Category: សង្គម និងសេដ្ឋកិច្ច

  • គួរចាប់ផ្តើមបង្ហាត់កូនតូចឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯងនៅពេលណាល្អ?

    គួរចាប់ផ្តើមបង្ហាត់កូនតូចឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯងនៅពេលណាល្អ?

    តើគួរចាប់ផ្តើមបង្ហាត់កូនតូចឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯងនៅពេលណាល្អ? ឡារ៉ែនជឿថា លោកឪពុកអ្នកម្តាយជាច្រើននាក់ប្រហែលជាមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយទេថា បើចង់ឱ្យកូនតូចចាប់ផ្តើមរៀនប្រើប្រាស់បន្ទប់ទឹកដោយខ្លួនឯងនោះ តើគួរចាប់ផ្តើមនៅពេលកូនតូចស្ថិតក្នុងអំឡុងអាយុប៉ុន្មានទើបស័ក្តិសម?។

    តាមរយៈព័ត៌មានដែលឡារ៉ែនស្រាវជ្រាវមកបាននោះគឺ “ភាពត្រៀមខ្លួនរួចជាស្រេចរបស់ក្មេងម្នាក់ៗមិនដូចគ្នាទេ” ទោះជាក្មេងៗទាំងនោះមានភេទ និងស្ថិតក្នុងវ័យដូចគ្នាក៏ដោយ ក៏ភាពត្រៀមខ្លួនរួចជាស្រេច ខុសពីគ្នាដែរ។ បើដូច្នោះ តើធ្វើម៉េចទើបលោកឪពុកអ្នកម្តាយអាចដឹងបានទៅថា កូនតូចរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការរៀនបន្ទោបង់ហើយ?។

    ដំបូងបង្អស់លោកឪពុកអ្នកម្តាយត្រូវសង្កេតមើលថា តើកូនតូចមានបង្ហាញសញ្ញាក្នុងការត្រៀមខ្លួនរួចជាស្រេចហើយឬនៅ​? សញ្ញាដែលថានេះគឺ សញ្ញានៃការត្រៀមខ្លួនរួចហើយក្នុងការឈប់ប្រើក្រណាត់កន្ទប ឬខោទឹកនោម។ ជាប្រក្រតី ក្មេងៗភាគច្រើនអាចចាប់ផ្តើមរៀនចូលបន្ទប់ទឹកបានក្នុងអំឡុងអាយុពី 18 – 24 ខែ តែក្មេងខ្លះអាចមានសញ្ញានៃភាពត្រៀមខ្លួនរួចជាស្រេចនេះមុន ឬក្រោយអំឡុងអាយុខាងដើមនេះក៏អាចថាបានដែរ។

    តើមានសញ្ញានៃភាពត្រៀមខ្លួនរួចជាស្រេចអ្វីខ្លះដែលលោកឪពុកអ្នកម្តាយគួរដឹងថា មានសញ្ញាអ្វី និងយ៉ាងណាខ្លះនោះ សូមអានអត្ថបទនេះជាបន្ត។

    – កូនតូចអាចធ្វើតាម ឬប្រតិបត្តិខ្លួនតាមពាក្យណែនាំ និងអាចធ្វើតាមបញ្ជាស្រួលៗបាន និងនៅត្រូវយល់ដឹងថា ប៉ាម៉ាក់និយាយពីអ្វី ដូចជា ប្រាប់ឱ្យក្រោក អង្គុយ ដើរ ឈរ ដោះខោ ចាបយករបស់អ្វីម្យ៉ាងបានដោយខ្លួនឯង ជាដើម ។ល។

    – កូនតូចត្រូវតែយល់ពីពាក្យងាយៗស្រួលៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់បន្ទប់ទឹក ដូចជា នោម ឬជុះ ឬក៏ការបបួលគ្នាទៅចូលបន្ទប់ទឹកជាដើម។

    – កូនតូចអាចទ្រាំទប់អាការឈឺនោមបាន ដោយអាចសង្កេតបានតាមរយៈក្រណាត់កន្ទប ឬខោទឹកនោមដែលកូនស្លៀកនោះនៅស្ងួតរហូតរយៈពេល 2 ម៉ោង ឬយូរជាងនោះ។

    – កូនតូចត្រូវតែអាចប្រាប់ពីតម្រូវការឱ្យឪពុកម្តាយដឹង និងយល់បាន ដូចជា កូនអាចប្រាប់ថា ឈឺពោះបត់ជើងធំ ឬបត់ជើងតូចបាន ឬមានការធ្វើទឹកមុខ ឬសម្តែងអកប្បកិរិយាថាចង់ចូលបន្ទប់ជាដើម។

    – កូនតូចល្មមអាចជួយខ្លួនឯងបានហើយ ដូចជា អាចដើរទៅបន្ទប់ទឹកបានដោយខ្លួនឯង អាចចេះដោះ – ស្លៀកខោ ឬទាញក្រណាត់កន្ទប ឬខោទឹកនោមចេញពីខ្លួនបាន។

    – សញ្ញានៃភាពត្រៀមខ្លួនរួចហើយដែលកូនតូចបង្ហាញពីចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់បន្ទប់ទឹក ដូចជា កូនតូចអាចអង្គុយលើបង្គន់បត់ជើង – ក្រោកចេញវិញ ឬចុចទឹកសម្អាតបាន ឬការដែលឃើញកូនតូចព្យាយាមលេងធ្វើត្រាប់ការប្រើប្រាស់បន្ទប់ទឹកជាដើម។

    នៅពេលមើលឃើញសញ្ញានៃភាពត្រៀមខ្លួនរួចហើយទាំងនេះ លោកឪពុកអ្នកម្តាយអាចចាប់ផ្តើមបង្រៀនបានហើយ ដោយ បង្រៀនបែបសន្សឹមៗ កុំបង្ខំ។ ក្នុងអំឡុងពេលបង្ហាត់នេះ បើកូនតូចមិនព្រមប្រតិបត្តិតាម ក៏កុំទៅថាឱ្យ ឬបន្ទោសកូនដោយក្តីខឹងមួម៉ៅឱ្យសោះ និងអ្វីដែលសំខាន់នោះ គឺលោកឪពុកអ្នកម្តាយមិនគួរបង្ខំកូនឱ្យចូលបន្ទប់ទឹកដោយខ្លួនឯងនោះឡើយ៕

  • អ្នកដែលមានបញ្ហាភ្នែក Microsoft នឹងអាប់ឌែតមុខងារ Accessibility ជូនជាពិសេស

    អ្នកដែលមានបញ្ហាភ្នែក Microsoft នឹងអាប់ឌែតមុខងារ Accessibility ជូនជាពិសេស

    នៅលើ Windows 10 ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន Microsoft នឹងធ្វើ​ការកែសម្រួល​មុខងារ​មួយចំនួន ដើម្បី​ជា​ជំនួយ​ក្នុងការ​ប្រើប្រាស់។

    មូលហេតុ គឺ​បណ្ដាលមកពី ពេលដែល​មនុស្ស​យើង​កាន់តែ​មាន​វ័យ​ចំណាស់ ភ្នែក​របស់​យើង​ក៏​កាន់តែ​អន់​ទៅតាម​នោះដែរ ដែល​ធ្វើឱ្យ​យើង​ពិបាក​មើល ជាពិសេស​ពេលដែល​យើង​មើល​អេក្រង់​កុំព្យូទ័រ​តែម្ដង ជួនកាល​ផលវិបាក​នេះ ក៏​អាច​កើតមានឡើង​ជាមួយ​អ្នក​ដែលមាន​វ័យក្មេង​ផងដែរ។

    ការកែសម្រួល​មុខងារ​មួយចំនួន គឺ​ដើម្បីឱ្យ​អ្នក​ដែល​ពិបាក​ក្នុង​ការមើល ឬ​មើល​ពុំ​ឃើញ​នោះ ងាយស្រួល​ក្នុងការ​ប្រើប្រាស់។

    -Text Cursor: លោកអ្នក​អាចធ្វើ​ការផ្លាស់ប្ដូរ​ទំហំ

    -Cursor និង​ប្ដូរ​ពណ៌ ដើម្បី​ងាយស្រួល​ក្នុង​ការមើល ដោយ​វា​មាន​បន្ថែម​ចំណុច2 នៅចុងៗនៃ cursor ដែល​អាច​កំណត់ឱ្យ​វា​តូច ឬ​ធំ​បាន (text cursor indicator) នៅលើ​វា​ផងដែរ។

    -Screen reader (មុខងារ​អាន​លើ​អេក្រង់): ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុង​ការអាន​លើ​អេក្រង់ ដោយ​កែសម្រួល​សំឡេង​ឱ្យ​ស្រដៀង​ទៅនឹង​ការនិយាយពិត។

    ម្យ៉ាងវិញទៀត វា​មាន​ចំណុច​ពិសេស​មួយ គឺ Smarter browsing ដើម្បី​ចៀសវាង​ការចូល​ក្នុង​គេហទំព័រ​ខុស មុខងារ​នេះ​នឹង​អាន​ទាំង​អាសយដ្ឋាន​របស់​គេហទំព័​រ​ផងដែរ ហើយ​វា​អាច​ប្រើ​បាន​ទាំង​នៅលើ Firefox និង Chrome។

    -Outlook មែ​ល: វា​ពិតជា​ធ្វើឱ្យមាន​ភាពងាយស្រួល​ច្រើន​ក្នុងការ​ប្រើប្រាស់ Outlook ដោយ​វា​អាច​ចាប់យក​សារបាន​យ៉ាង​ឆាប់រហ័ស នៅពេល​លោកអ្នក​បើក​សារ ហើយ​វា​ធ្វើ​ការអាន​សារ​ទាំង​នោះបាន​តែម្តង ដោយ​មិនបាច់​ឱ្យ​យើង​ពិបាក​ក្នុង​ការអាន​សារ​នោះឡើយ គឺ​គ្រាន់តែ​ស្តាប់​ជាការ​ស្រេច៕

  • វិធីការពារ ពីការឆបោកតាមលេខខលទូរស័ព្ទពីក្រៅប្រទេស ដែលអ្នកពុំធ្លាប់ស្គាល់

    វិធីការពារ ពីការឆបោកតាមលេខខលទូរស័ព្ទពីក្រៅប្រទេស ដែលអ្នកពុំធ្លាប់ស្គាល់

    បច្ចុប្បន្ន​យើង​សង្កេតឃើញថា ពលរដ្ឋ​កម្ពុជា​មួយចំនួនធំ បានទទួល​ការហៅ​ចូល​ទូរស័ព្ទ ពី​ក្រៅប្រទេស ដូចជា ប្រទេស​ម៉ាឡាវី អាហ្វ្រិក នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន ឬ ប្រទេស​រុស្ស៊ី​ជាដើម។

    ទន្ទឹមនឹងនេះ ពលរដ្ឋ​ហាក់​មាន​ចម្ងល់​អំពី​បញ្ហា Missed Call និង​មាន​សំណួរ​មួយចំនួន ដូចខាងក្រោម៖ តើន​រណា​ដែល​បានធ្វើការ​ខ​ល​ចូល​លេខ​ទូរស័ព្ទដៃ​របស់​យើង? តើ​អ្នក​ដែល​កំពុងធ្វើការ​ហៅចូល​មកនេះ ពួកគេ​មានបំណង​អ្វី​ពិតប្រាកដ? តើ​ការ​ហៅចូល​ទូរស័ព្ទ​នេះ ជាការ​ឆបោក ឬ​អាចជា​ការព្យាយាម​ហ៊ែ​ក​គណនី?

    ដើម្បី​ស្រាយ​ចម្ងល់​ខាងលើ ក្រុមការងារ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បានធ្វើ​ការពន្យល់​ដោយ​សង្ខេប​ដូចខាងក្រោម៖

    ការ​ហៅចូល​ទូរស័ព្ទ​ដោយ​ប្រើប្រាស់​លេខប្លែកៗ ដែល​អ្នក​ពុំដែល​ស្គាល់ គឺជា​គម្រោង​ឆបោក​ប្រាក់ (Money Scam) ដែលមាន​ឈ្មោះថា “Callback Scam ឬ​ហៅ​ម្យ៉ាង​ទៀតថា One-Ring Scam”។

    Callback Scam ជា​បច្ចេកទេស​កាត់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ ដោយ​ប្រើប្រាស់​សេវា ដែល​ហៅថា International Premium Rate Number (IPRN)។

    ក្រុម​បណ្តាញ​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង បាន​ទិញ​សេវា​លេខ​ទូរស័ព្ទ IPRN ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ ធ្វើការ​ខ​ល​ចេញពី​ក្រៅប្រទេស ទៅលើ​គោលដៅ​នានា​ជុំវិញ​ពិភពលោក គោលដៅ​ទាំងនោះ ក៏​រួមទាំង​ពលរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែរ។

    តើ​អ្នក​អាច​បាត់បង់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ដោយ​របៀប​ណា? ឧក្រិដ្ឋជន​ធ្វើការ​ខ​ល​ចូល​លេខ​ទូរស័ព្ទ​ជនរងគ្រោះ ពី​ប្រទេស​ម៉ាឡាវី (+265) អាហ្វ្រិក (+27) នី​ហ្សេ​រី​យ៉ា (+234) ប៉ា​គី​ស្ថាន (+92) ឬ​ប្រទេស​រុស្ស៊ី (+7) ជាដើម។ បន្ទាប់ពី​ខ​ល​ចូល ពួកគេ​នឹង​កាត់ផ្តាច់​ការហៅ​ចូល ដែល​នឹង​បង្ហាញ​ពាក្យ​ថា Missed Call នៅលើ​ទូរស័ព្ទ​ជនរងគ្រោះ។ នៅពេល​ជនរងគ្រោះ​ធ្វើការ​ខ​ល​ទូរស័ព្ទ​ទៅវិញ តម្លៃ​សេវា គឺមាន​តម្លៃ​ថ្លៃ និង​កាត់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ​ដោយ​ស្វ័យប្រវត្តិ។ ក្រុម​ឧក្រិដ្ឋជន នឹង​ទទួលបាន​ប្រាក់​កម្រៃជើងសា (Commission) ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ។

    តើ​អ្នក​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ការពារ​ពី​ការ​ឆបោក (Callback ឬ One-Ring Scam) នៅពេល​ទទួល​បានការ​ហៅចូល​ទូរស័ព្ទ​ពី​ក្រៅប្រទេស ប្រើប្រាស់​នូវ​លេខ​ទូរស័ព្ទ​ដែល​អ្នក​ពុំ​ធ្លាប់​ស្គាល់?

    *សូមតាមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

    -ធ្វើការ Save លេខ​ទូរស័ព្ទ​ទុក​នឹង​ព្យាយាម​ទាក់ទង​តាមរយ:កម្មវិធី WhatsApp, Telegram, ឬ SMS។

    -ត្រូវ​ចៀសវាង​កា​រខ​ល​ទូរស័ព្ទ​ត្រឡប់​ទៅវិញ ព្រោះ​លេខ​នោះ​អាចជា IPRN។

    ចូរ​ប្រើប្រាស់​កម្មវិធី​សម្រាប់​ទូរស័ព្ទដៃ​ក្នុងការ​ស្វែងរក​ប្រភព​លេខ​ទូរស័ព្ទ ដូចជា​កម្មវិធី TrueCaller ជាដើម។ ធ្វើការ​រាយការណ៍​ទៅកាន់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​របស់​អ្នក។ ធ្វើការ Block លេខ​ទូរស័ព្ទ​សង្ស័យ​ចោល ដោយ​ប្រើប្រាស់​កម្មវិធី​ដែលមាន​ស្រាប់​ក្នុង​ទូរស័ព្ទដៃ​របស់​អ្នក៕

    ប្រភព៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ

  • លទ្ធផលវគ្គ 8ក្រុមចុងក្រោយ HUN SEN CUP 2020

    លទ្ធផលវគ្គ 8ក្រុមចុងក្រោយ HUN SEN CUP 2020

    ការចាប់គូប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី14 ឆ្នាំ2020 (ថ្នាក់ខេត្ត) វគ្គ1/4 ផ្តាច់ព្រ័ត្រ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា ទើបតែបញ្ចប់កាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2020 ម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

    សម្រាប់ការផ្គូផ្គងក្រុមដែលនឹងបានឡើងទៅវគ្គ 8ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដែលនៅខាងមុខ ដែលត្រូវបានចាប់ឆ្នោតចំ មុននឹងធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមដែលចាប់តាមក្រោយ គឺជាក្រុមភ្ញៀវ មានលទ្ធផលដូចខាងក្រោម៖

    សៀមរាប ប្រកួតជាមួយ កណ្ដាល
    ព្រៃវែង ប្រកួតជាមួយ កោះកុង
    កំពង់ស្ពឺ ប្រកួតជាមួយ ត្បូងឃ្មុំ
    កែប ប្រកួតជាមួយ កំពង់ឆ្នាំង

    ចំពោះពានរង្វាន់ថ្នាក់ខេត្តនេះ ក្រុមជើងឯក, ជើងឯករង, លេខ៣ និងលេខ៤ នឹងទទួលបានកៅអីទៅវគ្គ 16ក្រុម ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដោយត្រូវប្រកួតប្រជែងជាមួយក្លិប12 ផ្សេងទៀតនៅក្របខ័ណ្ឌ Metfone Cambodian League លើកលែងតែក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលមិនចូលរួមប្រកួតក្នុងពានរង្វាន់នេះឡើយ៕

  • វៀតណាម ត្រៀមខ្លួនជាម្ចាស់ផ្ទះវគ្គចែកពូល SUZUKI CUP 2020

    វៀតណាម ត្រៀមខ្លួនជាម្ចាស់ផ្ទះវគ្គចែកពូល SUZUKI CUP 2020

    គិតមកទល់នឹងពេលនេះ កាលបរិច្ឆេទនៃការចាប់ឆ្នោតការប្រកួតពានរង្វាន់ AFF SUZUKI CUP 2020 ត្រូវបានពន្យារពេល ក្រោយប្រទេសថៃជាម្ចាស់ផ្ទះ ដែលគ្រោងប្រារព្ធពិធីចាប់ពូលនេះ កំពុងស្ថិតនៅក្នុងសភាវបិទប្រទេស។

    កាលបរិច្ឆេទនៃការចាប់ឆ្នោតថ្មីនេះ ត្រូវបានគេកំណត់យកខែកក្កដាខាងមុខនេះ ដោយត្រូវប្រជុំគ្នា ជ្រើសរើសប្រទេសដែលជាម្ចាស់ផ្ទះក្នុងការចាប់ពូលសាជាថ្មី ដោយក្នុងនោះវៀតណាម បានបង្ហាញជំហរក្នុងការរៀបចំនេះ ខណៈដែលប្រទេសនេះមានការធូរស្បើយស្ទើរតែ 100ភាគរយ ទៅលើស្ថានភាពកូវីដ-19។

    គួររំឭកដែរថា កាលពីឆ្នាំ2018 កន្លងទៅ វៀតណាម គឺជាម្ចាស់ពានរង្វាន់នេះ ក្រោយយកឈ្នះក្រុមម៉ាឡេស៊ី ដោយលទ្ធផល 1ទល់នឹង0 នៅជើងទី2 ក្រោយជើងទី1 ស្មើគ្នា 2ទល់នឹង2៕

  • ផ្នត់គំនិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្លាស់ប្តូរជីវិត

    ផ្នត់គំនិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្លាស់ប្តូរជីវិត

    នៅក្នុង​ការរស់នៅ​រប​ស់មនុស្ស​យើងម្នាក់ៗ យើង​ចាំបាច់​ត្រូវតែមាន​ការអភិវឌ្ឍ​ជាប់​ជាប្រចាំ តែ​ពេលខ្លះ​មនុស្ស​ដែល​តែងតែ​ខិតខំ​រៀនសូត្រ​មិន​ប្រាកដថា​ទទួលជោគជ័យ​ក្នុង​ជីវិត​នោះទេ។ បញ្ហា​នេះ​បណ្តាលមកពី​ពួកគេ​មាន​ផ្នត់គំនិត (paradigm) មិន​ត្រឹមត្រូវ។

    លោក Steven Covey អ្នកនិពន្ធ​សៀវភៅ​ទម្លាប់​ល្អ​ទាំង7យ៉ាង​សម្រាប់​បុគ្គល​មាន​ប្រសិទ្ធភាព​ខ្ពស់ បាន​លើកឡើងថា ចំណុច​ដែល​កំណត់​វាសនា​របស់​មនុស្ស​សំខាន់បំផុត​គឺ​ផ្នត់គំនិត ព្រោះ​វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​ដែល​នាំឱ្យមាន​សកម្មភាព​កើតឡើង។ មនុស្ស​រីកចម្រើន ឬ​មិន​រីកចម្រើន​គឺ​អាស្រ័យ​លើ​ផ្នត់គំនិត​នេះឯង ប្រសិនបើ​ផ្នត់គំនិត​មិនល្អ មានន័យថា​គាត់​ចាប់ផ្តើម​ពី​ចំណុច​មិនល្អ ហើយ​បង្កើត​សកម្មភាព​មិនល្អ​ដែល​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​មិន​រីកចម្រើន។

    អ្នកជំនាញ​អភិវឌ្ឍ​មនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា ចំនុច​សំខាន់​ក្នុងការ​អភិវឌ្ឍ​ផ្នត់គំនិត​ឱ្យបាន​ត្រឹមត្រូវ​គឺ​បណ្តុះ​ភាពជា​ម្ចាស់ការ (proactive) មានន័យថា​យើង​ត្រូវតែ​ជាម​នុស្ស​ដែល​ចេះ​មើល​លើ​គ្រប់​រឿងរ៉ាវ​ក្នុង​ជីវិត​ឱ្យបាន​ច្បាស់លាស់ មិនមែន​ធ្វើតាម​អារម្មណ៍​នោះទេ។ ហើយ​បន្ថែម​ពីលើ​នេះ​ទៀត យើង​ត្រូវតែ​ជា​មនុស្ស​ឯករាជ្យ ដែលមាន​គំនិត​ស៊ីជម្រៅ​ពី​ខាងក្នុង មិនឆាប់​ខឹង ឆាប់​ជឿ ឬ​ឆាប់​ប្រតិកម្ម​តប​ទៅនឹង​រឿងរ៉ាវ​ណាមួយ​ដែល​កើតឡើង​ចំពោះមុខ។ ភាគច្រើន​មនុស្ស​ដែលមាន​ផ្នត់គំនិត​ស៊ីជម្រៅ គេ​តែង​ប្រមូល​ហេតុផល​ឱ្យបាន​ច្បាស់លាស់​បំផុត​មុននឹង​សម្រេចចិត្ត ឬ​បញ្ចេញ​សកម្មភាព​ណាមួយ​ក្នុង​ជីវិត៕

  • សូមណែនាំ Facebook Shops៖ កម្មវិធីសម្រាប់ជួយអាជីវកម្មខ្នាតតូច លក់ទំនិញ តាមអនឡាញ

    សូមណែនាំ Facebook Shops៖ កម្មវិធីសម្រាប់ជួយអាជីវកម្មខ្នាតតូច លក់ទំនិញ តាមអនឡាញ

    ក្រុមហ៊ុន​Facebook បានប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ (ទី15  ខែមិថុនា) ថា ខ្លួន​បាន​បើក​ដំណើរការ​កម្មវិធី Facebook Shops នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ឱ្យ​អាជីវករ​ទាំងឡាយ អាចបង្កើត​ហាង​លក់ទំនិញ​តាម​អន​ឡាញ​របស់ខ្លួន​បាន​កាន់តែ​ងាយស្រួល​ឡើង ក្នុង​គោលដៅ​ជួយ​ឱ្យ​អតិថិជន​របស់​ពួកគាត់ អាច​ចូល​ទិញ​ទំនិញ​បាន ទាំង​នៅលើ Facebook និង Instagram។ អាជីវករ​អាចបង្កើត Facebook Shop របស់​ពួកគាត់​បាន​យ៉ាង​ងាយស្រួល និង​ឥតគិតថ្លៃ។

    អាជីវករ​អាច​ជ្រើសរើស​ផលិតផល​ដែល​ពួកគាត់​ចង់​ដាក់លក់ ហើយ​បន្ទាប់មក​ពួកគាត់​អាច​តុបតែង​រូបរាង​ហាង​របស់គាត់​បាន ដោយ​ដាក់​ក្រប​រូបភាព និង​ពណ៌ ដែល​បញ្ជាក់​អំពី​ម៉ាក​យីហោ​របស់​ពួកគេ។

    ឥឡូវនេះ នៅ​ទូទាំង​ពិភពលោក អាជីវកម្ម​ខ្នាតតូច​ជាច្រើន​កំពុង​ជួប​ការលំបាក ប៉ុន្តែខណៈដែលហាងជាច្រើនបានបិទទ្វារ គេ​ក៏​ឃើញ​មាន​អាជីវកម្ម​កាន់តែ​ច្រើនឡើង បាន​ងាក​មក​ប្រតិបត្តិការ​តាម​អន​ឡាញ​វិញ។  កម្មវិធី Facebook Shops មាន​គោលបំណង​ធ្វើឱ្យ​ការទិញ​ទំនិញ​កាន់តែ​ប្រសើ​ឡើង ព្រមទាំង​ផ្ដល់ឱកាស​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់រូប ចាប់ពី​អាជីវកម្ម​ខ្នាតតូច រហូតដល់ អាជីវកម្មល្បីៗលំដាប់​ពិភពលោក ដើម្បី​ប្រើប្រាស់​កម្មវិធី Facebook  ក្នុងគោលដៅភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។

    ហេតុនេះហើយ បានជា​ក្រុមហ៊ុន Facebook សម្រេច​បើក​ដំណើរការ កម្មវិធី Facebook Shops ហើយ​ខិតខំ​បញ្ចូល​មុខងារល្អៗជាច្រើន ទៅក្នុង​កម្មវិធីផ្សេងៗរបស់ខ្លួន ក្នុងន័យ​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់ ទិញ​ទំនិញ ក៏ដូចជា​ជួយ​ធ្វើឱ្យ​ការលក់ដូរ​ទំនិញ​តាម​អន​ឡាញ មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ឡើង។

    ឥឡូវនេះ ប្រជាពលរដ្ឋ​កម្ពុជា​អាច​ស្វែងរក Facebook Shops នៅលើ​ទំព័រ ‘Facebook Page’ ឬ ទំព័រ ‘Instagram’ របស់​ហាង​ណាមួយ​ក៏បាន ឬ ស្វែងរក​តាមរយៈ story ឬ​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ហាង​នោះ។ នៅលើ​ទំព័រ​របស់​ហាង​នោះ អ្នកប្រើប្រាស់​អាច​មើលត្រួសៗនូវ​មុខទំនិញ​ទាំងអស់ អាច​រក្សាទុក​ផលិតផល​ដែល​ពួកគេ​ចាប់អារម្មណ៍ និង​ធ្វើ​ការបញ្ជាទិញ នៅលើ​គេហទំព័រ​របស់​ហាង​នោះ​តែម្ដង។

    នៅក្នុង Facebook Shops  ការសាកសួរ​ព័ត៌មាន អំពី​ផលិតផល​របស់​ហាង​អន​ឡាញ គឺ​ដូចគ្នា​ទៅនឹង​ការសាកសួរ​នៅតាម​ហាង​តាមផ្លូវ​ធម្មតា​ដែរ។ គឺ​គេ​អាច​ផ្ញើ​សារ​ទៅកាន់​ហាង​នោះ តាមរយៈ កម្មវិធី WhatsApp កម្មវិធី Messenger ឬ​កម្មវិធី Instagram Direct ដើម្បី​សួរ​សំណួរ សុំ​ជំនួយ ឆែក​មើល​ការដឹកជញ្ជូន​ទំនិញ​ដែល​បាន​ទិញ និង​ព័ត៌មាន​ជាច្រើន​ទៀត។ ហើយ​នៅពេល​អនាគត ពួកគេ​នឹង​អាច​ត្រួតពិនិត្យ ហាង​អាជីវកម្ម និង​ទិញ​ទំនិញ​បាន​ដោយផ្ទាល់​តែម្ដង តាមរយៈ​កម្មវិធី WhatsApp កម្មវិធី Messenger ឬ​កម្មវិធី Instagram Direct។

    ក្រុមហ៊ុន Facebook ក៏​កំពុង​ខិតខំ​បញ្ចូល​មុខងារល្អៗ ទៅក្នុង​កម្មវិធីផ្សេងៗរបស់ខ្លួន ដូចជា កម្មវិធី Instagram Shop កម្មវិធី​ទិញ​ទំនិញ​តាម​វីដេអូ​ផ្សាយ​ផ្ទាល់ និង​កម្មវិធីផ្សេងៗទៀត។ មុខងារ​ទាំងនេះ នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង Facebook Shops ដើម្បី​ជួយ​ឱ្យ​អតិថិជន​អាច​ស្វែងរក​ផលិតផល​ដែល​ពួកគេ​ចាប់អារម្មណ៍ និង​ធ្វើឱ្យ​ការទិញ​ទំនិញ កាន់តែ​ងាយស្រួល និង​កាន់​តែមាន​សុវត្ថិភាព។ លោកអ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​គោលការណ៍​របស់ Shops ស្ដីពី​ការការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក នៅទីនេះ

    ការ​ឡាយ​វីដេអូ​តាម Facebook កំពុង​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដោយ​ហាង​ខ្លះ​ឡាយ​លក់​ស្បែកជើងបាតាថ្មីៗ ហើយ​តារា​ហ្វេ​ស​ប៊ុ​ក​ខ្លះ ក៏​ឡាយ​វីដេអូ​សាក​ប្រើ​ក្រែ​ម​លាប​មាត់ថ្មីៗផងដែរ។

    ឥលូវ​នេះ គឺ​កាន់តែ​ងាយស្រួល​ក្នុង​ការទិញ​ទំនិញភ្លាមៗ ហើយ​ហាង និង​អ្នក​ផលិត​ផលិតផល​ទាំងឡាយ ក៏​នឹង​អាច​tagផលិតផល​របស់​ពួកគេ​ពី Facebook Shop ឫ កាតាឡុក​របស់​ពួកគេ​បាន​ផងដែរ មុននឹង​ឡាយ​វីដេអូ។ ហើយ​ផលិតផល​ទាំងនោះ នឹងមាន​បង្ហាញ​នៅ​ផ្នែក​ខាងក្រោម​នៃ​អេក្រង់ ដូច្នេះ​អតិថិជន​អាច​ចុច ចូល​មើល​បាន​យ៉ាង​ងាយស្រួល ដើម្បី​ស្វែងយល់​បន្ថែម និង​អាច​ទិញ​បាន។

    ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួន​កំពុង​ចាប់ផ្តើម​សាកល្បង​ធ្វើតេស្ដ​កម្មវិធី​នេះ ជាមួយ​អាជីវកម្ម​នានា​លើ Facebook និង Instagram ហើយ​ក្រុមហ៊ុន​នឹង​បើក​ដំណើរការ​កម្មវិធី​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ។

    យើង​ក៏​កំពុង​ធ្វើតេស្ដ​សាកល្បង​ប្រើ​មធ្យោបាយផ្សេងៗ ដើម្បី​ជួយ​ឱ្យ​អ្នកប្រើប្រាស់​កាន់តែ​ងាយស្រួល ក្នុងការ​សន្សំ​ពិន្ទុ​ជាមួយ​ហាង​ដែល​ពួកគេ​ចូលចិត្ត ដោយ​យើង​បើក​លទ្ធភាព​ឱ្យ​អ្នកប្រើប្រាស់ អាច​ភ្ជាប់​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ ជាមួយនឹង​កម្មវិធី​សន្សំ​ពិន្ទុផ្សេងៗ ដូចជា​កម្មវិធី​សន្សំ​ពិន្ទុ​នៅតាម​ហាង​កាហ្វេ​ជាដើម។ អ្នក​ក៏​នឹង​អាច​មើលឃើញ និង​តាមដាន​ពិន្ទុ និង​រង្វាន់​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​ផងដែរ។ ហើយ​យើង​កំពុង​ស្វែងរក​មធ្យោបាយថ្មីៗ ដើម្បី​ជួយ​អាជីវកម្ម​ខ្នាតតូច ឱ្យ​បង្កើត គ្រប់គ្រង និង​ដាក់​បង្ហាញ​កម្មវិធី​លើទឹក​ចិត្ត​អតិថិជន​របស់​ពួកគេ នៅលើ​កម្មវិធី Facebook Shops ផងដែរ។

    ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួន​សង្ឃឹមថា មធ្យោបាយ​ទាំងនេះ​អាចជួយ​សម្រាល​បាន​ខ្លះ នូវ​បន្ទុក​របស់​អាជីវករ​កម្ពុជា​ខ្នាតតូច​មួយចំនួន ក៏ដូចជា​ជួយ​អាជីវក​រទាំង​តូច​ទាំង​ធំ ឱ្យមាន​លទ្ធភាព​ត្រៀមខ្លួន​សម្រាប់​ពេលអនាគត​ផងដែរ។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់៖ https://www.facebook.com/business/shops  និង https://www.facebook.com/business/help/2343035149322466?id=1077620002609475

  • ម្ចាស់​បណ្ដាញ​លក់​រាយ​សម្លៀក​បំពាក់ Zara ចំណាយ​ 1.1ពាន់​លាន​ដុល្លារ​​ បើក​ហាង​អនឡាញ

    ម្ចាស់​បណ្ដាញ​លក់​រាយ​សម្លៀក​បំពាក់ Zara ចំណាយ​ 1.1ពាន់​លាន​ដុល្លារ​​ បើក​ហាង​អនឡាញ

    Inditex ដែល​ក្រុម​ហ៊ុន​លក់​រាយ​សម្លៀក​បំពាក់​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ កំពុង​តែ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់ដំណើរ​ការ​​​ហាង​អនឡាញ​ ទន្ទឹម​នឹង​ការ​បើក​ហាង​លំដាប់​ខ្ពស់ដែល​លក់​ផ្ទាល់​​ បើ​ទោះ​ជា​រកស៊ី​ខាត​ដោយ​សារ​ COVID-19។

    កាល​ពី​សប្ដាហ៍​មុន​ ម្ចាស់​របស់​បណ្ដាញ​លក់​រាយសម្លៀក​បំពាក់​ Zara​ បាន​ឱ្យ​ដឹង​ថា នឹង​វិនិយោគ​ប្រមាណ​ជា​3​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​3​ឆ្នាំ​​ទៅ​មុខ​ដើម្បី​បង្កើត​ហាង​អនឡាញ​ និង​ហាង​លំដាប់​ខ្ពស់សម្រាប់​លក់​ផ្ទាល់​​។ ក្នុង​នោះ​ 1.1​ពាន់​លាន​ដុល្លារ​ប្រើ​សម្រាប់​ដំណើរ​ការ​តាម​បច្ចេក​វិទ្យាព័ត៌មាន​​។ ក្រុម​ហ៊ុន​អេស្ប៉ាញ​នេះ​ ក៏មាន​គម្រោង​​បិទ​ហាង​ចំនួន​ 1,200​ នៅ​ក្នុង​ឆ្នាំ​នេះ​ និង​ឆ្នាំ​ក្រោយ​ ដើម្បី​អាច​បើក​ហាងលក់​ផ្ទាល់​​​លំដាប់​ខ្ពស់​ចំនួន​450​កន្លែង​បន្ថែម​ទៀត​។

    “ហាង​ថ្មី​ទាំង​នោះ​នឹង​មាន​តួនាទី​សំខាន់​ក្នុងការ​លក់​តាម​អនឡាញ​ ព្រោះ​ថា ឌីជីថល់​​អាច​ទាក់ទាញ​អតិថិ​ជន​​ពី​គ្រប់​ទិស​ទី​ក្នុង​សកល​លោក​” នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ Inditex។

    នៅក្នុង​បទ​បង្ហាញ​មួយ​នៅ​លើ​គេហទំព័រ​ផ្ទៃ​ក្នុង Inditex បាន​បង្ហាញ​ថា Barcelona, Edinburgh, Riyadh, Beijing និង Bogota​ គឺជា​ទីក្រុង​ដែល​សម​ស្រប​សម្រាប់បើក​ហាង​ដែល​មាន​​ឈ្មោះ​ល្បី​​ និង​ខុស​ប្លែក​ពី​គេឯង​។

    COVID-19 បាន​កែ​ប្រែ​និន្នាការ​នៃ​ការ​ទិញ​ដូរ​​របស់​អតិថិ​ជន​ និង​បាន​ជះឥទ្ធិ​ពល​អាក្រក់​យ៉ាង​ខ្លាំង​ក្លា​ដល់​វិស័យ​ឧស្សាហ​កម្ម​លក់​រាយ​ និង​បាន​ធ្វើ​ឱ្យ​បណ្ដាញ​លក់​រាយ​ធំ​ៗ​ជា​ច្រើន​ជួប​វិបត្តិ​។ ក្រុម​ហ៊ុន Inditex បានឱ្យ​ដឹង​ថា ចំណូល​បាន​មក​ពី​ការ​លក់​តាម​អនឡាញ​ក្នុង​ខែ​មេសា​បាន​កើន​ឡើង​95​% បើ​ធៀប​ជា​មួយ​នឹង​​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​2019។

    ក្រុម​ហ៊ុន​លក់​រាយ និង​​ក្រុម​ហ៊ុន​លក់​ផលិត​ផល​ “ប្រែនៗ” ជាច្រើន​ សុទ្ធ​តែ​កំពុង​ “រត់​ប្រណាំង​” ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​​និន្នាការ​ថ្មី​យូរ​អង្វែង​នៃ​ការ​ទិញ​ដូរ​។ យោង​តាម​របាយការណ៍​ដែល​ត្រូវ​បាន​ប្រកាស​​កាល​ពី​សប្ដាហ៍​មុន​ដោយ​ Corestght Research បាន​ឱ្យ​ដឹង​ថា​ ហាង​លក់​រាយ​ផ្ទាល់​ចំនួន​ 25,000​កន្លែង​នៅ​សហរដ្ឋ​អាមេរិក​ មាន​គម្រោង​បិទ​ទ្វារ​ជា​រៀង​រហូត​​នៅក្នុង​ឆ្នាំ​2020​នេះ​។

    ម្ចាស់​បណ្ដាញ​លក់​រាយ​សម្លៀក​បំពាក់ Zara ចំណាយ​ 1.1ពាន់​លាន​ដុល្លារ​​ បើក​ហាង​អនឡាញ
    ម្ចាស់​បណ្ដាញ​លក់​រាយ​សម្លៀក​បំពាក់ Zara ចំណាយ​ 1.1ពាន់​លាន​ដុល្លារ​​ បើក​ហាង​អនឡាញ

    ក្រុម​ហ៊ុន​ Inditex សង្ឃឹម​ថា ចំណូល​បាន​មក​ពី​ការ​លក់​តាម​អនឡាញ​នឹង​ឡើង​ដល់​25​%នៃ​ចំណូល​សរុប​នា​ឆ្នាំ​2022 ពោល​គឺ​កើន​ពី​14​%​ នៃ​​ឆ្នាំ​2019។ Inditex ឱ្យ​ដឹង​ដែរ​ថា ក្រុម​ហ៊ុន​នេះ​នឹង​វិនិយោគ​ទៅ​លើ​ថ្នាលបច្ចេក​វិទ្យា​ទំនើប​ដើម្បី​អភិវឌ្ឍ​ផ្នែក​ទន់​ (software) ប្រកប​ដោយ​​ភាព​បត់​បែន​ និង​ប្រមូល​ទិន្ន​ន័យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ជាងបច្ចុប្បន្ន​​។

    Sophie Lund-Yates ដែល​ជា​អ្នក​វិភាគ​ប្រចាំ​ក្រុម​ហ៊ុន​ផ្ដល់​សេវាកម្មហិរញ្ញ​វត្ថុ​ Hargreaves Lansdown ថ្លែង​ថា ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ហាង​លក់​ផ្ទាល់​ជាមួយ​នឹង​ហាង​លក់​អនឡាញ​នឹង​កែ​លម្អ​ខ្សែ​​ចង្វាក់​​ផ្គត់ផ្គង់​​របស់​ Inditex។ ប្រការ​នេះ​ក៏​នឹង​ជួយ​ឱ្យ​ពួកគេ​អាច​ប្រតិកម្ម​បាន​ឆាប់​រហ័ស​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​មិន​ឈប់​ឈរ​​នៃ​វិស័យ​សម្លៀក​បំពាក់​។

    គិត​ត្រឹម​ខែ​មេសា​2020 ក្រុម​ហ៊ុន​ Inditex បាន​ខាត​បង់​ចំនួន​ 464.8​លាន​ដុល្លារ​ ដោយ​ប្រាក់​ចំណូល​ត្រូវ​ថយ​ចុះ​ 834.2​លាន​ដុល្លារ​បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​នៃ​​ឆ្នាំ​2019​។ ប្រាក់​ចំណូល​ថយ​ចុះ​44% មក​នៅ​ត្រឹម​ 3.8​ពាន់​លាន​ដុល្លារ​។ ចាប់​ពី​ថ្ងៃទី​2ដល់​ទី​8​ ខែ​មិថុនា​ ឆ្នាំ2020 ប្រាក់​ចំណូល​របស់​ Inditex បាន​ថយ​ចុះ​ប្រហាក់​ប្រហែល​នឹង​34​%​ បើ​ធៀប​នឹង​មុន​នោះ​1​ថ្ងៃ​។

    មហា​រោគ​រាត​ត្បាត​ COVID-19 បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​លក់​រាយ​សម្លៀក​បំពាក់​​​នៅ​ទូទាំង​សកល​លោក​។ នៅ​សហរដ្ឋ​អាមេរិក​ បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា JCPenney, Neiman Marcus និង J.Crew ជា​ដើម​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ក្ស័យ​ធន​ ខណៈ​ដែល Gap Inc. (GPS) ទើប​តែ​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ខ្ទង់​ខាត​បង់​ដ៏​ធំ​មិន​ធ្លាប់​មាន​របស់​ខ្លួន គឺ​ប្រមាណ​ជា​ 932​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី​1​ ឆ្នាំ​2020​៕

    ប្រភព៖ CNN

  • តើផ្លែប៉ោមមានប្រយោជន៍ចំពោះកូនតូចយ៉ាងណាខ្លះ?

    តើផ្លែប៉ោមមានប្រយោជន៍ចំពោះកូនតូចយ៉ាងណាខ្លះ?

    ផ្លែប៉ោមមានគុណសម្បត្តិក្នុងការព្យាបាលដ៏ល្អ អាចជួយសម្រាលអាការឈឺថ្កាត់ ដូចជា អាការក្អក, រោគក្រពះ, រោគពាក់ព័ន្ធនឹងធ្មេញ និងអាការរាករូសនៅលើក្មេងតូចបាន។ ផ្លែប៉ោមជាអាហារចាប់ផ្តើមដំបូងដែលល្អបំផុតសម្រាប់ក្មេងតូច អាចចាប់ផ្តើមឱ្យញ៉ាំបានតាំងពីអាយុ 6 ខែឡើងទៅ។ តើផ្លែប៉ោមមានប្រយោជន៍ចំពោះក្មេងតូចយ៉ាងណាខ្លះ?

    – ជួយសម្រាលអាការហើមពោះ

    អ្នកម្តាយនឹងសង្កេតឃើញថា កូនតូចច្រើនតែជួបនឹងបញ្ហាឆ្អល់ពោះ ហើមពោះញឹកញាប់ ដូច្នេះអ្នកម្តាយអាចជួយសម្រាលអាការនេះរបស់កូនតូចបាន ដោយគ្រាន់តែបកសំបកផ្លែប៉ោមកិន និងស្ងោរ ឬចំហុយឱ្យកូនតូចញ៉ាំ ព្រោះសារធាតុ ផូលីហ្វ៊ីណូល ដែលនៅក្នុងផ្លែប៉ោមជួយកាត់បន្ថយអាការឆ្អល់ពោះ ហើមពោះបានដោយការស្រោបការពារពីលើសាច់ភ្នាសក្រពះ។

    – ជួយសម្អាតធ្មេញ និងធ្វើឱ្យអញ្ចាញរឹងមាំ (មានប្រយោជន៍បំផុតសម្រាប់ក្មេងតូចដែលមានអាយុចាប់ពី 1,5 ឆ្នាំឡើងទៅ)

    ការទំពារផ្លែប៉ោម មិនត្រឹមតែជួយបង្កើនការហូរវឹលរបស់លោហិតនៅក្នុងអញ្ចាញធ្មេញបានកាន់តែល្អឡើងនោះទេ តែកាកសរសៃអាហារនៅក្នុងផ្លែប៉ោមនៅបានបំពេញតួនាទីប្រៀបដូចជាការដុសសម្អាតធ្មេញដូច្នោះដែរ។

    – សម្រាលអាការក្អក

    ក្មេងតូចដែលកើតអាការក្អក នឹងធ្វើឱ្យមិនអាចគេងលក់បានស្រួលពេញមួយយប់នោះឡើយ តែផ្លែប៉ោមដែលមានរសជាតិផ្អែមមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយអាការក្អក ចូរយកទឹកផ្លែប៉ោមដែលបានមកពីការស្ងោរ ឬចំហុយឱ្យកូនតូចញ៉ាំប្រមាណជា 1សប្តាហ៍ អាការក្អកនឹងបានធូរស្រាល ហើយកូនតូចនឹងគេងលក់បានឆ្អែតពេញលេញមិនខាន។

    – ប៉បាត់អាការរាករូស

    ជំងឺរាករូសគឺជាជំងឺដែលជួបញឹកញាប់នៅលើក្មេងតូចច្រើនជាងមនុស្សធំ ផ្លែប៉ោមដែលឆ្អិន និងមានរសជាតិផ្អែម អាចព្យាបាល និងកាត់បន្ថយអាការរាគរូសបាន ដោយយកទឹកផ្លែប៉ោមដែលបានមកពីការស្ងោរ ឬចំហុយមកកិនឱ្យហ្មត់ រួចឱ្យកូនតូចញ៉ាំ 2 – 4 ដងក្នុងមួយថ្ងៃ។

    – សាងប្រព័ន្ធប្រឆាំងជំងឺ

    ផ្លែប៉ោមពណ៌ក្រហមមានសារធាតុប្រឆាំងអនុមូលឥស្សរៈដែលហៅថា ” Quercetin ” ។ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ” Quercetin” អាចជួយសាង និងបង្កើនប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយបានទៀតផង។

    ចំណុចគួរប្រយ័ត្នក្នុងការឱ្យកូនតូចញ៉ាំផ្លែប៉ោម

    -មិនគួរឱ្យក្មេងតូចញ៉ាំខណៈពេលដែលពោះទំនេរនោះទេ ព្រោះផ្លែប៉ោមនឹងពិបាករំលាយជាងប្រក្រតីនៅពេលពោះទំនេរ ឬនៅពេលព្រឹក។

    -កូនតូចត្រូវមានអាយុ 6 ខែឡើងទៅ និងត្រៀមរួចរាល់ហើយសម្រាប់ការចាប់ផ្តើមទទួលយកអាហារបន្ថែម។

    -លាងឱ្យបានស្អាតមុននឹងញ៉ាំ។

    -យកគ្រាប់ចេញមុននឹងឱ្យកូនតូចញ៉ាំ៕

  • នៅចាំអតីតអតីតបេក្ខភាព The Voice Kid Cambodia ចាន់ ស្រីខួច បានទេ?? ពេលនេះធំពេញរូបពេញរាង បញ្ចេញបទចម្រៀងថ្មីកក្រើកពេញហ្វេសប៊ុក

    នៅចាំអតីតអតីតបេក្ខភាព The Voice Kid Cambodia ចាន់ ស្រីខួច បានទេ?? ពេលនេះធំពេញរូបពេញរាង បញ្ចេញបទចម្រៀងថ្មីកក្រើកពេញហ្វេសប៊ុក

    កុមារី ចាន់ ស្រីខួច អតីតបេក្ខភាព The Voice Kid Cambodia ឆ្នាំ 2017 បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលម្តងទៀត ក្រោយពេលដែលបាត់មុខនាង 3ឆ្នាំ ហើយស្រាប់តែលេចមុខម្តងទៀតនៅលើបណ្តាញសង្គម មានមុខមាត់ស្រស់ស្អាតមើលមិនចង់ស្គាល់។ ចាន់ ស្រីខួច កាលពីពេលចូលប្រឡងនៅក្នុងកម្មវិធី The Voice Kid Cambodia ឆ្នាំ 2017 ក្មេងតូចរូបនេះទើបតែមានវ័យ 14ឆ្នាំប៉ុណ្ណោះ។

    កន្លងអស់ពេល 3ឆ្នាំ បច្ចុប្បន្ននាងមានវ័យ 17ឆ្នាំហើយ ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់គឺសម្រស់របស់ក្មេងស្រីរូបនេះ ហាក់ប្រែប្រួលស្អាតជាងមុន រហូតមានអ្នកខ្លះពោលពាក្យថាមិនជឿថែមទៀតផង។ តោះទស្សនារូបសម្រស់របស់ ចាន់ ស្រីខួច នៅខាងក្រោមនេះ។ ថ្មីៗនេះ ចាន់ ស្រី ខួច បានលេចមុខចូលរួមផលិតបទចម្រៀងជាមួយផលិតកម្មតារាចម្រៀង ហេង ពិទូ ដែលនាងទើបតែបញ្ចេញបានបទថ្មីចំនួនមិនច្រើនបទនោះទេ តែបទចម្រៀងដែលត្រូវមហាជនកោតសរសើរខ្លាំងបំផុតគឺបទ «ចប់ចុះ» ។

    ចង់ដឹងថា ទឹកដមសំឡេងរបស់តារាចម្រៀងវ័យក្មេងរូបនេះពីរោះរណ្ដំទាក់ចិត្តកម្រិតណា សូមទស្សនាវីដេអូខាងក្រោមនេះ៖