Category: សង្គម និងសេដ្ឋកិច្ច

  • អក្ខរកម្មឌីជីថលជាផ្នែកសំខាន់ក្នុងការអប់រំសតវត្សទី21

    អក្ខរកម្មឌីជីថលជាផ្នែកសំខាន់ក្នុងការអប់រំសតវត្សទី21

    នៅក្នុង​សតវត្ស​ទី21នេះ ជា​យុគ្គ​សម័យថ្មី​មួយ​នៃ​បច្ចេកវិទ្យា​ដែល​ពិភពលោក​កំពុងមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​លើ​គ្រប់ផ្នែក​ទាំងអស់ ជាពិសេស​ប្រព័ន្ធ​ការងារ និង​ការអប់រំ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា បច្ចុប្បន្ននេះ បច្ចេកវិទ្យា​បាន​ដើរតួនាទី​កាន់តែ​សំខាន់​នៅក្នុង​ពិភពលោក ហើយ​ក្នុងនោះ បច្ចេកវិទ្យា​មួយចំនួន​ក៏បាន​ចូលមក​ជំនួស​ការងារ​របស់​ម​នុស្ស​ផងដែរ។ បញ្ហា​នេះ​ទាមទារ​ឱ្យ​ការអប់រំ​ក៏ត្រូវ​តែ​អភិវឌ្ឍ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​ថ្មី​ក្នុង​សតវត្ស​ទី21នេះ។ សម្រាប់​កម្ពុជា នៅក្នុង​សន្និបាត​អប់រំ​ឆ្នាំ2020នេះ យើង​បានជ្រើសរើស​យក​ប្រធានបទ«ការអប់រំ​ឌីជីថល» ព្រោះ​វា​ជា​ផ្នែក​សំខាន់​ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​ការងារ​ក្នុង​ពិភពលោក​នា​សតវត្ស​ថ្មី​នេះ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «តម្រូវការ​ទីផ្សារការងារ​នា​សតវត្ស​ទី21នេះ ចាំបាច់​ត្រូវការ​បំ​ណិ​ន​ខ្ពស់ ដូចជា​បំ​ណិ​ន​វិជ្ជាជីវៈ បំ​ណិ​ន​ផ្នែក​ទន់ ដូចជា​ការដោះស្រាយ​បញ្ហា ការធ្វើការងារ​ជា​ក្រុម គំនិត​ច្នៃប្រឌិត និង​បំ​ណិ​ន​បច្ចេកវិទ្យា​ជាដើម»។

    រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បន្ថែមទៀតថា ចំពោះ​បំ​ណិ​ន​បច្ចេកវិទ្យា គឺ​ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល ដើម្បីឱ្យ​ប្រជាជន​របស់​យើង​មានចំណេះដឹង​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ចេះ​សរសេរ​កម្មវិធី ឬ​ចេះ​សរសេរ​កូដ​ជាដើម។ កាលណា​ពួកគេ​មានចំណេះដឹង​ទាំងអស់នេះ ពួកគេ​នឹង​នៅតែ​រក្សាបាន​នូវ​តម្លៃ​ចំពោះ​ការងារ​ក្នុង​រយៈពេល​វែង​ត​ទៅមុខទៀត៕

  • 6 ចំណុចដែលឪពុកម្តាយត្រូវបង្រៀនឱ្យដឹង មុននឹងនាំកូនតូចចូលរោងភាពយន្ត

    6 ចំណុចដែលឪពុកម្តាយត្រូវបង្រៀនឱ្យដឹង មុននឹងនាំកូនតូចចូលរោងភាពយន្ត

    ឪពុកម្តាយជាច្រើនចង់នាំកូនតូចជាទីស្រឡាញ់ទៅមើលកុនជាមួយដែរ តែក៏បារម្ភថានឹងកើតហេតុដែលមិននឹកស្មានដល់កណ្តាលរោងភាពយន្ត ក្លាយជាការរុកគួនរំខានផ្លូវចិត្តដល់អ្នកចូលទស្សនាដទៃទៀត។ ការនាំកូនចូលរោងភាពយន្តគឺជារឿងដែលឪពុកម្តាយត្រូវតែគិត និងដឹងឱ្យច្បាស់ គួរតែចាប់ផ្តើមនៅពេលឃើញថាកូនត្រៀមខ្លួនរួចជាស្រេចហើយ ដូច្នេះមុននឹងនាំកូនតូចចូលមើលកុនលើកដំបូងនោះ រឿងដែលឪពុកម្តាយត្រូវធ្វើមានដូចតទៅ ៈ

    1 – ធ្វើឱ្យការចូលរោងកុនក្លាយជារឿងគួរឱ្យចង់សាកល្បង

    រៀបរាប់ឱ្យកូនស្តាប់ បើកថ្រេលលើរ៍កុនខ្លីៗឱ្យកូនមើល ធ្វើឱ្យការប្រាប់ថា “យើងនឹងនាំគ្នាទៅមើលកុន” ក្លាយជាអ្វីដែលគួរឱ្យត្រេកអរ និងរំភើបញាប់ញ័រ “យេ!!”។

    2 – ប្រាប់ពីការពិតយ៉ាងលម្អិត

    “នៅក្នុងរោងកុនវាងងឹតត្រង់កន្លែងដែលយើងអង្គុយ និងសំឡេងឮខ្លាំងបន្តិចហើយណាកូន តែវាជាកុនរឿងតុក្កតារូបធំៗឱ្យយើងមើល”។

    3 – ម៉ាក់នៅជាមួយកូនជានិច្ច

    ប្រាប់កូនថា ម៉ាក់ និងប៉ានឹងអង្គុយនៅជាមួយកូនជានិច្ច មិនទៅណាឡើយ បើខ្លាច ឬមានអារម្មណ៍អ្វីម្យ៉ាងនោះ យើងនឹងកែកែបញ្ហាជាមួយគ្នា។

    4 – សួរពីការស្ម័គ្រចិត្ត និងផ្តល់ជម្រើសដល់កូន

    មិនបង្ខំកូន សង្កេតមើលថា តើពេលស្តាប់ហើយ កូនអូខេឬទេ? បើចង់ទៅម៉ាក់នឹងនាំទៅ តែបើមិនចង់ទេក៏មិនអីដែរ និង “យើងនឹងចេញពីរោងកុនបាន បើសិនយើងចង់ចេញ”។

    5 – បង្រៀនកូនឱ្យគោរពសិទ្ធិអ្នកដទៃ

    ចំណុចនេះសំខាន់ណាស់ ត្រូវបង្រៀនកូនយ៉ាងម៉ឺងម៉ាត់ថា គ្រប់គ្នានៅក្នុងរោងភាពយន្តត្រូវការភាពស្ងប់ស្ងាត់ ធ្វើហេតុការណ៍ឧទាហរណ៍ឱ្យកូនមើលថា បើកូនកំពុងមើលកុនស្ងាត់ៗ ស្រាប់តែមានក្មេងនិយាយឮៗឡើងនោះ អ្នកក្បែរៗនោះអាចនឹងមើលកុនលែងល្អមើលមិនខាន។

    6 – កំណត់កតិកា

    ចំណុចនេះ “សំខាន់បំផុត” ត្រូវកំណត់កតិកាជាមួយកូនថា បើចង់និយាយ គេត្រូវនិយាយឱ្យតិចៗ ហ្វឹកហាត់ការនិយាយបែបខ្សិប និង “បើកូននិយាយឮខ្លាំងៗលើសពីបីដង មានន័យថា យើងអាចនឹងមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការមើលកុននៅឡើយទេ ហើយយើងនឹងចេញពីរោងកុនសិន ហើយត្រឡប់មកម្តងទៀតនៅពេលណាដែលធំដឹងក្តីល្មមហើយ”។

    ព្រោះរោងភាពយន្តជាទីសាធារណៈ និងជាទីកន្លែងផ្លែកថ្មីសម្រាប់ក្មេងៗនោះ លោកឪពុកអ្នកម្តាយត្រូវតែត្រៀមខ្លួនរួចជាស្រេចចាំទប់ទល់នឹងស្ថានការណ៍ដែលអាចនឹងគ្រប់គ្រងមិនបាន និងថែមទាំងនៅអាចមានជំងឺឆ្លងរាលដាល ដូចជា ជំងឺផ្តាសាយទៀតផង ដូច្នេះរឿងដែលល្អបំផុត គឺរង់ចាំឱ្យកូនធំដឹងក្តីហើយសិន សឹមនាំទៅមើលកុន៕

  • អ្នកនាង ខាត់ សុឃីម និងបងប្អូនប្រគំភ្លេងបុរាណខ្មែរ ទាំងច្រៀងផងស្រែកយំផង ជូនដំណើរលោកពុកជាលើកចុងក្រោយ

    អ្នកនាង ខាត់ សុឃីម និងបងប្អូនប្រគំភ្លេងបុរាណខ្មែរ ទាំងច្រៀងផងស្រែកយំផង ជូនដំណើរលោកពុកជាលើកចុងក្រោយ

    មហាជនជាច្រើនបានជ្រាបរួចហើយ ថ្មីៗនេះ គ្រួសាររបស់ តារាចម្រៀង និងកំប្លែង អ្នកនាង ខាត់ សុឃីម ​​បាន​មាន​ទុក្ខ​ជា​ទម្ងន់ ​ដោយ​លោក​ឪពុករបស់អ្នកនាងបានទទួលមរណភាពហើយ។ ក្នុង​នោះ​ដែរ ​តារាស្រីរូបនេះ ​ជាមួយ​នឹង​​​បង​ប្អូន​បង្កើត​ទាំង9​នាក់​របស់​នាង ​ពិតជាមានការសោកសៅជាខ្លាំងដោយមិនបានទាន់ដង្ហើមលោកឪពុក។

    ហើយអ្វីដែលកាន់តែ សោកស្ដាយនោះ តារាស្រីជើងចាស់រូបនេះ មិនបានទៅទាន់ដង្ហើមចុងក្រោរបស់លោកឪពុកទៀតផង។ ជាក់ស្ដែង ក្នុងថ្ងៃនោះផ្ទាល់ ខណៈពេលកំពុងរៀបចំបុណ្យសពជូនលោកឪពុកខ្លួន អ្នកនាង ខាត់ សុឃីម ក៏បានច្រៀងចម្រៀងជូន និង លាឪពុកជាលើកចុងក្រោយផងដែរ។ ដោយបទនោះជាប្រភេទបទបុរាណ ព្រមទាំងប្រគំឡើងជាមួយឧបករណ៍ភ្លេងបុរាណទៀតផង ក្នុងនោះដែរ រាល់បទដែលនាង ច្រៀងស្ដាប់ទៅពិតជាពីរោះ ហើយពេលស្ដាប់ហើយពិតជាធួលដើមក ចង់ស្រក់ទឹកភ្នែកទៅហើយ។

    សូមជម្រាបថា ឱពុកអ្នកនាង ខាត់ សុឃីម លោកតាខាត់ ជាអ្នកភ្លេងបុរាណត្រកូលខាត់បានទទួលមរណភាពក្នុងវ័យ 67ឆ្នាំ ដោយរោគគាពាធ៕

    ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

  • ឱក សុគន្ធកញ្ញា ផាត់មុខធ្វើសក់បែបនេះទៅ កាន់តែក្មេងជាងវ័យ ធ្វើឱ្យហ្វេនៗសម្លឹងភ្លឹក

    ឱក សុគន្ធកញ្ញា ផាត់មុខធ្វើសក់បែបនេះទៅ កាន់តែក្មេងជាងវ័យ ធ្វើឱ្យហ្វេនៗសម្លឹងភ្លឹក

    បើទោះបីជាតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានកូនប្រុសមួយហើយក្ដី តែមួយរយៈចុងក្រោយនេះ អ្នកនាងពិតជាធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិធីថែរក្សារូបសម្រស់ឱ្យស្រស់ស្អាត ហើយមើលទៅកាន់តែទាក់ទាញជាងមុន។ ជាក់ស្ដែង ថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានការពោលសរសើរពីសំណាក់ហ្វេនៗ។

    ប៉ុន្មានសន្លឹកដែលធ្វើឱ្យហ្វេនៗមើលភ្លឹកគ្រប់គ្នានេះ ក៏មើលឃើញថាពិតជាយ៉ាងទាក់ភ្នែកមួយរបស់ កំពូលតារាស្រីកូនមួយរូបនេះ ក្នុងបណ្ដាញសង្គម ​ដែល​បាន​តុប​តែង​ខ្លួន​ស្ទាយ៌​ថ្មី​យ៉ាង​ស្អាត​ប្លែក​ខ្លាំង​។ ​រូបភាពនោះ បានធ្វើឱ្យហ្វេនៗ​ចាប់ចិត្ត​តែ​ម្ដង ​ពិតជាស្អាតខ្លាំងណាស់ ​មើល​យូរៗ​ទៅ​រូប​សម្រស់​កាន់​តែ​ក្មេង​ជាង​វ័យ​​។ ស្របគ្នានោះដែរ គ្រប់រូបភាពទាំងអស់របស់អ្នកនាងបានបង្ហោះនោះ គឺទទួលបានការចាប់អារម្មណ៍ និងសរសើរពីហ្វេនមិនតិចនោះទេ ដោយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតប្លែកឡើង៕

  • ក្រុមហ៊ុន Adobe គ្រោងនឹងស្នើសុំឱ្យអ្នកប្រើប្រាស់ លុបកម្មវិធី Flash Player ចេញពីកុំព្យូទ័រ

    ក្រុមហ៊ុន Adobe គ្រោងនឹងស្នើសុំឱ្យអ្នកប្រើប្រាស់ លុបកម្មវិធី Flash Player ចេញពីកុំព្យូទ័រ

    Adobe Flash Player គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ជាច្រើន​របស់​ក្រុមហ៊ុន Adobe ជា​កម្មវិធី​អាចឱ្យ​វីដេអូ​នៅលើ Internet Browser ដំណើរការបាន និង​មានការ​ពេញនិយម​យ៉ាង​ខ្លាំង​កាលពី​ជាង 1ទសវត្សរ៍​មុន។ ពេលវេលា​ចេះតែ​ដើរទៅ​មុខ ស្របពេល​ជាមួយ​បច្ចេកវិទ្យា​ក៏​ចេះតែ​វិ​វ​ឌ្ឍ​ទៅកាន់​តែ​ល្អ​ប្រសើរឡើង ក្នុងការ​បង្កើត​កម្មវិធីថ្មីៗ ដើម្បី​ធ្វើឱ្យ​អ្នកប្រើប្រាស់​កាន់តែ​មាន​ភា​ព​ងាយស្រួល។

    ដូចគ្នានេះដែរ ការដាក់ចេញ​ឱ្យប្រើ​ប្រាស់ HTML5 កាលពី​ឆ្នាំ2008 ដែលមាន​បន្ថែម​មុខងារ​របស់ Adobe Flash ដោយ​មិនចាំបាច់​បញ្ចូល​កម្មវិធី​បន្ថែម​នោះ បានធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន ជាពិសេស​ក្រុមហ៊ុន Apple ចាប់ផ្ដើម​ឈប់​ប្រើប្រាស់ Adobe Flash ហើយ​ងាក​មក​ប្រើ​មុខងារ​នេះ​ជាមួយ HTML5 វិញ​ម្ដង។

    ក្រុមហ៊ុន Adobe គ្រោង​នឹង​ស្នើ​សុំឱ្យ​អ្នកប្រើប្រាស់​លុប​កម្មវិធី Flash Player ចេញពី​កុំព្យូទ័រ​របស់​ពួកគេ​នៅ​ដំណាច់​ឆ្នាំនេះ ស្រប​ពេលដែល​កម្មវិធី​នេះ​ត្រូវបាន​គ្រោង​នឹង​ឈានដល់​ទីបញ្ចប់​នៃ​ជីវិត (End-Of-Life) នៅ​ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ខាងមុខ​នេះហើយ។ តាមពិតទៅ កម្មវិធី Flash Player ត្រូវបាន​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់​តាំងពី​អំឡុង​ឆ្នាំ2017 មកម្ល៉េះ រួម​ជាមួយនឹង​ក្រុមហ៊ុន​ផលិត Browser ដូចជា Apple, Google, Microsoft និង Mozilla។ ដោយឡែក មានតែ Facebook មួយ​ប៉ុណ្ណោះ​ដែល​នៅតែ​ត្រូវការ​ពឹងផ្អែក​ទៅលើ Flash Player ដើម្បីឱ្យ​ហ្គេម​មួយចំនួន​អាច​ដំណើរការបាន។

    មូលហេតុ​នៃ​គោលបំណង​ធ្វើ​នេះ គឺ​ដោយសារតែ Flash Player តែងតែ​ត្រូវបាន​វាយប្រហារ​ដោយ​ពួក Hacker និង​អ្នកបង្កើត​មេរោគ Malware។

    Adobe ក៏បាន​ឱ្យដឹង​ដែរ​ថា នៅពេល Flash ឈានដល់​កាលបរិច្ឆេទ​បញ្ចប់ ក្រុមហ៊ុន​មិន​ត្រឹម​តែមាន​គម្រោង​បញ្ឈប់​ការផ្តល់ជូន​នូវ​ការធ្វើ​បច្ចុប្បន្នភាព (Update) ប៉ុណ្ណោះ​ទេ ហើយ​ពួកគេ​ក៏មាន​គម្រោង​នឹង​ដក​តំណ​ទាញយក (Download Link) Flash Player ចេញពី​គេហទំព័រ​របស់​ពួកគេ​ផងដែរ ដើម្បី​ចៀសវាង​កុំឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​កម្មវិធី Flash ដែល​អាច​ប្រឈម​នឹង​ការវាយប្រហារថ្មីៗបន្តទៀត ជាពិសេស​នៅពេលដែល​ក្រុមហ៊ុន​បញ្ចប់​ការធ្វើ​បច្ចុប្បន្នភាព៕

    ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

  • ក្រុមហ៊ុន Zoom ត្រូវបានគេរិះគន់ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធមួយ ពុំមានសុវត្ថិភាព

    ក្រុមហ៊ុន Zoom ត្រូវបានគេរិះគន់ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធមួយ ពុំមានសុវត្ថិភាព

    ក្រុមហ៊ុន Zoom ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​មុខងា​រ end-to-end encryption  កាលពីដើមឆ្នាំ​នោះ ឥឡូវ​ក្រុមហ៊ុន​មួយ​នេះ ត្រូវបាន​គេ​រិះគន់​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ end-to-end encryption ដែល​ពុំមាន​សុវត្ថិភាព។

    Zoom ក៏​ធ្លាប់បាន​សន្យា​ដែរ​ថា នឹងធ្វើ​ការកែសម្រួល​ប្រព័ន្ធ encryption របស់ខ្លួន​ឱ្យមាន​ភាពល្អ​ប្រសើរឡើង ដើម្បី​ចៀសវាង​ការបាត់បង់​ប្រជាប្រិយភាព និង​ធ្វើឱ្យ​ត្រូវ​ទៅនឹង​ស្តង់ដា encryption GCM AES 256-bit ដែលជា encryption មាន​ស្តង់ដា​ខ្ពស់​ដែល​ពិបាក​នឹង​បំបែក​បាន។ ប៉ុន្តែ​ក្រោយមក​បន្តិច Zoom បែរជា​ប្រកាសថា​ប្រព័ន្ធ encryption ថ្មី​នេះ គឺ​សម្រាប់តែ​អតិថិជន​ដែល​បាន​បង់លុយ​ប៉ុណ្ណោះ។

    ការប្រកាស​បែបនេះ ត្រូវបាន​រង​ការរិះគន់​សាជាថ្មី ពី​អ្នកប្រើប្រាស់ និង​សមាជិកសភា​នៅ​សហរដ្ឋអាមេរិក។ សមាជិកសភា លោក Sherrod Brown នៃ​រដ្ឋ Ohio និង​លោក Richard Blumenthal នៃ​រដ្ឋ Connecticut បានធ្វើការ​ស្ដីបន្ទោស​ដោ​យ​ប្រើពាក្យ​សម្ដីធ្ងន់ៗ នៅពេលដែល Zoom ប្រកាស​មិន​ផ្ដល់ end-to-end encryption ដល់​អ្នកប្រើប្រាស់ ដូចដែល​ក្រុមហ៊ុន​បាន​សន្យា​កាលពីពេល​កន្លងទៅ។

    ដោយសារ​មានប្រតិកម្ម​យ៉ាងខ្លាំង​ទាក់ទង​នឹង​សុវត្ថិភាព និង​ឯកជន​ភាព របស់​អ្នកប្រើប្រាស់​នេះ ទើប​ក្រុមហ៊ុន Zoom បានប្រកាស​កាលពី  2ថ្ងៃមុន​ថា នឹងដាក់​ឱ្យប្រើ​ប្រាស់​មុខ​ងារ end-to-end encryption ដល់​អ្នកប្រើប្រាស់​ទាំងអស់​ក្នុងពេលឆាប់ៗនេះ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មិន​បង់លុយ ក្រុមហ៊ុន​ទាមទារ​ឱ្យមាន​ការបញ្ចូល​លេខ​ទូរស័ព្ទ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់។

    មុខងារ end-to-end encryption នេះ​គឺមាន​សម្រាប់តែ Video conferencing ប៉ុណ្ណោះ គឺ​មិនមាន​សម្រាប់​ការផ្ញើ​សារ​នោះទេ៕

  • សិស្សកម្ពុជាបច្ចុប្បន្ននេះ 30% មិនទាន់ទទួលបានសេវាអប់រំ

    សិស្សកម្ពុជាបច្ចុប្បន្ននេះ 30% មិនទាន់ទទួលបានសេវាអប់រំ

    ការអប់រំ ជា​ផ្នែក​យ៉ាង​មាន​សារៈសំខាន់​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ និង​គ្រប់ពេលវេលា ព្រោះ​ទោះបី​ជាមាន​វិបត្តិ​សេដ្ឋកិច្ច និង​ការរីក​រាលដាល​នៃ​មេរោគ Covid-19 ក៏ដោយ​ក៏​ការអប់រំ​នៅតែ​ជា​ចំណុច​អាទិភាព​ក្នុងប្រទេសនីមួយ។

    នៅ​កម្ពុជា​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ យើង​បាន​ជំរុញឱ្យមាន​ការបណ្តុះបណ្តាល​តាមរយៈ​បច្ចេកវិទ្យា ក្រោយពី​មានការ​បិទ​សាលា​ដើម្បី​បង្ការ​ឱ្យមាន​ការរីក​រាលដាល​នៃ​មេរោគ Covid-19។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្នុងចំណោម​សិស្ស3លាន​នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​សិស្ស​ប្រមាណ 30% ដែល​មិនទាន់​ទទួលបាន​សេវា​អប់រំ។ បញ្ហា​ដែល​ពួកគេ​មិនទាន់​ទទួលបាន​សេវា​អប់រំ​គឺ​ដោយសារតែ សិស្ស​ទាំងអស់នោះ​មិនមាន​លទ្ធភាព​ប្រើប្រាស់ Smart Phone និង​កុំព្យូទ័រ។ ម្យ៉ាងវិញទៀត​ពូកគេ​ភាគច្រើន​រស់នៅ​ឆ្ងាយ​ពី​សាលារៀន និង​ស្ថិតក្នុង​ជីវភាព​ក្រីក្រ។

    ឯកឧត្តម​បាន​បន្ថែមទៀតថា ក្នុងចំណោម​សិស្ស 3លាន​នាក់​នោះ មាន​ពាក់កណ្តាល​ទទួលបាន​សេវា​អប់រំ​ពី​ក្រសួង​អប់រំ និង​ពាក់កណ្តាល​ទៀត​ត្រូវ​ពឹង​ផ្អែកលើ​សៀវភៅ​សិក្សា​គោល៕

  • U19 កម្ពុជា គឺជាក្រុមដែលម្ចាស់ផ្ទះ អ៊ូបេគីស្ថាន ហាក់មិនទាន់ដឹងពីសមត្ថភាពប៉ុន្មានឡើយ

    U19 កម្ពុជា គឺជាក្រុមដែលម្ចាស់ផ្ទះ អ៊ូបេគីស្ថាន ហាក់មិនទាន់ដឹងពីសមត្ថភាពប៉ុន្មានឡើយ

    ក្រុម U19 កម្ពុជា បាន​បំបាក់​ថៃ និង​បាន​ទម្លាក់​ក្រុម​នេះ ឱ្យ​ធ្លាក់​ចេញពី​ពាន AFC U19 Championship 2020 ជា​លើក​ទី1 ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដ៏​អាក្រក់​របស់​ថៃ ក្នុង​វគ្គ​ជម្រុះ កាលពីដើមឆ្នាំ2019 កន្លងទៅ នៅពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ។

    គ្រូបង្វឹក​ក្រុម​ម្ចាស់ផ្ទះ អ៊ូ​បេ​គី​ស្ថាន ដែល​នៅ​រួម​ពូ​ល​ជាមួយ​កម្ពុជា លោក Timur Kapadze បាន​បរិយាយ​ថា ក្រុម​របស់លោក​មិនទាន់​ស្គាល់​ពី​កម្រិត​គុណភាព​លេង របស់​ក្រុម​កម្ពុជា​នៅឡើយ តែ​លោក​មិនអាច​មើលស្រាល​បានឡើយ ព្រោះ​ក្រុម​មួយ​នេះ​មិនអាច​ឡើងមក​លេង​ពាន​នេះ​បានឡើយ ប្រសិនបើ​មិន​ខ្លាំង​ទេនោះ។

    គោលបំណង​សំខាន់​របស់​អ៊ូ​បេ​គី​ស្ថាន គឺ​ដើម្បី​បញ្ចប់​វគ្គ​ចែក​ពូ​ល​ក្នុងនាម​ជា​ក្រុម​លេខ១ ក្នុង​ពូ​ល នៅលើ​ទឹកដី​របស់គេ ដោយ​គ្រូបង្វឹក​របស់​ក្រុម​នេះ​បាន​និយាយ​រួចមកហើយ​ថា គេ​នឹង​រៀបចំ​ក្រុម ក៏ដូចជា​លទ្ធភាព​នៃ​ការប្រកួត​ដើម្បី​សម្រេច​គោលដៅ គឺ​ការលើក​ពានរង្វាន់​នេះ​ផ្ទាល់​តែម្ដង៕

  • ខ្សែប្រយុទ្ធជម្រើសជាតិបារាំងម្នាក់ ជាប់សែស្រឡាយថៃ ជិតបានទៅលេងនៅ Premier League ហើយ

    ខ្សែប្រយុទ្ធជម្រើសជាតិបារាំងម្នាក់ ជាប់សែស្រឡាយថៃ ជិតបានទៅលេងនៅ Premier League ហើយ

    កីឡាករ Thanawat ដែល​លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ ធ្លាប់បាន​ជាប់​ក្រុម​ជម្រើសជាតិ​បារាំង U-16 និង U-17 ដែលជា​ហេតុនាំឱ្យ​ថៃ មាន​ចំណាប់អារម្មណ៍​ក្នុងការ​នាំយក​រូបគេ​មកលេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ថៃ​ឈុត​ធំ តែ​គេ​មិនទាន់​ដឹងថា តើ​កីឡាក​រូបនេះ គិត​យ៉ាងណា​នៅឡើយ​ទេ។

    កីឡាករ​វ័យ 20ឆ្នាំ​រូបនេះ គឺជា​កីឡាករ​របស់​ក្លិប Nancy របស់​ប្រទេស​បារាំង កំពុងតែ​ស្ថិតនៅក្នុង​ការចរចា​ទៅ​ចូលរួម​ជាមួយ​ក្លិប​លី​ក​កំពូល​អង់គ្លេស Leicester City ក្រោយ​ពេលដែល​ជិត​ផុត​កុងត្រា ដែល​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ។

    មូល​ហេតុដែល​ធ្វើឱ្យ​កីឡាករ​រូបនេះ ត្រូវបាន​ចាប់អារម្មណ៍​ពី​បណ្ដា​ក្លិបធំៗនេះ គឺ​ដោយសារតែ​យុវជន​រូបនេះ បាន​ជាប់​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម16 និង 17ឆ្នាំ និង​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ៕

  • ឥណ្ឌូនេស៊ី ថាមិនភ័យឡើយ ព្រោះក្រុមខ្លួនធ្លាប់ស៊ីកម្ពុជា មិនតិចដងនោះទេ

    ឥណ្ឌូនេស៊ី ថាមិនភ័យឡើយ ព្រោះក្រុមខ្លួនធ្លាប់ស៊ីកម្ពុជា មិនតិចដងនោះទេ

    ពានរង្វាន់ AFC U19 Championship 2020 កម្ពុជា ស្ថិតនៅក្នុង​ពូ​ល A ជាមួយនឹង​ម្ចាស់ផ្ទះ អ៊ូ​បេ​គី​ស្ថាន អ៊ឺ​រ៉ង់ និង​ឥណ្ឌូនេស៊ី ក្នុងនោះដែរ លោក Indra Sjafri គ្រូ​ជំនួយ​ក្រុមបាល់ទាត់​ឥណ្ឌូនេស៊ី បាន​ថ្លែងថា ក្រុម​លោក គឺជា​ក្រុម​ដែល​ខ្លាំងជាងគេ​នៅក្នុង​ពូ​ល A នេះ។

    ចំពោះ​មូលហេតុ​គឺ ដោយសារតែ​ក្រុម​ទាំងអស់​ក្នុង​ពូ​ល​នេះ រួមមាន​កម្ពុជា  និង​ម្ចាស់ផ្ទះ​ផង​នោះ សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​ចាញ់​ក្រុម​ឥណ្ឌូនេស៊ី​ទាំងអស់ ណាមួយ​ក្រុម​យើង(ឥណ្ឌូនេស៊ី) មិនបាច់​ភ័យ​ឡើយ​ក្នុង​ការប្រកួត​នេះ ព្រោះ​ទោះជា​ជាប់ ឬ​ធ្លាក់​ក៏ដោយ ក៏​ឥណ្ឌូនេស៊ី មាន​សិទ្ធិ​ទៅលេង​នៅ World Cup U20 ដោយ​ស្វ័យប្រវត្តិ​ដែរ ព្រោះ​ខ្លួន​ជា​ម្ចាស់ផ្ទះ។

    គួររំឭកថា U-19 កម្ពុជា នឹងត្រូវ​ប្រកួត​បើកឆាក​ប៉ះ​ជាមួយ U-19 ឥណ្ឌូនេស៊ី នេះ​ផ្ទាល់​តែម្ដង បើតាម​គម្រោង​គឺ​ចាប់ផ្ដើម​នៅ​ថ្ងៃទី14 ខែតុលា ឆ្នាំ2020 គ្រា​ដែល​ក្រុម 2ទៀត ដែល​កម្ពុជា​ត្រៀម​ជួប​បន្តបន្ទាប់​នោះ​គឺ ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន ថ្ងៃទី17 និង​ប្រកួត​ចុងក្រោយ​ប៉ះ​អ៊ីរ៉ង់ នៅ​ថ្ងៃទី20 ខែតុលា ឆ្នាំ2020៕