Category: សង្គម និងសេដ្ឋកិច្ច

  • ថៃ នឹងអវត្តមានកីឡាករឆ្នើម 4រូប នៅក្នុងពាន Suzuki Cup

    ថៃ នឹងអវត្តមានកីឡាករឆ្នើម 4រូប នៅក្នុងពាន Suzuki Cup

    ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 បានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2020 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 តាមរូបមន្តប្តូរទឹកដី និងលេង 2ជើង។

    ចំពោះថៃ ដែលជាក្រុមជើងឯក 5សម័យកាលនោះ នឹងត្រូវអវត្តមានកូនក្រុមចំនួន 4រូប គឺ Teerasil Dangda, Chanathip Songkrasin, Theerathon Bunmathan និង Kawin Thamsatchanan ព្រោះទាំង 4នាក់នោះ មានភារកិច្ចជួយក្រុមរបស់ខ្លួន បន្តការប្រកួតក្នុងក្របខ័ណ្ឌលីកកំពូលជប៉ុន ដែលមិនបានសម្រាកឡើយក្នុងអំឡុងពេលប្រកួតដណ្ដើមពាន Suzuki Cup។

    គួរបញ្ជាក់ដែរថា កីឡាករទាំង 4រូបនេះ គឺសុទ្ធសឹងតែជាគ្រាប់ពេជ្រនៃក្រុមបាល់ទាត់ជម្រើសជាតិថៃទាំងអស់ និងសុទ្ធតែជាកីឡាករឆ្នើមដែលធ្លាប់ជួយថៃ ឱ្យបានលើកពានរង្វាន់ AFF Suzuki Cup នេះជាច្រើនលើករួចមកហើយ៕

  • តាជីគីស្ថាន ប្រកាសបិទក្របខ័ណ្ឌលីកដែរហើយ តែមិនមែនដោយសារវិបត្តិមេរោគកូវីដ-19 ទេ

    តាជីគីស្ថាន ប្រកាសបិទក្របខ័ណ្ឌលីកដែរហើយ តែមិនមែនដោយសារវិបត្តិមេរោគកូវីដ-19 ទេ

    ក្របខ័ណ្ឌលីកកំពូលនៃប្រទេសតាជីគីស្ថាន បានបង្កភាពភ្ញាក់ផ្អើលទៅកាន់ពិភពលោក ដោយសារតែលីកបាល់ទាត់របស់ប្រទេសនេះ បានប្រកាសបិទក្នុងសប្តាហ៍នេះ ដោយសារតែមានមូលហេតុ ខុសពីប្រទេសដទៃ ក៏ដូចជាពិភពលោកទាំងមូលដែរ នោះគឺដោយសារតែប្រទេសនេះមានការរាតត្បាតយ៉ាងខ្លាំងពីជំងឺផ្តាសាយជ្រូកទៅវិញ។

    ចំពោះការផ្អាកនេះ ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសតាជីគីស្ថាន បញ្ជាក់ថា គឺជាការគោរពតាមបម្រាម របស់រដ្ឋាភិបាល ដើម្បីប្រឆាំងនឹងជំងឺផ្តាសាយជ្រូកដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ។

    គួរបញ្ជាក់ដែរថា ប្រទេសតាជីគីស្ថានបានបើកការប្រកួតក្របខ័ណ្ឌលីកជាផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី៤ ខែមេសា ខណៈដែលក្រុម Istiklol FC បានទទួលស្វាគមន៍ក្រុម Khujand ដោយគ្មានអ្នកគាំទ្រ៕

  • វីដេអូ​ដំបូង​បង្អស់​របស់​ YouTube និង​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​​នៅ​ពី​ក្រោយ​

    វីដេអូ​ដំបូង​បង្អស់​របស់​ YouTube និង​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​​នៅ​ពី​ក្រោយ​

    វីដេអូ​ដំបូង​គេ​បង្អស់​នៅ​លើ​ Youtube មាន​រយៈ​ពេល​​ត្រឹម​តែ18​វិនាទីប៉ុណ្ណោះ ប៉ុន្តែ នៅខាង​ក្រោយ​វីដេអូ​នេះ គឺជា​រឿង​រ៉ាវ​ដ៏អស្ចារ្យ​ដែល​នាំ​ឱ្យ​ Youtube ​ក្លាយ​ជា​បណ្ដាញ​សង្គម​ចែក​រំលែក​វីដេអូធំបំផុត​ក្នុង​ពិភពលោក​​នា​​បច្ចុប្បន្ន​។

    កាល​ពី​15ឆ្នាំមុន​ ពោល​គឺ​នៅ​ថ្ងៃទី​23​មេសា​ឆ្នាំ​2005 សហស្ថាបនិក​របស់​ Youtube គឺ​លោក​ Jawed Karim ដែល​ត្រូវ​បាន​គេ​ស្គាល់​​ថា​ជា​ម្ចាស់​គណនី​ “jawed” នៅ​លើ​ Youtube បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ដែល​មាន​រយៈ​ពេល​18​វិនាទី​ និង​មាន​ចំណង​ជើង​ថា “ខ្ញុំ​នៅ​ឯសួន​សត្វ” (Me at the zoo)។

    ខ្លឹមសារ​នៃ​វីដេអូ​នេះ គឺជា​ទិដ្ឋ​ភាព​ដែល​លោក Jawed Karim កំពុង​ឈរ​នៅ​ក្នុង​សួន​សត្វ​ ដោយ​មាន​ទ្រុង​ និង​សត្វ​ដំរី​ជា​ច្រើន​ក្បាល​នៅ​ខាង​ក្រោយ​។ លោក Jawed Karim ចាប់​ផ្ដើមដោយ​ការ​​និយាយ​ថា “បាន​ហើយ យើង​កំពុង​នៅ​ឯសួន​សត្វ នៅ​ខាង​មុខ​សត្វ​ដំរីជា​ច្រើន​ក្បាល​”។

    “ប្រការ​ដែល​អស្ចារ្យ​អំពី​បុរស​ទាំង​នេះ នោះ​គឺ​ពួកគេ​មាន​ភ្លុក​​យ៉ាង​វែង​ៗ” Karim បាន​បញ្ចប់​វីដេអូ​​របស់​ខ្លួន​ ដោយ​មិន​អាច​ធ្វើ​ឱ្យ​ខ្លី​ជាង​នេះ​បាន​។

    លោក Jawed Karim សហស្ថាបនិក​របស់​ Youtube
    លោក Jawed Karim សហស្ថាបនិក​របស់​ Youtube

    វី​ដេអូ​ដំបូង​គេ​បង្អស់នេះ មិន​បាន​ប្រើ​ពាក្យ​ពេចន៍​ដែល​ពួក​ YouTuber សព្វ​ថ្ងៃ​និយាយ​គ្រប់​ៗ​គ្នា​នោះ​ទេ​ ដូច​ជា​ឃ្លា “សូម​ជួយ​ចុច like បើ​សិន​ជា​អ្នក​ចូលចិត្ត​ខ្លឹម​សារ​នេះ​” ឬ​ថា “ដើម្បី​តាម​ដាន​វីដេអូ​ថ្មី​ៗ​បំផុត​របស់​យើង​ខ្ញុំ សូម​ចុច​subscribe និង​ចុច​រូប​កណ្ដឹង​​” ។ល។ វីដេអូ​នេះ​ក៏​មិនត្រូវ​បាន​​​បន្ថែម​-បន្ថយ​ពន្លឺ​ ឬ​ពណ៌​ ឬមួយ​កម្ម​វិធី​ទី​បី​ណា​មួយ​​ទាំង​អស់​​។ ទិដ្ឋ​ភាព​ទាំង​មូល​ត្រូវ​បាន​ថត​​យ៉ាង​សាមញ្ញ​ជា​ទី​បំផុត​ដោយ​កំលោះ​​ម្នាក់​ដែល​មិន​មាន​គេ​ស្គាល់​ច្រើន ហើយ​ក៏​មិន​មាន​គោល​បំណង​ច្បាស់​លាស់​។

    វីដេអូនេះ​ បើ​សិន​ជា​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន នោះ​ប្រហែល​ជា​ពិបាក​នឹង​ទាក់​ទាញ​មនុស្ស​ឱ្យ​ចូល​មើល​សូម្បី​ត្រឹម​​តែ​​100​លើក​​។ ក៏ប៉ុន្តែ​ ដោយ​សារ​តែ​ជា​វីដេអូ​ដំបូង​គេ​បង្អស់​នៅលើ​ Youtube វីដេអូ​នេះ​បាន​ទាក់ទាញ​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​93​លាន​លើក​ និង​ការ​ចុច​ “like” ជាង​3លាន​លើក​ផងដែរ​​។

    ការ​ចាប់​ផ្ដើម​របស់​បណ្ដាញ​សង្គម​ “យក្ស” ​ក្នុង​ពិភពលោក

    Jawed Karim កើត​ឆ្នាំ​1979 ​និង​ធំឡើង​នៅ​ប្រទេស​អាល្លឺម៉ង់ តែ​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្រួ​សារ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​​​កាល​ពី​ឆ្នាំ​1992​។ បុរស​នេះ​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យា​ល័យ​ Central ហើយក៏បាន​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ Illinois។

    ​វីដេអូ​ដំបូង​បង្អស់​របស់​ YouTube និង​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​​នៅ​ពី​ក្រោយ
    លោក Karim ជាមួយ​នឹង​លោក Chad Hurley និង​លោក Steve Chen

    Karim បាន​ចាក​ចោល​សាលា​រៀន​នៅ​មុន​ពេល​បញ្ចប់​ការ​សិក្សា ដើម្បី​ក្លាយ​ជា​បុគ្គលិក​របស់​ក្រុម​ហ៊ុន PayPal ប៉ុន្តែ ក្រោយ​មក​គាត់​ក៏បាន​បន្ត​ការ​សិក្សា​រហូត​បាន​ទទួល​សញ្ញា​បត្រ​ផ្នែក​វិទ្យា​សាស្ត្រ​កុំព្យូទ័រ​ក្នុង​ឆ្នាំ​2004។

    ក្នុង​អំឡុង​ធ្វើ​ការ​ឱ្យ​ Paypay លោក Karim ក៏បាន​ស្គាល់​ Chad Hurley និង​ Steve Chen។ អ្នក​ទាំង​3​ ក្រោយ​មក​ក៏​មាន​គំនិត​បង្កើត​គេហទំព័រ​ចែក​រំលែង​វីដេអូ​​ដែល​មាន​ឈ្មោះ​ថា Youtube នៅក្នុង​ឆ្នាំ​2005។

    គំនិត​ខាង​លើ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ Karim យល់​ថា មាន​ការ​លំបាក​ខ្លាំងក្នុងការ​ស្វែង​រក​ទិន្ន​ន័យ​នៅ​លើ​អ៊ីនធើណិត​​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សំខាន់​ៗ​ក្នុង​ពិភពលោក​ ដូច​ជា​​គ្រោះ​មហន្តរាយ​​រលក​យក្ស​នៅ​មហាសមុទ្រ​ឥណ្ឌា​​នា​ឆ្នាំ​2004 ឬ​ហេតុ​ការណ៍​លេច​សុដន់​របស់​កំពូល​តារា​ចម្រៀង​ Janet Jackson នៅ​លើ​ឆាក​តន្ត្រី​ជា​ដើម​។ល។

    Karim មាន​គំនិត​បង្កើត​គេហទំព័រ​ចែក​រំលែក​វីដេអូ ហើយ​ក៏បាន​យក​គំនិត​នេះ​ទៅ​ពិភាក្សា​ជា​មួយ Hurley និង​ Chen។ ពួកគេ​ក៏​បាន​រួម​ដៃ​គ្នា​ បង្កើត​គេហទំព័រ​ Youtube នេះ​ឡើង​។

    បន្ទាប់​ពី​ការ​បង្ហោះ​វីដេអូ​ដំបូង​ដែល​មាន​ចំណង​ជើង​ថា “Me at the zoo”​ ដូចដែល​បាន​លើក​ឡើង​ខាង​ដើម Youtube ក៏ចាប់​ផ្ដើម​ដំណើរ​ការ​កំណែ​សាក​ល្បង​នៅក្នុង​ខែឧសភា​ ឆ្នាំ​2005 ហើយ​មក​ដល់​ខែ​វិច្ឆិកា ពួក​គេ​មាន​កំណែ​ផ្លូវ​ការ​។ ចាប់​តាំង​ពី​ពេល​នោះ​មក Youtube កាន់​តែ​មាន​មនុស្ស​ចូល​ប្រើ​ប្រាស់​ ដោយ​ការ​បង្ហោះ​ និង​ចែក​រំលែក​វីដេអូ​កាន់​តែ​ច្រើន​ឡើង​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។

    ក្រោយ​រយៈ​ពេល​1​ឆ្នាំ​នៃ​ការ​បង្ហាញ​ខ្លួន នៅ​ខែ​តុលា ឆ្នាំ​2006 ក្រុម​ហ៊ុន​ Google បាន​ប្រកាស​ទិញ​ Youtube ក្នុង​តម្លៃ​1.65​ពាន់​លាន​ដុល្លារ​អាមេរិក។ ក៏ប៉ុន្តែ ទឹក​ប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ដែល​ Google បាន​ចំណាយ គឺ​ពិត​ជា​មហា​ស័ក្ដិ​សម​​ ខណៈ​ដែល​ពេល​នេះ Youtube បាន​ក្លាយ​ជា​កម្មវិធីចែក​រំលែក​វីដេអូ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​​ទាក់​ទាញ​មនុស្ស​ចូល​មើល​ប្រមាណ​ជា​ជាង​2​ពាន់​លាន​លើក​ជា​រៀង​រាល់​ខែ​ និង​1​ពាន់​លាន​ម៉ោង​ក្នុង​1ថ្ងៃ​ៗ។

    លោក Karim កាល​ណោះ​ត្រូវ​បាន​ជ្រើសរើស​ជា​ទីប្រឹក្សា​សម្រាប់​ Youtube ខណៈ​ដែល​គាត់​កំពុង​ជា​និស្សិត​​នៅ​សាលា​Stanford។ Karim ក៏​ទទួល​បាន​ភាគ​ហ៊ុន​ចំនួន​ 137,443​ហ៊ុន​​នៅ​ក្នុង​ក្រុម​ហ៊ុន​ Google ដែល​ប្រហាក់​ប្រហែលនឹង​​​ 185​លាន​ដុល្លារ​នា​បច្ចុប្បន្ន​(ខែ​ឧសភា​ ឆ្នាំ​2020)៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទស

  • មិនស្រួលខ្លួនខណៈមានផ្ទៃពោះ ត្រូវមើលថែទាំខ្លួនឯងយ៉ាងណា?

    មិនស្រួលខ្លួនខណៈមានផ្ទៃពោះ ត្រូវមើលថែទាំខ្លួនឯងយ៉ាងណា?

    ត្រឹមតែមានផ្ទៃពោះតែម្យ៉ាងក៏ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថានឿយហត់ និងចង់សម្រាកឱ្យបានច្រើនៗណាស់ទៅហើយ តែបើអ្នកម្តាយមានគភ៌មានអាការឈឺថ្កាត់ ឬមិនស្រួលខ្លួនរួមជាមួយទៀតផងនោះ ក៏រឹតតែធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាយ៉ាប់យ៉ឺនទុរុនទុរា ព្រោះអ្នកម្តាយនឹងអស់កម្លាំងខ្លាំងឡើងដល់ទៅទ្វេរដង និងមិនដឹងថានឹងចាត់ការចំពោះខ្លួនឯងយ៉ាងណាស្រួល ដូច្នេះថ្ងៃនេះ ឡារ៉ែន មានវិធីដែលអ្នកម្តាយមានគភ៌ត្រូវធ្វើពេលមានអាការឈឺថ្កាត់ ឬមិនស្រួលខ្លួនមកជម្រាបជូន។

    1 – ពិនិត្យមើលខ្លួនឯង ៈ តើអ្នកគ្រុនក្តៅមិនស្រួលខ្លួនដោយសារអ្វី? អ្នកម្តាយមានគភ៌គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យមើលថា អាការដែលអ្នកឈឺថ្កាត់នោះបណ្តាលមកពីឆ្លងមេរោគបាក់តេរី ឬមេរោគវីរុស ព្រោះក្នុងអំឡុងពេលមានគភ៌អ្នកម្តាយនឹងមានប្រព័ន្ធប្រឆាំងជំងឺទាបជាងប្រក្រតីស្រាប់ហើយ និងគួរតែឱ្យគ្រូពេទ្យរកមើលមូលហេតុឱ្យឃើញឱ្យបានលឿនបំផុត។

    2 – នៅពេលដឹងថា ឈឺដោយសារអ្វីហើយ គួរតែបញ្ឈប់ទង្វើនោះ ៈ ដើម្បីកុំឱ្យកើតមានទៀតនៅលើកក្រោយ ដូចជា ប្រឡូកប៉ូកប៉ាកជាមួយអ្នកជំងឺញឹកញាប់ ឬចេញទៅនៅក្នុងកន្លែងដែលមានមនុស្សម្នាច្រើនកុះករញឹកញាប់ជាដើម។

    3 – បើមានអាការដូចតទៅនេះ ស្រ្តីមានគភ៌គួរប្រញាប់ទៅជួបពេទ្យ ៈ គ្រុនក្តៅខ្លួនខ្លាំង នឿយល្វើយខ្លាំងជាងធម្មតា ឈឺ-ក មានអាការហើម ណែនថប់ក្នុងដើមទ្រូង ពិបាកដកដង្ហើម ខ្លួនប្រាណស្លេកស្លាំង វឹលមុខ ឈរទប់ខ្លួនមិនជាប់ អាការទាំងអស់នេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

    ការមើលថែទាំខ្លួនឯងរបស់អ្នកម្តាយមានគភ៌នៅពេលឈឺថ្កាត់

    ជាប្រក្រតីអ្នកម្តាយដែលមានគភ៌ បើឈឺថ្កាត់បន្តិចបន្តួចមិនចាំបាច់ទៅជួបគ្រូពេទ្យក៏បាន អាចព្យាបាលខ្លួនឯងបានបែបងាយៗដោយការទទួលទានទឹកឱ្យបានច្រើន សម្រាកឱ្យបានគ្រប់គ្រាន់ និងមិនគួរប្រើថ្នាំក្នុងការព្យាបាល​ខ្លួនឯងឡើយបើគ្មានវេជ្ជបញ្ជា។

    អ្វីដែលអ្នកម្តាយគួរធ្វើនៅពេលមានអាការឈឺថ្កាត់ គ្រុនក្តៅ មិនស្រួលខ្លួននោះគឺ ទទួលទានទឹកឱ្យបានច្រើនៗ ព្រោះពេលមិនស្រួលខ្លួន រាងកាយនឹងត្រូវការទឹកច្រើនជាងពេលប្រក្រតី ដូច្នេះការទទួលទានទឹកច្រើនធ្វើឱ្យរាងកាយរបស់ស្រ្តីមានគភ៌ឆាប់ស្រួលខ្លួនឡើងវិញ និងមានអារម្មណ៍ល្អឡើង។ ទឹកដែលគួរទទួលទានគឺ ទឹករ៉ែ ទឹកបរិសុទ្ធ បើទទួលទានអាហារមិនបាន គួរទទួលទានទឹកផ្លែឈើច្រ-បាច់ស្រស់ៗ ដើម្បីឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារដែលចាំបាច់ និងភេសជ្ជៈដែលមិនគួរទទួលទានសោះនោះគឺ ភេសជ្ជៈដែលមានកាហ្វេអ៊ីន និងភេសជ្ជៈដែលមានជាតិអាល់កុល៕

  • ត្រៀម​ខ្លួន​គយគន់​ព្រះ​ចន្ទ​ពេញ​វង់​ធំបំផុត​​លើក​ចុង​ក្រោយបង្អស់​​ក្នុង​​ឆ្នាំ​2020​ នាសប្ដាហ៍​នេះ​ រួម​នឹង​ទេពច្យុត​ដ៏ស្រស់​ស្អាត

    ត្រៀម​ខ្លួន​គយគន់​ព្រះ​ចន្ទ​ពេញ​វង់​ធំបំផុត​​លើក​ចុង​ក្រោយបង្អស់​​ក្នុង​​ឆ្នាំ​2020​ នាសប្ដាហ៍​នេះ​ រួម​នឹង​ទេពច្យុត​ដ៏ស្រស់​ស្អាត

    នេះ​គឺជា​ឱកាស​ល្អ​ចុងក្រោយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​សង្កេត​មេឃា​ ព្រោះ​ថា​ពួក​គេ​នឹង​អាច​គយគន់​​ព្រះ​ចន្ទ​ដែលមាន​ទំហំ​ធំ​ជាងគេ និង​ភ្លឺ​ជាង​គេ​​​ក្នុង​ឆ្នាំ​2020​។

    យោងតាម​ទីភ្នាក់​ងារ​អវកាស​សហរដ្ឋ​អាមេរិក NASA មហា​ព្រះ​ចន្ទ​ ឬ​ព្រះចន្ទពេញ​វង់​​ធំ​ជាង​គេ​សម្រាប់​​ឆ្នាំ​2020​ នឹង​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​ទី​7​ឧសភា​ខាង​មុខ​។ នៅក្នុង​យប់​នៃ​ថ្ងៃ​នោះ ព្រះចន្ទ​នឹង​ពេញ​វង់​ ហើយ​មា​ន​ទំហំ​ធំ​ជាង​ធម្មតា​នៅ​វេលា​ម៉ោង​17​និង​45​នាទី​ ថ្ងៃទី​7​ ខែ​ឧសភា​។ នេះ​គឺជា​មហា​ព្រះ​ចន្ទ​លើក​ទី​3 ហើយ​ក៏ជា​ព្រះ​ចន្ទ​ធំជាង​គេ​​លើក​ចុង​ក្រោយ​បង្អស់​សម្រាប់​ឆ្នាំ​2020​។ ព្រះចន្ទ​ពេញ​វង់​លើក​នេះ ​ត្រូវ​បាន​គេ​ហៅ​ថា​ “បុប្ផា​ចន្ទ”។

    ទីភ្នាក់​ងារ​អវកាស​ NASA បាន​បកស្រាយ​ថា មូលហេតុ​ដែល​ត្រូវ​គេ​ហៅ​ថា​ “បុប្ផា​ចន្ទ” គឺ​ហៅ​ទៅ​តាម​​ក្រុម​កុលសម្ព័ន្ធជនជាតិដើមភាគតិច​​នៅ​ក្នុង​តំបន់​​ភាគឦសាន​នៃ​សហរដ្ឋ​អាមេរិក​ ព្រោះ​ថា “នេះក៏​ជា​ពេល​ដែល​ដើម​ផ្កាយ​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​នោះ​ចេញ​ផ្កាយ​គ្រប់​ទីកន្លែង​។ ក្រៅ​ពីនេះ ព្រះចន្ទ​ពេញ​វង់នា​ថ្ងៃទី​7ឧសភា​ខាង​មុខក៏ត្រូវ​បាន​គេ​ហៅ​ថា ព្រះ​ចន្ទដាំ​ពោត ឬ​ព្រះ​ចន្ទ​ទឹក​ដោះ​ផងដែរ​”។

    បាតុភូត​ “មហាព្រះចន្ទ​”​ នេះ ​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ទី​របស់​ព្រះ​ចន្ទ​ដែល​គោចរ​ជុំវិញ​ផែនដី។ នៅ​ពេល​គោចរ​មក​ជិត​​​​ផែន​ដី​​ ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​ជា​360,000​គម ​មនុស្ស​នៅ​លើ​ផែន​ដី​ក៏​មើល​ឃើញ​ព្រះ​ចន្ទ​ធំជាង​ និង​ភ្លឺ​ជាង​ធម្មតា​។

    ព្រះ​ចន្ទ​ពេញ​វង់​ តែ​ងតែ​កើត​ឡើង​រៀង​រាល់​មួយ​ខែ​​ម្ដង ប៉ុន្តែ​បាតុភូត​ “មហា​ព្រះ​ចន្ទ​” វិញ គឺ​កើត​ឡើង​តែ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។

    ត្រៀម​ខ្លួន​គយគន់​ព្រះ​ចន្ទ​ពេញ​វង់​ធំបំផុត​​លើក​ចុង​ក្រោយបង្អស់​​ក្នុង​​ឆ្នាំ​2020​ នាសប្ដាហ៍​នេះ​
    ទេព​ច្យុត​​គឺជាស្នាមពន្លឺដ៏​ស្រស់ស្អាតដែល​កើតឡើងពីចំហេះនៃអាចម៍ផ្កាយ ឬធូលីរបស់​ផ្កាយដុះកន្ទុយ ខណៈ​ពេល​ដែល​​វា​​​ធ្លាក់​ចូល​ក្នុងបរិយា​កាស​​នៃ​ភព​ផែន​ដី

    ក្នុង​អំឡុង​ពេល​ដែល​មាន​បាតុភូត​មហាព្រះ​ចន្ទ អ្នក​ស្នេហា​វិស័យ​តារា​សាស្ត្រ​ក៏អាច​ទស្សនា​​ទេពច្យុត (ទេព​ច្យុត​​គឺជាស្នាមពន្លឺដ៏​ស្រស់ស្អាតដែល​កើតឡើងពីចំហេះនៃអាចម៍ផ្កាយ ឬធូលីរបស់​ផ្កាយដុះកន្ទុយ ខណៈ​ពេល​ដែល​​វា​​​ធ្លាក់​ចូល​ក្នុងបរិយា​កាស​​នៃ​ភព​ផែន​ដី​) 2​ក្រុម​ផងដែរ​ គឺ​ក្រុម​ទេពច្យុត​ Eta-Aquariids និងក្រុមទេព​ច្យុត​​ Eta-Lyrids។ ប៉ុន្តែ​ NASA បាន​ឱ្យ​ដឹ​ង​ថា ពន្លឺ​របស់​មហា​ព្រះ​ចន្ទ អាច​ឧបសគ្គ​នៃ​ការ​គយ​គន់​សម្រស់​ទេព​ច្យុត​ក្នុង​ខែ​នេះ​។

    មុន​នេះ ប្រជា​ជន​​ក្នុង​តំបន់​ជា​ច្រើ​នក្នុង​ពិភពលោក បាន​មាន​ឱកាស​ទស្សនា​បាតុភូត​ព្រះចន្ទ​ធំ​បំផុត​ក្នុង​ឆ្នាំ​2020​ ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “​ព្រះចន្ទផ្កា​ឈូក​” ដែល​​កើត​ឡើង​កាល​ពី​ថ្ងៃទី​8​មេសាកន្លង​​ទៅ​។

    មូលហេតុដែល​​ព្រះចន្ទពេញ​វង់​​ក្នុង​ខែ​មេសា​ត្រូវ​បាន​គេ​ហៅ​ថា​ “ព្រះចន្ទ​ផ្កា​ឈូក”​ គឺហៅ​ទៅ​តាម​​ឈ្មោះ​​របស់​​ផ្កា​​មួយ​ប្រភេទ​ដែល​មាន​ពណ៌​ផ្កាឈូក​ ​និង​​​មាន​ឈ្មោះថា phlox ដែល​ភាគ​ច្រើន​ដុះ​នៅ​អាមេរិក​ខាង​ជើង​នា​រដូវ​ផ្កា​រីក​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ចិន​សាកល្បងប្រើប្រាស់​​​ប្រាក់យន់​អេឡិច​ត្រូនិក! អនាគត​ដ៏ខ្លី​ខាងមុខ ក្រដាស​ប្រាក់​យន់​អាច​នឹង​លែង​មាន​ក្នុង​ពិភព​លោក​

    ចិន​សាកល្បងប្រើប្រាស់​​​ប្រាក់យន់​អេឡិច​ត្រូនិក! អនាគត​ដ៏ខ្លី​ខាងមុខ ក្រដាស​ប្រាក់​យន់​អាច​នឹង​លែង​មាន​ក្នុង​ពិភព​លោក​

    ចាប់​ពី​ដើម​សប្ដាហ៍​នេះ រដ្ឋាភិបាល​ចិន​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​សាក​ល្បង​ទូទាត់​​​ដោយ​លុយ​យន់​អេឡិក​ត្រូនិក​នៅ​ក្នុង​ទីក្រុង​ចំនួន​4​នៃ​ប្រទេស​នេះ​។

    ក្នុង​រយៈ​ពេល​ជា​ច្រើ​ន​ខែ​ចុង​ក្រោយ​នេះ ធនាគារ​ប្រជា​ជន​ចិន​ បាន​ដុត​ដៃ​ដុត​ជើង​ជំរុញការ​អភិវឌ្ឍ​ប្រាក់​យន់​អេឡិក​ត្រូនិក​ ដែល​នេះ​នឹង​ក្លាយ​ជា​ខឿនសេដ្ឋ​កិច្ច​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​ដំណើរ​ការ​ប្រាក់​អេឡិក​ត្រូនិក​មាន​អធិបតេយ្យភាព​ដំបូង​ ខុស​ពី​ bitcoin ដែល​មិនមាន​ព្រំ​ដែន។

    ចាប់​ពី​ខែ​ឧសភា បុគ្គលិក​រដ្ឋ​នៅ​ក្នុង​ទីក្រុង​ Shenzhen, Chengdu, Suzhou និង​ទីក្រុង Baoding នឹង​ទទួល​បៀវត្ស​ជា​ប្រាក់​អេឡិក​ត្រូនិក​។ នៅ​ចំពោះ​មុខ ប្រាក់​អេឡិក​ត្រូនិក​​នេះ​ ត្រូវ​បាន​ប្រើ​ដើម្បី​ទូទាត់​ទៅលើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ ផ្សារ​ទំនើប ហាង​ទំនិញ​ផាសុកភាព(ហាង​លក់​ទំនិញ​គ្រប់​មុខ​ដែល​ចាំបាច់សម្រាប់​​ប្រើ​រាល់​ថ្ងៃ​) ក្រុម​ហ៊ុន​ដែល​ស្ថិត​ក្នុង​វិស័យ​ទេសចរណ៍​ និងសណ្ឋាគារ​ ហើយ​ក្រោយ​មក​នឹង​ត្រូវ​បាន​ពង្រីក​ទៅក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​។

    ចិន​សាកល្បងប្រើប្រាស់​​​ប្រាក់យន់​អេឡិច​ត្រូនិក! អនាគត​ដ៏ខ្លី​ខាងមុខ ក្រដាស​ប្រាក់​យន់​អាច​នឹង​លែង​មាន​ក្នុង​ពិភព​លោក​
    ចិន​សាកល្បងប្រើប្រាស់​​​ប្រាក់យន់​អេឡិច​ត្រូនិក! អនាគត​ដ៏ខ្លី​ខាងមុខ ក្រដាស​ប្រាក់​យន់​អាច​នឹង​លែង​មាន​ក្នុង​ពិភព​លោក​

    ប្រាក់​យន់​អេឡិក​ត្រូនិក ដំណើរ​ការ​ដូច​ទៅ​នឹង​ក្រដាស​ប្រាក់​ធម្មតា ប៉ុន្តែ​វា​ជា​ទម្រង់​កូដ​ក្នុង​កាបូប​លុយ​អេឡិក​ត្រូនិក​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ធនាគារ​កណ្ដាល​របស់​ចិន​​។ ប្រាក់​អេឡិក​ត្រូនិក ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ ទូទាត់​ ទទួល​ និង​ផ្ទេរ​ប្រាក់​ដូច​ទៅ​នឹង​កម្ម​វិធី​​ទូទាត់​ប្រាក់​តាម​អនឡាញ​ដែល​ Alipay និង​ WeChat Pay​ កំពុង​ធ្វើ​យ៉ាងដូច្នោះ​ដែរ​។ ដើម្បី​ទូទាត់​ ឬទទួល​ប្រាក់​ អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​យក​ទូរស័ព្ទ​ប៉ះគ្នា​គឺជា​ការ​ស្រេច​។

    តាម​ការ​សន្និដ្ឋាន វត្តមាន​របស់​លុយ​អេឡិកត្រូនិក​របស់​ប្រទេស​ចិននេះ អាច​នឹង​ធ្វើ​ឱ្យ​ក្រដាស​ប្រាក់​យន់​​បាត់​ខ្លួន​ពី​ទីផ្សារ​ពិភពលោក​នា​ពេល​ខាងមុខ​មិន​ខាន​។

    ជារៀង​រាល់​ឆ្នាំ កម្មវិធី​ Ailpay និង​ WechatPay ត្រូវ​បាន​រាយការណ៍​ថា ទំហំ​នៃ​ការ​ទូទាត់​មិន​ប្រើ​ក្រដាស​ប្រាក់ បាន​ឡើង​ដល់​ 15​លាន​លាន​ដុល្លារ​អាមេរិក​។ ប្រទេស​ចិន​សង្ឃឹម​ថា ប្រភេទ​ប្រាក់​ថ្មី​នេះ​នឹងរួម​ចំណែក​ក្នុង​ការ​កាត់បន្ថយ​ការ​ទូទាត់​នៃ​​ប្រភេទ​ប្រាក់​ដទៃ​ដែល​គំរាម​កំហែង​ដល់​ស្ថិរ​ភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • ត្រីមាសទី2 ឆ្នាំ2020 ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងរងផលប៉ះពាល់ 60%

    ត្រីមាសទី2 ឆ្នាំ2020 ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងរងផលប៉ះពាល់ 60%

    មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ ថ្លែងថា ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ នឹងរង​ផលប៉ះពាល់​ប្រមាណ​50% ទៅ60% នៅ​ត្រីមាស​ទី​2 ឆ្នាំ​2020 ​នេះ​។ នេះជាការថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពីបច្ចុប្បន្នភាព នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​រោងចក្រ ដែល​ឈប់សម្រាក​នា​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​។

    ​ឯកឧត្តម​  ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានថ្លែង​បែបនេះថា ​​​​​ការរង​ផលប៉ះពាល់​ប្រមាណ​50% ទៅ60% នៅ​ត្រីមាស​ទី​2 ឆ្នាំ​2020 ក្នុងការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ តម្រូវឱ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​រិះរក​ដំណោះស្រាយ ពិសេស​ភាគី​រាជរដ្ឋាភិបាល និយោជក សហជីព​-​កម្មករ និង​អង្គការ​ដៃគូ​នានា​។

    ឯកឧត្តម​ ហេង​ សួរ​ ដែលជារដ្ឋលេខាធិការ នៃក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈដែរនោះ បានបន្តថា៖« នាពេលនេះ​ បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិក​រង​ផលប៉ះ​ពាល់ ដោយសារ​ជំងឺ​កូ​វីដ​-19 ដូច្នេះ​គេ​សម្រេច​បិទ​ទីផ្សារ​លក់ដូរ​ជា​បន្តបន្ទាប់ រីឯ​ប្រជាពលរដ្ឋ​ក៏​គ្មានអ្នកណាចាយវាយ​ខ្ជីខ្ជា​ទៀត​ដែរ ដែលជា​ហេតុ​ធ្វើឱ្យ​តម្រូវការ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​វាយ​ន​ភណ្ឌ​នានា និង​ទំនិញ​ផ្សេងទៀត​នោះ ត្រូវបាន​កាត់បន្ថយ​យ៉ាង​គំ​ហុក»​។​

    ឯកឧត្តម បាន​បន្ថែមថា រោងចក្រ​ផលិត​សម្ភារ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែក​ជើង​មួយចំនួនធំ​នៅ​កម្ពុជា បានដាក់​ពាក្យស្នើសុំ​ព្យួរដំណើរ​ការផលិត និង​សុំ​បិទទ្វារ​ជា​បន្តបន្ទាប់​រហូត​ជាង 100​រោងចក្រ​។ ដែល​គិត​មកដល់ពេលនេះ មាន​រោងចក្រ​ប្រមាណ​ជាង 130ហើយ​ ដែល​បានដាក់​ពាក្យស្នើសុំ​ព្យួរ ក្នុងនោះ​មាន​កម្មករនិយោជិត​ប្រមាណ​ជិត 10ម៉ឺន​នាក់ ដែល​រង​ផលប៉ះពាល់ ​ពី​ការព្យួរ​នេះ​។

    ប៉ុន្តែ​ដោយសារ​ការខិតខំ​សម្របសម្រួល​គ្នា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ទាំង​ភាគី​រាជរដ្ឋាភិ បាល ភាគី​និយោជក និង​កម្មករនិយោជិត បាន​សម្រួល​ពី​ការស្នើសុំ​បិទទ្វារ មកនៅ​ត្រឹម​ការព្យួរ​បណ្ដោះអាសន្ន​សិន​ ហើយ​រាជរដ្ឋាភិបាល បានដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​នូវ​ការងារ រក្សា​ប្រាក់ចំណូល​ខ្លះ​សម្រាប់​កម្មករនិយោជិត​ទាំង​នោះដែរ​។​

    ថ្វី​ដ្បិត​ភាគី​ទាំងឡាយ​ហាក់​បន្ធូរបន្ថយឱ្យ​គ្នា​ទៅវិញ​មក​ក៏ពិតមែន ប៉ុន្តែ​ចំពោះ​ការនាំចេញ​ផលិតផល​​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​ក៏​កំពុង​រង​ផលប៉ះពាល់​ជា​បណ្ដើរៗ​ហើយ​ដែរ ដោយ​មកដល់​ត្រីមាស​ទី​1 នៃ​ឆ្នាំ​2020 ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​នៅសល់​ប្រមាណ 80% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​2019។​

    ឯកឧត្តម ហេង សួរ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​27 ខែមេសា ឆ្នាំ​2020 ​នេះ កម្ពុជា​មិនទាន់​ទទួលបាន​ការបញ្ជាទិញ ពី​អ្នកបញ្ជា​ទិញ​នៅឡើយ​ទេ សម្រាប់​ខែឧសភា និង​ខែមិថុនា​។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ទទួលស្គាល់ថា ការនាំចេញ​របស់​យើង គឺ​ពិតជា​ប៉ះពាល់មែន ជាពិសេស​ក្នុង​ត្រីមាស​ទី​2 ​នេះ​តែម្ដង ដែល​យើង​គិតថា ​អាច​ប្រហាក់ប្រហែល 50%ទៅ60% នៃ​តួលេខ​ឆ្នាំទៅ​»៕​

  • តម្លៃ​មាស​ពិភព​លោក​ កើន​ឡើង​ខ្លាំង​នាចុង​សប្ដាហ៍នេះ

    តម្លៃ​មាស​ពិភព​លោក​ កើន​ឡើង​ខ្លាំង​នាចុង​សប្ដាហ៍នេះ

    ក្រោយ​រយៈ​ពេល​1សប្ដាហ៍​ដើរ​ថយ​ក្រោយ តម្លៃ​មាសក៏​បាន​កើន​ឡើង​ជាង​33​ដុល្លារ​នៅ​ក្នុង​ថ្ងៃចុង​សប្ដាហ៍​ ជួយ​ឱ្យ​តម្លៃ​របស់​លោហ​ធាតុ​នេះ​​ឡើង​ដល់​1,703​ដុល្លារ​​ក្នុង​1អោន​ សម្រាប់​សប្ដាហ៍​នេះ​។

    ប្ដូរ​ទៅ​តាម​អត្រា​ប្ដូរ​ប្រាក់​ តម្លៃ​មាស​ពិភពលោក​នាចុង​សប្ដាហ៍​នេះ មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ 2,101​ដុល្លារ​ក្នុង​1​តម្លឹង​​។ ក្រោយ​ការ​ធ្លាក់​ថ្លៃ​រយៈ​ពេល​1សប្ដាហ៍​មក​នេះ ចុង​ក្រោយ​តម្លៃ​មាស​ក៏​បាន​វិល​ទៅ​រក​​ចំណុច​1,700​ដុល្លារ​ក្នុង​1អោន​(ounce)។ ប៉ុន្តែ​ តម្លៃ​នេះ​នៅ​តែ​ទាប​ជាង​1.6​% បើ​ធៀប​ជាមួយ​នឹង​តម្លៃ​​ខ្ពស់់​បំផុត​ (1,730ដុល្លារ) កាល​ពី​ចុង​សប្ដាហ៍​មុន​។

    ក្រុម​អ្នក​ជំនាញ​បាន​ព្យាករ​ថា តម្លៃ​ទាប​របស់​មាស គឺគ្រាន់​តែ​ជា​បញ្ហា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​ថា​តម្លៃ​របស់​លោហ​ធាតុ​មួយ​នេះ​នឹង​កើន​ឡើង​​នៅក្នុង​វិបត្តិ​នយោបាយ និង​សេដ្ឋ​កិច្ច​នា​សម័យ​ COVID-19នេះ​។ Gainesville Coins ដែល​ជា​អ្នក​ជំនាញ​មក​ពី​​ Everret Millman ថ្លែង​ថា “និយាយ​រួម មាស​នៅ​​តែ​មាន​ពន្លឺ​។ ក្រោយ​ពី​ការ​ធ្លាក់​ថ្លៃ យើង​នឹង​បាន​ឃើញ​តម្លៃ​របស់​វា​កើន​ឡើង​ក្នុង​សប្ដាហ៍​ខាង​មុខ​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ក្រុម​ហ៊ុន​របស់ Warren Buffett ខាត​បង់​50​ពាន់​លាន​ដុល្លារ​ព្រោះតែ​វីរុស​COVID-19

    ក្រុម​ហ៊ុន​របស់ Warren Buffett ខាត​បង់​50​ពាន់​លាន​ដុល្លារ​ព្រោះតែ​វីរុស​COVID-19

    ការ​លក់​ឡាយ​ឡុង​នៅលើ​ទីផ្សារ​មូលបត្រ​​ដោយសារ​តែ​COVID-19 បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ Berkshire Hattaway របស់​មហាសេដ្ឋី​ Warren Buffett ខាត​បង់​អស់​50​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រី​មាស​ទី​1 ឆ្នាំ​2020​នេះ។

    ក្រុម​ហ៊ុន Berkshire Hattaway ល្បី​ឈ្មោះ​ខ្លាំង​នៅ​ក្នុង​ការ​វិនិយោគ​ទៅ​លើ​ Goldman Sachs នៅ​ក្នុង​អំឡុង​វិបត្តិ​ហិរញ្ញ​វត្ថុ​។ ប៉ុន្តែ នៅក្នុង​ត្រី​មាស​កន្លង​ ផ្សារ​ហ៊ុន S&P 500 Index (S&P 500) បាន​ធ្លាក់​ចុះ​ 20% ហើយ​ភាគ​ហ៊ុន​ដែល​ក្រុម​ហ៊ុន Berkshire កំពុង​កាន់​កាប់​មួយ​ចំនួន​ធំ​ ក៏​បាន​ដាំ​ក្បាល​ចុះ​លឿន​ជាង​គេ​ ក្នុង​នោះ​មាន​ American Express, Bank of America, Wells Fargo និង​ក្រុម​ហ៊ុន​អាកាសចរណ៍​ចំនួន​4​ផ្សេង​ទៀត​ (American, Delta, Southwest និង United)។ បិទ​ការ​ជួញ​ដូរ​កាល​ពី​ថ្ងៃទី​1ឧសភា Berkshire បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​19%។

    ការ​ខាត​បង់​ដ៏ធ្ងន់​ធ្ងរ​របស់​ក្រុម​ហ៊ុន​ Berkshire គឺដោយ​សារ​មូលបត្រ​ដែល​នៅ​ជួរ​មុខ​ក្នុង​តារាង​វិនិយោគ​ ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សុខ​ភាព​(COVID-19)។ បណ្ដា​ក្រុម​ហ៊ុន​ដែលមាន​ភាគ​ហ៊ុន​របស់​ Berkshire សុទ្ធ​តែ​រង​ផល​វិបាក​ពី​វីរុស​នេះ ដោយ​មាន​ការ​ធ្លាក់​ថ្លៃ​ចាប់​ពី​ 5.2-34​%។​ ក្នុង​នោះ​ ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ​ដែក​ BNSF ដែល​ត្រូវ​បាន​ Berkshire បាន​ទិញ​​​កាល​ពី​ឆ្នាំ​2010 និង​បណ្ដា​ក្រុម​ហ៊ុន​លក់រាយ​ សុទ្ធ​តែ​ត្រូវ​ផ្អាក​​សកម្ម​ភាព​។

    នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុម​ហ៊ុន​របស់​មហាសេដ្ឋី Warren Buffett បាន​ប្រកាស​ខាតបង់​ បើ​គិត​ចាប់​ពី​ត្រី​មាស​ទី​4 ឆ្នាំ​2018។ ប៉ុន្តែ ក្រុម​ហ៊ុន​របស់​មហាសេដ្ឋី​នេះ​ក៏​នៅ​មាន​ចំណេញ​​ពី​វិស័យ​ធានារ៉ាប់​រង​ផងដែរ​ ដោយ​រក​បាន​ប្រាក់​ចំណេញ​​5.9​ពាន់​លាន​ដុល្លារ​ ដោយ​សារ​តម្លៃ​មូល​បត្រ​វិស័យ​នេះ​កើន​6%។

    Warren Buffett គិត​មក​ដល់​បច្ចុប្បន្ន មាន​ទ្រព្យ​សរុប​​ 72​ពាន់​លាន​ដុល្លារ​អាមេរិក​។ បុរស​វ័យ89​ឆ្នាំ​រូប​នេះ​ ​គឺជា​មហា​សេដ្ឋី​​លំដាប់​ទី​4 នៅ​ក្នុង​ពិភពលោក៕

    ប្រភព៖ Bloomberg

  • Chanathip និង Theerathon ជាប់ជម្រើស 11នាក់ ល្អបំផុត នៅ J-League

    Chanathip និង Theerathon ជាប់ជម្រើស 11នាក់ ល្អបំផុត នៅ J-League

    លីកកំពូលជប៉ុន (J-League) បានបញ្ចេញសមាភាពកីឡាករ 11នាក់ ដែលល្អជាងគេបំផុត ប្រចាំលីករបស់ខ្លួនក្នុងរដូវកាល2019 ដែលបានកន្លងផុតទៅហើយនោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមានកីឡាករថៃដល់ទៅ 2រូបបានជាប់នៅក្នុងបញ្ជីឈ្មោះនោះដែរ ខណៈដែលនៅក្នុងក្របខ័ណ្ឌលីកកំពូលជប៉ុននេះ មានកីឡាករថៃតែ 3រូបតែប៉ុណ្ណោះដែលកំពុងប្រកបអាជីពនៅទីនោះ។

    ក្នុងនោះមានកីឡាករ Chanathip Songkrasin ដែលលេងជាខ្សែបម្រើប្រយុទ្ធនៅក្លិប Hokkaido Consadole Sapporo ក្រោយធ្វើបានយ៉ាងល្អ ដោយបង្ហាញខ្លួនបាន 28ប្រកួត រកបាន 4គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានដល់ទៅ 6គ្រាប់។

    ចំណែកឯម្នាក់ទៀតជាខ្សែការពារស្លាបឆ្វេង Theerathon Bunmathan ដែលលេងនៅក្លិប Yokohama F. Marinos ក្រោយជួយឱ្យក្លិបឈ្នះពានលីកកំពូលជប៉ុនកាលពីរដូវកាលមុននេះ៕