Category: សង្គម និងសេដ្ឋកិច្ច

  • រូបមន្ត​ធ្វើ​ម៉ាស​បិទមុខ ដើម្បី​ស្បែ​កស​ស្អាត​ដូច​ចិត្ត

    រូបមន្ត​ធ្វើ​ម៉ាស​បិទមុខ ដើម្បី​ស្បែ​កស​ស្អាត​ដូច​ចិត្ត

    ភាពស្រស់ស្អាត​តាមបែប​ធម្មជាតិ និង​ភាពស្រស់ស្អាត​តាមរយៈ​ការតុបតែង​មុខ​គឺមាន​ភាពផ្ទុយ​គ្នា​ស្រឡះ ព្រោះ​សម្រស់​ទាំង2ប្រភេទ​នេះ​គឺ​បានបង្ហាញ​ពី​ភាពស្រស់ស្អាត​ខុសគ្នា ដែល​អាច​សម្គាល់​ឃើញ​យ៉ាងច្បាស់។ ភាពស្រស់ស្អាត​តាមបែប​ធម្មជាតិ ​គឺជា​ភាពស្រស់ស្អាត​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន ព្រោះ​វា​ជា​សោ​ភ័ណភាព​នៃ​សម្រស់​ដែល​មិន​ងាយ​នឹង​រលាយបាត់​ពី​ខ្សែ​ភ្នែក​របស់​អ្នកផង​ទាំងពួង។ ចំពោះ​អ្នក​ដែល​មិនបាន​កើតមក​រួមជាមួយ​នឹង​ភាពស្រស់ស្អាត​ពី​ធម្មជាតិ​ទាំងស្រុង​ទេនោះ ក៏​មិនមែន​មានន័យថា អ្នក​មិនអាច​ទទួលបាន​ភាពស្រស់​ស្អាត​តាមបែប​ធម្មជាតិ​ដែរ។ ចង់បាន​ស្បែក​ស្រស់ស្អាត​ជាទី​ទាក់ទាញ​ចិត្ត​នៃ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​នោះ​មិនមែនជា​បញ្ហា​ធំ​នោះទេ ព្រោះថា​មាន​វិធី​ច្រើនណាស់​ដែល​អាចឱ្យ​អ្នក​យកមកប្រើ​ដើម្បី​ទាញយក​ភាពស្រស់ស្អាត​បាន​ដោយ​រូ​ម​មន្ត​ទាំង4ដូចខាងក្រោម​៖

    រូបមន្ត​ទី1៖ កិន​ដំឡូងបារាំង​ឱ្យ​ម៉ដ្ឋ រួច​យកមក​លាប​លើ​ផ្ទៃមុខ​របស់​អ្នក​រាល់ថ្ងៃ ដើម្បី​កាត់បន្ថយ​សារជាតិ​ពណ៌​ខ្មៅ​នៅក្នុង​រាងកាយ និង​ជួយ​បំបាត់​ស្នាម​ជាំ​នៅលើ​ស្បែ​កមុខ និង​បន្ថែម​ភាព​ស​ស្អា​តដល់​ស្បែ​កមុខ និង​ស្បែក​ដងខ្លួន​របស់​អ្នក។ អ្នក​អាចអនុវត្ត​វិធី​នេះ​បាន​ទាំង​ចំពោះ​ដំឡូងបារាំង​ឆៅ និង​ដំឡូងបារាំង​ឆ្អិន។ ប្រសិនបើ​
    អ្នក​ជ្រើសរើស​ប្រើ​ដំឡូងបារាំង​ឆ្អិន​នោះ អ្នក​អាច​បន្ថែម​ទឹកដោះគោឆៅ​បន្តិច​ទៅក្នុង​សាច់​ដំឡូង​ដែល​កិន​រួច​នោះ​ទៀត​ក៏​កាន់តែ​ប្រសើរ។

    រូបមន្ត​ទី2៖ ម្សៅ​ដែល​បានមកពី​ដើម​ចន្ទន៍​ក្រស្នា លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ ទឹក​ប៉េងប៉ោះ និង​ទឹក​ត្រសក់ រួច​យកមក​លាប​នៅលើ​ស្បែ​កមុខ។ ទុកចោល​ប្រហែល15 ទៅ20នាទី សឹម​លាង​ចេញ​ដោយ​ទឹកស្អាត។ ការធ្វើ​បែបនេះ អាចជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​កាន់តែ​ស​ស្អាត ស្រស់​ផូរផង់​ថែម​មួយកម្រិត​ទៀត។ វិធី​នេះ​វា​អាចមាន​ការពិបាក​បន្តិច​សម្រាប់​អ្នក​ក្នុងការ​ស្វែងរក​ម្សៅ​ពី​ដើម​ចន្ទន៍​ក្រស្នា ប៉ុន្តែ​បើ​អាចធ្វើ​បាន​អ្នក​គួរតែ​សាកល្បង ដើម្បី​បង្អួត​អ្នកដទៃ​នូវ​សម្រស់​ដ៏​ស្អាត​ផូរផង់​របស់​អ្នក តែបើ​អ្នក​ចង់​ឱ្យស្បែក​ដងខ្លួន​របស់​អ្នក​ស​ស្អាត​ដូច​បំណង​នោះ អ្នក​ក៏​អាចអនុវត្ត​វិធី​នេះ​ជាមួយនឹង​ស្បែក​ដងខ្លួន​របស់​អ្នក​ក៏បាន។

    រូបមន្ត​ទី3៖ យក​សម្បក​ក្រូច​ទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត ​រួច​កិន​ឱ្យ​ម៉ដ្ឋ បន្ទាប់មក​យ​កវាម​កលាយ ជាមួយ​ទឹកដោះគោឆៅ ហើយ​លាប​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​របស់​អ្នក។ ទុក​វា​លើ​ផ្ទៃមុខ​រហូតដល់​អ្នកមើល​ឃើញថា វា​ស្ងួត​បានយូរ​បន្ដិច សឹម​ជម្រះ​ចេញ​ដោយ​ទឹក​ក្ដៅឧណ្ហ។ ប្រសិនបើ​អ្នក​អាចអនុវត្ត​វិធី​បែបនេះ​ឱ្យបាន​រាល់ថ្ងៃ នោះ​អ្នក​ពិតជា​បានឃើញ​ពី​បម្រែបម្រួល​នៃ​សភាព​ស្បែក​របស់​អ្នក​ជាក់​ជាមិនខាន។

    រូបមន្ត​ទី4៖ ក្រូចឆ្មារ​ជាមួយ​ត្រសក់ ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ដែរ ក្នុង​ការជួយ​បន្ថែម​ភាព​ភ្លឺ​ថ្លា​ទៅឱ្យ​ស្បែក ហើយក៏​ជួយ​សម្រួល​ដល់​ស្បែក​ដែលមាន​បញ្ហា​ដោយ​ការ​រលាក​នៃ​កម្តៅថ្ងៃ​ផងដែរ។ ទឹក​ត្រសក់1ស្លាបព្រា, ទឹកក្រូច​ឆ្មារ 1ស្លាបព្រា និង​ម្សៅ​រមៀត1ស្លាបព្រា រូបមន្ត​នេះ​សម្រាប់​អ្នក​ដែលមាន​ស្បែក​ឡើងជា​តិ​ប្រេង​ច្រើន ប៉ុន្តែ​បើ​អ្នកមាន​ស្បែក​ស្ងួត​វិញ​នោះ គួ​របន្ថែម Glycerine 1ស្លាបព្រា​ទៀត។ លាយ​ល្បាយ​ទាំងអស់នេះ​ចូលគ្នា រួច​យកមក​លាប​នៅលើ​ផ្ទៃមុខ និង​ក្រោម​ភ្នែក​ដោយ​ប្រើ​សំឡី​ជា​ជំនួយ។ ទុក​វា​ចោល15នាទី សឹម​សម្អាត​ចេញ​ជាមួយនឹង​ទឹកស្អាត (ទឹក​ត្រជាក់​ធម្មតា)។ រយៈពេល​មួយ​សប្តាហ៍​ក្រោយមក អ្នកនឹង​ទទួលបាន​នូវ​លទ្ធផល​ជាទី​គាប់ចិត្ត​មិន​ខាន។

    សាកល្បង​អនុវត្ត​វិធី​ណាមួយ​ដែល​អ្នក​គិតថា​ល្អ និង​ងាយស្រួល​ដោយ​ខ្លួន​អ្នក ដើម្បី​ភាពស្រស់ស្អាត​ទាក់ភ្នែក​ដែលជា​ក្តី​ស្រមៃ​របស់​មនុស្ស​គ្រប់គ្នា៕

  • ការអានលើឯកសារបោះពុម្ព និងការអានលើប្រព័ន្ធបច្ចេកវិទ្យាមួយណាល្អជាង?

    ការអានលើឯកសារបោះពុម្ព និងការអានលើប្រព័ន្ធបច្ចេកវិទ្យាមួយណាល្អជាង?

    មនុស្សភាគច្រើនគ្រប់គ្នាសរសើរបច្ចេកវិទ្យាដែលអាចបង្កើត PDF អាច​មានកម្មវិធីអាន និងអាច​ធ្វើឱ្យយើងទទួលបានចំណេះដឹងច្រើន ខណៈដែលពេលមុនមិនធ្លាប់មាន។ បណ្ណាល័យ​មួយអាចដាក់សៀវភៅបានច្រើន ឬតិចគឺអាស្រ័យលើទំហំនៃអាគារ តែពេលនេះកាន់តែទូរស័ព្ទ ឬកុំព្យូទ័រមួយ អាចដាក់បណ្ណាល័យមួយតាមខ្លួនដោយលែងបារម្ភ។

    ទន្ទឹមនឹងមានចំណុចល្អនេះ មនុស្សមួយចំនួនធំ បានលើកឡើងថាទូរស័ព្ទ និងកុំព្យូទ័ររបស់គាត់មានសៀវភៅច្រើន​ តែពេលខ្លះពិបាកអាន។ ពិបាកមិនមែនមកពីគាត់មិនទាន់ទម្លាប់ជាមួយនឹងបច្ចេកវិទ្យា ឬមកពី Screen ខុសពីសៀវភៅនោះទេ តែពិបាកត្រង់​ការគ្រប់គ្រងចិត្តខ្លួនឯង។ នៅពេលដែលកាន់ឧបករណ៍អេឡិចត្រូនិចដើម្បីអាន មានរឿងជាច្រើនបានលោតឡើងស្របពេលដែលគាត់អាន ហើយធ្វើឱ្យចិត្តគាត់ចង់បើកមើល ចង់ដឹងពីហេតុការណ៍នៃ notification ដែលបានលោតឡើងនោះ ហើយក៏ចង់​ចូលទៅកាន់កម្មវិធីកម្សាន្តជាច្រើនទៀតនៅក្នុងដៃរបស់គាត់។

    ជាដំណោះស្រាយនៃបញ្ហាខាងលើនេះ មានមនុស្សមួយចំនួនបានឱ្យយោបល់ថា​គ្រាន់តែបិទ Internet នៅពេលដែលយើងកំពុងអានសៀវភៅជាការស្រេច តែមានអ្នកខ្លះលើកឡើងថា បើទោះបីជាគ្មាន Internet ក៏ដោយ គាត់ក៏នៅតែពិបាកដែរ ព្រោះ​មានកម្មវិធីដែលគាត់ជក់ចិត្តច្រើនណាស់នៅក្នុងដៃរបស់គាត់ ហើយរង់ចាំឱ្យ​គាត់ទៅបើកវាមើល។

    ជារួមគឺ បច្ចេកវិទ្យាល្អ តែមកពីមនុស្សខ្លួនឯងគ្រប់គ្រងវាមិនបានល្អ។ សំណួរសួរថា ចុះបើពិបាកគ្រប់គ្រងម្លឹងៗ ម្តេចក៏មិនប្រើវាឱ្យមានតុល្យភាព? កុំបដិសេធការប្រើបច្ចេកវិទ្យា តែក៏កុំភ្លេចការមើលឯកសារបោះពុម្ព៕

  • មូលហេតុធំៗ 4យ៉ាងនៃ​ការ​កើតមុន

    មូលហេតុធំៗ 4យ៉ាងនៃ​ការ​កើតមុន

    បញ្ហា​កើតមុន ការពិតទៅ​គឺជា​រឿងធម្មតាៗដែល​អាច​កើត​លើ​មនុស្ស​គ្រប់រូប តែ​ធម្មជាតិ​របស់​ស្បែក​មុខរប​ស់មនុស្ស​យើង​ខុសប្លែក​ពីគ្នា ទើប​ហុច​ផល​ដល់​ផ្ទៃមុខ​របស់​មនុស្ស​ម្នាក់​ៗមិន​ដូចគ្នា ធ្វើឱ្យ​អ្នកខ្លះ​កើតមុន​ច្រើន ឯ​អ្នកខ្លះ​កើតមុន​តិច ដូច្នេះ​ថ្ងៃនេះ ឡារ៉ែ​ន​ មាន​មូលហេតុ​នៃ​ការ​កើតមុន​មក​ជម្រាបជូន​ដូចតទៅ។

    1/ ពូជ​អម្បូរ​របស់​បុគ្គល​ម្នាក់ ធ្វើឱ្យ​ស្បែក​ខុសប្លែក​ពីគ្នា​ទាំង​គ្រោង​សាង​របស់​ស្បែក ការ​សាង​សារធាតុ​ខ្លាញ់​ដែល​ច្រើន ឬតិច​ជ្រុល​ពេក សមត្ថភាព​ក្នុងការ​ជួសជុល​ស្បែក​ក្នុងអំឡុងពេល​កើតមុន និង​ការជួសជុល​នៅពេល​ជា​ពី​អាការ​ក្លាយ​របស់​មុន​ហើយ។

    2/ ចូលចិត្ត​រញ៉េរញ៉ៃ​ជាមួយ​ផ្ទៃមុខ ដូចជា ចាប់ ប៉ះ អង្អែល កេះ អេះ​ផ្ទៃមុខ​ញឹកញាប់។ ​​កុំភ្លេចថា ដៃរបស់អ្នកបាន​ទៅ​ចាប់​ប៉ះ​អ្វី​មក​ខ្លះ​ក្នុងមួយថ្ងៃៗ បើ​អ្នក​មិនបាន​លាងដៃ ហើយ​មក​ផ្ទៃមុខ​ញឹកញាប់ ក៏​អាច​បង្ក​ឱ្យ​កើតការ​រមាស់​ក្រហាយ ឬ​នាំ​មេរោគ​បាក់តេរី​មក ធ្វើឱ្យ​មុន​ដែលមាន​ស្រាប់​កើតការ​រលាក​ក្លាយ​បាន​ទៀតផង។ ការ​ដុសខាត់​មុខ​ញឹកញាប់ អាច​ក្លាយជា​មូលហេតុ​មុន​រីក​រាលដាល​បាន ព្រោះ​ពេលដែល​យើង​ដុសខាត់​មុខ នោះ​មានន័យថា អ្នកកំពុង​ធ្វើឱ្យ​ស្បែ​កមុខ​ក្រាស់​ឡើង​ដោយ​មិនដឹង​ខ្លួន ធ្វើឱ្យ​រន្ធរោម​​ត្បៀត​​តូច ជាតិ​ខ្លាញ់​ដែល​គួរតែ​ចេញមក ក៏​ចេញមក​មិនបាន (ដុសខាត់​មុខ​បាន តែ​កុំ​ញឹកញាប់ បើ​កំពុង​កើតមុន​ក៏​កុំ​ដុសខាត់ រង់ចាំ​ឱ្យ​ជា​សិន​សឹម​ធ្វើ) ការ​លុប​លាងមុខ​ញឹកញាប់​ជ្រុល​ពេក ឬ​ច្រើនជាង2ដង​ក្នុង​មួយថ្ងៃ នឹង​ក្លាយជា​ការជំរុញ​ក្រពេញ​ជាតិ​ខ្លាញ់​ឱ្យធ្វើ​ការងារ​ខ្លាំង​ខុស​ប្រក្រតី និង​ទង្វើ​មួយចំនួន​ដែល​រុក​គួ​ន​រំខាន​ស្បែ​កមុខ ដូចជា អ្នកខ្លះ​ចូលចិត្ត​យកដៃ​សើយ​សក់​ក្បាល អ្នកខ្លះ​ចូលចិត្តយក​ដៃ​​ច្របាច់​ច្រមុះ យក​ទូរស័ព្ទ​ដាក់​ផ្អឹប​នឹង​ថ្ពាល់​ពេល​សន្ទនា ឬ​ចូលចិត្ត​អង្គុយ​យកដៃ​ច្រត់​ចង្កា ឬ​ថ្ពាល់​ជាប្រចាំ​ជាដើម។

    3/ កិច្ចការងារ​ប្រចាំថ្ងៃផ្សេងៗ ដូចជា ការមិន​ថែ​សម្អាត ការ​លុប​លាងមុខ ឬ​គ្រឿងសម្អាង​មិន​ស្អាត ការប្រើប្រាស់​ផលិតផលបិទបាំង​ចំណុច​មិនល្អផ្សេងៗលើ​ផ្ទៃមុខ ឬ​គ្រឿងសម្អាង​ដែលមាន​ជាតិ​ខ្លាញ់​ជា​គ្រឿងផ្សំ ការប្រើ​គ្រី​ម ឬ​ម្សៅ​ដែល​អាចជា​ដើមហេតុ​រប​ស់​មុន​លើ​ផ្ទៃមុខ ការពាក់​មួកសុវត្ថិភាព​ដោយ​មិនដែល​បោកគក់​សម្អាត ការ​គេង​ផ្អៀង​ហើយ​ទឹកមាត់​ហៀរ​ចេញមក​ប្រឡាក់​ថ្ពាល់ អាជីព​ចុងភៅ​ដែល​បានទទួល​ផ្សែង​ពី​សារធាតុ​ពពួក​ខ្លាញ់ និងប្រេងផ្សេងៗ ជាង​ម៉ាស៊ីន​ដែល​ធ្វើការ​ជាមួយ​ប្រេង និង​អ្នក​ដែល​ប្រើក្រដាស​កា​បូន​ញឹកញាប់​ជាដើម។

    4/ លាង​សម្អាត​មុខ​ខុស​វិធី កុំ​គិត​ដោយ​ខ្លួនឯង​ថា ត្រឹមតែ​ការប្រើ​ហ្វូ​មលុប​លាងមុខ​ធម្មតា​នឹង​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្អាត​បែប​ហ្មត់ចត់​នោះ ឬ​ទោះជា​យកដៃ​ស្ទាប​មុខ​ហើយ ក៏​មិនមាន​អារម្មណ៍​ថា​មាន​ជាតិ​ខ្លាញ់​នៅ​សេសសល់ ឬ​មាន​អ្វី​នៅជាប់​លើ​ស្បែ​កមុខ​ទៀតឡើយ ព្រោះ​គ្រឿងសម្អាង​ដែល​អ្នក​បំពោក​ទៅលើ​ផ្ទៃមុខ​នោះ វា​មិនអាច​លាង​ចេញ​បាន​ដោយ​សាប៊ូ​ហ្វូ​ម​លាង​មុខតែម្យ៉ាង​នោះទេ ទីបំផុត​គ្រឿងសម្អាង​ទាំងនោះ​ក៏​នឹង​ទៅ​លាយ​ផ្សំ​ជាមួយ​សាប៊ូ​ហ្វូ​ម​លាងមុខ​នោះ​រហូត​កើតការ​ញ៉ុ​ក​ណែន​ក្នុង​រន្ធ​រោម​ធ្វើឱ្យ​មុន​ផុស​ឡើង និង​រួម​ទៅដល់​អ្នក​ដែល​មិន​តុបតែង​មុខ លុះ​មុខ​មាន​ជាតិ​ខ្លាញ់​ឡើង​ច្រើន ក៏​គិតតែ​ពី​លាងមុខ​ពេញ​មួយថ្ងៃ ដែល​ជំនួស​ឱ្យ​ការបាត់​មុន វា​ក្លាយជា​ការជំរុញឱ្យ​មុន​កើត​កាន់តែ​ច្រើនឡើង​ទៅវិញ៕

  • វិធីស្ងោរស៊ុតឱ្យនៅជ័រព្នៅតាមចិត្តចង់

    វិធីស្ងោរស៊ុតឱ្យនៅជ័រព្នៅតាមចិត្តចង់

    អ្នកណាថា ការស្ងោស៊ុតឱ្យស៊ុតក្រហមនៅជ័រព្នៅតាមចិត្តចង់បានជារឿងពិបាកនោះ ថ្ងៃនេះយើងមាន វិធីងាយៗមកជម្រាបជូនដូចខាងក្រោម ៖

    គ្រាន់តែយកអំបិល-ស មួយស្លាបព្រាបាយមកដាក់ក្នុងទឹកដែលត្រូវស្ងោរស៊ុតនោះ ហើយដាក់ដាំលើភ្លើងឱ្យក្តៅ បន្ទាប់ពីនោះក៏ដាក់ស៊ុតចូលទៅ ហើយចាប់ផ្តើមរាប់នាទី គឺ 2នាទី ស៊ុតក្រហមនៅជ័រព្នៅបែបរាវ 4នាទី ស៊ុតក្រហមនៅជ័រព្នៅបែបខាប់ 6 នាទី ស៊ុតក្រហមនៅជ័រព្នៅបែបទន់។ នៅពេលចង់បានបែបណាហើយ សូមស្រង់ឡើង ហើយយកទៅត្រាំក្នុងទឹកត្រជាក់ភ្លាមតែប៉ុណ្ណឹង យើងនឹងបានស៊ុតស្ងោរដែលស៊ុតក្រហមនៅជ័រព្នៅតាមចិត្តចង់បាន​មក​ញ៉ាំមិនខាន៕

  • វិធី 7 យ៉ាងបញ្ចុះជាតិស្ករ បន្ថយរោគា

    វិធី 7 យ៉ាងបញ្ចុះជាតិស្ករ បន្ថយរោគា

    ទោះជារសជាតិផ្អែមជួយបង្កើនភាពឈ្ងុយឆ្ងាញ់ដល់ម្ហូបអាហារក៏ដោយ តែបើបរិភោគក្នុងបរិមាណច្រើននឹងធ្វើឱ្យកើតរោគធាត់ រោគបេះដូង និងរោគលើសឈាមបាន ដូច្នេះវិធីងាយបំផុត និងឃើញលទ្ធផលល្អបំផុតក្នុងការសម្រកទម្ងន់ និងថាមពលគឺកាត់បន្ថយការទទួលទានស្ករចុះបន្តិចម្តងៗ ដូចជា បន្ថយបរិមាណស្ករនៅក្នុងទឹកតែ កាហ្វេ ឬអាចប្រើស្ករសិប្បនិមិត្ត និងចៀសវាងអាហារដែលមានស្ករច្រើន ដោយវិធីដូចខាងក្រោមនេះ៖

    1. កុំភ្លេចខ្លួនជឿពាក្យឃោសនាថា វាជា “ស្ករសុខភាព” ព្រោះមិនថាជាស្ករប្រភេទណាក៏ដោយ ក៏សុទ្ធតែផ្តល់នូវថាមពលស្មើគ្នាទាំងអស់ ។
    2. ទទួលទានផ្លែឈើជំនួសនំ ឬបង្អែម ព្រោះផ្លែឈើមានវិតាមីន សារធាតុរ៉ែ និងមានកាកសរសៃដែលជួយ ឬពន្យារការបឺតជ្រាបជាតិស្ករទៅក្នុងរាងកាយ និងខាបូហាយដ្រេតដែលជាមូលហេតុរបស់រោគធាត់ និងគួរចៀសវាងញ៉ាំទឹកផ្លែឈើកំប៉ុង ព្រោះនឹងទទួលបានជាតិស្ករលើសពីតម្រូវការ ។
    3. បន្ថយ ឬកម្ចាត់ខាបូហាយដ្រេតបំប្លែង ពពួកនំប៉័ង និងនំបេឃើរីដែលនឹងប្រែក្លាយទៅជាស្ករនៅក្នុងឈាមបានលឿនប្រហាក់ប្រហែលគ្នានឹងការញ៉ាំ គ្លុយខូសដែរ ក្រៅពីនេះខាបូហាយដ្រេតដែលសល់ពីការប្រើប្រាស់នឹងត្រូវប្រមូលសន្សំជា Triglyceride ជាខ្លាញ់ដែលរាងកាយរក្សាទុកជាស្បៀង ។
    4. ប្រយ័ត្នអាហារចម្អាបគ្មានជាតិខ្លាញ់ តាមរយៈការជឿខុសៗដែលថា បើអាហារគ្មានជាតិខ្លាញ់ នឹងមិនធ្វើឱ្យធាត់ទេការពិតវិញ អាហារគ្មានជាតិខ្លាញ់ នៅមានស្ករ និងបរិមាណកាឡូរីខ្ពស់ផងដែរ ។
    5. អានស្លាកណែនាំរបស់អាហារដើម្បីរកមើលជាតិស្ករ និងជាតិខ្លាញ់មិនល្អ សម្រាប់អ្នកដែលកើតរោគទឹកនោមផ្អែម អាចប្រើប្រាស់សារធាតុផ្អែមប្រភេទផ្តល់ថាមពលតិច ដែលច្រើនមានបញ្ជាក់នៅលើស្លាកអាហារថា “គ្មានជាតិស្ករ” ឬ “Sugar free” ។
    6. ប្រយ័ត្នការប្រើសារធាតុផ្តល់ជាតិផ្អែមសិប្បនិមិត្ត ឬសារធាតុជំនួសភាពផ្អែមច្រើនលើសកំណត់ ព្រោះអាចធ្វើឱ្យរាងកាយកើតមានភាពចង់ញ៉ាំស្ករ ឬខាបូហាយដ្រេតកាន់តែខ្លាំងឡើង ។
    7. គណនាបរិមាណជាតិស្ករដោយអានព័ត៌មានភោជនាហារដែលបង្ហាញពីបរិមាណជាតិស្ករទាំងអស់ជាក្រាម រួចចែកជា 4 នឹងបានស្មើនឹងចំនួនជាតិស្ករដែលយើងញ៉ាំចូលទៅជារង្វាស់ស្លាបព្រាកាហ្វេ៕

  • ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

    ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

    មិនគួរឲ្យជឿសោះ!!! កូននឹងរៀនពូកែ ប្រើប្រាស់ភាសា និងសម្ដីសំដៅល្អឥតខ្ចោះ ជាអ្នកអានដ៏ប៉ឹនប្រសប់ ថែមទាំងចេះសម្របខ្លួនបានគ្រប់ស្ថានការណ៍ សមត្ថភាពទាំងអស់នេះអាចកើតឡើងបានយ៉ាងងាយ ដោយគ្រាន់តែឲ្យកូនបានញ៉ាំបាយពេលល្ងាចនៅក្នុងផ្ទះជុំគ្នាជាមួយលោកឪពុកអ្នកម្តាយប៉ុណ្ណោះ…តើពិតមែនឬ?

    គឺជារឿងពិត…លទ្ធផលនៃការសិក្សាវិភាគ 5យ៉ាងនៅក្នុងប្រទេសសហរដ្ឋអាមេរិក បានរកឃើញថា ៖
    1. កុមារដែលមកពីក្រុមគ្រួសារដែលតែងតែទទួលទានបាយជុំគ្នាជាញឹកញាប់នោះ នៅពេលធំឡើងច្រើនតែមិនសូវមានបញ្ហារឿងជក់បារី ផឹកស្រា សេពគ្រឿងញៀន មានសម្ព័ន្ធភាពផ្លូវភេទមុនវ័យ ឬកើតរោគស្រពាប់ស្រពោន គិតខ្លីចង់ធ្វើអត្ថឃាតដូចកុមារដែលមិនដែលញ៉ាំបាយជុំគ្នាជាមួយឪពុកម្តាយនោះឡើយ ។

    2. កុមារដែលបានញ៉ាំបាយជួបជុំគ្នា ដោយមានលោកប៉ាជាអ្នកអង្គុយនៅក្បាលតុ នឹងធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្តៅកាន់តែខ្លាំងឡើង មានការនិយាយពិគ្រោះគ្នា ផ្តល់នូវការណែនាំពីទង្វើនៃការហូបចុកដែលល្អត្រឹមត្រូវ ធ្វើឲ្យមានសុជីវធម៌ក្នុងការបរិភោគ ពេលធំឡើងកុមារថែមទាំងមានសញ្ញាថាអាចនឹងក្លាយជាអ្នកអានដ៏ពូកែម្នាក់ទៀតផង។

    3. កុមារដែលលោកឪពុកអ្នកម្តាយបានចូលរួមទទួលទានបាយជាមួយ នឹងមានលទ្ធផលការរៀន និងជំនាញការប្រើភាសាទំនាក់ទំនងល្អជាងកុមារ ដែលមិនបានញ៉ាំបាយរួមជាមួយឪពុកម្តាយ និងថែមទាំងមិនសូវមានបញ្ហារឿងកើតរោគធាត់ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់ការវិវឌ្ឍទៀតផង ។

    4. ពេលឈានចូលទៅរកវ័យត្រៀមជំទង់ (ជិតស្ទាវ) កុមារនឹងមិនសូវមានបញ្ហារឿងសុខភាព ឬប្រថុយប្រថាននឹងទង្វើខុសប្រក្រតីខាងការហូបចុក ដូចជា មិនញ៉ាំអាហារ ញ៉ាំកាន់តែតិច ព្យាយាមសម្រកទម្ងន់ដោយថ្នាំ (ចំពោះកូនស្រី) ពឹងបារីបញ្ចុះទម្ងន់ ឬក្អួតក្រោយពេលបាយជាដើម ព្រោះការទទួលទានអាហារជុំគ្នានឹងធ្វើឲ្យកើតមានការយកចិត្តទុកដាក់ក្នុងរឿងបរិភោគ អាចសង្កេតឃើញបានឆាប់រហ័ស បើកូនមានអាការខុសប្រក្រតីណាមួយ លោកឪពុកអ្នកម្តាយនឹងកែបញ្ហាបានទាន់ពេលវេលា ។

    5. កុមារនឹងចេះសម្របខ្លួនតាមស្ថានភាពជុំវិញខ្លួនបានយ៉ាងល្អ បានឃើញភាពជាធ្លុងមួយ បាននៅជាក្រុមជុំគ្នា
    កុមារនឹងគិតបែបនេះរហូតដល់ធំក្លាយជាមនុស្សចាស់ ដូច្នេះហើយទើបបងប្អូនដែលធ្លាប់អង្គុយញ៉ាំបាយរួមតុជាមួយគ្នានៅតែមានទំនាក់ទំនងនឹងគ្នា ហើយជិតដិត ស្និទ្ធស្នាលនឹងគ្នារហូតដល់ពេលធំឡើងហ្នឹងឯង ។

    ចុះបើមិនបានទទួលទានបាយជុំគ្នាវិញនោះ…? កុមារអាចមានបញ្ហាក្នុងការរសនៅទាំងនៅផ្ទះ និងនៅសាលារៀន អាចចេះផឹកស្រាមុនអាយុ សេពគ្រឿងញៀនឬអាចមានទង្វើខាងការបរិភោគដែលខុសពីប្រក្រតី។ អ្នកស្រី បារ៏បារ៉ា ហ្វ៊ីស អ្នកវីភាគ និងជាសាស្ត្រាចារ្យមហាវិទ្យាល័យអ៊ីលលីណយស៍ បានចង្អុលបង្ហាញថា ទោះជាមិនមានពេលវេលាទទួលទានអាហារជុំគ្នាបានរាល់ថ្ងៃក៏ដោយ តែយ៉ាងហោចណាស់គួររៀបចំឲ្យបាន 3ដងក្នុងមួយសប្តាហ៏ សុខភាពដ៏ល្អទាំងកាយ និងចិត្តរបស់កុមារក៏អាចកើតមានឡើងបានដែរ៕

  • ចំណេះដឹងស្រ្តីមេផ្ទះ៖ ការរក្សាទុកសាច់ជ្រូក

    ចំណេះដឹងស្រ្តីមេផ្ទះ៖ ការរក្សាទុកសាច់ជ្រូក

    ការថែរក្សាសាច់ជ្រូកដើម្បីទុកសម្រាប់ធ្វើម្ហូបឲ្យបានយូរនោះ គួររក្សាទុកនៅក្នុងកន្លែងកកក្នុងទូទឹកកក តែពេលយកចេញមកដើម្បីធ្វើម្ហូប សាច់ជ្រូកដែលកកមួយដុំធំនោះ ពិបាកកាត់យកតាមតម្រូវការខ្លាំងណាស់ ឬបើមិនដូច្នោះទេក៏ត្រូវរង់ចាំយូរណាស់ទំរាំតែវាទន់វិញ ឬពេលខ្លះប្រញាប់ផងនោះ ក៏យកទៅដាក់ត្រាំក្នុងទឹកធ្វើឲ្យសាច់ជ្រូកបាត់បង់គុណប្រយោជន៍ខាងអាហារអស់ ដូច្នេះពេលទិញសាច់ជ្រូកមកហើយ គួរលាងឲ្យស្អាត រួចកាត់ជាដុំៗធំល្មមទុកសម្រាប់ធ្វើម្ហូបមួយពេលៗទុកជាស្រេច បន្ទាប់មកដាក់ក្នុងថង់ផ្លាស្ទិកដោយឡែកពីគ្នា រួចយកទៅដាក់ក្លាស់សេទុកនៅក្នុងទូទឹកកក ។ នៅពេលត្រូវធ្វើម្ហូបក៏យកចេញមកទុកឲ្យបាត់កកត្រឹមចំនួនដែលត្រូវការ ឬបើប្រញាប់អាចដាក់ត្រាំទឹកបាន តែចូរត្រាំទាំងថង់ផ្លាស្ទិក…ធ្វើបែបនេះពិតជាងាយស្រួលមែន៕

  • គួរធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យកូនមានខួរក្បាលឆ្លាតវាងវៃ?

    គួរធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យកូនមានខួរក្បាលឆ្លាតវាងវៃ?

    តើអ្នកម្តាយដឹងទេថា ការវឌ្ឍន៍នៃខួរក្បាលរបស់កូនតូចប្រព្រឹតុ្តទៅយ៉ាងដូចម្ដេច? ការវិវឌ្ឍន៍របស់ខួរក្បាលកូនក្នុងអំឡុងពេល 1,000ថ្ងៃដំបូងនៃជីវិត គឺជាអំឡុងពេលមួយដែលសំខាន់ជាទីបំផុត ព្រោះជាអំឡុងពេលដែលខួរក្បាលកូនតូចមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុត។ 1,000 ថ្ងៃ ចាប់តាំងពីថ្ងៃដំបូងនៃការចាប់បដិសន្ធិនៅក្នុងគភ៌រហូតមកដល់អាយុ 2 ឆ្នាំ អ្នកម្តាយអាចសាងគ្រឹះ និងកំណត់សក្តានុពលដល់ខួរក្បាលរបស់កូនបាន ទាំងអស់នេះគឺដើម្បីអនាគតដ៏ល្អរបស់កូនតូច។ ខួរក្បាលរបស់កូនតូចមានអង្គប្រកប 3 បច្ច័យគោលគឺ ៖

    1 . តំណពូជ ដែលបានទទួលតមកពីលោកឪពុក និងអ្នកម្តាយដោយត្រង់
    2 . ការចិញ្ចឹមមើលថែ ដែលនឹងតភ្ជាប់ទៅដល់រឿងរបស់សភាពជុំវិញខ្លួន និងការសិក្សារបស់កូន
    3 . ភោជនាហារ គឺការបានទទួលអាហារដែលល្អ និងមានគុណភាព

    បើលោកឪពុកអ្នកម្តាយចង់ឱ្យកូនឆ្លាត និងមានខួរក្បាលវាងវៃ គួរបង្កើន និងជំរុញការវិវឌ្ឍន៍របស់កូនឱ្យស័ក្តិសមនឹងវ័យដូចជា ការបើកឱកាសឱ្យកូនបានលេង ឬធ្វើកិច្ចការងារផ្សេងៗដោយខ្លួនឯង ដោយមានលោកឪពុកអ្នកម្តាយនៅចាំជួយ និងណែនាំ រួមទាំងគួរយកចិត្តទុកដាក់មើលថែទាំចិញ្ចឹមកូនតូចយ៉ាងយកចិត្តទុកដាក់ឱ្យស្ថិតក្នុងស្ថានភាពជុំវិញខ្លួនដែលល្អ ដើម្បីឱ្យកូនបានទទួលការជំរុញ និងការហ្វឹកហាត់ជំនាញផ្នែកផ្សេងៗយ៉ាងជាប់លាប់ និងបន្តបន្ទាប់ ដោយសារតែការធ្វើកិច្ចការងារផ្សេងៗរបស់កុមារនោះ ប្រកបទៅដោយការធ្វើការរបស់ខួរក្បាលច្រើនចំណែកដែលធ្វើការភ្ជាប់តគ្នាយ៉ាងស្មុគស្មាញ ដូចជា ការទទួលស្តាប់ពាក្យបញ្ជា ភ្នែកសម្លឹងក្រដាសតរូប ប្រើម្រាមដៃចាប់យកចំណែកផ្សេងៗមកផ្គុំគ្នាជាដើម ។

    ដូច្នេះទើបអាចនិយាយបានថា អ្នកម្តាយក៏មានចំណែកសំខាន់ដែលអាចបំពេញនាទីមើលថែ និងបង្កើនការអភិវឌ្ឍន៍ខួរក្បាលរបស់កូនបានតាំងពីថ្ងៃដំបូងនៃការមានគភ៌រហូតដល់ 1,000 ថ្ងៃដំបូង ជារយ:ពេលដែលខួរក្បាលវិវឌ្ឍន៍យ៉ាងលឿនបំផុត។ ក្រៅពីនេះរឿងភោជនាហារល្អៗក៏ជារឿងសំខាន់ដែលអ្នកម្តាយមិនអាចប្រហែសបានជាដាច់ខាត ដើម្បីឱ្យអាហារក្លាយជាអង្គប្រកបមួយដែលជួយបង្កើនខួរក្បាលកូនក្នុងអំឡុងពេលដែលខួរក្បាលវិវឌ្ឍលឿនបំផុតនេះ៕

  • ស្រឡាញ់គ្នាបែបណា ឱ្យគូស្នេហ៍ផ្សេងទៀតនឹកច្រណែន?

    ស្រឡាញ់គ្នាបែបណា ឱ្យគូស្នេហ៍ផ្សេងទៀតនឹកច្រណែន?

    សេចក្តីស្នេហាត្រូវប្រើពេលវេលាជាគ្រឿងពិសោធន៍ថា តើមនុស្សម្នាក់នោះ គេត្រៀមខ្លួននឹងមើលថែទាំ និងយកចិត្តទុកដាក់លើយើងច្រើន ឬតិចប៉ុនណាទៅ? ព្រោះពេលវេលាចំពោះមនុស្សម្នាក់ៗដែលត្រូវសិក្សាមើលចិត្តមើលថ្លើមគ្នានោះ មិនដូចគ្នា ហើយក៏មិនស្មើគ្នាដែរ ដូច្នេះហើយ តើយើងត្រូវធ្វើយ៉ាងណាទៅ ដើម្បីឱ្យសេចក្តីស្នេហារបស់យើងទាំងពីរនាក់ នៅតែស្រឡាញ់គ្នាដូចពីដើម ដោយគ្មានពេលវេលា ឬភាពចន្លោះប្រហោង ចូលមកធ្វើឱ្យអ្នកទាំងពីរកើតមានជម្លោះឡើងនោះ?

    – ធ្វើដូចជាទើបនឹងចាប់ផ្តើមស្គាល់គ្នាថ្មីៗ មិនថាតែអ្នកទើបតែរៀបការជាមួយគ្នាមក 6ខែ ឬ 6ឆ្នាំហើយក៏ដោយ ចូរសាក
    ល្បងរកពេលវេលារឹតចំណងអាពាហ៍ពិពាហ៍ ដោយការបន្លំធ្វើហាក់ដូចជាទើបនឹងស្គាល់គ្នាថ្មីៗម្តងទៅមើល៍ ដើម្បីជាការបញ្ជាក់បន្ថែមពីចំណងស្នេហ៍បានយ៉ាងល្អ។

    – ខ្សែភាពយន្តស្នេហារ៉ូមែនទិកអាចបំផ្លាញជីវិតស្នេហ៍របស់អ្នកបាន នៅពេលណាដែលអ្នកអារម្មណ៍ថា ជីវិតស្នេហ៍របស់
    អ្នកប្រព្រឹត្តទៅមិនដូចនៅក្នុងខ្សែភាពយន្តស្នេហាដែលអ្នកពេញចិត្តនោះ ពេលនោះយើងសូមប្រាប់ថា ជីវិតស្នេហ៍របស់អ្នកចាប់ផ្តើមមានបញ្ហាហើយ។
    – ទ្រឹស្តីភាពទាក់ទាញខាងរូបកាយ ឬរូបសម្ផស្សមិនអាចប្រើការបានរហូតនោះទេ ដឹងទេថា ពេលខ្លះការរស់នៅជាមួយមនុស្សដែលមានរូបសម្ផស្សធម្មតាៗ គ្មានអ្វីលេចធ្លោជាពិសេសនោះគឺជា កូនសោរឆ្ពោះទៅរកសម្ព័នភាពដ៏យូរអង្វែង។
    – ស្នេហាមួយនេះមិនរាប់អានស្រាទេ ទោះជារស់នៅចូលគ្នាចុះប៉ុនណាក៏ដោយ ព្រោះគូស្នេហ៍ខ្លះចប់កណ្តាលទីដោយសាតែស្រាក៏មាន។
    – ចូរប្រើធម៌ត្រជាក់ បើសិននៅសុខៗ ស្រាប់តែស្វាមី ឬភរិយារបស់អ្នកក្តីមួម៉ៅក្រេវក្រោធយ៉ាងខ្លាំង ពេលត្រឡប់មកដល់ផ្ទះនិយាយឡូឡារករឿងឥតឈប់ ជំនួសឱ្យការលេងខ្លាំងៗតបទៅវិញនោះ សូមអ្នកសាកល្បងគិតថា គាត់ច្បាស់ជាមានបញ្ហាពីកន្លែងណាមួយមកហើយបានជាមួម៉ៅក្តៅក្រហាយខ្លាំងបែបនេះ។
    – លេងធ្វីតធើរ៍មានកំណត់ ព្រោះតាមរយៈលទ្ធផលរបស់ការពិនិត្យនៅលើមនុស្សជាច្រើនម៉ឺននាក់ បានសង្កេតឃើញថាបណ្តាពួកអ្នកចូលចិត្តលេងធ្វីតធើរ៍ទាំងឡាយ ច្រើនតែមានជីវិតអាពាហ៍ពិពាហ៍មិនស្ថិតស្ថេរយូរអង្វែង។
    – ភាពស្មើភាគក្នុងជីវិតគូ ព្រោះពេលនេះនារីៗនិយមមានផ្នត់គំនិតដែលគិតថា បុរស និងស្រ្តីស្មើភាពគ្នា មានសិទ្ធិ និងតួនាទីក្នុងកម្រិតដូចគ្នានោះ កំពុងតែប្រែក្លាយទៅជាភាពរ៉ូមែនទិកថ្មីមួយទៀតដែលនារីយុគសម័យនេះត្រូវការ។
    – បញ្ឈប់ទង្វើធ្វើត្រាប់តាមគេ មិនថាដឹងខ្លួន ឬមិនដឹងខ្លួនក៏ដោយ ពេលមនុស្សយើងខ្លះឃើញមិត្តភ័ក្តិជិតស្និទ្ធលែងលះគ្នាជាមួយគូស្នេហ៍នោះ 75% របស់មនុស្សស្រីហ៊ាននឹងពោលពាក្យសុំលែងពីគូស្នេហ៍របស់ខ្លួនដែរ។
    – កាន់តែញឹកញាប់ កាន់តែល្អ ជនជាតិអាមេរិកទូទៅច្រើនមានសិច 2 – 3ដងក្នុង 1ខែ តែប្រទេសយើងកុំយកធ្វើជាគំរូអី
    ព្រោះរឹតតែមានសិចញឹកញាប់ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងរឹតតែស្អិតល្មួតឡើងយ៉ាងពិតប្រាកដ ជឿចុះ!៕

  • ហេតុ​អី​បាន​សត្វ​ពស់​ចូលចិត្ត​លាន​អណ្តាត​ភ្លែតៗ​?

    ហេតុ​អី​បាន​សត្វ​ពស់​ចូលចិត្ត​លាន​អណ្តាត​ភ្លែតៗ​?

    អ្នក​ប្រហែលជា​ធ្លាប់​បាន​ឃើញ​សត្វ​ពស់​នៅតាម​សួនសត្វ​ទាំងឡាយ ច្រើន​តែ​នឹក​ស្រៀវ​ស្ញើប​នៅពេល​មើល​ឃើញ​សត្វ​ល្មូ​ន​ប្រភេទ​នេះ ​ចូល​ចិត្ត​តែ​លាន​អណ្តាត​ចេញមក ព្រមទាំងរ​លាស់​ភ្លែតៗ​នោះ និង​ប្រហែលជា​នាំគ្នា​គិតថា ច្បាស់​ជា​វា​កំពុង​ត្រៀម​ខ្លួន​ប្រុង​ចឹក​អ្វីមួយ​ដែល​មិន​បាន​ប្រយ័ត្ន​ខ្លួន​ហើយ​មើលទៅ​។​

    ​តែ​លោក​អ្នកដឹង​ទេ​ថា ទោះ​ជា​អណ្តាត​របស់​វា​ដែល​លាន​ចេញមក​ភ្លែតៗ​រហ័ស​គួរឱ្យខ្លាច​បែបនេះ​មែន តែ​គ្មាន​ពិសពុល ឬ​គ្រោះថ្នាក់​អ្វី​ទាំងអស់ ព្រោះ​សត្វ​ពស់​មិនមែន​ប្រើ​អណ្តាត​ដែល​ខាងចុង​បែក​ចេញ​ជា​ពីរ​នោះ​ធ្វើ​ជា​អាវុធ​នោះទេ​។​ ការពិត​សម្រាប់​សត្វ​ពស់ អណ្តាត​គឺជា​អវយវៈ​ដែល​ផ្តល់​ឱ្យ​វា​នូវ​អារម្មណ៍ អណ្តាត​ជួយ​ឱ្យ​ពស់​ស្វែងរក​ប្រភព​អាហារ​ ខណៈពេល​ដែល​វា​លូន​វារ​ទៅ​តាម​ផ្លូវ អណ្តាត​ដែល​លាន​ចេញ​ទៅ​នោះ​នឹង​នាំ​កម្ទេចតូចៗ​របស់​សារធាតុ​ម្យ៉ាង​ចេញទៅ​ដែល​ធ្វើឱ្យ​ពស់​អាច​ហឹតក្លិន ឬ​ភ្លក់​រសជាតិ​ត្រឡប់​មក​វិញ​ដើម្បី​ជំរុញ​ឱ្យ​វា​ដឹងថា តើ​មាន​ប្រភព​អាហារ​នៅក្បែរ​នោះ​ឬ​​ក៏​អត់​?