

ប្រទេសឥណ្ឌានឹងលុបចោលវិធានការ “បិទទីក្រុង 3សប្ដាហ៍” ជាដំណាក់ៗ តាមការឱ្យដឹងរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី កាលពីថ្ងៃព្រហស្បតិ៍(ទី2មេសា)ម្សិលមិញ បើទោះជាអាជ្ញាធរព្យាយាមខំរើបម្រះប្រយុទ្ធយ៉ាងខ្លាំងក្លា ដើម្បីគ្រប់គ្រងក្រុមអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ដ៏ធំបំផុតរបស់ប្រទេសក្នុងទីក្រុងនីវដេលីយ៉ាងណាក៏ដោយ។
វិធានការបិទប្រទេស ដែលធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់លេខ3 របស់ទ្វីបអាស៊ីមួយនេះធ្លាក់ក្នុងសភាវនៅទ្រឹងនោះ នឹងផុតកំណត់នៅថ្ងៃទី14 មេសាខាងមុខ។
វិធានការនោះ គឺលោកនាយករដ្ឋមន្ត្រី ម៉ូឌី បានបញ្ជាឱ្យប្រជាជនចំនួន 1,300លាននាក់របស់ប្រទេសស្ថិតនៅតែក្នុងផ្ទះ ដើម្បីចៀសវាងពីការឆ្លងមេរោគកូវីដ-19ដ៏ធំធេងមួយ តែយ៉ាងណាក៏ដោយ សភាវបិទប្រទេសដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានបណ្ដាលឱ្យមនុស្សជាច្រើនលាននាក់ត្រូវអស់ការងារធ្វើ និងបង្ខំឱ្យពលករចំណាកស្រុកនាំគ្នារត់ភៀសខ្លួនត្រឡប់ទៅស្រុកកំណើត ជាទីដែលពួកគេល្មមអាចនៅមានកន្លែងជ្រកពួន និងមានអាហារបរិភោគខ្លះៗគ្រាន់នឹងរស់។
លោក ម៉ូឌី បានប្រាប់ទៅគណៈអភិបាលរដ្ឋទាំងឡាយរបស់ប្រទេសឥណ្ឌាថា វិធានការបិទប្រទេសនេះ ជួយកម្រិតការឆ្លងរាលដាលបានមែន តែស្ថានការណ៍ទូទាំងពិភពលោកនៅស្ថិតនៅឆ្ងាយពីកម្រិតដែលគួរឱ្យកក់ក្ដៅច្រើនណាស់ និងជឿថា នឹងមានការឆ្លងរាលដាលរលកទី2 កើតឡើងជាមិនខាន។
រដ្ឋបាលរដ្ឋនានា បានស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រីក្នុងអំឡុងការប្រជុំតាមរយៈវីដេអូ ខន់ហ្វើរ៉េនស៍ ថា “នាយករដ្ឋមន្ត្រីប្រាប់ថា វាសំខាន់ណាស់ដែលត្រូវកំណត់យុទ្ធសាស្ត្រចាកចេញពីការបិទប្រទេសរួមគ្នា ដើម្បីចៀសវាងពីការប្រមូលផ្ដុំរបស់ប្រជាជន នៅពេលដែលការបិទប្រទេសត្រូវបញ្ចប់”
ឥណ្ឌាបានរកឃើញអ្នកឆ្លងមេរោគហើយ 1,965នាក់ ក្នុងនោះមានស្លាប់ 50នាក់ ដែលចំនួននេះអាចរាប់បានថា តិចតួចខ្លាំងណាស់បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក ចិន អ៊ីតាលី និងអេស្ប៉ាញ តែយ៉ាងណាក៏ដោយ ក៏មានក្ដីកង្វល់ដ៏ធំធេងមួយថា ការប្រមូលផ្ដុំរបស់ប្រជាជននឹងកើតឡើងម្ដងទៀតនៅក្នុងទីក្រុងនីវដេលី បន្ទាប់ពីការប្រមូលផ្ដុំរបស់ក្រុមអ្នកបង្ហាត់សាសនាមូស្លីម 1ក្រុមកាលពីខែមុន ដែលបានក្លាយជាខ្សែដុតបញ្ឆេះនៃករណីឆ្លងរាលដាលមេរោគរាប់សិបនាក់ទូទាំងប្រទេស។
កាលពីសប្ដាហ៍កន្លងទៅ ប្រជាជនឥណ្ឌាចំនួនដ៏ច្រើនបានទៅប្រជ្រៀតគ្នាឡើងជិះរថភ្លើង និងរថយន្តក្រុងឱ្យបានទាន់ មុនពេលកិច្ចការងារអ្វីៗត្រូវបញ្ឈប់យ៉ាងទាន់ហន់ ខណៈដែលមនុស្សម្នាជាច្រើនទៀតសុខចិត្តដើរដោយជើង ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន ក្រោយពីរដ្ឋបាលបានបញ្ជាឱ្យបិទប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងទុកតែសេវាកម្មសំខាន់ៗ ដើម្បីគ្រប់គ្រងការចម្លងសាយភាយរបស់មេរោគវីរុស ដែលខណៈនោះមានអ្នកឆ្លងមេរោគរួចហើយជាង 1,000នាក់។
តាមរយៈស្ថិតិរបស់រដ្ឋាភិបាល កាលពីអំឡុងឆ្នាំ2016-2017 បានរកឃើញថា ឥណ្ឌាមានពលករចំណាកស្រុកគ្មានជំនាញ ឬមានជំនាញតិចតួចប្រមាណជា 100លាននាក់ ឬប្រមាណជា 1ភាគ5 នៃកម្លាំងពលកម្មសរុបទូទាំងប្រទេស។
នៅពេលគ្មានការងារឱ្យធ្វើ ពលករភាគច្រើន ជាពិសេសក្នុងរដ្ឋដែលក្រៗ ដូចជា រដ្ឋភិហារ និងរដ្ឋឧតតារៈប្រទេសជាដើម បាននាំគ្នាធ្វើដំណើរឆ្ពោះមកទីក្រុងធំ និងរដ្ឋដែលមានៗ នៅប៉ែកខាងត្បូង។ មនុស្សទាំងនោះត្រូវស្នាក់អាស្រ័យដេកពួននៅក្នុងបន្ទប់ដ៏តូចចង្អៀត និងមានរយៈពេលធ្វើការច្រើនម៉ោងក្នុង 1ថ្ងៃៗ ដោយទទួលបានប្រាក់ឈ្នួលត្រឹមតែបន្តិចបន្តួច និងគ្មានសុវត្ថិភាព និងជំនួយអ្វីទាំងអស់អំពីរដ្ឋ។
ប្រាក់ដែលនៅសល់ពីការចាយវាយ នឹងត្រូវផ្ញើត្រឡប់ទៅទំនុកបម្រុងក្រុមគ្រួសារនៅឯស្រុក។
សារព័ត៌មានឥណ្ឌាបានប៉ាន់ប្រមាណថា វិធានការបិទប្រទេស បានបង្កឱ្យកើតមានការភៀសខ្លួនបំផ្លាស់ទីរបស់ប្រជាជនរាប់សែននាក់៕
ប្រភព៖ សាព័ត៌មានបរទេស

គឺជាការពិតដែលថា បន្លែល្អចំពោះសុខភាព គុណសម្បត្តិវិសេសរបស់បន្លែមានច្រើនណាស់ តែសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម ឬអ្នកដែលត្រូវគ្រប់គ្រងកម្រឹតជាតិស្ករជាពិសេសនោះ អាចមិនស័ក្តិសមជាមួយនឹងបន្លែប្រភេទខ្លះ។ ថ្ងៃនេះ ទំព័រសុខភាព ទស្សនាវដ្តី ឡារ៉ែន មានព័ត៌មានល្អៗក្នុងការជ្រើសរើសញ៉ាំបន្លែសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមមកជម្រាបមិត្តអ្នកអានដូចតទៅ។
– បន្លែដែលមានជាតិស្ករ 3 – 5 ភាគរយ
ផ្លែត្រប់ ឃ្លោក បន្លែតាំងអោ ស្ពៃបូកគោ កញ្ឆែត ត្រសក់ ននោង ស្លឹកផ្ទី ទំពាំង មើមឆៃថាវ ត្រឡាច សាលាដ ត្រកួនចិនត្រួយល្ពៅ ម្រះ សណ្តែកបណ្តុះ ខាត់ណា ផ្កាគុយឆាយ ស្ពៃចង្កឹះ ស្ពៃក្តោប ស្អំ ក្រឪឈូក។
– បន្លែដែលមានជាតិស្ករ 5 – 10 ភាគរយ
សណ្តែកសៀង ស្លឹកឆះភ្លូ គល់ខ្ទឹម ត្រយូងចេក ខ្ទឹមបារាំង ស្លឹកម្រំ ផ្កាអង្គារដី ខ្ញី ស្នៀតពោត ផ្លែល្ហុងខ្ចី ស្លឹកកន្ទុំទេស និងផ្លែកន្ទុំទេសខ្ចី។
– បន្លែដែលមានជាតិស្ករ 15 – 20 ភាគរយ
ផ្កាអង្កាញ់ ត្រួយអំពឹល ស្លឹកបន្លែផ្អែម ស្លឹកងប់ មើមដំឡូងបារាំង គ្រាប់សណ្តែកឡាន់តៅ។
-បន្លែដែលមានជាតិស្ករ 20 – 30 ភាគរយ
មើមឈូក មើមក្តួច ត្រាវ ដំឡូងជ្វា ស្លឹកអង្កាញ់ មើមឈូកចិន។
អានមកដល់ត្រង់នេះហើយ ក៏សូមប្រកាស់ប្រាប់គ្នាឱ្យច្បាស់ៗតែម្តងថា បន្លែក្នុងក្រុមដែលមានជាតិស្ករ 20 – 30 ភាគរយនេះ មិនស័ក្តិសមជាមួយអ្នកដែលកើតជំងឺទឹកនោមផ្អែមនោះទេ និងសាកល្បងពិនិត្យម្តងទៀតមើលថា តើគួរកាត់បន្ថយបន្លែដែលខ្លួនចូលចិត្តអ្វីខ្លះ៕

មុននេះបន្ដិច តារាសម្ដែង សូ ដានីតា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យដឹងថា នាងកំពុងតាមរកលោក ឃុន ធារិទ្ធិ ហៅ Rith Omega ចេញមុខមកដោះស្រាយលុយកាក់ជាង6500ដុល្លារ។ ក្នុងសំណេរខ្លីរបស់ សូ ដានីតា បានសង្កត់ធ្ងន់ថា លោក Rith Omega បានបំពានសន្យា ទាំងដែលខ្លួនបានផ្ដិតមេដៃជាច្រើនដង និងបិទទូរស័ព្ទខលមិនចូលទៀតផង។
យោងទៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែង សូ ដានីតា បានសរសេររៀបរាប់ឱ្យដឹងថា «នាងខ្ញុំ សូ ដានីតា សូមប្រកាសរកឈ្មោះ (Rith Omega) ចេញមុខមកដោះស្រាយលុយចំនួន 6500$ ព្រោះបំពានសន្យា ដែលមានស្នាមមេដៃជាច្រើនដងហើយ ដោយតេមិនលើក បិទទូរស័ព្ទ។ បើមិនចេញមកខ្ញុំដាក់បណ្តឹង ឡើងដល់តុលាការ»។
យ៉ាងណាមិញ តាមរយៈការបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើល រឿងជំពាក់បំណុលគ្នាបែបនេះ ពីសំណាក់តារាសម្ដែងកញ្ញា សូ ដានីតា គឺបន្ទាប់ពីម្ដាយរបស់នាង បានទទួលមរណភាព និងបានរៀបចំពិធីបុណ្យ៧ថ្ងៃរួចរាល នាពេលថ្មីៗនេះ។ គេមិនទាន់ដឹងនោះទេថា តើនាងមានការខ្វះខាត ការធ្វើបុណ្យឱ្យម្ដាយរបស់នាង ឬក៏យ៉ាងណានោះទេ ទើបធ្វើឱ្យនាងដាច់ចិត្តទម្លាយ រឿងលោក Rith Omega ជំពាក់លុយ ហើយមិនចេញមុខដោះស្រាយ។
ក្រោយការបង្ហោះសាររបស់តារាស្រីខាងលើ លោក Rith Omega ក៏បានបង្ហោះសារតបវិញថា « សូមបងស្រីកុំនិយាយថា ប្រកាសរកខ្ញុំ ហាងខ្ញុំនៅបេីក ផ្ទះខ្ញុំនៅដដែល បងទាក់ទងខ្ញុំតាម Telegram ខ្ញុំតបរហូត តែថ្ងៃនេះខ្ញុំរវល់ ខ្ញុំជំរាបជូនបងថាខ្ញុំរវល់ ហេីយបងឱ្យខ្ញុំចូលខ្លួន ខ្ញុំមានរត់ទៅណា? ខ្ញុំមានឆបោកបងស្រីឯណា? បញ្ជាក់= លុយ 6500$នោះ ជាលុយដែលបងស្រីបានកក់ mask ខ្ញុំ 10000$ ហេីយខ្ញុំបានចាញ់បោកគេដូចគ្នា តែខ្ញុំមានភាពទំនួលខុសត្រូវ បានខ្ញុំធានាសងបង ដោយយកលុយខ្លួនឯងសងបងបាន 3500$ហេីយ មុនខាងក្រុមហ៊ុន mask នោះសងខ្ញុំទៀត ….បងថាយកប៉ូលីសមកហាងខ្ញុំ? យកមកធ្វេីអីបងខ្ញុំអត់បានឆបោកបងទេ?
ឯកសារខ្ញុំមាន ល្ងាចខ្ញុំឱ្យមេធាវីខ្ញុំទាក់ទងទៅបង…មិនមែនជំពាក់លុយគេ សម្តីឡូយទេ ព្រោះខ្ញុំបានបង្ហាញហេីយ ខ្ញុំជាជនរងគ្រោះដែល តែខ្ញុំមិនបានគេចវេស រហូតដល់ថ្នាក់ដូចបងបង្ហោះទេ »៕



ត្រឹមម៉ោង 7ព្រឹក ថ្ងៃទី3 ខែមេសា ឆ្នាំ2020 ស្ថានភាពជំងឺកូវីដ19 នៅកម្ពុជា មាន៖
– ទារកប្រុសអាយុ ០៤ខែ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវិរុសកូរីដ19 ចំនួន
2លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកុមារជាតិ។ ទារកនេះ ជាកូនបង្កើតរបស់បុរសជនជាតិបារាំង
អាយុ 35ឆ្នាំ ដែលទើបបានព្យាបាលជាសះស្បើយផងដែរ។ គួររំលឹកថា ទារកនេះបានព្យាបាលនៅមន្ទីរពេទ្យ
គន្ធបុប្ឆាទី4 ហើយត្រូវបានបញ្ជូនត្រឡប់មកព្យាបាលបន្តនៅមន្ទីរពេទ្យកុមារជាតិវិញ។
– អ្នកព្យាបាលជាសះស្បើយ សរុបចំនួនកើនដល់ 35នាក់ (ស្មើនឹង 30,70% នីនចំន្លូន
អ្នកមានវីរុសកូរីដ19ទាំងអស់) ដែលមានបុរសជនជាតិចិន 1នាក់ ស្ត្រីជនជាតិអង់គ្លេស 2នាក់
បុរសជនជាតិអង់គ្លេស 1នាក់ បុរសជនជាតិប៊ែលហ្សិក 1នាក់ បុរសជនជាតិបារាំង 4នាក់ (ក្នុង
នេះ មានទារកអាយុ 8ខែ 1នាក់) ស្ត្រីជនជាតិបារាំង 5នាក់ និងបុរសជនជាតិខ្មែរ 21នាក់ (គិត
ចាប់ពីខែមករាដល់បច្ចុប្បន្ននេះ)
– អ្នកដែលកំពុងសម្រាកព្យាបាល បានថយចុះមកនៅសរុបចំនួន ៧៩នាក់ (ស្ត្រី 25នាក់ និង
បុរស 54នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត
– អ្នកមានវីរុសកូរវីដ19 / ដែលបានរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានព្យាបាលជាសះ
ស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន 114នាក់ (ស្ត្រី 32នាក់ និងបុរស
82នាក់)។
អានសេចក្ដីលំអិត


ក្លិប Juventus ដែលមានទាំងកីឡាករសម្បូរលុយ Christiano Ronaldo ផងនោះ បានស្រុះស្រួលគ្នា ជាមួយនឹងគ្រូបង្វឹកផងដែរ យល់ព្រមឱ្យក្លិបកាត់ប្រាក់ខែទាំងស្រុងរបស់ខ្លួនចំនួន 4ខែ ស្របពេលដែលក្លិបកំពុងជួបវិបត្តិកូវីដ-19 នេះ។
ការសម្រេចដូច្នេះ គឺបន្ទាប់ពីក្លិបប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្រោយការប្រកួតទាំងអស់នៅអ៊ីតាលីត្រូវផ្អាក ហើយមុនផ្អាកនេះទៀតសោត ការប្រកួតត្រូវលេងបិទទ្វារគ្មានអ្នកគាំទ្រ ធ្វើឱ្យ Juventus បាត់បង់ប្រាក់ចំណូលជាច្រើន។ ទឹកប្រាក់ដែលកាត់ពីអ្នកចាត់ការទូទៅ និងកីឡាករមានតម្លៃប្រមាណ 90លានអឺរ៉ូ។
គួរបញ្ជាក់ផងដែរថា នៅតាមបណ្តាក្លិបនានានៅលើពិភពលោក ទាំងក្លិប និងកីឡាករ ក៏បានស្រុះស្រួលគ្នាកាត់បន្ថយប្រាក់ខែរបស់ខ្លួនទៅតាមលទ្ធភាព និងការយល់ស្របរៀងៗខ្លួនផងដែរ៕

កីឡាករខ្សែការពារជប៉ុន Gōtoku Sakai ត្រូវបានគេរាយការណ៍ថា បានឆ្លងវីរុសកូវីដ-19 នៅឯប្រទេសជប៉ុន ក្រោយពីលទ្ធផលតេស្តចេញជាផ្លូវការ កាលពីថ្ងៃទី31 ខែមីនា ឆ្នាំ2020 កន្លងទៅនេះ។
កីឡាករវ័យ 29ឆ្នាំរូបនេះ កំពុងតែត្រូវបានតាមដាន និងសង្គ្រោះនៅឯមន្ទីរពេទ្យមួយក្នុងប្រទេសជប៉ុន ដោយនៅខណៈពេលនេះ លោកនៅមានសុខភាពរឹងមាំល្អនៅឡើយទេ។
គួរបញ្ជាក់ថា កីឡាករជប៉ុនវ័យ 29ឆ្នាំរូបនេះ គឺជាកីឡាករដំបូងបង្អស់នៅក្នុងក្របខ័ណ្ឌលីកកំពូលជប៉ុន ដែលបានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មីនេះ៕

Zoom ក្លាយជាកម្មវិធីមួយដែលទទួលការពេញនិយម ពីមនុស្សរាប់លាននាក់ក្នុងរយៈពេលតែ2 ឬ 3សប្ដាហ៍ចុងក្រោយនេះ បើទោះបីជាកម្មវិធីនេះបានបង្កើតឡើងមកជាង9ឆ្នាំហើយក៏ដោយ។
ដោយសារតែមានតម្រូវការបន្ទាន់នៃកម្មវិធី ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាលក្ខណៈ Video Conferencing ក្នុងអំឡុងពេលនៃការរីករាលដាល មេរោគ កូវីដ-19។ យ៉ាងណា បើយោងតាមអ្នកជំនាញ បានណែនាំដូច្នេះថា វាអាចអនុញ្ញាតឱ្យជនអនាមិកលួចយក លេខសម្ងាត់ វីនដូ (Windows Password) បាន ដោយសារតែមានចំណុចខ្សោយមួយចំនួននៅក្នុងកម្មវិធី Zoom ។
ទោះបី Zoom គឺជាកម្មវិធីមួយដែលមានប្រជាប្រិយភាពសម្រាប់ Online Video Meeting ក៏ដោយ តែវាមិនមែនជាជម្រើសដ៏ល្អបំផុត សម្រាប់ផ្នែកឯកជនភាព (Privacy)និង សន្តិសុខ (Security) នៅឡើយទេ ដូចជាកម្មវិធីនេះពុំមាន end-to-end encrypted ដូចកម្មវិធីគេផ្សេងៗទៀត ដែលអាចធ្វើឱ្យក្រុមហ៊ុនថតចម្លងវីដេអូរបស់លោកអ្នកបាន ប៉ុន្តែកំហុសដ៏ធំមួយទៀតនោះគឺ ជនអនាមិកអាចលួចយក លេខសម្ងាត់ វីនដូ តាមរយៈភាពចន្លោះប្រហោងក្នុងកម្មវិធីនេះ។
ភាពចន្លោះប្រហោងនេះ ដោយសារតែ Zoom ដំណើរការនៅលើប្រព័ន្ធដំណើរការ Windows ដែលប្រើមុខងារ Remote UNC paths ហើយបំប្លែងនូវ URLs ទៅជា Hyperlinks សម្រាប់អ្នកទទួលនៅក្នុងសារ ជាលក្ខណៈផ្ទាល់ខ្លួន ឬក្នុងក្រុម។ ក្រុមអ្នកស្រាវជ្រាវបានផ្ដល់ព័ត៌មាននេះទៅក្រុមហ៊ុន Zoom ហើយ ប៉ុន្តែក្រុមហ៊ុនពុំទាន់បានធ្វើកំណែទម្រង់លើកម្មវិធីនេះទេ ដូច្នេះពួកគេក៏សំណូមពរឱ្យអ្នកប្រើប្រាស់ គួរប្រើកម្មវិធី Zoom តាមរយៈ Web Browser ជាជាងកម្មវិធីផ្ទាល់របស់ Zoom សម្រាប់វីនដូ ឬក៏ប្រើកម្មវិធីផ្សេងទៀតក៏បាន។
កាលពីសប្ដាហ៍មុនក្រុមហ៊ុន Zoom ទើបតែធ្វើបច្ចុប្បន្នភាពកម្មវិធីជាមួយប្រព័ន្ធ iOS ក្រោយពីត្រូវបានគេរកឃើញថា ក្រុមហ៊ុនបានផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុន Facebook៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

អ្នកវិទ្យាសាស្ត្រចិន ដែលកំពុងធ្វើតេស្ដលើវ៉ាក់សាំងការពារវីរុស COVID-19 នឹងប្រកាសលទ្ធផលលើការធ្វើតេស្ដសាកល្បងលើកទី1 នៅក្នុងខែមេសានេះ។ ជាងនេះទៀត អ្នកជំនាញដដែលសង្ឃឹមថា អាចបន្តធ្វើតេស្ដសាកល្បងក្រោយៗទៀតនៅក្រៅប្រទេសចិន។
លោក Chen Ling អ្នកឯកទេសផ្នែកវីរុសនៅមន្ទីរពិសោធន៍ជំងឺផ្លូវដង្ហើម State Key បានលើកឡើងថា ការធ្វើតេស្ដសាកល្បងនៅដំណាក់កាលទី2 និងទី3 អាចនឹងត្រូវការអ្នកចូលរួមរាប់ពាន់នាក់ និងអាចធ្វើតេស្ដសាកល្បងនៅប្រទេសដែលកំពុងឆ្លងវីរុសខ្លាំង ដើម្បីទទួលបានលទ្ធផលកាន់តែឆាប់ និងត្រឹមត្រូវច្បាស់លាស់។ លោកបន្ថែមថា ប្រទេសអាចទប់ស្កាត់ការឆ្លងវីរុសCOVID-19 បានលឿនពេក គឺធ្វើឱ្យមិនមានករណីឆ្លងសម្រាប់ធ្វើតេស្ដសាកល្បងនៅដំណាក់កាលក្រោយ។
ប្រសិនបើ ធ្វើតេស្ដលើមនុស្ស 10,000នាក់ហើយលទ្ធផលបង្ហាញថា មានតែមនុស្ស 100នាក់អាចបង្កើតជាអង់ទីគ័រប្រឆាំងវីរុសនេះបាន លទ្ធផល 0 ,01% នេះមិនគ្រប់គ្រាន់ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះទៅលើមនុស្សទូទៅទេ។
លោកស្រី Chen Wei អ្នកជំនាញជំងឺឆ្លង និងវីរុសនៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា បានប្រាប់ទៅសារព័ត៌មាន China Daily ថា ប្រសិនជាលទ្ធផលតេស្ដលើកដំបូងបញ្ជាក់ថា វ៉ាក់សាំងមានសុវត្ថិភាព និងមានលទ្ធផលតាមដែលចង់បាន ប្រទេសចិននឹងបន្តធ្វើតេស្ដរកប្រសិទ្ធភាពវ៉ាក់សាំងនេះនៅប្រទេសផ្សេង បើវីរុសនេះនៅតែបន្តរាតត្បាត។ អ្នកស្រីបានបន្តទៀតថា មានប្រទេសជាច្រើនមានចំណាប់អារម្មណ៍សហការជាមួយក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិនក្នុងការធ្វើតេស្ដវ៉ាក់សាំងនេះ។
ការធ្វើតេស្ដសាកល្បងវ៉ាក់សាំងលើកដំបូងធ្វើឡើងនៅទីក្រុងវូហាននៅថ្ងៃទី16 ខែមីនា ដែលមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ 108នាក់៕

កម្មវិធីអាកាសធាតុល្បីឈ្មោះ Dark Sky បានចេញសេចក្ដីប្រកាសមួយ ឱ្យដឹងថា Apple បានទិញយកក្រុមហ៊ុនរបស់ខ្លួន ដែលនាំឱ្យមានការផ្លាស់ប្ដូរធំៗមួយចំនួននាពេលខាងមុខ ពោលគឺ រាល់ការ Support សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី1 ខែកក្កដា ឆ្នាំ2020 ខាងមុខ។
កម្មវិធី Dark Sky មានចំនួនអ្នកប្រើប្រាស់លើ Android ជាង 1លាននាក់ឯណោះ ដូចនេះការបញ្ចប់ការ Support នេះ គឺជាការខាតបង់ធំមួយ តែយ៉ាងណា នៅលើ App Store របស់ Apple កម្មវិធីនេះ គឺស្ថិតនៅលំដាប់ថ្នាក់លេខ1 លើផ្នែកធាតុអាកាស ត្រឹមតែរយៈពេលខ្លីបំផុត។
ក្រុមហ៊ុន ក៏បានប្រកាសដែរថា អ្នកប្រើប្រាស់ដែលបានចុះឈ្មោះបង់ថ្លៃសេវាប្រើប្រាស់នឹងទទួលបានប្រាក់សំណងនៅថ្ងៃដែលបញ្ចប់ការ Support ។ ម្យ៉ាងទៀត ក្រោយពីការទិញយកពីសំណាក់ Apple ហើយ ក្រុមហ៊ុនបានប្រកាសថា កម្មវិធី Dark Sky នឹងមិនមានការផ្លាស់ប្ដូរឈ្មោះ (ទៅជា iDark Sky) នោះទេ៕