Category: សង្គម និងសេដ្ឋកិច្ច

  • ក្រោយវិបត្តិកូវីដ-19 ធុរកិច្ចជាច្រើននឹងត្រូវផ្លាស់ប្ដូរ…

    ក្រោយវិបត្តិកូវីដ-19 ធុរកិច្ចជាច្រើននឹងត្រូវផ្លាស់ប្ដូរ…

    មិនអាចបដិសេធបានឡើយថា វិបត្តិការឆ្លងរាតត្បាតនៃមេរោគកូវីដ-19 បានធ្វើឱ្យជីវិតរបស់មនុស្សទូទៅផ្លាស់ប្ដូរ និងមិនត្រឹមតែប៉ុណ្ណោះទេ បណ្ដាអ្នកទីផ្សារ អ្នកសេដ្ឋសាស្ត្រ និងអ្នកធុរកិច្ចផ្សេងៗ សុទ្ធតែបានសន្និដ្ឋានទុកថា ក្រោយវិបត្តិកូវីដ-19 បញ្ចប់ទៅ ធុរកិច្ចផ្សេងៗនៅក្នុងប្រទេស ក៏នឹងប្រែប្រួលផ្លាស់ប្ដូរទៅតាមនោះដែរ ដូច្នេះហើយទើបគ្រប់ផ្នែកត្រូវត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងភាពផ្លាស់ប្ដូរដែលបម្រុងនឹងកើតឡើងនៅពេលខាងមុខ។

    សម្រាប់ធុរកិច្ច ដែលត្រូវកែសម្រួល មានដូចជា…

    1. ការលក់ទំនិញផ្សេងៗ និងធុរកិច្ចលក់រាយ៖ ត្រូវបន្ថែមសេវាកម្មតាមប្រព័ន្ធអនឡាញ ត្រូវនាំយកប្រព័ន្ធ ITមកប្រើ ព្រោះដោយសារតែវិបត្តិកូវីដ-19 បានធ្វើឱ្យមនុស្សនាំគ្នាងាកមកទិញទំនិញតាមអនឡាញច្រើនឡើង។

    2. ខ្សែចង្វាក់ផ្គត់ផ្គង់៖ ដូចជាការចាត់ចែងរកវត្ថុធាតុដើម ការផលិត រហូតដល់ការលក់ទំនិញទៅដល់ដៃអតិថិជន នឹងផ្លាស់ប្ដូរ ដោយប្រទេសផ្សេងៗទូទាំងពិភពលោក នឹងងាកមកផ្ដល់ភាពសំខាន់ចំពោះការផលិត ការបញ្ជាទិញវត្ថុធាតុដើម និងទំនិញនៅក្នុងប្រទេស ឬបញ្ជាទិញទំនិញពីប្រទេសជិតខាងវិញម្ដង ដើម្បីការពារបញ្ហាការដឹកជញ្ជូន ដែលបណ្ដាលមកពីផលប៉ះពាល់របស់វិបត្តិផ្សេងៗ ដូចដែលបានកើតមានក្នុងអំឡុងវិបត្តិកូវីដ-19។ ក្រៅពីនោះ ឧស្សាហកម្មមួយចំនួន ក៏នឹងមានការផ្លាស់ប្ដូរមូលដ្ឋានផលិតផងដែរ។

    3. ការវិនិយោគទុនក្នុងធុរកិច្ចហិរញ្ញវត្ថុ នឹងចែកចាយទៅក្នុងក្រុមធុរកិច្ចផ្សេងៗទៀតកាន់តែច្រើនឡើង៖ ដោយអ្នកវិនិយោគនឹងចែកចាយភាពប្រថុយប្រថាន ដោយការជ្រើសរើសវិនិយោគក្នុងធុរកិច្ចដែលសម្បូរបែប(ច្រើនមុខ) ខ្លាំងជាងវិនិយោគតែក្នុងធុរកិច្ចណាមួយតែ1មុខ ព្រោះវិបត្តិកូវីដ-19 បានធ្វើឱ្យអ្នកវិនិយោគដឹងថា ធុរកិច្ចមួយចំនួន ដែលមើលទៅស្ថិតស្ថេរគង់វង្ស និងមានកម្រៃល្អនោះ បើសិនជាជួបនឹងសភាវវិបត្តិអ្វីមួយ ក៏អាចនឹងដួលរលំគ្រាំងភ្លាមៗតែម្ដងដែរ។

    4. ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នឹងកាត់បន្ថយចំនួនសាខា និងកាត់បន្ថយចំនួនបុគ្គលិក លឿនជាងផែនការដែលបានរៀបចំទុក ដោយសារតែវិបត្តិកូវីដ-19 បានធ្វើឱ្យអតិថិជននាំគ្នាងាកមកប្រើប្រាស់សេវាកម្ម E-Banking យ៉ាងច្រើនវិញម្ដង។

    ធុរកិច្ចដែលធំធាត់ឡើង មានដូចជា…

    1.ធុរកិច្ច IT ផ្សេងៗ ដូចជា ការធ្វើវេបសាយ អ៊ែបភ្លីខេស្សិន ប្លុកឆេន (បណ្ដាញការរក្សាទុកព័ត៌មាន) ដោយសារតែវិបត្តិកូវីដ-19 បានធ្វើឱ្យធុរកិច្ចផ្សេងៗ ងាកមកប្រើប្រាស់សេវាកម្មអៃធីទាំងនេះច្រើនឡើង និងក្លាយជាផ្នែកមួយរបស់ធុរកិច្ច។

    ក្រោយវិបត្តិកូវីដ-19 ធុរកិច្ចជាច្រើននឹងត្រូវផ្លាស់ប្ដូរ...2. ធុរកិច្ចបញ្ជូនទំនិញ និងអាហារ…ដោយសារតែវិបត្តិកូវីដ-19 ដែលមនុស្សម្នាត្រូវស្ថិតនៅក្នុងផ្ទះ ធ្វើឱ្យមានការបញ្ជាទិញម្ហូបអាហារ និងទំនិញតាមអនឡាញកាន់តែច្រើនឡើង និងក្លាយជារបៀបរបបជីវិតថ្មីមួយដែលមនុស្សមានទម្លាប់ ទើបបណ្ដាលឱ្យធុរកិច្ចបញ្ជូនអាហារ និងទំនិញ មានសញ្ញាថា នឹងរីកធំធាត់ឡើងយ៉ាងឆាប់រហ័ស។

    ធុរកិច្ចដែលកើតថ្មី មានដូចជា…

    បង្រៀនតាមប្រព័ន្ធអនឡាញផ្សេងៗ៖ ដោយសារតែវិបត្តិកូវីដ-19 មនុស្សបាននាំគ្នាងាកមកចាប់អារម្មណ៍សិក្សារៀនសូត្ររឿងផ្សេងៗដោយខ្លួនឯងតាមរយៈប្រព័ន្ធអនឡាញច្រើនឡើង មិនថាតែការរៀនធ្វើម្ហូបអាហារ រៀនជំនាញការងារសិល្បៈផ្សេងៗ ការរៀនច្រៀង ការហាត់ប្រាណ ឬការរៀនតាមអនឡាញ ដើម្បីប្រកបអាជីពផ្សេងៗ ទើបធ្វើឱ្យមានធុរកិច្ចបង្រៀនកួរតាមអនឡាញថ្មីៗកើតឡើងជាច្រើន។

    ធុរកិច្ចដែលបាត់ទៅ មានដូចជា…

    ធុរកិច្ចដែលបានទទួលផលប៉ះពាល់ពីវិបត្តិកូវីដ-19 បានធ្វើឱ្យអ្នកខ្លះដែលដើមទុនវិនិយោគមិនច្រើនគ្រប់គ្រាន់ ត្រូវបិទដំណើរការ ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ កន្លែងម៉ាស្សា និងស្ប៉ា រោងចក្រឧស្សាហកម្ម ជាដើម៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ធ្មេចបើកៗ កូនស្រី ខាន់ ជេមស៍ ធំពេញវ័យ​ក្រមុំ​បាត់

    ធ្មេចបើកៗ កូនស្រី ខាន់ ជេមស៍ ធំពេញវ័យ​ក្រមុំ​បាត់

    បើបច្ចុប្បន្ន​នេះ​តារាចម្រៀង ខាន់ ជេមស៍ មាន​កេរ្តិ៍​បោះ​សំឡេង​ក្នុង​សិល្បៈ​ក្ដី​តែ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ថា​លោក​មាន​កូន​ស្រី​ធំពេញវ័យ​ក្រមុំ​នោះ​ទេ។ ទើប​តែ​ថ្មីៗ​នេះ​ ខាន់ ជេមស៍ បាន​ធ្វើ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​លោក បណ្ដើរ​កូន​ៗ​ទៅ​ញាំអីនៅ​ខាង​ក្រៅផ្ទះ​។ ក្នុង​នោះ​មហាជន​បានចាប់​អារម្មណ៍​កូន​ស្រី​របស់​លោក ព្រោះ​ភ្លេច​ខ្លួន​តែ​បន្ដិច​សោះ​កូន​ស្រី​តារាចម្រៀង​នៅ​ផលិតកម្មសាន់​ដេ​រូបនេះ​ ធំពេញ​វ័យ​ក្រមុំ​បាត់​រីឯ​រូប​សម្រស់​វិញ​ស្រស់​ស្អាត​មិន​ចាញ់​តារាប៉ុន្មានឡើយ។

    ក្នុង​រូប​ភាព​ដែល​ ខាន់ ជេមស៍ បង្ហោះ​ជាមួយ​កូន​ស្រី​នោះ​ដែរ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ​ទោះបី​ជា​ពេល​កន្លង​មក​លោក មិន​សូវ​បាន​បង្ហាញ​មុខ​មាត់​ប្រពន្ធ​កូន ឬ​បណ្ដើរ​ភរិយា​ទៅ​ចូល​រួម​កម្មវិធី​តូច​ធំ​ក្ដី តែ​មើល​ទៅ​គ្រួសារ​លោក​ពិត​ជាមាន​សុភមង្គល​ខ្លាំង​ណាស់៕

  • ដោះបាន3ខ ព្រាប សុវត្ថិ សួរ សុខ ពិសី ចំៗចូលចិត្តញ៉ាំចេកអី?

    ដោះបាន3ខ ព្រាប សុវត្ថិ សួរ សុខ ពិសី ចំៗចូលចិត្តញ៉ាំចេកអី?

    គ្រាន់តែការប្រគំតន្ដ្រី Vivo បញ្ចេញតារាចម្រៀងជាអ្នកតំណាង កញ្ញា សុខ ពិសី ចាប់ដៃគូជាមួយលោក ព្រាប សុវត្ថិ ក៏ផ្ទុះរឿងរ៉ាវខ្សឹបខ្សៀវថា សុខ ពិសី ហក់ចូលហង្សមាស។ តែការពិត ការចាប់ដៃគូរបស់អ្នកទាំងពីរកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង និងកម្របានឃើញ។

    កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា សុខ ពិសី និងលោក ព្រាប សុវត្ថិ ដែលសុទ្ធសឹងតែជាកំពូលតារា​ចម្រៀងប្រចាំ​ផលិតកម្ម​រប​ស់​ខ្លួន ​បានបង្ហាញវត្តដ៏កម្រនឹងបានជួបគ្នានៅលើឆាក និង​ច្រៀ​ង​រួម​គ្នា។ ដោយសារអ្នកទាំងពីរឈរនៅក្នុងទ្រនំខុសគ្នា ទើបគេមិនសូវបានឃើញអ្នកទាំងពីរបានឈរច្រៀងរួមគ្នាយ៉ាងសប្បាយរីករាយដូចពេលនេះ។ គេមើលឃើញថា លោក ព្រាប សុវត្ថិ ហាក់បីដូចជាសប្បាយចិត្តខុសប្លែកពីធម្ម​តា ខណៈបានច្រៀង សុខ ពិសី និងបានឌឺដងផ្លែផ្កាឱ្យនាងថា « អូនចូលចិត្តញ៉ាំចេកអី?» ថែមទៀតផង។ មួយសំនួរនេះធ្វើឱ្យ សុខ ពិិសី អៀនមុខក្រហមនិយាយលែងចេញ។

    កំពូលតារាចម្រៀងទាំងពីរដួងនេះ នៅពេលប៉ះគ្នានៅ​លើ​ឆាក​តន្រ្តី Vivo បានលើកបទចម្រៀងគឺបទ «ប្រស្នា4ខ» ច្រៀងយ៉ាងពីរោះ និងគួរឱ្យស្រឡាញ់ខ្លាំង។ ជាមួយគ្នានោះដែរ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​បែប​នេះ ​ដោយសារតែស្រីស្អាត សុខ ពិសី បានក្លាយជាតំណាងផ្សព្វផ្សាយរបស់ម៉ាកទូរស័ព្ទ Vivo ដែល​អ្ន​ក​​​​ទាំង​​​ពីរ​​បាន​ច្រៀង​រួម​គ្នា​ក្នុង​កម្ម​វិធី ​Vivo របស់ទូរទស្សន៍ហង្សមាស។ តែយ៉ាងណាមិញ បទ«ប្រស្នា4ខ» ត្រូវបានលោក ព្រាប សុវត្ថិ ដោះបានតែ 3ខ តែប៉ុណ្ណោះ ក៏បានសេចក្ដីស្នេហាពី សុខ ពិសី បានសម្រេចទៅហើយ។

    ចង់ដឹងការបកស្រាយយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

  • ដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗតាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    ដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗតាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    តើអ្នកម្តាយមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងនៅពេលប្រសូតចេញមកហើយថែមទាំងនៅបានត្រៀមខ្លួនជាស្រេចក្នុងការរៀនយល់ដឹងរឿងផ្សេងៗលើសភាពបរិស្ថានជុំវិញខាងក្រៅបានល្អទៀតផង។ ឥលូវនេះយើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌អ្នកម្តាយ?។

    1 – រៀនយល់ដឹងពីការស្តាប់ និងឮ

    កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម​។ អ្នកម្តាយអាចសាកល្បងបានយ៉ាងងាយ នៅពេលដែលកូនរើខ្លាំងៗនោះ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនថ្នម​ៗ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។

    2 – ប្រែភាសាបានទៀតផង

    ពិតប្រាកដណាស់ នៅពេលកូនបានឮក៏នឹងអាចដឹងពីភាសា និងអត្ថន័យនោះបាន អ្នកម្តាយអាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ នឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ដែលធ្លាប់ឮញឹកញាប់បាន ទើបមានការណែនាំឱ្យអ្នកម្តាយដែលផ្ទៃពោះស្តាប់បទភ្លេងតិចៗ ពិរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូនក៏ចូរស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងបាន។

    Relaxing pregnant woman on sofa with headphones

    3 – មើលឃើញពន្លឺភ្លើងបានហើយ

    ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ អ្នកម្តាយមួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូតអាច នឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។

    4 – រៀនយល់ដឹងពីរសជាតិ

    ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលអ្នកម្តាយទទួលទានបានចាប់តាំងពីសប្តាហ៍ទី 7 – 8 និងដឹងគ្រប់រសជាតិ ចាប់តាំងពីសប្តាហ៍ទី 14 ឡើងទៅ។ ក្រៅពីអាហារដែលមានរសជាតិហឹរ ជូរ ផ្អែម ល្វីង ដែលអ្នកម្តាយលេបចូលទៅហើយនោះ កូនតូចនៅបានភ្លក់ទឹកភ្លោះដែលអណ្តែតនៅជុំវិញខ្លួនកូនទៀតផង។ អាចសង្កេតឃើញបានថា នៅពេលដែលកូនតូចប្រសូតចេញមកហើយ កូនអាចទទួលយករសជាតិអាហារក្នុងបែបផ្សេងៗបានទាំងអស់នៅពេលដល់វ័យដែលស័ក្តិសម។

    5 – ចាំក្លឹនម្តាយបានមុនគេទាំងអស់

    ក្រៅពីចាំរសជាតិអាហារបានហើយ នៅអាចចាំក្លឹនអាហារបានទៀតផង តែដែលចាំបានល្អបំផុតនោះគឺ ក្លឹនរបស់ម្តាយ អាចសង្កេតឃើញបានថា បន្ទាប់ពីប្រសូតចេញមក កូនអាចបែរមុខទៅរកម្តាយ ឬបញ្ជាក់ពីខ្លួនម្តាយបានតែម្តង ហើយរឹតតែចិញ្ចឹមទៅបានមួយរយៈហើយ កូននឹងដឹងភ្លាមតែម្តងថា ម្តាយនៅជិត ឬក៏អត់ទៀតផង។ ក្មេងខ្លះដល់ថ្នាក់យំងង៉ក់រករឿងទៀតផងពេលមិនបានធុំក្លឹនម្តាយនៅជិតខ្លួននោះ។

    6 – ចេះយល់សប្តិតាំងពីនៅក្នុងពោះម្ល៉េះ

    មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ទារកដែលស្ថិតនៅក្នុងអាយុគភ៌ 32 សប្តាហ៍ឡើងទៅ អាចចេះយល់សប្តិបានហើយ ដោយសារតែលោកគ្រូពេទ្យបានសាកល្បងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវក្នុងការធ្វើអាល់ត្រាសោនដ៍ទារកជាច្រើនដង ហើយរកឃើញថា កែវភ្នែក និងរាងកាយរបស់ទារកមានការធ្វើចលនាយ៉ាងរហ័សនៅពេលគេងលក់នៅក្នុងផ្ទៃម្តាយ។

    7 – ត្រៀមខ្លួនជាស្រេចដើម្បីចេញឆ្ពោះមករកពិភពដ៏ធំខាងក្រៅ

    លទ្ធផលស្រាវជ្រាវបានរកឃើញថា ទារកដែលមានអាយុនៅក្នុងគភ៌ 20 សប្តាហ៍ឡើងទៅ នឹងរៀនយល់ដឹងអ្វីផ្សេងៗបានឆាប់រហ័សណាស់ ដូចជា ការបឺតទឹកដោះម្តាយបានភ្លាមៗក្រោយពេលប្រសូតចេញមក។ អ្នកម្តាយខ្លះដែលធ្វើអាល់ត្រាសោនដ៍នៅបានឃើញបឺតម្រាមដៃខ្លួនឯងតាំងពីនៅក្នុងគភ៌ទៀតផង ដែលនោះអាចនិយាយបានថា ជាការហាត់បឺតជញ្ជក់របស់កូនតូចតាំងពីនៅក្នុងផ្ទៃ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរស់នៅក្រោយពេលកើតចេញមកហ្នឹងឯង៕

  • តារាចម្រៀងក្រុមគ្រួសារ ឆាយ វិរៈយុទ្ធ និង ព្រាប សុវត្ថិ ជួបទុក្ខក្រៀមក្រំបាត់បង់ជីដូនក្នុងជន្មាយុ105ឆ្នាំ

    តារាចម្រៀងក្រុមគ្រួសារ ឆាយ វិរៈយុទ្ធ និង ព្រាប សុវត្ថិ ជួបទុក្ខក្រៀមក្រំបាត់បង់ជីដូនក្នុងជន្មាយុ105ឆ្នាំ

    កាលពីថ្ងៃទី5 ខែឧសភា ឆ្នាំ2020 នេះ មហាជនជាច្រើនបានទទួលដំណឹងថា លោកយាយរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានទទួលមរណភាពដោយជរាពាធ ខណៈដែលកាលនៅមានព្រះជន្ម លោកយាយគឺមានសភាពចាស់ជរា វង្វេងខ្លាំងទៀតផង។

    ដំណឹងមរណភាពលោកយាយរបស់ តារាចម្រៀងលោក ព្រាប សុវត្ថិ បានធ្វើឱ្យមហាជន និងមិត្តសិល្បៈជាច្រើន មានការសោកស្ដាយ និងបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារតារាចម្រៀងល្បីឈ្មោះរូបនេះផងដែរ។ ស្របគ្នានេះដែរ គេបានដឹងថា ឧបាសិកា វ៉ា បុប្ផា បានមរណភាពខាងលើនេះក៏ជាជីដូនបង្កើតរបស់តារាចម្រៀង ឆាយ វិរៈយុទ្ធ ដែលត្រូវជាសាច់ញាតិខាងប្រពន្ធតារាចម្រៀង ព្រាប សុវត្ថិ គឺអ្នកស្រី ឡុង ស្រីមុំ ត្រូវជាបងប្អូនជីដូនមួយបង្កើតហ្នឹងគ្នា។ លោក ឆាយ វិរៈយុទ្ធ បានបង្ហោះសាររៀបរាប់ប្រាប់មហាជនឱ្យដឹងថា « លោកយាយបង្កើតរបស់ខ្ញុំបាទឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្មក្នុងជន្មាយុ (105ឆ្នាំ ) ថ្ងៃអង្គារ 15 កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស 2563 ត្រូវនឹងថ្ងៃទី5 ខែឧសភា ឆ្នាំ2020 វេលាម៉ោង 4: 42នាទី រសៀល។ សពឧបាសិកា វ៉ា បុប្ផា បានដំកល់នៅគេហដ្ឋានឪពុក ម្តាយ របស់ខ្ញុំនៅស្រុកកំណើត ភូមិពោធិសាលា2 ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម អស្រ័យហេតុនេះដូចរៀបរាប់ខាងលើ សូមជំរាបជូនបងប្អូនជិតឆ្ងាយនិងមិត្តភក្តិមេត្តាអធ្យាស្រ័យជ្រាបជាដំណឹង សូមអរគុណ🙏🙏🙏 »។

    យ៉ាងណាមិញនៅលើអ៊ីនស្តាក្រាមរបស់កូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ គឺតារាចម្រៀង សុវត្ថិ មុន្នីវណ្ណ បានបង្ហោះនូវរូបភាព បង្ហាញពីទិដ្ឋភាព ពិធីបុណ្យសពរបស់លោកយាយទួតរបស់ខ្លួន ភ្ជាប់ជាមួយនឹងពាក្យពេចន៍រំលែកទុក្ខ និងបួងសួងឱ្យវិញ្ញាណក្ខន្ធយាយទួតរបស់ខ្លួន បានទៅកាន់សុគតិភព។ ក្រោយពីបានជ្រាប ពីដំណឹងដ៏សោកសៅមួយនេះ អ្នកគាំទ្រព្រមទាំងមិត្តៗជាច្រើន បានផ្ញើរសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារ របស់លោក គ្រប់ៗគ្នាផងដែរ៕

  • MSI Modern 14 A10M សម្រេចក្តីស្រមៃអ្នកច្នៃប្រឌិត និងជំរុញជីវិតឱ្យកាន់តែប្រសើរ

    MSI Modern 14 A10M សម្រេចក្តីស្រមៃអ្នកច្នៃប្រឌិត និងជំរុញជីវិតឱ្យកាន់តែប្រសើរ

    កុំព្យូទ័រ​ជាផ្នែកយ៉ាងសំខាន់​ក្នុងការកសាង​ភាពជោគជ័យ​សម្រាប់អាជីព​ជាអ្នកច្នៃប្រឌិត​ អ្នករចនា Graphicនិង​អ្នកដែលប្រើប្រាស់កុំព្យូទ័រ​ដើម្បីបង្កើនប្រសិទ្ធភាព​ការងារបង្កើតថ្មី។ ហេតុនេះហើយទើប​មនុស្សជាច្រើន​បានយកចិត្តទុកដាក់​ខ្លាំងក្នុងការជ្រើសរើស​កុំព្យូទ័រ​សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលសមជាមួយនឹង​អាជីព ការងារ អាជីវកម្ម និងតម្រូវការកម្សាន្តជាដើម។

    ក្នុងនាមជាអ្នក​រចនា Graphic អាជីពម្នាក់កញ្ញា​ វណ្ណ ស្រីណុច បានរៀបរាប់ថា​អាជីពដូចកញ្ញាត្រូវការក្តីស្រឡាញ់ ការយកចិត្តទុកដាក់ខ្លាំង ភាពច្នៃប្រឌិត ការអត់ធ្មត់ខ្ពស់ និងកុំព្យូទ័រ​ល្អសម្រាប់ការងារទើបអាចរីកចម្រើនបាន។ កញ្ញាថា ក្រៅពីអារម្មណ៍​ និង​គំនិតបង្កើតថ្មី កុំព្យូទ័រគឺជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ ព្រោះកាលណា​អ្នករចនា Graphic ជ្រើសរើសកុំព្យូទ័រមិនត្រឹមត្រូវ នោះយើងនឹងមានអារម្មណ៍ថាទើសចិត្ត ឧបសគ្គច្រើន និងមិនអាចបង្កើតស្នាដៃ (artwork) ប្រកបដោយគុណភាពខ្ពស់បាននោះទេ។ ហេតុនេះហើយទើបកញ្ញាជ្រើសរើសយកកុំព្យូទ័រ MSI Modern 14 A10M ដើម្បីធ្វើជាដៃគូសម្រាប់ការងារ Design និងចូលរួមក្នុងផ្នែកជាច្រើនផ្សេងទៀតដែលធ្វើឱ្យជីវិតរបស់កញ្ញាកាន់តែមានភាពរីកចម្រើន។

    កញ្ញា ស្រីណុច បាននិយាយថា៖ «​មូលហេតុដែលខ្ញុំជ្រើសរើសយក Laptop MSI Modern 14 A10M ព្រោះកុំព្យូទ័រនេះរចនាឡើងសមស្របជាមួយនឹងអាជីពអ្នក Design និង ការងារការិយាល័យ វាមាន​មុខងារជាច្រើនទៀតដែលជួយឱ្យការច្នៃប្រឌិតកាន់តែមានភាពរស់រវើក និងថាមពល»។

    អ្នករចនា Graphic វ័យក្មេងខាងលើបានបន្ថែមទៀតថា ចំណុចដែលទាក់ទាញកញ្ញាខ្លាំងរបស់ MSI Modern 14​ A10M គឺកុំព្យូទ័រប្រភេទនេះមានល្បឿនលឿន ជាមួយនឹងសមត្ថភាពខ្លាំង មិនទើសចិត្ត ហើយអាចជួយដោះស្រាយការងារធំៗបានយ៉ាងច្រើន។ កុំព្យូទ័រនេះ​បំពាក់ជាមួយនូវបន្ទះឈីប Intel® Core i5-10210U Processor ជំនាន់ទី10 ដែលអាច​ធ្វើឱ្យល្បឿនរបស់វា​នៅតែលឿនបើទោះបីជាបើកកម្មវិធីធំៗច្រើន​ក្នុងពេលតែមួយក៏ដោយ។ វាមានក្រាហ្វិកកាត Intel graphic card(UMA)​ តែនៅតែមានលទ្ធភាពដំណើរការការងារ​រចនា Graphic រួមទាំងកាត់តរូបភាពដោយគ្មានការរំខាន។

    កញ្ញាបញ្ជាក់ផងដែរថា ភាគច្រើនកញ្ញាប្រើប្រាស់កម្មវិធី Adobe Pohotoshop និង​ Adobe Lightroom ដែលសុទ្ធសឹងតែជាកម្មវិធីត្រូវការ​កុំព្យូទ័រល្បឿនលឿនដើម្បីដំណើរការ ហើយអ្វីដែលធ្វើឱ្យកញ្ញារីករាយ និងងាយស្រួលធ្វើការគឺកុំព្យូទ័រដែលគាត់មាននៅក្នុងដៃអាចដំណើរការបានយ៉ាងរលូន។

    ធ្វើការបណ្តើរបង្ហាញប្រាប់ពីចំណាប់អារម្មណ៍​ក្នុងការប្រើប្រាស់កុំព្យូទ័រ MSI Modern 14 A10M បណ្តើរ កញ្ញាស្រីណុច បញ្ជាក់ថា ចំណុចល្អដែលទាក់ទាញឱ្យកញ្ញាជ្រើសរើស​យកកុំព្យូទ័រប្រភេទនេះតាមខ្លួនជាប់ជានិច្ចដោយសារតែវាធ្វើឱ្យកញ្ញាមានអារម្មណ៍ល្អ និងមោទនភាពចំពោះរូបរាងដ៏ប្រណីតរបស់វា។ ម៉ូដែល នេះធ្វើឡើងពីអាលុយម៉ញ៉ូមភ្លឺ (Ultra-Light) ​មានទម្ងន់ត្រឹមតែ 1.19គីឡូក្រាម ហើយចំពោះកម្រាសវិញគឺស្លីមស្អាតតែម្តង (Ultra-Slim) ដែលមានកម្រាសត្រឹមតែ 15.9មីលីម៉ែត្រប៉ុណ្ណោះ។ បន្ថែមពីលើនេះ MSI Modern 14 A10M មានកម្រិតអេក្រង់ Full HD (1920×1080) ជាបន្ទះអេក្រង់ប្រភេទ IPS មានបំពាក់បច្ចេកវិទ្យា Anti-Glare ជួយកាត់បន្ថយពន្លឺចាំងចូល ព្រមទាំងមានកម្រិត NTSC 72% និងកម្រិត sRGB ជិតដល់ 100% លាតសន្ធឹង​ជិត 90% ដែលមើលទៅ​ស្ទើរតែមិនឃើញកែមអេក្រង់។ លើសពីនេះទៅទៀត​វាមានបច្ចេកវិទ្យា True Color ដែលអាចបង្ហាញរូបភាពច្បាស់​ដូចធម្មជាតិពិតៗ​ អំណោយផលខ្ពស់សម្រាប់អ្នកប្រើប្រាស់ ជាពិសេស​អ្នកមានអាជីពជាអ្នករចនា Graphic។ បន្ថែមពីលើនេះ កុំព្យូទ័រប្រកបដោយភាពទាក់ទាញនេះ​អាចបត់បានរហូតដល់ 180ដឺក្រេ ដែលមានភាពងាយស្រួលសម្រាប់ប្រើប្រាស់ និងទាន់សម័យ។

    កញ្ញាដ៏ស្រស់ស្អាតរូបនេះបានបញ្ជាក់ផងដែរថា បើនិយាយពីគុណភាពថ្មវិញ MSI Modern 14 A10Mមានសមត្ថភាពប្រើប្រាស់រហូតដល់ទៅ 10ម៉ោងជាមួយនឹងថាមពលថ្ម 4 cell/50Whr សម្រាប់អ្នកប្រើប្រាស់ទូទៅ ដែលអាចបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់​ក្នុងការធ្វើការងារ​រហូតចប់ចុងចប់ដើមដោយមិនបារម្ភពីបញ្ហាអស់ថ្ម។ នៅលើតួនៃកុំព្យូទ័រ MSI Modern 14 A10M មាន​រន្ធ USB 3.2 ចំនួន 2 គឺ USB 3.2 ប្រភេទ C និង USB 3.2 ប្រភេទ A ដែលជួយឱ្យយើងមាន​ភាពងាយស្រួលក្នុងការភ្ជាប់ជាមួយ USB គ្រប់ប្រភេទ។ ក្រៅពីនេះវាមាន​រន្ធ Micro SD Card Reader មានរន្ធភ្ជាប់ HDMI រន្ធកាស Audio Combo និងរន្ធសម្រាប់ឧបករណ៍ស្រូបសំឡេង DC In ផងដែរ។

    ចំណុចដែលកាន់តែពិសេសរបស់ MSI Modern 14 A10M គឺវាមានការការពារខ្ពស់បំផុត និងរឹងមាំលំដាប់ពិភពលោក ដែលទទួលបានការតេស្តកម្រិត Military MIL-STD-810G ធានាពីភាពធន់បំផុត។

    គួរបញ្ជាក់ផងដែរថា ការជាវកុំព្យូទ័រយូរដៃម៉ូឌែល MSI Modern 14 A10M ពីតំណាងចែកចាយរបស់ក្រុមហ៊ុន MSI នឹងទទួលបានការធានារយៈពេល 2ឆ្នាំ ក៏ដូចជា Mouse របស់ MSI និងកាបូបតាមជម្រើស​ម៉ែឌែលនីមួយៗថែមទៀតផង។

    ពត៌មានបន្ថែមៈ https://www.msi.com/Landing/content-creation-laptops/nb
    អាចរកទិញបាននៅៈ https://www.msi.com/service/wheretobuy/#105,3

    MSI Facebook Page: https://www.facebook.com/MSICambodia/

     

    Modern 14 A10MUSD699
    CPU10th Gen. Intel® Core™ i5-10210U-Processor
    OSWindows 10 Home
    Display14.0″ FHD (1920×1080), IPS-Level
    GraphicsUMA
    Memory4GB DDR4-2666,1Slot, Max 32GB
    Storage Capability256GB SSD, 1x M.2 SSD Combo slot (NVMe PCIe Gen3 / SATA)
    WebcamHD type (30fps@720p)
    KeyboardBacklight Keyboard (Single-Color, White)
    Communication802.11 ac Wi-Fi + Bluetooth v5
    Audio2x 2W Speaker
    I/O Ports1x SD (XC/HC) Card Reader1x
    (4K @ 30Hz) HDMI
    2x Type-C USB3.2 Gen1
    2x Type-A USB3.2 Gen1
    Battery4-Cell
    Li-Polymer
    50Wh
    AC Adapter65W adapter
    Dimension (WxDxH)322 x 222 x 15.9 mm
    Weight (w/ Battery)1.19 kg
    Audio Jack1 Mic-in/Headphone-out Combo Jack
    ColorCarbon Grey
    Silver

     

  • វិសាខ​បូជា​​គឺ​ជា​ថ្ងៃ​មង្គល​​អស្ចារ្យ ​សម្រាប់​ពុទ្ធ​សាសនិក​រម្លឹក​ដល់​មហា​ព្រឹត្តិការណ៍​​ក្នុង​ពុទ្ធ​សម័យ

    វិសាខ​បូជា​​គឺ​ជា​ថ្ងៃ​មង្គល​​អស្ចារ្យ ​សម្រាប់​ពុទ្ធ​សាសនិក​រម្លឹក​ដល់​មហា​ព្រឹត្តិការណ៍​​ក្នុង​ពុទ្ធ​សម័យ

    វិសាខបូជា​គឺជា​ពិធី​បុណ្យ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ចំណោម​ពិធី​បុណ្យ​ធំ​ៗ​ក្នុង​ព្រះពុទ្ធ​សាសនា​ ដែល​​ត្រូវ​បាន​​​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​​ពេញបូណ៌មី​ខែ​ពិសាខជា​រៀង​រាល់​ឆ្នាំ​ ក្នុង​បំណង​​​រម្លឹក​​ដល់​ព្រឹត្តិការណ៍​សំខាន់​ៗ​ចំនួន​3​នៃ​​សម័យ​ពុទ្ធកាល​។

    ​វិសាខ​បូជា​បាន​ក្លាយ​ជា​ពិធីបុណ្យ​អន្តរ​ជាតិ​ជា​ផ្លូវ​ការ​មួយ​ក្នុង​ពិភពលោក​ បន្ទាប់​ពី​ត្រូវ​បាន​​​ប្រទេស​ជា​ច្រើន​ដែល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ ​អនុម័ត​ និង​ទទួលស្គាល់កាល​ពី​ឆ្នាំ​1999​។ ប្រទេស​កម្ពុជា​ក៏​បាន​ចាត់​ទុក​ពិធី​បុណ្យ​វិសាខ​បូជា​នេះ​ ជា​បុណ្យ​ជាតិ​ដ៏សំខាន់ផងដែរ​។ បុណ្យ​វិសាខបូជា​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​បំណង​​​រម្លឹក​ដល់​ព្រឹត្តិការណ៍​ពិសេស​ៗ​ចំនួន3​ ដែល​ទាក់​ទិន​ទៅ​​នឹង​ដំណើរ​ជីវិត​របស់​ព្រះ​ពុទ្ធ​ រួម​មាន​ ទី​មួយគឺ​ “​ព្រះ​អង្គ​ទ្រង់​ប្រសូត” ទីពីរ​គឺ​ “ព្រះ​អង្គ​​ត្រាស់​ដឹង និង​ទីបី​គឺ​ “​ព្រះ​ពុទ្ធ​ទ្រង់​ចូល​ព្រះ​និព្វាន“។

    *ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​​​ប្រសូត​នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ 632​ឆ្នាំ​។ នៅ​ពេល​មាន​ព្រះ​ជន្ម​29​​ឆ្នាំ​ ទ្រង់​ក៏​បាន​យាង​ទៅ​សាង​ផ្នួស ស្វែង​រក​ផ្លូវ​ត្រាស់​ដឹង​ដើម្បី​ជួយ​រំដោះ​ទុក្ខ​សត្វ​លោក។

    *បន្ទាប់​ពី​បាន​សាង​ព្រះ​ផ្នួស​​ និង​ស្វែង​រក​​ធម៌​​អស់​រយៈពេល6​ព្រះ​វស្សា ព្រះ​អង្គ​ក៏​បាន​ត្រាស់​ដឹង​ធម៌​ក្នុង​លោក និង​បាន​កា្ល​យ​ជា​ព្រះសម្មាសម្ពុទ្ធ​នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀប​ភ្លឺ។

    *ព្រះសម្មាសម្ពុទ្ធ​ ទ្រង់​យាង​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅ​ពេល​​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​80​​ព្រះ​វស្សា។

    ព្រះ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​យាង​ចូល​ព្រះ​និព្វាន​នៅ​ក្នុង​ថ្ងៃ​15​កើត ពេញបូណ៌មី ខែវិសាខ​ដូច​គ្នា ដោយ​​​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ​ដោយ​តែ​មាន​លក្ខណៈ​ដ៏​ពិសេស​អស្ចារ្យ​បែប​នេះ​ហើយ​ ទើប​បាន​ជា​​លោក​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាស​នា​បាន​កត់ត្រា​ទុកក្នុង​ព្រះ​គម្ពីរ​ពុទ្ធ​សាសនា​ថា​ ជា​ថ្ងៃ​មង្គល​ដ៏​មហា​អស្ចារ្យ​សម្រាប់​ពុទ្ធ​សាសនា​ទាំង​មូល​នៅលើ​ពិភពលោក​​។

    ពិធី​បុណ្យ​ពិសាខ​បូជា​ឆ្នាំ​នេះ នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​​​​ថ្ងៃ​ទី​6​ ខែ​ឧសភា ឆ្នាំ​2020 ត្រូវ​នឹងថ្ងៃ​15​កើត​ ពេញ​បូណ៌មី ខែ​ពិសាខ​ ពុទ្ធ​សករាជ​2563 ជា​ថ្ងៃ​​​ចុងក្រោយ​នៃ​ពុទ្ធ​សករាជ​ឆ្នាំ​2563។ ថ្ងៃ​​ខាន​ស្អែក​នឹង​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៃ​ពុទ្ធសករាជ​2564​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​7​ ខែ​ឧសភា ឆ្នាំ​2020៕

  • អ្នកម្តាយដែលចាញ់កូនខ្លាំង កូននៅក្នងផ្ទៃច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    អ្នកម្តាយដែលចាញ់កូនខ្លាំង កូននៅក្នងផ្ទៃច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    តាមរយៈការពិនិត្យសម្រាប់ស្រ្តីមានផ្ទៃពោះ 85% ក្នុងអំឡុងត្រីមាសដំបូងនឹងមានអាការចាញ់កូនយ៉ាងខ្លាំងក្លា អ្នកខ្លះដល់ថ្នាក់ញ៉ាំអ្វីមិនបាន ញ៉ាំហើយក្អួតចេញមកវិញអស់ អ្នកខ្លះទៀតចាញ់កូនធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅគេងព្យួរសេរ៉ូមនៅឯមន្ទីរពេទ្យក៏មាន តែសូមជឿចុះថា អាការចាញ់កូនធ្ងន់ធ្ងររបស់អ្នកម្តាយនេះ គឺជាការបញ្ជាក់ឱ្យដឹងថា កូនមានសុខភាពរាងកាយរឹងមាំល្អតាំងពីនៅក្នុងពោះហ្នឹងឯង។

    លទ្ធផលនៃការតាមដានពិនិត្យមើលអ្នកម្តាយមានគភ៌ជាង 850,000 នាក់ បានដឹងថា អ្នកម្តាយដែលមានអាការចាញ់កូន មិនថាតែចាញ់ខ្លាំង ឬចាញ់តិចនោះទេ ច្រើនតែប្រសូតត្រូវចំគំណត់ពេល ហើយទារកដែលប្រសូតចេញមកក៏មានសុខភាពរាងកាយរឹងមាំល្អ តែសម្រាប់អ្នកម្តាយដែលគ្មានអាការចាញ់កូនសោះនោះ គិតជាភាគរយ 9,5% ច្រើនតែប្រសូតមុនពេលកំណត់ និងអ្នកខ្លះអាចស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងគភ៌ផងក៏មាន។

    អាការចាញ់កូនកើតឡើងបានចំពោះអ្នកម្តាយគ្រប់រូប កើតឡើងដោយសារការដែលអ័រម៉ូនក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរាងកាយបញ្ជូនសញ្ញាអ្វីម្យ៉ាងចេញមក ដូចជា ក្អួត អស់កម្លាំងល្វើយ ចង់តែគេងសម្រាករហូត ឆាប់ទទួលដឹងក្លិនលឿនជាងសព្វដង មានកង្វល់ មិនសប្បាយក្នុងខ្លួន ជាដើម តែអាការចាញ់កូនទាំងនេះនឹងកើតធ្ងន់ធ្ងរចំពោះតែក្នុងត្រីមាសដំបូងប៉ុណ្ណោះ លុះឈានចូលដល់អំឡុងត្រីមាសទី 2 អាការចាញ់កូនទាំងនេះនឹងបាត់អស់ទៅវិញ ឬមានអាការស្រួលខ្លួនឡើងវិញជាងមុន បើអ្នកម្តាយមានអាការចាញ់កូន មិនថានឹងច្រើន ឬក៏តិចយ៉ាងណានោះទេ គួរតែប្រាប់ទៅលោកគ្រូពេទ្យឱ្យបានដឹងគ្រប់ពេលដែលទៅពិនិត្យរាងកាយ ដើម្បីលោកគ្រូពេទ្យនឹងបានវាយតម្លៃសុខភាពទារកក្នុងគភ៌របស់អ្នកម្តាយបាន។ អ្នកម្តាយម្នាក់ណាដែលមានអាការចាញ់កូនខ្លាំងអាចញ៉ាំអាហារដើម្បីសម្រាលអាការបានដូចតទៅ ៈ

    1 – ទឹកខ្ញីក្តៅៗ ឬត្រជាក់ ផ្អែមតិចៗ។

    2 – បែងអាហារដែលចង់ទទួលទានចេញជាពេលអាហារតូចៗ ដើម្បីទទួលទានក្នុងពេលថ្ងៃ។

    3 – នំឃុកគី ឬ គ្រែកឃើរ៍ដុំតូចៗទុកយកញ៉ាំក្នុងពេលថ្ងៃ។

    4 – ញ៉ាំទឹកឱ្យបានច្រើនៗ និងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់។

    សម្រាប់អាការចាញ់កូន អាចនិយាយបានថាជារឿងប្រក្រតីសម្រាប់អ្នកមានគភ៌ ចូរគិតថា ចាញ់កូនខ្លាំង កូនរឹងប៉ឹងខ្លាំង ព្រោះបញ្ចេញអ័រម៉ូនការមានជីវិតចេញមកច្រើន តែសម្រាប់ស្រ្តីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះក៏មិនចាំបាច់កង្វល់ដែរ បើពិនិត្យរាងកាយគ្រប់យ៉ាងប្រក្រតីនោះ ក៏បញ្ជាក់ថា អ្នកជាម្តាយដែលសំណាងល្អខ្លាំងណាស់ដែលមិនចាំបាច់នឿយហត់ជាមួយអាការចាញ់កូន៕

  • ពានអត់មានម្ចាស់ ! លីកកំពូលបារាំង Ligue 1 ប្រកាសឆាចោល 1ទៀតហើយ

    ពានអត់មានម្ចាស់ ! លីកកំពូលបារាំង Ligue 1 ប្រកាសឆាចោល 1ទៀតហើយ

    ដូចកីឡាដទៃទៀតដែរ បាល់ទាត់លីកកំពូលរបស់ប្រទេសបារាំង នឹងគ្មានម្ចាស់ជើងឯកសម្រាប់រដូវកាល2020 នេះទេ ដោយសារតែរដ្ឋាភិបាលបារាំងបានចេញនូវវិធានការដ៏ក្តៅគគុកមួយ ដែលត្រូវបិទគ្រប់សកម្មភាពកីឡាទាំងអស់នៅក្នុងឆ្នាំ2020 ដើម្បីបញ្ចៀសការកើនឡើងនៃការឆ្លងរាតត្បាតនៃមេរោគកូវីដ-19។

    …តែ គេនៅមិនទាន់ដឹងថា តើសហព័ន្ធបាល់ទាត់របស់ប្រទេសមួយនេះ នឹងលុបចោលលីកដោយគ្មានក្រុមកាត់ចោល, ក្រុមឡើងថ្មី ឬយ៉ាងណានោះទេ? រីឯក្រុមជើងឯក និងកៅអី Champions League អាចគិតត្រឹមចំណាត់ថ្នាក់បច្ចុប្បន្ន ឬយ៉ាងណានោះ ក៏គេនៅមិនទាន់សម្រេចឱ្យបានច្បាស់លាស់ដែរ។

    …តែ អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះគឺ ក្លិបដែលឈរនៅកំពូលតារាង Paris Saint Germaint ដែលបានឆ្លងកាត់ 27ប្រកួតមកហើយ ដោយចាញ់តែ 3ប្រកួតប៉ុណ្ណោះ និងមានពិន្ទុឈ្នះដាច់ក្រុមលេខ2 ដល់ទៅ 12ពិន្ទុ ហើយមានគ្រាប់ចំណេញដល់ទៅ 57គ្រាប់នោះ នឹងត្រូវបាត់បង់ឱកាសលើកពានរបស់ខ្លួនសម្រាប់រដូវកាលនេះយ៉ាងពិតប្រាកដ៕

  • Liverpool ភ័យបុកពោះខ្លាំង ក្រោយលីកកំពូលៗនៅអឺរ៉ុប 3ក្របខ័ណ្ឌ ប្រកាសបិទ បន្តកន្ទុយគ្នា

    Liverpool ភ័យបុកពោះខ្លាំង ក្រោយលីកកំពូលៗនៅអឺរ៉ុប 3ក្របខ័ណ្ឌ ប្រកាសបិទ បន្តកន្ទុយគ្នា

    គិតមកទល់នឹងពេលនេះ មានលីកកំពូលៗរបស់ប្រទេសនៅតំបន់អឺរ៉ុប ចំនួន 3ហើយ ដែលបានប្រកាសបិទ បន្តបន្ទាប់គ្នា ដោយសារតែវិបត្តិកូវីដ-19 និងក៏ដើម្បីជាការបង្ការជំំងឺដែលបង្កដោយមេរោគមួយនេះដែរ។

    ក្នុងនោះដែរ ហូឡង់គឺជាប្រទេសទី1 ដែលបានប្រកាសឆាចោលរាល់ការប្រកួតទាំងអស់កន្លងមកនៅក្នុងក្របខ័ណ្ឌលីកកំពូលរបស់ខ្លួន គឺ Eredivisie ក្រោយស្ថានភាពហាក់មិនសមប្រកប និងចៀសវាងការទន្ទឹងរង់ចាំរបស់ក្លិបបាល់ទាត់នានា។

    បារាំងជាប្រទេសបន្ទាប់ ដែលប្រកាសលុបចោលក្របខ័ណ្ឌលីកដូចគ្នា ដោយសារតែរដ្ឋាភិបាលបារាំង បានដាក់កំហិតឱ្យបិទគ្រប់សកម្មភាពកីឡាទាំងអស់នៅក្នុងប្រទេសក្នុងឆ្នាំ2020នេះ។

    បន្ទាប់មកគឺ លីកកំពូលរបស់ប្រទេសប៊ែលហ្ស៊ិក Belgian Pro League គឺជាប្រទេសទី 3ហើយ ដែលទើបតែបានប្រកាសបិទជាបន្ត ក្រោយរដ្ឋាភិបាលរបស់ប្រទេសនេះ បើកភ្លើងក្រហមឱ្យបញ្ឈប់កីឡាមួយនេះជាបន្ទាន់។

    ចំពោះក្របខ័ណ្ឌលីកកំពូលរបស់អង់គ្លេស ដែលជាប្រទេសរងការរាតត្បាតដោយមេរោគកូវីដ-19 ខ្លាំងជាងគេនៅតំបន់អឺរ៉ុបវិញនោះ ក៏ហាក់មានសញ្ញានៃការបិទនេះដែរ ដែលបានធ្វើឱ្យក្លិប ក៏ដូចជាអ្នកគាំទ្ររបស់ក្លិប Liverpool មានការស្រងាកចិត្តយ៉ាងខ្លាំង ព្រោះក្រុមមួយនេះ ហាក់បានឈានទៅកៀកនឹងការលើកពានទៅហើយ ដោយត្រូវការឈ្នះតែ 2ប្រកួតទៀតប៉ុណ្ណោះ ខណៈនៅសល់ក្នុងដៃដល់ទៅជាង 10ប្រកួតទៀតឯណោះ៕