Category: សង្គម និងសេដ្ឋកិច្ច

  • មង្គលការតារាសម្ដែង ម៉ាក សែនសូនីតា នៅតែមានតារាសិល្បៈនិង​ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ

    មង្គលការតារាសម្ដែង ម៉ាក សែនសូនីតា នៅតែមានតារាសិល្បៈនិង​ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ

    មង្គលការ​តារាសម្ដែង​រូប​ស្រស់​សោភាអ្នកនាង ម៉ាក សែនសូនីតា ឬ ហៅ​ថា​ តូតា ត្រូវបាន​បញ្ចប់​ហើយ​នារាត្រី​ថ្ងៃ​ទី​​ ១៦ នេះ​នៅ​សណ្ឋាគារ​សុខា លំដាប់​ផ្កាយ​៥ ត្រើយ​ខាង​កើត ក្រោម​វត្ត​មាន​ភ្ញៀវកិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ដល់​ថ្នាក់​ធ្វើឱ្យកូន​ក្រមុំ និង​កូន​កំលោះ​ញញឹម​បិទមាត់​មិន​ជិត​នោះទេ។

    ថ្ងៃ​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​នេះ​ដែរ​អ្នកនាង តូតា បាន​គ្រង​រ៉ូប​ពណ៌​ស​មួយ​ឈុត​យ៉ាង​ស្រស់​ស្អាត​​ជាមួយ​ស្នាញ​ញឹម​ដ៏​ស្រស់​ប្រឹមប្រិយ៍​ដឹកដៃ​ស្វាមី​ដើរ​​ទៅ​សំដៅ​លើឆាក​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​ភ្ញៀវកិត្តិយស​ទាំង​​ក្នុង​ និង​ក្រៅ​សិល្បៈ​ដែល​បាន​​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​មក​ចូល​រួម។ ​វត្តមាន​ តូតា និង​ស្វាមី​ដឹក​ដៃ​គ្នា​ឡើង​ទៅ​លើ​ឆាក​នេះ​ដែរ បាន​ធ្វើ​ឱ្យអ្នក​ចូល​រួម​ក្នុង​ពិធី​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង​​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​មិន​ដាច់​ពី​មាត់​ថា ស្រស់​ស្អាត​ស័ក្ដិសម​គ្នា​ខ្លាំង​ណាស់​គូស្វាមី​ភរិយា​មួយ​គូនេះ​ មិន​ខុស​ពី​ព្រះនាង និង​រាជបុត្រ​ក្នុង​រឿង​និទាន​នោះ​ទេ៕

  • វិធី5យ៉ាង ជួយឱ្យបបូរមាត់ស្អាតគួរឱ្យស្រឡាញ់

    វិធី5យ៉ាង ជួយឱ្យបបូរមាត់ស្អាតគួរឱ្យស្រឡាញ់

    អ្នកណា​ថា​សម្រស់​មិន​សំខាន់? សម្រស់​គឺ​សំខាន់​ខ្លាំងណាស់ ហើយ​សម្រស់​បបូរមាត់​របស់នារីៗទាំងអស់ ក៏​សំខាន់​ណាស់ដែរ បើបុរសៗក្រឡេកឃើញ​បបូរមាត់​ដ៏​ទន់​រលោង ពណ៌​ស៊ី​ជម្ពូ​របស់​អ្នក ទោះជា​ពណ៌​សម្បុរ​របស់​អ្នក​មិន​ជាស​ស្អាត​ក៏ដោយ ក៏​ជា​ចំណុច​ដ៏​ទាក់ទាញ​មួយ​របស់នារីៗយើង​ផងដែរ។ បបូរមាត់​ដ៏​ទាក់ទាញ​គួរឱ្យ​ចង់​ថើប ជា​ផ្នែក​មួយ​នៃ​មន្ត​ស្នេហ៍​របស់​នារី​សម័យថ្មី ដូច្នេះ​អ្នក​គួរតែ​ចេះ​យក​វា​មក​ធ្វើជា​ប្រយោជន៍ ដើម្បី​បង្កើន​នូវ​មន្ត​ស្នេហ៍ និង​ភាពស្រស់ស្អាត​របស់​អ្នក​ឱ្យ​កាន់​តែមាន​អត្ថន័យ​ឡើង​ថែម​មួយកម្រិត​ទៀត។ អូ​ខេ! មក​មើល​បន្តិច​ទៅ​មើល៍ថា តើ​ដើម្បីឱ្យ​បបូរមាត់​របស់​អ្នក​ក្លាយជា​បបូរមាត់​ដែល​គួរឱ្យ​ស្រឡាញ់​នោះ ត្រូវធ្វើ​ដូចម្តេចខ្លះ? សូម​បន្ត​អាន​អត្ថបទ​ខាងក្រោម​នេះ៖

    1. ការពារ​គឺជា​កូនសោ​សំខាន់ : បបូរមាត់​របស់​អ្នកមាន​ស្រទាប់​ស្បែក​ខាងលើ​ស្តើង​ខ្លាំងណាស់ ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវការពា​រ​វា​ឱ្យបាន​ល្អ​ពី​កម្តៅថ្ងៃ។ ចូរ​ប្រើ​ផលិតផល​លាប​លើ​បបូរមាត់​ណា​ដែលមាន​ជាតិ SPF, UVA, UVB ជាប្រចាំ។ ទុកដាក់​វា​នៅក្បែរ​ដៃ​ចៀសវាង​ការ​ភ្លេច ហើយ​បើ​អ្នក​ត្រូវ​ធ្វើដំណើរ​កម្សាន្ត​ទៀត​នោះ គួរតែ​ដាក់​វា​ក្នុងកាបូ​ប​ស្ពាយ​ជាប់​ខ្លួន​របស់​អ្នក។

    2. រក្សា​សំណើម​បបូរមាត់​ជានិច្ច : បបូរមាត់​នឹង​ឡើង​ស្ងួត​ប្រេះ​បែក ប្រសិនបើ​អ្នក​មិនបាន​បំពេញ​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ដូច្នេះ​មិន​ថា​អ្នក​ទៅដល់​ទីណា​នោះទេ ទឹក​ត្រូវតែ​នៅ​ជាមួយ​អ្នកជា​និច្ច ហើយ​អ្នក​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ផ្តល់នូវ​ជាតិ​សំណើម​ដល់​រាងកាយ​របស់​អ្នក ក៏ដូចជា​បបូរមាត់រ​បស់​អ្នក​ផងដែរ។

    3. កុំ​លិ​ត​បបូរមាត់ : ការ​លិ​ត​បបូរមាត់​មិនមែនជា​វិធី​ផ្តល់​សំណើម​នោះទេ តែ​វា​នឹង​កាន់តែ​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ស្ងួតទៅៗម្តង​បន្តិច។ ជំនួស​ដោយ​ការប្រើ​អណ្តាត​លិ​ត​បបូរមាត់ អ្នក​គួរតែ​ព្យាយាម​លាប​ផលិតផល​ដូចដែល​បាន​ជម្រាបជូន​ខាងលើ​ឱ្យបាន​ញឹកញាប់​វិញ​ប្រសើរ​ជាង។

    4. ផ្តល់​វីតាមីន​ដល់​បបូរមាត់ : ជឿ​ឬទេ​ដែលថា​កង្វះ​វីតាមីន​ធ្វើឱ្យប៉ះពាល់​ដល់​រាងកាយ ទាំង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ? ហើយ​វា​ក៏​នាំឱ្យ​បបូរមាត់​ប្រេះ​បែក​ផងដែរ។ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា អាហារ​ដែល​អ្នកទទួល​ទាន​ជា​អាហារ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព ហើយក៏​កុំ​ភ្លេច​ដាក់បញ្ចូល​វីតាមីន​ចម្រុះ​ដូចជា វីតាមីន B, C, E… ផងដែរ។

    5. ទទួលទាន​អាហារល្អៗ : ពេលធ្វើ​ដំណើរ​កម្សាន្ត​អ្នក​ពិត​ជាមាន​ជម្រើស​ច្រើនណាស់​ក្នុងការ​ភ្លក្ស​អាហារផ្សេងៗតាម​តំបន់ ប៉ុ​ន្តែសូម​កុំភ្លេចថា អាហារ​មួយចំនួន​ដែលមាន​ផ្ទុក​អាស៊ីត​ខ្លាញ់ និង​អាហារ​មួយចំនួនទៀត​ដូចជា ផ្លែឈើ បន្លែ ត្រី ធញ្ញជាតិ និង​ប្រេង​អូ​លីវ​ជាដើម គឺជា​អាហារ​ដ៏​សំខាន់​សម្រាប់​អ្នក​ដែលមាន​បបូរមាត់​ស្ងួត​ប្រេះ​បែក​ដូចជា​រូបអ្នក ដើម្បី​ជួយ​ឱ្យ​សុខភាព​ស្បែក​ត្រង​បបូរមាត់​របស់​អ្នក​ប្រែ​មកជា​មាន​សភាព​ស្រស់ថ្លា និង​មាន​សំណើម​គួរ​ជាទី​ពេញចិត្ត​វិញ។

    អនុវត្តតាម​វិធីងាយៗខាងលើ នោះ​អ្នកនឹង​ទទួលបាន​នូវ​បបូរមាត់​ដែល​ទន់​រលោង មាន​សុខ​ភាពល្អ​គួរឱ្យ​ចង់​ថើប និង​ទាក់ទាញ​ដូច​បំណង​ជាមិនខាន៕

  • ទីនេះសហរដ្ឋអាមេរិក…ប្រជាជនអាមេរិកនាំគ្នាតម្រង់ជួរ ចាំទិញកាំភ្លើងត្រៀមទប់ទល់ស្ថានការណ៍វីរុសមរណៈ

    ទីនេះសហរដ្ឋអាមេរិក…ប្រជាជនអាមេរិកនាំគ្នាតម្រង់ជួរ ចាំទិញកាំភ្លើងត្រៀមទប់ទល់ស្ថានការណ៍វីរុសមរណៈ

    ខណៈដែលមនុស្សម្នាទូទាំងពិភពលោកកំពុងនាំគ្នាប្រមូលទិញក្រដាសអនាម័យ និងចំណីអាហារស្តុកទុក ក្រោមការភ័យខ្លាចមេរោគវីរុសCOVID-19 ដែលកំពុងឆ្លងរាលដាលខ្លាំងនេះ ជនជាតិអាមេរិកាំងមួយចំនួន បែរជានាំគ្នាទៅតម្រង់ជួរចាំទិញកាំភ្លើងទៅវិញ។

    នៅលើបណ្ដាញសង្គមអនឡាញ មានរូបភាព និងឃ្លីបវីដេអូដែលបង្ហាញពីជនជាតិអាមេរិកបានទៅឈរតម្រង់ជួរបន្តកន្ទុយគ្នានៅខាងមុខហាងលក់កាំភ្លើង ដូចជាឃ្លីបដែលអ្នកស្រី អេមីលៀ អាដាមស៍ អ្នកយកព័ត៌មានរបស់ Nine News បាននាំយកមកធ្វីតខាងក្រោមនេះ ជារូបភាពដែលអតិថិជនកំពុងឈរបន្តគ្នាលើចិញ្ចើមថ្នល់ ដើម្បីរង់ចាំចូលហាងលក់កាំភ្លើងក្នុងទីក្រុងឡូសអ៊ែនជើលេស ប្រវែងជាង 10ម៉ែត្រពីមាត់ទ្វារចូលហាង។
    អ្នកស្រី អេមីលៀ បានសរសេរថា អ្នកឈរតម្រង់ជួរទាំងនោះបានប្រាប់អ្នកស្រីថា ពួកគេភ័យខ្លាចចំពោះអ្វីដែលនឹងកើតឡើង បើសិនជាអាហារ និងវត្ថុចាំបាច់ផ្សេងៗមានការខ្វះខាត ឬលែងមានលក់ ទើបពួកគេត្រូវត្រៀមការពារក្រុមគ្រួសាររបស់ពួកគេជាមុន។

    អ្នកប្រើធ្វីតធើរម្នាក់ទៀត បានស៊ែរឃ្លីបបង្ហាញពីទិដ្ឋភាពខាងក្នុងហាងមួយកន្លែង ដែលគេដឹងថា នៅក្នុងរដ្ឋកាលីហ្វ័រនៀដូចគ្នា ដែលមានអតិថិជនជាង 20នាក់កំពុងចោមរោមទិញគ្រាប់កាំភ្លើង។

    ទូរទស្សន៍ CBSN បានរាយការណ៍ថា ចំនួនលក់កាំភ្លើងនៅតំបន់សាន ហ្គាប្រៀល វ៉ាលលេយ៍ ក្នុងរដ្ឋកាលីហ្វ័រនៀ បានកើនឡើងយ៉ាងខ្លាំង និងតាមរយៈការសម្ភាសជនជាតិអាមេរិកាំងសែស្រឡាយអាស៊ីជាច្រើននាក់ បានឱ្យដឹងថា ពួកគេកំពុងមានការភ័យខ្លាចថា ពួកគេអាចនឹងក្លាយជាមុខសញ្ញានៃការស្អប់ខ្ពើមខាងជាតិសាសន៍ ខណៈវីរុសកំពុងឆ្លងរាតត្បាតខ្លាំងបែបនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ជំនាញអ្វីខ្លះដែលមនុស្ស ត្រូវការក្នុងឆ្នាំ 2020នេះ?

    ជំនាញអ្វីខ្លះដែលមនុស្ស ត្រូវការក្នុងឆ្នាំ 2020នេះ?

    បច្ចុប្បន្ននេះ ការធ្វើការងាររបស់មនុស្សកំពុងវិវឌ្ឍទៅរកចំណុចកាន់តែខ្លាំង តែក្នុងនោះក៏ទាមទារឱ្យមានការអភិវឌ្ឍសមត្ថភាពកាន់តែខ្លាំងផងដែរដើម្បីដើរឱ្យទាន់របត់នៃភាពកាន់តែសាំញ៉ាំ និងចូលក្នុងចំណោមមនុស្សឆ្លាតវៃដែលមានចំនួនកាន់តែច្រើនលើពិភពលោក។ នាយុគសម័យថ្មីនេះ បើទោះបីជាយើងមិនប្រែប្រួល ឬរក្សាលំនឹងប្រចាំថ្ងៃក៏ដោយក៏មានន័យថាយើងកំពុងដើរថយក្រោយដែរ ព្រោះមនុស្សទាំងអស់កំពុងតែដើរទៅមុខយ៉ាងលឿន។

    ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញផ្នែកចិត្តសាស្រ្តលោកបណ្ឌិត Travis Bradberry សហអ្នកនិពន្ធនៃស្នាដៃ ភាពឆ្លាតខាងអារម្មណ៍ 2.0 (Emotional Intelligence 2.0) បានបញ្ជាក់នៅក្នុងណែនាំថាក្នុងតាមការសង្កេត និងស្រាវជ្រាវ នាយុគសម័យថ្មីនេះក្នុងចំណោមបុគ្គលដែលមានប្រសិទ្ធភាពខ្ពស់ និងធ្វើការងារល្អបំផុតទាំងអស់ មាន90% ហើយដែលជាមនុស្សដែលមានភាពវៃឆ្លាតខាងអារម្មណ៍ (EQ)។

    ហេតុនេះអ្វីដែលមនុស្សត្រូវតែព្យាយាមអភិវឌ្ឍនៅក្នុងឆ្នាំ 2020នេះ គឺសមត្ថភាពមួយចំនួនដែលជាផ្នែកនៃភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ដើម្បីក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ (High Performance) នៅក្នុងការធ្វើការងារ ក៏ដូចជាការធ្វើអាជីវកម្មជាដើម។

    លោកបណ្ឌិតណែនាំថា ក្នុងចំណោមមនុស្សទាំងអស់ដែលកំពុងធ្វើការងារ និងរស់នៅប្រចាំថ្ងៃ មានភាគរយតិចណាស់ដែលសម្រេចគោលដៅជីវិត និងក្លាយជាមនុស្សដែលមានការអភិវឌ្ឍលឿន ព្រោះមនុស្សជាច្រើនមិនទាន់មានវិន័យខ្លួនឯងបានល្អ គ្រប់គ្រងពេលវេលាមិនបានល្អ និងបណ្តែតបណ្តោយជីវិតឱ្យក្លាយជាមនុស្សដែលផ្តេកផ្តួលជាមួយនឹងភាពងាយស្រួលជាដើម។

    ជាដំណោះស្រាយ មនុស្សគួរអភិវឌ្ឍសមត្ថភាពនៃភាពឆ្លាតវៃផ្នែកអារម្មណ៍ ដើម្បីគ្រប់គ្រងឱ្យបានល្អនូវចរិតលក្ខណៈផ្ទាល់ខ្លួន គ្រប់គ្រងផលប៉ះពាល់នៃវិបត្តិសង្គមចំពោះជិវិត និងបង្កើនការសម្រេចចិត្តឱ្យបានល្អឆ្ពោះទៅរកការអភិវឌ្ឍជីវិតប្រកបដោយភាពវិជ្ជមាន។ ជំនាញដែលមនុស្សត្រូវការ និងគួរមាននៅក្នុងខ្លួនមានដូចជា៖

    1. ជំនាញគ្រប់គ្រងខ្លួនឯង (Personal Competence)
    ជំនាញនេះជាជំនាញដែលអាចធ្វើឱ្យយើងក្លាយជាមនុស្សឯករាជ្យម្ចាស់ការលើខ្លួនឯង ដោយមិនចាំបាច់រស់នៅពឹងពាក់តែលើការជំរុញទឹកចិត្ត ឬការដឹកនាំពីអ្នកដទៃ។ អ្នកដែលមានជំនាញនេះគឺជាអ្នកដែលមានសតិ ឬជាអ្នកដែលស្គាល់ពីខ្លួនឯងបានល្អ (self-awareness) យល់ពីចិត្តរបស់ខ្លួនឯង និងដឹងពីចំណុចខ្វះខាតដែលត្រូវអភិវឌ្ឍបន្ថែម។ ក្រោយពេលស្គាល់ពីសមត្ថភាពហើយ អ្វីដែលចាំបាច់គឺយកព័ត៌មានដែលមាននៅក្នុងខ្លួននោះទៅបង្កើតជាវិធីសាស្រ្តដើម្បីគ្រប់គ្រងដំណើរជីវិត (Self-Management) ឱ្យកាន់តែប្រសើរ។ ការគ្រប់គ្រងខ្លួនឯងនៅទីនេះគឺសំដៅដល់សមត្ថភាពក្នុងការប្រើប្រាស់សតិដែលដឹងពីស្ថានភាពអារម្មណ៍ ភាពខ្លាំង និងភាពខ្សោយ ដើម្បីប្រើប្រាស់ក្នុងការហាត់ពុតចរិតលក្ខណៈឱ្យក្លាយជាមនុស្សវិជ្ជមាន។

    2. ជំនាញទំនាក់ទំនងសង្គម (Social Competence)
    ជំនាញនេះជាផ្នែកយ៉ាងសំខាន់ដែលធ្វើឱ្យយើងក្លាយជាមនុស្សដែលបង្ហាញខ្លួនបានល្អនៅក្នុងសង្គម និងយល់ពីមនុស្សទូទៅនៅក្នុងសង្គមបានល្អ (Social Awareness)។ វាជាសមត្ថភាពក្នុងការស្គាល់មនុស្សទូទៅ និងដឹងពីអ្វីដែលមនុស្សចង់បាន។ ប្រសិនបើយើងមានសមត្ថភាពនេះ ទោះបីជាយើងមិនមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ ក៏យើងអាចប្រមូលមនុស្សខ្លាំងៗផ្នែកវិជ្ជាជីវៈឱ្យធ្វើការងារជាមួយយើងបានយ៉ាងរលូន។

    បន្ថែមពីលើនេះមនុស្សដែលមានសមត្ថភាពផ្នែកទំនាក់ទំនងសង្គមខ្ពស់ ជាមនុស្សដែលអាចគ្រប់គ្រងទំនាក់ទំនងបានល្អ ដែលធ្វើឱ្យគេក្លាយជាមនុស្សដែលមនុស្សជុំវិញខ្លួនគោរពស្រឡាញ់ និងតែងតែទទួលបានជំនួយនៅពេលពួកគេត្រូវការ។

    3. ជំនាញគ្រប់គ្រងពេលវេលា (Time Management)
    ជំនាញនេះជាជំនាញសំខាន់ និងជាអ្វីដែលមនុស្សជាច្រើនបានដឹង តែមិនព្រមអនុវត្ត។ មានមនុស្សជាច្រើនចាប់ផ្តើមអង្គុយស្តាយពេលវេលាដែលកន្លងហួស ខណៈមនុស្សជាច្រើនផ្សេងទៀតកំពុងយល់ថាការគ្រប់គ្រងពេលវេលាជារឿងសំខាន់សម្រាប់ជីវិត។ ហេតុនេះហើយទើបទិន្នន័យពីក្រុមហ៊ុន Google បង្ហាញថា ក្នុងមួយខែ មានអ្នកស្វែងរក (search) អំពីការគ្រប់គ្រងពេលវេលារហូតដល់ទៅប្រហែល 111លានដង។

    បច្ចុប្បន្ននេះមានមនុស្សមិនច្រើនទេដែលអាចចេញផុតពីភាពក្រីក្រ ចេញពីភាពជាបុគ្គលិកធម្មតាមកក្លាយជាអ្នកគ្រប់គ្រងផ្នែកសំខាន់ក្នុងស្ថាប័ន និងក្លាយជាមនុស្សដែលមានសុភមង្គលខ្ពស់ក្នុងក្រុមគ្រួសារ។ អ្នកទាំងអស់នោះត្រូវបានគេមើលឃើញថាជាមនុស្សដែលមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ តែអ្វីដែលជាស្ថានភាពពិតប្រាកដនោះ គឺពួកគេស្ទើរតែទាំងអស់ជាមនុស្សដែលអាចប្រើប្រាស់ពេលវេលា 24ម៉ោងប្រកបដោយប្រសិទ្ធភាព ខណៈមនុស្សជាច្រើនទៀតបណ្តែតបណ្តោយពេលវេលានោះឱ្យកន្លងហួសជាមួយនឹងភាពអសកម្ម។

    4. ការដោះស្រាយបញ្ហាបានល្អ (Making Great Decisions)
    ជំនាញនេះជាជំនាញដែលត្រូវបានគេបញ្ជាក់ជាទូទៅថាជាជំនាញសម្រាប់សវត្សទី21 ព្រោះជំនាញនេះមានតែមនុស្សទេដែលអាចធ្វើបាន។ ម៉ាស៊ីនមិនចេះដោះស្រាយបញ្ហាទេ ហើយការដោះស្រាយបញ្ហានេះក៏ជាជំនាញដែលគ្រប់ស្ថាប័នទាំងអស់ត្រូវការ ព្រោះគ្រប់ការងារទាំងអស់ត្រូវតែឆ្លងកាត់បញ្ហា ទាំងបញ្ហាក្នុងក្រុមការងារ បញ្ហាដែលជាតម្រូវការចំពោះមុខ បញ្ហាសង្គម ឬវិបត្តិនានាដែលកើតឡើងភ្លាមៗ សុទ្ធតែត្រូវការមេដឹកនាំដែលមានគំនិតស៊ីជម្រៅដើម្បីទៅដោះស្រាយ។

    5. ជំនាញក្នុងការធ្វើបទបង្ហាញ (Outstanding Presentation)
    ជាការពិតណាស់ជំនាញនេះមិនមែនត្រូវការតែក្នុងឆ្នាំ 2020ទេ ព្រោះវាមានតម្រូវការយូរហើយ តែទោះជាយ៉ាងនេះក្តីអ្នកជំនាញបញ្ជាក់ថាវានៅតែត្រូវការរហូតមកដល់បច្ចុប្បន្ន និងអនាគត។

    សមត្ថភាពក្នុងការធ្វើបទបង្ហាញជាសមត្ថភាពពិសេសមួយក្នុងការបញ្ចេញនូវសមត្ថភាពរបស់ខ្លួនឯងផ្ទាល់ និងក្រុមការងារ។ ជាក់ស្តែងប្រសិនបើយើងជាមនុស្សខ្លាំង មានភាពច្នៃប្រឌិតខ្ពស់ តែបែរជាមិនចេះបង្ហាញក្រុមការងារ និងមនុស្សទូទៅឱ្យយល់ទេ ភាពច្នៃប្រឌិត និងគំនិងល្អនោះ ប្រហែលជាមិនអាចត្រូវបានគេអនុវត្តជាប្រយោជន៍កើតនោះទេ។ ងាកមកក្រុមការងារក៏ដូចគ្នា ប្រសិនបើយើងមិនចេះធ្វើបទបង្ហាញទេ ទោះក្រុមការងារធ្វើការបានល្អប៉ុណ្ណាក៏ដោយ ក៏ក្រុមនោះមិនត្រូវបានគេយកចិត្តទុកដាក់ដែរ ព្រោះយើងមិនមានវិធីក្នុងការធ្វើឱ្យគេយល់ពីអ្វីដែលយើងកំពុងធ្វើ៕

  • គ្រាន់តែបញ្ចាំងសាកល្បង «ព្រលឹងល្បុក្កតោ»ទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីស្ថាប័នព័ត៌មានក្នុងស្រុក!

    គ្រាន់តែបញ្ចាំងសាកល្បង «ព្រលឹងល្បុក្កតោ»ទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីស្ថាប័នព័ត៌មានក្នុងស្រុក!

    កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅរោងភាពយន្ត Prime Cineplex សាខាSamai Square មានប្រារព្ធពិធីចាក់ បញ្ចាំងខ្សែភាពយន្តរឿង «ព្រលឹងល្បុក្កតោ» ដែលជាសាច់រឿងបែបវាយប្រហារ ក្បាច់គុណបុរាណ តែបង្កប់នូវស្នេហា និងមនោសញ្ចេតនាស៊ីជម្រៅ។ ក្នុងកម្មវិធីនោះដែរ មានការអញ្ជើញចូលរួមជាពិសេសពីអ្នកសារព័ត៌មានក្នុងស្រុករាប់សិប ស្ថាប័ន ផលិតករ អ្នកដឹកនាំរឿង តួសម្តែងសំខាន់ៗក្នុងរឿង ក៏ដូចជាភ្ញៀវកិត្តិយសមួយចំនួនទៀតផងដែរ។  

    ក្នុងឱកាសនោះ លោកគ្រូតា ព្រឹទ្ធាចារ្យក្រមាមាស «សាន គឹមស៊ាន» អ្នកដឹកនាំរឿង «ព្រលឹងល្បុក្កតោ» បានមាន ប្រសាសន៍ថា៖ «សាច់រឿងទាំងមូលគឹឆ្លុះបញ្ចាំងពីរបៀបហ្វឹកហាត់គុណបុរាណ និងវិភាគពីចរិតមនុស្ស ដែលមិនអាច មើលតែសំបកក្រៅនោះទេ។ មួយវិញទៀត ខ្ញុំបាទរង់ចាំមតិយោបល់កែលម្អពីប្រិយមិត្តខាងព៏ត៌មាន និងទស្សនិកជន ដោយក្តីរីករាយ ព្រោះថានេះជាស្នាដៃដំបូងដែលខ្ញុំបាទផ្ទាល់បានដឹកនាំខ្លួនឯង ដោយសហការជាមួយការីថត និងកាត់ត ចំណាន គឺលោក សុង សូរភក្តី។»

    សម្រាប់ឯកឧត្តម «តឹក ង៉ូយ» ដែលសាធារណជនមួយចំនួនហៅគាត់ថា «ស្តេចនំដូណាត់» និងជាផលិតករ ក៏ដូចជា អ្នកឧបត្ថម្ភខ្សែភាពយន្តគុននិយមនេះវិញ៖ «ទោះបីខ្ញុំមានជំនាញខាងខ្សែភាពយន្តតិចតួចយ៉ាងណាក្តី ខ្ញុំសូមកោតសសើរ ដល់លោកគ្រូគឺមស៊ាន ដែលពុះពារលើកតម្កើងក្បាច់គុនល្បុក្កតោរបស់ខ្មែរ។ នេះហើយជាដួងព្រលឹងមួយរបស់ជាតិ យើង ដែលខ្មែរយើងគ្រប់គ្នាគួរយកលំនាំតាម»។

    រីឯលោកយឹម លីនហោស​ ប្រធានផ្នែកប្រតិបត្តរោងភាពយន្ត Prime Cineplex​វិញ បានបញ្ជាក់ថា៖ «ជាការពិត ណាស់ រោងភាពយន្តយើងខ្ញុំប្រកាន់គោលជំហរគាំទ្រស្នាដៃខ្មែរ ជាពិសេសគឺរឿង «ព្រលឹងល្បុក្កតោ» នេះឯង។»

    ដូច្នេះសូមទស្សនិកជនទាំងអស់កំុភ្លេច ទៅទស្សនារឿង «ព្រលឹងល្បុក្តតោ» នៅគ្រប់រោងភាពយន្តទំនើបក្នុងស្រុក ដើម្បី លើកតម្លៃវប្បធម៌ក្បាច់គុនខ្មែរ និងគាំទ្រអ្នកហាត់គុននេះឱ្យមានអាជីពភ្លឺស្វាង មិនថាជាកីឡា ឬការសម្តែងភាពយន្តទេ។ ខ្សែភាពយន្តនេះ នឹងចាក់ បញ្ចាំងផ្លូវការជូនទស្សនិកជន ចាប់ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០នេះតទៅ។

    សង្ខេបរឿង

    នៅភូមិដាច់ស្រយាល១កន្លែង ប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» យាយី​ និងកាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើន ឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ លើកនេះអ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ។

     

  • Ronaldo និងគ្រួសារកំពុងបង្ខាំងខ្លួន និងតាមដានសុខភាព នៅលើកោះផ្ទាល់ខ្លួន

    Ronaldo និងគ្រួសារកំពុងបង្ខាំងខ្លួន និងតាមដានសុខភាព នៅលើកោះផ្ទាល់ខ្លួន

    បើ​តាម​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹក​នាំ​ក្រុមកីឡាករសញ្ជាតិព័រទុយហ្គាល់ បានឱ្យដឹងថា Christiano Ronaldo សព្វថ្ងៃកំពុងតែស្នាក់នៅលើកោះ Madeira ​នា​ស្រុក​កំណើតជាមួយ​ក្រុម​គ្រួសាររបស់គេ​ ​ក្រោយបានលទ្ធផលតេស្ត COVID-19 ហើយ ដោយលទ្ធផលអវិជ្ជមាន (គ្មានផ្ទុក COVID-19 )។

    រូបគេ​មិន​មាន​សញ្ញា​ណាមួយបង្ហាញ​ថា ​បានឆ្លង ​ឬ​រក​ឃើញ​មេរោគ​អ្វី​ឡើយ​នា​ពេល​នេះ ​ក៏ប៉ុន្តែ​ត្រូវ​នៅ​បន្ដ​តាមដាន​ទៀត​ដែរ។ ការ​បន្ដ​តាមដាន​នេះ គឺ​ធ្វើ​តាម​អ្វី​ដែល​ក្លិប Juventus ​បាន​ដាក់​ចេញ ​ដោយ​បុគ្គលិក​ក្លិប​ទាំង​អស់ចំនួន 121​នាក់ត្រូវ​ស្ថិត​នៅ​ដោយ​ឡែក​សិន ដើម្បី​តាម​ដាន​ថា មាន​ឆ្លង​មេរោគ Covid-19 ​ឬ​អត់?។

    គួរបញ្ជាក់ដែរថា នៅប្រទេសអ៊ីតាលី ដែលកីឡាកររូបនេះបានប្រកបអាជីព បានក្លាយជាប្រទេសដែលកំពុងទទួលរងការគំរាមកំហែងខ្លាំងជាងគេបំផុតពីមេរោគមរណៈមួយនេះ រួមទាំងកីឡាករបាល់ទាត់ផងដែរ ដោយបានធ្វើឱ្យលីកបាល់ទាត់របស់ប្រទេសនេះផ្អាកការប្រកួតទាំងអស់ជាបណ្តោះអាសន្ន៕

  • Ronaldinho ឆ្លៀតលើកពានបាល់ទាត់មួយក្នុងគុក អំឡុងពេលជាប់នៅក្នុងប្រទេសប៉ារ៉ាហ្គាយ

    Ronaldinho ឆ្លៀតលើកពានបាល់ទាត់មួយក្នុងគុក អំឡុងពេលជាប់នៅក្នុងប្រទេសប៉ារ៉ាហ្គាយ

    លោក Ronaldinho កាលពីពេលថ្មីៗនេះ បានជួយក្រុមបាល់ទាត់របស់ខ្លួនឱ្យឈ្នះពានរង្វាន់បាល់ទាត់ក្នុងគុក របស់ប្រទេសប៉ារ៉ាហ្គាយ។ ក្នុងការប្រកួតពានរង្វាន់មួយនេះ ក្រុមរបស់គេបានយកឈ្នះគូប្រកួត ក្នុងលទ្ធផល 11ទល់នឹង 2។ ដោយគ្រាប់បាល់ទាំងអស់សុទ្ធតែទទួលបានដោយសាររូបគេទាំងអស់ ក្នុងនោះរូបគេបានស៊ុតបញ្ចូលទីបាន 5គ្រាប់ និង Assist បាន 6គ្រាប់។
    កីឡាករ Ronaldinho រូបនេះ មាននប្រវត្តិធ្លាប់លេងឱ្យក្លិបបាល់ទាត់ល្បីៗជាច្រើននៅជុំវិញពិភពលោកដូចជា Paris Saint-Germain, Bacelona, AC Milan, ជម្រើសជាតិប្រស៊ីល ដោយធ្លាប់ឈ្នះពានជាហូរហែក្នុងអាជីពរបស់គេ៕គួររំឭកដែរថា កីឡាករ Ronaldinho ​​ត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងគុកមួយកន្លែង ក្រោយ​ពី​រូបគេ​បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ចូល​ប្រទេស​ប៉ារ៉ាហ្គាយ​៕

  • សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជំ​រុញឱ្យ​មន្ត្រី​ពាក់ព័ន្ធ​សម្រួល ការ​ដឹកជញ្ជូន​វ​ត្ថុ​ធាតុ​ដើម ពី​ចិន

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជំ​រុញឱ្យ​មន្ត្រី​ពាក់ព័ន្ធ​សម្រួល ការ​ដឹកជញ្ជូន​វ​ត្ថុ​ធាតុ​ដើម ពី​ចិន

    សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​សម្រួលការ​ដឹកជញ្ជូន​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដើម្បី​យកមក​ផ្គត់​ផ្គង​រោងចក្រ​កាត់ដេរ នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែ​លឿន កាន់តែ​ល្អ ខណៈ​កប៉ាល់​ដឹកជញ្ជូន​វត្ថុធាតុដើម​មកពី​ចិន​បាន​មកដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​តាំងពីដើម​សប្ដាហ៍​កន្លងទៅ។

    សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី10 ខែមីនា ឆ្នាំ2020 បានឱ្យដឹងថា រដ្ឋាភិបាល​ចិន​បាន ផ្តល់​កប៉ាល់ ចំនួន 7គ្រឿង ជា​មធ្យោបាយ​ដឹកជញ្ជូន​វត្ថុធាតុដើម​មកកាន់​កម្ពុជា ខណៈដែល​យប់​ថ្ងៃទី 9 ខែមីនា កប៉ាល់​ដឹកទំនិញ​ដែលជា​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផលិតកម្ម​នៅ​កម្ពុជា​បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ដោយ​ផ្ទុកទំនិញ​ចំនួន​ជាង 60កុងតឺន័រ។

    សម្ដេច​តេ​ជោ បាន​ថ្លែងថា៖“កប៉ាល់​ចំនួន7 ដែល​ដឹកជញ្ជូន​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​ដល់​ចង្វាក់​ផលិតកម្ម​រោងចក្រ​នៅ​កម្ពុជា មាន​ចំនួន5 បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ហើយ​កប៉ាល់​ចំនួន 2ទៀត នឹង​ចូល​ចត​នៅ​កំពង់ផែ​ហូជីមិញ សម្រាប់​ផ្គត់ផ្គង់​ដល់​ចង្វាក់​ផលិតកម្ម​រោងចក្រ​ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ដែលមាន​កម្មករ​សរុប​ប្រមាណ 31,000នាក់ និង​រោងចក្រ​ស្ថិតនៅក្នុង​ខេត្តកំពង់ចាម មាន​ចំនួន​កម្មករ​សរុប ចំនួន​ជាង 4,000នាក់ ដែល​រោងចក្រ​ទាំងនេះ ភាគច្រើន​ផលិត​សម្ភារ​ពេទ្យ”។

    សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា សម្រាប់​កប៉ាល់​ទាំង 7គ្រឿង​នេះ នឹង​ដឹកជញ្ជូន​វត្ថុធាតុដើម សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ជា​បន្តបន្ទាប់​ក្នុងរ​ង្វិ​ល​ជុំ។ ដោយឡែក នៅពេលដែល​វត្ថុធាតុដើម​ចូល​មកដល់​កំពង់ផែ មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវ​ជួយ​សម្រួល​ក្នុងការ​ដឹកជញ្ជូន​ចូល​រោងចក្រ បើ​ក្នុង​លក្ខខណ្ឌ​ចាំបាច់ ត្រូវ​ដឹកជញ្ជូន​នៅពេល​ថ្ងៃ អាច​ប្រើ​រថយន្ត​ស៊ី​រ៉ែ​ន​បើកផ្លូវ​តែម្ដង សំដៅ​ដល់​ការធានា និង​ជំរុញ​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ។ ពិសេស​ខាង​កំពង់ផែ និង​គយ ត្រូវធ្វើ​យ៉ាងណា​សម្រួល​ដ​ល់​ការដឹកជញ្ជូន​ឱ្យដល់​រោងចក្រ​ឱ្យបាន​ឆាប់រហ័ស​បំផុត។

    ក្រុមហ៊ុន​ដឹកជញ្ជូន SITC CONTAINER LINES CAMBODIA, ក្រុមហ៊ុន​ដឹកជញ្ជូន COSCO SHIPPING/RCL, ក្រុមហ៊ុន​ដឹកជញ្ជូន​Oriental Overseas Container Line, ក្រុមហ៊ុន​ដឹកជញ្ជូន SINOTRANS / RCL និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្សេងទៀត បាន​សហការ​រួមគ្នា​ជា​កម្លាំង ធានាបាន​នូវ​កិច្ចការ​ដឹកជញ្ជូន​វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​ដោយ​អស់ពី​លទ្ធភាព ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​វត្ថុធាតុដើម​ច្រើនជាងគេ មកកាន់​កំពង់​ផែ​ក្នុង​សប្តាហ៍​នេះ។

    ក្នុងនោះ ក្រុមហ៊ុន​SITC ដែល​បាន​ដឹកជញ្ជូន​វត្ថុធាតុដើម​ជាង 60កុងតឺន័រ​បានមក​ដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​មុនគេ​បង្អស់​នៅ​ថ្ងៃ​ចន្ទ ទី9 ខែមីនា។ រីឯ​ភាគី​កំពង់ផែ​វិញ បាន​ជួយ​សម្រួល​ការចូល​ចត​នៃ​កប៉ាល់​ដឹក​វ​ត្តុ​ធាតុ​ដើម​ទាំងនោះ​ក្នុង​កំពង់ផែ ជួយ​លើកកម្ពស់​អត្រា​ប្រសិទ្ធភាព​នៃ​ការដាក់ ទំនិញ​ចុះ និង​អត្រា​ប្រសិទ្ធភាព​នៃ​ការផ្តល់​ទំនិញ​ដល់​អតិថិជន​នៅក្នុង​កំពង់ផែ​ផ្ទាល់ ផ្តល់​អាទិភាព​ក្នុង​ការបើក​ច្រក​សម្រាប់​រៀបចំ​ឯកសារ​បែបបទ ជួយផ្តល់​អាទិភាព​ក្នុងការ​ដឹកជញ្ជូន​កុងតឺន័រ តាមរយៈ​រថយន្តស្ទូច​ដោយមាន​ការសម្រួល​ពី​ខាង​គយ​ផងដែរ។

    លោក Wu Guoquan ទីប្រឹក្សា​កិច្ចការ​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា៖“យើង​ជឿជាក់ថា ស្ថិតនៅក្រោម​ការគាំទ្រ​ពី​រដ្ឋាភិបាល​ចិន និង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​សហគ្រាស​ដែល​ពាក់ព័ន្ធ វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​របស់​ប្រទេស​ចិន នឹង​ដឹកជញ្ជូន​មកដល់​រោងចក្រ​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស ហើយ​ការខាតបង់​នៃ​ភាគី​កម្ពុជា​នឹង អាច​ធ្លាក់​ដល់​អត្រា​ទាប​បំផុត និង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ក្នុងប្រទេស​កម្ពុជា នឹង​ឆ្លង​ផុត​នូវ​ដំណាក់កាល​ដ៏​លំបាក​មួយ​នេះ​បាន​យ៉ាង​ឆាប់រហ័ស”។

    អគ្គលេខាធិការ GMAC លោក ខេន លូ បាន​ស្វាគមន៍​ការមកដល់​នៃ​ការដឹកជញ្ជូន​វត្ថុធាតុដើម​ប៉ុន្តែ​បាន​កត់សម្គាល់ថា ពួកគេ​នឹងមិន​គ្រប់គ្រាន់ ដើម្បី​បំពេញ​កង្វះខាត​នេះ​ទេ“ក្នុង​កាលៈទេសៈ​ធម្មតា​យើង​ត្រូវការ​វត្ថុធាតុដើម​ចំនួន 2,000 កុងតឺន័រ ដើម្បី​ផលិត​បាន ផលិតផល 1,000 កុងតឺន័រ​ប្រចាំ​សប្តាហ៍។ ឥឡូវ​យើង​មានតែ​កុងតឺន័រ​រាប់រយ​ប៉ុណ្ណោះដែល​នឹងមិន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​កូតា​ផលិតកម្ម​ទេ”។ ទោះយ៉ាងណា​យើង​មាន​អំណរគុណ​ចំពោះ​ការគាំទ្រ​ទោះបីជា​វា​តិចជាង​អ្វីដែល​យើង​ត្រូវការ​ជាធម្មតា​ក៏ដោយ។

    លោក​បាន​បន្ថែមទៀតថា៖“នៅពេលដែល​ស្ថានភាព​ប្រទេស​ចិន មាន​សភាព​ធម្មតា​នោះ​វត្ថុធាតុដើម​ទាំងអស់​នឹង​មកដល់​តាម​ការបញ្ជាទិញ។ រោងចក្រ​បាន​បញ្ជា​ទិញ​វត្ថុធាតុដើម​រួចទៅហើយ មុនពេល​មាន​ព័ត៌មាន​នៃ​ការឆ្លង​មេរោគ​នេះ ប៉ុន្តែអ្វីៗត្រូវបាន​ពន្យារពេល​ដោយសារតែ​ការផ្ទុះ​ឡើង។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​ស្ថានភាព​នឹង​វិល​មករក​ភាពប្រក្រតីឆាប់ៗនេះ”។

    ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​វត្ថុ​ធាតុ ដើម​ដែល​ដឹក​ពី​ប្រទេស​ចិន​មកដល់​ប្រទេស​កម្ពុជា រោងចក្រ​កាត់ដេរ​ចំនួន7 បាន​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ទទួលបាន​វត្ថុធាតុដើម។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹង។

    លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ប្រាប់​សារព័ត៌​មាននៅ​ថ្ងៃទី 10 ខែមីនា ឆ្នាំ 2020 នេះឱ្យដឹងថា ការមកដល់​នៃ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នេះ ជួយ​ឱ្យ​រោងចក្រ​ដែល​ព្យួរការងារ​មួយចំនួន ចាប់ផ្តើម ដំណើរការ​ឡើងវិញ​ផងដែរ​ក្នុងនោះ​រោងចក្រ​ដែល​សុំ​ព្យួរការងារ​ចំនួន 7 ដែលមាន​កម្មករ​សរុប​ប្រមាណ 10, 103នាក់ ស្ត្រី 9,173នាក់​បាន​ដំណើរការ​ឡើងវិញ។

    លោក​បាន​មានប្រសាសន៍ថា៖“ការមកដល់​នៃ​វត្ថុធាតុដើម​ទាំងនេះ វា​នឹង​ជួយ​ឱ្យ​រោងចក្រ​ដែល​មិនទាន់​ព្យួរ កាន់តែ​អាច​ដំណើរការ​ទៅមុខ​ដោយ​មិនបាច់​ព្យួរ។ ប្រសិនជា​វា​ផ្គត់ផ្គង់​ទៅ​រោងចក្រ​ដែល​ព្យួរគឺ​វា​នឹង ធ្វើឱ្យ​រោងចក្រ​នោះ​បើក​ឡើងវិញ។ កង្វះ​វត្ថុធាតុដើម​នេះ បានធ្វើឱ្យ​រោងចក្រ​ចំនួន 50 ព្យួរការងារ នាំឱ្យ​ប៉ះពាល់​កម្មករ និយោជិត 20,940នាក់ ស្ត្រី16,183នាក់”។

    សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​កា​រព​ន្លឿ​ន​ការដឹក​វត្ថុធាតុដើម​ពី​ចិន​មកកាន់ប្រទេសកម្ពុជា​នេះ គឺ​កើតចេញពីទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន ជាពិសេស​ភាពជា ដៃគូ​ទំនាក់ទំនង គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង2។ ការដឹកជញ្ជូន​វត្ថុធាតុដើម នឹងមាន​រយៈពេល​រហូត​ដល់​ខែឧសភា ដែល​នៅពេលនោះ​សម្តេច​សម្តែង​ក្តី​សង្ឃឹមថា ការភ័យខ្លាច​កូ​វីដ-19 ត្រូវបាន​បញ្ឈប់ ហើយ​ប្រតិបត្តិការ​របស់​រោងចក្រ​កាត់ដេរ ដែល​រង-​ផលប៉ះពាល់​បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ។

    នាវា​ដឹក​វត្ថុធាតុដើម​ប្រមាណ 212 ទូ​បាន​ចូល​មកដល់​ប្រទេស កម្ពុជា​ហើយ​នៅ​យប់ ថ្ងៃទី09 ខែមីនា ឆ្នាំ2020 ដើម្បី​ផ្គត់ផ្គង់​នៅតាម​រោងចក្រ​នានា។ វត្ថុធាតុដើម​ទាំងនេះ បានធ្វើឱ្យ​រោងចក្រ​ព្យួរ ការងារ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញបណ្តើរៗហើយ។

    ដោយសារ​ជំងឺ​កូ​វីត-19 ដែល​វាយលុក​នៅក្នុង​ប្រទេស​ចិន បានធ្វើឱ្យ​រអាក់រអួល​ដល់​ការ ផ្គត់ផ្គង់​វត្ថុ​ធាតុដើមពី​ប្រទេស​ចិន និង​នាំឱ្យ​អាក់ខាន​ដល់​ដំណើរការ​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ៕

  • សំ ប៉ូលីដា ប្រាប់មូលហេតុសុខភាពបានធូរស្រាល

    សំ ប៉ូលីដា ប្រាប់មូលហេតុសុខភាពបានធូរស្រាល

    អ្នកនាង សំ ប៉ូលីដា តារាល្បីឈ្មោះមួយរូបបានអះអាងថា ជម្ងឺសន្លាក់ និងប្រព័ន្ធឈាមដូងរបស់អ្នកនាង ខុសប្លែកគ្នាដូចមេឃ និងដី កាលពី២ខែមុន ដោយគ្រាន់តែលាបរឹតលើសរសៃជីពចរ មិនភ័យរឿងលេបប៉ះពាល់ដល់សុខភាព។

    អ្នកនាងថាខ្លួនកាន់តែសប្បាយចិត្ត ដែលបានរួមចំណែកបំផុសផលិតផលមានគុណប្រយោជន៍ Q NANO X មួយនេះ ឱ្យបងប្អូនអ្នកមានជំងឺដូចអ្នកនាងបានដឹង និងបញ្ចៀសការចូលពេទ្យញឹកញាប់ ដែលចំណាយខ្ពស់។ អ្នកនាងថា កន្លងមកប្រទេសថៃទទួលជោគជ័យយ៉ាងខ្លាំងក្នុងការបង្កើតគណកម្មការប្រគល់ពានជូនដល់អ្នកជំនួញមិនថាជនជាតិថៃ ឬ បរទេសរួមមានទាំងជនជាតិកម្ពុជាផង ដែលអ្នកនាងយល់ថា គឺជាការជំរុញឱ្យអ្នកវិនិយោគកាន់តែមានកម្លាំងចិត្ត។ អ្នកនាងថា គឺជារឿងប្រសើរ ដែលកម្ពុជា មានគណកម្មការវាយតម្លៃគុណភាពផលិតផលរបស់ខ្លួន ហើយមានការប្រគល់ពានឆ្នើមជូនដល់អ្នកឆ្នើមក្នុងស្រុកខ្លួនឯង ដើម្បីបង្កើនសន្ទុះក្នុងវិស័យអនឡាញ ឬ អាជីវកម្មបណ្ដាញដែលមានស្ដង់ដារ។

    បន្ថែមពីលើការអបអរកាលពីថ្ងៃទី១៤ មីនា កន្លងទៅនេះ អ្នកនាង សំ ប៉ូលីដា បញ្ជាក់ថា ផលិតផល Q NANO X សាកសមនឹងទទួលបានពានឆ្នើមហើយ ដោយសារតែអ្នកនាង គឺជាសាក្សីមួយក្នុងចំណោមអ្នកប្រើប្រាស់ ដែលមានអាការៈ បេះដូងធ្វើទុក្ខ និង ដង្ហក់ តែក្រោយពេលបានប្រើ២ខ្លង ក៏មានអាការៈប្រសើរឡើង ខណៈពេលដែលពីមុនអ្នកនាងចូលពេទ្យស្ទើររាល់ថ្ងៃ និង ប្រើផលិតផលណាក៏មិនត្រូវ។ អ្នកនាងថា អ្នកនាងកាន់តែសប្បាយចិត្ត នៅពេលឃើញថា ពាណិជ្ជករឆ្នើមរបស់ខ្មែរមានឱកាសទទួលបានពានពីគណកម្មវាយតម្លៃក្នុងស្រុករបស់ខ្លួន ដែលមានន័យថា នេះក៏ជាជំរុញធំមួយដល់អ្នកឆ្នើមនៅកម្ពុជា៕

  • 12កន្លែងទេសចរណ៍នៅ India ថតរូបស្អាត ងាយស្រួលធ្វើដំណើរ និងចំណាយអស់តិច

    12កន្លែងទេសចរណ៍នៅ India ថតរូបស្អាត ងាយស្រួលធ្វើដំណើរ និងចំណាយអស់តិច

    អ្នកណានិយាយថា ធ្វើដំណើរកម្សាន្ដទៅប្រទេសឥណ្ឌា ជារឿងពិបាក មិនគួរឱ្យចាប់អារម្មណ៍នោះ? នៅពេលនេះ ឡារ៉ែន សូមឱ្យអ្នកត្រៀមខ្លួនរៀបចំវ៉ាលី កាបូបស្ពាយស្អាតៗរបស់អ្នក ហើយធ្វើដំណើរកម្សាន្ដ និងស្គាល់អំពីតំបន់ទេសចរណ៍ស្អាតៗនៅប្រទេសឥណ្ឌា ដែលជាប្រទេសនៃកំណើតសាសនា។ ជាមួយនឹងកន្លែងទេសចរណ៍ទាំង12តំបន់នៅប្រទេសឥណ្ឌា ងាយស្រួលទៅ និងថតរូបស្អាតៗ ស្ពាយកាបូបតូចៗ ចាយថវិកាអស់តិច ហើយរីករាយប្លែកនៅក្នុងអារម្មណ៍។ តើអ្នកត្រៀមខ្លួនហើយឬនៅ? ដឹងទេថា យើងនឹងទៅកាន់ទៅកន្លែងណាខ្លះ? តោះចេញដំណើរ!!

    ជាបឋម ឡារ៉ែន សូមពន្យល់ជាមុនថា 12ទីតាំងនេះគឺពិតជាស្រស់ស្អាត ទីកន្លែងដែលនាំមកនូវភាពរីករាយ និងគួរឱ្យចាប់អារម្មណ៍បំផុត។ ជាទីតាំងស្ថាបត្យកម្មអស្ចារ្យបំផុតលំដាប់ពិភពលោក ហើយប្រហែលជាមានភ្ញៀវទេសចរខ្លះបានស្គាល់ហើយតាមរយៈរូបភាព។ របៀបរស់នៅរបស់ប្រជាជនហាក់បីដូចជាប្លែកភ្នែកបន្ដិច តែមើលទៅសប្បាយរីករាយណាស់។ តម្លៃទំនិញ និងវត្ថុអនុស្សាវរីយ៍ក៏សមល្មមទទួលយកបានសម្រាប់ភ្ញៀវទេសចរ។ តោះកុំឱ្យខាតពេលយូរ មកស្គាល់ពីទីតាំងដែលយើងនឹងទៅទាំងអស់គ្នា។

    1. ព្រះបរមរាជវាំង Hawa mahalយើងនឹងចាប់ផ្តើមពីកន្លែងនេះដំបូងគេ គឺនៅមុខព្រះបរមរាជវាំង Hawa mahal មានខ្យល់ត្រជាក់ល្ហឹមៗ ហើយគយគន់ក្បូរក្បាច់រចនានៃវិមានអាកាសនេះ ជាវិមានដែលត្រូវបានបង្កើតឡើងវិញពីរូបរាងនៃមកុដរបស់ព្រះវិស្ណុ។ កាន់តែពិសេសទៀតនោះ ស្ថិតនៅកណ្តាលទីក្រុងJaipur យើងអាចអង្គុយទទួលទានកាហ្វេ និងអាហារប្លែកៗជាច្រើនមុខ ដែលចម្អិនដោយប្រជាជនឥណ្ឌានៅទីក្រុងនោះ និងអាចថតរូបចំពីមុខព្រះបរមរាជវាំងតែម្ដង។ ខ្ញុំចូលចិត្តនំរ៉ូទី..ហិហិ… !

    2. រាជដំណាក់ ឬ City Palaceបន្ទាប់ពីថតរូបស្អាតនៅវិមានអាកាសហើយ យើងបន្ដដើរជាមួយគ្នាទៅកាន់រាជដំណាក់នៅកណ្ដាលរាជធានី ដែលគេច្រើនហៅថា City Palace។ យើងអាចនិយាយបានថា គ្រាន់តែឃើញជញ្ជាំងព័ទ្ធជុំវិញ ព្រះបរមរាជដំណាក់ យើងគិតថា អ្នកអាចថតរូបបាន10ប៉ុស្ដិ៍ប្លែកៗផ្សេងគ្នា។ លើសពីនេះទៅទៀតនៅទីនេះក៏មានលក្ខណៈប្លែកដាច់ពីគេផងដែរ។

    3.     ទ្វារ Patrika ទីតាំងទ្វារនេះ គឺស្ថិតនៅរង្វង់មូល  Jawahar គ្មាននរណាម្នាក់ចង់រំលងទីតាំងថតរូបមួយនេះ នោះទេ។ គ្រាន់តែថតរូបនៅចន្លោះទ្វារ ក៏រូបភាពផ្ដិតចេញមកស្អាតដែរ ចុះទម្រាំងតែអ្នកថតរូបអាជីពទៀត តើស្អាតដល់កម្រិតណា? អាចនិយាយបានថា ប្លង់ហ៊្សូម គឺលំដាប់ជាប់ចិត្តតែម្ដង។

    4. ហាង Café Palladioជឿជាក់ថា ដំណើរកម្សាន្ដ2-3កន្លែងមកនេះបានធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់អស់កម្លាំងបន្តិចហើយ អ៊ីចឹងគឺសមល្មមដល់ ពេលរកអីញ៉ាំបន្តិចហើយមែនទេ! ហាង Café Palladio ជាហាងកាហ្វេដែលមានឈ្មោះល្បីប្រចាំទីក្រុងតែម្ដង វាក៏មានបញ្ជីរាយមុខម្ហូបអាស៊ីសម្រាប់អ្នកជ្រើសរើស ឬបែបឥណ្ឌា និងបែបអ៊ីតាលីក៏មានជាច្រើនដែរ។ សម្រាប់អ្នកស្រឡាញ់សិល្បៈគំនូរ ទីនេះគឺស័ក្ដសមបំផុតសម្រាប់រូបអ្នក។

    5. ស្ថាបត្យកម្ម Amer Fort កន្លែងបន្ទាប់ដែលយើងចង់ណែនាំគឺ ស្ថាបត្យកម្មប៉មប្រាសាទ Amer យើងអាចនិយាយបានថា ប្រសាទនេះពិតជាប្រាសាទដ៏អស្ចារ្យណាស់នៅក្នុងប្រទេសឥណ្ឌា។ នៅប៉មខាងមុខមានបឹងមួយឈ្មោះថា Maota អាចឱ្យភ្ញៀវទេសចរថតរូបឆ្លុះក្នុងទឹកបឹងដ៏ថ្លាឈ្វង់ដូចកញ្ចក់បានទៀតផង។ ហើយជាពិសេសប្រសិនបើអ្នកមានជំនឿចង់បានលាភសំណាង នោះគេនឹងធ្វើការព្រលែងសត្វព្រាបឱ្យហោះ ដើម្បីរំដោះកម្មពារផងដែរ។

    6. Panna Meena Ka Kund Stepwellsវាគឺជាអាងស្តុកទឹកបុរាណមួយកន្លែង ដែលមានជណ្តើរជាច្រើនកាំចុះទៅស្រះទឹកខាងក្រោម។ ប្រសិនបើភ្ញៀវទេសចរចង់ថតរូបកម្សាន្ដនៅជណ្ដើរខាងក្រោមនោះ អ្នកត្រូវបង់លុយឱ្យមន្ត្រីអភិរក្សចំនួន100 រូពី ជាតម្លៃសម្រាប់មនុស្សម្នាក់។

    7. ប្រាសាទ Srijagat Siromanijiនៅក្បែរអាងទឹកបុរាណនោះគឺមានប្រាសាទមួយឈ្មោះថា Srijagat Siromaniji ជាប្រាសាទមានវ័យចំណាស់បំផុត។ ឡារ៉ែន ចង់ណែនាំឱ្យអ្នកឡើងទៅថតរូបនៅក្នុងប្រាសាទនោះ ព្រោះវាមានក្បាច់រចនាយ៉ាងវិចិត្របំផុត ដែលបង្ហាញពីភាពអស្ចារ្យនៃស្ថាបត្យកម្មបុរាណរបស់ប្រទេសឥណ្ឌា។

    8. កំផែងយាមមហានគរ Nahargarh កំផែងនេះមានទីតាំងស្ថិតនៅលើភ្នំ Aravalli បើភ្ញៀវទេសចរឡើងទៅដល់ គឺអាចគយគន់ទេសភាពនៃក្រុងទាំងមូលតែម្ដង។ បើឡើងនៅពេលថ្ងៃ វារៀងក្ដៅបន្ដិច ដូច្នេះអ្នកអាចឡើងកំផែងនេះនៅពេលរសៀល ថ្ងៃរៀបលិច គឺពិតជាពេលវេលាសមរម្យបំផុត។

    9. ព្រះរាជដំណាក់កណ្ដាលទឹក Jal Mahalយើងអាចនិយាយបានថា វាពិតជាចម្លែក និងមានតម្លៃខ្លាំងណាស់ ព្រោះថាតាមផ្លូវចុះពីកំផែង Nahargarh យើងនឹងមើលឃើញព្រះរាជដំណាក់កណ្ដាលទឹក Jal Mahal ដែលគេសង់នៅកណ្ដាលទន្លេតែម្ដង។ ទិដ្ឋភាពនៃវិមាននៅកណ្តាលទឹកនេះ ធ្វើឱ្យយើងនឹកគិតថា ប្រាសាទនេះអាចនឹងលិចទឹក នៅពេលទឹកឡើងខ្លាំង។ តែជាក់ស្ដែង នីវូទឹកគឺកាន់តែធ្វើឱ្យគ្រឹះរបស់ប្រាសាទមានភាពជាប់មាំបានរាប់ពាន់ឆ្នាំទៅវិញទេ។

    10. Old Townមកទីក្រុងនេះមិនគួររំលងក្នុងការដើរទស្សនាទីក្រុងវ័យចំណាស់ ថតរូបស្អាត និងដំណើរស្វែងរកអគារបុរាណពណ៌ខៀវនោះទេ។ សូមបង្ហើបប្រាប់បន្ដិចថា មិនត្រឹមតែជាអគារមានសោភ័ណ្ឌភាពស្អាតនោះទេ ទីក្រុងចាស់នេះថែមទាំងមានអាកាសធាតុមនោរម្យទៀតផង ត្រឹម10-18 អង្សារតែប៉ុណ្ណោះ អាចនិយាយបានថា ញើសគ្មានផ្លូវហូរចេញពីខ្លួនយើងបាននោះទេ គឺត្រជាក់ស្រួលតែម្ដង។

    11. Toorji Ka Jhalraប្រសិនបើអ្នកជាអ្នកគាំទ្ររឿង Ben10 ច្បាស់ជាស្គាល់ទីតាំងកន្លែងនេះជាក់ជាមិនខាន។ ទីនេះត្រូវបានក្លាយជាទីតាំងពេញនិយមក្នុងការថតខ្សែភាពយន្ដខ្នាតធំ និងភាពយន្ដបែបដំណើរផ្សងព្រេង ព្រោះថា ស្ថានីយទេសចរណ៍មួយនេះមានចំនុចពិសេសត្រង់ថា ជណ្ដើររាប់ម៉ឺនកាំដែលអ្នកបានឃើញដូចក្នុងរូបនោះ មិនត្រូវបានអនុញ្ញាតិឱ្យគិតកំរៃពីភ្ញៀវទេសចរឡើយ និងអាចហែលទឹកលេងកម្សាន្ដនៅអាងខាងក្រោមបានថែមទៀតផង។

    12. វិហារ TAJ MAHALនៅពេលដែលអ្នកដើរចូលទៅក្នុងវិហារ TAJ MAHAL ដំបូង ប្រម៉ាណនៅវេលាម៉ោង06 និង 30នាទីព្រឹក នោះអ្នកនឹងបានឃើញរូបភាពដ៏ស្រស់ស្អាតនៃវិហារនេះបានផុសឡើង ប្រកបដោយបរិយាកាសត្រជាក់ក្នុងកម្រិត 7អង្សា គួរឱ្យដក់ចិត្តជាខ្លាំង។ នៅពេលដែលអ្នកបានឃើញវិហារ TAJ MAHAL ហ៊ុមព័ទ្ធដោយផ្សែងអ័ព្ទ នោះអ្នកនឹងឈរនៅស្ងៀមទ្រឹងសម្លឹងមើលទៅកាន់វិហារ ហើយគិតក្នុងចិត្តថា នេះជាឋានសួគ៌ប​មែនទែ!៕