Category: សង្គម និងសេដ្ឋកិច្ច

  • សហព័ន្ធសេវាអប់រំនៃកម្ពុជាសំណូមពរឱ្យភាគីពាក់ព័ន្ធជួយគ្រឹះស្ថានអប់រំឯកជនក្នុងពេលលំបាកដែលត្រូវប្រយុទ្ធប្រឆាំង covid-19

    សហព័ន្ធសេវាអប់រំនៃកម្ពុជាសំណូមពរឱ្យភាគីពាក់ព័ន្ធជួយគ្រឹះស្ថានអប់រំឯកជនក្នុងពេលលំបាកដែលត្រូវប្រយុទ្ធប្រឆាំង covid-19

    នៅអំឡុងពេលសម្រាកវិស្សមកាលតូចនេះ គ្រឹះស្ថានអប់រំ​ឯកជនទាំងអស់បាន និងកំពុងប្រឹងប្រែងបន្តការបង្រៀនពីចម្ងាយសម្រាប់ជូនសិស្ស និស្សិតទាំងអស់តាមលទ្ធភាពដែលខ្លួនមាន។ ក្នុងដំណាក់កាលនេះ គ្រឹះស្ថានអប់រំ​ស្ទើរទាំងអស់ជាពិសេស​គ្រឹះស្ថាន​ដែលទទួលថ្លៃសិក្សាប្រចាំខែ និងត្រីមាសកំពុងជួបបញ្ហាប្រឈមជាច្រើនលើការបើកប្រាក់ឈ្នូលជូនបុគ្គលិក​ គ្រូបង្រៀន ថ្លៃឈ្នួលអគារ និងកាតព្វកិច្ច​ចំណាយផ្សេងៗទៀត។

    លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group បានលើកឡើងថា​ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងមេរោគ covid-19 នេះលោកសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានអំពាវនាវឱ្យមានការយោគយល់ពីម្ចាស់អគារ និងបានអន្តរាគមន៍គោលនយោបាយជាច្រើនដល់ធុរជនកម្ពុជា។ នៅក្នុងនោះដែរលោកក៏បានថ្លែងអំណរគុណផងដែរចំពោះក្រសួងសុខភិបាលដែលបាន និងកំពុង​ដឹកនាំការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ covid-19 និងថ្លែងអំណរគុណដល់ក្រសួងអប់រំដែលបានផ្តួចផ្តើម​ដំណើរការ​ ការគាំទ្រឱ្យមានកម្មវិធីរៀនពីច​ម្ងាយជូន​សិស្សចំណេះទូទៅខ្មែរ។ ដើម្បីរក្សានិរន្តរភាពសាលារៀន ក៏ដូចជាស្ថេរភាពការងារ​បុគ្គលិក គ្រូបង្រៀន​តាមគ្រឹះស្ថាន​អប់រំឯកជនទាំងអស់ លោក​ស្នើរសូមឱ្យស្ថាប័នពាក់ព័ន្ធមេត្តាពិចារណា​ចាត់វិស័យអប់រំឯកជនដែលកំពុងផ្តល់ការងាររាប់ម៉ឺននាក់​ និងផ្តល់ការសិក្សាដល់សិស្ស និស្សិតរាប់សែននាក់ ជាវិស័យអាទិភាពមួយផង។


    លោក ប៉ិច បូឡែន ក៏បានស្នើរសុំផងដែរឱ្យ​ភាគីពាក់ព័ន្ធមេត្តាពិចារណា​ផ្តល់ជូនយន្តការពិសេសមួយចំនួនជូនដល់គ្រឹះស្ថានឯកជន​នានាដោយក្នុងនោះយន្តការសំខាន់ដំបូង គឺ​សូមឱ្យមានការរៀបចំឡើងវិញ​ ឬការផ្តល់ឥណទានបន្ថែមដោយមានការបត់បែន និងយោគយល់។ បន្ថែមពីលើនេះលោកស្នើរសូមឱ្យមានការលើកលែងការបង់ប្រាក់របបបេឡាជាតិសន្តិសុខសង្គម​រហូតដល់ស្ថានភាពប្រសើរឡើងវិញជាថ្មី និងសុំឱ្យមានការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន 20% នៃប្រាក់ខែអប្បបរមា 190ដុល្លារដល់បុគ្គលិកអប់រំ និងគ្រូបង្រៀន​ដែលអាចនឹងទទួលផលប៉ះពាល់​ពីការកត់បន្ថយបៀវត្ស​ ការព្យួរការងារ ឬការផ្អាកអាជីវកម្ម។

    ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា ក៏បានស្នើរសុំផងដែរទៅដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យមានការពន្យារពេលរៀបចំសៀវភៅការងារបុគ្គលិកបរទេសក្នុងអំឡុងពេលនៃការឆ្លងកាត់ការប្រយុទ្ធប្រឆាំងមេរោគ covid-19 នេះ និង​សូមផ្តល់ជូននូវកញ្ចប់ថវិកាសមរម្យណាមួយសម្រាប់គ្រឹះស្ថានអប់រំ ដែលរងផលប៉ះពាល់​ខ្លាំងដោយសារ covid-19 សម្រាប់ដំណើរការគ្រឹះស្ថានថ្មីឡើងវិញ។ ចំពោះម្ចាស់អគារវិញលោកស្នើរសុំឱ្យពួកគាត់ទាំងអស់ដាក់ចិត្តយល់ និងស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ មួយជាមួយម្ចាស់អាជីវកម្មក្នុងអំឡុងពេលនេះ។

    គួរបញ្ជាក់ផងដែរថា កន្លងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់ទីតាំងជួល​សម្រាប់ម្ចាស់អាជីវកម្មឱ្យមានការយោគយល់ក្នុងកាលៈទេសៈដែលម្ចាស់អាជីវកម្មនីមួយៗកំពុងបាត់បង់ចំណូល​ ដោយម្ចាស់ទីតាំងអាចបញ្ចុះតម្លៃប្រមាណ 50% ឬច្រើនជាងនេះដើម្បីជួយដល់អតិថិជនរបស់ខ្លួនដោះស្រាយបញ្ហាអាជីវកម្ម​​រហូតស្ថានភាពត្រឡប់មកប្រសើរឡើងវិញ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «​សូមឱ្យមានការយោគយល់គ្នា នៅលើបញ្ហាហ្នឹង ខ្ញុំបានស្តាប់នូវមនុស្សមួយចំនួនដែលបានរកស៊ីជួល អគារគេ ជួលទីតាំងគេ ឥឡូវម្ចាស់ដើមទារពេញថ្លៃ ក្នុងពេលដែលគ្នារកចំណូលអត់បាន អញ្ចឹងទេ សូមកុំកាប់មេមាន់ ទទួលទាន គួរត្រូវរក្សាមេមាន់នេះ ដើម្បីថ្ងៃក្រោយ ឱ្យវាពងកូនតទៅទៀត អញ្ចឹងប្រសិនបើកាប់គ្នា ក្នុងពេលនេះគឺបានសេចក្តីថា ហាងហ្នឹងត្រូវបិទទ្វារ រហូតគ្មានអ្នកណាជួល ទៅថ្ងៃក្រោយ។ ប៉ុន្តែ ប្រសិនជាអនុគ្រោះឱ្យគ្នា 1ខែ 2ខែ ឬក៏បញ្ចុះថ្លៃប៉ុណ្ណនេះភាគរយ ឬ50ភាគរយ 60 ឬ70ភាគរយ គឺយើងអាចរក្សាអតិថិជនឱ្យជួលត្រឡប់មកវិញ នៅពេលដែលសភាពការណ៍បានរើបម្រាស់ត្រឡប់មកវិញ»។

    លោក ប៉ិច បូឡែន បាននិយាយថា៖ «ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នា រដ្ឋាភិបាល ស្ថាប័នរដ្ឋ វិស័យឯកជន មាតាបិតា អ្នកអាណាព្យាបាល និងគ្រឹះស្ថានអប់រំ រួមទាំងប្រជាជនទាំងអស់គ្នាពិតជាអាចយកជ័យជំនះក្នុងការទប់ស្កាត់ការរាលដាលនៃមេរោគ covid-19នេះ ហើយនឹងអាចបន្តការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ច​ប្រទេសយើងឱ្យរីកចម្រើនបន្តដូចចិត្តយើងចង់បានទាំងអស់គ្នា»។

    កន្លងមកក្នុងដំណាក់កាលនៃការទប់ស្កាត់ការរីករាលដាលនៃ​មេរោគ covid-19 សហព័ន្ធសេវាអប់រំ​កម្ពុជា បានចូលរួមនូវថវិកាប្រមាណ 1ម៉ឺនដុល្លារ និងក្រុមហ៊ុន Westline Education Group ក៏បានចូលរួម​ថវិកាចំនួន 1ម៉ឺនដុល្លារផងដែរជាមួយសម្តេចនាយករដ្ឋមន្ត្រីក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលជំងឺ covid-19៕

     

     

  • “អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

    “អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

    ឥឡូវនេះ ដល់ពេលដែលកូនសម្លាញ់ត្រូវចូលរៀន មានមិត្តភក្តិ មានកិច្ចការងាររៀនសូត្រជាច្រើនយ៉ាងដែលត្រូវធ្វើហើយ ដូច្នេះលោកឪពុកអ្នកម្តាយគួរនៅតែត្រូវអានសៀវភៅឱ្យកូនស្តាប់តទៅទៀត ឬក៏សង្កត់ធ្ងន់លើការហ្វឹកហាត់ជំនាញសរសេរ គូសវាស ឱ្យច្បាស់លាស់តែម្តង រឹតតែល្អទៅទៀត។ ចំពោះរឿងនេះ ឡារ៉ែន មានពាក្យណែនាំពីអ្នកជំនាញការមកជម្រាបជូនដូចខាងក្រោម។

    នៅតែចង់ឱ្យប៉ាម៉ាក់អានរឿងនិទានឱ្យស្តាប់ដដែល
    កូនតូចនៅតែចង់ស្តាប់រឿងនិទានពីប៉ាម៉ាក់ជានិច្ច ព្រោះអំឡុងពេលដែលលោកអ្នកអានរឿងនិទានឱ្យគេស្តាប់នោះ កូនតូចមានអារម្មណ៍ដឹងពីភាពកក់ក្តៅ និងមានសុវត្ថិភាព។ រឿងនិទានមុនពេលគេង គឺជាឧបករណ៍ពង្រឹងសម្ពន្ធភាពរវាងលោកអ្នក និងកូនបានយ៉ាងល្អ។ ចំណែកការអភិវឌ្ឍរឿងភាសា និងការអាននោះ ការដែលឪពុកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលគេចាប់អារម្មណ៍ឱ្យគេស្តាប់តទៅទៀត គឺពិតជាមានផលល្អដល់កូនយ៉ាងប្រាកដណាស់ ព្រោះកូនក្នុងវ័យនេះ នៅត្រូវការវាក្យស័ព្ទ និងអត្ថន័យរបស់ពាក្យឱ្យបានច្រើនឡើងទៀត ដើម្បីបង្កើនទាំងជំនាញភាសា និងការទំនាក់ទំនងរបស់គេហ្នឹងឯង។ បើលោកអ្នកមានពេល គួរស្វែងរករឿងនិទានដែលសម្បូរបែប និងមានភាពស្មុគស្មាញជាងមុនបន្តិច មានសាច់រឿងវែងជាងមុន មានវាក្យស័ព្ទច្រើនឡើង មកអានឱ្យកូនស្តាប់ តែភាសាដែលប្រើ ត្រូវតែជាភាសាដែលងាយយល់ និងជាវាក្យស័ព្ទដែលមិនពិបាកជ្រុលពេក នៅពេលនោះ បើលោកអ្នកសង្កេតមើល នឹងបានឃើញថា កូនមានសមាធិក្នុងការស្តាប់កាន់តែយូរឡើង សប្បាយជាមួយសាច់រឿងកាន់តែច្រើនឡើង និងចាប់អារម្មណ៍សួរពីអត្ថន័យរបស់ពាក្យថ្មីៗដែលគេបានឮម្តងៗនោះទៀតផង។

    សុំអានខ្លួនឯងម្តង
    ក្នុងវ័យនេះ ដល់ពេលដែលត្រូវជំរុញឱ្យកូនហាត់អានដោយខ្លួនឯងខ្លះៗជាមួយគ្នាហើយ លោកឪពុកអ្នកម្តាយគួរជ្រើសរើសសៀវភៅណាដែលមានតួអក្សរតិច និងធំៗ និងចំនួនទំព័រមិនច្រើនជ្រុលពេក ដូចជាបទចម្រៀងច្រៀងលេង រឿងនិទានជាពាក្យចុងជួនគ្នា មកបបួលកូនផ្លាស់គ្នាអាន “ម៉ាក់អានមុន កូនចាំអានតាមណា៎” និងក្នុងខណៈពេលដែលកូនអាន អ្នកអាចចង្អុលពាក្យនៅក្នុងសៀវភៅនោះផងក៏បានដែរ។ ក្រៅពីនេះ ចូរសង្កេតមើលឱ្យច្បាស់ អ្នកនឹងឃើញថា កូនតូចព្យាយាមអានដដែលៗ ដោយអាស្រ័យការចងចាំ ហើយបើសិនជាអ្នកអានសៀវភៅណាដែលធ្លាប់បានអានឱ្យគេស្តាប់កាលពីមុនហើយនោះ អ្នកនឹងបានជួបហេតុការណ៍បែបនេះ ដូចជា បើអ្នកអានសៀវភៅដែលគេចូលចិត្តនោះខុសឃ្លា នឹងបានឮសំឡេងគេតវ៉ាថា “មិនមែនទេ មិនមែនទេ…ត្រូវតែ…” មិនខាន។ នេះ គឺដោយសារតែការរៀនយល់ដឹង និងចងចាំពាក្យពីសៀវភៅរឿងនិទាននោះឯង។

    សៀវភៅដែលត្រូវចិត្តកុមារវ័យរៀនមត្តេយ្យ
    – រឿងនិទានដែលមានពាក្យចុងជួនគ្នាៈ មានសាច់រឿងងាយយល់ ជាពិសេសរឿងរ៉ាវដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃ ដូចជា ងូតទឹក ញ៉ាំបាយ តែងខ្លួន រឿងរ៉ាវនៅសាលារៀន ឬពាក់ព័ន្ធនឹងសត្វចិញ្ចឹម ជាដើម។
    – សៀវភៅដែលលេងបានៈ ក្នុងអំឡុងអាយុ 3ឆ្នាំ ក្មេងមួយចំនួននៅតែចូលចិត្តសៀវភៅដែលចាប់ ឬច្របាច់លេងបាន រួមទាំងសៀវភៅដែលមានរូបគំនូរប្រភេទ ប៉ប់អាប់ (សៀវភៅដែលមានរូបគំនូរឈរឡើង ឬពេលបើកឡើង រូបភាពងើបឡើងមកដែរ)ផងដែរ។
    – មានគម្របដែលទាក់ទាញគួរឱ្យចង់អានៈ កូនតូចនៅតែចាប់អារម្មណ៍លើគម្របសៀវភៅណាដែលទាក់ទាញ មិនថាតែពណ៌ស្អាតៗ ឬរូបភាពល្អៗក៏ដោយ។ ចំណែកខាងក្នុងវិញមានរូបភាពច្បាស់ៗ មានទំហំធំ មិនរញេរញ៉ៃជ្រុលពេក។ចំណែកការអភិវឌ្ឍខាងផ្នែកភាសា និងការអានវិញនោះ ការដែលលោកឪពុកអ្នកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលកូនចូលចិត្តឱ្យគេស្តាប់តទៅទៀតនោះ គឺពិតជាមានផលល្អដល់កូនមិនខាន ព្រោះកូនក្នុងវ័យនេះ នៅត្រូវការស្គាល់វាក្យស័ព្ទ និងអត្ថន័យរបស់ពាក្យឱ្យបានច្រើនឡើង ដើម្បីបង្កើនជំនាញខាងភាសា និងការឆ្លើយឆ្លងរបស់ខ្លួនគេហ្នឹងឯង៕

  • ក្រសួងអប់រំ៖ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ មិនត្រូវជួបជុំគ្នាលើសពី10នាក់ឡើយ

    ក្រសួងអប់រំ៖ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ មិនត្រូវជួបជុំគ្នាលើសពី10នាក់ឡើយ

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងទៅដល់សាធារណៈជនឲ្យបានជ្រាប់ថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី កូវីដ-19 ដ៏សាហាវនេះ ក្រសួងបានហាមប្រាមមិនឲ្យមានការជួបជុំ ឬការហាត់ប្រាណ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ អូឡាំពិក លើសពី10នាក់នោះឡើយ៕

  • ផ្កាយ​មួយ​ដួង​កំពុង​ “ស៊ីសាច់​” មិត្ត​រួម​ដំណើររបស់​វា​ ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​នៃ​កាឡាក់ស៊ី​មួយ​ដែល​នៅ​ក្បែរ ​Milky Ways

    ផ្កាយ​មួយ​ដួង​កំពុង​ “ស៊ីសាច់​” មិត្ត​រួម​ដំណើររបស់​វា​ ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​នៃ​កាឡាក់ស៊ី​មួយ​ដែល​នៅ​ក្បែរ ​Milky Ways

    អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​កម្មវិធី​កុំព្យូទ័រ​ដើម្បី​ធ្វើការ​វិភាគ​ទៅ​លើ​ដំណើារ​វិវឌ្ឍ​ន៍​របស់​ផ្កាយ​ភ្លោះ​នេះ ហើយ​បាន​រក​ឃើញ​ថា ផ្កាយ​ដែល​មាន​ទំហំ​ធំជាង​គេ​ បាន​ស្រូប​យកវត្ថុ​ធាតុ​ពី​ផ្កាយ​តូច​ជាង​​ដែល​កំពុងគោចរ​ជុំវិញ​វា​ នៅ​ក្នុង​រយៈ​ចម្ងាយ​ខ្លី​។

    ក្រុម​តារា​វិទូ​នៅ​​មជ្ឈ​មណ្ឌល​​រុក​រក​រលក​ទំនាញ​ ARC Centre of Excellence for Gravitational Wave Discovery (OzGrav) របស់​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​អូស្ត្រាលី​ សហការ​ជាមួយ​មន្ទីរ​ស្រាវ​ជ្រាវ​ Max Planck របស់​អាល្លឺម៉ង់ សាកលវិទ្យា​ល័យ​ Monash របស់​អូស្ត្រាលី និង​សាកល​វិទ្យា​ល័យ Birmingham នៃ​ប្រទេស​អង់គ្លេស​​ បាន​ធ្វើ​ការ​ស្វែង​យល់​អំពី​ប្រភព​នៃ​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ Be X-ray ដែល​ត្រូវ​បាន​រកឃើញ​នៅ​ក្នុងកាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង​។

    កាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង
    កាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង

    ប្រព័ន្ធ​ផ្កាយ​ភ្លោះ Be X-ray គឺជា​ប្រព័ន្ធ​ផ្កាយ​មួយ​ ដែល​រួម​មាន​ផ្កាយ​នឺត្រុង​មួយ​ដែល​គោចរ​យ៉ាង​លឿន​ជុំវិញ​ផ្កាយ​មួយទៀត​ដែល​មាន​ទំហំ​ធំជាង​វា​។ ល្បឿន​នៃ​ការ​គោចរ​របស់​ផ្កាយ​នឺត្រុង​តូច បាន​ធ្វើ​ឱ្យ​ផ្កាយ​ធំ​ បង្កើត​បាន​ជា​កង​អវកាស​ដ៏​ធំ​មួយ​ដែល​ពេញ​ទៅ​ដោយ​វត្ថុ​ធាតុ​ផ្សេង​ៗ។ បន្ទាប់​មក ផ្កាយ​នឺត្រុង​ក៏បាន​បញ្ចេញ​កាំរស្មី​ X ដែល​ក្រុម​តារាវិទូ​អាចសង្កេត​ឃើញ និង​​វាស់​វែង​បាន​។

    បណ្ឌិត​ Serena Vinciguerra ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​នៅ​ OzGrav បាន​ប្រើ​ប្រាស់​កម្មវិធីកុំព្យូទ័រ​​ COMPAS ដើម្បី​ក្លែង​បង្កើត​​បរិយាកាស​ដែល​ដូច​ទៅ​នឹង​កាឡាក់ស៊ី​​ Small Magellanic Cloud។ តាម​រយៈ​ការ​ប្រៀប​ធៀប​ចំណុច​ពិសេស​របស់គន្លង​គោចរ​របស់​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ Be X-ray ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​កុំព្យូទ័រ ជាមួយ​នឹង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ពិត​នៅ​ក្នុង​អវកាស​ដែល​ត្រូវ​បាន​សង្កេត​ឃើញ ក្រុម​តារាវិទូ​អាច​ស្វែង​យល់​អំពី​ដំណើ​ការ​នៃ​ការ​វិវឌ្ឍ​ន៍​របស់​ផ្កាយ​ទាំង​នេះ​៖

    ដំបូង​ឡើយ​ ផ្កាយ​ទាំង​នេះ​បាន​កកើត​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ដែល​មាន​គន្លង​គោចរ​រាង​ពង​ក្រពើ​តូច​ចង្អៀត​។ ផ្កាយ​មួយ​ដួង​ដែល​មាន​ទំហំ​ធំ​ជាង​គេ​ មាន​ការ​វិវឌ្ឍន៍​​លឿងជាង​ និង​ប្រែ​ទៅ​ជា​ធំ​ជាង​មុន​យ៉ាងលឿន។ ដោយ​សារ​តែ​នៅ​មិន​សូវ​ឆ្ងាយ​ពី​គ្នា ផ្កាយ​ធំជាង​ ក៏​ស្រូប​យក​វត្ថុ​ធាតុ​ពី​ផ្កាយ​តូច​ជាង​វា​បាន​ច្រើន​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​វិវឌ្ឍន៍ ផ្កាយ​ធំ​ជាង​គេ​​​អាចនឹង​​​ផ្ទុះ​ឡើង​ក្រោម​ទម្រង់​​ supernova ហើយ​​ប្រែ​ក្លាយ​ជា​​ផ្កាយ​នឺត្រុង​តួច​ ប៉ុន្តែ​ហាប់​ណែន​។​ បើ​សិន​ជា​ផ្កាយ​ទាំង​2​នេះ​នៅ​មាន​ជីវិត​បន្ទាប់​ពី​ការ​ផ្ទុះ​ ពួក​វា​នឹង​បង្កើត​បាន​ជា​ប្រព័ន្ធផ្កាយ​ភ្លោះ​​ Be X-ray ដោយ​មាន​ផ្កាយ​នឺត្រុង​តូច​មួយ​ វិល​ជុំ​វិញ​ផ្កាយ​យក្ស​ធំ​មួយ​ ក្នុង​ល្បឿន​យ៉ាង​លឿន៕

    ប្រភព​៖ Sci Tech Daily

  • ស្រុកទេសកំពុងតែវឹកវរ Ronaldo ទិញ Bugatti តម្លៃ 10លានដុល្លារ

    ស្រុកទេសកំពុងតែវឹកវរ Ronaldo ទិញ Bugatti តម្លៃ 10លានដុល្លារ

    តារារបស់ក្លិប Juventus កីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Christiano Ronaldo ដែលបច្ចុប្បន្នកំពុងសម្រាកនៅស្រុកកំណើត លើកោះ Madeira ដើម្បីគេចខ្លួនពីវីរុសកូរ៉ូណា បានសម្រេចចិត្តទិញរថយន្តថ្មី 1គ្រឿងទៀត ដែលមានតម្លៃដល់ទៅ 10លានដុល្លារ។
    រថយន្តម៉ូដែល Bugatti Centodieci នោះ គឺជារថយន្តប្រភេទប្រណីត ដែលមានតែ 10គ្រឿងតែប៉ុណ្ណោះនៅលើពិភពលោក និងមានតម្លៃដល់ទៅ 10លានដុល្លា។
    កាលពីពេលកន្លងទៅ ម្ចាស់ពានរង្វាន់ Ballon d’Or 5សម័យកាលរូបនេះ ធ្លាប់ជិះរថយន្ត Bugatti 2គ្រឿងរួចទៅហើយ ក្នុងនោះមានប្រភេទ Bugatti Chiron និង Bugatti Veyron Grand Sport Vitesse៕

  • កីឡាករ Bacelona យល់ព្រមបើកប្រាក់ខែតែ 30% ពេលមានវិបត្តិកូរ៉ូណា

    កីឡាករ Bacelona យល់ព្រមបើកប្រាក់ខែតែ 30% ពេលមានវិបត្តិកូរ៉ូណា

    ក្លិបបាល់ទាត់ Bacelona បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងកាត់ប្រាក់ខែពីកីឡាករទាំងអស់ ចំនួន 70% ពោលគឺ ក្លិបនឹងបើកប្រាក់ខែជូនកីឡាករទាំងអស់របស់ក្លិបតែ 30ភាគរយប៉ុណ្ណោះ ក្នុងអំឡុងពេលមានវិបត្តិកូរ៉ូណានេះ ហើយកីឡាករទាំងអស់ក៏បានយល់ព្រមផងដែរ។
    ចំពោះការកាត់ប្រាក់ខែកីឡាករនេះ ត្រូវបានក្លិបឱ្យដឹងដែរថា គឺដើម្បីជួយសម្រួលដល់ក្លិបក្នុងការបើកប្រាក់ខែជូនបុគ្គលិកផ្សេងៗក្រៅពីកីឡាករ ដើម្បីឱ្យទទួលបានប្រាក់ខែដូចធម្មតា ខណៈដែលពួកគេនៅធ្វើការធម្មតា អំឡុងពេលដែលកីឡាករសម្រាកនេះ។
    គួរបញ្ជាក់ដែរថា បច្ចុប្បន្ន​អេស្ប៉ាញ​មាន​ករណី​ឆ្លង​កើន​ដល់ ​87,956​ករណី ស្លាប់​ 7,716​នាក់​ ក្លាយ​ជា​ប្រទេស​ដែល​មាន​ការ​ឆ្លងរាលដាល​​អាក្រក់​ជាង​គេ​មួយ​ក្នុង​ពិភពលោក៕

  • មាន 5G ហើយ តើជីវិតយើងនឹង ប្រសើរឡើងប៉ុនណា?

    មាន 5G ហើយ តើជីវិតយើងនឹង ប្រសើរឡើងប៉ុនណា?

    ខាងក្រោមនេះ ជាចម្លើយដែលនឹងឆ្លើយតប គ្រប់ចម្ងល់អំពី 5G ដែលមានអ្នកខ្លះនៅមិនទាន់ដឹងច្បាស់នៅឡើយ។

    សំណួរដំបូងគេ តើអ៊ីនធើណិតនឹងកាន់តែលឿនឡើងទេ?
    ចំណុចនេះ ក្នុងន័យរបស់ការប្រើ 5G ចម្លើយគឺ ប្រាកដណាស់! បើ 5G បើកឱ្យមនុស្សទូទៅដូចពួកយើងបានប្រើ អុីនធើណិតត្រូវតែលឿនស្រេចទៅហើយ ព្រោះ 1ក្នុងចំណោមគោលបំណងនៃការអភិវឌ្ឍប្រព័ន្ធ 5G នេះគឺ បង្កើនល្បឿនក្នុងការបញ្ជូនព័ត៌មាន ដោយតាមរយៈព័ត៌មានបានអះអាងថា 5G នឹងលឿនជាង 4G ដល់ទៅ 20ដង។

    តើតម្លៃអ៊ីនធើណិតនឹងកាន់តែថ្លៃឡើងដែរទេ?

    ប្រាកដណាស់ អ៊ីនធើណិតត្រូវតែឡើងថ្លៃ ព្រោះក្រុមហ៊ុនអ៊ីនធើណិតត្រូវបន្ថែមទុនសាងសង់បង្គោលអង់តែនភ្ជាប់សេវាកាន់តែច្រើនឡើង ដើម្បីឱ្យការប្រើប្រាស់ 5G មានប្រសិទ្ធភាពខ្ពស់បំផុត។

    លឿនជាង 20ដងហ្នឹង តើលឿនខ្នាតណាទៅ?
    បើឱ្យអធិប្បាយបែបងាយៗ គឺវាអាចដោនឡូតហ្គេមទំហំ 5GB ឬ File ឯកសារធំៗបានក្នុងរយៈពេលត្រឹមតែ 4-5វិនាទី មើលវីដេអូ 4K បានយ៉ាងរលូនដោយមិនភ័យរឿងរអាក់រអួល ធានាការតភ្ជាប់ចំនួនច្រើនដែលទាមទារបានចំនួន 1លានក្នុងរង្វង់ចម្ងាយ 1គីឡូម៉ែត្រដែលអាចផ្ដល់នូវល្បឿនលឿនខ្ពស់បំផុត។

    កម្រិត Latency ឬកម្រិត Ping ទាបជាង 0.1វិនាទី?
    មានអ្នករអ៊ូរទាំថា 4G នៅមិនទាន់ល្អខ្លាំងទេ តើត្រូវធ្វើឱ្យប្រព័ន្ធ 4G មានស្ថិរភាពសិនដឹង? ល្បឿនត្រឹមតែ 10Mbps ក៏អាចដំណើរការបានហើយ មិនចាំបាច់ដល់ 1000Mbps ទេ។ តែសូមប្រាប់ថា ការពិតទៅ ចំណុចលេចធ្លោរបស់ប្រព័ន្ធ 5G មិនមែនមានត្រឹមតែល្បឿនដែលកើនឡើននោះទេ តែវាអាចឱ្យកម្រិត Latency ដែលទាបជាង 0.1វិនាទី (កម្រិត Latency គឺកម្រិតបញ្ជូនព័ត៌មានទៅមករវាងឧបករណ៍របស់យើងនឹង Server ដែលរឹតតែតិច រឹតតែល្អ ព្រោះនឹងបានបញ្ជូនព័ត៌មានបានរហ័ស) ដូច្នេះហើយទើបវាក្លាយជាអ្វីដែលគេថា 5G នឹងផ្ដល់ស្ថិរភាពខ្លាំងជាង 4G ហ្នឹងឯង។
    មិនមែនត្រឹមតែប៉ុនហ្នឹងទេ… 5G មិនមែនរចនាមកត្រឹមតែឱ្យយើងលេងហ្គេមបានរលូនស្រួលនោះទេ តែវាគឺ ឫសគល់របស់ការអភិវឌ្ឍតិចណូឡូជីថ្មីៗ ដូចជារថយន្តគ្មានអ្នកបើក ឬការជួយដល់គ្រូពេទ្យក្នុងការវះការឆ្លងប្រទេស (ពីចម្ងាយ) បាន ដោយកាលពីឆ្នាំ2019 ចិនបានប្រកាសថា អាចឱ្យគ្រូពេទ្យវះកាត់ខួរក្បាលនៅក្នុងទីកន្លែងដាច់ស្រយាលរបស់ប្រទេស តាមរយៈដៃសិប្បនិម្មិត(រ៉ូបូត) និងបណ្ដាញប្រព័ន្ធ 5G បានទៀតផង។

    តើយើងត្រូវប្ដូរទូរស័ព្ទដែរឬទេ បើ 5G បើកដំណើរការ?
    បើយោងតាមព័ត៌មានទូទៅ គឺត្រូវតែប្ដូរហើយ ព្រោះ Smart phone ជាច្រើនជំនាន់ក្នុងពេលបច្ចុប្បន្ននេះ មិនបាន Support ការប្រើប្រាស់ប្រព័ន្ធ 5G ទាំងអស់ទេ សូម្បីតែ iPhone 11 ក៏នៅមិនទាន់ Support 5G ដែរ លើកលែងតែ Smart phone ពួក Android ដូចជា Galaxy S10, Note 10 និង Huawei Mate 20X។
    តែទម្រាំ 5G ត្រូវបាននាំមកប្រើប្រាស់សម្រាប់មនុស្សទូទៅបានមែនទែននោះ អាចនឹងត្រូវរង់ចាំប្រហែលជា 1-2ឆ្នាំទៀត ព្រោះអំឡុងពេលដំបូងៗ គេនឹងយករលកសញ្ញាណទៅប្រើការជាមួយក្រុមឧស្សាហកម្មជាមុនសិន ជាពិសេសឧស្សាហកម្មដែលត្រូវប្រើ IoT (Internet of Thing) ជាចម្បង។ ដូច្នេះហើយ មិនចាំបាច់ប្រញាប់ប្ដូរទូរស័ព្ទថ្មីទេ ងាយៗបំផុត គឺរង់ចាំឱ្យមានប្រព័ន្ធ 5G ប្រើជាទូទៅសិន និងហេតុផលមួយទៀតគឺ ទូរស័ព្ទដែលគាំទ្រ 5G នៅពេលនេះមានតម្លៃថ្លៃណាស់ បើកន្លងផុតទៅ 1ឆ្នាំទៀត ច្បាស់ជាមានទូរស័ព្ទដែលគាំទ្រប្រព័ន្ធ 5G ចេញលក់ពេញផ្សារមិនខាន។

    សរុបទៅ សួរថា តើពេលនេះប្រព័ន្ធ 5G នឹងហុចផលល្អដល់យើងទេ? ចម្លើយគឺ ល្អប្រាកដណាស់! ទាំងខាងផ្នែកល្បឿន និងភាពរលូនស្រួលដែលកាន់តែខ្លាំងឡើង រួមទាំងប្រព័ន្ធ 5G ថែមទាំងជាតិចណូឡូជីសំខាន់ដែលនឹងជួយរុញច្រានឱ្យកើតមានតិចណូឡូជីថ្មីៗកាន់តែច្រើនឡើងទៀត ដែលវានឹងក្លាយជាឫសគល់សំខាន់របស់ការប្រើប្រាស់តិចណូឡូជីនាពេលអនាគត 10 ឬ 20ឆ្នាំ ខាងមុខទៀតផង៕

     

  • ទើបមកពីកាណាដា អ្នកនាង ស៊ុន ស្រី​ពេជ្រ អំពាវនាវរកជំនួយព្យាបាលប្អូនប្រុសកំពុងឈឺធ្ងន់

    ទើបមកពីកាណាដា អ្នកនាង ស៊ុន ស្រី​ពេជ្រ អំពាវនាវរកជំនួយព្យាបាលប្អូនប្រុសកំពុងឈឺធ្ងន់

    នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តារាចម្រៀងស្រី អ្នកនាង ស៊ុន ស្រី​ពេជ្រ បានបង្ហោះកាលពី​ថ្ងៃ​ទី​30 ខែមីនា ឆ្នាំ​2020​ឱ្យដឹងថា «​កុំ​សើច​កុំ​យំ​អី ព្រោះ​គ្មាន​អ្នក​ណា​ចៀស​ផុត​ពី​ឈឺ​ទេ ខុស​ត្រង់​កើត​លើ​អ្នកមាន និង​អ្នកក្រ​ប៉ុណ្ណោះ ព្រឹក​មិ​ញ​អួល​ដើម​.​ក​ដែល​ប្អូន​ហត់​ត្រដរខ្យល់ ខ​លម​កថា បង​មាន​លុយ​ទេ? ជួយ​ផង អូន​ទៅ​ពេទ្យ​ហើយ​ណា​ចែ ពេល​ប្អូន​សួរ​តែ​ប៉ុណ្ណឹង ទឹក​ចិត្តជា​បងប្អូន​ដែល​សូ​ម្បី​តែ​ដឹង​ថា អស់​លុយ​ច្រើន តែ​ក្នុង​ខ្លួន​មាន​តែ​10​ម៉ឺន​ខ្មែរ​គត់ តែ​និយាយ​លួង​ប្អូន​ថា បង​មាន​លុយ​អូន និយាយ​បាន​ប៉ុណ្ណឹង​ប្អូន​សន្លប់​បាត់​មាត់​ឈឹង លឺ​តែ​សំឡេង​ស្រែកយំ​ពេញ​ផ្ទះ​»​។

    នាងបន្ដថា «បងប្អូនអើយជួយ ប្អូន ខ្ញុំផងពេលនេះខ្ញុំទ័លខ្លាំងណាស់ គ្មានទាំងលុយគ្មានទាំងឈាមបញ្ចូលឱ្យប្អូនទេ ខ្ញុំលែង ខ្មាសអៀនអ្នកណាទៀតហើយមានតែធ្វើម៉េច ឱ្យប្អូនបានជា មុនមិនទាន់មានជំងឺកូវីដ រាត ត្បាតទោះអត់យ៉ាងណាក៏ខ្ចីលុយគេពីនេះពីនោះបាន ពេលច្រៀងបានលុយបង្វិលសងគេ តែឥលូវខ្ញុំពឹងលើអ្វីការងារចប់ទាំងអស់ព្រោះកូរ៉ូណា ។ បងប្អូនខ្ញុំទាំងអស់ក៏រស់ដោយសារ សិល្បៈ ពេលមានអាសន្នជួយគ្នាបាន តែពេលនេះចប់ទាំងអស់គ្នា ខ្ញុំសូមលើកដៃ សូម បងប្អូនសប្បុរសជនជួយប្អូននាងខ្ញុំង 1ដុល្លារ 2ដុល្លារ ក៏អាចជួយសម្រួលនិងជួយជីវិតប្អូន ខ្ញុំបានផុតពីសេចក្តីស្លាប់ដែរ បងសង្ឃឹមថាប្អូនប្រុសបងទ្រាំបានដល់ស្អែកស្អែកមានគេ ជួយ ឈាមនិងប្លាកែតអូនហើយ ទ្រាំណាអូនណា ABA 001240488 sun pich។ ទូរសព្ទ័ 016 573537»។

    សាររបស់នាងបានបញ្ជាក់យ៉ាងច្បាស់ថា អូនប្រុសអ្នកនាង បាន​រង​នូវ​ជំងឺ​អាការ​ធ្ងន់​ជា​ច្រើន​ខែ​មក​ហើយ ដោយ​សាច់ញាតិ​ខិតខំ​យក​ទៅ​ព្យាបាល​ទាំង​ក្នុង និង​ក្រៅប្រទេស (​វៀតណាម​)​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ ធ្វើ​ឱ្យ​ប្អូនប្រុស​នាង​បាន​ត្រឹមតែ​ធូរ​ល្មម​ៗ ហើយ​រើ​ម្តង​ៗ​អ្នក​ផ្ទះ​ស្លន់ស្លោ​គ្រប់​គ្នា ។ អ្វី​ដែល​លំបាក​នោះ គឺ​ត្រូវ​ដូរ​ផ្លាស់​ឈាម​ជា​ចំណែក​ខ្ពស់​។ ទឹក​ចិត្តជា​បងប្អូនស្រី បានត្រឹមតែអំពាវនាវស្វែងរកជំនួយដល់ប្អូនប្រុសដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ និងកំពុងត្រូវការឈាមតែប៉ុណ្ណោះ។ ហើយចំពោះរូបអ្នកនាងផ្ទាល់ ក៏​ទើបតែ​ត្រឡប់​មក​ពី​សម្តែង​នៅ​កា​ណា​ដា នឹង​សម្រាក​បន្ទប់​ដាច់​ដោយឡែក​14​ថ្ងៃ ដើម្បី​តាមដាន​ជំងឺ​កូ​វី​ដ​19 ផងដែរ៕

  • ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី01-07 ខែមេសា, សីតុណ្ហភាពអប្បបរមាពី24-27អង្សាសេ និងអតិបរមាពី32-37អង្សាសេ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី01-07 ខែមេសា, សីតុណ្ហភាពអប្បបរមាពី24-27អង្សាសេ និងអតិបរមាពី32-37អង្សាសេ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី31 ខែមីនា ឆ្នាំ2020នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី01-07 ខែមេសា ឆ្នាំ2020 ដោយរយៈពេលនេះសីតុណ្ហភាពអប្បបរមាពី24-27អង្សាសេ និងអតិបរមាពី32-37អង្សាសេ។

    ជាមួយគ្នានេះ ក្រសួងក៏បានឲ្យដឹងថា នៅរយៈពេលនេះតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផងដែរ។ ទន្ទឹមនឹងការមានភ្លៀងធ្លាក់នេះ ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានចាប់ពីថ្ងៃទី02-06 ខែមេសា៕

  • ចូលរួមរំលែកទុក្ខ!! តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានបាត់បង់ឪពុកជាទីស្រឡាញ់

    ចូលរួមរំលែកទុក្ខ!! តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានបាត់បង់ឪពុកជាទីស្រឡាញ់

    ពិតជាគួរឱ្យសោកស្ដាយ និងក្រៀមក្រំបំផុត ខណៈទទួលបានដំណឹងថា តារាចម្រៀងប្រចាំផលិតកម្មថោន លោក​ សុគន្ធ ថេរ៉ាយុ បានបាត់បង់ឪពុកជាទីស្រឡាញ់ ដោយរោគាពាធ។ ដំណឹងនេះ លោកបានបង្ហោះឱ្យមហាជន និងមិត្តសិល្បៈបានដឹងកាលពីប៉ុន្មានម៉ោងមុន នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។

    សុគន្ធ ថេរ៉ាយុ បានបង្ហោះសារឱ្យដឹងថា « វាពិតជាលឿនណាស់សម្រាប់ខ្ញុំនិងក្រុមគ្រួសារ​ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់​ ខ្ញុំសឹងតែមិនចង់ជឿ​។ សូមឱ្យប៉ាទៅកាន់សុគតិភព​ ចំពោះប្អូនៗប៉ាកុំបារម្ភខ្ញុំនឹងមេីលថែរប្អូនៗឱ្យបានល្អ​ ប៉ាហត់ហេីយ ប៉ាសម្រាន្ដចុះ😭 ” ប៉ា​ Alex Chan បានទទួលមរណភាពថ្ងៃច័ន្ទ​ ទី​ 30 ខែ​ មីនា​ ឆ្នាំ2020 វេលាប្រហែលជិតភ្លឺ​ ដោយរោគាពាធ “៕