Category: សង្គម និងសេដ្ឋកិច្ច

  • Huawei ចេញលក់កាសថ្មី តម្លៃ 110ដុល្លារ បំពាក់មុខងារទប់សំឡេងរំខាន

    Huawei ចេញលក់កាសថ្មី តម្លៃ 110ដុល្លារ បំពាក់មុខងារទប់សំឡេងរំខាន

    Huawei បានបង្ហាញចេញ កាស FreeBuds 3i សម្រាប់ទីផ្សារអឺរ៉ុប កាលពីដើមខែមុន ដែលមានបំពាក់មកជាមួយនូវមុខងារទប់សំឡេងរំខាន Active Noise Cancellation ជាមួយតម្លៃប្រមាណ 110ដុល្លារប៉ុណ្ណោះ ដែលធៀបនឹង AirPods Pro គឺធូរថ្លៃជាង។

    ទាំងនេះជាលក្ខណពិសេសរបស់កាស Huawei FreeBuds 3i ៖
    -មានសមត្ថភាពធន់នឹងទឹកកម្រិត IPX4
    -អាចទ្រាំទ្រការស្ដាប់ចម្រៀងបាន 3ម៉ោងកន្លះ
    -សម្រាប់ការនិយាយទូរស័ព្ទគឺបាន 2ម៉ោងកន្លះ
    -ប្រអប់របស់វាអាចបន្ថែមរយៈពេលនៃការស្ដាប់ចម្រៀងបាន 14ម៉ោងកន្លះ ឬការនិយាយទូរស័ព្ទបាន 10ម៉ោងកន្លះ បន្ថែមទៀត។
    -សាកថ្មកាសក្នុងប្រអប់ ត្រូវចំណាយពេល 1ម៉ោងទើបពេញ
    -សាកថ្មប្រអប់វិញចំណាយពេល 115នាទី។
    -ការបញ្ជាកាសនេះ គឺធ្វើឡើងតាមការចុច ដូចជាចុចឱ្យជាប់ដើម្បីបើក ឬបិទមុខងារ AN
    -ចុច 2ដងដើម្បីចាក់ ឬផ្អាកចម្រៀង និងទទួលទូរស័ព្ទ ឬបញ្ចប់ការនិយាយទូរស័ព្ទ។

    FreeBuds 3i នឹងដាក់លក់នៅចក្រភពអង់គ្លេសជាមួយពណ៌ Ceramic White នៅលើ Huawei Store នាថ្ងៃទី20 ខែឧសភា ហើយនៅថ្ងៃទី1 ខែមិថុនា នឹងមានលក់នៅតាមហាងលក់រាយមួយចំនួន ដោយមានបន្ថែមជម្រើសពណ៌ Carbon Black៕

  • Real Madrid យកកន្លែងហ្វឹកហាត់ ធ្វើជាកីឡដ្ឋានប្រកួត

    Real Madrid យកកន្លែងហ្វឹកហាត់ ធ្វើជាកីឡដ្ឋានប្រកួត

    La Liga នឹងចាប់ផ្តើមការប្រកួតឡើងវិញនៅសប្តាហ៍ក្រោយនេះហើយ ក្រោយពីបានផ្អាកការប្រកួតទាំងអស់របស់ខ្លួន តាំងពីខែមេសាកន្លងមក ដោយការប្រកួតដែលនឹងវិលត្រឡប់មកវិញនេះ គឺជាការប្រកួតបិទទ្វារ មិនមានអ្នកទស្សនាឡើយ៕

    ក្នុងនោះដែរ ក្លិបបាល់ទាត់ Real Madrid នៃក្របខណ្ឌ La Liga បានប្រកាសថា ក្លិបនឹងប្រើប្រាស់ កីឡដ្ឋានហ្វឹកហាត់របស់ខ្លួន Estadio Alfredo Di Stefano ដែលអាចផ្ទុកអ្នកទស្សនាបានត្រឹមតែ 6ពាន់នាក់ សម្រាប់រៀបចំការប្រកួតនាពេលខាងមុខនេះ។

    គួរបញ្ជាក់ដែរថា ទីលានបាល់ទាត់ Santiago Bernabeu ផ្លូវការរបស់ Real Madrid ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ1947 ហើយមកដល់ពេលបច្ចុប្បន្ននេះ កីឡដ្ឋាននេះអាចដាក់មនុស្សបានជាង 8ម៉ឺននាក់ ឯទីលានហ្វឹកហាត់ Di Stefano ឯណេះវិញ សាងសង់ឡើងនៅឆ្នាំ2006 ដោយអាចដាក់មនុស្សចូលមើលបាន 6ពាន់នាក់៕

  • សហព័ន្ធគុនខ្មែរ នឹងយកមេដាយស៊ីហ្គេម ដែលដណ្តើមបាន ទៅរក្សាទុកនៅសារមន្ទីរ

    សហព័ន្ធគុនខ្មែរ នឹងយកមេដាយស៊ីហ្គេម ដែលដណ្តើមបាន ទៅរក្សាទុកនៅសារមន្ទីរ

    សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំពិធីប្រគល់ និងទទួលមេដាយជយលាភីស៊ីហ្គេម 2ជំនាន់ចុងក្រោយ គឺស៊ីហ្គេម លើកទី29 ឆ្នាំ2017 នៅម៉ាឡេស៊ី និងស៊ីហ្គេម លើកទី30 ឆ្នាំ2019 នៅប្រទេសហ្វ៊ីលីពីន ព្រមទាំងទទួលគ្រឿងឥស្សរិយយស ដើម្បីធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងតម្កល់ទុកក្នុងសារមន្ទីរកីឡាកម្ពុជា។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

    ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា នេះគឺជាការប្រមូលផ្តុំនូវសមិទ្ធផលជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលកីឡាករ កីឡាការិនីកម្ពុជាដណ្តើមបានជាលក្ខណៈអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម រួមទាំងគ្រូបង្វឹកដែលដឹកនាំ ដើម្បីតម្កល់ទុកស្នាដៃ និងមេដាយទាំងអស់នៅក្នុងសារមន្ទីរកីឡា តាមការណែនាំជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការតម្កល់ស្នាដៃនេះ មានដូចជា មេដាយ ឯកសារពាក់ព័ន្ធនឹងប្រវត្តិរូប និងរូបថត នៃស៊ីហ្គេមទាំង 2លើកនេះ។ ឯកឧត្តម បន្ថែមថា នេះគឺជាតម្លៃដ៏ថ្លៃថ្លាណាស់ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក ដែលស្នាដៃនេះនឹងមិនត្រឹមតែតម្កល់ទុកក្នុងមជ្ឈមណ្ឌលវប្បធម៌កីឡាកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែទៅថ្ងៃខាងមុខ អាចនឹងតម្កល់ទុកជាស្នាដៃនៅតាមស្ថាប័នរាជរដ្ឋាភិបាលទៀតផង។

    សូមបញ្ជាក់ថា មេដាយស៊ីហ្គេម 2ជំនាន់នេះ គឺស៊ីហ្គេម2017 នៅម៉ាឡេស៊ី មានចំនួន 4គ្រឿង ក្នុងនោះមានមេដាយមាស1 ដណ្តើមបានដោយកីឡាករ ឃុន ឌីម៉ា, ប្រាក់ 1គ្រឿង ដណ្តើមបានដោយកីឡាករ ម៉ឺន សុភា និងសំរឹទ្ធ 2គ្រឿង។ ចំពោះស៊ីហ្គេម លើកទី30 នៅហ្វ៊ីលីពីន ឆ្នាំ2019 ដណ្តើមបានសំរឹទ្ធ 3គ្រឿង និងកីឡាប្រដាល់ឃីកបុកស៊ីង (Kick-Boxing) ដណ្តើមបានមេដាយសំរឹទ្ធ 3គ្រឿងដែរ៕

  • ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង 41លានដុល្លារ ដល់កម្ពុជា

    ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង 41លានដុល្លារ ដល់កម្ពុជា

    ជាការ​ឆ្លើយតប​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​ទស្សនៈ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ជប៉ុន និង​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​ជំនួយឥតសំណង ODA ក្នុង​ទឹកប្រាក់​ចំនួន 4,501លាន​យ៉េន ដែល​ស្មើ​ប្រមាណ​ជា 41លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​គម្រោង3 ដល់​ប្រទេស​កម្ពុជា។

    លិខិត​ប្តូរ​សារ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ចំនួន3 ខាងលើនេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី5 ខែមិថុនា ឆ្នាំ2020 នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

    គម្រោង​ទាំង 3នេះ ផ្តោតទៅលើ ទី1 គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តសៀមរាប ដែល​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា 2,153លាន​យ៉េន។ ទី2 គម្រោង​កម្មវិធី​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែល​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ 348លាន​យ៉េន និង​ទី3 គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដែល​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ 2,000 លាន​យ៉េន។

    គម្រោង​នេះ​នឹងធ្វើ​ការកែលម្អ​អគារ និង​សម្ភារ​បរិក្ខារ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង មន្ទីរពេទ្យបង្អែក​ស្រុក​ចំនួន4 នៅក្នុង​ខេត្ត ក្នុង​គោលដៅ​បង្កើន​ចំនួន​វះកាត់​ប្រចាំឆ្នាំ នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ពី​ចំនួន 3,306 ក្នុង​ឆ្នាំ2018 ដល់ 4,732 ក្នុង​ឆ្នាំ2026 ជា​ឆ្នាំ​ដែល​គម្រោង​នឹងត្រូវ​បានបញ្ចប់​រយៈពេល 3ឆ្នាំ។ គម្រោង​នេះ​ត្រូវបាន​រំពឹងថា នឹង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​សេវា​សុខាភិបាល និង​សុខ​ភាពជា​មូលដ្ឋាន​នៅក្នុង​ខេត្តសៀមរាប។

    សូមបញ្ជាក់ថា មន្ទីរពេទ្យ​ខេត្តសៀមរាប ជា​មន្ទីរពេទ្យ​មូលដ្ឋាន​មួយ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ដែល​ទទួល​អ្នកជំងឺ​ជាច្រើន ជាពិសេស​អ្នក​ជម្ងឺ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មកពី​ខេត្តសៀមរាប​ផ្ទាល់ និង​បណ្តា​ខេត្ត​ជុំវិញ​នានា។

    លើសពីនេះ ដោយសារ​កង្វះខាត​ឧបករណ៍​បរិក្ខារ និង​ធនធានមនុស្ស​នៅតាម​មណ្ឌល​សុខភាព​ក្នុង​តំបន់​ក្នុង​ខេត្តសៀមរាប បណ្តាលឱ្យ​អ្នកជំងឺ​ដែល​គួរតែ​ទទួល​ការព្យាបាល​នៅតាម​មណ្ឌល​សុខភាព​ទាំងនោះ ត្រូវ​មក​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ដែលជា​លទ្ធផល​ធ្វើឱ្យមាន​ចំនួន​អ្នកជំងឺ​ច្រើន​លើសលប់ ហើយ​ភាព​ចាស់​ទ្រុឌទ្រោម​នៃ​សំណង់​អគារ ដែល​បាន​សាងសង់​ក្នុង​ទសវត្សរ៍​ឆ្នាំ1970 និង​កង្វះខាត​ឧបករណ៍​បរិក្ខារ ធ្វើឱ្យ​មន្ទីរពេទ្យ​មិនអាច​ផ្តល់​សេវា​វេជ្ជសាស្ត្រ​បាន​គ្រប់គ្រាន់។

    នៅ​ប្រទេស​កម្ពុជា ធនធានមនុស្ស​ដែលមាន​ទេពកោសល្យ​ជាច្រើន ត្រូវបាន​បាត់បង់​ដោយសារ​សង្គ្រាមស៊ីវិល ដែល​បាន​បន្ត​អស់​រយៈពេល​ប្រមាណ​ជាង 20ឆ្នាំ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ1970 និង​ដោយសារតែ​កង្វះខាត​នៃ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ការអភិវឌ្ឍ​ធនធានមនុស្ស​ដែលមាន​គុណភាព ខ្ពស់ គឺជា​បញ្ហា​បន្ទាន់ និង​សំខាន់​ដែល​ត្រូវ​ដោះស្រាយ។

    ដូច្នេះហើយ ទើប​ប្រទេស​ជប៉ុន បាននិងកំពុង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​សង្គម​របស់ខ្លួន​បន្ថែម​ទៀត ហើយ​ជា​ផ្នែក​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ជប៉ុន​បាននិងកំពុង​ជួយ​បណ្តុះបណ្តាល​មន្ត្រី​វ័យក្មេង​របស់​ប្រទេស​កម្ពុជា ឱ្យ​ទទួលបាន​សញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ពី​គ្រឹះស្ថាន​ក្រោយ​ឧ​ត្ត​មសិ​ក្សា​នៅ​ប្រទេស​ជប៉ុន។

    តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ មន្ត្រី​វ័យក្មេង​កម្ពុជា​ចំនួន 26នាក់ នឹង​អាច​ទៅ​សិក្សា​នៅ សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​ជប៉ុន។ យើង​រំពឹងថា ធនធានមនុស្ស​ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ នឹងចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​អនាគត​លើ​វិស័យនីមួយៗ ហើយក៏​ជាការ​យោគយល់​គ្នា​ទៅវិញទៅមក និង​ការកសាង​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​ផងដែរ។

    នៅក្នុង​ពិភព​សកលភាវូបនីយកម្ម​នាពេល​បច្ចុប្បន្ននេះ ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ-19 គឺជា​ការគំរាមកំហែង​ដ៏​ធំធេង​ដល់​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​ទាំងអស់ រួមទាំង​ប្រទេស​ជប៉ុន​ផងដែរ។ សហគមន៍​អន្តរជាតិ​ទាំងមូល​ត្រូវតែ​ធ្វើការ​រួមគ្នា​ប្រឆាំងនឹង​វីរុស​កូ​វីដ-19។ ខណៈពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​គ្រប់គ្រង​ស្ថានការណ៍​លំបាក​នៅក្នុង​ប្រទេស ដែល​វីរុស​កូ​វីដ-19 អាចមាន​លទ្ធភាព​ចាប់ផ្តើម​រីក​រាលដាល​ជាថ្មី​ម្តងទៀត​ក្នុងប្រទេស និង​តំបន់​ដោយសារតែ​ប្រព័ន្ធ​សុខាភិបាល​នៅមានកម្រិត។ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​នេះ ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ទប់ទល់​នឹង​ជំងឺឆ្លង​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់៕

  • អ្នក​ក្រុង​ហុងកុង​សម្រុក​​ទៅ​​រង់​​ចាំ​ទិញ​ផ្ទះ​ បើ​ទោះ​​នយោបាយ​និង​សេដ្ឋ​កិច្ច​កំពុង​ជួប​បញ្ហា​

    អ្នក​ក្រុង​ហុងកុង​សម្រុក​​ទៅ​​រង់​​ចាំ​ទិញ​ផ្ទះ​ បើ​ទោះ​​នយោបាយ​និង​សេដ្ឋ​កិច្ច​កំពុង​ជួប​បញ្ហា​

    ផ្ទះ​​ចំនួន​93​ល្វែង​ដែល​ស្ថិត​ក្នុង​គម្រោង​​មួយ​របស់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ China Vanke ត្រូវ​បាន​លក់​ដាច់​អស់​គ្មាន​សល់​​ ដោយ​ប្រើ​ពេល​ត្រឹម​តែ​ 8​ម៉ោង​ប៉ុណ្ណោះ​ ដែល​នេះ​បាន​ជួយ​ឱ្យ​ក្រុម​ហ៊ុន​​​រក​បាន​ប្រាក់​ 880​លាន​ដុល្លារ​ហុង​កុង​​​ដោយ​មិន​បាច់​ហត់​យូរ​។

    ច្បាប់​សន្តិសុខ​ហុង​កុង​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទីក្រុង​ប៉េកាំង គំរាម​កំហែង​ខ្លាំង​ដល់​​ “តំណែង”​ ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​​ពិភពលោក​របស់​ទីក្រុង​ហុង​កុង​​ ក៏ប៉ុន្តែ វា​​ហាក់​មិន​​​មាន​ឥទ្ធិពល​ច្រើន​ទៅ​លើ​ទីផ្សារ​អចលន​ទ្រព្យ​​​លំដាប់​ថ្លៃ​បំផុត​នេះ​​ទេ​។​ កាល​ពី​សប្ដាហ៍​មុន មនុស្ស​រាប់​សិប​នាក់​បាន​មក​តម្រង់​ជួរ​រង់​ចាំ​ដេញ​ថ្លៃ​ទិញ​ផ្ទះ​ចំនួន​94​ល្វែង​នៅ​ក្នុង​គម្រោង​ The Campton នៅក្នុង​មជ្ឈមណ្ឌល​ Kowloon។

    ក្រុម​ហ៊ុន​ China Vanke បាន​ឱ្យ​ដឹង​ថា ផ្ទះ​ចំនួន​94​ខាង​លើ​​ ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ចាប់​ពី​ 6.8​លាន​ដុល្លារ​ហុង​កុង​ (872.400 USD) សម្រាប់​​​ល្វែង​ដែល​មាន​បន្ទប់​គេង​ចំនួន​មួយ​។ ផ្ទះ​ល្វែង​ចំនួន​93​ខ្នង​ត្រូវ​បាន​លក់​អស់​ក្នុង​រយៈ​ពេល​8ម៉ោង​ ដែល​នេះ​បាន​​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ China Vanke​ ​រក​បាន​ប្រាក់​ 880​លាន​ដុល្លារ​ហុង​កុង​ (113,546,570​ USD)។

    អ្នក​ស្រី​ Li ដែល​ជា​អតិថិ​ជន​ម្នាក់​​របស់​ក្រុម​ហ៊ុន​ China Vanke បាន​ឱ្យដឹង​ថា “នៅ​ពេល​ដែល​ប្រព័ន្ធ​នយោបាយ​ និង​សេដ្ឋ​កិច្ច​ជួប​អស្ថិរ​ភាព​ ប្រាក់​សុទ្ធនឹង​បាត់​បង់​តម្លៃ​យ៉ាង​លឿន​។ ខ្ញុំ​ចង់​យក​ប្រាក់​ទៅ​ទិញ​ផ្ទះ​ដើម្បី​ការ​ពារ​តម្លៃ​របស់​វា​”។

    នៅ​ពេល​គេ​មើល​មួយ​ក្រឡេក គេ​នឹង​ឃើញ​ថា បច្ចុប្បន្ន​មិន​មែន​ជា​ពេល​ល្អ​បំផុត​សម្រាប់​ទិញ​អចលន​ទ្រព្យ​នៅ​ហុងកុង​នោះ​ទេ​។ អនាគត​របស់​ហុងកុង​កំពុង​ចាប់​ផ្ដើម​អាប់​អួ​ដោយ​ស្រមោល​នៃ​ច្បាប់​សន្តិសុខ​ហុង​កុង​របស់​ទីក្រុង​ប៉េកាំង​ ដែល​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​គំរាម​ដក​ហូត​អាទិភាព​​​ពិសេស​របស់​ទីក្រុង​នេះ​។

    ច្បាប់​សន្តិសុខ​ហុងកុង​ក៏​បានធ្វើ​​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទុន​វិនិយោគ​ដែល​នឹង​អាច​ “រត់​ចោល” ហុង​កុង​​ ផង​ដែរ​ បណ្ដាល​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​ និង​បង្កើន​អស្ថិរ​ភាព​ក្នុង​តំបន់​សេដ្ឋ​កិច្ច​​ “យក្ស” មួយ​នេះ​។ GDP របស់​ហុង​កុង​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​7​%​ ក្នុង​ឆ្នាំ​2020​នេះ​។

    បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​មនុស្ស​មួយ​ចំនួន​​យល់​ថា អស្ថិរ​ភាព​សេដ្ឋ​កិច្ច​ និង​នយោបាយ​ បាន​ធ្វើ​ឱ្យ​អចលន​ទ្រព្យ​ក្លាយ​ជា​របស់​ផ្សង​ព្រេង​ដែល​មាន​សុវត្ថិ​ភាព​ជាង​ទ្រព្យ​ដទៃ​។ កាល​ពី​ខែ​មុន​ Sun Hung Kai Properties លក់​បាន​ 97​%​ ក្នុង​ចំណោម​ផ្ទះ​ចំនួន​298​ល្វែង​ ប្រមូល​បាន​ប្រាក់​2​ពាន់​លាន​ដុល្លារ​ហុង​កុង (258,060,386 USD)​​ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​។

    Prospective buyers waiting in line outside the sales office for the Campton residential project by China Vanke in Hong Kong, on June 2, 2020

    អ្នកស្រី​ Li វ័យ​40​ឆ្នាំ​ ជឿ​ជាក់​ថា ទីផ្សារ​អចលន​ទ្រព្យ​អាច​ទប់​ទល់​នឹង​ឱន​ភាព​នៃ​សេដ្ឋ​កិច្ច​ ដោយ​សារ​តែ​គិត​ថា​ “ដី​មិន​កើន តែ​មនុស្ស​កើន”។ អ្នក​ស្រី​បន្ត​ថា “ហុង​កុង​តូច​ណស់​។ បើ​ប្រៀប​ធៀបតម្លៃ​ផ្ទះ​កាល​ពី​​​20​ឆ្នាំ​មុន​ និង​ពេល​នេះ លោក​នឹង​ឃើញ​ថា អចលន​ទ្រព្យ​ដែល​បាន​ទិញ​កាល​ណោះ កំពុង​តែ​នាំ​មក​នូវ​ចំណេញ​យ៉ាង​សម្បើម​”។

    អ្នក​ស្រី​ Li និយាយ​មិន​ខុស​ទេ​។ ​ទិន្ន​ន័យ​របស់ក្រុម​ហ៊ុន​ Centaline Property Agency បាន​បង្ហាញថា តម្លៃ​អចលន​ទ្រព្យ​នៅ​ហុង​កុង​បាន​កើន​ឡើង​230​% ចាប់​ពី​ឆ្នាំ​2000​​មក​នេះ​។ ប្រការ​នេះ​​បាន​​ធ្វើ​ឱ្យ​ពលរដ្ឋ​ហុង​កុង​​កាន់​តែ​ជឿ​ជាក់​​ទៅ​លើ​ការ​យល់​ឃើញ​របស់​ពួកគេ​​ដែល​ថា “អចលន​ទ្រព្យ​​តែង​តែ​ជា​ទ្រព្យ​សុវត្ថិ​ភាព​”។

    ទោះ​បី​ជា​សេដ្ឋ​កិច្ច​កំពុង​មាន​ឱន​ភាព​ ប៉ុន្តែ​តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ហុង​កុង​បែរ​ជា​ឡើង​ថ្លៃ​1.2% ក្នុង​ឆ្នាំ​នេះ​ ហើយ​បច្ចុប្បន្ន​​វា​បាន​ឡើង​ដល់​ចំណុច​កំពូល​​រាប់​ចាប់​ពី​ខែ​​វិច្ឆិកា​ ឆ្នាំ​2019​។

    ក្នុង​ពេល​ដែល​តម្លៃ និង​ចំនួន​ផ្ទះ​នៅ​ក្នុង​បណ្ដា​ទីផ្សារ​​​ពិភពលោក​ ដូច​ជា​ទីក្រុង​ឡុង​ដ៍​ ឬ​សិង្ហបុរី​​ជា​ដើម​ កំពុង​តែ​ដាំក្បាល​ចុះ ទីក្រុង​ហុង​កុង​ឯណោះ​បែរ​ជា​ងើប​ក្បាល​ឡើង​​ ដោយ​មាន​ការ​ជួញ​ដូរចំនួន​ ​6,885​លើក​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​។ នេះ​គឺជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​អំឡុង​12​ខែ​​មក​នេះ​។

    របាយ​ការណ៍​មួយ​របស់​ Morgan Stanley កាល​ពី​ថ្ងៃទី​26​ឧសភា បាន​ព្យាករ​ថា ក្នុងរយៈ​ពេល​វែង​ ប្រភព​ផ្គត់​ផ្គង់​​​​មាន​កំណត់​ និង​តម្រូវ​ការ​ខ្ពស់​​ដោយ​សារ​តែ​អត្រា​មាន​ផ្ទះ​នៅ​ទាបនៅ​ឡើយ​ រួម​នឹង​ការ​ប្រាក់​ជិត​ស្មើ​​នឹង​0% នឹង​ជំរុញ​ឱ្យ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​ហុង​កុង​កាន់​តែ​ងើប​ឡើង​ខ្ពស់​។

    យ៉ាង​ណា​ក៏ដោយ ទី​ផ្សារ​អចលន​ទ្រព្យ​មិន​មែន​មិន​មាន​ហានិភ័យ​នោះ​ទេ។ ក្រុម​ហ៊ុន​នានា​កំពុង​តែ​ផ្អាក​ដំណើរ​ការ​។ អត្រា​បាត់​បង់​ការ​ងារ​ក៏កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​​បំផុត​​ ហើយ​បើ​ទោះ​ចំនួន​ការ​ងារ​ដែល​បាន​បាត់​បង់​ភាគ​ច្រើន​ជា​ការ​ងារ​លំដាប់​ទាប​ ដូច​ជា​វិស័យ​លក់​រាយ​ ឬ​សេវា​អាហារ​ជា​ដើម​ ប៉ុន្តែ​​វា​ជះ​​​ឥទ្ធិ​ពល​​​រាល​ដាល​ដល់​​ការ​ងារ​លំដាប់​ខ្ពស់​ផង​ដែរ​ ដែល​ប្រការ​នេះ​ក៏​នឹង​មាន​ផល​ប៉ះពាល់​​ដល់​លទ្ធ​ភាព​នៃ​ការ​បង់​រំលស់​​ទ្រព្យ​របស់​អ្នក​ទិញ​។ Simon Smith ដែល​ជា​ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​ទីផ្សារ​និង​ប្រឹក្សា​យោបល់​របស់​ក្រុម​ហ៊ុន​ Savills បាន​ព្យាករ​ថា តម្លៃ​ផ្ទះ​នៅ​ហុង​កុង​នឹង​ធ្លាក់​ចុះ​5​%​ ក្នុង​ឆ្នាំនេះ​៕

    ប្រភព​៖ Bloomberg

  • តើការលេងអាចអភិវឌ្ឍខួរក្បាលរបស់កូនតូចបានមែនឬ?

    តើការលេងអាចអភិវឌ្ឍខួរក្បាលរបស់កូនតូចបានមែនឬ?

    មែនឬដែលមានអ្នកនិយាយថា ក្មេងតូចដែលបានទទួលការគាំទ្រឱ្យលេងនឹងឆ្លាត ហើយពូកែជាងក្មេងដែលត្រូវបានហាម និងមិនបានទទួលការជំរុញឱ្យលេង។ ក្មេង និងការលេងគឺជារឿងគូគ្នាតាមធម្មជាតិ ដូច្នេះហើយទើបកើតមានចម្ងល់មួយពីអាណាព្យាបាល ឬឪពុកម្តាយថា តើការលេងអាចអភិវឌ្ឍខួរក្បាលរបស់កូនតូចបានមែនឬ?។

    តាមពិតទៅ ក្មេងចម្រើនធំធាត់ឡើងមកព្រមជាមួយវិវឌ្ឍនាការដែលពាក់ព័ន្ធនឹងការលេង នោះគឺ ក្មេងអាចលេងបានដោយមិនចាំបាច់មានអ្នកណាបង្រៀនឡើយ បើសង្កេតមើលឱ្យច្បាស់នឹងបានដឹងថា ក្មេងអាចលេងរបស់លេងដែលដាក់នៅចំពីមុខគេដោយឯកឯង ដោយមិនចាំបាច់មានអ្នកណាប្រាប់ ឬចង្អុលណែនាំពីវិធីការលេងនោះទេ ហើយក្មេងម្នាក់ៗមានវិធីការលេងរបស់លេងខុសផ្លែកពីគ្នា។

    មានភស្តុតាងអះអាងបញ្ជាក់ថា ការលេងមានចំណែកសំខាន់យ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរគ្រោងសាងរបស់ខួរក្បាល ដោយការលេងនឹងជំរុញឱ្យមានការកើនឡើងរបស់ការបញ្ជូនសញ្ញាប្រសាទ និងបង្កើនការទំនាក់ទំនងការងាររវាងគ្នានិងគ្នារបស់កោសិកាខួរក្បាល។ ការផ្លាស់ប្តូរនេះបានទទួលការអះអាងពីច្រើនស្ថាប័ន និងតាមរយៈការសិក្សាស្រាវជ្រាវនៅលើសត្វពិសោធន៍ក៏បានរកឃើញដែរថា ខួរក្បាលរបស់សត្វដែលត្រូវបានជំរុញឱ្យមានកិច្ចការលេងដូចគ្នានេះកើតការបង្កើនការបញ្ជូនសញ្ញាប្រសាទរវាងកោសិកាខួរក្បាលច្រើនជាងសត្វដែលមិនបានមានកិច្ចការលេងដល់ទៅ 25%ឯណោះ ក្រៅពីនោះនៅបានរកឃើញទៀតថា សត្វដែលមិនសូវមានកិច្ចការលេងឬមិនត្រូវបានជំរុ​ញនោះ កោសិកាខួរក្បាលធំនឹងរួញតូច។ លោកវេជ្ជបណ្ឌិតជំនាញការនៃមហាវិទ្យាល័យស៊ែនឌីអេហ្គោ បានរាយការណ៍ថា កោសិកាខួរក្បាលរបស់ក្មេងអាយុ 3 ឆ្នាំដំបូងដែលចម្រើនធំធាត់ឡើងក្នុងសភាពជុំវិញខ្លួនដែលមានភាពរស់រវើក មានការលេង និងការជំរុញយ៉ាង​ល្អប្រសើរនោះ នឹងមានការកើនឡើងរបស់ការបញ្ជូនសញ្ញាប្រសាទ ឬរលកចរន្តអគ្គិសនីក្នុងខួរក្បាល និងការតភ្ជាប់គ្នារវាងកោសិកាប្រសាទ។ ការកើនឡើងក្នុងផ្នែកនេះ ហុចផលសំខាន់ដល់វិវឌ្ឍនាការរបស់ខួរក្បាល ជាពិសេសបំផុតក្នុងរឿងរបស់ភាពឆ្លាតវៃ។

    ទាំងអស់នេះ ការលេងអាចជួយអភិវឌ្ឍ និងសាងការគិតស្រមៃ និងគំនិតច្នៃបង្កើតឱ្យកើតឡើងនៅក្នុងខ្លួនក្មេងបាន ដែលប្រយោជន៍របស់ការលេងនេះមានភាពសំខាន់ដល់ការអភិវឌ្ឍន៍ និងបង្កើនកម្រឹតការគិត និងសតិប្រាជ្ញាទៀតផង។ ការលេងនៅបានជួយបង្កើនឱ្យកុមារស្គាល់ពីរបៀបវិន័យ និងកតិការបស់ការលេង ហ្វឹកហាត់ឱ្យក្លាយជាមនុស្សមានវិន័យ រួមទាំងហ្វឹកហាត់ក្នុងរឿង ការចងចាំ ជំនាញ និងភាពវាងវៃ ជាពិសេសការលេងនេះជួយបង្កើនការប្រើប្រាស់ប្រព័ន្ធប្រសាទប៉ះពាល់ទាំង 5 ទៀតផង។

    ការលេងប្រភេទខ្លះថែមទាំងបានជួយជម្រុញវិវឌ្ឍនាការខាងរាងកាយ ដែលមានដូចជា វិវឌ្ឍនាការខាងផ្នែកសាច់ដុំ ធ្វើឱ្យក្មេងមានសុខភាពល្អ និងជួយបង្កើនជំនាញខាងផ្នែកភាសា និងសង្គមទៀតផង។

    ដូច្នេះទើបការលេងអាចរាប់បានថាមានប្រយោជន៍យ៉ាងខ្លាំងចំពោះកុមារ និងគួរផ្តល់នូវការគាំទ្រ និងជាពិសេសអាណាព្យាបាលគួរមានការជ្រើសរើសប្រភេទនៃការលេងឱ្យបានស័ក្តិសមទៅតាមវ័យរបស់កូន និងកុំភ្លេចពីរឿងសុវត្ថិភាពផង៕

  • ចិនចាប់ផ្ដើមសាងសង់ស្ពានឆ្លងសមុទ្រប្រវែង​31​គីឡូ​ម៉ែត្រ​ (វីដេអូ)

    ចិនចាប់ផ្ដើមសាងសង់ស្ពានឆ្លងសមុទ្រប្រវែង​31​គីឡូ​ម៉ែត្រ​ (វីដេអូ)

    ស្ពានឆ្លងសមុទ្រ Huangmao (Huangmao Sea Bridge) ដែល​មាន6ជួរសម្រាប់ធ្វើដំណើរទៅ​-មក តភ្ជាប់ពីទីក្រុង Zhuhai ទៅកាន់ទីក្រុង Jiangmen ត្រូវបានចាប់ផ្ដើម​សាងសង់ពីថ្ងៃទី6មិថុនា ឆ្នាំ​2020។

    សារ​ព័ត៌មាន​ CGTN (China Global Television Network) បាន​ឱ្យ​ដឹង​ថា ស្ពាននេះមានចំណុចចាប់ផ្ដើមពីតំបន់សេដ្ឋកិច្ចកំពង់ផែ Gaolan (Gaolan Port Economic Zone/GPEZ) នៃទីក្រុង Zhuhai និងបញ្ចប់នៅក្នុងទីរួមស្រុក Doushan នៃទីក្រុង Taishan។

    ស្ពានឆ្លងសមុទ្រ Huangmao នេះ មាន​ប្រវែងប្រមាណជា31គីឡូម៉ែត្រ និងប្រើប្រាស់ស្ដង់ដាផ្លូវល្បឿនលឿនដែលមាន6ជួរសម្រាប់ធ្វើ​ដំណើរ​ទៅនិងមក ជាមួយនឹងការកំណត់ល្បឿនត្រឹម100គីឡូម៉ែត្រ/ម៉ោង។

    ចិនចាប់ផ្ដើមសាងសង់ស្ពានឆ្លងសមុទ្រប្រវែង31គីឡូម៉ែត្រHuangmao គឺជាស្ពានឆ្លងសមុទ្រថ្មី បន្ទាប់ពីស្ពាន Hong Kong-Zhuhai-Macao និងស្ពាន Shenzhen-Zhongshan នៅក្នុងតំបន់ឈូងសមុទ្រ Greater Bay។

    តាមផែនការ គម្រោងសាង​សង់​​ស្ពានឆ្លងសមុទ្រ Huangmao នេះ នឹងត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ2024៕

    ប្រភព៖ CGTN

  • រៀបការពេលអាយុ 28 – 32 ឆ្នាំ ជីវិតគូនឹងស្ថិតស្ថេរយូរអង្វែង

    រៀបការពេលអាយុ 28 – 32 ឆ្នាំ ជីវិតគូនឹងស្ថិតស្ថេរយូរអង្វែង

    អ្នកសង្គមវិទ្យា នែមហាវិទ្យាល័យ យូថាហ៍ សហរដ្ឋអាមេរិក បានបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលបានរកឃើញថា ក្នុងអំឡុងអាយុចន្លោះពី 28 – 32 ឆ្នាំ គឺជាវ័យដែលស័ក្តិសមសម្រាប់ការរៀបអាពាហ៍ពិពាហ៍ខ្លាំងបំផុត ព្រោះជាអំឡុងវ័យដែលស្គាល់ពីអារម្មណ៍របស់ខ្លួនឯង រកឃើញដំណើរជីវិត និងមានភាពទទួលខុសត្រូវក្នុងកម្រឹតមួយហើយ។ ការស្រាវជ្រាវបានរកឃើញផងដែរថា អ្នកដែលរៀបការក្រោយអាយុ 32 ឆ្នាំ មានអត្រាការលែងលះកើនឡើង ខណៈដែលគូស្នេហ៍វ័យជំទង់អាយុ 15 – 19ឆ្នាំ លែងលះគ្នាច្រើនបំផុត។

    វេបសាយទស្សនាវដ្តី ថាម បានរាយការណ៍ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ និគ វូហ្វ៊ីងហ្គើរ៍ អ្នកសង្គមវិទ្យាដែលបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមសម្រាប់ការចាប់ផ្តើមជីវិតគូនោះគឺ 28 – 32 ឆ្នាំ ដោយអ្នកស្រាវជ្រាវបាននាំយកព័ត៌មានការពិនិត្យពីសភាវគ្រួសារជនជាតិអាមេរិកក្នុងចន្លោះឆ្នាំ 2006 – 2010 និង 2011 – 2015 មកវិភាគ និងរកឃើញថា គូអាពាហ៍ពិពាហ៍ដែលស្ថិតក្នុងវ័យនេះមានអត្រាការលែងលះទាបជាងអ្នកដែលរៀបការក្នុងវ័យផ្សេងទៀត ជាពិសេសក្នុងអំឡុងពេល 5 ឆ្នាំក្រោយពេលរៀបការមានអត្រាការចែកផ្លូវគ្នាតិចបំផុត។

    វូហ្វ៊ីងហ្គើរ៍បានអធិប្បាយថា ហេតុផលដែលមនុស្សវ័យ 28 – 32 ឆ្នាំស័ក្តិសមល្អក្នុងការរៀបការនោះមានច្រើនចំណុចដូចជាៈ

    – មនុស្សវ័យនេះធំគ្រប់គ្រាន់ក្នុងការដឹងទាន់ពីអារម្មណ៍របស់ខ្លួនឯងថា តើខ្លួនចូលចុះជាមួយដៃគូបានមែន ឬគ្រាន់តែជាអារម្មណ៍រំជើបរំជួលរបស់អ័រម៉ូន?។

    – រូបគេ ឬនាងបានជ្រើសរើសដំណើរផ្លូវជីវិតដែលខ្លួនឯងត្រូវការហើយ និងចាប់ផ្តើមមានភាពទទួលខុសត្រូវចំពោះរឿងផ្សេងៗហើយ។

    – មានស្ថិរភាពខាងហិរញ្ញវត្ថុបានមួយកម្រឹតហើយ។

    – នៅមិនទាន់ចាស់ជ្រុលក្នុងការសម្របសម្រួលខ្លួន កែសម្រួលនិស្ស័យ ឡៃហ្វ៍ស្តាយល៍ ជីវិតរស់នៅប្រចាំថ្ងៃ -ល- ឱ្យចូលគ្នាជាមួយដៃគូឡើយ ដែលនេះគឺជារឿងសំខាន់ណាស់ក្នុងការមានជីវិតគូ។

    “អ្នកខ្លះអាចហៅការសិក្សាស្រាវជ្រាវនេះថាជា “ទ្រឹស្តីមាសរបស់ការរៀបការ” ដែលគូរអាពាហ៍ពិពាហ៍ត្រូវតែមិនក្មេង ឬចាស់ជ្រុលពេក ក្រៅពីនេះនៅមានហេតុផលជាច្រើនទៀតដែលគាំទ្រថា ក្នុងអំឡុងអាយុ 20 ឆ្នាំក្រាស់ និង 30 ឆ្នាំស្តើង គឺជាអំឡុងពេលដ៏ល្អក្នុងការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់នោះ” អ្នកសង្គមវិទ្យាពីមហាវិទ្យាល័យ យូថា អះអាង។

    វូហ្វីងហ្គើរ៍ បានបន្ថែមទៀតថា គូអាពាហ៍ពិពាហ៍ដែលទទួលជោគជ័យក្នុងជីវិតគូ ភាគច្រើនៗតែជាគូដែលស្គាល់ពីនិស្ស័យចិត្តថ្លើមគ្នា។

    ការរៀបអាពាហ៍ពិពាហ៍ក្នុងអំឡុងវ័យ 15 – 19 ឆ្នាំ នឹងធ្វើឱ្យកើតមានការលែងលះច្រើនបំផុត បន្ទាប់មកគឺក្នុងអំឡុងវ័យ 20 – 24 ឆ្នាំ 28 – 32 ឆ្នាំ តាមលំដាប់ ក្រៅពីនេះ មានបច្ច័យជាច្រើនទៀតដែលអ្នកសង្គមវិទ្យាជឿថា នឹងជួយឱ្យជីវិតគូស្ថិតស្ថេរយូអង្វែងនោះ មានដូចជា ​ស្ថិរ​ភាពខាងផ្នែកហិរញ្ញវត្ថុ ការសិក្សាដែលល្អ ការរៀបការមុនមានបុត្រ-ល- សុទ្ធតែមានចំណែកធ្វើឱ្យគូអាពាហ៍ពិពា​ហ៍​មានជីវិតប្រកបដោយសុភមង្គល និងគង់វង្សស្ថិតស្ថេរយូរអង្វែងបានទាំងអស់៕

  • ខេមរៈ សិរីមន្ត ចាប់ផ្ដើមមមាញឹកជាមួយមុខរបរថ្មី ក្រៅអាជីពសិល្បៈ

    ខេមរៈ សិរីមន្ត ចាប់ផ្ដើមមមាញឹកជាមួយមុខរបរថ្មី ក្រៅអាជីពសិល្បៈ

    តារាចម្រៀងប្រុសដ៏ល្បីក្នុងប្រទេសកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ខេមរៈ សិរីមន្ត បានទទួលការគាំទ្រខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​រហូតដល់សព្វថ្ងៃ ​​​​​​​​​​​​​​​ដោយសារតែទេពកោសល្យសិល្បៈ ​​​​​​​​​​​​​​​ជាពិសេសទឹកដមសំឡេងដ៏ពិរោះរបស់លោកតែម្ដង ​​​​​​​​​​​​​​​​​ដែលត្រូវចិត្តមហាជនជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ក្រៅពីការងារសិល្បៈ ​​​​​​​​​​​​​​​​​តារាប្រុសសាច់ដុំធំៗរូបនេះ ​​​​​​​ក៏មានជំនួញក្នុងដៃជាច្រើនផងដែរ​​​​​​​​​​​​​​​។ ថ្មីៗនេះ បើទោះបីជាស្ថិតក្នុងស្ថានភាពរដូវកាលកូវីដ19 តារាចម្រៀងប្រុសរូបនេះ មិនមានការមមាញឹកនឹងសិល្បៈឡើយ ​​​​​​​​​​​​​​​​​​​​​​​​​ទើបធ្វើឱ្យមានពេលទំនេរក្នុងការបង្កើតមុខរបរថ្មីមួយទៀត។

    ខេមរៈ សិរីមន្ត បានចាប់ផ្ដើមបើកហាងលក់សម្លៀកបំពាក់ ដែលនាំចូលពីប្រទេសក្រៅ ជាម៉ូដសម្លៀកបំពាក់បែបយុវវ័យ។ ដើម្បីទាក់ចិត្តមហាជនអ្នកគាំទ្រ និងជួយ​ប្រូ​ម៉ូត​​ហាង​លក់​សម្លៀកបំពាក់​មួយផងដែរ ​​​​​​​​​​​​​​​​​​​​​លោក​បាន​ធ្វើការឡាយច្រៀងផ្ទាល់ជាមួយអ្នកគាំទ្រ តាមរយៈការសំណូមពរបទចម្រៀង ដោយលើកយក​បទ​ចាស់ៗ​ពិ​រោះៗ​ចំនួន​ពីរ​បទ​​​​​​​​​​​​​​​​​​​​​​​ គឺ​បទ​៖ «​អន្ទង​ស្នែ​ហ៍​» និង​​​​​​​​​​​​​​​​​​​​​​ «​ធុញ​បង​មែនទេ​» ច្រៀងប្រគំជាមួយ​ហ្គី​តា​សាំ​ប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃើញថា​ពិតជា​ពិ​រោះ​ខ្លាំង​មែនទែន ​​​​​​​​​​​​​​​​​​​​​​​​​​​។​

    ​តាមរយៈ​ការ​ច្រៀង​គោក​ដ៏​កម្រ​នេះ​ផងដែរ ​​​​​​​​​​​​​​​​​​​​​​​​លោក ខេមរៈ សិរីមន្ត ក៏បាន​និយាយថា ​​​​​​​​​​​​​​​​​​លោក​ពុំ​ធ្លាប់​ដែល​ច្រៀង​គោក​របៀបនេះ​ទេ ​​​​​​​​​​​​​​​​​​​ប៉ុន្តែ វា​ស្ទៃ​ល៍​ប្លែក​ថ្មី​មួយ​សម្រាប់​ថ្ងៃនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែ​មានការ​ជំរុញ​កម្លាំងចិត្ត​បងប្អូន​ទាំងអស់គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

    https://youtu.be/G1kVFm92m3A

  • តារាវ័យក្មេង4 ដួង ត្រៀមបង្ហាញមុខក្នុង MVបទចម្រៀង « អំពើល្អ »

    តារាវ័យក្មេង4 ដួង ត្រៀមបង្ហាញមុខក្នុង MVបទចម្រៀង « អំពើល្អ »

    នៅថ្ងៃទី8 មិថុនា ឆ្នាំ 2020 ខាងមុខនេះ បទចម្រៀង« អំពើល្អ » នឹងធ្វើការចេញថត MV ជាទ្រង់ទ្រាយធំរបស់ខ្លួនជាផ្លូវការ ដែលបទនេះផ្ទាល់គឺរួមសហការណ៍ផលិតដោយក្រុមហ៊ុន អាំណាតមេឌា ជាដៃគូរផ្ទាល់ជាមួយគ្រួសារតារាកម្ពុជា ដែលជាក្រុមហ៊ុនផលិតស្ពតពានិជ្ជកម្មធំមួយនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយបទចម្រៀងនេះនឹងចូលរួមសម្ដែងដោយតារាសិល្បៈករសិល្បៈការិនីចាស់ក្មេងប្រមាណ 50រូប ក្នុងនោះគេកត់សម្គាល់ឃើញតារាយុវវ័យកំពុងទទួលបានការចាប់អារម្មណ៍ក្នុងអាជីបសម្ដែង4រូបក៏លេចវត្តមានក្នុង MV បទនេះផងដែរ។

    តួអង្គបួនរូបដែលជ្រើសឱ្យសម្ដែងជាតួអង្គសំខាន់នៅក្នុងបទនេះ គេសង្កេតឃើញរួមមាន កញ្ញា អាង សុជាតា ( ហៅឈូឈូ ) ដែលកញ្ញាគឺជាតារាវ័ក្មេង មួយរូបកំពុងតែក្ដោបបានទីផ្សាសិល្បៈនាពេលចុង្រោយនេះ កញ្ញាត្រូវបានគេស្គាល់ថាកូនបង្កើតរបស់តារាសម្ដែងជើងចាស់អ្នកនាង សឿន ផាភួង ។ កញ្ញា ដាវណ្ណ ជេន្នី និងប្អូនប្រុសរបស់នាងគឺ ដាវណ្ណ រីគី ដែលជាកូនប្រុសស្រីរបស់តួអង្គម្ដាយគឺអ្នកស្រី រ៉េត រ៉ូស អ្នកទាំងពីគឺជត្រូវបានគេស្គាល់ថាបានចូលប្រឡូកក្នុងវិស័យសម្ដែងតាំងតែពីកុមារភាព មិនតែប៉ុណ្ណោះអ្នកទាំងពីរក៏បានលេចមុខនៅក្នុងខ្សែរភាពយន្តធំៗរបស់ទូរទស្សន៍នានា និងស្ពតពានិជ្ជកម្មផ្សេងៗជាច្រើនផងដែរ។ រួមលោក រុន ណាកូ ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងនិងមូឌែល និងជាតារាចម្រៀងរបស់ផលិតកម្មក្លាស៊ិក ហើយមួយរយៈពេលចុងក្រោយនេះដែរ លោកក៏បានលេចមុខនៅជាពិធីករកម្មវិធីទូរទស្សន៍ផ្ទះតារាផងដែរ។ យ៉ាងណាមិញអ្នកទាំងបួនសុទ្ធសឹងតែជាតារាដែលមានវ័យក្មេងហើយក៏កំពុងទទួលបានភាពល្បីល្បាញ ហើយក៏ត្រូវបានផលិតករជ្រើសរើសឱ្យសម្ដែងជាតួអង្គសំខាន់នៅក្នុងសាច់រឿងក្នុងចម្រៀងមួយបទនេះ។

    យ៉ាងណាមិញគេពុំទាន់ដឹងថាអ្នកទាំងបួនត្រូវសម្ដែងជាតួអង្គដែលមានចរិតលក្ខណៈបែបណា ឬនៅក្នុងប្លង់ឬឈុតឆាកណាមួយនៃបទចម្រៀងនោះទេ។ តែផលិតបានបង្ហើបថាពួកគេទាំងបួន និងសិល្បៈករសិល្បៈការិនីដែលនឹងចូលរួមសម្ដែងដ៏ទៃទៀតសុទ្ធសឹងតែត្រូវសម្ដែងឆ្លុះបញ្ចាំងអំពីអំពើល្អនៅក្នុងសង្គមដូចៗគ្នា ។