Category: សង្គម និងសេដ្ឋកិច្ច

  • Apple នឹង​រើ​រោង​ចក្រ​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ឥណ្ឌា

    Apple នឹង​រើ​រោង​ចក្រ​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ឥណ្ឌា

    ក្រុម​ហ៊ុន​ Apple ត្រូវ​បាន​គេ​ជឿ​ថា កំពុង​រៀប​ចំផែន​ការ​​ដើម្បី​រើ​​រោង​ចក្រ​​ផលិត​ឧបករណ៍​បច្ចេក​វិទ្យា​​របស់​ខ្លួន​ចំនួន​20% ចេញ​ពី​ប្រទេស​ចិន​ ទៅកាន់​ប្រទេស​ឥណ្ឌា ដែល​ក្នុងនោះ​ក៏​មាន​ iPhone ផងដែរ​។​

    យោង​តាម Economic Times នាយក​ប្រតិបត្តិ​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន Apple បាន​ពិភាក្សា​ជា​មួយ​បណ្ដា​មន្ត្រី​ជាន់​ខ្ពស់​ឥណ្ឌា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទាក់​ទង​ទៅ​នឹង​ក្រុម​ហ៊ុន​អាមេរិកាំង​នេះ​ ចង់​បាន​ការ​ “បើក​ផ្លូវ​”​ ដើម្បី​អាច​បង្កើន​ចង្វាក់​ផលិត​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ រួម​​ទាំង​ការ​រើ​កម្លាំង​ផលិត​កម្ម​ចំនួន​​1/5​ពី​ប្រទេស​ចិន​ មក​កាន់​ឥណ្ឌា​។

    បើ​សិន​ជា​ការ​ផ្លាស់​ទី​នេះ​ក្លាយ​ជា​ការ​ពិត Apple ក៏​នឹង​អាច​ក្លាយជា​ក្រុម​ហ៊ុន​នាំ​ចេញ​ធំជាង​គេ​នៅ​ឥណ្ឌា​។

    មន្ត្រី​រដ្ឋាភិបាល​​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ឥណ្ឌា​សង្ឃឹម​ថា​នឹង​ផលិត​ស្មាតហ្វូន​ដែលមាន​​ទំហំ​ទឹក​ប្រាក់​ដល់​ទៅ​40​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រ​ទេស​នេះ​ក្នុង​រយៈ​ពេល​5​ឆ្នាំ​ខាងមុខ​ ដែល​ភាគ​ច្រើន​គឺ​ដើម្បី​នាំ​ចេញ​។ ការ​ផលិត​នេះ​ ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ Wistron និង​ក្រុម​ហ៊ុន Foxconn ដោយ​យោង​ទៅ​លើ​ផល​ប្រយោជន៍​ពី​កម្មវិធី​លើក​ទឹក​ចិត្ត​​ទាក់​ទាញ​ការ​ផលិត​ PLI។

    PLI (Production Linked Incentive Scheme)​ គឺជា​កម្ម​វិធី​ដែល​ត្រូវ​បាន​ឥណ្ឌា​បង្កើត​ឡើង​ក្នុង​បំណង​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ក្នុង​ស្រុក​ ទាក់​ទាញ​ការ​វិនិយោគ​ និង​ការ​ផលិត​ពី​បណ្ដា​ក្រុម​ហ៊ុន​បរទេស​។ Apple នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោមបណ្ដា​​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​នេះ​ បន្ទាប់​ពី​មាត្រា​មួយ​ចំនួន​ត្រូវ​បាន​​ផ្ដើម​អនុវត្ត​ចាប់​ពី​សប្ដាហ៍​ក្រោយ​ មុន​ពេល​អនុវត្ត​ពេញ​លេញ​ចាប់​ពី​ថ្ងៃទី​1​សីហា​។

    ទាក់​ទិន​នឹង​រឿង​រ៉ាវ​ខាង​លើ ភាគី​ក្រុម​ហ៊ុន Apple មិន​ទាន់​មាន​ការ​បញ្ចេញ​មតិ​អ្វី​នៅ​ឡើយ​។

    ប្រទេស​ឥណ្ឌា​មិន​មែន​ជា​ទី​ផ្សារ​ធំ​របស់​ Apple នោះ​ទេ​ ព្រោះ​ថា​ក្រុម​ហ៊ុន​នេះ​រក​បាន​ចំណូល​ត្រឹម​តែ​1.5​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ពី​ការ​លក់​ iPhone នៅ​ក្នុង​ប្រទេស​នេះ​ រាប់​ចាប់​ពី​ឆ្នាំ​2018​ដល់​2019 ពោល​គឺកាន់​កាប់​ចំណែក​ទីផ្សារ​ប្រមាណ​​ពី​2ទៅ​3​%​ប៉ុណ្ណោះ គឺ​មិន​ដល់​0.5​ពាន់​លាន​ដុល្លារ​​នៃ​តម្លៃ​ឧបករណ៍​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​នេះ​។ ផ្ទុយ​ទៅ​វិញ Apple កំពុង​តែ​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ចិន​​ ទាំង​ការ​ផលិត​ ទាំង​ទី​ផ្សារ​។ នៅក្នុង​អំឡុង​ពេល​ដូច​គ្នា​ បើ​ធៀប​ជាមួយ​ប្រទេស​ឥណ្ឌា​ ក្រុម​ហ៊ុន​ Apple នៅ​ប្រទេស​ចិន​​បាន​ផលិត​ឧបករណ៍​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ដល់​ដល់​220​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​មាន​185​ពាន់​លាន​ដុល្លារ​បាន​មក​ពី​ការ​នាំ​ចេញ​។ ក្រៅ​ពី​នេះ Apple ក៏​ប្រើ​ប្រាស់​កម្មករ​ប្រមាណ​ជា​4.8​លាន​នាក់​នៅ​ប្រទេស​ចិន​ ទាំង​ការ​ផលិត​ផ្ទាល់​ និង​ទាំង​ប្រយោល​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ក្លិបអង់គ្លេស2 ក្តោបតំណែងជាក្លិបបាល់ទាត់ ដែលមានកីឡាករថ្លៃជាងគេបង្អស់លើពិភពលោក

    ក្លិបអង់គ្លេស2 ក្តោបតំណែងជាក្លិបបាល់ទាត់ ដែលមានកីឡាករថ្លៃជាងគេបង្អស់លើពិភពលោក

    ខណៈដែលក្លិបបាល់ទាត់នានានៅជុំវិញពិភពលោក កំពុងតែជួបវិបត្តិហិរញ្ញវត្ថុ មានក្លិបបាល់ទាត់មួយចំនួន កំពុងតែពិចារណាក្នុងការលក់កីឡាករចេញខ្លះ ដើម្បីយកប្រាក់មកទប់ជីវភាពក្លិប ក៏ដូចជាសម្រាលបន្ទុក ដោយសារតែកីឡាករមួយចំនួនមានតម្លៃខ្លួនខ្ពស់ជាងគេដល់ទៅរាប់សិបដងឯណោះ។

    ក្នុងនោះដែរ Transfermarket បានបង្ហាញស្ថិតិតម្លៃខ្លួនកីឡាករទាំងអស់ប្រចាំក្លិបនីមួយៗក្នុងអំឡុងពេលមានវិបត្តិកូវីដ-19 ដោយគេមើលឃើញថា ក្លិបបាល់ទាត់ Manchester City និង Liverpool របស់អង់គ្លេស បានឈរនៅលំដាប់កំពូលលេខ1 និងលេខ2 ខណៈដែលក្លិប 2ទៀតមកពីអេស្ប៉ាញ Real Madrid និង Bacelona បានក្តោបតំណែងលេខ3 និងលេខ4 តាមពីក្រោយដោយក្លិបយក្សបារាំង PSG ដែលស្ថិតក្នុងលំដាប់ទី5៕

  • ទោះធុរេន និងផ្លែឈើខ្មែរធ្លាក់ថ្លៃបន្តិចតែកសិករនៅតែសប្បាយចិត្ត

    ទោះធុរេន និងផ្លែឈើខ្មែរធ្លាក់ថ្លៃបន្តិចតែកសិករនៅតែសប្បាយចិត្ត

    នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺ Covid-19 នេះ ការដឹកទំនិញនៅតាមបន្ទាន់ព្រំដែន​ហាក់មានសកម្មភាពយឺតយ៉ាវ ខណៈបន្លែផ្លែឈើបរទេសជាច្រើនប្រភេទមិនសូវហូរចូលខ្លាំងដូចកាលពីមុនឡើយ។ ចំណុចនេះបានអនុញ្ញាតឱ្យ​កសិផលខ្មែរយើងបានចេញមកយ៉ាងព្រោងព្រាតក្នុងទីផ្សារដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជននៅក្នុងស្រុក។

    សម្រាប់កសិករនៅខេត្តព្រះសីហនុ ក្នុងខែនេះពួកគាត់កំពុងប្រមូលផលធុរេន សាវម៉ាវ ម្ឃុត និងផ្លែឈើហូបផ្លែជាច្រើនមុខទៀត។ ក្នុងទឹកមុខសប្បាយរីករាយ អុំស្រី យឹម ធា អ្នកមើលការខុសត្រូវចំការផ្លែឈើនៅស្រុកព្រៃនប់ បានលើកឡើងថា ផ្ទៃដីរបស់គាត់មានចំនួន 30ហិកតា ដែលបានដាំដំណាំហូបផ្លែជាច្រើនមុខដូចជា​ធុរេន សាម៉ាវ និងម្ឃុត ដោយផលទាំងនោះនឹងត្រូវចែកចាយទៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀត។

    នៅឆ្នាំនេះ​ផលសាវម៉ាវ​អាចលក់បានក្នុងមួយគីឡីក្រាម 7,000រៀលសម្រាប់អ្នកលក់បោះដុំ និងធុរេនលក់បានតម្លៃ 15,000រៀល ដោយឈ្មួញបោះដុំមកទិញដល់ទីតាំងតែម្តង។ អុំស្រីបញ្ជាក់ថាទោះបីជាតម្លៃនេះមើលទៅធូរថ្លៃជាងឆ្នាំមុន តែគាត់នៅតែសប្បាយចិត្តព្រោះផលទាំងអស់បានចេញទៅកាន់ទីផ្សារបានទូលំទូលាយ ហើយតម្រូវការក៏មានការកើនឡើងដែលធ្វើឱ្យផ្លែឈើត្រូវលក់អស់ៗពីចំការ មិនដូចឆ្នាំខ្លះត្រូវសល់ចោលនោះទេ។ បន្ថែមពីលើនេះ អ្វីដែលជាចំណុចពិសេសបន្ថែមទៀតនោះគឺផលផ្លែឈើទាំងអស់សុទ្ធតែដាំដោយធម្មជាតិ និងមានរសជាតិឆ្ងាញ់ ហេតុនេះដំណាក់កាលនេះបានធ្វើឱ្យប្រជាជនខ្មែរយើងកាន់តែច្រើនងាកមកគាំទ្រផលិតផលក្នុងស្រុក និងដឹងកាន់តែច្បាស់ពីគុណភាពបន្លែផ្លែឈើខ្មែរដែលឆ្ងាញ់ជាងផ្លែឈើនាំចូល។ អុំស្រីរំពឹងថាចាប់ពីឆ្នាំនេះទៅ អតិថិជននៅទូទាំងប្រទេសនឹងចាប់ផ្តើម​គាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនឡើងៗ បើទោះបីជាមានផលិតផលនាំចូលមកខ្លះក៏ដោយ ព្រោះគាត់ជឿជាក់ថា​ប្រជាជននឹងជក់ចិត្តជាមួយនឹងផ្លែឈើ​ដែលមានគុណភាពល្អនៅក្នុងស្រុក និងបន្តស្វែងរកនៅពេលបន្តបន្ទាប់ទៀត៕

  • រ៉ុក​កែត​ទម្ងន់​17.8​តោន​របស់ចិន​ ធ្លាក់​ត្រឡប់​​ចូល​ស្រទាប់​អូហ្សូន​​របស់​​ផែន​ដី​ ដោយ​​គ្មាន​​គោល​ដៅ​ពិត​​ប្រាកដ

    រ៉ុក​កែត​ទម្ងន់​17.8​តោន​របស់ចិន​ ធ្លាក់​ត្រឡប់​​ចូល​ស្រទាប់​អូហ្សូន​​របស់​​ផែន​ដី​ ដោយ​​គ្មាន​​គោល​ដៅ​ពិត​​ប្រាកដ

    រ៉ុកកែត Long March​ 5B របស់​ប្រទេស​ចិន​ ​ក្លាយ​ជា​វត្ថុ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​បង្អស់​នៅ​លើ​គន្លង​គោចរ​ ដែល​បាន​បាត់​បង់​ទំនាក់​ទំនង​ជាមួយ​ទីបញ្ជា​ការ​នៅលើ​ដី និង​ពិបាក​ដឹង​បាន​ថា​ វា​នឹង​រសាត់​ទៅទី​ណា​ឱ្យប្រាកដ​។

    យោង​តាម​ក្រុម​ហោះ​ហើរ​ត្រួត​ពិនិត្យ​អវកាស​លេខ​18​របស់​កង​ទ័ព​អាកាស​អាមេរិកាំង​ រ៉ុកកែត Long March​ 5B​ របស់​ចិន​ វិល​ត្រឡប់​មក​កាន់​តំបន់​ស្រទាប់​អូហ្សូន​នៅ​វេលាម៉ោង​10និង​33​នាទី​ ថ្ងៃទី​11ឧសភា​(ម៉ោង​នៅ​កម្ពុជា) ស្ថិត​នៅ​ពី​លើ​តំបន់​លម្ហ​សមុទ្រ​ភាគ​ខាង​លិច​ទ្វីប​អាហ្វ្រិក​ ដោយ​ឆ្ពោះទៅកាន់​តំបន់​ Nouakchott នៃ​ប្រទេស ​Mauritania។

    Jonathan McDowell បាន​ឱ្យ​ដឹង​ថា នៅក្នុង​រយៈ​ពេល​30​នាទី​ចុង​ក្រោយ​ដែល​ស្ថិត​នៅ​លើ​គន្លង​គោចរ​ រ៉ុកកែត​នេះ​បាន​ហោះ​កាត់​លើ​តំបន់ Hollywood រួម​នឹង​ Colorado Springs និង​ឧទ្យាន​នៅ​ក្នុង​រដ្ឋ​នីវ​យ៉កនៃ​សហរដ្ឋ​អាមេរិក។ បញ្ហា​បាត់បង់​ទំនាក់​ទំនង​នៃ​រ៉ុក​កែត​ខាង​លើ​នេះ គឺ​បណ្ដាល​មក​ពី​ឥទ្ធិ​ពល​របស់​អាកាស​ធាតុ​អវកាស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។ សារ​ធាតុ​ដែល​បាញ់​ចេញ​ពី​ព្រះអាទិត្យ​ អាច​បង្ក​ជា​ឧបសគ្គ​ និង​ធ្វើ​ឱ្យ​​ការ​​ហោះ​ហើរ​របស់​រ៉ុក​កែតនេះ​​ត្រូវ​ច្របូក​ច្របល់​ នាំ​ឱ្យ​មានការ​ពិបាក​ក្នុងការ​ព្យាករ​អំពី​ទិស​ដៅ​របស់​វា​។

    រ៉ុក​កែត​ទម្ងន់​17.8​តោន​របស់ចិន​ ធ្លាក់​ត្រឡប់​​មក​ផែន​ដី​ ដោយ​​គ្មាន​គោលដៅពិត​ប្រាកដJonathan McDowell ដែល​ជា​តារាវិទូ​ម្នាក់​នៅ​សាកលវិទ្យាល័យ​ Harvard នៃ​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា មុន​ហេតុ​ការណ៍​ខាងលើ​នេះ ក៏​ធ្លាប់​មាន​ហេតុ​ការណ៍​មួយ​ស្រដៀងគ្នា​នេះ​​​ដែរ​ ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​1991​ ក្នុង​គ្រាដែល​ស្ថានីយ​អវកាស ​Salyut-7 ដែល​មាន​ទម្ងន់​39​តោន​របស់​សូវៀត បាន​ធ្លាក់​នៅ​លើ​តំបន់​អវកាស​ផ្នែក​ខាង​​​លើ​ប្រទេស​អាហ្សង់​ទីន។

    កាលពី​ខែ​កក្កដា​ ឆ្នាំ​2019 ស្ថានីយ​អវកាស​ចិន Tiangong-2 ក៏​បាន​ធ្លាក់​​មក​ក្នុង​​ស្រទាប់​អូហ្សូន​របស់​ផែន​ដី​។ ក៏ប៉ុន្តែ Tiangong-2 ដែល​មាន​ទម្ងន់​​ត្រឹម​តែ​8.6​តោន​ ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​ប្រើ​ប្រាស់​ថាម​ពល​ចុងក្រោយ​​របស់​វា​ ដើម្បីបញ្ជា​ឱ្យ​ចុះ​ចត​នៅ​​លម្ហ​សមុទ្រ​ដ៏សែន​ឆ្ងាយ​នាកណ្ដាល​សាគរ។ ឆ្នាំ​2018​ កំណែ​ដំបូង​របស់​ Tiangong-2 គឺ​ Tiangong-2 8.5​តោន​ ក៏បាន​ធ្លាក់​បាត់​បង់​ការ​គ្រប់​គ្រង​ ចូល​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វីក​ផងដែរ​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

    អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

    នៅក្នុងរយៈពេលនៃការរីករាលដាលជំងឺ Covid-19 នេះអង្គការ UNICEF បានបញ្ជាក់ថា កុមារ និងមនុស្សវ័យក្មេងជាង 320លាននាក់ បានរងផលប៉ះពាល់​ដោយសារតែការបិទសាលារៀននៅអាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក។

    ក្រៅពីផលប៉ះពាល់នៃ​ការមិនបានទៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ អង្គការដែលធ្វើការងារដើម្បីកុមារខាងលើបានបញ្ជាក់ផងដែរថា ការសិក្សាតាមអនឡាញជារឿងល្អ តែក្នុងនោះបើអាណាព្យាបាលមិនបានយកចិត្តទុកដាក់ឱ្យបានល្អនោះទេ កុមារអាចនឹងរងគ្រោះថ្នាក់ដូចជាធ្វើឱ្យកុមារងាយរងគ្រោះដោយសារតែ​បញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និងការល្បួងតាមប្រព័ន្ធអនឡាញ ដោយសារតែ​ជនខិលខូច​តែងតែព្យាយាមទាញយកប្រយោជន៍តាមបណ្តាញបច្ចេកវិទ្យា​នៅក្នុងពេលរាតត្បាតជាសកលនៃជំងឺ Covid-19 នេះ។

    ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ UNICEF ណែនាំឱ្យ អាណាព្យាបាល គួរនិយាយទៅកាន់កូនៗអំពីសុវត្ថិភាពអនឡាញដើម្បីធានាថាពួកគេបានយល់ពីវិធីសាស្រ្តក្នុងការ​បញ្ចៀសខ្លួនឯងកុំឱ្យ​ជនដែលមានបំណងមិនល្អដឹងពីទីតាំង ឬសកម្មភាពប្រចាំថ្ងៃ។ ចំណុចបន្ទាប់គឺគួរស្វែងយល់ពី​ឧបករណ៍​រក្សាសុវត្ថិភាពតាមអនឡាញ ដើម្បី​ការពារកូនៗឱ្យជៀសផុតពីការល្បួង ឬការបោកបញ្ឆោតតាមរយៈអនឡាញ។ បន្ថែមពីលើនេះអាណាព្យាបាលគួរស្វែងយល់ពីហានិភ័យ ដែលកុមារអាចជួបប្រទះនៅពេលប្រើប្រាស់អនឡាញ និងជួយតម្រង់ទិសក្នុងករណីដែលគេចូលទៅក្នុងតំបន់គ្រោះថ្នាក់ ឬមានសកម្មភាពណាដែលអាចប្រឈមនឹងគ្រោះថ្នាក់​ដោយសារតែបណ្តាញអនឡាញ។ ចុងក្រោយគឺអាណាព្យាបាល​ត្រូវតាមដានដើម្បីសម្គាល់ដឹងពីសញ្ញាពិបាកចិត្តដែលកើតឡើងពីការប្រើប្រាស់អនឡាញច្រើនហួសកម្រិត និងដឹងពីកន្លែងស្វែងរកជំនួយ​ដូចជា​ការប្រឹក្សាជាមួយសាលារៀន ឬគ្រូពេទ្យចិត្តសាស្ត្រជាដើម៕

  • និន្នាការ​ថ្មី​! CEO​ “Live” លក់​ផលិត​ផល ​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​

    និន្នាការ​ថ្មី​! CEO​ “Live” លក់​ផលិត​ផល ​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​

    Dong Mingzhu ​ជា​ប្រធាន​ក្រុម​ហ៊ុន​ Gree Electric អាច​លក់​បាន​ទំនិញ​ដែល​ជា​គ្រឿង​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ ដែល​​​តម្លៃ​សរុប​ 43.7​លាន​ដុល្លារ​អាមេរិក​ ដោយ​ការ​ឡាយ​ (livestream) ត្រឹម​តែ​3​ម៉ោង​ប៉ុណ្ណោះ​។

    កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ livestream ត្រូវ​បាន​គេ​និយម​ប្រើ​ប្រាស់​ច្រើន​នៅ​ប្រទេស​ចិន។ បុគ្គល​ល្បី​ៗ​ និង​អ្នក​មាន​ឥទ្ធិពល​នៅ​លើអ៊ីនធើណិត​ តែង​ត្រូវ​បាន​ក្រុម​ហ៊ុន​នានា​ជួល​ឱ្យ​ជួយ​ឃោសនា​អំពី​ផលិត​ផលិត​ផល​របស់​ពួក​គេដោយ​ការ​ផ្សាយ​ផ្ទាល់​លើ​អ៊ីនធើណិត​។ ប៉ុន្តែ ថ្មី​ៗ​នេះ​ មាន​និន្នា​ការ​ថ្មី​មួយ​ទៀត​ដែល​កំពុង​ពេញ​និយម​ នោះ​គឺ​ថ្នាក់ដឹក​នាំ​ក្រុម​ហ៊ុនផ្ទាល់​ ចេញ​មុខ​នៅ​តាម​កម្មវិធី​ផ្សាយ​ផ្ទាល់ (livestream) ​របស់​ពួកគេ​​ដើម្បី​ណែនាំ​ និង​លក់​​ផលិត​ផល​។

    Li Jing ដែល​ជា​នាយក​ក្រុម​ហ៊ុន​ជំនាញ​ខាង​តុប​តែង​គ្រឿង​សង្ហារិម​ Mendale Textile រក​បាន​ប្រាក់​3.5​លាន​ដុល្លារ​​តាម​រយៈ​ការ​ឡាយ ដោយ​ចំណាយ​ពេល​ត្រឹម​តែ​4​ម៉ោង​ប៉ុណ្ណោះ កាល​ពី​ខែ​មីនា​។ James Liang ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​ទេស​ចរណ៍ Trip.com រក​បាន​ប្រាក់​​ចំនួន​8.4​លាន​ដុល្លារ​ជូន​ក្រុម​ហ៊ុន​ បន្ទាប់​ពី​បាន​ឡាយ​5លើក​ ដោយ​ក្នុង​1លើក​ៗ​ លោក​ចំណាយ​ត្រឹម​តែ​1ម៉ោង​ប៉ុណ្ណោះ​។ ដូច​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃទី​10​មីនា អ្នក​ស្រី​ Dong Mingzhu ដែល​ជា​មេដឹក​នាំ​របស់​ក្រុម​ហ៊ុន Gree Electric ក៏​រក​បាន​ប្រាក់​43.7​លាន​ដុល្លារ​ បន្ទាប់​ពី​បាន​ឡាយ​លក់​ផលិត​ក្នុង​រយៈ​ពេល​3ម៉ោង​។

    និន្នាការ​ថ្មី​! CEO​ "Live" លក់​ផលិត​ផល ​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​
    អ្នក​ស្រី​ Dong Mingzhu ​ជា​ប្រធាន​ក្រុម​ហ៊ុន​ Gree Electric

    កម្មវិធី​ ឬ​​អែប(App) ដែល​ពេញ​និយម​សម្រាប់​ការ​ឡាយ​លក់​ផលិត​ផល​នៅ​ប្រទេស​ចិន នោះ​គឺ​គេហទំព័រ​ពាណិជ្ជ​កម្ម​ Taobao និង​​ JD ខណៈ​ដែល​បណ្ដាញ​សង្គម​ដូច​ជា Douyin (កំណែ​ភាសា​ចិន​របស់​ TikTok) និង​ Kuaishou ក៏​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន​ឡើង​ៗ​ផងដែរ។

    Livestream កំពុង​តែ​ផ្លាស់​ប្ដូរ​ទម្លាប់ទិញ​ដូរ​​របស់​អតិថិ​ជន​នៅ​ទូទាំង​ពិភព​លោក ពិសេស​គឺ​មនុស្ស​ទាន់​សម័យ​ និង​យុវ​វ័យ​។ បើ​សិន​ជា​ចង់​ទិញ​ផ្កា​ បន្លែ​ផ្លែ​ឈើ​ គឺ​មាន​ “តារាកសិករ​” ជា​ច្រើន​បង្ហាញ​ខ្លួន​រៀប​រាប់​អំពី​ផលិត​ផល​​នៅ​លើ​គេ​ហទំព័រ Kuaishou​​។ ជាង​នេះ កន្លង​មក​ អ្នក​លេង​អ៊ីនធើណិត​នៅ​ប្រទេស​ចិន​ក៏​ធ្លាប់​បាន​ជួប​ប្រទះ​អតិថិ​ម្នាក់​ ហ៊ាន​ចំណាយប្រាក់​ដល់​ទៅ​​5.6​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​រ៉ុក​កែត​​ពាណិជ្ជ​កម្ម​ Kuaizhou-1A 1ដើម​​ទៀត​ផង​ តាម​រយៈ​ការ​ឡាយ​លក់​មួយ​នៅ​លើ​គេហទំព័រ Taobao។

    COVID-19 បាន​ផ្ទុះ​ឡើង​​នៅ​ប្រទេ​សចិន​ បណ្ដាល​ឱ្យ​មនុស្ស​ត្រូវ​នៅ​ផ្ទះ កន្លែង​ធ្វើ​ការ​ត្រូវ​បិទ​ទ្វារ​ នាយក​ក្រុម​ហ៊ុន​នានា​ក៏​ត្រូវ​ស្វែង​រក​យុទ្ធ​សាស្ត្រ​ថ្មី​​ដើម្បី​អាច​រស់​បន្ត​ទៅ​មុខ​។ យុទ្ធ​សាស្ត្រ​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ច្រើន​​ជាង​គេ​នោះ​គឺ​ការ​​ឃោសនា​លក់​ផលិត​ផល​ ឬ​សេវាកម្ម​ដោយ​ការ​ផ្សាយ​​ផ្ទាល់​​នៅ​លើ​អ៊ីនធើ​ណិត​​ដែល​​​​គេ​ហៅ​ថា “ឡាយ”។ ក្រៅ​ពី​មេដឹក​នាំ​ក្រុម​ហ៊ុន​នានា​ដូច​បាន​រៀប​រាប​ខាង​លើ គេ​ក៏​ឃើញ​មាន​​លោក​ Qian Jinbo​ ដែលជា​ប្រធាន​ក្រុម​ហ៊ុន​ស្បែក​ជើង​ Red Dragonfly រួម​នឹង​លោក Liu Minghui ​ជា​ស្ថាបនិក​ក្រុម​ហ៊ុន China Gas និង​លោក​ Chen Xiaodong ដែលជា​​ CEO របស់​ក្រុម​ហ៊ុន Intime Retail Group ជាដើម​ ក៏​បាន​ចូល​រួម​ក្នុង​ការ​ឡាយ​លក់​ផលិត​ផល​របស់​ពួកគេ​ដែរ​។

    CEO បច្ចេកវិទ្យា​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ការ​ "Live" លក់​ផលិត​ផល ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​
     លោក Liu Minghui ​ជា​ស្ថាបនិក​ក្រុម​ហ៊ុន China Gas Holdings

    បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ អ្នក​ជំនាញ​ក្នុង​វិស័យ​ច្នៃ​ប្រឌិត​​នានា​​យល់​ថា​ ការ​បង្ហាញ​វត្តមាន​របស់​មេដឹក​នាំ​ក្រុម​ហ៊ុន​ អាច​បង្កើត​ឱ្យ​មាន​ភាព​ប្លែក​ភ្នែក​គ្រា​ដំបូង​ៗ ប៉ុន្តែ​បើ​សិន​ជា​ពួកគេ​ចេះ​តែ​និយាយ​អំពី​ប្រធាន​បទ​ដដែល​ៗ​ក្នុង​រយៈ​ពេល​យូរ នោះ​ចំនួន​អ្នក​ចូល​មើល​​ការ​ឡាយ​របស់​ពួកគេ​នឹង​ថយ​ចុះ​បន្តិ​ចម្ដង​ៗ​។ CEO និងមេដឹក​នាំ​ក្រុម​ហ៊ុន​នានា ​ត្រូវ​តែ​មាន​ការ​ច្នៃ​ប្រឌិត​ជា​និច្ច​នៅ​ពេល​ពួក​គេចង់​​រក្សា​ និង​ទាក់​ទាញ​​ទស្សនិក​ជន​។

    ឧទាហរណ៍​ដូច​ជា Hou Yi ដែលជា​ CEO របស់​បណ្ដាញ​ផ្សារ​ទំនើប​ Hema នៃ​ក្រុម​ហ៊ុន​ Alibaba បាន​ចូល​រួម​ប្រកួត​បក​សម្បក​បង្កង​នៅក្នុង​ការ​ឡាយ​ជាមួយ​ Viya ដែល​ជា​បុគ្គល​ល្បី​ឈ្មោះ​នៅ​លើ​បណ្ដាញសង្គម​ចិន​ ឬ​ក៏ដូច​ជា James Liang ​ដែល​បានប្រើ​ប្រាស់​សម្លៀក​បំពាក់​តាម​អ្នក​ស្រុក​នៅ​តំបន់​ផ្សេង​ៗ​ដើម្បី​ឃោសនា​អំពី​កញ្ចប់​សេវាកម្ម​ទេសចរណ៍​របស់​ក្រុម​ហ៊ុន Trip.com ។ល។

    ពិសេស​ទៀត​នោះ​គឺករណី​របស់​​ Luo Yonghao​ ជា​ CEO របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ Smartisan ដែល​រក​បាន​ប្រាក់​15.5​លាន​ដុល្លារ​អាមេរិក ​តាម​រយៈ​ការ​ឡាយ​3​ម៉ោង​កាល​ពី​ខែ​មេសា​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ នោះគឺ​ Luo Yonghao មិន​បាន​លក់​ផលិតផល​​ណា​មួយ​ទាំង​អស់​ ប៉ុន្តែ​ជំនួស​មក​វិញ គាត់​បាន​សហការ​ជាមួយបណ្ដាញ​សង្គម​ Douyin ដើម្បី​បាន​ធ្វើ​ជា​ livestreamer (អ្នក​ផ្សាយ​ផ្ទាល់​/អ្នក​ឡាយ) ដោយ​ការ​លក់​ផលិត​ផល​ច្រើន​មុខ ចាប់​ពី​អាហារ​ រហូត​ដល់​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ផ្សេង​ៗ​។

    CEO បច្ចេកវិទ្យា​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ការ​ "Live" លក់​ផលិត​ផល ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​
    Luo Yonghao​ ជា​ CEO របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ Smartisan

    ករណី​របស់​ Luo បាន​បង្ហាញ​ថា CEO របស់​បណ្ដា​ក្រុម​ហ៊ុន គឺពិត​ជា​អាច​ក្លាយ​​ជា​បុគ្គល​ដ៏មាន​ឥទ្ធិពល​ខ្លាំង​នៅ​លើ​បណ្ដាញ​អ៊ីនធើណិត​ ដែល​អាច​នាំ​មកនូវ​ប្រភព​ចំណូល​ថ្មី​ និង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​ក្រុម​ហ៊ុន​។

    យោង​តាម iiMedia Research ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​បាន​ទូទាត់​តាម​រយៈ​ការ​ឡាយ​លក់​ផលិត​ផល​នៅ​ប្រទេស​ចិន​ បាន​កើន​ដល់​61​ពាន់​លាន​ដុល្លារ​អាមេរិក​​ក្នុង​ឆ្នាំ​2019។ ដោយ​សារ​តែ​​ឥទ្ធិពល​របស់​ COVID-19 វិស័យ​ខាងលើ​នេះ​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ឡើងៗ​ រហូត​ដល់​មាន​ការ​ព្យាករ​ថា ទំហំ​ទឹក​ប្រាក់់​ដែល​ត្រូវ​បាន​ទូទាត់​​តាម​រយៈ​ការ​ឡាយ​​នឹង​ឡើង​ដល់​129​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2020​នេះ​៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • វិធី 6 យ៉ាងពិនិត្យមើលវិវឌ្ឍនាការរបស់កូនពីវ័យ 0 – 24 ខែ ថាតើត្រូវតាមវ័យឬទេ?

    វិធី 6 យ៉ាងពិនិត្យមើលវិវឌ្ឍនាការរបស់កូនពីវ័យ 0 – 24 ខែ ថាតើត្រូវតាមវ័យឬទេ?

    ទារកទើបនឹងកើតអាចនឹងធ្វើអ្វីបានមិនច្រើនប៉ុន្មានទេក្នុងអំឡុងពេលកើតដំបូង តែនៅពេលកន្លងទៅ 1 – 2 ខែ នឹងចាប់ផ្តើមមានវិវឌ្ឍនាការមួយចំនួនដែលអ្នកម្តាយអាចសង្កេតឃើញបាន ឬអ្នកម្តាយអាចសាកល្បងពិនិត្យមើលវិវឌ្ឍនាការរបស់កូនបាន ថាតើត្រូវទៅតាមវ័យដែរឬទេ ដូចខាងក្រោមនេះ។

    1 – ការសម្លឹងមើលរូបភាព សម្រាប់ក្មេងវ័យ 4 – 12 ខែ ៈ អ្នកម្តាយអាចយករូបភាពដែលជាពណ៌ខ្មៅ ក្រហមអ្វីក៏បានមកចាប់ឱ្យកូនមើល រំកឹលទៅខាងឆ្វេងម្តង រំកឹលទៅខាងស្តាំម្តង ឡើងលើ ឬចុះក្រោម បើកូនបែរមុខមើលតាមនោះ បញ្ជាក់ថាកូនមានវិវឌ្ឍនាការខាងការមើលឃើញត្រឹមត្រូវតាមវ័យហើយ។

    2 – កណ្តឹង ឬវត្ថុព្យួរលើអង្រឹងពណ៌ផ្សេងៗសម្រាប់ទារក 2 – 4 ខែ ៈ អាចនឹងព្យួរកណ្តឹង ឬរូបតុក្កតាពណ៌ផ្សេងៗដែលស្រស់ស្អាត ឬមានសម្លេងនៅលើអង្រឹងកូន ឬពីមុខកៅអីរទេះកូនក៏បាន កូននឹងបានហ្វឹកហាត់ការប្រើភ្នែក និងការបានឮ។ ក្រៅពីរឿងការប្រើខ្សែភ្នែក និងការបានឮហើយនោះ ក្មេងខ្លះនឹងប្រើដៃឈោងចាប់ទៀតផង គឺជាការបានហ្វឹកហាត់ប្រើសាច់ដុំដៃផងដែរ។ ក្រៅពីនេះក្មេងមួយចំនួននៅបញ្ចេញសំឡេងទៀតផង អាចនិយាយបានថាជាវត្ថុដើម្បីវិវឌ្ឍនាការសម្រាប់ក្មេងតូចដែលល្អមែនទែន។

    3 – សាកល្បងតម្រូវការរបស់កូនវ័យ 6 – 12 ខែ ៈ ដាក់វត្ថុ 2 យ៉ាងដែលមានលក្ខណៈស្រដៀងគ្នានៅចំពីមុខកូនរបស់អ្នក ដើម្បីឱ្យកូនបានសម្លឹងមើលមួយស្របក់ ហើយធ្វើការចាប់យកវត្ថុណាមួយចេញមក ឬរំកឹលទៅផ្នែកខាង រួចចាំមើលប្រតិកម្មរបស់កូនថា នឹងលូកដៃមកចាប់ឬទេ?។ ក្មេងខ្លះនឹងញញឹម ឬអាចធ្វើមុខជូរសម្តែងពីភាពមិនពេញចិត្ត ឬងឿងឆ្ងល់ នោះបញ្ជាក់ថា វិវឌ្ឍនាការរបស់កូនស្ថិតក្នុងកម្រឹតសមតាមវ័យហើយ។

    4 – សាកល្បងវិវឌ្ឍនាការ ដៃ និងជើង របស់ទារកវ័យ 2 – 6 ខែ ៈ យករបស់លេងដែលមានសំឡេងមកអង្រួនតិចៗនៅក្បែរដៃ ឬជើងរបស់កូន កូនតូចនឹងព្យាយាមឈោងដៃចាប់ដែលជាការហ្វឹកហាត់គ្រប់គ្រងដៃ និងជើងរបស់កូនហ្នឹងឯង។ ជាប្រក្រតី ទារកនឹងមានវិវឌ្ឍនាការពីផ្នែកខាងលើ ចុះទៅផ្នែកខាងក្រោម រឿងនេះអ្នកម្តាយអាចសាកល្បងហ្វឹកហាត់ផ្ទុយពីធម្មជាតិបន្តិចលមើលក៏បានដែរ។

    5 – សាកល្បងសម្ពាធអំពីរាងកាយឱ្យមាត់ហារឡើងចំពោះទារកវ័យ 0 – 6 ខែ ៈ ដាក់កូនឱ្យគេងផ្ងារាបនឹងកម្រាលដោយដែលដៃទាំងពីរបស់កូនដាក់នៅលើក្បាល ហើយអ្នកម្តាយក៏យកមេដៃទាំង 2 ខាងដាក់ពីលើបាតដៃរបស់កូនថ្នមៗ កូននឹងចាប់ម្រាមមេដៃរបស់អ្នក ព្រមទាំងហារមាត់ឡើងភ្លាមដែរ។

    6 – ដាក់ឱ្យអង្គុយលើកៅអីខ្ពស់ សម្រាប់ក្មេងវ័យពី 6 – 24 ខែ ៈ កូននឹងចាប់ផ្តើមអង្គុយបានតាំងពីខែទី 5 ឡើងទៅ អាចនឹងយឺតជាងនេះបន្តិចបន្តួច។ នៅពេលក្មេងតូចចាប់ផ្តើមអង្គុយលើកៅអីខ្ពស់សម្រាប់ក្មេងបានហើយនោះ អ្នកម្តាយគួរអង្គុយលេងជាមួយ ជជែកលេងជាមួយ ឬច្រៀងឱ្យកូនស្តាប់ រឹតតែបានអង្គុយញ៉ាំអាហារជាមួយគ្នាផង រឹតតែជារឿងល្អទៅទៀត កូននឹងមានបដិសម្ព័ន្ធជាមួយសមាជិកក្នុងគ្រួសារបានល្អ ធ្វើឱ្យវិវឌ្ឍនាការរបស់កូនតូចកាន់តែអភិវឌ្ឍទៅយ៉ាងឆាប់រហ័សទៀតផង។

    សាកល្បងនាំយកវិធីខាងលើទៅកែសម្រួលប្រើជាមួយកូនតូចលមើលថា តើកូននឹងមានប្រតិកម្មយ៉ាងណាខ្លះ។ ការពិតទៅនៅមានជាច្រើនវិធីទៀតដែលអាចនាំទៅសាកល្បងរឿងវិវឌ្ឍនាការរបស់កូនបាន អាស្រ័យលើភាពងាយស្រួលរបស់លោកឪពុក អ្នកម្តាយហ្នឹងឯង៕

  • ក្លិប4 នៅលីកកំពូលអង់គ្លេស កំពុងប្រជែងគ្នាយកខ្សែប្រយុទ្ធអ៊ីរ៉ង់ ដែលបានស៊ុតហ៊ែតទ្រីក កម្ពុជា

    ក្លិប4 នៅលីកកំពូលអង់គ្លេស កំពុងប្រជែងគ្នាយកខ្សែប្រយុទ្ធអ៊ីរ៉ង់ ដែលបានស៊ុតហ៊ែតទ្រីក កម្ពុជា

    កីឡាកររបស់ក្លិប Zenit St.Petersburg Sardar Azmoun កំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបធំចំនួន4 នៅ Premier League ដែលមាន Leicester City, Westham United, Eveton និង Arsenal ក្រោយពេលរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងវគ្គជម្រុះ UEFA Champions League។

    កីឡាកររូបនេះ ក៏ជាចំណែកមួយដែលបានបង្កើតប្រវត្តិសាស្ត្រជូរចត់ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ ដោយបានយកឈ្នះយ៉ាងមិនសំចៃដៃ មកលើក្រុមជម្រើសជាតិគោព្រៃ កាលពីឆ្នាំ2019កន្លងទៅ នៅក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ2022 ក្នុងលទ្ធផល 14ទល់នឹង0។

    គួរបញ្ជាក់ដែរថា កីឡាករក្លិប Zenit St.Petersburg រូបនេះទំនងជាអាចនឹងទៅចូលរួមជាមួយនឹង Arsenal ប្រសិនបើការចរចា ត្រូវរ៉ូវជាមួយនឹងក្លិបនេះ ដោយសារតែកីឡាកររូបនេះហាក់មានចំណាប់អារម្មណ៍ខ្លាំងជាងគេជាមួយក្លិបនេះ៕

  • ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទាន ប្រមាណ 1300លានដុល្លារអាមេរិក ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍកម្ពុជាពីឆ្នាំ2021-2023

    ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទាន ប្រមាណ 1300លានដុល្លារអាមេរិក ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍកម្ពុជាពីឆ្នាំ2021-2023

    ធនាគារអភិវឌ្ឍន៍អាស៊ី ឬADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ប្រមាណ 1.3ប៊ីលាន​ដុល្លារអាមេរិក តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ2021-2023 ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណា​ឱ្យការអនុវត្តយុទ្ធសាស្រ្ត ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ2019-2023 របស់ADB សម្រេចបានជោគជ័យ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹង តម្រូវការនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជាដែរ។

    បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋា ភិបាល កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ2021-2023 របស់ ADB មានទឹកប្រាក់ ចំនួនប្រមាណ 1.5ប៊ីលានដុល្លារអាមេរិក។

    រដ្ឋលេខាធិការប្រ​ចាំ​​ការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​លោ​កស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជា​ កាលពីថ្ងៃទី8 ខែឧសភា ឆ្នាំ2020 នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ Country Operation Business Plan-COBP 2021-2023  តាមរយៈ Video Conference ដើម្បី​ធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់​ស៊ីជ​ម្រៅ​​អំពីស្ថានភាព បញ្ហាប្រឈម និងជម្រើសនៃដំណោះស្រាយជាយុទ្ធសាស្រ្តក្នុង​វិស័យ​អាទិភាព​​សំខាន់ៗ។

    ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រ​ចាំ​​ការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសា សន៍ថា៖«រាជ​រដ្ឋាភិបាលបានផ្តល់នូវអាទិភាពខ្ពស់បំផុតលើកិច្ចការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 ដើ​ម្បី​​ទប់ស្កាត់ការឆ្លង ការចម្លង និងការពារអាយុជីវិតរបស់ប្រជាជន។ ជាក់ស្តែង ចំនួននៃការឆ្លង មា​នត្រឹមតែ 122 ករណីប៉ុណ្ណោះ​ ដែលភាគច្រើននៃការឆ្លងជំងឺនេះ គឺការនាំចូល ឬមានប្រ​ភ​ពមកពី​ខាង ក្រៅ និងមួយចំនួនតូច ជាការឆ្លងបន្តទៅប្រជាពលរដ្ឋក្នុងស្រុក»។

    ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ផ្តោតការយកចិត្តទុកដាក់លើការជួយអន្តរាគមន៍ ដើម្បីការ រក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នក បាត់បង់ការងារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជំនួយសង្គម​ ការបន្តអនុវត្ត គម្រោងសាច់ប្រា​ក់​​ពលកម្ម និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ និងការផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករ នៅ​ពេលដែលរោងចក្រព្យួរអាជីវកម្ម។

    ឯកឧត្តមក៏បានលើកឡើងផងដែរថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុង រៀបចំនូវសេចក្តីព្រាងផែនការសម្រាប់ជំរុញសេដ្ឋកិច្ច ដោយផ្អែកលើសភាពការណ៍វិវឌ្ឍន៍ និងគោល ការណ៍សំខាន់ៗចំនួន 4 គឺ៖ 1-និន្នាការសកល បន្ទាប់ពីវិបត្តិវីរុសកូវីដ-19។  2-ការកំណត់ និងជ្រើស រើសវិស័យដែលអាទិភាព និងមានសក្តានុពលខ្ពស់។ 3-ការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ និងប្រាកដនិយម និង 4-ការបង្កើនចំណាយថវិកាកាន់តែធំជាងមុន និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាងមុន តាមរយៈការបង្កើនទំហំនៃការខ្ចី ទាំងពីដៃគូអភិវឌ្ឍន៍នានា និងតាមការបោះសញ្ញាបណ្ណក្នុង ស្រុក នាពេលខាងមុ​ខ​។

    ជាក់ស្តែង កម្មវិធីគាំទ្រចំណាយ និងការឆ្លើយតបទៅនឹងជំងឺកូវីដ-19 (COVID-19 Active Response and Expenditure Support Program) ដែលមានទឹកប្រាក់សរុបចំនួន 250លាន ដុល្លារអាមេរិក ត្រូវបានផ្តល់ការអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីពេលថ្មីៗនេះ តាម សំណើបន្ទាន់របស់កម្ពុជាផងដែរ។

    បន្ថែមពីនេះ ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច-មធ្យម (SME) នៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានស្នើឱ្យ ADB ពិនិត្យមើលការបញ្ចូលនូវសមាសភាព នៃធនាគារ​ឥណទាន (Guarantee) សម្រាប់ SME ទៅក្នុងគម្រោងជំរុញការអភិវឌ្ឍ កសិ-ធុរកិច្ច ប្រកបដោយ​ការ​ប្រកួតប្រជែង (Competitive Agribusiness Development Project) ដែលមានទឹកប្រាក់​សរុប​ចំនួន​​ប្រមាណ 111លានដុល្លារអាមេរិក ដែលនឹងជួយដោះស្រាយបញ្ហាប្រឈមជាគន្លឹះរបស់​ SME។

    ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានផ្តល់ការ ជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្ប ទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍនានានៅកម្ពុជា កាន់តែច្រើនជាងមុន និងទាន់ពេលវេលា តាមសំណើរបស់កម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍកម្ពុជា សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្នុងបរិការណ៍វីរុសកូវីដ-19 នេះ​។​

    គិតចាប់ពីឆ្នាំ1992 រហូតដល់បច្ចុប្បន្ន  ADB បានផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការ​​​ដល់​ប្រ​ទេស​កម្ពុជា​ សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍នានា មានទឹកប្រាក់សរុប​ចំនួន​ប្រមាណ 3485 លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទានចំនួនប្រមាណ 2983លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ 502លានដុល្លារអាមេរិក៕

  • ស្ងាត់ៗ បាត់មុខតារាចម្រៀង 2ដួងក្នុងពីផលិតកម្មកាឡាក់ស៊ីណាវាត្រាឱ្យឈឹង

    ស្ងាត់ៗ បាត់មុខតារាចម្រៀង 2ដួងក្នុងពីផលិតកម្មកាឡាក់ស៊ីណាវាត្រាឱ្យឈឹង

    ខណៈដែលមហាជនជាច្រើនបានឃើញតារាចម្រៀងស្រីវ័យក្មេងនៅក្នុងផលិតកម្ម កាឡាក់ស៊ីណាវាត្រា គឺកញ្ញា តន់ ចន្ទសីម៉ា និងប្អូនស្រី អ៊ុក សុវណ្ណារី សម្រុកចេញបទចម្រៀងថ្មីៗជាច្រើននៅលើបណ្ដាញសង្គមយូធូប ភ្លាមៗនោះគេស្រាប់តែនឹកឆ្ងល់ក្នុងចិត្តថា តារាចម្រៀងល្បីឈ្មោះ 2 ដួងទៀត ហេតុអ្វីបាត់មុខពីផលិតកម្មខាងលើ ដែលសុទ្ធសឹងតែជាម្ចាស់បទល្បីៗ ដូចជាបទ ប្រមូលអ្នក Sigle , ថ្ងៃនេះខ្ញុំការហើយ ,ខ្ចប់ទឹកភ្នែកគប់កណ្ដាលមុខ និង ស្រីសល្អ​ឯក ជាដើម។

    អស់រយៈពេលមួយឆ្នាំហើយដែលគេខានបានឃើញអ្នកនាង រ័ត្ន រចនា និងលោក ចាន់ សម័យ ចេញបទចម្រៀងនៅក្នុងផលិតកម្មនេះទៀត។ យ៉ាងណាមិញ គេបានដឹងថា អ្នកនាងរ័ត្ន រចនា បានសាងប្រជាប្រិយល្បីបានមួយឆាវនៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈបទ « មេម៉ាយសប្បាយចិត្ត » រហូតដល់អ្នកនាងបានបង្ហាញវត្តមាននៅក្នុងផលិតកម្មកាឡាក់ស៊ី។ ភាពល្បីល្បាញរបស់អ្នកនាង បានបន្ដឱ្យមហាជនចាប់អារម្មណ៍បទចម្រៀងថ្មីសន្លាងរបស់អ្នកនាងគឺបទ «ប្រមូលអ្នក Sigle » ដែលជាចង្វាក់រាំបែបប្រជាប្រិយ ចេញក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរមួយឆ្នាំមុន រហូតដល់មានបទបន្ដបន្ទាប់បាន 2 ទៅ3 បទ ហើយក៏បាត់មុខវិញ។ រីឯតារាចម្រៀង ចាន់ សម័យ វិញ គេមើលឃើញថា លោកបានបាត់មុខអស់រយៈពេលជាយូរនៅក្នុងពិភពសិល្បៈដោយភាពដុនដាបនៃជំងឺប្រចាំកាយ។ ក៏ប៉ន្ដែ លោកបានបង្ហាញវត្តមានក្នុងសិល្បៈជាថ្មីម្ដង ដោយមានការជួយជ្រោមជ្រែងពីមិត្តរួមអាជីពផង និងពីសំណាក់ម្ចាស់ផលិតកម្មមួយនេះផងដែរ។

    រហូតមកដល់សព្វថ្ងៃនេះ នៅក្នុងផលិតកម្មកាឡាក់ស៊ីណាវាត្រា ត្រូវបានដាក់បង្ហាញតារាចម្រៀងក្មេងៗចំនួន 4រូប ក្នុងនោះរួមមាន ប្អូនស្រី អ៊ុក សុវណ្ណារី ប្អូនប្រុស ធឿន បុរី លោក Tempo និងកញ្ញា តន់ ចន្ទសីម៉ា តែប៉ុណ្ណោះ។ ចំពោះវត្តមានតារាចម្រៀង អ្នកនាង រ័ត្ន រចនា និងលោក ចាន់ សម័យ ត្រូវបានគេសង្ស័យថា បានចាកចេញពីផលិតកម្មហើយ។ លោក ចាន់ សម័យ សង្ស័យអាចបណ្ដាលមកពីស្ថានភាពសុខភាព រីឯ រចនា ត្រូវគេឃើញបង្ហាញវត្តតែតាមរយៈកម្មវិធីច្រៀងការ និងកម្មវិធីប្រគំតន្ត្រីមួយចំនួនតែប៉ុណ្ណោះ។ ជាក់ច្បាស់យ៉ាងណានោះ អ្នកគាំទ្រគ្រប់គ្នាមានតែរង់ចាំការបកស្រាយពីខាងផលិតកម្ម ក៏ដូចជាអ្នកគ្រប់គ្រងធ្វើការស្រាយបំភ្លឺបន្ថែម៕