Category: សង្គម និងសេដ្ឋកិច្ច

  • ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-19 ចំនួន 2នាក់បន្ថែម, កើនឡើងដល់ 109នាក់

    ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-19 ចំនួន 2នាក់បន្ថែម, កើនឡើងដល់ 109នាក់

    ក្រសួងសុខាភិបាល​បាន​ប្រកាសពី​លទ្ធផល​វិជ្ជមាន​ COVID-19 2ករណី​បន្ថែមទៀតនៅ​ខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី31 មីនា នេះ ដែលជាម្តាយ និងកូន ហើយ​ក៏ជាភរិយារបស់អ្នកជំងឺម្នាក់​ដែល​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ សរុបមកដល់ពេលនេះ អ្នកឆ្លងនៅ​កម្ពុជា​មាន​109ករណី និងជា​សះស្បើយ​23ករណី៕

  • រឿង10យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

    រឿង10យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

    ធ្លាប់បានឮពាក្យថា គ្មាននរណាស្រឡាញ់រូបកូនដូចម៉ែឡើយ ដែរទេ?  ជួនកាលពាក្យសម្តីងាយៗបែបនេះ អាចមិនធ្វើឱ្យអ្នកមានអារម្មណ៍លន្លង់លន្លោចអីប៉ុន្មានទេ ព្រោះអ្នកគ្មានផ្លូវដឹងបានឡើយថា សេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះអ្នកនោះ វាធំធេងប៉ុនណា និងអ្វីដែលម៉ែផ្តល់ឱ្យរហូតមក តាំងពីអ្នកនៅក្នុងផ្ទៃម៉ែនោះ វាលើសលប់ធំធេងមហាសាលយ៉ាងគ្មានអ្វីអាចមកជំនួសបានឡើយ។ ថ្ងៃនេះ ឡារ៉ែន សូមនាំយកអាថ៍កំបាំង 10យ៉ាងដែលម៉ែ អាចមិនដែលប្រាប់អ្នកឱ្យដឹងកាលពីមុនមក  ដែល ឡារ៉ែន សូមប្រាប់ថា ពេលបានអានហើយ នឹងមានអារម្មណ៍ថា រំភើបញាប់ញ័ររហូតអាចនឹងទឹកភ្នែករលីងរលោងបានទៀតផង…។

    1.​ ម៉ែយំជាប់ជានិច្ច… ព្រោះកូន
    ម៉ែយំជាលើកដំបូងចំពោះកូន ពេលដែលម៉ែដឹងថា ម៉ែកំពុងពពោះរូបកូន  ម៉ែយំពេលម៉ែញ៉ាំអាហារដើម្បីកូន ម៉ែយំពេលបានរូបកូនមកនៅក្នុងរង្វង់ដៃឱបលើកដំបូង ម៉ែយំដោយក្តីសោមនស្ស ម៉ែយំព្រោះភ័យ។ ម៉ែយំ ព្រោះច្រើនយប់មកនេះ ម៉ែគេងមិនលក់ឡើយ ម៉ែយំព្រោះស្រឡាញ់កូនខ្លាំងពេក ហើយម៉ែនឹងយំពេលឃើញកូនយំ។

    2. ម៉ែតែងរំលែករបស់ញ៉ាំឱ្យកូនមុនជានិច្ច
    ទោះជារបស់ញ៉ាំនោះមានតែ1ដុំក៏ដោយ ពេលម៉ែឃើញកូនអង្គុយសម្លឹង ភ្នែកម៉ក់ៗដោយក្តីស្រេកឃ្លាន ម៉ែមិនអាចបដិសេធថា មិនឱ្យកូនញ៉ាំបានទេ ព្រោះពេលម៉ែឃើញកូនមានសេចក្តីសុខ ម៉ែក៏មានសេចក្តីសុខដែរ។
    3. ម៉ែឈឺ
    កាលនៅតូចៗ ពេលកូនចាប់ទាញសក់ម៉ែ ក្តិចសាច់ម៉ែ ពេលដែលម៉ែបំបៅដោះកូន ហើយត្រូវកូនខាំ ពេលដែលម៉ែពពោះរូបកូនយូរដល់ទៅ9ខែ និងពេលម៉ែប្រសូតកូនចេញមក ដឹងទេថា ម៉ែឈឺខ្លាំងប៉ុនណា?
    4. ម៉ែភ័យ
    តាំងពីពេលដែលកូនបើកភ្នែកមើលពិភពលោក ម៉ែធ្វើគ្រប់បែបយ៉ាងដើម្បីការពារកូន និងធ្វើឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាពបំផុត។ ពេលដែលកូនរៀនដើរបាន 1ជំហានដំបូង បេះដូងម៉ែស្ទើរតែឈប់ដើរ ព្រោះតែភ័យ។ ម៉ែនឹងភ្ញាក់ពេញមួយយប់ ដើម្បីឱ្យដឹងថា កូននៅតែកំពុងគេងលក់យ៉ាងមានសុវត្ថិភាព។ ពេលកូនឈឺ ម៉ែគឺជាមនុស្សដំបូងគេបំផុតដែលជួយកូន ហើយពេលកូនមិនស្រួលខ្លួន ម៉ែនឹងនៅផ្ទះ ចាំមើលថែទាំជិតកូនជានិច្ច ដើម្បីឱ្យដឹងថា កូនមិនអីទេ។ ម៉ែតែងនៅចាំឃុំគ្រងការពារកូនឱ្យមានសុវត្ថិភាពបំផុតជានិច្ច។
    5. ម៉ែដឹងខ្លួនថា ម៉ែមិនបានល្អឥតខ្ចោះឡើយ
    គ្រប់ពេលវេលា ម៉ែចង់ធ្វើជាម្តាយដែលល្អឥតខ្ចោះសម្រាប់កូនជានិច្ច ដោយមិនធ្វើអ្វីឱ្យខុសឆ្គងឡើយ តែបើមានរឿងអ្វីមួយមិនល្អកើតឡើង ម៉ែនឹងបន្ទោសខ្លួនឯងជានិច្ច។ ម៉ែសង្ឃឹមថា នឹងត្រឡប់ពេលវេលាទៅក្រោយវិញ ដើម្បីទៅកែកុនរឿងដែលមិនល្អនោះ ឱ្យល្អឡើងវិញ តែម៉ែមិនអាចធ្វើបានឡើយ ដូច្នេះចូរប្រព្រឹត្តខ្លួនឱ្យល្អៗជាមួយម៉ែ និងឱ្យម៉ែដឹងថា ម៉ែគឺជាមនុស្សល្អឥតខ្ចោះបំផុតហើយ។
    6. ម៉ែតែងសម្លឹងមើល ពេលកូនគេងលក់
    ជួនកាល ម៉ែភ្ញាក់ឡើងកណ្តាលយប់ ម៉ែក៏មកអង្គុយសម្លឹងមុខកូនសម្លាញ់របស់ម៉ែពេលគេងលក់ បើកូនគេងមិនលក់ ម៉ែនឹងច្រៀងបំពេ ទោះជាម៉ែងងុយគេងប៉ុនណា ក៏សុំឱ្យអ្នកបានគេងលក់មុន ហើយពេលអ្នកគេងលក់ហើយ ក៏ម៉ែមិនទាន់ទៅណាភ្លាមដែរ ម៉ែនៅចាំមើលថែអ្នកពេលគេងលក់បន្តទៀត។
    7. ម៉ែបីកូនគ្រប់ពេលវេលា
    ម៉ែនឹងរៀនយល់ដឹងពីវិធីបីកូនក្នុងអំឡុងពេលធ្វើការងារផ្ទះផ្សេងៗ និងក្នុងពេលធ្វើម្ហូប។ ដោយសារតែម៉ែត្រូវបីរូបកូនគ្រប់ពេលវេលា សូម្បីតែពេលដែលកូនគេងលក់ក៏ដោយ ទើបធ្វើឱ្យដៃរបស់ម៉ែឈឺ ហើយថែមទាំងចុករួយតាមរាងកាយទៀតផង តែពេលម៉ែដឹងថា កូនបានកើតមកលើលោកនេះហើយ ម៉ែសុខចិត្តធ្វើគ្រប់យ៉ាង ទោះជាឈឺចាប់ក៏ដោយ ព្រោះម៉ែឈឺចាប់យ៉ាងមានសេចក្តីសុខ។
    8. ម៉ែពិបាកចិត្តពេលអ្នកយំ
    គ្មានអ្វីដែលធ្វើឱ្យម៉ែពិបាកចិត្តខ្លាំងស្មើនឹងពេលដែលកូនយំឡើយ និងគ្មានអ្វីដែលធ្វើឱ្យម៉ែឈឺចាប់បានស្មើនឹងការឃើញទឹកភ្នែកហូរចេញមកពីភ្នែករបស់កូននោះទេ។  ម៉ែនឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីឱ្យកូនមានសេចក្តីសុខឡើងវិញ ហើយបើម៉ែធ្វើមិនបានសម្រេចនោះ វានឹងធ្វើឱ្យម៉ែឈឺចាប់ម្តងទៀត។
    9. កូន គឺទី1 សម្រាប់ម៉ែជានិច្ច
    ម៉ែមិនបានញ៉ាំបាយពេញ 1ថ្ងៃ ម៉ែមិនបានងូតទឹក ម៉ែគេងសម្រាកមិនបានគ្រប់គ្រាន់ជាប់ៗគ្នាជាច្រើនថ្ងៃ ព្រោះតែម៉ែ គិតពីកូនមុនអ្នកណាៗទាំងអស់ជានិច្ច។ ពេលកូនត្រឡប់មកពីកន្លែងធ្វើការ និងមានអារម្មណ៍ថា ចង់គេងសម្រាក ម៉ែនឹងមើលថែអ្នកមុនគេ ដើម្បីឱ្យអ្នកបានគេងលក់ស្រួល។ បើអ្នកឃ្លាន ម៉ែនឹងធ្វើម្ហូបអាហារឱ្យញ៉ាំមុនគេ ពេលអ្នកសោកសៅពិបាកចិត្ត ម៉ែនឹងនៅចាំជជែកនិយាយលួងលោមអ្នក។ ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនមានសេចក្តីសុខ ទោះជាម៉ែមិនបានធ្វើអ្វីឱ្យខ្លួនឯងសោះក៏ដោយ ព្រោះកូនជាមនុស្សទី1 សម្រាប់ម៉ែជានិច្ច។
    10. ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនតទៅទៀត
    ការធ្វើជាម្តាយគេ អាចហៅបានថា ជាការងារដែលពិបាកបំផុតនៅលើពិភពលោកនេះ ពេលកូនយំ ឬអស់សង្ឃឹម ម៉ែក៏ឈឺចាប់ តែពេលកូនមានសេចក្តីសុខ ម៉ែក៏សុខជាមួយដែរ ហើយទោះជាម៉ែមិនបានគេង មិនបានសម្រាក ឬនៅចាំមើលថែទាំអ្នកទាំងយប់ទាំងថ្ងៃក៏ដោយ ក៏ម៉ែគ្មានបញ្ហាអ្វីទាំងអស់ ព្រោះអ្វីៗគ្រប់យ៉ាង គឺដើម្បីកូន។

    អានហើយស្រក់ទឹកភ្នែកអស់ប៉ុន្មានដែរ?  ប្រាប់ហើយថា គ្មាននរណាស្រឡាញ់រូបយើងស្មើនឹងម៉ែឡើយ ហើយសេចក្តីស្រឡាញ់របស់យើងដែលមានចំពោះម៉ែ ក៏នៅមិនអាចប្រៀបធៀបនឹងសេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះយើងបានឡើយ។ ដូច្នេះថ្ងៃនេះចូរប្រញាប់ទៅជម្រាបម៉ែថា “ម៉ែ កូនស្រឡាញ់ម៉ែណាស់!”៕

  • កម្ពុជានឹងផ្អាកការនាំចេញស្រូវ និងអង្ករស ជាបណ្ដោះអាសន្ន

    កម្ពុជានឹងផ្អាកការនាំចេញស្រូវ និងអង្ករស ជាបណ្ដោះអាសន្ន

    សម្ដេចតេជានាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី30 ខែមីនា ឆ្នាំ 2020 បានមានប្រសាសន៍ថា ដើម្បីធានាបាននូវចីរភាពនៃការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេស ក្នុងកាលៈទេសៈនៃការរឹកវាលដាលជំងឺកូវីដ-19 កម្ពុជាត្រូវផ្អាកការនាំចេញស្រូវ និងអង្ករស ចាប់ពីថ្ងៃទី5 ខែមេសា ឆ្នាំ 2020 ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕

  • កូនស្រីតារាកំប្លែង នាយ ត្រដក់ ចងកសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់

    កូនស្រីតារាកំប្លែង នាយ ត្រដក់ ចងកសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់

    មុននេះបន្ដិចនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការ Live ព្រោងព្រាតជុំវិញករណីកូនស្រីតារាកំប្លែងម្នាក់ បានចងកធ្វើអត្តឃាត។ ជារឿង​មួយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​កូន​ស្រី​រូប​ស្រស់​សោភា​តារាកំប្លែងនាយ ត្រដក់ ចងក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទាំងថ្ងៃតែម្ដង ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​ក្ដុកក្ដួល​និង​សោក​សង្រេង​យ៉ាង​ខ្លាំង​ដោយ​មិន​នឹក​ស្មាន​ថា​កូន​ស្រី​​របស់​ខ្លួន​គិត​ខ្លី​ដូច្នេះសោះ។


    បើ​តាម​​ហ្វេសប៊ុក​ឈ្មោះ​ ប៊ុន រឿនប្រុសស្អាតជ្រោយចង្វា បាន​បង្ហោះ​សារ​សរសេរ​រៀបរាប់​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​របស់​សព​ថា៖ “អាណិតពូ​ណាស់​ ! កូនស្រី​ តារាកំប្លែង​ នាយត្រដក់​ បាន​ចង់​ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​​ទាំង​វ័យ​ក្មេង​ មិន​គួរ​ណា​ប្អូន​គិត​ខ្លី​ហើយ​ដាច់​ចិត្ត​ទៅ​ចោល​លោក ពូ ត្រដក់ ដូច្នេះ​សោះ។ សូម​ឱ្យព្រលឹង​ប្អូន​ទៅ​កាន់​សុគតិភព”។ កូន​ស្រី​តារាកំប្លែង​នាយ ត្រដក់ ដែល​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ថ្ងៃ​ទី30 ខែមីនា ឆ្នាំ 2020 នេះ​មាន​ឈ្មោះ វ៉ាន់ ដានីត អាយុ 32ឆ្នាំ រស់​នៅ​ភូមិ11 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សូមជម្រាបថា ចំពោះ​ការ​ចងក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​នេះ​ដែរ​ មិន​ដឹង​ថា​មក​ពី​មូល​ហេតុ​អ្វី​ឡើយ​ព្រោះ​ក្រុម​គ្រួសារ​តារាកំប្លែង នាយ ត្រដក់ មិន​អាច​ទាក់​ទង​សុំការ​បកស្រាយ​បាន​ឡើយ សង្ឃឹម​ថា​ក្រុម​គ្រួសារ​លោក​នឹង​ចេញ​មុខ​បញ្ជាក់​ចំពោះ​មូលហេតុ​ដែល​កូន​ស្រី​សម្លាប់​ខ្លួន​ឱ្យមហាជន​បាន​ដឹង​ក្នុង​ពេល​ឆាប់​ៗនេះផងចុះ៕

  • វិធី 6យ៉ាង ជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

    វិធី 6យ៉ាង ជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

    ពេល​កូនតូច​អាយុ​គ្រប់ 1ខួប កូន​នឹង​ចាប់ផ្តើម​មាន​ការវិវឌ្ឍ​ខាង​ការ​និយាយបាន​ច្រើនជាង​មុន​ហើយ។ លោក​វេជ្ជបណ្ឌិត Richard Woolfson អ្នកជំនាញ​ខាង​ផ្នែក​ការវិវឌ្ឍ​របស់​កុមារ​បឋមវ័យ​បាន​ប្រាប់​ទុក​ថា ឪពុកម្តាយ​អាចជួយ​បង្កើន​ការវិវឌ្ឍ​ខាង​ភាសា​និយាយ​ដល់​កូនតូច​បាន​តាមរយ:៖

    1. ឧស្សាហ៍​និយាយ​ឱ្យ​កូន​ស្តាប់​ជា​គំរូ : ព្រោះកូនៗនឹង​រៀន​យល់ដឹង និង​ចងចាំ​តាមរយ:ការនិយាយ ការបញ្ចេញ​សំឡេង​របស់​យើង។

    2. កុំ​បង្ខំ : បើ​ចង់​ស្តាប់​កូន​និយាយ​ពាក្យ​ដំបូង ចូរ​កុំ​បដិសេធ​ក្នុង​ការឱ្យ​របស់​ដែល​គេ​ចង់បាន ទោះជា​គេ​នៅ​មិនទាន់​អាច​ប្រាប់​ឈ្មោះ​វត្ថុ​នោះបាន​ក៏ដោយ។

    3. និយាយ​លេង​ជាមួយ​កូន : ព្រោះ​ធម្មជាតិ​ក្នុង​ការរៀន​យល់ដឹង​ពី​ការនិយាយ ត្រូវ​ចាប់ផ្តើម​ពី​ការ​ស្តាប់​ជាមុនសិន រួច​ទើប​កើតការ​បញ្ចេញ​សំឡេង​ធ្វើ​ត្រាប់​តាម​ជា​ក្រោយ។

    4. អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់ ដើម្បី​ជាការ​ជំរុញ : កូនៗនឹង​សម្លឹង​មើលមុខ​អ្នក ខណ:ពេល​អ្នក​កំពុង​អាន និង​ស្តាប់​ជាមួយ​ផង គឺជា​កល-​យុទ្ធ​មួយ​ដើម្បីឱ្យ​កូនចាប់​អារម្មណ៍​ចង់​និយាយ​ដែរ។

    5. បង្ហាញ​ភាព​ចាប់អារម្មណ៍​ពេល​កូន​ចាប់ផ្តើម​ចង់​និយាយ :  កូនតូចៗមាន​តម្រូវការ​ក្នុងការ​និយាយ និង​ចង់ឱ្យ​យើង​ស្តាប់​គេ​និយាយ​ម្តង​ដូចគ្នា ដូច្នេះ​ចូរ​ព្យាយាម​សម្តែង​ឱ្យ​កូន​ដឹងថា អ្នក​កំពុង​តាំងចិត្ត​ចង់​ស្តាប់​អ្វីដែល​គេ​និយាយ​ផង។

    6. ឧស្សាហ៍​ច្រៀង និង​និយាយ​ពាក្យ​ដែលមាន​ចង្វាក់​ចុង​ជួន :  ដូចជា​ចម្រៀង ឬ​កំណាព្យ នឹង​ជួយ​ឱ្យ​កូន​មាន​អារម្មណ៍​សប្បាយ​នឹង​ស្តាប់ ធ្វើឱ្យ​ងាយ​ចាំ និង​ចង់​និយាយ​ដែរ៕

  • ពន្ធប្រាក់ចំណូលក្នុងវិស័យវាយនភណ្ឌ ត្រូវបានលើកលែង

    ពន្ធប្រាក់ចំណូលក្នុងវិស័យវាយនភណ្ឌ ត្រូវបានលើកលែង

    ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​បញ្ហា​ប្រឈម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​សម្រេច​អនុគ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ឧស្សាហកម្ម​ ផ្នែក​វាយនភណ្ឌ​កាត់ដេរ ​សម្រាប់​ឆ្នាំ​2020 ដែល​រង​ផលប៉ះពាល់​ដោយសារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​ (EBA)» របស់​សហភាព​អឺរ៉ុប​។ នេះ​បើ​តាម​ប្រកាស​របស់​ក្រសួង​​។

    បើ​យោង​តាម​ប្រកាស​ ស្តីពី​វិធានការ​ផ្នែក​ពន្ធដារ​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បញ្ហា​ប្រឈម​លើ​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ រដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​អនុ គ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំនេះ​ដល់​សហគ្រាស​វាយនភណ្ឌ​ផលិត​សម្លៀកបំពាក់ ស្បែក ជើង កាបូប​យួរដៃ កាបូបដៃ និង​មួក ​ក្នុង​រយៈពេល 6​ខែ​សម្រាប់​សហគ្រាស​ដែល​រង​ផលប៉ះពាល់​ក្នុង​កម្រិត​ពី 20% ​ទៅ 39% ​ត្រូវ​បាន​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ 50%​នៃ​ប្រាក់​ពន្ធ​ត្រូវ​បង់​សរុប​។

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បានមានប្រសាសន៍ឱ្យដឹង ថា ចំណែក​សហគ្រាស​ដែល​រង​ផលប៉ះពាល់​ពី​ 40% ​ទៅ 100% ​ភាគរយ ​ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ 100% ​នៃ​ប្រាក់ពន្ធ​ដែលត្រូវ​បង់​សរុប​។

    ប្រកាស​ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុមាន 7​ប្រការ ​​បាន​បង្ហាញថា មាន​វិសាលភាព​អនុវត្តន៍ចំពោះ​សហគ្រាស​ឧស្សាហកម្ម​ ផ្នែក​វាយន​ភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា។ ដើម្បី​ទទួលបាន​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ ​សហ​គ្រាស​ត្រូវដាក់​ឯកសារ​បញ្ជាក់​ពី​ទំហំ​ផលប៉ះពាល់​ជាក់ស្តែង​ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក្នុងអំឡុង​ពេល​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​។

    ការសម្រេច​ព្យួរ EBA ដោយ​គណៈកម្មការ​អឺរ៉ុប​ សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប 1/5 នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែង​តែ​អាវុធ​ (EBA)» ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង 1ពាន់​លាន​ដុលា្លរ ​1ឆ្នាំ​។

    សមាគម​រោងចក្រ​កាត់ដេរ (GMAC) ​បានលើកឡើងថា ស្របពេល​អ្នកបញ្ជា​ទិញ​ធំៗ​មួយ​ចំនួន ​បាន​សម្រេច​ផ្អាក​ការបញ្ជា​ទិញ​ពី​កម្ពុជា ​ដោយសារ​ការរាលដាល​នៃជំងឺ​កូវីដ-19​ ការ​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​នេះ ​ហាក់​មិនបាន​ជួយ​សម្រាល​បន្ទុក​ច្រើន​ប៉ុន្មាន​ទេ​ដល់​វិស័យ​ឧស្សាហកម្ម​វាយ​នភណ្ឌ​កាត់ដេរ​កម្ពុជា​។

    លោក​ កាំង ម៉ូនីកា ​អគ្គលេខាធិការ​ GMAC ​ថ្លែងថា​៖ «​យើង​មិន​រំពឹងថា ឆ្នាំនេះ​សហគ្រាស​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​ ទទួល​បាន​ប្រាក់ចំណេញ​ទេ​។ អ្វី​ដែលជា​បញ្ហា​ប្រឈម​ធំ​របស់​រោងចក្រ​ពេលនេះ និង​ពេល​ខ្លី​ខាងមុខ ​គឺ​បញ្ហា​លំហូរ​សាច់ប្រាក់​ (Cash flow) ព្រោះ​យើង​មិនអាច​ដឹកទំនិញ​ទៅ​ឱ្យ​អ្នក​បញ្ជា​ទិញ​បាន យើង​ក៏​អត់​បានការ​ទូទាត់​សាច់ប្រាក់​ដែរ ដូច្នេះ​រោងចក្រ​អត់​មាន​លុយ​សម្រាប់​បើកប្រាក់​ខែ​ឱ្យកម្មករ​និយោជិត​នោះទេ​»​។

    សហភាព​ការងារ​កម្ពុជា​ (CLC) ក៏បានលើកឡើង​​ដែរថា ទោះបី​យ៉ាង​ណា ​វិស័យនេះ​កំពុង និង​មានកង្វះ​ទី​ផ្សារ ​ដោយសារ​តែការផ្អាក​ពី​អ្នកបញ្ជា​ទិញ​។ វិធាន​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណេញ​នេះ ​នឹង​ជួយ​ប៉ះ​ប៉ូវ​បាន​មួយ​ផ្នែក​ដល់​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​។ ព្រោះ បើ​មិន​មាន​ទីផ្សារ​លក់​ទេ យើង​មិនដឹង​ផលិត​យកទៅ​ណា​ទេ មិនយូរ​មិនឆាប់​បញ្ហា​អត់​ការងារ​ធ្វើ​ នឹង​កើតមាន​។

    សូមបញ្ជាក់ថា កម្ពុជា​បាន​នាំចេញ​ផលិតផល​ធ្វើ​ដំណើរ​មានតម្លៃ 1.2ពាន់​លាន​ដុល្លារ កាល ពីឆ្នាំមុន​កើនឡើង100% ​បើ​ធៀប​នឹង​ឆ្នាំ​2018 ដែល​មាន​តម្លៃ 600លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែលបាន​ចេញផ្សាយ​​។

    ផលិតផល​កម្ពុជា​នាំចេញ​ រួមមាន​សម្លៀកបំពាក់ ស្បែកជើង អង្ករ ទោចក្រយាន និង​ផលិត ផល​វាយនភណ្ឌ​ផ្សេងទៀត ខណៈ​កម្ពុជា​នាំចូល​មកវិញ​ មាន​ប្រេងឥន្ធនៈ រថយន្ត សម្ភារ​សំណង់ ភេ សជ្ជៈ និង​អាហារ​ព្រម​ទាំង​វត្ថុធាតុ​សម្រាប់​បម្រើ​ដល់​វិស័យ​កម្មន្តសាល​ក្នុង​ស្រុក​ផងដែរ។

    យោងតាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​មាន​តម្លៃ 14.63ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2019 កើនឡើង 12.7% ​បើ​ធៀប​នឹង​ឆ្នាំ​2018 ខណៈ​ការនាំ ចូល​មាន​តម្លៃ 22.34​ពាន់​លាន​ដុល្លារ​កើនឡើង 18.6%៕

     

  • ការស៊ីណូទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន

    ការស៊ីណូទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន

    អនុវត្តតាមអនុសាសន៍ណែខាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេខាបតីតេជោ ហ៊ុន សែន
    នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី30 ខែមិនា ឆ្នាំ2020 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់លោកនាយក លោកស្រីនាយិកាក្រុមហ៊ុនកាស៊ីណូទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមទប់ស្លាត់ការរីករាលដាល និងចម្លងនៃវីរុសកូវិដ-19 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវវិធានការដូចខាងក្រោមៈ

    1. ក្រុមហ៊ុនកាស៊ីណូទាំងអស់ ត្រូវបញ្ជប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន
    ចាប់ពីម៉ោង 24:00 នាទី នាថ្ងៃទី 01 ខែ មេសា ឆ្នាំ 2020 នេះតទៅ រហូតដល់
    មានការជូនដំណឹងជាថ្មី

    2. ចំពោះកាតព្វកិច្ចចំណូលប្រចាំខែ ត្រូវបានលើកលែងចាប់ពីថ្ងៃទី 01 ខែ មេសា ឆ្នាំ
    2020 តទៅ រហូតដល់ថ្ងៃអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មឡើងវិញ

    3. ក្នុងករណីអនុវត្ដផ្ទុយពីការណែនាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការ
    តាមច្បាប់ជាធរមាន។

    អាស្រ័យហេតុនេះ សូមលោកនាយក លោកស្រីនាយិកាក្រុមហ៊ុនកាស៊ីណូទាំងអស់មេត្តាជ្រាប
    និងអនុវត្តឲ្យបានប្រសិទ្ធភាពខ្ពស់៕

  • ធ្វើរឿងឱ្យមហាជនរំភើបទៀតហើយ!! ចំរើន សុភ័ក្ត្រ លើកពានភ្លែត បរិច្ចាគប្រាក់ជួយសង្គមភ្លាម

    ធ្វើរឿងឱ្យមហាជនរំភើបទៀតហើយ!! ចំរើន សុភ័ក្ត្រ លើកពានភ្លែត បរិច្ចាគប្រាក់ជួយសង្គមភ្លាម

    តាមការបង្ហោះសាររបស់លោក ហេង ឡុង ក៏បានឱ្យដឹងថា តារាចម្រៀង សុភ័ក្ត្រ ដែលទើបតែទទួលបានជើងឯកម្ចាស់ពានរង្វាន់ The Mask Singer របស់ទូរទស្សន៍ហង្សមាស បានបរិច្ចាគទឹកប្រាក់ 1,០០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    នេះហើយជាភាពជោគជ័យខំប្រឹងលះបង់ និងការតស៊ូជាច្រើនកន្លងមក ខណៈដែល ចំរើន សុភ័ក្ត្រ បានសំរេចបំណងដោយទទួលបានភាពជោគជ័យក្នុងឆាកជីវិត តាមរយៈកំបាំងមុខនៅក្នុងរូបរាង «បុប្ផាឆើតឆាយ» ហើយនេះជាសម្ថតភាពពិតប្រាកដដែលទស្សនិកជនគ្រប់គ្នាពេញចិត្តនូវសម្ថភាពរបស់នាង ក្នុងការដណ្ដើមពាន The Mask Singer Cambodia៕

  • សម្ដេចតេជោបញ្ជាក់ជាថ្មីម្ដងទៀតថា យើងនៅតែបន្ដប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិដដែល

    សម្ដេចតេជោបញ្ជាក់ជាថ្មីម្ដងទៀតថា យើងនៅតែបន្ដប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិដដែល

    នៅមុននេះបន្ដិច (ថ្ងៃទី30 ខែមីនា ឆ្នាំ2020) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាថា មិនមានការផ្អាកការប្រារព្ធធ្វើកម្មវីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះទេ តែសម្ដេចអំពាវនាវឲ្យមានការជួបជុំតែនៅក្នុងគ្រួសារនីមួយៗបានហើយ។

  • គិតមកដល់ពេលនេះគ្រូពេទ្យខ្មែរបានព្យាបាលអ្នកជំងឺកូវីដ-19 ជាសះស្បើយចំនួន 23នាក់

    គិតមកដល់ពេលនេះគ្រូពេទ្យខ្មែរបានព្យាបាលអ្នកជំងឺកូវីដ-19 ជាសះស្បើយចំនួន 23នាក់

    គិតត្រឹមថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺកូវីដ-19 ចំនួន23នាក់បានជាសះស្បើយ បន្ទាប់ពីគ្រូពេទ្យកម្ពុជាបានព្យាបាលយ៉ាងយកចិត្ដទុកដាក់។
    គួររំលឹកផងដែរថា មកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-19 កើនឡើងចំនួន 107នាក់។