Category: សង្គម និងសេដ្ឋកិច្ច

  • ចំណេះដឹងក្នុងការត្រៀមអាហារបន្ថែមសម្រាប់កូនតូច

    ចំណេះដឹងក្នុងការត្រៀមអាហារបន្ថែមសម្រាប់កូនតូច

    នៅពេលកូនតូចចូលដល់វ័យត្រូវញ៉ាំអាហារបន្ថែម លោកឪពុកអ្នកម្តាយត្រូវយកចិត្តទុកដាក់ជាពិសេសបន្តិច ថ្ងៃនេះ ឡារ៉ែនមានចំណេះដឹងល្អៗក្នុងរឿងការត្រៀមជាស្រេចរឿងអាហារបន្ថែមដែលល្អសម្រាប់កូនតូចមកជម្រាបជូនដូចតទៅ។

    ចំណេះដឹងរឿងអាហារបន្ថែម

    ដំបូងគេបង្អស់លោកឪពុកអ្នកម្តាយគួរសិក្សាពីព័ត៌មានការឱ្យអាហារបន្ថែមសម្រាប់កូន ដូចខាងក្រោម ៈ

    – អាហារប្រភេទណាស័ក្តិសមក្នុងការនាំមកបញ្ចុកធ្វើជាអាហារបន្ថែមឱ្យកូនក្នុងរយៈដំបូង និងអំឡុងខែបន្តបន្ទាប់មកទៀត នៅពេលកូនមានវិវឌ្ឍនាការល្អឡើងហើយ។

    – លក្ខណៈរបស់សាច់អាហារ ភាពទន់ ស្អិត ខាប់ រាវ ល្អិត មិនសូវម៉ត់ -ល- បែបណាទើបស័ក្តិសមជាមួយកូនតូចក្នុងអំឡុងខែនីមួយៗដែលកើនឡើង។

    – អាហារដែលមានភាពប្រថុយប្រថានក្នុងការកើតប្រតិកម្មចាញ់លើក្មេងតូចប្រភេទណាខ្លះដែលគួរចៀសវាង។

    – បរិមាណអាហារបន្ថែមដែលស័ក្តិសមជាមួយកូនក្នុងមួយពេលៗ។

    – ដំណាក់កាលក្នុងការត្រៀម ការធ្វើ ការរក្សាទុកអាហារបន្ថែមរបស់កូន រួមទាំងចំណែកផ្សំដែលគួរ និងមិនគួរនាំយកមកលាយផ្សំក្នុងអាហារបន្ថែមរបស់កូន។

    – ករណីដែលទិញអាហារបន្ថែមកញ្ចប់ ឬកំប៉ុង លោកឪពុកអ្នកម្តាយគួរសិក្សាពីវិធីការជ្រើសរើសទិញ វិធីការអានការណែនាំ ដើម្បីប្រយោជន៍ដែលល្អដល់កូនរបស់យើងខ្លួនឯង។

    ចំណេះដឹងរឿងភាពត្រៀមខ្លួនរួចហើយរបស់កូនតូច

    ក្មេងម្នាក់ៗមានវិវឌ្ឍនាការក្នុងការញ៉ាំយឺតលឿនមិនដូចគ្នាទេ បើក្នុងរយៈដំបូងៗកូននៅបដិសេធក្នុងការញ៉ាំអាហារបន្ថែមនោះ ឪពុកម្តាយក៏កុំអាលទៅកង្វល់អ្វីច្រើនពេក គ្រាន់តែធ្វើចិត្តត្រជាក់ និងខំទ្រាំបញ្ចុកតទៅទៀត ថ្ងៃនេះនៅមិនទាន់ញ៉ាំ ឬញ៉ាំត្រឹមតែ 1 – 2 ម៉ាត់ ក៏មិនអីដែរ ស្អែកនេះសឹមចាប់ផ្តើមម្តងទៀត ព្រោះអាហារជាអ្វីដែលក្មេងត្រូវការ និងចាំបាច់យ៉ាងខ្លាំងសម្រាប់គេក្នុងអំឡុងវ័យនេះគឺ ទឹកដោះ។

    ចំណេះដឹងរឿងភាពស្អាត និងមានអនាម័យ

    ជាដំណាក់កាលដែលសំខាន់បំផុតព្រោះក្នុងការបញ្ចុកឪពុកម្តាយគួរប្រយ័ត្នប្រយែងទង្វើខាងក្រោមនេះ ព្រោះអាចនាំមេរោគចូលទៅក្នុងរាងកាយកូនបាន។

    – ការផ្លុំដោយមាត់ដើម្បីឱ្យត្រជាក់គួរប្រយ័ត្នការខ្ទាតទឹកមាត់ផង។

    – ការបៀមអាហារឱ្យកូនដើម្បីឱ្យត្រជាក់។

    – ការទំពារ ឬប្រើធ្មេញខាំជាចំណឹតតូចៗមុននឹងបញ្ចុកកូន។

    – ការប្រើដៃ ឬវត្ថុផ្សេងៗចាប់អាហារបញ្ចុកចូលមាត់កូនដោយមិនបានលាងសម្ងាតឱ្យបានស្អាតជាមុន៕

  • មាស​នឹង​អាច​ឡើង​ថ្លៃ​ខ្ពស់​ជាង​50% នៃ​តម្លៃ​ឯតទគ្គ​កម្ម​នា​បច្ចុប្បន្ន

    មាស​នឹង​អាច​ឡើង​ថ្លៃ​ខ្ពស់​ជាង​50% នៃ​តម្លៃ​ឯតទគ្គ​កម្ម​នា​បច្ចុប្បន្ន

    Bank of America បាន​ឱ្យ​ដឹង​ថា គោលនយោបាយ​ជំរុញ​សេដ្ឋ​កិច្ច​​យ៉ាង​ខ្លាំង​ក្លា​របស់​បណ្ដា​ប្រទេស​ក្នុង​វិបត្តិ​សុខ​ភាព​លើក​នេះ នឹង​រុញ​តម្លៃ​មាស​ឱ្យ​ឡើង​ដល់​ 3,000​ដុល្លារ​ក្នុង​1​អោន (ounce) នា​ចុងឆ្នាំ​ក្រោយ​។

    ធនាគារ​ Bank of America កាល​ពី​ថ្ងៃទី​20​មេសា​កន្លង​ទៅ បាន​បញ្ចេញ​របាយ​ការណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា “Fed មិន​អាច​បោះ​ពុម្ភ​មាស​” ក្នុង​នោះ​បាន​ព្យាករ​ថា រយៈ​ពេល​18​ខែ​ទៀត តម្លៃ​មាស​នឹង​កើន​ពី​2,000​ដុល្លារ​ទៅ​3,000​ដុល្លារ​ក្នុង​1​អោន​។ តួលេខ​នេះ​ ខ្ពស់ជាង​50​% បើ​ធៀប​នឹង​ឯត​ទគ្គ​កម្ម​បច្ចុប្បន្ន​របស់​លោហ​ធាតុ​​ដែល​មាន​តម្លៃ​មួយ​នេះ​។

    ការ​ព្យាករ​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ក្នុង​ទំហំ​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​សុខ​ភាព​ COVID-19។ “នៅ​ពេល​ GDP ថយ​ចុះខ្លាំង​ ការ​ចំណាយ​ក្នុង​គោល​នយោបាយ​សារ​ពើ​ពន្ធ​​ និង​តារាង​តុល្យ​ការ​របស់​បណ្ដា​ធនាគារ​កណ្ដាល​ធំឡើង​ទ្វេ​ដង​ ហើយ​រូបិយប័ណ្ណ​​របស់​បណ្ដា​ប្រទេស​ក៏​នឹង​រង​សម្ពាធ​ខ្លាំង​ ដែល​មូលហេតុ​នេះ​ហើយ​ ធ្វើ​ឱ្យ​អ្នក​វិនិយោគនឹង​ងាក​ទៅ​រក​មាស​”។

    ពួក​គេ​យល់​ថា មាស​គឺជា “ឧបករណ៍​រក្សា​តម្លៃ​សំខាន់​បំផុត​” នៅ​ក្នុង​អំឡុង​សេដ្ឋ​កិច្ច​កំពុង​ជួប​ឱន​ភាព​​ដ៏​ធ្ងន់​ធ្ងរ​។​ បន្ទាប់​ពី​ការ​លក់​ចេញ​កាល​ពី​​ឆ្នាំ​មុន មាស​បាន​ងើប​ឡើង​វិញ​បន្តិច​ម្ដង​ៗ។

    ធនាគារ​ Bank of America ព្យាករ​ថា តម្លៃ​មាស​ជាមធ្យម​ក្នុង​ឆ្នាំ​នេះ​គឺ 1,695​ដុល្លារ​ក្នុង​1​អោន​ ហើយ​ឆ្នាំ​ក្រោយ​គឺ​ 2,063​ដុល្លារ​ក្នុង​1អោន។ តម្លៃ​ខ្ពស់​បំផុត​របស់​មាស​នៅ​ក្នុង​ទសវត្សរ៍​នេះ​​គឺ​ 1,921​​ដុល្លារ​ គឺ​នៅក្នុង​ខែ​កញ្ញា​ ឆ្នាំ​2011។ តម្លៃ​មាស​បច្ចុប្បន្ន គឺ​ប្រមាណ​ជា​ 1,688​ដុល្លារ​អាមេរិក​ក្នុង​1អោន ពោល​គឺ​​កើន​12% បើ​គិត​តាំង​ពី​​ដើម​ឆ្នាំ​។

    Bank of America យល់​ថា បច្ចុប្បន្ន​នៅ​មាន​កន្លែង​ច្រើន​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​វិនិយោគ​ទៅ​លើ​មាស។ បើ​ទោះ​ជា​តម្លៃ​របស់​មាស​​បាន​ងើប​ឡើង​តាំង​ពី​ចុង​ខែ​ឧសភា​​ឆ្នាំ​មុន​ ប៉ុន្តែ​​បើ​តាម​ធនាគារ​នេះ បង្ហាញ​ថា ទុន​ភាគ​ច្រើន​​នៅ​តែ​មិន​ទាន់​សម្រុក​ចូល​ទៅ​ទី​ផ្សារ​​មាស​​នៅ​ឡើយ​។

    បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ធនាគារ​នេះ​ក៏បាន​សង្កត់​ធ្ងន់​ថា តម្លៃ​មាស​នៅ​ពេល​ខាង​មុខ​ នៅ​តែ​មាន​ឧបសគ្គ​ច្រើន​ នោះ​គឺ​ប្រាក់​ដុល្លារ​អាមេរិក​​មាន​កម្លាំង​ខ្លាំង​ ការ​ប្រែ​ប្រួល​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​បាន​ធូរ​ស្រាល​ និង​តម្រូវ​ការ​ប្រើ​ប្រាស់​គ្រឿង​អលង្ការណ៍​នៅ​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ចិន​ បាន​ដាំក្បាល​ចុះ សូម្បី​តែ​នៅ​ក្រោយ​សម័យ​ COVID-19៕

    ប្រភព៖ Bloomberg

  • ក្រសួងអប់រំ និង JICA បើកឱ្យប្រើប្រាស់កម្មវិធីរៀនដើម្បីបង្កើនភាពឆ្លាតវៃ (IQ) តាម Online

    ក្រសួងអប់រំ និង JICA បើកឱ្យប្រើប្រាស់កម្មវិធីរៀនដើម្បីបង្កើនភាពឆ្លាតវៃ (IQ) តាម Online

    ក្រសួងអប់រំ យុវជន និងកីឡា​ សហការជាមួយនឹង​ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានដាក់ឱ្យប្រើប្រាស់​កម្មវិធីសិក្សាថ្មីមួយដែលមានឈ្មោះថា Think! Think! ដើម្បីបង្រៀនកុមារតាមប្រព័ន្ធអេឡិចត្រូនិក លើកកម្ពស់ការគិត បង្កើតភាពឆ្លាតវៃ (IQ) និង​ពង្រឹងសមត្ថភាពគណិតវិទ្យាសម្រាប់កុមារទូទៅ។

    កម្មវីធីនេះជាកម្មវិធីដ៏ល្អមួយដែល​អាចជំរុញកុមារឱ្យមានការគិតស៊ីជម្រៅ និងបណ្តុះបណ្តាលបំណិនជីវិតដល់កុមារបានយ៉ាងល្អថែមទៀតផង។ នៅក្នុង​អំឡុងពេលដែលកម្ពុជាកំពុងបិទសាលា ហើយដាក់ឱ្យកុមារសិក្សាតាមរយៈអនឡាញនេះ កម្មវិធី Think! Think! អាចជាជម្រើសល្អមួយសម្រាប់ដាក់ឱ្យកុមារសិក្សារៀនសូត្រនៅតាមផ្ទះរៀងៗខ្លួន។

    ដើម្បីរៀនកម្មវិធី Think! Think! នេះអាណាព្យាបាល ឬសិស្សានុសិស្សអាច​តាមដាន Facebook របស់ក្រសួងអប់រំ Moeys Cambodia និង Krou Cambodia ដោយមានរយៈពេលបីថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ វេលាម៉ោង 5:00នាទី ដល់ម៉ោង 5:30នាទីល្ងាច៕

  • ក្មេងលេងជាមួយទឹក បានទាំងក្តីសប្បាយ បានទាំងភាពឆ្លាត

    ក្មេងលេងជាមួយទឹក បានទាំងក្តីសប្បាយ បានទាំងភាពឆ្លាត

    ដោយសារតែក្មេងគ្រប់គ្នាចូលចិត្តលេងទឹក ពេលណាដែលខ្លួនប្រាណទទឹក អារម្មណ៍ធូរស្រាលនឹងកើតឡើងជាសន្សឹមៗ ដូច្នេះហើយទើបការលេងជាមួយទឹក គឺជាកិច្ចការដែលនឹងបានទទួលអារម្មណ៍ល្អៗ ស្រស់ថ្លា សប្បាយ និងរំភើបញាប់ញ័រ មិនថាជាមួយក្មេងក្នុងភេទ ឬវ័យណាក៏ដោយសុទ្ធតែមានប្រយោជន៍ទាំងចំពោះរាងកាយ និងការធ្វើការរបស់ខួរក្បាលទាំងអស់។

    1- ការលេងជាមួយទឹកគឺជាកិច្ចការមួយដែលជំរុញការធ្វើចលនារបស់រាងកាយ ដែលល្អចំពោះសុខភាព ធ្វើឱ្យកើតភាពយឺតយាររបស់សាច់ដុំ បណ្តុះសេចក្តីស្រឡាញ់ក្នុងការនៅកណ្តាលទីវាល និងមិនខ្លាចទឹក។

    2 – ភាគច្រើនក្មេងដែលចូលចិត្តលេងទឹកត្រូវបានរកឃើញថា មានសុខភាពរឹងប៉ឹង ជាពិសេសក្មេងដែលចូលចិត្តហែលទឹក នឹងបានទទួលការហាត់ប្រាណក្នុងរាងកាយគ្រប់ចំណែក មានសួតដែលរឹងមាំ និងចេះជួយខ្លួនឯងបាននៅពេលកើតឧបត្តិហេតុបន្ទាន់ខាងផ្លូវទឹក។

    3 – ក្មេងមានអារម្មណ៍ល្អពីការលេងទឹក ហុចផលឱ្យខួរក្បាលបង្ហូរសារធាតុអេនដូហ្វ៊ីនដែលមានទាំងសេចក្តីសុខ និងភាពក្លៀវក្លា។

    4 – ក្មេងនឹងបានយល់លើហេតុផលខាងវិទ្យាសាស្រ្តពាក់ព័ន្ធនឹងការធ្វើចលនារបស់ទឹក កម្លាំងទំនាញរបស់ផែនដី និងបរិស្ថានវិទ្យា ធ្វើឱ្យក្លាយជាក្មេងដែលមានហេតុផល ឆ្លាតវៃ និងមានចំណេះដឹងជុំវិញខ្លួនច្រើន។

    5 – ក្មេងនឹងបានប្រើការនឹកស្រមៃក្នុងការលេងជាមួយទឹក ក្មេងៗនឹងបានគំនិត និងការគិតស្រមៃផ្លាស់ប្តូរវិធីការលេងដោយខ្លួនឯងនៅក្នុងទឹក។

    6 – ការលេងទឹកនៅកណ្តាលទីវាលក្នុងពេលវេលាដែលស័ក្តិសម ដូចជាព្រឹក និងល្ងាច ធ្វើឱ្យក្មេងបានទទួលវីតាមីន D ពីធម្មជាតិ បានស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានភាពប្រឆាំងជំងឺកាន់តែល្អឡើងទៀតផង។

    7 – ការលេងទឹកជួយអភិវឌ្ឍជំនាញខាងសង្គមទៅជាមួយផង នៅពេលដែលត្រូវលេងជាមួយក្មេងឯទៀតៗ ឬប្រើអាងហែលទឹករួមជាមួយអ្នកដទៃ បានរៀនយល់ដឹងពីការធ្វើបដិសម្ព័ន្ធក្នុងទីសាធារណៈបានល្អទៀតផង។

    8 – កិច្ចការងារលេងទឹកដែលភាគច្រើនមានអាណាព្យាបាលទៅជាមួយដែរនោះ ជួយរឹតចំណងសម្ព័ន្ធភាពក្នុងគ្រួសារឱ្យមានកិច្ចការងារសប្បាយរីករាយរួមគ្នា៕

  • អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង 56លានអឺរ៉ូ មកជួយលើវិស័យគាំពារសង្គម របស់កម្ពុជា

    អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង 56លានអឺរ៉ូ មកជួយលើវិស័យគាំពារសង្គម របស់កម្ពុជា

    សហគមន៍អឺរ៉ុប បានសម្រេចបង្វែរហិរញ្ញប្បទានឥតសំណង 56លានអឺរ៉ូពីកម្មវិធីកំពុង​ដំណើរ​ការមួយចំនួន មកជួយលើវិស័យគាំពារសង្គម ដែលជាការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបា​ល​កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី21 ខែមេសានេះ។

    យោងតាមសេច​ក្តីប្រកាសព័ត៌មាន បានឱ្យដឹងថាកាលពីថ្ងៃទី20 ខែមេសា ឆ្នាំ2020 ឯកឧត្ដមអគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានជួប​ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈ Video Conference ដើម្បីពិភាក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួម​របស់សហ​ភាព​អឺរ៉ុប ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹង​ការរាតត្បាត​នៃ​វីរុសកូវីដ-19 និងស្ដារសម្បទាសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺនេះ។

    ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ ចំពោះសហភាពអឺរ៉ុបក្នុង​កិច្ច​សហការដ៏ល្អប្រសើរកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈ​បច្ចុ​ប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាដែរ កំពុងប្រឈម និងប្រយុទ្ធដោះស្រាយចំពោះវិបត្ដិសកល​ដោយ​សារវីរុសកូវីដ-19 (COVID-19)។

    កម្ពុជា បាននិងកំពុងគ្រប់គ្រងលើបញ្ហានៃវីរុសកូវីដ-19 បានល្អប្រសើរ ប៉ុន្តែកម្ពុជា​នៅតែមិន​បន្ធូរដៃនោះទេ និងរឹតតែសកម្មកាន់តែខ្លាំងថែមទៀត ដោយបានបង្កើតនូវយន្តការ និងដាក់ចេញនូវ​វិធាន​​ការ​ជាយុទ្ធសាស្រ្តមុតស្រួច ទាំងលើសមរភូមិក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតវីរុសកូវីដ-19​និងលើការដ្ឋានស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺនេះ ។

    សូមបញ្ជាក់ថា វីរុសកូវីដ-19 មិនត្រឹមតែជាវិបត្ដិសុខភាពសាធារណៈប៉ុណ្ណោះទេ តែជំងឺនេះ ក៏បានបង្ក​ផលប៉ះពាល់អវិជ្ជមានដល់វិស័យសេដ្ឋកិច្ចផ្សេងៗ រួមមានវិស័យកាត់ដេរ ទេសចរណ៍ ធុរកិច្ចខ្នាតតូច និងមធ្យមទៀតផង។

    លោកស្រី Carmen Moreno បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ​របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃវីរុសកូវីដ-19 នេះ និងបានថ្លែងបញ្ជាក់​អំពីជំហរ​គាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃវីរុសកូវីដ-19 នេះ។

    លោកស្រី បានជម្រាបជូនថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុបដែលមានទីស្នាក់ការកណ្តាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន 56លានអឺរ៉ូ ពី កម្មវិធីកំពុងដំណើរការមួយចំនួន ដែលជាហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកប្រើប្រាស់លើវិស័យគាំពារសង្គម ដែលជាការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបាល  ក្នុងការស្ដារ សម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ ពីវិបត្តិនៃវីរុសកូវីដ-19 នេះ។

    អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះកិច្ចសហប្រតិបត្ដិ​ការ​រឹង​មាំកន្លងមករបស់​សហភាពអឺរ៉ុបជាមួយនឹងកម្ពុជា ជាពិសេសស្វាគមន៍ចំពោះការចូលរួមចំណែកនៅក្នុងគ្រា​ដ៏លំបាកនេះ។

    អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ឡើងវិញថា ក្នុងការអនុវត្តវិធានការស្ដារសេដ្ឋកិច្ច​សង្គមពីផលប៉ះពាល់នៃវីរុសកូវីដ-19 រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន4 រួម​មាន៖ 1-ក្រុមការងារចំពោះកិច្ច គ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងវីរុសកូវីដ-19។

    2-ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គម ក្នុងអំឡុងពេលប្រយុទ្ធនឹងវីរុសកូវីដ-19។

    3-ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់ គ្រងការប្រយុទ្ធនឹងវីរុសកូវីដ-19។

    4-ក្រុមការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃវីរុសកូវីដ-19 និងការ ព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន ក្នុងក្របខ័ណ្ឌ «ទំនិញគ្រប់យ៉ាងលើក​លែង​តែសព្វា​វុធ ​(EBA)»៕

     

  • Chanathip ជាកីឡាករថ្លៃជាងគេក្នុងក្លិប នៅលីកកំពូលជប៉ុន

    Chanathip ជាកីឡាករថ្លៃជាងគេក្នុងក្លិប នៅលីកកំពូលជប៉ុន

    កាលពីពេលថ្មីៗនេះ លីកកំពូលជប៉ុន J-League បានបង្ហាញសមាសភាព និងបញ្ជីឈ្មោះកីឡាករ អមជាមួយនឹងតម្លៃខ្លួនកីឡាករនីមួយៗ ដែលលេងនៅក្នុងលីកមួយនេះ ក្នុងនោះគេឃើញមានកីឡាករមកពីតំបន់អាស៊ានម្នាក់បានជាប់ក្នុងបញ្ជីឈ្មោះកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់ទាំង 10ប្រចាំលីកកំពូលជប៉ុននេះ។

    Chanathip Songkrasin (ឆាណាធីប ស៊ង់ក្រៈស៊ីន) កីឡាករខ្សែបម្រើ-ប្រយុទ្ធវ័យ 26ឆ្នាំរូបនេះ មានតម្លៃខ្លួន 2.6លានដុល្លារ ដែលធ្វើឱ្យគេបានក្លាយទៅជាកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតលេខរៀងទី9 នៅក្នុងលីកកំពូលជប៉ុនរដូវកាល2020 នេះ។ ហើយរូបគេក៏បានក្លាយខ្លួនជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេប្រចាំក្លិប Hokkaido Consadole Sapporo ផងដែរ។

    គួរបញ្ជាក់ដែរថា កីឡាកររូបនេះបានផ្ទេរទៅកាន់ក្របខ័ណ្ឌលីកកំពូលជប៉ុនដំបូង មានតម្លៃខ្លួនតែ 70ម៉ឺនដុល្លារប៉ុណ្ណោះ៕

  • ពេលស្ងប់ស្ងាត់នេះទំនេរច្រើនពេក! សាកល្បងដាំត្រឡាចដើម្បីទុកជាស្បៀងផង និងអាចធ្វើអាជីវកម្មបានផង

    ពេលស្ងប់ស្ងាត់នេះទំនេរច្រើនពេក! សាកល្បងដាំត្រឡាចដើម្បីទុកជាស្បៀងផង និងអាចធ្វើអាជីវកម្មបានផង

    ត្រឡាច ជាប្រភេទបន្លែដែលប្រជាជនខ្មែរគ្រប់រូប ចូលចិត្ត និងច្នៃបានជា​អាហារជាច្រើនមុខ ដូចជាស្ងោ ឆា លាយជាមួយបន្លែផ្សេងៗនៅក្នុងសម្លជាច្រើនមុខ និងធ្វើជាបង្អែម ដំណាប់ ឬធ្វើជាទឹកត្រឡាចជាដើម។ បើមើលពី​គុណសម្បត្តិរបស់វា យើងនឹងឃើញថាត្រឡាច ជាផលិតផលកសិកម្មមួយដែលអាចមាន​ទីផ្សារខ្ពស់ និងត្រូវប៉ាន់ផងដែរនៅក្នុងកាលៈទេសៈដែលប្រទេសយើងបច្ចុប្បន្ននេះ កំពុងត្រូវការបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងស្របពេលដែលប្រជាជននៅទីក្រុង​ពេញនិយម​ទទួលទានអាហារគ្មានជាតិគីមី។

    ប្រសិនបើលោកអ្នកមានដីជុំវិញផ្ទះ ឬសល់ដីនៅជនបទ អាចសាកល្បងដាំដំណាំត្រឡាច ព្រោះវាជាប្រភេទដែលងាយដាំ ទទួលបានផលច្រើន និង​អាចធ្វើអាជីកវម្មបានថែមទៀតផង។

    កសិករដាំត្រឡាច​នៅក្នុងខេត្តកំពង់ឆ្នាំ អ្នកស្រី ស៊ុន ស្រីពៅ បានលើកឡើងថា នៅប្រទេសយើងនេះ​ជាទីតាំងល្អបំផុតក្នុងការដាំត្រឡាច ព្រោះសីតុណ្ហភាព និងស្ថានភាពអាកាសធាតុអំណោយផលសម្រាប់ដំណាំប្រភេទនេះ។ អ្នកស្រីបញ្ជាក់ថាដំណាំនេះ អាចប្រមូលផលបានក្នុងរយៈពេលចាប់ពី 30ថ្ងៃ ទៅ 45ថ្ងៃប៉ុណ្ណោះ ហើយវាមិនរើសរដូវនោះទេ ទោះក្នុងពេលណាក៏អាចដាំបានដែរ។

    វិធីសាស្ត្រក្នុងការដាំត្រឡាចឱ្យទទួលផលល្អ អ្នកស្រីបញ្ជាក់ថា​ដំបូងឡើងគួរភ្ជួរដីជាមុនឱ្យបាន2 ទៅ 3ដង ដើម្បីឱ្យដីផុសល្អ។ ហើយមុននឹងភ្ជួរលើកដំបូងគួរបាញ់ថ្នាំកំចាត់ស្មៅជាមុនសិន ដើម្បីសម្លាប់ពូជរុក្ខជាតិនានាដែលរំខានដល់ការលូតលាស់របស់ដើមត្រឡាច។ បន្ទាប់មកគួរហាលដីចោលដើម្បីសម្លាប់មេរោគ និងទុកឱ្យស្មៅងាប់ក្នុងរយៈពេល 3 ទៅ7ថ្ងៃសិន។

    សម្រាប់ការភ្ជួរលើកទី2 គេត្រូវរាស់ដីឱ្យស្មើល្អបន្ទាប់មកកាប់រណ្តៅទំហំប្រមាណ 4តឹក ឬ 40សង់ទីម៉ែត្រ បួនជ្រុង និងជម្រៅ2 ទៅ3 តឹក​ដោយរក្សាគម្លាត​ពីគុម្ពមួយទៅគុម្ពមួយប្រវែង 1ម៉ែត្រ។

    ចំពោះ​ការរៀបចំ​គ្រាប់ពូជ​សម្រាប់​ដាំ​ គឺ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ណា​ល្អ​ ដែល​គ្មាន​ជំងឺ​ដើម្បី​ធ្វើការ​ដាំដុះ​ដោយ​ត្រូវ​យក​គ្រាប់​ត្រឡាច​ទៅ​ត្រាំ​ក្នុងទឹក​ ពី​6 ទៅ​ 12ម៉ោង​ បន្ទាប់មក​យក​គ្រាប់​ដែល​ត្រាំទឹក​ហើយ​នោះ​ទៅ​ដាក់ដាំ​ ក្នុង​កន្ទោង​បណ្ដុះ​កូន​ជាមុន​សិន​ ចាំ​ដល់ពេល​វា​លាស់​ចេញ​ស្លឹក​ខ្លះ​ ទើប​គេ​យក​វា​ទៅ​ដាក់ដាំ​ក្នុង​រណ្ដៅ​។ ក្រោយពី​ដាំ​រួច​ យើង​ត្រូវ​អនុវត្ត​ដំណាក់កាល​ 3ជំហាន​៖+ ជំហាន​ទី​ 1 ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន​ 7សន្លឹក​ យើង​ត្រូវ​ក្ដិចត្រួយ​វា​ចេញ​ម្តង​ ក្រោយ​មក​យើង​នឹង​បាន​ទទួល​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 3បន្ថែម​ទៀត​។

    +ជំហាន​ទី​ 2 ត្រួយ​ដែល​បែកចេញ​នោះ​ នៅពេល​វា​លូតលាស់​បាន​ស្លឹក​ 7សន្លឹក​យើង​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​ ទៀត​ ពេលនោះ​យើង​នឹង​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 7បន្ថែម​ទៀត​។

    +ជំហាន​ទី​ 3 យើង​នៅតែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​និង​ទី2​ ដដែល​ ហើយ​ពេលនោះ​ យើង​នឹង​បាន​ ពន្លក​ត្រួយ​ថ្មី​ដល់ទៅ​ 30​ ទៅ​ 35ខ្នែង​។ ដូច្នេះ​ ពេល​នេះ​វា​ជា​ដំណាក់កាល​ ដែល​យើង​ត្រូវ​បន្ថែម​ជីធម្មជាតិ​ ដើម្បី​ជួយ​ទ្រទ្រង់​ការលូតលាស់​របស់​វា​។

    ការ​ដាក់ជី​នេះ​ យើង​ត្រូវ​ដាក់​នៅ​សងខាង​ចេញពី​រណ្តៅ​ត្រឡាច​ចម្ងាយ​ប្រមាណ​ 30​ ទៅ​ 50​ សង់ទីម៉ែត្រ​ មាន​ដូចជា​ជីកំប៉ុស​ លាមក​សត្វ​ និង​កម្ទេច​ស្លឹកឈើ​ និង​ស្រោចទឹក​ជាប្រចាំ​ ធ្វើបែប​នេះ​ត្រឡាច​នឹង​លូតលាស់​បាន​ល្អ​ មាន​រយៈពេល​យូរ​រហូតដល់​ជាង​ 2ខែ​ ដែល​អាច​ឱ្យ​វា​ផ្លែ​បាន​ច្រើន​ និង​យូរ​ និង​ច្រើន​។ ក្រោយពី​ដាំ​បាន​រយៈពេល​ 30ទៅ​ 45ថ្ងៃ​ អាច​ប្រមូល​ផល​បាន​ហើយ​។

    ចំពោះផលវិញ ក្នុងដីមួយហិកតា គេអាចប្រមូលត្រឡាចបានពី 10 ទៅ 15តោន ហើយក្នុងមួយផ្លែមានទម្ងន់ជាងកន្លះគីឡូក្រាម។ ហេតុនេះប្រសិនបើលោកអ្នកដាំជាលក្ខណៈគ្រួសារ ក៏អាចទទួលបានផលច្រើនគីឡូដែរក្នុងពេលប្រមូលផលម្តងៗ៕

  • Ronaldo នឹងអវត្តមាននៅលីកកំពូលអ៊ីតាលី ប្រសិនបើលីកចាប់ផ្តើមវិញឆាប់ៗនេះ

    Ronaldo នឹងអវត្តមាននៅលីកកំពូលអ៊ីតាលី ប្រសិនបើលីកចាប់ផ្តើមវិញឆាប់ៗនេះ

    កីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo អាចនឹងត្រូវមានបញ្ហាក្នុងការបង្ហាញខ្លួនឱ្យក្លិបបាល់ទាត់ Juventus ក្នុងប្រកួតលីកកំពូលអ៊ីតាលី ប្រសិនបើលីកនេះបើកដំណើរការវិញ នៅចុងខែនេះ ដោយសារតែកោះ Madeira ភាគខាងលិចរដ្ឋធានី Funchal ប្រទេសព័រទុយហ្គាល់ ត្រូវបានរដ្ឋាភិបាលនៃប្រទេសនេះ បិទការចេញចូលហើយ។

    ជាមួយគ្នានេះដែរ កោះនេះហើយ គឺជាទីកន្លែងដែល កីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោក Christiano Ronaldo ស្នាក់នៅដើម្បីរំដោះខ្លួនចេញពីវីរុសកូវីដ-19។ ខណៈដែលផ្ទះដែលគេស្នាក់នៅនេះ រូបគេបានទិញតាំងតែពីគេលេងនៅក្លិប Manchester United មកម្ល៉េះ។

    គួរបញ្ជាក់ដែរថា អាជ្ញាធរនៃប្រទេសព័រទុយហ្គាល់ បានប្រកាសបិទកោះ Madeira ដែលមានទីតាំងនៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់ បណ្តោះអាសន្ន ក្រោយពីបានរកឃើញអ្នកឆ្លងមេរោគកូវីដ-19 ចំនួន 12ករណី នៅលើដែនកោះដែលមានចម្ងាយជិត 2ពាន់គីឡូម៉ែត្រពីដែនដីប្រទេសព័រទុយហ្គាល់មួយនេះ៕

  • ហេតុអ្វីមនុស្សមិនសូវខ្លាចការស្លាប់ដោយសារបញ្ហាធ្ងន់ៗជាច្រើនលើពិភពលោក ហើយបាក់ស្បាតខ្លាំងលើ Covid-19?

    ហេតុអ្វីមនុស្សមិនសូវខ្លាចការស្លាប់ដោយសារបញ្ហាធ្ងន់ៗជាច្រើនលើពិភពលោក ហើយបាក់ស្បាតខ្លាំងលើ Covid-19?

    ជារៀងរាល់ឆ្នាំស្ថាប័ន CDC (Centers for Disease Control and Prevention) បញ្ជាក់ថានៅលើពិភពលោកមានមនុស្សស្លាប់ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ 1.35លាននាក់។ ហើយបើគិតជាថ្ងៃគឺមានមនុស្សប្រមាណ 3,700នាក់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ចំនួននេះគឺលើសជំងឺកាចសាហាវមួយចំនួនដូចជាជំងឺអេដស៍ ឬជំងឺផ្សេងៗទៀតដែលបានវាយប្រហារពិភពលោក។

    ងាកមកជំងឺមហារីកវិញ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វាជាករណីចម្បងទី2 ដែលសម្លាប់មនុស្សរាល់ថ្ងៃ ដោយមនុស្សប្រហែល 1 ក្នុងចំណោម 6នាក់ដែលបានស្លាប់លើពិភពលោកគឺបាត់បង់ជីវិដោយសារមហារីក។ នៅឆ្នាំ 2018 មនុស្សប្រហែលជា 9.6លាននាក់បានស្លាប់ដោយសារជំងឺមហារីកទូទាំងពិភពលោក។

    អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ផងដែរថា មានមនុស្សស្លាប់ដោយសារតែសម្ពាធផ្លូវចិត្ត (depression) កើតឡើងប្រមាណជិត 800,000នាក់ជារៀងរាល់ឆ្នាំលើពិភពលោក។ បញ្ហាទាំងអស់នេះថ្វីត្បិតតែអាចដឹងពីមូលហេតុ និង​មានវិធីសាស្រ្តព្យាបាល តែគ្មានក្បួនច្បាប់ជាក់លាក់ណាដែលអាចព្យាបាលបានទាំងស្រុងនោះទេ។ ហើយវាក៏មិនរើសប្រទេសអភិវឌ្ឍជឿនលឿន ឬប្រទេសក្រីក្រនោះដែរ។

    បើមើលពីទន្នន័យខាងលើយើងឃើញថាមានមនុស្សស្លាប់បាត់បង់ជីវិតច្រើនណាស់ ហើយចំនួននេះគឺលើសពីចំនួននាក់ស្លាប់ដោយសារ Covid-19 នាពេលបច្ចុប្បន្ននេះ។ តែហេតុអ្វីបានជាមនុស្សមិនសូវភ័យខ្លាចជាមួយនឹងបញ្ហាទាំងអស់នោះ តែបែរជាភ័យព្រួយខ្លាំងលើរឿង Covid-19 ទៅវិញ?

    បើតាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិត គួច ម៉េងលី ដែលបានបង្ហាញក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានបញ្ជាក់ថា មនុស្សព្រួយបារម្ភខ្លាំងលើបញ្ហា Covid-19 ដោយសារតែនេះជាជំងឺថ្មីដែលពិភពលោកទើបតែជួបប្រទះ ហេតុនេះហើយទើបមនុស្សម្នាទាំងអស់គ្នាចាប់អារម្មណ៍ខ្លាំង និងភ័យខ្លាច។ តែទោះជាយ៉ាងនេះក្តីប្រសិនបើយើងយល់ច្បាស់ពីវិធីបង្ការវាឱ្យបានត្រឹមត្រូវ យើងនៅតែអាចបន្តរស់នៅជាប្រក្រតី និង​អាចរំលត់អារម្មណ៍ព្រួយបារម្ភបានបន្តិចម្តងៗទៅតាមពេលវេលា និងកាលៈទេសៈដែលមនុស្សកំពុងប្រឆាំងការរីករាតត្បាតនៃជំងឺនេះ។

    ឆ្លើយតបជាមួយនឹងសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាក៏បានលើកឡើងផងដែរថា មូលហេតុដែលធ្វើឱ្យប្រទេសមានប្រព័ន្ធសុខាភិបាល​រឹងមាំនានាលំបាកទប់ស្កាត់ការរីករាលដាល និងព្រួយបារម្ភពីមេរោគ Covid-19 គឺដោយសារតែជំងឺនេះជាជំងឺថ្មីសម្រាប់ពិភពលោក។ ហេតុនេះមិនថាប្រទេសតូច ឬប្រទេសធំនោះទេ គួរផ្តោតលើការទប់ស្កាត់មេរោគ covid-19 គឺវិធីសាស្រ្តក្នុងការគ្រប់គ្រងទៅវិញទេទើបជាមូលហេតុចម្បង។ លោកស្រីថាប្រសិនបើយើងមានវិធីសាស្រ្តគ្រប់គ្រងការរីករាលដាលបានល្អ ប្រជាជន​យកចិត្តទុកដាក់អនុវត្តវិធានការណែនាំច្បាស់លាស់របស់អាជ្ញាធរសុខាភិបាល នោះបញ្ហានៃការរីករាលដាលក៏នឹងអាចថមថយទៅតាមនោះដែរ។ ម្យ៉ាងវិញទៀតវាក៏អាស្រ័យលើដំណាក់កាលនៃការទប់ស្កាត់ផងដែរ។ ប្រទេសខ្លះទើបនឹងចាប់ផ្តើមទប់ស្កាត់ខ្លាំងនៅពេលដែលវាមាន​មានការរីករាលដាល់ធ្ងន់ធ្ងរទៅហើយ ទើបធ្វើឱ្យពួកគេជួបបញ្ហាធ្ងន់ ហេតុនេះប្រសិនបើយើងទប់ស្កាត់បានភ្លាមៗក្នុងដំណាក់កាលដែលវាមិនទាន់រីករាលដាលខ្លាំង នោះស្ថានភាពក៏អាចល្អប្រសើរទៅតាមនោះដែរ។

    បើមើលលើការបកស្រាយខាងលើ យើងនឹងឃើញថា​ដោយសារតែបញ្ហា Covid-19 ជារឿងថ្មី និងមិនទាន់រកឃើញវិធីសាស្រ្តព្យាបាលច្បាស់លាស់ទើបមនុស្សគ្រប់គ្នាព្រួយបារម្ភជាងរឿងកាចសាហាវនានា ដែលកំពុងសម្លាប់មនុស្សលើពិភពលោកជារៀងរាល់ថ្ងៃនេះ។ ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជំងឺមហារីក និងបញ្ហាផ្លូវចិត្តជាដើម​ជាបញ្ហាចាស់ដែលមនុស្សសាំជាមួយនឹងវារហូតដល់លែងបារម្ភទៅហើយទើបមនុស្សមិនសូវចាប់អារម្មណ៍។

    សំណួរសួរថា នៅថ្ងៃអនាគត តើអារម្មណ៍ភ័យខ្លាច​របស់មនុស្សចំពោះបញ្ហា Covid-19 អាចនឹងសាបរលាបដូចបញ្ហាទាំងឡាយខាងលើដែរឬទេ?

    ចម្លើយគ្មានអ្នកណាស្មានបាននោះទេ តែបើមើលពីចរន្តនៃបញ្ហាទាំងអស់នោះយើងនឹងឃើញថា ករណីអាចនៅតែមានបើទោះបីជាស្ថានភាពជាក់ស្តែងមិនប្រាកដថាកើតឡើងក៏ដោយ។ ជាក់ស្តែងបើយើងមើលពីដើមហេតុ​នៃបញ្ហាទាំងអស់នោះវិញ យើងនឹងឃើញថាមនុស្សខ្លាច Covid-19 ដោយសារវាមិនទាន់មានវិធីព្យាបាលច្បាស់លាស់ មិនទាន់មានវ៉ាក់សាំងការពារ និង​ជារឿងថ្មី។ ចុះបើវាក្លាយជារឿងចាស់ទៅវិញនៅថ្ងៃណាមួយ?

    បើមើលពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ យើងនឹងឃើញថា វាក៏អាចរាប់ថាជាមេរោគ​ដែលគ្មានថ្នាំព្យាបាលជាដែរ ព្រោះលើពិភពលោកប្រទេសទាំងអស់ខំប្រឹងប្រែងអប់រំផង ដាក់កាមេរ៉ាសុវត្ថិភាពតាមផ្លូវផង បង្កើតច្បាប់ផង តែវានៅតែកើត និងសម្លាប់មនុស្សរាប់លាននាក់រាល់ឆ្នាំ។ ហេតុនេះមកដល់ពេលនេះ គ្មានក្បួនច្បាប់ ឬអ្នកប្រាជ្ញណា​ធានាថាមានរូបមន្តព្យាបាលបញ្ហាសង្គមនេះជាសះស្បើយ 100% នោះទេ។ ចុះហេតុអ្វីបានជាមនុស្សបច្ចុប្បន្នមិនសូវខ្លាចវា? ចម្លើយ គឺដោយសារតែវាជារឿងចាស់ដែលដល់ដំណាក់កាលមនុស្សលែងខ្លាចវាហើយ។

    ហេតុនេះទោះក្នុងភាគរយតិចក៏ដោយ យើងឃើញថាបន្តិចម្តងៗមនុស្សលើពិភពលោកនឹងចាប់ផ្តើមរំសាយចិត្តចំពោះភាពភ័យខ្លាចជំងឺ Covid-19 ហើយដំណើរការសេដ្ឋកិច្ច និងការភាពប្រក្រតីនៅលើពិភពលោកអាចនឹងចាប់ផ្តើមកើតឡើងវិញ។ ឆ្លងតាមមេរៀននេះ មនុស្សអាចនឹងបង្កើតទម្លាប់អនាម័យឱ្យបានច្រើនជាងមុន ការពារសុខភាពច្រើនជាងមុន ហើយយល់ដឹង និងចូលរួមបង្ការមេរោគនេះកាន់តែល្អឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វាលែងក្លាយជាបញ្ហាគម្រាមកំហែងសម្រាប់ពិភពលោកទាំងមូល៕

  • ក្រុមហ៊ុនបច្ចេកវិទ្យាចិន បង្កើត វ៉ែនតាឆ្លាតវៃ ពិនិត្យសីតុណ្ហភាពមនុស្ស នៅចម្ងាយ 3 ម៉ែត្រពីគ្នា

    ក្រុមហ៊ុនបច្ចេកវិទ្យាចិន បង្កើត វ៉ែនតាឆ្លាតវៃ ពិនិត្យសីតុណ្ហភាពមនុស្ស នៅចម្ងាយ 3 ម៉ែត្រពីគ្នា

    នេះយោងតាមការបញ្ជាក់របស់ប្រធានផ្នែកសាខា Rokid នៅអាមេរិកលោក Liang Guan បានឱ្យដឹងថា ក្រុមហ៊ុន Rokid របស់ប្រទេសចិន ដែលមានទីស្នាក់ការក្នុងទីក្រុង San Francisco បច្ចុប្បន្ន គឺកំពុងស្ថិតក្នុងការចរចាជាមួយភាគីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក លើផែនការលក់វ៉ែនតាឆ្លាតវៃ T1 ដែលមានសមត្ថភាពអាចពិនិត្យរោគសញ្ញាអ្នកឆ្លងមេរោគ COVID-19។

    វ៉ែនតា T1 កន្លងមក ក៏មានប្រើប្រាស់ជាមួយអ្នកជំនាញជាហូរហែនៅឯប្រទេសចិន ដោយចំណុចលេចធ្លោរបស់វា គឺមានបង្កប់ Sensor អាចពិនិត្យសីតុណ្ហភាពក្នុងខ្លួនរបស់មនុស្សប្រមាណ 200នាក់ នៅចម្ងាយ 3ម៉ែត្រពីខ្លួនអ្នកពាក់ T1នេះ ក្នុងរយៈពេលត្រឹមតែ 2នាទីប៉ុណ្ណោះ។

    ឧបករណ៍នេះបំពាក់ដោយ CPU របស់ក្រុមហ៊ុន Qualcomm មាន Sensor កាមេរ៉ាទំហំ 12MP គាំទ្រការប្រើប្រាស់មុខងារ AR និងការបញ្ជាដោយសំឡេង ពោលអ្នកអាចនិយាយបញ្ជាឱ្យវាធ្វើការថតជារូបភាព ឬវីដេអូ ដោយមិនបាច់យកដៃទៅប៉ះលើផ្នែកណាមួយរបស់វ៉ែនតាផ្ទាល់ឡើយ។

    វ៉ែនតា T1 ទំនងជា អាចនឹងពង្រាយដាក់ឱ្យដំណើរការសម្រាប់បុគ្គលិកនៅក្នុងមន្ទីរពេទ្យ និងជាចំណែកជួយដល់ការអនុវត្តច្បាប់ក្នុងការទប់ស្កាត់ការរាតត្បាត COVID-19 របស់រដ្ឋាភិបាលអាមេរិកជាដើម៕

    វ៉ែនតាឆ្លាតវៃ T1