Category: សង្គម និងសេដ្ឋកិច្ច

  • ចាប់ពីពេលនេះទៅសិស្សអាចសិក្សាពីចម្ងាយតាមរយៈទូរទស្សន៍នៅគ្រប់កន្លែងក្នុងប្រទេសកម្ពុជា

    ចាប់ពីពេលនេះទៅសិស្សអាចសិក្សាពីចម្ងាយតាមរយៈទូរទស្សន៍នៅគ្រប់កន្លែងក្នុងប្រទេសកម្ពុជា

    ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងក្រសួងព័ត៌មាន​ផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» ដើម្បី​អនុញ្ញាតឱ្យសិស្សានុសិស្សនៅទូទាំងប្រទេសអាចសិក្សាបាននៅគ្រប់ទីកន្លែង។

    កម្មវិធីសិក្សាដែលក្រសួងទាំងពីរបានផលិតឡើងគឺមានចាប់ពីថ្នាក់កុមារតូចរហូតដល់ថ្នាក់ទី12 ដោយចាប់ផ្តើមចាក់ផ្សាយ 24ម៉ោង ក្នុងមួយថ្ងៃ និង​ជារៀងរាល់ថ្ងៃ ដែលម៉ោងផ្សាយគឺចាប់ផ្តើមពីម៉ោង 8:00នាទីព្រឹកទៅ ដល់ម៉ោង 24:00នាទីយប់ និងចាក់ផ្សាយឡើងវិញចាប់ពីម៉ោង 24:00នាទីយប់ រហូតដល់ម៉ោង 8:00នាទីព្រឹកតាមកាលវិភាគនានា។ សម្រាប់សិស្សានុសិស្សថ្នាក់ទី9 និងថ្នាក់ទី12 ដែលជាឆ្នាំប្រឡងអាចទស្សនាវីដេអូនៃការបង្រៀនបានរយៈពេល 3ម៉ោងក្នុងមួយថ្ងៃ។

    សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ដែលសិស្សានុសិស្សអាចទស្សនាបានមានដូចជា៖

    • ទូរទស្សន៍ជាតិកម្ពុជាទី2 ទទក២ ឬ TVK2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបតែបង្កើតថ្មីសម្រាប់បម្រើដល់ការចាក់ផ្សាយស្តីពីការអប់រំ
    • ទូរទស្សន៍ផ្កាយរណបតេជោឌីធីវី Decho DTV ប៉ុស្តិ៍លេខ22
    • ទូរទស្សន៍ខ្សែកាបនៅទូទាំង25រាជធានីខេត្តដែលមានចំនួន 55ប៉ុស្តិ៍ថ្មី ដែលផ្សាយបន្តពីទូរទស្សន៍ជាតិកម្ពុជា ទទក២ ឬ TVK2៕
  • មិត្តរួមក្រុម Ronaldo 2រូប ជាសះស្បើយពី Covid-19 ហើយ

    មិត្តរួមក្រុម Ronaldo 2រូប ជាសះស្បើយពី Covid-19 ហើយ

    កីឡាករ 2រូប របស់ក្លិប Juventus នៃក្របខ័ណ្ឌលីកកំពូលអ៊ីតាលី Italy Seria A បានជាសះស្បើយពីជំងឺកូវីដ-19 ហើយ នេះបើតាមការចុះផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបបាល់ទាត់មួយនេះ។

    ការប្រកាសនេះ គឺធ្វើឡើងក្រោយពីកីឡាករ Daniele Rugani បានជាសះស្បើយពីជំងឺកូវីដ-19 នេះ កាលពីម្សិលមិញ។ ខណៈកីឡាករម្នាក់ទៀតគឺ Blaise Matuidi ក៏បានជាសះស្បើយប្រមាណជា 1សប្តាហ៍មកហើយដែរ។

    គួររំឭកដែរថា បន្ទាប់ពីប្រកាសជាសះស្បើយបែបនេះហើយ កីឡាករទាំង 2រូបនេះ នឹងមិនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នៅក្នុងផ្ទះរបស់ពួកគេទៀតឡើយ៕

  • មកស្គាល់កីឡាករ ដែលធ្លាក់តម្លៃខ្លួនខ្លាំងជាងគេបង្អស់ ដោយសារ Covid-19

    មកស្គាល់កីឡាករ ដែលធ្លាក់តម្លៃខ្លួនខ្លាំងជាងគេបង្អស់ ដោយសារ Covid-19

    ទីផ្សារដោះដូរកីឡាករនៅតែដំណើរការដូចធម្មតា បើទោះបីជាមានការរាតត្បាតនៃមេរោគកូវីដ-19 ដែលតម្រូវឱ្យផ្អាកការប្រកួតនានាស្ទើរតែជុំវិញពិភពលោកក៏ដោយ។

    ក្នុងនោះដែរ ដោយសារតែវិបត្តិហិរញ្ញវត្ថុរបស់ក្លិបនានា បានធ្វើឱ្យក្លិបទាំងនោះមិនមានលុយច្រើនគ្រប់គ្រាន់ក្នុងការទិញដូរកីឡាករ ដូច្នេះធ្វើឱ្យតម្លៃខ្លួនរបស់កីឡាករនីមួយៗ បានធ្លាក់ទៅតាមទីផ្សារនោះដែរ។

    ក្នុងនោះ បើតាមការចេញផ្សាយរបស់ BBC បានបង្ហាញថា កីឡាករ Raheem Sterling ដែលលេងនៅក្របខ័ណ្ឌលីកកំពូលអង់គ្លេស (English Premier League) គឺជាកីឡាករដែលធ្លាក់តម្លៃខ្លួនខ្លាំងជាងគេបង្អស់នៅលើពិភពលោក ដែលបច្ចុប្បន្នតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធស្លាបរូបនេះ នៅសល់ត្រឹមតែ 86លានផោនប៉ុណ្ណោះ ខណៈដែលមុននេះរូបគេមានតម្លៃខ្លួនដល់ទៅ 115លានផោនឯណោះ ពោលគឺ បានធ្លាក់អស់ 19លានផោន៕

  • ប្រយ័ត្ន! ចាញ់​បោក​ Hackers ដាក់​មេរោគ​ចូល​ក្នុង​ Email ពាក់ព័ន្ធ​នឹង កូវីដ-19

    ប្រយ័ត្ន! ចាញ់​បោក​ Hackers ដាក់​មេរោគ​ចូល​ក្នុង​ Email ពាក់ព័ន្ធ​នឹង កូវីដ-19

    ​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​បញ្ចេញ​របាយការណ៍​មួយថា រក​ឃើញ​មេរោគ​ចូល​ក្នុង​ Email ច្រើន​ជាង 18លាន ជា​​រៀងរាល់​ថ្ងៃ​ពាក់ព័ន្ធ​នឹង​ព័ត៌មានកូវីដ-19​។

    តួលេខនេះ ត្រឹម​តែ 1សប្ដាហ៍​ចុងក្រោយ​នេះ​ប៉ុណ្ណោះ នៅពេលដែល​ក្រុម​ Hackers មាន​បំណង​​វាយ​ប្រហារ​មក​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ។

    ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ Google ក៏​បាន​ដឹង​មុនដែរ និងបានបន្ថែម​​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​ខ្ពស់​ និង​បាន​ប្រាប់​ឱ្យ​អ្នក​ប្រើប្រាស់ បង្កើន​ការ​ប្រុងប្រយ័ត្ន​ មុន​នឹង​ចុច​លើ link ណាមួយ សូម​មើល​ឱ្យ​បាន​ជាក់ ចៀស​វាង​ការ​ខាតបង់ណាមួយ។

    រំឭក​ផង​ដែរថា មិនមែនត្រឹម​តែ Google ប៉ុណ្ណោះទេ តែនៅ​មានក្រុមហ៊ុន​ធំៗ​ជាច្រើនទៀត ហើយក្នុងនោះក៏មានអង្គការ WHO មួយដែរ ដែលបានរងគ្រោះនៅក្នុងអំឡុងពេលវិបត្តិ កូវីដ-19 នេះ៕

  • នៅក្នុង​ពិភពលោក​ទាំង​មូល តើ​មាន​ប៉ុន្មាន​ប្រទេស​ឱ្យ​ប្រាកដ?

    នៅក្នុង​ពិភពលោក​ទាំង​មូល តើ​មាន​ប៉ុន្មាន​ប្រទេស​ឱ្យ​ប្រាកដ?

    យោង​តាម​មាត្រា​ទី​1នៃ​អនុសញ្ញា​ Montevideo ស្ដី​អំពី​សិទ្ធិ​ និង​​កាតព្វ​កិច្ច​​របស់​បណ្ដា​ប្រទេស​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង Montevideo ប្រទេស​អ៊ុយរូហ្គាយ​កាល​ពី​ថ្ងៃទី​26​ធ្នូ ឆ្នាំ​1933 បាន​បញ្ជាក់​ថា ប្រទេស​មួយ​​ គឺជា​ប្រធាន​បទ​មួយ​របស់​ច្បាប់​អន្តរ​ជាតិ​(ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យ​ភាព​ទាំង​ស្រុង​) ត្រូវ​តែ​មាន​មាន​ស្ដង់ដា​ដូច​តទៅ​៖ ចំនួន​ប្រជា​ជន​មាន​ស្ថេរ​ភាព​ ដែន​ដី​មាន​ទី​តាំង​កំណត់​ជាក់​លាក់ មាន​រដ្ឋាភិបាល​ និង​មាន​លទ្ធ​ភាព​ក្នុង​ការ​ចូល​រួម​ទំនាក់​ទំនង​អន្តរ​ជាតិ​។

    ជា​ការ​ពិត មាន​ប្រទេស​មួយ​ចំនួន​បាន​ចាត់​ទុក​ខ្លួន​ឯង​ថា​មាន​ឯករាជ្យ​ ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អន្តរ​ជាតិ​ ឬ​ក៏​មាន​​ការ​ទទួល​ស្គាល់​​ទូលំទូលាយ​ ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​សិទ្ធិអំណាច​​គ្រប់​គ្រាន់​។

    ប្រទេស​ឯក​រាជ្យ​នីមួយ​ៗ​ ត្រូវ​តែ​មាន​៖

    1. ដែន​ដី​ដោយ​ឡែក​ ដែល​មាន​ព្រំ​ដែន​​ច្បាស់​លាស់
    2. ប្រជា​ជន​រស់​នៅ​អចិន្ត្រៃយ៍
    3. រដ្ឋាភិបាល​ និង​ស្ថាប័ន​ច្បាប់​ផ្សេង​ៗ
    4. អធិបតេយ្យ​ភាព​(ដំណើរ​ការ​ដោយ​ឯករាជ្យ​ពី​ប្រទេស​ផ្សេង​ និង​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ដាច់​ខាត​នៅ​លើ​ដែន​ដី​របស់​ខ្លួន គ្រប់​គ្រង​និង​ការ​ពារ​វា​ពី​ការ​ឈ្លាន​ពានពី​ខាង​ក្រៅ​ អនុវត្ត​ច្បាប់​និង​ប្រមូល​ពន្ធ)
    5. លទ្ធ​ភាព​នៃ​ការ​រក្សា​ទំនាក់​ទំនង​ជា​មួយ​ភាគី​ខាង​ក្រៅ​(តាម​ជាក់​ស្ដែង ទំនាក់​ទំនង​ការ​ទូត​ផ្លូវ​ការ​ អាច​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​ប្រទេស​មួយ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​បណ្ដា​ប្រទេស​ជា​ដៃ​គូ)។

    ​អ្វី​ខ្លះ​ជា​ការ​ចាំបាច់​ជា​ដាច់​ខាត​សម្រាប់​ប្រទេស​នីមួយ​ៗ?

    អ្វី​ៗ​ដែល​ត្រូវ​ការ​ចាំបាច់​ជា​ដាច់​ខាត​សម្រាប់​ប្រទេស​នីមួយ​ៗ​នោះ​គឹ ទង់​ជាតិ​ ភ្លេងជាតិ​ និមិត្ត​សញ្ញា​ជាតិ​ រដ្ឋធានី​/រាជធានី អត្តសញ្ញាណប័ណ្ណ​របស់​ពលរដ្ឋ ភាសា​ រូបិយប័ណ្ណ​ លេខកូដISOជាតិ(ISO Country Codes) លេខ​កូដ​ទូរស័ព្ទ​អន្តរ​ជាតិ និង​ឈ្មោះ​ប្រទេស​។​

    ក៏ប៉ុន្តែ បើ​សិន​បើ​គេ​​បូក​រួម​ទាំង​បណ្ដា​ប្រទេស​ដូច​ខាង​ក្រោម​នេះ នោះ​ពិភពលោក​ទាំង​មូល​បច្ចុប្បន្ន មាន​ប្រទេស​សរុបដល់​ទៅ​​204​ប្រទេស​។ ក្នុង​នោះ​រួម​មាន​៖

    • 193​ប្រទេស​ដែលត្រូ​វ​បាន​ទទួល​ស្គាល់​ជា​សមាជិក​ផ្លូវការ​របស់​អង្គ​ការ​សហប្រជា​ជាតិ​។
    • 2​ប្រទេស​គឺជា​អ្នក​សង្កេត​ការណ៍​នៅ​អង្គការ​សហប្រជាជាតិ​ ៖ ទីក្រុង​វ៉ាទីកង់(Vatican) និង​ប៉ាលេស្ទីន​(Palestine)។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ដែន​ដីទាំង​នេះ​មិន​មែនជា​ប្រទេស​ពេញ​សិទ្ធិ​ គឺ​ព្រោះ​តែ​​ប្រទេស​ជា​ច្រើន​មិន​ទទួល​ស្គាល់​ថា​ជា​ប្រទេស​។
    • 2ប្រទេស​ដែលត្រូវ​បាន​ប្រទេស​ជា​ច្រើន​ទទួល​ស្គាល់​ និង​មាន​ឯក​រាជ្យ​ជាក់​ស្ដែង​នោះ​គឺ​កោះតៃវ៉ាន់ (មាន​19​ប្រទេស​ជា​សមាជិក​អង្គ​ការ​សហប្រជាជាតិ​ និង​ទីក្រុង​វ៉ាទីកង់​រក្សា​ទំនាក់​ទំនងជា​មួយ ជា​​ផ្លូវ​ការ​) និង​ដែន​ដី​ កូសូវ៉ូ/Kosovo (111​ប្រទេស​ជា​សមាជិក​អង្គ​ការ​សហប្រជា​ជាតិ​ 23​ប្រទេស​ក្នុង​ចំណោម​28​ប្រទេស​នៃ​សហភាព​​​អឺរ៉ុប​ 24​ក្នុង​ចំណោម​28​នៃ​សមាជិក​ណាតូ/NATO 35ក្នុង​ចំណោម​61​នៃ​សមាជិក​អង្គការសហប្រតិបត្តិការឥស្លាម​ទទួល​ស្គាល់​)។
    • 1ប្រទេស​ដែល​ទទួល​ស្គាល់​ដោយ​ប្រទេស​ជា​ច្រើន​ ប៉ុន្តែ​មិន​មាន​ឯករាជ្យ​នៅ​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​ នោះ​គឺ​ដែនដី សាហារ៉ា​ខាង​លិច/Western Sahara​ (សហភាពអាហ្វ្រិក និង​​ប្រទេស​យ៉ាង​តិច​ចំនួន​41​ផ្សេង​ទៀត​ យល់​ថា​នេះ​ជា​ដែន​ដី​ដែល​មាន​អាធិបតេយ្យ​ ប៉ុន្តែ​កំពុង​​ត្រូវ​បាន​ភាគី​ផ្សេង​កាន់​កាប់​)។
    • 6​ប្រទេស​ដែល​បាន​ប្រកាស​ឯក​រាជ្យ ប៉ុន្តែ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ នោះ​គឺ​ដែនដី អាបាខាហ្សី/Abkhazia (មាន​តែប្រទេស​​រុស្ស៊ី នីការ៉ាហ្គ័/Nicaragua វេណេហ្ស៊ុយអេឡា/Venezuela ណូរូ/Nauru ទូវ៉ាលូ/Tuvalu​ និង​ប្រទេស​ វ៉ានូអាទូ/Vanuatu តែ​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ស្គាល់​)។ ប្រទេសសាយព្រឺសខាងជើង/Northern Cyprus(ទួរគី​ជា​អ្នក​ទទួលស្គាល់)។ ប្រទេស​អូសេទីខាងត្បូង/South Ossetia(ប្រទេស​រុស្ស៊ី នីការ៉ាហ្គ័​/Nicaragua វេណេហ្ស៊ុយអេឡា/Venezuela និង​ប្រទេស​ណូរូ/Nauru ជា​អ្នក​ទទួល​ស្គាល់)។ ចំណែក​​​ប្រទេស​សូម៉ាលីឡែនដ៍/Somaliland ប្រទេស​​ត្រែនស្នីសទ្រា/Transnistria និង​ប្រទេស​ណេហ្គ័ណូ-ការ៉ាបាក/Nagorno – Karabakh ​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ទទួល​ស្គាល់​នៅ​ឡើយ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Real Madrid បញ្ចេញគោលការណ៍កាត់ប្រាក់ឈ្នួលកីឡាករដូចក្លិបផ្សេងៗ

    Real Madrid បញ្ចេញគោលការណ៍កាត់ប្រាក់ឈ្នួលកីឡាករដូចក្លិបផ្សេងៗ

    កាលពីថ្ងៃទី16 ខែមេសា ម្សិលមិញនេះ ក្លិបបាល់ទាត់ Real Madrid បានប្រកាសថា ខ្លួននឹងកាត់ប្រាក់ខែបុគ្គលិក និងកីឡាករទាំងអស់របស់ក្លិបចំនួនពី10 ទៅ 20ភាគរយ ដោយសារតែវិបត្តិកូវីដ-19។

    ការកាត់បន្ថយនេះ ត្រូវបានក្លិបបញ្ជាក់ថា ធ្វើឡើងទៅតាមការព្រមព្រៀងគ្នារវាងភាគីកីឡាករ ឬបុគ្គលិក នឹងក្លិប ដើម្បីបន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់ក្លិប ហើយចំពោះកីឡាករដែលមានថ្លៃឈ្នួលតិច ក្លិបនឹងកាត់ត្រឹមតែ 10%ប៉ុណ្ណោះ និង 20% គឺចំពោះតែកីឡាករដែលមានថ្លៃឈ្នួលខ្ពស់ តែ2 ទៅ 3នាក់តែប៉ុណ្ណោះ៕

    គួរបញ្ជាក់ដែរថា កាលពីប្រមាណជា 2សប្តាហ៍មុន ក្លិបបាល់ទាត់អ្នកមាន របស់អេស្ប៉ាញ Real Madrid ទើបតែប្រកាសថា ក្លិបមានលទ្ធភាពគ្រប់គ្រាន់ពេញលេញក្នុងការបើកប្រាក់ឈ្នួលកីឡាករឱ្យបានគ្រប់ចំនួន ទោះបីជាមានវិបត្តិកូវីដ-19 ក៏ដោយ៕

  • ក្លិបមួយនៅ Bundesliga បែកគំនិតធ្វើរឿងមួយ ក្រោយមិនឱ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួត

    ក្លិបមួយនៅ Bundesliga បែកគំនិតធ្វើរឿងមួយ ក្រោយមិនឱ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួត

    ក្របខ័ណ្ឌលីកកំពូលអាល្លីម៉ង់ Bundesliga បានប្រកាសអំពីការចាប់ផ្តើមប្រកួតបាល់ទាត់វិញហើយ កាលពីម្សិលមិញនេះ ក្នុងលក្ខខណ្ឌមិនមានទស្សនិកជនចូលរួមទស្សនាការប្រកួតឡើយ ដោយសារតែស្ថានភាពកូវីដ-19 នៅក្នុងប្រទេសមួយនេះ បានថមថយកម្លាំងបន្តិច ក្រោយពេលវាយលុកយ៉ាងខ្លាំងអស់រយៈពេលជិត 2ខែកន្លងមក។

    ក្នុងនោះដែរក្លិប Borussia Monchengladbach ដែលកំពុងតែឈរលើលំដាប់លេខ4 បណ្តោះអាសន្នប្រចាំលីកមួយនេះ បានរកឃើញគំនិតថ្មីមួយដែលធ្វើឱ្យការប្រកួតមានលក្ខណៈដូចធម្មតា និងមានអ្នកគាំទ្រនៅកីឡដ្ឋាន។

    គំនិតនោះគឺជាការព្រីនរូបភាពអ្នកគាំទ្រពិតប្រាកដរបស់ក្លិបបាល់ទាត់មួយនេះ មកដាក់នៅលើកៅអីអង្គុយនៅក្នុងកីឡដ្ឋានរបស់ខ្លួន ដែលមើលទៅហាក់ដូចជាមានហ្វ៊ែនពិតៗ មកអង្គុយទស្សនាការប្រកួតមែនទែនអ៊ីចឹង៕

  • បុគ្គល 5នាក់ ដែលយើងគួរទូរស័ព្ទទំនាក់ទំនងឱ្យបានជាប់លាប់ ក្នុងអំឡុងវិបត្តិកូវីដ-19

    បុគ្គល 5នាក់ ដែលយើងគួរទូរស័ព្ទទំនាក់ទំនងឱ្យបានជាប់លាប់ ក្នុងអំឡុងវិបត្តិកូវីដ-19

    “Social distancing” ជាពាក្យមួយដែលសក្តិសមបំផុត ក្នុងអំឡុងស្ថានការណ៍បែបនេះ នោះគឺការដែលយើងត្រូវនៅឱ្យឆ្ងាយៗពីគ្នាយ៉ាងតិច 1-2ម៉ែត្រ ដើម្បីការពារការឆ្លងមេរោគកូវីដ-19 ដែលធ្វើឱ្យមនុស្សជាច្រើនត្រូវធ្វើការនៅផ្ទះ។ សម្រាប់អ្នកណាដែលនៅជាមួយក្រុមគ្រួសារ ក៏អាចនឹងមិនសូវជាអផ្សុកប៉ុន្មានទេ តែសម្រាប់អ្នកណាដែលនៅតែម្នាក់ឯង ប្រហែលជាមានអារម្មណ៍អផ្សុកមិនស្ទើរឡើយ តែចូរកុំភ្លេចឱ្យសោះថា ទោះជាយ៉ាងណា យើងគួរតែទូរស័ព្ទ ឬVDO Call ទៅបុគ្គលទាំងឡាយ ដូចខាងក្រោមនេះ ដែលទោះជាមិនបានជួបមុខគ្នាមែន តែការបាននិយាយជជែកគ្នា ការបានឃើញមុខគ្នា ប្រហែលជាអាចជួយកាត់បន្ថយក្ដីអផ្សុកបានខ្លះៗដែរ…។

    មនុស្សក្នុងក្រុមគ្រួសារ

    ប្រាកដណាស់ ក្នុងអំឡុងហេតុការណ៍វិបត្តិកូវីដ-19 នេះ ប្រហែលជាមានមនុស្សជាច្រើនត្រូវស្ថិតនៅឆ្ងាយពីផ្ទះ ឬមិនបានត្រឡប់មកផ្ទះវិញ ដូច្នេះការទូរស័ព្ទទៅមនុស្សនៅក្នុងក្រុមគ្រួសារ ដើម្បីជជែកគ្នា អាប់ឌែតស្ថានការណ៍ គឺជារឿងមួយដែលយើងគួរធ្វើជាទៅបំផុត ព្រោះក្រៅពីយើងបានអាប់ឌែតដំណឹងព័ត៌មានអំពីគ្នាហើយ វាថែមទាំងជាការរឹតចំណងសម្ព័ន្ធភាពរវាងឪពុកម្ដាយបងប្អូនឱ្យកាន់តែល្អឡើងទៀតផង។

    ចៅហ្វាយនាយ ឬមេក្រុមការងារ

    បុគ្គលមួយទៀតដែលយើងមិនគួរខ្វះការទំនាក់ទំនងនោះគឺ ចៅហ្វាយនាយរបស់យើងហ្នឹងឯង ព្រោះការធ្វើការ​ងារ​បែប Work from home អាចធ្វើឱ្យការធ្វើការងារមានភាពខ្វះចន្លោះបាន ព្រោះយើងមិនបានជជែកពិភាក្សាទល់មុខគ្នា ដូច្នេះការដែលយើងបានជជែកនិយាយជាមួយចៅហ្វាយនាយជាប់ជានិច្ចនោះ គឺដើម្បីអាប់​ឌែត​អំពីការងារឱ្យវាដំណើរការឆ្ពោះទៅរកទិសដៅតែមួយដូចគ្នា និងពេលកើតមានបញ្ហាអ្វីមួយឡើង យើងអាចកែខៃស្ថានការណ៍បានទាន់ពេលវេលា។

    មិត្តរួមការងារ

    សម្រាប់មនុស្ស 1ក្រុមទៀតដែលសំខាន់មិនចាញ់គ្នាប៉ុន្មានដែរនោះ គឺមិត្តរួមការងារហ្នឹងឯង…រឹតតែអ្នកណាដែល​ត្រូវធ្វើការងារជាក្រុមផងនោះ ការបានជជែកពិភាក្សាគ្នាឱ្យបានយល់ពីសេចក្ដីលម្អិតរបស់ការងារ ការ​បែង​ចែកតួនាទីឱ្យច្បាស់លាស់ថា អ្នកណាធ្វើអី មានតួនាទីទទួលខុសត្រូវអ្វីខ្លះ ហើយត្រូវបញ្ជូនការងារទៅឱ្យនរណានោះ គឺជារឿងសំខាន់បំផុត…។

    គូស្នេហ៍ ឬមនុស្សសំខាន់

    ផ្ដល់ភាពសំខាន់ជាមួយមនុស្សគ្រប់គ្នាហើយ នៅមានមនុស្សម្នាក់ទៀតដែលយើងមិនអាចខ្វះបានឡើយ នោះ​គឺ​គូស្នេហ៍ ឬមនុស្សដែលយើងផ្ដល់ភាពសំខាន់ឱ្យគេហ្នឹងឯង ព្រោះស្ថិតក្នុងពេលវេលាបែបនេះ មានគូសង្សារជាច្រើន ត្រូវរស់នៅឆ្ងាយពីគ្នា ហើយប្រាកដណាស់ ច្បាស់ជាកើតការនឹករឭកគ្នាទៅវិញទៅមកជារឿងធម្មតា។ ដូច្នេះ រឿងដែលអាចធ្វើបាននៅពេលនេះ គឺការនិយាយគ្នាតាមរយៈប្រព័ន្ធបណ្ដាញសង្គម ផ្ដល់កម្លាំងចិត្តគ្នា ស្ដាប់ពីបញ្ហារបស់គ្នាទៅវិញទៅមក និងដែលសំខាន់បំផុត បើមិនចាំបាច់ទេ ក្នុងអំឡុងពេលនេះ ចូរកុំឈ្លោះគ្នា​ឱ្យ​សោះ​…​អ្នកគ្រូ ឆវី សូមណែនាំថា គួរនិយាយដោយហេតុផល យល់ចិត្តគ្នា និងទទួលស្ដាប់គ្នាទៅវិញទៅមក ព្រោះវាជារឿងដែលសំខាន់បំផុតសម្រាប់គូស្នេហ៍ទាំងឡាយក្នុងអំឡុងពេលនេះ។

    អ្នកជំនាញការក្នុងផ្នែកផ្សេងៗ

    មិនអាចបដិសេធបានទេថា ក្នុងអំឡុងស្ថានការណ៍បែបនេះ វាប្រហែលជាធ្វើឱ្យមនុស្សជាច្រើន ត្រូវជួបនឹងបញ្ហាផ្សេងៗ បើមិនច្រើន ក៏តិចដែរ ទាំងរឿងការងារ រឿងលុយកាក់ រឿងការរស់នៅ រួមទាំងរឿងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តផងដែរ ដូច្នេះ ការដែលយើងបានជជែកនិយាយជាមួយនរណាម្នាក់ដែលជាអ្នកជំនាញការក្នុងផ្នែកនោះដោយផ្ទាល់ នឹងធ្វើឱ្យយើងបានរកឃើញចម្លើយ ឬដំណោះស្រាយដែលច្បាស់លាស់ខ្លាំងឡើង និង​ជួយ​ឱ្យយើងអាចសម្រេចចិត្តចំពោះរឿងអ្វីមួយបានកាន់ងាយស្រួលឡើងទៀតផង។

    កុំភ្លេចណា៎ ស្ថានការណ៍តឹងតែងដែលកើតឡើងនេះ បន្តិចទៀត វានឹងកន្លងផុតទៅដោយសុវត្ថិភាពមិនខាន ដូច្នេះ​អ្វីដែលសំខាន់នៅពេលនេះ គឺការផ្ដល់ភាពសំខាន់ និងកម្លាំងចិត្តចំពោះមនុស្សសំខាន់របស់យើង ហើយនៅទីបំផុត យើងនឹងអាចឆ្លងកាត់ឧបសគ្គនេះទៅបានទាំងអស់គ្នាយ៉ាងពិតប្រាកដ៕

    បំណងល្អពីអ្នកគ្រូ ឆវី នៃទស្សនាវដ្តី ឡារ៉ែន

  • កម្មវិធី​កំពុង​ល្បី Zoom ត្រូវ​គេ​លួច​យក​លេខ​សម្ងាត់ និង​អ៊ីមែលអ្នក​ប្រើ​ ទៅដាក់​លក់​​

    កម្មវិធី​កំពុង​ល្បី Zoom ត្រូវ​គេ​លួច​យក​លេខ​សម្ងាត់ និង​អ៊ីមែលអ្នក​ប្រើ​ ទៅដាក់​លក់​​

    Zoom បាន​ក្លាយ​ជា​កម្មវិធី​ល្បីភ្លាម​មួយ​រំពេច នៅពេល​​ផ្ទុះ​ឡើង ​ស្រប​គ្នានឹង​ការ​ផ្ទុះ​ជំងឺ​កូវីដ​-19 ដែល​តម្រូវ​ឱ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ស្ថិត​នៅ​ដោយ​ឡែក​ពី​គ្នា ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​នេះ។ ពេល​នេះ​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ឡើង​ដល់​ជាង 200លាន​នាក់ ​ដែល​មុន​ការ​ផ្ទុះ​ជំងឺ​មាន​ត្រឹម 10លាន​នាក់​ប៉ុណ្ណោះ។

    យ៉ាងណា ថ្មីៗ​នេះ​គេ​បាន​រក​ឃើញ​ថា មាន​ប្រមាណ 53ម៉ឺនaccounts​ ត្រូវ​បាន​ Hacker ​លួច​បាន​លេខ​សម្ងាត់ និង​អ៊ីមEល ហើយ​យក​ទៅ​ដាក់​លក់​នៅ​លើ​វេបសាយ​របស់​ក្រុម​ពួក Hacker ។

    (File) ទិន្នន័យ​មួយ​សំណុំ ​ដែល​មាន​ដាក់​លក់​លើ​ទីផ្សារ​​ខ្មៅ​ងងឹត​ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុមហ៊ុន​សុវត្ថិភាព​ Cyble ដោយ​ប្រើ​ប្រាស់​ព័ត៌មាន​​​ទាំង​នេះ។ អ្នក​ដទៃ​​ចូល​ទៅ​កាន់​បន្ទប់​ប្រជុំ​ផ្ទាល់​ខ្លួន​របស់​គណនី​​ណា​មួយ​ ក្នុង​កម្មវិធី​ Zoom និង​ដំណើរ​ការ​ការ​ប្រជុំ​នោះ ពួក​គេ​(ពួក Hacker )អាច​អញ្ជើញ​អ្នក​ដទៃ​ឱ្យ​ចូល​រួមបាន ដោយ​បន្លំ​ខ្លួន​ធ្វើ​ជា​ម្ចាស់​គណនី។

    Hacker អាច​ប្រើ​ប្រាស់​​ឧបករណ៍​ឈ្មោះ​ថា​ OpenBullet ដែល​អាច​យក​ឈ្មោះ​គណនី និង​លេខ​សម្ងាត់ ​ដែល​គេ​លួច​បាន ទៅ​សាក​ល្បង​ Log-In ចូល​វេបសាយ​ផ្សេង។ ពេល​នោះ​វា​អាច​បើក​ដៃ​ឱ្យ Hacker អាច​​បង្កប់​មេរោគ​តាម​រយៈ​ការ​អញ្ជើញ​​សម្រាប់​អំពើ​ទុច្ចរិត​នានា។

    ឧបករណ៍​នេះ ​គឺ​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​ឈ្មោះ​គណនី និង​លេខ​សម្ងាត់​ដូច​គ្នា​សម្រាប់​ប្រព័ន្ធ​ផ្សេងៗ​គ្នា។ មក​ទល់​ពេល​នេះ​ដែរ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន Zoom នៅ​ឡើយ​ទេ៕

  • OnePlus ប្រកាស​ចេញ​កំពូល​ស្មាតហ្វូន​ថ្មី 2ម៉ូដែល ​រាង​ក៏​ស្អាត​ កម្លាំង​ក៏​ខ្លាំង!​

    OnePlus ប្រកាស​ចេញ​កំពូល​ស្មាតហ្វូន​ថ្មី 2ម៉ូដែល ​រាង​ក៏​ស្អាត​ កម្លាំង​ក៏​ខ្លាំង!​

    ក្រុមហ៊ុន OnePlus បាន​ប្រកាស​ចេញ​នូវ​ស្មាតហ្វូន​ចំនួន 2ម៉ូដែល កាល​ពី​យប់​មិញ ​គឺ OnePlus 8 និង OnePlus 8 Pro ដែល​មាន​រូប​រាង​និង​លក្ខណសម្បត្តិ​ដូច​ខាងក្រោម​នេះ៖

    **លក្ខណសម្បត្តិ​លើ OnePlus 8**

    -មាន​បំពាក់​អេក្រង់​ទំហំ 6.5អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080p+ និង​មាន Refresh Rate 90Hz ហើយ​វា​ទ្រាំទ្រ​នូវ HDR10+ ដែល​អាច​បង្ហាញ​រូបភាព​មាន​ពណ៌​ច្បាស់​ដូច​ធម្មជាតិ ដូច​ 8 Pro ដែរ​។

    -កាមេរ៉ា​មេ​មាន​ទំហំ 48MP, កាមេរ៉ា​ Ultra-Wide មាន​ទំហំ 16MP និង​មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​ប្រភេទ Macro ទំហំ 2MP។ (លើ​ម៉ូដែល​នេះ​មិន​មាន​កាមេរ៉ា Telephoto ទេ ដោយ​​កាមេរ៉ា​មេ មាន​ទំហំ 48MP អាច​ធ្វើ​ Zoom ចូល​បាន​ 2​ដង​ តាម​រយៈ​ការ​ Crop រូបភាព។)

    -ថ្ម​មាន​ទំហំ 4300 mAh គាំទ្រ​ការ​សាក​ថ្មបែប​ Warp Charge 30T ដែល​ចំណាយ​ពេល​ត្រឹម 22នាទី សាក​បាន​ 50% តែ​ម៉ូដែល​នេះ​ គឺ​មិន​គាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​​ទេ។

    -ប្រើ​បន្ទះ​ឈីប Snapdragon 865 ដែល​ទ្រាំទ្រ​សេវា 5G

    -​ប្រើ​ RAM ប្រភេទ LPDDR4X ដែល​ដំណើរ​ការ​យឺត​ជាង OnePlus 8 Pro បន្តិច​បន្តួច។

    -តម្លៃ OnePlus 8 ​គឺ 699ដុល្លារ ជម្រើស RAM ទំហំ 8GB ជា​មួយមេម៉ូរី 128GB និង 799ដុល្លារ RAM ទំហំ 12GB ជា​មួយ​មេម៉ូរី 256GB ហើយ​វា​នឹង​ចេញ​លក់​លើ​ទីផ្សារ​ នៅ​ថ្ងៃ​ទី24 ខែ​មេសា ជា​មួយ​នឹង OnePlus 8 Pro​ ដោយនឹង​មានលក់​នៅ​សហរដ្ឋអាមេរិកមុនគេ​។

     

    **លក្ខណ​សម្បត្តិ​របស់ OnePlus 8 Pro**

    ​-មាន​បំពាក់​អេក្រង់​ Fluid AMOLED ​ដែល​មាន​ទំហំ 6.7អ៊ីញ និង​មាន​ Refresh Rate 120Hz ហើយ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត QHD+ នៅ​ល្បឿន​ 120Hz ទៀត​ផង។

    -បន្ទះ​អេក្រង់​​គឺ​ជា​ប្រភេទ 10-bit និង​ទ្រាំទ្រ​ការ​បង្ហាញ​កម្រិត HDR10+ លើ​អេក្រង់​នេះ​មាន​ចោះ​រន្ធ​តូច​មួយ​សម្រាប់​បំពាក់​កាមេរ៉ា​ Selfie ទំហំ 16MP។

    OnePlus 8 Pro មាន​បន្ថែម​មុខងារ​2 ​ដែល​នេះជា​លើក​ដំបូង​សម្រាប់​​ត្រកូល OnePlus ដែល​ទី​1 ​គឺ​សមត្ថភាព​ការពារ​ទឹក និង​ធូលី​កម្រិត IP68។ ទី​2 ​គឺ​​ការ​គាំទ្រ​ការ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ ដែល​មាន​ល្បឿនលឿន​ដល់ 30វ៉ាត់(W/h) វា​អាច​សាក​ថ្ម​​ទំហំ 4510mAh របស់​វា​បាន​ដល់ 50% ក្នុង​ពេលតែ​ 30នាទី​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ​វា​គាំទ្រ​នូវ​ Reverse Wireless Charge សម្រាប់​សាក​ថ្ម​ឱ្យ​ឧបករណ៍​ដទៃ​​បាន​ផង​ដែរ។

    -​​ការ​សាក​ថ្ម​ដោយ​ប្រើ​ខ្សែ​វិញ​ គឺ​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា​ 30W Warp Charge 30T ដែល​អាច​សាក​ពី 0 ដល់ 50% ក្នុង​ពេល​ 23នាទី។

    -កាមេរ៉ា​ខាង​ក្រោយ​មាន​ 4គ្រាប់​ ដែល​កាមេរ៉ា​មេ​ទំហំ 48MP, កាមេរ៉ា Ultra-Wide ទំហំ 48MP, កាមេរ៉ា Telephoto ទំហំ 8MP អាច​ Zoom Optical បាន 3x និង​ចុង​ក្រោយ​ជា​​កាមេរ៉ា​ Color Filter ទំហំ 5MP។ ប្រព័ន្ធ​កាមេរ៉ា​នេះ​អាច​ថត​វីដេអូ​កម្រិត 4K/60fps និង​មាន​មុខងារ​ដូច​ជា Night Mode, Portrait Mode និង Audio Zoom ជា​ដើម។

    -វាដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865, គាំទ្រ​​សេវា​ 5G ​ហើយ​​ភ្ជាប់​មក​ជា​មួយ RAM ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យប្រភេទ UFS 3.0។

    -តម្លៃ OnePlus 8 Pro គឺ 899ដុល្លារសម្រាប់ RAM 8GB និង​មេម៉ូរី 128GB។ បន្ថែមពីលើ 100ដុល្លារ​ទៀត នឹង​ទទួល​បាន RAM ទំហំ 12GB និង​​មេម៉ូរី 256GB និងមានលក់​នៅ​សហរដ្ឋអាមេរិក​មុនគេដូចគ្នា៕