Category: សង្គម និងសេដ្ឋកិច្ច

  • បើមិនប្រយ័ត្នកុមារ អាចក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត

    បើមិនប្រយ័ត្នកុមារ អាចក្លាយជាជនរងគ្រោះ ពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត

    បច្ចុប្បន្ននេះ ដោយសារតែ​បច្ចេកវិទ្យា​មាន​ភាព​រីកចម្រើន​ខ្លាំង បានធ្វើឱ្យ​មនុស្ស​គ្រប់គ្នា រួមទាំង​កុមារ​តូច​ផង​មានប្រើ​ប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ និង​ឧបករណ៍​អេឡិចត្រូនិក​ដែល​អាច​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​បាន។

    លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​លើកឡើងថា កុមារ​កម្ពុជា ងាយ​នឹង​ក្លាយជា​ជនរងគ្រោះ ដោយសារ​ការរំលោភបំពាន និង​កេងប្រវ័ញ្ច​ផ្លូវភេទ​តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទដៃ​វៃឆ្លាត។ លោ​ជំទាវ​បញ្ជាក់ថា ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត កាន់​តែមាន​ភាពស្មុគស្មាញ និង​កាន់តែ​អាក្រក់ទៅៗ ដូចជា ការចាប់​ជម្រិត ការជួញដូរ​មនុស្ស និង​ពេ​ស្សា​ចា​ជាដើម។ លើសពីនោះ កុមារ​រងគ្រោះ​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ បាន​បន្សល់​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​ផ្លូវកាយ និង​ផ្លូវ កុមារ​រងគ្រោះ​ទាំងនោះ​ភាគច្រើន មាន​អារម្មណ៍​ពិបាក​ក្នុងការ​ទុកចិត្ត​អ្នកដទៃ អស់​ស​ង្ឈឹ​ម បាក់​ទឹកចិត្ត ឯកា ច្របូកច្របល់ ខកចិត្ត ស្តីបន្ទោស​ខ្លួនឯង និង​ឆាប់​ភ័យខ្លាច​ជាដើម។

    ហេតុនេះ​អាណាព្យាបាល​គួរ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​កូន​ជាទី​ស្រឡាញ់​ក្នុងការ​ប្រើប្រាស់​ឧ​បរ​កណ៍​បច្ចេកវិទ្យា ធ្វើយ៉ាងណា​បញ្ចៀស​ពួកគេ​ពី​ផលប៉ះពាល់​អវិជ្ជមាន​ដែល​អាច​នឹង​កើតមានឡើង​ដោយសារតែ​គុណវិបត្តិ​របស់​វា៕

  • ស្ថានភាពនៃការនាំចេញរបស់កម្ពុជានៅមានស្ថានភាពនឹងនរនៅឡើយក្នុងឆមាសទី1នេះ

    ស្ថានភាពនៃការនាំចេញរបស់កម្ពុជានៅមានស្ថានភាពនឹងនរនៅឡើយក្នុងឆមាសទី1នេះ

    ស្ថិតក្នុង​ផលប៉ះពាល់​នៃ​ជំងឺ Covid-19 សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹងមាន​កំណើន​អវិជ្ជមាន​សម្រាប់​ឆ្នាំ 2020 នេះ ក្នុងនោះ​កម្ពុជា​ក៏ត្រូវ​បាន​គេ​មើលឃើញថា​នឹងមាន​កំណើន​អវិជ្ជមាន​ផងដែរ។

    ទោះជា​យ៉ាងនេះ​ក្តី​បើ​មើល​លើ​ស្ថានភាព​នៃ​ការនាំចេញ​របស់​កម្ពុជា​ជាក់ស្តែង ក្នុង​រយៈពេល 5ខែ​ដើមឆ្នាំ 2020 នេះ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា​ការនាំចេញ​របស់​កម្ពុជា​នៅមាន​ស្ថានភាព​វិជ្ជមាន​នៅឡើយ។ ក្នុងនោះ​វិស័យ​កាត់ដេរ​កម្ពុជា​មានការ​ធ្លាក់ចុះ​ខ្លាំង ដោយហេតុថា ទីផ្សារ​អឺរ៉ុប និង​អាមេរិក​មួយចំនួន​បាន​ផ្អាក​ការទិញ​សិន តែបើ​យើង​មើលទៅ​ទំនិញ​ផ្សេងទៀត គឺ​មិនទាន់​ធ្លាក់​នោះទេ។ ផ្ទុយទៅវិញ ទំនិញ​មួយចំនួន​ដែល​មិនមែន​កាត់ដេរ​ដូចជា​កសិកម្ម កង់ និង​គ្រឿង​អេឡិចត្រូនិក​ជាដើម មានការ​កើនឡើង​ទៅវិញ។

    ឯកឧត្តម​ថា ក្នុង​រយៈពេល 5ខែ​ដើម​ឆ្នាំនេះ ការនាំចេញ​របស់​កម្ពុ​ជា​មិនទាន់​អវិជ្ជមាន​នោះទេ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន គឺ​យើង​នៅ​មើលឃើញ​ពី​កំណើន​នៅឡើយ។ ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាតិប្រមាណ​ជាង 1,000លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់ទល់​ជាមួយនឹង​វិបត្តិ​ដែល​កើតឡើង​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19នេះ៕

  • U22 វៀតណាម ចេញទៅបារាំង ប្រកួតជាមួយជើងខ្លាំង 10ប្រទេស ដើម្បីត្រៀមការពារមេដាយមាសស៊ីហ្គេម

    U22 វៀតណាម ចេញទៅបារាំង ប្រកួតជាមួយជើងខ្លាំង 10ប្រទេស ដើម្បីត្រៀមការពារមេដាយមាសស៊ីហ្គេម

    ឈុត​យុវជន​អាយុ​ក្រោម 21ឆ្នាំ ដែលជា​ឈុត​ត្រៀមខ្លួន​ការពារ​មេដាយមាស​ស៊ី​ហ្គេម វៀតណាម ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នា​ឆ្នាំ​ក្រោយនេះ នឹងចូលរួម​ក្នុង​ពានរង្វាន់​ក្រៅផ្លូវការ​មួយ ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមខ្លាំងៗទាំង10 មកពី​ជុំវិញ​ពិភពលោក។

    វៀតណាម ត្រូវបាន​ប្រទេស​បារាំង​អញ្ជើញ ក្នុងចំណោម​ក្រុមផ្សេងៗទៀត​ចំនួន9 ដែលជា​ក្រុម​ខ្លាំង​បំផុត តំណាងឱ្យ​តំបន់នីមួយៗមកពី​ជុំវិញ​ពិភពលោក ហើយ​វៀតណាម គឺជា​ក្រុម​ខ្លាំង​បំផុត​តំណាងឱ្យ​តំបន់​អាស៊ាន។ ខណៈដែល​ប្រទេស9 ផ្សេងទៀត​រួមមាន អង់គ្លេស បារាំង អូស្ត្រាលី ជប៉ុន ម៉ិ​ក​ស៊ិ​ក កុង​ហ្គោ រ៉ូ​ម៉ា​នី កូ​ឌី​វ័រ និង ម៉ូ​រ៉ូ​កូ។

    គួរ​បញ្ជាក់ដែរថា នៅ​ខែធ្នូ ក្រុម​នេះ​នឹង​ចេញទៅ​ប្រទេស​បារាំង ដើម្បី​ហ្វឹកហាត់ និង​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ដែល​នេះ គឺជា​ឱកាស​ដ៏​មានតម្លៃ​សម្រាប់ U22វៀតណាម ព្រោះ​ពួកគេ​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​អឺរ៉ុប និង​អាមេរិក ហើយនឹង​ក្លាយជា​ការរៀបចំ​ដ៏​ល្អ​សម្រាប់​ការប្រកួត​ជម្រុះ (AFC U-23 Championship) នៅ​ឆ្នាំ2022 និង​ស៊ី​ហ្គេម លើក​ទី31 ឆ្នាំ2021ផងដែរ៕

  • Zlatan អួតខ្ទរ និងតាំងខ្លួនថា ជាអ្នកជួយក្រុមឱ្យឈ្នះ Juventus

    Zlatan អួតខ្ទរ និងតាំងខ្លួនថា ជាអ្នកជួយក្រុមឱ្យឈ្នះ Juventus

    ក្នុងការ​ប្រកួត​លី​ក​កំពូល​អ៊ីតាលី (Italia Seria A) រវាង​ក្រុមបាល់ទាត់ AC Milan និង Juventus បានបញ្ចប់​ទៅដោយ​លទ្ធ​ផល AC Milan ឈ្នះ Juventus 4ទល់នឹង2។

    ក្រុម Juventus ជា​អ្នករក​គ្រាប់​បាល់​បាន 2គ្រាប់​មុន​ដោយ​Adrien Rabiot និង Cristiano Ronaldo។ តែ​បន្ទាប់ពី Zlatan ទទួលបាន​បាល់​ប៉េ​ណា​ល់​ទី 1គ្រាប់​ឱ្យ AC Milan មក ការប្រកួត​ហាក់ដូចជា​មានការ​ប្រែប្រួល​ខ្លាំង​មែនទែន។ AC Milan កាន់តែ​ធ្វើ​បានល្អ​ដោយ​បន្ថែម​បាន 3គ្រាប់​ទៀត ខណៈដែល​ក្រុម Juventus វិញ កីឡាករ​នៅ​តំបន់​ការពារ ហាក់ដូចជា​មិនមាន​អារម្មណ៍​លេង​ក្នុង​ខ្លួន​សោះឡើយ។ ចប់​ការប្រកួត AC Milan យកឈ្នះ Juventus បាន​ក្នុង​លទ្ធផល 4-2។

    ក្រោយ​បញ្ជ​ប់​ការប្រកួត Zlatan Ibrahimovic ដែល​បាន​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ក្នុងការ​ប្រកួត​នេះ (MVP) បានផ្តល់​បទ​សម្ភាស​ថា គ្រប់ពេល​ប្រកួត គេ​តែងតែ​បំពេញ​តួនាទី​ជាច្រើន​ដូចជា គ្រូបង្វឹក​ផង ប្រធាន​ក្រុម​ផង អ្នករក​គ្រាប់​បាល់​ផង ហើយក៏​ជា​អ្នក​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ផងដែរ តែ AC Milan ហៅ​គេ​មក​យឺត​បន្តិច និង​បាន​បន្ថែមទៀតថា បើ​គេ​បានមក​តាំងពី​ដើមរដូវ​កាលនោះ ម្ល៉េះ​ក្លិប​មួយ​នេះ ឈ្នះ​ជើងឯក​បាត់ទៅហើយ៕

  • 6ចំណុចដែលក្រសួងតម្រូវឱ្យសាលាដែលស្នើរសុំបើកឡើងវិញនៅខែក្រោយអនុវត្ត

    6ចំណុចដែលក្រសួងតម្រូវឱ្យសាលាដែលស្នើរសុំបើកឡើងវិញនៅខែក្រោយអនុវត្ត

    ថ្មីៗនេះ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុង​កថា ក្រសួង​នឹង​ស្នើរ​ទៅ​នាយករដ្ឋមន្ត្រី​ដើម្បី​សុំ​គោលការណ៍​បើក​សាលារៀន​សាកល្បង​នៅ​ដំណាក់កាល​ទី1 ក្នុង​ដើមខែ​សីហា​ខាងមុខនេះ។

    ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្រសួង​អប់រំ បាន​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ភាគី​ពាក់ព័ន្ធ ដើម្បី​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ក្នុងនោះ​យើង​នឹងមាន​វិធានការ​ចាំបាច់​មួយចំនួន​ដើម្បី​ដាក់ឱ្យ​ដំណើរការ​សាលារៀន​នៅ​ដំណាក់កាល​ទី1នេះ។

    ចំណុចសំខាន់ៗទាំងអស់នោះ​រួមមាន៖

    1. គ្រឹះស្ថានសិក្សា​ត្រូវ​ចុះកិច្ចសន្យា​ទទួលខុសត្រូវ លើ​ការអនុវត្តន៍​វិធានការ​សុវត្ថិភាព​សិក្សា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដូចជា​ការអនុវត្តន៍​លក្ខខណ្ឌ​តម្រូវ​នៃ​ការលើកកម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ Covid-19 ការរៀបចំ​បរិស្ថាន​សាលារៀន និង​ថ្នាក់រៀន​ឱ្យ​ស្របតាម​ស្តង់ដា​សុវត្ថិភាព​សុខភាព​សិក្សា ការរក្សា​គម្លាត​សុវត្ថិភាព ការ​វាស់​កម្តៅ​បុគ្គល​ជាប្រចាំ និង​ការ​លាងដៃ​ជាប្រចាំ​ជាដើម។
    2. គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​ការអប់រំ​តាម​គន្លង​ថ្មី ការរៀន​ក្នុង​ថ្នាក់​ខ្លះ រៀន​អន​ឡាញ​ខ្លះ តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ការយល់ព្រម​ពី​មាតាបិតា។
    3. គ្រឹះស្ថានសិក្សា​ត្រូវ​រៀបចំ​ក្រុមការងារ​ទទួលបន្ទុក​សុវត្ថិភាព​សុខភាព​សិក្សា ដើម្បី​ត្រួតពិនិត្យ​ជាប្រចាំ​ក្រោម​ការដឹកនាំ​របស់​ប្រធាន​គ្រឹះស្ថានសិក្សា និង​ម្ចាស់​ភាគហ៊ុន។
    4. គ្រឹះស្ថានសិក្សា​ត្រូវតម្រូវ​ឱ្យមាន​ការធ្វើ​តេស្ត​ពិនិត្យ​សុខភាព និង​រក​មេរោគ Covid-19 សម្រាប់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស។
    5. គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​វិធានការ​តម្រូវ​នានា។
    6. ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ម៉ឹងម៉ាត់​លើ​ការអនុវត្ត​របស់​គ្រឹះស្ថានសិក្សា៕
  • ហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?

    ហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?

    បើអ្នកម្តាយធ្លាប់នឹកឆ្ងល់នៅក្នុងចិត្តថា តើហេតុអីបានកូនតូចជាទីស្រឡាញ់ក្តៅខ្លួន ក្រោយពេលចាក់វ៉ាក់សាំងហើយនោះ ខាងក្រោមនេះគឺជាចម្លើយ សូមតាមដានទាំងអស់គ្នា។

    – វ៉ាក់សាំងគឺអ្វី?

    វ៉ាក់សាំង គឺ ជីវវត្ថុដែលផលិតចេញមកពីមេរោគ ឬពិសរបស់មេរោគដែលត្រូវបានធ្វើឱ្យមិនអាចបង្កជាជំងឺបាន ដោយចាក់ចូលទៅក្នុងរាងកាយមនុស្សដើម្បីជំរុញប្រព័ន្ធការពារជំងឺចំពោះមេរោគ ដែលវាមានផលការពារការកើតជំងឺ ឬធ្វើឱ្យកម្រឹតភាពធ្ងន់ធ្ងររបស់ជំងឺនោះថយចុះ។

    – ហើយចុះហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?

    នៅពេលវ៉ាក់សាំងចូលទៅក្នុងរាងកាយ ប្រព័ន្ធការពារជំងឺរបស់យើងនឹងបញ្ជូន ” Antibody ” ដែលមានតួនាទីចាត់ការពួកមេរោគ(វ៉ាក់សាំង)ដែលចូលមកខាងក្នុងរាងកាយ ហើយក្នុងអំឡុងពេលដែលប្រព័ន្ធរាងកាយកំពុងចាត់ការជាមួយអ្វីដែលប្លែកនេះឯងដែលវាជាមូលហេតុធ្វើឱ្យកើតអាការក្តៅខ្លួន។ នៅពេល antibody ចាត់ការជាមួយវ៉ាក់សាំងរួចរាល់ហើយ រាងកាយក៏នឹងវឹលត្រឡប់ទៅរកភាពប្រក្រតីវិញ និងបន្ទាប់ពីនោះទៅ បើមានមេរោគដូចគ្នានោះចូលមកទៀត រាងកាយនឹងចាត់ការភ្លាមតែម្តង ព្រោះរាងកាយរបស់យើងស្គាល់មេរោគនោះមុនរួចមកហើយតាមរយៈការចាក់វ៉ាក់សាំងហ្នឹងឯង តែ…តែប្រតិកម្មដែលរាងកាយរបស់កូនតូចម្នាក់ៗមានចំពោះវ៉ាក់សាំងនោះ មានច្រើនតិចមិនដូចគ្នាទេ ៖

    – វ៉ាក់សាំងដែលគ្រូពេទ្យប្រាប់ថា “ចាក់ហើយ កូនអាចនឹងក្តៅខ្លួនណា៎” ក៏មិនចាំបាច់ត្រូវតែក្តៅខ្លួនគ្រប់គ្នានោះទេ ព្រោះវ៉ាក់សាំងតែមួយដូចគ្នានោះ ក្មេងខ្លះក្រោយពីចាក់ហើយ ក្តៅខ្លួន តែក្មេងខ្លះនៅប្រក្រតីធម្មតា។

    – “មិនមែនទេ!” ដែលថា វ៉ាក់សាំងគ្រប់ប្រភេទ ពេលចាក់ហើយត្រូវតែក្តៅខ្លួននោះ។

    – ក្មេងដែលមានអាការក្តៅខ្លួន មិនបានមានន័យថា កើតប្រតិកម្មចាញ់វ៉ាក់សាំងនោះទេ។

    ចុងក្រោយបំផុតដែល ឡារ៉ែនចង់ផ្តាំផ្ញើនោះគឺ ប្រហែលជាគ្មានឪពុកម្តាយម្នាក់ណាចង់ឃើញកូនឈឺថ្កាត់ ឬមិនស្រួលខ្លួនសូម្បីតែបន្តិចណាឡើយ ដូច្នេះហើយទើបការសាងប្រព័ន្ធការពារជំងឺដល់រាងកាយតូចមួយរបស់កូនដោយវិធីការចាក់វ៉ាក់សាំងនេះ គឺជាវិធីការមួយដែលល្អបំផុតក្នុងការការពារជំងឺ ជាពិសេសបំផុតនៅលើក្មេងតូចដែលប្រព័ន្ធការពារជំងឺនៅមិនទាន់ល្អឥតខ្ចោះ។

    បានដឹងបែបនេះហើយ កុំភ្លេចនាំកូនតូចទៅទទួលយកវ៉ាក់សាំងតាមដែលក្រសួងសុខាភិបាលបានកំណត់ទុកតាមពេល​​វេលាដែលត្រឹមត្រូវស័ក្តសមផង៕

  • ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​របស់​ Kanye West គូ​​ប្រជែង​ថ្មី​របស់​លោក​ Trump សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​​ឆ្នាំ​នេះ

    ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​របស់​ Kanye West គូ​​ប្រជែង​ថ្មី​របស់​លោក​ Trump សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​​ឆ្នាំ​នេះ

    Kanye West ដែល​ទើប​តែ​បាន​ប្រកាស​ថា​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​ ប្រជែង​ជាមួយ​លោក​ Trump ក្នុង​​ឆ្នាំ​នេះ​ គឺជា​តារា​ចម្រៀង​រ៉ែប និង​ជា​អ្នក​រចនាម៉ូដ​សម្លៀក​បំពាក់​​កីឡា​ មាន​ទ្រព្យ​សម្បត្តិ​ចំនួន​ 1.3​ពាន់​លាន​ដុល្លារ​​អាមេរិក​។

    តារា​ចម្រៀង​រ៉ែប លោក​ Kanye West ទើប​តែ​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​ប្រជែង​រកសន្លឹក​ឆ្នោត​​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​​ក្នុង​ឆ្នាំ​នេះ​ ក្នុង​នាម​ជា​បេក្ខ​ភាព​របស់​គណបក្ស Birthday Party។ កំពូល​ទីប្រឹក្សា​សម្រាប់​​យុទ្ធនាការ​រកសំឡេង​ឆ្នោត​​របស់​លោក​ West បច្ចុប្បន្ន​ នោះ​គឺ​ភរិយា​របស់​លោក​ អ្នក​ស្រី​ Kim Kardashian West ដែល​ជា​កំពូល​តារា​ទូរទស្សន៍​ និង​មហាសេដ្ឋី​ Elon Musk ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Tesla។

    លោក George Lucas, លោក​ Kanye West និង លោក Elon Musk នៅ​ក្នុង​កម្ម​វិធី TIME 100 Gala កាល​ពី​ឆ្នាំ​ 2015

    យោង​តាម​ស្ថិតិ​របស់​ទស្សនាវដ្ដី​ Forbes លោក Kanye West មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា​ 1.3​ពាន់​លានដុល្លារ​អាមេរិក​។ លោក​ West ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជីមហា​សេដ្ឋី​កាលពី​ខែ​មេសា​2020​។

    West ឆ្នាំ​នេះ​មាន​អាយុ​43​ឆ្នាំ ​ជា​អ្នក​ដែល​មាន​ឈ្មោះ​ល្បី​ថា​រក​បាន​ប្រាក់​ចំណូល​ខ្ពស់​​ក្នុង​ឆ្នាំ​នេះ ដោយ​រក​បាន​170​លាន​ដុលលារ​ នេះ​បើ​តាមទស្សនាវដ្ដី​​ Forbes។ ឆ្នាំ​2014​ Forbes បាន​ចុះ​ផ្សាយ​ថា ទ្រព្យ​សម្បត្តិ​របស់​លោក​ West មាន​ត្រឹម​តែ​ប្រមាណ​ជា​30​លាន​ដុល្លារ​ប៉ុណ្ណោះ​។

    ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​របស់​ Kanye West និង​អ្នក​នៅ​ពីក្រោយ​
    លោក West និង​លោក Elon Musk នៅក្នុង​ក្រុម​ហ៊ុន​ SpaceX

    ជា​កំពូល​តារា​ចម្រៀង​រ៉ែប​ម្នាក់ ក៏ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​របស់​ West គឺ​បាន​មក​ពី​ផលិត​ផល​ស្បែក​ជើង​កីឡា​ Yeezy ដែល​ត្រូវ​បាន​ Forbes វាយ​តម្លៃ​ថា​ជា “មួយ​ក្នុង​ចំណោម​រឿង​រ៉ាវ​​លក់​រាយ​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ​សតវត្សរ៍​”។ ភាគ​ហ៊ុន​របស់​លោក​ West នៅក្នុង​ក្រុម​ហ៊ុន​ស្បែក​ជើង Yeezy ​នេះ​ មាន​តម្លៃ​ 1.26​ពាន់​លាន​ដុល្លារ​។ នេះ​គឺជា​សែ​ស្រឡាយ​​ផលិត​ផល​ដែល​ West សហការ​ជាមួយ​ក្រុម​ហ៊ុន​ Nike កាល​ពី​ឆ្នាំ​2009 ហើយ​ក្រោយ​មក លោក​ក៏​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ Adidas ក្នុង​ឆ្នាំ​2013​។ កាល​ពី​ឆ្នាំ​ទៅ​ (2019)​ Yeezy ត្រូវ​បាន​ធនាគារ​ Bank of America កំណត់​តម្លៃ​រហូត​ដល់​ទៅ​ 3​ពាន់​លាន​ដុល្លារ​អាមេរិក​។

    ទន្ទឹម​នឹង​នេះ West ក៏​មាន​ខ្ទង់​ប្រាក់​សុទ្ធ​ចំនួន​17​លាន​ដុល្លារ​ និងមូលបត្រ​ដែល​មាន​តម្លៃ​​ប្រហែល​35​លាន​ដុល្លារ​ផងដែរ​។ ទ្រព្យ​សម្បត្តិ​ដែល​ល្បី​ឈ្មោះ​ផ្សេង​ទៀត​របស់​លោក​ West រួម​មាន​ផ្ទះ​​ដែល​មាន​តម្លៃ​81​លាន​ដុល្លារ​ និង​ដី​ 21​លាន​ដុល្លារ​។ West និង​ភរិយា​ Kim Kardashian ដែល​ជា​តារា​ទូរទស្សន៍​នៅ​សហរដ្ឋ​អាមេរិក​ មាន​ឈ្មោះ​ល្បី​ល្បាញ​ថា​មាន​អចលន​ទ្រព្យ​ច្រើន​នៅ​ទីក្រុង​ Los Angeles និង​នៅ​រដ្ឋ​ Wyoming។

    ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​របស់​ Kanye West និង​អ្នក​នៅ​ពីក្រោយ​
    លោក​000111 West លែង​គាំទ្រ​លោក​ Trump ហើយ​សម្រេច​ចិត្ត​​ធ្វើ​ជា​គូប្រជែង​ជាមួយ​ប្រធានាធិបតី​រូប​នេះ

    នៅក្នុងកិច្ច​សម្ភាស​មួយ​នៅ​លើ​វិទ្យុ​កាលពីឆ្នាំ​2018​ លោក West ឱ្យ​ដឹង​ថា លោក​ចង់​ក្លាយ​ជា​ “អ្នក​អភិវឌ្ឍ​អចលន​ទ្រព្យ​ធំជាង​គេ​បង្អស់​ដែល​ដូចទៅ​នឹង​​លោក Howard Hughes ដែល​មាន​ឈ្មោះ​ល្បី​ជាមួយ​យន្ត​ហោះ និង​លោក​ Henry Ford ​ល្បី​ឈ្មោះ​ជាមួយ​នឹង​រថយន្ត​”។

    លោក​ West លែង​គាំទ្រ​លោក​ Trump ហើយ​សម្រេច​ចិត្ត​​ធ្វើ​ជា​គូប្រជែង​ជាមួយ​ប្រធានាធិបតី​រូប​នេះ

    ក៏ប៉ុន្តែ លោក​ West ក៏​ជា​តារា​ចម្រៀង​ម្នាក់​ដែល​សម្បូរ​ដោយ​ស្នាដៃ និង​រក​បាន​ប្រាក់​ចំណូល​មិន​តិច​ពី​វិស័យ​នេះ​នោះ​ដែរ​។ Forbes បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ GOOD Music និង​ស្នាដៃ​ពាក់​ព័ន្ធ​របស់​ West ត្រូវ​បាន​កំណត់​តម្លៃ​យ៉ាង​តិច​ 90​លាន​ដុល្លារ​។ ក៏ប៉ុន្តែ ទស្សនាវដ្ដី Forbes យល់​ថា West មាន​ឯកសារ​តិច​តួច​ដែល​អាច​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​តួលេខ​នេះ​ ហើយ​លោក​ក៏​នៅ​មាន​ខ្ទង់​បំណុល​ប្រមាណ​ជា​ 100​លាន​ដុល្លារ​ផងដែរ​។ ជា​សរុប​ លោក​ West មាន​ទ្រព្យ​ប្រមាណ​ជា​​ 1.3​ពាន់​លាន​ដុល្លារ​អាមេរិក​។

    បើ​ទោះជា​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​​មហាសេដ្ឋី ប៉ុន្តែ West នៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​ជាមួយ​នឹង​ Forbes នៅ​ឡើយ ហើយ​យល់​ថា ទស្សនវដ្ដី​​នេះ​បាន​វាយ​តម្លៃ​ទាប​ទៅលើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​។ កាល​ពី​ខែ​មេសា លោក​ West ឱ្យ​ដឹង​ថា “មិន​មែន​ 1​ពាន់​លាន​ដុល្លារ​នោះ​ទេ​។ តាម​ពិត​ វា​គួរ​តែ​ 3.3​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ”៕

    ប្រភព៖ Forbes, Guardian

  • យុទ្ធ​សាស្ត្រ​ “ចង​ជើង” បុគ្គលិក​ពួកែៗ​របស់​ក្រុម​ហ៊ុន​ FWD ដែល​ទើប​ទទួល​បាន​ពាន​រង្វាន់ ​”កន្លែង​ធ្វើ​ការ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី​ ឆ្នាំ​2020″

    យុទ្ធ​សាស្ត្រ​ “ចង​ជើង” បុគ្គលិក​ពួកែៗ​របស់​ក្រុម​ហ៊ុន​ FWD ដែល​ទើប​ទទួល​បាន​ពាន​រង្វាន់ ​”កន្លែង​ធ្វើ​ការ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី​ ឆ្នាំ​2020″

    FWD ផ្ដល់​សិទ្ធិ​ដល់​បុគ្គលិក បង្កើត​បរិយាកាស​​ការ​ងារ​ល្អ​ ដែល​មាន​លក្ខណៈ​ត​ភ្ជាប់ទំនាក់​ទំនង​​គ្នា​ គោរព​គ្នា​ទៅ​វិញ​ទៅ​មក ផ្ដល់​អត្ថប្រយោជន៍​ល្អ​ៗ និង​នាំ​មក​នូវ​ឱកាស​អភិវឌ្ឍ​ខ្លួនសម្រាប់​បុគ្គលិក​គ្រប់​រូប​។ល។

    FWD ​វៀតណាម​​គឺជា​ក្រុម​ហ៊ុន​មួយក្នុង​ចំណោម​បណ្ដា​ក្រុម​ហ៊ុន​ដែល​ទើបតែ​ទទួលបាន​ការ​លើក​តម្កើង​ដោយ​ពាន​រង្វាន់​ “កន្លែង​ធ្វើ​ការ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី​2020” (Best Companies To Work For In Asia Awards) ពី​​ HR Asia Awards។ អ្នក​ស្រី​ Nguyen Kim Mai Thu (អគ្គនាយិការង​ផ្នែក​អភិវឌ្ឍធនធាន​មនុស្ស​របស់​ក្រុម​ហ៊ុន​ FWD បាន​ចែក​រំលែង​នូវ​វិធីសាស្ត្រ​ដែល​ក្រុម​ហ៊ុននេះ​បាន​ប្រើ​ប្រាស់ដើម្បី​ទាក់​ទាញ​ ក៏ដូច​ជា​ “​ចង​ជើង​” បុគ្គលិក​ឆ្នើម​ៗ ដែល​នេះ​បាន​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ក្លាយ​ជា​កន្លែង​ធ្វើ​ការ​មួយ​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​​លំដាប់​​​អន្តរ​ជាតិ​។

    FWD ទទួល​បាន​ការ​កោត​សរសើរ​នៅក្នុង​បញ្ជី​ចំណាត់​ថ្នាក់​ស្ដីអំពី​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​បរិយា​កាស​ការ​ងារ​ល្អ​បំផុត​នៅ​ក្នុង​ទ្វីប​អាស៊ី​ប្រចាំ​ឆ្នាំ​2020​ ដែល​ត្រូវ​បាន HR Asia ដែល​ជា​ទស្សនាវដ្ដី​​​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​គួរ​ទុក​ចិត្ត​កម្រិត​កំពូល​ស្ដី​អំពីធនធាន​មនុស្ស​នៅក្នុង​តំបន់​អាស៊ី​ ជា​អ្នក​​រៀប​ចំ និង​ជ្រើស​រើស​។

    ខាងក្រោម​នេះ​គឺជា​សំណួរ​ និង​ចម្លើយ​សំខាន់​ៗ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ច​សម្ភាស​របស់​សារ​ព័ត៌មាន​​ ជាមួយ​នឹង​អ្នក​ស្រី​ Nguyen Kim Mai Thu ៖

    អ្នក​ស្រី​ Nguyen Kim Mai Thu (អគ្គនាយិកា​រងផ្នែក​អភិវឌ្ឍធនធាន​មនុស្ស​របស់​ក្រុម​ហ៊ុន​ FWD

    – កត្តា​អ្វី​ខ្លះ​ដែល​បាន​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ដែល​ទើប​តែ​រក​ស៊ី​នៅ​វៀតណាម​ត្រឹម​រយៈ​ពេល​4​ឆ្នាំ​សោះ អាច​ទទួល​បាន​ពាន​រង្វាន់​ HR Asia Awards 2020 ?

    +​ ក្រុម​ធនធាន​មនុស្ស​ដ៏​ពូកែ​ និង​ពោរពេញ​ដោយ​ថាម​ពល​ បាន​រួម​ចំណែក​នាំមក​នូវ​ពាន​រង្វាន់​នេះ​ ជូនដល់​​ក្រុម​ហ៊ុន​។ FWD វៀតណាម គឺជា​ក្រុម​ហ៊ុន​ “វ័យក្មេង” មាន​មហិច្ឆតា​ខ្ពស់​ក្នុង​វិស័យ​ធានារ៉ាប់​រង​។ ពាន​រង្វាន់​នេះ​គឺជា​ការ​ទទួល​ស្គាល់​នូវការ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​របស់​យើង​ខ្ញុំ​ក្នុង​ការ​បង្កើត​បរិយាកាស​​ការ​ងារ​ល្អ​ ឆ្ពោះ​ទៅរក​ការ​ទទួល​អារម្មណ៍​និង​បទ​ពិសោធន៍​ពិសេស​សម្រាប់​បុគ្គលិក​ ក្នុង​បំណង​បង្កើត​បាន​ជា​ជំហាន​ដ៏អស្ចារ្យ​ក្នុង​វិស័យ​​​ធនារ៉ាប់​រង​នេះ​។

    ខ្ញុំ​មាន​មោទន​ភាព​ខ្លាំង​ណាស់​ ដោយ​សារ​បុគ្គលិក​មាន​ការ​ជឿជាក់​លើ​ទស្សនវិស័យ​របស់​ក្រុម​ហ៊ុន​។ សំខាន់​ជាង​នេះ ពួកគេ​មាន​អារម្មណ៍​ថា ទទួល​បាន​ការ​ស្ដាប់​ ផ្ដល់​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ព្រម​ទាំង​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​ការ​រីក​ចម្រើន​របស់​ក្រុម​ហ៊ុន​។

    -​ ទីផ្សារ​ធនារ៉ាប់រង​អាយុជីវិត​ មាន​ការ​ចូលរួម​ប្រកួត​ប្រជែក​ពី​ក្រុម​ហ៊ុន​ធំៗ​ជា​ច្រើន​ តើ​ FWD ធ្វើ​យ៉ាង​ណា​ដើម្បី​ទាក់​ទាញ​ធនធាន​មនុស្ស សម្រាប់​បង្កើន​សមត្ថ​ភាព​ប្រកួត​ប្រជែង​ក្នុងរយៈ​ពេល​ខ្លី​បាន​ដូច្នេះ​?

    យុទ្ធ​សាស្ត្រ​ "ចង​ជើង" បុគ្គលិក​ពួកកែៗ​របស់​ក្រុម​ហ៊ុន​ FWD ដែល​ទើប​ទទួល​បាន​ពាន​រង្វាន់ ​"កន្លែង​ធ្វើ​ការ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី​ ឆ្នាំ​2020"
    ​ក្រុម​ហ៊ុន​ FWD ​ទើប​ទទួល​បាន​ពាន​រង្វាន់ ​”កន្លែង​ធ្វើ​ការ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី​ ឆ្នាំ​2020″

    + ទស្សនវិស័យ​របស់​ FWD គឺ “ការ​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់​អ្នក​គ្រប់​គ្នា​ចំពោះ​ធនារ៉ាប់​រង​”។ ដូច្នេះ យើង​ខ្ញុំ​បាន​បង្កើត​ក្រុម​ “សកម្ម​ជន” វ័យ​ក្មេង​ប្រកប​ដោយ​ថាម​ពល​ ដែល​មាន​មហិច្ឆតា​ក្លាយ​ជា​ផ្នែក​មួយ​នៅក្នុង​ដំណើរ​ការ​បង្កើត​​លក្ខណៈ​ពិសេស​ថ្មី​ៗ ​​ប្លែកៗ សម្រាប់​អតិថិជន។

    គ្រប់បុគ្គលិក​របស់​ក្រុម​ហ៊ុន​តែង​តែជា​មនុស្ស​នាំ​មុខ​ក្នុង​ការ​ទទួល​យក​ឧបសគ្គ និង​មាន​ការ​ច្នៃ​ប្រឌិត​ជា​រៀង​រាល់​ថ្ងៃ​ ព្រម​ទាំង​ស្ម័គ្រ​ចិត្ត​ទទួល​យកការ​រៀន​សូត្រ​ និង​​បទ​ពិសោធន៍​ថ្មី​ៗ។

    – កត្តាអ្វី​ខ្លះ​ដែល​បានជួយ​បំផុស​បំផុល​ឱ្យ​បុគ្គលិក​មាន​អារម្មណ៍​ល្អ​នៅ​ពេល​ធ្វើការ​ក្នុងក្រុម​ហ៊ុន​ FWD?

    + និយម​ន័យ​ “មនុស្ស​គឺជា​ទ្រព្យ​សម្បត្តិ​សំខាន់​បំផុត​របស់​ក្រុម​ហ៊ុន​” មិន​មែន​ថ្មី​នោះ​ទេ ប៉ុន្តែ​សម្រាប់​ FWD វា​គឺជា​ត្រីវិស័យ​ដ៏​ពិត​ប្រាកដ​មួយ​ដើម្បី​ឱ្យ​យើង​ខ្ញុំ​អាច​ធ្វើ​ឱ្យ​ទស្សនវិស័យ “ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់​គ្រប់​គ្នា​ចំពោះ​ការ​ធនារ៉ាបរង​” ក្លាយ​ជា​ការ​ពិត​។

    យើង​បង្កើត​បរិយាកាស​ការ​ងារ​ប្រកប​ដោយ​ទំនាក់​ទំនង​ល្អ ដោយ​រួម​មាន ​ការ​សន្យា​ ការ​កែ​លម្អ ភាព​ម្ចាស់​ការ ការ​បើក​ទូលាយ​ និង​ការ​ថែ​រក្សា​បុគ្គលិក​។ ក្រុម​ហ៊ុន​ក៏​យក​ចិត្ត​ក្នុងការ​លើក​សរសើរ​ និង​ផ្ដល់​រង្វាន់​ដល់​បុគ្គលិក​តាម​រយៈ​ឧបករណ៍​គ្រប់​គ្រង​លទ្ធ​ផល​ការ​ងារ​ល្អ​ប្រសើរ​ រួម​នឹង​បណ្ដា​កម្ម​វិធី​ដូច​ជា Star Award, i-Appreciate ។ល។

    យុទ្ធ​សាស្ត្រ​ "ចង​ជើង" បុគ្គលិក​ពួកកែៗ​របស់​ក្រុម​ហ៊ុន​ FWD ដែល​ទើប​ទទួល​បាន​ពាន​រង្វាន់ ​"កន្លែង​ធ្វើ​ការ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី​ ឆ្នាំ​2020"បុគ្គលិក​ទទួល​បាន​ការ​ផ្ទេរ​សិទ្ធិ​ បង្កើន​សមត្ថ​ភាព​ដឹក​នាំ​ ការ​អភវឌ្ឍ​ខ្លួន​មិន​ឈប់​ឈរ និង​ទទួល​បាន​លទ្ធ​ផល​តាម​ការ​ជាក់ស្ដែង​​នៅក្នុង​បរិយាកាស​ការ​ងារ​ប្រកប​ដោយ​ទំនាក់​ទំនង​ល្អ និង​បទ​ពិសោធន៍ពិសេសៗ។ គ្រប់​គ្នា​តែង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ប្រកបដោយ​ការ​ពេញ​ចិត្ត​ ជាមួយ​នឹង​ស្មារតី “រស់​ដោយ​ពេញលេញ​ចាប់​ពី​ថ្ងៃ​នេះ​” និង​ទទួល​បាន​ឱកាស​តាម​ចាប់​​ចំណូល​ចិត្ត​ និង​ការ​ដុសខាត់​ភាព​ក្លា​ហានជា​ដើម​​ ដែល​នេះ​នឹង​ជួយ​ពួកគេ​ឱ្យ​មាន​ភាព​ជឿជាក់​ក្នុងសាមគ្គីភាព​ ដើម្បី​អនុវត្ត​នូវ​ទស្សនវិស័យ​ដែល​ក្រុម​ហ៊ុន​បាន​ដាក់​ចេញ។ យើង​ខ្ញុំ​តែង​តែ​ជឿជាក់​គ្នា​ទៅវិញ​ទៅ​មក​ និង​រួម​គ្នាដើម្បី​​រីក​ចម្រើន​ និង​ជោគ​ជ័យ​។

    – តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​ និង​រក្សា​បុគ្គលិក​ដែល​មាន​ទេពកោសល្យ​ល្អ​?

    + ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ នៅ​ពេល​បុគ្គលិក​តែង​តែ​មាន​អារម្មណ៍​​ថា​ ពួកគេ​ទទួល​បាន​ការ​ផ្គាប់​ចិត្ត​ និង​ការ​យកចិត្ត​ទុក​ដាក់​ថែ​រក្សា​នៅ​ក្នុង​ក្រុម​ហ៊ុន​ FWD តាម​រយៈ​កម្មវិធី​នានា​ដែ​ល​ត្រូវ​បាន​រៀប​ចំ​​ដោយឡែក​សម្រាប់​ពួកគេ​ ដូច​ជា Newbie Anchor, FWD Maven ឬ​ថ្ងៃ​នៃ​គ្រួសារ​ជា​ដើម​។ គោលនយោបាយ​ធនធាន​មនុស្ស​របស់​ក្រុម​ហ៊ុន​ គឺ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ក្រុម​បុគ្គលិក​ដែល​ពោរ​ពេញ​ដោយ​សុភមង្គល​ និង​ថាម​ពល​។

    យុទ្ធ​សាស្ត្រ​ "ចង​ជើង" បុគ្គលិក​ពួកកែៗ​របស់​ក្រុម​ហ៊ុន​ FWD ដែល​ទើប​ទទួល​បាន​ពាន​រង្វាន់ ​"កន្លែង​ធ្វើ​ការ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី​ ឆ្នាំ​2020"FWD Care និង FWD Wellbeing ដែល​ជា​កម្មវិធី​សុខុមាលភាព​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្ដោត​ទៅ​លើ​កត្តា​សុខភាព​រាង​កាយ អារម្មណ៍ ហិរញ្ញវត្ថុ និង​តភ្ជាប់​បណ្ដាញ​សង្គម​ ក៏ត្រូវ​បាន​ជំរុញ​បន្ថែម​ដើម្បី​នាំ​មក​នូវ​សន្តិសុខ​ពេញលេញ​ដល់​បុគ្គលិក​ផងដែរ​។ ទន្ទឹម​នឹង​នេះ ក្រុម​ហ៊ុន​ក៏​បានផ្ដល់​ឱកាស​ដល់​បុគ្គលិក​ក្នុង​ការ​ចំណាយ​ពេល​សម្រាប់​គ្រួ​សារ​របស់​ពួកគេ​នៅ​ពេល​ចាំបាច់​ ឬ​សម្រាក​យក​កម្លាំង​ តាម​រយៈ​កម្ម​វិធី​ដូច​ជា​ ការ​ធ្វើ​ការ​ពី​ផ្ទះ​ ឬ​ការ​បំពេញ​ការ​ងារ​តាម​ពេល​វេលា​ជាក់​ស្ដែង​ប្រកប​ដោយ​ការ​បត់​បែន​ (flexible work hours)​ ជា​ដើម​។

    ការ​រួម​ចំណែកបំពេញ​ការ​ងារ​ ឬ​ការ​​ផ្ដល់​យោបល់​របស់​បុគ្គលិក​ម្នាក់​ៗ សុទ្ធ​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ ​លើក​ទឹក​ចិត្ត​ និង​ផ្ដល់​កិត្តិយស​ទាន់​ពេល​វេលា។​ នេះ​ក៏ជា​កត្តា​ជំរុញ​ឱ្យ​បុគ្គលិក​កែលម្អ​សមត្ថ​ភាព​ជា​បន្ត​បន្ទាត់​ និង​តភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មិត្ត​រួម​ការ​ងារ​ បង្កើត​បាន​ជា​កម្លាំង​រួម​សម្រាប់​បំពេញ​ការ​ងារ​ថ្មី​ៗ​ដែល​ FWD បាន​សន្យា​ថា​នឹង​នាំ​មកជូន​អតិថិ​ជន​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • តុបតែងបន្ទប់ទទួលភ្ញៀវឱ្យស្អាតជាងទីកន្លែងធម្មតា

    តុបតែងបន្ទប់ទទួលភ្ញៀវឱ្យស្អាតជាងទីកន្លែងធម្មតា

    បន្ទប់ទទួលភ្ញៀវគឺជាទីកន្លែងដែលសំខាន់មួយរបស់ផ្ទះ ព្រោះក្រៅពីសមាជិកក្នុងក្រុមគ្រួសារបានប្រើពេលវេលាអង្គុយលេងជាមួយគ្នាហើយនោះ នៅបានប្រើប្រាស់សម្រាប់ទទួលភ្ញៀវ ឬមិត្តភ័ក្តិដែលមកលេងផ្ទះទៀតផង ដូច្នេះបន្ទប់ទទួលភ្ញៀវគួរតែមានភាពទាក់ទាញ ភាពគួរឱ្យចង់អង្គុយបន្ធូរអារម្មណ៍ ទើបយើងគួរផ្តល់ភាពសំខាន់លើការតុបតែងបន្ទប់ទទួលភ្ញៀវឱ្យក្លាយជាទីកន្លែងមួយដែលយើងចង់ប្រើពេលវេលានៅជាមួយគ្នាឱ្យបានច្រើនបំផុត តាមវិធីតុបតែងបន្ទប់ទទួលភ្ញៀវឱ្យស្អាត ប្លែក និងគួរឱ្យចង់អង្គុយលេងដូចខាងក្រោមនេះ។

    1. ឈានឆ្ពោះទៅរកភាពប្លែកភ្នែក

    សាកល្បងច្នៃម៉ូដបន្ទប់អង្គុយលេងឱ្យទាបជាងកម្រាលឥដ្ឋរបស់ផ្ទះប្រក្រតីប្រមាណជា 2 – 3 កាំជណ្តើរ ជាវិធីសាងទីកន្លែងដែលធ្វើឱ្យប្លែកភ្នែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងឡើង។

    2. បូកផ្សំជាមួយទីកន្លែងផ្សេងទៀត

    សាកល្បងប្រើគំនិតច្នៃបង្កើត រៀបចំបន្ទប់ទទួលភ្ញៀវរួមជាមួយទីកន្លែងផ្សេងទៀតរបស់ផ្ទះ ឧទាហរណ៍ដូចជា រួមជាមួយបន្ទប់អានសៀវភៅ ជាដើម គឺជាការប្រើប្រាស់ទីកន្លែងយ៉ាងឆ្លាតវៃ និងមានឯកលក្ខណៈ ដោយការតុបតែងដែលរួមផ្សំគ្នាយ៉ាងល្អ។

    3. នាំមកនូវភាពជិតស្និទ្ធ

    បន្ទប់ទទួលភ្ញៀវដែលល្អត្រូវធ្វើឱ្យអ្នកដែលចូលមកអង្គុយមានអារម្មណ៍បានចែករំលែកអំឡុងពេលពិសេសនេះជាមួយគ្នា ដូច្នេះចូររៀបចំកៅអីសាឡុង ឬកៅអីសម្រាប់អង្គុយផ្សេងៗឱ្យតភ្ជាប់គ្នា ដោយវិធីងាយៗ ដូចជា ការបែរមុខកៅអីចូលមករកគ្នា ជាដើម

    4. បង្អួចទាក់ទាញភាពសប្បាយអារម្មណ៍

    ព្យាយាមដាក់កៅអីសាឡុងឱ្យជិតមាត់បង្អួចខ្លាំងបំផុត ដើម្បីទទួលពន្លឺធម្មជាតិដែលធ្វើឱ្យមានអារម្មណ៍ធូរស្រាល ព្រោះប្រហែលជាគ្មានអ្វីនឹងល្អជាងពន្លឺព្រះអាទិត្យដែលបបោសអង្អែលស្បែកស្រាលៗពេលអង្គុយអានសៀវភៅ ឬក្រេបកាហ្វេនោះឡើយក្រៅពីនេះ សាកល្បងប្រើគ្រឿងសង្ហារិមដែលមានពណ៌ស្រទន់ដែលស៊ីគ្នាជាមួយពន្លឺធម្មជាតិផង។

    5. ទាន់សម័យដោយអំពូលភ្លើងគោម

    អំពូលភ្លើងគោមក្លាយជាវត្ថុតុបតែងដើម្បីភាពស្រស់ស្អាតទាន់សម័យខ្លាំងឡើង ដែលចំណុចល្អរបស់វានោះគឺ ទាំងផ្តល់នូវភាពភ្លឺស្វាង ទាំងភាពស្រស់ថ្លាក្នុងការតុបតែង ដូច្នេះសាកល្បងតុបតែងដោយអំពូលភ្លើងគោមច្រើនម៉ូដ ច្រើនបែប ទាប ខ្ពស់ ឬវត្ថដែលជួយបង្កើនចំណាប់អារម្មណ៍ដល់បន្ទប់ទទួលភ្ញៀវបានផង។

    6. ប្រើធម្មជាតិព្យាបាលអារម្មណ៍

    ការតុបតែងបន្ទប់ដោយវត្ថុធម្មជាតិនឹងផ្តល់ឱ្យនូវភាពក្លាសស៊ិក និងមានស្ទីលទៀតផង ក្រៅពីនេះសម្ភារៈប្រភេទឈើនៅសាងភាពទំនើប និងធូរស្រាលអារម្មណ៍ក្នុងពេលតែមួយទៀតផង។

    សាកល្បងនាំយកវិធីដែលរៀបរាប់មកខាងលើនេះទៅកែសម្រួលប្រើសាកលមើល ដើម្បីសាងនូវភាពពិសេសដល់បន្ទប់ទទួលភ្ញៀវនៅក្នុងផ្ទះឱ្យក្លាយជាទីកន្លែងដ៏ពេញចិត្តបំផុតមួយរបស់ទាំងសមាជិកក្នុងក្រុមគ្រួសារ និងអ្នកមកលេង៕

  • អ្នក​មាន​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​ និង​ជា​​ម្ចាស់ក្រុម​ហ៊ុន​សម្លៀក​បំពាក់​​ Zara បង្ហើបជា​លើក​ដំបូង​​អំពី​ទំហំអចលនទ្រព្យ​

    អ្នក​មាន​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​ និង​ជា​​ម្ចាស់ក្រុម​ហ៊ុន​សម្លៀក​បំពាក់​​ Zara បង្ហើបជា​លើក​ដំបូង​​អំពី​ទំហំអចលនទ្រព្យ​

    មហា​សេដ្ឋី Amancio Ortega កំពុងកាន់កាប់​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​សុប​ចំនួន​ 58.5​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​អចលន​ទ្រព្យ​របស់​គាត់​មាន​តម្លៃ​ខ្ទង់​ 17.2​ពាន់​លាន​ដុល្លារ​អាមេរិក​។

    យោង​តាម​សេចក្ដី​ប្រកាស​ក្នុង​ថ្ងៃទី​7កក្កដា​​របស់​ Pontegadea ដែល​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​ភាគ​ហ៊ុន​59.3​%​នៅក្នុង​ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​ Inditex (ក្រុម​ហ៊ុន​មេ​របស់​ Zara) បាន​ឱ្យ​ដឹង​ថា ម្ចាស់​ក្រុម​ហ៊ុន​ Zara លោក​ Amancio Ortega បច្ចុប្បន្ន​មាន​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ប្រមាណ​ជា​ 15.2​ពាន់​លាន​អឺរ៉ូ (17.2​ពាន់​លាន​ដុល្លារ​អាមេរិក​)។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​អចលន​ទ្រព្យ​របស់​លោក​ Ortega ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​។ យោង​តាម​ Bloomberg តួលេខ​នេះ​បាន​ជួយ​ឱ្យ​ម្ចាស់ Zara ក្លាយ​ជា​អ្នក​ដែល​មាន​អចលន​ទ្រព្យ​ធំជាង​គេ​ក្នុង​ចំណោម​កំពូល​អ្នក​មាន​នៅ​ទ្វីប​អឺរ៉ុប​។

    កាលពី​ឆ្នាំ​មុន​ តាម​រយៈ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​​នៃ​ក្រុមហ៊ុន​ Pontegadea លោក​ Ortega បាន​វិនិយោគ​​ទឹក​ប្រាក់​2.1​ពាន់​លាន​អឺរ៉ូ​ទៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​។ ក្រុម​ហ៊ុន​នេះ​ រក​បាន​ចំណូល​ប្រមាណ​ជា​1.8​ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​2019​ រួម​មាន​ ភាគ​លាភ​ចំនួន​1.64​ពាន់​លានអឺរ៉ូ​​ពីក្រុម​ហ៊ុន​សម្លៀក​បំពាក់​ Inditex និង​ 621​លាន​អឺរ៉ូ ពី​អចលន​ទ្រព្យ​។

    ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក Ortega បាន​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​​​ពហុវិស័យ​ក្នុង​មុខ​ជំនួញ​របស់ខ្លួន​ដើម្បី​ការ​ពារ​ហានិភ័យ​នៃ​ការ​បាត់​បង់​ទ្រព្យ​។ ដូច្នេះ លោក​ក៏បាន​វិនិយោគ​ទៅ​លើ​អចលន​ទ្រព្យ​។ មហា​សេដ្ឋី​រូប​នេះ​ បាន​ទិញ​អគារ ​Haughwout Building ដ៏ល្បី​ឈ្មោះ​នៅ​ Manhattan និង​អគារ​ការិយាល័យ​ខ្ពស់​បំផុត​នៅ​ទីក្រុង​ Miami ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក​។

    អ្នក​មាន​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​ និង​ជា​​ម្ចាស់ក្រុម​ហ៊ុន​សម្លៀក​បំពាក់​​ Zara បង្ហើបជា​លើក​ដំបូង​​អំពី​ទំហំអចលនទ្រព្យ​
    មហា​សេដ្ឋី Amancio Ortega កំពុងកាន់កាប់​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​សុប​ចំនួន​ 58.5​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​អចលន​ទ្រព្យ​របស់​គាត់​មាន​តម្លៃ​ខ្ទង់​ 17.2​ពាន់​លាន​ដុល្លារ​អាមេរិក​

    កាល​ពី​ឆ្នាំ​មុន​ ក្រុម​ហ៊ុន​របស់​លោក​ ក៏​​បាន​ចំណាយ​ប្រាក់​72.5​លាន​ដុល្លារ​ ក្នុង​ការ​ទិញ​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង​ Chicago ផងដែរ​។ មុន​នោះ លោក Ortega ក៏​បាន​ទិញ​អគារ​​មួយ​នៅក្នុង​រដ្ឋ​ធានី​​វ៉ាស៊ីង​តោន​ និង​អគារ​ការិយា​ល័យ​ចំនួន​2​ផ្សេង​ទៀត​នៅ​​ទីក្រុង​ Seattle ក្នុង​រដ្ឋ​វ៉ាស៊ីង​តោន​ទៀត​ផង​។

    យោង​តាម​ Bloomberg Billionaires Index លោក​ Ortega ឆ្នាំ​នេះ​មាន​អាយុ​84​ឆ្នាំ​ និង​កាន់​កាប់​​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​58.5​ពាន់​លាន​ដុល្លារ​។ ដោយ​សារ​តែ​ COVID-19 រាប់​ចាប់​ពី​ដើម​ឆ្នាំ​ ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​អេស្ប៉ាញ​រូប​នេះ បាន​ថយ​ចុះ​20​%។ ក្រុម​ហ៊ុន​ Inditex ត្រូវ​បង្ខំ​ចិត្ត​បិទ​ហាង​មួយ​ចំនួន​ធំ បណ្ដាល​ឱ្យ​មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ​ធ្លាក់​ចុះ​22​%​៕

    ប្រភព៖ Bloomberg