Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមអ្នកជំនាញ ប្រាប់ពីវិធីសាស្ត្រ ធ្វើឱ្យលេខសម្ងាត់ ពិបាកស្មាន ដើម្បីការពារពីពួក Hacker

    ក្រុមអ្នកជំនាញ ប្រាប់ពីវិធីសាស្ត្រ ធ្វើឱ្យលេខសម្ងាត់ ពិបាកស្មាន ដើម្បីការពារពីពួក Hacker

    ដោយសារមានជនខិលខូចមួយចំនួន បាននិងកំពុងរិះរកល្បិចកលដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងលួចចូលក្នុងគណនីផ្សេងៗ ស្របពេលដែលមនុស្សទូទាំងពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតរបស់ជំងឺ កូវីដ-19 នោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ក្នុងប្រព័ន្ធឌីជីថល។

    ថ្វីបើគេហទំព័រ និងកម្មវិធីភាគច្រើនសព្វថ្ងៃនេះផ្តល់នូវការការពារសុវត្ថិភាពបន្ថែមក៏ដោយ ក៏ជនខិលខូចនៅតែព្យាយាមវាយសាកល្បងលេខសម្ងាត់របស់អ្នក ឬរំលងប្រព័ន្ធសុវត្ថិភាពនៅក្នុងគេហទំព័រ ដើម្បីពួកគេអាចចូលទៅផ្លាស់ប្តូរទិន្នន័យក្នុងគណនីរបស់អ្នកបញ្ជាទិញទំនិញ ខ្ចីលុយ ឬពួកគេនឹងរក្សាទុកទិន្នន័យរបស់អ្នកដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតណាមួយ។

    ខាងក្រោមនេះ គឺជាវិធីសាស្ត្រដែលធ្វើឱ្យលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នក ៖

    1- លេខសម្ងាត់ត្រូវមានយ៉ាងតិច 10ខ្ទង់ (at least 10 digits)

    2- មានបញ្ចូលជា តួអក្សរ តូច-ធំ ជាលេខ និងជាសញ្ញាលាយគ្នា ex: p@$$GOand$ — “Pass Go and $” ។

    3- កុំប្រើព័ត៌មានផ្ទាល់ខ្លួន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខផ្ទះ លេខទូរស័ព្ទ ជាលេខសម្ងាត់ ជាដើម។

    4- សម្រាប់អ្នកមានគណនីច្រើន សូមចៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា។

    5- ប្រសិនបើលោកអ្នកឱ្យហាងទូរស័ព្ទបង្កើតលេខសម្ងាត់ឱ្យ លោកអ្នកត្រូវប្ដូរ លេខសម្ងាត់ចាស់ចោលឱ្យបានឆាប់បំផុត។

    6- សូមកុំរក្សាទុក (Save) លេខសម្ងាត់ក្នុងកំព្យូទ័រ ឬទូរស័ព្ទ

    7- សូមកុំចុចលើតំណភ្ជាប់ (ឬវាយបញ្ចូលលេខសម្ងាត់) ដែលលោកអ្នកបានទទួលតាមរយៈ អ៊ីមែល ឬសារ ដោយពុំបានស្នើសុំ៕

     

    ប្រភព៖ ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    https://www.facebook.com/anti.cyber.crime.department/photos/a.1380644988671773/2818461194890138/?type=3&theater

  • រឿងល្អៗ ក្នុងសង្គមជប៉ុន៖ វិក្កយបត្រផ្លាស់ប្ដូរជីវិត…ពី “ចោរលួចទំនិញ” ក្លាយជា “មនុស្សរបស់សង្គម”

    រឿងល្អៗ ក្នុងសង្គមជប៉ុន៖ វិក្កយបត្រផ្លាស់ប្ដូរជីវិត…ពី “ចោរលួចទំនិញ” ក្លាយជា “មនុស្សរបស់សង្គម”

    វិក្កយបត្រថ្លៃភេសជ្ជៈ 1សន្លឹក ដែលមានតម្លៃតែមិនប៉ុន្មានយ៉េន ពីហាងលក់ទំនិញមួយកន្លែងនៅក្នុងប្រទេសជប៉ុន បានផ្លាស់ប្ដូរជីវិតរបស់ក្មេងប្រុសម្នាក់ពីការត្រូវចោទថា ជា “ចោរលួច” ក្លាយជាមនុស្សដែលមានគុណតម្លៃនៅក្នុងសង្គម។

    ថ្ងៃមួយ នៅពេល ណាអូមិ ឃិឈិដៈ ត្រឡប់មកដល់ផ្ទះ នាងបានដឹងពីបរិយាកាសតានតឹងរវាងម៉ាក់ និង រីអូតៈ ប្អូនប្រុសរបស់នាង។ ម៉ាក់សង្ស័យថា រីអូតៈបានលួចរបស់ពីហាងលក់ទំនិញនៅជិតផ្ទះ ព្រោះបានឃើញថា រីអូតៈកំពុងញ៉ាំទឹកភេសជ្ជៈរ៉ែ 1ដប ដែលមិនធ្លាប់មាននៅក្នុងផ្ទះ។ ម៉ាក់កំពុងដេញដោលសួរថា តើរីអូតៈ បានភេសជ្ជៈ 1ដបហ្នឹងមកពីណា?។

    រីអូតៈ ប្អូនប្រុសដែលអាយុតិចជាង ណាអូមិ 4ឆ្នាំ និងកំពុងរៀនថ្នាក់បឋមនោះ បានត្រឹមតែអេះអុញ ព្រោះគេមិនមានប្រាក់សម្រាប់ទិញរបស់អ្វីមួយបានឡើយ ទើបម៉ាក់ត្រូវតែដឹងពីប្រភពរបស់ភេសជ្ជៈ 1ដបនោះឱ្យខាងតែបាន។

    ណាអូមិ និងរីអូតៈ ជាបងប្អូនបង្កើតដែលជិតស្និទ្ធនឹងគ្នាណាស់ លេងជាមួយគ្នាមកតាំងពីតូច តែណាអូមិត្រូវសោកស្ដាយយ៉ាងខ្លាំង នៅពេលដឹងថា រីអូតៈមានអាការ ដោន ស៊ីនដ្រូម ឬភាពខុសប្រក្រតីខាងផ្នែករៀនយល់ដឹង(ឬមិនគ្រប់ទឹក) ទើបសមាជិកក្នុងគ្រួសារ ត្រូវមើលថែទាំ រីអូតៈជាពិសេស និងមិនដែលបណ្ដោយឱ្យគេទៅណាមកណា ឬនៅផ្ទះតែម្នាក់ឯងឡើយ ដែលវារឹតតែធ្វើឱ្យណាអូមិ កាន់តែជិតដិតស្និទ្ធស្នាលជាមួយប្អូនប្រុសម្នាក់នេះខ្លាំងឡើង។

    នៅពេលដែលម៉ាក់ និងណាអូមិ ដេញដោលឱ្យរីអូតៈប្រាប់ពីការពិតថា តើបានភេសជ្ជៈ 1ដបនោះមកពីណានោះ ក្មេងប្រុសក៏លូកយកក្រដាសមួយសន្លឹកតូចចេញមកពីក្នុងហោប៉ៅអាវ យ៉ាងអៀនប្រៀន…។

    ក្រដាសនោះ គឺជាវិក្កយបត្រពីហាងលក់ទំនិញមួយដែលនៅជិតផ្ទះហ្នឹងឯង ប៉ុន្តែ…រីអូតៈមិនមានលុយ! តើធ្វើម៉េចទើបទិញភេសជ្ជៈ 1ដបនោះពីហាងលក់ទំនិញនោះបាន?

    នៅផ្នែកខាងក្រោយនៃក្រដាសវិក្កយបត្រនោះ មានតួអក្សរសរសេរដោយដៃថា “ចាំបង់លុយ ពេលមកហាងលើកក្រោយក៏បាន”
    …….
    ទាំងអស់គ្នា ប្រញាប់នាំគ្នាទៅហាងលក់ទំនិញនោះព្រមជាមួយរីអូតៈ…។ ពេលទៅដល់ហាងនោះ ម្ដាយរបស់រីអូតៈ បានលំអោនខ្លួនគោរពសូមទោសបុរសដែលជាម្ចាស់ហាងនោះយ៉ាងទន់ភ្លន់ជាច្រើនដង។
    ប៉ុន្តែ បុរសដែលជាម្ចាស់ហាងនោះ គ្មានអាកប្បកិរិយាខឹងសម្បាសូម្បីតែបន្តិចណាឡើយ និងចាប់ផ្ដើមរៀបរាប់ពីរឿងដែលកើតឡើង…

    “កូនប្រុសរបស់អ្នកស្រី មើលទៅហាក់ដូចជាស្រេកទឹកខ្លាំងណាស់ គេប្រហែលជាចំណាំហាងរបស់ខ្ញុំបាន ទើបគិតថា ហាងនេះអាចនឹងជួយគេបាន ខ្ញុំសប្បាយចិត្តណាស់ដែលគេនឹកឃើញហាងរបស់ខ្ញុំ…”

    ក្រុមគ្រួសារណាអូមិ បានឮពាក្យសម្ដី ដ៏មិននឹកស្មានដល់ អំពីម្ចាស់ហាងដោយឥរិយាបថសុភាពរាបសាជាខ្លាំង។

    ម្ចាស់ហាងបានប្រាប់ថា រីអូតៈដើរទៅយកភេសជ្ជៈ រួចដើរមកតុខោនធើរបង់ប្រាក់ តែគេគ្មានលុយ…បុគ្គលិករបស់ហាងប្រាប់ថា ធ្លាប់ឃើញក្រុមគ្រួសាររបស់ក្មេងប្រុសម្នាក់នេះច្រើនដងហើយ ទើបយល់ព្រមឱ្យរីអូតៈយកទឹកភេសជ្ជៈ1ដបនោះទៅសិនចុះ និងចាំមកបង់លុយនៅពេលក្រោយក៏បាន។

    ហេតុការណ៍ក្នុងគ្រានោះ ធ្វើឱ្យក្រុមគ្រួសាររបស់ណាអូមិដឹងថា រីអូតៈអាចជួយខ្លួនឯងបានច្រើនជាងពួកគេគិតទៅទៀត ទើបអនុញ្ញាតឱ្យគេចេញក្រៅផ្ទះ ទៅកន្លែងជិតៗបាន។ ពេលណាអូមិ និងរីអូតៈដើរកាត់មុខហាងលក់ទំនិញនោះ នាងបានដឹងថា ប្អូនប្រុស និងបុគ្គលិករបស់ហាង បានរាក់ទាក់គ្នាហាក់ដូចជាមិត្តស្និទ្ធស្នាល ទោះបីជានាងមិនយល់ថា ទាំង 2នាក់និយាយគ្នាអំពីអ្វីក៏ដោយ ព្រោះរីអូតៈ មិនអាចនិយាយបានច្បាស់ឡើយ តែនាងមានអារម្មណ៍ដឹងថា វាគឺជាមិត្តភាព។

    រឿងល្អៗ ក្នុងសង្គមជប៉ុន៖ វិក្កយបត្រផ្លាស់ប្ដូរជីវិត...ពី “ចោរលួចទំនិញ” ក្លាយជា “មនុស្សរបស់សង្គម”10ឆ្នាំ ក្រោយពីរឿងហេតុនោះកើតឡើង ពេលនេះ ណាអូមិ មានអាយុ 29ឆ្នាំ នាងធ្វើការនៅក្នុងទីក្រុងតូក្យូ ក្នុងក្រុមហ៊ុនដែលធ្វើការងារពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មជនពិការ ចំណែករីអូតៈ នៅតែរស់នៅជាមួយម្ដាយនៅឯស្រុកកំណើត ប៉ុន្តែពេលនេះ គេមិនមែនជាក្មេងដែលរង់ចាំតែពឹងលើអ្នកដទៃគ្រប់ពេលវេលាដូចកាលពីមុនទៀតឡើយ

    រីអូតៈ បានទៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សក្ដានុពលជនពិការ 5ថ្ងៃ ក្នុង 1សប្ដាហ៍ គេអាចធ្វើការងារច្នៃប្រឌិតតូចតាចបាន និងអាចធ្វើការងារដើរចែកចាយសេចក្ដីប្រកាសនៅក្នុងទីប្រជុំជន និងតាមផ្ទះផ្សេងៗបាន គេពឹងលើខ្លួនឯងបាន និងជាផ្នែកមួយរបស់សង្គម។ ពេលគេចេញទៅក្រៅ មនុស្សម្នាក្នុងទីប្រជុំជនបានស្វាគមន៍គេយ៉ាងរាក់ទាក់ ពេលអ្នកជិតខាងសួររីអូតៈថា “យ៉ាងម៉េចដែរ សុខសប្បាយទេ?” គេក៏នឹងឆ្លើយតបដោយឥរិយាបទដ៏ស្រស់ស្រាយ។

    រដូវក្ដៅឆ្នាំនេះ ណាអូមិ និងរីអូតៈ 2នាក់បងប្អូន បានទៅដើរលេងកម្សាន្តជាមួយគ្នា។ ក្រោមផ្ទៃមេឃពណ៌ខៀវស្រងាត់ ណាអូមិមានអារម្មណ៍ដឹងថា ប្អូនប្រុសបានធំធាត់ឡើងមែនទែន គេមិនមែនត្រឹមតែលែងជាបន្ទុករបស់គ្រួសារ និងសង្គមហើយប៉ុណ្ណោះទេ តែនៅអាចជួយខ្លួនឯង និងជាសមាជិកម្នាក់របស់សង្គមបានល្អទៀតផង។

    ជីវិតរបស់រីអូតៈ ផ្លាស់ប្ដូបានល្អបែបនេះ មួយផ្នែកគឺដោយសារ “វិក្កយបត្រ” តែ 1សន្លឹកគត់របស់ហាងលក់ទំនិញនោះ…បើសិនជាថ្ងៃនោះ ម្ចាស់ហាង ប្ដឹងប៉ូលិសចាប់រីអូតៈ ពីបទលួចទំនិញ និងបើគ្មានភាពសន្ដោសប្រណីនៅថ្ងៃនោះទេ ម្ល៉េះសមថ្ងៃនេះ រីអូតៈអាចនៅតែជាមនុស្សដែលមានសតិស្មារតីមិនសមប្រកបម្នាក់ ដែលត្រូវគេប្រមាថមើលងាយថាជា “ចោរលួចទំនិញ” មិនមែនជាសមាជិកល្អ ដែលជាផ្នែកមួយរបស់សង្គមបានដូចពេលនេះឡើយ…។

    ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ អ្នកគ្រូ ឆវី

  • មាស​ពិភព​លោក ឡើង​ថ្លៃ​​ស្ទើរ​ “​កប់​ពពក”

    មាស​ពិភព​លោក ឡើង​ថ្លៃ​​ស្ទើរ​ “​កប់​ពពក”

    ស្ថាន​ភាព​សេដ្ឋ​កិច្ច​មិន​អំណោយ​ផល​ ធ្វើ​ឱ្យ​អ្នកវិនិយោគ​មាន​ការ​ព្រួយ​បារម្ភ​​កាន់​តែ​ខ្លាំង​ចំពោះ​ហានិភ័យ​​​នៃ​វិបត្តិ​សេដ្ឋ​កិច្ច​ទូទាំង​ពិភពលោក​​ ដែល​អាច​កើត​ឡើង​ដោយ​សារ​វីរុស​COVID-19 ដែល​កត្តា​នេះ​បាន​រុញ​ច្រាន​តម្លៃ​មាស​ឡើង​ដល់​1,700​ដុល្លារ​ក្នុង​1​អោន​(ounce)។

    បញ្ចប់​ការ​ជួញ​ដូរ​នៅ​លើ​ទីផ្សារ​មាស​ពិភពលោក​កាលពី​ម្សិល​មិញ តម្លៃ​មាស​បាន​កើន​បន្ថែម​ជិត​43​ដុល្លារ​ ធ្វើ​ឱ្យ​តម្លៃ​សរុប​ឡើង​ដល់​1,718​ដុល្លារ​​ក្នុង​1អោន​(1អោន​ = 8,29426​ជី)។ នៅក្នុង​ការ​ជួញ​ដូរ​កាលពី​ថ្ងៃទី​7​ឧសភា មាន​ពេល​ខ្លះ​តម្លៃ​មាស​បាន​លោត​ឡើង​ដល់​1,722​ដុល្លារ​ក្នុង​1​អោន​ ដែល​នេះ​ជា​តម្លៃ​ខ្ពស់​បំផុត​រាប់​ចាប់​ពី​ឆ្នាំ​2012​។

    សម្រាប់​ព្រឹក​នេះ តម្លៃ​មាស​បាន​ធ្លាក់​ចុះ​បន្តិច​ ដោយ​ត្រូវ​បាន​​ជួញ​ដូរ​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​1,712​ដុល្លារ​/អោន​។

    កាល​ពី​សប្ដាហ៍​មុន រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បន្ត​​ទទួល​យក​ពាក្យស្នើ​សុំ​ជំនួយ​ពី​ពលរដ្ឋ​​រាប់​លាន​នាក់​បន្ថែម​​ទៀត​ ដោយ​សារ​ពួកគេ​បាន​បាត់​បង់​ការ​ងារ​។ ការ​ផ្អាក ឬ​បញ្ឈប់​បុគ្គលិក​ពី​ការ​ងារ​នៅ​សហរដ្ឋអាមេរិក កំពុង​កើត​ឡើង​​នៅគ្រប់​វិស័យ​ ហើយ​វា​នឹង​អាច​បន្ត​បង្កើន​ល្បឿន​ សូម្បី​តែ​នៅ​ពេល​រដ្ឋ​ជា​ច្រើន​​បាន​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ក៏ដោយ​។

    លោក Michael Matousek ដែល​ជា​នាយក​ផ្នែក​ជួញ​ដូរ​របស់​​ក្រុម​ហុន​គ្រប់​គ្រង​ការវិនិយោគ​ U.S. Global Investors បាន​ឱ្យ​ដឹង​ថា “អត្រា​នៃ​ការ​បាត់ប​ង់ការ​ងារ​​នៅ​តែ​មាន​កម្រិត​ខ្ពស់ នាំ​ឱ្យ​អ្នក​ជំនួញ​ជា​ច្រើន​ ងាក​មក​រក​ទ្រព្យ​សុវត្ថិ​ភាព​”។

    ស្ថិតិ​ផ្សេង​មួយ​ទៀត​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពីម្សិល​មិញ​ បាន​បង្ហាញ​ថា ផលិត​ភាព​នៃ​ពល​កម្ម​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ត្រី​មាស​ទី​1​ឆ្នាំ​2020 បាន​ធ្លាក់​ចុះ​​ទាប​បំផុត​ក្នុង​អំឡុង​​ជាង​4​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ចំណែក​ចំនួន​ម៉ោង​ធ្វើ​ការ​ក៏​ថយ​ចុះ​ទាប​បំផុត​រាប់ចាប់​ពី​ឆ្នាំ​2009​មក​ដល់​បច្ចុប្បន្ន។

    យោង​តាម​ការ​ស្ទង់​មតិ​របស់​ Reuters ចំនួន​ការ​ងារ​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ព្យាករ​ថា​នឹង​ថយ​ចុះ​យ៉ាង​គំហុក។​​​​នៅ​ក្នុង​ខែ​មេសា ពលរដ្ឋ​​បាន​បាត់​បង់​ការ​ងារ​ មាន​ចំនួន​ដល់​ទៅ​22​លាន​នាក់​ ដែល​តួលេខ​នេះ​ ខ្ពស់​ជាង​ឆ្ងាយ​​បើ​ធៀប​នឹង​ចំនួន​800,000​នាក់​​នៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​កាល​ពី​ឆ្នាំ​2008​ទៅ​ទៀត​។

    អ្នក​វិនិយោគ​អន្តរ​ជាតិ​ក៏កំពុង​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ចិន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​។ ប្រធានាធិបតី​ Donald Trump កំពុង​តែ​ពិចារណា​លើ​​​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ទៅ​លើ​ទីក្រុង​ប៉េកាំង​ ព្រោះ​តែវិធី​ដែល​​ប្រទេស​ចិន​​ប្រើ​ប្រាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​COVID-19​ នៅ​ក្នុង​ដំណាក់​កាល​ដំបូង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទំហំសហហិរញ្ញប្បទានរបស់ធនាគារ SME បានកើនដល់ 150លានដុល្លារ សម្រាប់ជួយដល់វិស័យ SME ក្នុងស្រុក

    ទំហំសហហិរញ្ញប្បទានរបស់ធនាគារ SME បានកើនដល់ 150លានដុល្លារ សម្រាប់ជួយដល់វិស័យ SME ក្នុងស្រុក

    ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ត្រូវបានរាជរដ្ឋាភិបាលបង្កើត​ឱ្យ​មានឡើង ដើម្បីផ្តល់ប្រាក់កម្ចីដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ខណៈ​ដែល​ធនាគារនេះមានដើមទុនដំបូងរបស់ខ្លួនចំនួន 100លានដុល្លារ ដែលនឹង​ផ្តល់ជូន​ដល់​អ្នកវិនិយោគលើវិស័យ SMEs នូវអត្រាការប្រាក់ទាប ត្រឹមតែ 7%ប៉ុណ្ណោះក្នុង 1ឆ្នាំ។

    ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី7 ខែឧសភា ឆ្នាំ2020 ស្ដីពី «គម្រោងសហ​ហិរញ្ញ​ប្បទានទ្រទ្រង់​សហគ្រាស​ធុន​តូច​ និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាស​ធុន​តូច និង មធ្យម» ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា រហូត​មក​ដល់ពេលនេះ ទំហំសហហិរញ្ញប្បទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) បានកើនឡើងដល់ 150លានដុល្លារអាមេរិក ដែលត្រៀមសម្រាប់ជួយដល់វិស័យ SMEs នៅក្នុងប្រទេសកម្ពុជា។

    លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ដំបូងឡើងនៅពេលរាជរដ្ឋាភិបាលបង្កើតធនាគារ SMEs យើងមានទុនដំបូងតែចំនួន 100លានដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកធនាគារឯកជន បាន​សហការជា​មួយធនាគារ SMEs ដែលធ្វើឱ្យដើមទុនកើនឡើងរហូតដល់ 150លានដុល្លារអាមេរិកនៅពេលនេះ។

    លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអះអាងថា៖ «រហូតមកដល់ពេលនេះ មានសេចក្ដីរាយ​ការណ៍ថា មានធនាគារចំនួន 33ទៀត បានបរិច្ចាគជួយដល់ធនាគារ SMEs ដូច្នេះធនាគារ SMEs មានទុនចូលដល់ 150លានដុល្លារ ដែលនឹងផ្ដល់កម្ចីក្នុងអត្រាការប្រាក់7%»។

    ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានអះអាងដែរថា ចំពោះឥណ​ទាននេះ នឹងផ្ដល់ឱកាសឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម ទទួលបានឥណ​ទានក្នុងទុនបង្វិល 20​ម៉ឺន​ដុល្លារ ហើយចំពោះការវិនិយោគទៅលើគ្រឿងម៉ាស៊ីន នឹងបាន​រហូត​ដល់ 30ម៉ឺនដុល្លារ ក្នុង 1ក្រុម​ហ៊ុន។

    លោកឧកញ៉ា ក៏បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងដល់ធនាគារ SMEs ដែលបានកៀរ​គរ​ប្រភព​ទុនមួយចំនួនបន្ថែមទៀតនេះ ហើយលោកក៏នឹងចូលរួមចំណែកដល់ការបន្ធូរបន្ថយលើនីតិវិធី​ក្នុងការខ្ចី​លុយនេះផងដែរ។ លោកឧកញ៉ា បានសំណូមពរដល់ធនាគារ ដែលជាដៃគូសហការទាំងអស់ ត្រូវផ្ដោតទៅ​លើ​គម្រោងនៃការវិនិយោគរបស់អ្នកខ្ចី ទើបអាចគ្រប់គ្រងបាន។

    លោកឧកញ៉ា បានស្នើដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank)និង​ធនា​គារ​ដៃគូទាំង33 សូមកុំមានការតឹងតែងខ្លាំងពេកលើវត្ថុបញ្ចាំ ចំពោះម្ចាស់សហគ្រាសធុនតូច និង​មធ្យម (SME) ដែលមានបំណងមកទទួលឥណទាន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។

    លោកឧកញ៉ា តែ តាំងប៉បានបញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះបញ្ហាការដាក់វត្ថុបញ្ចាំ ក្នុងនាម ខ្ញុំជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខ្ញុំកំពុងធ្វើការសម្របសម្រួល ព្រោះសហគ្រាសធុនតូច និងមធ្យម(SME) ភាគច្រើន មិនមែននៅពេញទូទាំងប្រទេសនោះទេ គឺនៅតាមបណ្ដាខេត្តមួយចំនួន និងជាពិសេសនៅក្នុងរាជធានី មានច្រើនជាងគេ ដូច្នេះខ្ញុំសំណូមពរឱ្យវត្ថុបញ្ចាំ​ កុំឱ្យមាន​ការ​តឹងតែងពេក កាលណាតឹងតែងពេក SME អាចនឹងខ្ចីអត់បាន»។

    លោកឧកញ៉ា បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមដែលទទួលបានកម្ចី នឹងមិន​រត់ចោល​ស្រុកនោះទេ គឺទទួលឥណទានមកដើម្បីអភិវឌ្ឍន៍ ហើយលោកចង់​ឱ្យធនាគារសហ​គ្រាស​ធុនតូច និង​មធ្យមមានការទុកចិត្ដគ្នា។ លើសពីនោះទៀត លោកថ្លែងថា សម្ព័ន្ធសមាគម​សហគ្រាសធុនតូច និង​មធ្យម​កម្ពុជា កំពុងដាក់ពាក្យស្នើទៅក្រុមការងារ SMEs Bank ឱ្យបន្ដនីតិវិធីដល់ 6ឆ្នាំ ដើម្បីសង​ត្រឡប់​ទៅវិញ ខណៈសព្វថ្ងៃមានរយៈពេល 4ឆ្នាំ។

    បច្ចុប្បន្នវិស័យសេដ្ឋកិច្ចរបស់កម្ពុជា បានទទួលរងផលប៉ះពាល់ដោយសារតែឥទ្ធិពលនៃជំងឺ COVID-19 ដែលកំពុងតែរីករាលដាល ក្នុងនោះវិស័យសហគ្រាសធុនតូច និងមធ្យម ក៏បានធ្វើឱ្យ​ជួបនូវ​បញ្ហា​​​ប្រឈម​នេះដូចគ្នាផងដែរ តែផ្នែកដែលផលិតផលិតផលមិនមែនចំណីអាហារ កំពុងរងផលប៉ះពាល់ខ្លាំង​ជាង SMEs ដែលផលិតចំណីអាហារ។

    លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃ​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ផលប៉ះពាល់របស់ SMEs ដែល​ផលិត​ផលិតផលមិន​មែនចំណីអាហារ គឺកង្វះវត្ថុធាតុដើម ប៉ុន្ដែរហូតមកដល់ពេលនេះ ដោយមានកិច្ចសម្របសម្រួល​ពីថ្នាក់ដឹកនាំពាក់ព័ន្ធ គឺយើងបានរួមគ្នាដោះស្រាយបានមួយ​កម្រិត​ហើយ ពាក់ព័ន្ធនឹងបញ្ហាកង្វះវត្ថុធាតុដើមនេះ។

    លោក ឈា ឡាយហ៊ី បានបញ្ជាក់ថា ដោយឡែក បញ្ហាប្រឈមមួយទៀតដែល SMEs កំពុង​ជួប​ប្រទះ​នេះ គឺទាក់ទងទៅនឹងបញ្ហា​ទី​ផ្សារ ដែលបញ្ហានេះគឺជារឿងសំខាន់ ដោយសាររហូតមក​ដល់ពេល​នេះ ប្រជាពលរដ្ឋ​មិនទាន់ដឹងថា ជំងឺCOVID-19 នឹងអូសបន្លាយដល់ពេលណានោះ​ទេ ដូច្នេះ​ថវិកា​របស់​ពួកគាត់នៅមានកម្រិត។ កត្តាទាំងនេះ នាំឱ្យការផលិត និងតម្រូវការមិន​ទាន់​បន្ស៊ី​គ្នាបាននៅឡើយទេ។

    បើតាមលោក ឈា ឡាយហ៊ី ក្នុងពេលអន្ដរកាលនេះ ក្រុមការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានកោះប្រជុំ​ក្រុមការងារ​ស្ទើរតែ​រាល់​សប្ដាហ៍ ដើម្បីដោះស្រាយបញ្ហានេះ និងកំណត់​អ្វីដែលជាទំនិញយុទ្ធសាស្ដ្រផ្សេងៗ សម្រាប់​ត្រៀម​បង្ការករណី ដែលមានរលកទី2 នៃជំងឺCOVID-19 នេះ៕

  • 8 សំនួរសំខាន់ៗរបស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    8 សំនួរសំខាន់ៗរបស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង ការចិញ្ចឹមកូនដោយទឹកដោះម្តាយ ព្រោះមានអ្នកម្តាយជាច្រើននាក់ដែលប្រសូតបុត្ររួចហើយទឹកដោះមិនបានហូរចេញមកភ្លាមៗ អ្នកម្តាយខ្លះទៀតក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើត្រៀមជាស្រេចក្នុងការបំបៅទឹកដោះកូនហើយឬនៅ? ទើបកើតចេញជាសំនួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ?។ ដូច្នេះយើងនាំគ្នាមកមើលថា តើសំនួរទាំងនោះមានអ្វីខ្លះ?។

    1 – បៅដោះម្តាយហើយកូនក្អែរ ក្អួត បញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ?

    រឿងនេះមិនពិតទេ បើកូនក្អែរទឹកដោះចេញមកវិញ ចូរគិតជាមុនថា អ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? ដែលឃើញកូនស្រែកយំញឹកញាប់នោះ អាចនឹងមិនបានឃ្លានមឹមទេ អាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំក៏គួរពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ ក៏លើកកូនមកបំបៅដោះតែម្យ៉ាងបែបនេះ មិនមែនជារឿងល្អប៉ុន្មានឡើយ។

    2 – ម្តាយកើតប្រតិកម្មចាញ់នៅលើរាងកាយឱ្យកូនបៅទឹកដោះបានឬទេ?

    អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលី ជាដើម។

    3 – មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយគ្រប់គ្រាន់ឬទេ?

    បើអ្នកម្តាយមានគភ៌ភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ និងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។

    4 – ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ?

    បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងពួកនេះស្រេចទៅហើយ និងណែនាំវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះ ព្រោះកូននឹងរិះរកវិធីបឺតជញ្ជក់ទឹកដោះបានដោយខ្លួនឯង ហើយនឹងស៊ាំធ្លាប់ជាមួយដោះរបស់អ្នកម្តាយដោយឯកឯង។

    5 – កូនបៅទឹកដោះម្តាយហើយ បន្ទោបង់មិនប្រក្រតី

    មិនមែនជាការពិតទេ ព្រោះទឹកដោះម្តាយងាយរំលាយ ធ្វើឱ្យប្រព័ន្ធការបន្ទោបង់របស់កូនធ្វើការល្អ ក្រពះធ្វើការបានល្អ កូន​នឹងមិនឆ្អល់ពោះ ពោះមិនឡើងរឹងណែន មិនតឹងថប់ ឬក្អួត តែនឹងគេងលក់ស្រួល និងបៅទឹកដោះស្រួល។

    6 – កូនខ្លួនឡើងលឿងត្រូវតែបានទទួលទឹកដោះម្តាយភ្លាម

    ទារកភាគច្រើននឹងខ្លួនឡើងលឿងបណ្តាលមកពីការធ្វើការរបស់ថ្លើម និងទឹកប្រមាត់នៅធ្វើការមិនទាន់ល្អ។ បើទឹកដោះរបស់អ្នកម្តាយនៅមិនទាន់មានក្នុងអំឡុងពេលដំបូងៗក៏មិនអីដែរ តែបើទឹកដោះចាប់ផ្តើមមានហើយ គួរឱ្យកូនបានបៅទឹកដោះម្តាយភ្លាម ដើម្បីកាត់បន្ថយអាការខ្លួនលឿងរបស់កូន។

    7 – ម្តាយមិនស្រួលខ្លួន កើតជំងឺផ្តាសាយ តើអាចបំបៅទឹកដោះកូនបានឬទេ?

    បំបៅបានតាមប្រក្រតី លើកលែងតែពេលអ្នកម្តាយគ្រុនក្តៅខ្លួនខ្លាំង ព្រោះអ ាការគ្រុនក្តៅកើតពីមេរោគបាក់តេរីអាចធ្វើឱ្យកូនឈឺបាន តែបើអ្នកម្តាយគ្រាន់តែក្អក ហៀរសំបោ ឬឈឺកនោះ អាចបំបៅទឹកដោះកូនបានតាមប្រក្រតី និងមិនគួរទិញថ្នាំមកលេបខ្លួនឯងទេ ព្រោះថ្នាំខ្លះមានផលដល់ទារកដែលបៅទឹកដោះម្តាយ គួរប្រឹក្សាជាមួយគ្រូពេទ្យមុនពេលទិញថ្នាំជានិច្ច។

    8 – អ្នកម្តាយដែលធ្វើការវះកាត់បំប៉ោងសុដន់ តើអាចបំបៅទឹកដោះកូនបានឬទេ?

    អាចបំបៅទឹកដោះកូនបានដូចប្រក្រតី តែនៅក្នុងអំឡុងពេលដែលដោះស្ទះនឹងមានអារម្មណ៍ថាថប់ៗ និងតឹងណែនជាងប្រក្រតី តែនៅពេលកូនបៅបានមួយរយៈហើយនោះ សុដន់នឹងត្រឡប់មកជាប្រក្រតីវិញ និងមិនយារធ្លាក់នោះឡើយ។

    ជំនឿទាំងឡាយពាក់ព័ន្ធនឹងការបំបៅទឹកដោះកូន ជារឿងដែលមនុស្សភាគច្រើននិយាយតៗគ្នាមក ទើបធ្វើឱ្យអ្នកម្តាយថ្មីថ្មោងមួយចំនួនកើតការសង្ស័យ និងអាចយល់ច្រឡំបានហ្នឹងឯង៕

  • Hacker បង្កប់មេរោគលើកម្មវិធីទាំងនេះ ដើម្បីលួចយក Password កម្មវិធីធនាគារក្នុងទូរស័ព្ទ

    Hacker បង្កប់មេរោគលើកម្មវិធីទាំងនេះ ដើម្បីលួចយក Password កម្មវិធីធនាគារក្នុងទូរស័ព្ទ

    កម្មវិធី​ដែល​ជា​មុខ​សញ្ញា​ មាន​ដូច​ជា PayPal Business, Revolut, Barclays, UniCredit, CapitalOne UK, HSBC UK, Santander UK, TransferWise, Coinbase និង paysafecard ត្រូវ​បាន​ក្រុម​សុវត្ថិភាព​លើ​អ៊ីនធើណិត​​ Cybereason Noctornus ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​លើ EventBot ដែល​ជា​មេរោគ​​ប្រភេទ​ថ្មី​មួយ​លើ​ស្មាតហ្វូន​ Android ដែលបាន​លេច​មុខក្នុង​អំឡុង​ខែ​មីនា ​ឆ្នាំ2020 នេះ​។

    EventBot គឺ​ជា​មេរោគ Mobile Banking (ធនាគារ​លើ​ទូរសព្ទ​ដៃ) និង​ជា​អ្នក​លួច​យក​ព័ត៌មាន​ ដែល​អាច​លួច​យក​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ពី​កម្មវិធី​ហិរញ្ញវត្ថុ អាច​ចូល​អាន​សារ​ SMS របស់​អ្នក​ប្រើ​ប្រាស់ និង​លួច​យក​សារ SMS ដែល​អាច​ឱ្យ​វា​ទម្លុះ​ប្រព័ន្ធ​សុវត្ថិភាព Two-Factor Authentication ចូលបាន។

    ​​​​EventBot នេះ​គួរ​ឱ្យ​​ចាប់​អារម្មណ៍​ ដោយ​សារ​វា​ទើប​តែ​មាន​ថ្មីថ្មោង។ EventBot នេះ​ដាក់​គោលដៅ​វាយ​ប្រហារ​កម្មវិធី​ហិរញ្ញវត្ថុ​ជាង 200ប្រភេទ​ខុសៗ​គ្នា រួម​មាន​កម្មវិធី​ធនាគារ, កម្មវិធី​ផ្ទេរ​ប្រាក់ និង​កម្មវិធី​រូបិយប័ណ្ណ​អេឡិចត្រូនិក (Crypto-Currency) ។ មេរោគ​ថ្មី​នេះ​ដែរ ​គឺ​មាន​សក្ដានុពល​អាច​ក្លាយ​ជា​មេរោគ​ទូរស័ព្ទ​ដ៏​ធំ​មួយ ដោយ​សារ​តែ​វា​មាន​ការ​អភិវឌ្ឍ​ឱ្យ​ល្អ​ប្រសើរឡើង​យ៉ាង​ទៀង​ទាត់។

    សូមជម្រាប​ជូន​ដែរ​ថា ប្រភព​ពី​វេបសាយ​ជំនាញ​ Cybereason Noctornus ​ក៏​បាន​ណែនាំ​ 6ចំណុច​ដើម្បី​អាចចៀស​ផុត​ពី​មេរោគ​ថ្មី​នេះ​បាន៖

    -ត្រូវ​អាប់​ឌែត​ទូរស័ព្ទ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​នៃ​​ប្រព័ន្ធ​ប្រតិបត្តិការ ត្រូវ​ដំណើរ​ការ​មុខងារ​ Google Play Protect ជាប់ជានិច្ច។

    -មិន​ត្រូវ​ទាញ​យក​កម្មវិធី​ពី​ប្រភព​ដែល​មិន​ច្បាស់​លាស់ និងមិនមាន​ការ​ទទួល​ស្គាល់​ផ្លូវ​ការ។

    -កម្មវិធី​ Android ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​ ភាគ​ច្រើន​គឺ​មាន​តែ​នៅ​លើ Google Play Store ប៉ុណ្ណោះ។ ត្រូវ​ធ្វើ​ការ​គិតគូរ​ឱ្យ​ច្បាស់​លាស់ នៅ​ពេល​ផ្ដល់​សិទ្ធិ​ដល់​កម្មវិធី​ណា​មួយ។

    -នៅ​ពេល​កើត​មាន​ការ​សង្ស័យ​ លោកអ្នក​អាច​ឆែក​មើល​​មេរោគ​នៃ File APK តាម​រយៈ​វេបសាយ​ដូច​ជា VirusTotal មុន​ការ​ដំឡើង​វា​លើ​ទូរស័ព្ទ។

    -ប្រើ​ប្រាស់​កម្មវិធី​​ការពារ​ការ​វាយ​ប្រហារ​លើ​ទូរស័ព្ទ ដើម្បី​ពង្រឹង​សុវត្ថិភាព​ឱ្យ​កាន់​តែ​ខ្ពស់ឡើង៕

     

    ប្រភព៖ https://www.news18.com/news/tech/eventbot-malware-can-steal-banking-data-from-your-android-phone-how-to-stay-safe-2600821.html

    https://www.cybereason.com/blog/eventbot-a-new-mobile-banking-trojan-is-born

  • វិធីវាយប្រហារ 8 ពី Hacker ចំណាំបន្លំបោកបញ្ជោត ឬក្លែងបន្លំអំឡុងពេលផ្ទុះកូវីដ-19

    វិធីវាយប្រហារ 8 ពី Hacker ចំណាំបន្លំបោកបញ្ជោត ឬក្លែងបន្លំអំឡុងពេលផ្ទុះកូវីដ-19

    ក្នុងពេលដែលមានការឆ្លងរាលដាលនៃមេរោគCOVID-19 គេសង្កេតឃើញថា មានការកើនឡើងនៃការវាយប្រហារបែប Phishing។ ផ្នែកមួយនៃការបង្ការ Phishing Attack គឺការសិក្សារយល់ដឹងពីប្រភេទ ឬតិចនិកនៃការធ្វើ Phishing Attack :

    1. Spear Phishing ខុសពី Phishing ធម្មតាត្រង់ថា ការវាយប្រហារសំដៅទៅបុគ្គលណាម្នាក់ ឬគោលដៅណាមួយចំៗ។ ឧក្រិដ្ឋជននឹងសិក្សាលម្អិតទុកជាមុន អំពីគោលដៅរងគ្រោះ ដើម្បីបង្កើនភាពជោគជ័យនៃការវាយប្រហាររបស់ពួកគេ។
    1. Email/Spam គឺជាប្រភេទដែលត្រូវបាននិយមប្រើជាងគេ។ ជនដែលមាន បំណងអាក្រក់ នឹងធ្វើការផ្ញើសារអេឡិចត្រូនិកឧទាហរណ៍ (email )ជាច្រើនសារ ទៅមនុស្សច្រើនផ្សេងៗគ្នា ហើយបន្លំខ្លឹមសារអត្ថន័យឱ្យមានសភាពបន្ទាន់ ទាមទារឱ្យជនរងគ្រោះត្រូវតែបំពេញឯកសារផ្តល់នូវព័ត៌មានសំខាន់ផ្សេងៗ។
    2. Web Based Delivery ប្រភេទនេះនិយមកើតឡើងជាទម្រង់ (man-in-the-middle) ដែលបានន័យថា ជនខិលខូចបានដើរតួជាជនកណ្តាល ដែលនៅចន្លោះរវាងគេហទំព័រពិត និងអ្នកប្រើប្រាស់គេហទំព័រនោះ ដោយជនខិលខូចនោះអាចលួចទាញយកព័ត៌មាន ឬទិន្នន័យសំខាន់ផ្សេងៗ ដែលអ្នកប្រើប្រាស់ប្រើសម្រាប់ទាក់ទងទៅវិញទៅមក ជាមួយគេហទំព័រពិត ដោយមិនឱ្យអ្នកប្រើប្រាស់ដឹងខ្លួនឡើយ។
    3. Vishing (Voice Phishing) ការបោកបញ្ឆោតយកពត៌មានសំខាន់តាមរយ:ការ Call តាមទូរស័ព្ទ។
    4. Smishing (SMS Phishing) ជាការក្លែងបន្លំសារតាមទូរស័ព្ទ ដែលបញ្ឆោត ឱ្យម្ចាស់ទូរសព្ទ័ ចុចលើ link ដែលចូលទៅកាន់គេហទំព័រក្លែងបន្លំ ហើយផ្តល់ព័ត៌មានសំខាន់ផ្សេងៗ៕
    5. Link Manipulation ហេគឃ័រនឹងផ្ញើ link ដែលនាំឆ្ពោះទៅកាន់គេហទំព័រក្លែងក្លាយ (malicious website) ទៅអ្នកប្រើ។ ពេលដែលអ្នកទទួលបាន link បន្លំនេះហើយចុចវានោះ វានឹងបង្ហាញគេហទំព័រក្លែងក្លាយនោះដល់ជនរងគ្រោះ។
    6. Malvertising គឺជាការប្រើផ្ទាំងផូស្តផ្សាយពាណិជ្ជកម្ម (malicious advertising pop-up) ដែលនឹងទៅទាញយកកម្មវិធីមេរោគ (malware) នៅពេលត្រូវបានចុច ហើយអនុញ្ញាតឱ្យឧក្រិដ្ឋជន អាចអនុវត្តវិធីជាបន្តបន្ទាប់ ដើម្បីលួចយកទិន្នន័យសម្ងាត់ផ្សេងៗ។
    7. Phishing through Search Engines ការធ្វើឱ្យគេហទំព័រក្លែងបន្លំ បង្ហាញជាខ្លួន ជាលទ្ធផលនៃការស្វែងរក(search) នៅលើ search engine ដូចជា Google Search Engine ឬ Yahoo Search Engine។ ដែលគេហទំព័រទាំងនេះប្រើការបញ្ចុះតម្លៃផលិតផល ឬការផ្តល់កម្ចីសម្រាប់ទិញទំនិញ online ក្នុងការប្រាក់ទាប ជាដើម។

    ឧក្រិដ្ឋជននឹងចាប់យកទិន្ន័យ credit card ឬទិន្នន័យផ្សេងៗ ពេលជនរងគ្រោះចាញ់បោក ហើយប្រើប្រាស់សេវាកម្មផ្សព្វផ្សាយទាំងនោះ។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច!!!៕

    ប្រភព៖ https://us.norton.com/internetsecurity-online-scams-coronavirus-phishing-scams.html

  • ក្ដៅៗ!! ផ្ទុះព័ត៌មានអ្នកនាង កែវ ចាន់និមល មិនមានវត្តមានចាប់ដៃ ជា វិបុល ដូចមុនព្រោះហេតុផលមួយ…

    ក្ដៅៗ!! ផ្ទុះព័ត៌មានអ្នកនាង កែវ ចាន់និមល មិនមានវត្តមានចាប់ដៃ ជា វិបុល ដូចមុនព្រោះហេតុផលមួយ…

    គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះពិធីការិនី កែវ ចាន់និមល មិនសូវបង្ហាញវត្តមានតាមរយៈកម្មធំៗល្បីជាមួយដៃគូ គឺលោក ជាវិបុល ។ យ៉ាងណាមិញ ក៏មានការសួរគ្នាពេញមជ្ឈដ្ឋានមហាជននានា ជុំវិញរឿងរ៉ាវរវាងកែវ ចាន់និមលនិងជា វិបុល ដែលបែកគ្នាពីកម្ម។ ពិសេសមានការលើកឡើងថា និមល របូតកម្មវិធីជាច្រើនក្នុងដៃដោយសារហេតុផលមួយ និងភាពស្និលស្នាលរបស់នាងជាមួយដៃគូ បង្កាត់ភ្លើងប្រច័ណ្ឌ។

    មហាជន ទទួលស្គាល់ថា កែវ ចាន់និមល និងលោកជា វិបុល ជាដៃគូពិធីករដ៏ឆ្នើមជួរមុខគេនៅទូរទស្សន៏ហង្សមាស។ អ្នកទស្សនាសុទ្ឋតែនិយាយចំអន់ថា សមគ្នា ពូកែយល់កិច្ចការ ពេលធ្វើកម្មវិធីធំៗសង់តង់គ្នាបានល្អ។ ម្ល៉ោះហើយទើបការងារក្នុងស្ថានីយនិងក្រៅស្ថានីយ ដៃគូនេះមានឱកាសស្និតស្នាលគ្នាយល់គ្នាច្រើន។ ភាពប្លែកបានកើតឡើងមួយរយៈកាលនេះ ដោយដៃគូញីឈ្មោលទាំង២ អត់នៅជុំគ្នាធ្វើការបណ្តាលឱ្យចេញជារឿងចម្ងល់។ សារព័ត៌មានក្នុងស្រុកមួយក៏បានទម្លាយថា ភាពស្និលស្នាលរវាងតារាស្រីរូបនេះ និងលោក ជា វិបុល បានបង្កើតជាភ្លើងប្រច័ណ្ឌ ហើយធ្វើឱ្យអ្នកនាង គង់ សុជាតិ កើតក្ដីមិនទុកចិត្ត និងមិនបណ្ដោយឱ្យទំនាក់ទំនងមិត្តភាព​ ក្លាយជា​ស្នេហា​ក្រៅរង្វង់សិល្បៈ។

    គេគ្រាន់តែឃើញការងារចាស់ដែល និមល បានកាន់ ត្រូវជំនួសដោយពិធីការិនីផ្សេង ឯជា វិបុលក៏មានកម្មវិធីខ្លះកាន់ជាមួយភរិយា។ មានរឿងជាច្រើនទៀតកើតឡើង ជាមួយនិមល និងជា វិបុល ដោយមិនទាន់កំណត់ថាអាច ងាកមកបំពេញការងារដូចពីមុនជុំដែរឬអត់។ ស្របពេលសព្វថ្ងៃលេចឭថា កែវ ចាន់និមល ចេញទៅអាមេរិក សម្រាកកាយមិនទាន់អើពើបកស្រាយលាងជម្រះ ព័ត៌មានផ្ទុះឡើង ដែលបន្សល់ឱ្យអ្នកគាំទ្រចង់ដឹងសាច់រឿងយ៉ាងណាវិញ។

  • មហាសេដ្ឋី Elon Musk ត្រៀម​ខ្លួន​​ទទួល​​​ប្រាក់​រង្វាន់​ជាង​700​លាន​ដុល្លារ​អាមេរិក​

    មហាសេដ្ឋី Elon Musk ត្រៀម​ខ្លួន​​ទទួល​​​ប្រាក់​រង្វាន់​ជាង​700​លាន​ដុល្លារ​អាមេរិក​

    មហាសេដ្ឋី​ Elon Musk ​ទើប​តែ​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​ Tesla សម្រេច​បាន​គោលដៅ​ជា​ច្រើន​ ដូច្នេះ​លោក​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ទិញ​មូលបត្ររបស់​​ក្រុម​ហ៊ុន​ Tesla ​ក្នុង​តម្លៃ​ទាប ពោល​គឺ​​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​តម្លៃ​ទី​ផ្សារ​។

    អគ្គនាយករបស់​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដើរ​ដោយ​ថាម​ពល​អគ្គិសនី Tesla គឺ​លោក Elon Musk មិន​ទទួល​​ប្រាក់​ខែ​ ឬ​ប្រាក់​រង្វាន់​ផ្ទាល់​នោះ​ទេ​។ យោង​តាម​កិច្ច​ព្រម​ព្រៀង​ជាមួយ​ភាគហ៊ុនិកកាល​ពី​​​ឆ្នាំ​2018​ មហាសេដ្ឋី​រូប​នេះ​នឹង​ទទួល​​បាន​​​​20.3​លាន​ហ៊ុន​រហូត​ដល់​ឆ្នាំ​2028​​ បើ​សិន​ Tesla ដើរ​សម្រេច​បាន​គោល​ដៅ​ដែល​បាន​កំណត់​​ទាក់​ទិន​នឹង​ការ​រកស៊ី និងដើម​​ទុន​។

    កាល​ពី​ថ្ងៃទី​5ឧសភា ដើម​ទុន​ជា​មធ្យម​ក្នុង​រយៈ​ពេល​6​ខែ​កន្លង​របស់​ក្រុម​ហ៊ុន​ Tesla បាន​ឡើង​ដល់​100​ពាន់​​លាន​ដុល្លារ​។ ជាមួយ​នឹង​បណ្ដា​គោល​ដៅ​ដែល​សម្រេច​បាន​កន្លង​មក លោក​ Musk បច្ចុប្បន្ន​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​សិទ្ធិ​​ជ្រើស​រើស​ដំបូង​ នោះ​គឺ​ ការ​ទិញមូលបត្រ​​​របស់​ Tesla ចំនួន​ 1.69​លាន​ហ៊ុន ​ក្នុង​តម្លៃ​ត្រឹម​តែ​350.02ដុល្លារ​/ហ៊ុន​។ យោង​តាម​តម្លៃ​មូលបត្រ​របស់ក្រុម​ហ៊ុន​​ Tesla នៅ​លើ​ទី​ផ្សារ​កាល​ពី​ថ្ងៃទី​5​ឧសភា(768​ដុល្លារ/ហ៊ុន) ចំនួន​មូលបត្រ​​ដែល​លោក Musk នឹង​ទទួល​បាន​ នឹង​ជួយ​ឱ្យ​លោក​ចំណេញ​បានរហូត​ដល់​ ​706​លាន​ដុល្លារ​ឯណោះ​។

    មហាសេដ្ឋី Elon Musk ត្រៀម​ខ្លួន​​ទទួល​​​ប្រាក់​រង្វាន់​ជាង​700​លាន​ដុល្លារ​អាមេរិក​
    មហាសេដ្ឋី Elon Musk

    ខ្ទង់​ប្រាក់​ចំណូល​សរុប​របស់​លោក Musk ត្រូវ​បាន​ចែក​ជា​12​លើក​។ យោង​តាម​ការ​គន់​គូរ​របស់​ Tesla បើ​សិនសម្រេច​បាន​គោល​ដៅ​ទាំង​អស់​ មហាសេដ្ឋី​រូប​នេះ​នឹង​ទទួល​បាន​ជាង​50​ពាន់​​​លាន​ដុល្លារ​​អាមេរិក​​បន្ថែម​ទៀត​។

    លោក​ Musk បច្ចុប្បន្ន​កាន់​កាប់​​​20​% នៃ​ភាគ​ហ៊ុន​សរុប​របស់​ Tesla។ មហាសេដ្ឋី​ Elon Musk ឆ្នាំ​នេះ​មាន​អាយុ​48​ឆ្នាំ គឺ​ជា​កំពូល​អ្នកមាន​ម្នាក់​ក្នុង​ពិភពលោក ដោយ​មាន​ទ្រព្យ​ 38.5​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​ទិន្ន​ន័យ​របស់ Bloomberg Billionaires Index។

    ចាប់​ពីដើម​ឆ្នាំ ភាគ​ហ៊ុន​របស់ Tesla បាន​កើន​​86% ហើយ​បាន​រុញ​ដើមទុន​សរុប​ឡើង​ដល់​144​ពាន់​លាន​ដុល្លារ​នា​បច្ចុប្បន្ន​។ គិត​មក​ដល់​ពេល​នេះ Tesla គឺជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ទំនើប​ និង​តម្លៃ​ថ្លៃ​លំដាប់​ទី​ពីរ​​ក្នុង​ពិភពលោក បន្ទាប់​ពី​ Toyota៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ឧបករណ៍ចាំបាច់ 5 យ៉ាងដែលស្រ្តីមេផ្ទះគួរតែមានទុកប្រើ

    ឧបករណ៍ចាំបាច់ 5 យ៉ាងដែលស្រ្តីមេផ្ទះគួរតែមានទុកប្រើ

    ពេលខ្លះការជ្រើសរើសប្រើឧបករណ៍ក៏មានផលប៉ះពាល់ដល់ពេលវេលាក្នុងការសម្អាតវត្ថុ ឬរបស់របរផ្សេងៗបានដែរ ព្រោះបើជ្រើសរើសប្រើឧបករណ៍ខុសប្រភេទនោះអាចនឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះយើងទាំងអស់ខាតពេលវេលាក្នុងការសម្អាតច្រើនឡើងដែរស្រួលមិនស្រួល ឧបករណ៍ទាំងនោះអាចនឹងបង្កឱ្យកើតមានគ្រោះថ្នាក់ចំពោះខ្លួនឯងបានទៀតផង តែបើជ្រើសរើសប្រើឧបករណ៍ត្រូវប្រភេទ និងប្រើការបានស្រួលវិញនោះ ក្រៅពីមានសុវត្ថិភាពចំពោះខ្លួនឯងហើយ នៅជួយសន្សំសំចៃពេលវេលាក្នុងការសម្អាតទៀតផង ដូចជាឧបករណ៍ដែលឡារ៉ែននាំយកមកជម្រាបជូននាពេលនេះជាដើម។

    1- ក្រណាត់អៀមការពារប្រឡាក់

    គឺជាអ្វីដែលបងៗបុរស និងស្រ្តីមេផ្ទះច្រើនតែព្រងើយកន្តើយ ព្រោះមានអារម្មណ៍ថាក្រណាត់អៀមការពារប្រឡាក់នោះច្រើនតែទើសដៃទើសជើង ធ្វើអ្វីមិនស្រួល។ ដំបូងៗយើងអាចមានអារម្មណ៍បែបនោះក៏ពិតមែន តែបើសាកល្បងអត់ទ្រាំប្រើមួយរយៈនោះក៏នឹងចាប់ផ្តើមធ្លាប់ទៅឯង។ ក្រណាត់អៀមការពារប្រឡាក់តែមួយបន្ទះអាចជួយការពារបានគ្រប់បែបយ៉ាង មិនថាតែស្នាមប្រឡាក់ ធូលីដី ទឹកខ្មៅ ជ័រកាវ ឬអ្វីក៏ដោយដែលនឹងធ្វើឱ្យសម្លៀកបំពាក់យើងប្រឡាក់ ព្រមទាំងជួយឱ្យលោកអ្នកមិនចាំបាច់កង្វល់នឹងភាពកខ្វក់ដែលនឹងខ្ទាតមកប្រឡាក់ និងអ្វីដែលសំខាន់នោះគឺ ក្រណាត់អៀមការពារប្រឡាក់នៅមានហោប៉ៅសម្រាប់ដាក់ឧបករណ៍ចាំបាច់ផ្សេងៗដែលនឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះងាយស្រួលដកយកមកប្រើប្រាស់ទៀតផង។

    2 – ក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍

    អ្នកខ្លះគិតថា ប្រើតែក្រណាត់ធម្មតាៗទូទៅជូតក៏បានដែរ មិនឃើញចាំបាច់អីត្រូវទិញក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍មកប្រើសោះ តែ បងៗស្រ្តីមេផ្ទះដឹងឬទេថា ក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍ផ្តល់នូវអ្វីច្រើនជាងលោកអ្នកគិតទៅទៀត ព្រោះក្រៅពីសម្រាប់ជូតតាមច្រកកន្លុកកន្លៀតផ្សេងៗបានស្អាតជាងក្រណាត់ធម្មតាហើយនោះ ក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍នៅជួយបោសប្រមូលធូលីដី និងការពារមិនឱ្យធូលីដីហុយខ្ចាយមករកខ្លួនយើង និងហុយទៅប្រឡាក់លើរបស់របរផ្សេងៗបានទៀតផង ដោយលោកអ្នកអាចញែកចេញជាពីរបន្ទះ បន្ទះដំបូងទុកសម្រាប់ជូតវត្ថុរបស់របរណាដែលរាបរលោងភ្លឺ និងមួយបន្ទះទៀតទុកប្រើជាមួយវត្ថុរបស់របរប្រើប្រាស់ទូទៅ។

    3 – អេប៉ុងលាងចាន

    ជឿឬទេថា អេប៉ុងអាចជួយឱ្យយើងធ្វើការជូតសម្អាតបានលឿនរហ័សជាងប្រក្រតី ព្រោះបងៗស្រ្តីមេផ្ទះអាចប្រើការបានបែប 2 in 1 ដោយម្ខាងប្រើស​ម្រាប់ដុសខាត់ស្នាមប្រឡាក់ ឬកំណកផ្សេងៗ ចំណែកម្ខាងទៀតក៏ទុកសម្រាប់ជូតសម្អាតតាមក្រោយម្តងទៀត។ ពេល​ខ្លះយើងអាចប្រើអេប៉ុងលាងចានជូតសម្អាតបានដោយមិនចាំបាច់ប្រើទឹកសាប៊ូ ឬទឹកថ្នាំសម្រាប់សម្អាតសូម្បីតែមួយដំណក់ក៏បានដែរ។

    4 – ច្រាសដុសធ្មេញចាស់ៗ

    បើលោកគ្រូពេទ្យប្រាប់ឱ្យប្តូរច្រាសដុសធ្មេញរៀងរាល់ 3 ខែម្តងនោះ មានន័យថា យើងនឹងមានឧបករណ៍សម្រាប់ដុសខាត់សម្អាតកើនឡើងរៀងរាល់ 3 ខែ ដោយមិនចាំបាច់ទៅស្វែងរកច្រាសវិសេសនៅឯណាមកទៀតឡើយ ព្រោះត្រឹមតែច្រាសដុសធ្មេញចាស់ៗមួយក៏អាចដុសខាត់វត្ថុរបស់របរនៅក្នុងផ្ទះបានគ្រប់យ៉ាង គ្រប់កៀនកោះកន្លុកកន្លៀតបានដែរ តាំងពីវត្ថុតូចៗ ដូចជាគ្រឿងអលង្កា រហូតទៅដល់របស់ធំៗដូចជា តាមជ្រុងតុ ជ្រុងទូ ឬឧបករណ៍អគ្គីសនីក៏បានដែរ។

    5 – កាតរឹងៗ ឬកាតអេធីអឹមចាស់ៗ

    ស្នាមកំណក ឬស្នាមប្រឡាក់ផ្សេងៗធម្មតានោះអាចជូតចេញបាន តែបើសិនជាស្នាមកំណកស្អិតៗដូចជា កំណកជ័រកាវ ឬស្នាមប្រឡាក់ស្ករកៅស៊ូវិញនោះ ប្រហែលជាធ្វើឱ្យបងៗស្រ្តីមេផ្ទះឈឺក្បាលមិនស្ទើរឡើយ ព្រោះពេលខ្លះប្រើច្រាសរឹងៗខាត់ហើយនៅមិនសូវចង់ចេញផង ដូច្នេះ ឡារ៉ែន សូមណែនាំឱ្យបងៗ​ប្រើកាតរឹងៗណាមួយក៏បានដែរដែលឈប់ប្រើហើយជំនួសវិញ ដោយយកទៅកោសស្នាមកំណកស្អិតៗនោះ ធានាថា ច្បាស់ជា​របូតដាច់ចេញបាត់អស់មិនខាន និងថែមទាំងមិនបន្សល់ទុកស្នាមប្រឡាក់ឱ្យរំខានចិត្តទៀតឡើយ៕