Category: សង្គម និងសេដ្ឋកិច្ច

  • រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

    រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

    Stella Terra ដែល​ជា​រថយន្ត​ off-road ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ដំបូង​គេ​លើ​ពិភពលោក បាន​បញ្ចប់​ដំណើរសាក​ល្បង​បរ​ឆ្លង​កាត់​ប្រទេស​ម៉ារ៉ុក និង​សមុទ្រ​ខ្សាច់សាហារ៉ា កាល​ពី​ដើម​ខែ​តុលា​ 2023​។

    យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 17 តុលា របស់ Guardian រថយន្ត​អគ្គិសនី Stella Terra ដែល​មាន​កៅអីពីរ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Eindhoven។ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ រថយន្ត​ Stella Terra ​បាន​ឆ្លង​កាត់​ផ្លូវ​លំបាក​ជា​ច្រើន​នៅ​ក្នុង​ភូមិសាស្ត្រ​ខុស​ៗ​គ្នា​ ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​ពី​ផ្ទាំង​សូឡា​ដែល​បំពាក់​លើដំបូល​។​

    Stella Terra ដែល​មាន​ទម្ងន់​សរុបត្រឹម​តែ​ 1,200 គីឡូក្រាម​ បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ​លីចូម​-អ៊ីយ៉ុង (lithium-ion) អាច​បើកបរ​បាន​ចម្ងាយ​ 710 គីឡូម៉ែត្រ និង​​មាន​ល្បឿន​ 145 គីឡូម៉ែត្រ​/ម៉ោង​។ ថាមពល​ពី​ប្រព័ន្ធ​ផ្ទាំង​សូឡា​លើរថយន្ត​នេះ​អាច​ផ្គត់​ផ្គង់អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ការ​ចម្អិន​អាហារ​ និង​បញ្ចូល​ថាមពលដល់​ឧបករណ៍​នានា​ មាន​ដូច​ជា ទូរស័ព្ទ និង​ម៉ាស៊ីន​ថត​រូប​ជា​ដើម​។ Stella Terra ដំណើរ​ការ​មាន​ប្រសិទ្ធភាព​​ជាងប្រហែល​​ 30% បើ​ធៀប​នឹង​ការ​រំពឹង​​ទុក​ដំបូង​៕

  • សេដ្ឋកិច្ច​ចិន​មាន​កំណើន​លឿន​ជាង​ការ​ព្យាករ ​នៅក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​នេះ

    សេដ្ឋកិច្ច​ចិន​មាន​កំណើន​លឿន​ជាង​ការ​ព្យាករ ​នៅក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​នេះ

    ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ស្ថិតិ​ចិន បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​នេះ​ ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023 កើន​ 4.9% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ​ 2022​។

    យោង​តាម​ទិន្នន័យ​ផ្លូវការ​ដែល​ត្រូវ​បាន​​អគ្គនាយកដ្ឋាន​ស្ថិតិ​ចិន (NBS) ប្រកាស​នា​ថ្ងៃទី 18 តុលា 2023​ សេដ្ឋកិច្ច​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទីបី​របស់​ឆ្នាំ​នេះ កើន​លឿន​ជាង​ការ​ព្យាករ​ ដែល​នេះ​ទំនង​ជា​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​ចិន​សម្រេច​បាន​គោលដៅ​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​ដែល​បាន​ដាក់​ចេញ​។

    ទិន្នន័យ​របស់ NBS បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​នេះ​ ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023 កើន​ 4.9% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ​ 2022​ និង​ខ្ពស់​ជាង​ការ​វាយ​តម្លៃ​ (4.4%) របស់​ក្រុម​អ្នក​ជំនាញ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​ទីភ្នាក់​ងារសារព័ត៌មាន Reuters​ នា​ពេល​កន្លង។

    GDP ក្នុង​ត្រីមាស​ទីបី​ កើន​ 1.3% ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​កំណើន 0.5% ក្នុង​ត្រីមាស​ទីពីរ​ ហើយ​ខ្ពស់ជាង​ការ​ព្យាករ (1%) ផងដែរ​។

    កំណើន GDP របស់ប្រទេស​ចិន​ត្រូវ​បាន​ព្យាករ​ថា នឹង​សម្រេច​បាន 4.9% ក្នុង​ត្រីមាស​ទីបួន​។ រដ្ឋាភិបាល​ចិន​បាន​កំណត់​គោលដៅ​ប្រហែល 5% សម្រាប់​កំណើន​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​ 2023​។

    បើ​ទោះ​ទិន្នន័យ​ខាងលើ​បង្ហាញ​ថា សេដ្ឋកិច្ច​ចិន​ចាប់​ផ្ដើម​មាន​ស្ថិរភាព​ជាង​មុន ក្រោយពី​​មាន​ចំណាត់​ការ​ជា​ច្រើន​ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ជឿ​ថា រដ្ឋាភិបាល​ប្រទេស​នេះ​គួរ​តែ​ធ្វើកិច្ច​ការ​ច្រើន​បន្ថែម​ទៀត ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

    សេដ្ឋកិច្ច​ចិន​មាន​កំណើន​ 3% ក្នុង​ឆ្នាំ 2022 ទាប​ជាង​បើ​ធៀប​នឹង​ការ​កំណត់​គោលដៅ​របស់​រដ្ឋាភិបាល​ ដោយ​សារ​តែ​ការ​រឹត​បន្តឹង​នានា​ដើម្បី​ទប់​ស្កាត់​កូវីដ-19។

  • Kia ដាក់​គោលដៅ​លើ​​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ដើម្បី​បង្កើន​ការ​លក់​

    Kia ដាក់​គោលដៅ​លើ​​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ដើម្បី​បង្កើន​ការ​លក់​

    ក្រុម​ហ៊ុន​ Kia បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ល្មម និង​តូច​ចំនួន​បី​ម៉ូដែល​ ក្នុង​បំណង​លក់​ឱ្យ​បាន​មួយ​លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ឆ្នាំ 2026​ និង​ឡើង​ដល់​ 1.6 លាន​គ្រឿង​​នៅ​ឆ្នាំ 2030​។

    Kia បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំណត់​គោលដៅ​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី​ច្រើន​ប្រភេទ​ប្រកប​ដោយ​ភាព​សម្បូរ​បែប ដែល​មាន​តម្លៃ​ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ក៏​រួម​ទាំង​បណ្ដា​ម៉ូដែល​ដែល​មាននា​​បច្ចុប្បន្ន​ដូច​ EV6 និង EV9 ក៏ដូច​ជា​បណ្ដា​ម៉ូដែល​ថ្មី​ដែល​មាន​ទំហំ​តូច​ជាង​ នៅក្នុង​ប្រភេទ​រថយន្ត compact និង subcompact (C និង B) មាន​ជា​អាទិ៍ EV5, EV4 និង EV3។

    ​រថយន្ត​ទាំង​នេះ​នឹងមាន​តម្លៃ​​ចាប់​ពី​ 35,000 ដល់ 50,000 ដុល្លារ​អាម៉េរិក ដែល​នេះ​ត្រូវ​បាន​ Kia រំពឹង​ថា នឹង​ជួយ​ជំរុញ​ការ​លក់​ និង​ពង្រីក​វិសាល​ភាព​នៃ​ការ​ប្រើ​ប្រាស់រថយន្ត​អគ្គិសនី​នៅទូទាំង​ពិភពលោក​។ រថយន្ត​អគ្គិសនី​ EV2 ខ្នាតតូច​ដែល​ជិត​នឹង​បង្ហាញ​ខ្លួន​នឹង​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ខាង​លើ​។

    Kia ក៏​បាន​ប្រកាស​ឱ្យដឹង​អំពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​សម្រាប់​រថយន្ត​អគ្គិសនី​ ក្នុង​នោះ​ក៏​មាន​ទាំង​ការ​កែ​លំអ​ផាសុកភាព​ និង​ទំនុក​ចិត្ត​របស់​អតិថិជន​ផងដែរ ទន្ទឹម​នឹង​ដំណោះ​ស្រាយលើ​​បញ្ហា​ហេដ្ឋារចនា​សម្ព័ន្ធ​​​ដែល​ទាក់​ទង​នឹង​ការ​បញ្ចូលថាមពល​សម្រាប់​រថយន្ត​អគ្គិសនី៕

  • លទ្ធភាព​ដែល​សហរដ្ឋ​អាម៉េរិក​កើត​មាន​ឱនភាព​សេដ្ឋកិច្ច​បាន​ថយ​ចុះ​

    លទ្ធភាព​ដែល​សហរដ្ឋ​អាម៉េរិក​កើត​មាន​ឱនភាព​សេដ្ឋកិច្ច​បាន​ថយ​ចុះ​

    ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ចាប់​ផ្ដើម​ទម្លាក់​ភាគ​រយ​នៃ​លទ្ធភាព​កើត​មាន​ឱនភាព​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាម៉េរិក ដោយ​យល់​ថា Fed បាន​បញ្ចប់​វដ្ត​នៃ​ការ​រឹត​បន្តឹង​រូបិយវត្ថុ​។ល។

    នៅក្នុង​ការ​ស្ទង់មតិ​ប្រចាំត្រី​មាស​ថ្មី​បំផុត​របស់​ Wall Street Journal ក្រុម​សេដ្ឋវិទូ​ និង​ជំនួញ​ បាន​ទម្លាក់​ភាគរយ​នៃ​ហានិភ័យ​កើត​មាន​ឱនភាព​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ក្រោយ​របស់សហរដ្ឋ​អាម៉េរិក ពី​កម្រិត​មធ្យម 54% ក្នុង​ខែ​កក្កដា មក​នៅ​ត្រឹម​កម្រិតគួរ​ឱ្យ​មាន​ក្ដី​សង្ឃឹម​​ 48%។ នេះ​ជា​លើក​ដំបូង​ដែល​ពួក​គេ​បាន​ដាក់​​ប្រូបាប៊ីលីតេ​ក្រោម​ 50% រាប់​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​ 2022​។

    កត្តាមួយ​ចំនួន​​ដែល​រួមចំណែក​ក្នុង​ការ​ជំរុញ​ក្ដី​សង្ឃឹម​ខាង​លើ រួម​មាន​ជា​អាទិ៍ អតិផរណាបន្ត​​ថយ​ចុះ​ ធនាគារ​កណ្ដាល​អាម៉េរិក (Fed) បាន​បញ្ចប់​កិច្ច​ការ​ដំឡើង​ការ​ប្រាក់​ ទីផ្សារ​ការ​ងារ​ងើប​ឡើង​ខ្លាំង​ក្លា​ និង​កំណើន​សេដ្ឋកិច្ច​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក​។

    ការ​ស្ទង់មតិប្រចាំ​ត្រីមាស​ចុង​ក្រោយ​បំផុត​​របស់​ Wall Street Journal ត្រូវ​បាន​ធ្វើ​ឡើងជាមួយ​នឹង​សេដ្ឋវិទូ​ 65 រូប​ មក​ពី​ស្ថាប័ន​ល្បី​ៗ​ជា​ច្រើន​ មាន​ដូច​ជា Deutsche Bank និង​ BMO ជា​ដើម ចាប់​ពី​ថ្ងៃទី 06 តុលា ដល់​ 11 តុលា​ 2023​៕

  • រថយន្ត​អគ្គិសនី​ដប់​ម៉ូដែល​ដែល​ល​ក់​ដាច់​ជាង​គេ​លើ​ពិភពលោក

    រថយន្ត​អគ្គិសនី​ដប់​ម៉ូដែល​ដែល​ល​ក់​ដាច់​ជាង​គេ​លើ​ពិភពលោក

    បរិមាណ​រថយន្ត​អគ្គិសនីទូទាំង​ពិភពលោក​​ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​ខែ​សីហា​ ឆ្នាំ 2023 គឺជាង​ 1.2 លាន​គ្រឿង​ ហើយ​នៅ​ក្នុង​ Top 10 នៃ​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាងគេនេះ មាន​រថយន្ត​របស់​ចិន​រហូត​ដល់ 80%​។

    ដូច​ទៅ​នឹង​ប៉ុន្មាន​ខែ​មុន​ Tesla Model Y គឺជា​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​បង្អស់​នៅ​ក្នុង​ខែសីហា​ ដោយ​លក់​បាន 115,885 គ្រឿង ច្រើន​ជាង​ឆ្ងាយ​បើធៀប​នឹង​ម៉ូដែល​ដទៃ​។

    បណ្ដា​រថយន្ត​អគ្គិសនី​ដទៃ​ដែល​លក់​ដាច់​ជាង​គេ​គឺ BYD Song (BEV និង PEV ត្រូវ​បាន​គិត​ចូល​​គ្នា), Tesla Model 3,​ BYD Qin (BEV និង PEV ត្រូវ​បាន​គិត​ចូល​គ្នា) ,​ BYD Seagull, BYD Yuan, BYD Dolphin រួម​នឹង​ GAC Aion Y, BYD Han និង GAC Aion S។ នៅ​ក្នុង​ Top 10 នៃ​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាងគេ​លើ​ពិភពលោក មាន​រថយន្ត​របស់​ចិន​រហូត​ដល់ 80%​។

    ខាង​ក្រោម​នេះ​គឺជា​តួលេខ​ជាក់​លាក់​ស្ដី​ពី​ម៉ូដែល​រថយន្តអគ្គិសនី​​ទាំង​ដប់ ​ដែល​លក់​ដាច់​ជាង​គេ​លើ​ពិភពលោក​៖

    • Tesla Model Y – 115,885 គ្រឿង​
    • BYD Song Plus (9,081 BEV + 48,522 PHEV) – 57,603 គ្រឿង
    • Tesla Model 3 – 48,815 គ្រឿង
    • BYD Qin Plus (11,663 BEV + 31,155 PHEV) – 42,818 គ្រឿង
    • BYD Seagull – 34,841 គ្រឿង
    • BYD Yuan Plus (ឬ​ហៅ​ថា Atto 3) – 32,690 គ្រឿង
    • BYD Dolphin – 32,288 គ្រឿង
    • GAC Aion Y – 26,719 គ្រឿង
    • BYD Han (10,506 BEV + 12,355 PHEV) – 22,861 គ្រឿង
    • GAC Aion S – 22,650 គ្រឿង
    Tesla Model Y
    BYD Song
    GAC Aion Y
  • ​កាតា​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​​រយៈ​ពេល​ 27 ឆ្នាំ​ដល់​ប្រទេស​បារាំង

    ​កាតា​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​​រយៈ​ពេល​ 27 ឆ្នាំ​ដល់​ប្រទេស​បារាំង

    ក្រុម​ហ៊ុន​ជាតិ​ថាមពល​ QatarEnergy របស់​ប្រទេស​កាតា បាន​ឱ្យ​ដឹង​ថា នឹង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​​រាប់​លាន​​តោន​/ឆ្នាំ ដល់​ក្រុម​ហ៊ុន​ថាមពល​ TotalEnergies របស់​ប្រទេស​បារាំង​។

    កាល​ពី​ថ្ងៃទី 11 តុលា ក្រុម​ហ៊ុន QatarEnergy របស់​ប្រទេស​កាតា​​ប្រកាស​ថា បាន​យល់​ព្រម​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ថាមពល​ TotalEnergies របស់​ប្រទេស​បារាំង​ នៅ​ក្នុង​រយៈ​ពេល 27 ឆ្នាំ​។

    ក្នុងកិច្ច​ព្រម​ព្រៀង​នេះ​ QatarEnergy នឹង​ផ្គត់​ផ្គង់ឧស្ម័ន​ 3.5​ លាន​តោន​/ឆ្នាំ​ ដោយ​​ផ្ដើម​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​ ចាប់​ពី​ដើម​ឆ្នាំ 2026​។

    រដ្ឋមន្ត្រី​ក្រសួង​ថាមពល​កាតា និង​ជា​ប្រធាន​ក្រុម​ហ៊ុន QatarEnergy លោក Saad al-Kaabi ឱ្យ​ដឹង​ថា «ការ​សន្យា​របស់​យើង​គឺ​ដើម្បី​ធានា​ប្រភព​ផ្គត់​ផ្គង់​ថាមពល​ជា​បន្ត​បន្ទាប់​ និង​គួរ​ជា​ទី​ទុក​ចិត្ត​សម្រាប់​អឺរ៉ុប​ និង​តំបន់​ដទៃ​ទៀត​របស់​ពិភពលោក​»៕

  • IMF ព្យាករ​ថា សេដ្ឋកិច្ច​សកល​អាច​ងើប​ឡើង​បែប «ថ្នមៗ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    IMF ព្យាករ​ថា សេដ្ឋកិច្ច​សកល​អាច​ងើប​ឡើង​បែប «ថ្នមៗ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​បញ្ជាក់​អំពី​លទ្ធភាព​ដែល​បណ្ដា​ធនាគារ​កណ្ដាល​គ្រប់​គ្រង​បាន​នូវ​បញ្ហា​អតិផរណា​ ដោយ​មិន​រុញ​ច្រាន​ពិភពលោក​ធ្លាក់​ក្នុង​ឱនភាព​សេដ្ឋកិច្ច​។

    ក្នុង​កិច្ច​ប្រជុំ​នា​ថ្ងៃទី 10 តុលា IMF យល់​ថា សេដ្ឋកិច្ច​ពិភពលោក​អាច​មាន​កំណើន​ 3% ក្នុង​ឆ្នាំ​នេះ​ ដោយ​មូលហេតុ​ថា ល្បឿន​នៃ​កំណើន​ខ្ពស់​ជាង​គេ​របស់​សហរដ្ឋ​អាម៉េរិក ​នឹង​ប៉ះប៉ូវ​ការ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​នៃ​​សេដ្ឋកិច្ច​របស់​ចិន និង​អឺរ៉ុប​។

    រំលឹក​ឡើងវិញ​អំពី​ការ​អះអាង​កាលពី​ខែ​កក្កដា IMF សង្កត់​ធ្ងន់​ថា សេដ្ឋកិច្ច​សកល​នៅ​តែ​មាន​ជំហរ​រឹង​មាំ​នៅ​ចំពោះមុខ​វិបត្តិ​សុខភាព​សកល និង​សង្គ្រាម​នៅ​អ៊ុយក្រែន​។ IMF អះអាង​ថា កំណើន​សេដ្ឋកិច្ច និង​អតិផរណា​បច្ចុប្បន្ន កាន់​តែ​សម​ស្រប​នឹង​សេណារីយោ​ «ងើប​ឡើង​ដោយ​ថ្នមៗ» ពិសេស​គឺ​សហរដ្ឋ​អាម៉េរិក​។

    សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាម៉េរិក​​ត្រូវ​បាន​ព្យាករ​ថា​ មាន​កំណើន​​លឿន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ ដោយនឹង​​មាន​ GDP (ផលិត​ផល​ក្នុង​ស្រុក​សរុប) កើន​ឡើង 2.1%​ ក្នុង​ឆ្នាំ​នេះ​។

    GDP របស់​អឺរ៉ុប និង​ចិន បច្ចុប្បន្ន​ត្រូវ​បាន​ព្យាករ​ថា អន់​ជាង​បើ​ធៀប​នឹង​បី​ខែ​មុន​ ស្រប​ពេល​ដែល​តំបន់​នានា​របស់ពិភពលោក​មាន​កំណើន​ GDP មិន​ស្មើ​គ្នា​៕

  • ក្រុម​ហ៊ុន​ចិន BYD ដាក់​លក់​រថយន្ត​សេដាន​អគ្គិសនី​នៅ​សិង្ហបុរី​ និង​ស៊ីលី

    ក្រុម​ហ៊ុន​ចិន BYD ដាក់​លក់​រថយន្ត​សេដាន​អគ្គិសនី​នៅ​សិង្ហបុរី​ និង​ស៊ីលី

    ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​ប្រភេទ​សេដាន​អគ្គិសនី​ Seal នៅ​ប្រទេស​សិង្ហបុរី និង​ស៊ីលី ក្នុង​បំណង​ប្រកួត​ប្រជែង​ជាមួយ​នឹង​ Model 3 របស់​ Tesla។

    នៅ​សិង្ហបុរី BYD បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ Vantage Automotive ដើម្បី​បង្ហាញ​​កំណែ​ Seal ចង្កូត​ស្ដាំ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ BYD កាល​ពី​ថ្ងៃទី 09 តុលា​។ BYD Seal មាន​បី​កំណែ​នៅ​សិង្ហបុរី ដែល​មាន​តម្លៃ​ចាប់​ពី​ 174,910 ដុល្លារ​អាម៉េរិក​។

    BYD Seal ត្រូវ​បាន​បង្ហាញ​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃទី 29 កក្កដា 2022។ នេះ​គឺជា​គូប្រជែង​សំខាន់​មួយ​របស់ Tesla Model 3។ រថយន្ត​អគ្គិសនី​ BYD Seal មាន​ 5 កំណែ​នៅ​ប្រទេស​ចិន​ និង​មាន​តម្លៃ​ចាប់​ពី 26,030 ដុល្លារ​អាម៉េរិក​។

    ក្រៅ​ពី​សិង្ហបុរី កាល​ពី​ម្សិល​មិញ BYD ក៏​បានឱ្យ​ដឹង​ថា បាន​​បង្ហាញ Seal EV នៅ​ប្រទេស​ស៊ីលី​តាម​រយៈ​ក្រុម​ហ៊ុន​ក្នុង​ស្រុក Astara កាល​ពី​ថ្ងៃទី 06 តុលា​ ប៉ុន្តែ​មិន​បាន​និយាយ​ដល់​រឿង​តម្លៃ​។

    BYD លក់រថយន្ត​អគ្គិសនី​បាន​ 287,454 គ្រឿង​នៅ​ក្នុង​ខែ​កញ្ញា 2023 ក្នុងនោះ BYD Seal រួម​ចំណែក​បាន​ 14,427 គ្រឿង​ កើន​ 93.05% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022 និង​កើន 153.11% បើធៀប​នឹង​ខែ​សីហា 2023៕

  • អង់គ្លេស​ដាក់ដំណើរ​ការ​​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ខ្យល់​ធំបំផុត​លើ​ពិភពលោក​

    អង់គ្លេស​ដាក់ដំណើរ​ការ​​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ខ្យល់​ធំបំផុត​លើ​ពិភពលោក​

    ទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​នៅ​ក្នុង​ចំការ​ Dogger Bank ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ផលិត​អគ្គិសនី​​ពី​កម្លាំង​ខ្យល់​សម្រាប់​​មនុស្ស​ 6 លាន​គ្រួសារ​ក្នុង​មួយ​ឆ្នាំ​ៗ​។

    ទួរប៊ីន​កង្ហារ​ផលិតអគ្គិសនី​ពី​កម្លាំង​ខ្យល់​ដំបូង​ដែល​ស្ថិត​ក្នុង​គម្រោង​សាងសង់​កសិដ្ឋាន​ផលិត​អគ្គិសនី​ពីកម្លាំង​ខ្យល់​ដែល​ធំជាង​គេ​លើ​ពិភពលោក​នៅ​សមុទ្រ​ខាង​ជើង (North Sea) ចាប់​ផ្ដើម​ផ្គត់​ផ្គង់អគ្គិសនី​ដល់​បណ្ដាគ្រួសារ​ និង​រោង​ចក្រ​ដែល​មាន​តម្រូវ​ការ​ នៅ​ប្រទេស​អង់គ្លេស​។ នេះ​បើ​តាមទំព័រ​សារព័ត៌មាន Guardian ចុះផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    ក្រុម​ហ៊ុន​អភិវឌ្ឍ​ កាល​ពី​ថ្ងៃទី 09 តុលា បញ្ជាក់​ថា ចំការ Dogger Bank ដែល​មាន​ចម្ងាយ​ 130 គីឡូម៉ែត្រ​ពី​តំបន់​ឆ្នេរ​សមុទ្រ Yorkshire ផលិត​អគ្គិសនី​ចាប់​ពី​ដើម​ខែ​តុលា ឆ្នាំ 2023​ នៅ​ពេល​ទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​អគ្គិសនី​។

    គម្រោង​ Dogger Bank ដែលត្រូវ​បាន​​​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​អង់គ្លេស SSE រួម​នឹង​ក្រុម​ហ៊ុន Equinor និង Vargronn របស់​ប្រទេស​ន័រវែស​ នឹង​ផលិត​អគ្គិសនី​បាន 3.6​ ជីហ្គាវ៉ាត់ (gigawatt) ដែល​គ្រប់​គ្រាន់​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់មនុស្ស​ 6 លាន​គ្រួសារ​​ក្នុង​មួយ​ឆ្នាំ​ៗ នៅពេល​ស្ថាបនា​រួច​រាល់​នៅ​ឆ្នាំ 2026​។

    នាយករដ្ឋមន្ត្រី​របស់​ប្រទេស​អង់គ្លេស​ Rishi Sunak ឱ្យ​ដឹង​ថា គម្រោង​​ដែល​មាន​តម្លៃ​ 11 ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ ​ដើរ​តួនាទី​យ៉ាង​សំខាន់​ ដោយមិន​ត្រឹម​តែ​រួម​ចំណែក​ពង្រឹង​​សន្តិសុខ​ថាមពល​ក្នុង​ស្រុក​នោះ​ទេ​ តែ​ក៏​ជួយបង្កើត​ការ​ងារ​ កាត់បន្ថយ​ការ​ចំណាយ​លើថ្លៃ​​អគ្គិសនី និងអាច​​ជួយ​ឱ្យ​ប្រទេស​នេះ​សម្រេច​បាន​គោល​ដៅ​មិន​បំភាយ​ឧស្ម័ន​ CO2 នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ផងដែរ​។

    ក្រុម​អ្នក​អភិវឌ្ឍ​ឱ្យ​ដឹង​ថា ការ​វិល​មួយ​ជុំ​របស់ស្លាប​ប្រវែង 107 ម៉ែត្រ​​នៅ​លើ​ទួរប៊ីន​ដំបូង​របស់​ចំការ Dogger Bank អាចផលិត​អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់ការ​ប្រើ​ប្រាស់​ពីរ​ថ្ងៃ​របស់​​គ្រួ​សារ​ធម្មតា​មួយ​គ្រួ​​នៅ​ប្រទេស​អង់គ្លេស​។

    កាល​ពី​ឆ្នាំ​កន្លង SSE ក៏​បាន​ដាក់​ឱ្យ​ដំណើរ​ការ​គម្រោង​ចំការ​ផលិត​អគ្គិសនី​នៅ​លើ​សមុទ្រ​មួយ​ដែល​ធំ​បំផុត​នៅ​ស្កុត​ឡែនផងដែរ នោះ​គឺ​ស្ថានីយ​ Seagreen។

    ប្រទេស​នានា​នៅ​លើ​ពិភពលោក​ ពិសេស​គឺ​បណ្ដា​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​មហា​អំណាច​ បាន​ និង​កំពុង​នាំ​គ្នា​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ប្រើ​​កម្លាំង​ខ្យល់ ដោយ​សារ​តែ​សង្គ្រាម​រវាង​អ៊ុយក្រែន​ – រុស្ស៊ី​ និង​ការ​រឹង​បន្តឹង​ការ​នាំ​ចូល​ប្រេង បាន​ធ្វើ​ឱ្យ​ផលិត​ផល​ថាមពល​ចេះ​តែ​​ឡើងថ្លៃ​ ​និង​គ្រា​ដែល​ពិភព​លោក​កំពុង​ត្រូវ​ការ​កាត់បន្ថយការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៕

  • Audi បញ្ចុះ​តម្លៃ​រហូត​ដល់​ម៉ឺនដុល្លារ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​ ដើម្បី​ប្រជែង​នឹង Tesla Model S

    Audi បញ្ចុះ​តម្លៃ​រហូត​ដល់​ម៉ឺនដុល្លារ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​ ដើម្បី​ប្រជែង​នឹង Tesla Model S

    រថយន្ត​អគ្គិសនី RS e-tron GT អាច​តាម​ទាន់ Model S Plaid របស់ Tesla។ នេះ​គឺជា​ក្ដីសង្ឃឹម​របស់​ក្រុម​ហ៊ុន​ Audi​។ ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Volkswagen Group មួយ​នេះ​កំពុង​បញ្ចុះ​តម្លៃ​រហូត​ដល់ 20,000 ដុល្លារអាម៉េរិក​ សម្រាប់​ម៉ូដែល e-tron GT គ្រា​ដែល​កំពុង​ចូល​រួមប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​។

    ទន្ទឹមនឹង Porsche Taycan Turbo ក្រុម​ហ៊ុន Audi គឺជា​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​ដែល​កំពុង​ប្រជែង​ជាមួយ​នឹង​ Tesla Model S ដោយ​ប្រើប្រាស់​ Audi e-tron GT។

    ដោយ​មាន​កម្លាំង​​ឡើង​ដល់​ 637 សេះ​ រថយន្ត​អគ្គិសនី​ Audi e-tron GT អាច​បង្កើន​ល្បឿន​ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង ដោយ​ចំណាយ​ពេល​តែ 3.1 វិនាទី​។ ថ្មលីចូម – អ៊ីយ៉ុង (lithium-ion) 93 kWh របស់​វា​ ជួយ​ឱ្យ​ធ្វើដំណើរ​បាន​ 400 គីឡូម៉ែត្រ​ និង​អាច​បញ្ចូល​ថាមពល​រហ័ស​ ចាប់​ផ្ដើម​ពី 5% ឡើងដល់ 80% ដោយ​ប្រើ​ពេល​ 22.5 នាទី​។

    ក្រុម​ហ៊ុន Audi កំពុង​បញ្ចុះ​តម្លៃ​ 20,000 ដុល្លារ​ សម្រាប់ RS e-tron GT 2023។ នេះ​បើតាម​ព័ត៌មាន​ដែល​ត្រូវ​បាន​ Audi ផ្ញើ​ទៅ​កាន់​តំណាង​ចែក​ចាយ​នានា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    Audi RS e-tron GT

    ក្រោយ​ពី​បញ្ចុះ​តម្លៃ 20,000 ដុល្លារ Audi RS e-tron GT នៅ​តែ​មាន​តម្លៃ​ចាប់​ពី 125,395 ដុល្លារ​ ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​ 80,890 ដុល្លារ​របស់ Model S Plaid របស់ Tesla។

    Tesla Model S Plaid បំពាក់​ម៉ូទ័រ​អគ្គិសនី​កម្លាំង 1,020 សេះ​ អាច​បង្កើន​ល្បឿន​ចាប់ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង​ដោយ​ស៊ី​​ពេល 1.99 វិនាទី​ និង​ធ្វើ​ដំណើរ​បាន​រហូត​ដល់ 637 គីឡូម៉ែត្រ​ ក៏ដូចជា​អាច​រត់ក្នុងល្បឿន​ 200 ម៉ាយ​/ម៉ោង ឬជិត 222 គីឡូម៉ែត្រ​/ម៉ោង​។

    Model S Plaid របស់ Tesla

    ក្រៅ​ពី RS e-tron GT ក្រុម​ហ៊ុន Audi ក៏​កំពុង​បញ្ចុះ​តម្លៃ​ 12,500 ដុល្លារ​សម្រាប់ e-tron GT 2023 កំណែ​ស្ដង់ដា, បញ្ចុះតម្លៃ​ 10,000 ដុល្លារ​សម្រាប់ RS e-tron GT 2024 និង​ 5,000 ដុល្លារ​សម្រាប់​ e-tron GT 2024 កំណែ​ធម្មតា​៕