Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុម​ហ៊ុន​អាកាស​ចរណ៍​ រក​បាន​ចំណូល​ច្រើន​សន្ធឹក​ ដោយ​សារ​ដឹក​ជ្រូក​និង​ម៉ាស់ នៅ​​ក្នុង​វិបត្តិ​សុខ​ភាព

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​ រក​បាន​ចំណូល​ច្រើន​សន្ធឹក​ ដោយ​សារ​ដឹក​ជ្រូក​និង​ម៉ាស់ នៅ​​ក្នុង​វិបត្តិ​សុខ​ភាព

    ប្រាក់​ចំណូល​4​ខែ​ដើមឆ្នាំ​របស់​ក្រុម​ហ៊ុន​ Volg-Dnepr បាន​កើន​​ជាង​30​% ឡើង​ដល់​630​លាន​ដុល្លារ​ ដោយ​សារ​សេវា​កម្ម​ដឹក​ជ្រូក​ទៅ​កាន់​ប្រទេស​ចិន​ និង​ដឹក​ម៉ាស់​ទៅ​កាន់​អឺរ៉ុប​។

    COVID-19​ បាន​បំផ្លាញ​វិស័យ​អាកាស​ចរណ៍​ពិភព​លោក​ស្ទើរ​តែទាំង​ស្រុង​​ទៅ​ហើយ​ ប៉ុន្តែ​សម្រាប់​ក្រុម​ហ៊ុន​ Volga-Dnepr Group វិញ ជើង​ហោះ​ហើរ​នានា​នៅ​តែ​ដំណើរ​ការ​ជា​ធម្មតា​។

    Volga-Dnepr បាន​ដឹក​ជ្រូក​ពូជ​ជាង​3,000​ក្បាល​​ពី​ប្រទេស​បារាំង​ទៅ​កាន់​ប្រទេស​ចិននៅ​​ក្នុង​ដើម​ឆ្នាំ​នេះ ដើម្បី​ប៉ះប៉ូវ​ប្រភព​ផ្គត់​ផ្គង់​នៅ​ក្នុង​ទីផ្សារ​ដែល​មាន​តម្រូវ​ការ​សាច់​ជ្រូក​ធំជាង​គេ​ក្នុង​ពិភពលោក​ (ចិន) ក្រោយ​ពីការ​វាយ​ប្រហារ​ពី​​រោគ​រាតត្បាត​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​។ ជ្រូក​ដែល​​នាំ​ចូល​ប្រទេស​ចិន​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ទ្រុង​ឈើ​ ក្នុង​កាប៊ីន​របស់​យន្ត​ហោះ​ Boeing 747 និង​ត្រូវ​ឆ្លង​កាត់​រយៈចម្ងាយ​ 10,400​គីឡូម៉ែត្រ​។

    លោក​ Alexey Isaikin ប្រធាន​ក្រុម​ហ៊ុន​ Volga-Dnepr Group

    វិធានការ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​របស់វីរុស​COVID-19 បាន​បង្កើន​កង្វះ​ខាត​សាច់​ជ្រូក​ ធ្វើ​ឱ្យ​ប្រទេស​ចិន​ត្រូវ​បន្ថែម​ល្បឿន​ និង​ទំហំ​ក្នុង​ការ​បង្កាត់​ពូជ​ជ្រូក​ និងចិញ្ចឹម​ជ្រូក​។ ក្នុងរយៈ​ពេល​4​ខែ​ដើម​ឆ្នាំ​នេះ​ ប្រទេស​ចិន​បាន​នាំ​ចូល​សាច់​ជ្រូក​ពី​សហរដ្ឋ​អាមេរិក​​ជាង​250,000​តោន​ ខណៈ​ដែល​ពេញ​មួយ​ឆ្នាំ​2019​កន្លង​ទៅ​ តួលេខ​នេះ​មាន​​ត្រឹម​តែ​245,000​តោន​តែប៉ុណ្ណោះ​។

    COVID-19 បាន​ផ្លាស់ប្ដូរ​​រូប​ភាព​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​។ Alexey Isaikin ប្រធាន​ក្រុម​ហ៊ុន​ Volga-Dnepr Group បាន​ឱ្យ​ដឹង​ថា​ ដើម​ឡើយ​ ទំនិញ​​ដែលដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាសប្រមាណ​ជា​​ជាង​ពាក់​កណ្ដាល ត្រូវ​បាន​ដឹក​ដោយ​យន្ត​ហោះ​ពាណិជ្ជកម្ម​ (យន្ត​ហោះ​ដឹក​អ្នក​ដំណើរ)។ ប៉ុន្តែ ចាប់​តាំង​ពី​​ COVID-19 បាន​រាត​ត្បាត​ខ្លាំង​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ពាណិជ្ជ​កម្ម​នានា​ក៏​បាន​ផ្អាក​ដំណើរ​ការ​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​តម្រូវ​ការ​នៃ​ការ​ដឹក​ជញ្ជូន​តាម​យន្ត​ហោះ​ដឹក​ទំនិញ​​​កើន​ឡើង​ច្រើន​ ហើយ​នាំ​ឱ្យ​ថ្លៃ​ដឹកជញ្ជូន​កើន​ឡើង​ខ្ពស់​ជាង​ទ្វេដង​ផងដែរ​។

    ក្រៅ​ពី​ជ្រូក​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Volga-Dnepr ក៏​ថែម​ទាំង​ដឹក​ម៉ាស់​ សម្ភារ​ការ​ពារ​មេរោគ​ ឧបករណ៍​វេជ្ជសាស្ត្រ​ និង​មធ្យោបាយ​សម្រាប់​កម្ចាត់​មេរោគ​ទៅកាន់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ ដូច​ជា​រុស្ស៊ី បារាំង​ អាល្លឺម៉ង់​។ល។​ មុននោះ​ ក្រុម​ហ៊ុន​របស់​លោក​ Alexey Isaikin​ ផ្ដោត​ទៅ​លើ​តែ​ការ​ដឹកទំនិញ​ដែល​ទាក់​ទង​នឹង​អាកាស​ចរណ៍​ប៉ុណ្ណោះ​ ដែល​វាជា​ប្រភព​ចំណូល​ចម្បង​របស់​ក្រុម​ហ៊ុន​នេះ​។ ក្នុង​ឆ្នាំ​នេះ ប្រភព​ចំណូល​នេះ​បាន​ថយ​ចុះ​ជាង​30​% ប៉ុន្តែ​ចំណូល​សរុប​របស់​ Volga-Dnepr នៅ​តែ​កើន​ឡើង​ខ្ពស់​។ ក្នុង​រយៈ​ពេល​4​ខែ​ដើម​ឆ្នាំ​2020​នេះ ចំណូល​របស់​ក្រុម​ហ៊ុន ​Volga-Dnepr ​បាន​កើន​32​% ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​2019 ដែល​នេះ​បាន​ជួយ​ឱ្យ​ Volga-Dnepr រក​បាន​630​លាន​ដុល្លារ​នៅ​ត្រី​មាស​ទី1នៃ​​ឆ្នាំ​2020។

    លោក​ Alexey Isaikin ថ្លែង​ថា “ក្រុម​ហ៊ុនអាកាស​ចរណ៍​កំពុង​តែ​ឆ្លង​កាត់​ដំណាក់​កាល​លំបាក​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ប៉ុន្តែ ចំពោះ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដឹក​ទំនិញ​ដូច​យើង​ខ្ញុំវិញ នេះ​គឺជា​ឱកាសល្អ​​​មួយ​”។

    លោក​ Alexey Isaikin បាន​ព្យាករ​ថា ប្រាក់​ចំណូល​ឆ្នាំ​នេះ​របស់​ Volga-Dnepr អាច​ឡើង​ដល់​2​ពាន់​លាន​ដុល្លារ​។ យោង​តាម​ Bloomberg Billionaires Index (សន្ទស្សន៍​មហាសេដ្ឋី​​ដែល​ស្រង់​ស្ថិតិ​ដោយ​សារ​ព័ត៌មាន​ Bloomberg) ចំនួន​ភាគ​ហ៊ុន​ដែល​ Isaikin កំពុង​កាន់​កាប់​នៅ​ក្នុង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដឹក​ទំនិញ​របស់​រុស្ស៊ី​នេះ បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ​ជា​ 700​លាន​ដុល្លារ​អាមេរិក​។

    ប្រភេទ​ទំនិញ​ដែល​ទាក់​ទង​នឹង​សុខាភិបាល​ មាន​ចំនួន​ជាង​ពាក់​កណ្ដាល​នៃ​ទំនិញ​សរុប​ដែល​ត្រូវ​បាន​ដឹក​តាម​យន្ត​ហោះ​នៅ​ទូទាំង​ពិភពលោក​។ វិសាល​ភាព​នៃ​សកម្ម​ភាព​ដឹក​ជញ្ជូន​របស់​ Volga-Dnepr ក៏​កំពុង​តែ​រីក​​ធំឡើង​ៗ​ ដោយ​សារ​តែ​ COVID-19។ លោក​ Isaikin ថ្លែង​ថា “ដំបូង​ឡើយ​ យើង​ដឹក​តែ​ទំនិញ​ជា​សម្ភារ​សុខាភិបាល​ពី​ប្រទេស​ចិន​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​យើង​កំពុង​តែ​ទទួល​បាន​សំណើ​ដំបូង​ពី​តំបន់​អាមេរិក​ឡាទីន​។ ខ្ញុំ​គិត​ថា នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ យើង​នឹង​ពង្រីក​ការ​ហោះ​ហើរ​ទៅ​កាន់​ឥណ្ឌា​”។

    អ្នក​ជំនួញ​ជនជាតិ​រុស្ស៊ី​រូប​នេះ​យល់​ថា ទីផ្សារ​ដឹក​ជញ្ជូន​សម្ភារ​សុខាភិបាល​នឹង​ត្រូវ​រួម​តូចមក​វិញ​​​ក្នុង​ពាក់​កណ្ដាល​ចុង​ឆ្នាំ​2020​នេះ​ ខណៈ​ដែល​ថ្លៃ​ដឹក​ជញ្ជូន​ចាប់​ផ្ដើមធ្លាក់​​ចុះ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក​ Isaikin នៅ​តែ​ព្យាករ​ថា ទំហំ​និង​ថ្លៃ​ដឹក​ជញ្ជូន​នឹង​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​ដំណាក់កាល​មុន​វិបត្តិ​សុខ​ភាព​ ព្រោះ​ថាយន្ត​ហោះ​ដឹក​អ្នក​ដំណើរ​នៅ​តែ​ធ្វើ​សកម្ម​ភាព​តិច​តួច​នៅឡើយ​៕

    ប្រភព​៖ Bloomberg

  • តារាចម្រៀងស្រី ឈូរ ស្រីរ័ត្ន ម្ចាស់បទល្បី«បុរស» បាត់មុខពីសិល្បៈយូរព្រោះមូលហេតុមួយ

    តារាចម្រៀងស្រី ឈូរ ស្រីរ័ត្ន ម្ចាស់បទល្បី«បុរស» បាត់មុខពីសិល្បៈយូរព្រោះមូលហេតុមួយ

    តារាចម្រៀងស្រីមានទឹកដមសំឡេងពីរោះប្រចាំផលិតកម្មសាស្ត្រាហ្វៀមគឺអ្នកនាង ឈូរ ស្រីរ័ត្ន ជាម្ចាស់បទល្បីៗជាច្រើនសម្រាប់ប្រកបភាពយន្ដតូចធំដូចជាបទ បុរស , ទឹកភ្នែកកក , មួយលានបែកមួយលានជួប ជាដើម។ តារាចម្រៀងស្រីរូបនេះ ត្រូវបានមហាជាច្រើនគាំទ្រ និងទទួលស្គាល់ចាប់តាំងពីអ្នកនាងចូលប្រលងនៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol។

    ស្រីរ័ត្ន បានឃ្លាតឆ្ងាយពីអារម្មណ៍របស់ប្រិយមិត្តអ្នកស្ដាប់ចម្រៀងនាងអស់រយៈពេលយូរមកហើយ ទើបធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់អ្នកនាង។ ជួបជាមួយអ្នកសារព័ត៌មានឡារ៉ែន ស្រីរ័ត្នបានរៀបរាប់ប្រាប់ថា ការងារសិល្បៈរបស់អ្នកនាងសព្វថ្ងៃរៀងរយាលបន្ដិចហើយ ដោយសារតែអ្នកនាងពុំសូវមានពេលគ្រប់គ្រាន់សម្រាប់ការថតសំឡេងបទចម្រៀងថ្មីឱ្យផលិតកម្ម។ « ខាងផលិតកម្ម សាស្ត្រាហ្វៀម នៅតែបន្ដទាក់ទងមកប្អូនឱ្យទៅថតសំឡេងរហូតបង! តែប្អូនពុំសូវមានពេលវេលាគ្រប់គ្រាន់ឱ្យផលិតកម្ម ទើបសម្រេចចិត្តផ្អាកមួយរយៈសិនទៅបង! ណាមួយបេប៊ីនៅតូចពេក ទើបមិនហ៊ានបណ្ដោយឱ្យគេមើលថែជំនួស» នេះបើតាមសម្ដី ស្រីរ័ត្ន។

    តារាចម្រៀងស្រី ឈូរ ស្រីរ័ត្ន បានប្រាប់ដោយមិនលាក់បាំងថា អ្នកនាងមានគ្រួសារមក 5ឆ្នាំហើយ ព្រមទាំងមានកូនប្រុសបងអាយុ1ខួប និងកូនស្រីទើបតែមានអាយុ3ខែប៉ុណ្ណោះ។ ដោយសារតែជាប់រវល់មើលថែទាំកូនទាំងពីរនេះហើយ ទើបធ្វើឱ្យអ្នកនាងផ្អាកចេញបទចម្រៀងសិន។ ក៏ប៉ុន្ដែអ្នកនាងបានអះអាងថា អ្នកនាងមិនបានចោលការងារសិល្បៈទាំងស្រុងនោះទេ។ រហូតដល់មានពេលវេលាគ្រប់គ្រាន់វិញ អ្នកនាងនឹងងាកមកបន្ដចូលសិល្បៈដូចដើម។

    សូមជម្រាបផងដែរថា សំឡេងរបស់តារាចម្រៀងស្រី ឈូរ ស្រីរ័ត្ន នៅតែដក់ជាប់ក្នុងបេះដូងអ្នកស្ដាប់ ជាពិសេសគឺបទ «មួយលានបែក មួយលានជួប» នៅក្នុងផលិតកម្មសាស្ត្រាហ្វៀម បានអង្រួនចិត្តអ្នកគាំទ្រ ជាមួយនិងមនោសញ្ចេតនានៅក្នុងបទចម្រៀង ដែលបទនេះបង្ហោះនៅថ្ងៃដំបូង មានអ្នកចូលទស្សនាដល់ទៅជាង 1លាននាក់ទៅហើយ។ យ៉ាងណាវិញ អ្នកគាំទ្រនៅតែទន្ទឹងចាំបទចម្រៀងថ្មីរបស់អ្នកនាងនាពេលឆាប់ៗខាងមុខនេះ៕

  • កំពូលផ្លែឈើដែលស្ត្រីមានគភ៌មិនគួរខកខាន

    កំពូលផ្លែឈើដែលស្ត្រីមានគភ៌មិនគួរខកខាន

    ក្នុងអំឡុងពេលមានគភ៌ អ្នកម្តាយត្រូវថែបំប៉នរាងកាយឱ្យបានច្រើនជាងប្រក្រតី ព្រោះសារធាតុអាហារផ្សេងៗដែលស្រ្តីមានគភ៌បានទទួលនោះនឹងហុចផលទៅដល់កូនតូចដែលនៅក្នុងផ្ទៃផងដែរ។ ផ្លែឈើក៏ជាអាហារថែបំប៉នគភ៌ដែលល្អ និងមានប្រយោជន៍ដ៏ច្រើនមួយដែលស្រ្តីមានគភ៌ត្រូវតែទទួលទានឱ្យបានរាល់ថ្ងៃ ព្រោះនៅក្នុងផ្លែឈើមានសារធាតុអាហារ និងវីតាមីនដែលសំខាន់សម្រាប់ស្រ្តីមានគភ៌ និងកូនក្នុងផ្ទៃ។ ប្រហែលជាចង់ដឹងហើយមែនទេថា តើមានផ្លែឈើអ្វីខ្លះទៅ? សូមតាមដានជាបន្តទាំងអស់គ្នា។

    1 – ផ្លែត្របែក

    ជាផ្លែឈើដែលងាយស្រួលរកទទួលទានណាស់ សម្បូរទៅដោយវីតាមីន C និងវីតាមីន A ច្រើន ។ វីតាមីនដែលមាននៅក្នុងផ្លែត្របែកនឹងជួយការពារមិនឱ្យកើតជំងឺផ្តាសាយ និងធ្វើឱ្យអញ្ចាញ និងធ្មេញរបស់ស្រ្តីមានគភ៌រឹងមាំល្អ។

    2 – ផ្លែដូងខ្ចី

    មានគុណតម្លៃខាងអាហារខ្ពស់ ជួយបំបាត់ការស្រេកទឹក ជួយកាត់បន្ថយអាការនឿយល្វើយ មានសារធាតុអាហារដូចជា ប្រូតេអ៊ីន កាល់ស្យូម និងស្ករ។ ស្រ្តីមានគភ៌ដែលជិតប្រសូតជាច្រើននាក់និយមញ៉ាំទឹកដូងខ្ចី ព្រោះជឿថា នឹងធ្វើឱ្យកូនមានសាច់ និងស្បែកសភ្លឺរលោងតាំងពីពេលកើតភ្លាម។

    3 – ផ្លែចេកទុំ

    នៅក្នុងផ្លែចេកទុំមានសារធាតុអាហារដែលសំខាន់ៗដូចតទៅនេះ សារធាតុដែក ផូស្វ័រ ណៃអាស៊ិន វីតាមីន A, B1, B2, B6 និងវីតាមីន C និងសារធាតុថេបតូភែន។ នៅក្នុងផ្លែចេកទុំនៅមានកាកសរសៃអាហារខ្ពស់ ធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់ស្រ្តីមានគភ៌ដំណើរការល្អ បន្ទោបង់បានតាមប្រក្រតី និងថែមទាំងជាផ្លែឈើដែលងាយស្រួលរកទទួលទានបានទៀតផង។

    4 – ផ្លែល្ហុងទុំ

    នៅក្នុងផ្លែល្ហុងទុំមានសារធាតុប្រឆាំងអនុមូលឥស្សរៈ និងមានកាកសរសៃច្រើន ស្រ្តីមានគភ៌ណាដែលច្រើនតែមានអាការទល់លាមកខណៈពេលមានគភ៌ញឹកញាប់នោះ គួរទទួលទានផ្លែល្ហុងទុំឱ្យបានច្រើនដើម្បីការបន្ទោបង់ដែលល្អ។

    5 – ផ្លែភ្រូន (Prune)

    នៅក្នុងផ្លែភ្រូនមានសារធាតុដែកខ្ពស់ ជាផ្លែឈើថែបំប៉នគភ៌ដ៏ល្អបំផុតសម្រាប់ស្រ្តីមានគភ៌ដែលមានសភាវស្លេកស្លាំង ក្រៅពីសារធាតុដែកហើយនោះ ផ្លែភ្រូននៅមានកាល់ស្យូមដែលជួយសាងឆ្អឹង និងធ្មេញ ហើយនិងវីតាមីន B2 ដែលជួយសាងគ្រាប់ឈាមក្រហមទៀតផង។

    6 – ផ្លែក្រូចពោធិ៍សាត់

    មានកាកសរសៃអាហារខ្ពស់ ស្រ្តីមានគភ៌គួរតែទទួលទានជាប្រចាំដើម្បីឱ្យប្រព័ន្ធបន្ទោបង់ដំណើរការតាមប្រក្រតី ហើយផ្លែក្រូចថែមទាំងមានវីតាមីន C ខ្ពស់ទៀតផង ជាផ្លែឈើដែលទទួលទានហើយអាចប្រឆាំងនឹងជំងឺគ្រុនផ្តាសាយបានទៀតផង។

    7 – ផ្លែប៉ោម

    ជាផ្លែឈើដែលមានវីតាមីន និងសារធាតុអាហារច្រើនណាស់ ដូចជា មានវីតាមីន A, B1, B2, B6, បៃអូឌីន អាស៊ីតហ្វូ៉លិក អំបិលរ៉ែ កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម សូដ្យូម។ សារធាតុអាហារដែលរៀបរាប់មកទាំងអស់នេះ មានប្រយោជន៍ចំពោះរាងកាយស្រ្តីមានគភ៌ និងទារកក្នុងផ្ទៃណាស់។ ស្រ្តីមានគភ៌គួរទទួលទានផ្លែប៉ោមក្នុងមួយអាទិត្យឱ្យបានពី 1 – 2 ដងជាការល្អប្រសើរណាស់។

    ផ្លែឈើជាអាហារថែបំប៉នគភ៌ដែលមានប្រយោជន៍ និងងាយស្រួលទទួលទានណាស់ ហើយនៅក្នុងប្រទេសយើងក៏មានផ្លែឈើច្រើនយ៉ាងដើម្បីឱ្យស្រ្តីមានគភ៌ជ្រើសរើសទទួលទានបានតាមរដូវកាលដែរ៕

  • ទីបំផុតកញ្ញា បរ៉ាម៉ី ចេញមុខបំភ្លឺការពិតរឿងបទ “កណ្តៀវអូនស្រួយ” និងសុំទោសជាសាធារណៈហើយ

    ទីបំផុតកញ្ញា បរ៉ាម៉ី ចេញមុខបំភ្លឺការពិតរឿងបទ “កណ្តៀវអូនស្រួយ” និងសុំទោសជាសាធារណៈហើយ

    បន្ទាប់ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅអ្នកនិពន្ធ និងម្ចាស់បទចម្រៀង «កណ្តៀវអូនស្រួយ» មកប្រជុំជាបន្ទាន់ និងធ្វើការព្រមាននៅព្រឹកថ្ងៃទី10 ខែមិថុនា ឆ្នាំ2020 នេះរួចមក រហូតមកទល់នឹងពេលនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កាហើយ ដោយទាំងអ្នកនិពន្ធ និងអ្នកចម្រៀង ព្រមទទួលស្គាល់កំហុសរបស់ខ្លួន និងសន្យាថា នឹងប្រើប្រាស់ចំណេះដឹងឱ្យមានសីលធម៌ និងជាប្រយោជន៍ដល់សង្គម ឈប់និពន្ធបទដែលបង្កប់ន័យ អសុរសបែបនេះទៀតហើយ។

    យ៉ាងណាមិញបន្ទាប់ពីរងការរិះគន់បទ ចម្រៀងមួយបទនេះក៏ត្រូវបានលុបចេញពី YOUTUBE ហើយកាលពីម្សិលមិញ។ ក្នុងនោះផងដែរ អ្នកចម្រៀងស្រី បរ៉ាម៉ី ដែលមានវ័យទើប18ឆ្នាំ ក៏បានបំភ្លឺការពិតរឿងបទ ​​​”កណ្តៀវអូនស្រួយ” និងចេញមុខសុំទោសជាសាធារណៈ។ ​ជួបជាមួយអ្នកសារព័ត៌មានអ្នកចម្រៀងស្រីរូបនេះបានអះអាងថា នាងមិនបានគិតពីមុនមកថា បទចម្រៀងមួយនេះនឹងផ្ទុះការរិះគន់ដល់ថ្នាក់នេះនោះទេ ។ នាងបន្តថា ពាក្យពេចន៍រិះគន់របស់មហាជន ពិតជាត្រឹមត្រូវនឹងឱ្យខ្លួនដឹងពីកំហុសក្នុងការបកស្រាយពិតមែន ហើយនាងក៏មានតែពាក្យសុំទោសដល់មហាជនជាសាធារណៈ និងព្រមកែប្រែឈប់ច្រៀងបទដែលបង្កភាពអសីលធម៌ដល់សង្គមជាតិ។

    សូមជម្រាបថា អ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា ក៏បានទទួលស្គាល់កំហុសនិងបានសរសេរកិច្ចសន្យាថានឹងមិននិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ កិច្ចសន្យានោះ មានខ្លឹមសារទាំង ថា «ខ្ញុំបាទឈ្មោះ អ៊ិច ចន្ថា កើតថ្ងៃទី8 ខែឧសភា ឆ្នាំ1981 ជាអ្នកនិពន្ធបទចម្រៀង ដែលមាន ចំណងជើងថា ( កណ្តៀវអូនស្រួយ ) និងបទ ( ស្រណោះអង្រែ) ជាបទចម្រៀង ដែលប្រើពាក្យពេចន៍ អសុរស ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម ដែលធ្វើឱ្យមហាជនមានការមិនពេញចិត្ត និងបណ្ដាលឱ្យប៉ះ ពាល់ដល់តម្លៃសីលធម៌សង្គម។ ខ្ញុំបាទ អ៊ិច ចន្ថា សូមធ្វើការសុំទោសជាសាធារណៈ ដល់មហាជន និងសូមសន្យាថា មិនតែងនិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ ខ្ញុំនឹងធ្វើការចុះបញ្ជីផលិតកម្មឱ្យបានត្រឹមត្រូវ តាមច្បាប់ និងយកទេពកោសល្យដែលខ្ញុំមាន មក ប្រើប្រាស់ក្នុងផ្លូវវិជ្ជមាន ដើម្បីជួយលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ»៕

  • Marseille និង Rennes រួចផុតពីគ្រោះធំ ខណៈដែល PSG គ្រងជើងឯក 3ឆ្នាំជាប់គ្នា

    Marseille និង Rennes រួចផុតពីគ្រោះធំ ខណៈដែល PSG គ្រងជើងឯក 3ឆ្នាំជាប់គ្នា

    លី​ក​កំពូល​បារាំង ត្រូវបាន​រំសាយ​ចោល ក្រោយពី​លោក Philippe អ្នកតំណាង​លី​ក​កំពូល​បារាំង មានប្រសាសន៍​នៅក្នុង​សន្និបាតជាតិ​កាលពី​ខែ​មុន​ថា៖«ព្រឹត្តិការណ៍​កីឡា​ធំ មិនអាច​កើតឡើង​មុន​ខែកញ្ញា​បានទេ រដូវ​កាល​បាល់ទាត់​អាជីព 2019-20 ក៏​នឹង​មិនអាច​វិលត្រឡប់​មកវិញ​បានដែរ»។

    ក្នុងនោះដែរ​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​បា​ន​គណនា​ពិន្ទុ​តាម​រូបមន្ត​ពិន្ទុ​មធ្យម​ក្នុង 1ប្រកួត ដោយ​ជើងឯក​បាន​ទៅលើ​ក្រុម Paris Saint Germain (PSG) ដែលជា​បាន​ក្លាយជា​ជើងឯក 3ឆ្នាំជាប់ៗគ្នា។

    គួរ​បញ្ជាក់ដែរថា ក្លិប​ចំនួន2 គឺ Marseille និង Rennes ដែល​កាន់កាប់​កន្ទុយ​តារាង​នៃ​ក្របខ័ណ្ឌ​នេះ​មិន​ត្រូវបាន​កាត់ចេញ​ឡើយ ខណៈ​ក្លិប Lille ត្រូវ​ទទួលបាន​កៅអី​មួយកន្លែង​នៅក្នុង​ក្របខ័ណ្ឌ Europa League៕

  • ឥណ្ឌូនេស៊ី​បញ្ចុះ​បញ្ចូល​​ក្រុម​ហ៊ុនអាមេរិកាំង​ឱ្យ​ចាក​ចេញ​ពី​ចិន​ មក​រក​ស៊ី​ក្នុង​ប្រទេស​ខ្លួន​

    ឥណ្ឌូនេស៊ី​បញ្ចុះ​បញ្ចូល​​ក្រុម​ហ៊ុនអាមេរិកាំង​ឱ្យ​ចាក​ចេញ​ពី​ចិន​ មក​រក​ស៊ី​ក្នុង​ប្រទេស​ខ្លួន​

    ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​តែ​​បញ្ចុះ​បញ្ចូល​ និង​ពិភាក្សា​​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ អំពី​ការ​រើ​ក្រុម​ហ៊ុន​​នានា​របស់​សហរដ្ឋ​អាមេរិក​ដែល​កំពុង​រកស៊ី​នៅ​ប្រទេស​ចិន​ ឱ្យមកកាន់​ឥណ្ឌូនេស៊ី។

    លោក​ Luhut Panjaitan រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​វិនិយោគ​និង​ដែន​សមុទ្រ​របស់​ឥណ្ឌូនេស៊ី​បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ប្រទេស​នេះ​ កំពុងតែ​ឧទ្ទេស​នាម​ទីតាំង​មួយ​ចំនួន​សម្រាប់​អ្នក​​វិនិយោគ​មក​ពី​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​មាន​តំបន់​ឧស្សាហកម្ម​ Kendal នៅខេត្ត​​​​ជ្វាកណ្ដាល​ (Central Java) ជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​​ផ្នែក​ពន្ធ​គយ និង​តំបន់​ឧស្សាហ​កម្ម​ Brebes ដែល​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​អាទិភាព​ទាំង​89​​របស់​រដ្ឋ​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ប្រធានាធិបតី​ Joko Windodo។

    លោក​ Panjaitan ថ្លែង​ថា ក្រុម​ហ៊ុន​ប្រមាណ​ជា​20​ បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ទៅលើ​ការ​រើ​ក្រុម​ហ៊ុន​ពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​។

    អ្នក​នាំ​ពាក្យ​របស់​ក្រសួង​​កិច្ច​ការ​វិនិយោគ​និង​ដែន​សមុទ្រ​​ឥណ្ឌូនេស៊ី​​បាន​ឱ្យ​ដឹង​ថា លោក​ Panjaitan ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ហិរញ្ញវត្ថុ​អភិវឌ្ឍ​អន្តរ​ជាតិ​សហរដ្ឋ​អាមេរិក​ និង​ស្ថាប័ន​រដ្ឋា​ភិបាល​មួយ​ ក្រោយ​ពី​ប្រធានាធិបតី​ Widodo បាន​ទាក់​ទង​ទៅ​កាន់​ប្រធានាធិបតី​ Trump។

    ឥណ្ឌូនេស៊ីជាប់​ចំណាត់​ថ្នាក់​ល្អ​ជាង​កម្ពុជា​បើ​និយាយ​អំពី​សន្ទស្សន៍​ប្រកួត​ប្រជែក​ផ្នែក​ឧស្សាហ​កម្ម​ (CIP/​Competitive​ Industrial Performance) ឆ្នាំ​2018​ នេះ​បើ​តាម​របាយ​ការណ៍​​របស់​ UNIDO របស់​អង្គ​ការ​សហប្រជាជាតិ​។

    ប៉ុន្តែ ឥណ្ឌូនេស៊ី​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ទាក់​ទាញ​វិនិយោគដោយ​​ផ្ទាល់​ពី​ក្រៅ​ប្រទេស​។ ឆ្នាំ​2018​ ប្រទេស​នេះ​បាន​ទាក់​ទាញការ​​វិនិយោគ​ផ្ទាល់​ពី​បរទេស​​ (FDI/Foreign Direct Investment) ត្រឹម​តែ​1.8​%​ ប៉ុណ្ណោះ​បើ​ធៀប​ជា​មួយ​នឹង​ GDP (Gross Domestic Product/ផលិត​ផល​ក្នុង​ស្រុក​សរុប​) ដែល​នេះ​ទាប​ជាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ ដូច​ជា​វៀត​ណាម ថៃ និង​ម៉ាឡេស៊ី​។

    ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​ Joko Widodo និង​លោក​ Trump

    យោង​តាម​​ទំព័រ​ Nikkei Asian Review គិត​ត្រឹម​ខែ​តុលា​​2019​ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ចំនួន​33​ដែល​បាន​រើ​ចេញ​ពី​ប្រទេស​ចិន​ មាន​23​ក្រុម​ហ៊ុន​បាន​ចូល​មក​រកស៊ី​នៅ​ប្រទេស​វៀត​ណាម​ ក្រៅ​ពី​នេះ​បាន​រើ​មក​ម៉ាឡេស៊ី​ ថៃ និង​កម្ពុជា​។ World Bank បាន​បញ្ចេញ​មតិ​ថា “ក្រុម​ហ៊ុន​នានាដែល​កំពុង​ចាក​ចេញ​ពី​ប្រទេស​ចិន​ ប៉ុន្តែ​មិន​បាន​មក​កាន់​ឥណ្ឌូនេស៊ី​ទេ ព្រោះ​ប្រទេស​ជិត​ខាង​​របស់​ឥណ្ឌូនេស៊ី​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ជាង​”។

    សូម្បី​តែ​នៅ​ក្នុង​អំឡុង​វិបត្តិ​សុខ​ភាព​ COVID-19 ដែល​នាំ​ឱ្យ​មាន​ការ​រើ​រោង​ចក្រ​ចេញ​ពី​ប្រទេស​ ប្រទេស​ឥណ្ឌូនេស៊ី​នៅ​តែ​បាត់​បង់​ឱកាស​ នេះ​បើ​តាម​ Citigroup។

    របាយការណ៍​របស់​ Citigroup បាន​ឱ្យ​ដឹង​ថា “បណ្ដា​តំបន់​សេដ្ឋ​កិច្ច​ដែល​អាច​ទទួល​បាន​ប្រយោជន៍​​គឺជា​ភាគី​ដែល​មាន​អត្រា​នាំ​ចេញ​ខ្ពស់​ប្រហាក់​ប្រហែល​ប្រទេស​ចិន​ និង​មាន​បណ្ដាញ​ផ្គត់​ផ្គង់​ស្រាប់​”។ Citigroup យល់​ថា ប្រទេស​ឥណ្ឌា​ វៀត​ណាម​ ម៉ាឡេស៊ី​ តៃវ៉ាន់​ និង​ប្រទេស​ថៃ អាច​ជា​ទី​តាំង​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​រយៈ​ពេល​ខ្លី​។

    លោក​ Sanny Iskandar ប្រធាន​សមាគម​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ឥណ្ឌូនេស៊ី​បាន​សរសើរ​​ថា ប្រទេស​ឥណ្ឌូនេស៊ី​ជា​ “កន្លែង​ល្អ​ដើម្បី​មក​តាំង​នៅ​ជា​ថ្មី ព្រោះ​យើង​ជា​ទីផ្សារ​ដែល​មាន​សក្ដានុពល​ ដោយ​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍”។

    ប៉ុន្តែ លោក​ Sanny Iskandar ក៏​បាន​ទទួល​ស្គាល់​ថា ប្រទេស​នេះ​ត្រូវ​ការ​កែលម្អ​ប្រភព​ធនធាន​មនុស្ស​ និង​បញ្ហា​ការិយា​ធិបតេយ្យ​ និង​ការ​កំណត់​ផ្សេង​ៗ​ទៀត​។ លោក​បន្ត​ថា “កញ្ចប់​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​ដែល​បាន​សន្យា​ ចុង​ក្រោយ​មិន​ទាន់​បាន​ចេញជា​លទ្ធ​ផលនៅ​ឡើយ​ ដែល​នេះ​បាន​​បង្ក​ការ​ខក​ចិត្ត​ដល់​អ្នក​វិនិយោគ​ ក៏ដូច​ជា​អ្នកជំនួញ​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • Facebook ធ្វើ​ទំនើប​កម្ម​​ chatbot ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ថែទាំអតិថិ​ជន​របស់​អ្នក​ប្រើ​ប្រាស់​

    Facebook ធ្វើ​ទំនើប​កម្ម​​ chatbot ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ថែទាំអតិថិ​ជន​របស់​អ្នក​ប្រើ​ប្រាស់​

    ការ​កែលម្អថ្មីរបស់​បណ្ដាញ​សង្គម​ខ្នាត​យក្ស​នេះ​នឹង​ជួយ​ឱ្យ​កម្ម​វិធី​ chatbot ដើរ​តួនាទី​​ជា​ជំនួយ​ការ​ដ៏សំខាន់​ និង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​លក់​រាយ​​ដែល​ប្រើ​ប្រាស់​ Facebook។

    កាល​ពី​សប្ដាហ៍​មុន​ ក្រុម​អ្នក​បច្ចេក​វិទ្យា​របស់​ Facebook បាន​ប្រកាស​អំពី​ការ​កែ​លម្អ​មុខ​ងារ​ chatbo ដើម្បី​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ដូរ​តាម​អនឡាញនៃ​បណ្ដាញ​សង្គម​នេះ​​។

    ជំនួយ​ការ​ស្រមោល chatbot ​ដែល​ត្រូវ​បាន​ Facebook អភិវឌ្ឍ​ មាន​លទ្ធ​ភាព​ចាត់​ការ​ទៅ​លើ​រូប​ភាព​ដែល​អ្នក​ប្រើ​ប្រាស់​ និង​ chatbot អាច​មើល​ឃើញ​ជាមួយ​គ្នា​ក្នុង​ពេល​វេលា​ពិត​។ ការ​អភិវឌ្ឍ​នេះ ជា​មូល​ដ្ឋាន​ គឺ​អនុញ្ញាត​ឱ្យ​ chatbot ដឹង​បាន​ថា​ វា​កំពុង​តែ​មើល​រូប​ភាព​ដូច​គ្នាណា​មួយ​​ជាមួយ​នឹង​អ្នក​ប្រើ​ប្រាស់​ ហើយ​ឆ្លើយ​តប​នឹង​សំណួរ​អំពី​រូប​ភាព​នោះ​ (ឧទាហរណ៍​៖ ពណ៌​របស់​ស្បែក​នោះ​ជា​ពណ៌​អ្វី​?​។ល។)។

    ការ​កែ​លម្អ​ខាង​លើ​នេះ​នឹង​ជួយ​ឱ្យ​ chatbot មាន​សមត្ថ​ភាព​ក្នុងការ​ពិភាក្សា​​បាន​​រលូន​​ជាង​​មុន​​អំពី​លក្ខណៈ ឬ​ស្ថាន​ភាព​​របស់​ទំនិញ​ ហើយ​​ឆ្លើយ​តប​នឹង​សំណួរ​ជាក់​លាក់​អំពី​ផលិត​ផល​ដែល​អតិថិ​ជន​បាន​រំឭក​ដល់​។​ ប៉ុន្តែ មិន​ទាន់ដឹង​ថា​ Facebook នឹង​ដាក់​ឱ្យ​ដំណើរ​ការ​កំណែ​ថ្មី​នេះ​នៅ​ពេល​ណា​នៅ​ឡើយ​។ យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​វិភាគ​វាយ​តម្លៃ​ថា នេះ​គឺជា​ជំហាន​ថ្មី​មួយ​ទៀត​​ដែល​បង្ហាញ​ថា chatbot នឹង​ក្លាយ​ជា​កម្មវិធី​ដ៏​មាន​ប្រយោជន៍​​សម្រាប់​អ្នក​ប្រើ​ប្រាស់​។

    កម្មវិធី​ chatbot ទទួល​បាន​ការ​ប្រើ​ប្រាស់​ពី​​ក្រុម​ហ៊ុន​ចំនួន​18​%​នៅ​ក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក​ នេះ​បើ​តាម​ស្ថិតិ​កាល​ពី​ខែ​មករា​ ឆ្នាំ​2020​ របស់​ ZipWhip ដែល​ត្រូវ​បាន​ដក​ស្រង់​​និង​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ eMarketer។

    ការ​កែ​លម្អ​កម្មវិធី​ chatbot របស់​ Facebook ត្រូវ​បាន​គេ​សង្ឃឹម​ច្រើន​ នៅ​ពេល​សំណួរ​ដ៏​ច្រើន​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ក្នុង​ពេល​តែ​មួយ​ដោយ​បច្ចេក​វិទ្យា​។ ប្រការ​នេះ​ក៏​នឹង​កាន់​តែ​ពង្រឹង​មហិច្ឆតា​​របស់​ Facebook ក្នុង​ការ​លោត​ចូល​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​លើ​បណ្ដាញ​សង្គម​នេះ​ផងដែរ​។

    កាល​ពី​ចុង​ខែ​មុន​ Facebook បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ នៅ​ពេល​ប្រកាស​លោត​ចូល​ក្នុង​វិស័យ​ពាណិជ្ជកម្ម​​អេឡិក​ត្រូនិក​ ដោយ​ការ​ឧទ្ទេស​នាម​​ Facebook Shop។ មុខងារ​នេះ​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​នានា​បង្កើត​តូប​ទំនិញ​អនឡាញ​ និង​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ជាក់លាក់​តាម​រយៈ​ឆាណែល​ផ្ដាច់​មុខ​របស់​ Facebook។

    ការ​ដាក់​បញ្ចូល​ជំនួយ​ការ​ស្រមោល​ chatbot អាច​ជួយ​អតិថិជន​សក្ដានុពល​​ ស្វែង​យល់​អំពី​ផលិត​​ផល​បាន​យ៉ាង​លម្អិត​។ ប្រការ​នេះ​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ច្រើន​ដល់​បណ្ដា​ក្រុម​ហ៊ុន​ដែល​ខ្វះ​បុគ្គលិក​សម្រាប់​ឆ្លើយ​នឹង​សំណួរ​ភ្លាម​ៗ​របស់​អតិថិ​ជន​​។​

    ក្រៅ​ពីនេះ ជំនួយ​ការ​ស្រមោល​ chatbot ក៏​ជួយ​ឱ្យ​ Facebook ប្រើ​ប្រាស់អស់​ពី​លទ្ធ​ភាព​នៃ​​ទិន្ន​ការ​ទិញ​ដូរ​តាម​រយៈបណ្ដាញ​សង្គម​​ដែល​កាន់​តែ​កើន​ឡើង​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​រាយ​នៅ​លើ​បណ្ដាញ​សង្គម​ តាម​ការ​ព្យាករ​ វា​នឹង​កើន​ទ្វេដង​ក្នុង​រយៈ​ពេល​5​ឆ្នាំ​ទៀត​ ដោយ​វា​នឹង​ឡើង​ដល់​ 53.94​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2024​។ នេះ​បើ​តាម​ការ​គន់​គូរ​ថ្មី​បំផុត​របស់​ Business Insider៕

    ប្រភព៖ Business Insider

  • Elon Musk ផលិត​យាន​អវកាស​ដឹក​មនុស្ស​ម្ដង​100​នាក់​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​

    Elon Musk ផលិត​យាន​អវកាស​ដឹក​មនុស្ស​ម្ដង​100​នាក់​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​

    មហាសេដ្ឋី​ Elon Musk បាន​ដាក់​គោល​ដៅ​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ និង​ផ្កាយ​ព្រះ​អង្គារ​ដោយ​ប្រើ​ប្រាស់​កាំជ្រួច​យាន​អវកាស​ Starship ដែល​អាច​ប្រើ​ឡើង​វិញ​ទាំង​ស្រុង​ជា​ច្រើន​ដង​។

    នៅក្នុង​សារ​​មួយ​ច្បាប់​​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​បុគ្គលិក​ទាំង​អស់​របស់​ក្រុម​ហ៊ុន​ SpaceX កាល​ពី​ថ្ងៃទី​6​មិថុនា​កន្លង​ទៅ ប្រធាន​ក្រុម​ហ៊ុន​ SpaceX លោក​ Elon Musk បាន​ស្នើ​ឱ្យ​បុគ្គលិកពាក់​ព័ន្ធ​​របស់​លោក​ ពន្លឿន​ការ​អភិវឌ្ឍ​កាំជ្រួច​រុញ​ច្រាន​ជំនាន់​ថ្មី​ Starship។ “លោក​អ្នក​សូមមេត្តា​​ផ្ដល់​អាទិភាព​លំដាប់​កំពូល​របស់​ SpaceX ដល់​ Starship”។ មហា​សេដ្ឋី​ Elon Musk ​សរសេរ​បែប​នេះ​។

    មហាសេដ្ឋី​ Elon Musk

    ក្រុម​ហ៊ុន​ SpaceX បាន​ទទួល​ជោគ​ជ័យ​ក្នុងបេសក​កម្ម​ជាប្រវត្តិសាស្ត​ក្នុង​ការ​បញ្ជូន​អ្នកអវកាស​របស់ NASA ឡើង​ទៅ​កាន់​ទី​អវកាស​កាល​ពី​ថ្ងៃទី​30​ឧសភា​។ កាំជ្រួច​ Falcon 9 និង​យាន​អវកាស​ Crew Dragon ដែល​បាន​ដឹក​អវកាស​ចរ​របស់​ទីភ្នាក់​ងារ​អវកាស​អាមេរិក​ (NASA) ឡើង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) នឹង​បញ្ជូន​ពួក​គេ​ត្រលប់​មក​ផែន​ដី​វិញ​​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​ខាង​មុខ​។

    ទិដ្ឋ​ភាព​បាញ់​បង្ហោះ​កាំជ្រួច​រុញ​ច្រាន​ Falcon 9 របស់​ក្រុម​ហ៊ុន​ SpaceX

    កាំជ្រួច​ Falcon 9 គឺជា​មធ្យោ​បាយ​ស្នូល​របស់​ក្រុម​ហ៊ុន​ SpaceX ដោយ​បាន​ធ្វើ​ការ​ហោះ​ហើរ​ចំនួន​85​លើក​នៅ​ក្នុង​ទសវត្សរ៍​កន្លង​។ ប៉ុន្តែ Starship វិញ​ គឺជា​តំណាង​នៃ​មហិច្ឆតា​​ធំធេង​និង​វែង​ឆ្ងាយ​ជាង​ Falcon 9 ទៅ​ទៀត​។ Falcon 9 គឺជា​កាំជ្រួច​រុញ​ច្រាន​ដែលមួយ​ផ្នែក​របស់​វា​​ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង​វិញ​​ ដោយ​ក្រុម​ហ៊ុន SpaceX តែង​អនុញ្ញាត​ឱ្យ​ក្បាល​រុញ​ច្រាន​របស់​កាំជ្រួច​ចុះ​ចតនៅ​លើ​ផែន​ដី​ រួច​ដោះ​យក​ក្បាល​ផ្នែក​ខាង​ដើម​របស់​វា​។ គោល​ដៅ​របស់​លោក​ Musk គឺ​ការ​ធ្វើ​ឱ្យ​ Starship ក្លាយ​ជា​កាំជ្រួច​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ទាំង​ស្រុង​ ដែល​វា​ជិត​ដូច​ទៅ​នឹង​យន្ត​ហោះ​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន។

    Elon Musk ផលិត​យាន​អវកាស​ដឹក​មនុស្ស​ម្ដង​100​នាក់​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​កាល​ពី​ឆ្នាំ​ទៅ​ លោក Musk បានឧទ្ទេសនាម​យាន​អវកាស​ Starship ដែល​ច្នៃ​ពី​ដែក​អ៊ី​ណុក​ ជាមួយ​នឹង​ទំហំ​ធំជាង​ឆ្ងាយ​បើ​ធៀប​នឹង​យាន​អវកាស​ Dragon។ ក្រុម​ហ៊ុន​ SpaceX អភិវឌ្ឍ​​​ Starship ក្នុង​គោល​បំណង​បញ្ជូន​អវកាស​ចរ​ម្ដង​100​នាក់​ឡើង​ទៅកាន់​ឋាន​ព្រះ​ចន្ទ និង​ពិភព​ព្រះ​អង្គារ​។ ក៏ប៉ុន្តែ កម្មវិធី​ Starship របស់​ SpaceX នៅ​ Boca Chica ក្នុង​រដ្ឋ​ Texas បាន​ទទួល​បរាជ័យ​ចំនួន​4​លើក​មក​ហើយ​ក្នុង​អំឡុង​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។ បើទោះ​ជា​ក្រុម​ហ៊ុ​ន​តែង​តែ​ធ្វើ​ការ​អភិវឌ្ឍ​និង​កែ​ប្រែចំណុច​អវិជ្ជ​មាន​ជា​រៀង​រាល់​​​លើក​ ក្រោយ​ពី​ការ​សាក​ល្បង​ម្ដង​ៗ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កំណែ​ថ្មី​បំផុត​ដែល​ទើប​ត្រូវ​បាន​សាកល្បង​កាល​ពី​ថ្ងៃទី​29​ឧសភា​​ក៏​បាន​ទទួល​បរាជ័យ​ ដោយ​សារ​វា​បាន​ផ្ទុះ​នៅ​ពេល​កំពុង​សាក​ល្បង​ម៉ាស៊ីន​រ៉ុកកែត​​៕

    ប្រភព​៖ CNBC

  • 15ចំណុច ឪពុកម្តាយត្រូវធ្វើពេលកូនៗរៀនអនឡាញ ក្នុងសម័យកូវីដ

    15ចំណុច ឪពុកម្តាយត្រូវធ្វើពេលកូនៗរៀនអនឡាញ ក្នុងសម័យកូវីដ

    ការដាក់​ចិត្ត និង​សកម្មភាព​ក្នុង​ភាពជា​ម្ចាស់ការ និង​ការសហការ​ជា​វិជ្ជា​មាន​របស់​អ្នកអាណាព្យាបាល​ជាមួយ​សាលារៀន​ជា​រឿង​ចាំបាច់​ណាស់​ក្នុងអំឡុងពេល​សិក្សា​អន​ឡាញ និង​ពី​ចម្ងាយ​នេះ។

    លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា អាណាព្យាបាល​ពិតជា​សំខាន់​ណាស់​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ការសិក្សា​របស់​កូន​ក្នុងដំណាក់កាល​នៃ​ការសិក្សា​ពី​ចម្ងាយ​នេះ។ ហេតុនេះ​អាណាព្យាបាល​គួរ​អនុវត្ត​នូវ​គោល​គំនិត និង​សកម្មភាព​អប់រំ​មួយចំនួន​ដូចខាងក្រោម៖

    1. ក្រៅពី​ការបំពេញ​ការងារ ឬ​សកម្មភាព​រកស៊ី​ខាងក្រៅ សូម​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើន​តាមដាន និង​ផ្តល់​កម្លាំងចិត្ត​ដល់​កូន។
    2. កាត់បន្ថយ​សកម្មភាព​ជួបជុំ​មិត្ត​ភ័​ក្រ​ខាងក្រៅ ហើយ​នាំ​កូន​ដើរ​កំសាន្ត​ក្នុង​ធម្មជាតិ​ខាងក្រៅ​ឱ្យបាន​ច្រើន ដូចជា​វាលស្រែ ដើមឈើ រុក្ខជាតិ​បៃតង ភ្នំ សមុទ្ទ ស្រូបខ្យល់​បរិសុទ្ធ។
    3. ចំណាយពេល​លេងល្បែង​កំសាន្តផ្សេងៗជាមួយ​ពួកគេ ដើម្បី​បង្វែរ​កុំឱ្យកូនៗចំណាយពេល​លើ​អេក្រង់​អេ​ឡិ​ក​ត្រូ​និក​បន្ថែមទៀត បន្ទាប់ពី​សិក្សា​តាម​អន​ឡាញ​ហើយ។
    4. នាំ​កូន​ធ្វើ​សកម្មភាព​កិច្ចការ​ផ្ទះ​នានា ដូចជា​ចម្អិនម្ហូប ឬ​ធ្វើ​សួនផ្សេងៗ ឬ​លេង​កីឡា។
    5. ដាស់តឿន​អប់រំ​កូន​ជាប្រចាំ​ពី​ផលប៉ះពាល់ និង​ហានិភ័យ​នានា​តាម​បណ្តាញ​សង្គម ដូចជា​គេហទំព័រ​ដែល​មិនគួរ​មើល ព័ត៌មាន​ដែល​ល្អ ឬ​មិនល្អ ព័ត៌មាន​ពិត ឬ​ក្លែងក្លាយ។ ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ភាគច្រើន​នៅ​ជា​ព័ត៌មាន​បំពុល គ្រោះថ្នាក់ និង​អាចឱ្យ​យុវជន​ជំទង់​ភាគច្រើន​មានការ​គិត វិភាគ និង​ធ្វើ​សកម្ម​ភាពខុស។
    6. កាត់បន្ថយ​ការប្រើ​ទូរស័ព្ទ​ដែល​ឥតប្រយោជន៍ ពេល​នៅក្បែរ​កូន។ លោកអ្នក​គួរ​ចំណាយពេល​ដ៏​មានតម្លៃ​នេះ​និយាយ​លេង ស្ទង់​អារម្មណ៍ និយាយ​លើកទឹកចិត្ត​កូន​វិញ។ ប្រសិនបើ​លោកអ្នក​កាន់​ទូរស័ព្ទ​មក​កំសាន្ត​នោះ កូន​របស់លោក​អ្នក​ក៏​នឹងធ្វើ​តាម​ដែរ។
    7. អាច​មើល​កុន ឬ​ទូរទស្សន៍​រួមគ្នា​ជា​លក្ខណៈ​គ្រួសារ​នៅផ្ទះ ជាមួយនឹង​អាហារ និង​ភេសជ្ជៈ​ដែល​កូន​ចូលចិត្ត​ក្នុង1សប្តាហ៍ ឬ2សប្តាហ៍​ម្តង នៅ​ល្ងាច​ចុង​សប្តាហ៍​ណាមួយ។ វា​នឹង​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ និង​សប្បាយរីករាយ1។
    8. ប្រសិនបើ​លោកអ្នក​ចេះ យល់ដឹង​ខ្លះ​ពី​សមាធិ ឬ​យ៉ូ​ហ្កា លោកអ្នក​គួរ​បង្រៀន និង​បបូលកូនៗចូលរួម​ជាមួយ​លោកអ្នក។ សកម្មភាព​ទាំងអស់នេះ​អាចជួយកូនៗរបស់លោក​អ្នកគ្រប់គ្រង​អារម្មណ៍ និង​ការពារ​ខ្លួន​របស់​ពួកគេ​ពី​ភាព​តានតឹង​ផ្លូវ​ចិត្តបាន​ខ្លះ។
    9. ក្នុង​ក្រុមគ្រួសារ បង្កើត​បរិយាកាស​រស់​នៅ ជាពិសេស​ការនិយាយស្តី​វិជ្ជមាន ល្អៗ នឹង​គ្នា។ ចៀសវាង​បរិយាកាស​ហឹ​ង្សា​ក្នុង​គ្រួសារ។
    10. អ្នកអាណាព្យាបាល​ត្រូវ​ស្វែងរក និង​ប្រើប្រាស់​សេវា​ប្រឹក្សា​យោបល់ ជាមួយ​សាលារៀន ឬ​អ្នកជំនាញ​ប្រឹក្សា​យោបល់​ភ្លាម ប្រសិនបើ​លោកអ្នក​យល់ថា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លួនឯង​ដែរ។
    11. ព្យាយាម​កន្លែង​កូន​រៀន​ឱ្យ​បានល្អ។ មាន​ពន្លឺ​គ្រប់គ្រាន់ លំហូរ​ខ្យល់​ល្អ ស្រឡះ និង​មាន​ឧបករណ៍​រៀនសូត្រ​គ្រប់គ្រាន់។ បើ​មានលទ្ធភាព សូម​ប្រើប្រាស់​កុំព្យូទ័រ ឬ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​ដែលមាន​អេក្រង់​ធំ (13អ៊ិ​ញ​ឡើង) ដើម្បីឱ្យ​កូន​រៀន។
    12. ពិភាក្សា​ជាមួយ​សាលារៀន និង​គ្រូ ស្វែងយល់​ពី​កម្មវិធីសិក្សា របៀប​សិក្សា និង​របៀប​ប្រើ​ឧបករណ៍​សិក្សា​អន​ឡាញ។
    13. ប្រសិនបើ​មាន​មេរៀន​ក្នុង​សៀវភៅ​ពុ​ម្ភ សូម​ណែនាំ​កូន​ឱ្យ​អាន​សៀវភៅ​វិញ ជំនួស​ឱ្យ​អាន​ក្នុង​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច។
    14. ជំនួស​កាស​ដាក់​ផ្ទាល់​នឹង​ត្រចៀក សូម​ប្រើ​សម្លេង​ផ្ទាល់​ពី​កុំព្យូទ័រ ឬ​ទិញ​កូន​បាស់តូចៗ ហើយ​ភ្ជាប់​ប្ល៊ូ​ទូ​ស​ឱ្យ​គាត់​ប្រើ​វិញ។ ហើយ​លោកអ្នក​គួរតែ​ទិញ​វ៉ែនតា​ការពារ​ពន្លឺ​ជូន​ពួកគេ ពេល​គេ​មើល​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច។
    15. ចំពោះ​កុមារតូចៗ សូម​ស្វែងយល់ និង​ប្រើប្រាស់​ឧបករណ៍ សម្ភារ​អប់រំ​តាមបែប​ល្បែង​កំសាន្ត​ឱ្យបាន​ច្រើន​បំផុត រួម​នឹង​សន្លឹក​កិច្ច​ការដែល​យកមក​ពី​សាលា។
      វា​មិនមែនជា​ការងាយស្រួល​ទេ សម្រាប់​ទាំង​សាលារៀន គ្រូ និង​អ្នកអាណាព្យាបាល​ក្នុងការ​បង្រៀន​កូន​អន​ឡាញ និង​ពី​ចម្ងាយ​បែបនេះ។ វា​ត្រូវការ​ភាព​អត់ធ្មត់ ក្តី​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ខ្ពស់​ណាស់ ជាពិសេស​វា​កាន់តែ​លំបាក​ប្រសិនបើ​ពីមុនមក​អ្នកអាណាព្យាបាល​មិនដែល​បានធ្វើ ឬ​ធ្វើបាន​តិចតួច​បំផុត​នូវ​សកម្មភាព​ខាងលើ។

    វា​មិន​ងាយស្រួល​ទេ​ក្នុងការ​ធ្វើជា​អ្នកអាណាព្យាបាល​ល្អ​ម្នាក់។ តែ​លោកអ្នក​គួរតែ​អបអរ​ខ្លួនឯង​ប្រសិនបើ​លោកអ្នក​អាច​តាំងចិត្ត​មើល ស្វែងយល់​ខ្លឺ​ម​សារ​ជូន​យោបល់​ដ៏​វែង​ដែល​ខ្ញុំ​តាំងចិត្ត​សរសេរ​ពីលើ​មកនេះ ដើម្បី​យកទៅ​ប្រើប្រាស់​ជា​គុណប្រយោជន៍​ដល់កូនៗរបស់​យើង។

    លោក​ជឿជាក់ថា​ស្ថានភាព​នេះ វា​ក៏​នឹង​ដាស់តឿន​ទាំង​សាលារៀន គ្រូបង្រៀន ឱ្យ​អភិវឌ្ឍ​ខ្លួន​កាន់តែ​ប្រសើរ​ឡើងលើ​ភាពជា​ដៃគូ​អភិវឌ្ឍ​កុមារ យុវជន​របស់​យើងទាំងអស់គ្នា។

    សូម​ជូនពរ​លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និង​កូនក្មួយ​ទាំងអស់​ឱ្យមាន​សុខភាព និង​សុវត្ថិ​ភាពល្អគ្រប់ៗគ្នា និង​សូម​ចូលរួម​បន្ត​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ19ទាំងអស់គ្នា៕

  • កសិករដាំគូលែនវៀតណាម កំពុងពិបាកចិត្ត កូវីដ-19ធ្វើឱ្យការនាំចេញផ្លែឈើលំបាក នៅសល់ហៀរទីផ្សារ និងធ្លាក់ថ្លៃ

    កសិករដាំគូលែនវៀតណាម កំពុងពិបាកចិត្ត កូវីដ-19ធ្វើឱ្យការនាំចេញផ្លែឈើលំបាក នៅសល់ហៀរទីផ្សារ និងធ្លាក់ថ្លៃ

    នៅកណ្ដាលគំនរផ្លែគូលែនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងទីផ្សារលក់ដុំ មួយកន្លែងក្នុងខេត្ត បាក់យ៉ាង ភាគខាងជើងប្រទេសវៀតណាម កសិករជាច្រើននាក់កំពុងរអ៊ូ រឿងតម្លៃផ្លែឈើដែលកំពុងធ្លាក់ថ្លៃយ៉ាងបន្តបន្ទាប់ ដោយមូលហេតុពាណិជ្ជករបរទេសត្រូវបានហាមឃាត់ដោយសារជំងឺកូវីដ-19។

    តាមរយៈការឆ្លើយតបទៅនឹងការឆ្លងរាលដាលរបស់វីរុសកូវីដ-19 បែបវាយលុក បានធ្វើឱ្យវិថីជីវិត​របស់ប្រជាជន​វៀតណាម​វិល​ត្រឡប់​មករកសភាវប្រក្រតីឡើងវិញ កម្មករបានប្រមូលផ្ដុំគ្នាដោយមិនពាក់ម៉ាស់អនាម័យការពារ ដោយនៅលើទោចក្រយានយន្តរបស់ពួកគេមានកញ្ឆេធំមួយនៅពីក្រោយ ដែលផ្ទុកណែនដោយផ្លែគូលែនទុំទើបនឹងបេះថ្មីៗពីចម្ការ។

    ជាប្រក្រតី វៀតណាមបាននាំចេញផ្លែគូលែនស្រស់ប្រមាណជា 100,000តោនក្នុង 1រដូវកាល គិតជាតម្លៃសរុប ច្រើនជាង 30លានដុល្លារ ដោយមានប្រទេសគោលដៅធំៗ ដូចជា ចិន ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក តែធុរកិច្ចនេះ ត្រូវជាប់គាំងក្នុងឆ្នាំនេះ នៅពេលដែលវៀតណាមនៅតែមានវិធានការបិទព្រំដែន។

    កសិករម្នាក់ឈ្មោះ ង្វៀង វ៉ាន់ ធែង បាននិយាយថា “ដោយសារតែការឆ្លងរាតត្បាតរបស់ជំងឺកូវីដ-19 ធ្វើឱ្យពួកយើងលែងឃើញអ្នកទិញជនជាតិចិនចូលមក ហើយឥឡូវពួកយើងភាគច្រើន លក់ឱ្យអតិថិជនក្នុងប្រទេស ទើបធ្វើឱ្យធ្លាក់ថ្លៃយ៉ាងខ្លាំង” លោកបន្តថា ជាប្រក្រតី ផ្លែគូលែនរបស់លោក ជាងពាក់កណ្ដាល បានលក់ឱ្យបរទេស។

    អ្នកម៉ៅទិញបរទេស ច្រើនតែធ្វើដំណើរមកផ្សារនេះដោយផ្ទាល់ ដោយបើករថយន្តក្នុងចម្ងាយផ្លូវពីព្រំដែនចិនមក ត្រឹមតែមិនប៉ុន្មានម៉ោងប៉ុណ្ណោះ តែសារព័ត៌មានផ្លូវការក្នុងស្រុកមួយបានរាយការណ៍កាលពីសប្ដាហ៍មុនថា មានជនជាតិចិន និងជប៉ុនជាច្រើនរយនាក់ត្រូវបានហាមឃាត់ និងបង្ខាំងខ្លួន ដើម្បីសង្កេតតាមដានមើលមេរោគរយៈពេល 14ថ្ងៃ។

    ទោះជាអាជ្ញាធរបានអះអាងថា ពួកគេនឹងជួយជំរុញការផ្សព្វផ្សាយអំពីការបរិភោគនៅក្នុងស្រុកក៏ដោយ តែតម្លៃបានធ្លាក់ចុះដល់ទៅជាងពាក់កណ្ដាលនៃតម្លៃដែលពួកគេធ្លាប់លក់បានកាលពីឆ្នាំកន្លងទៅ។

    កសិករអាយុ 47ឆ្នាំខាងលើ ដែលបានរំពឹងទុកថា ក្នុងរដូវកាលនេះ លោកនឹងប្រមូលប្រាក់បានមិនលើសពី 4,000ដុល្លារ បានបន្តទៀតថា “យើងត្រូវធ្វើធ្ងន់ពេញមួយឆ្នាំ តែប្រាក់ចំណូល បែរជាមិនគ្រប់ចិញ្ចឹមជីវិត”

    ក្នុងអំឡុងច្រើនឆ្នាំមកនេះ វៀតណាមដែលជាប្រទេសអ្នកនាំចេញកាហ្វេ អង្ករ និងត្រីអណ្ដែងជាចម្បងស្រាប់ហើយនោះ បានចាប់ផ្ដើមងាកមកផ្ដល់ចំណាប់អារម្មណ៍លើដំណាំផ្លែឈើរបស់ខ្លួនវិញម្ដង ដោយកាលពីឆ្នាំ2018 វៀតណាមបាននាំចេញបន្លែ និងផ្លែឈើក្នុងតម្លៃសរុបប្រមាណជា 3,760លានដុល្លារ៕

    ប្រភព៖ សារព័ត៌មានបរទេស