Category: សង្គម និងសេដ្ឋកិច្ច

  • Hacker មួយក្រុម ព្យាយាមលួចចូលប្រព័ន្ធរបស់អង្គការសុខភាពពិភពលោក

    Hacker មួយក្រុម ព្យាយាមលួចចូលប្រព័ន្ធរបស់អង្គការសុខភាពពិភពលោក

    លោក Flavio Aggio ដែលជាប្រធានផ្នែកសុវត្ថិភាពព័ត៌មានវិទ្យានៃអង្គការសុខភាពពិភពលោក ឬWHO បាននិយាយថា អត្តសញ្ញាណនៃ Hacker មិនទាន់កំណត់បាននោះទេ ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេមិនទទួលបានជោគជ័យឡើយ។ នេះបើតាមការចុះផ្សាយរបស់ Reuters។

    លោកបានប្រាប់ថា ការប៉ុនប៉ង Hack ស្ថាប័នរបស់លោក និងដៃគូរបស់ស្ថាប័ន គឺមានការកើនឡើង ស្របពេលដែលពួកយើងកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ-19 ដែលបានសម្លាប់មនុស្សអស់ជាច្រើនម៉ឺននាក់នៅទូទាំងពិភពលោក។

    ការប៉ុនប៉ងវាយប្រហារលើ WHO ត្រូវបាន Reuters ដឹងជាមុន តាមរយៈអ្នកជំនាញផ្នែកសុវត្ថិភាពលើអ៊ីនធើណិត គឺលោក Alexander Urbelis ដែលរូបលោកបានធ្វើការតាមដានសកម្មភាពលើអ៊ីនធើណិត ដែលគួរឱ្យសង្ស័យ។ លោក Urbelis និយាយថា លោកចាប់បានសកម្មភាពនៅអំឡុងថ្ងៃទី13 ខែមីនា ពេលដែល Hacker មួយក្រុមដែលលោកបានតាមដានកន្លងមក បានដំណើរការវេបសាយមានបង្កប់មេរោគមួយ ដែលបង្កើតឡើងយកលំនាំតាមប្រព័ន្ធអ៊ីមែលផ្ទៃក្នុងរបស់ WHO។

    អ្នកជំនាញរូបនេះ និយាយថា មិនដឹងថានរណាជាអ្នកនៅពីក្រោយសកម្មភាពនេះទេ ប៉ុន្តែប្រភព 2ទៀតបានប្រាប់ Reuters ថា ពួកគេសង្ស័យលើក្រុម Hacker ដែលមានឈ្មោះថា DarkHotel ដែលពួកគេចាប់ផ្ដើមធ្វើសកម្មភាពយ៉ាងហោចណាស់ ក៏ចាប់តាំងពីឆ្នាំ2007 មកម្ល៉េះ។

    លោក Urbelis និយាយថា លោកបានចាប់តាមដានវេបសាយរាប់ពាន់ដែលបង្កើតឡើងជារៀងរាល់ថ្ងៃក្នុងទ្រង់ទ្រាយទាក់ទងនឹងកូវីដ-19 ដែលភាគច្រើន គឺជាវេបសាយដែលមានបង្កប់មេរោគ៕

  • Hacker មួយក្រុមចូលក្នុងលុកលុយ Twitter ហើយថែមទាំងឌឺឱ្យទៀត

    Hacker មួយក្រុមចូលក្នុងលុកលុយ Twitter ហើយថែមទាំងឌឺឱ្យទៀត

    Hacker មួយក្រុមដែលជំនាញធ្លាប់លុកលុយគណនីតារាល្បីឈ្មោះជាច្រើន កាលពីពេលកន្លងមកថ្មីៗនេះ បាន Hack ចូលគណនីផ្លូវការ Facebook លើបណ្តាញសង្គម Twitter បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
    សារមួយបង្ហោះលើគណនីផ្លូវការរបស់ Facebook បានសរសេរថា៖

    “សួស្តី, យើងជា OurMine ពិតណាស់! ទោះបី Facebook ជាបណ្តាញសង្គមអាច Hack បានក៏ដោយ តែយ៉ាងហោចណាស់ក៏នៅតែខ្លាំងជាង Twitter ដែរ”។

    ក្រុមដដែលក៏បានណែនាំឱ្យអ្នករាល់គ្នា ប្រសិនចង់ពង្រឹងប្រព័ន្ធសុវត្ថិភាពគណនីរបស់អ្នក ចាំបាច់ត្រូវទាក់ទងទៅកាន់ស្ថាប័ន OurMine នោះផ្ទាល់តែម្តង។

    ករណីនេះ មិនមែនជាលើកដំបូងទេ ដោយកន្លងទៅទាំងគណនី Facebook លើបណ្តាញសង្គម Instagram ក៏ធ្លាប់ត្រូវបានក្រុមដដែលនេះធ្វើការអុកឡុកដូចគ្នា ហើយថែមទាំងបង្ហោះរូបសម្គាល់នៃក្រុម OurMine ទុកឱ្យមើលលេងទៀតផង៕

  • នាយកប្រតិបត្តិ Twitter បរិច្ចាគ 1ពាន់លានដុល្លារ ជួយពិភពលោក អំឡុងពេលផ្ទុះវីរុសកូវីដ-19

    នាយកប្រតិបត្តិ Twitter បរិច្ចាគ 1ពាន់លានដុល្លារ ជួយពិភពលោក អំឡុងពេលផ្ទុះវីរុសកូវីដ-19

    ស្ថាបនិក Twitter លោក Jack Dorsey បានបរិច្ចាគថវិកាចំនួន 1ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់ការប្រយុទ្ធប្រឆាំងមេរោគកូវីដ-19 នៅជុំវិញពិភពលោក និងដើម្បីផ្តល់ជាជំនួយសង្គ្រោះលើកិច្ចខិតខំប្រឹងប្រែងនានាប្រឆាំងនឹងកូវីដ-19។

    លោកបាននិយាយថា “ខ្ញុំរកបានលុយ 1ពាន់លាននេះ និងសម្រេចចិត្តផ្តល់ជូនជាសាធារណៈ ព្រោះខ្ញុំយល់ថា ជីវិតមនុ្សយើង គឺខ្លីណាស់! យើងមិនដឹងពីអ្វី ដែលប្រុងនឹងកើតមានឡើងទេ! ដូច្នេះសូមធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាននៅថ្ងៃនេះតែម្តង ដើម្បីជួយមនុស្សជាតិ! ធ្វើឥឡូវនេះភ្លាម កុំរង់ចាំយូរ!”។

    នៅក្នុងការបង្ហោះមួយ នៅលើបណ្តាញសង្គម Twitter លោក Jack Dorsey (@Jack) បាននិយាយថា មូលនិធិនេះ ប្រមូលបានមកពីភាគហ៊ុនមួយចំនួននៅក្នុងក្រុមហ៊ុន។ អ្វីដែលលោក បានបរិច្ចាគ គឺស្មើនឹង 28% នៃទ្រព្យសម្បត្តិនាពេលបច្ចុប្បន្នប្រមាណ (3.6ពាន់លានដុល្លារ)។

    បុរសមហាសេដ្ឋីវ័យ 43ឆ្នាំនេះ បាននិយាយថា ការបរិច្ចាគនេះ គឺទៅដល់មូលនិធិ Start Small ដែលអាចឱ្យមហាជនតាមដានបានថា ទឹកប្រាក់នេះ នឹងជួយដល់ផ្នែកណាខ្លះ? ដោយរូបលោកថែមទាំងបានបង្ហាញនូវ Google Sheets ដែលតាមដានលើការចំណាយនៃការបរិច្ចាគនេះទៀតផង៕

  • អ្នកវិទ្យាសាស្ត្រសកល Cambridge ប្រើ AI បង្កើតកម្មវិធីមើលរោគសញ្ញាភ្លាមៗលើអ្នកឆ្លងមេរោគកូវីដ-19

    អ្នកវិទ្យាសាស្ត្រសកល Cambridge ប្រើ AI បង្កើតកម្មវិធីមើលរោគសញ្ញាភ្លាមៗលើអ្នកឆ្លងមេរោគកូវីដ-19

    កម្មវិធី​ឈ្មោះ​ថា Covid-19 Sounds ដែល​លោកអ្នក​អាច​ចុច​ចូល​បាន​តាម​លិងក៍ www.covid-19-sounds.org ហើយ​ស្វាគមន៍​ទទួល​អ្នក​ចូលរួម​ទាំងអស់ ទាំង​អ្នក​ដែល​មាន​សុខភាព​ប្រក្រតី ​និង​មិន​ប្រក្រតី។

    បច្ចុប្បន្ន​ក្រុម​ស្រាវជ្រាវ កំពុង​ប្រកាស​រក​អ្នក​ស្ម័គ្រចិត្ត​ឱ្យ​ធ្វើ​​ការ​បញ្ជូន​នូវ​ទិន្នន័យ​ជា​សំឡេង​នៃ​ការ​ដក​ដង្ហើម ក្អក និង​ការ​និយាយ ដើម្បី​ធ្វើ​តេស្ត​ពិសោធផ្ទាល់​ជាមួយ​ការ​វិភាគ​សំឡេង​ទាំង​នោះ ក្នុង​ការ​កំណត់​រោគ​សញ្ញា​បាន​ឆាប់​រហ័ស​លើ​អ្នក​ដែល​បាន​ឆ្លង។

    របាយការណ៍​ទិន្នន័យ​សំឡេង​ដែល​ទទួល​បាន​ទាំង​អស់ អ្នកវិទ្យាសាស្ត្រ​នឹង​យក​ទៅ​ស្រាវជ្រាវ ដើម្បី​សម្រេច​ឱ្យ​ចេញ​ជា App ដំណើរការ​ផ្លូវការ​មួយ​ក្នុង​ថ្ងៃ​ខាង​មុខ។

    ​ក្រុម​ខាងលើ​ក៏​បាន​បង្កើត App មួយ​ស្រដៀង​គ្នា​នេះដែរ ដែលមាន​ឈ្មោះ​ថា “COVID Symptom Tracker” ដែលបើក​ឱ្យ​ប្រើប្រាស់​សម្រាប់​ពលរដ្ឋ​នៅ​អង់គ្លេស​ ធ្វើ​ការ​តាមដាន​ស្ថានភាព​សុខភាព​របស់​ពួក​គេ​ប្រចាំ​ថ្ងៃ ដោយ​អនុញ្ញាតឱ្យ​អ្នក​ប្រើប្រាស់​បំពេញ​បែបបទ​ព័ត៌មាន​មួយ​ចំនួន និង​ការ​បញ្ជូន​សំឡេង​ធ្វើ​តេស្ត ទាំង​ប្រភេទ​សំឡេង​ក្អក និង​ដក​ដង្ហើម ដើម្បី​ឱ្យ​អ្នក​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ៕

  • 12 រឿងដែលត្រូវជួបពេលនៅក្នុងមន្ទីពេទ្យក្រោយពេលប្រសូតហើយថ្មីៗ

    12 រឿងដែលត្រូវជួបពេលនៅក្នុងមន្ទីពេទ្យក្រោយពេលប្រសូតហើយថ្មីៗ

    តើអ្នកម្តាយមានគភ៌គ្រប់រូបត្រៀមខ្លួនរួចជាស្រេចហើយឬនៅសម្រាប់ការប្រសូត(ឆ្លងទន្លេ)បុត្រ និងការស្ថិតនៅក្នុងមន្ទីពេទ្យក្នុងអំឡុងពេលក្រោយប្រសូតនោះ? ហើយតើនឹងមានអ្វីកើតឡើងខ្លះនៅពេលអ្នកគេងសម្រាកនៅក្នុងមន្ទីពេទ្យក្នុងអំឡុងពេលនោះ ដូច្នេះ ឡារ៉ែនសូមណែនាំឱ្យអ្នកម្តាយមានគភ៌ និងអ្នកម្តាយដែលជិតប្រសូតទាំងអស់អាននូវអត្ថបទខាងក្រោមនេះទុកជាចំណេះដឹង និងដើម្បីជាការត្រៀមខ្លួនទុកជាមុនផង។

    1 – ញើសនឹងជ្រាបចេញមកច្រើនជាងប្រក្រតី : ញើសរបស់អ្នកនឹងហូរចេញមកច្រើនដូចគ្នានឹងការបានទៅហាត់ប្រាណក្នុងពេលប្រក្រតីអ៊ីចឹងដែរ។
    2 – ស្បូនច្របាច់ខ្លួន : ក្រោយពេលប្រសូតអ្នកនឹងមានអារម្មណ៍ថា ឈឺនៅក្នុងស្បូនខ្លាំងណាស់ ដោយសារតែអាការស្បូនច្របាច់ខ្លួនឱ្យតូចដូចដើមវិញ ហើយស្បូននឹងរឹតតែច្របាច់ខ្លួនខ្លាំងឡើងនៅពេលកូនចាប់ផ្តើមបៅដោះ។
    3 – ត្រៀមខ្លួនថតរូប : ស្វាមី និងបណ្តាមិត្តភ័ក្តិ ឪពុក ម្តាយ សាច់ញាតិ បងប្អូន សុទ្ធតែនាំគ្នាត្រៀមជាស្រេចជាមួយការថតរូបភាពទើបនឹងកើតរបស់កូន ឬរូបភាពកូនតូចពេលនៅក្នុងបន្ទប់សម្រាកជាមួយអ្នកម្តាយ។
    4 – មួយណាកូនយើងហ្ន៎? : បើអ្នកដើរទៅមើលកូនដែលទើបនឹងកើតមកភ្លាមនៅក្នុងបន្ទប់ទុកទារកនោះ អ្នកនឹងមិនអាចមើលដឹងឡើយថា តើទារកមួយណាជាកូនរបស់អ្នកឡើយ រហូតទាល់តែគិលានុប្បដ្ឋាកយិការជាអ្នកមកប្រាប់ ឬលួចមើលផ្លាកឈ្មោះព្រោះវាមិនងាយបានមើលដោយស្រួលៗនោះទេ។
    5 – ស្វាមីនឹងបានដឹងរឿងរ៉ាវគ្រប់យ៉ាង : ស្វាមីនឹងបានឃើញការដំណើរការគ្រប់យ៉ាងក្នុងអំឡុងពេលប្រសូត រហូតដល់ពេលការប្រសូតចប់សព្វគ្រប់។6 – ទារកទើបនឹងកើតមួយចំនួនស្រែកយំភ្លាមតែម្តងក្រោយពីចេញពីពោះម្តាយមកភ្លាម : តែទារកខ្លះមិនបានស្រែកយំភ្លាមទេ អាចត្រូវរង់ចាំប្រហែល 2 -3 នាទី ឬយូរជាងនោះ ដូច្នេះអ្នកម្តាយមិនបាច់បារម្ភឡើយ។
    7 – ក្រោយពេលប្រសូតរួច អ្នកម្តាយនឹងមានអារម្មណ៍ថា ពោះរបស់ខ្លួនរាងប្រហោងៗ : ឬដូចជាហើមពោះ ឬអាចមានអារម្មណ៍ចង់ក្អួតចង្អោរ ដែលនេះគឺជារឿងប្រក្រតី មិនមានអ្វីប្លែកទេ។
    8 – ពេលខ្លះអ្នកមិនចង់ឱ្យមានអ្នកមកសួរសុខទុក្ខនៅឯមន្ទីពេទ្យទាំងអស់ទេ : ជួនកាលអ្នកក៏ចង់សម្រាក ច្រើនជាងនៅចាំតែសម្លឹងមើលមាត់ទ្វាថា នឹងមានអ្នកណាបើកចូលមកទៀតឬក៏អត់។
    9 – គិលានុប្បដ្ឋាកយិការនឹងចូលមកក្នុងបន្ទប់របស់អ្នកញឹកញាប់ណាស់ : ដើម្បីពិនិត្យសុខភាពរបស់អ្នកម្តាយ ដោយគ្រូពេទ្យអាចនឹងចូលមកមើលក្នុង 1 ថ្ងៃ តែ 1 – 2 ដងប៉ុណ្ណោះ ដូច្នេះអ្នកគួរត្រៀមចិត្តរឿងការបើកភ្លើងរបស់គិលានុប្បដ្ឋាកយិការនៅពេលយប់ផង(មួយយប់មកច្រើនដង)។
    10 – ហាត់ចិញ្ចឹមមើលថែកូនដោយខ្លួនឯង ល្អបំផុត : គ្មាននរណាអាចប្រាប់រឿងការចិញ្ចឹមមើលថែកូនដល់អ្នកបានល្អស្មើនឹងការដែលអ្នកហាត់រៀនចិញ្ចឹមមើលថែកូនដោយខ្លួនឯងតាំងពីថ្ងៃដំបូងនោះឡើយ។
    11 – កុំគិតអីច្រើន បើអ្នកចង់ស្លៀកឈុតកូនក្មេងស្អាតៗឱ្យកូនពេលនៅក្នុងមន្ទីពេទ្យនោះ : លោកអ្នកអាចស្លៀកឱ្យបានភ្លាមបើមិនខ្លាចកូនរមាស់ ឬស្កៀបទេនោះ(ទារកភាគច្រើនៗស្លៀកឈុតទារក ឬរុំដោយក្រណាត់ទន់ៗប៉ុណ្ណោះ) ឬអាចស្លៀកឱ្យនៅថ្ងៃដែលកូនចេញពីមន្ទីពេទ្យក៏បាន។
    12 – កុំភ្លេចយកអីវ៉ាន់ត្រឡប់ទៅផ្ទះវិញ : កុំភ្លេចថ្ងៃដែលចេញពីមន្ទីពេទ្យគួរប្រមូលរបស់ប្រើប្រាស់ផ្ទាល់ខ្លួនទាំងអស់ត្រឡប់ទៅវិញផង និងកុំភ្លេចរបស់ដែលគេយកមកផ្ញើទៅជាមួយផង។

    អ្នកម្តាយក្រោយពេលប្រសូតដែលត្រូវគេងសម្រាកនៅក្នុងមន្ទីពេទ្យច្រើនតែមិនសូវមានអ្វីច្រើនទេ ភាគច្រើនក៏ត្រូវហាត់រៀនចិញ្ចឹមមើលថែកូន ច្របាច់ដោះដើម្បីជំរុញការផលិតទឹកដោះ និងទទួលភ្ញៀវដែលមកសួរសុខទុក្ខក្រោយពេលប្រសូតប៉ុណ្ណោះឯង៕

  • ព័ត៌មានផ្លូវការ ស្ដីអំពី Covid-19 នៅកម្ពុជា នៅព្រឹកនេះ

    ព័ត៌មានផ្លូវការ ស្ដីអំពី Covid-19 នៅកម្ពុជា នៅព្រឹកនេះ

    គិតត្រឹម “ព្រឹកថ្ងៃទី11 មេសា 2020”
    – ចំនួនអ្នកឆ្លង៖ 120 នាក់
    – ចំនួនអ្នកជាសះស្បើយ៖ 75 នាក់
    – ចំនួនអ្នកស្លាប់៖ គ្មាន

    (ជាសះស្បើយ 3​នាក់បន្ថែម និងមានករណីឆ្លង 1នាក់ថ្មី)

  • ឃុន ឌីម៉ា បរិច្ចាគប្រាក់ខែជាមន្ត្រីរបស់ខ្លួន ចូលរួមប្រឆាំងនឹងកូវីដ-19

    ឃុន ឌីម៉ា បរិច្ចាគប្រាក់ខែជាមន្ត្រីរបស់ខ្លួន ចូលរួមប្រឆាំងនឹងកូវីដ-19

    អ្នកប្រដាល់រហស្សនាម “ខ្លាខ្មៅ” ដ៏ល្បីល្បាញរបស់កម្ពុជា កីឡាករ ឃុន ឌីម៉ា បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកក្នុងការជួយដោះស្រាយវិបត្តិកូវីដ-19 នៅកម្ពុជា។

    អ្នកប្រដាល់ ឃុន ឌីម៉ា ដែលមានការងារជាជំនួយការ វរសេនាតូចលេខ1 កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី7 ខែមេសា ឆ្នាំ2020 នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួន ចំនួន 10ម៉ឺនរៀល ក្នុង 1ខែ សម្រាប់រយៈពេល 5ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ2020 ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19។
    គួរបញ្ជាក់ដែរថា មកទល់នឹងពេលនេះ មានបុគ្គលិករដ្ឋ រួមទាំងនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និងសប្បុរសជនជាច្រើន បានបរិច្ចាគទឺកប្រាក់របស់ខ្លួនដើម្បីជួយជាធនធានដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19៕

  • ពេទ្យក្លិបលីកកំពូលបារាំងម្នាក់ សម្លាប់ខ្លួនក្រោយឆ្លងកូវីដ-19

    ពេទ្យក្លិបលីកកំពូលបារាំងម្នាក់ សម្លាប់ខ្លួនក្រោយឆ្លងកូវីដ-19

    គ្រូពេទ្យរបស់ក្លិបបាល់ទាត់បារាំងម្នាក់ ឈ្មោះ Bernard Gonzalez ត្រូវបានគេរាយការណ៍ថា បានធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីលោកទទួលបានលទ្ធផលតេស្តដែលបញ្ជាក់ថា លោកវិជ្ជមានវីរុសកូវីដ-19។
    ប្រធានក្លិប Reims បានបញ្ជាក់ថា លោកទទួលបានលិខិតបញ្ជាក់សុខភាពថា Gonzalez បានឆ្លងមេរោគ Covid-19 ហើយប្រពន្ធរបស់លោកក៏បានឆ្លងដូចគ្នាដែរ។ ក្រោយពីទទួលដំណឹងនេះហើយ គ្រូពេទ្យប្រចាំក្លិបនេះត្រូវបានគេអនុញ្ញាតឱ្យសម្រាកព្យាបាលជំងឺ ប៉ុន្តែមិនបានប៉ុន្មានផង ក៏ស្រាប់តែមានដំណឹងថា លោកបានស្លាប់ទៅហើយ ដោយការធ្វើអត្តឃាតខ្លួនឯង។

    គួរបញ្ជាក់ដែរថា លោក Bernard Gonzalez មានតួនាទីជាគ្រូពេទ្យរបស់ក្រុមបាល់ទាត់ Stade de Reims ក្នុងលីកកំពូលបារាំង និងធ្លាប់ជាកីឡាកររបស់ក្លិបនេះផងដែរ កាលពីជាង 30ឆ្នាំមុន៕

  • ថ្ងៃនេះក្រសួងប្រកាសថា រកឃើញវិជ្ជមានកូវីដ19 មួយករណីបន្ថែម និងជាសះស្បើយចំនួន 4នាក់

    ថ្ងៃនេះក្រសួងប្រកាសថា រកឃើញវិជ្ជមានកូវីដ19 មួយករណីបន្ថែម និងជាសះស្បើយចំនួន 4នាក់

    ថ្ងៃនេះក្រសួងប្រកាសថា បានរកឃើញករណីឆ្លងថ្មីម្នាក់ទៀតដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបដល់ 119នាក់ និងអ្នកជាសះស្បើយថ្មីចំនួន4 នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់72នាក់។

  • មហាសេដ្ឋី​10​រូប​ដែលមាន​វ័យ​នៅ​ក្មេង​បំផុត​ក្នុង​ពិភពលោក

    មហាសេដ្ឋី​10​រូប​ដែលមាន​វ័យ​នៅ​ក្មេង​បំផុត​ក្នុង​ពិភពលោក

    នៅ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដី​អំពី​មហាសេដ្ឋី​ដែល​ទស្សនាវដ្ដី​ Forbes របស់​សហរដ្ឋ​អាមេរិក​ទើប​តែ​បាន​ចេញ​ផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ បាន​ឱ្យ​ដឹង​ថា​ មហាសេដ្ឋី​វ័យ​ក្មេង​ចំនួន​10​រូប​ដែល​មាន​អាយុ​ចាប់​ពី​30​ឆ្នាំ​ចុះ​​ក្រោម​​ កាន់​កាប់​ទ្រព្យ​សម្បត្តិ​សរុប​ 16​ពាន់​លាន​ដុល្លារ​អាមេរិក​។

    1.Kylie Jenner

    -វ័យ៖ 22ឆ្នាំ
    -ទ្រព្យ​សរុប​៖ 1​ពាន់​លាន​ដុល្លារ​អាមេរិក
    -ប្រភព​ចំណូល៖ គ្រឿង​សម្អាង
    -Kylie Jenner គឺជា​មហាសេដ្ឋិនី​ដែល​មាន​វ័យ​នៅ​ក្មេង​បំផុត​ក្នុង​ពិភពលោក​។ កាល​ពី​ខែ​វិច្ឆិកា​2019 នាង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លក់​ភាគ​ហ៊ុន​51​%​ របស់ក្រុម​ហ៊ុន​ Kylie Cosmetics ដែល​ខ្លួន​បាន​បង្កើត​ ទៅ​ឱ្យ​ក្រុម​ហ៊ុន Coty ក្នុង​តម្លៃ​600​លាន​ដុល្លារ​អាមេរិក​។

    2.Alexandra Andresen

    -វ័យ​៖ 23ឆ្នាំ
    -ទ្រព្យ​សរុប​៖៖ 1.1 ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល៖ ក្រុម​ហ៊ុន​វិនិយោគ
    -នាង​ និង​បងស្រី​ Katharina របស់​នាង​ទទួល​បាន​មរតក​​ជា​ភាគ​ហ៊ុន​ចំនួន​84​%​ របស់​ Ferd ដែលជា​ក្រុមហ៊ុន​វិនិយោគ​​របស់​ឪពុក​ (លោក​ Johan Andresen) របស់ពួកនាង​។

    3.Katharina Andresen

    -វ័យ​៖ 24​ឆ្នាំ​
    -ទ្រព្យ​សរុប​៖ 1.1ពាន់​លាន​ដុល្លារ
    -ប្រភព​ចំណូល៖ ក្រុម​ហ៊ុន​វិនិយោគ
    -នាង​ Katharina Andresen កើត​ឆ្នាំ​1995 និង​ជា​បងស្រី​បង្កើត​របស់​នាង​ Alexandra Andresen។

    4.លោក Gustav Magnar Witzoe

    -វ័យ៖ 26ឆ្នាំ
    -ទ្រព្យ​សរុប​៖ 2.6​ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​៖ វារីវប្បកម្ម(ចិញ្ចឹមសត្វ និងដាំ​ដុះ​​រុក្ខ​ជាតិ​​នៅ​ក្នុង​/លើ​ទឹក)
    -លោក Gustav Magnar Witzoe កាន់​កាប់​ជិត​ពាក់​កណ្ដាល​នៃ​ Salmar ដែល​ជា​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​ត្រី​សាល្មុង​(Salmon)​ធំបំផុតមួយ​នៅ​​ក្នុង​ពិភពលោក​។ បច្ចុប្បន្ន គាត់​គឺជា​តារាបង្ហាញ​ម៉ូដ អ្នក​វិនិយោគ​វិស័យ​​បច្ចេកវិទ្យា​ និង​អចលន​ទ្រព្យ​។

    5.នាង​ Elisabeth Furtwaengler

    -វ័យ៖ 28​ឆ្នាំ
    -ទ្រព្យ​សរុប​៖ 1.2ពាន់​លាន​ដុល្លារ
    -ប្រភពចំណូល​៖ ផលិតកម្ម
    -នាង​ Furtwaenger និង​បងប្អូន​ Jacob​ របស់​នាង​ បាន​ទទួល​ភាគ​ហ៊ុន​ពី​ឪពុក​របស់​ពួក​គេ​ ម្នាក់​ៗចំនួន​37​% នៃ​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​អាល្លឺម៉ង់​ Hubert Burda Media។

    6.Jonathan Kwok

    -វ័យ៖ 28ឆ្នាំ
    -ទ្រព្យ​សរុប​៖ 2​ពាន់​លាន​ដុល្លារ
    -ប្រភព​ចំណូល​៖ អចលន​ទ្រព្យ​
    -ឆ្នាំ​2018​ Kwok និង​បង​ប្រុស​ Geoffrey ទទួល​បាន​ភាគ​ហ៊ុន​ពី​ឪពុក (ឈ្មោះ Walter Kwok ​ដែល​បាន​ស្លាប់​ទៅ)​ នៅ​ក្នុង​ក្រុម​ហ៊ុន​ Sun Hung Kai Properties (SHKP) ដែលជា​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ធំ​បំផុត​នៅ​ទីក្រុង​ហុង​កុង​។ ​

    7.John Collison

    -វ័យ៖ 29​ឆ្នាំ
    -ទ្រព្យ​សរុប​៖ 3,2​ពាន់​លាន​ដុល្លារ​
    -ប្រភពចំណូល​៖ ក្រុម​ហ៊ុន​ទូទាត់​ប្រាក់​ Stripe

    8.Evan Spiegel

    -វ័យ៖ 29​ឆ្នាំ
    -ទ្រព្យ​សរុប៖ 1.9​ពាន់​លាន​ដុល្លារ
    -ប្រភព​ចំណូល​៖ បណ្ដាញ​សង្គម​ Snapchat

    9.Pedro De Godoy Bueno

    -វ័យ​៖ 29​ឆ្នាំ
    -ទ្រព្យ​សរុប​៖ 1.1​ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល៖ សេវា​រោគ​វិនិច្ឆ័យ និង​មន្ទីរ​ពិសោធន៍ Diagnósticos da América

    10. Lisa Draexlmaier

    -វ័យ៖ 29​ឆ្នាំ
    -ទ្រព្យ​សរុប​៖ 1​ពាន់​លាន​ដុល្លារ​
    -ប្រភពចំណូល៖ គ្រឿង​បន្លាស់​រថយន្ត​
    -Lisa (រូប​ទី​2​ ពី​ឆ្វេង​មក​ស្ដាំ) និង​ឪពុក​របស់​នាង​ គឺ​លោក Fritz Draexlmaier (រូប​ខាង​ស្ដាំ​បង្អស់) គឺជា​សហ​នាយក​ប្រតិ​បត្តិ​របស់​ក្រុ​ម​ហ៊ុន​អាល្លឺម៉ង់ Fritz Draexlmaier Holdings៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស