Category: សង្គម និងសេដ្ឋកិច្ច

  • សហរដ្ឋ​អាមេរិក ចេញច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ មិន​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​របស់ក្រុម​ហ៊ុន​ចិន Huawei

    សហរដ្ឋ​អាមេរិក ចេញច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ មិន​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​របស់ក្រុម​ហ៊ុន​ចិន Huawei

    ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក Donald Trump កាល​ពី​ម្សិល​មិញ បាន​ចេញ​ច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ក្នុង​ប្រទេសនេះ ​មិន​ឱ្យ​យក​​ប្រាក់​ជំនួយ​របស់​រដ្ឋា​ភិបាល​ ទៅ​ទិញ​ឧបករណ៍​បច្ចេក​វិទ្យា​ពី​ក្រុម​ហ៊ុនចិន​ Huawei។

    ទន្ទឹម​នឹង​ Huawei ច្បាប់​នេះ​ក៏​ហាម​ក្រុម​ហ៊ុន​ទូរគមនាគមន៍​នៅ​សហ​រដ្ឋ​អាមេរិក​ ទិញ​ឧបករណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ផ្សេង​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា​ជា “ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ​”។

    ច្បាប់​នេះ​ក៏បាន​ស្នើ​ឱ្យ​គណៈ​កម្មការ​​ទូរគមនាគមន៍​សហ​រដ្ឋ FCC (Federal Communications Commission) បង្កើត​កម្ម​វិធី​ជំនួយ​ដល់​បណ្ដា​ក្រុមហ៊ុន​អ៊ីនធើណិត​តូច​ៗផងដែរ​។ ក្រុម​ហ៊ុន​តូច​ទាំង​នោះ នឹង​ទទួល​បាន​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​ បើសិន​ពួកគេ​យល់​ព្រម​បោះ​បង់​ឧបករណ៍​ ឬ​សេវា​កម្ម​របស់​ចិន​ ​ដែល​ត្រូវ​បាន​ហាមដោយ​អាមេរិក​​ ចេញ​ពី​ប្រព័ន្ធ​ទូរគមនា​គមន៍​។

    កាល​ពី​ថ្ងៃទី​27មីនា សភាជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ បាន​បោះ​ឆ្នោត​យល់​ព្រមទម្លាក់​កញ្ចប់​ថវិកាជំនួយ​ ចំនួន​1ពាន់​លាន​ដុល្លារ​ សម្រាប់​ក្រុម​ហ៊ុន​ទូរគមនា​គមន៍​ណា​ដែលមិន​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន ចិន Huawei និង ZTE។ កញ្ចប់​ជំនួយ​នេះ នឹង​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​អ៊ីនធើណិត​តូច​ៗ ដែល​កំពុង​ធ្វើ​សកម្ម​ភាព​នៅ​តាម​តំបន់​ជនបទ​ នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន SCMP។

    សមាគម​ទូរគមនា​គមន៍​មិន​ប្រើ​ខ្សែនៅ​ជនបទ​​របស់សហរដ្ឋ​​អាមេរិក​ RWA (Rural Wireless Association) បាន​សរសើរ​អំពី​កាយ​វិការ​នេះរបស់​សភាជាន់​ខ្ពស់​ ប៉ុន្តែ សមាគមនេះ​យល់​ថា 1ពាន់​លាន​ដុល្លារ​ គឺ​វា​ “មិន​សម​ស្រប​” នោះ​ទេ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

    បច្ចុប្បន្ន ក្រុមហ៊ុន​ទូរគមនា​គមន៍​ជា​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក បាន​បំពាក់​ឧបករណ៍​ផ្សេង​ៗ​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន Huawei និង​ ZTE ដោយ​សារ​តែវា​មាន​តម្លៃ​ទាប។ ប៉ុន្តែ ឧបករណ៍​ទាំង​នោះ​ ភាគ​ច្រើន ត្រូវ​បានបំពាក់​តាំង​ពី​ប៉ុន្មាន​ឆ្នាំមុន​​មក​ហើយ​។

    សេត​វិមាន​ ធ្លាប់​បាន​លើក​ឡើង​ និង​សង្ស័យ​ថា Huawei បាន​ប្រើ​ប្រាស់​បណ្ដាញ​ទូរគមនា​គមន៍​ដើម្បី​បើក​ដៃ​ឱ្យ​រដ្ឋា​ភិបាល​ចិន​ ធ្វើ​សកម្ម​ភាព​ចារ​កិច្ច​។ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ក៏មាន​ការព្រួយ​បារម្ភ ​ខ្លាច​ក្រុម​ហ៊ុន​ចិន​នឹង​ “បង្កការ​​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​” បើ​សិន​ជា​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យដំឡើង​ប្រព័ន្ធ​ 5G នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក។ ប៉ុន្តែ ក្រុមហ៊ុន​ Huawei តែង​តែ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បេសក​កម្ម​ទៅកាន់​ពិភពព្រះអង្គារ​ ដើម្បី​ស្វែង​រក​សភាវ​រស់​ ត្រូវ​បាន​ពន្យារ​ពេល​ ដោយ​សារ​តែ​…

    បេសក​កម្ម​ទៅកាន់​ពិភពព្រះអង្គារ​ ដើម្បី​ស្វែង​រក​សភាវ​រស់​ ត្រូវ​បាន​ពន្យារ​ពេល​ ដោយ​សារ​តែ​…

    ផែន​ការ​បញ្ជូន​រ៉ូបូត​ឡើង​ទៅ​ស្វែង​រកស​​ភាវ​រស់​នៅ​លើ​ពិភពព្រះ​អង្គារ​​ របស់​រុស្ស៊ី និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប​(ESA) ត្រូវ​បាន​ពន្យា​រពេល​ចំនួន​2ឆ្នាំ ដោយ​សារ​បញ្ហា​បច្ចេក​ទេស និង​ផល​ប៉ះពាល់​របស់​រោគ​រាត​ត្បាត​ COVID-19។

    ទីភ្នាក់​ងារ​អវកាស​រុស្ស៊ី(Roscosmos) និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប(ESA) បាន​សម្រេច​ចិត្ត​ពន្យា​ពេល​ក្នុង​ការ​បាញ់​បង្ហោះ​យាន​អវកាស​របស់​ពួកគេ​ទៅ​ខែ​សីហា ឬ​ខែកញ្ញា​ ឆ្នាំ​2022 ពោល​គឺ​យឺត​ជាង​2ឆ្នាំ​ ធៀប​នឹងផែន​ការ​ដែល​បាន​គ្រោង​ទុក​។ ក្រុម​អ្នក​គ្រប់​គ្រង​គម្រោង​បាន​ឱ្យ​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​ការ​ពិសោធ​ជា​ច្រើន​ទៀត​ ដើម្បី​ធានា​ឱ្យ​បាន​ថា រាល់​ផ្នែក​នៃ​យាន​អវកាស​ ដំណើរ​ការ​ល្អ​បំផុត​ក្នុង​បេសក​កម្ម​ទៅ​កាន់​ឋាន​ព្រះអង្គារ​។

    “នោះ​គឺជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ ប៉ុន្តែ​វា​ចាំបាច់​ណាស់​” Dmitry Rogozin អ្នក​ដឹក​នាំ​ទីភ្នាក់​ងារ​អវកាស​ Roscosmos របស់​សហ​ព័ន្ធ​រុស្ស៊ី ថ្លែង​អំពី​ការ​ពន្យា​ពេល​លើ​ការ​បាញ់​បង្ហោះ​យាន​អវកាស​​ទៅ​កាន់​ពិភព​ព្រះ​អង្គារ​។​ តាម​ផែន​​ការ​ដំបូង​ យាន​អវកាស​គ្មាន​មនុស្ស​បើក​បរ ExoMars ដែល​នឹង​មាន​ភារកិច្ច​នាំ​រ៉ូបូត​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​ដើម្បី​ស្វែង​រក​សភាវ​រស់​នេះ​ នឹង​ត្រូវ​បាញ់​បង្ហោះ​នៅ​ចុង​ឆ្នាំ​ បន្ទាប់​ពី​បាន​ពន្យា​ពេល​ជា​ច្រើន​លើក ប៉ុន្តែ​ពេល​នេះ វា​នៅ​តែ​ត្រូវ​បាន​ពន្យា​ពេល​ម្ដង​ទៀត​។

    អគ្គនាយក​នៃ​ទី​ភ្នាក់​ងារ​អវកាស ​ESA លោក Jan Worner សង្កត់​ធ្ងន់​ថា “ទាំង​2ភាគី សុទ្ធ​តែ​ចង់​ឱ្យ​បេសក​កម្ម​នេះ​ទទួល​បាន​ជោគ​ជ័យ​ 100​%។ សកម្ម​ភាព​សាក​ល្បង​​នានា​នឹង​ជួយ​ធានា​សុវត្ថិ​ភាព​សម្រាប់​ការ​បាញ់​បង្ហោះ​​ ហើយ​តាម​រយៈ​នេះ យើង​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អបំផុត​ផ្នែក​វិទ្យា​សាស្ត្រ​”។ នេះ​បើ​តាម​សារ​ព័ត៌មាន AFP។

    ទន្ទឹម​នឹង​មូល​ហេតុ​បច្ចេក​ទេស ការ​ពន្យា​រពេល​ខាងលើ​ក៏បាន​កើត​ឡើង​​ដោយ​សារ​ផល​ប៉ះពាល់​ពី​រោគ​រាត​ត្បាត​ COVIVD-19​ ផងដែរ​។ Rogozin បាន​ឱ្យ​ដឹង​ថា បទ​បញ្ជា​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​រវាង​បណ្ដា​ប្រទេស​ បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជួប​បញ្ហា​ក្នុង​ការ​សហការ​គ្នា​ ដើម្បី​អនុវត្ត​គម្រោង​ការ​នេះ​។

    កម្មវិធី​អវកាស​រួម ExoMars ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​និមិត្ត​រូប​សំខាន់​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ រវាង​រុស្ស៊ី និង​អឺរ៉ុប នៅ​ក្នុង​ស្ថាន​ភាព​តាន​តឹង​ជាមួយ​អ៊ុយ​ក្រែន​ និង​ស៊ីរី​។ ទីភ្នាក់​ងារ​អវកាស​ Roscosmos របស់​រុស្ស៊ី នឹង​ផ្ដល់​កន្លែង​បាញ់​បង្ហោះ កន្លែង​ចុះ​ចត​ និង​ម៉ូឌុល​ដើម ចំណែក​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប ESA នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ និង​គ្រប់​គ្រង​ដំណើរ​ការ​រ៉ូបូត​ Rosalind Franklin។

    រ៉ូបូត​ខាង​លើនឹង​ត្រូវ​បាន​បញ្ជា​ពី​មជ្ឈមណ្ឌល​អវកាស​មួយ​ នៅ​ក្នុង​តំបន់ Torino ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ ដែល​ជា​កន្លែង​កំពុង​រង​គ្រោះ​ខ្លាំង​ដោយសារ​រោគ​ COVID-19 នៅ​អឺរ៉ុប។ Rosalind Franklin គឺជា​ឧបករណ៍​ដំបូង​គេ​ដែល​មាន​សមត្ថ​ភាព​ស្វែង​រក​សភាវ​រស់​នៅ​ក្រោម​ដី​​ ជម្រៅ 2ម៉ែត្រ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Apple Store កំពុងតែខ្វះខាតគ្រឿងបន្លាស់សម្រាប់ការជួសជុលឧបករណ៍ដែលខូច

    Apple Store កំពុងតែខ្វះខាតគ្រឿងបន្លាស់សម្រាប់ការជួសជុលឧបករណ៍ដែលខូច

    បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg ដែល​ប្រាប់​ដែរ​ថា ​មាន​​ហាង​មួយ​ចំនួន​កំពុង​តែ​ខ្វះ​ខាត​គ្រឿង​បន្លាស់មួយចំនួន ​សម្រាប់​ការ​ជួសជុល​ឧបករណ៍​ដែល​ខូច ខណៈ​ពេល​ដែល​វីរុស​កូរ៉ូណា កំពុងវាយលុក​ខ្លាំង។ Apple បាន​ធ្វើ​ការ​ជូន​ដំណឹង​ដល់​បុគ្គលិក​របស់​ខ្លួន​ថា​ គ្រឿងបន្លាស់របស់ iPhone ដែលបានបម្រុងទុក​សម្រាប់​ប្ដូរ​​ជូន​​អតិថិជន នឹង​មាន​ការ​ខ្វះខាត​នៅ​ខែ​បន្ទាប់ទៅទៀតនេះហើយ។

    ​ប្រភព​ដដែល​បាន​ពន្យល់​ថា​ Apple បាន​ប្រាប់​ដល់​បុគ្គលិក​​ផ្នែក​បច្ចេកទេស​នៅ​ហាង​លក់​រាយទាំងឡាយ​ថា ​ គ្រឿងបន្លាស់ iPhone សម្រាប់​ប្ដូរជូន​អតិថិជន នឹង​មាន​កង្វះ​ខាត​​យូរ​បំផុត​ពី​ 2 ទៅ 4សប្ដាហ៍។

    គ្រឿងបន្លាស់ iPhone ទាំង​នេះ ​គឺ Apple ទុក​សម្រាប់​ប្ដូរ​ជូន​អតិថិជន នៅ​ពេល​អតិថិជន​​ជួប​បញ្ហា​លើ​​ iPhone ​ហើយ iPhone នោះ​មិន​អាច​ជួសជុល​បានុ។

    ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ Apple បាន​ប្រាប់​ដល់​បុគ្គលិក​ផ្នែក​បច្ចេកទេស​របស់ខ្លួនថា ​ពួក​គេ​អាច​ផ្ញើ​គ្រឿងបន្លាស់ iPhone សម្រាប់​ប្ដូរ​ ទៅ​ដល់​អតិថិជន​ និង​អាច​ផ្ដល់​​ឧបករណ៍​សម្រាប់ឱ្យ​អតិថិជន​​ខ្ចី​ប្រើ​ប្រាស់​​ជា​បណ្ដោះ​អាសន្នសិន​បាន៕

  • អ្នកជំនាញ៖ ការជូតសម្អាតទូរស័ព្ទ ក៏ជាវិធីការពារខ្លួនពីវីរុសកូរ៉ូណាមួយដែរ

    អ្នកជំនាញ៖ ការជូតសម្អាតទូរស័ព្ទ ក៏ជាវិធីការពារខ្លួនពីវីរុសកូរ៉ូណាមួយដែរ

    យោង​តាមប្រភព​ពី​អង្គការ​សុខភាព​ពិភពលោក(WHO)បានឱ្យដឹងថា WHO ​បាន​ចេញ​សារាចរ​ណែនាំ​​ដល់ប្រជាជន​ទូទាំង​ពិភពលោក ឱ្យអនុវត្ត​តាម​ចំណុច 3យ៉ាង​សំខាន់​ៗ ដើម្បីកាត់បន្ថយហានិភ័យក្នុងការឆ្លងវីរុស Covid-19​ដូច​ខាង​ក្រោមនេះ៖

    1. លាងសម្អាតដៃឱ្យបានញឹកញាប់ ដោយ​ប្រើ​ទឹក​អាល់កុល​សម្លាប់​មេរោគ ឬ​ជាមួយ​សាប៊ូ និង​ទឹកស្អាត។
    2. ប្រើ​ក្រដាស​អនាម័យ ឬ​កែង​ដៃ ខ្ទប់​មុខ​នៅ​ពេល​ក្អក ឬ​កណ្ដាស់ រួច​បោះ​ក្រដាស​ចោល​ភ្លាម​ៗ និង​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត។
    3. ចៀសវាង​ការ​ប៉ះពាល់​អ្នក​ដែល​មាន​ជំងឺ​ផ្ដាសាយ និង​ក្អក។

    យ៉ាងណាក្ដី ​​អ្នកជំនាញបានរកឃើញថា COVID-19 អាចទំជាប់លើស្គ្រីនទូរស័ព្ទបានរហូតដល់ 1អាទិត្យឯណោះ។ ​អ្នក​ជំនាញ​ការបានឱ្យ​ដឹង​ថា ​វីរុសអាចរាលដាលតាមរយៈដំណក់ទឹក ដែលត្រូវបានបញ្ចេញតាមរយៈ​ការ​ក្អក និងកណ្តាស់ ហើយ​មេរោគអាចនៅរស់ និងសេសសល់នៅលើផ្ទៃទូរស័ព្ទដៃ បាន 7ថ្ងៃ។

    សាស្រ្តាចារ្យ William Keevil មកពីសាកលវិទ្យាល័យ Southampton បានប្រាប់ថា “អ្នកអាចលាងដៃរបស់អ្នកបាន ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមប៉ះអេក្រង់ស្មាតហ្វូនរបស់អ្នកទៀត ហើយបន្ទាប់មកយកដៃមកប៉ះមុខរបស់អ្នក វា​អាច​មាន​សក្តានុពលនៃការឆ្លងមេរោគ”។

    ដើម្បី​ជា​ការ​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​តាម​រយៈ​ទូរស័ព្ទដៃ​នេះ អ្នក​ជំនាញការបាន​ណែនាំ​ឱ្យឧស្សាហ៍​ជូតសម្អាត​ស្គ្រីន​ទូរស័ព្ទ ​ជាមួយ​អាល់កុល​ឱ្យ​បាន​យ៉ាង​ហោច 2​ដង​ក្នុង​ 1​ថ្ងៃ៕

  • បំណងល្អ! …បើកំពុងប្រើកម្មវិធី VPN ចូរឆាប់លុបចោលទៅ ព្រោះមានគេរកឃើញថា អ្នកដែលបង្កើតកម្មវិធីនេះមក គឺដើម្បីលួចយក Data របស់អ្នក

    បំណងល្អ! …បើកំពុងប្រើកម្មវិធី VPN ចូរឆាប់លុបចោលទៅ ព្រោះមានគេរកឃើញថា អ្នកដែលបង្កើតកម្មវិធីនេះមក គឺដើម្បីលួចយក Data របស់អ្នក

    ប្រភព​ព័ត៌មាន​ BuzzFeed News បានផ្សព្វផ្សាយថា យ៉ាងហោចណាស់ក៏មានជាង 20កម្មវិធីដែរ ដែលក្រុមហ៊ុន Sensor Tower បានប្រើប្រាស់ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Sensor Tower បានប្រើកម្មវិធីដ៏ពេញនិយមរបស់គេមានដូចជា Luna VPN និង Unlimited VPN នៅក្នុង Google Play Store ហើយ Luna VPN និង AdBlock Focus នៅក្នុង Apple App Store ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។

    ក្រុមហ៊ុន Sensor Tower អាចជ្រៀតចូលក្នុងទូរស័ព្ទ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលកម្មវិធី (Root Certificate) ជាកម្មវិធីដែលគេអាចប្រើដើម្បីទាញយកទិន្នន័យ។

    ចាប់តាំងពីឆ្នាំ2015 មក ក្រុមហ៊ុននេះ បានដាក់ឱ្យប្រើកម្មវិធីចំនួនប្រមាណ 20 សម្រាប់ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS។

    នៅពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានលុបចោលកម្មវិធី AdBlock Focus ចំណែកឯក្រុមហ៊ុន Android វិញ បានលុបចោលកម្មវិធី Mobile Data ហើយ។

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់អ្នកប្រើប្រាស់ឱ្យលុបចោលកម្មវិធីពីក្រុមហ៊ុន Sensor Tower ព្រមទាំងកម្មវិធីណាដែលលោកអ្នកមានការសង្ស័យ ព្រោះថា អ្វីដែលគ្រោះថ្នាក់បំផុតនោះ គឺលោកអ្នកប្រហែលជាគិតថា កម្មវិធីទាំងនោះមានអត្ថប្រយោជន៍ណាស់សម្រាប់លោកអ្នក តែការពិត វាគ្រាន់តែជានុយដើម្បីទាក់លួចយកទិន្នន័យរបស់លោកអ្នកប៉ុណ្ណោះ៕

  • កីឡាគុនដាវ សាកលវិទ្យាល័យអាស៊ាន ឆ្នាំនេះ កម្ពុជាបានមេដាយច្រើនជាងឆ្នាំមុន

    កីឡាគុនដាវ សាកលវិទ្យាល័យអាស៊ាន ឆ្នាំនេះ កម្ពុជាបានមេដាយច្រើនជាងឆ្នាំមុន

    សហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ជូនអត្តពលិកគុនដាវ ទៅចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី4 ឆ្នាំ2020 នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី10 ខែមីនា ឆ្នាំ2020 ដោយខាងសហព័ន្ធ បានបញ្ជូនកីឡាករចំនួន 9នាក់ និងគ្រូបង្វឹក 3នាក់ទៅចូលរួម។

    ជាលទ្ធផល កីឡាកររបស់កម្ពុជាទទួលបានមេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធចំនួន ៣គ្រឿង ដែលមានកីឡាករ-កីឡាការិនី ដូចខាងក្រោមនេះ៖
    ១- កីឡាការិនី ឆាយ លីនលី ទទួលបានមេដាយមាស ១គ្រឿង សម្រាប់វិញ្ញាសានារីឯកត្តជនដាវតូច
    ២- កីឡាការិនី យី លីហ្សា ទទួលបានមេដាយប្រាក់ ១គ្រឿង សម្រាប់វិញ្ញាសានារីឯកត្តជនដាវតូច
    ៣- កីឡាការិនី សន និច ទទួលបានមេដាយសំរឹទ្ធ​ ១គ្រឿង សម្រាប់វិញ្ញាសានារីឯកត្តជនដាវតូច និងមេដាយសំរឹទ្ធ ១គ្រឿង សម្រាប់វិញ្ញាសានារីឯកត្តជនដាវធំ
    ៤- កីឡាករ ថុង តាំងជីន ទទួលបានមេដាយសំរឹទ្ធ 1គ្រឿង សម្រាប់វិញ្ញាសាបុរសឯកត្តជនដាវតូច

    ចំពោះការប្រកួតនេះ គឺជាលើកទី4 ហើយ ដែលសហព័ន្ធកីឡាគុនដាវកម្ពុជាបានចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះ ដោយមានការកើនឡើងនូវចំនួនមេដាយរង្វាន់ ដោយឆ្នាំនេះកម្ពុជាទទួលបានមេដាយមាស 1គ្រឿង ខណៈឆ្នាំមុនមិនទទួលបានមេដាយមាសឡើយ។ គួរបញ្ជាក់ដែរថា ចំនួនកីឡាករ កីឡាការិនីចូលរួមលើកនេះមានការថយចុះ ដោយមានប្រទេសតែ6 ប៉ុណ្ណោះចូលរួមប្រកួត គឺដោយសារតែជំងឺ COVID-19 ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោកហ្នឹងឯង៕

  • ឥណ្ឌូនេស៊ី ផ្តល់សញ្ជាតិដល់កីឡាករបរទេសម្នាក់ ដើម្បីត្រៀមជួយក្រុមក្នុងវគ្គជម្រុះ World Cup

    ឥណ្ឌូនេស៊ី ផ្តល់សញ្ជាតិដល់កីឡាករបរទេសម្នាក់ ដើម្បីត្រៀមជួយក្រុមក្នុងវគ្គជម្រុះ World Cup

    កីឡាករ Marc Klok គឺជាខ្សែបម្រើបរទេសមួយរូប ដែលលេងនៅក្លិប Persija Jakarta លីកកំពូលឥណ្ឌូនេស៊ី បានទទួលសញ្ជាតិឥណ្ឌូនេស៊ី ដោយរូបគេនឹងត្រូវបានក្លាយជាកីឡាករជនបរទេសមួយរូបថ្មីទៀត ដែលបានចូលសញ្ជាតិឥណ្ឌូនេស៊ី។

    កីឡាករមានវ័យ 26ឆ្នាំ ដែលលេងក្នុងតំណែងខ្សែបម្រើការពារខាងលើនេះ មានដើមកំណើតសញ្ជាតិដើម ហូឡង់ ខណៈរូបគេទើបតែឈានជើងមកស្គាល់ទឹកដីឥណ្ឌូនេស៊ីកាលពីឆ្នាំ2017 មកទល់ពេលបច្ចុប្បន្នប៉ុណ្ណោះ តែក៏បានស្នើសុំចូលសញ្ជាតិតែម្តង ហើយក៏បានសម្រេចដូចបំណងទៀតផង។ យោងតាមអ្នកនាំពាក្យរបស់ក្រសួងយុវជន និងកីឡា នៃប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា សម្រាប់ Marc Klok ពេលនេះ គឺមានសិទ្ធិជាពលរដ្ឋឥណ្ឌូនេស៊ីពេញលេញ ចំណែកឯការកោះហៅចូលលេងឱ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅតែរង់ចាំការសម្រេចអនុញ្ញាតជាលើកចុងក្រោយពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) តែប៉ុណ្ណោះ។

    វាហាក់ជារឿងគាប់ជួនមួយ ដែលកីឡាកររូបនេះបានទទួលសញ្ជាតិឥណ្ឌូនេស៊ី ខណៈដែលក្រុមជម្រើសជាតិមួយនេះ កំពុងធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយសារមិនទាន់ស្គាល់រសជាតិឈ្នះ  ឬស្មើម្តងឡើយចាប់តាំងពីខែតុលា ឆ្នាំ2019 មកទល់នឹងពេលនេះ ដោយក្នុងនោះការប្រកួតវគ្គជម្រុះ World Cup មិនទាន់មានពិន្ទុរាប់នឹងគេនៅឡើយ៕

  • វិស័យ​សំណង់​ក្នុង​ខេត្តកំពត នៅតែមាន​សម្ទុះ​រីកចម្រើន​ខ្លាំង នៅ​ដើមឆ្នាំ2020

    វិស័យ​សំណង់​ក្នុង​ខេត្តកំពត នៅតែមាន​សម្ទុះ​រីកចម្រើន​ខ្លាំង នៅ​ដើមឆ្នាំ2020

    ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពត បាន​អះអាងថា វិស័យ​សំណង់​ក្នុង​ខេត្តកំពត​នៅតែមាន​សម្ទុះ​រីកចម្រើន​ខ្លាំង​នៅ​ដើមឆ្នាំ2020 នេះ ខណៈ​កាលពី​ឆ្នាំ2019 រដ្ឋបាលខេត្ត​នេះ បានចេញ​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន 238គម្រោង ក្រោម​ទុនវិនិយោគ​សរុប ជាង 3លាន​ដុល្លារ​អាមេរិក។

    ការលើកឡើង​ពី​សំណាក់​ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពត​នៅពេលនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បើក​វគ្គ​ផ្សព្វផ្សាយ​ស្ដីពី “ច្បាប់​សំណង់” នៅសាលប្រជុំ​សាលាខេត្ត​កំពត កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ2020 កន្លងទៅនេះ។

    នាឱកាស​នោះ អភិបាល​ខេត្តកំពត លោក ជាវ តា​យ បាន​លើកឡើងថា វិស័យ​សំណង់​នៅក្នុង​ខេត្តកំពត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មាន​សម្ទុះ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ខណៈ​រដ្ឋបាលខេត្ត បាន​បង្កើន​ការត្រួតពិនិត្យ និង​គ្រប់គ្រង​សំណង់​បានល្អ​ប្រសើរ។ ជាក់ស្តែង លោក​ថា កាលពី​ឆ្នាំ2019 រដ្ឋបាលខេត្ត​បានចេញ​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន 238គម្រោង ក្រោម​ទុនវិនិយោគ​សរុប 3,187,300ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ2018 គឺមាន​កំណើន 80ភាគរយ។

    លោក​បន្តថា ក្នុង​ឆ្នាំ2019 កន្លងទៅនេះ ខេត្តកំពត​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​សំណង់ ដោយមាន​កិច្ចសហការ​ចូលរួម​ពី​គ្រប់​ជំនាញ​ពាក់ព័ន្ធ ធ្វើ​ឱ្យវិស័យ​សំណង់​ក្នុង​ខេត្ត មាន​សម្ទុះ​រីកចម្រើន និង​មាន​លក្ខណៈ​ល្អប្រសើរ។ ជាងនេះទៀត លោក​ថា រដ្ឋបាលខេត្ត ក្រុង ស្រុក បានចេញ​លិខិតអនុញ្ញាត​សាងសង់ បាន​ចំនួន 238គម្រោង ដែលមាន​ផ្ទៃក្រឡា​សរុប 90,299ម៉ែត្រការ៉េ, ទុនវិនិយោគ​សរុប 3,187,300 ដុល្លារ​អាមេរិក បើ​ប្រៀបធៀបទៅនឹងឆ្នាំ2018 មាន​កំណើន 80 ភាគរយ ដោយមាន​ត្រឹមតែ 142គម្រោង មាន​ផ្ទៃក្រឡា​សរុប 52,008 ម៉ែត្រការ៉េ ប៉ុណ្ណោះ។

    លោក​អភិបាល​ខេត្តកំពត​រូបនេះ​អះអាងថា “ប្រជាពលរដ្ឋ​ខេត្តកំពត មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ឡើង ពី 1ថ្ងៃ​ទៅ 1ថ្ងៃ។ ចំណែក​ទីផ្សារ​អចលនទ្រព្យ កាន់តែ​មានតម្លៃ​ខ្ពស់ សំណង់ធំៗជាច្រើន​មានការ​សាងសង់ឡើង ពិសេស​នៅក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ រួមទាំង​តំបន់​ទីប្រជុំជន​នៅតាម​បណ្ដា​ស្រុកដទៃទៀត”។

    ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក លាង មុនី​រិ​ទ្ធ បាន​ថ្លែងថា ការសាងសង់​សំណង់​ធំខ្ពស់ៗ ដែល​សម្ទុះ​នៃ​ការរីកចម្រើន​របស់​វិស័យ​សំណង់​នេះ បានទាមទារ​តម្រូវកា​រ​នៃ​ការពង្រឹង​ការគ្រប់គ្រង រាល់​ដំណើរការ និង​ប្រតិបត្តិការ​ក្នុង​វិស័យ​សំណង់ រួមជាមួយ​អ្នកពាក់ព័ន្ធ​ជុំវិញ​ការងារ សំណង់​កាន់​តែមាន​ភាពចាំបាច់​ជា​សារវន្ត។

    លោក​បន្តថា ដោយសារ​វិស័យ​សំណង់​កាន់តែ​ធំ កាន់តែ​ខ្ពស់ និង​កាន់តែ​ស្មុគស្មាញ គឺ​កាន់តែ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ តាម​បទដ្ឋាន​គតិយុត្ត បច្ចេកវិទ្យា​ស្តង់ដា និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ធានា​ភាពរឹងមាំ គុណភាព សោភណភាព និង​ចីរភាព​នៃ​សំណង់ រៀបចំខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល (Digital) ដើម្បី​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី 4 ផង ដើម្បី​លើកតម្កើង​អត្តសញ្ញាណ​ជាតិ និង​ភាពសុខដុមរមនា​នៅក្នុង​សង្គម​ផង។

    គួរ​រំឭក​ដែរ​ថា ពាក់ព័ន្ធ​នឹង​ភាព​រីកចម្រើន​នៃ​វិស័យ​សំណង់​នៅ​ខេត្តកំពត​នេះដែរ បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​បង្ហាញថា ចាប់តាំងពី​ឆ្នាំ2016 ដល់​ដំណាច់​ខែសីហា ឆ្នាំ2019 កន្លងមក ការវិនិយោគ​ពី​ប្រទេស​ចិន នៅតាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ ដូចជា​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង និង​ខេត្តកំពត លើកលែងតែ​ខេត្ត​កែប ទទួលបាន​ទុនវិនិយោគ​ប្រមាណ 2.6ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​ប្រមាណ 11.5ភាគរយ នៃ​ទំហំ​វិនិយោគ​សរុប​នៅ​កម្ពុជា ។

    របាយការណ៍​នោះបាន​បង្ហាញថា ការវិនិយោគ​នៅ​ខេត្តកោះកុង​មាន​ទំហំ​វិនិយោគ​ប្រមាណ 470លាន​ដុល្លារ​អាមេរិក ខេត្ត​ព្រះសីហនុ មាន​ទំហំ​វិនិយោគ​ចំនួន 2ពាន់​លាន​ដុល្លារ​អាមេរិក និង​ខេត្តកំពត មាន​ទំហំ​វិនិយោគ​ប្រមាណ​ជាង 100លាន​ដុល្លារ​អាមេរិក។

    យ៉ាងណាក្ដី ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​ផ្សព្វផ្សាយ​ស្ដីពី “ច្បាប់​សំណង់” នា​ខេត្តកំពត ក៏បាន​អះអាង​ដែរ​ថា តាមរយៈ​ច្បាប់​សំណង់នឹង​ឈានទៅ​លើកកម្ពស់​សុខុមាល​ភាព​សាធារណៈគណនេយ្យភាព និង​ប្រសិទ្ធភាព​ក្នុងការ​ប្រកបការងារ និង​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់ ដោយ​បង្កើន​ការជឿទុកចិត្ត របស់​វិនិយោគិន​នៅក្នុង​វិស័យ​សំណង់ និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្តកំពត កាន់តែ​រីកចម្រើន​ខ្លាំង នៅក្នុង​ឆ្នាំ2020 នេះ បន្ថែមទៀត៕