អាច​ខ្វះ​វត្ថុធាតុដើម​លើ​មុខទំនិញ​ខ្លះ មិន​ខ្វះ​ទាំងស្រុង ដូច​មុន​ទេ”។

    លោក​ឧកញ៉ា លឹម ហេង បានបញ្ជាក់​ទៀតថា៖“ដូច្នេះ​ដំណោះស្រាយ នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​មិនមាន​បញ្ហា​ធំ​ទៀត​ទេ វា​អាច​កាត់បន្ថយ​ផលប៉ះពាល់​បាន​ច្រើន មិនមាន​ហានិភ័យ​ធំដុំ​ទេ។ យើង​ក៏​សង្ឃឹមថា យើង​នឹងមាន​វត្ថុធាតុដើម វា​ជា​ឱកាស​សម្រាប់​ឱ្យ​អ្នកបញ្ជា​ទិញ​នៅ​ទីផ្សារ​ខាងក្រៅ អាច​ទុកចិត្ត​ជាមួយ​កម្ពុជា ព្រោះ​វត្ថុធាតុដើម បញ្ជូន​មកពី​ចិន បានផ្តល់​ទាន់ពេលវេលា​មិន​ខកខាន។

    ដូចនេះ​បើ​វត្ថុធាតុដើម​មិនមាន​បញ្ហា យើង​អាច​ផលិត ហើយ​បើ​យើង​ផលិត​បាន យើង​អាច​លក់ទំនិញ​យើង​បាន”៕

  • ឆ្នាំនេះ ក្រសួង​នឹងដាក់​ចេញ​បច្ចេកវិទ្យា​ថ្មី ល្បឿន​លឿន 5G សំខាន់​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា

    ឆ្នាំនេះ ក្រសួង​នឹងដាក់​ចេញ​បច្ចេកវិទ្យា​ថ្មី ល្បឿន​លឿន 5G សំខាន់​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា

    រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យដឹងថា ផែនការ​នៃ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​5G របស់​ប្រទេស​កម្ពុជា នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​គំនិត​ផ្តួចផ្ដើម​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ដែល​កម្ពុជា​មានបំណង​បង្កើន​ការផ្លាស់ប្តូរ ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ខ្លួន។

    ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅក្នុង​ព្រឹត្តិការណ៍​ដាក់​សាកល្បងប្រព័ន្ធ​5G របស់​ក្រុមហ៊ុន Cellcard បាន​មានប្រសាសន៍ថា៖“ប្រទេស​កម្ពុជា ជាទី​ផ្សារ​កំពុង​រីក និង​កំពុង​ស្ទុះ​ងើប ដែល​សម្រេចបាន​កំណើន​ដ៏​រឹងមាំ និង​ប្រកបដោយ​ស្ថិរ​ភាពជា​បន្តបន្ទាប់​ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ។ លោក​បន្ថែមថា ប្រព័ន្ធ​5G គឺជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​មួយ ដែល​ត​ភ្ជាប់​នវានុវត្តន៍ និង​ធុរកិច្ច”។

    ឯកឧត្តម ថ្លែងថា៖ “ជាមួយនឹង​ការរង់ចាំ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​5G វា​មាន​ដំណាក់កាល​ជាច្រើន​សម្រាប់​កម្ពុជា ដើម្បី​សេដ្ឋកិច្ច​របស់​យើង ឧស្សាហកម្ម​របស់​យើង និង​ប្រជាជន​របស់​យើង។ ប្រព័ន្ធ​5G ត្រូវបាន​រំពឹងថា នឹង​បង្កើន​ប្រាក់ចំណូល​ប្រតិបត្តិ​ករ ប្រហែល​ប្រមាណ 36% ត្រឹម​ឆ្នាំ2026”។

    សូមបញ្ជាក់ថា ក្រុមហ៊ុន​ទូរគមនាគមន៍ Cellcard​ បានរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​សែ​ល​កាត ដោយមាន​ភ្ញៀវ​ពិសេស គឺ​ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​គណៈប្រតិភូ​មន្ត្រីជាន់ខ្ពស់​ក្រសួង ដើម្បី​ពិនិត្យមើល​គេហទំព័រ និង​គ្រឿង​បរិក្ខារ​5G របស់ខ្លួន​ដោយ​បង្ហាញ​ពី​ល្បឿន​អុីន​ធើ​ណិ​ត លឿន​ដែល​អតិថិជន នឹង​អាច​ទទួលបាន​បទពិសោធ​ថ្មី​នាពេលឆាប់ៗនេះ។

    សមាជិក​នៃ​គណៈប្រតិភូ បាន​ពិនិត្យមើល​ការធ្វើ​តេស្ត​ផ្សាយ​ផ្ទាល់​5G នៅលើ​បណ្តាញទូរស័ព្ទ​ចល័ត​សែ​ល​កាត ដោយ​ល្បឿន​បាន​ឈានដល់ 1.6ជី​ហ្គា​បៃ ក្នុង 1វិនាទី។ ការធ្វើ​តេស្ត​នេះ​បាន​ពង្រឹង​ការត្រៀម​លក្ខណៈ​បច្ចេកទេស​របស់​សែ​ល​កាត និង​ការប្តេជ្ញាចិត្ត​ពេញលេញ​ក្នុងការ​ដាក់ចេញ​នូវ​បច្ចេកវិទ្យា​ថ្មី​នៅ​ឆ្នាំ2020។

    បទ​បង្ហាញ​របស់​ប្រធាន​ផ្នែក​បច្ចេកវិទ្យា លោក ច​ន​ជុន ណាវី​ល បាន​បង្ហាញថា ការ​គ្របដណ្តប់​5G នឹងត្រូវ​បានដាក់​បង្ហា​ញ​នៅក្នុង​ប្រទេស​ជា 5ដំណាក់កាល។

    ដំណាក់កាល​ទី1- នឹងមាន​ទីតាំង​ចំនួន 700កន្លែង ដើម្បី​បំពេញ​ការ​គ្របដណ្តប់ រួមមាន តំបន់​ពាណិជ្ជកម្មសំខាន់ៗក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀមរាប។

    ដំណាក់កាល​ទី2- នឹង​រួមបញ្ចូល​ទាំង​គេហទំព័រ​5G ចំនួន 512 ដើម្បី​បំពេញ​ការ​គ្របដណ្តប់ រាជធានី និង​បណ្តា​ខេត្ត-ក្រុងសំខាន់ៗបន្ថែមទៀត គឺ​ខេត្តបាត់ដំបង កំពត កំពង់ចាម ប៉ោយប៉ែត និង​ខេត្តបន្ទាយមានជ័យ។

    ដំណាក់កាល​ទី 3-នឹង​រួមបញ្ចូល​ការ​គ្របដណ្តប់​លើផ្លូវសំខាន់ៗដែលមាន​ទាំង​ផ្លូវជាតិ​លេខ1 ដល់​ផ្លូវជាតិ​លេខ7។

    ដំណាក់កាល​ទី4- នឹង​រួមបញ្ចូល​ទាំង​តំបន់​5G ចំនួន600 ដើម្បី​ផ្តល់​សេវា​គ្របដណ្តប់ តាម​បណ្ដា​ខេត្ត​នៅ​ជាយក្រុង និង​តំបន់​ជនបទ។

    ដំណាក់កាល​ទី5- នឹងមាន​ទីតាំង​ចំនួន600 ថែមទៀត​ដែលមាន​5G ដើម្បី​ផ្តល់​សមត្ថភាព បន្ថែម​ដល់ទី​ប្រជុំជន និង​តំបន់ បន្ថែម​ពីលើ​តំបន់​ជាយក្រុង និង​ជនបទ។

    អត្ថប្រយោជន៍សំខាន់ៗរបស់ 5G នឹង​រួមបញ្ចូល ល្បឿន​អុីន​ធើ​ណិត​លឿន​ជាង 60ដង ទៅ 120ដង នៃ​សេវាកម្ម​អុីន​ធើ​ណិ​ត​4G នាពេល​បច្ចុប្បន្ន ព្រោះ​ទិន្នន័យ​អាច​ទៅដល់​គោលដៅ​ក្នុង​រយៈពេល 10មី​ល្លី​វិនាទី។ លើសពីនេះទៅទៀត វា​នឹងមាន​ការបញ្ជូន​រូបភាព និង​វីដេអូ​បាន​លឿន និង​ខ្សែភាពយន្ត​ដែលមាន​គុណភាព​ខ្ពស់​អាច​ទាញយក​បាន ក្នុង​រយៈពេល​តិចជាង 2-3វិនាទី។ វគ្គ​សាកល្បង ថែមទាំង​បានបង្ហាញ​ផងដែរ​ថា មានការ​បាត់បង់​ទិន្នន័យ​សូន្យ​ភាគរយ។ 5G ក៏​នឹង​អាច​គាំទ្រ ដល់​បណ្តាញ​ត​ភ្ជាប់​ចំនួន 1លាន​ក្នុង 1គីឡូម៉ែត្រ​ក្រឡា រួមទាំង​អុីន​ធើ​ណិត។

    ឯកឧត្តម ត្រាំ អុីវតឹក មានប្រសាសន៍ថា៖“ខ្ញុំ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​គម្រោង ដែល​ក្រុមហ៊ុន​សែ​ល​កាត​បានផ្តល់​ក្នុង​គម្រោង​5G របស់​ពួកគេ​ក្នុងការ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ឌីជីថល​របស់​រដ្ឋាភិបាល”។ 5G នឹង​ក្លាយជា​ជំហាន​ឈានមុខ​គេ ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ហើយ​យើង​ត្រូវតែ​ត្រៀមខ្លួន​ទទួលយក​បច្ចេកវិទ្យា និង​ធានាថា វា​នឹង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការបង្កើន​ឧស្សាហកម្ម​ក្នុងស្រុក និង​ការរស់នៅ​របស់​ប្រជាជន”។

    ឯកឧត្តម​បញ្ជាក់ថា៖ “សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ទទួលបាន​ចំណែក​នៅក្នុង​តម្លៃ និង​កំណើន​នោះ ប្រទេស​របស់​យើង ត្រូវតែ​ធ្វើ​សកម្មភាព​យ៉ាង​រហ័ស។ យើង​ចង់ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​គោលដៅ​លេចធ្លោ​ជាងគេ​បំផុត​នៅក្នុង​តំបន់​សម្រាប់​នវានុវត្តន៍”។

    អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Cellcard បាន​មានប្រសាសន៍ថា៖“វា​ជា​ទំព័រ​ថ្មី​គួរឱ្យ​រំភើប​សម្រាប់​ក្រុមហ៊ុន សែ​ល​កាត និង​សម្រាប់​ប្រទេស​កម្ពុជា​នៅពេល​យើង​ដឹងថា ចក្ខុវិស័យ​របស់​រ៉ូយ៉ាល់​គ្រុប សម្រាប់​ប្រទេស​កម្ពុជា​ដែលមាន​លក្ខណៈ​ឌីជីថល​ពេញលេញ”។

    អ្នកឧកញ៉ា បានឱ្យដឹងថា លោក​ពិត​ជាមាន​សេចក្ដីសោមនស្ស​រីករាយ​ក្នុងការ​បង្ហាញ​សមត្ថភាព​ល្បឿន​អុីនធើណិត​របស់​បច្ចេក​វិទ្យា​ប្រព័ន្ធ​5G។ ទាំងនេះ​បានបង្ហាញ​ពី​ការយល់ដឹង និង​ការប្ដេជ្ញាចិត្ត​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​គាំទ្រ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​5G នៅក្នុង​ប្រទេស​កម្ពុជា និង​គោលបំណង​របស់​ពួកគេ​ដើម្បី​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រតិបត្តិ​ករ​លើ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ក្រោយនេះ។

    អ្នកឧកញ៉ា បាន​បញ្ជាក់ថា៖“វា​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ថ្មី គួរឱ្យភ្ញាក់ផ្អើល​មួយ​សម្រាប់​ក្រុមហ៊ុន Cellcard និង​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា ខណៈ​យើង​សម្រេចបាន​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​រ៉ូ​យា​ល់​គ្រុប សម្រាប់​ការធ្វើឱ្យ​កម្ពុ​ជាមាន​លក្ខណៈ​ឌីជីថល​ពេញលេញ។ យើង​បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​បំផុត​រវាង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​នៃ​ក្រុមហ៊ុន ជាពិសេស​ផ្នែក ICT ដោយ​ពួកយើង​កំពុងធ្វើការ​ងារ​លើ​អ្វី​ជា​អនាគត​សម្រាប់​ការផ្ដល់សេវា​អុីន​ធើ​ណិត មាតិកា​ឌីជីថល និង​សេវា​ទូទាត់​ប្រាក់​តាម​ឌីជីថល​នៅក្នុង​ពិភពលោក​នៃ​ប្រព័ន្ធ​5G”។

    អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងថា ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ MPTC ពី​ខែឧសភា ឆ្នាំមុន​សម្រាប់​ការសហការ និង​ការរៀបចំ​ផែនការ​សម្រាប់​ប្រព័ន្ធ​5G នេះ ដែល​នឹង​ធ្វើឱ្យ​កម្ពុ​ជាមាន​លក្ខណៈ​ឌីជីថល​កាន់តែខ្លាំង។

    បន្ថែម​លើ​នេះ​ទៀត នាយក​ប្រតិបត្តិ​លោក Ian​ Watson បាន​មានប្រសាសន៍ថា៖“យើង ទាំងអស់គ្នា​មាន​គោលដៅ​រួម​ដើម្បី​លើកស្ទួយ​ប្រទេស​កម្ពុជា​ឱ្យ​ឈានទៅរក​ឋានៈ​ខ្ពស់​ក្នុងការ​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050 ហើយ 5G នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឌីជីថល​របស់​ប្រទេស”។

    ឯកឧត្តម ត្រាំ អុីវតឹក ក៏បាន​ឱ្យដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី31 ខែធ្នូ ឆ្នាំ 2019 ប្រទេស​កម្ពុជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹងមាន​អ្នកប្រើប្រាស់​អុីន​ធើ​ណិតទូរស័ព្ទ​ចល័ត 16.7លាន ជាមួយនឹង 215ពាន់ ជា​អ្នកប្រើប្រាស់​អុី​ន​ធើ​ណិត​លើ​តុ ខណៈ​ការប្រើប្រាស់​ប្រព័ន្ធ 4G នៅក្នុង​ប្រទេស កម្ពុជា មាន​ជាង 30ជី​ហ្គា​បៃ​ក្នុង 1ខែ។

    ការតភ្ជាប់​ទូរស័ព្ទ​ចល័ត​ប្រព័ន្ធ​5G នឹង​កើនឡើង​ជាង 2.7លាន​ទូទាំង​ពិភពលោក ដោយសារតែ​ពួកគេ
    ​ផ្លាស់ប្តូរ​ពី​មនុស្ស​ទៅ​គ្រឿងយន្ត ជាមួយនឹង​ម៉ាស៊ីន​ទៅ​ម៉ាស៊ីន សង្គម​អុីន​ធើ​ណិត និង​ទិន្នន័យ​ធំ៕

  • កុំខកខានភាពយន្តល្បីៗទាំងនេះ ជួបគ្នាក្នុងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី ១០

    កុំខកខានភាពយន្តល្បីៗទាំងនេះ ជួបគ្នាក្នុងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី ១០

    មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី ១០នឹងចាប់ផ្ដើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០ ដែលបានប្រមូលផ្ដុំភាពយន្ដល្បីៗពីអន្ដរជាតិ មកដាក់បញ្ចាំងទស្សនាដោយគិតថ្លៃរយៈពេល ១០ ថ្ងៃ រួមមា​នទាំងអស់១៥៧ ចំណងជើង មកពី៤៤ ប្រទេស ទាំងភាពយន្ដខ្នាតធំ ភាពយន្ដខ្នាតខ្លី ភាពយន្ដឯកសារ និងភាពយន្ដគំនូរជីវចល ។ ប្រសិនបើអ្នកខកខានមិនបានទស្សនាភាពយន្ដល្បីដែលធ្លាប់បានដាក់បញ្ចាំងនៅក្នុងរោងភាពយន្ដកន្លងមក និងភាពយន្ដល្បីថ្មីៗបំផុតប្រចាំឆ្នាំ ដែលមិនទាន់បានដាក់បញ្ចាំងនៅក្នុងរោងភាពយន្ដនោះ អ្នកក៏មិនគួររំលងទេសកាលទស្សនាភាពយន្ដដ៏ជក់ចិត្តមួយនេះឡើយ។ ឡារ៉ែន សូមណែនាំភាពយន្ដអន្ដរជាតិល្បីៗមួយចំនួន ដែលត្រៀមបង្ហាញវត្តមានក្នុងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី ១០
    ដូចខាងក្រោមនេះ ៖

    1- THE CAVE រូងភ្នំអាថ៌កំបាំង (ថៃ)
    ជឿជាក់ថាភាពយន្តនេះនឹងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល…រូងភ្នំអាថ៌កំបាំង ជាភាពយន្តផ្អែកលើព្រឹត្តិការណ៍ពិតក្នុងប្រទេសថៃដែលធ្វើឱ្យកក្រើកពិភពលោកកាលពីឆ្នាំ ២០១៨។

    2-Parasite បរាសិត (កូរ៉េខាងត្បូង )
    ភាពយន្តកូរ៉េដ៏ល្បីដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ និងជាម្ចាស់ពានរង្វាន់អូស្ការដល់ទៅ ៤ ក្នុងឆ្នាំ ២០២០ ត្រៀមត្រឡប់មកកាន់រោងភាពយន្តនៅកម្ពុជាសាជាថ្មីម្ដងទៀតតាមរយៈមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១០នេះ។
    3-Once Upon A Time In Hollywood កាលពីព្រេងនាយនៅហូលីវូដ (ហូលីវូត)

    4-Ashfall ឬ ភ្នំភ្លើងមច្ចុរាជ (កូរ៉េខាងត្បូង)
    នេះជាខ្សែភាពយន្តប្រភេទ Action ទប់ទល់នឹងគ្រោះធម្មជាតិដ៏សាហាវបំផុតមួយរបស់កូរ៉េខាងត្បូង ជាមួយនឹងវត្តមានតារាសម្ដែងល្បីៗជាច្រើនរូប។

    5-Song Lang (វៀតណាម )

  • ការផ្ទុះ​វីរុស Covid-19 មិន​ប៉ះពាល់​ដល់​ការសាងសង់​លំនៅឋាន​នៅ​កម្ពុជា​នោះទេ

    ការផ្ទុះ​វីរុស Covid-19 មិន​ប៉ះពាល់​ដល់​ការសាងសង់​លំនៅឋាន​នៅ​កម្ពុជា​នោះទេ

    នៅតាម​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​បាន​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 ខណៈ​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​បាន​ស្នើ​បណ្តា​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​ទាំងអស់ កុំ​មាន​ព្រួយបារម្ភ​ខ្លាំងពេក។ ព្រោះ​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​អភិវឌ្ឍ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​នោះទេ។ នេះ​បើតាម​ការអះអាង​របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​សមាគម​អ្នក-​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា។

    ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា៖“…ប្រហែលជា​យឺត​បន្តិច​ដោយសារ បញ្ហា​ការធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ វា​មិនយូរ​ទេ នឹងមាន​វិនិយោគិន​បរទេស​ជាច្រើន មក​វិនិយោគ​នៅ​កម្ពុជាបងប្អូន​ត្រូវ​សន្និដ្ឋាន​មួយ​ថា អ្វី​ដែលជា​ដំណាក់កាល​ខ្លី កុំឱ្យ​មានការ​តក់ស្លុត ហើយ​ត្រូវ​ប្រកាន់​ជំហរ​រឹងប៉ឹង…។ វិនិយោគិន​នៅក្រៅ​ប្រទេស នៅក្នុង​ខេត្ត​ព្រះសីហនុ និង​តាម​បណ្តា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា ហើយ​បញ្ហា​រាំងស្ទះ​មួយចំនួន នឹង​បំពេញ​មកវិញ”។

    លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បានឱ្យដឹង​ដែរ​ថា​សមាគម​នឹង​បន្ត​ពង្រឹង​អានុភាព​របស់ខ្លួន​ឈរលើ​ចក្ខុវិស័យ និង​ទិសដៅ​វែងឆ្ងាយ ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សំណង់​លំនៅឋាន នៅតែ​ជា​តម្រូវការ​យ៉ាងខ្ពស់ ទៅ​ថ្ងៃ​អនាគត ការខិតខំ​របស់​សមា​គម ក៏ត្រូវ​តែ​បន្ត​ខិតខំ​ទៅមុខ​លើផ្លូវ​ដ៏​យូរអង្វែង។

    លោក​ឧកញ៉ា បាន​មានប្រសាសន៍ថា៖“សមាគម​មាន​ទស្សនវិស័យ​មួយទៀត គឺ​លើកកម្ពស់​ស្តង់ដា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ខ្ពស់ មិន​ផ្តោត​សំខាន់តែលើ​សំណង់​លំនៅឋាន​ប៉ុណ្ណោះ​ទេ សមាគម​ផ្តោតលើ​អគារ ខុន​ដូ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ទំនើបខ្ពស់ៗ ព្រោះ​អគារខ្ពស់ៗ ជា​ប៉ូល​ដ៏​សំខាន់ នៃ​ការធ្វើទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយ​ពាណិជ្ជកម្ម​អន្តរជាតិ ការធ្វើ​សេវាកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ ព្រម​ទាំង​ចូលរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ”។ ប៉ុន្តែ អ្នកជំនាញ​អចលនទ្រព្យ​បាន​ព្យាករ​ថា សម្រាប់​ឆ្នាំ2020 វិស័យ​សំណង់​នៅ​កម្ពុជា អាច​នឹង​ថមថយ​ដោយសារតែ​កត្តាធំៗ 3។

    លោក សន សៀ​ប នាយក​នៃ​ក្រុមហ៊ុន Key Real Estateបាន​ប្រាប់​ឡា​រ៉ែ​ន​ថា កត្តា​ទាំងនេះ រួមមាន ទី1- ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉​ូណា​ដែល​ប៉ះ​ដល់​សេដ្ឋកិច្ច​ចិន ទី2- ឥទ្ធិពល​ពី​ការបិទ​ហ្គេម​អន-​ឡាញ​នៅ​ខេត្ត​ព្រះសីហនុ និង​ទី3-ការ​ថមថយ​នៃ​ការសុំ​អនុញ្ញាត​សាងសង់​គម្រោង​ថ្មី។

    លោក បាន​មានប្រសាសន៍ថា៖ “ក្រោយ​ការបិទ​ហ្គេម​អន​ឡាញ​នៅ​ខេត្ត​ព្រះសីហនុ គឺមាន​ការនិយាយ​បន្ត​គ្នា​ថា សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​គឺ​ធ្លាក់ចុះ​ខ្លាំង ដី​ជួល ផ្ទះជួល គឺ​កំពុង​ជួ​ប​បញ្ហា។ បើ​កំពុង​ជួប​បញ្ហា​ដូច្នេះ គឺ​គេ​មិន​មក​វិនិយោគថ្មីៗទេ។ នេះ​ក៏​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវតែ​រក​ដំណោះស្រាយ”។

    លោកនាយក​ក្រុមហ៊ុន​បាន ពន្យល់ថា៖ “ចាប់​ពីខែមករា និង​ខែកុម្ភៈ ពិភពលោក​កំពុង​បារម្ភ​ពី​រឿង​កូ​វីដ-19 អ្នកវិនិយោគ​បាន​កាត់បន្ថយ​សកម្មភាព​ក្នុងអំឡុង​ពេលនេះ។ ដូច្នេះ បើ​ការ​រាតត្បាត​នេះ​បន្ត2-3ខែ​ទៀត គឺ​បាត់បង់​ឱកាស​វិនិយោគ25%ទៅហើយ។ បើ​បន្ត 6ខែ ឬ1ឆ្នាំ គឺជា​ការគួរ​ព្រួយបារម្ភ ហើយ​នេះ​គឺជា​កត្តា ដែល​គិតថា​នឹងធ្វើ​ឱ្យ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ចុះថមថយ​ក្នុងឆ្នាំនេះ”។

    លោក​ សន សៀ​ប​ បាន​បន្ថែមទៀតថា៖“ប៉ុន្តែ ក្នុងដំណាក់កាល​នេះ កម្ពុជា​នៅ​មិនទាន់​ប៉ះពាល់​ច្រើន​នៅឡើយ​ទេ ពីព្រោះ​គម្រោង​ភាគច្រើន​ត្រូវបាន​គ្រោងទុក ហើយ​ជាក់ស្ដែង​វា​មិនទាន់​ប៉ះពាល់​ដល់​តម្លៃ​អចលនទ្រព្យ​នោះទេ”។

    លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ធ្លាប់បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា បញ្ហា​មេរោគ​កូ​វីដ-19 អាច​នឹងមាន​ផលប៉ះពាល់ ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ហើយ​យើង​ពុំទាន់​អាច​វាយតម្លៃ​ពី​ផលប៉ះពាល់ បានភ្លាមៗនោះទេ ដោយ​រង់​ចាំមើល​រហូត​ដល់​ឆមាស​ទី1 ឆ្នាំ2020នេះ។ ស្ថានការណ៍​ដ៏​តានតឹង​នេះ អាច​នឹង​បាត់​ទៅវិញ នៅពេលដែល​គេ​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​ក្នុង​នៅ​រយៈពេល​ខ្លី ក្នុងពេលឆាប់ៗខាងមុខនេះ៕

  • កម្ពុជាកំពុងពង្រឹងខ្លាំងលើការអប់រំកុមារតូច

    កម្ពុជាកំពុងពង្រឹងខ្លាំងលើការអប់រំកុមារតូច

    ការអប់រំកុមារតូច គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ព្រោះកុមារគឺជាវ័យដែលអាចអភិវឌ្ឍបានលឿន និងជាគ្រឹះនៃការអប់រំ។ កាលណាកុមារតូចៗមានមូលដ្ឋានចំណេះដឹងខ្ពស់ នោះពួកគេនឹងអាចមានសមត្ថភាពកាន់តែប្រសើរ នៅពេលពួកគេក្លាយជាយុវជន ឬប្រជាជនសកម្មនាថ្ងៃអនាគត។ ហេតុនេះហើយ ទើបក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីជំរុញឱ្យមានការអភិវឌ្ឍកុមារតូចឱ្យកាន់តែប្រសើរឡើង។

    នៅពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីថ្មីដើម្បីអប់រំកុមារគឺកម្មវិធី «កុមាររៀន កុមារចេះ» ដែលកម្មវិធីនេះបង្កើតឡើងតាមរយៈបទពិសោធ និងការចូលរួមរបស់អ្នកពាក់ព័ន្ធផ្អែកលើភ័ស្តុតាងនៃការសិក្សាស្រាវជ្រាវ លើការសិក្សានៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានាពេលកន្លងមក។

    ការផលិតកញ្ចប់សម្ភារសិក្សាទាំងអស់នៅក្នុងកម្មវិធីនេះទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ អង្គការយូនេស្កូ អង្គការយូនីសេហ្វ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត។

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បើតាមបទពិសោធ និងការសង្កេតជាក់ស្តែង នៅឆ្នាំ2010 យើងឃើញថា បរិមាណសិស្សប្រមាណ 30% ទៅ 40% មិនទាន់ចេះអាន និងសរសេរអក្សរឱ្យបានស្ទាត់ជំនាញនៅឡើយ ដែលចំណុចនេះ គឺទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើការត្រួតពិនិត្យពីវិធីសាស្រ្តបង្រៀនឡើងវិញ ដើម្បីឱ្យសិស្សទទួលបានការអប់រំកាន់តែល្អ។ បន្ទាប់ពីអនុវត្តនូវវិធីសាស្ត្រប្រកប និងវិធីសាស្រ្តមួយចំនួនទៀតយើងឃើញថា ចំនួនសិស្សដែលមិនចេះអាន និងសរសេរស្ទាត់ជំនាញបានថយចុះ ពោលគឺ សិស្ស25% ក្នុងចំណោមសិស្សដែលមិនចេះកាលពីមុន បានចេះអាន និងសរសេរឡើងវិញ។ ហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងដៃគូបានបង្រួបបង្រួមវិធីសាស្ត្រដែលយើងបានសាកល្បងជាច្រើនមកនេះឱ្យក្លាយជាវិធីសាស្ត្រដែលមាន 7ជំហាន ដែលចាប់ផ្តើមពីការប្រកប ស្គាល់តួអក្សរ ស្គាល់សូរ និងបន្ទាប់មកចេះសរសេរឃ្លា តែងឃ្លា តែងល្បះ និងចុងក្រោយ គឺយើងប្រើប្រាស់វិធីបុរាណបែបសរុប។

    ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «សិស្សចំនួន 30% ទៅ40% មិនចេះអាន និងសរសេរអក្សរខ្មែរច្បាស់លាស់ ហេតុនេះនៅពេលគាត់ឡើងទៅរៀននៅកម្រិតមធ្យមសិក្សា គាត់ច្បាស់ណាស់ប្រាកដជាមិនចេះអាន និងសរសេរច្បាស់ទេ។ នៅពេលនោះយើងនឹងលំបាកអនុវត្តការពង្រឹងគុណភាពអប់រំនៅកម្រិតមធ្យមសិក្សា។

    ហេតុនេះហើយទើបយើងឃើញថា នៅថ្នាក់ទី7 មានអត្រាបោះបង់ការសិក្សាខ្ពស់ដែលយើងត្រូវតែយកចិត្តទុកដាក់»។

    កម្មវិធី «កុមាររៀន កុមារចេះ» ជាកម្មវិធីដែលដាក់ឱ្យប្រើប្រាស់នូវកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅបឋមសិក្សា ដើម្បីធ្វើយ៉ាងណាឱ្យសិស្សមានមូលដ្ឋានចំណេះដឹងខ្ពស់ផ្នែកអំណាន ការសរសេរ និងការស្គាល់លេខ។

    នៅពេលពួកគេមានប្រភពចំណេះដឹងល្អពួកគេអាចនឹងកាត់បន្ថយការបោះបង់ការសិក្សា ក៏ដូចជាអាចអភិវឌ្ឍសមត្ថភាពបានល្អនៅពេលពួកគេចូលមធ្យមសិក្សា។ សម្ភារដែលដាក់បញ្ចូលទៅក្នុងកម្មវិធីនេះ មានដូចជាសៀវភៅណែនាំសម្រាប់គ្រូ និងឯកសារបង្រៀន និងរៀនសម្រាប់ប្រើប្រាស់ក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាសម្រាប់ថ្នាក់ទី1 និងទី2 ដែលឯកសារទាំងអស់នេះ នឹងបំពេញបន្ថែមលើសៀវភៅសិក្សាគោលភាសាខ្មែរដែលមានស្រាប់។

    គ្រូបង្រៀនថ្នាក់ទី1 និងថ្នាក់ទី2 ទាំងអស់នឹងទទួលបានការបណ្តុះបណ្តាល និងណែនាំវិធីសាស្ត្រថ្មីៗទាំងអស់នេះ។ បន្ទាប់ពីបណ្តុះបណ្តាលរួច ពួក-គាត់នឹងទទួលបានការចុះជួយពីសំណាក់គ្រូបង្វឹក និងអ្នកប្រឹក្សាគរុកោសល្យអំពីវិធីសាស្ត្របង្រៀនថ្មីនេះបន្ថែមទៀត។

    ក្នុងឆ្នាំសិក្សា 2018-2019 និងឆ្នាំសិក្សា 2019-2020 កញ្ចប់សម្ភារអំណានថ្នាក់ដំបូងត្រូវបានយកមកអនុវត្តនៅសាលាបឋមសិក្សាចំនួន 2,100កន្លែង និងមានសិស្សទទួលផលប្រមាណ 150,000នាក់ ស្ថិតក្នុងខេត្តកំពង់ធំ សៀមរាប ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពត និងឧត្តរមានជ័យ ព្រមទាំងនៅតាមសាលារៀនចំនួន 130កន្លែង នៅតាមបណ្តាខេត្តដទៃទៀតដែលបាន និងកំពុងអនុវត្តដោយអង្គការដៃគូនានា។ ចំណែកឯកញ្ចប់សម្ភារគណិតវិទ្យា គឺកំពុងអនុវត្តសាកល្បងនៅក្នុងខេត្តសៀមរាបដែលគ្រោងនឹងពង្រីកទៅកាន់តំបន់ដទៃ-
    ទៀតនៅឆ្នាំក្រោយ។

    ដើម្បីធានាដល់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សាជារួម ក្រសួងអប់រំ នឹងពង្រីកការការអនុវត្តកម្មវិធី «កុមាររៀន កុមារចេះ» ទៅគ្រប់សាលាបឋមសិក្សាទូទាំងប្រទេស និងបញ្ចូលទៅក្នុងកម្មវិធីនៃការបណ្តុះបណ្តាលគ្រូនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបឋមសិក្សាទូទាំងប្រទេស៕

  • ស្ងាត់ៗ!! រុន ណាកូ​ ចុះកុងត្រាជាតារាចម្រៀងប្រចាំផលិតកម្មក្លាសុិក

    ស្ងាត់ៗ!! រុន ណាកូ​ ចុះកុងត្រាជាតារាចម្រៀងប្រចាំផលិតកម្មក្លាសុិក

    មិនមែនតែអ្នករាប់អានប៉ុណ្ណោះទេដែលសម្ដែងការភ្ញាក់ផ្អើល សូម្បីតែអ្នកសិល្បៈរួមក្រុមក៏សម្ដែងអារម្មណ៍ស្រឡាំងកាំងមិនតិចដែរ នៅពេលផេកផ្លូវការរបស់ផលិតកម្មក្លាសុិក ធ្វើការបង្ហោះថា តារាសម្ដែង លោក រុន ណាកូ ដែលត្រូវគេស្គាល់ច្រើនក្រោយជាប់ពានជាអ្នកគ្រងឈុតបុរាណត្រូវទម្រង់ កាលពីឆ្នាំ២០១៨ បានកុងត្រាពេញសិទ្ធិធ្វើជាតារាចម្រៀង។ ការប្រកាសជាផ្លូវការនេះ បានធ្វើឱ្យមានចំណោទថាតើ លោក រុន ណាកូ មានសមត្ថភាពផ្នែកទឹកដមសំឡេងកម្រិតណា បើទោះកម្មវិធីអ្នកសិល្បៈលោកហាក់កម្របង្ហាញឱ្យដឹងពីសមត្ថភាពផ្នែកច្រៀងនេះផង។ យ៉ាងណាមិញ ទាំងម្ចាស់ផលិតកម្ម និង សាមីខ្លួនអះអាងថា មិនយូរទេនឹងបានស្ដាប់បទផ្លូវការនៅក្នុងផលិតកម្មក្លាសុិក។

    លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាសុិកបានថ្លែងបញ្ជាក់ថា លោកបានសម្រិតសម្រាំងបទចម្រៀង យ៉ាងហោច២បទ ឱ្យតារាចំណូលថ្មី គឺលោក រុន ណាកូ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដោយបទរបស់លោក ក៏នឹងចេញជា MV នៅអំឡុងថ្ងៃម្ភៃជាង ក្នុងខែមីនានេះផងដែរ។ លោកថាលោករុន ណាកូ មានសមត្ថភាពសំលេងអាចប្រើការបាន ហើយបើទោះជាមិនពីរោះខ្លាំង តែក៏អាចធ្វើជាអ្នកចម្រៀងអាជីពបានដែរ ទើបលោកសម្រេចចិត្តជ្រើសឱ្យចូលជាសមាជិកថ្មី ដោយបានកុងត្រារយៈពេល១ឆ្នាំ។ លោកជឿថា វត្តមានបញ្ចូលតារាសម្ដែងរូបនេះ នឹងជួយលើកមុខឱ្យក្រុមក្លាសុិកកាន់តែមាការចាប់អារម្មណ៍ ដោយសារតែ លោក កំពុងឡើងកូដនៅក្នុងវិស័យសិល្បៈ ក្នុងនាមជាសមាជិកគ្រួសារតារាកម្ពុជា និងមានរូបសម្រស់ទាក់ទាញយុវវ័យ។

    ម្យ៉ាងលោកក៏ជាតួឯកក្នុងរឿង”ទឹកភ្នែកមួយលានដំណក់” របស់ផលិតកម្មក្លាសុិក ដែលនឹងត្រៀមដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ទទក ផងដែរ ទើបលោកយល់ថា ការជ្រើសយកលោក រុន ណាកូ អោយក្លាយជាតារាចម្រៀង គឺជារឿងល្អមួយ។ លោក ហួរ សុផល បន្តថា មកទល់ពេលនេះ ផលិតកម្មកាន់តែប្រមូលបានធនធានតារាចម្រៀងល្អៗ ដូចជា លោក បញ្ញា សិទ្ធិ កញ្ញា ញឹម ចាន់ថន លោក រតនៈ វិសិដ្ឋ និង តារារះថ្មីៗ ដែលមានទឹកដមសំឡេងល្អជាច្រើនទៀត ឱ្យក្លាយជាតារាក្លាសុិក។ ដោយឡែក លោក រុន ណាកូ បញ្ជាក់ថា ខ្លួនអាចច្រៀង និង ចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ប៉ុន្តែមកពីមិនដែលមានឱកាសបង្ហាញទើបអ្នកខ្លះមិនបានដឹង។ យ៉ាងណាមិញ លោកថាខ្លួនមិនមានសំលេងល្អក្រលួចនោះទេ តែលោកនឹងប្រឹងដុសខាត់តាមការផ្ចុងផ្ដើម របស់ម្ចាស់ផលិតកម្មឱ្យបានល្អ៕