Category: សង្គម និងសេដ្ឋកិច្ច

  • Sony ចាប់ផ្ដើមលក់ម៉ាស៊ីនត្រជាក់ដាក់តាមខ្លួន តម្លៃជាង100ដុល្លារ (វីដេអូ)

    Sony ចាប់ផ្ដើមលក់ម៉ាស៊ីនត្រជាក់ដាក់តាមខ្លួន តម្លៃជាង100ដុល្លារ (វីដេអូ)

    Reon Pocket ដែលជាផលិតផលមួយត្រូវបានបង្កើតឡើងពីការអំពាវនាវរកទុនកន្លងមក ត្រូវបានដាក់លក់នៅប្រទេសជប៉ុនហើយ ចាប់ពីថ្ងៃទី1កក្កដា2020 ក្នុងតម្លៃ 13,000យ៉េន (120ដុល្លារអាមេរិក)។

    ដោយត្រូវបានឧទ្ទេសនាមជាលើកដំបូងកាលពីខែកក្កដា2019 ក្រោមរូបភាពអំពាវនាវរកទុន និងស្ថិតក្នុងគម្រោង First Flight របស់ក្រុមហ៊ុន Sony ក្រុមវិស្វករត្រូវចំណាយពេលដល់ទៅជិតមួយឆ្នាំ ទើប Reon Pocket ត្រូវបានដាក់លក់ជាផ្លូវការ។

    ឧបករណ៍នេះមានរូបរាងមួយជ្រុងទ្រវែង តូច អាចកាន់ដូចទៅនឹងទូរស័ព្ទស្មាតហ្វូន និងមានទម្ងន់មិនដល់100ក្រាម ប៉ុន្តែអាចធ្វើឱ្យសីតុណ្ហភាពត្រជាក់ចុះមកនៅត្រឹម13អង្សា និងអាចបង្កើនកម្ដៅបាន8អង្សានៅពេលមេឃត្រជាក់។ ពេលប្រើប្រាស់ ឧបករណ៍នេះត្រូវបានដាក់នៅក្នុងអាវមួយដែលត្រូវបានរចនាឡើងដោយឡែក មានទីតាំងនៅត្រង់ផ្នែកខាងក្រោមគល់ក ខាងក្រោយខ្នង។ ផ្ទាំងស៊ីលីកុនដែលប៉ះទៅនឹងរាងកាយនឹងធ្វើឱ្យសីតុណ្ហភាពត្រង់កន្លែងដាក់ម៉ាស៊ីន ត្រូវចុះត្រជាក់ ឬឡើងកម្ដៅបាន ដោយមិនមានបញ្ចេញសម្លេងអ្វីឡើយ។

    យោងតាមបទពិសោធន៍របស់ Gizmodo កូនម៉ាស៊ីនត្រជាក់ Reon Pocket នេះ ដំណើរការប្រកបដោយស្ថិរភាព និងប្ដូរផ្លាស់សីតុណ្ហភាពដែលអាចឱ្យអ្នកប្រើប្រាស់ដឹងបានយ៉ាងច្បាស់។ ក៏ប៉ុន្តែ Reon Pocket មិនអាចបញ្ចុះកម្ដៅរាងកាយនោះទេ តែតាមពិតវានាំមកនូវភាពត្រជាក់ស្រួល ឬកក់ក្ដៅជាងធម្មតា ពោលគឺវាដូចទៅនឹងការស្អំកន្លែងត្រជាក់ ឬកន្លែងក្ដៅទៅលើរាងកាយដូច្នោះដែរ។

    កូនម៉ាស៊ីនត្រជាក់នេះ ត្រូវការភ្ជាប់ជាមួយកម្មវិធីនៅលើស្មាតហ្វូន iOS ឬ Android ដើម្បីបង្កើតមុខងារនានា និងការបង្ថែម ឬបន្ថយកម្ដៅ។ មុខងារបញ្ចុះសីតុណ្ហភាពមាន4កម្រិត និងដំណើរយ៉ាងយូរត្រឹម30នាទី។ ចំណែកមុខងារបង្កើនភាពកក់ក្ដៅ មាន3កម្រិត។

    Reon Pocket ប្រើប្រាស់រន្ធបញ្ចូលថាមពល USB-C ហើយថ្មរបស់វាអាចប្រើបានប្រហែលពី1 ទៅ3ម៉ោង បន្ទាប់ពីបានបញ្ចូលថាមពលពេញ។

    ក្រៅពីខ្ទង់ចំណាយ120ដុល្លារ (ប្រហែល 490,000 រៀល) សម្រាប់កូនម៉ាស៊ីនត្រជាក់ Reon Pocket នេះ អ្នកប្រើប្រាស់ក៏ត្រូវការទិញអាវសម្រាប់ដាក់ឧបករណ៍នេះផងដែរ ដែលវាមានតម្លៃ16ដុល្លារ ដែលប្រហែលនឹង 65,000​រៀល៕

    ប្រភព៖ Gizmodo

  • ការរៀបផែនការមានផ្ទៃពោះ

    ការរៀបផែនការមានផ្ទៃពោះ

    ការមានគភ៌គឺជារឿងធម្មជាតិរបស់បុរស និងស្រ្តីដែលរស់នៅជាមួយគ្នា តែការមានគភ៌ដោយមានការរៀបផែនការទុកជាមុននោះ ផ្តល់នូវលទ្ធផលផ្សេងពីការដែលមិនបានរៀបផែនការជាមុនយ៉ាងស្រឡះ ជាពិសេសបំផុតជាមួយអ្នកដែលមានរោគប្រចាំកាយ ឬជំងឺសួពូជដែលធ្ងន់ធ្ងរ ដែលវាអាចហុចផលប៉ះពាល់ដល់កូនដោយត្រង់ ដូច្នេះមុនពេលមានគភ៌យើងគួរតែពិនិត្យសុខភាព និងរៀបផែនការឱ្យបានរៀបរយដើម្បីកូនរបស់យើងដែលនឹងកើតមកនាពេលអនាគត។

    លោកឪពុកអ្នកម្តាយគួរតែទៅជួបគ្រូពេទ្យ និងផ្តល់នូវព័ត៌មានដែលសំខាន់ ដូចជា ប្រវត្តិការឈឺថ្កាត់ក្នុងក្រុមគ្រួសារ ការប្រើប្រាស់ថ្នាំ ការញ៉ាំសុរា ការជក់បារី ជំងឺឆ្លងខាងភេទសម្ព័ន្ធ ជំងឺដែលធ្លាប់កើត ការចាក់វ៉ាក់សាំង ការធ្វើការងារ ឬស្ថានភាពបរិស្ថាន រួមទាំងសត្វចិញ្ចឹមផងដែរ។

    តែសម្រាប់ស្រ្តីជាភរិយា គ្រូពេទ្យនឹងសួរនាំអំពីការមានវដ្តរដូវប្រចាំខែថា តើប្រក្រតីដែរឬទេ? ធ្លាប់មានគភ៌ពីមុនមកដែរឬអត់? និងបើអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយនោះ ត្រូវតែប្រាប់ឱ្យគ្រូពេទ្យដឹង ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺក្រលៀន រោគហឺត និងគួរយកថ្នាំដែលញ៉ាំនោះទៅឱ្យគ្រូពេទ្យត្រួតពិនិត្យមើលផង ព្រោះរឿងទាំងអស់នេះនឹងធ្វើឱ្យគ្រូពេទ្យណែនាំពីវិធីដែលត្រឹមត្រូវដល់គូស្វាមីភរិយាដែលចង់មានផែនការចង់មានបុត្របាន។

    បន្ទាប់ពីនោះ គ្រូពេទ្យនឹងពិចារណាដើម្បីផ្តល់ការរក្សាព្យាបាល ប្រឹក្សាជាមួយគ្រូពេទ្យជំនាញក្នុងករណីដែលជំងឺរបស់អ្នកនៅគ្រប់គ្រងមិនទាន់បានល្អ និងឱ្យចាក់វ៉ាក់សាំងសំខាន់មុនពេលមានគភ៌ ដូចជា វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល តេតាណូស រួមទាំងស្រ្តីដែលចង់បានបុត្រខ្លួនឯងក៏ត្រូវមានការពិនិត្យសុខភាពក្នុងប្រអប់មាត់ដែរ ព្រោះបើសិនជាមានធ្មេញពុកនោះ អាចនឹងហុចផលមិនល្អដល់ការតាំងគភ៌បាន។

    មានការសិក្សាស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលមានរោគអញ្ចាញ ឬធ្មេញនឹងមានភាពពាក់ព័ន្ធជាមួយរោគគភ៌មានជាតិពុល ឬប្រសូតមុនកំណត់។ ចុងក្រោយបំផុតគូស្វាមីភរិយាត្រូវត្រួតពិនិត្យសុខភាពផ្លូវចិត្តផង ដោយសារតែការមានគភ៌ជាសភាវដែលជំរុញធ្វើឱ្យកើតភាពធុញថប់តានតឹង និងបើធ្លាប់មានប្រវត្តិកើតជំងឺស្រងូតស្រងាត់សោកសៅក្នុងក្រុមគ្រួសារផងនោះ ក៏អាចនឹងជំរុញឱ្យកើតជំងឺសោកសៅទាំងក្នុងខណៈតាំងគភ៌ និងក្រោយប្រសូត ដែលវាអាចនឹងធ្វើឱ្យមានអារម្មណ៍អស់សង្ឃឹម មានបញ្ហារឿងការគេងជាដើម ដូច្នេះមុនពេលមានគភ៌គួរតែគ្រប់គ្រងសភាវទាំងនេះឱ្យបានជាមុនសិន។

    សូមកុំភ្លេចថា ការតាំងគភ៌ដែលមានគុណភាព យើងគួរតែរៀបផែនការ និងត្រៀមខ្លួនរួចជាស្រេចឱ្យបានល្អបំផុតតាមដែលយើងអាចធ្វើបាន ដើម្បីកូនរបស់យើង និងក្រុមគ្រួសារដែលមានសេចក្តីសុខ៕

  • អីយ៉ា! ស្រីអូន«សម្រស់ធម្មជាតិ» ប្តូរអាជីពជាចាងហ្វាងផលិតកម្មភាពយន្តហើយ!

    អីយ៉ា! ស្រីអូន«សម្រស់ធម្មជាតិ» ប្តូរអាជីពជាចាងហ្វាងផលិតកម្មភាពយន្តហើយ!

    លោកស្រី នួន ស៊ុន្ទរី ហៅ «ស្រីអូន»ថៅកែយីហោផលិតផលថែរក្សាសម្ភស្ស «សម្រស់ធម្មជាតិ» ពេលនេះបាន សម្រេចចិត្ត ប្រឡូកចូលក្នុងវិស័យភាពយន្ត ក្នុងនាមជាចាងហ្វាងផលិតកម្មផង និងជាតួសម្តែងផង។ អ្វីដែលកាន់តែប្លែក គឺរឿងដំបូង ដែលស្រីអូន ប្រុងផលិតនោះ ជារឿងបែបរន្ធត់ខ្នាតធំ ប្រមូលផ្តុំដោយតារាសម្តែងអាជីពទាក់ទាញ ក្រុម ការងារ និងឧបករណ៍ថតទំនើប មិនចាញ់ផលិតកម្មក្រៅស្រុក។ ក្រុមការងារបានរៀបចំពិធីក្រុងពាលី កាលពីថ្ងៃទី០៣ កក្កដាកន្លងទៅនេះ នៅទីតាំងថតផ្ទាល់ ក្នុងក្រុងបាត់ដំបង ដែលជាទឹកដីអំណោយផលខាងសិល្បៈ និងសម្បូរទៅដោយ សំណង់​ អាណានិគមចាស់ៗ។

    ក្នុងពិធីនោះ ស្រីអូនជាប្រធានចាងហ្វាងផលិតកម្មបានលើកឡើងថា៖ «ផលិតកម្ម រាម» (Ream Production) លេច រូបរាងឡើងក៏ដោយសារតែចិត្តខ្ញុំស្រលាញ់វិស័យសិល្ប:ខ្លាំង ហើយលើសពីចិត្តស្រឡាញ់ ក៏យើងចង់រួមចំណែក អភិវឌ្ឃឧស្សាហកម្មភាពយន្តកម្ពុជា ដោយក្រុមហ៊ុនបានកំណត់ទស្សន:វិស័យយ៉ាងច្បាស់លាស់ថា «នាំភាពយន្តខ្មែរ ទៅកាន់ពិភពលោក»។ ហេតុដូចនេះហើយបានជាយើងសម្រេចវិនិយោគ ៥០ម៉ឺនដុល្លារ ជាការដាក់ទុនដំបូង ដោយ ចំណាយ៣០ម៉ឺនដុល្លារ លើកាមេរ៉ាថតលំដាប់ហូលីវូឌម៉ាក ARRI កុំព្យូទ័រកាត់តរូបភាព ឧបករណ៍ច្នៃសម្លេង និងសម្ភារៈ ទំនើបផ្សេងៗទៀត និងចំណាយ២០ម៉ឺនដុល្លារ លើការផលិតរឿងទី១ឡើងដែលមានចំណងជើងថា «កម្ម» រឺហៅជា ភាសាអង់គ្លេសថា «Karma»។

    ចំណែកឯ Zanith ដែលជាតួឯកប្រុសក្នុងខ្សែភាពយន្តខ្នាតធំនេះវិញ សម្តែងចំណាប់អារម្មណ៍ថា៖ «ទោះបីខ្ញុំប្រឡូកក្នុង វិស័យសិល្បៈបាន៤ឆ្នាំមកហើយក្តី លើកនេះជារឿងដំបូងសម្រាប់ខ្ញុំសម្តែង សម្រាប់ចាក់នៅរោងភាពយន្ត។ ខ្ញុំពិតជា ស្រឡាញ់តួអង្គប្រុសជា «វិសុទ្ធ» ដោយសារមានស្នេហ៍ស្មោះ ដែលអាចឈ្នះអ្វីគ្រប់យ៉ាង។» គួរបញ្ជាក់ដែរថា Zanith បានលេចធ្លោក្នុងវិស័យភាពយន្ត បន្ទាប់ពីជាប់ការប្រកួតMr. United នៅប្រទេសហ្វីលីពីនក្នុងចំណោមជ័យលាភី៣រូប។ រួចប្អូនបានសម្តែងក្នុងភាពយន្តភាគតាមទូរទស្សន៍ដូចជា​ «មនុស្សពិត» នៅប៉ុស្តិ៍បាយ័ន។

    សម្រាប់កញ្ញា Bella វិញដែលចាប់អាជីពពីតារាម៉ូដែលចេញពីកម្មវិធី​ Khmer Super Model បានគូសបញ្ញាក់ថា៖ ««កម្ម» ក៏ជាខ្សែភាពយន្តខ្នាតធំទី១ សម្រាប់នាងខ្ញុំដែរ។ នាងខ្ញុំត្រូវសម្តែងសាកដល់ទៅ៣ដង ទម្រាំបងដឹកនាំរឿង សម្រេចយក។ នាងខ្ញុំពិតជារំភើប ដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយនេះ ជាពិសេសដើរតួ«មាលា»ជាតួ ពិសពុល ពោរពេញដោយការប្រចណ្ឌ បណ្តាលពីចិត្តស្នេហ៍តែម្ខាងទៅលើ«វិសុទ្ធ»។»

    បើក្រឡេកទៅ លោក ភិជិត ឬទ្ធា អ្នកដឹកនាំរឿងវិញ លោកមានប្រសាសន៍ថា៖ «ចំពោះដំណើរការផលិតរឿង «កម្ម» ក្រុមការងារមានការសម្អិតសម្អាងពិសេសលើការតុបតែងឆាក ការរចនាសម្លៀកបំពាក់ ការផាត់មុខ បច្ចេកទេសថត និង រចនាសម្លេង បច្ចេកទេសរចនា Visual Effects និងបច្ចេកទេសថតបូកផ្សំជាមួយបច្ចេកទេសពន្លឺ។ ជាពិសេសយើង ប្រើកាមេរ៉ា ARRI Alexa Mini LF ដែលជាម៉ូដែល ARRI ALEXA MINI  ចុងក្រោយគេ ដែលជួយលើកគុណភាព រូបភាពបានកម្រិតខ្ពស់ ដែលធ្វើឱ្យយើងមានភាពងាយស្រួលកែសម្រួលទាំងក្រាហ្វិច និងការរចនាប្លង់ផ្សេងៗ នៅកំឡុង ពេលប្រើប្រាស់បច្ចេកទេសកាត់ត ដែលក្រុមបច្ចេកទេសរចនារូបភាពយើងចង់បាន ក្នុងការធ្វើឱ្យគុណភាពរូបភាព និង សម្លេងរបស់រឿងនេះកាន់តែប្រណីត។ បូកផ្សំជាមួយក្រុមការងារដែលមានគុណភាពនិងបទពិសោធន៍ វាកាន់តែធ្វើឱ្យ សង្វាក់ផលិតកម្មយើងប្រព្រឹត្តទៅតាមស្តង់ដាផលិតមួយដែលជួយលើកកំពស់គុណភាពកុនខ្មែរយើងទៅដល់កម្រិតខ្ពស់។ នេះជាការលើកឡើងត្រួសៗរបស់សមិទ្ធិករយើងដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលភាពយន្ត ទាំងក្នុងស្រុក និងក្រៅ ស្រុកដូចជានៅជប៉ុន និងកូរ៉េ។

    ដូច្នេះសូមទស្សនិកជនទាំងអស់កុំភ្លេចតាមដាន ដំណើរការផលិតរឿង «កម្ម» តាមបណ្តាញព័ត៌មាន និងអនឡាញ រហូត ដល់ថ្ងៃចាក់បញ្ចាំង។ តាមតម្រុយខ្លះៗពី«ដានស៊ីងរ៉េន» ដែលជាក្រុមហ៊ុនចែកចាយរឿង«កម្ម»នេះ បើស្ថានភាព អំណោយផល ខ្សែភាពយន្តខ្នាតធំរន្ធត់១នេះ នឹងបង្ហាញជូនទស្សនិកជន នៅគ្រប់រោង ភាពយន្តក្នុងស្រុក នៅដើមឆ្នាំ ២០២១នេះ។

    សង្ខេបរឿង

    អ្វីៗចាប់ផ្តើមឡើង នៅភូមិគ្រឹះ១នៅខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦០។ ស្នេហាដ៏ស្អិតរមួត រវាងវិសុទ្ធ និងលំអងឈានដល់គម្រួប ១ឆ្នាំ ដែលជាថ្ងៃដ៏មានក្តីសុខរបស់លំអង។ នាងលាន់មាត់ ជាចុងក្រោយថា៖ «ឱ្យថ្ងៃណា ក៏ដូចថ្ងៃនោះរហូត»។ ប៉ុន្តែ ក្រោយពីវត្តមានមាលា ដែលជាប្អូនបង្កើតម្តាយទីទៃចូលមកក្នុងថ្ងៃនោះ លំអងមានអាការៈប្លែក រហូតត្រូវស្លាប់ដោយ អាថ៌កំបាំង។

  • Google ត្រូវបានសហភាពអឺរ៉ុប ផាកពិន័យលើកទី3 ក្នុងរយៈពេល 2ឆ្នាំចុងក្រោយ

    Google ត្រូវបានសហភាពអឺរ៉ុប ផាកពិន័យលើកទី3 ក្នុងរយៈពេល 2ឆ្នាំចុងក្រោយ

    ក្រុមហ៊ុនធំៗជាច្រើន ត្រូវបាន​រង​ការផាកពិន័យ ហើយ​ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន Google មួយ​ដែរ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន “Search Engine” លំដាប់​លេខ1 បាន​រង​ការផាកពិន័យ​ជា​ទឹកប្រាក់​សរុប 1.7ពាន់​លាន​ដុល្លារ (ស្មើនឹង 1.29ភាគរយ នៃ​ចំណូល​សរុប​របស់ ក្រុមហ៊ុន Google ក្នុង​ឆ្នាំ2018)។

    ក្រុមហ៊ុន Search Engine មួយ​នេះ បាន​រង​ការចោទប្រកាន់ ពី​ការទប់ស្កាត់​ការផ្សាយពាណិជ្ជកម្ម​តាម​អ៊ី​ន​ធើ​ណិ​តរបស់​ក្រុមហ៊ុន​ដែលជា​ដៃគូ​ប្រកួតប្រជែង។

    នេះ​ជាការ​ផាកពិន័យ​លើក​ទី3 របស់​សហភាព​អឺរ៉ុប (European Union) ទៅលើ​ក្រុមហ៊ុន Google ក្នុង​រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះ។

    លោកស្រី Margrethe Vestager ប្រធាន​ផ្នែក​ប្រកួតប្រជែង​នៅ​អឺរ៉ុប បាន​មានប្រសាសន៍ថា “Google បាន​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ការផ្សាយពាណិជ្ជកម្ម​តាម​អ៊ី​ន​ធើ​ណិ​ត និង​ការពារ​ខ្លួន​ពី​សម្ពាធ​ប្រកួតប្រជែង ដោយ​ការដាក់កំហិត កុំឱ្យ​មានការ​ប្រកួតប្រជែង ក្នុង​កិច្ចសន្យា​ជាមួយ​គេហទំព័រ​ភាគី​ទី3”៕

  • ចប់!! Messi មិនព្រមបន្តកុងត្រាជាមួយ Barcelona

    ចប់!! Messi មិនព្រមបន្តកុងត្រាជាមួយ Barcelona

    ក្នុង​វីដេអូ​មួយ​ក្នុងអំឡុងពេល​ប្រកួត​លើកចុងក្រោយ​របស់​ក្លិប Barcelona លោក Satien ត្រូវបាន​កូនក្រុម​ទាំងអស់​មិន​ស្តាប់បង្គាប់ ដោយហេតុ​ផល​មិន​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់​គ្រូបង្វឹក ដែល​ធ្វើឱ្យ​កីឡាករ​ទាំងអស់ ជាពិសេស Messi មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​គ្រូបង្វឹក និង​បានធ្វើឱ្យ Barcelona ធ្លាក់​ចេញពី​កំពូល​តារាង ក្រោយ​ស្មើគ្នា​ជាមួយនឹង​ក្រុម Athletico Madrid។

    ដោយហេតុ​នេះហើយ​ទើប​ធ្វើឱ្យ Messi បាន​ដើរ​ចេញពី​ការចរចា បន្ត​កុងត្រា​ជាមួយនឹង Barcelona ដែល​ធ្វើឱ្យ​ក្លិប​មួយ​នេះ នឹង​លែងមាន​កុងត្រា​ជាមួយ Messi ហើយ​រូបគេ​អាច​នឹង​ដើរចេញ ទៅលេង​នៅ​ក្លិប​ផ្សេង​ដោយ​គ្មាន​តម្លៃ​ខ្លួន​នា​រដូវ​កាល​ក្រោយនេះ ក៏​អាចធ្វើ​បានដែរ ប្រសិនបើ​គេច​ង់។

    គួរ​បញ្ជាក់ដែរថា ក្នុងអំឡុងពេល 3ខែ​ដែល​លោក Quique Setien ដឹកនាំ​ក្លិប Barcelona ស្ថានភាព​របស់​ក្លិប​បាន​ផ្លាស់ប្ដូរ​យ៉ាងគំហុក​ទាំង​ក្នុង និង​ក្រៅ​ទីលាន​ប្រកួត។ ក្លិប Barcelona កំពុង​ឆ្លងកាត់​ដំណាក់កាល​មួយ​ដ៏​ស្មុគស្មាញ​មួយ ហើយ​អតីត​អ្នកចាត់ការ​ក្លិប Real Betis រូបនេះ ចាំបាច់​ត្រូវតែ​សម្រប​ខ្លួន​ជាមួយ​ស្ថានភាព​ដ៏​ស្មុគស្មាញ​នេះ​នៅ​ទឹកដី Camp Nou៕

  • កម្ពុជា អនុម័តនិមិត្តសញ្ញា និងរូបសត្វ តំណាងឱ្យកីឡាស៊ីហ្គេម2023 ហើយ

    កម្ពុជា អនុម័តនិមិត្តសញ្ញា និងរូបសត្វ តំណាងឱ្យកីឡាស៊ីហ្គេម2023 ហើយ

    ស្លាក​សញ្ញា និង​និមិត្តសញ្ញា​របស់​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​លើក​ទី32 ឆ្នាំ2023 ត្រូវបាន​ឯកភាព​ទាំងស្រុង​ហើយ កាលពី​ថ្ងៃទី2 ខែកក្កដា ឆ្នាំ2020 នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆមាស​ទី1 ឆ្នាំ2020 និង​ទិសដៅ​បន្ត​របស់​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី32  ឆ្នាំ2023។ នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្ដម វ៉ាត ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា Sea Game 2023 (CAMSOC)។

    ក្នុងនោះដែរ រូប​និមិត្តសញ្ញា​នៃ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ2023 ត្រូវបាន​គេ​កែប្រែ​ដោយ​ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត ដោយមាន​អម​ជាមួយនឹង​រូប​កង​ប្រចាំ​អាស៊ាន និង​នាគ 4ក្បាល​ជាប់​កន្ទុយ​គ្នា។ ហើយ​សត្វ​តំណាងឱ្យ​កីឡា​ស៊ី​ហ្គេម2023 គឺ​ត្រូវ​បានអនុម័ត​ប្រើ​រូប​សត្វ​ទន្សាយ។

    គួរ​បញ្ជាក់ដែរថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី32 ឆ្នាំ2023 ជា​លើក​ទី1 ដោយ​ជ្រើស​រើសយក​ទីក្រុង​ភ្នំពេញ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ៕

  • នៅពេលលីកកំពូលកម្ពុជា ត្រឡប់មកវិញ តើមានក្រុមណា ប៉ះក្រុមណា សប្តាហ៍នេះ?

    នៅពេលលីកកំពូលកម្ពុជា ត្រឡប់មកវិញ តើមានក្រុមណា ប៉ះក្រុមណា សប្តាហ៍នេះ?

    ថ្ងៃទី4 និង​ទី5 ខែកក្កដា ឆ្នាំ2020 នេះ ការប្រកួត​បាល់ទាត់​លី​ក​កំពូល​កម្ពុជា បាន​វិលត្រឡប់​មកវិញហើយ ក្រោយពី​ផ្អាក​អស់​រយៈពេល​ជាង 3ខែ​ដោយសារតែ​កូ​វីដ-19។

    ការបន្ត​លី​ក​កំពូល​ឡើងវិញ​វិញ​នេះ គឺជា​ការប្រកួត​នៃ​សប្តាហ៍​ទី6 នៃ​លី​ក​កំពូល​កម្ពុជា ដោយ​ក្នុងនោះ​មាន 6គូ ដោយ 3គូប្រកួត​នៅ​ថ្ងៃ​សៅរ៍ និង 3គូ​ទៀត​នៅ​ថ្ងៃអាទិត្យ។

    ថ្ងៃ​សោ​រ៍ ទី4 ខែកក្កដា ឆ្នាំ2020

    -បឹងកេត ប្រកួត​ជាមួយ សូល​ទី​ឡូ​អង្គរ នៅ​កីឡដ្ឋាន​ព្រី​នស៍ វេលា​ម៉ោង 3:30រសៀល

    -យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ប្រកួត​ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង នៅ​សាលា​បាល់ទាត់​ជាតិ​បាទី វេលា​ម៉ោង 3:30រសៀល

    -នគរបាលជាតិ ប្រកួត​ជាមួយ គិរីវង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋាន​ខេត្តតាកែវ វេលា​ម៉ោង 3:30រសៀល

    ថ្ងៃអាទិត្យ ទី5 ខែកក្កដា ឆ្នាំ2020

    -អគ្គិសនី​កម្ពុជា ប្រកួត​ជាមួយ អង្គ​រថា​យ​ហ្គឺ​រ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា វេលា​ម៉ោង 3:30រសៀល

    -ណាហ្គា​វើ​លដ៍ ប្រកួត​ជាមួយ ទី​ហ្វី​អា​មី នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ វេលា​ម៉ោង 6:00ល្ងាច

    -ភ្នំពេញ​ក្រោ​ន ប្រកួត​ជាមួយ វិសាខា នៅ​កីឡដ្ឋាន ស្មា​ត អ អេស អិន វេលា​ម៉ោង 6:00ល្ងាច៕

  • កីឡាករមានជាងគេលើពិភពលោក ប្រកាសចេញពី Leicester City ហើយ

    កីឡាករមានជាងគេលើពិភពលោក ប្រកាសចេញពី Leicester City ហើយ

    Faiq Baolkiah កីឡាករ​ខ្សែប្រយុទ្ធ​របស់ Leicester City នឹង​ត្រូវជា​ក្មួយប្រុស​របស់​ស្តេច​ស៊ុ​លត​ង់ នៃ​ប្រទេស​ប្រ៊ុយណេ បានប្រកាសថា នឹងមិន​បន្ត​នៅ​ជាមួយ​ក្លិប​ជាដាច់ខាត នា​រដូវ​កាល​ក្រោយនេះ ខណៈដែល​កិច្ចសន្យា​នៅ​ក្លិប​មួយ​នេះ​នឹង​បញ្ចប់​នា​ចុងរដូវ​កាល 2020នេះ។

    កាលពី​ដើមឡើយ កីឡាករ​រូបនេះ​ត្រូវបាន Leicester City ចុះ​កុងត្រា​យកមក​ពី Chelsea ក្នុង​រយៈពេល 3ឆ្នាំ ក្រោយមក​ក៏​ដំឡើង​មក​នៅ​ឈុត​ធំ ដោយ​សន្យាថា នឹង​ឱ្យបាន​លេង​ក្របខ័ណ្ឌ Premier League ក្នុង​ការបន្ត​កុងត្រា​រយៈពេល 1ឆ្នាំ​ទៀត។ តែអ្វីៗហាក់ដូចជា​ការបោកប្រាស់ កីឡាករ​រូបនេះ មិនបាន​បង្ហាញខ្លួន​ឡើយ​សូម្បីតែ 1ប្រកួត៕

  • ក្រុមឧក្រិដ្ឋជន ប្រើកម្មវិធីផ្ញើសារបែប (encrypted) ចែកចាយគ្រឿងញៀន តែប៉ូលិសអង់គ្លេស នៅតែចាប់បានដដែល

    ក្រុមឧក្រិដ្ឋជន ប្រើកម្មវិធីផ្ញើសារបែប (encrypted) ចែកចាយគ្រឿងញៀន តែប៉ូលិសអង់គ្លេស នៅតែចាប់បានដដែល

    បច្ចេកវិទ្យា​កំពុងតែ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដើម្បី​គាំទ្រ​ដល់​ភាពងាយស្រួល​ក្នុង​ការរស់នៅ​ជាមួយនឹង​បច្ចេកវិទ្យាទំនើបៗទាំងនោះ តែ​ទន្ទឹមនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នេះ វា​ក៏បាន​ធ្វើឱ្យ​កើតមាន​បទល្មើស​បច្ចេក​វិទ្យា​កាន់តែច្រើន​ផងដែរ។

    ទាក់ទង​នឹង​រឿងនេះ ថ្មីៗនេះ​នៅ​សហភាព​អឺរ៉ុប ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើ​កម្មវិធី​ផ្ញើ​សារ​អ៊ី​ន​គ្រីប Encrochat ដើម្បី​ធ្វើការ​ពិភាក្សា​ការជួញដូរ​គ្រឿងញៀន អំពើ​ឃាតកម្ម និង​ផែនការ​ចាប់ជំរិត​ទារប្រាក់​ជាដើម។

    ដោយសារតែ​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​គិតថា សារ​របស់​ពួកគេ​ត្រូវបាន​អ៊ី​ន​គ្រីប (encrypted) នៅលើ​ឧបករណ៍​ហើយ​នោះ ពួកគេ​បាន​និយាយ​ដោយ​បើកចំហ និង​ចរចា​កិច្ចព្រមព្រៀង​របស់​ពួកគេ​យ៉ាង​លម្អិត ទាក់ទង​នឹង​បញ្ជី​តម្លៃ ឈ្មោះ​អតិថិជន ឬ​មុខសញ្ញា ព្រមទាំង​ឯកសារ​បញ្ជាក់​ចំពោះ​ថ្នាំ​មួយចំនួនធំ ដែល​ពួកគេ​បាន​លក់ ប៉ុន្តែ​អ្វីដែល​ពួកគេ​ពុំបាន​ដឹង​នោះ គឺ​ការពិត ក្រុម​សមត្ថកិច្ច បាន​បញ្ចូល​កម្លាំង​ដើម្បី​តាមដាន​និង​ប្រមូល​ព័ត៌មាន​ពួកគេ​រួចស្រេច​ទៅហើយ។

    ក្រោយពី​បាន​ឃ្លាំមើល​អស់​ជាច្រើន​ខែ និង​បាន​ប្រមូល​សារ បាន​ប្រមាណ​ជាជាង 100លាន​សារ ដែល​បាន​ផ្ញើ​តាមរយៈ Encrochat ក្រុម​សមត្ថកិច្ច​នៃ​ប្រទេស​អង់គ្លេស បាន​តាម​ចាប់ខ្លួន​ក្រុម​អ្នក​ចែកចាយ​គ្រឿងញៀន​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានជា​បន្តបន្ទាប់​ចាប់​តាំងពីដើម​ឆ្នាំនេះ។

    ស្របពេល​ជាមួយគ្នានេះដែរ អាជ្ញាធរ​បារាំង​ក៏បាន​ធ្វើការ​ជ្រៀតចូល​ក្នុង​បណ្តាញ Encrochat ដោយបាន​ប្រើ​សិទ្ធិ​ក្នុង​ការដំឡើង​ឧបករណ៍​បច្ចេកទេស​នៅក្នុង​នោះ ជា​ប្រតិបត្តិការ​លួច​ស្តាប់ ហើយ​តាមដាន​យ៉ាង​ស្ងៀមស្ងាត់​នូវ​ទំនាក់ទំនង​របស់​អ្នកប្រើប្រាស់​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដែរ។

    បន្ទាប់មក​ទើប​ក្រុម​អ្នកស៊ើប​អង្កេត​បាន​ចែករំលែក​សារ​ទាំងនោះ​ទៅកាន់​ភ្នាក់ងារ​នានា​នៅ​អឺរ៉ុប​ជា​បន្តទៀត ដែលនាំឱ្យ​មានការ​ចាប់​ខ្លួន​ជនល្មើស​ជា​បន្តបន្ទាប់។

    **ដូច្នេះ ក្រុម​ឧក្រិដ្ឋជន កុំ​គិតថា បាន​ប្រើ​កម្មវិធី​ផ្ញើ​សារ​អ៊ី​ន​គ្រីប Encrochat ហើយ អាច​រួច​ផុតពី​ក្រញាំដៃ​ក្រុម​សមត្ថកិច្ច​ឱ្យសោះ!**

    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រើ​បណ្ដាញ​សង្គម​ដោយមាន​ការទទួលខុសត្រូវ កុំ​បង្ហោះ​ឬ​ចែកចាយ​ព័ត៌មាន​ក្លែងបន្លំ និង​មិនត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ឡើយ។

    កាលពីពេលថ្មីៗនេះ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​រូបភាព និង​វីដេអូ​អាសអាភាស នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​ទំនាក់ទំនង Telegram ហើយ​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

  • Google នឹងបញ្ចេញមុខងារ Nearby Share ឆាប់ៗនេះ ដែលអាចជាគូប្រជែង AirDrop របស់ Apple

    Google នឹងបញ្ចេញមុខងារ Nearby Share ឆាប់ៗនេះ ដែលអាចជាគូប្រជែង AirDrop របស់ Apple

    ថ្មីៗនេះ ស្រាប់តែ​លេចចេញ​មុខងារ “Nearby Share” ដែល​ប្រុង​នឹង​បញ្ចេញ​ឱ្យប្រើ​ប្រាស់​ក្នុងពេលឆាប់ៗនេះ ខណៈដែល​Google បានធ្វើការ​បញ្ជាក់​ជា​ផ្លូវការ​ថា មាន​អ្នក​ប្រើ Android មួយចំនួន​បាន​សាកល្បង​មុខងារ​នេះ​រួចមកហើយ។ មុខងារ “Nearby Share” នេះ​ទំនង​ជាមាន​លក្ខណៈ​ស្រដៀង​នឹង AirDrop របស់ Apple អ៊ីចឹង​ដែរ។

    របៀប​ប្រើ​វា​សាមញ្ញ​ទេ មានន័យថា អ្នក​អាច​ប្រើប្រាស់​មុខងារ​នេះ​ដើម្បី​ផ្ទេរ​ឯកសារ​រវាង​ឧបករណ៍ Android បាន​ដោយ​រហ័ស និង​មិនបាច់​ប្រើ​ខ្សែ។

    ចំណុច​លេចធ្លោ​របស់ Nearby Share គឺ​គេ​អាច​ប្រើប្រាស់​វា​ជាមួយ​ស្មា​ត​ហ្វូ​ន Android គ្រប់​ម៉ាក ចំណែក Quick Share បានត្រឹមតែ​ជាមួយ​ឧបករណ៍ Samsung ប៉ុណ្ណោះ។

    Samsung ក៏បាន​បង្កើត​មុខងារ​ស្រដៀង​គ្នា​នេះ​ឈ្មោះថា Quick Share ដែល​អាចឱ្យ​លោកអ្នក​ផ្ទេរ​ឯកសារ​ក្នុង​ល្បឿន​លឿន​ទៅកាន់​ឧបករណ៍ Samsung ដទៃទៀត​បាន​រហូតដល់ 5ឧបករណ៍​ក្នុងពេល​តែមួយ៕