Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន Xiaomi ផលិតស្មាតហ្វូន 5G តម្លៃធូរថ្លៃជាងគេបំផុត តែ 285ដុល្លារ

    ក្រុមហ៊ុន Xiaomi ផលិតស្មាតហ្វូន 5G តម្លៃធូរថ្លៃជាងគេបំផុត តែ 285ដុល្លារ

    ក្រុម​ហ៊ុន Xiaomi បាន​ផលិត​ចេញ​​នូវ​ស្មាតហ្វូនម៉ូដែល Redmi K30 (5G) ​​ដែល​មាន​បំពាក់​នូវ​ប្រព័ន្ធ 5G តែ​តម្លៃត្រឹមតែ 285ដុល្លារ​ប៉ុណ្ណោះ (ឬ​ 1999 យន់​)​ ដែល​នេះជា​តម្លៃ​​លក់​រាយ​នៅ​ប្រទេស​ចិន និងបាន​ចេញ​លក់​កាល​ពី​ខែ​មករា​កន្លង​មក​។

    Redmi K30 បាន​​ចេញ​លក់​លើ​ទីផ្សារ​ហើយ​ តម្លៃ​នេះ​អាច​ជាប់​ក្នុង​បញ្ជី​ស្មាតហ្វូន 5G ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត​មួយ ​នា​ពេល​បច្ចុប្បន្ន​។

    ចំពោះ​លក្ខណសម្បតិ្តរបស់​ K30 នេះវិញ គឺ​បំពាក់​កាមេរ៉ា​ក្រោយ 4គ្រាប់ ប្រើ​បន្ទះ​ឈីប Snapdragon 765G មាន​ 5G, មាន​ថ្ម​ទំហំ 4500 mAh, តែប្រើ​អេក្រង់​រាងអន់​បន្តិច​គឺ​ LCD ដែល​មាន Refresh Rate 120Hz​។

    មួយ​វិញ​ទៀត​ ក្រុមហ៊ុនក៏​គ្រោង​នឹង​បញ្ចេញ​ ​ស្មាតហ្វូន​ម៉ូដែល​ Redmi K30i ជា​សិស្ស​ប្អូនចេញ​មក​មួយ​ទៀត ហើយ​ដាក់​តម្លៃ​កាន់​តែ​ទាប​ជាងសិស្ស​បង​ផង​ដែរ។ បើ​សិន Redmi K30i អាច​ចេញ​លក់​នោះ​ គេរំពឹង​ថា ​នឹង​លក់​រាយ​ក្នុង​តម្លៃត្រឹមតែ 255ដុល្លារ​ប៉ុណ្ណោះ(1799 យន)។ បើ​ដូច​នេះ កំណត់ត្រា​ថ្មី នឹង​អាច​ធ្វើឱ្យ​វា​ក្លាយ​ជា​​ទូរស័ព្ទ 5G ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត ​ប្រចាំ​ឆ្នាំ2020នេះ៕

  • មិនធម្មតាទេ! កម្មវិធីប្រជុំតាមអនឡាញ Zoom មានអ្នកប្រើជាង 300លាននាក់កើនឡើង 50%

    មិនធម្មតាទេ! កម្មវិធីប្រជុំតាមអនឡាញ Zoom មានអ្នកប្រើជាង 300លាននាក់កើនឡើង 50%

    Zoom បាន​ក្លាយ​ជា​កម្មវិធី​ពេញ​និយម​បំផុត​មួយ ដោយ​អាច​ស្ថិត​នៅលើ​តំណែង​កំពូល​ ទាំង​នៅ​លើ Apple App Store និង Google Play Store កាលពី​ខែ​មីនា។ អ្នក​ប្រើ​ប្រាស់​កម្មវិធី​ប្រជុំ​ Zoom បានកើនឡើង​ដល់​ចំនួន​ជាង 300លាន​នាក់ គិត​ជា​ភាគ​រយ​គឺ​ 50% ​បើ​ធៀប​នឹង​ចំនួន​អ្នក​ប្រើ​ប្រចាំ​ថ្ងៃ​ដែល​មាន​ 200​លាន​នាក់កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងទៅ​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ Zoom ក៏​ត្រូវបាន​គេ​រាយការណ៍​ពីរឿង​សុវត្ថិភាព ​នៃ​ភាព​ជា​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់​។ គេ​បាន​រក​ឃើញមាន​ចន្លោះ​ប្រហោង​ ដែល​អាច​ឱ្យ Hacker អាច​ចូល​រំខាន​ការ​ប្រជុំ​​ណា​មួយ​បាន​យ៉ាងងាយ ហើយ​ថែមទាំងអាច​លួច​យក​ព័ត៌មាន​​​បាន​យ៉ាង​ងាយទៀតផង។

    តែ​យ៉ាង​ណា​មិញ ​Version ថ្មី​នេះ ​បាន​បញ្ចេញ​មក​ ដើម្បី​អាប់ឌែត​ជូន​លើ​កង្វះ​ខាត​ដែល​គេ​រាយការណ៍​កន្លង​មកនោះ។

    រំឭក​ផង​ដែរ​ថា ដោយសារ​តែ​វីរុស​កូវីដ-19 បាន​តម្រូវ​ឱ្យរដ្ឋ​អំណាច​នៃប្រទេស​នីមួយៗអនុវត្ត​​​វិធានការ​គម្លាត​សុវត្ថិភាព និង​ការ​តម្រូវ​ឱ្យ​មនុស្ស​រាល់​គ្នាស្ថិត​នៅ​ក្នុងផ្ទះ ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ទើប​បាន​ជា​គេ​ណែនាំ​ឱ្យ​​ងាក​មកប្រើ​ប្រាស់​កម្មវិធី​ប្រជុំ​តាម​អនឡាញ ដើម្បី​អាច​បន្ត​ធ្វើ​កិច្ច​ការ​ងារជា​ក្រុម និង​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​មិត្តភក្ដិ ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​បាន។ ហេតុ​ដូច​នេះ Zooom ក៏​បាន​ល្បី​ និង​កើប​លុយ​បាន​មួយ​រំពេច៕​

  • បើមានដីតូច មិនដឹងដាំអ្វី គួរសាកល្បងដំណាំត្រប់ស្រួយ ព្រោះងាយថែទាំ និងឆាប់បានផល

    បើមានដីតូច មិនដឹងដាំអ្វី គួរសាកល្បងដំណាំត្រប់ស្រួយ ព្រោះងាយថែទាំ និងឆាប់បានផល

    ការធ្វើ ប្រហុក ផ្អក និងសម្លខ្មែរ មួយចំនួនមិនអាចអវត្តមានត្រប់ស្រួយបាននោះទេ ព្រោះបន្លែប្រភេទនេះ​ភាគច្រើនត្រូវបានប្រជាជនយើងស្គាល់ និងចេះទទួលទានតាំងពីតូចរហូតដល់ធំ។

    ត្រប់ស្រួយជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ងាញ់ និងអំណោយផលល្អសម្រាប់សុខភាព ព្រោះវាមានវីតាមីន និងជួយឱ្យរាងកាយមានតុល្យភាពល្អ។ បន្លែប្រភេទនេះភាគច្រើនមានស្ទើរតែគ្រប់ផ្ទះនៅតំបន់ជនបទ តែសម្រាប់អ្នកទីក្រុងវិញ ដោយសារតែមិនសូវសំបូរដីដាំ និងដោយសារតែភាពសំបូរបែបនៃបន្លែ ដែលជាពិសេសបន្លែនាំចូលច្រើននៅក្នុងទីផ្សារ ទើបធ្វើឱ្យមិនសូវមានអ្នកនិយមដាំ។

    នៅថ្ងៃនេះ ឡារ៉ែន សូមណែនាំលោកអ្នកឱ្យសាកល្បងដាំដំណាំត្រប់ស្រួយនេះនៅតាមគេហដ្ឋាន ព្រោះស្ថិតក្នុងស្ថានភាពដែលប្រទេសយើងកំពុងប្រឈមជាមួយនឹង​ការប្រយុទ្ធប្រឆាំងមេរោគ Covid-19នេះ ការនាំចូលបន្លែមិនសូវងាយស្រួលដូចពីមុននោះទេ ហើយវាក៏ជាពេលវេលាល្អផងដែរក្នុងការចាប់ផ្តើមដាំដុះដោយខ្លួនឯង ដើម្បីទទួលបានបន្លែធម្មជាតិគ្មានជាតិគីមី។

    តាមកសិករដែលមានបទពិសោធន៍ដាំដំណាំត្រប់ស្រួយជាច្រើនឆ្នាំនៅខេត្តកំពង់ចាម លោក សុខខេង បានប្រាប់ឡារ៉ែនថា លោកបានដាំត្រប់ស្រួយ​លើដីប្រមាណ 2ហិកតា ដែលអាចប្រមូលផលបានចន្លោះពី 300 ទៅ 400គីឡូក្រាមក្នុងមួយខែ បើគិតជាប្រាក់គឺអាចទទួលបានប្រហែលពី 7 ទៅ 8លានរៀល។

    វិធីសាស្ត្រដាំ ដំបូងឡើយយើងត្រូវសម្រាំងយកគ្រាប់ពូជណាដែលសុទ្ធល្អដើម្បីដាំ ព្រោះកាលណាពូជសុទ្ធយើងនឹងទទួលបានផលល្អ ហើយក៏ងាយលក់ទៅទីផ្សារដែរ។ បន្ទាប់មកទៀតយើងត្រូវយកគ្រាប់នោះមកត្រាំទឹកប្រហែលជា 2ម៉ោង ទើបចងវេចខ្ចប់​ដើម្បីយកមកត្រាំផ្អាប់ក្នុងទឹកត្រជាក់ ឬទឹកកកប្រមាណ 3 ទៅ4ថ្ងៃបន្ថែមទៀត ដើម្បីតាមដានឱ្យដឹងថាគ្រាប់ណាខ្លះដុះ និងគ្រាប់ណាខ្លះមិនដុះ។

    បន្ទាប់ពីរៀបចំតាមលំដាប់លំដោយរួចរាល់ហើយ យើងត្រូវ​ជ្រើសរើសយកគ្រាប់ដែលមានពន្លកមកដាំលើដីដែលបានរៀបចំតាមបច្ចេកទេស ដោយដីត្រូវឆូតជារងទាបៗដែលមានទទឹងប្រហែលជាងកន្លះម៉ែត្រ និងគ្របកៅស៊ូ​ដែលចោះប្រហោងរួចជាស្រេចដើម្បីការពារមេរោគពីខាងក្រៅ។ ចំពោះការដាំគឺត្រូវដាក់កូនត្រប់ឃ្លាតពីគ្នាប្រវែង 1ម៉ែត្រពីគ្នា ដើម្បីឱ្យវាមានទីលានដើម្បីលូតលាស់មិនប៉ះគ្នា។ បន្ទាប់មកទៀតយើងគ្រាន់តែមើលថែទាំស្រោចទឹក និងដាក់ជីធម្មជាតិវានឹងរីកលូតលាស់រហូតចេញផ្លែ។ ក្រោយពេលត្រប់ចេញផ្លែ យើងអាចប្រមូលផលបានរហូតដល់ទៅ 3ខែ ដោយរយៈពេលមួយអាទិត្យយើងអាចបេះវាបានពី 2 ទៅ 3ដង ទៅតាមស្ថានភាពដើមនីមួយៗដែលមានផ្លែតិច ឬច្រើនតែប៉ុណ្ណោះ។ សម្រាប់អ្នកនៅទីក្រុង អាចសាកល្បងដាំក្នុងផើង ឬនៅទីតាំងសមរម្យណាមួយមុខផ្ទះក៏អាចទទួលបានផលគួរសមសម្រាប់ទទួលទានដោយសុវត្ថិភាព៕

  • វេសឡាញ បញ្ចុះតម្លៃសិក្សា 30% ដើម្បីសម្រាលបន្ទុកដល់អាណាព្យាបាល និងបង្កើនគុណភាពសិក្សាអនឡាញ

    វេសឡាញ បញ្ចុះតម្លៃសិក្សា 30% ដើម្បីសម្រាលបន្ទុកដល់អាណាព្យាបាល និងបង្កើនគុណភាពសិក្សាអនឡាញ

    ក្នុងដំណាក់កាល​ដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ Covid-19 នេះ គ្រប់ប្រទេសទាំងអស់សុទ្ធតែឆ្លងកាត់ការលំបាកទាំងអស់​ ជាពិសេស​បញ្ហាហិរញ្ញវត្ថុ ដោយក្នុងនោះ​កម្ពុជាក៏ត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរ។ ដើម្បីសម្រាលបន្ទុកដល់អាណាព្យាបាល វេសឡាញនឹងបញ្ចុះតម្លៃសិក្សា ៣០% សម្រាប់វគ្គសិក្សាថ្មីថ្ងៃទី១១ ខែឧសភាសខាងមុខនេះ និងបង្កើនគុណភាពសិក្សាអនឡាញ ។

    លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ ប្រជាពលរដ្ឋគ្រប់គ្នាសុទ្ធតែ​ទទួលរងនូវផលប៉ះពាល់​សេដ្ឋកិច្ច ដោយក្នុងនោះរួមទាំងបុគ្គលិក គ្រូបង្រៀន និងអ្នកអាណាព្យាបាលសិស្សផងដែរ។ យើងទាំងអស់គ្នាសុទ្ធតែមាន​ក្រុមគ្រួសារ​ និងកាតព្វកិច្ច​ចំណាយត្រូវរ៉ាប់រង ចំណែកឯសាលារៀន​ក៏ត្រូវប្រើប្រាស់ថ្លៃ​សិក្សាសិស្សដែលនៅសល់ និងកម្ចីបន្ថែមពីធនាគារសម្រាប់រ៉ាប់រងចំណាយបៀវត្សគ្រូ បុគ្គលិកសិក្សា ការវិនិយោគ​ និងការចំណាយលើការផលិតមេរៀនអនឡាញជាដើម។ បន្ថែមពីលើនេះយើងក៏ត្រូវការចំណាយលើការទិញ​ឧបករណ៍សម្រាប់ថត និងផ្សាយខ្លឹមសារមេរៀន ការចំណាយថ្លៃអគារ ថ្លៃភ្លើង ចំណាយរដ្ឋបាលបន្ទាប់បន្សំ និងការប្រាក់ធនាគារផងដែរ។ វាជាស្ថានភាពលំបាកទាំងអស់គ្នាដែលត្រូវការការសហការ ការយល់ពីគ្នាទៅវិញទៅមក​ខ្ពស់ដើម្បីយើងអាចឆ្លងផុតវិបត្តិនេះទាំងអស់គ្នា ជាពិសេស​គឺដើម្បីបន្តធានា​គុណភាព និងស្ថិរភាព​សិក្សារបស់សិស្សទាំងអស់គ្នា។

    លោក ប៉ិច បូឡែន បាននិយាយថា៖ «​ក្នុងស្ថានភាពលំបាកនេះ យើងពិតជាត្រូវជួយគ្នាខ្លាំងណាស់។ សាលារៀនបានសម្រេចចិត្តលែងគិតប្រាក់ចំណេញអំឡុងពេលលំបាកនេះ ដោយយើងបានកាត់បន្ថយចំណាយ​ដែលមិនចាំបាច់ទាំងអស់ ទុក​តែចំណាយថែទាំអគារតិចតួច និងចំណាយសម្រាប់បង្រៀនអនឡាញប៉ុនណោះ។ ក្នុងដំណាក់កាលលំបាកនេះ យើងបានសុំការបញ្ចុះថ្លៃជួលទីតាំងខ្លះ ហើយបុគ្គលិកគ្រូបង្រៀនទាំងអស់​ក៏ត្រូវបានសុំការយោគយល់បន្ថយបៀវត្សន៍​ និងប្រាក់ឈ្នួលប្រចាំខែផងដែរ។ សាលារៀន និងបុគ្គលិកធ្វើបែបនេះ​ក្នុងគោលបំណងធំមួយ​គឺអាចមានលទ្ធភាពបញ្ចុះតម្លៃ 30% ដើម្បីជួយ​សម្រួល​បន្ទុកចំណាយ​ជូនសិស្សានុសិស្ស និងអាណាព្យាបាល​ទាំងអស់ក្នុងស្ថានភាពលំបាក​នេះ ជាពិសេស​គឺការលៃលក និងប្រឹងប្រែងបន្តបង្រៀន​សិស្សជាទីស្រឡាញ់របស់យើងក្នុងកម្រិតគុណភាពខ្ពស់មួយក្នុងស្ថានភាព​ Covid-19 នេះ»។

    អ្នកដឹកនាំគ្រឹះស្ថានអប់រំខាងលើបានបញ្ជាក់បន្ថែមទៀតថា ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ​ យើងនៅតែគិតគូរពីគុណតម្លៃ និងគុណភាពសិក្សាសម្រាប់សិស្សានុសិស្សរបស់យើង។ ចំណូល​ដែលនៅសេសសល់ប៉ុន្មាន គឺយើងព្យាយាមធ្វើយ៉ាងណា ដើម្បីឱ្យចំណាយទទួលបានគុណភាពខ្ពស់បំផុត ដោយយើងលើកទឹកចិត្តគ្រូបង្រៀនដែលក្រាញននាលលើសមរភូមិ​បង្រៀនអនឡាញនេះប្រកបដោយការយកចិត្តទុកដាក់។ នៅក្នុងស្ថានភាពនេះ មនុស្សជាច្រើនយល់ថាការងាររបស់គ្រូបង្រៀន និងបុគ្គលិកប្រហែលជាមានតិចជាងមុន តែស្ថានភាពជាក់ស្តែងគឺគ្រូបង្រៀន និងបុគ្គលិកត្រូវធ្វើការច្រើនជាងមុន​ ព្រោះគាត់ត្រូវស្រាវជ្រាវឯកសារផង ថតមេរៀនជាវីដេអូផង ឆ្លើយសំណួរសិស្ស និងអ្នកអាណាព្យាបាលសិស្សគ្រប់ពេលផង និង​ត្រូវព្យាយាម​បង្រៀនច្រើនលើកច្រើនសារទៅតាមក្រុមតូចៗ និងបត់បែនទៅតាមពេលវេលាទំនេររបស់សិស្ស និងអ្នកអាណាព្យាបាលផង។ ពួកគាត់ត្រូវធ្វើការងារទាំងព្រឹក រសៀល​ ល្ងាច និងចុងសប្តាហ៍ ដោយទទួលបានប្រាក់កម្រៃមធ្យម សម្រាប់ទ្រទ្រង់ជីវភាពក្រុមគ្រួសារ និងកាតព្វកិច្ចហិរញ្ញវត្ថុ​ជាច្រើនផ្សេងទៀត។ ហេតុនេះហើយទើបយើងពិតជាមិនអាចបន្ទាបតម្លៃបន្ថែមទៀតបាននោះទេ ព្រោះវាអាចនឹងប៉ះពាល់បន្តគ្នាទៅដល់បៀវត្ស​ ប្រាក់ឈ្នួល និងជីវភាពរបស់គ្រូបង្រៀន និងបុគ្គលិកដែលគាត់ខិតខំប្រឹងប្រែងបង្រៀន​កូនៗរបស់យើងទាំងអស់គ្នា។

    លោកបានបញ្ជាក់ផងដែរថា សាលារៀន គណនាយក បុគ្គលិក​ គ្រូបង្រៀនរបស់យើងបានខិតខំប្រឹងប្រែងបន្តគិត និងព្យាយាមឱ្យអស់ពីលទ្ធភាព សមត្ថភាព និងធនធាន​ដែលមាននៅសល់ទាំងប៉ុន្មាន​ ដើម្បីបន្តបង្រៀន​តាមអនឡាញជូនកូនៗរបស់យើង។ ក្នុងដំណាក់កាលនេះសាលាបានធ្វើសកម្មភាពជាច្រើនដើម្បី​រៀចចំបន្ថែមជូនសិស្ស និងអ្នកអាណាព្យាបាលទាំងអស់ដោយយើងបានផលិតវីដេអូបង្រៀនប្រមាណជាង 1,500បន្ថែមទៀត​សម្រាប់បង្រៀនសិស្ស។ ក្រៅពីនេះក៏មានផ្តល់ជូន​នូវវេទិកាសិក្សាអនឡាញថ្មីមួយចាប់ពីខែឧសភាតទៅ សម្រាប់សិស្សរៀនតាមវីដេអូ មើលមេរៀន និងប្រឡងអនឡាញជាដើម។ យើងក៏បានដាក់ឱ្យដំណើរការ​ប្រព័ន្ធគ្រប់គ្រង​ទំនាក់ទំនងសាលារៀននៅចុងខែឧសភា ឆ្នាំ2020នេះ។ លើសពីនេះទៅទៀត យើងបាន​បង្កើនកម្មវិធីអប់រំតាមទូរទស្សន៍​អនឡាញ ដោយមានកម្មវិធីអប់រំ ប្រឹក្សាយោបល់ និងកម្សាន្តជាច្រើនសម្រាប់សិស្សានុសិស្សរបស់យើងដែលកំពុងនៅផ្ទះផងដែរ។ ទន្ទឹមនឹងនេះដែរ វេសឡាញបានដាក់ឱ្យដំណើរការកម្មវិធីបង្រៀនដោយមានកាលវិភាគសិក្សា ម៉ោងចូល ម៉ោងចេញ ការតាមដាន​វត្តមាន និងស្រង់ពិន្ទុជាក់លាក់​កដូចជាការរៀននៅក្នុងសាលាដែរ ដើម្បីធានាពីគុណភាពក្នុងការអប់រំ។ យើងក៏បាន​រៀបចំកញ្ចប់​សម្ភារសិក្សា និងឧបករណ៍​កម្សាន្តបែបអប់រំជូនកុមារតូច និងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល​ និងពិគ្រោះយោបល់ការងារ និងអាជីវកម្មជូនអ្នកអាណាព្យាបាលដោយឥតគិតថ្លៃ ដើម្បីជាការឆ្លើយតបជាមួយនឹងតម្រូវការជាក់ស្តែងទាំងសិស្ស និងអ្នកអាណាព្យាបាល។ ស្របជាមួយគ្នានេះដែរយើង​បានបង្កើតវេទិកាលក់ដូរអេឡិចត្រូនិចមួយសម្រាប់ស្តា និងជំរុញ​មុខរបរមាតាបិតាសិស្សឱ្យបានប្រើសើរឡើងមួយកម្រិត និងបន្តគិតគូរពីយន្តការនានាបន្ថែមទៀតដើម្បីធានាឱ្យ​បាននូវការអប់រំពេញលេញមួយសម្រាប់សិស្ស និងអ្នកអាណាព្យាបាល។

    ទន្ទឹមនឹងនេះលោក ប៉ិច បូឡែន ក៏បានសំណូមពរផងដែរឱ្យអាណាព្យាបាលសិស្សទាំងអស់សូម​ជួយសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយនឹងសាលារៀននៅក្នុងការគាំទ្រការសិក្សាតាមអនឡាញ របស់បុត្រធីតា តាមរយៈការប្រាស្រ័យទាក់ទងមកសាលារៀនដើម្បីស្វែងយល់ពីបច្ចេកវិទ្យាក្នុងការអប់រំ និងកម្មវិធីសិក្សាអនឡាញ ក៏ដូចជាមាតិកាអនឡាញនានា។ សូមអាណាព្យាបាលភ្ជាប់ទំនាក់ទំនងល្អជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាឱ្យបានជិតស្និទ្ធបំផុតព្រោះស្ថានភាព Covid-19 ជារឿងបណ្តោះអាសន្ន​ តែបច្ចេកវិទ្យាក្នុងការសិក្សាអនឡាញជារឿងអនាគត ខណៈទំនាក់ទំនងរវាងគ្រូបង្រៀន សាលារៀន និងអាណាព្យាបាលជារឿងអចិន្ត្រៃយ៍សម្រាប់ការអប់រំបុត្រ បុត្រធិតារបស់យើងទាំងអស់គ្នា៕

  • ល្អសម្រាប់អ្នកទីក្រុង ឬអ្នកគ្មានដីធំ! ដាំបន្លែលើទឹកមិនព្រួយពីការស្រោចទឹក មេរោគ និងបានបន្លែធម្មជាតិយ៉ាងស្រស់បំព្រងក្នុងផ្ទះ

    ល្អសម្រាប់អ្នកទីក្រុង ឬអ្នកគ្មានដីធំ! ដាំបន្លែលើទឹកមិនព្រួយពីការស្រោចទឹក មេរោគ និងបានបន្លែធម្មជាតិយ៉ាងស្រស់បំព្រងក្នុងផ្ទះ

    ប​ច្ចុប្បន្ននេះ ប្រជាជននៅទីប្រជុំជនចាប់ផ្តើមមើលឃើញពីតម្លៃនៃការដាំដុះ ផលដំណាំផ្ទាល់ខ្លួន និងស្វែងរកអាហារសុវត្ថិភាពសម្រាប់ទទួលទានក្នុងគ្រួសារ តែអ្វីដែលបញ្ហាគឺអ្នកទីក្រុងជាគ្មានទីតាំងធំសម្រាប់ធ្វើជាសួនដំណាំដូចនៅតំបន់ជនបទនោះទេ។

    ពាក់ព័ន្ធនឹងបញ្ហានេះ កសិករដែលបានដាំបន្លែលើទឹកនៅក្នុងខេត្តបាត់ដំបង លោក ស៊ឺនហាច បានណែនាំឱ្យ​អ្នកដែលស្រឡាញ់ដំណាំសាកល្បងច្នៃទីតាំងតូចៗដែលមាននៅក្នុងផ្ទះដើម្បី​ដាំដំណាំលើទឹក ឬដាំដំណាំក្នុងបំពង់ទីបវិញម្តង។ ការដាំដំណាំលើទឹកនេះជាបច្ចេកទេសថ្មីដែលមិនត្រូវការទីតាំងធំ មិនចាំបាច់ត្រូវបារម្ភពីមេរោគនៅក្នុងដី មិនភ័យរឿងសត្វល្អិតបំផ្លាញ និងមិនចាំបាច់បារម្ភពីការស្រោចទឹកនោះទេ។ អ្នកដាំគ្រាន់តែត្រូវការថែទាំឱ្យត្រូវពន្លឺឱ្យបានគ្រប់គ្រាន់ និងជ្រើសរើសគ្រាប់ពូជឱ្យបានល្អជាការស្រេច។

    ជាបច្ចេកទេសដាំ ដំបូងឡើយយើងគួរជ្រើសរើសពូជដែលអាចដាំលើទឹកល្អដូចជាស្ពៃ សាឡាដ​ ខាត់ណា ផ្កាស្ពៃ ឬបន្លែបៃតងមួយចំនួនទៀត។ បន្ទាប់មក​យើងយកគ្រាប់ពូជដែលទិញពីផ្សារ មកបណ្តុះជាមួយអេប៉ុងរយៈពេល 2យប់2ថ្ងៃ ឬ3យប់3ថ្ងៃទៅតាម​ប្រភេទដំណាំ មុននឹង​ដាក់វាឱ្យត្រូវពន្លឺថ្ងៃល្មមក្នុងរយៈពេលមួយសប្តាហ៍មុននឹងដាក់ដាំនៅក្នុងបំពង់ទុយោទឹក។ នៅក្នុងបំពង់ទុយោនោះអ្នកដាំគួរចោះវាឱ្យមានចន្លោះពី 15ទៅ 30សង់ទីម៉ែត្រ ដើម្បីឱ្យដើមរុក្ខជាតិដែលយើងបានបណ្តុះមានចន្លោះលូតលាស់ល្អមិនចង្អៀតពេក។

    បន្ថែមពីលើនេះ យើងអាចបញ្ចូលជីប្រភេទ AB នៅក្នុងទឹកដែលដាក់នៅក្នុងទុយោទឹក ហើយបូម បង្ហូរទឹកដែលនៅក្នុងទុយោនោះឱ្យវឹលចុះឡើងរហូត ដើម្បីកុំឱ្យទឹកឡើងកម្តៅជាមួយនឹងពន្លឺថ្ងៃខ្លាំង។ ក្រោយពេលដាក់ដាំ និងមើលថែទាំអស់រយៈពេលប្រមាណ 40 ទៅ 45ថ្ងៃស្ពៃអាចនឹងប្រមូលផលបានហើយ តែប្រសិនបើប្រភេទដណាំខាត់ណាវិញគឺអាចប្រមូលបានត្រឹមរយៈពេល 20 ទៅ 25ថ្ងៃប៉ុណ្ណោះ។

    អ្នកនៅតំបន់ប្រជុំជនអាចសាកល្បងវិធីសាស្ត្រដាំដំណាំបែបនេះនៅក្នុងលើដំបូលផ្ទះ ឬទីតាំងណាដែលមានពន្លឺគ្រប់គ្រាន់ ដើម្បីទទួលបានអាហារធម្មជាតិគ្មានជាតិគីមីផង និងដើម្បីជាការសម្រាកកម្សាន្តលម្ហែក្រោយមមាញឹកជាមួយនឹងការធ្វើការ ឬរកស៊ីផង៕

  • អ្នកវិភាគថា សាលារៀនឯកជនអាចបញ្ចុះថ្លៃបានខ្លះ តែមិនអាចធ្វើបានច្រើនភ្លាមៗនោះទេ

    អ្នកវិភាគថា សាលារៀនឯកជនអាចបញ្ចុះថ្លៃបានខ្លះ តែមិនអាចធ្វើបានច្រើនភ្លាមៗនោះទេ

    រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការតវ៉ាមួយចំនួនពីអាណាព្យាបាលសិស្សដែលមានកូនសិក្សានៅសាលាអន្តរជាតិថ្លៃៗមួយចំនួន ក្នុងគោលបំណងសុំបញ្ចុះថ្លៃសិក្សាកូននៅពេលដែលពិភពលោក ក៏ដូចជាកម្ពុជាត្រូវប្រឈមជាមួយនឹងបញ្ហា​ហិរញ្ញវត្ថុដែលកើតឡើងដោយវិបត្តិនៃជំងឺ Covid-19។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ច បានបញ្ហាញការយល់ឃើញរបស់លោកក្នុងបណ្តាញសង្គមថា សាលារៀនអាចនឹងបញ្ចុះថ្លៃសិក្សាដល់សិស្សបានខ្លះប្រសិនបើគាត់ព្យាយាមកាត់បន្ថយការចំណាយក្នុងរយៈពេលវែង តែក្នុងរយៈពេលខ្លី សាលាទំនងជាមិនអាចធ្វើបាននោះទេ។

    លោក ចាន់ សុផល បានសរសេរថា តាមការយល់ឃើញរបស់លោក ម្ចាស់សាលារៀន​គួរតែពន្យល់​មាតាបិតារបស់សិស្សានុសិស្សឱ្យបានច្បាស់លាស់​ និងទន់ភ្លន់។ មុខចំណាយខ្លះសាលាអាចសន្សំបាន រីឯមុខចំណាយខ្លះសន្សំមិនបាននោះទេ ហើយចំណាយលើអ៊ីនធើណិត​អាចនឹងកើនឡើងក្នុងរយៈពេលខ្លីនេះ។

    លោកថា មុខចំណាយដែលអាចសន្សំបានមានដូចជាថ្លៃ​អគ្គិសនី ថ្លៃទឹក ថ្លៃជួលរថយន្តដឹកសិស្ស ឬថ្លៃប្រេងឥន្ធនៈរថយន្ត រួមទាំងថ្លៃអាហារសម្រាប់សិស្សបានជាវនៅសាលាជាដើម តែមុខចំណាយដែលមិនអាចសន្សំបានក្នុងរយៈពេលខ្លីមានដូចជាថ្លៃឈ្នួលអគារ ប្រាក់ឈ្នួលគ្រូបង្រៀន និងបុគ្គលិក ការចំណាយ​លើកម្មវិធីសិក្សាអន្តរជាតិ (ប្រសិនបើមាន) និងការបង់ប្រាក់សម្រាប់ទុនវិនិយោគ។ បន្ថែមពីលើនេះ មុខចំណាយដែលត្រូវបង្កើននៅពេលនេះ គឺថ្លៃប្រើប្រាស់អ៊ីនធើណិត និងកម្មវិធី Zoom ជាដើម។

    អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលវែង សាលាអាចកាត់បន្ថយបុគ្គលិក ជំនួយការគ្រូបង្រៀន អ្នកបើកបរ កម្មករ និង​ការជួលអគារប្រសិនបើសាលាបន្តការបង្រៀនអនឡាញ។ ការធ្វើដូចនេះ​នឹងធ្វើឱ្យសាលាអាចកាត់បន្ថយថ្លៃសិក្សាបាន ក៏ប៉ុន្តែ​នៅក្នុងរយៈពេលខ្លី សាលាមិនអាចធ្វើដូចនេះបានទេ។ នេះបើតាមការយល់ឃើញរបស់លោក៕

  • អូស្ត្រាលី​បង្កើន​ការ​ផលិត​មាស​ប្រភេទ​1គីឡូក្រាម​ ដើម្បី​ដោះ​ស្រាយ​ “ការ​ស្រេកឃ្លាន​” នៅ​សហរដ្ឋ​អាមេរិក

    អូស្ត្រាលី​បង្កើន​ការ​ផលិត​មាស​ប្រភេទ​1គីឡូក្រាម​ ដើម្បី​ដោះ​ស្រាយ​ “ការ​ស្រេកឃ្លាន​” នៅ​សហរដ្ឋ​អាមេរិក

    រោង​ចក្រ​ចម្រាញ់​មាស​ធំជាង​គេ​របស់​ប្រទេស​អូស្ត្រាលី Perth Mint បាន​ចាប់​ផ្ដើម​បង្កើន​ផលិត​កម្ម​របស់​ខ្លួន ដោយ​ផ្ដោត​ទៅលើ​មាស​ប្រភេទ​បន្ទះ​ក្រាស់​ដែល​មាន​ទម្ងន់​1កីឡូក្រាម ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្គត់​ផ្គង់​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​។

    តាម​ធម្មតា យន្តហោះ​ដឹក​អ្នក​ដំណើរ តែង​តែ​ត្រូវ​បាន​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​ផលិត​ផល​ធ្វើ​អំពី​មាស ប៉ុន្តែការ​ដួល​រលំនៃ​វិស័យ​អាកាស​ចរណ៍​ និង​អាក់​ខាន​​ដោយ​សារ​វិបត្តិ​សុខភាព​​ COVID-19​ បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផ្គត់​ផ្គង់​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ ដុំ​មាស​ប្រភេទ​ទម្ងន់​1គីឡូក្រាម​​ តែង​ត្រូវ​បាន​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​កិច្ចសន្យា​ ឬ​កិច្ច​ព្រម​ព្រៀងអនាគត​របស់​ Comex។

    COMEX គឺ​ជា​ទី​ផ្សារ​អនាគត​ ដែល​ជា​កន្លែង​ជួញដូរ​ផលិត​ផល​លោហធាតុ ដូចជា មាស ប្រាក់ ស្ពាន់​ និង​អាលុយ​មីញ៉ូម​។ កន្លង​មក COMEX ត្រូវ​បាន​គេ​ហៅ​ថា​ជា​ក្រុម​ហ៊ុន​ជួញ​ដូរ​ផលិត​ផល​ COMEX ក្រោយ​ពី​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុម​ហ៊ុន New York Mercantile Exchange នាឆ្នាំ​1994 ហើយ​ក៏បាន​ក្លាយជា​ផ្នែក​មួយដែល​ទទួល​បន្ទុក​ក្នុង​ការ​ជួញ​ដូរ​ផ្នែក​លោហ​ធាតុ​​មាន​តម្លៃ​។

    Richard Hayes ដែល​ជា​នាយក​ប្រតិបត្តិ​របស់ Perth Mint បាន​ឱ្យ​ដឹង​ថា “បច្ចុប្បន្ន យើង​ខ្ញុំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​ផលិត​មាស​ប្រភេទ​បន្ទះ​ក្រាស់​ទម្ងន់​1គីឡូក្រាម​ ឱ្យ​បាន​ច្រើន​តាម​ដែលអាច​ធ្វើ​ទៅ​បាន​។ យើង​ប្រហែល​ជា​អាច​ផលិត​បាន​7តោន​កន្លះ​ក្នុង​1សប្ដាហ៍​ ហើយ​យើង​នឹង​លក់​វា​ទាំង​អស់​ដោយ​ងាយ​នៅ​ក្នុង​ខែ​ឧសភា​​ខាង​មុខ​។ ភាគ​ច្រើន​លើស​លុប​នៃ​ផលិត​ផល​មាស​ដែល​នឹង​ត្រូវ​បាន​ផលិត​នេះ គឺ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ទីផ្សារ​ COMEX”។

    នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​នៃ​ខែ​មីនាដែល​ទីផ្សារ​មាស​ត្រូវ​ច្របូល​ច្របល់ ថ្លៃ​ឈ្នួល​​ធានា​រ៉ាប់​រង​អនាគត​មាស​របស់ New York ធៀប​នឹង​តម្លៃ​ផ្គត់​ផ្គង់​ភ្លាម​ៗ​នៅ​ទីក្រុង​ឡុងដ៍ បាន​កើន​លើស​70​ដុល្លារ​ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​អំឡុង​4​ទសវត្សរ៍​កន្លង​មក​នេះ​។ បន្ទាប់​មក​ ការ​ឡើង​ថ្លៃ​នេះ​ក៏បាន​រាល​ដាល​ទៅក្នុង​ទី​ផ្សារ​ផ្សេង​ៗ ហើយ​ក្រោយ​មក​តម្លៃ​របស់​វា​ក៏បាន​​ចុះ​មក​នៅ​ត្រឹម​21​ដុល្លារ​។

    រោង​ចក្រផលិត​មាស​ Perth Mint ជាកន្លែង​ដែល​បាន​បើក​ដំណើរ​ការ​ចង្វាក់​ផលិត​កម្មមួយ​ផ្នែក​ឡើង​វិញ​​​ដើម្បីផលិត​មាស​ប្រភេទ​បន្ទះ​ក្រាស់​ទម្ងន់​1គីឡូក្រាម​សម្រាប់​ទប់​ទល់​នឹង​វិបត្តិនៃ​​ប្រភព​ផ្គត់​ផ្គង់ បាន​ព្យាករ​ថា តម្រូវ​ការ​មាស​បច្ចុប្បន្ន គ្រាន់​តែ​ជា​បញ្ហា​ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

    វិបត្តិ​សុខភាព​បច្ចុប្បន្ន បាន​នាំ​មក​នូវ​ការ​ងារ​ច្រើន​សម្រាប់​រោង​ចក្រ​ចម្រាញ់​មាស​ ក្នុង​ការ​ស្វែង​រក​ប្រភព​វត្ថុ​ធាតុ​ដើម​បន្ថែម​ពី​អ្នក​ផ្គត់ផ្គង់​នៅ​អូស្ត្រាលី​ និង​បណ្ដា​ប្រទេស​ជិត​ខាង​ ដែល​ក្នុងនោះ​ក៏មាន Papua New Guinea​ ផង​ដែរ​។

    Hayes បាន​ឱ្យ​ដឹង​ថា “ក្រុម​ហ៊ុន​ផលិត​មាស Perth Mint បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ថ្មី​ជាមួយ​នឹង​បណ្ដា​ក្រុម​អ្នក​ផលិត និង​ធ្វើ​សកម្ម​ភាព​ទាក់​ទិន​នឹង​មាស​ក្នុង​រយៈ​ពេល​12​ខែ​កន្លង​មក ដើម្បី​ជួយ​ចាត់​ចែង​វត្ថុ​ធាតុ​ដែល​ពួក​គេ​រុករក​បាន​។ ចាប់​តាំង​ពី​បណ្ដាញ​ផ្គង់​ផ្គង់​បាន​អាក់ខានដោយ​សារ​ COVID-19 បណ្ដា​ក្រុម​ហ៊ុន​រុករករែ​ទូទាំង​ពិភពលោក បាន​ស្វែង​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​បណ្ដា​រោង​ចាក់​ចម្រាញ់​មាស​​”។

    Hayes ថ្លែង​ថា បច្ចុប្បន្នតម្រូវ​ការ​ទិញ​ និង​លក់​រាយ​​ផ្នែក​លោហ​ធាតុ​មាន​តម្លៃ​នៅ​អាមេរិក​ និង​អឺរ៉ុប មានការ​កើន​ឡើង។ Hayes បន្ត​ថា “ចំពោះ​រាល់​លោហ​ធាតុ​ដែល​យើង​រក​បាន​ ដូច​ជា​មាស ឬ​ប្រាក់ យើង​អាច​លក់​បាន​យ៉ាង​ឆាប់​រហ័ស​។ ខ្ញុំ​យល់​ថា តម្រូវ​ការ​ខ្លាំង​ក្លា​នោះនឹង​អូស​បន្លាយ​យូរ​បន្តិច​ ព្រោះ​អ្នក​រាល់​គ្នា​ មាន​ការ​ភ័យ​ខ្លាច​ពេក​នៅចំពោះ​មុខ​សោក​នាដ​កម្ម​ COVID-19នេះ​”៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ម៉ាឡេស៊ី កំពុងបញ្ចុះបញ្ចូលកីឡាករជម្រើសជាតិបែលហ្ស៊ិកម្នាក់ ឱ្យចូលជម្រើសជាតិខ្លួន

    ម៉ាឡេស៊ី កំពុងបញ្ចុះបញ្ចូលកីឡាករជម្រើសជាតិបែលហ្ស៊ិកម្នាក់ ឱ្យចូលជម្រើសជាតិខ្លួន

    ក្រុមជម្រើសជាតិម៉ាឡេស៊ី មានគម្រោងអញ្ជើញកីឡាករកូនកាត់ម៉ាឡេស៊ី-បែលហ្ស៊ិកម្នាក់ឈ្មោះ Dion Johan Cools ឱ្យមកចូលរួមជាមួយក្រុមជម្រើសជាតិរបស់ខ្លួន ដែលនឹងលេងក្នុងពានរង្វាន់ AFF Suzuki Cup 2020 នៅចុងឆ្នាំនេះ។

    កីឡាកររូបនេះ ទោះជាមានឈាមជ័រជាជាតិសាសន៍ម៉ាឡេស៊ី តាមរយៈឪពុកជាជនជាតិម៉ាឡេ និងម្តាយជាជនជាតិបែលហ្ស៊ិកក្តី តែគេបានធំធាត់ និងលេងបាល់ទាត់អាជីពនៅប្រទេសបែលហ្ស៊ិក រហូតបានជាប់ជម្រើសជាតិបែលហ្ស៊ិក និង ធ្លាប់ទៅលេងនៅ World Cup ទៀតផង មិនតែប៉ុណ្ណោះ គេទើបតែទទួលបានកុងត្រា ទៅលេងនៅក្លិបដាណឺម៉ាក រយៈពេល 3ឆ្នាំ ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អ នៅក្នុងក្របខ័ណ្ឌលីកប្រទេសបែលហ្ស៊ិករបស់ខ្លួន។

    គួរបញ្ជាក់ដែរថា ក្នុងពេលដែលពិភពលោក កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-19 សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានឆ្លៀតយកឱកាសនេះទាក់ទង និងបញ្ចុះបញ្ចូលកីឡាករជម្រើសជាតិបែលហ្ស៊ិករូបនេះ ឱ្យមកមកលេងនៅក្នុងក្របខ័ណ្ឌរបស់ខ្លួនវិញ តែហាក់ដូចជាមិនទទួលបានផ្លែផ្កាអ្វីសោះ បើទោះបីជាខំផ្តល់សញ្ជាតិម៉ាឡេស៊ី មួយទៀតដល់កីឡាករខាងលើនេះហើយក៏ដោយ៕

  • កសិករបង្ហាញវិធីដាំស្លឹកខ្ទឹមឱ្យទទួលបានដើមថ្លោស និងស្រស់ល្អ

    កសិករបង្ហាញវិធីដាំស្លឹកខ្ទឹមឱ្យទទួលបានដើមថ្លោស និងស្រស់ល្អ

    ស្លឹកខ្ទឹមជាប្រភេទដំណាំដែលត្រូវជាមួយនឹងមុខម្ហូបច្រើនមុខ ព្រោះវាជាគ្រឿងផ្សំដែលមិនអាចខ្វះបានចំពោះសម្ល ឆា ឬទឹកជ្រលក់ជាដើម។ ក្រៅពីមានក្លិន និងរសជាតិឈ្ងុយឆ្ងាញ់ ស្លឹកខ្ទឹមក៏ផ្តល់ផលល្អដល់សុខភាពផងដែរ។ មិនថានៅជនបទ ឬនៅទីក្រុងនោះទេ ស្លឹកខ្ទឹមត្រូវបានគេដាំនៅតាមផ្ទះដើម្បីដកមកធ្វើម្ហូបប្រចាំថ្ងៃផង និងដើម្បីលម្អ ឬដាំដើម្បីកែអប្សុកនៅខាងក្នុងផ្ទះផង។

    បង្ហាញវិធីដាំស្លឹកខ្ទឹមឱ្យបានថ្លោស និងស្រស់ល្អ កសិករនៅខេត្តកណ្តាល លោក ភា បានបញ្ជាក់ថាដំណាំស្លឹកខ្ទឹមជាដំណាំមួយដែលមនុស្សគ្រប់គ្នាចូលចិត្តដាំ ព្រោះវាត្រូវជាមួយម្ហូបច្រើនមុខ ហើយប្រសិនបើវាបានផលល្អគឺបង្កើនសោភណ្ឌភាពស្រស់ស្អាតគួរឱ្យចង់ថែទាំថែមទៀតផង តែក្នុងចំណោមអ្នកដាំទាំងអស់ក៏មានអ្នកខ្លះមិនទទួលបានផលល្អដែរ។ ដើម្បីដាំស្លឹកខ្ទឹមឱ្យទទួលបានផលល្អ អ្នកដាំគួរយកចិត្តទុកដាក់ថែទាំតាមលំដាប់លំដោយ ទើបទទួលបានផលល្អ។

    ជាដំណាក់កាលដំបូង អ្នកដាំចាំបាច់ត្រូវស្វែងរកទីតាំងដីឱ្យបានសមរម្យសម្រាប់អ្នកនៅជនបទ និងអាចដាំក្នុងពីដុង ឬផើងជាដើមសម្រាប់អ្នកនៅទីក្រុង។ មុននឹងដាំត្រូវភ្ជួរដី ឬជ្រោយដីឱ្យបានផុសល្អ បន្ទាប់មកហាលដីចោលឱ្យបានពីរទៅបីថ្ងៃដើម្បីឱ្យងាប់មេរោគ និងកូនរុក្ខជាតិនានាដែលអាចរំខានដល់ការរីកលូតលាស់របស់ដើម និងស្លឹកខ្ទឹម។ បន្ទាប់ពីហាលដីបានល្អហើយ យើងអាចយកលាមកគោ ឬជីកំប៉ុសមកបាចហើយភ្ជួរលុប ឬត្រឡប់ឱ្យសព្វសាច់សម្រាប់អ្នកដាំជាលក្ខណៈតូចៗ មុននឹងលើករង ឬដាំ។

    បន្ទាប់ពីរៀបចំដីហើយ យើងគួរជ្រើសរើសពូជណាដែលល្អដើម្បីយកមកដាំ និងគ្របចំបើងពីលើគល់ដើម្បីឱ្យជក់ទឹកល្អនៅពេលស្រោចទឹក។ បន្ទាប់មកទៀត គឺត្រូវស្រោចទឹកជាប្រចាំឱ្យបានមួយថ្ងៃ 2ដង គឺព្រឹកម្តង និងល្ងាចម្តងជាប្រចាំឱ្យបានជាប់លាប់ ព្រមទាំងមូលថែទាំដកស្មៅ និងសម្លាប់សត្វល្អិតតាមបែបធម្មជាតិប្រសិនបើយើងឃើញថាមានសត្វមកស៊ីដំណាំរបស់យើង។
    ក្រោយការយកចិត្តទុកដាក់ថែទាំអស់រយៈពេល 40ថ្ងៃ យើងនឹងទទួលបានផលហើយ។

    ប្រសិនបើយើងដាំដុះច្រើនយើងនឹងអាចដកលក់បានចន្លោះពី 5 ទៅ 6តោន លើផ្ទះដៃប្រមាណកន្លះហិកតា តែប្រសិនបើយើងដាំជាលក្ខណៈគ្រួសារក៏អាចទទួលបានផលបានច្រើនគួរសមដែរ ដោយគ្រួសារខ្លះហូបមិនអស់អាចដកចែកគ្នាទទួលទានបានថែមទៀងផង៕

  • ក្លិបឈៀងម៉ៃ ចុះកុងត្រាយកអតីតកីឡាករជម្រើសជាតិថៃម្នាក់ ក្រោយធ្លាក់ខ្លួនយ៉ាងខ្លាំងដោយសារបំណុល

    ក្លិបឈៀងម៉ៃ ចុះកុងត្រាយកអតីតកីឡាករជម្រើសជាតិថៃម្នាក់ ក្រោយធ្លាក់ខ្លួនយ៉ាងខ្លាំងដោយសារបំណុល

    អតីតកីឡាករខ្សែបម្រើជម្រើសជាតិថៃ Sarawut Masuk ត្រូវបានក្លិបបាល់ទាត់ឈៀងម៉ៃ ក្លិបនៅលីកលំដាប់ទី2 របស់ថៃ ចុះកុងត្រាទទួលយក ក្រោយពីកីឡាកររូបនេះ ត្រូវបានគេរកឃើញវិញ ខណៈដែលបានបាត់ខ្លួនអស់ជាង 2ខែ ដោយសារតែរត់គេចពីបំណុល។

    ចំពោះមូលហេតុដែលធ្វើឱ្យកីឡាកររូបនេះ ធ្លាក់ខ្លួនពីកីឡាករកំពូលជម្រើសជាតិថៃ អស់ទ្រព្យសម្បត្តិដែលខិតខំរកបានពីអាជីពបាល់ទាត់អស់ជាង 60ម៉ឺនដុល្លា ថែមទាំងជំពាក់បំណុលគេវ័ណ្ឌក និងអាជីពបាល់ទាត់ត្រូវធ្លាក់ដល់ចំណុចសូន្យនេះគឺ ដោយសារតែបានលង់ខ្លួននឹងល្បែងភ្នាល់ខុសច្បាប់៕

    គួររំឭកដែរថា អតីតខ្សែប្រយុទ្ធ Sarawut Masuk ធ្លាប់លេងឱ្យក្លិបធំៗនៅក្នុងប្រទេស រួមមាន Muangthong United, Pathum United និង Nakhon Ratchasima ជាដើម៕