Category: សង្គម និងសេដ្ឋកិច្ច

  • ឥណ្ឌា បង្កើតបាន LitLot កំពុងល្បីខ្លាំង ក្រោយពេលបិទ TikTok បានជាង 1ខែ

    ឥណ្ឌា បង្កើតបាន LitLot កំពុងល្បីខ្លាំង ក្រោយពេលបិទ TikTok បានជាង 1ខែ

    LitLot ជា​ទម្រង់​វីដេអូខ្លីៗចែករំលែក​ថ្មី​មួយ ដែលមាន​របៀប​លេង​ដូចគ្នា​នឹង TikTok ដែរ។ វា​ទើបនឹង​បង្កើតឡើង​ដោយ​វិស្វករ​កម្មវិធី​ឥណ្ឌា។ បន្ទាប់ពី​រដ្ឋាភិបាល ឥណ្ឌា ប្រកាស​បិទ​គ្រប់​កម្មវិធី​កម្សាន្ត​របស់​ចិន កាលពី​ជាង 1ខែ​មុន។

    ទោះជា​ទើបនឹង​លេចចេញ​មែន ប៉ុន្តែ​កម្មវិធី​នេះ​កំពុងតែ​ពេញនិយម​ខ្លាំង​ដោយ​ទទួលបាន​ការទាញយក​ច្រើនជាង 1លាន​ដង​មកហើយ។ លោកអ្នក​ក៏​អាច​ដោ​ន​ឡូត​វា​មក​សាកល្បង​លេង​នៅលើ App Store និង Play Store បានដែរ៕

  • 5 ចំណុចដែលគួរធ្វើក្នុងរាត្រីផ្សំដំណេក

    5 ចំណុចដែលគួរធ្វើក្នុងរាត្រីផ្សំដំណេក

    “រាត្រីផ្សំដំណេក” មនុស្សជាច្រើនអាចគិតថា ជារាត្រីដែលសែនក្រអូបផ្អែមឈ្ងុយ ពោរពេញទៅដោយសេចក្តីស្នេហា តែមិនបានដឹងឡើយថា 52% នៃគូអាពាហ៍ពិពាហ៍មិនបានមានសិចជាមួយគ្នាក្នុងរាត្រីផ្សំដំណេកឡើយ ដោយសារតែហត់ខ្លាំងពេក ស្រវឹងខ្លាំងពេក និងនឿយល្វើយពីការប្រើពេលវេលាជាមួយឪពុកម្តាយបងប្អូនមិត្តភ័ក្តិច្រើនជ្រុលពេក ដូច្នេះដើម្បីកុំឱ្យរាត្រីដ៏សែនមានសុភមង្គលនេះកន្លងផុតទៅដោយសារតែបញ្ហាខាងលើនោះ ឡារ៉ែនមានធិបល្អៗសម្រាប់រឿងនេះមកជម្រាបជូន។

    1. ជ្រៀសរើសស្លៀកឈុតខាងក្នុងបែបធម្មតាៗកុំមានម៉ូដម៉ាកខ្លាំងពេក

    ហេតុអីទៅ? របស់ធម្មតាៗបែបនេះឯងដែលងាយស្រួលដោះចេញ មើលទៅសប្បាយភ្នែក មិនលំបាក ទាន់ពេលវេលាក្នុងអំឡុងពេលស្រៀវស្រើបរបស់អ្នក ព្រោះបើសិនជាមានម៉ូដមានម៉ាករញេរញ៉ៃច្រើនពេក អ្នកអាចនឹងខកខានឱកាសដ៏ល្អៗនេះក៏អាចថាបានដែរ ព្រោះទំរាំតែដោះរួចក៏ប្រើពេលវេលាដល់ទៅ 30 នាទីបាត់ទៅហើយ។

    2. កុំស្រវឹងដល់ថ្នាក់ដាំក្បាលចាក់ទីងជ្រុលពេក

    ដឹងហើយថា កូនក្រមុំកូនកំលោះមានតែម្តងទេក្នុងជីវិតដែលបានរៀបអាពាហ៍ពិពាហ៍ ទើបចង់ឱ្យសប្បាយឱ្យអស់ដៃបំផុតតែការពិតទៅ​ អ្នកដែលមកចូលរួមទាំងអស់គ្មានអ្នកណាចង់ឃើញកូនកំលោះកូនក្រមុំស្រវឹងអួទីនួបែបហ្នុងទេ ដែលបើសិនជាអ្នកស្រវឹងកក្លេកកក្លាក់នោះ ឱកាសក្នុងការណែបនិត្យរួមមេត្រីគ្នាអាចនឹងសូន្យបាន ដូច្នេះញ៉ាំត្រឹមតែល្មមៗសមរម្យទៅបានហើយ។

    3. កូនក្រមុំគួរតែខ្សឹបខ្សៀវយ៉ាងផ្អែមល្ហែមដាក់ត្រចៀកកូនកំលោះឱ្យបានញឹកញាប់

    ខណៈពេលរាំរែកជាមួយគ្នា អំឡុងពេលដែលបាននៅជាមួយគ្នាពីរនាក់ក្នុងពិធីមង្គលការ គួរតែរកឱកាសនិយាយយ៉ាងផ្អែមល្ហែមឱ្យគេបានដឹងពីតម្រូវការរបស់អ្នក គេគ្មានឱកាសបានដឹងពីចិត្តរបស់អ្នកបានឡើយ បើអ្នកមិនបើកផ្លូវឱ្យគេទេនោះ។

    4. ធ្វើយ៉ាងម៉ចក៏បានដែរ ឱ្យតែរាងកាយនឿយហត់តិចបំផុត

    វារាងដូចជាពិបាកបន្តិចហើយ តែបើអ្នកញ៉ាំបាយឱ្យឆ្អែត ញ៉ាំទឹកឱ្យបានច្រើន រាត្រីនោះយ៉ាងណាៗក៏អ្នកគ្មានផ្លូវហត់នឿយខ្លាំងពេកនោះឡើយ។

    5. ព្យាយាមកុំនៅជិតឱពុកម្តាយច្រើនពេក

    បើអ្នកនៅកៀកតែនឹងឪពុកម្តាយច្រើនជ្រុលពេកនោះ អាចនឹងធ្វើឱ្យរាត្រីនោះកាន់តែពិបាកឡើង ព្រោះចាស់ៗអាចនឹងនិយាយតែពីរឿងចង់បានចៅឆាប់ៗ ដែលវាអាចនឹងធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ថា ជីវិតអាពាហ័ពិពាហ៍មិនមែនជារឿងស្រួល ឬនឹងនិយាយពីរឿងទំនៀមទម្លាប់ពីបុរាណផ្សេងៗក្នុងការផ្សំដំណេក ដែលអាចនឹងធ្វើឱ្យរាត្រីទឹកឃ្មុំរបស់អ្នកមិនដំណើរការទៅតាមអ្វីដែលអ្នកគិតក៏អាចថាបានដែរ៕

  • កុមារតូចក៏អាចរៀនដោយគុណភាព និងសុវត្ថិភាពតាមបច្ចេកវិទ្យាបានដែរ តែទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់

    កុមារតូចក៏អាចរៀនដោយគុណភាព និងសុវត្ថិភាពតាមបច្ចេកវិទ្យាបានដែរ តែទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់

    ក្នុង​យុគ្គសម័យ​បច្ចេកវិទ្យា​នេះ ពិភពលោក​កំពុង​រស់នៅ​ជាមួយ​បច្ចេកវិទ្យា ព្រោះ​មិន​ថា​ការងារ ការធ្វើ​អាជីវកម្ម ឬ​ជីវិត​ប្រចាំថ្ងៃ​នោះទេ មនុស្ស​ចាំបាច់​ត្រូវតែ​ប្រើ​បច្ចេកវិទ្យា។ តែ​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការអប់រំ​កុមារ​តូច​វិញ របត់​បច្ចេកវិទ្យា​អាច​ផ្តល់​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ឱ្យបាន​ដិតដល់​ដើម្បី​ធានាថា​ពួកគេ​អាច​រៀន​តាម​បច្ចេកវិទ្យា​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព។

    លោកស្រី អ៊ុក សូ​នី​តា នាយិកា​រង​នាយកដ្ឋាន​អប់រំ ទទួលបន្ទុក​កម្មវិធី​ម​ត្តេ​យ្យ និង​កុមារ​តូច នៃ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា ទោះជា​មិនមាន​ការស្រាវជ្រាវ​ជាក់​លាស់​ណាមួយ​ដែល0បង្ហាញថា​ការរៀន​ពី​ចម្ងាយ​នៃ​កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​នឹង​ទទួលបាន​លទ្ធផល​ល្អឥតខ្ចោះ 100% ដូច​ការសិក្សា​ក្នុង​ថ្នាក់​ក៏ដោយ ក៏​យើង​នៅតែ​អាច​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ផ្តល់​ចំណេះដឹង និង​កាត់បន្ថយ​ផលប៉ះពាល់​បានដែរ។ អ្នក​អប់រំ​អាច​ថ្លឹងថ្លែង​ឱ្យបាន​ច្បាស់លាស់​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​កុមារ រយៈពេល​ដែល​កុមារ​អាច​ទទួលយកបាន និង​សកម្មភាព​ជាច្រើន​ផ្សេងទៀត​ដែល​គួរផ្តល់​ឱ្យ​ពួកគេ។ ជាក់ស្តែង នៅ​បណ្តាញ​សាលារៀន​របស់​វេស​ឡាញ ដើម្បី​ធានា​គុណភាព​អប់រំ និង​ការអភិវឌ្ឍ​រាងកាយ បញ្ញា ស្មារតី និង​ភាសា​របស់​កុមារ​តូច និង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ទូរស័ព្ទ កុំព្យូទ័រ និង​ឧ​បរក​រណ៍​ឌីជីថល​ក្នុងការ​សិក្សា​តាម​អន​ឡាញ នាយកដ្ឋាន​ជំនាញ​បានរៀបចំ​ដាក់បញ្ចូល​នូវ​កម្មវិធីសិក្សា​តាមរយៈ Zoom ដែល​ការសិក្សា​តាម​វិធី​នេះ​អាចធ្វើឱ្យ​កុមារ​បាន​ជួប​ផ្ទាល់​ជាមួយនឹង​លោកគ្រូ​អ្នកគ្រូ ដើម្បី​អនុវត្ត​ការនិយាយ​ភាសា​អ់​គ្លេ​ស និង​អភិវឌ្ឍ​ការទំនាក់ទំនង។ ក្រៅពីនេះ​វា​ក៏​អាចជួយ​ឱ្យ​កុមារ​អាចធ្វើ​លំ​ហាត់​តាម​សន្លឹក​កិច្ចការ​ដូចជា​ការ​ផាត់​ពណ៌ ការ​គូស​គំនូរ រួមទាំង​អនុវត្ត​បំ​ណិ​ន​ជីវិត​ជាច្រើន​ផ្សេងទៀត។

    លោកស្រី អ៊ុក សូ​នី​តា នាយិកា​រង​នាយកដ្ឋាន​អប់រំ ទទួលបន្ទុក​កម្មវិធី​ម​ត្តេ​យ្យ និង​កុមារ​តូច នៃ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប

    លោកស្រី អ៊ុក សុនី​តា បាន​និយាយថា៖ «កុមារ​ជា​វ័យ​ដែល​អាច​ងាយ​នឹង​ប៉ះពាល់​ពី​បច្ចេកវិទ្យា ជាពិសេស​កុមារ​ដែលមាន​វ័យ​ចាប់ពី 3ឆ្នាំ ដល់5ឆ្នាំ។ ហេតុនេះ​យើង​គួរឱ្យ​គាត់​ចំណាយពេល​ត្រឹមតែ 10នាទី​ប៉ុណ្ណោះ​ដើម្បី​រៀន​មេរៀន​តាម​វីដេអូ ដែល​សម្រាប់​សាលា​យើង​គឺ​ឱ្យ​ពួកគាត់​រៀន​តាម App Testdopi មុនពេល​រៀន​ផ្ទាល់​តាម Zoom រយៈពេល 30នាទី​សម្រាប់​មួយ​មុខវិជ្ជា​រាល់ថ្ងៃ»។

    អ្នក​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​បន្ថយ​ផលប៉ះពាល់ យើង​គួរឱ្យ​សិស្ស​ស្តាប់​គ្រូបង្រៀន​តាមរយៈ Zoom ហើយ​ឱ្យ​គាត់​ធ្វើតាម​ការណែនាំ​ក្នុង​សៀវភៅ ឬ​ក្រដាស​កិច្ចការ​ច្រើនជាង​មើល​មក​អេក្រង់។ បន្ថែម​ពីលើ​នេះ ដើម្បី​ជួយ​កុមារ​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​លឿន យើង​ក៏​គួរ​បន្ថែម​នូវ​កម្មវិធី​មួយចំនួន​ដូចជា​កម្មវិធីសិក្សា​តាមបែប ម៉ុ​ន​តេ​សូ​រី ដែល​កុមារតូចៗអាចនឹងទទួល​បានក​ញ្ច​ប់​សម្ភារ​សិក្សា​សម្រាប់​អនុវត្ត​ផ្ទាល់​តាមរយៈ​ការបង្ហាត់បង្រៀន​របស់​គ្រូ។ កញ្ចប់​សម្ភារ​សិក្សា​ទាំងអស់នោះ​នឹង​អនុញ្ញាតឱ្យ​ស្សិ​បាន​ចំណាយ​ពេលវេលា​ច្រើន​លើ​ការសិក្សា និង​កម្សាន្ត​ដោយ​ចំណេះដឹង ដូចជា​ការរៀន​ស្លៀក​សម្លៀកបំពាក់ ការរៀន​ពាក់​ស្បែង​ជើង ការរៀន​កាន់​ស្លាបព្រា មុខវិជ្ជា​កីឡា ដែល​កុមា​រអា​ចរៀន​ធ្វើ​លំ​ហាត់​តាម​ភ្លេង រួមទាំង មុខវិជ្ជា​សិល្បៈ និង​ច្នៃប្រឌិត (art&craft) ជាដើម។ ក្រៅពីនេះ កុមារ​ក៏​អាចនឹងទទួល​ការអប់រំ​ឱ្យ​ចេះ​អនុវត្ត​តាមរយៈ​ការ​ផាត់​ពណ៌ ការ​គូស​តាម​គំនូស​អក្សរ ការរៀន​កាត់​បិទ និង​មុខវិជ្ជាផ្សេងៗទៀត​ដើម្បីឱ្យ​ពួកគេ​បាន​អភិវឌ្ឍ​ផ្នែក​បញ្ញា​ស្មារតី និង​រាងកាយ។

    ចំពោះ​ការចូលរួម​របស់​អាណា​ព្យាបាល​វិញ លោកស្រី​ណែនាំ​ឱ្យ​ឪពុកម្តាយ​គ្រប់រូប​គួរ​ចូលរួមចំណែក​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​របស់​កុមារ និង​ជួយ​បង្កើន​ភាព​រីករាយ ដោយ​ក្រៅពី​សកម្មភាព​ដែល អ្នកអាណាព្យាបាល​បាន​ដឹកនាំ​ធ្វើ​រាល់​ចុង​សប្តាហ៍​ជាមួយកូនៗនៅក្នុង​ផ្ទះ​ហើយ អ្នកអាណាព្យាបាល​អាច​នាំកូនៗទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ខាងក្រៅ ចំនួន 2ដង​ក្នុង 1ត្រីមាស។ សកម្មភាព​ទាំងនោះ​អាចជា​ការនាំ​ពួកគេ​ទៅកាន់​ទីកន្លែង​កម្សាន្ត​ដែលមាន​សុវត្ថិភាព​ដើម្បី​រៀនសូត្រ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ដូចជា ទស្សនកិច្ច​សួនសត្វ សួនច្បារ ទិញ​សៀវភៅ​នៅ​បណ្ណាគារ ទស្សនកិច្ច​ផ្សារ​ទំនើប និង​ទស្សនកិច្ច​តាម​សារមន្ទីរ​សារមន្ទីរ​ជាដើម។ បន្ថែម​ពីលើ​នេះ​អ្នកអាណាព្យាបាល​ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយមាន​ជា​អាលកុល ម៉ាស​ការពារ​រាល់ពេល​ដែល​ជូនកូនៗធ្វើ​ទស្សនកិច្ច​សិក្សា៕

  • រស់នៅជាមួយគ្នារាប់ឆ្នាំ ចុងក្រោយស្នេហានិងមិត្តភាពបានត្រឹមតែជាបងប្អូន

    រស់នៅជាមួយគ្នារាប់ឆ្នាំ ចុងក្រោយស្នេហានិងមិត្តភាពបានត្រឹមតែជាបងប្អូន

    តារាសម្ដែងជើងចាស់ទាំងពីរលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យុត្ថារ៉ា ឆាន្នី និងអ្នកនាង ចន ច័ន្ទលក្ខិណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានមហាជនជាច្រើនស្គាល់យ៉ាងជាក់ច្បាស់ហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថាអ្នកទាំងពីរបានលែងលះគ្នា ប៉ុន្តែអ្នកទាំងពីរនៅតែរាប់អានគ្នាបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចបងប្អូនអ៊ីចឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមនុស្សភាគច្រើនមិនអាចធ្វើបានដូចឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    បន្ទាប់ពីអ្នកនាងចន ច័ន្ទលក្ខិណា បានលែងលះជាមួយអតីតប្តី លោកយុត្ថារ៉ា ឆាន្នី កាលពីឆ្នាំ2011 និងបន្សល់ចំណងដៃកូនស្រីម្នាក់នោះ ពេលនេះអ្នកនាងបានភ្ជាប់ស្នេហ៍ថ្មីជាមួយពោះម៉ាយកូន1 លោកហេង ឡុង ដែលជាប្រធានសមគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គម តែចំណងស្នេហ៍រស់ក្រោមដំបូលតែមួយ ជាង6ឆ្នាំនេះ មិនទាន់មានពន្លឺនៃការចូលរោងការឡើយ ស្របពេលដែលអ្នកនាងចន ច័ន្ទលក្ខិណា ធ្លាប់អះអាងថា នឹងរៀបការ ក្រោយពេលសាងសង់វីឡាទ្រនំស្នេហ៍ដែលជាកាដូគូស្នេហ៍ថ្មីរួច។

    យ៉ាងណាមិញនៅមុននេះបន្តិចឃើញថាអ្នកនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍របស់ខ្លួនបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកទៅកាន់អតិតប្តីថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ « ព្រោះតែមានសន្តិភាពនៃជីវិតលែងលះទើបគ្រួសារទាំងសងខាងរបស់ពួកខ្ញុំនៅរាប់អានគ្នាដូចបងប្អូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ សូមបញ្ឈប់ទង្វើភាពជាសត្រូវរបស់គ្រួសាររបស់ខ្លួនយកមកសាបព្រួសលើគ្រួសារពួកខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាក៏កូនខ្ញុំ និងកូនគាត់មានឈាមឪពុកតែមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំឃើញកូនគាត់មានអារម្មណ៍ដូចកូនខ្លួនឯង ចង់ឱ្យពួកគាត់ស្រលាញ់ យកចិត្តទុកដាក់ មើលថែគ្នា ព្រោះតែឈាមឪពុកវាដិតដាមដល់មនោសញ្ចេតនាដែលមិនអាចកាត់បាន »​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    សូមជម្រាបដែរថា បន្ទាប់កាន់តំណែងប្រធានសមាគមសិល្បៈខ្មែរ និងជាជាថៅកែផលិតកម្មសិល្បៈខ្មែរភាពយន្តតារាសម្ដែងស្រី ចន ច័ន្ទលក្ខិណា ហៅមុំ កន្លងមកធ្លាប់ប្រកាសជំហរម្ដងហើយម្ដងទៀតថា អ្នកនាងនឹងសម្រចចិត្តដើរចេញពីអាជីពភាពយន្តយ៉ាងពិតប្រាកដ ហើយគិតចាប់ពីពេលនោះតទៅមុខ ព្រោះអ្នកនាងចង់ផ្តល់ឱកាសឱ្យប្អូនៗជំនាន់ក្រោយ ដែលមានទេពកោសល្យបានសាងស្នាដៃម្តង៕

  • ហ្វេនៗភ្ញាក់ផ្អើល !! ខណៈធ្លាយដំណឹងរៀបការ ហ៊ិ​ន ច័ន្ទនី​រ័ត្ន នៅឆ្នាំក្រោយនេះ

    ហ្វេនៗភ្ញាក់ផ្អើល !! ខណៈធ្លាយដំណឹងរៀបការ ហ៊ិ​ន ច័ន្ទនី​រ័ត្ន នៅឆ្នាំក្រោយនេះ

    ហ្វេនៗជាពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុងពេលដែល​ពួកគេ​ បានឃើញ​តារា​សម្តែង​នាង ហ៊ិ​ន ច័ន្ទនី​រ័ត្ន បានប្រកាស​ក្តែ​ងៗ​ពី​គម្រោង​រៀបការ​នៅ​ឆ្នាំក្រោយ ខ​ណៈពេល​រឿងរ៉ាវ​នេះ​កំពុង​ក្លាយជា​ចម្ងល់​ថា តើ​វា​ជាការ​ពិត​ឬ​យ៉ាងណា​។​ ទស្សនិកជន​ជាច្រើន​តែងតែ​រង់ចាំ​មើល​ថា តើ​បុរស​រូប​ណា​នឹង​អាចមាន​សំណាង​ឆាប​យក​បេះ​ដូង​ស្រី​ស្អាត​ម្នាក់នេះ​យកមក​ឃុំគ្រង​បាន ក្នុងពេលដែល​តារា​រូបនេះ​ហាក់​មិនដែល​បាន​លេចឮ​ពី​ដំណឹង​ស្នេហា​ជាមួយ​បុរស​រូប​ណាឱ្យពិតប្រាកដ បើទោះបីជា​នាង​បាន​ចូល​វ័យ​កាន់តែច្រើន​ក៏ដោយ​ក្តី​។​

    យ៉ាងណា ហ៊ិ​ន ច័ន្ទនី​រ័ត្ន បានប្រកាស​ដំណឹង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​ថ្មីៗ​នេះ ដោយ​នាង​បាន​អះអាង​ពី​គម្រោង​រៀបការ​នៅ​ឆ្នាំក្រោយ ដោយ​មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​គូស្នេហ៍​របស់​នាង​ជា​បុរស​រូប​ណា​នោះឡើយ។​ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បា​នស​សេរ​បង្ហោះ​សារ​ថា ឆ្នាំ​នឹង​អត់​ទាន់​ការ ព្រោះ​កូ​វីដ ចាំ​ឆ្នាំក្រោយ ដែល​ពាក្យ​មួយ​នេះ​បានធ្វើ​ឱ្យមហា​ជ​នា​មានការ​ភ្ញាក់ផ្អើល​យ៉ាងណា​ខ្លាំង ក្នុងពេលដែល​ស្ងាត់ៗ​នាង​បែរជា​បង្ហោះ​សារ​បែបនេះ​ទៅវិញ​។​

    ជាការ​កត់សម្គាល់ បើទោះបីជា​សារ​នោះ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បា​ន​សរសេរ​ជាការ​លេងសើច​ក៏ដោយ ប៉ុន្តែ​មហាជន​បានដាក់​ការសង្ស័យថា តារា​រូបនេះ​អាច​នឹងមាន​ដំណឹង​ល្អ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដោយសារតែ​នាង​បាន​ចូល​វ័យ​កាន់​តែ​ច្រើន ខ​ណៈ​ពេល​មិត្តភក្តិ​ក្នុង​សិ​ល្បៈ​ស្រករ​នាង​ក៏បាន​ចូល​រោងការ​ជា​បន្តបន្ទាប់​ហើយ​ដែរ​។​ មួយ​រយៈ​ចុង​ក្រោយនេះ ហ៊ិ​ន ច័ន្ទនី​រ័ត្ន ហាក់​រសាត់​ខ្លួន​កាន់តែ​ឆ្ងាយ​ពី​ការងារ​សម្តែង ដោយ​នាង​នៅតែ​ការងារ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​តែមួយ​មុខ​ប៉ុណ្ណោះ ដែល​ការដក​ឃ្លា​ពី​ការសម្តែង​នេះ​ត្រូវបាន​គេ​សង្ស័យថា ទំនងជា​គូស្នេហ៍​របស់​នាង​ហាមឃាត់​។​

    ទោះជា​យ៉ាងណា ជុំវិញ​រឿងរ៉ាវ​នៅ​ពីក្រោយ​ជីវិត​ឯកជន​របស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន រហូតមកទល់​ពេលនេះ​មិនត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​នោះឡើយ ប៉ុន្តែ​យោងតាម​រូប​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង​គឺ​គ្មាន​អ្នកណា​មិនដឹង​ទេ​ថា នាង​ពិត​ជាមាន​ម្ចាស់​គ្រង​បេះដូង​រួចហើយ​។​ ហ៊ិ​ន ច័ន្ទនី​រ័ត្ន ត្រូវបាន​គេ​ដឹងថា នាង​បាន​ក្លាយជា​តំណាង​ផ្សព្វផ្សាយ​ឱ្យផលិតផល​សម្អាងការ​ដ៏​ធំ​មួយ​ប្រចាំ​ប្រទេស​កម្ពុជា បន្ទាប់ពី​នាង​បាន​ដកឃ្លា​ពី​ការងារ​សម្តែង​ក្នុង​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​នៅសល់តែ​ការងារ​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​បាយ័ន​មួយ​ប៉ុណ្ណោះ​។​ បើ​ទោះ​បីជា​នាង​បាន​ខកខាន​ពី​ការ​បង្ហាញ​មុខ​សម្តែង​ភាពយន្ត​ថ្មី​ក៏ដោយ ប៉ុន្តែ​ខ្សែជីវិត​ឯកជន​របស់​តារា​រូបនេះ​នៅតែមាន​ការចាប់អារម្មណ៍​ខ្លាំង​ដដែល​ពី​សំណាក់​ទស្សនិកជន ក្នុងពេលដែល​ពួកគេ​កំពុង​រង់ចាំ​មើលថា តើ​បុរស​រូប​ណា​ដែលមាន​សំណាង​ឆក់​យក​បេះដូង​តារា​ដែល​មាន​រូប​សម្រស់​ស្រស់​ផូរផង់​មួយ​នេះ មក​ថែរក្សា​ផ្តាច់មុខ​៕

  • ចិនទើបតែទទួលជោគជ័យក្នុងការសាកល្បងដំណើរការយន្តហោះផ្ដល់អ៊ីនធើណិតល្បឿនលឿនពីផ្កាយរណប

    ចិនទើបតែទទួលជោគជ័យក្នុងការសាកល្បងដំណើរការយន្តហោះផ្ដល់អ៊ីនធើណិតល្បឿនលឿនពីផ្កាយរណប

    យន្តហោះដំបូងបង្អស់របស់ប្រទេសចិនដែលមានផ្ដល់សេវាអ៊ីនធើណិតល្បឿនលឿនពីផ្កាយរណប បានទទួលជោគជ័យក្នុងការហោះហើរសាកល្បងកាលពីថ្ងៃទី7កក្កដាកន្លងទៅ។

    យន្តហោះដែលមានស្លាកលេខ QW9771 របស់ក្រុមហ៊ុនអាកាសចរណ៍ Qingdao Airlines បានហោះឡើងពីអាកាសយានដ្ឋានអន្តរជាតិ Qingdao International Airport នៅវេលាម៉ោង16និង46នាទី (ម៉ោងក្នុងស្រុក) និងចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះអន្តរជាតិ Chengdu (Chengdu Shuangliu International Airport) ដែលស្ថិតក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន នៅវេលាម៉ោង19និង21នាទី ក្នុងថ្ងៃដដែល។

    អតិថិននៅលើយន្តហោះ អាចប្រើប្រាស់អ៊ីនធើណិតដែលមានល្បឿនជាង 100 megabyte ក្នុង1វិនាទី ដែលនេះបាននាំមកនូវបទពិសោធន៍ក្នុងការចូលមើលគេហទំព័រនានាដូចទៅនឹងនៅនឹងការប្រើប្រាស់នៅលើដី។

    ប្រការនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ចិន។ ភ្ញៀវនៅលើយន្តហោះអាចហៅទូរស័ព្ទវីដេអូទៅកាន់មនុស្សនៅលើដី និងចែករំលែកទេសភាពនៅលើ “មេឃ” ជាមួយមិត្តភក្តិនៅលើដីក្នុងពេលវេលាតែមួយ។

    ប្រភពអ៊ីនធើណិតពីផ្កាយរណបនេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន China Satcom ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសចិន។ China Satcom បច្ចុប្បន្នមានផ្កាយរណបចំនួន15ដែលកំពុងដំណើរការនៅលើគន្លងគោចរផែនដី។

    ក្រោយការហោះហើរប្រកបដោយជោគជ័យជាលើកដំបូងនេះ ក្រុមហ៊ុនមានគោលដៅសហការជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតនាពេលខាងមុខ ដើម្បីពង្រីកសេវាកម្មអ៊ីនធើណិតល្បឿនលឿននៅតាមជើងហោះហើរនានា។

    ក្រុមហ៊ុន China Satcom ក៏មានបំណងធ្វើពិពិធកម្មដៃគូសហការផងដែរ ដើម្បីផ្គត់ផ្គង់សេវាអ៊ីនធើណិតដល់វិស័យផ្សេងៗគ្នា ដូចជា វិស័យថាមពល គ្រប់គ្រងធនធាន កសិកម្មនិងនេសាទ គ្រប់គ្រងអាសន្ន វិទ្យុទូរទស្សន៍ សេវាកំណត់ទិស និងវិស័យអប់រំជាដើម៕

    ប្រភព៖ ECNS

  • Do & Don’t នៅពេលកូនញៀនលេង iPad

    Do & Don’t នៅពេលកូនញៀនលេង iPad

    វត្ថុមួយចំនួន នៅពេលវាមានចំណុចល្អ ក៏ច្បាស់ជាមានចំណុចអាក្រក់ដូចគ្នា បើកូនតូចរបស់លោកឪពុកអ្នកម្តាយចាប់ផ្តើមញៀនលេងអៃភែដហើយនោះ អត្ថបទ Do & Don’t ខាងក្រោមនេះអាចជួយអ្នកបាន។

    នៅពេលដែលរបស់លេងបែបពីដើមៗ លែងគួរឱ្យចាប់អារម្មណ៍សម្រាប់សម្រាប់កុមារក្នុងយុគសម័យឌីជីថលហើយនោះ អ្វីដែលលោកឪពុកអ្នកម្តាយគួរធ្វើនោះគឺ ឱ្យកូនលេងអៃភែដបាន តែត្រូវតែជាអ៊ែបដែលបង្កើនការរៀនយល់ដឹងរបស់កូនប៉ុណ្ណោះ។

    – រឿងដែលគួរធ្វើនៅពេលកូនញៀនលេងអៃភែដ

    ប្លុកវេបសាយរបស់មនុស្សធំ ឬដាក់ផាសវើដ ដើម្បីកំណត់ការប្រើប្រាស់អ៊ីនធើណេតរបស់កូន ទាំងអស់នេះអាស្រ័យលើអាយុ និងភាពដឹងក្តីរបស់កូន។

    លោកអ្នកគួរប្រើប្រាស់ផាស់វើដដើម្បីចូលអ៊ីមេល ឬបញ្ជីឈ្មោះបុគ្គលដែលទំនាក់ទំនង ដើម្បីឱ្យប្រាកដក្នុងចិត្តថា កូនតូចនឹងមិនអាចលប់បាន ឬផ្លាស់ប្តូរព័ត៌មានណាមួយដោយលោកអ្នកមិនដឹងខ្លួន។

    ដោនឡូតហ្គេម បទចម្រៀង ឬតុក្កតាណា ដែលកូនអាចរៀនយល់ដឹងពីតួអក្សរ វាក្យស័ព្ទផ្សេងៗ រួមទាំងការរៀនយល់ដឹងអំពីតួលេខ ហ្គេមប្រស្នាស្រួលៗ មានប្រយោជន៍ចំពោះក្មេងៗក្នុងការហ្វឹកហាត់ខួរក្បាល និងជួយឱ្យកូនមានសមាធិផ្ចង់នៅលើរឿងអ្វីមួយបានល្អនៅពេលដែលគេធំឡើង។

    ចាំបាច់បំផុតក្នុងការដែលត្រូវដាក់ស្រោមក្រាស់ៗ ឬបិទកញ្ចក់ការពារលើអេក្រង់អៃភែដ ដើម្បីការពារការខូចខាតបើសិនកូនធ្វើអៃភែដជ្រុះ និងលោកឪពុកអ្នកម្តាយកុំភ្លេចសង្កេតមើលពីរឿងភាពមុតស្រួច នៅលើគែម ឬជ្រុងរបស់ស្រោមអៃភែដ និងគួរជ្រើសរើសប្រើស្រោមណាដែលមានភាពទន់ស្រួលកាន់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់កូន។

    – រឿងដែលមិនគួរធ្វើពេលកូនញៀនលេងអៃភែដ

    ស្ថាប័នកុមារវេជ្ជសាស្រ្តនៃអាមេរិក បានរៀបរាប់ថា លោកឪពុកអ្នកម្តាយមិនគួរឱ្យកូនអាយុតិចជាង 2 ឆ្នាំប្រើអៃភែដយូរលើសពី 2 ម៉ោងក្នុងមួយថ្ងៃឡើយ ឬមិនទេក៏មិនគួរឱ្យកូនលេងអៃភែដតែម្តង។

    ដាក់ល័ក្ខខណ្ឌក្នុងការមិនឱ្យលេងចំពោះកូន បើកូននៅមិនទាន់ធ្វើកិច្ចការងារផ្សេងទៀត ដូចជា រត់ហាត់ប្រាណ អានសៀវភៅ ធ្វើកិច្ចការផ្ទះ ឬលេងរបស់លេងផ្សេងទៀតនោះ។

    ហាមយកអៃភែដទៅទុកក្នុងបន្ទប់គេងរបស់កូន ព្រោះពន្លឺដែលជះចេញពីអេក្រង់នឹងទៅរំខានការគេងលក់របស់កូន។

    បើលេងអៃភែដច្រើនជ្រុលពេកសម្រាប់ក្មេងអាយុ 3 -​ 4 ឆ្នាំ ក្មេងអាចមានអាការសោកសៅ ស្រងូតស្រងាត់ វិតក្កកង្វល់ និងមានបញ្ហាខាងផ្លូវចិត្តផ្សេងៗ ដូចជា ពេលកូនមិនអាចដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងអ៊ែប ឬពេលអស់ថ្ម ជាដើម។

    មិនគួរឱ្យសិទ្ធិកូនច្រើនជ្រុលពេកដល់ថ្នាក់អាចស្វែងរកព័ត៌មានតាមរយៈស៊ើចអេនជីនបានដោយខ្លួនឯងនោះទេ គួរឱ្យកូនលេងអៃភែដដើម្បីគ្រាន់តែស្តាប់បទចម្រៀង ឬលេងហ្គេមបានហើយ។

    ការចង់ហាមកូនមិនឱ្យលេងអៃភែដ ទាល់តែលោកឪពុកអ្នកម្តាយខ្លួនឯងក៏ត្រូវតែមិនញៀនស្មាតហ្វូនដែរ ពេលដែលមានមេសសេច ឬឡាញចូលមក អ្នកមិនគួរចាប់អារម្មណ៍ ឬចាប់យកមកមើលនៅចំពោះមុខកូននោះទេ ព្រោះវានឹងក្លាយជាគំរូមិនល្អចំពោះកូន បើសិនលោកអ្នកនៅតែជក់នឹងស្មាតហ្វូនរបស់ខ្លួននោះ កូនក៏នឹងរៀនយល់ដឹងក្នុងការធ្វើបែបនោះដូចលោកអ្នកដែរមិនខាន៕

  • អេ យ៉ានុត ភ្ជាប់ពាក្យជាមួយនឹងមន្ត្រីនគរបាលម្នាក់

    អេ យ៉ានុត ភ្ជាប់ពាក្យជាមួយនឹងមន្ត្រីនគរបាលម្នាក់

    កូនស្រី​របស់លោក អេ ភូ​ថង គឺ​កីឡាការិនី​ក្បាច់គុន​ខ្មែរ អេ យ៉ា​នុត បានរៀបចំ​ពិធី​ភ្ជាប់ពាក្យ ជា​មួយគូ​អនាគត ហើយ នៅ​គេហដ្ឋាន​ខាង​ស្រី ក្រោយពី​បាន​ស្វែងយល់​ចិត្ត​គ្នា អស់​រយៈពេល​យ៉ាងយូរ ហើយ​ឪពុកម្តាយ​ទាំងសងខាង​ក៏បាន​ឯកភាពគ្នា ដើម្បី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​តាម​ប្រពៃណី​ខ្មែរ មុនពេល​រៀបចំ​ពិធីមង្គលការ។

    ជាមួយនឹង​ការរៀបចំ​ពិធី​នេះ លោក អេ ភូ​ថង បានរៀបចំ​ជា​លក្ខណៈ​សាច់ញាតិ ដោយ​មិនសូវមាន​អ្នក​នៅក្នុង​វិស័យ​កីឡា​បានដឹង​ប៉ុន្មាន​ឡើយ តែ​ទោះបីជា​បែបនេះ​ក្តី នៅ​មិនទាន់មាន​ព័ត៌មាន​ជាក់លាក់​នៅឡើយ​ទេ​ថា តើ​ពួកគេ​នឹង​ក្រាប​ផ្ទឹម​រៀបការ​នៅ​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​នៅឡើយ។

    ជាមួយគ្នានេះដែរ អេ យ៉ា​នុត ដែលជា​កូនស្រី​របស់​អតីត​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ អេ ភូ​ថង បានឱ្យដឹងថា នាង​បាន​ស្គាល់គ្នា និង​ស្វែង​យល់ចិត្ត​គ្នា​ជាមួយនឹង​ខាង​ប្រុស អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​គាត់​មានមុខ​ងារ​ជា​មន្ត្រីនគរបាល៕

  • Alibaba យកឈ្នះ Facebook ហើយក្លាយជាក្រុមហ៊ុនមានតម្លៃទុនខ្ពស់ជាងគេលំដាប់ទី6ក្នុងពិភពលោក

    Alibaba យកឈ្នះ Facebook ហើយក្លាយជាក្រុមហ៊ុនមានតម្លៃទុនខ្ពស់ជាងគេលំដាប់ទី6ក្នុងពិភពលោក

    មូលបត្រ Alibaba នៅផ្សារហ៊ុនហុងកុង បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួនកាលពីល្ងាចម្សិលមិញ(9កក្កដា) ដោយបានទាញតម្លៃទុនរបស់ក្រុមហ៊ុននេះឡើងដល់720ពាន់លានដុល្លារ ខ្ពស់ជាង Facebook ទៅទៀត។

    មូលបត្រ Alibaba របស់មហាសេដ្ឋីចិន Jack Ma នៅលើផ្សារហ៊ុនហុងកុងកាលពីល្ងាចម្សិលមិញ បានកើន10% ពោលគឺ មានតម្លៃ261.6ដុល្លារហុងកុងក្នុង1ហ៊ុននៅពេលបិទការជួញដូរ។ មូលបត្រនេះក៏បានកើន9% ដោយវាមានតម្លៃ257ដុល្លារអាមេរិកនៅលើផ្សារហ៊ុននីវយ៉ក សហរដ្ឋអាមេរិក។ កំណើនខាងលើនេះបានជួយអូសទាញតម្លៃទុនរបស់ Alibaba ឡើងដល់5.614លានលានដុល្លារហុងកុង (720ពាន់លានដុល្លារអាមេរិក) ខ្ពស់ជាង Facebook ដែលមានត្រឹមតែ694.5ពាន់លានដុល្លារ។ ដូច្នេះ គិតមកដល់បច្ចុប្បន្ន Alibaba គឺជាក្រុមហ៊ុនដែលមានតម្លៃទុនខ្ពស់ជាងគេលំដាប់ទី6ក្នុងពិភពលោក។

    ក្រុមហ៊ុនផ្ដល់ប្រឹក្សា Jefferies យល់ថា ក្រុមអ្នកវិនិយោគបានសម្រុកទិញមូលបត្ររបស់ Alibaba គឺដោយសារខ្លាចបាត់បង់ឱកាសនៅពេលក្រុមហ៊ុននេះរកបានចំណេញច្រើន។ Jefferies បានផ្ដល់អនុសាសន៍ថា គួរតែ “ទិញ” មូលបត្រនេះជាមួយនឹងតម្លៃគោលត្រឹម300ដុល្លារហុងកុង។

    “Alibaba មានភាពមាំមួនក្នុងការរកស៊ីជាមួយនឹងរូបមន្តច្រើនបែប ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះមានក្ដីសង្ឃឹមក្នុងការងើបឡើងវិញយ៉ាងប្រសើរ ដោយសារបច្ចេកវិទ្យា។ ក្នុងត្រីមាសទី2 យើងព្យាករថា លទ្ធផលជំនួញរបស់ពួកគេនឹងបានល្អ ដោយមានផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចជា “មេមាន់ពងមាស””។

    ក្នុងចំណោមក្រុមអ្នកវិភាគចំនួន21នាក់ ដែល Bloomberg តាមដាន គឺសុទ្ធតែលើកទឹកចិត្តឱ្យអ្នកវិនិយោគទិញមូលបត្រ Alibaba ជាមួយនឹងតម្លៃគោលដៅគឺ263ដុល្លារហុងកុងក្នុង1ហ៊ុន។ Alibaba គឺជាឈ្មោះដែលនាំមុខគេនៅក្នុងចំណោមក្រុមហ៊ុនចិនដែលបានចូលផ្សារហ៊ុន (IPO) ហុងកុង បន្ទាប់ពីបានធ្វើនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមដាក់ឱ្យជួញដូរមូលបត្រនៅលើផ្សារហ៊ុនហុងកុងចាប់តាំងពីខែវិច្ឆិកា2019។

    លោក Jack Ma ជា​មហា​សេដ្ឋី​​លំដាប់ទី2 នៅប្រទេសចិន ដោយមានទ្រព្យសរុប 52ពាន់លានដុល្លារ

    បចុច្បន្ន ក្រុមហ៊ុនដែលមានតម្លៃទុនខ្ពស់ជាងគេបង្អស់នៅក្នុងពិភពលោក គឺ Saudi Aramco។ ក្រុមហ៊ុន Saudi Aramco របស់មហាសេដ្ឋីប្រេងនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត បានធ្វើ IPO កាលតាំងពីខែធ្នូ ឆ្នាំ2019 ហើយមកដល់ពេលនេះ Saudi Aramco មានតម្លៃទុនប្រមាណជា1.77លានលានដុល្លារអាមេរិក។

    ក្លឹបក្រុមហ៊ុនដែលមានទុនលានលានដុល្លាររបស់ពិភពលោក បច្ចុប្បន្នមានសមាជិកចំនួន5 រួមមាន Aramco, Apple, Microsoft, Amazon និង Alphabet (ក្រុមហ៊ុនមេរបស់ Google)។ ចំណែក Top 10 នៃក្រុមហ៊ុនដែលមានតម្លៃទុនខ្ពស់ជាងគេក្នុងពិភពលោក ក៏មានឈ្មោះ Alibaba, Facebook, Tencent, Berkshire Hathaway និង Visa ផងដែរ។

    Alibaba យកឈ្នះ Facebook ហើយក្លាយជាក្រុមហ៊ុនមានតម្លៃទុនខ្ពស់ជាងគេលំដាប់ទី6ក្នុងពិភពលោក
    មហាសេដ្ឋី Ma Huateng ដែល​គេ​តែង​ហៅ​ថា Pony Ma (រូប​កណ្ដាល) មានទ្រព្យសរុប64.4ពាន់លានដុល្លារអាមេរិក

    បើទោះជា Alibaba របស់លោក Jack Ma ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុនលេចធ្លោជាងគេនៅប្រទេសចិន ប៉ុន្តែ មហាសេដ្ឋី Jack Ma មិនមែនជាអ្នកមានទ្រព្យច្រើនជាងគេនៅប្រទេសនេះឡើយ។ លោក Jack Ma ឈរលំដាប់ទី2 នៅប្រទេសចិន ដោយមានទ្រព្យសរុប 52ពាន់លានដុល្លារ ដែលឈរនៅពីក្រោយម្ចាស់ក្រុមហ៊ុន Tencent លោក Ma Huateng (Pony Ma)។ មហាសេដ្ឋី Pony Ma ដែលមានទ្រព្យសរុប64.4ពាន់លានដុល្លារអាមេរិក គឺជាមហាសេដ្ឋីលំដាប់ទី18នៅក្នុងពិភពលោកផងដែរ។ យោងតាម Bloomberg ទ្រព្យរបស់លោក Jack Ma បានកើន2.7ពាន់លានដុល្លារកាលពីល្ងាចម្សិលមិញ ខណៈដែល Pony Ma កើន2.5ពាន់លានដុល្លារ៕

    ប្រភព៖ SCMP

  • ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកម្ចី 250លានដុល្លារ ដើម្បីគាំទ្រកម្ពុជា តាមរយៈការពង្រឹង ប្រព័ន្ធគាំពារសុខភាព និងសេដ្ឋកិច្ច

    ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកម្ចី 250លានដុល្លារ ដើម្បីគាំទ្រកម្ពុជា តាមរយៈការពង្រឹង ប្រព័ន្ធគាំពារសុខភាព និងសេដ្ឋកិច្ច

    ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័ត​កម្ចី​ចំនួន 250លាន​ដុល្លារ ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា (COVID-19)តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព​ក្នុងប្រទេស បង្កើន​ជំនួយ​សង្គម​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង គ្រោះ ព្រមទាំង​ផ្តល់​ការគាំទ្រ​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម ដែល​រួមមាន សហគ្រាស​ខ្នាតតូច និង​មធ្យម ផងដែរ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី។

    លោក Masatsugu Asakawa ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​មានប្រសាសន៍ថា៖       «កម្ពុ​ជាមាន​កំណត់ត្រា នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ ប៉ុន្តែ​COVID-19 បាន​គំរាម​ធ្វើឱ្យ​ថយចុះ​នូវ​ការរីកចម្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ ដូចជា​ស្ត្រី និង​កម្មករ​ចំណាកស្រុក»។

    លោក​បាន​បញ្ជាក់ថា៖«ការគាំទ្រ​នេះ នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ឥទ្ធិ ពល​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​នេះ​លើ​សុខភាព សង្គម និង​សេដ្ឋកិច្ច។ កម្ចី​នេះ​ជា​ផែនការ​ចូលរួម​រយៈពេល​វែង​របស់ ADB ដែល​ផ្តោតទៅលើ​ការគាំទ្រ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​និរន្តរភាព​ហិរញ្ញវត្ថុ សាធារណៈ​របស់​កម្ពុជា»។

    លោក​បាន​បន្ដថា ប្រទេស​កម្ពុជា​ងាយ​រងគ្រោះ​ខ្លាំង​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ COVID-19 ដោយសារ​សេដ្ឋកិច្ច​បើកចំហ មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត និង​ប្រជាពលរដ្ឋ​ចល័ត​ច្រើន។ ទន្ទឹមនេះ ADB រំពឹងថា សេដ្ឋកិច្ចកម្ពុជា​អាច​ធ្លាក់ចុះ​ក្នុង​រង្វង់ -5.5%ក្នុង​ឆ្នាំ2020 ដោយសារ​ការថយចុះ​នៃ​វិស័យ​ទេសចរណ៍ ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ តិចជាង​មុន និង​ការ​ចុះថយ​នៃ​សកម្មភាព​សំណង់។ ហានិភ័យ​នៃ​ការធ្លាក់ចុះ​នេះ អាច​នឹង​នាំឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ 1,3លាន​នាក់ ធ្លាក់​ក្នុង​ភាពក្រីក្រ។

    សូម​រំឭកថា កាលពី​ខែមីនា ឆ្នាំ2020នេះ កម្ពុជា​បានប្រកាស​ដំណើរការ​ការឆ្លើយតប​ស៊ីជម្រៅ​ទៅនឹង COVID-19 ជាមួយនឹង​កញ្ចប់​ថវិកា វិធានការ​ដំបូង​សរុប 815.7លាន​ដុល្លារ ដែល​ស្មើនឹង 3.2% នៃ​ផលិតផល​ក្នុងស្រុក​សរុប រំពឹងទុក​សម្រាប់​ឆ្នាំ2020។ ទាំងនេះ​រួមបញ្ចូល នូវ​ការគាំទ្រ ទៅលើ​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ត្រៀម​បង្ការ​ការកើនឡើង​នៃ​ករណី​COVID-19។ សម្រាប់​កម្មករ និង សហគ្រាស ដែល​រួមមាន​ការចាក់​បញ្ចូល​ដើមទុន 150លាន​ដុល្លារ ដើម្បី​គាំទ្រ​ធនាគារ ដែល​ផ្តល់​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម។

    កញ្ចប់​ថវិកា​គាំទ្រ​នេះ រួមមាន 300លាន​ដុល្លារ សម្រាប់​ការ​ផ្តល់ជំនួយ​ជា​សាច់ប្រាក់​ដល់ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ក្នុង​បញ្ជី​ទិន្នន័យ​របស់​រាជរដ្ឋាភិបាល។ ចំពោះ​បញ្ជី​ទិន្នន័យ(IDPoor)នេះ មាន​បញ្ចូល​គ្រួសារ​ក្រីក្រ 2.4លាន​គ្រួសារ ហើយ​កំពុង​ត្រូវបាន​បញ្ចូល​បន្ថែម​គ្រួសារ ដែល​រង​ប៉ះពាល់​ដោយ​COVID-19។

    កម្មវិធី​គាំទ្រ​ការចំណាយ និង​ឆ្លើយតប​សកម្មភាព​ទៅនឹង COVID -19 របស់​ADB (ដែល​ហៅ កាត់​ថា CARES) ត្រូវបាន​ផ្តល់​ថវិកា​តា​មរយៈ​ជម្រើស ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​COVID-19 (ហៅ កាត់​ថា CPRO)ក្រោម​ការ​ជ្រោមជ្រែង​របស់​ADB ដើម្បី​ដោះស្រាយ​ដំណើរ​សេដ្ឋកិច្ច​មិន​ប្រក្រតី។

    CPRO ផ្តួចផ្តើមឡើង​តាមរយៈ​ជំនួយ​របស់​ADB ដែល​ត្រូវបាន​ពង្រីក​រហូតដល់ 20ពាន់​លាន ដុល្លារ កាលពី​ថ្ងៃទី13 ខែមេសា ឆ្នាំ2020 សម្រាប់​សមាជិក​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​ឆ្លើយ តប​នឹង​ជំងឺ​រាតត្បាត។

    ក្រៅពីនេះ កម្មវិធី​នេះ​ក៏​រួមបញ្ចូល​នូវ​ក្របខ័ណ្ឌ​ចូលរួម​របស់​ប្រទេស ដែល​ទទួលបាន​ការគាំទ្រ ដើម្បី​ធានាថា រាជរដ្ឋាភិបាល និង​ADB បន្ត​កិច្ចពិភាក្សា​គោលនយោបាយ​ជុំវិញ​ការអនុវត្ត និង​តាម ដាន​ការឆ្លើយតប​ទៅនឹង COVID-19 របស់​កម្ពុជា។ ក្របខ័ណ្ឌ​នេះ​ក៏​រួមមាន​ការប្រឹក្សា​យោបល់ ជា មួយ​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល។

    កម្មវិធី​នេះ ក៏បាន​ផ្សារភ្ជាប់​ទៅនឹង​សកម្មភាព​គាំទ្រ​បច្ចុប្បន្ន របស់​ADB សម្រាប់​កំណែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​តម្លាភាព​ព្រមទាំង​បង្កើន​ប្រសិទ្ធ​ផល ក្នុងការ​បង្កើត​គោលនយោបាយ និង​ថវិកា ការតាមដាន​ការចំណាយ និង​សវនកម្ម។

    កម្មវិធី CAREនេះ ត្រូវបាន​បង្កើតឡើង​ដោយមាន​ការសម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នា នា និង​បំពេញបន្ថែម​ទៅនឹង​ការគាំទ្រ​របស់​ADB បច្ចុប្បន្ន ដើម្បី​ផ្គត់ផ្គង់​ឧបករណ៍​ត្រួតពិនិត្យ សី​តុ​ណ្ហ ភាព សម្រាប់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អន្តរជាតិ និង​ធានា​ការផ្តល់​បច្ចុប្បន្ន​ភាពទៀងទាត់​ដល់​វេ​ប​សាយ ក្រសួងសុខាភិបាល ដែល​បង្ហាញ​របាយការណ៍​តាមដាន​COVID-19 និង​ព័ត៌មាន​ពាក់ព័ន្ធផ្សេងៗ រៀងរាល់ថ្ងៃ។

    នេះ គឺជា​ផ្នែក​មួយ​នៃ​សក្តានុពលភាព​ដ៏​រឹងមាំ​នៃ​គម្រោង​វិនិយោគ និង​ជំនួយ​បច្ចេកទេស​ដែល​ផ្សារភ្ជាប់​ទៅនឹង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​សម្រាប់​កម្ពុជា​របស់​ADB ចាប់ពី​ឆ្នាំ2019-2023ហើយ​គាំទ្រ​ដល់​ការ​ស្តារឡើងវិញ ក្រោយពី​ការ​រាតត្បាត​នៃ​COVID-19។

    លោក Masatsugu Asakawa បានបញ្ជាក់​បន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​នាំមក​នូវ វិបុលភាព​បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព​សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ហើយ​ស្របពេល​ជា មួយ​គ្នា​នេះ ក៏​នឹង​បន្ត​រក្សា​ចីរភាព​នៃ​កិច្ចខិតខំ​របស់ខ្លួន ក្នុងការ​លុបបំបាត់​ភាព​ទីទ័លក្រ​ផងដែរ៕