Category: សង្គម និងសេដ្ឋកិច្ច

  • ជប៉ុន-កូរ៉េ ឯកភាពគ្នាវិលមកពិភាក្សាគ្នារឿងពាណិជ្ជកម្មឡើងវិញ ក្រោយប្រជុំពេញ 1យប់ 1ថ្ងៃ

    ជប៉ុន-កូរ៉េ ឯកភាពគ្នាវិលមកពិភាក្សាគ្នារឿងពាណិជ្ជកម្មឡើងវិញ ក្រោយប្រជុំពេញ 1យប់ 1ថ្ងៃ

    ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានឯកភាពគ្នាក្នុងការពិភាក្សាបន្ត ដើម្បីស្វែងរកដំណោះស្រាយលើកកម្ពស់ការគ្រប់គ្រងការនាំចេញ បន្ទាប់ពីក្រុមមន្ត្រីរបស់ប្រទេសទាំង2 បានជួបប្រជុំគ្នាអស់រយៈពេលដ៏យូរ រហូតដល់ព្រឹកព្រលឹមថ្ងៃពុធ(ម្សិលមិញ)។

    “យើងបានផ្លាស់ប្ដូរព័ត៌មានគ្នា និងស្វាគមន៍ចំពោះការរីកចម្រើនរបស់ភាគីទាំងសងខាង តែយ៉ាងណាក៏ដោយ យើងបានឯកភាពគ្នាថា យើងទើបតែធ្វើដំណើរទៅជាមួយគ្នាបានពាក់កណ្ដាលផ្លូវប៉ុណ្ណោះ” យ៉ូអ៊ិឈិ អៃដា ប្រធានផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន បានថ្លែងក្រោយកិច្ចប្រជុំ។

    ការប្រជុំក្នុងគ្រានេះ ពីដំបូងបម្រុងនឹងរៀបចំឡើងនៅទីក្រុងសេអ៊ូល តែក៏ផ្លាស់មករៀបចំជាកិច្ចប្រជុំបែប ថេឡេខុនហ្វ៊ើរេនស៍ វិញ ព្រោះទាំង 2ប្រទេសមានការកម្រិតការធ្វើដំណើរចូលប្រទេសរៀងៗខ្លួន ដើម្បីទប់ទល់នឹងមេរោគវីរុសកូរ៉ូណាដែលកំពុងរាតត្បាត។

    លោក អៃដា បានធ្វើដំណើរទៅស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងតូក្យូ ដើម្បីចូលរួមកិច្ចប្រជុំនេះជាមួយលោក លី មិនហូ អ្នកទទួលបន្ទុកកិច្ចការងារដូចគ្នារបស់ខាងប្រទេសកូរ៉េខាងត្បូង ដោយពួកគេបានចាប់ផ្ដើមតាំងពីថ្ងៃអង្គារ។ ពីដំបូង គេរំពឹងថា នឹងប្រជុំរយៈពេល 7ម៉ោង តែក៏បន្លាយពេលវេលាយូររហូតដល់ទៅជិត 16ម៉ោង ទៅបញ្ចប់នៅពេលព្រះអាទិត្យរះនាព្រឹកថ្ងៃពុធ(ម្សិលមិញ)។ ទាំងអស់នេះ បានបង្ហាញឱ្យឃើញថា ភាគីទាំង2 គ្មាននរណាសុខចិត្តចុះចាញ់នរណាដោយងាយៗឡើយ…។

    សម្ព័ន្ធភាពរបស់ប្រទេសទាំង2 បានធ្លាក់ចុះយ៉ាងយ៉ាប់យ៉ឺនតាំងពីខែតុលា ឆ្នាំ2018 នៅពេលដែលតុលាការប្រទេសកូរ៉េខាងត្បូងបានបញ្ជាយ៉ាងដាច់ណាត់ឱ្យក្រុមហ៊ុនជប៉ុនសងជំងឺចិត្តដល់ពលករកូរ៉េដែលត្រូវបានជិះជាន់ក្នុងសម័យអំឡុងឆ្នាំ1910-1945 ដែលនៅពេលនោះ កូរ៉េបានធ្លាក់ជាអាណានិគមរបស់ជប៉ុន។

    នៅក្នុងខែកក្កដា ឆ្នាំ2019 ជប៉ុនបានកម្រិតការនាំចេញវត្ថុធាតុដើម សេមីខុនដាក់ទើរ និងអេក្រង់ឌិសផ្លេយ៍ទៅឱ្យកូរ៉េខាងត្បូង។ បន្ទាប់ពីនោះមិនប៉ុន្មានខែ ជប៉ុនក៏ដកប្រទេសកូរ៉េខាងត្បូងចេញពី “វៃថ៍លីស្ត” ជាបញ្ជីឈ្មោះសម្ព័ន្ធមិត្តខាងពាណិជ្ជកម្មដែលបានទទួលការជឿទុកចិត្ត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តារាចម្រៀង​ នេន​ ទុំ​ ជួបគ្រោះថ្នាក់ចរាចរណ៍ទាំងយប់

    តារាចម្រៀង​ នេន​ ទុំ​ ជួបគ្រោះថ្នាក់ចរាចរណ៍ទាំងយប់

    តារាចម្រៀងនិងជាDJ នេនទុំ ជួបគ្រោះថ្នាក់ចរាចរណ៏យប់មិញ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី11 ខែមីនា ឆ្នាំ2020 នៅចំណុចផ្លូវជាតិលេខ៤​ ស្ថិតក្នុងស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។

    យោងតាមគណនីហ្វេសបុកឈ្មោះ Vj DaDa បានឱ្យដឹងថា នេនទុំ តារាចំរៀងរ៉េបដ៏ល្បីក្នុងស្រុក បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលកំពុងបេីករថយន្ត LEXUS ពណ៍ស​ មួយគ្រឿង​ ធ្វេីដំណេីរពីភ្នំពេញទៅខេត្តព្រះសីហុន បានពាក់កណ្តាលផ្លូវ​ស្រាប់តែបុកជាមួយសត្វក្របីមួយក្បាលដែលរត់កាត់ផ្លូវ​ពេញទំហឹង​បណ្ដាលឲ្យ​រថយន្តខ្ទេចអស់មួយកំណាត់មុខ​ និងបណ្ដាលឲ្យនេនទុំ​ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យ​ភ្លាមៗ។ ប្រភពបន្តថា​ គេមិនទាន់ដឹងថារថយន្ត LEXUS ខាងលេី មានមនុស្សប៉ុន្មាននាក់​រួមដំណេីរជាមួយ​នោះទេ​។

    Vj DaDa ក៏បានរៀបរាប់ថា ៖«ចូលរួមសោកស្ដាយ​ សម្រាប់សម្លាញ់ នេន ទុំ ក្នុងគ្រោះ​ ថ្នាក់ចរាចរណ៍ សង្ឃឹមថាទេវតានឹងជួយថែរក្សាអាយុជី​វិតសម្លាញ់ខ្ញុំផង»។ ក្នុងនោះដែរ បេីយោងតាម​ការ​បញ្ជាក់​ពី​ប្រភព​ដដែល​ខាង​លើ​នេះ​ បាន​បង្ហើប​ឱ្យដឹង​តាម​រយៈ​ការ​ខមិន​ថា​ ចំពោះ​ហេតុការណ៍​គ្រោះ​ ថ្នាក់​ចរាចរណ៍​ដ៏​រ​ន្ធត់​ដែលបាន​កេីតឡេីង​ចំពោះ​តារា​ចម្រៀង​រ៉េប​រូប​នេះ​ គឺខណៈដែល​រថយន្ត​របស់ជន​រង​​គ្រោះ​បានធ្វើ​ដំណើរ​ក្នុង​គោលបំណង​ទៅកាន់​ខេត្ត​ព្រះសីហនុ​ ។

    យ៉ាងណាមិញ មហាជន​ជាច្រើន​បានសម្តែងនូវ​អារម្មណ៍រ​ន្ធត់​ចិត្ត​ជាខ្លាំង​ចំពោះ​ហេតុការណ៍​ដ៏អា​ក្រក់នេះ​និង​បួងសួងសូមទេវតាតាមថែរក្សា​ ក៏ដូចជា​ឃុំគ្រងលោកឱ្យមានសំណាងល្អ​រួច​ផុតពី​គ្រោះ​ ថ្នាក់​ផងចុះ។ ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែមយ៉ាងណានោះ​ នឹង​ជម្រាប​ជូន​ប្រិយមិត្ត​ជា​បន្ត​ទៀត​។

  • ច្បាស់ជាកក្រើករោង! ពេលនេះលោកគ្រូតាល្បុក្កតោ ចេញដឹករឿង និងសម្តែងរឿងខ្លួនឯង!

    ច្បាស់ជាកក្រើករោង! ពេលនេះលោកគ្រូតាល្បុក្កតោ ចេញដឹករឿង និងសម្តែងរឿងខ្លួនឯង!

    លោកគ្រូតាសាន គឹមស៊ាន ដែលត្រូវបានមហាជនទាំងក្នុងស្រុក និងក្រៅស្រុកទទួលស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវឱ្យ សិល្បៈក្បាច់គុនល្បុក្កតោរស់ឡើងវិញ ពេលនេះលោកគ្រូនឹងបង្ហាញស្នាដៃភាពយន្តលើកដំបូងដែលមានចំណងជើងថា៖ «ព្រលឹងល្បុក្កតោ»។ បើតាមប្រសាសន៍របស់លោកគ្រូដល់បណ្តាញសារព័ត៌មានយើងខ្ញុំ ខែ្សភាពយន្តវ៉ៃតប់ គុនបុរាណ មួយនេះ ចំណាយពេលជិត២ឆ្នាំ និងទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ដើម្បីសម្រេចជាសមិទ្ធិផលជូនទស្សនិកជន។

    លោកគ្រូគឹមស៊ានបានលើកឡើងថា៖ «យើងខ្ញុំចង់បង្ហាញនូវប្រវត្តិនៃក្បាច់គុន ដែលមានចំណុចខ្លាំងពូកែៗរបស់ដូនតា យើង កាលពី១០០ ទៅ២០០ឆ្នាំមុន។ រឿងនេះនឹងស្តែងឱ្យឃើញនូវជីវភាព និងទិដ្ឋភាពរបស់ពលរដ្ឋខ្មែរនាសម័យនោះ។ សាច់រឿងក៏ជួយអប់រំកូនចៅជំនាន់ក្រោយ ឱ្យចេះស្រឡាញ់គាំទ្រវប្បធម៌គុណបុរាណខ្មែរ និងបន្តអភិរក្ស ហើយអភិវឌ្ឍ ឱ្យគង់វង្សយូរ អង្វែងដល់ខ្មែរជំនាន់ក្រោយ»។

    គួរបញ្ជាក់ដែរថា «ព្រលឹងល្បុក្កតោ» ត្រូវបានឧបត្ថម្ភការផលិត ដោយឯកឧត្តម «តឹក ង៉ូយ» ដែលសាធារណជនមួយ ចំនួនហៅគាត់ថា «ស្តេចនំដូណាត់» ដោយសារសាវតាជាអាជីវករដើមកំណើតខ្មែរដំបូង ដែលនាំពលរ្ឋខ្មែរនៅអាមេរិក បើកហាងលក់នំដូណាត់ តាមរូបមន្តជោគជ័យរបស់ឯកឧត្តមកាលពីបណ្តាឆ្នាំ៨០ ដល់បច្ចុប្បន្ន។ សម្រាប់មតិគាំទ្រដល់​ ខ្សែភាពយន្តនេះ​ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា វិភាគទានរបស់ខ្ញុំនឹងជួយឱ្យក្បាច់គុនលក្បុក្កតោកាន់តែល្បី សុសសាយ ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសតាមរយៈខ្សែភាពយន្តមួយនេះ។ »។

    ដូច្នេះសូមទស្សនិកជនទាំងអស់កំុភ្លេច ទៅទស្សនារឿង «ព្រលឹងល្បុក្តតោ» នៅគ្រប់រោងភាពយន្តទំនើបក្នុងស្រុក ដើម្បី លើកតម្លៃវប្បធម៌ក្បាច់គុនខ្មែរ និងគាំទ្រអ្នកហាត់គុននេះឱ្យមានអាជីពភ្លឺស្វាង មិនថាជាកីឡា ឬការសម្តែងភាពយន្តទេ។ ខ្សែភាពយន្តនេះ នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០នេះតទៅ។

    សង្ខេបរឿង

    នៅភូមិដាច់ស្រយាល១កន្លែង ប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» យាយី​ និងកាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើន ឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ លើកនេះអ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ។

  • មហាសង្គ្រាម! ស្វារាប់រយ​ក្បាល​លើក​ទ័ពមកប្រយុទ្ធគ្នានៅមុខទីសក្ការបូជា ដណ្ដើមទឹកដោះគោជូរ…

    មហាសង្គ្រាម! ស្វារាប់រយ​ក្បាល​លើក​ទ័ពមកប្រយុទ្ធគ្នានៅមុខទីសក្ការបូជា ដណ្ដើមទឹកដោះគោជូរ…

    ហេតុកើតនៅក្នុងប្រទេសថៃ…បុរសម្នាក់បានបង្ហោះឃ្លិបហេតុការណ៍សត្វស្វា 3ក្រុម ចំនួនរាប់រយក្បាល បានបើកការវាយប្រយុទ្ធគ្នានៅក្នុងបរិវេណមុខទីសក្ការបូជា នៅក្នុងខេត្ត លុបប៊ុរី បណ្ដាលឱ្យមានការស្ទះចរាចរណ៍ មនុស្សម្នាទាំងអស់ត្រូវបញ្ឈប់ការធ្វើដំណើរ ដោយសារមូលហេតុដណ្ដើមទឹកដោះគោជូរ ដែលសប្បុរសជនបានយកមកថ្វាយទីសក្ការបូជាខាងលើ។

    កាលពីថ្ងៃទី11 មីនា ម្សិលមិញ នៅលើហ្វេសប៊ុកដែលមានឈ្មោះថា “Sasaluk Rattanachai” បានបង្ហោះឃ្លីបវីដេអូហេតុការណ៍សត្វស្វាចំនួនដ៏ច្រើនរាប់រយក្បាល បានលើកបក្ខពួកមកប្រយុទ្ធគ្នានៅក្នុងបរិវេណទីសក្ការខាងលើ ដែលមានទាំងអស់ 3ក្រុម គឺស្វាមកពីក្រុមលិងសាន(ម្ចាស់ទីតាំង) ក្រុមលិងព្រះប៉ាងសាមយ៉ត និងក្រុមលិងទឹក និងបន្ទាប់ពីវាយប្រយុទ្ធគ្នារួចហើយ ស្វាខាងក្រុមលិងព្រះប៉ាងសាមយ៉ត និងក្រុមលិងទឹក បានដកទ័ពថយទៅតាមផ្លូវរៀងៗខ្លួន…៕

  • SpaceX ជិត​ដល់​ពេល​បាញ់បង្ហោះ​យាន​អវកាស​ដឹក​មនុស្ស​ដំបូង​របស់​ខ្លួន​ ទៅ​កាន់​ទី​អវកាស

    SpaceX ជិត​ដល់​ពេល​បាញ់បង្ហោះ​យាន​អវកាស​ដឹក​មនុស្ស​ដំបូង​របស់​ខ្លួន​ ទៅ​កាន់​ទី​អវកាស

    នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ SpaceX អ្នក​ស្រី Gwynne Shotwell​ កាល​ពី​ថ្ងៃទី​10មីនា បាន​ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំមួយ​ ស្ដីអំពី​ផ្កាយ​រណប​ឆ្នាំ​2020 នៅ​ក្នុង​រដ្ឋធានី​ Washington D.C. ថា ក្រុម​ហ៊ុន​ SpaceX នឹង​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ទីអវកាស​នា​ខែ​ឧសភា​ខាង​មុខ​។

    កាល​ពី​ខែ​មករាអគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុនអវកាស SpaceX លោក Elon Musk ក៏បាន​ថ្លែង​ដែរ​ថា បេសក​កម្ម​ដែល​មាន​មនុស្ស​បើក​បរ​ដំបូង​ដែល​មាន​ឈ្មោះ​ថា Demo-2 អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ត្រី​មាស​ទី​2 ឆ្នាំ​នេះ​។ ក្នុង​បេសក​កម្ម​នេះ យាន​អវកាស Crew Dragon នឹង​នាំ​អវកាស​យានិក​របស់ NASA 2រូប​ គឺ​ Bob Behnken និង​ Doug Hurley ឆៀង​​ចូល​ធ្វើ​ទស្សនកិច្ច​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)​ ផងដែរ​។

    SpaceX ត្រូវ​ការ​តែ​កត្តា​1ទៀត​ប៉ុណ្ណោះ ដើម្បី​ឈាន​ដល់​ដំណាក់​កាល​បាញ់​បង្ហោះ​យាន​អវកាស​ដឹក​មនុស្ស​ជា​លើក​ដំបូង​របស់​ខ្លួន​។ “យើង​ជិត​បាន​ឆ្លងកាត់​ដំណាក់​កាល​នៃ​ការ​ទទួល​ស្គាល់​” នេះ​គឺជា​សម្ដី​របស់អ្នក​ស្រី​ Gwynne Shotwell​។ បើ​សិន​ជាដំណាក់​កាល​នៃ​ការ​ទទួល​ស្គាល់​ បាន​​ជោគ​ជ័យ SpaceX នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​អាមេរិកាំង​​ដំបូង​គេ​ដែល​នាំ​អវកាស​ចរ​ ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​ ISS​ ក្រោយ​រយៈ​ពេល​ជិត​1ទសវត្សរ៍​កន្លង​មក​នេះ​។ ចាប់​ពី​ឆ្នាំ​2011 ទីភ្នាក់​ងារ​អវកាស​ NASA តែង​តែ​ប្រើ​ប្រាស់​យាន​អវកាស​របស់ប្រទេស​​រុស្ស៊ី​ ដើម្បី​បំពេញ​ភារ​កិច្ច​នៅ​ទី​អវកាស​របស់​ខ្លួន​។

    Shotwell បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​ជំនាញកំពុង​តែ​ពិចារណា​ទៅ​លើ​រយៈ​ពេលនៃ​បេសក​កម្ម​។ អវកាស​ចរ2រូប គឺ Behnken និង​ Hurley កំពុង​ហ្វឹក​ហាត់​បន្ថែម​ ព្រោះ​ថា បើ​តាម​ NASA ពួក​គេ​អាចនឹង​ត្រូវ​នៅ​ក្នុង​ស្ថានីយ​អវកាស​ក្នុង​រយៈ​ពេល​យូរ​ជាង​ផែន​ការ​ដំបូង​។

    SpaceX ក៏​មានគម្រោង​ប្រើប្រាស់​ឡើង​វិញ​នូវ​យាន​អវកាស Crew Dragon ផងដែរ។ អ្នក​ជំនាញដែល​គ្រប់​គ្រង​កម្ម​វិធី​ Commercial Crew របស់​ NASA ធ្លាប់​និយាយ​ថា ក្រុម​ហ៊ុន​នេះនឹង​ប្រើ​ប្រាស់​យាន​ថ្មី​ រៀង​រាល់​ពេល​ត្រូវ​បញ្ជូន​អវកាស​ចរ​របស់ NASA ឡើង​ទៅ​កាន់​ទី​អវកាស​។ Shotwell ថ្លែង​ថា “Crew Dragon អាច​ហោះ​ហើរ​បាន​ច្រើន​ដង។ ខ្ញុំ​ប្រាកដ​ណាស់​ថា NASA នឹង​យល់​ព្រម​ប្រើ​ប្រាស់​យាន​នេះ​មិន​ខាន”។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ CNBC។

    Doug Hurley (ស្ដាំ) និង Bob Behnken (ឆ្វេង) នៅ​ក្នុង​ពេល​ហ្វឹក​ហាត់​ មុន​ពេល​ធ្វើ​ហោះ​ទៅ​កាន់​ទី​អវកាស

    ក្រុម​ហ៊ុន​ SpaceX ប្រើ​យាន​ Cargo Dragon ដែល​ជា​កំណែ​មួយ​ត្រូវ​បាន​ផលិត​ឡើង​មុន​ពេល​ យាន​ Crew Dragon បាន​បង្ហាញ​ខ្លួន​ ក្នុង​ការ​​ដឹក​ទំនិញ​របស់​ NASA ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ។ ក្រុម​ហ៊ុន SpaceX ធ្លាប់​បាន​ប្រើ​ប្រាស់​ឡើង​វិញដោយ​ជោគ​ជ័យ​ នូវ​យាន​អវកាស Cargo Dragon ចំនួន​3លើក​មក​ហើយ​។ SpaceX ក៏​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ការ​ប្រើ​ប្រាស់​ឡើង​វិញ​នូវ​សម្បក​កាំជ្រួចដែល​ប្រើ​សម្រាប់​បាញ់​បង្ហោះ​យាន​អវកាស​​ផងដែរ​។

    អតិថិ​ជន​មួយ​ចំនួន​ក៏​បាន​ចុះ​ឈ្មោះ​ ហោះ​ទៅ​កាន់​ទី​អវកាស​ តាម​រយៈ​យាន​ Crew Dragon របស់​ SpaceX​។ កាល​ពី​ខែ​មុន ក្រុមហ៊ុន​នេះ បាន​ប្រកាស​ថា ខ្លួន​មាន​កិច្ច​សន្យា​ចំនួន​2 នៅ​ក្នុង​ដៃ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​នេះ នាំ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ ISS៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តុបតែងខ្លួនបែបស្អាតៗ ដើម្បីបង្ហាញពីភាពក្លាហានរបស់អ្នក

    តុបតែងខ្លួនបែបស្អាតៗ ដើម្បីបង្ហាញពីភាពក្លាហានរបស់អ្នក

    ភាពស្រស់ស្អាតពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សស្រីយើង ហើយជាពិសេសសម្រាប់ឱកាសដែលពេញដោយមោទនភាពរបស់នារីៗទូទាំងពិភពលោក គឺថ្ងៃបុណ្យសិទ្ធិនារី អន្តរជាតិ។ ដូច្នេះសូមពិនិត្យមើលការតុបតែងមុខមាត់យ៉ាងស្រស់សោភានៅក្នុងទំព័រផាត់មុខរបស់ ឡារ៉ែន ហើយសូមប្រញាប់តុបតែងមុខរបស់អ្នកឱ្យបានស្រស់ស្អាត គួរជាទីគយគន់ ដើម្បីបង្ហាញពីភាពជឿជាក់ និងនារីដ៏ជោគជ័យទៅដល់មនុស្សនៅជុំវិញខ្លួនរបស់អ្នក៕

  • Jack Ma ដណ្ដើម​បាន​តំណែង​អ្នក​មាន​បំផុត​នៅ​អាស៊ីវិញ​ហើយ ខណៈ​អ្នក​មាន​បំផុត​ទាំង​500នាក់​របស់​ពិភពលោក បាន​បាត់​បង់​ប្រាក់​ 238.5ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ម្សិល​ម៉្ងៃ

    Jack Ma ដណ្ដើម​បាន​តំណែង​អ្នក​មាន​បំផុត​នៅ​អាស៊ីវិញ​ហើយ ខណៈ​អ្នក​មាន​បំផុត​ទាំង​500នាក់​របស់​ពិភពលោក បាន​បាត់​បង់​ប្រាក់​ 238.5ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ម្សិល​ម៉្ងៃ

    ក្រោយ​ពី​បាន​លក់​មូលបត្រ​ទូទាំង​ពិភព​លោក​កាលពី​ថ្ងៃទី​9មីនា​កន្លង​ទៅ ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ឥណ្ឌា លោក Mukesh Ambani បានថយ​ចុះ​មក​នៅ​ក្រោម​​ស្ថានិក​ Alibaba គឺ​មហាសេដ្ឋី​ចិន លោក Jack Ma។

    យោង​តាម​ Bloomberg Billionaires Index លោក Mukesh Ambani បាន​បាត់​បង់​5.8ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ម្សិល​ម៉្ងៃ (9មីនា) ធ្វើ​ឱ្យ​គាត់​បាត់​បង់​តំណែង​ជា​អ្នក​មាន​បំផុត​ប្រចាំ​ទ្វីប​អាស៊ី ដោយ​ធ្លាក់​ទៅ​លើ​ដៃ​មហា​សេដ្ឋី​ចិន លោក Jack Ma ដែល​ជា​ស្ថានិក​នៃ​ក្រុម​ហ៊ុន​ Alibaba។ មហាសេដ្ឋី​ចិន Jack Ma បច្ចុប្បន្ន មាន​ទ្រព្យ​ 44.5ពាន់​លាន​ដុល្លារ​អាមេរិក ច្រើន​ជាង​មហាសេដ្ឋី​ឥណ្ឌា លោក Mukesk Ambani​ ប្រមាណជា​ 2.6ពាន់​លាន​ដុល្លារ​អាមេរិក​។

    មូលបត្រ​ Alibaba កាល​ពី​ថ្ងៃទី​9មីនា បាន​ធ្លាក់​ថ្លៃ​3.41% នៅ​លើ​ផ្សារ​ហ៊ុន​ New York បណ្ដាល​ឱ្យ​មហាសេដ្ឋី Jack Ma បាត់​បង់​ 1.06ពាន់​លាន​ដុល្លារ​អាមេរិក។ ក៏ប៉ុន្តែ តម្លៃ​មូលបត្រ​ពហុ​វិស័យ Reliance Industries​ របស់​មហា​សេដ្ឋី Ambani បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ពោល​គឺ​ធ្លាក់​ថ្លៃ​ដល់​ទៅ​12% (ទាប​បំផុត​រាប់​ចាប់​ពី​ឆ្នាំ​2009មក​នេះ​)។ ចាប់​ពី​ដើម​ឆ្នាំ តម្លៃ​មូល​បត្រ​ Reliance Industries បាន​ថយ​ចុះ​សរុបចំនួន 26%។

    ចំណែក​ Alibaba វិញ ថ្វី​បើ​​​រោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​ “ធ្វើ​ទុក្ខ” ទៅ​លើ​វិស័យ​ជំនួញ​មួយ​ចំនួន​របស់​ក្រុម​ហ៊ុននេះ ប៉ុន្តែ​ COVID-19 ក៏​បាន​ជួយ​ជំរុញ​ឱ្យ​តម្រូវ​ការ​ដែល​ទាក់​ទិន​នឹង​បច្ចេក​វិទ្យា​ចល័ត​ មាន​កំណើន​ខ្ពស់​ ដែល​បាន​ និង​កំពុង​ហុច​ផល​ប្រយោជន៍​ខ្លះដល់​មហា​សេដ្ឋីចិន លោក Jack Ma។

    តម្លៃ​មូលបត្រ​ទូទាំង​ពិភព​លោក កាល​ពី​ម្សិល​ម៉្ងៃ(9មីនា) បាន​ធ្លាក់​ចុះ​ខ្លាំង ដោយ​សារ​តម្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ​ ហើយ​អ្នក​វិនិយោគ​មាន​ការ​ព្រួយ​បារម្ភ​អំពី​រោគ​រាត​ត្បាត COVID-19។ កត្តា​នេះ​​ ក៏បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា Reliance Industries មិន​អាច​សង​​អស់​បំណុល​នៅ​មុន​ដំណាច់​ឆ្នាំ​2021 ដូចដែល​មហា​សេដ្ឋី​ឥណ្ឌា Ambani បាន​សន្យា​។

    ភាព​ច្របូក​ច្របល់​នៅ​លើ​ផ្សារ​ហ៊ុន​កាល​ពី​ម្សិល​ម៉្ងៃ ក៏បាន​ធ្វើ​ឱ្យ​អ្នក​មាន​មួយ​ចំនួនក្នុង​ពិភពលោក​ ត្រូវ​ខាត​បង់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យ​របស់​មហាសេដ្ឋី​ប្រេង​ Harold Hamm បាន​ថយ​ចុះ​រហូត​ដល់​ពាក់​កណ្ដាល​ នៅ​សល់​ត្រឹម​តែ​ 2.4ពាន់​លាន​ដុល្លារ​។ ចំណែក Jeff Hildebrand ក៏​បាត់​បង់ 3ពាន់​លាន​ដុល្លារអាមេរិក​។ សរុប​មក អ្នក​មាន​បំផុត​ទាំង​500នាក់​របស់​ពិភពលោក បាន​បាត់​បង់​ប្រាក់​ 238.5ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​លើ​ផ្សារ​ហ៊ុន​ កាល​ពី​ម្សិល​ម៉្ងៃ ដែល​ការ​ខាត​បង់​នេះ ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់​ រាប់​ចាប់​ពី​ឆ្នាំ​2016៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • សម្តេចតេជោ៖ កម្ពុជាត្រៀមថវិកាបម្រុង ចន្លោះពី 800 ទៅ 2,000លានដុល្លារ សម្រាប់សង្គ្រោះសេដ្ឋកិច្ចក្នុងអំឡុងមានជំងឺកូវីដ19

    សម្តេចតេជោ៖ កម្ពុជាត្រៀមថវិកាបម្រុង ចន្លោះពី 800 ទៅ 2,000លានដុល្លារ សម្រាប់សង្គ្រោះសេដ្ឋកិច្ចក្នុងអំឡុងមានជំងឺកូវីដ19

    សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននិងកំពុងត្រៀមថវិកា ចន្លោះពី 800 ទៅ​ 2,000លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថិរភាព និងលំនឹង បើ​សិនជំងឺ​ផ្លូវដង្ហើមកូវីដ19 អូសបន្លាយរហូតដល់ 1ឆ្នាំ។ នេះបើតាមការថ្លែងរបស់សម្តេចតេជោហ៊ុន សែន នៅក្នុង​ពិធីប្រគល់​​សញ្ញាបត្រ​ជូននិស្សិត​នៃវិទ្យាស្ថាន វ៉ាន់ដា នៅថ្ងៃទី10 ខែមីនា ឆ្នាំ2020។

    សម្តេចតេជោ ហ៊ុន សែន ថ្លែងឱ្យដឹងថា កម្ពុជាបានត្រៀមថវិកាប្រមាណ 800លានដុល្លារអាមេរិកក្នុងរយៈពេល 6ខែ ហើយបើជំងឺកូវីដ19 អូសបន្លាយរយៈពេល 1ឆ្នាំ នឹងអាចត្រៀមថវិកាជាតិ ប្រមាណចន្លោះ 800 ទៅ 2,000លានដុល្លារអាមេរិក ក្នុងការសង្គ្រោះសេដ្ឋកិច្ច។

    សម្តេចតជោនាយករដ្ឋមន្ត្រី ថ្លែងថា៖«យើងត្រៀមថវិកាប្រមាណ 800លានដុល្លារក្នុងរយៈពេល 6ខែ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ហើយបើវាអូសបន្លាយដល់ 1ឆ្នាំ យើងក៏ប៉ានស្មានថា វាធ្លាក់កំណើនប៉ុនណា ផល​ប៉ះពាល់វាធំប៉ុនណា ហើយបាត់បង់ចំណូលប៉ុនណា បើវាដល់ 1ឆ្នាំ សេដ្ឋកិច្ចរបស់យើងធ្លាក់​ប៉ុន​ណា ត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុនណា អ៊ីចឹងវាស្ថិតនៅក្នុងចន្លោះពី 800 ទៅ 2,000លានដុល្លារ​អាមេរិក ដើម្បីត្រៀមបម្រុង»។

    កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ2020 នឹងមានត្រឹមតែ 6.1%ប៉ុណ្ណោះ។ នេះបើតាមការព្យាករ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដោយបានឱ្យដឹងទៀតដែរថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ2020 គឺស្ថិតនៅក្នុងរង្វង់ 6.5% ដែលទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែសម្រេចបានជាង 7% ក្នុង 1ឆ្នាំក្នុងរយៈពេល 2ទស្សវត្សរ៍មកហើយនេះ។

    មានកត្តាជាច្រើនដែលធ្វើឱ្យធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ គឺដោយសារតែការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ភាពមិនប្រាកដប្រជានៅតំបន់មជ្ឈិមបូព៌ា ជម្លោះពាណិជ្ជ កម្ម រវាងចិន-សហរដ្ឋអាមេរិក ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺឆ្លងដែលបង្កដោយ កូរ៉ូណាវីរុសថ្មីៗ ឬកូវីដ19 នៅក្នុងប្រទេសចិនជាដើម ដែលបាននិងកំពុងរីករាលដាលនៅក្នុងពិភព លោក៕

  • Facebook និង Google អនុញ្ញាតឱ្យបុគ្គលិកធ្វើការនៅផ្ទះ ដើម្បីការពារការឆ្លងវីរុស COVID-19

    Facebook និង Google អនុញ្ញាតឱ្យបុគ្គលិកធ្វើការនៅផ្ទះ ដើម្បីការពារការឆ្លងវីរុស COVID-19

    ក្រុមហ៊ុន​ ​ Facebook និង Google បាន​ធ្វើ​ការ​ណែនាំ​ឱ្យ​បុគ្គលិក​ក្នុង​តំបន់​ San Francisco Bay ធ្វើ​ការ​នៅ​ផ្ទះ ដើម្បី​កាត់​បន្ថយ​​ឱកាស​នៃ​ការ​ឆ្លង​ COVID-19។

    តាម​ការ​លើក​ឡើង​របស់​ Anthony Harrison អ្នក​នាំ​ពាក្យ​របស់ Facebook បាន​និយាយ​ថា Facebook បាន​និយាយថា ​ខ្លួន​សុំ​ធ្វើ​ការណែនាំ​ឱ្យ​បុគ្គលិក​ក្នុង​តំបន់​ San Francisco Bay ទាំង​អស់ ​រួម​ទាំង​បុគ្គលិក​ធ្វើ​ការ​ក្រៅ​ម៉ោងផង គួរ​តែ​ធ្វើ​ការ​នៅ​ផ្ទះ​ចាប់​ពី​ថ្ងៃ​សុក្រ​អាទិត្យនេះត​ទៅ។

    ការ​សម្រេច​ចិត្ត​នេះ ​គឺ​ផ្អែក​តាម​សេចក្ដី​ណែនាំ​ចេញ​ពី​​​ Santa Clara County កាល​ពី​ថ្ងៃព្រហស្បតិ៍ ចំណែក Google វិញ ​ក៏​បាន​ផ្ដល់​ជម្រើស​ធ្វើ​ការ​នៅ​ផ្ទះ​ដល់​បុគ្គលិក​ក្នុង​តំបន់​ខាង​លើ​ផង​ដែរ។

    ដោយ​ឡែក ក្រុមហ៊ុន​ Microsoft ក៏បាន​បញ្ជាក់​កាល​ពី​​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ផង​ដែរ​​ថា ​​មាន​បុគ្គលិក​​របស់​ខ្លួន​ចំនួន 2នាក់​បាន​​ផ្ទុក​វីរុស COVID-19 និងបច្ចុប្បន្ន ​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ៕​​​​​​

  • Ads លក់ម៉ាស់កើនខ្លាំងពេក Facebook នឹងបិទលែងឱ្យផ្សព្វផ្សាយ

    Ads លក់ម៉ាស់កើនខ្លាំងពេក Facebook នឹងបិទលែងឱ្យផ្សព្វផ្សាយ

    យោង​តាម​ការ​ប្រកាស​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​ Facebook បាន​បង្ហោះ​សេចក្តី​ជូន​ដំណឹង​មួយ ​ក្នុង​គោលបំណង​ទប់​ស្កាត់​​ពាណិជ្ជកម្ម​លក់​ម៉ាស់​ការពារ ក្នុងអំឡុង​យុទ្ធនាការ​ទប់ស្កាត់វីរុស COVID-19 ​ដែលកំពុង​ផ្ទុះ​ខ្លាំង​​ឡើង។

    Facebook បាន​ប្រកាស​ថា ​នឹង​ធ្វើ​ការ​ហាម​ឃាត់​ជា​បណ្ដោះ​អាសន្ន​លើ​ការ​​ Boost លក់​ម៉ាស់​អនាម័យ និង​ការ​លក់​ម៉ាស់​មុខ​នៅ​លើ​ Market Place ​(ទីតាំង​លក់​ទំនិញ​អនឡាញ) របស់​ខ្លួន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រោយ​​ពី​​មាន​ការ​កេង​ប្រវ័ញ្ច​ជុំវិញ​​ បញ្ហាវីរុសCOVID-19។

    ក្រៅ​ពី​ហាម​ឃាត់​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ម៉ាស់អនាម័យ និង​ការ​លក់​ម៉ាស់​សម្អាតផ្ទៃមុខលើ Martket Place ហើយ​នោះ Facebook ក៏​បាន​ហាម​ឃាត់​​លើ​ការ​ផ្សព្វផ្សាយ​​​ដំណឹង​មិន​ពិត ​អំពី​ការ​ព្យាបាល ឬ​​វិធីសាស្ត្រ​ការពារ​មិន​ពិត​នានា​សម្រាប់​ វីរុស COVID-19 ផង​ដែរ។

    ​វិធានការ​ទាំង​នេះ​ ក៏​នឹង​ត្រូវ​អនុវត្ត​លើ Instagram ផង​ដែរ។ Adam Mosseri ជា​ប្រធាន​ផ្នែក​ Instagram បាន​និយាយ​ថា​ ៖ “គ្រឿង​ផ្គត់ផ្គង់​មាន​តិច តម្លៃ​កើន​ឡើង​ ហើយ​​យើង​ប្រឆាំង​នឹង​មនុស្ស​ដែល​កេងប្រវ័ញ្ច​​ក្នុង​ស្ថានភាព​អាសន្ន​បែប​នេះ”

    ក្រៅ​ពី​ Facebook ហាង​លក់​ទំនិញ​អនឡាញ​ដទៃ​ទៀត រួម​មាន​ eBay និង Amazon ក៏​បាន​កែ​សម្រួល​ច្បាប់​របស់​ខ្លួន​ ជុំវិញ​ផលិតផល​ដែល​ទាក់ទង​នឹង​វីរុស COVID-19។

    Amazon បាន​ដក​ចេញ​នូវ​ឈ្មួញ​​មួយ​ចំនួន​ ដែល​បាន​​ដំឡើង​ថ្លៃ​នូវ​ម៉ាស់ និង​ទឹក​លាង​ដៃ​ផង​ដែរ។​​​​​

    ​​​eBay បាន​ហាម​ឃាត់​រាល់​ការ​លក់ ​ម៉ាស់អនាម័យ ទឹក​លាង​ដៃ និង​កន្សែង​ជូត​សម្អាត​សម្លាប់​មេរោគ ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ៕