Category: សង្គម និងសេដ្ឋកិច្ច

  • Bacelona ឈ្នះក្តីលើរឿងដែល Neymar ប្តឹងទាមទារប្រាក់បន្ថែម

    Bacelona ឈ្នះក្តីលើរឿងដែល Neymar ប្តឹងទាមទារប្រាក់បន្ថែម

    ខ្សែប្រយុទ្ធ  Neymar ត្រូវបាន​តុលាការ​ប្រទេស​អេ​ស្ប៉ា​ញ សម្រេច​ជា​ផ្លូវការ​ក្នុងថ្ងៃនេះ ឱ្យ​ចាញ់ក្ដី​ក្លិប Barcelona ទាក់ទង​នឹង​រឿង​ប្រាក់រង្វាន់ ដែល​កីឡាករ​រូបនេះ​ទាមទារ មុន​ចេញទៅ​នៅ​ក្លិប Paris Saint Germain។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្លិប​នេះ​ផ្ទាល់។

    បើទោះបីជា​កីឡាករ​រូបនេះ ជា​អ្នកប្តឹង​មែន ក៏ប៉ុន្តែ​ការ​ចាញ់ក្តី​របស់គេ​នេះ ត្រូវបាន​តុលាការ​តម្រូវឱ្យ​បង់ប្រាក់​ទៅកាន់​ក្លិប Bacelona ដែល​បាន​ខូ​ត​ខាត​កិត្តិយស​ក្រោម​ពាក្យបណ្តឹង​របស់គេ ដោយបាន​ពិន័យ Neymar ជា​ទឹកប្រាក់​ចំនួន 7.5លាន​ដុល្លា ដើម្បី​បិទ​សំណុំ​រឿងនេះ។

    គួរ​បញ្ជាក់ដែរថា កីឡាករ​នេះ​បាន​ប្តឹង​អតីត​ក្លិប​របស់ខ្លួន​ក្រោយពេល​ចាកចេញ ពីបទ​មិនបាន​ផ្តល់ប្រាក់​រង្វាន់​ដល់​ខ្លួន ខណៈដែល​មិន​លក់​គេ​ចេញ​ក្នុងតម្លៃ​ថ្លៃ​ក​កប់​ពពក ដែលជា​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​សម័យ​ទំនើប​នេះ៕

  • ក្រុម​ហ៊ុន​ Startup ដែល​រក​បាន​ចំណូល​​ច្រើន​ពី​ភាពឯកា​របស់​មនុស្ស​ នៅ​​ក្នុង​វិបត្តិ​សុខ​ភាព​ពិភពលោក

    ក្រុម​ហ៊ុន​ Startup ដែល​រក​បាន​ចំណូល​​ច្រើន​ពី​ភាពឯកា​របស់​មនុស្ស​ នៅ​​ក្នុង​វិបត្តិ​សុខ​ភាព​ពិភពលោក

    COVID-19 បាន​ផ្ដល់​​ឱកាស​សម្រាប់​​​ក្រុម​ហ៊ុន​នានា​ក្នុង​ការ​បង្កើត​សេវា​កម្ម​ជួយ​ដល់​អតិថិជន​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាង​ញាតិ ឬ​អ្នក​ដទៃ​ ការ​ផ្ដល់​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​ និង​កាត់​បន្ថយ​ភាព​តប់​ប្រមល់​នៅ​ពេល​ត្រូវ​នៅ​ផ្ទះ​យូរ​ថ្ងៃ​ខែ​។

    បម្រាម​គោចរ​ និង​បទ​បញ្ជា​រក្សា​គម្លាត​សង្គម​ដោយ​សារ​តែ​វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 គឺជា​ឧបសគ្គសម្រាប់​ក្រុម​ហ៊ុន​ជា​ច្រើន​។ ប៉ុន្តែ​ ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​បង្វែរ​បញ្ហា​នេះ​ឱ្យ​ទៅ​ជា​ឱកាស​។ នៅ​លើ​ទំព័រ​សារ​ព័ត៌​មាន​ CNBC ស្ថាបនិក​ក្រុម​ហ៊ុន​ថ្មី​ៗចំនួន​3 បាន​ចែក​រំលែក​អំពី​បទ​ពិសោធន៍​ក្នុង​ការ​រក​លុយ​ពី​តម្រូវ​ការ​នៃ​ការ​កាត់​បន្ថយ​ភាព​ឯកា​នៅក្នុង​សម័យ​COVID-19នេះ​។

    នៅ​មុន​សម័យ​COVID-19 ភាព​ឯកា​ក៏​ជា​បញ្ហា​មួយ​នៅក្នុង​យុគ​សម័យ​បច្ចេក​វិទ្យា​។ យោង​តាម​របាយ​ការណ៍​មួយ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា ជិត​2/3​ (61​%) នៃ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​ស្ទង់​មតិ​ មាន​អារម្មណ៍​ថា​ឯកា។ តួលេខ​នេះ​បាន​កើន​ឡើង​​ច្រើន​បើ​ធៀប​នឹង​54​%​កាល​ពី​ឆ្នាំ​2018​។

    បញ្ហា​ខាងលើ​នេះ​នឹង​បង្ក​ផល​វិបាក​ច្រើន​ដល់​សុខ​ភាព​ ព្រោះ​ថា​អ្នក​ដែល​តែង​តែ​មាន​អារម្មណ៍​ឯកា​នឹង​ងាយ​ជួប​ប្រទះ​បញ្ហា​​គាំង​បេះ​ដូង​ ជំងឺ​បេះ​ដូង​ ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​អាយុ​មិន​បាន​វែង​។

    Karen Dolva អាយុ​29​ឆ្នាំ​ ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ No Isolation ដឹង​យ៉ាង​ច្បាស់​អំពី​ប្រការ​ខាង​លើ​នេះ​។ ក្នុង​រយៈ​ពេល​5​ឆ្នាំ​កន្លង​ទៅ​ ក្រុម​ហ៊ុន​​នៃ​ប្រទេស​​ន័រវែសមួយ​នេះ​ បានប្រឹង​ប្រែង​​ជួយ​ដល់​អតិថិជន​របស់​ខ្លួន​​ក្នុង​ការ​​កាត់​បន្ថយ​ភាព​ឯកា​និង​បញ្ហា​សុខ​ភាព​ដែល​កើត​ឡើង​ដោយ​សារ​ភាព​ឯកា​​។ អតិថិជន​របស់​ក្រុម​ហ៊ុន​ No Isolation គឺ​ជា​មនុស្ស​វ័យ​ចំណាស់​​និង​កុមារ​។ ក្រុម​ហ៊ុន​នេះ​ប្រើ​ប្រាស់​ផលិត​ផល​បច្ចេក​វិទ្យា​ដែល​មាន​មុខ​ងារ​ជួយ​ដល់​ទំនាក់​ទំនង​របស់​អ្នកជំងឺ​ ដូច​ជា​មនុស្ស​យន្ត​ដែល​បង្ហាញ​អំពី​ចលនា​ ឬ​កុំព្យូទ័រ​ថេប្លែត​ជា​ដើម​។

    Karen Dolva អាយុ​29​ឆ្នាំ​ ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ No Isolation
    Karen Dolva អាយុ​29​ឆ្នាំ​ ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ No Isolation

    វិបត្តិ​សុខ​ភាព​ដែល​បណ្ដាល​មក​ពី​វីរុស​COVID-19 ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន​។ នៅ​ក្នុង​រយៈ​ពេល​2សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​មីនា នៅ​ពេល​ដែល​COVID-19បាន​រាល​ដាល់​ពេញ​អឺរ៉ុប​ តម្រូវ​ការ​ទាក់​ទិន​នឹង​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ No Isolation ​បាន​កើន​ឡើង​ខ្ពស់​​។ ពួកគេ​ត្រូវ​បង្កើន​ផលិត​កម្ម​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថ្មី​។ Dolva បាន​ឱ្យ​ដឹង​ថា៖ “ដំបូង​ឡើយ​ យើង​គិត​ថា​នឹង​មិន​អាច​ផលិត​អ្វី​បន្ថែម​ទៀត​នោះ​ទេ​នៅក្នុង​ឆ្នាំ​2020​នេះ​។ ប៉ុន្តែ​ ក្រោយ​មក​អ្វី​ៗ​ទាំង​អស់​ក៏​បាន​ដើរ​បញ្ច្រាស់ទិស​ ហើយ​យើង​ក៏​ស្វែង​រក​វិធី​ដើម្បី​បង្កើន​ការ​ផលិត​”។

    ឧបករណ៍​របស់​ក្រុម​ហ៊ុន​ No Isolation បាន​ជួយ​ឱ្យ​អតិថិជន​ជា​មនុស្ស​ចាស់​ ​តភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ញាតិ​ក្នុង​គ្រា​ដែល​ត្រូវ​សម្រាក​នៅ​ក្នុង​ផ្ទះ​។ Dolva និយាយ​ថា៖ “ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ឃើញ​ផលិត​ផល​របស់​យើង​មាន​ប្រសិទ្ធ​ភាព​ ព្រោះ​ថា​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រើប្រាស់​។ អតិថិជន​វ័យ​ចំណាស់​នឹង​ទទួល​បាន​រូប​ថត​ចំនួន​17​សន្លឹក​ក្នុង​មួយ​សប្ដាហ៍​។ សម្រាប់​ពួកគេ វា​ប្រៀប​ដូច​ជា​ការ​ទទួល​បាន​រូប​ថត​ពី​ប្រៃសណីយ៍​យ៉ាង​ដូច្នោះ​ដែរ​។

    ចំណែក​ Calvin Benton ដែល​ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Spill នៅ​អង់គ្លេស​វិញ បាន​បង្កើត​កម្មវិធី​ (App) មួយ​ដែល​អនុញ្ញាត​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាច​ផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​ផ្លូវ​ចិត្ត​​ពី​ចម្ងាយ ​តាម​រយៈ​កម្មវិធី​ផ្ញើសារ​ Slack។ នៅ​ពេល​ដែល​គ្រប់​គ្នា​ត្រូវ​ធ្វើ​ការ​ពី​ចម្ងាយ​ សេវាកម្មនេះ​កាន់​តែ​មាន​សារ​សំខាន់​។

    “នៅក្នុង​អំឡុង​2ខែ​កន្លង​ទៅ​ អ្វី​ៗ​ទាំង​អស់​ពិត​ជា​ច្របូក​ច្របល់​។ យើង​ទទួលបា​នសំណួរ​​​ស្ដីអំពី​ Spill ច្រើន​ជាង​រយៈ​ពេល​2​ឆ្នាំ​កន្លងទៅ​​បូក​ចូល​គ្នា​ទៅ​ទៀត​” Benton បាន​ឱ្យ​ដឹង​បែប​នេះ​។ ក្រុម​ហ៊ុន​ Spill ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​2018​។

    តម្រូវ​ការ​មិន​ត្រឹម​តែ​មក​ពី​បណ្ដា​ប្រធាន​ក្រុម​ហ៊ុន​​ ឬ​ម្ចាស់​អាជីវកម្ម​នោះ​ទេ សូម្បី​តែ​បុគ្គល​ធម្ម​តា​ដែល​មាន​បញ្ហា​ការ​ងារ​ ឬ​សុខ​ភាព​​ក៏​ស្វែង​រក​សេវា​កម្ម​របស់​ Spill ដែល​នេះ​​ធ្វើ​ឱ្យ​តួលេខ​នៃ​តម្រូវ​ការ​សេវា​កម្ម​ កើន​ឡើង​ច្រើន​ជាង​ពេល​ធម្មតា​ដល់​ទៅ​4​ដង​។

    Calvin Benton (ស្ដាំ) និង​ក្រុម​ការ​ងារ​ជួរ​មុខ​របស់​ក្រុម​ហ៊ុន​ Spill

    នេះ​ក៏ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​​​ផ្លូវ​ចិត្ត​ផងដែរ​។ គ្រូពេទ្យ​អាច​ប៉ះប៉ូវ​​ទៅ​លើ​ខ្ទង់​ប្រាក់​ចំណូល​ដែល​បាន​បាត់​បង់​​ដោយ​សារ​មិន​អាច​ណាត់​ជួប​អតិថិជន​ដោយ​ផ្ទាល់​។ Spill ក៏​បាន​បង្កើត​សេវា​កម្ម​សាធារណៈ​ ដូច​ជា​ “សួរ​អ្នក​ឯកទេស” នៅ​លើ​ story របស់​ Instagram រួម​នឹង​ការ​ប្រឹក្សា​យោបល់​ដោយោ​មិន​គិត​ថ្លៃ​​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការ​ងារ​បណ្ដោះ​អាសន្ន​ អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

    ក្រៅ​ពី​បញ្ហា​ទាក់ទិន​នឹង​គម្លាត​ និងវិបត្តិ​ផ្លូវ​ចិត្ត បទ​បញ្ជា​រក្សា​គម្លាត​សង្គម​ក៏​បាន​ធ្វើ​​​ឱ្យ​មនុស្ស​មាន​អារម្មណ៍​​តប់​កមល​​ ព្រួយ​ចិត្ត​ និង​ឯកាផងដែរ​។ នេះ​គឺជា​មូល​ហេតុ​ដែល​នាំ​ឱ្យ​ Danielle Baskin និង​សហស្ថាបនិក​របស់​ខ្លួន​បង្កើត​ QuarantineChat ដែលជា​កម្មវិធី​​មួយ​ ​ជួយ​តភ្ជាប់​ទំនាក់​ទំនង​រវាង​មនុស្ស​ចម្លែក​និង​មនុស្ស​ចម្លែក តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​បែប​ចៃ​ដន្យ​ជា​រៀង​រាល់​ថ្ងៃ​។

    Baskin និង​ Max Hawkins បាន​បង្កើត​សេវាកម្មនេះ​កាល​ពី​ខែ​មីនា​ នៅ​លើ​ថ្នាល​នៃ​កម្ម​វិធី​ផ្ញើសារ​ Dialup របស់​ពួកគេ​ នៅក្នុង​គ្រា​ដែល​សហរដ្ឋ​អាមេរិក​ចាប់​ផ្ដើម​អនុវត្ត​​បម្រាម​គោចរ​។ ប៉ុន្តែ គំនិត​នេះ​បាន​កើត​ឡើង​តាំង​ពី​យូរ​មក​ហើយ​ នៅ​ពេល​ដែល​ Baskin ត្រូវ​នៅ​ក្នុង​ផ្ទះ​ព្រោះតែ​កើត​ជំងឺ​ឆ្លង​ម្យ៉ាង​។

    Baskin និយាយ​ថា៖ “ខ្ញុំ​គិត​ថា អូ! ពិត​ជា​អស្ចារ្យ​ណាស់​បើសិន​ជា​ខ្លួន​អាច​តភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​ម្នាក់​ដែល​មាន​ជំងឺ​ដូច​គ្នា​នេះ​នៅ​ពេល​នេះ​តែ​ម្ដង​។ ដូច្នេះ ពេល​ដែល​ COVID-19 បាន​បង្ហាញ​ខ្លួន ខ្ញុំ​ក៏​បាន​ធ្វើ​ឱ្យ​គំនិត​នេះ​ក្លាយជា​ការ​ពិត​”។

    Danielle Baskin សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​​​ QuarantineChat
    Danielle Baskin សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​​​ QuarantineChat

    កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់​។ អ្នក​ប្រើ​ប្រាស់​បាន​​ប្រើ​ QuarantineChat ក្នុង​ការ​សន្ទនា​ជាង​2,300​ម៉ោង​ជា​រៀង​រាល់​សប្ដាហ៍​នៅ​ក្នុង​ប្រទេស​ចំនួន​183​ក្នុង​ពិភពលោក​។ Baskin ថ្លែង​ថា៖ “យើង​គិត​ថា​ នេះ​គ្រាន់​តែ​ជា​វិធី​មួយ​ដើម្បី​ជួយ​ឱ្យ​អ្នក​រាល់​គ្នា​បាន​សប្បាយ​។ ប៉ុន្តែ ជាក់​ស្ដែង​ អ្នក​ប្រើ​ប្រាស់​តែង​និយាយ​គ្នា​លេង​យ៉ាង​យូរ​ ព្រម​ទាំង​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ទៀត​ផង​”។

    ការ​បង្កើត​អាជីវកម្ម​នៅក្នុង​វិបត្តិ​សុខ​ភាព​ពិភពលោក​ គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះ​ឡើយ​។ ក្រៅ​ពី​បញ្ហា​ហិរញ្ញវត្ថុ​ និង​ភាព​សមហេតុ​ផល​ កត្តា​បរិស្ថាន​នៃ​អាជីវកម្ម​និង​តម្រូវ​ការ​របស់​អតិថិ​ជន​ក៏​ជារឿង​ដែល​ពិបាក​ស្មាន​ផងដែរ​។

    ប៉ុន្តែ Eric Ries ដែល​​ជា​អ្នក​និពន្ធ​​របស់​សៀវ​ភៅ​​ The Lean Startup ​ដែល​និយាយ​អំពី​អាជីវ​កម្ម​ បាន​ឱ្យដឹង​ថា នេះ​អាច​ជា​ឱកាស​ដ៏ល្អ​ បើសិន​ជា​អ្នក​បាន​រកឃើញ​ដំណោះ​ស្រាយ​សម្រាប់បញ្ហា​ដែល​គ្រប់​គ្នា​ត្រូវ​ប្រឈម​។ លោក​បន្ត​ថា៖ “ភាគ​ច្រើន​នៃ​ក្រុម​ហ៊ុន​ធំៗ​ដែល​យើង​ធ្លាប់​ដឹង​ គឺ​សុទ្ធ​សឹង​តែ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គ្រា​មាន​វិបត្តិ​”។

    យ៉ាង​នេះ​ក្ដី​ លោក Ries យល់​ថា ក្រុម​ហ៊ុន​នានា​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយ​​ ជំនួស​ឱ្យ​ការ​ដោះ​ស្រាយ​តែ​បញ្ញា​មួយ​នៅក្នុង​គ្រា​ជាក់​លាក់​ណា​មួយ​។ Eric Ries​ សង្កត់​ធ្ងន់​ថា៖ “យើង​នឹង​មិន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​អាសន្ន​ជា​និច្ច​នោះ​ឡើយ​។ ក្រុម​ហ៊ុន​ជា​ច្រើន​ធ្វើ​ជំនួញ​បាន​យ៉ាង​ល្អ​នៅក្នុង​គ្រា​មាន​វិបត្តិ​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្វី​ៗ​ទាំង​អស់បាន​វិល​​ត្រលប់​មក​រក​សភាព​ធម្មតា​ ការ​រកស៊ី​របស់​ពួកគេ​ក៏​​ធ្លាក់​ចុះ​ទៅ​តាម​នោះដែរ​”៕

    ប្រភព៖ CNBC

  • អាយុ និងការរក្សាទុកថ្នាំសម្រាប់ក្មេង

    អាយុ និងការរក្សាទុកថ្នាំសម្រាប់ក្មេង

    ថ្ងៃនេះ ទំព័រម្តាយ និងទារករបស់ទស្សនាវដ្តី ឡារ៉ែន មានវិធីរក្សាទុកថ្នាំពេទ្យសម្រាប់ក្មេងមកជម្រាបអ្នកម្តាយដែលត្រូវមើលថែទាំកូនតូចដែលឈឺថ្កាត់ថា តើថ្នាំប្រភេទនីមួយៗគួររក្សាទុកដាក់យ៉ាងណា និងមានអាយុការប្រើប្រាស់យូរប៉ុនណា? ព្រោះរឿងរបស់អាយុ និងការរក្សាទុកដាក់ថ្នាំពេទ្យឱ្យត្រឹមត្រូវនេះ គឺជារឿងសំខាន់ណាស់ដែលអ្នកម្តាយគួរតែដឹង និងផ្តល់នូវភាពសំខាន់ ព្រោះបើថែរក្សាទុកដាក់ខុសវិធី ថ្នាំបាត់គុណភាពនឹងហុចផលប៉ះពាល់ដោយត្រង់ចំពោះសុខភាពកូនជាទីស្រឡាញ់របស់យើងប្រាកដណាស់។ ខាងក្រោមនេះគឺជា ការណែនាំថា តើយើងគួររក្សាទុកដាក់ថ្នាំពេទ្យសម្រាប់កូនតូចយូរប៉ុនណា និងយ៉ាងណា?។

    ថ្នាំសម្រាប់លាបលើស្បែក ដូចជា គ្រីម ឬក្រមួន

    ក្រោយពីបើកប្រើហើយ មិនគួររក្សាទុកលើសពី 6 ខែឡើយ

    ថ្នាំបន្តក់ដាក់ត្រចៀក ភ្នែក ច្រមុះ

    មានអាយុការប្រើការ 1 – 3 ខែ បន្ទាប់ពីបើកប្រើហើយ

    ថ្នាំបដិបក្ខប្រាណ(បែបម្សៅ)ដែលត្រូវលាយជាមួយទឹក

    ក្រោយពេលលាយហើយ អាចរក្សាទុកបាន 7 ថ្ងៃដែលមានសីតុណ្ហភាពក្នុងបន្ទប់ធម្មតា និង 14 ថ្ងៃក្នុងទូទឹកកក។

    ថ្នាំគ្រាប់

    តាមថ្ងៃផុតកំណត់ដែលបញ្ជាក់នៅលើស្លាក ឬមិនលើស 1 ឆ្នាំ។

    វិធីការរក្សាទុកថ្នាំពេទ្យបន្ថែម

    សម្រាប់ថ្នាំទូទៅដែលមិនមានបញ្ជាក់ពីវិធីរក្សាទុកជាពិសេសនោះ ចូររក្សាទុកថ្នាំនៅក្នុងសីតុណ្ហភាពក្នុងបន្ទប់កន្លែងដែលមិនក្តៅ និងគ្មានពន្លឺថ្ងៃចាំងដល់។ ហាមទុកថ្នាំចោលនៅក្នុងឡាន ព្រោះសីតុណ្ហភាពក្នុងរថយន្ត (ជាពិសេសប្រទេសយើង!)ក្តៅខ្លាំងណាស់ ធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាពបានយ៉ាងងាយ និងដែលសំខាន់គឺ ត្រូវទុកដាក់ឱ្យផុតពីដៃក្មេងតូចៗ។

    ក្នុងករណីថ្នាំដែលមានបញ្ជាក់ថា ចូរ “រក្សាទុកក្នុងទូទឹកកក” នោះគឺមានន័យថា ទុកក្នុងកន្លែងធម្មតា(2 – 8 អង្សា C ) ហាមទុកក្នុងកន្លែងកក និងក៏មិនគួរទុកក្នុងធ្នើជិតកន្លែងកកដែរ ព្រោះភាពត្រជាក់អាចធ្វើឱ្យកើតមានកករបាន និងក៏មិនគួររក្សាទុកថ្នាំនៅនឹងទ្វាទូទឹកកកដែរ ព្រោះសីតុណ្ហភាពអាចនឹងមិននឹងនរដោយសារតែការបើក-បិទទ្វាទូទឹកកកញឹកញាប់ពេកហ្នឹងឯង។

    ថ្នាំដែលផ្ទុកនៅក្នុងដបពណ៌ទឹកតែ ព្រោះតែត្រូវការការពារមិនឱ្យថ្នាំត្រូវពន្លឺ ដូច្នេះមិនគួរប្តូរដបដាក់ថ្នាំទៅជាដបពណ៌សថ្លានោះទេ ព្រោះអាចនឹងធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាពបាន។ គួររក្សាទុកថ្នាំនៅក្នុងដបចាស់ដដែល ដែលមានស្លាកបញ្ជាក់ពីឈ្មោះថ្នាំ និងថ្ងៃដែលទទួលបានថ្នាំនោះ វានឹងធ្វើឱ្យអាចពិចារណាពីរយៈពេលដែលគួររក្សាទុកថ្នាំដែលនៅសល់នោះបាន។

    ទាំងអស់នេះអាចនឹងមានសេចក្តីលម្អិតបន្ថែម ឬវិធីរក្សាទុកជាពិសេសរបស់ថ្នាំប្រភេទនីមួយៗផ្សេងទៀត ដូច្នេះបើមិនប្រាកដក្នុងចិត្តត្រូវប្រឹក្សាជាមួយឱសថការីជាមុនគ្រប់ពេល៕

  • TOYOTA មិនចុះចាញ់កូវីដ-19ទេ នៅតែមានប្រាក់ចំណេញ និងមិនកាត់បន្ថយបុគ្គលិក សូម្បីតែម្នាក់!

    TOYOTA មិនចុះចាញ់កូវីដ-19ទេ នៅតែមានប្រាក់ចំណេញ និងមិនកាត់បន្ថយបុគ្គលិក សូម្បីតែម្នាក់!

    CEO តូយ៉ូតា ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសជប៉ុន បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុននៅតែមានប្រាក់ចំណេញ បើទោះជាប្រឈមនឹងវិបត្តិដ៏ធំដោយសារវីរុសកូវីដ-19 ខ្លាំងជាងអំឡុងពេលវិបត្តិ លេយ៍មែន ប្រាឌើរ ដែលមានប្រភពពីសហរដ្ឋអាមេរិកទៅទៀត។

    លោក អាគីអូ តូយ៉ូដា CEO ក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រ បានថ្លែងនៅក្នុងការប្រជុំភាគហ៊ុនិកកាលពីសប្ដាហ៍កន្លងទៅថា តូយ៉ួតានៅតែមានប្រាក់ចំណេញក្នុងឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ក្នុងខែមីនា ឆ្នាំក្រោយ។ លោកថែមទាំងបានបញ្ជាក់ទៀតថា “តូយ៉ូតា រឹងមាំឡើង ដោយសារការកាត់បន្ថយការចំណាយយ៉ាងមានប្រសិទ្ធភាព”។

    ក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រ បានប្រមាណថា ទោះជានៅមានប្រាក់ចំណេញក្ដី តែប្រាក់ចំណេញពីការដំណើរការរបស់ក្រុមខ្សែបណ្ដាញ បានថយចុះជិត 80ភាគរយ បើធៀបនឹងឆ្នាំទៅ នៅសល់ត្រឹមតែ 500,000លានយ៉េនប៉ុណ្ណោះ ដែលនេះជាតួលេខទាបបំផុតក្នុងរង្វង់ 9ឆ្នាំ តែ ដោយសារការកាត់បន្ថយការចំណាយ ធ្វើឱ្យតូយ៉ូតានៅតែមានប្រាក់ចំណេញ កណ្ដាលវិបត្តិកូវីដ-19 ដែលកំពុងរាលដាលទូទាំងពិភពលោក។

    តូយ៉ូតា បានបញ្ជាក់ថា នឹងគ្មានការកាត់បន្ថយបុគ្គលិកឡើយ តែនឹងកាត់បន្ថយការចំណាយយ៉ាងតឹងរ៉ឹង និងកែសម្រួលធុរកិច្ចយ៉ាងគ្រប់ជ្រុងជ្រោយ។

    TOYOTA មិនចុះចាញ់កូវីដ-19ទេ នៅតែមានប្រាក់ចំណេញ និងមិនកាត់បន្ថយបុគ្គលិក សូម្បីតែម្នាក់!តូយ៉ូតា ថែមទាំងប្រាប់ឱ្យដឹងទៀតថា ចំនួនការផលិតរថយន្តរបស់តូយ៉ូតាទូទាំងពិភពលោក បានថយចុះច្រើនជាង 50% ក្នុងខែមេសា ព្រោះការឆ្លងរាលដាលរបស់មេរោគកូវីដ-19 តែចំនួនលក់រថយន្តថ្មីរបស់តូយ៉ូតានៅក្នុងប្រទេសចិន ក្នុងខែឧសភា បែរជាកើនឡើងដល់ទៅ 20.1% បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ដោយលក់រថយន្តថ្មី របស់តូយ៉ូតានៅក្នុងប្រទេសចិនបាន 166,300គ្រឿង ក្រោយពីចំនួនលក់រថយន្តតូយ៉ូតាក្នុងប្រទេសនេះបានធ្លាក់ចុះ 15.9% ក្នុងខែមីនា ជាអំឡុងពេលដែលកូវីដ-19 រាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសចិន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តារាចម្រៀង ខាន់ ជេមស៍ រំឭកអតីតកាលរស់នៅយ៉ាងតស៊ូក្នុងបន្ទប់ជួលផ្សារស្ទឹងមានជ័យ

    តារាចម្រៀង ខាន់ ជេមស៍ រំឭកអតីតកាលរស់នៅយ៉ាងតស៊ូក្នុងបន្ទប់ជួលផ្សារស្ទឹងមានជ័យ

    តារាចម្រៀងប្រចាំផលិតកម្មសាន់ដេគឺលោក ខាន់ ជែមស៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺជាតារាចម្រៀងប្រុសមួយរូបដែលប្រិយមិត្តតែងតែសរសើរពីសំឡេងដ៏ពីរោះនិងក្រអួនក្រអៅរបស់លោក​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេសគឺចាំមិនភ្លេចនោះទេនូវបទវម្រៀងដែលមានចំណងជើងថា « សម្រែកបេះដូង » ដែលជាបទដំបូងនៃការសាងកេរ្ដ៍ឈ្មោះលើវីថីសិល្បៈ។ ​​​​​​​​​​​​​​​​​​​​

    ទន្ទឹងនឹងទទួលបានការគាំទ្រក្នុងពិភពសិល្បៈ និងជោគជ័យខាងជំនួញក្រៅអាជីព តារាប្រុសរូបនេះ បានបង្ហាញប្រាប់ដល់កូនប្រុសលោកអំពីការខិតខំតស៊ូប្រឹងប្រែងនៅក្នុងជីវិត។ ជាក់ស្តែងថ្មីៗនេះ លោកបានបង្ហោះវីដេអូមួយ ​​​​​​​​​​​​​​​​​​​​​​​​​អមជាមួយការសរសេរពាក្យមួយឃ្លាថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «នេះហើយបងប្អូន ​​​​​​​​​​​​​​​​​​​​​ជាបន្ទប់ជួលក្នុងមួយខែ30ដុល្លាដែលខ្ញុំធ្លាប់រស់នៅកាលពី16ឆ្នាំមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្សារស្ទឹងមានជ័យ» ។

    តាមរយៈវីដេអូមួយទាក់ទងនឹងបន្ទប់ជួលរបស់លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​កាលពីជា10ឆ្នាំមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលពេលនោះលោកគឺជាតារាចម្រៀងតាមហាងធម្មតាម្នាក់ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកបានបន្តថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះលោកក្លាយជាតារាមានឈ្មោះល្បីល្បាញយ៉ាងណាក៏ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏លោកមិនដែលភ្លេចពីអតីតកាលរបស់ខ្លួនទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកបានបន្តទៀតថាលោកតែងតែនឹករលឹក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយជិះកាត់មកលេងរាល់ពេលដែលលោកទំនេរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

    ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

  • សេដ្ឋី​ម្នាក់​ដែល​មាន​បាន​ដោយ​ការ​ប្រឹង​ប្រែង​ បង្ហើប​អំពី​ការ​សោក​ស្ដាយ​​​កាលពី​វ័យ​ខ្ទង់​ម្ដៃ! ដឹង​បាន​ឆាប់​ ជោគ​ជ័យ​​លឿន​!

    សេដ្ឋី​ម្នាក់​ដែល​មាន​បាន​ដោយ​ការ​ប្រឹង​ប្រែង​ បង្ហើប​អំពី​ការ​សោក​ស្ដាយ​​​កាលពី​វ័យ​ខ្ទង់​ម្ដៃ! ដឹង​បាន​ឆាប់​ ជោគ​ជ័យ​​លឿន​!

    សេដ្ឋី Grant Cardone បាន​ផ្ញើ​ការ​ក្រើន​រំឭក​ថា ការ​ចំណាយ​ពេល​ និង​ប្រាក់​កាស​ដោយ​ឥត​ប្រយោជន៍​​ទៅ​លើ​ការ​ផឹក​ស៊ី ការ​ដើរ​ទេស​ចរណ៍​បែប​អ្នក​មាន​​​ជា​ដើម​នឹង​ធ្វើ​ឱ្យ​យុវវ័យ​ត្រូវ​ស្ដាយ​ក្រោយ​​មិន​ខាន​នៅ​ពេល​អនាគត​។

    Grant Cardone គឺជា​សេដ្ឋី​ម្នាក់​ដែល​រកស៊ី​មាន​បាន​ដោយ​ខ្លួន​ឯង​​នៅក្នុង​វិស័យ​អចលន​ទ្រព្យ​ ព្រម​ទាំង​បាន​សរសេរ​សៀវ​ភៅ​ជា​ច្រើន​ស្ដី​អំពី​ជំនួញ​​និង​ការ​​លក់​ដូរ​។ នឹក​ឃើញ​ដល់​ដំណាក់​កាល​ក្នុង​វ័យ​ខ្ទង់​ម្ភៃ​ Grant Cardone និយាយ​ថា គាត់​មាន​អតីត​កាល​ជា​ច្រើន​ដែល​មិន​ដឹង​អ្វី​សោះ​អំពី​ប្រាក់​។ រក​ប្រាក់​បាន​តិច​ ប៉ុន្តែ​បែរ​ជា​ចំណាយ​ពេល​ឥត​ប្រយោជន៍​ច្រើន​ និង​ចាយ​វាយខ្ជះខ្ជាយ​​ទៅ​លើ​តែ​កិច្ច​ការ​ដែល​មិន​​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​ជីវិតនិង​ការ​រកស៊ី​​។ ខាង​ក្រោម​នេះ​គឺជា​ប្រការ​ទាំង​4​កាល​ពី​ពេល​នៅ​ក្មេងដែល​លោក​ Grant Cardone ស្ដាយ​ក្រោយ​ជាទី​បំផុត​​​៖

    1.គ្រឿង​ស្រវឹង​​ និង​គ្រឿង​រំញោច​អារម្មណ៍​គឺជា​កំហុស​ឆ្គង​ធំជាង​គេ​បង្អស់

    ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា Cardone ធ្លាប់បាន​​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ការ​សប្បាយ​ជាមួយ​​ការ​ជួប​ជុំ​ជប់​លៀង​​។ លោក​និយាយ​ថា គួរ​ណាស់​តែ​យក​ប្រាក់​ទាំង​នោះ​មក​ចំណាយ​ទៅ​លើ​ការ​បង្កើន​ជំនាញ​ ចំណេះ​ដឹង​ថ្មី​ និង​បង្កើត​ទំនាក់​ទំនង​ដែល​មាន​គុណ​ភាព​។

    “បើ​សិន​ជា​ខ្ញុំ​អាច​ធ្វើ​ឱ្យ​ពេល​វេលា​ត្រលប់​ថយ​ក្រោយ​ ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ឯង​ឱ្យ​បន្ត​សិក្សា​ដោយ​ប្រឹង​ប្រែង​បើ​ទោះ​ជា​បាន​បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​ក៏ដោយ​”។ លោក Cardone បន្ត​ថា សញ្ញាបត្រ​ធម្យមសិក្សា​គឺ​គ្មាន​ប្រយោជន៍​​នោះ​ទេ​ ហើយ​សញ្ញា​បត្រ​បរិញ្ញាបត្រ​ក៏​មិន​មាន​ន័យ​អ្វី​ច្រើន​នោះ​ដែរ​បើ​សិន​ជា​​អ្នក​មិន​មាន​ជំនាញ​សម​ស្រប​ដើម្បី​ដើរ​ឱ្យ​ទាន់​ទីផ្សារ​។

    “រហូត​ដល់​​អាយុ​25​ឆ្នាំ​ ទើប​ខ្ញុំ​ដឹង​អំពី​ប្រការ​នេះ​ ហើយ​ក៏​បាន​ចំណាយ​ប្រាក់​3,000​ដុល្លារ​សម្រាប់​វគ្គបណ្ដុះ​បណ្ដាល​ដំបូង​បង្អស់​ស្ដី​អំពី​គន្លឹះ​នៃ​ការ​លក់​ដូរ​។ នោះ​គឺ​ជា​ការ​បើក​ទំព័រ​ថ្មី​សម្រាប់​ជោគ​ជ័យ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​” លោក Cardone បន្ថែម​ដូច្នេះ​។

    1.ដំណើរ​ទេសចរណ៍​​ដែល​ចំណាយ​ប្រាក់​និង​ពេល​វេលា​ច្រើន​

    តាម​ការ​យល់​ឃើញ​របស់​លោក ការ​ប្រើ​ប្រាស់​ gap year (ការ​សម្រាក​មួយ​ឆ្នាំ​បន្ទាប់​​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​​សិក្សា​ និង​ត្រៀម​ចូល​មហាវិទ្យា​ល័យ​) ដើម្បី​​ដើរ​ទេសចរណ៍​គឺជា​គំនិត​មិន​ល្អ​។ យុវវ័យ​ជា​ច្រើន​នា​សម័យ​នេះ មិន​មាន​គោល​ដៅ​ក្នុងការ​ងារ​ច្បាស់​លាស់ ហើយ​ពួកគេ​ជឿ​ថា ការ​ប្រើ​ប្រាស់​ gap year ដើម្បី​ឈប់​សម្រាក​នឹង​ជួយ​ឱ្យ​ពួកគេ​រក​ឃើញអ្វី​ដែល​ពួកគេ​ត្រូវ​ការ​។ នៅ​ពេល​ដែល​អ្នក​មិន​ទាន់​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី អ្នក​អាច​ដើរ​ទេសចរណ៍​មួយ​រយៈ​ ​ដោយ​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​ និង​ហូប​មី​កញ្ចប់​។ ក៏ប៉ុន្តែ ភាព​ស្រណុក​សុខ​ស្រួល​គឺជា​សត្រូវ​នៃ​ភាព​ជោគ​ជ័យ​ និង​ភាព​មាន​បាន​។

    Grant Cardone យល់​ថា មុន​នឹង​ទទួល​ភាព​ស្រណុក​សុខ​ស្រួល​ ចូរ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​។ “ខ្ញុំ​មិន​បាន​និយាយ​ថា អ្នក​មិន​មាន​សិទ្ធិ​ឈប់​សម្រាក​នោះ​ទេ​ ប៉ុន្តែ​អ្នក​គួរ​តែ​កែ​លម្អ​ការ​យល់​ដឹង​ និង​ជំនាញ​ក្នុង​ការ​ងារ​ ជំនួស​ឱ្យ​ការ​ដើរ​ទេសចរណ៍​ដែល​មាន​ការ​ចំណាយពេល​និង​​ប្រាក់​កាស​​ច្រើន​”។

    3.មិន​ចេះ​ដក​បទ​ពិសោធន៍​អ្វី​សោះ​ពី​ការ​ងារ​

    “ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​នៅ​ក្នុង​វ័យ​ម្ភៃ​ឆ្នាំ​ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ទាប​ដោយ​មិន​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ដែល​មាន​តម្លៃ​។ ខ្ញុំ​មិន​និយាយ​ថា​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ទាប​គឺជា​រឿង​អាក្រក់​នោះ​ឡើយ​ ហើយ​បើ​សិន​ជាមិនមាន​ការ​តស៊ូ​ប្រឹង​ប្រែង​​នោះទេ​ អ្នក​នឹង​មាន​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​​រក​ឃើញ​ជោគ​ជ័យ​” នេះ​បើ​តាម​សម្ដី​របស់​សេដ្ឋី Grant Cardone។

    លោក​ Grant Cardone ថ្លែង​ថា លោក​ធ្លាប់​ធ្វើ​ការ​នៅ​ហាង​ McDonald ដែល​ទទួល​បាន​ប្រាក់​7​ដុល្លារ​សម្រាប់​មួយ​ម៉ោង​។ ចំពោះ​លោក នោះ​គឺគ្រាន់​តែ​ជា​វិធី​រក​ប្រាក់​មួយ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ សម្រាប់​មិត្ត​រួម​ការ​ងារ​ម្នាក់​​របស់​​លោក​ក្នុង​គ្រា​នោះ​ ការ​ងារ​នេះ​គឺជា​ឱកាស​រៀន​សូត្រ​អំពី​ជំនួញ​ ដែល​ក្រោយ​មក​​ម្នាក់​នោះ​បានប្រើ​ប្រាស់​​បទ​ពិសោធន៍​ដើម្បី​ធ្វើ​អាជីវកម្ម​ ហើយ​បង្កើត​បាន​ជា​បណ្ដាញ​រក​លុយ​​​មួយ​ដែល​មាន​ហាង​ចំនួន​100​កន្លែង​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ប្រើ​ប្រាស់​ពាណិជ្ជ​សញ្ញា​។

    4.គេង​ច្រើន​

    ក្នុង​ចំណោម​​ប្រការ​ដែល​សេដ្ឋី​ Cardone សោក​ស្ដាយ​បំផុត​​នោះ​គឺ​ការ​ដែល​លោក​មិន​បាន​ប្រើ​ប្រាស់​ពេល​វេលា​​ឱ្យ​បាន​ច្រើន​ តែ​បែរ​ជា​ពេញ​ចិត្ត​ជាមួយ​នឹង​ជីវ​ភាព​ខណៈ​ដែល​លោក​ពិត​ជា​ត្រូវ​ការ​គូស​វាស​​គោល​ដៅ​ និង​ស្វែង​រក​វិធី​ដើម្បី​ឈោង​ចាប់​វា​។ លោក​ Cardone ថ្លែង​ថា បើសិន​ជា​​ដឹង​អំពី​ប្រការ​នេះ​បាន​ឆាប់​ នោះ​ជោគ​ជ័យ​របស់​លោក​នឹង​បាន​មក​ដល់​ឆាប់​ជាង​​អ្វី​ដែល​លោក​ទទួល​បាន​នា​បច្ចុប្បន្ន​។

    សេដ្ឋី​ Cardone បាន​ផ្ដល់​យោបល់​សម្រាប់​យុវវ័យ​ដែល​មាន​អាយុ​ខ្ទង់​ម្ភៃ ឱ្យ “​គេង​ដូច​អ្នក​មាន​ និង​ក្រោក​ពី​ព្រលឹម​​មុន​ថ្ងៃ​រះ”​។ បច្ចុប្បន្ន ទីផ្សារ​កំពុង​តែ​ប្ដូរ​ផ្លាស់​យ៉ាង​លឿន​ ដូច្នេះ អ្នក​និង​ខ្ញុំ​ត្រូវ​តែ​មាន​ភាព​រហ័ស​រហួន​ដើម្បី​ចាប់​យក​ឱកាស​ ក៏ដូច​ជា​បង្កើត​ឱកាស​ល្អ​​ឱ្យ​ទាន់​ពេលវេលា​​៕

    ប្រភព​៖ CNBC

  • រឿងដែលត្រូវគិត មុនរៀបការ សម្រាប់កំលោះក្រមុំសម័យថ្មី គួរតែដឹង!

    រឿងដែលត្រូវគិត មុនរៀបការ សម្រាប់កំលោះក្រមុំសម័យថ្មី គួរតែដឹង!

    សម្រាប់ការ រៀបការ ឬការរួមរស់នៅជាមួយគ្នារវាងមនុស្សពីរនាក់ដែលធ្វើដំណើរទៅជាមួយគ្នាក្រោយពីបានសេពគប់មើល ចិត្តថ្លើមគ្នាអស់មួយរយៈហើយនោះ អាចហៅបានថា មិនមែនជារឿងងាយដូចដែលមនុស្សជាច្រើនគិតនោះទេ តែដូចពាក្យដែលគេនិយាយថា “ការរៀបការមិនមែនជាចំណុចបញ្ចប់របស់ជីវិតនោះទេ តែវាជាចំណុចចាប់ផ្តើមរបស់ជីវិត” ទៅវិញទេ ព្រោះអំឡុងជីវិតក្រោយពេលរៀបការនោះ គឺជាការពិតដែលយើងត្រូវប្រឈម ថ្ងៃនេះយើងនាំគ្នាមកមើលពីភាពត្រៀមខ្លួនរួចជាស្រេចមុនពេលរៀបការ ដើម្បីជាគន្លងផ្លូវដែលលោកអ្នកត្រូវតែត្រៀមខ្លួនឱ្យជាស្រេចក្នុងការជួបប្រទះ និងប្រឈមមុខជាមួយភាពប្រែប្រួលទាំងអស់នោះ។

    ទស្សនៈ ផ្នត់គំនិតត្រូវគ្នាឬទេ?

    សម្លឹងមើលពីសេចក្តីនឹកសង្ឃឹមរបស់យើង និងគូស្នេហ៍ថា តើមានផ្នត់គំនិតទៅក្នុងទិសដៅដូចគ្នាដែរឬទេ? និងតើម្នាក់ៗទទួលស្គាល់ភាពមិនត្រូវគ្នានោះបានច្រើនតិចប៉ុនណា? ដែលរឿងនេះអាចរាប់បានថា ជារឿងមួយសំខាន់ខ្លាំងណាស់ ដែលយើងចាំបាច់ត្រូវប្រឹក្សាគ្នាជាមួយគូស្នេហ៍របស់យើងថា តើមានគំនិតដូច ឬខុសគ្នាច្រើនតិចប៉ុនណា? ព្រោះបើខុសគ្នាច្រើន និងទទួលយកមិនបាននោះ នឹងច្រើនតែកើតមានបញ្ហាក្រោយរៀបការជានិច្ច។

    ព្រមទទួលយកការផ្លាស់ប្តូរច្រើនតិចប៉ុនណា?

    រលឹកដឹងថា តើអ្នកត្រៀមជាស្រេចក្នុងការប្រឈមជាមួយការផ្លាស់ប្តូរបានច្រើនតិចប៉ុនណា? មិនថាតែការផ្លាស់ប្តូរទីលំនៅ ឬអាចត្រូវប្តូរកន្លែងធ្វើការ រួមទាំងបើមានកូន តើនឹងត្រូវរស់នៅបែបណាទៀតផង?។

    ទទួលយក និងយល់ពីសម្ព័ន្ធភាពជាមួយក្រុមគ្រួសារគូស្នេហ៍បានឬទេ?

    នឹកដល់ពីសម្ព័ន្ធភាពរបស់ក្រុមគ្រួសារគូស្នេហ៍ ដែលបើសិនជាក្រុមគ្រួសារគេមិនចូលចិត្តយើងផងនោះ អាចនឹងក្លាយជាសង្រ្គាមក្តៅគគុក ឬសភាវបង្ខំចិត្តបាន ដែលអ្នកនឹងត្រូវស្គាល់ពីវិធីការសម្រុះសម្រួល និងទប់ទល់យ៉ាងមានសតិបញ្ញា ចេះគ្រប់គ្រងអារម្មណ៍ខឹងសម្បារឱ្យល្អ ព្រោះមិនដូច្នោះទេនឹងកើតការឈ្លោះតតាំង និងសាងក្តីលំបាកចិត្តដល់គូស្នេហ៍របស់អ្នកបាន។

    ស្គាល់ និងយល់ពីអារម្មណ៍គូស្នេហ៍យ៉ាងស៊ីជម្រៅច្បាស់ហើយឬនៅ?

    ត្រូវស្គាល់ពីអារម្មណ៍របស់គូស្នេហ៍ឱ្យច្បាស់មុននឹងសម្រេចចិត្តរៀបការ ព្រោះបើឈ្លោះគ្នា ហើយដល់ថ្នាក់ប្រើកម្លាំងបាយវាយតប់ផងនោះ អ្នកគួរតែវឹលត្រឡប់មករិះគិតឡើងវិញឱ្យបានច្បាស់ មុននឹងយល់ព្រមសម្រេចចិត្តហើយ។

    រៀបផែនការទប់ទល់ជាមួយបញ្ហាហិរញ្ញវត្ថុដែលអាចកើតឡើងក្រោយពេលរៀបការច្បាស់លាស់ហើយឬនៅ?

    ពិនិត្យមើលស្ថានភាពខាងហិរញ្ញវត្ថុរបស់គូស្នេហ៍ រឿងនេះក៏អាចរាប់បានថាជាបច្ច័យមួយដែលត្រូវតែរលឹកនឹកដល់យ៉ាងខ្លាំងមួយដែរ ព្រោះពាក្យថា សុខចិត្តហូបអំបិលជាមួយគ្នានោះ វាប្រើលែងបានហើយនៅក្នុងសង្គមបច្ចុប្បន្ននេះ។ ក្រោយរៀបការ បើកើតមានបញ្ហាផ្នែកហិរញ្ញវត្ថុនៅពេលណាមួយហើយនោះ បញ្ហាផ្សេងៗក៏នឹងតាមមកជាច្រើន ដូច្នេះទើបត្រូវមានការពិភាក្សាគ្នា ឬរៀបផែនការផ្នែកហិរញ្ញវត្ថុនេះឱ្យបានច្បាស់លាស់ជាមុនសិន។

    សង្កេតឃើញថា រឿងរបស់ការរៀបការនេះគឺជារឿងសំខាន់ ដែលយើងម្នាក់ៗចាំបាច់ត្រូវតែគិតសម្រេចចិត្តឱ្យច្បាស់ជាមុនសិនមុននឹងសម្រេចចិត្តយល់ព្រម ព្រោះជីវិតគូមិនមែនប្រើប្រាស់ត្រឹមតែសេចក្តីស្រឡាញ់រវាងគូស្នេហ៍តែម្យ៉ាងប៉ុណ្ណោះទេ តែនៅត្រូវនឹកដល់បច្ច័យជុំវិញខ្លួនផ្សេងៗទៀតជាច្រើន ដោយបើសិនជាមិនរិះគិតឱ្យបានល្អិតល្អន់មុនសម្រេចចិត្តទេនោះ អាចនឹងត្រូវបញ្ចប់ដោយការលែងលះ ឬខូចចិត្តសោកស្តាយនៅពេលក្រោយបាន។

    និងបើសិនជាទទួលស្គាល់នូវភាពផ្លាស់ប្តូរដែលនឹងកើតឡើងតាមក្រោយបាននោះ អាចរួមរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីទុក្ខតិចៗ តែមានសេចក្តីសុខយូរអង្វែងបាន៕

  • វីដេអូ៖​ នឹង​ទៅ​ជា​យ៉ាង​ណា​ បើ​សិន​កាំជ្រួចអវកាស​​មាន​រូប​រាង​ថ្លា​ដូច​កញ្ចក់​?

    វីដេអូ៖​ នឹង​ទៅ​ជា​យ៉ាង​ណា​ បើ​សិន​កាំជ្រួចអវកាស​​មាន​រូប​រាង​ថ្លា​ដូច​កញ្ចក់​?

    អ្នក​ប្រហែល​ជា​មាន​ចម្ងល់​ហើយ​ថា តើ​ឥន្ធនៈ​ និង​ផ្នែក​ខាង​ក្នុង​របស់​កាំជ្រួច​មាន​រូប​រាង​និង​ផ្លាស់​ប្ដូរ​ស្ថាន​ភាព​យ៉ាង​ណា​នៅ​ពេល​ពួកវា​​ហោះ​ឡើង​ទៅ​លើមេឃ​? វីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​និង​ចែក​រំលែក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​បង្ហាញ​​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ស្ថាន​ភាព​របស់​កាំជ្រួច​ចំនួន​4​គ្រាប់​ដែល​មាន​រូប​រាង​​ថ្លា​ដូច​កញ្ចក់​ក្នុង​ពេល​ពួក​វា​ហោះ​ឡើង​ និង​បំបែក​ខ្លួន​ទៅ​តាម​ដំណាក់​កាល​​នីមួយៗ ក្នុង​នោះ​យើង​ឃើញ​មាន​ទិដ្ឋ​ភាព​កាំជ្រួច​អស់​ថាម​ពល​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ផងដែរ​។

    វីដេអូ​នេះ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​​អំពី​លក្ខណៈ​​របស់​កាំជ្រួច​ទាំង​4ប្រភេទ​ដែល​មាន​រូប​រាង​ថ្លា​​ (ពីឆ្វេង​ទៅ​ស្ដាំ) ដូច​ខាង​ក្រោម​៖

    1. កាំជ្រួច​ Saturn V ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រភេទ​ធ្ងន់​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ និង​ត្រូវ​បាន​ NASA ប្រើ​ប្រាស់​ចាប់​ពី​ឆ្នាំ​1967​ដល់​ឆ្នាំ​1973​។

    2. កាំជ្រួច​​នៃ​យាន​ Space Shuttle ​ជា​យាន​អវកាស​របស់​ NASA ដែល​ឈប់​​​ធ្វើ​សកម្ម​ភាព​​​ចាប់​ពី​ឆ្នាំ2011​។

    3. កាំជ្រួច​ Falcon Heavy របស់​ក្រុម​ហ៊ុន​ SpaceX ជា​មធ្យោបាយ​ដឹក​ជញ្ជូន​​ទំនិញ​ធុន​ធ្ងន់​។

    4. កាំជ្រួច​មហា​ទម្ងន់​សម្រាប់​នាំ​យាន​អវកាស​របស់​ NASA (SLS) កំពុង​ត្រូវ​បាន​អភិវឌ្ឍដើម្បី​ជំនួស​យាន​Space Shuttle។

    វីដេអូ៖​ នឹង​ទៅ​ជា​យ៉ាង​ណា​ បើ​សិន​កាំជ្រួចអវកាស​​មាន​រូប​រាង​ថ្លា​ដូច​កញ្ចក់​?

    វីដេអូ​នេះ​បាន​ប្រើប្រាស់​ពណ៌​មួយ​ចំនួន​ដើម្បី​បង្ហាញ​អំពី​វត្ថុធាតុ​ និង​ប្រេង​ឥន្ធនៈ​ជា​ថាម​ពល​​ផ្សេង​ៗ​គ្នា​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​​សម្រាប់​កាំជ្រួច​នីមួយ​ៗ​។

    >ពណ៌​ក្រហម​គឺជា​​ RP-1 ដែល​ជាប្រេង​មួយ​ប្រភេទ​ត្រូវ​បាន​ចម្រាញ់​ដល់​កម្រិត​ខ្ពស់​ដូច​ទៅ​នឹង​ឥន្ធនៈ​ប្រើ​សម្រាប់​​ម៉ាស៊ីន​យន្ត​ហោះ​។

    >ពណ៌​ទឹក​ក្រូច​គឺជា​អ៊ីដ្រូសែនរាវ (LH2)​ ដែល​ជា​​ឧស្ម័ន​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​អង្គ​ការ​ NASA។ ប្រការ​ដែល​អស្ចារ្យ​នោះ​គឺ​ថា ដំបូង​​បង្អស់​ ឧស្ម័ន​នេះ​ធ្វើ​ឱ្យ​ត្រជាក់​នៅ​ត្រង់​បំពង់​កន្ទុយ​រុញ​ច្រាន​នៅ​មុន​ពេល​វា​ត្រូវ​បាន​ដុត​បញ្ឆេះ​ដោយ​សារ​ធាតុ​អុកស៊ីតកម្ម។

    វីដេអូ៖​ នឹង​ទៅ​ជា​យ៉ាង​ណា​ បើ​សិន​កាំជ្រួចអវកាស​​មាន​រូប​រាង​ថ្លា​ដូច​កញ្ចក់​?>ពណ៌​ផ្ទៃ​មេឃ​គឺជា​អុកស៊ីសែនរាវ (LOX) តែង​ត្រូវ​បាន​ប្រើ​​ជា​សារ​ធាតុ​អុក​ស៊ីត​កម្ម​សម្រាប់​អ៊ីដ្រូសែន​រវាវ​ក្នុង​កាំជ្រួច​ដឹក​ទំនិញ​ធុន​ធ្ងន់​ដូច​ជា RS-25 (របស់​ NASA) ដែល​ជា​ម៉ាស៊ីន​មួយប្រភេទ​​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​យាន​អវកាស​ Space Shuttle​។

    កាំជ្រួច​ SLS នា​ពេល​ខាង​មុខ​របស់​ NASA នឹង​លាយ​បញ្ចូល​គ្នា​រវាង ​LH2 និង LOX ដើម្បី​បង្កើត​បាន​ជា​ប្រភព​ថាម​ពល​ដ៏​មហិមា​ និង​បញ្ចេញ​​ទឹក​មក​ខាង​ក្រៅ​។

    ដោយ​សារ​តែ​បរិមាណ​ LH2 មាន​កម្រិត​ទាប កាំជ្រួច​ SLS នឹង​ត្រូវ​បាន​បំពង់​ដាក់​ឥន្ធនៈ​ដ៏​ធំមួយ​។ ដើម្បី​កាត់​បន្ថយ​បញ្ហា​​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​បាន​ដាក់​កាំជ្រួច​អម (booster) ចំនួន​ពីរ​នៅ​សង​ខាង​។

    កាំជ្រួច​ Falcon Heavy របស់​ SpaceX និងកាំជ្រួច​ Saturn V សុទ្ធ​តែ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​ដែល​បាន​ចម្រាញ់​រួច​នៅ​ដំណាក់​កាល​ដំបូង​។

    ការ​ដុត​បញ្ឆេះ​ប្រេង​នឹង​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​បរិស្ថាន​ ព្រោះ​ថា​វា​បង្កើត​ឱ្យ​មាន​សារ​ធាតុ​កាបូន​ឌីអុកស៊ីត​យ៉ាង​ច្រើន​ ហើយ​ប្រការ​នេះ​នឹង​កាន់​តែ​អាក្រក់​នៅ​ពេលក្រុម​ហ៊ុន​​ SpaceX បាន​ដាក់​គោល​ដៅ​បាញ់​បង្ហោះ​កាំជ្រួច​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​/លើកនា​ពេល​ខាង​មុខ​។

    អ្នក​ផលិត​វីដេអូ​នេះ​ថែម​ទាំង​បាន​គិត​ដល់​ការ​ដាក់​​រថយន្ត​ Tesla Roadster ពណ៌​ក្រហម​​ (ដែល​ជា​រថយន្ត​ដ៏ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​នាំ​ទៅ​កាន់​អវកាស​កាល​ពី​ឆ្នាំ​2018​ ដោយ​លោក​ Elon Musk ដែល​ជា​ CEO របស់​ក្រុម​ហ៊ុន​ SpaceX) នៅ​ខាង​ក្នុង​ក្បាល​កាំជ្រួច​​ទៀត​ផង៕

    ប្រភព៖ Futurism

  • សូមរំលែកទុក្ខក្រៀមក្រំ! ឪពុកអ្នកនាង ខាត់ សុឃីម មរណភាពហើយ

    សូមរំលែកទុក្ខក្រៀមក្រំ! ឪពុកអ្នកនាង ខាត់ សុឃីម មរណភាពហើយ

    នៅពីព្រឹកថ្ងៃទី22 មិថុនា ឆ្នាំ2020 នៅលើហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះសារយ៉ាងក្ដុក្ដួល និងបានដាក់សញ្ញាកាន់ទុក្ខអមដោយពាក្យថា លារហូតហើយពុក ដែលឃើញហើយរន្ធត់ចិត្ត។ លោកតាខាត់ ឪពុករបស់អ្នកនាង ខាត់ សុឃីម និង ជាអ្នកភ្លេងបុរាណត្រកូលខាត់ បានទទួលមរណភាពហើយ ដោយលោកសម្រានស្លាប់ដូចសម្រានលក់ សូម្បីតែកូនចៅក៏មិនចាប់អារម្មណ៍។

    យ៉ាងណាមិញ អ្នកនាង ខាត់ ស្រីវង ដែលជាប្អូនស្រីបង្កើតរបស់ អ្នកនាង ខាត់ សុឃីម បានបង្ហោះថា” ពុកអើយមិនទាន់បានជូនពរពុកផងពុកបានទៅចោលកូនដោយមិនបានលា ថ្ងៃបុណ្យឱពុកគឺជាថ្ងៃដែលកូនធ្វើបុណ្យឱ្យពុកទៅវិញ ពុកអើយអនុស្សារីយ៍ពួកយើងពិតជាច្រើនពេកហើយ សូមឱ្យពុកសំលាញ់ទៅឱ្យបានសុក លាហើយពុក”។ មរណភាព របស់ឪពុកអ្នកនាង គឺតែមួយថ្ងៃបន្ទាប់ពីទិវាររំលឹកគុណឪពុក និង បន្ទាប់ពីលោកទើបតែបានផ្ទះថ្មី ដែលជាការប្រឹងប្រែងរបស់កូនចៅ។ សូមជម្រាបបន្ថែមថា លោកពុកអ្នកនាង ខាត់ សុឃីម មិនមានដំណឹងថា មានជម្ងឺធ្វើទុក្ខធ្ងន់ធ្ងរពីមុនមកទេ ប៉ុន្តែនៅសុខៗ បែរជាទទួលមរណភាពសឹងមិនគួរឱ្យជឿ៕

  • 3 ប្រយោគដែលឪពុកម្តាយសម័យថ្មី គួរតែឈប់ប្រើជាមួយកូន!

    3 ប្រយោគដែលឪពុកម្តាយសម័យថ្មី គួរតែឈប់ប្រើជាមួយកូន!

    ពាក្យសំដី ឬទង្វើមួយចំនួនអាចហុចផលប៉ះពាល់ដល់កូនជាទីស្រឡាញ់របស់អ្នកបាន ពាក្យសំដីខ្លះដែលឪពុកម្តាយគិតថាប្រហែលជាមិនអីទេ ព្រោះនិយាយតែម្តងដើម្បីបញ្ឈប់ទង្វើរបស់កូននោះ តើអ្នកដឹងទេថា មានពាក្យសំដីខ្លះ ប្រយោគខ្លះដែលឪពុកម្តាយដូចរូបអ្នកភ្លេចខ្លួននិយាយចេញទៅហើយនោះ នឹងហុចផលប៉ះពាល់ដល់កូនសម្លាញ់បាន ដូច្នេះគួរតែបញ្ឈប់ 3 ប្រយោគដូចខាងក្រោមនេះ។

    1 – សម្លុតកូនដោយយកអ្នកដទៃមកអាង

    “កុំរត់លេងរពឹសណា៎ ប្រយ័ត្នពូម្នាក់នោះគាត់ស្តីឱ្យណា៎!”

    “បើកូននៅតែមិនបាត់យំទៀត ម៉ាក់នឹងឱ្យប៉ូលីសមកចាប់!”

    ការដែលឪពុកម្តាយនិយាយប្រយោគនេះ អាចនឹងកើតចេញពីការដែលយើងមានអារម្មណ៍ថា ហាមកូនលែងស្តាប់ ឬខ្លាចថាកូនមិនចូលចិត្ត ឬស្អប់ឪពុកម្តាយបើឪពុកម្តាយជាអ្នកស្តីឱ្យដោយខ្លួនឯង ទើបបោះតួនាទីតួចិត្តអាក្រក់នេះឱ្យកូនទៅស្អប់ ឬខ្លាចអ្នកដទៃជំនួសវិញ ដែលចំពោះរឿងនេះ ដំបូងៗកូនអាចនឹងជឿ និងធ្វើតាម តែដល់យូរៗទៅ កូនក៏នឹងចាប់ផ្តើមដឹងថា ប៉ាម៉ាក់មិនបាននិយាយការពិតទេ និងលែងមានអារម្មណ៍ថាខ្លាចតទៅទៀត។ វិធីដែលល្អ ឪពុកម្តាយគួរស្តីបន្ទោសកូនដោយខ្លួនឯង និងប្រាប់ឱ្យច្បាស់លាស់ថា ចង់ឱ្យកូនធ្វើយ៉ាងណា ដូចជា “ម៉ាក់ចង់ឱ្យកូនដើរមួយៗ មិនចង់ឱ្យកូនជំពប់ជើងដួល” ព្រោះសម្រាប់មនុស្សដែលជាឪពុកម្តាយនោះ មិនថាចង់ស្តីបន្ទោសកូនប៉ុនណា ក៏នៅតែជាមនុស្សសំខាន់ក្នុងដួងចិត្តរបស់កូនជានិច្ច។

    2 – សម្លុតកូនថា តិចត្រូវទណ្ឌកម្ម!

    “បើឌឺរឹងទទឹង តិចម៉ាក់វាយណា!”

    “បើរករឿងងង៉ក់ ម៉ាក់នឹងទុកចោលនៅកន្លែងហ្នឹងតែម្តង!”

    មានច្រើនដងណាស់ដែលប្រាប់កូនល្អៗក៏ប្រាប់ហើយ ហាមក៏ហាមហើយ តែកូនក៏នៅតែមិនព្រមស្តាប់សោះ ដល់គ្រាន់តែសម្លុតថា តិចវាយណា៎ តែប៉ុណ្ណឹង មើលទៅដូចជាបានផលល្អ និងលឿនជាងទៀតផង ប៉ុន្តែពេលខ្លះការដាក់ទោសដោយការវាយដំមិនបានជួយធ្វើឱ្យកូនបានរៀនយល់ដឹងថា មិនគួរធ្វើទង្វើមួយនោះដោយសារអ្វីនោះឡើយ ថែមទាំងក្មេងអាចនឹងមានអារម្មណ៍គុំគួនឪពុកម្តាយ និងយល់ថា ការប្រើកម្លាំងបាយ ឬការធ្វើបាបលើរូបរាងកាយអ្នកដទៃដែលធ្វើខុស គឺជារឿងត្រឹមត្រូវ និងអាចធ្វើបានទៀតផង។ បើចង់ដាក់ទោសកូនដោយការវាយដំ គួរតែវាយដោយដៃ ព្រោះបើកូនឈឺ យើងក៏ឈឺដែរ និងប្រាប់ឱ្យកូនដឹងថា ត្រូវទទួលទោសដោយសាររឿងអ្វី និងដែលសំខាន់បំផុតនោះគឺ ហាមប្រើកំហឹងជាមួយកូនឱ្យសោះ។

    3 – សម្លុតកូនដោយប្រើសេចក្តីស្រឡាញ់មកធ្វើជាលក្ខខណ្ឌ

    “បើឌឺ រឹងទទឹង តិចម៉ាក់ឈប់ស្រឡាញ់!”

    ឪពុកម្តាយអាចនឹងនិយាយចេញទៅដោយមិនបានគិតអ្វី ព្រោះគិតថា កូនគួរតែដឹងហើយថា យ៉ាងណាៗក៏ប៉ាម៉ាក់នៅតែស្រឡាញ់កូនស្រាប់ទៅហើយ តែមិនបានដឹងឡើយថា ពាក្យសំដីធម្មតាៗនេះអាចនឹងកាត់បន្ថយអារម្មណ៍ និងភាពជឿជាក់របស់កូនបាន ព្រោះកូននឹងចាប់ផ្តើមមានអារម្មណ៍មិនប្រាកដនៅក្នុងចិត្តថា សរុបទៅ តើប៉ាម៉ាក់នៅតែស្រឡាញ់រូបគេឬក៏អត់?។ ក្មេងខ្លះមានអារម្មណ៍វឹលវល់ និងអាចយល់ឃើញតែម្នាក់ឯងថា ប៉ាម៉ាក់ឈប់ស្រឡាញ់មែន ធ្វើឱ្យពេលខ្លះមានបញ្ហាខាងអារម្មណ៍មិននឹងនរ ព្រោះមានអារម្មណ៍ដឹងពីភាពមិនស្ថិតស្ថេរចំពោះសេចក្តីស្រឡាញ់របស់ឪពុកម្តាយដែលមានចំពោះខ្លួន។

    ឡារ៉ែនចង់ជម្រាបថា ឪពុកម្តាយគឺជាមនុស្សដែលសំខាន់បំផុត មិនថាមានរឿងអ្វីកើតឡើងឡើយ ត្រូវតែធ្វើឱ្យកូនដឹងថា ប៉ាម៉ាក់នៅតែស្រឡាញ់គេរហូតគ្រប់ពេលវេលា ស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌ មិនថាគេនឹងក្លាយជាយ៉ាងណា ឬធ្វើអ្វីខុសក៏ដោយ៕