Category: សង្គម និងសេដ្ឋកិច្ច

  • Alibaba អាច​ដើរ​បញ្ច្រាស​​ទិស​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក​​​ដោយ​របៀប​ណា​?

    Alibaba អាច​ដើរ​បញ្ច្រាស​​ទិស​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក​​​ដោយ​របៀប​ណា​?

    SARS បាន​ជាន់​ពន្លិច​ក្រុម​ហ៊ុន​ធំៗ​ជា​ច្រើន​ ប៉ុន្តែ​វា​ក៏​ជា​តំណ​ភ្ជាប់​ដែល​​ជួយ​បង្កើត​បាន​ជា​ “មេមាន់​ពង​មាស​” Taobao ហើយ​ដូច​គ្នា​នេះ​ដែរ Alibaba ក៏កំពុង​តែ​រក​បាន​ប្រាក់​ចំណេញ​រាប់​លាន​ដុល្លារ​នៅក្នុង​សម័យ​ COVID-19។

    កាល​ពី​17​ឆ្នាំ​មុន នៅ​ពេល​ដែល​​រោគ​រាត​ត្បាត​ SARS ឆ្លង​រាល​ដាល​ពេញ​ទឹក​ដី​ចិន​ បុគ្គលិក​ទាំង​អស់របស់​ Alibaba ត្រូវ​បាន​តម្រូវ​ឱ្យ​រក្សា​គម្លាត​សង្គម និង​យក​ការ​​ងារ​ក្រុម​ហ៊ុន​ទៅ​ធ្វើ​នៅ​ឯផ្ទះ​។ ដំណាក់​កាល​នោះ​ ក្រុម​ហ៊ុន​​ Alibaba ទើប​តែ​មាន​អាយុ​​4​ឆ្នាំ​ប៉ុណ្ណោះ​ និង​ត្រូវ​ប្រឹង​ប្រែង​គិត​គូរ​អំពី​ប្រាក់​ចំណេញ​តាម​បែប​​ក្រុម​ហ៊ុន​ថ្មី​ (startup)។

    ប៉ុន្តែ ដោយ​សារ​តែវិបត្តិ​សុខ​ភាព​ SARS នោះ​ហើយ​ បាន​រុញ​ច្រាន​ Alibaba ឱ្យ​បង្កើត​ Taobao ដែល​ជា​ផ្សារ​អន​ឡាញ​មួយ​​ដើម្បី​ទប់​ទល់​ និង​ប្រើ​ប្រាស់​ប្រយោជន៍​ដែល​បាន​មក​ពី​ SARS។ មក​ដល់​បច្ចុប្បន្ន Taobao គឺជា​ទីផ្សារ​លក់​រាយ​ធំជាង​គេ​មួយ​នៅក្នុង​ពិភពលោក​។

    ចំណែក​ COVID-19 វិញ​ បើ​ទោះ​ជា​បាន​ក្លាយជា​​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​​លំដាប់​កំពូល​របស់​ពិភពលោក​ ប៉ុន្តែ​ Alibaba នៅ​តែ​មិន​អាច​គេច​ផុត​ពី​រលក​វិបត្តិ​សុខ​ភាព​ ហើយ​​ត្រូវ​ការ​ចាំបាច់​នូវ​ការ​សម្រប​ខ្លួន​ដើម្បី​ឆ្លង​កាត់​ឧបសគ្គ​នេះ​។ ក្រុម​ហ៊ុន​ “យក្ស” មួយ​នេះ​ បាន​រកឃើញ​ឱកាស​ដើម្បី​ធ្វើ​ឧបនីយកម្ម​​ឌីជីថល​ទៅ​លើ​សកម្ម​ភាព​តាំង​ពិព័រណ៍វិស័យ​ពាណិជ្ជ​កម្ម​​នៅ​ក្នុង​ពេល​ដែលគម្រោង​​​តាំង​ពិព័រណ៍​បែប​បុរាណ​នានា​ត្រូវ​បាន​ពន្យារ​ពេល​ ឬ​លុប​ចោល​ ដោយ​សារ​វីរុស​COVID-19។ យោង​តាម​ Alibaba សកម្ម​ភាព​ខាង​លើ​នេះ​អាច​ជួយ​ធ្វើ​ឱ្យ​​ “ផ្លូវដើរ​” របស់​បណ្ដា​ក្រុម​ហ៊ុន​តូច​ៗ មាន​ភាព​រាប​ស្មើ​ល្អ​ជាង​មុន​។

    កាល​ពី​ថ្ងៃទី​9​កន្លង​ទៅ​ Abibaba បាន​ប្រកាស​បញ្ចេញ​មុខ​ងារ​ថ្មី​ៗ​ជា​ច្រើន​សម្រាប់​ Alibaba.com ក្នុង​បំណង​ជំរុញ​ការ​តភ្ជាប់​រវាង​អ្នក​ផ្គត់​ផ្គង់​អន្តរ​ជាតិ​ជាមួយ​នឹង​អតិថិ​ជន​។ ក្នុង​ចំណោម​ផលិត​ផល​ថ្មី​​ជា​ច្រើន​ដែល​ទើប​ត្រូវ​បាន​ឧទ្ទេស​នាម​ក៏មាន​ Online Trade Show USA ផងដែរ​ ដែល​ផ្ដល់​ជូន​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ការ​តភ្ជាប់​ក្រុម​ហ៊ុន​ជាមួយ​នឹង​ក្រុម​ហ៊ុន​ (B2B) ជា​កន្លែង​ដែល​ក្រុម​អ្នក​លក់​និង​អ្នក​ផលិត​នៅ​សហរដ្ឋ​អាមេរិក​អាច​ចាប់​យក​អតិថិ​ជន​ថ្មី​។

    John Caplan ប្រធាន​ក្រុម​ហ៊ុន​ Alibaba ប្រចាំ​សហរដ្ឋ​អាមេរិក​​និង​អឺរ៉ុប​ បាន​ឱ្យ​ដឹ​ង​ថា “ពិព័រណ៍​ពាណិជ្ជកម្ម​​អនឡាញ​សំដៅ​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​តូច​។ ដោយ​មាន​ជម្រើស​ផ្នែក​ឌីជីថល​ ពួក​គេ​នឹង​មិន​ចាំបាច់ចំណាយ​ពេល​ច្រើន​ថ្ងៃ និង​ប្រាក់​រាប់​ពាន់​ដុល្លារ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិព័រណ៍​ offline នោះ​ឡើយ”។

    Alibaba អាច​ដើរ​បញ្ច្រាស​​ទិស​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក​​​ដោយ​របៀប​ណា​?
    John Caplan ប្រធាន​ក្រុម​ហ៊ុន​ Alibaba ប្រចាំ​សហរដ្ឋ​អាមេរិក​​និង​អឺរ៉ុប​

    ថ្មី​ៗ​នេះ​ ការ​បង្កើន​មុខ​ងារ​ឌីជីថល​សម្រាប់​វេទិកា​ពាណិជ្ជកម្ម​ Alibaba.com បាន​ក្លាយ​ជា​គោលដៅ​យុទ្ធ​សាស្ត្រ​អាទិភាព​​របស់​ក្រុមហ៊ុន​ Alibaba។ ក្រុម​ហ៊ុន​នេះ​មិន​រំលង​ចោល​ទីផ្សារ​ដ៏មាន​សក្ដានុពល​​របស់​វេទិកា​ B2B នៅក្នុង​សម័យ​ COVID-19 នេះ​ឡើយ​ ខណៈ​ដែល​ក្រុម​ហ៊ុន​ខ្នាត​តូច​នាំ​គ្នា​បង្កើន​ការ​ស្វែង​រក​ឧបករណ៍​ឌីជីថល​ដើម្បី​បម្រើ​ និង​ស្វែង​រក​អតិថិ​ជន​។

    ក្រៅ​ពី​នេះ Alibaba បាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​បន្ថែម​មុខ​ងារ​ជា​ច្រើន​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ​ពាណិជ្ជ​កម្ម​ និង​ដឹក​ជញ្ជូន​ទំនិញ​ ក្នុង​បំណង​កែលម្អ​សេវា​កម្ម​ និង​ដោះ​ស្រាយ​បញ្ហា​ “ឈឺចាប់” ក្នុង​ទីផ្សារ​ពាណិជ្ជ​កម្ម​របស់​ពិភពលោក​ផងដែរ​។ ជាមួយ​នឹង​ជម្រើស​ជំនួយ​ពាណិជ្ជកម្ម​ អតិថិ​ជន​ដែល​បាន​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​ដែល​បាន​កំណត់​នឹង​អាច​បញ្ជាទិញ​ទំនិញ​តាម​រយៈ​ឧបករណ៍​ឌីជីថល​ និង​ធ្វើ​ការ​ទូទាត់​ក្នុង​រយៈ​ពេល​60​ថ្ងៃ​ ក្រោយ​ពី​ទទួល​បាន​ទំនិញ​។ ជា​ធម្មតា​ ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ឆ្លង​ព្រំដែន​​រវាង​ក្រុម​ហ៊ុន​ខ្នាត​តូច​ តែង​តម្រូវ​ឱ្យ​ទូទាត់​មុន​100%​ មុន​នឹង​ផ្ញើ​ទំនិញ​ ដែល​នេះ​បង្ក​ជា​ឧបសគ្គ​ធំចំពោះ​ចរន្តសាច់​ប្រាក់​របស់​អ្នក​ទិញ​។

    Alibaba ឱ្យ​ដឹង​ថា ខ្លួន​កំពុងធ្វើ​ការ​ជាមួយ​ MSTS ដែល​ជា​ក្រុម​ហ៊ុន​ឥណទាន​ប្រភេទ​ B2B ដើម្បី​កំណត់​ថា អ្នក​ទិញ​ណា​ខ្លះ​​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​។ ក្រុម​ហ៊ុន​នេះ​ក៏កំពុង​សហការ​ជាមួយ​ Freightos ដែល​មាន​ជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​បែប​ឌីជីថល​ ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ក្នុងការ​ប្រៀប​ធៀប​តម្លៃ​ និង​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​សម្រាប់​សកម្ម​ភាព​ដឹក​ទំនិញ​ដោយ​ប្រើ​កម្មវិធី​អនឡាញ​។

    មុន​នោះ​ បន្ទាប់​ពី​ COVID-19 បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន​ភ្លាម Alibaba ក៏បាន​ប្រកាស​វិធាន​ការ​ជំនួយ​ចំនួន​20​ចំណុច​ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​​ដែល​រង​ផល​ប៉ះពាល់​ពី​រោគ​រាត​ត្បាត​។ ក្នុង​ពេល​ដែល​ហាង​នានា​នៅ​ចិន​បាន​បិទ​ទ្វារ​ អ្នក​លក់​ក៏​បាន​ងាក​មក​ប្រើ​ Taobao Live ដើម្បី​ស្វែង​រក​អតិថិ​ជន​ និង​ដើម្បី​រក្សា​ចំណូល​។ Taobao Live​ ថែម​ទាំង​បាន​បើក​ទ្វារ​ទទួល​កសិករ​ពី​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​ចិន​ ដើម្បី​ជួយ​ពួកគេ​ក្នុង​ការ​ដាក់​លក់​កសិផលតាម​អនឡាញ​ទៀត​ផង​។

    ជាក់​ស្ដែង ជាមួយ​នឹង​កម្ម​វិធី​ “Rural Support Program” ដែល​បាន​បង្ហាញ​វត្តមានចាប់​​​ពី​ខែ​កុម្ភៈ កសិករ​ចិន​អាច​ចូល​ និង​ប្រើ​ប្រាស់​​ឆាណែល​ផ្សាយ​ផ្ទាល់​​របស់​ Taobao Live ដោយ​មិន​គិត​ថ្លៃ​។ Taobao Live ប្រកាស​ថា​ នឹង​ជួយ​​ដល់​ហាង​លក់​រាយ​ offline ចំនួន​ជាង​200,000​កន្លែង​ក្នុង​ការ​បណ្ដុះ​បណ្ដាល​បុគ្គលិក​ជាង​10,000​នាក់​របស់​ហាង​ទាំង​នោះ​ ឱ្យ​ក្លាយ​ជា​អ្នកដឹក​នាំ​ livestream ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

    Taobao Live បាន​ដាក់​ផែន​ការ​បង្កើត​ប្រាក់​ចំណូល​ 2.1​ពាន់​លាន​ដុល្លារ​ពី​ការ​លក់​កសិផល​​របស់​ខេត្ត​ចំនួន​16​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ​។

    Alibaba អាច​ដើរ​បញ្ច្រាស​​ទិស​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក​​​ដោយ​របៀប​ណា​?
    លោក Jack Ma ធ្លាប់​បាន​ថ្លែង​ថា អ្នក​ដែល​មាន​ឧបករណ៍​អនឡាញ​ស្រាប់​នឹង​មាន​ប្រៀប​ជាង​អ្នក​ដទៃ​ក្នុងការ​បង្កើន​ការ​លក់​នៅ​ក្នុង​សម័យ​ COVID-19នេះ

    Freshippo ដែល​ជាបណ្ដាញ​​ហាង​លក់​រាយ​គ្រឿង​ចាប​ហួយ​​ថ្មី​របស់​ Alibaba ក៏រក​បាន​ចំណេញ​ច្រើន​ក្នុង​សម័យ​ COVID-19 នេះ​ដែរ​។ Freshippo អនុញ្ញាត​ឱ្យ​អតិថិ​ជន​បញ្ជា​ទិញ​ផ្ទាល់​នូវ​អាហារ​ស្រស់​តាម​រយៈ​កម្មវិធី​អនឡាញ​​ជាមួយ​នឹង​ជម្រើស​ប្រគល់​ទំនិញ​ដោយ​មិន​ប៉ះពាល់​គ្នា​។

    ឧបករណ៍​អនឡាញ​ផ្សេង​មួយ​ទៀត​របស់​ Alibaba គឺ DingTalk ក៏​បាន​បន្ថែម​មុខ​ងារ​ថ្មី​ដែល​អនុញ្ញាត​ឱ្យ​​បុគ្គលិក​ជាង​200​លាន​នាក់​មក​ពី​ក្រុម​ហ៊ុន​ជាង​10​លាន​នៅ​ប្រទេស​ចិន​ រក្សា​ទំនាក់​ទំនង​ដើម្បី​រៀន​សូត្រ​ ធ្វើ​ការ​ជាដើម​នៅក្នុង​សម័យ​វិបត្តិ​សុខ​ភាព​នេះ​ដែរ​។

    ប្រតិបត្តិ​ការ​​ជីឌីថល​គឺជា​ឧបករណ៍​​ដ៏​អស្ចារ្យ​​​ក្នុង​សង្គ្រាម​ប្រឆាំង​ COVID-19។ លោក Jack Ma ធ្លាប់​បាន​ថ្លែង​ថា អ្នក​ដែល​មាន​ឧបករណ៍​អនឡាញ​ស្រាប់​នឹង​មាន​ប្រៀប​ជាង​អ្នក​ដទៃ​ក្នុងការ​បង្កើន​ការ​លក់​នៅ​ក្នុង​សម័យ​ COVID-19នេះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ដំរី​ជាង​3,000​ក្បាល​ កំពុង​ “អត់​ការ​ងារ​ធ្វើ”​ ដោយ​សារ​ COVID-19 (វីដេអូ)

    ដំរី​ជាង​3,000​ក្បាល​ កំពុង​ “អត់​ការ​ងារ​ធ្វើ”​ ដោយ​សារ​ COVID-19 (វីដេអូ)

    ​ឥទ្ធិពល​របស់​ COVID-19 បាន​បណ្ដាល​ឱ្យ​ទីតាំង​គ្រប់​គ្រង​សត្វ​ដំរី​នានា​នៅ​ប្រទេស​ថៃ​ ត្រូវ​បង្ខំ​ចិត្ត​ប្រគល់​ដំរី​​​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័​យនៃ​ការ​​ស្លាប់​ដោយ​សារ​អត់​អាហារ​ ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​។

    ដំរីជាង​3,000ក្បាលនៅប្រទេសថៃគឺជាដំរីដែលស្និទ្ធស្នាលជាមួយមនុស្ស ប៉ុន្តែដោយសារតែឥទ្ធិពលរបស់ COVID-19 កន្លែងគ្រប់គ្រងដំរីជាច្រើនត្រូវបាន​បិទទ្វារចាប់ពី​ខែមីនា2020 នាំឱ្យដំរីជាង3,000ក្បាលនេះ​បានធ្លាក់​ទៅ​ក្នុងវិបត្តិ “គ្មានការងារធ្វើ” និងប្រឈមមុខទៅនឹងការបាត់បង់ជីវិតដោយសារដាច់អាហារ។

    “នៅពេលនេះ យើងមិនមានប្រភពចំណូលអ្វីទៀតនោះទេ ប៉ុន្តែ ដំរីទាំងនោះនៅតែត្រូវការចំណីដូចធម្មតា” នេះបើតាមគ្រូបង្វឹកដំរី លោក Sinchai Joroenbunpod។

    ប្រាក់ចំណាយទៅលើការថែទាំដំរីមួយក្បាល អាចឡើងដល់30ដុល្លារសម្រាប់មួយថ្ងៃ។ ប៉ុន្តែ អ្វីដែលជាបញ្ហាគួរឱ្យព្រួយបារម្ភជាងនេះ នោះគឺហានិភ័យនៃការកើត​មាន​ “ជម្លោះ” រវាងដំរីជាមួយនឹងប្រជាជនក្នុងភូមិ។

    ដំរីនានាអាចដើរវង្វេងផ្លូវក្នុងព្រៃ និងចូលដល់ភូមិឋាន ឬចំការរបស់ពលរដ្ឋដើម្បីស្វែងរកអាហារ។ ប្រការនេះអាចបង្កឱ្យកើតមានការប៉ះទង្គិចគ្នាជាមួយនឹងមនុស្ស។

    ប្រភព៖ AFP

  • តើស្រ្តីមានគភ៌អាចងូតត្រាំទឹកក្តៅបានទេ? និងមានសុវត្ថិភាពដែរឬទេ?

    តើស្រ្តីមានគភ៌អាចងូតត្រាំទឹកក្តៅបានទេ? និងមានសុវត្ថិភាពដែរឬទេ?

    នៅពេលអ្នកដឹងថា ខ្លួនមានផ្ទៃពោះហើយនោះ អ្នកតែងតែមានសំនួរ និងចំណុចសង្ស័យកើតឡើងនៅក្នុងចិត្តជាច្រើនថា តើពេលមានផ្ទៃពោះយើងអាចធ្វើបែបនេះ ឬបែបនោះបានដែរឬទេ? រស់នៅ និងធ្វើការងារដូចដែលធ្លាប់បានធ្វើមកបានដែរឬទេ? និងសំនួរ​ដែលជួបប្រទះញឹកញាប់មួយរឿងទៀតនោះគឺ តើការងូតទឹកក្តៅឧណ្ហៗ ឬការត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានទេ? ហើយបើត្រូវការងូតទឹកក្តៅឧណ្ហៗ ឬគេងត្រាំទឹកក្តៅឧណ្ហៗយូរដើម្បីឱ្យរាងកាយបានធូរស្រាលនោះ តើត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានសុវត្ថិភាព? សម្រាប់សំនួរទាំងអស់នេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន។

    1 – ស្រ្តីមានគភ៌អាចងូតទឹកក្តៅឧណ្ហៗបាន តែត្រូវកុំឱ្យក្តៅជ្រុលពេក មិនត្រូវឱ្យក្តៅលើសសីតុណ្ហភាពរបស់រាងកាយរបស់អ្នកនៅពេលនោះឡើយ ព្រោះបើអ្នកងូតទឹកដែលក្តៅខ្លាំងពេក អាចធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ និងប្រព័ន្ធឈាមរត់ដែលហូរវឹលលឿនជ្រុលពេកអាចធ្វើឱ្យទារកក្នុងគភ៌មានសភាវតានតឹងធុញថប់បាន។

    2 – ក្នុងអំឡុងពេលតាំងគភ៌ 3 ខែដំបូងអាចងូតទឹកក្តៅឧណ្ហៗ ឬត្រាំទឹកក្តៅឧណ្ហៗបាន តែត្រូវមិនឱ្យក្តៅជ្រុលពេកនោះទេ ព្រោះទឹកដែលក្តៅជ្រុលពេក អាចធ្វើឱ្យឆ្អឹងកងខ្នង និងតួកំណើតជីវិតកើតសភាវមិនសមប្រកបបាន។

    3 – មិនគួរងូតត្រាំទឹកក្តៅឧណ្ហៗយូរលើសពី 15 នាទីទេ ព្រោះអំឡុងពេលដែលអ្នកងូតត្រាំទឹកក្តៅឧណ្ហៗនោះ សីតុណ្ហភាពក្នុងរាងកាយរបស់អ្នកនឹងកើនឡើងទៅតាមនោះដែរហ្នឹងឯង។

    4 – បើអ្នកស្ថិតក្នុងអំឡុងពេលតាំងគភ៌ 3 ខែដំបូង អាចនឹងកើតមានអាការវិលមុខ ក្អួតចង្អោ ខ្យល់គ ដូច្នេះបើត្រូវការងូតត្រាំទឹកក្តៅឧណ្ហៗនោះ គួរតែត្រៀមទឹកភេសជ្ជៈទុកញ៉ាំបំបាត់អាការវិលមុខផង និងមិនគួរដាក់គន្លឹះទ្វាបន្ទប់ទឹកឡើយ។

    5 – ការដែលស្រ្តីមានគភ៌ងូតត្រាំទឹកក្តៅឧណ្ហៗនេះនឹងធ្វើឱ្យមានការធូរស្រាលសាច់ដុំក្នុងផ្នែកផ្សេងៗបានល្អ ជាពិសេសសាច់ដុំបាតជើង និងខ្នង។ នៅពេលរាងកាយបានធូរស្រាល នឹងធ្វើឱ្យស្រ្តីមានគភ៌គេងលក់រឹតតែស្រួលឡើងដែរ។

    6 – ស្រ្តីមានផ្ទៃពោះដែលមានអាការហើមតាមរាងកាយដូចជា ដៃ ជើងជាដើមនោះ យើងណែនាំឱ្យងូត ឬត្រាំទឹកក្តៅឧណ្ហៗ ព្រោះវានឹងជួយកាត់បន្ថយអាការហើមតាមរាងកាយបានល្អខ្លាំងណាស់។

    7 – ការងូតទឹកក្តៅឧណ្ហៗនឹងជួយសម្រាលអាការបង្រួញខ្លួនរបស់ស្បូនមុនកំណត់ និងថែមទាំងជួយឱ្យទឹកភ្លោះស្ថិតក្នុងកម្រឹតល្អទៀតផង។

    ការងូតទឹកក្តៅឧណ្ហៗក្នុងអំឡុងពេលមានគភ៌ មានទាំងចំណុចល្អ និងចំណុចត្រូវប្រយ័ត្ន ដូច្នេះស្រ្តីមានគភ៌ដែលចូលចិត្តងូត ឬត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានតាមប្រក្រតី តែត្រូវគ្រប់គ្រងកម្រឹតកម្តៅរបស់ទឹកដែលនឹងងូត ឬត្រាំនោះឱ្យស្ថិតក្នុងសីតុណ្ហភាពដែលសមរម្យល្មមក៏គ្រប់គ្រាន់ហើយ៕

  • Drone តាក់​ស៊ី​ហោះ​145​គម/ម៉ោង​ ​ចាប់ផ្ដើម​ដំណើរ​ការ​ដឹក​ទំនិញ​ហើយ​

    Drone តាក់​ស៊ី​ហោះ​145​គម/ម៉ោង​ ​ចាប់ផ្ដើម​ដំណើរ​ការ​ដឹក​ទំនិញ​ហើយ​

    ម៉ូដែល​តាក់​ស៊ី​ហោះ​ EHang នឹង​អាច​ដឹក​ទំនិញ​​ទៅ​ដល់​ផ្ទះ​របស់​ប្រជា​ជន​ ក្រោយ​ពី​ទទួល​បាន​លិខិត​អនុញ្ញាត​រកស៊ី​ពី​រដ្ឋាភិបាល​ចិន​។

    ម៉ូដែល​តាកស៊ី​ហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ EHang នៅក្នុងខេត្ត​ក្វាងចូវ​​ ប្រទេស​ចិន​ បំពាក់​ម៉ាស៊ីន​រុញ​ច្រាន​ចំនួន​16​ ​អាច​ដឹក​ទំនិញ​ទម្ងន់​150​គីឡូក្រាម​​នៅក្នុង​ជើង​ហោះ​ហើរ​នីមួយ​ៗ​ ហើយ​អាច​ហោះ​ហើរ​ទៅ​ដល់​តំបន់​ដាច់​ស្រយាល​ និង​តំបន់​ភ្នំ​ទៀត​ផង​។ ក្រុម​ហ៊ុន​ EHang ឱ្យ​ដឹង​ថា drone ខ្នាត​ធំ​របស់​ពួកគេ​គឺជា​មធ្យោបាយ​ហោះ​ហើរ​ដឹក​អ្នក​ដំណើរ​ដោយ​ស្វ័យ​ប្រវត្ត​ ដែល​ដំណើរ​ការ​ដោយ​អគ្គិសនី​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    កាល​ពី​ថ្ងៃទី​27​ឧសភា​ ក្រុម​ហ៊ុន​ EHang បាន​ប្រកាស​ថា ពួកគេ​ទទួល​បាន​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​អាកាស​ចរណ៍​ស៊ីវិល​ចិន​ (CAAC/Civil Aviation Administration of China) រួច​ហើយ​ ដើម្បី​ប្រើ​ប្រាស់​ drone ដឹក​ទំនិញ​។ ដោយ​មាន​ល្បឿន​ 145​គម/ម៉ោង​​ ម៉ូដែល​តាក់ស៊ី​ហោះ​នេះអាច​ដឹក​ទំនិញ​ឆ្លង​កាត់​រវាង​តំបន់​វាល​រាបជាមួយ​នឹង​តំបន់​ភ្នំ​ ឬ​រវាង​តំបន់​ដី​គោក​ជា​មួយ​នឹង​តំបន់​​កោះ​នៅ​ទី​ក្រុង ​Taizhou នៅ​ក្នុង​ការ​ហោះ​ហើរ​សាកល្បង​កន្លង​មក​។

    ក្រុម​ហ៊ុន​ EHang បាន​ចែក​រំលែកវីដេអូ​បង្ហាញ​អំពី​ម៉ូដែល​តាក់ស៊ី​ហោះ EHang 216 ហោះ​ហើរ​ឆ្លង​កាត់​ផ្ទៃ​សមុទ្រ​ និង​ខ្នង​ភ្នំ​នានា​។ Drone នេះ​ត្រូវ​បាន​ហោះ​ហើរ​សាកល្បង​ជា​លើក​ដំបូង​​នៅ​អឺរ៉ុប​កាល​ពី​ខែ​មេសា​2019​។ EHang 216 អាច​ដឹក​ភ្ញៀវ​ចំនួន​2​នាក់​ក្នុង​ពេល​តែ​មួយ​។

    កាល​ពី​ខែ​ឧសភា​2020 ក្រុម​ហ៊ុន​ EHang បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​សណ្ឋាគារ​ LN Garden Hotel នៅ​ខេត្ត​ក្វាង​ចូវ​ដើម្បី​ផ្ដល់​សេវាកម្ម​ដឹក​អ្នក​ទេសចរ​​​ក្នុង​អនាគត​ដ៏ខ្លី​ខាងមុខ​។ បច្ចុប្បន្ន អាជ្ញាធរ​ចិន​មិន​ទាន់​​ផ្ដល់​​លិខិត​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​នេះ​ដឹក​អ្នក​ដំណើរ​នៅ​ឡើយ​។ ប៉ុន្តែ ការ​ទទួល​បាន​លិខិត​អនុញ្ញាត​ឱ្យ​ដឹក​ទំនិញ​គឺជា​ជំហាន​ដ៏​ជោគ​ជ័យ​មួយ​សម្រាប់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​ EHang៕

    ប្រភព៖ Fox News

  • ឆ្នេរ​ខ្សាច់​កោះ​ដ៏ស្រស់​ស្អាត​ដែល​កកើត​ឡើងដោយ​សារ “​លាមក​” របស់​ត្រី​ Parrot (វីដេអូ)

    ឆ្នេរ​ខ្សាច់​កោះ​ដ៏ស្រស់​ស្អាត​ដែល​កកើត​ឡើងដោយ​សារ “​លាមក​” របស់​ត្រី​ Parrot (វីដេអូ)

    ឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​នៅ​លើ​កោះ​ Vakkaru បាន​កកើត​ឡើង​ដោយ​សារ​​លាមក​​ដ៏​ច្រើន​សន្ធឹក​របស់ពពួក​​ត្រី​​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា Parrot ក្រោយ​ពី​ពួក​វា​​ស៊ី​ផ្កាថ្ម​ និង​ជុះ​ខ្សាច់​ចេញ​មក​ក្រៅ​។

    ប្រទេស​ Maldives មាន​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​ដោយ​មាន​ឆ្នេរ​ខ្សាច់​ដ៏ស្រស់ស្អាត​​។​ ប៉ុន្តែ យ៉ាង​តិច​មាន​កោះ​ចំនួន​មួយ​ក្នុង​ចំណោម​កោះ​​ដ៏​ច្រើន​នៅ​ទីនេះ​ បាន​​កកើត​ឡើង​តាម​រយៈ​វិធី​ដ៏​មហា​កំពូល​ចម្លែក​។

    ចំណុច​ពណ៌​ក្រហម​គឺជា​ទីតាំង​នៃ​ប្រទេស​ Maldives

    ខ្សាច់​នៅ​លើ​កោះ​ Vakkaru របស់​ប្រទេស​ Maldives តាម​ពិត​គឺ​មាន​ផ្ទុក​ទៅ​ដោយ​លាមក​ត្រី​យ៉ាង​ច្រើន​មិន​គួរ​ឱ្យជឿ​។ ជាក់​ស្ដែង ខ្សាច់​នៅ​លើ​ឆ្នេរ​កោះ​ Vakkaru នេះ​គឺជា​កាក​សំណល់​លាមក​របស់​ត្រី Parrot​ ពីរ​ប្រភេទ​។ ត្រី​ Parrot មាន​ពណ៌​សម្បូរ​បែប​ និង​មាន​ប្រវែង​ប្រមាណ​ពី​ 0.3 ទៅ​ 1.2​ម៉ែត្រ។

    ឆ្នេរ​ខ្សាច់​កោះ​ដ៏ស្រស់​ស្អាត​ដែល​កកើត​ឡើងដោយ​សារ "​លាមក​" របស់​ត្រី​​ត្រី​ Parrot ប្រើ​ប្រាស់​ធ្មេញ​ខាង​ក្រៅ​ដ៏​រឹង​មាំ​​ដើម្បី​ខាំ​​បំបែក​​​ផ្កា​ថ្ម​ និងស៊ីប៉ូលិប​របស់​​ផ្កា​ថ្ម​ (​Coral Polyps) រួម​នឹង​សារ៉ាយ​។ល។ ដោយ​សារ​តែ​មាន​ប្រព័ន្ធ​ធ្មេញ​មួយ​ផ្សេង​ទៀត​នៅក្នុង​បំពង់ក​របស់ពួក​វា​ បំណែក​ផ្កាថ្មដែល​វា​បាន​លេប​ចូល​ដល់​បំពង់ក​ ​​ក៏​ត្រូវ​បាន​ធ្មេញ​នៅ​ត្រង់​នោះ​ទំពាជា​​កម្ទេច​​ល្អិត​​ជាង​មុន​។ បន្ទាប់​មក​ ពួក​វា​ក៏​ជុះ​ចេញ​មក​ក្រៅ​​ក្រោម​រូប​ភាព​ជា​ខ្សាច់​។

    ប្រការ​ខាង​លើ​នេះ​បាន​កើត​ឡើង​ក្នុង​ទំហំ​ច្រើន​ឡើង​ៗ និង​ឆ្លង​កាត់​ពេល​វេលា​ដ៏​យូរអង្វែង ខ្សាច់​ដែល​ជា​លាមក​របស់​ត្រី Parrot ក៏​បង្កើត​បាន​ជា​ឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​​នៅ​លើ​​​កោះ​ Vakkaru រហូត​មក​ដល់​សព្វ​ថ្ងៃ​។

    ត្រី​ Parrot ដែល​មាន​ធ្មេញ​រឹង​មាំ អាច​ខាំ​កម្ទេច​ផ្កាថ្ម​ធ្វើ​ជា​ចំណី

    ប្រភព​៖​ GeoBeats/Youtube

  • កូរ៉េខាងត្បូង ត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីដណ្តើមពាន AFC U-19 Championship

    កូរ៉េខាងត្បូង ត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីដណ្តើមពាន AFC U-19 Championship

    សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងបាន ប្រកាសកោះហៅកីឡាករចំនួន 36រួប ដើម្បីចូលក្នុងជំរំហ្វឹកហាត់ ចម្រាញ់យកកីឡាករចំនួន 23នាក់ចុងក្រោយ ឱ្យចូលទៅក្នុងឈុតយុវជនអាយុក្រោម 19ឆ្នាំរបស់កូរ៉េខាងត្បូង ដើម្បីប្រកួតក្នុងពានរង្វាន់យុវជនអាយុក្រោម 19ឆ្នាំ ប្រចាំទ្វីបអាស៊ី។

    ក្រោមការដឹកនាំរបស់លោក Kim Jung-soo បានកត់ត្រានូវកំណត់ត្រាដ៏ល្អឥតខ្ចោះ ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship ឆ្នាំ2020 ដោយឈ្នះទាំង 3ប្រកួត ជាមួយនឹងការរកគ្រាប់បាល់បាន 18គ្រាប់ ដើម្បីក្លាយជាក្រុមលេខ1 ក្នុងពូល I។ នេះជាព្រឹត្តិការណ៍សំខាន់មួយទៀត ដោយក្រុមខ្លាំង4 នៃជុំផ្ដាច់ព្រ័ត្រ នឹងធ្វើជាតំណាងទ្វីបអាស៊ី ចូលរួមការប្រកួតបាល់ទាត់យុវជនពិភពលោក អាយុក្រោម 21ឆ្នាំ នៅឆ្នាំ2021 (2021 FIFA U-20 World Cup) នៅប្រទេសឥណ្ឌូនេស៊ី។

    ការប្រកួតបាល់ទាត់ពានរង្វាន់ 2020 AFC U-19 Championship នឹងចាប់ផ្តើមនៅថ្ងៃទី 14 ខែតុលា រហូតដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2020 នៅក្នុងប្រទេសអ៊ូបេគីស្ថាន ដោយមានក្រុមខ្លាំងៗចំនួន16 មកពីបណ្តាប្រទេសនានានៅក្នុងទ្វីបអាស៊ី៕

  • Xiaomi រួចរាល់សម្រាប់ការស្រាវជ្រាវ 6G ហើយ…

    Xiaomi រួចរាល់សម្រាប់ការស្រាវជ្រាវ 6G ហើយ…

    ខណៈដែលទីផ្សារស្មាតហ្វូន 5G នៅឆ្នាំ2019 និង2020 បានកើនឡើង ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយក្នុងនៅចិន បានបំពាក់ប្រព័ន្ធ 5G ជាច្រើនម៉ូដែល និងបានចេញលក់លើទីផ្សាររួចហើយ។

    យោងតាមសារព័ត៌មានចិន abacusnews ដែលបានដកស្រង់សម្ដីអគ្គនាយក និងជាស្ថាបនិកលោក Jie Lun បានបង្ហើបឱ្យដឹងពីគម្រោង 5ឆ្នាំរបស់ Xiaomi បាននិងកំពុងសិក្សា ព្រមទាំងត្រៀមរួចរាល់ហើយក្នុងការស្រាវជ្រាវអភិវឌ្ឍន៍ប្រព័ន្ធ 6G ដើម្បីអនាគតនៃការតភ្ជាប់របស់ប្រព័ន្ធទូរស័ព្ទ។

    លើសពីនេះទៀត Xiaomi ទើបនឹងចុះកិច្ចព្រមព្រៀងជាមួយ ZTE ក្នុងការស្រាវជ្រាវអភិវឌ្ឍន៍ប្រព័ន្ធ 6G ប៉ុណ្ណោះមិនបានប៉ះពាល់ដល់រឿង Satellite នោះទេ។ លោក Jie Lun ក៏បានច្រានចោលផងដែរ នូវពាក្យចចាមអារ៉ាមដែលថា ក្រុមហ៊ុន Xiaomi កំពុងអភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណប(Satellite) ទៅកាន់ទីអវកាសដោយខ្លួនឯង៕

  • ពុទ្ធោ!! ម៉ែរួយ ឱបម្ដាយយំរំឭកអាតីតកាលរឿងភ្លើងឆេះផ្ទះ

    ពុទ្ធោ!! ម៉ែរួយ ឱបម្ដាយយំរំឭកអាតីតកាលរឿងភ្លើងឆេះផ្ទះ

    មុនទទួលបានជោគជ័យលើអាជីវកម្មអនឡាញដូចសព្វថ្ងៃនេះ ម៉ែរួយ ដែលគ្រប់គ្នាស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុន Rouy Infinity Co,.ltd នោះធ្លាប់ជួបរឿងរ៉ាវ និងឧបសគ្គជាច្រើនដែលហែលឆ្លងក្នុងជីវិត។ ម៉ែរួយ បានឱ្យដឹងថា កាលពីជាង១០ឆ្នាំមុនក្រោយពីឪពុកចែកឋានទៅខ្លួន និងអ្នកម្ដាយបានទៅធ្វើការងារនៅប្រទេសថៃដើម្បីយកកម្រៃមកជួយផ្គត់ផ្គង់គ្រួសារ និងឲ្យប្អូនរៀនសូត្រ។

    ធ្វើការនៅប្រទេសថៃ៣ឆ្នាំឃើញថាជីវិតគ្រួសាររបស់ ម៉ែរួយ ចាប់ផ្ដើមប្រសើរឡើងគួរឲ្យកត់សម្គាល់រហូតសន្សំប្រាក់បានទុកមករកស៊ីនៅស្រុកខ្មែរក្នុងពេលដ៏ខ្លីខាងមុខទៀតផង។ ប៉ុន្តែក្ដីសង្ឃឹមត្រូវបានរលាយដូចអំបិលត្រូវទឹកក្រោយភ្លើងឆាបឆេះផ្ទះខ្ទេចខ្ទីគ្មានសល់ បើសរុបជាទឹកប្រាក់ទ្រព្យសម្បត្តិដែលខូចខាតដោយសារភ្លើងឆេះផ្ទះអស់ជាង១ម៉ឺនដុល្លារអាមេរិក។ ដោយអំឡុងពេលនោះ ម៉ែរួយ កំពុងតែធ្វើការនៅប្រទេសថៃ គ្រាន់តែទទួលបានដំណឹងថាភ្លើងឆេះផ្ទះអស់ខ្ទេចខ្ទីគ្មានសល់បានធ្វើឲ្យអគ្គនាយិកា Rouy Infinity Co,.ltd អស់កម្លាំងទាន់ដៃជើងធ្វើអ្វីមិនកើត ព្រោះទ្រព្យសម្បត្តិខំរកច្រើនឆ្នាំបែរជាត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។

    ជាមួយអារម្មណ៍ក្ដុកក្ដួល ម៉ែរួយ រៀបរាប់ទាំងទឹកភ្នែកយំឱបអ្នកម្ដាយជាទីស្រឡាញ់ថា៖” ក្រោយភ្លើងឆេះផ្ទះហើយខ្ញុំមិនបានត្រឡប់មកស្រុកខ្មែរតាមការគ្រោងទុកនោះទេ ពេលហ្នឹងមានតែនៅប្រទេសថៃ ធ្វើការរកលុយជាមួយបងប្អូនបន្ថែមទៀត ដើម្បីយកមកធ្វើផ្ទះ។ ដោយកាលនោះម៉ាក់ទៅនៅផ្ទះបងប្អូន ព្រោះផ្ទះយើងឆេះអស់អត់មានកន្លែងនៅទេ។ ខ្ញុំបានខ្ចីលុយថៅកែផ្ញើរមកឲ្យម៉ែដើម្បីធ្វើផ្ទះ”។ ម៉ែរួយ បន្ថែមទៀតថា ដូច្នេះវាមិនងាយស្រួលនោះទេទម្រាំតែជីវិតខ្លួនបានជោគជ័យដូចសព្វថ្ងៃនេះគឺជួបរឿងរ៉ាវកម្សត់ជូរចត់ជាច្រើនដែលនឹកស្មានមិនដល់ ព្រោះជីវិតគ្រួសារក្រោយភ្លើងឆេះផ្ទះរួចគឺធ្លាក់ដល់សូន្យហៅលែងលឺតែម្ដង។ ជាចុងក្រោយ ម៉ែរួយ សូមផ្ដាំផ្ញើរដល់ពូកម៉ែបងប្អូន ប្រសិនបើមានរឿងអ្វីមួយដូចខ្លួនកុំបាក់ទឹកចិត្តត្រូវតែបន្តពុះពាររាល់ឧបសគ្គហើយគិតថាខ្លួនយើងអាចធ្វើវាបានហើយដាក់គោលដៅឲ្យបានច្បាស់លាស់នោះជីវិតយើងនឹងជោគជ័យហើយ៕

  • វិធីសាស្ត្រ​ចម្បង​ៗ​សម្រាប់​​ជំរុញ​ការ​ទិញ​ដូរ​របស់​ពលរដ្ឋ​​ដែល​អាជ្ញាធរ​ចិន​​កំពុង​អនុវត្តដើម្បី​សង្គោះ​សេដ្ឋ​កិច្ច​ក្រោយ​វិបត្តិ​ COVID-19

    វិធីសាស្ត្រ​ចម្បង​ៗ​សម្រាប់​​ជំរុញ​ការ​ទិញ​ដូរ​របស់​ពលរដ្ឋ​​ដែល​អាជ្ញាធរ​ចិន​​កំពុង​អនុវត្តដើម្បី​សង្គោះ​សេដ្ឋ​កិច្ច​ក្រោយ​វិបត្តិ​ COVID-19

    ដើម្បី​អាច​ជួយ​សង្គ្រោះ​សេដ្ឋ​កិច្ច​របស់​ខ្លួន​ ប្រទេស​ចិន​បាន​និង​កំពុង​ចែក​ជូន​ប័ណ្ណ​ទិញ​ទំនិញដល់​ពល​រដ្ឋ​​ បើក​បន្ថែម​ផ្សារ​​រាត្រី​និង​ហាង​ទំនិញ​អនុគ្រោះ​ពន្ធ​ ព្រម​ទាំង​អនុញ្ញាតឱ្យ​មាន​ការ​លក់​ទំនិញ​ចល័ត​ក្នុង​ក្រុង​ទៀត​ផង​។ល។

    កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ មនុស្ស​ម្នា​នាំ​គ្នា​ទៅ​កាន់​វិថី​ណានជីងខាងកើត (Nanjing Dong) ដែល​ជា​តំបន់​ទិញ​ដូរ​ដ៏​ធំ​មួយ​របស់​ទីក្រុង​សៀង​ហៃ​។ តូប​​លក់​​ទំនិញ​ប្រមាណ​ជា​20​ ត្រូវ​បាន​សង់ឡើង​នៅក្នុង​តំបន់​ក្បែរ​ផ្លូវ​ Nanjing Dong ដើម្បី​លក់​អាហារ​ ផ្កា និង​ទំនិញ​​ផ្សេង​ៗ​។ ស្ត្រី​វ័យ​25​ឆ្នាំ​ម្នាក់​បាន​អះអាង​ថា​ “​ប្រទេស​ចិន​បាន​យកឈ្នះ​លើ​ COVID-19ហើយ​។ ខ្ញុំ​បាន​ជាប់​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ ដូច្នេះ​ ព្រឹត្តិ​ការណ៍​បែប​នេះ​គឺពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ខ្លាំង​ណាស់​”។

    ព្រឹត្តិការណ៍​នៅ​តំបន់​ក្បែរ​ផ្លូវ​ Nanjing Dong នេះ​គ្រាន់​តែ​ជា​ផ្សារ​រាត្រី​មួយ​ក្នុង​ចំណោម​ផ្សារ​រាត្រី​ជា​ច្រើន​ដែល​ទីក្រុង​សៀង​ហៃ​បាន​ចាប់ផ្ដើម​បង្កើត​ឡើង​តាំង​ពី​ដើម​ខែ​មិថុនា​នេះ​។ អាជ្ញា​ធរ​ទីក្រុង​សហការ​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​លក់​រាយ​ និង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ទិញ​ដូរ​ទ្រង់​ទ្រាយ​ធំ​​ជា​បន្ត​បន្ទាប់​។ អាជ្ញាធរ​ទីក្រុង​សៀង​ហៃ​ក៏​បាន​លើក​ទឹក​ចិត្ត​​ឱ្យ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ អូស​បន្លាយ​ពេល​វេលា​នៃ​ការ​បើក​ទ្វារ​នៅ​ចុង​សប្ដាហ៍​ផងដែរ​។

    ផ្សារ​រាត្រី​មួយ​នៅ​ទីក្រុង​ សៀង​ហៃ​

    ទន្ទឹម​នឹង​ការ​បើកបន្ថែម​​ផ្សារ​រាត្រី​ សកម្ម​ភាព​ចែក​ប័ណ្ណ​ទិញ​ទំនិញ​បញ្ចុះ​តម្លៃ​ coupon និង​ប័ណ្ណ​ប្ដូរ​យក​​ទំនិញ​​ឬ​ទិញ​ទំនិញ​បញ្ចុះ​តម្លៃ​ voucher ក៏​ជា​ជម្រើស​ដ៏ពេញ​និយម​នៅ​តំបន់​ផ្សេង​ៗទៀត​របស់​ប្រទេស​ចិន​។ ទីក្រុង​សៀង​ហៃ​បាន​ចែក​ប័ណ្ណ​ coupon ដែល​មាន​តម្លៃ​សរុបឡើង​ដល់​​2​ពាន់​លាន​ដុល្លារ​អាមេរិក​ និង​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ Alibaba ដើម្បី​ចែក​ប័ណ្ណ​ voucher ដែល​មាន​តម្លៃ​សរុប​​​13​ពាន់​លាន​យន់​ (1.84​ពាន់​លាន​ដុល្លារ​អាមេរិក​) ចាប់​ពី​ខែ​​ឧសភាដល់​ខែ​មិថុនា​​2020។ ពលរដ្ឋ​ចិន​អាច​ប្រើ​ប្រាស់ប័ណ្ណ​ voucher ដើម្បី​ទិញ​ទំនិញ​នៅ​លើ​គេហ​ទំព័រ​នានា ផ្សារ​លក់​ទំនិញ​ចាបហួយ​ ផ្សារ​ទំនើប​ ភោជនីយដ្ឋាន និង​ទី​តាំង​ពាណិជ្ជ​កម្ម​ផ្សេង​ៗទៀត​។

    ដូចគ្នា​នេះ​ដែរ​ រដ្ឋ​ធានី​ប៉េកាំង​ ក៏​បាន​សម្រេច​ចិត្ត​ចែក​​ប័ណ្ណ​ voucher ដែល​មាន​តម្លៃ​12.3​ពាន់​លាន​យន់​ (1,742,000,000 ដុល្លារ​អាមេរិក​) ទៅ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ ដោយ​មាន​កិច្ច​សហការ​​ពីក្រុម​ហ៊ុន​លក់​រាយ​។ នៅ​ឯទីក្រុង​ Wuhan វិញ ក្រុម​ហ៊ុន​ Alibaba និង​ Tencent Holdings​ បាន​ផ្ដល់​ជំនួយជា​ប័ណ្ណ​ voucher ដែល​មាន​តម្លៃ​សរុប​​ 500​លាន​យន់​ (70,825,812​ដុល្លារ​អាមេរិក​) នៅ​ក្នុង​ចំណោម​ voucher ដែល​មាន​តម្លៃ​ 2.3​ពាន់លាន​យន់​ (325,798,739) ដែល​ទីក្រុង​នេះ​បាន​បោះ​ផ្សាយ​ចែក​ជូន​ពលរដ្ឋ​។

    ដើម្បី​ជំរុញ​ការ​ទិញ​ដូរ​ តំបន់​ខ្លះ​របស់​ប្រទេស​ចិន​ ក៏បាន​លុប​ចោល​បម្រាម​ដែល​ទាក់​ទង​នឹង​ការ​លក់​ទំនិញ​ចល័ត​។ កន្លង​មក​ រាប់​ចាប់​ពី​ឆ្នាំ​2000 សកម្ម​ភាព​លក់​ដូរ​ចល័ត​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អំពើ​ខុស​ច្បាប់​​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ ដោយ​មូលហេតុ​ថា ដើម្បី​សុខ​ភាព​សាធារណៈ​ និង​ដើម្បី​រួម​ចំណែក​ក្នុងការ​កែលម្អ​សោភ័ណ​ភាព​របស់​ទីក្រុង​។ ក្រុម​អ្នក​លក់​ទំនិញ​ចល័ត​ កោះ​ណោះ​ត្រូវ​ប្រឈម​នឹង​ដេញ​ចាប់​របស់​ក្រុម​ប៉ូលិស​ និង​សន្តិ​សុខ​។ល។

    យុវវ័យ​កំពុង​ដើរ​ឆ្លង​កាត់​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​មួយ​របស់​ Wangfujing

    ប៉ុន្តែ​ បច្ចុប្បន្ន តំបន់​ជា​ច្រើន​បាន​ផ្អាក​ ឬ​បន្ធូរ​បន្ថយ​បញ្ហា​ខាង​លើ​នេះ​ហើយ​ ដើម្បី​ជួយ​សង្គ្រោះ​បណ្ដា​ក្រុម​ហ៊ុន​ សហគ្រាស​ខ្នាត​តូច​។ នៅ​ទីក្រុងក្វាង​ចូវ (​Guangzhou) ទីលាន​នានា​ក្នុង​មជ្ឈម​ណ្ឌល​ពាណិជ្ជកម្ម​ និង​ចំណត​រថយន្ត​ កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជួល​ទៅ​ឱ្យ​ក្រុម​អ្នក​លក់​​ទំនិញ​ចល័ត​។

    ចំណែក​ការ​ពង្រីក​សកម្ម​ភាព​លក់​ទំនិញ​អនុគ្រោះ​ពន្ធ​ក៏​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​ដើម្បី​ជំរុញ​ការ​ទិញ​ដូរ​នៅ​ទីក្រុង​ប៉េកាំង​។ កាល​ពី​ថ្ងៃទី​10​មិថុនា​កន្លង​ទៅ​ Wangfujing Group ដែ​ល​ជា​ក្រុម​ហ៊ុន​លក់​រាយ​ធំ​ជាង​គេ​មួយនៅ​ប្រទេស​ចិន​ បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ទទួល​លិខិត​អនុញ្ញាត​ឱ្យ​លក់​ទំនិញ​អនុគ្រោះ​ពន្ធ​ពី​ក្រសួង​ហិរញ្ញ​វត្ថុ​រួច​ហើយ​។ នេះ​គឺ​ជា​លិខិត​អនុញ្ញាត​លើក​ទី​8​ ដែល​ក្រសួង​នេះ​បាន​ផ្ដល់​ឱ្យ​ក្រុម​ហ៊ុន​ផ្សេង​ៗ​ ហើយលើក​នេះ​គឺ​ដើម្បី​ជំរុញ​ការ​ទិញ​ដូរ​ក្រោយ​សម័យ​ COVID-19។

    Wangfujing Group គឺជា​ម្ចាស់​គ្រប់​គ្រង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប៉េកាំង​ដ៏ល្បី​ឈ្មោះនៅ​ក្នុង​រដ្ឋ​ធានី​របស់​ប្រទេស​ចិន​។ ក្រុម​ហ៊ុន​នេះ​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​តិច​54​នៅក្នុង​ទីក្រុង​ចំនួន​​33​របស់​ចិន​។

    អ្នក​វិភាគ​ Fan Junhao និង Xu Zhuonan មក​ពី​ក្រុម​ហ៊ុន​ China International Capital Corp (CICC) កាល​ពី​ថ្ងៃទី​10​មិថុនា​ បាន​ឱ្យ​ដឹង​ថា​ “ការ​ចាយ​វាយ​នឹង​ងើប​ឡើង​វិញ​ក្រោយ​ពី​គោល​នយោបាយ​បើក​ទូលាយ​សកម្ម​ភាព​លក់​ទំនិញ​អនុគ្រោះ​ពន្ធ​​នៅ​លើក​បណ្ដា​កោះ​ និង​នៅ​តាម​តំបន់​ទីក្រុង​”។

    លោក Li Keqiang​ នាយក​រដ្ឋ​មន្ត្រី​ចិន​ (រូប​ខាង​ស្ដាំ)

    កាល​ពី​ខែ​មេសា​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ក៏​បាន​ឱ្យ​ដឹង​ថា​ នឹង​កែ​លម្អ​គោល​នយោបាយ​ និង​ជួយ​បង្កើន​ចំនួន​ហាង​លក់​ទំនិញ​អនុគ្រោះ​ពន្ធ​នៅ​តាម​អាកាស​យាន​ដ្ឋាន​និង​នៅ​ទី​ក្រុង​​នានា​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ជំរុញ​ការ​ទិញ​ដូរ​។​ ថ្មី​ៗ​នេះ ទីក្រុង​ក្វាង​ចូវ​​ក៏​កំពុង​តែ​ដាក់​ពាក្យ​សុំ​បង្កើត​ហាង​ទំនិញ​អនុគ្រោះ​ពន្ធ​ជា​ច្រើន​ផងដែរ​។

    យោង​តាម​ SCMP ការ​បង្កើន​ចំនួន​​ផ្សារ​ និង​ហាង​លក់​ទំនិញ​អនុគ្រោះ​ពន្ធ​ក៏​នឹង​ជួយ​ឱ្យ​ទីក្រុង​ប៉េកាំង​ ឆ្លើយ​តប បាន​ល្អ​ទៅ​នឹង​ការ​សន្យា​បើក​ទ្វារ​សេដ្ឋ​កិច្ច​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​បរទេស​ នៅ​ក្នុង​ស្ថាន​ភាព​ដែល​ដៃគួ​ពាណិជ្ជ​កម្ម​ធំៗ​ កំពុង​តវ៉ា​អំពី​ភាព​អយុត្តិ​ធម៌​ដែល​អាជ្ញាធរ​ចិន​បាន​ធ្វើ​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​បរទេស​ដែល​កំពុង​រកស៊ី​នៅ​ប្រទេសនេះ​។

    ក្នុង​រយៈ​ពេល​4ខែ​ដើម​ឆ្នាំ​2020​ ចំណូល​បាន​មក​ពី​ការ​លក់​រាយ​នៅ​ប្រទេស​ចិន​ បាន​ថយ​ចុះ 16.2​% បើ​ធៀប​ជាមួយ​នឹង​អំឡុង​ពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ​2019​ ខណៈ​ដែល​ GDP បាន​ធ្លាក់​ចុះ​ 6.8​% នៅ​ក្នុង​ត្រី​មាស​ដំបូង​។ នៅក្នុង​របាយ​ការណ៍​​ស្ដី​អំពី​ការ​ងារ​របស់​រដ្ឋាភិបាល​នៅ​ចំពោះ​សភា​ជាតិ​កាល​ពី​ខែ​មុន​ នាយក​រដ្ឋ​មន្ត្រី​ចិន​ Li Keqiang បាន​អះអាង​ថា សកម្ម​ភាព​ជំរុញ​ការ​ទិញ​ដូរ​ក្នុង​ប្រទេស​នឹង​ជួយ​រក្សា​លំនឹង​សេដ្ឋ​កិច្ច​ និង​ជា​កម្លាំង​ជំរុញ​ចម្បង​សម្រាប់​ជួយ​ដល់​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​នេះ​៕

    ប្រភព​៖ SCMP/Nikkei

  • សំណួរសាកល្បងភាពឆ្លាតវៃលំដាប់ភ្នាក់ងារ FBI…ដើម្បីសាកល្បងសមត្ថភាពក្នុងការសង្កេតរបស់លោកអ្នក

    សំណួរសាកល្បងភាពឆ្លាតវៃលំដាប់ភ្នាក់ងារ FBI…ដើម្បីសាកល្បងសមត្ថភាពក្នុងការសង្កេតរបស់លោកអ្នក

    ភ្នាក់ងារ FBI របស់អាមេរិក គឺជាអាជីពមួយ ដែលពិបាកក្នុងការប្រឡងចូលទៅបម្រើការខ្លាំងបំផុតលើពិភពលោក តាមរយៈស្ថិតិដែលមានមិនដល់ 5%ផង របស់អ្នកចូលប្រឡង ដែលអាចឆ្លងផុតការសាកល្បង…។

    សំណួរសាកល្បងភាពឆ្លាតវៃលំដាប់ភ្នាក់ងារ FBI...ដើម្បីសាកល្បងសមត្ថភាពក្នុងការសង្កេតរបស់លោកអ្នកខាងក្រោមនេះ គឺជាសំណួរមួយ ដែលឡារ៉ែន បានចម្រាញ់យកមកសាកល្បងសមត្ថភាពក្នុងការសង្កេត និងប្រើហេតុផលរបស់មិត្តអ្នកអាន ថាតើលោកអ្នកអាចឆ្លងផុតសំណួរសាកល្បងក្នុងការប្រឡងចូលធ្វើជាភ្នាក់ងារ FBI បានដែរឬទេ?

    សំណួរ៖ ឃាតកររោគចិត្តដ៏ឃោរឃៅម្នាក់ ដែលចូលចិត្តចាប់ពង្រត់មនុស្សយកមកសម្លាប់ បានបង្ខំឱ្យ​ជន​រង​គ្រោះ​ជ្រើស​រើស​លេប​ថ្នាំ ​1គ្រាប់ ក្នុងចំណោមថ្នាំ 2គ្រាប់។ គេប្រាប់ថា 1គ្រាប់ ជាថ្នាំពុល(លេបទៅស្លាប់ភ្លាម) និង 1គ្រាប់ទៀត ជាថ្នាំធម្មតា(មិនពុល)។ រៀងរាល់លើក ឃាតករនឹងឱ្យជនរងគ្រោះជាអ្នកជ្រើសរើសយកថ្នាំមុនជានិច្ច បន្ទាប់ពីនោះគេនឹងលេបថ្នាំ ដែលជនរងគ្រោះមិនជ្រើសយកនោះ ហើយគេមិនដែលស្លាប់ឡើយ។

    សំណួរសួរថា តើហេតុអ្វីបានជារៀងរាល់លើក គេមិនលេបចំថ្នាំពុល?

    សំណួរសាកល្បងភាពឆ្លាតវៃលំដាប់ភ្នាក់ងារ FBI...ដើម្បីសាកល្បងសមត្ថភាពក្នុងការសង្កេតរបស់លោកអ្នក

    ចម្លើយ៖ ការពិតទៅ ថ្នាំទាំង 2គ្រាប់នោះ មិនមែនជាថ្នាំពុលទាំងអស់ តែទឹកនៅក្នុងកែវរបស់ជនរងគ្រោះទៅវិញទេ ដែលមានជាតិពុល ព្រោះគ្រប់ពេលដែលជនរងគ្រោះលេបថ្នាំ គឺត្រូវតែលេបជាមួយទឹកជាធម្មតា…ដូច្នេះប្រាកដណាស់ ជនរងគ្រោះនឹងស្លាប់ យ៉ាងមិនបាច់សង្ស័យឡើយ៕

    ប្រែសម្រួលពីឯកសារបរទេសដោយ ទិទីតំតាតូ