Category: សង្គម និងសេដ្ឋកិច្ច

  • ចិន-វៀតណាម​ចាប់​ផ្ដើម​អនុវត្ត​គម្រោង «​ច្រក​ព្រំ​ដែន​ឆ្លាតវៃ» គ្មាន​មនុស្ស​ប្រចាំ​ការ

    ចិន-វៀតណាម​ចាប់​ផ្ដើម​អនុវត្ត​គម្រោង «​ច្រក​ព្រំ​ដែន​ឆ្លាតវៃ» គ្មាន​មនុស្ស​ប្រចាំ​ការ

    គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​​ប្រើ​ប្រាស់​​​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G អនុញ្ញាត​ឱ្យ​ទំនិញ​ឆ្លង​កាត់​ដោយ​ស្វ័យ​ប្រវត្ត​ មិន​មាន​មនុស្ស​ប្រចាំ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​។

    ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជំរុញ​ការ​ស្ថាបនា​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​សាកល្បង​ចិន – វៀតណាម ភាគី​រដ្ឋបាល​តំបន់​ស្វយ័ត​ជនជាតិ​ Zhuang Guangxi នៅ​ប្រទេស​ចិន និង​ភាគី​ខេត្ត​ Lang Son ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា​លើ​ការ​ជំរុញ​គម្រោង​សាកល្បង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​នៅ​លើ​កំណាត់​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​​នៃ​ច្រក​ព្រំ​ដែន​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម)។

    គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​អនុវត្ត​ដោយ​រដ្ឋបាល​តំបន់​ស្វយ័ត​ជន​ជាតិ​ Zhuang Guangxi និង​​យោង​​​ទៅ​លើ​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​ 2023​ នៅ​លើ​ទឹក​ដី​ចិន ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​មន្ត្រី​ប្រទេស​ចិន និង​វៀតណាម​។

    គម្រោង​នេះ​ប្រើប្រាស់​យាន​យន្ត​ស្វ័យ​ប្រវត្ត​ដឹក​ជញ្ជូន​កុងតឺន័រ​គ្មាន​មនុស្ស​បើក​បរ​ AGV, ឧបករណ៍​ដងស្ទូច​ស្វ័យប្រវត្ត​, ប្រព័ន្ធ​គ្រប់គ្រង​ផែនទី​ឆ្លាត​វៃ និង​អាច​ផ្លាស់ប្ដូរ​ព័ត៌មាន​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​ឆ្លង​ព្រំ​ដែន​រវាង​ចិន និង​វៀតណាម ដែល​អនុញ្ញាត​ឱ្យ​ទំនិញ​ឆ្លងកាត់​ស្វ័យ​ប្រវត្ត​មិន​មាន​មនុស្ស​ប្រចាំការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

    យោង​តាម​មន្ត្រី​ពាក់​ព័ន្ធ គម្រោង​​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) នេះ នឹងលើក​កម្ពស់​​​កិច្ច​ការ​គយ​រវាង​ច្រក​ព្រំ​ដែន​​របស់​ប្រទេស​ទាំង​ពីរ​ថែម​មួយ​កម្រិត​ទៀត។ ការដឹក​ទំនិញ​ឆ្លង​កាត់​ព្រម​ដែន​នៅ​ទី​នេះ​នឹង​មិន​ត្រូវ​រង់ចាំ​។

    បច្ចុប្បន្ន​ គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan របស់​ប្រទេស​​ចិន បាន​ចាប់​ផ្ដើម​ការ​សាងសង់ ខណៈ​គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​​ Huu Nghi របស់​វៀតណាម កំពុង​ឆ្លង​​យោបល់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​ប្រទេស​នេះ មុនពេល​ដាក់​សំណើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​។

    នៅ​ក្នុង​ពិធីសម្ពោធបើក​ការដ្ឋាន​សាងសង់​ច្រក​ព្រំដែន​ឆ្លាតវៃ​ខាងលើ ភាគី​ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ថា នឹង​បន្ត​លើក​កម្ពស់​កិច្ច​សហការ​ដើម្បី​សម្រេច​បាន​ច្រក​ព្រំដែន​ឆ្លាត​វៃ​ប្រកបដោយ​ភាព​រលូន និង​ឆាប់​រហ័ស​ផងដែរ​៕

  • គណៈកម្មាធិការវិនិយោគកម្ពុជា៖ ការ​ងារ​ជិត 7,600 កន្លែង​ កំពុង​រង់ចាំ​កម្មករ កម្មការិនី

    គណៈកម្មាធិការវិនិយោគកម្ពុជា៖ ការ​ងារ​ជិត 7,600 កន្លែង​ កំពុង​រង់ចាំ​កម្មករ កម្មការិនី

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី 15 ខែ​កញ្ញា​នេះប្រកាស​ថា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ​ថ្មី​ជូនដល់ក្រុមហ៊ុន​ចំនួន 6 ដែល​នឹង​បង្កើត​ការ​ងារ​សរុប​​ជិត 7,600 កន្លែង​ និង​មាន​ទុន​​វិនិយោគ​សរុប​ ប្រមាណ 34.6 លាន​ដុល្លារ​អាម៉េរិក​។

    គម្រោង​វិនិយោគ​ថ្មី​ទាំង​នេះ​មាន​ដូច​ខាង​ក្រោម​៖

    TX FOOD (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 7 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 120 កន្លែង។

    CORP TRIM (CAMBODIA) INDUSTRY CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងស្លាកតម្លៃពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ 122 ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 6.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 180 កន្លែង។

    POWER CROWN FOOTWEAR (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.6 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 4,040 កន្លែង។

    YOUNG ME APPAREL (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទីមួយ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុង​ទុន​វិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,358 កន្លែង។

    JIASHUN R PACKAGING MATERIAL (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់កំបិត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ 5.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 300 កន្លែង។

    NEWSIGHT GARMENT CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទីបី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,586 កន្លែង។

  • តម្លៃ​មាស​កើន​ឡើង​បន្តិច​ក្នុង​ថ្ងៃ​ទី 14 កញ្ញា ដោយ​សារ​ទិន្នន័យ​សេដ្ឋកិច្ច​អាម៉េរិក​មិន​ល្អ​

    តម្លៃ​មាស​កើន​ឡើង​បន្តិច​ក្នុង​ថ្ងៃ​ទី 14 កញ្ញា ដោយ​សារ​ទិន្នន័យ​សេដ្ឋកិច្ច​អាម៉េរិក​មិន​ល្អ​

    ទិន្នន័យ​សេដ្ឋកិច្ច​អាម៉េរិក​មាន​ភាព​អវិជ្ជមាន ក្នុង​នោះ នៅ​លើ​ផ្សារ​ COMEX សម្រាប់​ទីផ្សារ​ New York តម្លៃ​មាស​ប្រគល់ក្នុង​ខែ​ធ្នូ 2023 បាន​កើន​ឡើង​ 0.30 ដុល្លារ​ (0.02%) និង​បិទ​ទ្វារ​ក្នុង​តម្លៃ​ 1,932.80 ដុល្លារ​នៅ​ក្នុង​មួយ​អោន។

    តម្លៃមាស​ប្រគល់​មាន​កាល​កំណត់​នៅ​លើ​ផ្សារ COMEX សម្រាប់ទីផ្សារ​ New York (សហរដ្ឋ​អាម៉េរិក) បាន​កើន​ឡើង​បន្តិច​នៅ​​ក្នុង​ការ​ជួញដូរ​នា​ថ្ងៃទី 14 កញ្ញា 2023​ ព្រោះ​តែ​ទិន្នន័យ​ស្ដី​ពី​សេដ្ឋកិច្ច​អាម៉េរិក​មាន​ភាព​អវិជ្ជមាន​ច្រើន​។

    ជាក់​ស្ដែង មាស​ប្រគល់​ក្នុង​ខែ​ធ្នូ 2023 បាន​ឡើង​ថ្លៃ​​ 0.30 ដុល្លារ​ (0.02%) និង​បិទ​ទ្វារ​ក្នុង​តម្លៃ​ 1,932.80 ដុល្លារ​ក្នុង​មួយ​អោន (ounce)។ មួយ​អោន​ = 8.29426 ជី ដូច្នេះ ក្នុង​ករណី​នេះ មួយ​ជី​មាន​តម្លៃ​ប្រហែល ​233.0286​ ដុល្លារ​អាម៉េរិក​។

    ក្រសួង​ការ​ងារ​អាម៉េរិក​ទើប​តែ​បាន​ប្រកាសឱ្យ​ដឹង​ថា ​សន្ទស្សន៍តម្លៃអ្នកផលិត (Producer’s price index – PPI) របស់​សហរដ្ឋ​អាម៉េរិក​ បាន​កើន​ឡើង 0.7%​ ដោយ​​ត្រូវ​បាន​កែសម្រួល​ទៅ​តាម​រដូវ​ក្នុង​ខែ​សីហា 2023​ ខ្ពស់​ជាង​ការ​រំពឹងទុក 0.4% និង​ជា​សន្ទស្សន៍​​ប្រចាំ​ខែ​ខ្ពស់​បំផុត​រាប់​ចាប់​ពី​ខែ​មិថុនា 2022​។

    ក្រសួង​ខាងលើ​ក៏​បាន​រាយការណ៍​ថា តួលេខ​នៃ​ពាក្យ​ស្នើ​សូមជំនួយ​ពេល​បាត់​បង់​ការ​ងារ​នៅ​​សហរដ្ឋ​អាម៉េរិក​ បាន​កើន​ 3,000 ពាក្យ​ នាំ​ឱ្យ​តួលេខ​សរុប​ឡើង​ដល់​ 220,000 ពាក្យ​ នៅក្នុង​សប្ដាហ៍​ដែល​បញ្ចប់​នៅ​ថ្ងៃទី 09 កញ្ញា​។

    ធនាគារ​កណ្ដាល​អឺរ៉ុប (ECB) បាន​ដំឡើង​ការ​ប្រាក់​ 25 ពិន្ទុ​ ធ្វើ​ឱ្យ​ការ​ប្រាក់​នៃ​ប្រាក់​បញ្ញើ​កើនឡើង​ដល់ 4% កាល​ពី​ថ្ងៃទី 14 កញ្ញា​។ ការ​ដំឡើង​ការ​ប្រាក់​បាន​នាំ​ឱ្យ​ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ និង​ធ្វើ​ឱ្យ​ប្រាក់​ដុល្លារ​អាម៉េរិក​ហក់​ឡើង​ បណ្ដាល​ឱ្យ​មាស​មិន​អាច​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​​។

    សន្ទស្សន៍​នៃ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​កើន 0.6% ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាង 6​ ខែ​មក​នេះ ធ្វើ​ឱ្យ​កម្លាំង​ទាក់​ទាញ​របស់​មាស​ចំពោះ​អ្នក​វិនិយោគ​បរទេស​ ហើយ​អត្រា​ការ​ប្រាក់​នៃ​​មូលបត្រ​បំណុលរយៈ​ពេល​ដប់​ឆ្នាំ​នៅ​​​សហរដ្ឋ​អាម៉េរិក​ ក៏​កើន​ឡើង​ផងដែរ​។

    ក៏ប៉ុន្តែ ក្រុម​អ្នក​វិភាគ​យល់​ថា តម្លៃ 1,900 ដុល្លារ​/​អោន​របស់​មាស ត្រូវ​បាន​គាំទ្រពី​កត្តា​នានា​ ហើយថា​ ​នឹង​ទាក់​ទាញ​អ្នក​វិនិយោគ​បានច្រើន​ទៀត​៕

  • ស្ពានកោះពេជ្រ-កោះនរា នឹង​ត្រូវ​បាន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​នៅខែក្រោយ

    ស្ពានកោះពេជ្រ-កោះនរា នឹង​ត្រូវ​បាន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​នៅខែក្រោយ

    ស្ពានកោះពេជ្រ-កោះនរា ដែល​ស្ថិត​ក្នុង​រាជធានីភ្នំ​ពេញ​ត្រូវបានតភ្ជាប់រួច​រាល់​ ហើយ​គ្រោងនឹងត្រូវ​​សម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី 27 តុលា 2023។

    ដំណឹង​ខាងលើ​នេះ​គឺ​យោង​ទៅ​តាមពិធីភ្ជាប់ស្ពានដែល​ត្រូវ​បាន​ប្រារព្ធឡើងកាល​ពី​ថ្ងៃ​ទី 13 កញ្ញា 2023 ក្រោមអធិបតីភាពឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។

    ស្ពានបេតុង​ខ្សែ​កាប​កោះពេជ្រ-កោះនរានេះ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និង​ខណ្ឌ​ចំការមន ​រាជធានីភ្នំពេញ។ ស្ពាន​នេះ​មានបណ្តោយប្រវែង 824 ម៉ែត្រ ទទឹងប្រវែង 24.5 ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ 60 ម៉ែត្រចំនួនពីរ​ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ នៅរដូវ​វស្សា កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរណ៍​ មានកម្ពស់អប្បបរមា 8 ម៉ែត្រ។

    ស្ពានកោះពេជ្រ​-កោះនរា មានគន្លង​ចរាចរណ៍​ទ្វេរទិស ពីរទៅ និង​ពីរមក ក្នុង​នោះគន្លងនីមួយៗមានទទឹង 3.25 ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្ត មួយ​ទៅ​ មួយ​មក ដែលមានទទឹង 1.25 ម៉ែត្រ។

    ស្ពាន​នេះ​ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ និង​ ​ប្រើ​ប្រាស់​ទុនវិនិយោគ 38 លានដុល្លារអាម៉េរិក​៕

  • យន្តហោះ​​​ប្រភេទ​ប្រណិត​ ល្បឿន​ 1,800 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

    យន្តហោះ​​​ប្រភេទ​ប្រណិត​ ល្បឿន​ 1,800 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង S-512 អាច​ហោះ​ហើរ​ក្នុង​រង្វង់ 11,500 គីឡូម៉ែត្រ ដឹក​មនុស្ស​បាន​ពី 12 ដល់ 18 នាក់​ និង​ឆ្ពោះ​ទៅ​រក​ប្រណិត​ភាព​។

    ក្រុម​ហ៊ុន​អាកាសចរណ៍ និង​អវកាស​អាម៉េរិក Spike Aerospace ប្រកាស​ថា ​ចាប់​ផ្ដើម​ទទួល​យក​ការ​បញ្ជាទិញ​ជា​មុន​សម្រាប់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​មាន​តម្លៃ​ 100 លាន​ដុល្លារ​របស់​ខ្លួន​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 កញ្ញា 2023​។

    ក្ដី​ស្រមៃ​អំពី​ការ​ហោះ​ឆ្លង​សមុទ្រ​ក្នុង​ល្បៀន​លឿន​ជាង​សំឡេង​របស់មនុស្ស​ជាតិ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ 2003 នៅ​ពេល Concorde ហោះ​ហើរ​ជា​លើក​ចុង​ក្រោយ​។ បច្ចុប្បន្ន ក្រុម​ហ៊ុន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​ប្រែ​ក្លាយ​ក្ដី​ស្រមៃ​នោះ​ឱ្យ​ក្លាយ​ជា​ការ​ពិត​សាជា​ថ្មី​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន Aerion និង Boom Supersonic ជា​ដើម ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​ច្រើន​។ ដូច្នេះ ការ​ប្រកាស​ទទួល​យក​ការ​បញ្ជា​ទិញ​ជា​មុន​របស់ Spike បាន​ធ្វើ​ឱ្យ​មាន​ក្ដីសង្ឃឹម​ដែល​ថា ជើង​ហោះ​ហើរ​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​នឹង​មាន​ការ​ពេញ​និយម​។

    យន្ត​ហោះល្បឿន​លឿន​ជាង​សំឡេង​របស់ Spike Aerospace មាន​ឈ្មោះ​ថា S-512 ដែល​អាច​ដឹក​មនុស្ស​បាន​ពី​ 12 ទៅ 18 នាក់​។ យន្តហោះ​នេះ​មាន​ការ​រួម​ផ្សំ​រវាង​ការ​ហោះ​ហើរ​ក្នុង​ល្បឿន​លឿន​ និង​ប្រណិត​ភាព​ សម្រាប់​ក្រុម​អតិថិជនដែល​ជា​​អ្នក​មាន​ និង​មាន​តម្រូវ​ការ​ហោះ​ហើរ​ក្នុង​ល្បឿន​លឿន​​។

    S-512 គ្រោង​នឹង​ផ្លាស់​ទី​ក្នុង​ល្បឿន​ Mach 1.6 (លឿន​ជាង​សំឡេង​ 1.6 ដង)​ ដែល​ប្រហាក់​ប្រហែល​នឹង​ 1,800 គីឡូម៉ែត្រ​/ម៉ោង​។ ដូច្នេះ អតិថិជន​​អាច​ធ្វើដំណើរ​លឿន​ជាង​យ៉ាង​ហោច 800 គីឡូម៉ែត្រ​/ម៉ោង​ បើ​ធៀប​នឹង​យន្តហោះ​ស៊ីវិល​បច្ចុប្បន្ន​។

    Spike Aerospace មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ច្រើន​អំពី​បច្ចេក​វិទ្យា​របស់​យន្តហោះ S-512 នៅ​ឡើយ​។ ប៉ុន្តែ យោង​តាម​គេហទំព័ររបស់​ក្រុម​ហ៊ុន​នេះ កាប៊ីន​មិន​មាន​បង្អួច​របស់​វា​រួម​ចំណែក​ក្នុង​ការ​នាំ​មក​នូវ​ជើង​ហោះ​ហើរ​ដ៏​ស្ងប់​ស្ងាត់​។ ក្រុម​ហ៊ុន​នេះ​អះអាង​ថា យន្តហោះ​របស់​ខ្លួន​នឹង​មិន​បង្ក​សំឡេង​ផ្ទុះ​នៅ​ពេល​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​។ ដូច្នេះ​វា​អាច​ហោះ​ក្នុង​ល្បឿន​លឿន​បំផុត​ទាំង​នៅ​ពី​លើ​សមុទ្រ​ ទាំង​នៅ​ពី​លើ​ដី​គោក៕

  • ផ្សារ​ហ៊ុន​អឺរ៉ុប​ – អាម៉េរិក «ក្រឡាប់ចាក់» បន្ទាប់​ពី​មាន​របាយការណ៍​អតិផរណា​នៃ​ខែ​សីហា​របស់​​​អាម៉េរិក

    ផ្សារ​ហ៊ុន​អឺរ៉ុប​ – អាម៉េរិក «ក្រឡាប់ចាក់» បន្ទាប់​ពី​មាន​របាយការណ៍​អតិផរណា​នៃ​ខែ​សីហា​របស់​​​អាម៉េរិក

    ផ្សារមូលបត្រ​អាម៉េរិក​ក្រឡាប់​ចាក់​នៅក្នុង​ការ​ជួញ​ដូរ​នា​ពេល​ព្រឹក​ នៅ​ពេល​អ្នក​វិនិយោគ​ពិនិត្យទិន្នន័យ​ និង​អត្ថន័យ​របស់​វា​ចំពោះ​កិច្ច​ប្រជុំ​នៅ​សប្ដាហ៍​ក្រោយ​របស់​ធនាគារ​កណ្ដាល​អាម៉េរិក​ (Fed)​។

    ផ្សារ​មូលបត្រ​អឺរ៉ុប​ – អាម៉េរិក មាន​ការ​ប្រែ​ប្រួល​ច្រើន​ក្នុង​ការ​ជួញដូរ​កាល​ពី​ថ្ងៃទី 13 កញ្ញា 2023 បន្ទាប់​ពី​មាន​របាយការណ៍​អតិផរណា​ក្នុង​ខែ​សីហារបស់​សហរដ្ឋ​អាម៉េរិក​ និង​នៅ​មុន​ពេល​ធនាគារ​កណ្ដាល​អឺរ៉ុប (ECB) កំណត់​ការប្រាក់​ថ្មី​។

    របាយការណ៍​ថ្មី​បំផុត​ពី​ក្រសួង​ការងារ​អាម៉េរិក​បង្ហាញ​ថា អតិផរណា​របស់​ប្រទេស​នេះ​បាន​កើន​ពី 3.2% កាល​ពី​ខែ​កក្កដា ឡើង​ដល់​ 3.7% ក្នុង​ខែសីហា ដោយភាគ​ច្រើន​បណ្ដាល​មក​ពី​តម្លៃ​ប្រេង​សាំង​កើន​ឡើង​ខ្ពស់ខ្លាំង​។

    ផ្សារមូលបត្រ​អាម៉េរិក​ក្រឡាប់​ចាក់​ក្នុង​ការ​ជួញ​ដូរនៅ​​ពេល​ព្រឹក​ នៅ​ពេល​អ្នក​វិនិយោគ​ពិនិត្យទិន្នន័យ​ និង​អត្ថន័យ​របស់​វា​ចំពោះ​កិច្ច​ប្រជុំ​នៅ​សប្ដាហ៍​ក្រោយ​របស់​ធនាគារ​កណ្ដាល​អាម៉េរិក​ (Fed)​។ ក៏ប៉ុន្តែ​ ការ​ជួញដូរ​ចុង​ក្រោយ​ក្នុង​ថ្ងៃ​ដដែល (13 កញ្ញា) ទាំង​ S&P 500 ទាំង​ Nasdaq សុទ្ធ​តែ​បាន​ងើប​ឡើង​បន្តិច​ គ្រា​ដែល​ Dow Jones ធ្លាក់​ចុះ​បន្តិច​។ ដោយ​ឡែក ផ្សារ​ហ៊ុន​អឺរ៉ុប​វិញ ភាគ​ច្រើន​សុទ្ធ​តែ​ថយ​ចុះ​ ខណៈ​ដែល​មូល​ចំនួន​តូច​មិន​មាន​ការ​ប្រែ​ប្រួល​។

    មុន​នោះ ធនាគារ​កណ្ដាល​អាម៉េរិក បាន​សង្កត់​ធ្ងន់​ថា​ ដំណើរ​ការ​នៃ​ការ​ចេញ​សេចក្ដី​សម្រេច​ស្ដី​ពី​គោលនយោបាយ​ហិរញ្ញវត្ថុ​ នឹង​យោង​ទៅ​លើ​តួលេខ​សេដ្ឋកិច្ច​។ ទិន្នន័យ​ស្ដី​ពី​ទីផ្សារ​ការ​ងារ​ និង​វិស័យ​សេវាកម្ម​ បាន​ធ្វើ​ឱ្យ​មាន​ដំណឹង​ចចាម​អារ៉ាម​ថា Fed អាច​នឹង​ដំឡើង​ការ​ប្រាក់​ជា​ច្រើន​លើក​ទៀត​។ តម្លៃ​ប្រេង​ឆៅ​ដែល​កើន​ខ្ពស់​បំផុត​ក្នុង​ 10 ខែ​ ក៏​កាន់​តែ​ធ្វើ​ឱ្យ​ក្ដី​បារម្ភ​នេះ​កើន​ឡើង​មួយ​កម្រិត​ទៀត​៕

  • IEA ព្យាករ​ថា ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក​នឹង​មាន​ការ​ប្រែប្រួល​ច្រើន

    IEA ព្យាករ​ថា ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក​នឹង​មាន​ការ​ប្រែប្រួល​ច្រើន

    ទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ (IEA) បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​កញ្ញា បរិមាណ​ថយ​ចុះ​នៃ​ផលិត​ផល​ប្រេង​ឆៅ​​​របស់ OPEC និង OPEC+  នឹង​ធ្វើ​ឱ្យ​ប្រភពផ្គត់ផ្គង់ត្រូវ​ខ្វះខាត​ច្រើន​ក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​ 2023​។

    នៅ​ថ្ងៃទី 13 កញ្ញា​ 2023 IEA ព្រមាន​ថា ការ​ដែល​អារ៉ាប៊ីសាអូឌីត​ និង​រុស្ស៊ី​កាត់បន្ថយ​ការ​ផលិត​ប្រេង​ឆៅ ​នឹង​បង្ក​ឱ្យ​មាន​កង្វះ​ប្រភព​ផ្គត់​ផ្គង់​ប្រេងឆៅ​របស់​ពិភពលោក​នៅចុង​ឆ្នាំ​នេះ​ នាំ​ឱ្យ​ទីផ្សារ​មាន​ហានិភ័យ​ប្រែ​ប្រួល​ច្រើន​ជាង​មុន​។

    ការ​ព្រមាន​របស់ IEA ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​ដែល​បាន​ប្រកាស​​មួយ​ថ្ងៃ​បន្ទាប់​ពី​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង​ គ្រា​ដែល​របាយការណ៍​បច្ចុប្បន្ន​ភាព​របស់​អង្គការ​នៃ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេងឆៅ​​ (OPEC) បង្ហាញ​ថា គម្លាត​រវាង​បរិមាណ​ប្រេង​ដែល​​​ផ្គត់​ផ្គង់ និង​តម្រូវ​ការ​ទូទាំង​ពិភពលោក​​នឹង​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​បំផុត​គិត​​ចាប់​ពី​ឆ្នាំ 2007​។

    IEA បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​កញ្ញា បរិមាណ​ថយ​ចុះ​នៃ​ផលិត​ផល​ប្រេងឆៅ​​​​របស់ OPEC និង​ដៃគូ​សហការ (OPEC+) នឹង​ធ្វើ​ឱ្យ​ប្រភពផ្គត់ផ្គង់មាន​ការ​​ខ្វះខាត​ច្រើន​ក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​ 2023​។ អង្គការ​នេះ​ក៏​បាន​ឱ្យ​ដឹង​ថា ប្រេង​បម្រុង​នឹង​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ ធ្វើ​ឱ្យ​មាន​ហានិភ័យ​កើត​មាន​រលក​នៃ​ការ​ប្រែ​ប្រួលតម្លៃ​​មួយ​ផ្សេង​ទៀត​ដែល​មិន​មាន​ផល​ប្រយោជន៍​សម្រាប់​អ្នក​ផលិត និង​អ្នក​ប្រើ​ប្រាស់​ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​មាន​ភាពផុយ​ស្រួយ។

  • រវាង​ទ្វីប​អាស៊ី និង​ទ្វីប​អឺរ៉ុប មួយ​ណា​មាន​អ្នក​មាន​​ច្រើន​ជាង​គេ​?

    រវាង​ទ្វីប​អាស៊ី និង​ទ្វីប​អឺរ៉ុប មួយ​ណា​មាន​អ្នក​មាន​​ច្រើន​ជាង​គេ​?

    ទ្វីប​អាស៊ី​នៅ​តែ​មាន​អ្នក​មាន​​ច្រើន​ជាង​ទ្វីប​អឺរ៉ុប ដោយ​គ្រាន់​តែ​នៅ​ពី​ក្រោយ​តំបន់​អាម៉េរិក​ខាង​ជើងប៉ុណ្ណោះ បើ​ទោះ​ជា​ចំនួន​អ្នក​មាន​​នៅ​ក្នុង​បណ្ដា​ទ្វីប​ បាន​ថយ​ចុះ​ច្រើន​បំផុត​​កាល​ពី​ឆ្នាំ​ 2022​។

    យោង​តាម​របាយ​ការណ៍​ World Ultra Wealth 2023 របស់​ក្រុម​ហ៊ុន​ Altrata (អង់គ្លេស) ចំនួន​អ្នក​មាន​នៅ​ទ្វីប​អាស៊ី​កាល​ពី​ឆ្នាំ 2022 គឺ 108,370 នាក់​ ថយ​ចុះ​ជិត 11% បើ​ធៀប​នឹង​ឆ្នាំ 2021​ ហើយ​ក៏​ជា​ការ​ថយ​ចុះ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ទ្រព្យសរុប​របស់​ក្រុម​នេះ​បាន​ថយ​ចុះ​ 10.6%​ ធៀប​នឹង​ឆ្នាំ​មុន​។ របាយការណ៍​នេះ​កំណត់​ថា អ្នក​មាន​គឺជា​បុគ្គល​ដែល​មាន​ទ្រព្យ​សុទ្ធ​ចាប់​ពី 30 លាន​ដុល្លារ​អាម៉េរិក​។

    ​អ្នក​មាន​នៅ​ទ្វីប​អាស៊ី​មានចំនួន​ច្រើន​ជាង​ទ្វីប​អឺរ៉ុប ជា​ទី​ដែល​មានអ្នក​មាន​​តែ​ 100,850 នាក់ ថយ​ចុះ​ជាង 7% ធៀប​នឹង​ឆ្នាំ 2021​។ យោង​តាម​របាយការណ៍​ ចំនួន​អ្នក​មាន​នៅ​អាស៊ី​បាន​កើន​លើស​ទ្វីប​អឺរ៉ុប​ជា​លើក​ដំបូង​កាល​​ពី​ឆ្នាំ 2019​។ មក​ដល់​ឆ្នាំ 2022 ក្រុម​អ្នក​មាន​នៅ​អាស៊ី​​មាន​ទ្រព្យ​សរុប​ 12,130,000,000,000 (12.13 ទ្រីលាន) ​ដុល្លារ​អាម៉េរិក​ ខណៈ​អឺរ៉ុប​មាន​ 11.73 ទ្រីលាន​​ដុល្លារ​។

    ​ចំនួន​អ្នក​មាន​នៅ​អាស៊ី​ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ឡើង​បន្ត​ទៀត​ក្នុង​រយៈ​ពេល​ 5 ឆ្នាំ​ខាង​មុខ​។ ប្រការ​នេះ​កើត​ឡើង​ដោយ​សារ​តែ​សេដ្ឋកិច្ច​របស់​ឥណ្ឌា ក៏​ដូច​ជា​បណ្ដា​ក្រុម​ហ៊ុន​ដែល​ពង្រីក​ខ្លួនចេញ​​ផុត​ពី​ទីផ្សារ​ចិន​ទៅ​កាន់​ទីផ្សារ​ដទៃ​ក្នុង​តំបន់​៕

  • ក្រុម​ហ៊ុន​ចិន GAC Aion នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​

    ក្រុម​ហ៊ុន​ចិន GAC Aion នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​

    GAC Aion ​​ជា​​យីហោ​រថយន្ត​អគ្គិសនី​របស់​សាជីវកម្ម​រថយន្ត​ក្វាងចូវ (Guangzhou Automobile Corporation – GAC) ដែល​ជា​អ្នក​ផ្គត់​ផ្គង់​រថយន្ត​អគ្គិសនី​ធំជាងគេ​លំដាប់​ទីពីរ​របស់​ប្រទេស​ចិន​ មាន​គម្រោង​ចាប់ផ្ដើម​ដំឡើង​រថយន្ត​អគ្គិសនី​ដំបូង​ៗ​របស់​ខ្លួន​​នៅ​ខែ​មិថុនា​ 2024​។ ការ​ផលិត​រថយន្ត​អគ្គិសនី​នេះ​នឹង​ធ្វើ​ឡើង​នៅ​រោង​ចក្រ​របស់ GAC Aion ក្នុង​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត​ (EEC) របស់​ប្រទេស​ថៃ​។

    នាយក​ប្រតិបត្តិ​របស់ GAC Aion លោក​ Gu Huinan ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​ផលិត​ Aion Y Plus ជា​រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​បាងកក​កាល​ពី​ថ្ងៃទី 09 កញ្ញា 2023​។ លោក Guinan និយាយ​ថា ក្រុម​ហ៊ុន​បាន​ស្វែង​យល់​អំពី EEC និង​ជិត​ជ្រើស​រើស​ខេត្ត​ដើម្បី​សាងសង់រោង​ចក្រ​របស់​ខ្លួន​។

    យោង​តាម​ Bangkok Post ថៃ​គឺជា​ប្រទេស​ដំបូង​ដែល​​ក្រុម​ហ៊ុន​ចិន​ GAC Aion ជ្រើស​រើសជា​​​ទីតាំង​ដើម្បី​វាយ​លុក​ទីផ្សារ​បរទេស​។ លោក Huinan ដកស្រង់​កត្តា​សំខាន់​បី​ដែល​ជា​មូលហេតុ​នៅ​ពី​ក្រោយ​ការ​សម្រេច​នេះ​៖ រោង​ចក្រ​ផលិត​រថយន្ត​សំខាន់​របស់​អាស៊ាន ទីផ្សារ​រថយន្ត​អគ្គិសនី​កំពុង​រីកចម្រើន​ និង​ការ​ជំរុញ​វិស័យ​រថយន្ត​អគ្គិសនី​របស់​រាជ​រដ្ឋាភិបាល​៕

  • ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

    ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

    ក្នុង​ 6 ខែ​ដើម​ឆ្នាំ​នេះ ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ជាង 2.3 លាន​គ្រឿង​ ច្រើន​ជាង​ជប៉ុន និង​ក្លាយ​ជា​ប្រទេស​​​ដែល​នាំ​ចេញ​រថយន្ត​​ច្រើន​ជាង​គេ​បង្អស់​លើពិភពលោក​។

    ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​នាំ​ចេញ​រថយន្ត​ សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​នៅ​ប្រទេស​ចិន​ បាន​ដក​ស្រង់​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​របស់​​ប្រទេស​នេះ​ ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល 6 ខែ​ដើម​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ចំនួន 2.34 លាន​គ្រឿង​ កើន​ 76.9% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    ដោយ​ឡែក យោង​តាម​ទិន្នន័យ​ដែល​បាន​ប្រកាស​ដោយ​សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​ជប៉ុន​ តួលេខ​រថយន្ត​ដែល​បាន​នាំ​ចេញ​​របស់​ប្រទេស​នេះ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ 2023 មាន​ 2.02 លាន​គ្រឿង​ កើន​ 17% បើ​ធៀប​នឹង​ឆមាស​ទី​មួយ​ឆ្នាំ​ 2022​។

    នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​​តួលេខ​នៃការ​នាំ​ចេញ​រថយន្ត​ក្នុង 6 ខែ​ដើម​ឆ្នាំ 2023 របស់​ប្រទេស​ចិន​ មាន​ចំនួន​ច្រើន​ជាង​ជប៉ុន និង​ឈរ​លំដាប់​ទី​មួយ​លើ​ពិភពលោក​។

    ទិន្នន័យ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា មាន​មូលហេតុ​សំខាន់​ពីរ​ដែល​ធ្វើ​ឱ្យ​ការ​នាំចេញ​រថយន្ត​របស់​ប្រទេស​ចិន​កើន​ឡើងខ្ពស់​ខ្លាំង​ក្នុង​ឆ្នាំ​នេះ នោះគឺ​ចំនួន​រថយន្ត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេសរុស្ស៊ី​បាន​កើន​ឡើង​គួរឱ្យ​ចាប់អារម្មណ៍​។ ទន្ទឹម​នឹង​នេះ រថយន្ត​អគ្គិសនី​ក៏​ត្រូវ​បាន​នាំ​ចេញ​​​​ទៅ​កាន់​​​​ទីផ្សារ​អឺរ៉ុប​ និង​ទី​ផ្សារ​អាស៊ី​អាគ្នេយ៍​ កាន់​តែ​ច្រើន​៕