Category: សង្គម និងសេដ្ឋកិច្ច

  • ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹង​ខាតបង់​ប្រមាណ 350លាន​ដុល្លារនៅ​ឆ្នាំនេះ ដោយសារ​ មេរោគ​ COVID-19

    ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹង​ខាតបង់​ប្រមាណ 350លាន​ដុល្លារនៅ​ឆ្នាំនេះ ដោយសារ​ មេរោគ​ COVID-19

    ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាន​ព្យាករ​ថា ឥទ្ធិពល​នៃ​មេរោគ COVID-19 នឹង​អាច​នាំឱ្យ​កម្ពុជា​ខាតបង់​ថវិកា​យ៉ាងតិចណាស់​ជិត 350លាន​ដុល្លារ​ក្នុង​ឆ្នាំ2020 នេះ ហើយ​ទំហំ​នៃ​ការខូចខាត​មកលើ​សេដ្ឋកិច្ច​ប្រទេសមួយ​នេះ អាច​នឹងមាន​ទំហំ​កាន់តែ​ធំ​ថែម​ទៀតផង។

    ធនាគារ ADB បានលើកឡើង​បែបនេះ​នៅក្នុង​របាយការណ៍​សង្ខេប​របស់ខ្លួន ដែលមាន​ចំណងជើង​ថា “អ្វី​ជា​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បណ្ដាលមកពី​ការរីក​រាលដាល​នៃ COVID-19 នៅ​អាស៊ី?” ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន ដោយបាន​ព្យាករ​ពី​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ី​ដែល​បណ្ដាល​ពី​មេរោគ COVID-19 ហើយ​ការរីក​រាលដាល​នៃ​មេរោគ COVID-19 នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងនោះ​រួមមាន​ទាំង​កម្ពុជា​ផងដែរ។

    របាយការណ៍ បាន​លើកឡើងថា ការរីក​រាលដាល​នៃ COVID-19 កំពុង​ប៉ះពាល់​ដល់​ចិន និង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី រួមមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​តម្រូវការ​ក្នុងស្រុក ការថយចុះ​នៃ​សកម្មភាព​ទេសចរណ៍ និង​ការធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​បង្អាក់​ការផ្គត់ផ្គង់​វត្ថុធាតុដើម និង​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ។

    បើតាម​របាយការណ៍រ​បស់ ADB បាន​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP)របស់​កម្ពុជា អាច​នឹង​ខាតបង់​ប្រមាណ​ជាង 1.40% ឬ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជាង 345,7លាន​ដុល្លារ ក្នុងករណី​ប្រសិនបើ​មាន​ផលប៉ះពាល់​ក្នុង​កម្រិត​តិច​បំផុត។

    របាយការណ៍​បាន​ប៉ាន់ប្រមាណ​ទៀតថា សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​ខាតបង់​កំណើន​ប្រមាណ​ជិត 2% ឬ​ស្មើនឹង​ជាង 473លាន​ដុល្លារ ក្នុងករណី​មាន​ផលប៉ះពាល់​ក្នុង​កម្រិត​មធ្យម ហើយ​កំណើន​សេដ្ឋកិច្ចកម្ពុជា អាច​នឹង​បាត់បង់​ក្នុង​រង្វង់​ជិត 3.5% ក្នុងករណី​ផលប៉ះពាល់​មាន​កម្រិត​ខ្ពស់។

    ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​កត់សម្គាល់​ក្នុង​សេចក្តី​សង្ខេប​របស់ខ្លួន​ថា៖“របាយការណ៍​នេះ គឺធ្វើឡើង​ក្នុង​បំណង​ឱ្យ​អ្នករៀបចំ​គោលនយោបាយ​នៃ​បណ្ដា​ប្រទេសនីមួយៗ ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​នានា​ក្នុងការ​បង្ការ​ហានិភ័យ និង​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា”។

    មន្ត្រី​នៃ​ក្រសួង​ការងារ បានទទួល​ស្គា​ល់ពី​ផលប៉ះពាល់​មកលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​កម្ពុជា ដែល​បណ្ដាលមកពី​ការផ្ទុះ​ឡើង និង​ការរីករាលដាល​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បាន​វាយប្រហារ​ទៅលើ​ចង្វាក់​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​កាលពីពេល​កន្លងមក។ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​សរុប33 ហើយ បានស្នើ​សុំ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល 2សប្ដាហ៍ (ថ្ងៃទី4 ខែមីនា ឆ្នាំ2020)។

    ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​ឱ្យដឹងថា កម្មករនិយោជិត​ចំនួន 17,096នាក់ នៃ​ចំនួន​កម្មករនិយោជិត​បម្រើ​ការងារ 62,087នាក់ ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ទាំង33 នោះ នឹងត្រូវ​ផ្អាក​ការងារ ដោយសារតែ​កង្វះខាត​វត្ថុធាតុដើម​ដែល​នាំចូល​ពី​ប្រទេស​ចិន ជាទី​ដែល​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​ផ្ទុះឡើង និង​រីក​រាលដាល​ទូទាំង​ពិភពលោក​ចាប់តាំងពី​ចុងឆ្នាំ​មុន​មក។

    ប៉ុន្តែ កាលពីដើម​សប្ដាហ៍​កន្លងទៅ លោក លូ គឹមឈុន អគ្គនាយក​កំពង់ផែ​ព្រះសីហនុ បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា កាលពី​ថ្ងៃ​អង្គារ មាន​នាវា​ដឹក​កុងតឺន័រ​ចំនួន5 ដែល​បាន​ផ្ទុក​ដោយ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ។

    ដោយឡែក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ខែ​មុន​ថា ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ កំពុងតែ​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ដល់​ទៅ​ជាង 30% នៃ​ភ្ញៀវទេសចរ​បរទេស​សរុប​ចូល​មកលេង​កម្ពុជា។

    តែ​ទោះជា​យ៉ាងណាក្ដី សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា កាលពី​ថ្ងៃទី10 ខែមីនា កម្ពុជា​បាន​ត្រៀម​ថវិកា​ចន្លោះ​ពី 800លាន​ដុល្លារ​ទៅ 2,000លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា៖ “យើង​មាន​សេណារីយោ​ទប់ទល់​នឹង​កូ​វីដ-19នេះហើយ។ បើ​កូ​រ៉ូ​ណា​អូសបន្លាយ​រយៈពេល 6ខែ យើង​ត្រៀម 800លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។ យើង​ក៏បាន​ប៉ាន់​ស្មានថា សេដ្ឋកិច្ច​ធ្លាក់​កំណើន​ប៉ុនណា ផលប៉ះពាល់​ធំ​ប៉ុនណា? បើ​វា​កើត​ដល់1ឆ្នាំ យើង​ត្រូវ​ប៉ះប៉ូវ​នូវ​ទំហំ​ទឹកប្រាក់​ប៉ុនណា? អ៊ីចឹង វា​ស្ថិតនៅ​ចន្លោះ​ពី 800លាន​ទៅ 2,000លាន​ប៉ុណ្ណឹង បើ​វា​អូសបន្លាយ​ដល់ 1ឆ្នាំ។ ខ្ញុំ​គិតថា ពិភពលោក​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ”។

    អ្នកស្រាវជ្រាវ​នៃ​ស្ថាប័ន​រាជបណ្ឌិត្យសភាកម្ពុជាលោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​លើកឡើងថា បញ្ហា​មេរោគ​កូ​វីដ-19 នេះ ជា​បញ្ហា​របស់​សកលលោក ដែល​ទាមទារ​ឱ្យ​ប្រទេស​ទាំងអស់​រួមគ្នា​ដោះស្រាយ។

    លោក​មានប្រសាសន៍ថា ជំងឺ​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ជំហាន​ដំបូង​ដល់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា “រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រៀបចំខ្លួន​ឱ្យបាន​ល្អ ចំពោះ​បញ្ហា​នេះ។ សំខាន់ រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹង​ការចំណាយ​ខ្ពស់​ដើម្បី​ទប់ទល់​នឹង​កូ​វីដ-19នេះ។ កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ឱ្យទាន់​ពេលវេលា និង​ឱ្យទាន់​សភាពការណ៍”។

    ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក៏បាន​ឱ្យដឹង​ដែរ​ថា ទំហំ​នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច នឹង​អាស្រ័យ​លើ​របៀប​ដែល​ការផ្ទុះ​ឡើង​នៃ​មេរោគ COVID-19 នៅតាម​បណ្ដា​ប្រទេសនីមួយ។ ADB បាន​បង្ហាញថាការផ្ទុះ COVID-19 នាំឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច ជា​សកល​មាន​ទំហំ​ពី 77ពាន់​លាន​ដុល្លារ​ទៅ 347ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង 0.1% ទៅ 0.4% នៃ​ទំហំ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល។

    ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បញ្ជាក់ថា នៅក្នុង​ការវិភាគ​ដែល​បាន​គូសបញ្ជាក់​ពី​សេណារីយោ​ដែល​ល្អ​បំផុត និង​អាក្រក់​បំផុត​ថា កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​ត្រឹម 0.3% ស្មើនឹង 1.7% និង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ចិន អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​ត្រឹម 0.2% ស្មើនឹង 0.5%។

    លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​មានប្រសាសន៍​នាពេល​កន្លងមក​ថា៖“ការរីក​រាលដាល​នៃ​វីរុស​នេះ បានធ្វើឱ្យ​បាត់​ក្តីសង្ឃឹម​សម្រាប់​កំណើនសេដ្ឋកិច្ច​កាន់តែខ្លាំង​នៅ​ឆ្នាំនេះ ហើយនឹង​ធ្វើឱ្យ​ទិន្នផល​សកលលោក​ឆ្នាំ2020 ឈានដល់​ល្បឿន​យឺត​បំផុត ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ2008-2009 មក”។

    ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹង​ទៀតថា ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ អាច​នាំឱ្យមាន​ការធ្លាក់​ចុះ​យ៉ាងខ្លាំង​នៅក្នុង​តម្រូវការ​ក្នុងស្រុក ទេសចរណ៍ និង​ការធ្វើ​ដំណើរការ​អាជីវ​កម្ម ពាណិជ្ជកម្ម និង​ផលិតកម្ម ការរំខាន​ដល់​ការផ្គត់ផ្គង់ ការធ្វើឱ្យ​ប៉ះពាល់​ដល់​កំ​ណើ​ន​នៅ​តំបន់​អាស៊ី​ដែល​កំពុងអភិវឌ្ឍន៍។

    ធនាគារ ADB ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា ខ្លួន​កំពុងផ្តល់​ថវិកា​ចំនួន 12ពាន់​លាន​ដុល្លារ​ជាបន្ទាន់ដើម្បី​ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ កែលម្អ​សេវាកម្ម​សុខភាព ការឃ្លាំមើល​ជំងឺ ការទទួលបាន​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ និង​ដើមទុន​សម្រាប់​អាជីវកម្ម​ជាដើម៕

  • វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

    វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

    ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត ប៉ុន្តែបញ្ហានៃការមករដូវទាំងនេះ ក៏មានការកែតម្រូវបឋម អាចជួយពន្លឿនការមករដូវឡើងវិញបានទៅតាមសុខភាពរបស់ស្ត្រីយើង។ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនពីវិធីមួយចំនួនក្នុងការពន្លឿនការមករដូវដូចតទៅ។

    មូលហេតុដែលរដូវអ្នកមកយឺត
    ជាធម្មតាវដ្តរដូវមានរយៈពេលពី21ថ្ងៃទៅ35ថ្ងៃ ក៏ប៉ុន្តែស្ត្រីមួយចំនួនអាចជួបបញ្ហានៃការរាំងរដូវ។ រាំងរដូវ ត្រូវបានគេស្គាល់ថា ជាជំងឺរលាកអាមីណូ ប្រសិនបើស្ត្រីមានអាយុលើសពី15ឆ្នាំ ប៉ុន្តែរដូវដំបូងមិនទាន់មកទេ ឬស្ត្រីដែលមិនមានរដូវអស់រយៈពេលជាង3ខែជាប់គ្នា ក៏ត្រូវបានគេចាត់ទុកថា រាំងរដូវដែរ ដែលបណ្តាលឱ្យមានរដូវមកយឺត ឬការមករដូវមិនធម្មតា។ មានកត្តាជាច្រើនដែលបណ្ដាលឱ្យខ្វះរដូវដូចជា៖

    1. ស្ត្រេស
    2. ទម្ងន់ខ្លួនតិចពេក ឬលើសទម្ងន់ជាដើម|
    3. មានអូវុលច្រើន (រោគសញ្ញា Polycystic Ovary ឬ PCOS)
    4. ការពន្យារកំណើត អ័រម៉ូនប្រែប្រួលខុសប្រក្រតីនៅក្នុងរាងកាយ
    5. មានបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជា មានជំងឺទឹកនោមផ្អែម ជំងឺហើម និងជំងឺធាត់ជាដើម
    6. ភាពមិនធម្មតានៃក្រពេញទីរ៉ូអ៊ីត
    7. ដល់វ័យអស់រដូវ និងការមានផ្ទៃពោះ

    វិធីពន្លឿនការមករដូវ
    ប្រសិនបើរដូវរបស់អ្នកមានភាពយឺតយ៉ាវ ឬអ្នកត្រូវពន្លឿនការមករដូវឱ្យលឿនជាងធម្មតានោះ យើងមានវិធីណែនាំមួយចំនួន ដើម្បីបង្កើនរយៈពេលរដូវរបស់អ្នកឱ្យធ្លាក់លឿន ហើយងាយស្រួលអនុវត្តដូចខាងក្រោមនេះ៖

    1.ទទួលទានវីតាមីន C
    ស្ត្រីមួយចំនួនជឿថា វីតាមីន C ឬអាស៊ីត Ascorbic អាចជួយពន្លឿនការមករដូវ ព្រោះថា វីតាមីន        vC នឹងបង្កើនអ័រម៉ូនអឺស្ត្រូសែន និងជួយរារាំងដំណើរកកើតអ័រម៉ូនប្រូសេស្តេរ៉ូន ដែលនឹងបណ្តាលឱ្យមានការកន្ត្រាក់ស្បូន ធ្វើឱ្យជញ្ជាំងស្បូនស្តើងជាងមុន។ អ្នកអាចទទួលទានវីតាមីន C ដោយការទទួលទានផ្លែឈើ និងបន្លែ ដូចជា ផ្លែក្រូចពណ៌ក្រហម ក្រូចឆ្មារ ផ្លែប៊័រ បន្លែខាត់ណា ស្ពៃពណ៌ប៉ៃតង ផ្លែត្របែក ផ្លែប៉េងប៉ោះ ម្ទេសបៃតង និងម្ទេសក្រហមជាដើម។ ក្នុងករណីដែលអ្នកទទួលទានវីតាមីន C ជាប្រភេទអាហារបំប៉ន សូមអ្នកប្រយ័ត្នកុំទទួលទានច្រើនពេក ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបាន។

    2. ទទួលទានផ្លែម្នាស់
    ផ្នែម្នាស់មានផ្ទុកនូវសារធាតុ Bromelain ដែលជាអង់ស៊ីមត្រូវបានគេដឹងថា មានឥទ្ធិពលលើអ័រម៉ូនស្ត្រី រួមទាំងអ័រម៉ូនអឺស្ត្រូសែនផងដែរ។ការសិក្សាមួយនៅក្នុងឆ្នាំ2007បានបង្ហាញថា សារធាតុ Bromelain អាចជួយកាត់បន្ថយការរលាក និងអាចជួយដោះស្រាយបញ្ហាមិនប្រក្រតីនៃការមករដូវ ដោយសារការរលាកបានផងដែរ។

    3. ទទួលទានបន្លែជីវ៉ាន់ស៊ុយបារាំង
    ជីវ៉ាន់ស៊ុយបារាំង គឺជាឱសថធម្មជាតិមួយប្រភេទ ដែលត្រូវបានគេនិយមប្រើនៅក្នុងបញ្ជីមុខម្ហូបបែបបស្ចិមប្រទេស។ វាសម្បូរទៅដោយវីតាមីន C និងសាធាតុ Apiol ដែលអាចជំរុញដល់ការកន្ត្រាក់ស្បូន។ អ្នកអាចប្រើស្លឹកជីវ៉ាន់ស៊ុយបារាំង ដើម្បីក្រឡុកជាមួយទឹកទទួលទានក៏បាន។ វិធីងាយៗគឺ គ្រាន់តែយកស្លឹកស្រស់របស់ជីវ៉ាន់ស៊ុយបារាំង 2-3សន្លឹក មកក្រឡុកជាមួយទឹកក្ដៅបន្ដិច ហើយទុកក្នុងទូរទឹកកក 4-5នាទី ទើបយកទទួលទាន។ យ៉ាងណាមិញ ប្រសិនបើស្ត្រីនៅក្នុងអំឡុងពេលបំបៅដោះកូន ឬស្ត្រីដែលមានបញ្ហាតម្រងនោម គួរតែប្រយ័ត្នក្នុងការទទួលទានជីវ៉ាន់ស៊ុយបារាំង។

    4. សម្រាកឱ្យបានគ្រប់គ្រាន់
    ពេលខ្លះបញ្ហារដូវមកយឺត ឬរាំងរដូវដែលអ្នកតែងជួបប្រទះ អាចជាលទ្ធផលនៃភាពតានតឹង ព្រោះនៅពេលអារម្មណ៍របស់អ្នកតានតឹង នោះរាងកាយរបស់អ្នកក៏នឹងបញ្ចេញនូវអ័រម៉ូនមួយចំនួនដូចជា Cortisol និងអ័រម៉ូន Epinephrine វាធ្វើឱ្យរដូវខ្វះ ឬរាំងតែម្ដង។ ដូច្នេះប្រសិនបើអ្នកតានតឹងក្នុងអារម្មណ៍ អ្នកគួរតែរកពេលវេលាសម្រាកឱ្យបានគ្រប់គ្រាន់ ឬបំបាត់ភាពតានតឹងខ្លះចោល ដោយការហាត់ប្រាណ ធ្វើយូហ្គា ចំណាយពេលជាមួយមិត្តភក្តិ ឬជាមួយក្រុមគ្រួសារ កុំធ្វើការច្រើនហួសកម្លាំង ហាត់សមាធិ ឬធ្វើសកម្មភាពបន្ធូរអារម្មណ៍ស្ត្រេស តាមរបៀបដែលអ្នកចូលចិត្ត។

    5. លំហាត់ប្រាណ
    ប្រសិនបើអ្នកហាត់ប្រាណខ្លាំងដូចជាអត្តពលិកអាជីព អ្នកប្រហែលជាត្រូវកាត់បន្ថយការហាត់ប្រាណខ្លះ ដោយសារតែការធ្វើលំហាត់ប្រាណធ្ងន់ពេក នឹងធ្វើឱ្យកម្រិតអ័រម៉ូនអឺស្ត្រូសែនធ្លាក់ចុះ រហូតដល់ការមករដូវមិនធម្មតា មកយឺត ឬមិនមកតែម្ដង។

    6. គ្រប់គ្រងទម្ងន់
    ទម្ងន់មិនថេរអាចប៉ះពាល់ដល់ការមករដូវ។ ប្រសិនបើអ្នកមានទម្ងន់ខ្លួនលើសគីឡូ វាអាចបណ្តាលឱ្យរាងកាយលើសជាតិខ្លាញ់ ដែលហុចផលដល់ការផលិតអ័រម៉ូនជាក់លាក់ទាក់ទងនឹងការមករដូវ។ ដូច្នេះវាបណ្តាលឱ្យអ្នកមានរដូវមិនទៀងខុសពីធម្មតា ហើយស្ត្រីមួយចំនួនដែលបានឈានដល់ដំណាក់កាលមិនមករដូវទាល់តែសោះពីមួយខែទៅមួយខែ។ ការគ្រប់គ្រងរបបអាហារជួបឱ្យអ្នករក្សាទម្ងន់ខ្លួនឱ្យនៅថេរ ឬធ្វើលំហាត់ប្រាណជាប្រចាំ ក៏ជួយឱ្យរដូវរបស់អ្នកមានភាពធម្មតាបានផងដែរ។

    7. ថ្នាំពន្យារកំណើត
    ថ្នាំពន្យារកំណើតអាចធ្វើឱ្យឈាមរដូវរបស់អ្នកមកតិចជាងមុន និងអាចធ្វើឱ្យបាត់មិនមករដូវនៅខែខ្លះទៀតផង ឬមិនមករដូវតែម្តងក៏មាន។ វាអាចធ្វើឱ្យអ្នកកើតជំងឺ Polycystic Ovary Syndrome (PCOS) ដែលបង្អាក់អូវុលរបស់អ្នក ធ្វើឱ្យរដូវរបស់អ្នកមកមិនបានទៀងទាត់។ លើសពីនេះទៅទៀត វាក៏អាចធ្វើឱ្យអ្នកមិនអាចមានកូន និងមានហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូងថែមផងដែរ៕

  • ក្រសួងកសិកម្មដាក់ចេញ​គោលការណ៍ 8ចំណុច ដើម្បី​លើកកម្ពស់​ផលិតកម្ម​សត្វ​នៅ​កម្ពុជា

    ក្រសួងកសិកម្មដាក់ចេញ​គោលការណ៍ 8ចំណុច ដើម្បី​លើកកម្ពស់​ផលិតកម្ម​សត្វ​នៅ​កម្ពុជា

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាត់ទុកថា ការលើកកម្ពស់​ផលិតកម្ម​សត្វ គឺជា​រឿង​ចាំបាច់ ដែល​ត្រូវមាន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម ព្រមទាំង​អភិវឌ្ឍន៍​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ឆ្ពោះទៅ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រជាកសិករ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង។

    ការលើកឡើង​ពី​សំណាក់​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាពេលនេះ ត្រូវបាន​ធ្វើឡើង​កាលពី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ2019 និង​ទិសដៅ​អនុវត្ត​ឆ្នាំ2020 នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កាលពីពេល​កន្លងទៅថ្មីៗនេះ។

    ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្ដម វេ​ង សាខុន បាន​លើកឡើងថា “ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យាថ្មីៗ ទាំង​ការចិញ្ចឹម ការ​បង្កាត់​ពូជ ការ​ផ្សំ​ចំណី សេចក្តីត្រូវការ​សាច់សត្វ ស៊ុត ទឹកដោះផលិតផល​មាន​ដើមកំណើត​ពីស​ត្វ កាន់តែ​កើនឡើង​ជា​លំដាប់ ហើយ​ការប្រកួតប្រជែង​ទីផ្សារ​សត្វ និង​សាច់​កាន់​តែមាន​ខ្ពស់​ឡើង”។

    ផ្ទុយទៅវិញ​លោក​បាន​ថ្លែងថា ការប្រែប្រួល​អាកាសធាតុ ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ធ្វើឱ្យ​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វបាន និងកំពុង​ទទួលរ​ង​នូវ​ផលប៉ះពាល់ ដូចជា​ការខ្វះខាត​វត្ថុធាតុដើម បាត់បង់​វាលស្មៅ​ធម្មជាតិ និង​ប៉ះពាល់​ដំណាំ​ចំណី​សត្វ ការកើតឡើង​នូវ​ជំងឺឆ្លង​សត្វ​យ៉ាង​ស្រួចស្រាល់ (ជំងឺផ្តាសាយបក្សី និង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក) ដែល​មិន​គ្រាន់តែ​គំរាមកំហែង​ដល់​ផលិតកម្ម​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​ជា​ហានិភ័យ​ដល់​សុខភាពសាធារណៈផងដែរ។

    ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បន្តថា ដូច្នេះទាំង​កត្តា​វិជ្ជមាន និង​អវិជ្ជមាន វា​ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់ រួមទាំង​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​រាជធានី-ខេត្ត​ផង ត្រូវ​បង្កើន​កិច្ចសហការ​កាន់តែ​ទ្វេ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ2019-2023 ក្នុងការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​សត្វ សុខភាព​សត្វ និង​សុខភាព​សាធារណ:។

    ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ក្រើនរំឭក​បន្ថែមទៀត​នូវ​អនុសាសន៍​សំខាន់​ចំនួន 8ចំណុច ដើម្បី​ជា​ធាតុ​ចូល​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៃ​អគ្គនាយកដ្ឋាន​ទាំងអស់​ក្នុង​ក្រសួងកសិកម្ម សម្រាប់​ធ្វើជា​មូលដ្ឋាន​យកទៅអនុវត្ត​បន្ត ដែល​ទាក់ទង​នឹង​ការលើកកម្ពស់​ផលិតកម្ម​សត្វ រួមមាន៖

    1- ត្រូវ​បន្ត​ពង្រឹង​ការងារ​គ្រប់គ្រង ដឹកនាំ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ ពង្រីង​សាមគ្គីភាព​ផ្ទៃក្នុង គោរព​វិន័យ ក្រមសីលធម៌ និង​វិជ្ជាជីវៈ ពង្រឹង និង​ពង្រីក​សមត្ថភាព​បន្ថែម។

    2- ត្រូវ​បន្ត​ពង្រឹង​ការងារ​ស្រាវជ្រាវ បណ្តុះបណ្តាលផ្សព្វផ្សាយ ពង្រឹងសមត្ថភាព និង​ប្រសិទ្ធភាព​មន្ទីរពិសោធន៍។

    3- ត្រូវ​បន្ត​ពង្រឹង​ការងារ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​លិខិតបទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់។

    4- យកចិត្តទុកដាក់​ជំរុញ​ការងារ​ផលិតកម្ម​សត្វ ជ្រើសរើស បង្កាត់ និង​ផ្លាស់ប្តូរ​ពូជ​សត្វ ពិសេស​សត្វ​គោ តាមរយ:ការ​បង្កាត់​ពូជ​សប្ប​និម្មិត។ បន្ត​ចុះបញ្ជី​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ពេទ្យសត្វ​ភូមិ។ ជំរុញ​ផលិតកម្ម​ចំណី​សត្វ ដំណាំ​ចំណី​សត្វ ការចុះបញ្ជី និង​ពង្រឹង​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម​ចំណី​សត្វ សារធាតុ​ផ្សំប​សុ​ឱសថ និង​វ៉ាក់សាំង។

    5- លើកកម្ពស់​សុខភាព​ស​ត្វ តាមរយ:ការចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង ការអនុវត្ត​ជីវ​សុវត្ថិភាព​នៅ​កសិដ្ឋាន និង​នៅ​កន្លែង​ផ្ទុះ​ជំងឺ​ផ្ទាល់ រួមទាំង​ពង្រឹង​ការងារ​គ្រប់គ្រង និង​ត្រួតពិនិត្យ​សត្តឃាតដ្ឋាន ការត្រួតពិនិត្យ​អនាម័យ​សាច់ ផលិតផល​សាច់ និង​ស៊ុត។

    6- ពង្រឹង​យន្តការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ចលនា​សត្វ ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ ស៊ុត​ចេញ- ចូល និង​នាំ​ឆ្លងកាត់ តាមដាន​ព័ត៌មាន​ស្តីពី​ស្ថានភាព​ជំងឺឆ្លង​សត្វ​នៅ​ប្រទេសជិតខាង ជាពិសេស​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែនដោយ​ចាត់វិធានការ​ទាំង​ផ្លូវច្បាប់ និង​បច្ចេកទេស​ឱ្យខាងតែបាន និង​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព​ចំពោះ​ការនាំ​ចូល​សត្វ​តាម​ព្រំដែន​ខុសច្បាប់។

    7- លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណ: ទាន់ពេលវេលា និង​តម្លាភាព គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការវិនិយោគ។

    ទី8- ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ធានា​ប្រសិទ្ធភាព​លើ​ការអនុវត្ត​ច្បាប់ និង​បច្ចេកទេស និង​កៀរគរ​ជំនួយ​ពី​គ្រប់​ម​ជ្ឃ​ដ្ឋា​ន​ខាងក្រៅ។

    បើតាម​មន្ត្រី​នាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ស្រី វុ​ឌ្ឍី ធ្លាប់បាន​លើកឡើង​ក្នុង​សន្និសីទ​ស្តីពី “បច្ចុប្បន្នភាព និង​វឌ្ឍនភាព របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ”កាលពីពេលថ្មីៗនេះ​ថា នៅក្នុង​ឆ្នាំ2019 កន្លងទៅ ការចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ​នៅ​កម្ពុជា មានការ​កើនឡើង​ជិត 3.47ភាគរយ បើ​ធៀប​នឹង​ឆ្នាំ2018 ដែលមាន​សត្វ​សរុប​ជិត 45.8លាន​ក្បាល​ប៉ុណ្ណោះ។

    ក្នុង​ឆ្នាំ2019 កន្លងទៅ លោក​ថា ការចិញ្ចឹម​មាន់ និង​ទា នៅក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ខណៈ​ការចិញ្ចឹម​ជ្រូក និង​គោ មានការ-​ថយចុះ​មួយកម្រិត។ ជាក់ស្តែង​លោក​បញ្ជាក់ថា ការចិញ្ចឹម​មាន់ ទា សរុប​មាន​ចំនួន 40.39លាន​ក្បាល កើនឡើង 6ភាគរយ ខណៈដែល​ការចិញ្ចឹម​គោ និង​ជ្រូក​មានការ​ថយចុះ ក្នុងនោះ​ការចិញ្ចឹម​គោ​មាន​ចំនួន 2.77លាន​ក្បាល ថយចុះ 5ភាគរយ ការចិញ្ចឹម​ជ្រូក​មាន​ចំនួន 2.18លាន​ក្បាល ថយចុះ 20ភាគរយ។

    យ៉ាងណាក្ដី តាមរយៈ​អនុសាសន៍​សំខាន់​ទាំង 8ចំណុច​ខាងលើនេះ ក្រសួងកសិកម្ម​រំពឹង​ថា នឹង​ឈានទៅ​ធានា​ដល់​ការលើកកម្ពស់​ផលិតកម្ម​សត្វ​នៅ​កម្ពុជា​កាន់​ប្រសើរឡើង​មិន​ខាន៕

  • ទិន្នន័យសរុបអ្នកកើតជំងឺកូវីដ19 នៅតាមបណ្ដារាជធានីខេត្ដគិតត្រឹមថ្ងៃនេះ

    ទិន្នន័យសរុបអ្នកកើតជំងឺកូវីដ19 នៅតាមបណ្ដារាជធានីខេត្ដគិតត្រឹមថ្ងៃនេះ

    គិតត្រឹមព្រឹកថ្ងៃទី17 ខែមីនា ឆ្នាំ2020 ជំងឺកូវីដ19 បានកើតមាននៅក្នុងប្រទេសកម្ពុជាចំនួន 24នាក់ហើយ។ អ្នកទាំង24នាក់នោះរួមមាន៖

    ទី1. បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
    ទី2. បុរសជនជាតិខ្មែរ វ័យ38ឆ្នាំ នៅខេត្តសៀមរាប
    ទី3. ស្រ្តីជនជាតិអង់គ្លេស វ័យ65ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
    ទី4. បុរសជនជាតិអង់គ្លេស វ័យ73ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
    ទី5. ស្រីជនជាតិអង់គ្លេស វ័យ69ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
    ទី6. បុរសជនជាតិកាណាដា អាយុ49ឆ្នាំ នៅរាជធានីភ្នំពេញ
    ទី7. បុរសជនជាតិប៊ែលហ្សិក អាយុ33ឆ្នាំ នៅរាជធានីភ្នំពេញ
    ទី8. បុរសជនជាតិបារាំង អាយុ35ឆ្នាំ នៅរាជធានីភ្នំពេញ
    ទី9. ទារកជនជាតិបារាំង អាយុ4ខែ នៅរាជធានីភ្នំពេញ
    ទី10. បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
    ទី11. បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ35ឆ្នាំ នៅខេត្តព្រះវិហារ
    ទី12. បុរសខ្មែរឥស្លាម អាយុ39ឆ្នាំ នៅខេត្តព្រះវិហារ។
    ទី13. បុរសជនជាតិខ្មែរឥស្លាម នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    ទី14. បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    ទី15 ទី16. បុរសខ្មែរឥស្លាម 2នាក់ (អាយុ 63ឆ្នាំ និង64ឆ្នាំ) នៅព្រែកប្រា
    ទី17, 18, 19, 20. បុរសខ្មែរឥស្លាម (អាយុចន្លោះពី 38ឆ្នាំ ដល់ 45ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
    ទី21. បុរសខ្មែរឥស្លាម អាយុ 30ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
    ទី22. បុរសខ្មែរឥស្លាម អាយុ 61ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ
    ទី23, 24. បុរសខ្មែរឥស្លាម អាយុ 75ឆ្នាំ និង 28ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕

  • អ៊ីស្រាអែល នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបមួយ ដើម្បីស្វែងរកអ្នកផ្ទុកវីរុសកូរ៉ូណា

    អ៊ីស្រាអែល នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបមួយ ដើម្បីស្វែងរកអ្នកផ្ទុកវីរុសកូរ៉ូណា

    ប្រទេសអ៊ីស្រាអែល កំពុងប្រើបច្ចេកវិទ្យា​តាម​ដាន​ភេរវជន ដើម្បី​ស្វែង​រក​ទីតាំង​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ដែល​ផ្ទុក​វីរុស​កូរ៉ូណាប្រភេទថ្មី ឬCOVID-19 ​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើ​ប្រាស់ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ នេះបើយោង​តាម នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu។​​

    លោក Benjamin បាន​មាន​ប្រសាសន៍​ថា ៖ “ក្នុង​ពេល​ឆាប់ៗ​នេះ ​យើង​នឹង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ ដែល​យើង​ធ្លាប់​បាន​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេវកម្ម​។”

    លោក​ ក៏​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​យុត្តិធម៌​ជា​មុន​សិនដែរ ព្រោះ​ថា ​វិធីសាស្ត្រ​នេះ​អាច​រំលោភ​សិទ្ធិឯកជន​របស់​អ្នក​ជំងឺ។​​​ ​លោក​ប្រធានាធិបតី ​មិន​បានប្រាប់​លម្អិត​អំពី​បច្ចេកវិទ្យា​នេះ​ទេ ដោយ​បានត្រឹមតែ​​បញ្ជាក់​ថា ​វា​ស្រដៀង​នឹង​វិធីសាស្ត្រ​ដែល​តៃវ៉ាន់​បាន​ប្រើដែរ។

    បច្ចេកវិទ្យា​នេះ​អាច​​មាន​បញ្ចូល​កម្មវិធីការ​ចាប់​ទីតាំង​ទូរស័ព្ទ​ភ្លាមៗ ដើម្បី​ឱ្យ​សមត្ថកិច្ច​ដឹង​អំពី​ការ​​រំលោភបំពាន​​លើ​ការដាក់ឱ្យ​នៅ​ដាច់​ដោយ​ឡែក ឬ​ចាប់​សញ្ញា​នៃ​ទិន្នន័យ​ដើម្បី​កំណត់​ការ​ទំនាក់ទំនង និង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ផ្ទុក COVID-19៕

  • Apple ប្រាប់ឱ្យហាង App Store នៅក្រៅប្រទេសចិនទាំងអស់ ត្រូវបិទ រហូតដល់ចុងខែមីនា

    Apple ប្រាប់ឱ្យហាង App Store នៅក្រៅប្រទេសចិនទាំងអស់ ត្រូវបិទ រហូតដល់ចុងខែមីនា

    Apple បាន​បញ្ចេញ​លិខិត​មួយ​ដែល​ឆ្លើយ​តប​នឹង​​វីរុស​កូវីដ-19 ដែល​កំពុង​រាតត្បាត​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​មួយ Apple តម្រូវ​ឱ្យ​ហាង​​លក់​រាយ​ផលិតផល Apple ទាំង​អស់​នៅ​ក្រៅ​ទឹក​ដី​ប្រទេស​ចិន នឹង​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី27 ខែ​មីនា។

    Apple បាន​ប្រាប់​ឱ្យ​ដឹង​​ដែរថា ​​ការ​បរិច្ចាគ​ដល់​​ការ​ប្រយុទ្ធ​ប្រឆាំង​​​ COVID-19 ​លើ​សកល​លោក​បាន​ឈាន​ដល់​ទំហំ​ទឹក​ប្រាក់ 15លាន​ដុល្លារហើយ​នៅ​ទូទាំង​ពិភពលោក។

    Apple ក៏​បាន​ប្រកាស​អំពី​ការ​ផ្លាស់​ប្ដូរ​នៃ​កម្មវិធី WWDC ឆ្នាំ2020 ជា​ទ្រង់ទ្រាយ​អនឡាញ​​វិញ មិន​ប្រព្រឹត្ត​ទៅ​ នៅ​លើ​ឆាក​ដែល​មាន​មនុស្ស​ចូល​រួម​ផ្ទាល់​ដូច​ឆ្នាំ​មុន​ឡើយ។

    សូម​ជម្រាប​ជូន​ផង​ដែរ​ថា Apple បាននិយាយ​ថា ​ការ​សម្អាត​​ដោយ​យក​ចិត្ត​ទុក​ដាក់​នៅ​ទីតាំង​ទាំង​អស់​របស់​ខ្លួន​នឹង​ត្រូវ​បន្ត ហើយ​នៅ​គ្រប់​ការិយាល័យ​ទាំង​អស់​ នឹង​មាន​បន្ថែម​ប្រព័ន្ធ​ពិនិត្យ​សុខភាព និង​ពិនិត្យ​កម្ដៅ​រាង​កាយ​ថ្មី ចំណែក​បុគ្គលិក​ធ្វើ​ការ​គិត​ម៉ោង​នឹង​បន្ត​ទទួល​បាន​ប្រាក់​ចំណូល​ដដែល៕

  • កំពុងទន្ទឹងចាំយូរ! ភាពយន្ដកំប្លែងសើចចុកពោះ «កុមារី២៥ឆ្នាំ វគ្គ៣ » ចេញ Trailerហើយ

    កំពុងទន្ទឹងចាំយូរ! ភាពយន្ដកំប្លែងសើចចុកពោះ «កុមារី២៥ឆ្នាំ វគ្គ៣ » ចេញ Trailerហើយ

    ទីបំផុតខ្សែភាពយន្តកំប្លែងដ៏ថ្មីសន្លាងមួយរបស់ផលិតកម្មកងចក្រដែលជាការដឹងសម្ដែងដោយ អ្នកស្រី ពាន់ ភួងបុប្ផា រឿង «កុមារី២៥ឆ្នាំ វគ្គ៣ » បានបញ្ចេញTrailerហើយ បង្វែរទស្សនីយភាពថ្មីប្លែកអារម្មណ៍សម្រាប់ទស្សនិកជនដែលកំពុងទន្ទឹងចាំ។

    តាមការប្រកាសរបស់ផេចហ្វេសប៊ុករបស់ផលិតកម្មកងចក្រ បានឱ្យដឹងថា « ចេញហើយ! វីដេអូ Teaser Trailer របស់ភាពយន្តបែបកំប្លែងរឿងកុមារី ២៥ ឆ្នាំ – 25 Year Old Girl វគ្គ ៣ ។ គ្រាន់តែមើល Trailer គឺសើចមុនបាត់ទៅហើយ ព្រោះប្រជុំដោយអ្នកកំពូលកូរ ចាក់បញ្ចាំងចាប់ពីថ្ងៃទី ០២ មេសា ២០២០ នៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា »

    ការបញ្ចេញវីដេអូខ្លីពេលនេះ អ្វីដែលកាន់តែសំខាន់ទៀតនោះ ទស្សនិកជនភាគច្រើន ជាពិសេសអ្នកគាំទ្ររឿងនេះផ្ទាល់ ប្រាកដជាបានទស្សនានូវការត្រឡប់មកវិញរបស់តារាសម្ដែងស្រីដ៏ល្បីឈ្មោះ អ្នកនាង នី មុល្លិកា បន្ទាប់ពីអ្នកនាងបានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្រាប់ផ្ទាំងរូបភាពប្រកាសភាពយន្ដបង្ហាញឱ្យឃើញពីតួអង្គសំខាន់ៗ ខាងក្រុមការងាររបស់ខ្សែភាពយន្តខ្មែរខ្នាតធំមួយនេះបានបង្ហាញពីរូបភាពរបស់តួអង្គតែបួនរូបប៉ុណ្ណោះ រួមមាន អ្នកនាង នី មុល្លិកា សម្ដែងជាតួអង្គកណ្ដូប លោក ញ៉ែម សុគន្ធ សម្ដែងជាតួអង្គ សុគន្ធ ហើយ នាយក្រូច សម្ដែងជាតួអង្គនាយស្វិត និងលោកជីវ័ន្ត សម្ដែងជាតួអង្គ នាយក្រញ៉ាញ់។

    សូមជម្រាបថា រឿង កុមារី ២៥ឆ្នាំ វគ្គ៣ ជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយ អ្នកស្រី ពាន់ ភួងបុប្ផា និងផលិតដោយ ផលិតកម្ម កងចក្រ ភីជឈ័រ ហើយគ្រោងនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់នៅថ្ងៃទី២ ខែមេសា ខាងមុខនេះហើយ៕

  • រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ19

    រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ19

    បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ19។

  • “ការពារ ប្រសើរជាងព្យាបាល” ក្រូចឆ្មារ ត្របែក មើមខ្ទឹមស ជាបន្លែ-ផ្លែឈើដែលគួរបរិភោគនាពេលបច្ចុប្បន្ន ដើម្បីជួយរាងកាយ ឱ្យឃ្លាតឆ្ងាយពីវីរុស COVID-19

    “ការពារ ប្រសើរជាងព្យាបាល” ក្រូចឆ្មារ ត្របែក មើមខ្ទឹមស ជាបន្លែ-ផ្លែឈើដែលគួរបរិភោគនាពេលបច្ចុប្បន្ន ដើម្បីជួយរាងកាយ ឱ្យឃ្លាតឆ្ងាយពីវីរុស COVID-19

    ដោយសារតែខណៈនេះ នៅមិនទាន់មានវ៉ាក់សាំងការពារមេរោគវីរុស COVID-19 ដ៏សាហាវមួយនេះ និងថែមទាំងមិនទាន់អាចគ្រប់គ្រងការឆ្លងរាលដាលបានទៀតនោះ មានវិធីទប់ទល់តែមួយគត់ ដែលយើងអាចការពារខ្លួនបាន គឺជំរុញ បង្កើន និងពង្រឹងប្រព័ន្ធការពាររាងកាយដើម្បីការពារការឆ្លងមេរោគ និងបំផ្លាញក្រោយពេលបានទទួលមេរោគហើយឱ្យកាន់តែឆាប់រហ័សឡើង មិនឱ្យមានអាការធ្ងន់ធ្ងរដល់ជីវិត នោះគឺការទទួលទានវីតាមីន និងសារធាតុអាហារដែលមានចំណែកជួយបង្កើន និងសាងប្រព័ន្ធការពាររាងកាយរបស់យើង ដែលមានដូចជា៖

    1.វីតាមីនC (Vitamin C) មានប្រយោជន៍ចំពោះរាងកាយមនុស្សច្រើនផ្នែក រួមទាំងការបង្កើនភាពរឹងមាំរបស់ប្រព័ន្ធប្រឆាំងនឹងជំងឺឆ្លងទៀតផង។ អ្នកដែលមានកម្រិតវីតាមីន C ក្នុងរាងកាយខ្ពស់ នឹងឆាប់ជាសះស្បើយពីជំងឺគ្រុនផ្ដាសាយ និងការឆ្លងមេរោគបានលឿនជាងអ្នកដែលមិនបានទទួលវីតាមីន C បន្ថែម។ វីតាមីន C មានច្រើននៅក្នុងផ្លែឈើស្រស់ និងបន្លែមួយចំនួន ដូចជា ក្រូចឆ្មារ បន្លែប្រូខូលី(ផ្កាខាត់ណាពណ៌ខៀវ) ស្ពៃក្ដោប ប៉េងប៉ោះ ផ្លែស្វាយ និងផ្លែត្របែក។

    2. មើមខ្ទឹមស (Garlic) គុណសម្បត្តិរបស់សារធាតុ អាល់លីស៊ីន(Allicin) ក្នុងខ្ទឹមស អាចប្រឆាំងមេរោគបាក់តេរី មេរោគវីរុស និងមេរោគជាច្រើនទៀត និងថែមទាំងជួយប្រព័ន្ធឈាមរត់ដំណើរការបានល្អ និងជួយឱ្យគ្រាប់ឈាមសធ្វើការយ៉ាងមានប្រសិទ្ធភាព។ អ្នកទទួលទានខ្ទឹមសជាប្រចាំ នឹងមិនសូវឈឺថ្កាត់ និងឆាប់ជាសះស្បើយពីជំងឺឆ្លងដោយមេរោគទៀតផង។

    3. អេខៃណាសៀ(Echinacea) ជារុក្ខជាតិឱសថបុរាណមួយប្រភេទដែលជួយស្ដារប្រព័ន្ធការពាររាងកាយ និងប្រឆាំងជំងឺ។ តាមរយៈការស្រាវជ្រាវ បានរកឃើញថា ឱសថបុរាណអេខៃណាសៀ មានគុណសម្បត្តិជួយទប់ស្កាត់មេរោគបាក់តេរី វីរុស និងមេរោគផ្សិត និងជាអ្នកស្ទាក់ចាប់ និងកម្ទេចមេរោគដំបូងគេនៅពេលមេរោគចូលមកក្នុងរាងកាយ។

    ទោះជាមេរោគមានគ្រោះថ្នាក់ខ្លាំងប៉ុនណាក៏ដោយ តែបើយើងបានត្រៀមរាងកាយឱ្យរឹងប៉ឹងជាប់ជានិច្ច នោះនឹងធ្វើឱ្យភាពប្រថុយប្រថានក្នុងការឆ្លងជំងឺ ថយចុះ និងកាត់បន្ថយភាពធ្ងន់ធ្ងរក្នុងការឆ្លងមេរោគបានទៀតផង៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • តើនរណាខ្លះ ដែលគួរទៅពិនិត្យរកវីរុស COVID-19?

    តើនរណាខ្លះ ដែលគួរទៅពិនិត្យរកវីរុស COVID-19?

    តាមរយៈស្ថានការណ៍ការឆ្លងរាលដាលនៃវីរុស COVID-19 ដ៏មហាគ្រោះថ្នាក់ដែលកំពុងរាតត្បាត​ស្ទើរ​តែពាសពេញពិភពលោកក្នុងខណៈពេលនេះ ធ្វើឱ្យយើងមានការភិតភ័យ និងព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងដែលបានរកឃើញមានអ្នកឆ្លងមេរោគកំណាចនេះផងដែរ។ ឥឡូវយើងនាំគ្នាមកមើល ថាតើបុគ្គលស្ថិតក្នុងក្រុមណាខ្លះដែលគួរតែទៅពិនិត្យរកមេរោគវីរុស COVID-19 និងតើត្រូវទៅពិនិត្យរកមេរោគវីរុសកំណាចនេះនៅពេលណា?

    ក្រុមមនុស្សដែលគួរតែទៅពិនិត្យរកវីរុស COVID-19

    1. អ្នកដែលទើបត្រឡប់មកពីតំបន់ដែលមានការឆ្លងរាលដាល
    2. អ្នកដែលធ្វើការជាមួយអ្នកទេសចរបរទេស
    3. អ្នកដែលប៉ះពាល់ជិតស្និទ្ធនឹងអ្នកជំងឺ COVID-19
    4. អ្នកដែលមានអាការរលាកសួតដោយមិនដឹងមូលហេតុ
    5. បុគ្គលិកពេទ្យដែលប៉ះពាល់អ្នកជំងឺ COVID-19
    6. អ្នកមានជំងឺខាងផ្លូវដង្ហើម
    7. អ្នកកំពុងកើតជំងឺគ្រុនផ្ដាសាយធំ

    ក្រុមទី2 គឺប្រជាជនទូទៅដែលគ្មានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ។ ក្រុមនេះមិនចាំបាច់ត្រូវពិនិត្យរកមេរោគទេ…តែបើដឹងថាខ្លួនឯងមានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ(ដោយសារបានប៉ះពាល់អ្នកឆ្លងមេរោគ-ល-) និងមិនទាន់មានចេញអាការជំងឺ ចូរបង្ខាំងខ្លួនឯងនៅដាច់ដោយឡែក ដើម្បីសង្កេតមើលអាការរយៈពេល​14ថ្ងៃ បើសិនគ្មានអាការឈឺថ្កាត់អ្វីទេនោះ ក៏មិនចាំបាច់ទៅពិនិត្យរកមេរោគដែរ៕