Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួងអប់រំបើកភ្លើងខៀវឱ្យសាលាឯកជនរៀបចំប្រឡងមធ្យមសិក្សាបឋមភូមិ និងទូតិយភូមិដោយខ្លួនឯង

    ក្រសួងអប់រំបើកភ្លើងខៀវឱ្យសាលាឯកជនរៀបចំប្រឡងមធ្យមសិក្សាបឋមភូមិ និងទូតិយភូមិដោយខ្លួនឯង

    ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា​ក្រសួង​អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​អាច​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​អាច​ប្រឡង​បញ្ចប់​ឆ្នាំ​នៅតាម​គ្រឹះស្ថានសិក្សា​ចំនួន2ថ្ងៃ។

    ក្រសួង​បញ្ជាក់ថា សញ្ញាបត្រ​ដែល​ចេញ​ដោយ​សាលា​ឯកជន​ទាំងអស់នោះ​ត្រូវមាន​ការទទួលស្គាល់​ពី​ក្រសួង តែ​គ្រឹះស្ថានសិក្សា​ត្រូវ​ចុះហត្ថលេខា​ដោយ​ខ្លួនឯង។ ក្រសួង​នឹង​ចុះ​អធិការកិច្ច​តាម​ការចាំបាច់ ដើម្បី​ធានា​ពី​គុណភាព​សញ្ញាបត្រ។

    ដោយសារតែ​លក្ខណៈ​បច្ចេកទេស គ្រឹះស្ថានសិក្សា​ឯកជន​មិនអាច​រៀបចំ​ការប្រឡង Online បាន ក្រសួង​អប់រំ​បានដាក់​ចេញ​គោលការណ៍​មួយចំនួន​សម្រាប់​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​អនុវត្ត​នៅពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​នៅ​គ្រឹះស្ថានរៀងៗខ្លួន​ចំនួន2ថ្ងៃ​ដូចខាងក្រោម៖

    1.ក្រសួង​នឹង​កែលម្អ​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ប្រឡង ដោយ​រក្សា​កាលបរិច្ឆេទ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ដដែល ដោយ​គ្រឹះស្ថានសិក្សា​ឯកជន​ជា​អ្នកចេញ​សញ្ញាបត្រ ដោយ​ក្រសួង​នឹង​ទទួលស្គាល់ និង​ធ្វើ​ដោយ​អធិការកិច្ច​ប្រសិនបើ​ចាំបាច់។

    2.គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវដាក់​ពាក្យស្នើសុំ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មក​ក្រសួង​អប់រំ ដើម្បី​ពិនិត្យ និង​ទទួលស្គាល់។

    3. គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​រៀបចំ​បន្ទប់​ប្រឡង​ចំណុះ 10 ទៅ15នាក់ ក្នុង​មួយ​បន្ទប់ និង​ត្រូវ​ធានា​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ WHO៕

  • តម្លៃទុន​​​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អាមារិក​ចំនួន​4 កើន​លើស​​1លាន​លាន​ដុល្លារ​ព្រម​ៗ​គ្នា​

    តម្លៃទុន​​​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អាមារិក​ចំនួន​4 កើន​លើស​​1លាន​លាន​ដុល្លារ​ព្រម​ៗ​គ្នា​

    ជា​លើក​ដំបូង​ហើយ​រាប់ចាប់​ពី​ COVID-19 បាន​បង្ហាញ​ខ្លួន​ តម្លៃ​ទុន​របស់​ក្រុមហ៊ុន​ Apple, Microsoft, Amazon និង​ Alphabet បាន​កើន​លើស​ពី​1​លាន​លាន​ដុល្លារ​អាមេរិក​។

    Alphabet ដែលជា​ក្រុម​ហ៊ុន​មេ​របស់​ Google គឺជា​ឈ្មោះ​ថ្មី​​ដែលទើប​តែ​​បានក្លាយជា​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ទុន​លាន​លាន​ដុល្លារ​សាជា​ថ្មី​ម្ដង​ទៀត​ នៅ​ពេល​បិទ​ការ​ជួញ​ដូរ​មូលបត្រ​កាលពី​ថ្ងៃទី​6​កក្កដា ជាមួយ​នឹង​​ទុន​សរុប​ឡើង​ដល់​ 1.02​លាន​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ Apple ត្រូវ​បាន​កំណត់​តម្លៃ​ 1.64​លាន​លាន​ដុល្លារ​ ខណៈ​ Microsoft មាន​តម្លៃ​ទុន​សរុប​ 1.61​លាន​លាន​ដុល្លារ​ និង​ Amazon បញ្ចប់​ការ​ជួញ​ដូរ​ក្នុង​ថ្ងៃ​ដដែល​ជាមួយ​នឹង​តម្លៃ​ទុន​ 1.52​លានលាន​ដុល្លារ​​អាមេរិក​។

    មូលបត្រ​ Amazon កាល​ពី​ម្សិល​មិញ​ (6កក្កដា​) ក៏​បាន​បង្កើត​កំណត់​ត្រា​ថ្មី​​នៅ​ពេល​ដែល​តម្លៃ​មូលបត្រ​នេះ​បាន​កើន​ដល់​3,000​ដុល្លារ​ក្នុង​មួយ​ហ៊ុន​។ មូលបត្រ​ Amazon ក៏​ជា​កម្លាំង​រុញ​ច្រាន​ដ៏​ខ្លាំង​ក្លា​សម្រាប់​សន្ទស្សន៍​​ S&P 500 និង​ Nasdaq កាលពី​ម្សិល​មិញ​។

    នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំៗ​ចំនួន​4​របស់សហរដ្ឋ​អាមេរិក​ ​មាន​តម្លៃ​ទុន​ឡើង​ដល់​លាន​លាន​ដុល្លារ​ព្រម​ៗ​គ្នាបែប​នេះ​​រាប់​ចាប់​ពី​ចុង​ខែ​មករា​2020 មុន​ពេល​ដែល​ COVID-19 វាយ​លុក​ពិភពលោក​។ ប្រការ​នេះ​បាន​បង្ហាញ​អំពី​ក្ដី​សង្ឃឹម​របស់​វិស័យ​បច្ចេក​វិទ្យា​នៅក្នុង​ស្ថាន​ភាព​មាន​​​អាសន្នរោគ​​ វិបត្តិ​សេដ្ឋ​កិច្ច​ និង​វិបត្តិ​គ្មាន​ការ​ងារ​ធ្វើ​ ដែល​រាល​ដាល​នៅ​ពាស​ពេញ​ពិភពលោក​។

    តម្លៃ​មូលបត្រ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ បាន​អូស​ទាញ​​កំណើន​សេដ្ឋ​កិច្ច​​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​​ទីផ្សារនាបច្ចុប្បន្ន​​ ក្រោយ​ពី​បាន​ធ្លាក់​ដល់​បាត​កាលពី​ខែ​មីនា​កន្លង​ទៅ​។ ក្រុម​អ្នក​វិនិយោគ​កំពុង​តែ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ទៅ​លើ​កំណើន​នៃ​ចំណូល​ និង​ចំណេញ​ដែល​មាន​កម្រិត​ខ្ពស់​របស់​វិស័យ​បច្ចេក​វិទ្យា​នេះ បើ​ទោះ​ជា​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​​នៅ​តែ​ដំណើរ​ការ​យ៉ាង​​ត្រដាប​​ត្រដួស​​ដោយ​សារ​COVID-19។

    ចំណែក​តម្លៃ​មូលបត្រ​របស់បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជា​ច្រើន​ផ្សេង​ទៀត​ ដូច​ជា ក្រុម​ហ៊ុន​ Netflix, Tesla, Square, PayPal, Nvidia និង Adobe ជា​ដើម ក៏​សុទ្ធ​តែ​បង្កើត​បាន​កំណត់​ត្រា​ថ្មី​កាល​ពី​ម្សិល​មិញ​។ ប្រភេទ​មូល​បត្រ​ដែល​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​បម្រាម​គោចរ​ ដូច​ជា Zoom Video, Peloton, Lowe’s, Clorox និង Teladoc ក៏​បានឡើង​ថ្លៃ​កាល​ពី​ថ្ងៃ​ទី​6​កក្កដា​ផងដែរ​។

    ជា​រួម​ ផ្សារ​មូលបត្រ​នៅសហរដ្ឋ​អាមេរិក​​កាល​ពី​ម្សិល​មិញ​ បាន​កើន​តម្លៃ​ខ្ពស់គួរ​ឱ្យ​ត្រេក​អរ​​។ សន្ទស្សន៍​ DJIA កើន​ 1.78​% ខណៈ​ S&P 500 និង Nasdaq Composite​ កើន​ 1.6​% និង​ 2.2​%។ Nasdaq បង្កើត​កំណត់​ត្រា​ថ្មី​ជាមួយ​នឹង​ 10,433​ពិន្ទុ​ រី​​ឯ​ S&P 50 បាន​កើន​ជាង​ 40​% រាប់​ចាប់​ពី​ខែ​មីនា​2020៕

    ប្រភព៖ CNN, CNBC

  • កាល់ស្យូម សារធាតុអាហារដែលចាំបាច់ចំពោះស្រ្តីមានគភ៌

    កាល់ស្យូម សារធាតុអាហារដែលចាំបាច់ចំពោះស្រ្តីមានគភ៌

    ស្រ្តីមានគភ៌ដែលទទួលទានអាហារដែលមានកាល់ស្យូមខ្ពស់ខណៈមានគភ៌នោះ នឹងធ្វើឱ្យកូនក្នុងផ្ទៃមានឆ្អឹង និងធ្មេញរឹងមាំ ភាគច្រើនលោកគ្រូពេទ្យដែលពិនិត្យគភ៌នឺងណែនាំឱ្យស្រ្តីមានគភ៌ទទួលទានកាល់ស្យូមឱ្យបានគ្រប់គ្រាន់ ព្រោះបើកូនប្រសូតចេញមកហើយ អាចនឹងទាញយកកាល់ស្យូមពីខ្លួនអ្នកម្តាយទៅសាងបង្កើនផ្នែកផ្សេងៗរបស់រាងកាយទៀតផង។ ក្នុងខណៈតាំងគភ៌វិញ បើស្រ្តីមានគភ៌បានទទួលកាល់ស្យូមមិនគ្រប់គ្រាន់អាចនឹងកើតប្រគ្រីវកាច់ ឬសភាវសាច់ដុំឡើងរឹងក្នុងផ្នែកផ្សេងៗរបស់រាងកាយបាន។

    ប្រភពរបស់កាល់ស្យូមដែលស្រ្តីមានគភ៌គួរដឹង

    1. អាហារដែលធ្វើអំពីទឹកដោះ

    ដូចជា ទឹកដោះគោឆៅ ទឹកដោះគោជូរ យ៉ាអួ ឈីស និងប៊័រស្រស់ អាហារពពួកនេះសម្បូរទៅដោយកាល់ស្យូមច្រើនបំផុត និងជ្រាបចូលទៅក្នុងរាងកាយបានល្អ។ ទឹកដោះគោ 1 កែវនឹងផ្តល់បរិមាណកាលស្យូមប្រមាណជា 200 – 300 មីល្លីក្រាម។

    2. គ្រាប់សណ្តែក និងធញ្ញជាតិ

    សណ្តែកផ្សេងៗ ល្ង និងអាហារដែលធ្វើពីពពួកសណ្តែកលឿង ដូចជា តៅហ៊ូ ពពុះតៅហ៊ូ ទឹកសណ្តែកលឿង ទឹកតៅហ៊ូ -ល- អាហារពពួកសណ្តែកលឿងនេះសម្បូរទៅដោយកាល់ស្យូម និងគ្មានកូលេស្តេរ៉ូល។

    3. បន្លែពណ៌បៃតងចាស់

    ពពួកបន្លែស្លឹកពណ៌បៃតងនឹងមានកាល់ស្យូមខ្ពស់ ដូចជា ប្រូខូលី ស្លឹកផ្ទី ស្លឹកញ ស្លឹកអង្កាញ់ បន្លែផ្អែម ជាដើម ស្រ្តីមានគភ៌អាចយកបន្លែផ្សេងៗដែលចូលចិត្តមកធ្វើជាម្ហូបអាហារពិសាបានច្រើនយ៉ាង ដូចជា ឆាបន្លែរួម ឬស្ងោបន្លែតៅហ៊ូសាច់ជ្រូកចិញ្រ្ចាំ ជាដើម។

    4. សាច់សត្វ

    ភាគច្រើនអាហារធ្វើពីសាច់សត្វដែលមានកាល់ស្យូមនឹងសង្កត់ធ្ងន់លើអាហារពពួកត្រីប្រឡាក់ ត្រីដែលញ៉ាំបានទាំងឆ្អឹង ពួកត្រីដុត ជាដើម តែក៏មិនគួរបរិភោគច្រើនជ្រុលពេកដែរ ព្រោះថា ត្រីពពួកនេះនឹងមានសូដ្យូមខ្ពស់។

    5. វីតាមីន D

    វីតាមីន D នឹងជួយបឺតជ្រាបកាល់ស្យូមចូលទៅក្នុងរាងកាយបានល្អ ដូច្នេះស្រ្តីមានគភ៌គួរបានទទួលវីតាមីន D ឱ្យបានយ៉ាងតិចមួយថ្ងៃ 400 យូនិត។ អាហារដែលមានវីតាមីន D គឺ ទឹកដោះគោ ឈីស ប៊័រ យ៉ាអួ និងពន្លឺថ្ងៃនាពេលព្រឹកក៏ជួយបម្លែងទៅជាវីតាមីន D តាមរយៈស្បែកបានដែរ។

     

    ចំណុចគួរប្រយ័ត្នក្នុងការទទួលទានកាល់ស្យូម

    មិនគួរទទួលទានកាល់ស្យូម និងអាហារដែលមានសារធាតុដែកក្នុងពេលជាមួយគ្នាឡើយ ព្រោះនឹងធ្វើឱ្យប្រសិទ្ធភាពក្នុង​ការបឺតជ្រាបយកសារធាតុអាហាររបស់ទាំងពីរយ៉ាងថយចុះ គួរទទួលទានឆ្ងាយពីគ្នាយ៉ាងតិច 2 ម៉ោងទើបល្អ៕

  • Buffon ក្លាយជាកីឡាករ ដែលបង្ហាញខ្លួននៅលីកកំពូល អ៊ីតាលី បានច្រើនប្រកួតជាងគេបង្អស់

    Buffon ក្លាយជាកីឡាករ ដែលបង្ហាញខ្លួននៅលីកកំពូល អ៊ីតាលី បានច្រើនប្រកួតជាងគេបង្អស់

    កាលពី​យប់មិញ ក្លិប​បាល់ទាត់ Juventus បាន​យកឈ្នះ​លើ​គូប្រកួត Torino ក្នុង​លទ្ធផល 4ទល់នឹង1 ដោយបាន​ពី​Ronaldo 1គ្រាប់ និង 3គ្រាប់​ផ្សេងទៀត រកបាន​ដោយ Paulo Dybala, Juan Cuadrado និង​គ្រាប់​បាល់ own goal(ស៊ុត​ចូល​ខ្លួនឯង) របស់ Torino។

    នៅក្នុង​ការប្រកួត​នោះ អ្នកចាំទី Gianluigi Buffon ក៏បាន​បំបែក​កំណត់ត្រា ក្លាយជា​កីឡាករ​ដែល​បង្ហាញខ្លួន​នៅ Serie A បាន​ច្រើន​ប្រកួត​ជាងគេ​ផងដែរ គឺ 648ប្រកួត បំបែក​កំណត់ត្រា​របស់ Paolo Maldini៕

  • ក្រោយមានការរិះគន់ខ្លាំងលើបទ «តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?» ខាងក្រសួងស្នើឱ្យម្ចាស់មេឌៀ ចុះបញ្ជីផលិតកម្ម

    ក្រោយមានការរិះគន់ខ្លាំងលើបទ «តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?» ខាងក្រសួងស្នើឱ្យម្ចាស់មេឌៀ ចុះបញ្ជីផលិតកម្ម

    ថ្មីៗនេះថ្នាក់ដឹកនាំ និងមហាជនកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងខ្លឹមសារ និងការសម្ដែងក្នុងបទចម្រៀង «តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?» ហាក់វាយប្រហារ និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់អ្នកមានកំណើតកើតជានៅខេត្តព្រៃវែងទាំងមូល។ មតិរិះគន់បានលើកឡើងនូវចំណុចពាក្យសម្ដីតួអង្គក្នុងវីដេអូន ដែលមានក្លឹមសារ និងរូបភាពនិយាយថា «អ្នកព្រៃវែង សុទ្ធតែមិនល្អ ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន និងជាអ្នកក្រ»។

    ដោយឡែកនាថ្ងៃរសៀលថ្ងៃទី 6 ខែកក្កដាឆ្នាំ 2020 នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានចំណាត់ការភ្លាមៗចំពោះអ្នកនិពន្ធ សយ រតនា និងឈួន សុខលីម គឺជាម្ចាស់ផលិតកម្មមរតក មេឌៀ។ ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអះអាងថា ដោយមើលឃើញងថា អ្នកនិពន្ធ និងម្ចាស់ផលិតកម្មខាងលើនេះសុទ្ធតែជាបញ្ញវន្ដ ហើយក៏ជាអ្នកស្រុកខេត្តព្រៃវែទៀតនោះ ដូចនេះហើយទើបខាងក្រសួងអាចពិចារណាបានថា អ្នកទាំងពីរគ្មានចេតនាណាមួយបង្អូសបង្អាប់ដល់អ្នកខេត្តព្រៃវែងនោះទេ។ យ៉ាងណាមិញ តាមការបកស្រាយរបស់អ្នកនិពន្ធ លោកក៏មានបំណងចង់លើកតម្កើងឱ្យគ្មានការរើសអើងចំពោះអ្នកខេត្តព្រៃវែង តែជាអកុសលដោយសារតែវីដេអូបទចម្រៀង និងវីដេអូ Trailer បានបញ្ចេញខុសពេលគ្នា (មុនក្រោយគ្នា) ទើបបណ្ដាលឱ្យមហាជនទស្សនាទៅមានការយល់ច្រលំ និងប៉ះពាល់សតិអារម្មណ៍។

    ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យអ្នកទាំងពីរធ្វើការសុំទោសជាសាធារណៈ និងស្នើឱ្យខាងផលិតកម្មមានការចុះបញ្ជីនៅក្នុងក្រសួង ដើម្បីឱ្យមានការត្រួតពិនិត្យបទចម្រៀង មុនការបញ្ចេញនៅលើទីផ្សារ។ ខាងក្រសួងក៏បានបន្ដលើកទឹកចិត្តដល់អ្នកទាំងពីរ ហើយក៏បានសំណូមពរឱ្យអ្នកទាំងពីរនៅតែបន្ដលើកស្ទួយវប្បធម៌ខ្មែរតាមរយៈវិស័យសិល្បៈមួយនេះ។ ចំពោះឆានែល Youtube «មរតក មេឌៀ» មិន​ត្រូវ​បាន​តម្រូវឲ្យ​លុប​ចេញនោះឡើយ៕

  • Warren Buffett ​ចំណាយ​​​ជិត​10​ពាន់​លាន​ដុល្លារ​​ ទិញ​ផ្នែក​មួយ​ពី​​ក្រុម​ហ៊ុន​ Dominion Energy

    Warren Buffett ​ចំណាយ​​​ជិត​10​ពាន់​លាន​ដុល្លារ​​ ទិញ​ផ្នែក​មួយ​ពី​​ក្រុម​ហ៊ុន​ Dominion Energy

    ការ​ទិញ​ទ្រព្យ​របស់​ក្រុម​ហ៊ុន​ថាម​ពល​ Dominion Energy គឺជា​ជំនួញ​ធំដំបូង​របស់​ Berkshire រាប់​ចាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដោយ​សារ​ COVID-19។

    Berkshire Hathaway ដែល​ជា​ក្រុម​ហ៊ុន​វិនិយោគ​​របស់​មហា​សេដ្ឋី Warren Buffett កាលពី​ថ្ងៃទី 5កក្កដា​ បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ជំនួញ​ដ៏ធំមួយ​របស់​ខ្លួន​ នោះ​គឺជា​ការ​ទិញ​យក​ផ្នែក​រក្សា​ទុក​និង​ដឹក​ជញ្ជូន​ឧស្ម័ន​ធម្មជាតិ​ពី​ក្រុម​ហ៊ុន​ Dominion Energy។ Berkshire នឹង​ចំណាយ​សាច់​ប្រាក់​សុទ្ធ​ចំនួន​4​ពាន់​លាន​ដុល្លារ​​ និង​​ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​​​បំណុល​5.7​ពាន់​លាន​ដុល្លារ​របស់​ Dominion Energy។ តម្លៃ​សរុប​នៃ​ជំនួញ​មួយ​នេះ​គឺ​ជិត​ស្មើ​នឹង​10​ពាន់​លាន​ដុល្លារ​អាមេរិក​។

    ក្រុម​ហ៊ុន​ Berkshire Hathaway បាន​យល់​ព្រម​ការ​ពារ​ផល​ប្រយោជន៍​របស់​ក្រុម​បុគ្គលិក​ដែល​កំពុង​ធ្វើការ​នៅក្នុង​ផ្នែក​ដែល​ត្រូវ​បាន​ Dominion លក់​មក​ឱ្យ​ខ្លួន​។ បច្ចុប្បន្ន​ ជំនួញ​នេះ​កំពុង​រង់​ចាំ​រដ្ឋាភិបាល​អនុញ្ញាត​តែ​ប៉ុណ្ណោះ​។ តាម​គម្រោង​ ជំនួញ​នេះ​នឹង​ចប់​សព្វ​គ្រប់​នៅ​ក្នុង​ត្រី​មាស​ទី​4 ឆ្នាំ​2020​។

    កាលពី​ខែ​ឧសភា​កន្លង​ទៅ​ មហា​សេដ្ឋី Warren Buffett​ បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​លោក​មាន​សាច់​ប្រាក់​សុទ្ធ​ចំនួន​137​ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​ “មិន​ទាន់​បាន​យក​មក​ធ្វើ​អ្វី​នៅ​ឡើយ ព្រោះ​មិន​ឃើញ​មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​”។ ដូច្នេះ​ នេះ​គឺជា​ជំនួញ​ធំដំបូង​របស់​ Berkshire រាប់​ចាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដោយ​សារ​វីរុស​COVID-19។

    Warren Buffett ​ចំណាយ​​​ជិត​10​ពាន់​លាន​ដុល្លារ​​ ទិញ​ផ្នែក​មួយ​ពី​​ក្រុម​ហ៊ុន​ Dominion Energy
    ទីស្នាក់​កណ្ដាល​របស់​​​ក្រុម​ហ៊ុន​ Dominion Energy

    ចំណែក​ខាង​ក្រុម​ហ៊ុន​ Dominion Energy វិញ​ ​នេះ​គឺជា​ជំនួញ​មួយ​ក្នុង​ចំណោមសកម្ម​ភាព​ដែល​មាន​គោល​ដៅ​បំបែក​ខ្លួន​ចេញ​ពី​ផ្នែក​ដឹក​ជញ្ជូន​ឧស្ម័នដើម្បី​ផ្ដោត​ទាំង​ស្រុង​ទៅ​លើ​ផ្នែក​ផលិត​ប្រេង​ឥន្ធនៈ​ស្អាត​។ ក្រុម​ហ៊ុន​នេះ​ មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ Virginia សហរដ្ឋ​អាមេរិក​ និង​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ និង​ផលិត​ប្រេង​ឥន្ធនៈ​ធំមួយ​នៅ​ប្រទេស​នេះ​​ផងដែរ​។ បច្ចុប្បន្ន Dominion Energy ​ផ្គត់ផ្គង់​អគ្គិសនី​ និង​ឥន្ធនៈ​ទៅ​ឱ្យ​អតិថិ​ជន​ប្រមាណ​ជា​7​លាន​នៅក្នុង​រដ្ឋ​ចំនួន​20​នៃ​សហរដ្ឋ​អាមេរិក​។

    ជំនួញ​ខាង​លើ​នេះ​នឹង​ជួយ​ឱ្យ​ Berkshire ពង្រីក​វិសាល​ភាព​ផ្នែក​ថាមពល​របស់​ខ្លួន​ដែល​មាន​ស្រាប់​នា​បច្ចុប្បន្ន​ ដោយ​បន្ថែម​បំពង់​បង្ហូរ​ប្រេង​ប្រវែង​12,400​គីឡូម៉ែត្រ​ ព្រម​ទាំងការ​​ស្តុក​ឧស្ម័ន​ធម្មជាតិ​ផងដែរ​។ ក្រុម​ហ៊ុន​របស់​មហាសេដ្ឋី​ Warren Buffett បច្ចុប្បន្ន​ផ្ដល់​សេវាកម្ម​ផ្នែក​ឥន្ធនៈ​ទៅ​លើ​អតិថិជន​ជាង​12​លាន​នៅទូទាំង​ពិភពលោក​៕

    ប្រភព៖ CNN

  • មហាសេដ្ឋី​ Elon Musk លក់​ខោ​ខ្លីម៉ាក​ Tesla! បង្ហាញ​ខ្លួន​ភ្លាម​ លក់​ដាច់​ភ្លែត

    មហាសេដ្ឋី​ Elon Musk លក់​ខោ​ខ្លីម៉ាក​ Tesla! បង្ហាញ​ខ្លួន​ភ្លាម​ លក់​ដាច់​ភ្លែត

    នៅ​លើ​ទំព័រ​ Twitter មហាសេដ្ឋី​ Elon Musk បាន​ “ពពាយនាយ” ​លក់​ខោ​ខ្លី​ដែល​មាន​ភ្ជាប់​យីហោ​ Tesla ក្នុង​តម្លៃ​ 69.420​ដុល្លារ​អាមេរិកសម្រាប់​មួយ​គូ​។ ភ្លាម​នោះ ទំនិញ​នេះក៏​បាន​លក់​ដាច់​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ។

    កាល​ពី​ថ្ងៃទី​5កក្កដា​ លោក​ Musk បាន​ប្រកាស​នៅ​លើ​ Twitter យ៉ាង​ខ្លី​ថា “ខោខ្លី​ចំនួន​មាន​កំណត់​ បាន​មក​ដល់​ហើយ”។ ខាង​ក្រោម​សារ​នេះ​គឺជា​តំណភ្ជាប់​ (link) ទៅ​កាន់​ហាង​អនឡាន​របស់​ Tesla។ មុន​នេះ CEO របស់​ក្រុម​ហ៊ុន​រថយន្ត​ Tesla ក៏ធ្លាប់​បាន​សន្យា​ថា​នឹង​ផលិត​ខោ​ខ្លី​ “short short” ដើម្បី​អបអរ​ព្រឹត្តិការណ៍​ដែល​ Tesla បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្តដែល​មាន​តម្លៃ​​ជា​ង​គេ​បង្អស់​ក្នុង​ពិភពលោក​។ សាររបស់​លោក​ Musk បាន​ទាក់ទាញ​អ្នក​ចុច​ចូល​ចិត្ត​ជាង​7ម៉ឺន​លើក​ មតិ​ជាង​5​ពាន់​លើក​ និង​ការ​ចែក​រំលែក​បន្ត​ជាង​1ម៉ឺន​លើក។

    ប៉ុន្មាន​នាទី​ក្រោយ​មក មហាសេដ្ឋី​ដើម​កំណើត​អាហ្វ្រិក​រូប​នេះ​ក៏​បាន​ប្រកាស​ថា ខោ​ខ្លី​មួយ​គូ​នេះ​មាន​តម្លៃ “​ត្រឹម​តែ​ 69.420​ដុល្លារ​ប៉ុណ្ណោះ”។ លេខ​3ខ្ទង់​ខាង​​ក្រោយ​គឺសំដៅ​ទៅ​លើ​តម្លៃ​មូលបត្រ​មួយ​ហ៊ុន​របស់ Tesla នៅពេលធ្វើឯកជនភាវូបនីយកម្ម​កាល​ពី​ឆ្នាំ​2018។

    ម៉ូដែល​ខោខ្លី​របស់​ Tesla ក៏​បាន​ “លក់​ដាច់​” ព្រោះ​តែ​ចំនួន​អ្នក​បញ្ជា​​ទិញ​ចេះ​តែ​កើន​ឡើង​។ បន្ទាប់​មក លោក Musk ក៏​បានប្រកាស​បិទ​ទ្វារ​ហាង​អនឡាន​ជា​បណ្ដោះ​អាសន្ន​ ដោយ​សារ​តែ​ចាត់​ចែង​ទំនិញ​មិន​ទាន់​ពេល​។

    នៅខាងក្រោម​សារ​របស់​លោក Elon Musk គេ​ឃើញ​មាន​អ្នក​លេង​ Twitter ជា​ច្រើន​បង្អួត​រូប​ថត​អេក្រង់​ដែល​បង្ហាញ​អំពី​ការ​បញ្ជា​ទិញ​បាន​សម្រេច​។ អ្នក​ខ្លះ​បង្ហាញ​ការ​សោក​ស្ដាយ​ព្រោះ​តែ​បញ្ជា​ទិញ​មិនទាន់​ពេល​។ គណនី​ SSoodGrirl បាន​សរសេរ​ថា “ខ្ញុំ​មិន​អាច​រង់​ចាំ​បាន​​ដើម្បី​មើល​កូន​ប្រុស​របស់​ខ្ញុំថា​​ តើគេ​​មាន​រូប​រាង​បែប​ណា​នៅ​ពេល​ស្លៀក​ខោ​នេះ​”។

    មហាសេដ្ឋី​ Elon Musk លក់​ខោ​ខ្លីម៉ាក​ Tesla! បង្ហាញ​ខ្លួន​ភ្លាម​ លក់​ដាច់​ភ្លែត ក៏ប៉ុន្តែ​ យ៉ាង​ណា​ក៏​ដោយ​ក៏នៅ​មាន​មនុស្ស​មួយ​ចំនួន​បាន​បង្ហាញ​​ការ​មិន​ពេញ​ចិត្ត​​ជាមួយ​នឹង​ “ផលិត​ផល​ថ្មី​” របស់​លោក Musk​។ អ្នក​លេង​ម្នាក់​សរសេរ​ថា “ពិត​ជា​ហួស​ហេតុ​ពេក​ហើយ ជិត​70​ដុល្លារ​សម្រាប់​ខោ​ខ្លី​មួយ​គូ។ លោក​ប្រុង​ស្លៀក​វា​ឡើង​ទៅ​កាន់​ពិភព​ព្រះ​អង្គារ​មែន​ទេ​ លោក​ Musk?”។ Sam Altman ដែលជា​អ្នកជំនួញ​ល្បី​ឈ្មោះ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​ បាន​បញ្ចេញ​មតិ​ថា “ពិត​ជា​អស្ចារ្យ​មែន។ Elon Musk ពិត​ជា​ CEO តែម្នាក់​គត់​ដែល​អាច​ធ្វើ​បាន​បែប​នេះ​”។

    ខោ​ខ្លី​ Tesla នេះ​ មាន​ពណ៌​ក្រហម​ ហើយ​ផ្នែក​ខាងមុខ​មាន​ឡូហ្គូ Tesla និង​ផ្នែក​ខាងក្រោយ​មាន​អក្សរ​ S3XY ពណ៌​លឿង​ ដែល​​នេះ​គឺជា​អក្សរ​ដែល​ត្រូវ​បាន​ដាក់​ទៅ​តាម​ឈ្មោះ​របស់​ម៉ូដែល​រថយន្ត​អគ្គិសនី​នៃ​​ក្រុម​ហ៊ុន​នេះ​។

    ប្រការ​ខាង​លើ​ក៏​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ចិន​ផងដែរ​។ នៅលើ​ទំព័រ​ Weibo ប្រធាន​បទ​នេះ​​មាន​អ្នក​ចាប់​អារម្មណ៍​ដល់​ទៅ​ជាង​2​លាន​លើក​ ជាមួយ​នឹង​មតិ​រាប់​រយ​លើក​។ ភាគ​ច្រើន​អ្នក​លេង​បណ្ដាញ​សង្គម​ Weibo សម្ដែង​ការ​ពេញ​ចិត្ត​នឹង​ប្រធាន​បទ​នេះ​។

    មហាសេដ្ឋី​ Elon Musk លក់​ខោ​ខ្លីម៉ាក​ Tesla! បង្ហាញ​ខ្លួន​ភ្លាម​ លក់​ដាច់​ភ្លែត “ខ្ញុំ​គិត​ថា​ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ គឺ​មិន​មែន​នៅ​លើ​ការ​រចនា​ ឬ​វត្ថុ​ធាតុ​នោះ​ឡើយ​។ ចំណុច​ពិសេស​របស់​វា​គឺ​កំណែ​មាន​កំណត់​។ ការ​ស្លៀក​ខោ​ខ្លី​មួយ​ដែល​មាន​ឡូហ្គូ​របស់​ Tesla និង​អង្គុយ​នៅ​លើ​រថយន្ត​អគ្គិសនី​របស់​ Musk ក៏​ជា​រឿង​ដែល​គួរ​ឱ្យ​ចង់​សាកល្បង​ដែរ​តើ។ គួរ​ឱ្យ​ស្ដាយ​ ខ្ញុំ​មិន​អាច​​បញ្ជា​ទិញ​​បាន​។ តម្លៃ​ 69.420​ដុល្លារ​ នៅ​តែ​ធូរថ្លៃ​ជាង​ច្រើន​បើ​ធៀប​នឹង​ផលិត​ផល​របស់​យីហោ​សម្លៀក​បំពាក់​ប្រណិត​” អ្នក​លេង​ Yantianxia​ បញ្ចេញ​មតិ​ដូច្នេះ។

    កម្លាំង​នៃ​កំណើន​ដ៏អស្ចារ្យ​របស់​ Tesla នៅក្នុង​ឆ្នាំ​2020​នេះ បាន​ជួយ​ឱ្យ​ក្រុម​ហ៊ុន​​របស់​លោក Elon Musk ក្លាយ​ជា​ក្រុម​ហ៊ុនផលិត​​រថយន្ត​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក​ ដោយ​បាន​លោត​រំលង​ Toyota របស់​ជប៉ុន ជាមួយ​នឹង​ការ​កំណត់​តម្លៃ​ឡើង​ដល់​ 205​ពាន់​លាន​ដុល្លារ​។ កាល​ពី​10​ឆ្នាំ​មុន​ នៅ​ពេល​ដែល​ទើប​តែ​ចូល​ផ្សារ​ហ៊ុន​ (IPO) ដំបូង មូល​បត្រ​ Tesla កាល​ណោះ​មាន​តម្លៃ​ត្រឹម​តែ​ 17​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ហ៊ុន​។ បច្ចុប្បន្ន មូលបត្រ​នេះ​មាន​តម្លៃ​ឡើង​ដល់​ 1,100​ដុល្លារ​ក្នុង​មួយ​ហ៊ុន​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • ហេតុអ្វីត្រូវសិក្សាគណិតវិទ្យា?

    ហេតុអ្វីត្រូវសិក្សាគណិតវិទ្យា?

    គណិតវិទ្យា​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុង​កម្មវិធីសិក្សា និង​ការរស់នៅ​ជាក់ស្តែង ព្រោះ​មិន​ថា​យើង​ធ្វើ​ការងារ​ផ្នែក​វិទ្យាសាស្ត្រ​ពិត ឬ​វិទ្យាសាស្ត្រ​សង្គម​នោះទេ យើង​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​គណិតវិទ្យា។ បន្ថែម​ពីលើ​នេះ គណិតវិទ្យា​ក៏​កាន់តែ​សំខាន់​ផងដែរ​សម្រាប់​អ្នកធ្វើអាជីវកម្ម ដែល​ត្រូវ​គ្រប់គ្រង​ទិន្នន័យ ជាពិសេស​ផ្នែក​ហិរញ្ញវត្ថុ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា គំណិត​វិទ្យា​គឺជា​មុខវិជ្ជា​មួយ​ដ៏​សំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ ក្នុងការ​ត្រៀម​រៀន​នៅ​កម្រិត​ឧ​ត្ត​ម​សិក្សា​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​វិស្វកម្ម (STEM) និង​វិទ្យាសាស្ត្រ​សង្គម​ដូចជា​សេដ្ឋកិច្ច និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​ជាដើម។ ឯកឧត្តម​ថា ការរៀន​គណិតវិទ្យា អាចជួយ​សិស្ស​ឱ្យ​ចេះ​ត្រិះរិះ​ពិចារណា ដោះស្រាយ​បញ្ហា និង​មានគំនិត​នវានុវត្តន៍។ ប្រសិនបើ​សិស្សានុសិស្ស​ចង់​ក្លាយជា​អ្នកសេដ្ឋកិច្ច វិស្វករ អ្នកវិទ្យាសាស្ត្រ និង​គ្រូបង្រៀន គឺ​ចាំបាច់​ត្រូវតែ​ពង្រឹង​ចំណេះដឹង​ផ្នែក​គ​ណិ​វិទ្យា​នេះ។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ផងដែរ​ពី​វិធីសាស្ត្រ​ក្នុង​ការសិក្សា​គណិតវិទ្យា​ឱ្យបាន​ពូកែ ដោយ​សិស្ស​ទាំងអស់​ត្រូវ​ពង្រឹង​មូលដ្ឋានគ្រឹះ​ពី​ថ្នាក់​ទី7 ឬ​អាច​ចាប់ផ្តើម​ពង្រឹង​ខ្លាំង​ចាប់ពី​ថ្នាក់​ទី10ឡើងទៅ ព្រោះ​មេរៀន​គណិតវិទ្យា​មាន​ទំនាក់​ទំនាក់​គ្នា ហើយ​មិនអាច​ផ្លោះ​ដោយ​មិន​ច្បាស់​ពី​មូលដ្ឋាន​នោះទេ។ ដើម្បី​រៀន​ឱ្យ​ពូកែ​ផ្នែក​គណិតវិទ្យា​ទៅបាន​លុះត្រាតែ អ្នកសិក្សា​ត្រូវ​យល់​ពី​មូលដ្ឋាន និង​មេរៀន​នីមួយ​ឱ្យបាន​ច្បាស់។ មូលដ្ឋានគ្រឹះ​ដែល​ត្រូវតែ​អនុវត្ត​នោះ​គឺ ត្រូវ​ចងចាំ​រូបមន្ត ចំណាយពេល​វេលា​ធ្វើ​លំ​ហាត់​ឱ្យបាន​ច្រើន រំលឹក​មេរៀន និង​សង្ខេប​មេរៀន ធ្វើ​ស្វ័យ​សិក្សា​ឱ្យបាន​ច្រើន និង​ចូលរួម​ក្លិប​សិក្សា៕

  • របរចិញ្ចឹមកង្កែបអាចចំណេញជាង 30លានរៀលក្នុងមួយឆ្នាំ

    របរចិញ្ចឹមកង្កែបអាចចំណេញជាង 30លានរៀលក្នុងមួយឆ្នាំ

    បច្ចុប្បន្ននេះ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​ការហូរចូល​នៃ​ទំនិញ​ពី​បរទេស​ជាពិសេស​ផ្នែក​កសិកម្ម​មានការ​ថយចុះ ដែល​ធ្វើឱ្យ​អ្នក​ផលិត​កសិផល​នៅក្នុង​ស្រុក​ចាប់ផ្តើម​ពង្រីក​ទីផ្សារ​របស់ខ្លួន​បាន​កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

    ចំពោះ​របរ​ចិញ្ចឹម​កង្កែប​ឯណោះ​វិញ ក៏​ចាប់ផ្តើម​មាន​ទីផ្សារ​ល្អ​ផងដែរ​នៅ​ឆ្នាំ 2020នេះ។ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​ថ្លែងថា មិនថាតែ​កសិករ​តាម​បណ្តា​ខេត្ត​ទេ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម​កង្កែប សូម្បីតែ​កសិករ​ក្នុង​រាជធានី​ភ្នំពេញ ក៏​កំពុង​ចាប់អារម្មណ៍ និង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ផងដែរ។

    កសិករ​ចិញ្ចឹម​កង្កែប​មូ​យ​រូប គឺ​លោក ម៉ម យ៉​ន បច្ចុប្បន្ននេះ​កំពុង​ញាប់ដៃ​ញាប់ជើង​បង្កើន​សមត្ថភាព​ចិញ្ចឹម​កង្កែប​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ និង​បង្កើន​ចំណូល។ កសិករ​ខាងលើ​រស់នៅ​ភូមិ​ស្វាយ​តា​យ៉​ន់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ដោយ​គាត់​មាន​អាង​ចិញ្ចឹម​កង្កែប​សរុប​ចំនួន 63អាង។ អាង​កង្កែបនីមួយៗមាន​ទំហំ​ទទឹង 3ម៉ែត្រ បណ្តោយ 4ម៉ែត្រ និង​កម្ពស់​កន្លះ​ម៉ែត្រ។ លោ​កថា​ក្នុង​អាងនីមួយៗអាចដាក់​ចិញ្ចឹម​មេ​ពូជ​បាន​សរុប 200ក្បាល ដែល​អាច​រក​ចំណូល​សរុប​ចំនួន 50,000,000រៀល​ក្នុង​មួយឆ្នាំ។

    លោក ម៉ម យ៉​ន មាន​សមត្ថភាព​ភ្ញាស់​កូន​កង្កែប​ចំនួន 20,000 ទៅ 30,000ក្បាល​ក្នុង​មួយឆ្នាំ និង​អាច​លក់បាន​ប្រមាណ 15,000,000រៀល​ក្នុង​មួយឆ្នាំ។ ទន្ទឹមនឹងនេះ លោក​បាន​ចិញ្ចឹម​កង្កែប​យក​សាច់​លក់បាន​ប្រមាណ 3.5តោន​ក្នុង​មួយឆ្នាំ ដែល​គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ 35,000,000រៀល។ បើ​បូកសរុប​ទាំង​ថ្លៃ​លក់​កូន​កង្កែប​ដែល​ភ្ញាស់​បាន និង​លក់​សាច់​កង្កែប ក្នុង​មួយឆ្នាំ​លោក​អាច​រក​ចំណូល​សរុប​បាន​ប្រហែល 50,000,000រៀល​ក្នុង​មួយឆ្នាំ។

    ចំពោះ​ចំណាយ​វិញ ក្នុង​មួយឆ្នាំ​កសិករ​ខាងលើ​បាន​ចំណាយ​លើ​ចំណី​មេ​ពូជ និង​ចំណាយ​ផ្សេង​អស់​ចំនួន 16,880,000រៀល ហេតុនេះ​បើ​ទូទាត់​ចំណូល និង​ចំណាយ​គាត់​អាច​ចំណេញ​បាន​ប្រហែល 33,120,000រៀល​ដែរ​ក្នុង​មួយឆ្នាំ៕

  • កាត់​បន្ថយ​ខ្ទង់​ចំណាយ​ខាងក្រោម​នេះ​បាន​ អ្នក​នឹង​សល់​លុយ​រាប់​ពាន់​ ឬ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ

    កាត់​បន្ថយ​ខ្ទង់​ចំណាយ​ខាងក្រោម​នេះ​បាន​ អ្នក​នឹង​សល់​លុយ​រាប់​ពាន់​ ឬ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ

    ការ​ចេញ​ទៅ​ហូប​អាហារ​នៅ​ខាង​ក្រៅ​​ ការ​ទិញ​​ឆ្នោតឬ​ចាក់​កន្ទុយ​លេខ ឬ​មួយ​ការ​ទិញ​ទូរស័ព្ទ​ថ្មី​ជា​ដើម​ អាច​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជាមនុស្ស​​ខ្វះលុយ​ជា​ប្រចាំ​ នៅ​មុនពេល​អ្នក​ដឹក​អំពី​បញ្ហា​នេះ​។

    Steve Adcock គឺជា​អតីត​បុគ្គលិក​ផ្នែក​អភិវឌ្ឍ​​​ផ្នែក​ទន់​ (software) បច្ចុប្បន្ន​គឺជា​អ្នក​ជំនាញ​ខាង​ផ្ដល់​ប្រឹក្សា​យោបល់​ ដោយការ​បញ្ចេញ​អត្ថបទ​នានា​ស្ដី​អំពី​វិធី​ដើម្បី​គ្រប់​គ្រង​សេរី​ភាព​ផ្នែក​ហិរញ្ញវត្ថុ​។ កាល​ពី​ឆ្នាំ​2016 ក្រោយ​ពី​សន្សំ​បាន​ប្រាក់​1លាន​ដុល្លារ​នៅ​ក្នុង​គណនី​ធនាគារ Steve Adcock បាន​សុំ​ឈប់​ពី​ការ​ងារ​ជា​អ្នក​អភិវឌ្ឍ​ផ្នែក​ទន់​​ដែល​លោក​រក​បាន​ប្រាក់​រាប់​សែន​ដុល្លារ​ក្នុង​មួយឆ្នាំ​ៗ ហើយ​បាន​ចូល​និវត្តន៍​​ក្នុង​វ័យ​35​ឆ្នាំ​។ ប៉ុន្មាន​ខែ​ក្រោយមក ប្រពន្ធ​របស់​គាត់​ គឺ​អ្នក​ស្រី​ Courtney ក៏​បាន​ធ្វើ​តាម​គាត់​។

    នៅ​លើ​ CNBC លោក Steve Adcock បាន​ចែក​រំលែក​បទពិសោធន៍​ទាក់​ទិន​នឹង​ហិរញ្ញវត្ថុ​ និង​ការ​ចំណាយប្រាក់​​របស់​ពួកគេ​។ ខាង​ក្រោម​នេះ​គឺជា​​ប្រការ​ទាំង​5​ដែល​លោក​ Steve Adcock និង​ភរិយា​តែង​តែ​កាត់​បន្ថយ​ដើម្បី​អាច​ចូល​និវត្តន៍​បាន​ឆាប់​។ 5​ប្រការ​នេះ​ ដំបូង​ឡើង​គឺជា​បញ្ហា​លំបាក​ខ្លាំង​សម្រាប់​ការ​អនុវត្ត ក៏ប៉ុន្តែ Steve Adcock នៅ​តែ​ព្យាយាម​ដើម្បី​សម្រេច​បាន​គោល​ដៅរបស់​ខ្លួន​។

    1. ការ​ចេញ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​

    យោង​តាម​ការ​ស្ទង់​មតិ​មួយ​​ជាមួយ​​ពល​រដ្ឋ​អាមេរិកាំង​ជាង​2,000​នាក់​កាល​ពី​ឆ្នាំ​2019 មនុស្ស​ជិត​70​% និយាយ​ថា ពួកគេ​ចេញ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ច្រើន​ណាស់​។ លោក Steve Adcock ថ្លែង​ថា “ខ្ញុំ​ក៏​យល់​ថា ការ​ដែល​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ​ និង​ការ​ដែល​មាន​អ្នក​ដាំ​ស្ល​ឱ្យហូប​​ គឺ​ជា​ប្រការ​ដ៏​អស្ចារ្យ​។ ប៉ុន្តែ ជា​ការ​ពិត តម្លៃ​សម្រាប់​ទទួល​បាន​បទ​ពិសោធន៍​នេះ​គឺ​មិន​មែន​ថោក​នោះ​ឡើយ​។ ខ្ញុំ​និង​ Courtney ធ្លាប់​ចំណាយ​សរុប​ 750​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ការ​ហូប​អាហារ​នៅ​ខាង​ក្រៅ​ បូក​រួម​ទាំង​ការ​បញ្ជា​ទិញ​អាហារ​ពី​ខាង​ក្រៅ​​មក​ហូប​ក្នុង​ផ្ទះ​ផងដែរ​។

    តួលេខ​ខាង​លើ​នេះ​ គឺ​ប្រហាក់​ប្រហែល​នឹង​ 9,000​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ អ្នក​អាច​ស្រមៃ​ឃើញ​ថា​ យើង​ខ្ញុំ​សន្សំ​សំច័យ​បាន​ច្រើន​ដល់​កម្រិត​ណា​នៅ​ពេល​ពួក​យើង​ដាំ​ស្ល​ដោយ​ខ្លួន​ឯង​។ យូរ​ៗ​ម្ដង​ យើង​ក៏​ចេញ​ទៅ​ហូប​អាហារ​នៅ​ខាង​ក្រៅ​ដែរ​ ប៉ុន្តែ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ យើង​ទាំង​ពីរ​មិន​បាន​ហៅ​អាហារ​ដែល​មាន​តម្លៃ​ថ្លៃ​ឡើយ​។ ទឹក​ធម្មតា​សម្រាប់​ផឹក​ ឬ​ទឹក​ក្រូច​មិន​គិត​ថ្លៃ​ គឺ​គ្រប់​គ្រាន់​ហើយ​។ យើង​ក៏​មិន​ហៅ​អាហារ​ទ្រាប់​ពោះ​ ឬ​អាហារ​លាង​មាត់​នោះដែរ​។

    2. ការ​ទិញ​ទូរស័ព្ទ​ថ្មី​

    យើង​ពិត​ជា​ស្ទើរ​តែ​មិន​អាច​ទ្រាំ​បាន​នៅ​ពេល​ក្រុម​ហ៊ុន​ Apple, Samsung ឬ​ Google ចេញ​ទូរស័ព្ទ​ថ្មី​។ ប៉ុន្តែ​ជាក់ស្ដែង​ ​បើ​យើង​មើល​ជា​រួម បណ្ដា​ឧបករណ៍​សព្វ​ថ្ងៃ​អាច​ដំណើរ​ការ​បាន​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​​ជួប​បញ្ហា​។ ហើយ​បើ​ទោះ​ជា​មុខ​ងារ​ថ្មី​ៗ​ជាច្រើនដ៏​ទាក់ទាញ​ដែល​​ត្រូវ​បាន​បំពាក់​បន្ថែម​នៅ​លើ​ទូរស័ព្ទ​ស៊េរី​ថ្មី​ ប៉ុន្តែ​ពួកវា​ក៏​មិន​អាច​ផ្លាស់​ប្ដូរ​ការ​រស់​នៅ​របស់​អ្នក​នោះ​ដែរ​។

    ក្នុង​ករណី​ភាគ​ច្រើន​ ការ​ដែល​ត្រូវ​ប្ដូរ​ទូរស័ព្ទ​គឺ​វា​នឹង​មាន​ន័យ​ លុះត្រា​​តែ​ទូរស័ព្ទ​ដែល​អ្នក​កំពុង​ប្រើ​នោះ​មាន​បញ្ហា​បច្ចេក​ទេស​ធ្ងន់​ធ្ងរ ឬ​ខូច​ទាំង​ស្រុង​។ ប៉ុន្តែ បើ​ទោះ​ជា​មាន​បញ្ហា​នោះ​កើត​ឡើង​ អ្នក​ក៏​នៅ​តែ​អាច​យក​វា​ទៅ​ជួស​ជុល​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​រយ​ដុល្លារ​។

    ខ្ញុំ​នឹង​ Courtney ប្រើ​ប្រាស់​ទូរស័ព្ទ​មួយ​គ្រឿង​ក្នុង​រយៈ​ពេល​ដល់​ទៅ​4​ឆ្នាំ​ ទើប​ទិញ​អាថ្មី​។ ជំនួស​ឱ្យ​ការ​រត់​តាម​បច្ចេកវិទ្យា​ដែល​តែង​តែ​ហួស​សម័យ​ក្រោយ​ការ​ប្រើប្រាស់​រយៈ​ពេល​មួយ​ឆ្នាំ យើង​យល់​ឃើញ​ថា ការ​ចំណាយ​ប្រាក់​ទៅ​លើ​ការ​វិនិយោគ​ទើបជា​ការ​​ល្អ​ប្រសើរ​​ជាង​។

    3. ការ​ទិញ​សម្លៀក​បំពាក់

    តាម​របាយការណ៍​ក្នុងឆ្នាំ​2019​ របស់​ GOBankingRates ពលរដ្ឋ​អាមេរិកាំង​ ចំណាយ​ជា​មធ្យម​ 1,866​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ទៅ​លើ​ការ​ទិញ​ខោអាវ​។ សម្លៀក​បំពាក់​តាម​ម៉ូដែល​និយម​ ពិត​ជា​ឆាប់​ហួស​ម័យ​ណាស់​។​ ដូច្នេះ នៅ​មុន​ពេល​សម្រេច​ចិត្ត​ទិញ​ ចូរ​សួរ​ខ្លួន​ឯង​ថា អ្នក​ពិត​ជា​ត្រូវ​ការ​ចាំ​បាច់​ដែរ​អត់​ ឬ​ថា​ តើ​អ្នក​នៅ​មាន​កន្លែង​សម្រាប់​ដាក់​សម្លៀក​បំពាក់​​ដែរ​ឬ​ទេ​។

    គោល​ការណ៍ក្នុងការ​​ទិញ​ខោអាវ​ថ្មី​របស់​ខ្ញុំ​ គឺ​ពិត​​ជា​សាមញ្ញ​៖ កាន់​តែ​តិច​ កាន់​តែ​ល្អ។ ខ្ញុំ​ទិញ​តែ​របស់​ដែលចាំបាច់​ប៉ុណ្ណោះ​ ហើយ​ប្រើ​ប្រាស់​វា​រហួត​ដល់​ដាច់​ ខូច​ខាត ឬ​ពាក់​លែង​ត្រូវ​។ ក្នុងមួយ​ឆ្នាំ​ ខ្ញុំ​ទិញ​សម្លៀក​បំពាក់​តែ​2-3ដង​ប៉ុណ្ណោះ​ ហើយ​ក្នុង​ការ​ទិញ​ម្ដងៗ​ គឺចំណាយ​តែ​50-100​ដុល្លារ​។

    4. ការ​លេង​ឆ្នោត ឬ​កន្ទុយ​លេខ

    គេ​និយាយ​ថា “បើ​មិន​លេង​ឆ្នោត​ គឺ​មិន​អាច​ត្រូវ​ឆ្នោត”​ ប៉ុន្តែ យើង​បាន​ដឹង​គ្រប់​គ្នា​ហើយ​ថា ឱកាស​នៃ​ការ​ត្រូវ​ឆ្នោត​គឺ​មាន​តិច​ខ្លាំង​ណាស់​។ ហើយ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​យុទ្ធ​សាស្ត្រ​វិនិយោគ​​ជា​មូលដ្ឋាន ការ​ចំណាយ​លុយ​សម្រាប់​លេង​ឆ្នោត ឬ​កន្ទុយ​លេខ​​ គឺ​ពិត​ជា​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ​។ ការ​ចំណាយ​តិច​ៗ​យូរ​ខែ​ឆ្នាំ វា​នឹង​ក្លាយ​ជា​ការ​ចំណាយ​ដ៏​ច្រើន​មិន​ខាន។

    របាយការណ៍​កាល​ពី​ឆ្នាំ​2019​ របស់ក្រុម​ហ៊ុន​ Bankrate បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិកាំង​ចំណាយ​ប្រាក់​ជា​មធ្យម​ចំនួន​89​ដុល្លារ​ជា​រៀង​រាល់​ខែ​ដើម្បី​ទិញ​ឆ្នោត​។ នៅកម្ពុជា​ ការ​ចាក់​កន្ទុយ​លេខ​របស់​ពលរដ្ឋ​ ក៏​មាន​សកម្មភាព​ខ្លាំង​ក្លា​ណាស់​ ដោយ​មាន​អ្នក​ខ្លះ​ ក្នុង​មួយ​ថ្ងៃ​អាច​ចំណាយ​រាប់​ម៉ឺន​រៀល​ដើម្បី​ចាក់​កន្ទុយ​លេខ​។ ការ​​បោះ​បង់​ទម្លាប់​នេះ​នឹង​ជួយ​ឱ្យ​អ្នក​សល់​ប្រាក់​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ (សម្រាប់​អ្នក​នៅ​សហរដ្ឋ​អាមេរិក​)។

    5. ខ្ទង់​ចំណាយ​ទៅ​លើ​ការ​ទិញ​ដូរ​តាម​អារម្មណ៍

    នេះ​គឺជា​ខ្ទង់ចំណាយ​ដ៏ធំធេង​។ និយាយ​រួម​ វា​រួម​បញ្ចូល​ទាំង​របស់​របរ​ដែលអ្នក​មិន​ត្រូវ​ការ​ជា​ចាំបាច់​ ប៉ុន្តែ​ត្រូវ​បាន​​ទាក់​ទាញ​ឱ្យ​សម្រេច​ចិត្ត​ទិញ​ក្នុង​គ្រា​ណា​មួយ​នោះ​។ ដូចជា​នៅពេល​កំពុង​គិត​លុយ​ ភ្លាម​នោះ​អ្នក​បាន​ឃើញ​ស្ករ​កៅស៊ូ​ដែល​អ្នក​លក់​ដាក់​នៅ​ក្បែរ​នោះជា​ដើម​។

    ជឿ​ខ្ញុំ​ចុះ ការ​ចំណាយ​បែប​នេះ​នឹង​ស៊ី​លុយ​របស់​អ្នក​អស់ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃជាក់ជា​មិន​ខាន​ នៅ​មុន​ពេល​អ្នក​បាន​ដឹង​ខ្លួន។

    បណ្ដា​ខ្ទង់​ចំណាយ​ធំៗ​គឺ​ពិត​ជា​គ្រោះ​ថ្នាក់​ដល់​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​អ្នក​។ ឧទាហរណ៍​ថា អ្នក​ចង់​ទិញ​កង់​ដើម្បី​ជិះ​ហាត់​ប្រាណ ចូរ​ពិចារណា​ឱ្យ​បាន​វែង​ឆ្ងាយ​ថា​ តើ​អ្នក​នឹង​ប្រើ​ប្រាស់​វា​ជា​ញឹក​ញាប់​ដែរ​ ឬ​អត់។ ព្រោះ​ថា បើ​មិន​ដូច្នេះ​ទេ មិន​យូរ​មិន​ឆាប់​ កង់​ថ្មី​នោះ​ប្រាកដ​ជា​ត្រូវ​គ្រប​ដណ្ដប់​ដោយ​ធូលី​នៅ​ក្នុង​ឃ្លាំង​​មិន​ខានឡើយ៕

    ប្រភព៖ CNBC