Category: សង្គម និងសេដ្ឋកិច្ច

  • NASA បញ្ចេញ​រូប​ថតដ៏អស្ចារ្យ​1សន្លឹក ​របស់​កាឡាក់ស៊ី M77 ដែល​មានចម្ងាយពី​​ផែន​ដី​​ 47​លាន​ឆ្នាំ​ពន្លឺ

    NASA បញ្ចេញ​រូប​ថតដ៏អស្ចារ្យ​1សន្លឹក ​របស់​កាឡាក់ស៊ី M77 ដែល​មានចម្ងាយពី​​ផែន​ដី​​ 47​លាន​ឆ្នាំ​ពន្លឺ

    តេឡេស្កូប​អវកាស​ Hubble របស់​ទីភ្នាក់​ងារ​អវកាស​អាមេរិកាំង NASA ថត​បាន​រូប​ភាព​ច្បាស់​ត្រជាក់​ភ្នែក​របស់​កាឡាក់​ស៊ី1​ ដែល​ត្រូ​វ​បាន​គេ​ដាក់​ឈ្មោះ​ឱ្យ​ថា Messier 77 ស្ថិត​នៅ​ក្នុង​កញ្ចុំ​ផ្កាយ​ Cetus។

    ទីភ្នាក់​ងារ​អវកាស​អាមេរិកាំង​ NASA កាល​ពី​ថ្ងៃទី17មីនា​កន្លង​ទៅ បាន​បញ្ចេញ​រូប​ថត​1សន្លឹក​​ដ៏​អស្ចារ្យ​របស់​កាឡាក់ស៊ី Messier 77 (M77) ដែល​មាន​ចម្ងាយពី​ភព​ផែន​ដី​​ ប្រមាណជា 47​លាន​ឆ្នាំ​ពន្លឺ​ (ពន្លឺ​​ព្រះអាទិត្យ​ ត្រូវ​ធ្វើ​ដំណើរ​8នាទី​ និង​20​វិនាទី​ ទើប​មក​ដល់​ផែនដី)។ ​ត្រង់​ចំណុច​ពណ៌​ក្រហម​ដែល​នៅ​ពាស​ពេញ​កាឡាក់ស៊ី​នេះ គឺ​បញ្ជាក់​ថា Messier 77 សម្បូរ​ទៅ​ដោយ​ឧស្ម័ន អ៊ីដ្រូសែន(hydrogen)។ ពន្លឺ​ភ្លឺ​ចែង​ចាំង​នៅ​ចំកណ្ដាល​កាឡាក់​ស៊ី គឺជា​ស្នូល​របស់​វា។​ ចំណែក​នៅ​ជុំ​វិញ​ស្នូល​ គឺជា​ដៃ​របស់​កាឡាក់ស៊ី ដែល​មាន​រាង​ដូច​គូទ​ខ្យង​​ និង​គ្រប​ដណ្ដប់​ដោយ​​ពពក​ធូលី​ដ៏ក្រាស់​។ តំបន់​ដែល​មាន​ពន្លឺ​ពណ៌ក្រហម​ ស្ថិត​នៅ​ជុំ​វិញ​ក្បែរ​ស្នូល​របស់​កាឡាក់​ស៊ី​ គឺជា​កន្លែង​កកើត​របស់​ផ្កាយ​ថ្មី។

    តារា​វិទូ​ជនជាតិ​បារាំង Pierre Méchain បាន​រក​ឃើញ​កាឡាក់ស៊ី M77 កាល​ពី​ឆ្នាំ​1780។ កាល​ណោះ​ តារា​វិទូ​រូប​នេះ ​យល់​ថា M77 គឺជា​ nebula ដែល​ជា​ពពក​ធូលី​យក្ស​ សម្បូរ​ដោយ​​ឧស្ម័ន​​អ៊ីដ្រូសែន អេលីយ៉ូម និងឧស្ម័នអ៊ីយ៉ុងផ្សេងទៀត នៅ​ក្នុង​ទី​អវកាស​ដ៏សែន​ឆ្ងាយ។ ប៉ុន្តែ តាម​ការ​ពិត M77 គឺជា​កាឡាក់​ស៊ី​ដ៏​មហា​សែន​ធំ​មួយ។ នៅ​លើ​ផែន​ដី តារា​វិទូ​អាច​ពិនិត្យ​មើល​​ M77 បាន​ច្បាស់​បំផុត នៅ​ក្នុង​ខែ​ធ្នូ រៀង​រាល់​ឆ្នាំ​។

    កាឡាក់ស៊ី M77 គឺដូច​ទៅ​នឹង​ Seyfert ផង​ដែរ ដែល​វា​ជា​កាឡាក់ស៊ី​មាន​ស្នូល​ធ្វើ​សកម្ម​ភាព​ខ្លាំង​ក្លា​បំផុត​ ហើយ​ត្រូវ​បានគ្រប​ដណ្ដប់​ដោយ​ឧស្ម័ន​ និង​ធូលី​អវកាស​​​ ដែល​នៅ​ជុំ​វិញ។ M77 គឺជា​កាឡាក់ស៊ី​1 ក្នុង​ចំណោម​កាឡាក់ស៊ី​​​​មាន​ពន្លឺ​ចែង​ចាំង​ជា​ច្រើន​ ដែល​ត្រូវ​បាន​សិក្សា​ស្រាវ​ជ្រាវ​ល្អិត​ល្អន់​បំផុត​។ កាល​ពី​ថ្ងៃទី​24វិច្ឆិកា ឆ្នាំ​2018 ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​ក៏​បាន​សង្កេត​​ឃើញ​ផ្កាយ​1កំពុង​​តែ​​ផ្ទុះ​ (ដែល​គេ​ហៅ​ថា ការ​ផ្ទុះ​ supernova)​ នៅ​ក្នុង​កាឡាក់ស៊ី​ M77 នេះ​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ក្រសួង​ជំរុញ​អនុវត្ត​គោលនយោបាយ​ថ្មី សម្រាប់​ផលិតកម្ម​នាំចេញ​គ្រាប់ស្វាយចន្ទី

    ក្រសួង​ជំរុញ​អនុវត្ត​គោលនយោបាយ​ថ្មី សម្រាប់​ផលិតកម្ម​នាំចេញ​គ្រាប់ស្វាយចន្ទី

    ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​បង្កើត​ក្រុមការងារ ដើម្បី​រៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ផលិតផល និង​ការនាំចេញ​គ្រាប់ស្វាយចន្ទី ដោយលោក ចាន់ រ៉ាស៊ី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជា​អ្នកដឹកនាំ​ក្រុមការងារ​ដែល​ទើប​បង្កើត​ថ្មី​នេះ នឹងធ្វើ​ការសិក្សា ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ចង្វាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី ជាការ​បណ្តាក់ទុន​ខាង​វិស័យ​កសិកម្ម ។

    សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា៖ “ក្រុម​នេះ​មាន​សមាសភាព 13រូប មកពី​ក្រសួងពាណិជ្ជកម្ម និង​អង្គការ​សង្គម​ស៊ីវិល។ ក្រុមការងារ​បច្ចេកទេស នឹង​សម្របសម្រួល​ផែនការ សកម្មភាព កិច្ចប្រជុំ​ផ្តល់យោបល់​លើ​របាយការណ៍​បច្ចុប្បន្ន​ភាព​ចង្វាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី និង​សិក្ខាសាលា​ពិគ្រោះ​យោបល់ សិក្សា​ស្រាវជ្រាវ សែ្វ​ងរ​កដៃ​គូ និង​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​គោលបំណង​បង្កើត​គោលនយោបាយ​គ្រាប់ស្វាយចន្ទី​កម្ពុជា”។

    យោងតាម​សេចក្តីថ្លែងការណ៍ ដែល​បាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី25 ខែកុម្ភៈ បានឱ្យដឹងថា ព័ត៌មាន​ប្រមូលបាន នឹង​ត្រូវបាន​បញ្ចូល​ស​ម្រា​ប់​ការរៀបចំ​គោលនយោបាយ សម្រាប់​ដំណាំ​នៅ​កម្ពុជា។ ក្រុមការងារ​ត្រូវបាន​ចាត់​ឱ្យធ្វើ​ការសិក្សា និង​ស្រាវជ្រាវ ដើម្បី​ប្រមូល​ព័ត៌មាន ទាក់ទង​នឹង​ខ្សែចង្វាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី ស្វែងរក​ធាតុ​ចូលសម្រាប់ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​យុទ្ធសាស្ត្រ លើ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​ទៀតផង។

    បន្ទាប់ពី​ចងក្រង​ព័ត៌មាន​រួចហើយ សេចក្តីព្រាង​គោលនយោបាយ នឹងត្រូវ​ដាក់ជូន​រាជរដ្ឋាភិបាល ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត មុនពេល​អនុវត្ត​ជា​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា។ ក្រុម​នេះ​ក៏​នឹង​រៀបចំ​សិក្ខាសាលា និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​អាជីវកម្ម​នៅក្នុង​ឧស្សាហកម្ម​ស្វាយចន្ទី និង​ឧស្សាហកម្ម​កសិកម្ម​ដទៃ​ទៀតផង​ដែរ។

    សេចក្តីព្រាង​គោលនយោបាយ​នេះ ត្រូវបាន​អនុវត្ត ពីព្រោះ​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ទោះយ៉ាងណា​ក្ដីដោយសារតែ​ការអភិវឌ្ឍ​ដំណាំ​កសិផល​នេះ កង្វះ​ដំណើរការ​ខាង​កែច្នៃ​គ្រាប់ស្វាយចន្ទី​ឆៅ​នៅក្នុង​ស្រុក ហើយ​គ្រាប់​ឆៅ​នេះ នៅតែ​សំខាន់​សម្រាប់​ការនាំចេញ និង​ត្រូវការ​បណ្តាក់ទុន​ឱ្យបាន​ពេញលេញ​ផងដែរ។

    ប្រធាន​នាយកដ្ឋាន​ក​សិ-ឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា មន្ត្រី​មកពី​នាយកដ្ឋាន​នេះ នឹងចូលរួម​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ថ្មី។

    លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​ក​សិ-ឧស្សាហកម្ម​មានប្រសាសន៍​ថា៖“យើង​កំពុងធ្វើការ ដើម្បី​ជំរុញ​ការផលិត​គ្រាប់ស្វាយចន្ទី​នៅក្នុង​ប្រទេស ដូច្នេះ​ការធ្វើការងារ​ជាមួយ​ក្រសួងពាណិជ្ជកម្ម មន្ត្រី​ក្រសួងកសិកម្ម​នឹងចូលរួម​ជាមួយ​ចំណេះដឹង​ខាង​បច្ចេកទេស”។

    លោក​បន្ថែមថា តម្លៃ​គ្រាប់ស្វាយចន្ទី បច្ចុប្បន្ន​គឺ 1.25 ទៅ 1.5ដុល្លារ​ក្នុង 1គីឡូក្រាម អាស្រ័យ​លើ​គុណភាព​នៃ​គ្រាប់ ដោយ​ការផលិត​គ្រាប់ស្វាយចន្ទី​នៅតែ​រំពឹងថា នឹងមាន​កំណើន​ល្អ នៅ​ឆ្នាំ2020។

    យោងតាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បានឱ្យដឹងថា ប្រទេស​កម្ពុជា បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ចំនួន 202,318តោន​កាលពី​ឆ្នាំមុន ទៅកាន់​ទីផ្សារ​បរទេស​កើនឡើង ជិត 100% ពី​ចំនួន 101,973 តោន​ក្នុង​ឆ្នាំ2018។

    ដូច្នេះ នៅ​ឆ្នាំ2019 កម្ពុជា​បាន​នាំ​គ្រាប់ស្វាយចន្ទី​ឆៅ ទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ បាន​ដល់​ទៅ​ជាង 20ម៉ឺន​តោន ពោលគឺ ច្រើនជាង​ការនាំចេញ​ឆ្នាំ2018 ដល់​ទៅ 2ដង។ នេះ​បើតាម​តួលេខ​ផ្តល់​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

    កាលពី​ឆ្នាំ2018 សមាគម​ស្វាយចន្ទី​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ក្រសួងកសិកម្ម​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​របស់​កម្ពុជា ឱ្យបាន​ដល់ 1លាន​តោន​នៅ​ឆ្នាំ2028។ តាមរយៈ​អនុស្សរណៈ​នេះ គេ​ត្រូវមាន​ការវិនិយោគ​ធំ និង​ពន្លាត​ផ្ទៃដី​ដាំ​ដើម​ស្វាយចន្ទី នៅក្នុង​ប្រទេស​កម្ពុជា​ប​ន្ថែ​ម​ទៀត។

    សូមបញ្ជាក់ថា ពេល​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​ចំនួន ប្រមាណ​តែ 10ម៉ឺន​ហិកតា ដែល​ផ្តល់​ទិន្នផល​បាន​ជាង 10ម៉ឺន​តោន។ ដូច្នេះ កម្ពុជា​ត្រូវ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ 1ជា5 ពោលគឺ 50ម៉ឺន​ហិកតា នៅ​ឆ្នាំ2022 និង​ត្រូវ​សហការ​ជាមួយ​អ្នកជំនាញ​វៀតណាម ដើម្បី​បង្កើន​ទិន្នផល។ នៅ​ប្រទេស​វៀតណាម ដើម​ស្វាយចន្ទី 1ហិកតា ផ្តល់​ផល​ប្រមាណ 2តោន ពោលគឺ​ច្រើនជាង​កម្ពុជា​ចំនួន 2ដង។

    វៀតណាម បាន​ជំរុញ​លើកទឹកចិត្ត ឱ្យ​កម្ពុជា​បង្កើន​ការដាំដុះ​ដើម​ស្វាយចន្ទី ដោយ​ផ្តល់​ជា​គ្រាប់ពូជ និង​បច្ចេកទេស​ដាំ​ដុះ។ ការធ្វើ​វិនិយោគ​នៅ​កម្ពុជា សម្រាប់​វៀតណាម​ជាការ​ងាយ ព្រោះ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​អ្នកផ្គត់ផ្គង់​ដ៏​ជាក់លាក់​មួយ ហើយ​នៅ​ជិតគ្នា។ ផ្នែក​មធ្យោបាយ​ដឹកជញ្ជូន​ក៏​ជិត ចំណាយ​ក៏​តិច មិនបាច់​ស្តុក​ទុក​យូរ ដូច្នេះ គ្រាប់ស្វាយចន្ទី នឹង​រក្សា​គុណភាព​បាន​ខ្ពស់ ប្រសើរ​ជាង​គ្រាប់ស្វាយចន្ទី​ឆៅ នាំចូល​មកពី​អាហ្វ្រិក។

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា៖ “ខ្ញុំ​ធ្លាប់​ឃើញ​ក្រសួងកសិកម្ម​បាន​ទំនាក់ទំនង​ទីផ្សារ​ដែរ ហើយ​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​វៀតណាម​ខាង​ផលិត​ស្វាយចន្ទី ដែល​មកជួប​រដ្ឋមន្ត្រី​កសិកម្ម​កន្លងមក ឱ្យជួយ​រក​ទីផ្សារ​គ្រាប់ស្វាយចន្ទី​របស់​កសិក​រ​ខ្មែរ។ ចំណែក​ក្រុមហ៊ុន គឺ​គាត់​ចង់ឱ្យ​កសិករ​ខ្មែរ​ដាំ​ស្វាយចន្ទី​ផ្គត់ផ្គង់​ឱ្យ​គាត់ ហើយ​ឱ្យ​តែមាន(គ្រាប់ស្វាយចន្ទី) ប៉ុន្មាន​ក៏​គាត់​ទិញយក​ទាំងអស់។ ព្រោះ​គាត់​ធ្លាប់​ទិញ​គ្រាប់ស្វាយចន្ទី​ពី​ប្រទេស​អាហ្វ្រិក​មានតម្លៃ​ថ្លៃ​ពេក”។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍ថា៖“ខ្ញុំ​គិតថា នេះ​ជា​ការរក​ទីផ្សារ​ដល់​កសិករ​យើង​សម្រាប់​ដំណាំ​ស្វាយចន្ទី នេះ​ជាការ​ល្អ តែ​ប្រសិនបើ​មាន​គោលនយោបាយ ដូចដែល​ក្រសួងពាណិជ្ជកម្ម​បានរៀបចំ​ឡើង​នេះ​ទៀត វារឹតតែ​ប្រសើរ​សម្រាប់​ដំណាំ​ស្វាយចន្ទី។ ខ្ញុំ​គាំទ្រ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​ស​ម្រា​ប់​សិក្សា ដែលមាន​ភារកិច្ច​ស្រាវជ្រាវ និង​ចងក្រង​សេចក្តីព្រាង​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្វាយចន្ទី​នៅ​កម្ពុជា នេះ​ជាការ​ល្អ”។

    លោក​ឧកញ៉ា លឹម ហេង បាន​បញ្ជាក់ថា៖ “គោលនយោបាយ​ស្វាយចន្ទី នឹង​ជួយ​លើកកម្ពស់​ចង្វាក់​ផ្គត់ផ្គង់ ខណៈ​កម្ពុជា​កង្វះ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី។ ខ្ញុំ​គិតថា ប្រសិនបើ​យើង​មាន​គោលនយោបាយ​ស្វាយចន្ទី គឺជា​សញ្ញា​ល្អ ដែល​វា​នឹង​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​ដល់​កសិករ ហើយក៏​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​នៅពេល​អនាគត​ផងដែរ។ ម្យ៉ាងទៀត ដើម្បី​កុំឱ្យ​ឈ្មួញ​កំណត់​តម្លៃ ឬ​ទម្លាក់​តម្លៃ ស្រេច​តែ​នឹង​ចិត្ត”។

    តាម​របាយការណ៍ របស់​ក្រសួងកសិកម្ម បានបង្ហាញ​តួលេខ​ថា ផ្ទៃដី​សរុប​នៃ​ការដាំដុះ​ស្វាយចន្ទី​មាន149,660 ហិកតា ទូទាំងប្រទេស។ ជិត 60% ត្រូវបាន​ប្រមូល​ផល ដែល​អាច​ផ្តល់​ទិន្នផល​បាន 116,343តោន​ កាលពី​ឆ្នាំមុន ហើយ​ដើម​ស្វាយចន្ទី​ជាង 500,000ហិកតា ត្រូវបាន​គ្រោង​នឹង​ដាំ។ ចំណែក​ទិសដៅសំខាន់ៗសម្រាប់​ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា គឺ​ប្រទេស​វៀតណាម រុស្ស៊ី កូរ៉េខាងត្បូង ចិន មី​យ៉ាន់​ម៉ា ប៉េ​រូ ឥណ្ឌា អូស្ត្រាលី កោះ​តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត៕

  • ខាត់ សុឃីម និងប្រជាពលរដ្ឋជាង 300នាក់ អំពាវនាវដល់សម្ដេច តវ៉ាមុខតុលាការខេត្តសៀមរាប

    ខាត់ សុឃីម និងប្រជាពលរដ្ឋជាង 300នាក់ អំពាវនាវដល់សម្ដេច តវ៉ាមុខតុលាការខេត្តសៀមរាប

    កាលពីព្រឹកថ្ងៃទី19 មីនា ឆ្នាំ2020 តារាចម្រៀងល្បីល្បាញអ្នកនាង ខាត់ សុឃីម និងស្វាមី បានរួមគ្នាជាមួយអ្នកតវ៉ាប្រមាណ៣០០នាក់ផ្សេង រួមគ្នាលើកបដាទាមទាឱ្យតុលាការខេត្តសៀមរាប ដោះលែង លោក ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita បន្ទាប់ពីតុលាការខេត្តសៀមរាប បន្តឃុំខ្លួនលោក បណ្ដាលឱ្យលោក ឌឹម សួនណាត មិនអាចចេញមកសស្រាយបំណុលដល់ដៃគូវិនិយោគទាំងឡាយបាន។ អ្នកនាង ខាត់ សុឃីម និងអ្នកតវ៉ា បញ្ជាក់ថា បើគ្មានការដោះលែងអគ្គនាយកក្រុមហ៊ុន Enarita រូបនេះទេ ការបង់ខាតរបស់គ្រួសាររាប់ពាន់គ្រួសារក៏គ្មានដំណោះស្រាយនោះដែរ។

    អ្នកនាង ខាត់ សុឃីម និយាយថា លោកឌឹម សួនណាត គឺជាមនុស្សល្អ តែលោកត្រូវបានចោទប្រកាន់ពីបទលក់ដីខ្យល់ និងឆបោក ហើយត្រូវឃុំក្នុងតុលាការខេត្តសៀមរាប ដែលបណ្ដាលឱ្យអ្នកវិនិយោគគម្រោងជាមួយលោក រាប់ពាន់គ្រួសារគ្មានការសងត្រលប់។ អ្នកនាងលំត្រាតែលោក ឌឹម សួនណាត ត្រូវបានដោះលែង ទើបក្រុមអ្នកបណ្ដាក់ទុនវិនិយោគទាំងអស់ ទទួលបានយុត្តិធម៌ ក្នុងការទទួលបានប្រាក់វិនិយោគជាមួយក្រុមហ៊ុនកន្លងមក។ អ៊ីចឹងហើយ ទើបអ្នកនាង និង គ្រួសារដែលជាដៃគូវិនិយោគជាមួយលោក ឌឹម សួនណាត សរុបប្រមាណ ៣០០នាក់ ត្រូវរួមគ្នាធ្វើញត្តិយាអន្តរាគមន៍ពីសម្ដេចនាយករដ្ឋមន្ត្រី និង នាំគ្នាមកតវ៉ានៅមុខតុលាការខេត្តសៀមរាបតែម្ដង ដើម្បីស្នើឱ្យតុលាការខេត្តសៀមរាប ដោះលែង លោក ឌឹម សួនណាត ដើម្បីកុំឱ្យលោកបន្តជាប់ឃុំ និងអាចឱ្យលោកមករកស៊ីដោះស្រាយបំណុលកូនក្រុមទាំងអស់ ដែលបានដាក់ហ៊ុនមុនពេលតុលាការធ្វើការចោទប្រកាន់។ អ្នកនាងថា បើលោក ឌឹម សួនណាត ជាមនុស្សឆបោកដូចការចោទប្រកាន់ ប្រហែលអ្នកនាង និង គ្រួសារដែលវិនិយោគផ្សេងទៀត មិនប្រឹងចំណាយពេលទេ ប៉ុន្តែមកពីអាណិតលោក និងចង់ឱ្យលោកបានចេញមកវិញ ដើម្បីដោះស្រាយប្រាក់ដើម ដែលគ្រួសារទាំងអស់បានបណ្ដាក់ទុនជាមួយ ទើបនាំគ្នាតវ៉ា។

    ម្ចាស់ហ្វេសប៊ុក លោក ខេម ណារ៉ា ដែលត្រូវគេស្គាល់ថាជាផលិតករផង និងជាតួសម្ដែងផង បានអះអាងថាក្រោយការតវ៉ាមួយព្រឹក ខាងអយ្យការតុលាការខេត្តសៀមសៀម បានហៅតំណាង៣នាក់ឱ្យចូលចចារដោយខាងតុលាការសន្យារថានឹងជួយរកដំណោះស្រាយ។ យ៉ាងណាមិញលោកថា ក្រុមអ្នកតវ៉ា នឹងនៅតែបន្តតវ៉ា ប្រសិនបើខាងតុលាការនៅតែបន្តឃុំខ្លួនលោក ឌឹម សួនណាត បន្ទាប់ពីការឃុំខ្លួនអស់៨ខែមិនមានដំណោះស្រាយរាប់ខែហើយ៕

  • ការអានធ្វើឱ្យគុណភាពនៃភាពឆ្លាត ខាងអារម្មណ៍ (EQ) ល្អប្រសើរ

    ការអានធ្វើឱ្យគុណភាពនៃភាពឆ្លាត ខាងអារម្មណ៍ (EQ) ល្អប្រសើរ

    នៅក្នុងពិភពលោក នាយុគសម័យថ្មីនេះ មនុស្សគ្រប់គ្នាត្រូវការសមត្ថភាពកាន់តែច្រើនដើម្បីរស់នៅប្រកបដោយភាពអភិវឌ្ឍ និងសេចក្តីសុខ។ ខុសពីពីអតីតកាល ដែលគិតថាមានត្រឹមតែគុណភាពនៃបញ្ញា្ញា (IQ) បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាត្រូវការភាពឆ្លាតខាងអារម្មណ៍ (EQ) ដើម្បីរស់នៅក្នុងភាពស្ងប់សុខ ដោះស្រាយបញ្ហាក្នុងជីវិតបានល្អ និងអាចធ្វើការងារជាក្រុមបានល្អនៅគ្រប់ទីកន្លែងទាំងអស់។

    នៅក្នុងចំណោមវិធីសាស្រ្តបង្កើនភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ទាំងអស់ ការអានសៀវភៅត្រូវបានគេមើលឃើញថាជាវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងអារម្មណ៍ បង្កើនភាពរឹងមាំផ្នែកផ្លូវចិត្ត និងសមាធិខ្ពស់។

    លោក គីម ដារ៉ា ស្ថាបនិកស្ថាប័នបណ្តុះបណ្តាល Start Up Cambodia បានលើកឡើងថា តាមការសង្កេតរបស់លោក ការអានអាចជួយឱ្យការរស់នៅទទួលបានលទ្ធផលល្អប្រសើរយ៉ាងច្រើន។ លោកថានៅពេលលោកធ្លាក់ទឹកចិត្ត លោកចាប់ផ្តើមអានសៀវភៅ ហើយជាលទ្ធផលក្រោយពេលអានរយៈពេល 2ម៉ោង ទៅ3ម៉ោងក្រោយ អារម្មណ៍របស់លោកបានចាប់ផ្តើមល្អប្រសើរ។ បន្ថែមពីលើនេះ ពេលលោកបាត់បង់ជំនឿចិត្ត លោកចំណាយពេលអានប្រមាណជា 2 ទៅ3ម៉ោង ក៏ចាប់ផ្តើមមានអារម្មណ៍ថាល្អប្រសើរផងដែរ។ មានពេលខ្លះទៀតលោកមានអារម្មណ៍ថាខ្ជិល លោកក៏ចាប់យកសៀវភៅមកអានផងដែរដើម្បីឱ្យមានអារម្មណ៍ចង់ធ្វើការឡើងវិញ។

    លោក គីម ដារ៉ា បាននិយាយថា៖ «ទោះបីជាខ្ញុំមិនមែនជាអ្នកលក់សៀវភៅ ឬជាអ្នកនិពន្ធសៀវភៅលក់ ក៏ខ្ញុំនៅតែឱ្យតម្លៃដល់ការអាន ព្រោះការអានបានជួយខ្ញុំច្រើន»។

    អ្នកអប់រំខាងលើបានលើកឡើងថា ក្រៅពីបញ្ហាខាងលើ សៀវភៅក៏អាចធ្វើឱ្យយើងគ្រប់គ្រងកំហឹងបានល្អផងដែរ ព្រោះនៅពេលយើងខឹងនឹងអ្នកណាម្នាក់ ក្រោយពេលអានសៀវភៅប្រហែលជា2 ម៉ោងអារម្មណ៍ក៏ចាប់ផ្តើមស្រស់ស្រាយឡើងវិញ។ មានពេលខ្លះទៀតនៅពេលយើងគាំងគំនិតគិតអ្វីមិនចេញ ការអានអាចជាវិធីល្អមួយក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ ព្រោះសៀវភៅអាចផ្តល់គំនិតច្រើនដើម្បីពិចារណា ឬបង្ហាញជាពន្លឺច្រើនសម្រាប់ជួយឱ្យការគិតកាន់តែទូលំទូលាយ។

    ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហម សុខនី សហស្ថាបនិកក្លិបយុវជនអ្នកអានសៀវភៅ បានលើកឡើងថាក្រោយពេលអានសៀវភៅច្រើនស្ថានភាពអារម្មណ៍របស់មនុស្សនឹងប្រែប្រួល។ ជាក់ស្តែងយើងឃើញថាអ្នកចំណាយពេលវេលាអានសៀវភៅជាទៀតទាត់ភាគច្រើនជាមនុស្សដែលអាចប្រមូលអារម្មណ៍ និងមានភាពផ្តោតខ្ពស់ ព្រោះការអានសៀវភៅជាប្រភេទល្អនៃការសមាធិម្យ៉ាងដែលអាចធ្វើឱ្យអារម្មណ៍របស់យើងស្ងប់ និងផ្តោតបានល្អ។

    បន្ថែមពីលើនេះ អ្នកអានសៀវភៅច្រើនក៏ជាមនុស្សដែលគ្រប់គ្រងកំហឹងបានល្អផងដែរ ព្រោះជាក់ស្តែង យើងឃើញថាមនុស្សឆេវឆាវដែលចាប់ផ្តើមអានសៀវភៅច្រើនឆ្នាំទៅ គាត់បែរជាក្លាយជាមនុស្សថ្មីដែលគិតវែងឆ្ងាយជាងមុន ស្គាល់ពីអារម្មណ៍របស់មនុស្សខាងក្រៅច្រើនជាងមុន និងក្លាយជាមនុស្សម្នាក់ដែលចាប់ផ្តើមប្រើប្រាស់ហេតុផលក្នុងការដោះស្រាយបញ្ហាបានយ៉ាងល្អ។

    លោក ហម សុខនី បាននិយាយថា៖ «យើងគ្រប់គ្នាតែងតែព្យាយាមធ្វើគ្រប់លទ្ធភាពដើម្បីរក្សាសុខភាពផ្លូវកាយ ដូចជាការហាត់ប្រាណ ការញ៉ាំអាហារសុខភាព ឬការបង្កើតទម្លាប់ល្អក្នុងការរស់នៅជាដើម តែពេលខ្លះយើងភ្លេចគិតថាសុខភាពផ្លូវចិត្តក៏សំខាន់ផងដែរក្នុងការកសាងក្តីសុខក្នុងជីវិត។ ក្នុងចំណោមវិធីសាស្រ្តល្អៗជាច្រើនក្នុងការកសាងសេចក្តីសុខក្នុងចិត្ត ការអានសៀវភៅ ក៏ជាផ្នែកចម្បងមួយផងដែរក្នុងការជំរុញឱ្យស្ថានភាពផ្លូវចិត្តមានភាពនឹងនរ»។

    លោក សុខនី បានបន្ថែមទៀតថា សម្រាប់អ្នកមិនទាន់បានអានសៀវភៅ ហើយកំពុងមានអារម្មណ៍ថាខ្លួនឯងឆេវឆាវ មានអារម្មណ៍ឆាប់ខឹង ឆាប់ភ័យ ឆាប់ភ្លេច ឬធ្វើការងារមិនសូវផ្តោត អាចសាកល្បងចាប់សៀវភៅអានដើម្បីព្យាបាលបញ្ហាទាំងអស់នោះ។

    ការអានសៀវភៅដំបូងអាចជារឿងលំបាកសម្រាប់អ្នកមិនសូវចូលចិត្តអាន ព្រោះវាអាចធ្វើឱ្យយើងងងុយគេង ធុញទ្រាន់ ស្ត្រេស ឬអាចធ្វើឱ្យយើងមានអារម្មណ៍នៅមិនសុខជាដើមតែក្រោយពេលចាប់ផ្តើមស្វែងរកចំណុចជក់ចិត្ត ឬបង្កើតចំណូលចិត្តអានបានហើយ យើងនឹងមានអារម្មណ៍ថាវាចាប់ផ្តើមធ្វើឱ្យជីវិតរបស់យើងកាន់តែមានសេចក្តីសុខ។ ជាក់ស្តែង អារម្មណ៍នៅពេលអានសៀវភៅ គឺជាពេលដ៏ស្ងប់ស្ងាត់ បិទភាពទុក្ខកង្វល់ និងរឿងជ្រួលច្របល់ទាំងឡាយក្នុងការរស់នៅ ហើយចូលទៅក្នុងពិភពនៃការស្រមើស្រមៃប្រកបដោយភាពស្រស់ស្អាត វិជ្ជមាន និងក្តីសង្ឃឹម។ ក្រៅពីនេះ យើងឃើញថាសៀវភៅបច្ចុប្បន្ននេះមានគ្រប់ប្រភេទ និងសម្បូរបែប ហេតុនេះសៀវភៅក៏អាចក្លាយជាទីប្រឹក្សាដ៏ល្អផងដែរនៅពេលយើងមានបញ្ហា។ ពិតណាស់ថាក្នុងសម័យបច្ចេកវិទ្យាយើងអាចប្រើប្រាស់អ៊ីនធើណិតដើម្បីដោះស្រាយចម្ងល់បាន តែប្រភពជាច្រើនក្នុងអ៊ីនធើណិតមិនប្រាកដថាមានតម្លៃ ឬត្រឹមត្រុវនោះទេ ខុសពីសៀវភៅដែលមុននឹងចេញផ្សាយត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់។ ហេតុនេះសូមចាប់ផ្តើមអានដើម្បីបង្កើនគុណភាពជីវិតឱ្យកាន់តែខ្លាំង ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់៕

  • អ្នកបើកយន្តហោះម្នាក់ បើកយន្តហោះអំពាវនាវឱ្យប្រជាជនក្នុងពិភពលោកប្រយុទ្ធនឹង “COVID-19” ដោយការ “ស្ថិតនៅក្នុងផ្ទះ”

    អ្នកបើកយន្តហោះម្នាក់ បើកយន្តហោះអំពាវនាវឱ្យប្រជាជនក្នុងពិភពលោកប្រយុទ្ធនឹង “COVID-19” ដោយការ “ស្ថិតនៅក្នុងផ្ទះ”

    វីរុសធ្វើឱ្យពួកយើងត្រូវតែ “ឈានរំលង” ក្ដីភ័យខ្លាចទៅមុខឱ្យបាន
    និងរួមកម្លាំងកាយ កម្លាំងចិត្តគ្នា ធ្វើនូវអ្វីដែលម្នាក់ៗអាចធ្វើបានដោយមិនពិបាក
    ដើម្បី “បញ្ឈប់ការឆ្លងរាលដាល” របស់មេរោគវីរុសកូវីដ-19
    ដោយវិធីមួយ គឺ “ផ្អាកការធ្វើដំណើរ” និង “ស្ថិតនៅក្នុងផ្ទះ” ក្នុងអំឡុងពេលនេះ។
    វេបសាយព័ត៌មាន UPI បានរាយការណ៍ថា ថ្មីៗនេះ មានអ្នកបើកយន្តហោះជនជាតិអូទ្រីសម្នាក់
    បាននាំយន្តហោះម៉ាស៊ីន1 ប្រភេទ ដៃម៉ន់ ឌីអេ 40 ដៃម៉ន់ ស្តារ៍
    បើកហោះឡើងចេញពីអាកាសយានដ្ឋាន វីនើ ណយឆ៍ ដាត់ថ៍ ក្នុងប្រទេសអូទ្រីស
    ឆ្ពោះទៅទីក្រុង ហ្គ្រាស ភាគខាងត្បូងទីក្រុង វៀនណា ដោយប្រើរយៈពេលហោះហើរ 24នាទី…។
    ទាំងអស់នេះ គឺមិនមែនដើម្បី “ដឹកជញ្ជូនអ្នកដំណើរ” នោះទេ
    តែ ត្រូវការ “ផ្ញើសារ” ឱ្យមនុស្សគ្រប់គ្នា ពួតដៃគ្នា “ស្ថិតនៅក្នុងផ្ទះ”
    ផ្អាកការធ្វើដំណើរដែលមិនសំខាន់ ឬមិនចាំបាច់ក្នុងអំឡុងពេលនេះ
    ដើម្បីជួយគ្នាបញ្ឈប់ការឆ្លងរាលដាលរបស់វីរុសកូវីដ-19 ដោយខ្សែផ្លូវហោះហើរ ដែលអ្នកបើកយន្តហោះរូបនោះបានហោះឆ្លងកាត់
    ពេលគូសភ្ជាប់គ្នាជាខ្សែតាមប្រព័ន្ធរ៉ាដាហើយនោះ វាចេញជាតួអក្សរដែលមានន័យថា “STAY HOME”
    ឬ “ស្ថិតនៅក្នុងផ្ទះ” ណា៎ទាំងអស់គ្នា!!!

    ប្រភព៖ សារព័ត៌មានបរទេស

  • ម្ចាស់បទចាបយំល្វើយៗ ដាក់មួយបទថ្មី «Covid 19 អង្រួនពិភពលោក» ប្រាប់ពីវិធីការពារសុខភាព

    ម្ចាស់បទចាបយំល្វើយៗ ដាក់មួយបទថ្មី «Covid 19 អង្រួនពិភពលោក» ប្រាប់ពីវិធីការពារសុខភាព

    មុននេះបន្ដិច នៅលើបណ្ដាញសង្គមយូធូបរបស់ក្រសួងព័ត៌មាន បានបង្ហោះបទចម្រៀងថ្មីរបស់លោក ចាន់ មករា​ ដែលគេស្គាល់ថាម្ចាស់បទ «ចាបយំល្វើយៗ» ក្រោមចំណងជើងថា «Covid 19 អង្រួនពិភពលោក» ជាការច្រៀងរៀបរាប់អំពីវិធីការពារសុខភាពពីការឆ្លងវីរុសងថ្មីដ៏សាហាវមួយនេះ។

    ខ្លឹមសារនៃបទទាំងមូលឆ្លុះបញ្ចាំងអំពីជំងឺផ្លូវដង្ហើមថ្មីកូវីដ១៩ នឹងផ្ញើសារទៅកាន់មហាជនខ្មែរទាំងអស់ឱ្យតាមដានព័ត៌មានពិត ប្រើម៉ាសឬក្រម៉ាជាប្រចាំ ធ្វើអនាម័យដោយការលាងសម្អាតដៃជាញឹកញាប់ ហើយក៏ជាសារផ្ញើទៅកាន់អាជីវករ កុំ​ព្យាយាម​ឡើងថ្លៃម៉ាសក្រមា អំឡុងពេលដែល​ជំងឺនេះរីករាលដាលនេះ។​

    គួរឱ្យដឹងដែរថា មួយបទនេះមិនត្រឹមត្រូវប្រកបដោយការផ្ដាំផ្ញើនោះទេ ជាពិសេសគឺផ្ដោតសំខាន់ទៅលើការលើកទឹកចិត្តពីការភ័យខ្លាចផងដែរ។ ចង់ដឹងថា អត្ថន័យ និងអត្ថរសនៃបទចម្រៀងនេះរណ្ដំយ៉ាងនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

    https://youtu.be/6EmIiBfAMVk

  • អ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា បង្ហាញមុខអ្នកឆបោកប្រាក់១៥ ម៉ឺនដុល្លារ

    អ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា បង្ហាញមុខអ្នកឆបោកប្រាក់១៥ ម៉ឺនដុល្លារ

    ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា អ្នកដឹកនាំសម្ដែង លោក រិទ្ធ អូមេហ្កា បានទម្លាយមុខមាត់មនុស្ស២នាក់ ដែលទទួលប្រាក់កក់លោករហូតដល់១៥ម៉ឺនដុល្លារដើម្បីកុម្ម៉ង់ម៉ាស់ ប៉ុន្តែហួសថ្ងៃកំណត់បែរជាគ្មានម៉ាស់ឱ្យលោក និងមិនព្រមបង្វិលលុយសង១ជាពីរតាមការព្រមព្រៀង។ លោកប្រកាសប្ដឹងអ្នកទាំងពីរ ខណៈដែលការបង្ហោះរបស់លោក ក៏ជាការទម្លាយពីសង្គ្រាមលក់ម៉ាស់ ក្រោយពេលផលិតផលមួយនេះត្រូវប៉ាន់ ឡើងថ្លៃ។

    លោក រិទ្ធ អូមេហ្កា បានប្រកាសនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ ថា”សូម​ បងប្រុស​ មុំ​ សុខុម​ និង បងស្រី​ គង់​ ដាលី​ ចូលខ្លួនមកដោះស្រាយជាមួយខ្ញុំឱ្យបងលឿនបំផុតក្នុងថ្ងៃនេះ​ រឺ ថ្ងៃស្អែកជាមួយបញ្ហាលុយកក់​ចំនួន​ 150000$ (១៥ម៉ឺនដុល្លារ) និងក្នុងកុងត្រាគឺគ្មានអីវ៉ាន់​ 1សងនឹង2 = 300000$(៣០ម៉ឺនដុល្លារ)ព្រោះពេលនេះតេទៅក៏មិនលេីក​ ក្រុមហ៊ុនក៏បិទទ្វារ។ បេីមិនដូចនេះទេ​ ខ្ញុំនឹងឱ្យមេធាវីខ្ញុំរៀបចំចាត់វិធានការទៅតាមផ្លូវច្បាប់​ ព្រោះខ្ញុំទុកពេលឱ្យយូរដែលហេីយ…. សូមជួយ Share ឱ្យបុគ្គលខាងលេីចូលខ្លួនដោះស្រាយជាមួយខ្ញុំផងនឹងនៅមានអ្នកផ្សេងៗទៀត​ ត្រៀមខ្លួនឱ្យហេីយទៅ”។

    លោក រិទ្ធ អូមេហ្កា ទម្លាយថានេះជាមូលហេតុដែលធ្វើអោយលោកមានបញ្ហាជំពាក់បំណុលមនុស្សមួយចំនួន ដោយសារតែលោកគ្មានម៉ាស់ដើម្បីលក់តាំងពេលឡើងថ្លៃ ហើយលុយដើមដែលកក់ទិញម៉ាស់ក៏កប់ក្នុងបណ្ដឹង។ នៅមិនទាន់ដឹងថា សាមីខ្លួនទាំង២ដែលជាប់ពីបទឆបោក និង រំលោភលើសេចក្ដីទុកចិត្តរបស់ លោក រិទ្ធ អូមេហ្កា នឹងឆ្លើយតបបែបណានៅឡើយទេ ក្រោយពីមានការបង្ហោះនេះ៕

     
  • ដើម្បី​អាច​គេច​ផុត​ពី​រោគ​រាត​ត្បាត ជន​ជាតិ​អាមេរិកាំង​1ក្រុម បង្កើត​ “ជំរំស្វ័យ​ការ​ពារ”​ នៅ​តំបន់​ព្រៃ​ភ្នំ

    ដើម្បី​អាច​គេច​ផុត​ពី​រោគ​រាត​ត្បាត ជន​ជាតិ​អាមេរិកាំង​1ក្រុម បង្កើត​ “ជំរំស្វ័យ​ការ​ពារ”​ នៅ​តំបន់​ព្រៃ​ភ្នំ

    ផ្លូវ​លំតូច​មួយ​នៅ​ឯតំបន់ Virginia ខាង​លិច​ ក្បែរ​ជើង​ភ្នំ Appalachia នាំ​ទៅ​កាន់​ជំរំមួយ​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​របស់​មនុស្ស​មួយ​ក្រុម​ដែលគេ​ចាត់​ទុក​ថា​ជា​អ្នក​កាន់ “លទ្ធិ​ការ​ពារ​ខ្លួន” (survivalism)​។

    ក្រុម​នេះ បាន​ចាប់​ផ្ដើម​ត្រៀម​​​តាំងពី​យូរ​មក​ហើយ សម្រាប់​ការ​ដួល​រលំនៃ​អរិយធម៌​របស់​មនុស្ស​ជាតិ មុន​ពេល​​​រោគ​រាត​ត្បាត​ COVID-19 បានមក​ដល់​។

    ជាមួយ​នឹង​សម្ភារ​ប្រើ​ប្រាស់ ស្បៀង​អាហារ​​ដែល​​មាន​សុពល​ភាព​ប្រើប្រាស់​​​ដល់​ទៅ​25​ឆ្នាំ រួម​នឹង​អង្ករ និង​ម្សៅ​មី​ជា​ដើម មនុស្ស​ទាំង​នេះ បាន​នាំ​គ្នា​គេច​ចេញ​ពី​តំបន់​ដែល​អាច​ឆ្លង​រោគ COVID-19 ទៅ​រស់​នៅ​ក្នុង​តំបន់​សុវត្ថិ​ភាព​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​។ ស្បៀង​អាហារ​របស់​ពួកគេ​ត្រូវ​បាន​តម្រៀប​យ៉ាង​មាន​របៀប​ នៅ​ក្នុង​ឃ្លាំង​​ក្រោម​ដី ដែល​ធ្វើ​អំពី​បេតុង​ និង​ដែក​យ៉ាង​រឹង​មាំ។

    ក្រុម​មនុស្ស​​កាន់ “​លទ្ធិ​ការ​ពារ​ខ្លួន”​ ដែល​គេ​ហៅក្រុម​ Fortitude Ranchនេះ សម្បូរ​ទៅ​ដោយ​សម្ភារ​ចាំបាច់​ដែល​កំពុង​ត្រូ​វ​បាន​គេ​តាម​ “ប្រមាញ់” នៅ​ទូទាំង​ពិភពលោក នោះគឺ​ ក្រដាស​អនាម័យ​ និង​ម៉ាស់​។

    Steve Rene ជា​អ្នក​គ្រប់​គ្រង​ជំរំលាក់​ខ្លួន​ដែល​មាន​ផ្ទៃ​ដី​ទំហំ 40ហិកតា​ បាន​ឱ្យ​ដឹង​ថា “ពេល​នេះ វា​ (ជំរំលាក់​ខ្លួន) មាន​តម្លៃ​ខ្លាំង​ណាស់​”។

    បាវចនា​របស់​ក្រុម​ Fortitude Ranch គឺ​ “ត្រៀម​រួច​រាល់​សម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុត​ និង​រីក​រាយ​នឹង​បច្ចុប្បន្ន​ភាព​!”។ ជា​រៀង​រាល់​ឆ្នាំ សមាជិក​ក្នុង​ក្រុម​នេះ មាន​ពេល​2សប្ដាហ៍​ដើម្បី​មក​លេង​ និង​សម្រាក​លម្ហែ​កាយ​ក្នុង​តំបន់​ដាច់​ស្រយាល​ និង​ពោរ​ពេញ​ដោយ​សម្រស់​ធម្មជាតិ​ ព្រម​ទាំង​អាច​​ដើរ​កម្សាន្ត​ ឬស្ទូច​ត្រី​ នៅ​ក្នុង​ទន្លេ​ដែល​មាន​ឈ្មោះ​ថា “Lost”។ ក្រុម​នេះ​ ក៏មាន​សាខា​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​រដ្ឋ Colorado ផងដែរ​។

    លោក​ Rene ដែល​សមាជិក​ម្នាក់​ក្នុង​ក្រុម​ “លទ្ធិ​ការ​ពារ​ខ្លួន”​ Fortitude Ranch បាន​ឱ្យ​ដឹង​ថា “នេះ​មិន​មែនជា​ក្រុម​មនុស្ស​ល្ងង់​ល្ងី​ល្ងើ​ ដែល​ចេះ​តែ​គិត​អំពី​ថ្ងៃ​អវសាន​នៃ​ពិភពលោក​នោះ​ទេ​។ យើង​មិន​បាន​រើស​អើង ហើយ​យើង​ក៏មិន​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ណាមួយ​នោះ​ដែរ​”។

    ប៉ុន្តែ នៅ​លើទី​តាំង​នៃ​​មុមទាំង​4​របស់​ជំរំនៃ​ក្រុម​ Fortitude Ranchនេះ សុទ្ធ​តែ​មាន​ប៉ម​យាម ហើយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ក៏​មាន​កាំភ្លើង​កាណុង​វែង​1ដើមផង​ដែរ​ ដើម្បី​បង្ហាញ​ថា​ ក្រុម​នេះ ធ្វើ​សកម្ម​ភាព​យ៉ាងហ្មត់​ចត់។ Rene និយាយ​ថា “ក្រុម​មនុស្ស​ដែល​អស់​សង្ឃឹម គឺគេ​ធ្វើ​រឿង​អស់​សង្ឃឹម​”។

    ក្រុម​ Fortitude Ranch នេះ មិន​បាន​ចាត់ទុក​កម្លាំង​បរទេស ឬ​កម្លាំង​ពិភព​​ខាង​​ក្រៅ ​​ជា​ការ​គំរាម​កំហែង​លើ​ពួក​គេ​នោះទេ ប៉ុន្តែ ពួកគេ​បាន​ចាត់​ទុក​ជន​ជាតិ​អាមេរិកាំងខ្លួន​ឯង​ ​ដែល​មាន​ភាព​ច្របូក​ច្របល់​ អាច​មាន​សកម្ម​ភាព​​ប្លន់​ស្បៀង​អាហារ​របស់​ពួកគេ នៅ​ពេល​មាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយ​ក្លេអែរ​ ឬ​អាវុធ​ជីវ​សាស្ត្រ​ ការ​បះ​បោរ​ផ្នែក​នយោបាយ​ និងមហា​រោគ​​រោគរាត​ត្បាត។ល។

    “ជាក់​ស្ដែង​បញ្ហា​ខាង​លើ​នេះ កម្រ​នឹង​កើត​ឡើង ប៉ុន្តែ វា​នៅ​តែ​មាន​លទ្ធ​ភាព​អាច​កើត​ឡើង។ បើ​សិន​អ្នក​មិន​បាន​ត្រៀម​ខ្លួន អ្នក​នឹង​មិន​ដឹង​ថា​ត្រូវ​ទៅ​ណា និង​ធ្វើ​អ្វី​នោះ​ទេ​។ ពេល​មាន​អាសន្ន​ធំ​កើត​ឡើង​ ភាព​ច្របូក​ប្របល់​​នឹង​ធ្វើ​ឱ្យ​មនុស្ស​អាច​ដណ្ដើម​គ្នា​រស់​ ហើយ​​និង​មាន​បញ្ហា​ជា​ច្រើន​ហួស​​ពី​សមត្ថភាពទប់​ទល់​​របស់​យើង​” លោក Rene​ រៀប​រាប់​។

    គណៈ​កម្ម​ការ​នៃ​ក្រុម​ខាង​លើ​នេះ មាន​សមាជិក​ចំនួន​5នាក់ ក្នុង​នោះ​មាន Rene ផងដែរ​។ ក្នុង​ករណី​បន្ទាន់​ Rene នឹង​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ប្រកាស​អាសន្ន​ដែរ​ ឬ​អត់។ ពេលនោះ សមាជិក​នៃ​គណៈ​កម្ម​ការ​ នឹង​ត្រូវ​បាន​អញ្ជើញ​មក​កាន់​ជំរំខាង​លើ។ អ្នក​ដែល​មាន​បំណង​ចូល​កាន់​ជំរំ​​របស់​ក្រុម Fortitude Ranch ​គឺ​ត្រូវ​តែ​ប្រើ​ប្រាស់​ពាក្យ​សម្ងាត់​​ដែល​ក្រុម​នេះ​បាន​កំណត់​។

    ករណី​មាន​មហា​រោគ​រាត​ត្បាត​កើត​ឡើង​ទូទាំង​ប្រទេស​ អ្នក​ចំណូល​ថ្មី​ដែល​ចូល​មក​កាន់​ជំរំនេះ​ នឹង​ត្រូវ​វាស់​កម្ដៅ​ខ្លួន មុន​ពេល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តំបន់​​ដែល​មាន​ប្រព័ន្ធអេកូឡូស៊ី ដែល​អាច​ចិញ្ចឹមជីវិត​ដោយ​ខ្លួន​ឯង​បាន​។ នៅ​ក្នុង​ជំរំនេះ មាន​អណ្ដូង​ទឹក ប្រព័ន្ធ​ថាម​ពល​ព្រះអាទិត្យ វិទ្យុ ផ្ទះ​កញ្ចក់ សត្វ​ចិញ្ចឹម​ផ្សេង​ៗ​ ដូចជា​ មាន់ ពពែ គោ រួម​នឹង​កន្លែង​រំលាយ​សាក​សព​អ្នក​ជំងឺ​ដែល​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​។

    ស្ថាបនិក​របស់ Fortitude Ranch គឺ​ Drew Miller ដែល​ជា​អតីត​អ្នក​ជំនាញ​ផ្នែក​ចារ​កម្ម​យោធា ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ Harvard។

    ខុស​ពី​ប្រព័ន្ធ​បន្ទប់លាក់​ខ្លួន​នៅ​ក្រោម​ដី​​ដ៏​មាន​តម្លៃថ្លៃ ដែល​មហាសេដ្ឋី​នានា​បាន​សាងសង់ Fortitude Ranch របស់ Drew Miller ផ្ដោត​ទៅ​លើក្រុម​មនុស្ស​ដែល​មាន​ទ្រព្យ​​ធម្យម និង​ទាប។ អ្នក​ដែល​ចូល​មក​សម្រាក​នៅ​ទី​នេះ គ្រាន់​តែ​ចំណាយ​1,000​ដុល្លារ​អាមេរិក​ប៉ុណ្ណោះក្នុង​1ឆ្នាំ សម្រាប់​កញ្ចប់​ទាប​បំផុត​ដែល​មាន​គ្រែ​1​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​។

    ថ្មី​ៗ​នេះ Rene ទទួលបាន​ការ​ស្នើ​ និង​សាក​សួរ​ព័ត៌មាន​ជា​ច្រើន​តាម​រយៈ​អ៊ីម៉េល ខណៈ​ដែល​រោគ​រាត​ត្បាត COVID-19 កំពុង​បង្ក​ភាព​វឹក​វរ​នៅ​ពាស​ពេញ​សហ​រដ្ឋ​អាមេរិក៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • អាថ៌កំបាំងថែទាំស្បែកមុខរបស់បុរស

    អាថ៌កំបាំងថែទាំស្បែកមុខរបស់បុរស

    ក្រៅពីរូបរាងសង្ហា និងសម្លៀកបំពាក់ដែលស័ក្តិសមនឹងខ្លួនប្រាណហើយនោះ នៅមានរឿងមួយទៀតដែលបុរសមិនអាចធ្វើព្រងើយកន្តើបានឡើយ ដើម្បីភាពស្អាតសង្ហាដ៏ឥតខ្ចោះ នោះគឺរឿងសម្រស់ស្បែក ជាពិសេសគឺសម្រស់ស្បែកមុខតែម្តង។ មនុស្សប្រុសជាច្រើនមិនដឹងថាប្រភេទស្បែកនីមួយៗរបស់ខ្លួននោះ គួរបានទទួលការមើលថែទាំខុសប្លែកពីគ្នានោះទេ  ហើយដោយនិស្ស័យរបស់មនុស្សប្រុសដែលមិនចូលចិត្តអ្វីដែលរញេរញ៉ៃផងនោះ  ទើបធ្វើឱ្យអ្នកខ្លះព្រងើយកន្តើយនឹងវិធីមើលថែស្បែកមុខដែលត្រឹមត្រូវ ឬមិនប្រើផលិតផលសម្អាតមុខឱ្យត្រូវនឹងប្រភេទស្បែកមុខរបស់ខ្លួន។ ដូច្នេះថ្ងៃនេះ ឡារ៉ែន សូមនាំយកនូវវិធីថែទាំផ្ទៃមុខតាមប្រភេទស្បែកមុខនីមួយៗមកជម្រាបជូនមិត្តអ្នកអានដែលជាសុភាពបុរសឱ្យបានដឹង ដើម្បីបន្ថែមនូវភាពស្រស់សង្ហាឱ្យបានគ្រប់គ្រឿងតែម្តង។

    – បុរសស្បែកមុខស្ងួត
    លក្ខណ: ៖ អាចសង្កេតឃើញតាមរយ:ស្បែកដែលស្ងួតប្រេះ ឬមានឡើងស្នាមក្រហមញឹកញាប់ រួមទាំងអាចមានអារម្មណ៍ដឹងថា មានភាពស្ងួតក្រៀមនៅលើស្បែកមុខ ឬពេលលុបលាងមុខរួចនឹងមានអារម្មណ៍តឹងៗនៅលើស្បែកមុខ។
    ការមើលថែទាំ ៖ ចូរជ្រើសរើសហ្វូមលាងមុខប្រភេទរក្សាភាពសើម និងប្រើគ្រីមបំប៉នស្បែកមុខរាល់ពេលព្រឹកក្រោយពេលកោរពុកមាត់ និងមុនពេលចូលគេង រួមទាំងរកហ្វូមខាត់ (Scrub) មកប្រើមួយសប្តាហ៍2ដង ដើម្បីកម្ចាត់កោសិកាស្បែកចាស់ៗចេញផង។

    – បុរសស្បែកមុខឡើងខ្លាញ់
    លក្ខណ: ៖  អ្នកអាចដឹងពីភាពឡើងខ្លាញ់នេះដោយគ្រាន់តែយកម្រាមដៃអង្អែលលើផ្ទៃមុខ  ភាពរលោងខ្លាញ់នឹងដឹតជាប់នៅលើម្រាមដៃរបស់អ្នកយ៉ាងច្បាស់តែម្តង ទោះជាអ្នកទើបតែលាងសម្អាតមុខហើយថ្មីៗក៏ដោយ ក្រៅពីនេះនៅមានកើតមុនច្រើនជាងស្បែកមុខប្រភេទផ្សេងទៀតផង។
    ការមើលថែទាំ ៖  គួរងាកមកប្រើជេលលាងមុខដែលមានផ្សំដោយអាស៊ីត សាលីសៃលិក ដែលជួយឱ្យមុនស្រកចុះ និងកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខ ហើយក្រោយពេលលាងមុខ អ្នកក៏គួររកថូនើរ៍មកជូតសម្អាតស្បែកម្តងទៀត ដើម្បីកាត់បន្ថយការកើតមុន។ អ្វីដែលមិនគួរភ្លេចនោះគឺ ផលិតផលបំប៉នស្បែកមុខក្រោយពេលកោរពុកមាត់រួច ក៏ជាវត្ថុដ៏ចាំបាច់បំផុតផងដែរ ព្រោះផលិតផលថែទាំស្បែកមុខទាំងនេះនឹងជួយបន្ថែមភាពស្រស់ស្រាយ និងជួយកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខបានច្រើនទៀតផង។

    – បុរសដែលមានស្បែកងាយប្រតិកម្ម
    លក្ខណ: ៖  ស្បែកងាយកើតស្នាមអុចៗ កន្ទួលដោយសារធូលីដី ឡើងអាការក្រហមដោយសារស្ថានភាពជុំវិញខ្លួន ឬឡើងខ្មៅក្រៀមដោយសារកម្តៅថ្ងៃដែលក្តៅខ្លាំងជាដើម។
    ការមើលថែទាំ ៖  គួរប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីជ្រើសរើសប្រើផលិតផលដែលស័ក្តិសមនឹងស្បែកមុខរបស់អ្នក ដោយគោលការណ៍ភាគច្រើនគឺ ព្យាយាមជ្រើសយកផលិតផលណាដែលផលិតពីធម្មជាតិឱ្យបានច្រើនបំផុតតាមដែលអាចទៅរួច។ ចៀសវាងប្រើផលិតផលណាដែលមានក្លិនក្រអូប ឬមានចំណែកផ្សំរបស់អាល់កុល។

    – បុរសដែលមានស្បែកផ្សំ
    លក្ខណ: ៖ បុរសភាគច្រើន ច្រើនតែមានស្បែកក្នុងលក្ខណ:នេះ ដោយស្បែកបែបផ្សំនេះនឹងមានភាពឡើងខ្លាញ់នៅម្តុំ T-zone ដែលមានដូចជា ម្តុំថ្ងាស ច្រមុះ និងចង្កា ចំណែកឯថ្ពាល់វិញមានលក្ខណ:ជាស្បែកស្ងួត។
    ការមើលថែទាំ ៖ អ្នកចាំបាច់ត្រូវប្រើទាំងផលិតផលសម្រាប់ស្បែកស្ងួត និងស្បែកឡើងខ្លាញ់ មើលថែទាំតាមចំណុច T-zone ដោយប្រើផលិតផលថែទាំសម្រាប់ស្បែកខ្លាញ់។ រីឯកន្លែងថ្ពាល់វិញ ក៏មើលថែទាំដោយផលិតផលសម្រាប់ស្បែកស្ងួត ហើយអ្វីដែលសំខាន់នោះគឺ គួរប្រើប្រាស់គ្រីមការពារកម្តៅថ្ងៃ និងគ្រីមថែបំប៉នស្បែក ដើម្បីការពារស្បែកមុខឱ្យបានល្អផង។

    បានដឹងពីប្រភេទ និងវិធីមើលថែទាំស្បែកមុខគ្រប់ប្រភេទបែបនេះហើយ  ឡារ៉ែន សង្ឃឹមថា ប្រហែលជាធ្វើឱ្យបុរសៗយើងនាំគ្នាបែរមកមើលថែទាំស្បែកមុខកាន់តែច្រើនឡើងហើយ ព្រោះផ្ទៃមុខគឺជាកន្លែងមួយដែលមនុស្សយើងតែងក្រឡេកមើលមុនគេបង្អស់ ដូច្នេះមិនគួរធ្វេសប្រហែស ឬធ្វើព្រងើយកន្តើយឡើយ បើសិនជាអ្នកចង់បានផ្ទៃមុខស្អាតស្រស់សង្ហា ក្មេងជាងវ័យ និងរលោងភ្លឺថ្លា៕

  • Ronaldo ចេញមុខមកបកស្រាយថា មិនបានបើកសណ្ឋាគាររបស់ខ្លួនដាក់អ្នកជំងឺ COVID-19 ទេ

    Ronaldo ចេញមុខមកបកស្រាយថា មិនបានបើកសណ្ឋាគាររបស់ខ្លួនដាក់អ្នកជំងឺ COVID-19 ទេ

    កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៏មានជាច្រើនបានចុះផ្សាយថា កីឡាករជម្រើសជាតិព័រទុយហ្គាល់ ​Christiano Ronaldo បានប្រកាសដាក់សណ្ឋាគាររបស់ខ្លួន ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ COVID-19។
    ពាក់ព័ន្ធនឹងព័ត៏មានបោកប្រាស់ ដែលបានផ្សព្វផ្សាយពាសពេញពិភពលោកនេះ បានធ្វើឱ្យកីឡាកររូបនេះ ចេញមុខមកប្រតិកម្ម ដោយបានបកស្រាយថា សណ្ឋាគាររបស់គេ គឺមិនមែនជាមន្ទីរពេទ្យឡើយ ដូចនេះវាមិនអាចទៅរួចឡើយដែលលោកនឹងប្រើវិធីដ៏ល្ងង់ខ្លៅបែបនេះដើម្បីជួយទប់ស្កាត់ជំងឺនោះ។
    គួរបញ្ជាក់ថា ប្រមុខសណ្ឋាគារ​ក្នុង​ទីក្រុង Lisbon របស់ Cristiano Ronaldo បាន​ចេញ​មក​បដិសេធ​ចំពោះ​ព័ត៌មាន​ថា ​ពួក​គេ​អនុញ្ញាត​ឱ្យ​យក​កន្លែង​របស់​ពួកគេ ​ធ្វើ​ជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន សម្រាប់ដាក់​អ្នក​ជំងឺ​កូរ៉ូណា៕