កាលពីយប់មិញនេះ ក្រុមបាល់ទាត់ Perak FA បានយកជ័យជម្នះទៅលើក្រុម Petaling Jaya City ដោយលទ្ធផល 2ទល់នឹង0 ក្នុងការប្រកួតលីកកំពូលម៉ាឡេស៊ី ប្រចាំសប្តាហ៍ទី3។
ក្នុងនោះដែរ គ្រាប់ទី2 របស់ Perak ត្រូវបានរកទាត់បញ្ចូលទីដោយកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដែលជាគ្រាប់បាល់ហ្វ្រ៊ីឃីកដ៏អស្ចារ្យមួយពីចម្ងាយ។ 1គ្រាប់នេះ បានធ្វើឱ្យក្រុមរបស់គេ ឡើងទៅឈរនៅលេខ2 ក្នុងតារាងពិន្ទុលីកកំពូលម៉ាឡេស៊ី ដោយមាន 7ពិន្ទុក្នុងដៃ ក្រោយប្រកួតបាន 3ប្រកួត ឈ្នះ2 និងស្មើ1 មិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយ។
គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងសប្តាហ៍ទី3 នេះ ធារី ចន្ថាប៊ីន រកគ្រាប់បាល់បាន 1គ្រាប់ និងបញ្ជូនបាល់បញ្ចូលទីបាន 1គ្រាប់ហើយ៕

Category: សង្គម និងសេដ្ឋកិច្ច

ធារី ចន្ថាប៊ីន ស៊ិតបាល់ហ្វ្រ៊ីឃីក រកគ្រាប់បាល់ដំបូងបានហើយ នៅលីកកំពូលម៉ាឡេស៊ី2020

ខ្សែការពារ Juventus ម្នាក់ ត្រូវបានរកឃើញថា មានផ្ទុកវីរុស COVID-19
កាលពីព្រឹកថ្ងៃទី11 ខែមីនា ឆ្នាំ2020 ម្សិលមិញនេះ ខ្សែការពារ Daniele Rugani របស់ក្លិប Juventus ម្នាក់ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុកវីរុស COVID-19 ក្រោយពេលប្រកួតឈ្នះក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Italy Serie A។

ក្លិប Juventus បានបញ្ជាក់ថា អ្នកដែលធ្លាប់ស្និទ្ធជាមួយកីឡាករខាងលើនេះ នឹងត្រូវដាក់នៅដោយឡែកសិន ដើម្បីតាមដានអាការ ខណៈដែលសាមីខ្លួនផ្ទាល់កំពុងសម្រាកនៅមន្ទីរពេទ្យ។ ក្រោយពីការប្រកាសថា កីឡាកររបស់ខ្លួនម្នាក់ឆ្លងមេរោគនេះហើយ UEFA ក៏អាចនឹងផ្អាកការប្រកួតរបស់ Juventus ទល់ក្រុម Lyon នៅក្នុងពានរង្វាន់ UEFA Champions League ខាងមុខផងដែរ។
គួរបញ្ជាក់ថា ខ្សែការពារ Daniele Rugani និងខ្សែប្រយុទ្ធ Christiano Ronaldo បានជុំគ្នា និងថតរូបជាមួយគ្នា ក្រោយការប្រកួតឈ្នះរបស់ពួកគេផងដែរ ហើយរូបគេទាំង 2នាក់ គឺជាកីឡាករដែលលេង11នាក់ដំបូង ក្នុងការប្រកួតនេះទៀតផង៕
ព្រះខ័នរាជ ធ្លាក់មកនៅលេខ3 ក្រោយ Thnah Quan Ninh មកលត់ដល់ទឹកដី
កាលពីយប់ថ្ងៃទី11 ខែមីនា ឆ្នាំ2020 ម្សិលមិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ក្រុមលីកកំពូលវៀតណាម Thnah Quan Ninh ក្នុងលទ្ធផល 4ទល់នឹង1 ក្នុងការប្រកួតពានរង្វាន់ AFC CUP 2020 ប្រចាំពូល G ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិរបស់កម្ពុជា។

ការប្រកួតក្នុងវគ្គទី1 ក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានប្រៀបច្រើន ដោយមានការគ្រប់គ្រងបាល់ និងមានឱកាសល្អៗជាច្រើន តែរកបានត្រឹម 1គ្រាប់គត់ ដោយកីឡាករ Privat តាមពីក្រោយក្រុមភ្ញៀវដែលរកបាន 1គ្រាប់មុនរួចហើយ។ ចូលមកដល់តង់ទី2 វិញ ក្រុមវៀតណាមបានផ្លាស់ប្តូរពីការលេងបែបទប់ មកលេងបែបសម្រុកវិញ និងមានខ្សែប្រយុទ្ធទៅចងមុងនៅខាងលើជាច្រើន ដែលយុទ្ធសាស្ត្របែបនេះ បានធ្វើឱ្យព្រះខ័នរាជស្វាយរៀងមានការឆ្លេឆ្លាក្នុងតំបន់ការពារ រហូតរបូតដល់ទៅ 3គ្រាប់ទៀត និងបញ្ចប់ដោយលទ្ធផល 4ទល់នឹង1។
គួរបញ្ជាក់ដែរថា ក្រោយបញ្ចប់ការប្រកួត ក្រុមតំណាងឱ្យកម្ពុជានេះ បានធ្លាក់មកនៅលេខ3 ក្នុងពូល G វិញ ពោលគឺនៅពីក្រោមក្រុម Ceres Negros (ហ្វីលីពីន) និង Thnah Quan Ninh (វៀតណាម) ខណៈដែលក្រុម Bali United ស្ថិតនៅបាតតារាង៕


ស្ត្រីមានគភ៌ដែលចាញ់កូនខ្លាំង កូននៅក្នុងផ្ទៃ ច្បាស់ជារឹងប៉ឹងខ្លាំងដែរ
លទ្ធផលនៃការតាមដានពិនិត្យមើលស្ត្រីមានគភ៌ជាង 850,000នាក់ បានឱ្យដឹងថា ស្ត្រីមានគភ៌ដែលមានអាការចាញ់កូន មិនថាតែចាញ់ខ្លាំង ឬចាញ់តិចនោះទេ ច្រើនតែប្រសូតត្រូវចំកំណត់ពេល ហើយទារកដែលប្រសូតចេញមក ក៏មានសុខភាពរាងកាយរឹងមាំល្អដែរ តែសម្រាប់ស្ត្រីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះ គិតជាភាគរយ 9.5% ច្រើនតែប្រសូតមុនពេលកំណត់ និងទារកខ្លះអាចនឹងស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងគភ៌ផងក៏មាន។
អាការចាញ់កូនកើតឡើងបានចំពោះអ្នកមានគភ៌គ្រប់រូប កើតឡើងដោយសារតែការដែលអ័រម៉ូនក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរាងកាយត្រូវបញ្ជូនសញ្ញាអ្វីម្យ៉ាងចេញមក ដូចជា ក្អួត អស់កម្លាំងល្វើយ ចង់តែគេងសម្រាករហូត ឆាប់ទទួលដឹងក្លិនលឿនជាងសព្វដង មានកង្វល់ និងមិនសប្បាយក្នុងខ្លួន ជាដើមតែអាការចាញ់កូនទាំងនេះនឹងកើតធ្ងន់ធ្ងរចំពោះតែក្នុងត្រីមាសដំបូងប៉ុណ្ណោះ លុះឈានចូលដល់អំឡុងត្រីមាសទី2 អាការចាញ់កូនទាំងនេះនឹងបាត់អស់ទៅវិញ ឬមានអាការស្រួលខ្លួនឡើងវិញជាងមុន។ បើស្ត្រីមានគភ៌មានអាការចាញ់កូន មិនថាច្រើន ឬក៏តិចយ៉ាងណានោះទេ គួរតែប្រាប់ទៅគ្រូពេទ្យឱ្យបានដឹងគ្រប់ពេលដែលទៅពិនិត្យរាងកាយ ដើម្បីគ្រូពេទ្យនឹងបានវាយតម្លៃសុខភាពទារកក្នុងគភ៌របស់អ្នកម្តាយបាន។

បើស្ត្រីមានគភ៌ម្នាក់ណាមានអាការចាញ់កូនខ្លាំង អាចញ៉ាំអាហារខាងក្រោមនេះ ដើម្បីសម្រាលអាការបាន ដូចជា :
1-ទឹកខ្ញីក្តៅៗ ឬត្រជាក់ ដែលមានរសជាតិផ្អែមតិចៗ។
2-បែងអាហារដែលចង់ទទួលទានចេញជាពេលអាហារតូចៗ ដើម្បីទទួលទានក្នុងពេលថ្ងៃ។
3-រៀបចំនំឃុកគី ឬនំគ្រែកឃើរ៍ ដុំតូចៗទុកយកមកញ៉ាំក្នុងពេលថ្ងៃ។
4-ញ៉ាំទឹកឱ្យបានច្រើនៗ និងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់។
សម្រាប់អាការចាញ់កូន អាចនិយាយបានថា ជារឿងប្រក្រតីសម្រាប់អ្នកមានគភ៌ ចូរគិតថាចាញ់កូនខ្លាំង កូនរឹងប៉ឹងខ្លាំង ព្រោះបានបញ្ចេញអ័រម៉ូនការមានជីវិតចេញមកច្រើន តែសម្រាប់ស្ត្រីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះក៏មិនចាំបាច់កង្វល់ដែរ បើពិនិត្យរាងកាយគ្រប់យ៉ាងប្រក្រតីនោះ ក៏បញ្ជាក់ថា អ្នកជាម្តាយដែលសំណាងល្អមែនទែន ដែលមិនចាំបាច់នឿយហត់ជាមួយអាការចាញ់កូន៕

ស្រ្ដីគួរយល់ដឹង! ពិតទេ វ័យជ្រេបន្ដិចសុដន់កាន់តែយារធ្លាក់?
ភាគច្រើនអ្នកតែងតែយល់ថា ស្រ្តីដែលរៀបការរួចហើយមានកូន នោះសុដន់របស់គាត់នឹងមានសភាពយារធ្លាក់ ប៉ុន្តែវាមិនពិតទាំងស្រុងនោះទេ ព្រោះពេលខ្លះអាស្រ័យលើវ័យ ហើយវ័យខ្លះក៏អាចប្រឈមនឹងបញ្ហាសុដន់យារធ្លាក់ខ្លាំងផងដែរ ដោយផ្អែកលើទម្លាប់អាក្រក់របស់គាត់ជារៀងរាល់ថ្ងៃ។ ជាធម្មតា ការធ្លាក់យារសុដន់ កើតឡើងក្រោយពីស្ត្រីឈានដល់វ័យ40ឆ្នាំ ប៉ុន្តែវាក៏អាចកើតឡើងមុនអាយុនេះផងដែរ។ កត្តាផ្សេងទៀតដែលធ្វើឱ្យសុដន់ធ្លាក់យារមានដូចជា ការបំបៅដោះកូន ការមានផ្ទៃពោះ ការអស់រដូវ ការស្រក់ទម្ងន់ខ្លាំង ឬការឡើងទម្ងន់ខ្លាំង ការខ្វះជីវជាតិ ការធ្វើលំហាត់ប្រាណដែលធ្វើឱ្យអស់កម្លាំង និងការពាក់អាវទ្រនាប់ដែលមិនស័ក្តិសមជាដើម។
ជាទូទៅអ្នកតែងចំណាយពេលជាច្រើនក្នុងការថែរក្សាសម្រស់ផ្ទៃមុខជាមួយនឹងការបិទម៉ាស ឬប្រើផលិតផលផ្សេងៗ ដើម្បីទប់ស្កាត់ភាពចាស់មុនអាយុ ដោយពុំសូវបានចាប់អារម្មណ៍ទេ អំពីបញ្ហាដងខ្លួន ជាពិសេសផ្នែកដើមទ្រូង។ ការពាក់អាវទ្រនាប់មិនបានត្រឹមត្រូវដូចជា តឹងពេក ឬធំពេកអាចពន្លឿនដល់ដំណើរការយារធ្លាក់របស់សុដន់បានយ៉ាងឆាប់រហ័ស។ ហេតុដូចនេះ អ្នកគួរជ្រើសរើសប្រភេទអាវទ្រនាប់ណា ដែលសមស្របជាមួយនឹងទំហំរបស់អ្នក ទើបជាការល្អប្រសើរ។
មួយវិញទៀតទង្វើនៃការធ្វើលំហាត់ប្រាណ ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ វាមិនត្រឹមតែធ្វើឱ្យអ្នកមានសុភាពល្អប៉ុណ្ណោះទេ ក៏ប៉ុន្តែវាថែមទាំងជួយឱ្យអ្នកមានរាងស្អាត សិចស៊ី និងចៀសផុតពីបញ្ហាសុដន់យារធ្លាក់មុនវ័យបានថែមទៀតផង។ បើតាមការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យដឹងថា ការថែរក្សាតុល្យភាពនៃទម្ងន់ឱ្យនៅនឹង ក៏ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយផងដែរ ក្នុងការចៀសផុតពីបញ្ហាសុដន់យារធ្លាក់។ ក្រៅពីនោះអ្វីដែលសំខាន់មួយទៀតគឺ ការងូតទឹកក្តៅ វាក៏អាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីការនឿយហត់ ប៉ុន្តែវាអាចបណ្ដាលឱ្យខូចទ្រង់ទ្រាយទ្រូងរបស់អ្នកបាន។ បញ្ហាផ្សេងទៀតដូចជាមហារីកសុដន់ ឬជំងឺទាក់ទងនឹងផ្លូវដង្ហើម ការទទួលទានជាតិនីកូទីនច្រើនពេក និងការទទួលទានគ្រឿងស្រវឹង ក៏អាចធ្វើឱ្យសុដន់ធ្លាក់យារផងដែរ។ ក៏ប៉ុន្តែបញ្ហាធ្លាក់យារនេះ យើងអាចការពារបានតាមរយៈរូបមន្តធម្មជាតិងាយៗដូចខាងក្រោមនេះ៖
1. ត្រសក់ និងផ្នែកលឿងនៃស៊ុត

ម៉ាសដែលធ្វើមកពីការលាយបញ្ចូលគ្នានៃផ្លែត្រសក់ និងផ្នែកលឿងនៃស៊ុត គឺពិតជារូបមន្តដ៏អស្ចារ្យក្នុងការជួយពង្រឹងសុដន់។ កិនត្រសក់មួយផ្លែឱ្យម៉ដ្ឋ បន្ទាប់មកបន្ថែមផ្នែកលឿងនៃស៊ុតចំនួនមួយ និងប្រេងអូលីវមួយស្លាបព្រាកាហ្វេ ដើម្បីលាយបញ្ចូលគ្នាឱ្យស្មើសាច់បន្តិច។ បន្ទាប់មក ចូរលាបទៅលើសុដន់របស់អ្នក ហើយទុកកន្លះម៉ោង មុននឹងលាងចេញជាមួយនឹងទឹកត្រជាក់។ ចូរធ្វើបែបនេះរយៈពេលមួយសប្តាហ៍ម្តង ដើម្បីធ្វើឱ្យសុដន់របស់អ្នកតឹងណែនល្អ។
2. ផ្នែកសនៃស៊ុត
ផ្នែកសនៃស៊ុតគឺជារូបមន្តមួយផ្សេងទៀត ដើម្បីការពារកុំឱ្យសុដន់យារ ដោយសារតែវាមានសារធាតុចិញ្ចឹមដ៏សំខាន់។ យកផ្នែកសនៃស៊ុតវាយក្រឡុករហូតទាល់តែចេញពពុះ។ យកស៊ុតដែលវាយច្របល់ហើយនេះលាបនៅលើសុដន់របស់អ្នក និងទុកចោលរយៈពេលកន្លះម៉ោងចាំលាងវាចេញ។ ព្យាយាមធ្វើបែបនេះមួយសប្តាហ៍ម្តង ដើម្បីពង្រឹងភាពតឹងណែនរបស់សុដន់។
3. ការហាត់ប្រាណ
អ្នកត្រូវតែធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកចាប់អារម្មណ៍ថា សុដន់របស់អ្នកបានផ្ដើមយារធ្លាក់។ ការហាត់ប្រាណនេះបានជួយដោះស្រាយបញ្ហាសុដន់ និងពង្រឹងសាច់ដុំជុំវិញដើមទ្រូង។ ការសង្កត់ទ្រូងការធ្វើចលនាដៃលើកដៃឡើងលើ អាវ៉ង់ សុទ្ធសឹងតែជាលំហាត់ប្រាណដែលជួយឱ្យសុដន់របស់អ្នកតឹងណែនល្អ។
4. ប្រើប្រេងអូលីវ
មានសារធាតុចិញ្ចឹមមួយចំនួននៅក្នុងប្រេងអូលីវ។ គ្រឿងផ្សំទាំងនេះអាចជួយការពារកុំឱ្យសុដន់ធ្លាក់យារបាន ហើយវាក៏ធ្វើឱ្យស្បែករបស់អ្នករលោងស្អាតផងដែរ។ ចាក់ប្រេងអូលីវលើបាតដៃរបស់អ្នក ហើយយកមកត្រដុសនឹងបាតដៃទាំងពីរចុះឡើង ដើម្បីឱ្យមានកម្តៅ។ បន្ទាប់មក សឹមយកមកលាបម៉ាស្សាថ្មមៗលើសុដន់របស់អ្នកចុះឡើងៗ។ ធ្វើបែបនេះថ្មមៗរយៈពេល15នាទី។ ចូរធ្វើបែបនេះឱ្យបានរយៈពេល4 ឬ5ដងក្នុងមួយសប្តាហ៍ នោះអ្នកនឹងឃើញពីប្រសិទ្ធភាពរបស់ប្រេងអូលីវ។
5. ប្រទាលកន្ទុយក្រពើ
ប្រទាល់កន្ទុយក្រពើមានសារធាតុជាច្រើន ដើម្បីជួយពង្រឹងសុដន់ និងជួយកុំឱ្យស្បែកសុដន់ធ្លាក់យារ។ យកទឹក ឬជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើទៅលាបលើសុដន់ និងយកមកម៉ាស្សាថ្មមៗជារង្វង់មូលលើសុដន់រយៈពេល10នាទី និងទុកចោលរយៈពេល10នាទីទៀត ហើយបន្ទាប់មកលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។ ចូរធ្វើបែបនេះឱ្យបានពី4ទៅ5ដងក្នុងមួយសប្ដាហ៍ ដើម្បីទទួលបាននូវប្រសិទ្ធភាពល្អជាទីគាប់ចិត្ត៕
មហោស្រពភាពយន្តខ្លីចតុមុខឆ្នាំទី៩ បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំ២០២០នេះហើយ!!!
(CSFF) ត្រូវបានចាប់បដិសន្ធិឡើង ដើម្បីអបអរដល់ភាពយន្តខ្លីមកពីជុំវិញ ពិភពលោក។ ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួត ដល់សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែ មីនានេះ តទៅ។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់យុវសមិទ្ធិករយើង ឱ្យបង្ហាញ ទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៩នេះនឹងត្រូវបានរៀបចំដោយ អង្គការភាពយន្តឈូករ័ត្ន (Sunflower Film Organization [SFO])។

CSFF នឹងជ្រើសរើសភាពយន្តខ្លីដែលលេចធ្លោ សម្រាប់ឆ្នាំទី៩នេះ ក្នុងពាក់កណ្តាលខែកក្កដាខាងមុខ។ ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោច ជា៤ប្រភេទដូចតទៅ៖
🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា
🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ
មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាឆ្នាំនេះ បន្ទាប់ពីកម្មវិធីមានប្រយោជន៍ជាបន្តបន្ទាប់ ដូចជា «យល់ដឹងពីកុនចតុមុខ» (Chaktomuk Film Insight), «ជំរំភាពយន្តឈូករ័ត្ន» (Sunflower FilmCamp), យុទ្ធនាការផ្សព្វផ្សាយតាមសាលា សន្និសីទព័ត៌មាន។

លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំទី៩នេះថ្លែងថា៖ «២០២០ ជាឆ្នាំ ដែលយើងចង់បន្តលើកទឹកចិត្តយុវជនកម្ពុជា ឱ្យចូលរួមចែករំលែករឿងរ៉ាវជីវិត តាមរយៈស្នាដៃភាពយន្តខ្លី។» លោកក៏បន្ថែមថា៖ «ហេតុដូច្នេះហើយ បានជាយើង ប្រកាន់យក ពាក្យស្លោក «ប្រាប់រឿងរបស់អ្នកឱ្យយើងដឹងផង» (Bring Along Your Story) សម្រាប់ ឆ្នាំនេះ»។

គួរឱ្យរំភើបជាងនេះទៅទៀត គឺឆ្នាំនេះ មហោស្រពមានកិត្តិយសលពីកញ្ញាពីយ៉ា វេហ្គា (Piya Vega) ដែលជាតារ៉ា បង្ហាញម៉ូដ និងសម្តែង ជាទីអារម្មណ៍របស់មហាជនកម្ពុជា ក្នុងការធ្វើជាទូតសុឆន្ទៈ សម្រាប់ ឆ្នាំនេះ។ ជ័យលាភីកម្ពុជា ពី Thailand Digital Awards 2020 ម្នាក់នេះ បានសម្តេងចំណាប់អារម្មណ៍ថា៖ «នាងខ្ញុំធ្លាប់បានចូលរួមកម្មវិធីជំរំ ភាពយន្តរបស់មហោស្រពកាលពីឆ្នាំ២០១៦ ក្នុងនាមជាតួសម្តែង សម្រាប់សាច់រឿងទាក់ទងនឹងការជួញដូរផ្លូវភេទ។ សម្រាប់ឆ្នាំនេះ នាងខ្ញុំត្រឡប់មកគាំទ្រកម្មវិធីមហោស្រពទាំងមូល ក្នុងន័យផ្តល់កម្លាំងចិត្តដល់ក្រុមការងាររៀបចំ យុវសមិទ្ធិករភាពយន្តខ្លីយើង ក៏ដូចជាទស្សនិកជនឱ្យចូលរួមលើកស្ទួយវិស័យភាពយន្តទាំងអស់គ្នា។ ព្រោះថា អនាគត របស់យុវសមិទ្ធិករយើង គឺចាប់ផ្តើមពីភាពយន្តខ្លីនេះហើយ។ »

សូមរំលឹកដែរថា ភាពយន្តខ្លីឆ្នើមរបស់យើងកាលពីឆ្នាំ២០១៨ មានចំណងជើងថា «មុនមេឃភ្លៀង» ដឹកនាំរឿងដោយ លោក នេត ឥន្ទនរាសុទ្ធីដ្ឋេព។ រឿងនេះនិយាយពីយុវតីជាសិស្សរួមថ្នាក់២រូប ដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ រហូត មានម្នាក់ត្រូវបាត់បង់ជីវិត។ អ្វីដែលគួរឱ្យកត់សម្គាល់គឺស្នាដៃនេះ ត្រូវបានចាក់បញ្ចាំងនៅមហោស្រពជាដៃគូនៅក្រៅ ស្រុក ដូចជា Busan Arthouse International Film Festival និង Asia for Peace Film Festival ជាដើម។ CSFF នឹងប្រារព្ធ Chaktomuk Film Insightដំបូងរបស់ខ្លួន នៅចុងខែមិនានេះ ដោយកាលបរិច្ឆេទ និងទីតាំងច្បាស់ នឹងប្រកាសជូនឆាប់ៗ លើទំព័រហ្វេសប៊ុករបស់យើងខ្ញុំ។
បើអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជនឱ្យបាន ច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកយើងខ្ញុឥឡូវមក តាម https://filmfreeway.com/CSFF ឬ http://csff.co/submission/។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖
http://csff.co ឬ https://www.facebook.com/CSFF.co/
ថតរឿងខ្លីឱ្យបានសប្បាយណា៎ ទាំងអស់គ្នា!
អំពី «ក្រុមភាពយន្តឈូករ័ត្ន»
ក្រុមភាពយន្តឈូករ័ត្ន ឬ Sunflower Film Ailliance គឺជាក្រុមមួយដែលបានបង្កើតឡើង ដោយអង្គការភាពយន្តឈូករ័ត្ន – Sunflower Film Organization – SFO ដែលចូលរួមដោយអ្នកស្ម័គ្រចិត្តជាច្រើនរូបទូទាំង ប្រទេសកម្ពុជាដែលស្រលាញ់ជំនាញ ភាពយន្ត អាយុចន្លោះពី១៥ឆ្នាំដល់៤០ឆ្នាំ។ អង្គការនេះបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ ជាអង្គការមិនរកប្រាក់ចំេណញ ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៩ តាមសេចក្តីប្រកាស លេខ ១៣៩៤ ប្រ.ក។
ក្រុមភាពយន្តឈូករ័ត្នវិញបានផលិតគម្រោងខ្លួនឯង និងសហផលិត តាំងពីចុងឆ្នាំ២០១៧ ដែលរួមមានកម្មវិធី«កុនខ្ញុំ» សម្រាប់ ទូរទស្សន៍ជាតិកម្ពុជា (ទទក) កម្រងរឿងពី«គ្រួសារ» និងភាពយន្តខ្លីៗដូចជារឿង “akumu”និងរឿងខ្លីៗមួយចំនួនទៀត។ ទាំងនេះ គឺដោយសារតែមាន ការគាំទ្រពីទស្សនិកជនទូទាំងប្រទេសនិងបានចាប់ដៃសហការគ្នាជាមួយ ស្ថាប័នល្បីៗ មួយចំនួនទៀត។ ក្រុមភាពយន្តឈូករ័ត្ន មាន គោលដៅដ៏ចម្បង គឺចង់អោយមានការយល់ដឹងកាន់តែទូលំ ទូលាយអំពីការផលិតភាពយន្ត ដើម្បីកសាង ឧស្សាហកម្មភាពយន្ត កម្ពុជា ឱ្យរឹងមានដោយយើង ក៏បានសហការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ជាមួយសម្ព័ន្ធមិត្តតាមបណ្តាខេត្ត មួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖
លោក ម៉ុត គិមរី
ប្រធានផ្នែកទំនាក់ទំនង
លេខដៃ: (+855) 10 23 68 17, (+855) 12 56 86 51
អុីមែល: [email protected]


ទីក្រុង Wuhan ត្រៀមបើកដំណើរការព្រលានយន្តហោះឡើងវិញនៅចុងខែក្រោយ
អាកាសយានដ្ឋានអន្តរជាតិ Wuhan Tianhe (Wuhan Tianhe International Airport) អាចនឹងត្រូវបានបើកដំណើរការឡើងវិញនៅចុងខែមីនាខាងមុខ នៅពេលដែលបទបញ្ជារឹតត្បិតការដើរហើរដើម្បីទប់ស្កាត់ COVID-19 នៃទីក្រុងនេះ ត្រូវបានដកចេញ។
“យើងកំពុងត្រៀមដើម្បីបើកដំណើរការព្រលានយន្តហោះនេះឡើងវិញ។ បើតាមគម្រោងគឺនៅចុងខែនេះ ប្រហែលជាក្រោយថ្ងៃទី20មីនា។ យើងមិនទាន់ដឹងអំពីពេលវេលាច្បាស់លាស់នៅឡើយ ហើយយើងកំពុងរង់ចាំបញ្ជាពីក្រុមមន្ត្រីខេត្ត Hubei” នេះជាការអះអាងរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ដែលគ្រប់គ្រងអាកាសយានដ្ឋាន Wuhan Tianhe។
Wuhan Tianhe ដែលជាព្រលានយន្តហោះធំបំផុតមួយរបស់ប្រទេសចិន ត្រូវបានផ្អាកដំណើរការនៅពេលទីក្រុងធំរបស់ខេត្ត Hubeiនេះ ត្រូវបានដាក់បម្រាមគោចរកាលពីចុងខែមករា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19។ បទបញ្ជាបម្រាមគោចរនៅទីរួមខេត្ត Hubei អាចនឹងត្រូវដកចេញវិញ បន្ទាប់ពីស្ថានភាពសុខាភិបាលបានល្អប្រសើរឡើងវិញ។

ទីក្រុង Wuhan ថ្ងៃនេះ បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ចំនួន8ករណី ដែលនេះគឺជាកំណើនទាបបំផុត ក្នុងអំឡុងជិត2ខែមកនេះ។ មន្ត្រីកំពូលផ្នែកវេជ្ជសាស្ត្រម្នាក់របស់ប្រទេសចិន បានព្យាករថា ទីក្រុង Wuhan អាចនឹងលែងមានករណីឆ្លងវីរុសកូរ៉ូណាថ្មី ចាប់ពីចុងខែមីនានេះ។
“ថ្ងៃបើកដំណើរការឡើងវិញ នឹងត្រូវបានប្រកាសឱ្យដឹង នៅពេលយើងទទួលបានបញ្ជាពីនាយកដ្ឋានអាកាសចរណ៍។ បុគ្គលិករបស់យើងចំនួន 1/5 បានត្រឡប់មកធ្វើការវិញហើយ” នេះបើតាមអ្នកគ្រប់គ្រងព្រលានយន្តហោះ Wuhan Tianhe។
ជើងហោះហើរដំបូងបំផុតពីព្រលានយន្តហោះ Wuhan គឺរបស់ក្រុមហ៊ុន Beijing Capital Airlines ដែលនឹងចេញដំណើរនៅវេលាម៉ោង 10:40នាទី ថ្ងៃទី29មីនា ទៅកាន់ទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។ Beijing Capital Airlines ឱ្យដឹងថា ម៉ោងចេញដំណើរនៃជើងហោះហើរចេញពីទីក្រុង Wuhanនេះ អាចប្រែប្រួលទៅតាមតម្រូវការរបស់អាជ្ញាធរ ដោយយោងទៅលើស្ថានភាពជាក់ស្ដែងរបស់រោគរាតត្បាត COVID-19។យោងតាមគេហទំព័រកក់សំបុត្រយន្តហោះមួយចំនួនរបស់ប្រទេសចិន អ្នកដំណើរពីទីក្រុង Wuhan អាចធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សៀងហៃ សិនជិន និងទីក្រុងផ្សេងមួយចំនួនទៀតរបស់ប្រទេស៕
ប្រភព៖ សារព័ត៌មានបរទេស

កំពូលតារាសម្ដែងល្បីឈ្មោះ Tom Hanks និងភរិយា បានឆ្លងនូវវីរុសCOVID-19
តាមរយៈសារព័ត៌មានកម្សាន្ដបរទេស variety បានចេញផ្សាយនៅពេលមុននេះបន្ដិចឱ្យដឹងថា កំពូលតារាសម្ដែងលោក Tom Hanks និង នាង Rita Wilson ជាភរិយា បង្ហោះសារនៅបណ្ដាញអ៊ីនស្ដាក្រាមរបស់ខ្លួនប្រកាសថា អ្នកទាំងពីរបានធ្វើតេស្តឃើញវិជ្ជមានសម្រាប់វីរុស COVID-19។ នេះជាដំបូងហើយដែលតារាសម្ដែងល្បីឈ្មោះ ហ៊ានបង្ហោះនិងផ្សព្វផ្សាយជាសាធារណៈនូវការធ្វើរោគវិនិច្ឆ័យ។
ក្នុងសាររបស់លោក បានថ្លែងថា “សួស្តីគ្រប់គ្នា! ខ្ញុំនិងភរិយា កំពុងស្ថិតក្នុងប្រទេសអូស្ត្រាលី។ អ្វីដែលកើតឡើងគឺ ពួកយ៉ាងមានអារម្មណ៍ហត់នឿយតិចតួច ដូចកើតជម្ងឺផ្តាសាយ រួមទាំងការចុករោយរាងកាយផងដែរ។ Rita ភរិយាខ្ញុំមានអាការៈរងាញាក់ម្តងៗ និងគ្រុនក្តៅតិចតួច។ ដើម្បីឲ្យប្រាកដចិត្ត និងស្ថិតក្នុងវិបត្តិពិភពលោកពេលនេះ ពួកយើងក៏បានទៅធ្វើតេស្តរកមេរោគ Coronavirus ហើយលទ្ធផលនោះគឺ វិជ្ជមាន” លោកបានបន្តថា “ចឹងឥឡូវត្រូវធ្វើម៉េចទៀត? ខាងពេទ្យគឺគេមានក្បួនច្បាប់ត្រឹមត្រូវដើម្បីឲ្យយើងធ្វើតាម។ ពួកយើងទាំង២នាក់ នឹងត្រូវបានបន្តការធ្វើតេស្ត សង្កេត និងញែកចេញពីអ្នកផ្សេង ដើម្បីសុខភាព និងសុវត្ថិភាពសាធារណៈដែលតម្រូវឲ្យគោរពតាម។ មួយថ្ងៃសោះ រឿងមិននឹកស្មានអ្វីក៏អាចកើតឡើងដែរ មែនទេ? យើងនឹងឲ្យពិភពលោក Update ពីរឿងពួកយើងបន្តបន្ទាប់ទៀត។ ថែខ្លួនផងគ្រប់គ្នា! Hanx.”
អ្នកផ្ទៃក្នុងបានឲ្យដឹងថា អ្នកដែលជាប់ពាក់ព័ន្ធនឹងមេរោគនេះ គឺមានតែ២នាក់ប្តីប្រពន្ធ Hanks តែប៉ុណ្ណោះ ហើយការថតកុន គឺស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ បានន័យថាការថតមិនទាន់មានដំណើរការអ្វីឡើយ។ ចំណែកក្រុមហ៊ុនផលិតធំ Warner Bros. ក៏បានសម្តែងការយកចិត្តទុកដាក់ទទួលខុសត្រូវ និងមើលថែអ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់ផងដែរ ដោយមានការសហការណ៍យ៉ាងជិតស្និតជាមួយស្ថាប័នសុខភាពនៅប្រទេស អូស្ត្រាលី។
យ៉ាងណាមិញ Nine Network បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តារាសម្តែងស្ថិតនៅក្នុងការយកចិត្តទុកដាក់ខ្ពស់ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីបានទំនាក់ទំនងយូរជាមួយតារាសម្តែងទាំងពីររូបខាងលើនេះ។
https://www.instagram.com/p/B9nVasnBNF5/?utm_source=ig_embed



ក្រសួងកសិកម្ម ជំរុញឱ្យបង្កើនការអនុវត្តកសិកម្មល្អ និងស្តង់ដាកសិកម្មសរីរាង្គ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការជំរុញគម្រោងលើកកម្ពស់ការអនុវត្តកសិកម្មល្អ (GAP) ឱ្យមានប្រសិទ្ធភាព និងជំរុញការអនុម័តស្ដង់ដាកសិកម្មសរីរាង្គជាតិឱ្យបានឆាប់រហ័ស គឺជាគន្លឹះសំខាន់ក្នុងការលើកស្ទួយវិស័យកសិកម្មដែលកំពុងជួបបញ្ហាប្រឈម។
ការលើកឡើងនេះ ត្រូវបានធ្វើឡើង នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2019 និងលើកទិសដៅការងារឆ្នាំ2020 របស់អគ្គនាយកដ្ឋានកសិកម្ម ក្រោមការចូលរួម ពីថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត និងមន្ត្រីអគ្គនាយកដ្ឋាន ប្រមាណ 500នាក់ ដែលធ្វើឡើងកាលពីចុងខែកុម្ភៈ កន្លងទៅ។
នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានទទួលស្គាល់ថា វិស័យកសិកម្មកម្ពុជា មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ហើយបញ្ហាទាំងនោះត្រូវមានការដោះស្រាយជាប្រព័ន្ធ។ លើសពីនេះ ឯកឧត្តម នៅតែចាត់ទុកវិស័យកសិកម្ម ជាវិស័យស្នូលក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការពារសន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ ជីវភាពកសិករ និងការពារបរិស្ថាន។ ដូច្នេះក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធបង្កើតកិច្ចប្រជុំនេះឡើង ដើម្បីពិភាក្សារួមគ្នា និងផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការអនុវត្តកសិកម្មល្អ (GAP) ពិសេសឈានទៅជំរុញកសិកម្មសរីរាង្គកម្ពុជាកាន់តែប្រសើរឡើង។
ឯកឧត្តមក៏បានអះអាងឱ្យដឹងដែរ អំពីលទ្ធផលនៃវិស័យកសិកម្មថា តាមការវាយតម្លៃរបស់អង្គភាពជំនាញបានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ2019 វិស័យកសិកម្ម សម្រេចទទួលបានអត្រាកំណើន ផ.ស.ស. ពិតនៃវិស័យកសិកម្ម ចំនួន4%។ អនុវិស័យដំណាំកសិកម្ម សម្រេចបានក្នុងរង្វង់ 13,7% ប្រហាក់ប្រហែលនឹងឆ្នាំ2018 តែការនាំចេញមានទំហំកើនឡើង។
ឯកឧត្តមបញ្ជាក់ថា៖ “បើទោះបី កំណើនផលិតកម្មដំណាំខ្លះ មានការធ្លាក់ចុះបន្តិចក្ដី តែដំណាំកសិកម្មយុទ្ធសាស្ត្រមួយចំនួន ក៏ដូចជាការនាំចេញ គឺនៅរក្សាកំណើនខ្ពស់ដដែល ដូចជាដំណាំដំឡូងមី បន្លែ ដំណាំចេកអំបូងលឿង ស្វាយកែវរមៀត និងគ្រាប់ស្វាយចន្ទីជាដើម។ ជាមួយនេះ គុណភាពអង្ករកម្ពុជា ដែលនៅតែមានឧត្តមភាពប្រកួតប្រកួតប្រជែង និងទទួលបាននូវការលើកតម្កើងកេរិ៍្តឈ្មោះនៅលើឆាកអន្តរជាតិក្នុងរយៈពេល 4ឆ្នាំជាប់ៗគ្នា ជាពិសេស អង្ករក្រអូបប្រណីតពូជស្រូវផ្ការំដួលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ថា មានគុណភាពល្អ និងមានរសជាតិឆ្ងាញ់នៅលើសកលលោក”។
ជាមួយគ្នានោះដែរ កម្ពុជាបានចរចាបើកទីផ្សារ និងពង្រីកទំហំនៃការនាំចេញផលិតផលដំណាំសំខាន់ៗដែលកំពុងដំណើរការចរចាពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារប្រទេសចិន ការចុះបញ្ជីសហគ្រាស និងការបញ្ចប់ពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ និងផ្លែមៀនប៉ៃលិនសម្រាប់ទីផ្សារប្រទេសថៃ ផងដែរ។ នេះជាការលើកឡើងបន្ថែម ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម។
ក្នុងនោះដែរ ទន្ទឹមនឹងការទទួលបានលទ្ធផលខាងលើនេះ ក្នុងគោលដៅបន្តជំរុញការអនុវត្តកសិកម្មល្អ និងស្តង់ដាកសិកម្មសិរីរាង្គ ឱ្យកាន់តែមានការរីកចម្រើន ឯកឧត្តមបានជំរុញ និងបានបន្ថែមទៀតនូវអនុសាសន៍មួយចំនួន សម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្ត ដើម្បីជំរុញឱ្យបង្កើនការអនុវត្តកសិកម្មល្អ និងស្តង់ដាកសិកម្មសរីរាង្គកម្ពុជារួមមាន៖
ទី1. ត្រូវបន្តរៀបចំ និងពង្រឹងការអនុវត្តប្រកបដោយមនសិការវិជ្ជាជីវៈនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដែលបម្រើឱ្យការងារគ្រប់គ្រងផលិតកម្មដំណាំ ការត្រួតពិនិត្យគុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ការអនុវត្តកសិកម្មល្អ និងស្តង់ដាកសិកម្មសរីរាង្គជាដើម។
ទី.2 ត្រូវបន្តជំរុញការសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្មដំណាំ បន្សុទ្ធ និងពង្រីកពូជដំណាំដែលមានគុណភាពល្អ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងមានតម្លៃបន្ថែមខ្ពស់។
ទី.3 បន្តការបណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ដោយផ្តោតលើស្តង់ដាកសិកម្មសុវត្ថិភាពឱ្យបានទូលំទូលាយ។ ជំរុញការធ្វើពិពិធកម្មដំណាំសាកវប្បកម្ម ដំណាំបន្លែដែលមានតម្រូវការទីផ្សារខ្ពស់ ប្រកបដោយគុណភាព និងសុវត្ថិភាពដែលអាចជំនួសការនាំចូល និងបម្រើការនាំចេញ តាមរយៈការពង្រីកទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមសហគមន៍កសិកម្ម។ ជាពិសេសត្រូវចៀសវាងការប្រើប្រាស់សារធាតុគីមី ក្នុងផលិតកម្មដំណាំកសិកម្មដែលនាំឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ តាមស្មារតីនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ទី.4 ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ និងអាជីវកម្មរបស់សហគមន៍កសិកម្មឱ្យមានលក្ខណៈជាអាជីពក្នុងធុរកិច្ចកសិកម្ម និងសហការជាមួយវិស័យឯកជនដើម្បីអភិវឌ្ឍខ្សែចង្វាក់តម្លៃលើមុខដំណាំសំខាន់ៗតាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា និងកិច្ចសហការជាមួយអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី.5 ត្រូវពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍ជាតិកសិកម្ម ក្នុងការវិភាគ និងវាយតម្លៃគុណភាពធាតុចូលកសិកម្ម (ពូជ ជី ថ្នាំកសិកម្ម) គុណភាពដី និងកម្រិតសំណល់ថ្នាំកសិកម្មក្នុងផលិតផលកសិកម្ម ដី និងទឹក ដោយត្រូវសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។
ទី6. ត្រូវពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តាមរយៈការតាមដានវាយតម្លៃ ការព្យាករ និងការអន្តរាគមន៍កម្ចាត់សមាសភាពចង្រៃលើដំណាំ ការត្រួតពិនិត្យ និងចុះបញ្ជីកសិដ្ឋាន ការអនុវត្តកសិកម្មល្អ ពង្រឹងយន្តការទប់ស្កាត់ការឆ្លងរាលដាលនូវសមាសភាពចង្រៃ និងរឹតបន្តឹងការនាំចូលកសិផលមិនមានគុណភាព និងគ្មានសុវត្ថិភាពដែលនាំឱ្យប៉ះពាល់ដល់ផលិតកម្មដំណាំក្នុងស្រុកសុខុមាលភាពសាធារណៈ និងសម្រាប់ការនាំចេញ។
ទី7. បន្តពង្រឹងប្រសិទ្ធភាពសេវាពិសោធន៍វិភាគក្នុងមន្ទីរពិសោធន៍ ដោយត្រូវបំពាក់ឧបករណ៍វិភាគសំណល់ថ្នាំកសិកម្ម និងសេវាត្រួតពិនិត្យភូតគាមអនាម័យ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ ដោយជំរុញសេវាត្រួតពិនិត្យភូតគាមអនាម័យឱ្យកាន់តែកៀកនឹងអ្នកប្រើប្រាស់ មានភាពងាយស្រួលព្រមទាំងដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាភូតគាមអនាម័យប្រចាំតំបន់ ដូចជាការដាក់ពាក្យស្នើសុំការត្រួតពិនិត្យតាមប្រព័ន្ធកុំព្យូទ័រ និងអភិវឌ្ឍប្រព័ន្ធ e-Phyto ជាដើម។
តាមរយៈអនុសាសន៍ខាងលើនេះ ក្រសួងកសិកម្មរំពឹងថា នឹងឈានទៅធានាដល់ការលើកកម្ពស់សុវត្ថិភាពបន្លែផ្លែឈើសរីរាង្គ ដើម្បីផ្គត់ផ្គង់ទៅក្នុងទីផ្សារនៅប្រទេសកម្ពុជា៕

អាណាព្យាបាលគួរចូលរួមយុទ្ធនាការ “តោះ- អានរៀងរាល់ថ្ងៃ” ដើម្បីអនាគតកុមារកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយដៃគូបង្កើតយុទ្ធនាការ តោះអានរៀងរាល់ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី6 ដល់ថ្ងៃទី15 ខែមីនា ឆ្នាំ2020 នេះ ដើម្បីជំរុញឱ្យមានការអានកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា និងជាពិសេស គឺសម្រាប់កុមារ។
បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា យុទ្ធនាការ “តោះអានរៀងរាល់ថ្ងៃ” គឺជាយុទ្ធនាការដែលមានគោលបំណងផ្សព្វផ្សាយការអាន និងជំរុញទឹកចិត្តឱ្យឪពុកម្តាយ ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ បណ្ណារក្ស និងអ្នកពាក់ព័ន្ធនានា បង្កើតនូវទម្លាប់វិជ្ជមានមួយក្នុងការចំណាយពេលវេលាអានជាមួយនឹងកូន ប្អូន ក្មួយ ចៅ ក៏ដូចជាសិស្សានុសិស្សក្នុងរយៈពេលនៃយុទ្ធនាការ និងបន្តទម្លាប់នេះក្នុងសកម្មភាពប្រចាំថ្ងៃ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាក្រសួងអប់រំបានដាក់ចេញនូវកំណែទម្រង់ជាច្រើនដើម្បីអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែប្រសើរ មានគុណភាពប្រកបដោយសមធម៌ និងបរិយាប័ន្ន និងផ្តល់ឱកាសលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ នៅក្នុងនោះ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយនឹងអង្គការមូលនិធិអាស៊ី និងដៃគូអភិវឌ្ឍន៍នានា រៀបចំជាយុទ្ធនាការមួយដែលមានឈ្មោះថា “តោះអានរៀងរាល់ថ្ងៃ” ដែលមានរយៈពេល 10ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី6 ដល់ថ្ងៃទី15 ខែមីនា ឆ្នាំ2020។ យុទ្ធនាការដ៏មានសារៈសំខាន់នេះ លើកទឹកចិត្តឱ្យអាណាព្យាបាលក្រុមគ្រួសារ លោកគ្រូ-អ្នកគ្រូ និងបណ្ណារក្ស ចំណាយពេលអានជាមួយកូនៗ សិស្សានុសិស្ស និងកុមារដើម្បីបង្កើតនូវបរិយាកាសរីករាយជាមួយគ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាការអានជាផ្នែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគុណភាពកុមារ ព្រោះកាលណាកុមារតូចៗមានទម្លាប់អានច្រើន ពួកគេនឹងមានប្រភពចំណេះដឹងច្រើន ហើយការសិក្សារបស់ពួកគេក៏នឹងមានភាពល្អប្រសើរឡើងតាមហ្នឹងដែរ។ កាលណាកុមារតូចអានបានច្រើន នៅពេលពួកគេធំឡើង មេរៀនទាំងឡាយនៅក្នុងកម្មវិធីសិក្សា ជាពិសេសមេរៀនអំណាន ក៏អាចធ្វើឱ្យរៀនបានពូកែ និងឆាប់យល់ដែរ។ បន្ថែមពីលើនេះ ប្រសិនបើអាណាព្យាបាលចេះបង្កើតទម្លាប់អានបានល្អនៅក្នុងផ្ទះផងនោះ ក្មេងៗនឹងអាចរីករាយជាមួយនឹងការអាន ដែលធ្វើឱ្យពួកគេចងចាំពាក្យបានល្អជាងមុន ហើយលទ្ធភាពនៃការសរសេរ ឬតែងសេចក្តីក៏ល្អផងដែរ។
ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖ «ការចំណាយពេលវេលាអានជាមួយកុមារ អាចជួយឱ្យកុមារឆាប់ចេះពាក្យថ្មីៗ បង្កើតក្តីស្រមៃ និងមានទម្លាប់វិជ្ជមានក្នុងការអាន។ សូមចូលរួមយុទ្ធនាការតោះអានរាល់ថ្ងៃ ដើម្បីចាប់ផ្តើមអានជាមួយកុមារ»។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាលការអានដល់កុមារ ដើម្បីឱ្យពួកគេចាប់ផ្តើមមានសមត្ថភាពអំណានកាន់តែខ្ពស់នៅកម្រិតបឋមសិក្សា។ ជាក់ស្តែងកន្លងមក ក្រសួងអប់រំ បានដាក់ចេញនូវកម្មវិធីអំណានដំបូងដើម្បីឱ្យកុមារទាំងអស់មានសម្ភារអំណានគ្រប់គ្រាន់ ក៏ដូចជាមានកម្មវិធីសិក្សាមួយប្រកបដោយប្រសិទ្ធភាពសម្រាប់បង្កើនសមត្ថភាពអានឱ្យបានល្អ។
លោក សុខ ឡាក់ ស្ថាបនិកបណ្ណាល័យបញ្ញវន្ត បានលើកឡើងថា ការបណ្តុះឥរិយាបថនៃការអានដល់កុមារ គឺជាគំរូប្រកបដោយប្រសិទ្ធភាពមួយ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
បច្ចុប្បន្ននេះ យើងឃើញថា ពិភពលោកកំពុងប្រែប្រួលយ៉ាងលឿន ហើយការប្រកួតប្រជែងក៏កំពុងតែមាន កាន់តែខ្លាំងក្លាផងដែរ។ ហេតុនេះដើម្បីបណ្តុះបណ្តាលឱ្យមានធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់បំពេញតម្រូវការនាពេលអនាគត លុះត្រាតែកុមារនាពេលបច្ចុប្បន្នចូលចិត្តអាន ហើយវប្បធម៌អំណានត្រូវបានអនុវត្តនៅគ្រប់ទីកន្លែងទាំងនៅក្នុងសាលារៀន នៅក្នុងសហគមន៍ និងនៅក្នុងក្រុមគ្រួសារនីមួយៗ។
លោក សុខ ឡាក់ បាននិយាយថា៖ «ការអភិវឌ្ឍកុមារត្រូវបានអ្នកអប់រំជាច្រើនមើលឃើញថា ផ្តល់ផលចំណេញច្រើនណាស់សម្រាប់អនាគត។
ហេតុនេះការបណ្តុះបណ្តាលវប្បធម៌អំណាន ឬការអានជាមួយកុមារ ជាផ្នែកយ៉ាងសំខាន់ដែលអាចទាញបាននូវផលចំណេញយ៉ាងខ្ពស់សម្រាប់សង្គម»។
ស្ថាបនិកបណ្ណាល័យខាងលើបានបន្ថែមទៀតថា ដើម្បីជំរុញឱ្យកុមារកាន់តែមានសមត្ថភាពអានកាន់តែខ្លាំង យើងគ្រប់គ្នាគួរតែលើកទឹកចិត្ត និងបើកចិត្តឱ្យទូលាយដើម្បីស្វែងយល់ពីសារៈសំខាន់នៃសៀវភៅកុមារ។ កុំគិតថា សៀវភៅកុមារមានតម្លៃថ្លៃ មានរូបច្រើន ឬមិនសូវមានអក្សរដែលធ្វើឱ្យអានបានតិច ឬមិនចង់ចំណាយប្រាក់ទិញជាដើម តែត្រូវងាកមកគិតថា វាជាឧបករណ៍ដ៏មានសារៈសំខាន់ដែលអាចរុញច្រានកុមារ ឱ្យក្លាយជាមនុស្សម្នាក់ដែលមានសមត្ថភាព និងអាចអានបាននូវគ្រប់ប្រភេទឯកសារនៅថ្ងៃខាងមុខ។ ចំណែកឯអ្នកបង្កើតសៀវភៅកុមារ ក៏គួរតែព្យាយាមបង្កើនប្រសិទ្ធភាព និងភាពច្នៃប្រឌិតឱ្យកាន់តែទាន់សម័យឡើង ដើម្បីធ្វើយ៉ាងណាជំរុញឱ្យមានជម្រើសកាន់តែច្រើនសម្រាប់អប់រំកុមារ៕