Category: សង្គម និងសេដ្ឋកិច្ច

  • សាប៊ូដុំប្រើហើយនៅសល់តូចៗ កុំបោះចោល ព្រោះនៅមានប្រយោជន៍ច្រើន!

    សាប៊ូដុំប្រើហើយនៅសល់តូចៗ កុំបោះចោល ព្រោះនៅមានប្រយោជន៍ច្រើន!

    ដុំសាប៊ូតូចៗដែលនៅសល់ពីការប្រើប្រាស់យូរមកហើយនោះ ច្រើនតែក្លាយជាវត្ថុមួយដែលបងៗស្រ្តីមេផ្ទះតែងយកទៅបោះចោលក្នុងធុងសំរាម ព្រោះយកទៅប្រើការអ្វីទៀតក៏លែងបាន ពិបាកចាប់កាន់ ឬមិនសូវមានពពុះ ជាដើម។ តែឈប់សិន! ថ្ងៃនេះឡារ៉ែនមានវិធីជួយបង្កើនប្រយោជន៍របស់ដុំសាប៊ូតូចៗទាំងនោះដោយវិធីដូចខាងក្រោមនេះ។

    – បន្ទន់ស្បែកជើងធ្វើពីស្បែកឱ្យទន់ងាយស្រួលពាក់

    អ្នកណាដែលកំពុងពិបាកចិត្តរឿងស្បែកជើងកែងចោតរឹងៗកកិតនឹងកែងជើងធ្វើឱ្យឈឺរហូតដល់លែងចង់ពាក់នោះ បញ្ហានេះមិនពិបាកកែទេ គ្រាន់តែយកដុំសាប៊ូតូចៗដែលលែងប្រើហើយនោះមកដុសនៅផ្នែកខាងក្នុងរបស់ស្បែកជើង ជាពិសេសត្រង់កន្លែងដែលកកិតនឹងកែងជើងនោះ សាប៊ូនឹងជួយសម្រួលសភាពស្បែករបស់ស្បែកជើងឱ្យទន់បាន និងលែងរឹងកកិតរហូតធ្វើឱ្យពងបែកឈឺផ្សារទៀតហើយ។

    – បន្តក់ដាក់ត្រចៀកទ្វារ ជួយកាត់បន្ថយសំឡេងសង្កៀតគ្នា

    ទ្វារផ្ទះ ឬទ្វារបន្ទប់របស់អ្នកណាដែលមានលាន់ឮសំឡេងង៉ឺតង៉តគួរឱ្យរំខានពេលបើក-បិទម្ដងៗនោះ ចូរយកដុំសាប៊ូតូចៗដែលលែងប្រើហើយនោះទៅត្រាំទឹក ហើយយកមកដុសនៅត្រង់ត្រចៀកទ្វារឱ្យសព្វ ឬយកកម្ទេចសាប៊ូលាយជាមួយទឹក ហើយយកមកបន្តក់លើត្រចៀកទ្វារដែលមានឮសំឡេងនោះ តែប៉ុណ្ណឹងអាសំឡេងង៉ឺតង៉តនោះក៏នឹងបាត់អស់ជាមិនខាន។

    – បំបាត់ក្លិនអាប់នៅក្នុងកាបូប ឬទូសម្លៀកបំពាក់

    យកដុំសាប៊ូតូចៗដែលលែងប្រើហើយខ្ចប់ដោយក្រណាត់ស្បៃដាក់ចូលទៅក្នុងកាបូបដាក់ខោអាវ ឬយកទៅដាក់នៅត្រង់ជ្រុងណាមួយក្នុងទូខោអាវ ក៏នឹងជួយកម្ចាត់បញ្ហារឿងធំក្លិនអាប់បានដែរ។

    – ស្រោបដែកគោល ការពារពេលដំទៅបែកឈើ

    បើចង់ឱ្យដែកគោលងាយស្រួលដំក្នុងការងារជួសជុលផ្ទះ ឬការងារធ្វើតុកៅអីផ្សេងៗនោះ ចូរសាកល្បងយកដុំសាប៊ូតូចៗទាំងនោះមកដុសលាបនៅលើចុងដែកគោលដើម្បីស្រោបឱ្យរអិលនឹងកាន់តែងាយស្រួលដំបញ្ចូល និងថែមទាំងមិនធ្វើឱ្យបែកសាច់ឈើដែលយើងប្រើការនោះទៀតផង។

    – ជួយប្រមូលសម្អាតកម្ទេចកញ្ចក់ ឬកែវបែក

    បើសិនមានបែកកែវ ឬកញ្ចក់ ហើយមានកម្ទេចកែវល្អិតៗដែលមិនអាចមើលឃើញដោយភ្នែកទទេបាននោះ បងៗស្រ្តីមេផ្ទះអាចប្រមូលសម្អាតឱ្យស្អាតបានដោយដុំសាប៊ូតូចៗទាំងនោះ ដោយគ្រាន់តែយកវាមកដុស និងផ្ដិតថ្នមៗនៅលើកម្រាលឥដ្ឋឱ្យសព្វកន្លែង តែប៉ុណ្ណឹងកម្ទេចកែវល្អិតៗទាំងនោះនឹងចូលមកនៅក្នុងដុំសាប៊ូអស់ មិនមាននៅសល់នាំឱ្យមុតដៃ មុតជើងឡើយ។

    – កែបញ្ហាខ្សែរូតពិបាករូត

    មនុស្សជាច្រើនតែងជួបបញ្ហារឿងខ្សែរូតតឹង ពិបាករូត និងជាប់គាំងរហូតដល់ចង់តែបោះខោ-អាវ ឬកាបូបដែលប្រើខ្សែរូតនោះចោលតែម្ដង តែបញ្ហានេះនឹងបាត់អស់មិនខាន បើសិនជាបងៗស្រ្តីមេផ្ទះយកដុំសាប៊ូដែលលែងប្រើហើយនោះមកដុសលើខ្សែរូតសំពត់-ខោ-អាវ ឬកាបូបនោះឱ្យសព្វ បន្ទាប់មករូតថ្នមៗម្ដងបន្តិចៗ មួយស្របក់ក្រោយមក ខ្សែរូតដែលធ្លាប់តែតឹង ពិបាករូត និងគាំងៗនោះ នឹងរូតឡើងចុះបានយ៉ាងងាយស្រួលមិនខាន និងបន្ទាប់ពីនោះ កុំភ្លេចលាងសម្អាតកំណកសាប៊ូចេញផង។

    ពេលអានចប់ហើយ បងៗស្រ្តីមេផ្ទះជាច្រើននាក់អាចនឹងមិនធ្លាប់នឹកគិតឡើយថា ដុំសាប៊ូតូចៗដែលយើងប្រុងបោះចោលនោះនៅមានប្រយោជន៍ច្រើនបែបនេះសោះ ដូច្នេះបើអ្នកណាប្រើសាប៊ូដុំហើយនៅសល់តូចៗនោះ ចូរប្រមូលទុកក្នុងកំប៉ុង ឬដាក់ក្នុងដបមាត់ធំដែលមានគម្របបិទជិត ហើយទុកដាក់មួយកន្លែង ពេលជួបនឹងបញ្ហាដូចខាងលើ ចូរសាកល្បងយកវាមកប្រើសាកមើល ធានាថា មិនខុសបំណងឡើយ ចា៎ស៕

  • បារមី ដាក់មួយបទពីរោះខ្លាំង ជាស្នាដៃលើកកម្ពស់អក្សរសិល្បិ៍ខ្មែរដោយប្រយោល

    បារមី ដាក់មួយបទពីរោះខ្លាំង ជាស្នាដៃលើកកម្ពស់អក្សរសិល្បិ៍ខ្មែរដោយប្រយោល

    ស្នាដៃបទចម្រៀងថ្មីមួយបទរបស់តារាចម្រៀងថ្មីសន្លាងលោក បារមី ទើបបានរំលេចខ្លួនឡើងក្រោមចំណងជើងថា ទសក័ណ្ឋ ដែលជាឈ្មោះរបស់ស្តេចយក្សក្នុងរឿងរាមកេរ្តិ៍ ជាស្នាដៃអក្សរសិល្បិ៍របស់ខ្មែរ ដែលនេះជាការលើកយកមកបង្ហាញដល់ទស្សនិកដោយប្រយោល ដើម្បីលើកស្ទូយអក្សរសិល្បិ៍ខ្មែរឱ្យកាន់តែសំបូរបែបថែមទៀត។

    បទចម្រៀង«ទសក័ណ្ឋ» ជាបទចម្រៀងមួយនិយាយពីបុរសម្នាក់ចាប់ចិត្តទៅលើនារីម្នាក់ តែដោយនារី​ម្នាក់នោះមានសង្សារទៅខ្លួន រូបគេបានប្រៀបខ្លួនឯងទៅនឹងទសក័ណ្ឋ មានចិត្តស្រលាញ់ទៅលើសីតា និងដណ្តើមសីតាមក។ ជាមួយនឹងសម្លេងដង្ហើយហៅថា ខ្លួនជាមនុស្សឬស្សាក៏ស្នេហ៍ចរណៃដែរ។ នៅក្នុងសាច់រឿងនេះ ក៏ចង់បង្ហាញដល់ទស្សនិកជនមកដឹងពីមូលហេតុថា ហេតុអ្វីបានជាមនុស្សអាក្រក់ហ៊ានដណ្តើមមនុស្សដែលគេស្រលាញ់ពេញបេះដូងមកខ្លួន តែគេពិតជាមិនបានដឹងពីជម្រៅបេះដូងនៃមនុស្សអាក្រក់ដែលស្រលាញ់តួស្រី សុខចិត្តហ៊ានដណ្តើមយកមករក្សា​ដោយគ្មានរអាពីពាក្យអ្នកដទៃ ដែលនេះគឺផ្តើមចេញពីចិត្តស្រលាញ់នេះឯង។

    សូមបញ្ជាក់ថា បទចម្រៀងថ្មីនេះ គឺជាទឹកដៃនិពន្ធយ៉ាងចំណាន ពីកវីនិពន្ធលោក ស៊ុំ សុរិយ ដែលលោកបានបញ្ជាក់ថា ដោយចិត្តស្រលាញ់ និងចង់លើកយកស្នាដៃអក្សរសិល្បិ៍ខ្មែរជាពិសេសល្ខោនខោល តួយ៉ាងក្នុងរឿង រាមកេរ្តិ៍នេះមកផ្សព្វផ្សាយ។

    សូមបញ្ជាក់ថា នេះគឺជាបទចម្រៀងទី២ហើយរបស់ កសិណ Entertainment ដែលជាក្រុមចម្រៀងមួយផលិតឡើងក្នុងហេតុផលនៃក្តីស្រលាញ់ ក្រោមពាក្យស្លោកមួយគឺ សាក្សីនៃអារម្មណ៍របស់លោកអ្នក ដែលបទចម្រៀងទាំងអស់ ពីក្រុនេះ នឹងផ្តោតសំខាន់ទៅលើរឿងពិតដែលកើតពីអារម្មណ៍របស់ទស្សនិកជន។ នៅក្នុងនោះដែរ ទស្សនិកជនក៏អាចផ្ញើសាច់រឿងពិត ដើម្បីក្រុមផលិត នឹងផលិតបទចម្រៀងដែលត្រូវនឹងសាច់រឿងទាំងអស់នោះផងដែរ៕

  • របកគំហើញថ្មី! វត្ថុធាតុច្នៃពីសរសៃអំបោះធ្វើអំពីរោមសត្វ អាចចងចាំរូបរាងដើមរបស់ខ្លួន (វីដេអូ)

    របកគំហើញថ្មី! វត្ថុធាតុច្នៃពីសរសៃអំបោះធ្វើអំពីរោមសត្វ អាចចងចាំរូបរាងដើមរបស់ខ្លួន (វីដេអូ)

    ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Harvard បានអភិវឌ្ឍដោយជោគជ័យនូវវត្ថុធាតុដែលមានទម្រង់ជាសរសៃអំបោះ keratin មានសមត្ថភាពអាចចងចាំរូបរាងដើមរបស់វាបាន។

    នៅក្នុងសេចក្ដីប្រកាសមួយដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Nature កាលពីថ្ងៃទី6កញ្ញា ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Harvard បានឱ្យដឹងថា ពួកគេបានអភិវឌ្ឍដោយជោគជ័យនូវវត្ថុធាតុជីវសាស្ត្រមួយប្រភេទ ដែលអាចបោះពុម្ភ 3D គ្រប់ទម្រង់រូបភាព ហើយវាមានសមត្ថភាព “ចងចាំ” រូបរាងដើមរបស់វា។ អាថ៌កំបាំងគឺនៅត្រង់ធាតុ keratin ដែលជាប្រូតេអ៊ីនប្រភេទសរសៃដែលមាននៅក្នុងសក់ រោម ចំពុះ និងស្នែង។ល។

    ក្រុមអ្នកវិទ្យាសាស្ត្របានចម្រាញ់ keratin ពីសរសៃអំបោះកែច្នៃពីរោមសត្វ និងបង្កើតបានជាវត្ថុធាតុទម្រង់សរសៃដែលមានរចនាសម្ព័ន្ធតាមលំដាប់លំដោយ។

    ក្រុមអ្នកវិទ្យាសាស្ត្រខាងលើមានសង្ឃឹមថា វត្ថុធាតុថ្មីនេះនឹងអាចយកទៅប្រើនៅក្នុងវិស័យជាច្រើន រាប់ចាប់ពីវិស័យវាយនភណ្ឌ ដល់វិស័យសុខាភិបាល ព្រមទាំងជួយកាត់បន្ថយសំរាមដែលកើតចេញពីសម្លៀកបំពាក់ និងការពារបរិស្ថានផងដែរ៕

    ប្រភព៖ CNET

  • នៅពេលកូនតូចឈានចូលខែទី 7

    នៅពេលកូនតូចឈានចូលខែទី 7

    ខែទី 7

    លក្ខណៈរបស់កូនតូច

    កូនច្រើនតែគេងលក់ស្កប់ស្កល់រហូតដល់ម៉ោង 6 ព្រឹក ឬ 8 ព្រឹកតែម្ដង ពេលឈឺនោមកណ្ដាលយប់ ក្មេងខ្លះក៏មិនភ្ញាក់ដែរតែក្មេងខ្លះភ្ញាក់ និងយំបន្តិចបន្តួច រួចគេងលក់បន្ត និងក្មេងខ្លះត្រូវតែបានមឹមទឹកដោះម្ដងទៀតទើបព្រមគេងលក់បន្តទៀត។

    ការបន្ទោបង់ក្នុងវ័យនេះ ចាប់ផ្ដើមមានពេលមានវេលាហើយ អាចនឹងជុះក្នុងមួយថ្ងៃ 1 – 2 ដង ក្មេងខ្លះ 2 – 3 ដង និងក្មេងខ្លះទៀត 2 ថ្ងៃជុះម្ដង ហើយក្មេងខ្លះ 3 ថ្ងៃម្ដង អាចរហូតដល់ត្រូវដាក់ថ្នាំសុលរន្ធគូទបញ្ចុះលាមកក៏មាន តែវិធីនេះមិនគួរធ្វើឡើយបើលាមកមិនរឹងខ្លាំងនោះ។

    ក្មេងក្នុងវ័យនេះមិនគេងច្រើនដូចទម្លាប់ទេ ខណៈពេលភ្ញាក់នឹងមានអារម្មណ៍ល្អ មានពេលភ្ញាក់កាន់តែយូរឡើង ចាប់ផ្ដើមមានសេចក្ដីសុខដែលបានធ្វើចលនា បានលេងជាមួយប៉ាម៉ាក់ បានចេញទៅលេងនៅក្រៅផ្ទះ។ ចំណែករយៈពេលដែលធ្មេញដុះឡើងនឹងខុសប្លែកពីគ្នា តែភាគច្រើននៅពេលអាយុលើស 6 ខែ ច្រើនតែចាប់ផ្ដើមមានធ្មេញក្រោមខាងមុខដុះឡើងមកពីរគ្រាប់ហើយ។

    ដល់ពេលអាហារបន្ថែមហើយ

    កូនក្នុងវ័យនេះញ៉ាំបានច្រើនឡើង ព្រោះចាប់ផ្ដើមស្គាល់រសជាតិអាហារផ្សេងៗ និងចង់ញ៉ាំច្រើនឡើងហើយ។ គួរឱ្យញ៉ាំអាហារបន្ថែមដែលមានប្រូតេអ៊ីនច្រើន ដូចជា ថ្លើមមាន់កិន ស៊ុត សាច់ត្រី សណ្ដែក ហើយឧស្សាហ៍ថ្លឹងទម្ងន់មួយខែម្ដង។ បើទម្ងន់ខ្លួនកើនឡើងប្រមាណជា 300 ក្រាមឡើងទៅ បង្ហាញថា កូនធំធាត់ប្រក្រតីល្អហើយ។

    – សាច់ត្រី បើសិនជាប្រភេទត្រីដែលមានឆ្អឹងច្រើន ត្រូវប្រយ័ត្នឱ្យខ្លាំង ត្រូវបេះឆ្អឹងចេញឱ្យអស់ជាមុនសិន។

    – ថ្លើមផ្ដល់ប្រយោជន៍ច្រើនណាស់។ កូនអាចចូលចិត្តញ៉ាំថ្លើមមាន់ខ្លាំងជាងថ្លើមគោដែលរឹង និងពិបាកញ៉ាំ អ្នកម្ដាយមិនចាំបាច់ត្រូវឱ្យញ៉ាំរាល់ថ្ងៃទេ។

    – សាច់មាន់ សាច់ជ្រូក សាច់គោ បើកិនខ្លួនឯងគួរជ្រើសរើសសាច់ណាដែលទន់ផុយ កិនឱ្យម៉ដ្ឋ ព្រោះសាច់កិននៅតាមហាងច្រើនតែមានផ្នែករឹងៗលាយឡំមកជាមួយ។

    – ចំណែកស៊ុតវិញ ក្មេងអាយុតិចជាង 12 ខែ គួរឱ្យញ៉ាំតែស៊ុតក្រហមបានហើយ ចំណែកស៊ុតសច្រើនតែឱ្យចាប់ផ្ដើមញ៉ាំក្រោយអាយុបាន 12 ខែ ព្រោះពេលនោះឱកាសក្នុងការកើតមានប្រតិកម្មចាញ់ស៊ុតសនឹងមិនសូវកើតឡើងទេ។

    – បន្លែ គួរចាប់ផ្ដើមពី ល្ពៅ ត្រប់វែង មើមឆៃថាវ ដំឡូងបារាំង ការ៉ុត ព្រោះងាយស្រួលធ្វើឱ្យផុយ ចំណែកស្លឹកបាស ស្ពៃក្ដោប បើស្ងោរហូតដល់ទន់ ក៏អាចឱ្យញ៉ាំបាន និងឱ្យញ៉ាំប៉េងប៉ោះក៏ល្អដែរ។

    – ផ្លែឈើ ក្មេងអាយុលើស 6 ខែអាចញ៉ាំផ្លែឈើបានសឹងតែគ្រប់ប្រភេទហើយ ដូចជា ចេកទុំ ក្រូច ទំពាំងបាយជូរ ឪឡឹក ល្ហុងទុំ ផ្លែប៉ោម។ ផ្លែឈើទន់ៗប្រើវិធីកិន ផ្លែឈើរឹងៗប្រើវិធីកោស។ គួរចាប់ផ្ដើមឱ្យញ៉ាំតាំងពី 1 – 2 ម៉ាត់ជាមុនសិន មុននឹងបន្ថែមឡើងជាបណ្ដើរៗ។ ចំណុចដែលត្រូវប្រយ័ត្នគឺ រើសគ្រាប់ចេញឱ្យអស់ មិនដូច្នោះទេអាចនឹងធ្វើឱ្យកូនស្លាក់បាន។

    អាការដែលអាចកើតឡើង

    – នៅពេលធ្មេញដុះឡើង

    * កូនវ័យ 6 – 8 ខែ ធ្មេញក្រោមខាងមុខច្រើនតែចាប់ផ្ដើមដុះឡើងមក 2 គ្រាប់ ក្មេងខ្លះអាចដុះឡើងលឿនជាងនេះ តែក្មេងខ្លះក៏អាចយឺតដែរ ទម្រាំនឹងដុះថ្មេញក៏ជិតនឹង 1 ខួបក៏មាន តែអ្នកម្ដាយមិនគួរកង្វល់នោះទេ បើធ្មេញកូនមិនដុះឡើងតាមពេលវេលាទាំងនោះ។ ការដុះឡើងរបស់ធ្មេញច្រើនតែចាប់ផ្ដើមពីធ្មេញក្រោមខាងមុខ 2 គ្រាប់ ដុះឡើងមកដំណាលគ្នា តែមានក្មេងខ្លះធ្មេញក្រោមផ្នែកខាងអាចដុះចេញមក 2 គ្រាប់មុន ធ្វើឱ្យមានចន្លោះកណ្ដាលក៏មានដែរ និងក្មេងខ្លះធ្មេញក្រោមមិនទាន់ដុះទេ តែធ្មេញលើខាងមុខដុះចេញមកមុន 2 គ្រាប់ក៏មានដែរ។ ធ្មេញដំបូងៗដែលដុះឡើងមកអាចនឹងឆ្ងាយពីគ្នាខ្លះទៅ ផ្អៀងមិនត្រង់ខ្លះទៅ ក៏មិនអីដែរ ព្រោះធ្មេញទាំងនោះនឹងត្រង់រៀបរយដោយខ្លួនឯងនៅពេលក្រោយ។

    – អាចមានគ្រុនក្ដៅខ្លួនខ្លាំង

    * ក្មេងជាងពាក់កណ្ដាលកើតជំងឺដំបៅមាត់ក្នុងអំឡុងអាយុ 6 ខែ ដល់ 1 ខួបកន្លះ និងកើតច្រើនក្នុងអំឡុងអាយុ 6 – 8 ខែ

    ចាប់ផ្ដើមដោយអាការក្ដៅខ្លួនខ្លាំងតែម្យ៉ាង វាស់កម្ដៅខ្លួនឃើញ 38 – 39 អង្សាC មិនមានក្អក គ្មានហៀរសំបោរ មិនរាក កណ្ដាលយប់នឹងយំរំខាន បៅទឹកដោះថយចុះ តែពេលខ្លះអាចមានក្អួត លែងមានអារម្មណ៍លេង ស្អែកឡើងកម្ដៅខ្លួននៅតែខ្ពស់។ លុះកម្ដៅខ្លួនថយចុះ នឹងមានឡើងស្នាមកន្ទួលនៅតាមដើមទ្រូង ខ្នង ជាគ្រាប់ក្រហមៗតូចៗដូចមូសខាំ។ ស្នាមអុចៗនេះនឹងមានច្រើនឡើងរាលទៅដល់មុខ ក ដៃ និងជើង។ លាមកនៅពេលល្ងាចថ្ងៃទី 3 ឬពេលព្រឹកថ្ងៃទី 4 ច្រើនតែរាវ ស្រដៀងរាក តែនឹងជាដាច់ទៅវិញនៅថ្ងៃទី 5។

    ជំងឺនេះកើតហើយឆាប់ជា មិនធ្វើឱ្យមានជំងឺជ្រៀតជ្រែកទេ មិនចាំបាច់ប្រើថ្នាំទេ គ្រាន់តែជូតខ្លួនឱ្យកូនដោយកន្សែងត្រជាក់ដើម្បីបញ្ចុះកម្ដៅ និងឱ្យកូនមឹមទឹកដោះតាមប្រក្រតី។

    – ទល់លាមក

    * អាហារបន្ថែមក្នុងរយៈដំបូង ភាគច្រើនជាអាហារងាយរំលាយ មិនសូវមានកាកសរសៃ ទើបមិនសូវជំរុញពោះវៀន ធ្វើឱ្យកូនតូចងាយនឹងទល់លាមក ដូច្នេះគួរឱ្យញ៉ាំអាហារដេលមានជាតិកាកសរសៃ ដូចជា បន្លែស្លឹកបាស ស្ពៃក្ដោប ដាក់ចូលទៅក្នុងបបរ។ បើកូនតូចមិនព្រមញ៉ាំបន្លែ ចូរឱ្យញ៉ាំផ្លែឈើជំនួសឱ្យបានច្រើន ដូចជាញ៉ាំល្ហុងទុំ ឬចេកទុំ ជាដើម។ បើកូនជុះ 2ថ្ងៃ 1ដង ហើយលាមកមិនរឹង កូនមិនពិបាកក្នុងខ្លួន ក៏មិនអីដែរ។ មិនគួរប្រើថ្នាំបញ្ចុះលាមកដោយមិនចាំបាច់ឡើយ។

    “កូនក្នុងវ័យនេះ ញ៉ាំបានច្រើនឡើងហើយ ព្រោះចាប់ផ្ដើមដឹងរសជាតិអាហារផ្សេងៗហើយ គួរឱ្យញ៉ាំអាហារបន្ថែមដែលមានប្រូតេអ៊ីនច្រើនៗដូចជា ថ្លើមមាន់កិន ស៊ុត សាច់ត្រី សណ្ដែក និងឧស្សាហ៍ថ្លឹងទម្ងន់កូន មួយខែម្ដង បើទម្ងន់ខ្លួនកើនប្រមាណ 300 ក្រាមឡើងទៅ បង្ហាញថា កូនធំធាត់តាមប្រក្រតីហើយ”។

    វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    * ងើបខ្លួនឡើងក្នុងឥរិយាបថអង្គុយ និងក្មេងខ្លះអាចលូនវារបានហើយ

    * បើជួយចាប់លើក ក៏នឹងក្រោកឈរបាន

    * ប្រើម្រាមដៃចាប់វត្ថុផ្សេងៗបានចំណានឡើងហើយ

    * ចង់កាន់ស្លាបព្រាដាក់ចូលមាត់ខ្លួនឯង តែអាចមិនសូវជាត្រង់ចំមាត់ប៉ុន្មានទេ

    សង្គមជុំវិញខ្លួន

    * ចេះបញ្ចេញសំឡេងដែលមានទាំងសំឡេងស្រៈ និងព្យញ្ជនៈ និងសំឡេងដែលមានអត្ថន័យមួយម៉ាត់ៗបានច្បាស់ហើយ

    * ចាំហេតុការណ៍ដែលធ្លាប់កើតឡើងបានហើយ

    * ចេះចាប់ផ្ដើមប្រៀបធៀបទង្វើរបស់ខ្លួនឯង ជាមួយនឹងអ្នកដទៃ

    * មានអារម្មណ៍ចេះលេងសើច និងសើចឮខ្លាំងៗពេលត្រូវចិត្ត

    * ចាប់អារម្មណ៍របស់លេង ចូលចិត្តលេងរបស់លេងច្រើនឡើង និងចូលចិត្តលាបាតដៃមើលរបស់នៅក្នុងដៃ

    លេងជាមួយកូនឱ្យបានញឹកញាប់

    អំឡុងពេលបញ្ចុកអាហារបន្ថែម អ្នកម្ដាយត្រូវបណ្ដោយឱ្យកូនសប្បាយជាមួយការកាន់ស្លាបព្រា ចាប់អាហារដាក់ចូលមាត់ញ៉ាំដោយវិធីការរបស់កូនតូចខ្លួនឯង ព្រោះវានឹងក្លាយជាការសាងទស្សនគតិដែលល្អដល់ការញ៉ាំអាហាររបស់កូនតូច។ នៅមិនទាន់ត្រូវចាំបាច់កង្វល់ថា កូននឹងបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់នោះទេ ព្រោះអាហារចម្បងរបស់កូន គឺទឹកដោះស្រាប់ហើយ។ ការដែលកូនបានញ៉ាំដោយខ្លួនឯង នឹងជួយអភិវឌ្ឍខាងផ្នែកការប្រើដៃ ជាមួយខ្សែភ្នែកឱ្យសម្ព័ន្ធគ្នាហ្នឹងឯង។

    អ្នកម្ដាយត្រូវចាំឱ្យបានជាប់ជានិច្ចថា ក្មេងម្នាក់ៗមានវិវឌ្ឍនាការមិនដូចគ្នាទេ ក្នុងវ័យនេះក្មេងខ្លះអាចនឹងវារបានខ្លះៗហើយ តែក្មេងខ្លះដែលអាចនៅមិនទាន់វារបាននៅឡើយនោះ ក៏មិនរាប់ថា មានវិវឌ្ឍនាការយឺតនោះដែរ។ អ្នកម្ដាយត្រូវសង្កេតមើលថា បើកូនជាក្មេងដែលស្ងៀមស្ងាត់ មិនសូវមានសកម្មភាព ក៏អាចនឹងជួយជំរុញដោយការរករបស់លេងមកលេងជាមួយកុន នាំកូនលេងឱ្យបានញឹកញាប់ (ត្រូវសង្កេតមើលថា កូនចង់លេងជាមួយដែរឬក៏អត់ផង) នាំចេញទៅដើរលេងនៅខាងក្រៅផ្ទះឱ្យបានញឹកញាប់ បើកពិភពខាងក្រៅឱ្យកូនបានរៀនយល់ដឹង និងជំរុញពីការធ្វើចលនារបស់កូនផង៕

  • អាមេរិក គ្រោង​នឹង​បង្កើត​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន មាន​សមត្ថភាព​ខ្ពស់ មិនអាច​ឱ្យ Hacker លួចបាន

    អាមេរិក គ្រោង​នឹង​បង្កើត​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន មាន​សមត្ថភាព​ខ្ពស់ មិនអាច​ឱ្យ Hacker លួចបាន

    សហរដ្ឋអាមេរិក គ្រោង​នឹង​បង្កើត​អ៊ី​ន​ធើ​ណិ​ត Quatum ដែល​ដំណើរការ​ដោយ​ការធ្វើ​អំពី​ភាគល្អិត​តូច​បំផុត។ ចំណុច​ពិសេស​នៃ​គម្រោង​បង្កើត​អ៊ី​ន​ធើ​ណិ​ត​នេះ ធានាបាន​នូវ​កម្រិត​សុវត្ថិភាព​ខ្ពស់ រហូតដល់​ពួក Hacker មិនអាច​ជ្រៀតចូល​ប្រព័ន្ធ​បានឡើយ (Unhackable)។

    គម្រោង​បង្កើត “Quantum Unhackable Internet” របស់​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក(បា​តឺ​ម៉​ង់​ផ្នែក​ថាមពល​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត DOE (U.S Department of Energy)នេះ ហ៊ាន​ធានាថា មិនអាច​ហេ​គ​ចូល​បានឡើយ ដោយសារតែ​រាល់​សកម្មភាព​ដែល​ជ្រៀតចូល វា​នឹង​បញ្ជូន​ដំណឹង​យ៉ាង​រហ័ស ហើយ​ធ្វើការ​ផ្លាស់ប្តូរ និង​លុប​រាល់​សកម្មភាព​ទាំងនោះ​ចោលភ្លាមៗដែរ។

    ក្រុម​អ្នកស្រាវជ្រាវ​ដដែល​បាន​បន្ថែមថា ប្រសិនណាបើ​គម្រោង​នេះ​ជោគជ័យ វា​នឹង​ក្លាយជា​បែបផែន​ទំនាក់ទំនង​ថ្មី​របស់​មនុស្សជាតិ ក្នុង​សតវត្សរ៍​ទី21 នេះ។ គម្រោង​នេះ គ្រោង​នឹង​ចំណាយ 173ប៊ី​លាន​ដុល្លារ​អាមេរិក​ឯណោះ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​អាមេរិក​ផ្ទាល់​តែម្ដង៕

  • Facebook ចាប់ដៃជាមួយក្រុមហ៊ុន 2ទៀត វិនិយោគកន្លែងផ្ទុករូបភាព និងវីដេអូនៅលើ Cloud

    Facebook ចាប់ដៃជាមួយក្រុមហ៊ុន 2ទៀត វិនិយោគកន្លែងផ្ទុករូបភាព និងវីដេអូនៅលើ Cloud

    ថ្មីៗនេះ ក្រុមហ៊ុនធំ2 គឺ DropBox និង Koofi បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Facebook ដើម្បី​ធ្វើជា​ដៃគូ​រកស៊ី​ជាមួយគ្នា​ក្នុង​ការផ្តល់​សេវាកម្ម រក្សាទុក​រូបភាព ឯកសារ ឬ​វីដេអូ​លើ Cloud។

    Facebook បានឱ្យដឹងថា ការសហការ​គ្នា​នេះ ក្នុង​គោលបំណង​ដើម្បី​បន្ថែម​ជម្រើស​ដល់​អ្នកប្រើប្រាស់​ដែល​កំពុង​ប្រើ​ស្រាប់ ឬ​ចង់​ផ្ទេរ ឬ​រក្សា​រូប​ក្នុង​ទំហំ​ធំ។

    គួរ​បញ្ជាក់ដែរថា សេវាកម្ម រក្សាទុក​រូបភាព ឯកសារ ឬ​វីដេអូ​នេះ តាំងពី​បង្កើត​មក Facebook បាន​ចាប់ដៃ​តែ​ជាមួយ​ក្រុមហ៊ុន Google មួយ​ប៉ុណ្ណោះ គឺ Google Photos៕

  • ពេលកូនឈឺ…រឿងដែលអ្នកម្ដាយគួរដឹងពាក់ព័ន្ធនឹងការប្រើថ្នាំ

    ពេលកូនឈឺ…រឿងដែលអ្នកម្ដាយគួរដឹងពាក់ព័ន្ធនឹងការប្រើថ្នាំ

    អាការក្ដៅខ្លួន ជាសញ្ញាមួយដាស់តឿនថា រាងកាយកំពុងតែតស៊ូជាមួយនឹងមេរោគ មិនថាតែមេរោគវីរុស ឬបាក់តេរីនោះទេហើយនៅពេលកូនតូចក្ដៅខ្លួន រឿងដំបូងបង្អស់ដែលឪពុកម្ដាយត្រូវធ្វើគឺ ការបញ្ចុះកម្ដៅ។ ជាប្រក្រតីបើអាការគ្រុនក្ដៅមិនខ្លាំងប៉ុន្មាន គ្រូពេទ្យជំនាញណែនាំឱ្យប្រើវិធីជូតខ្លួនដោយក្រណាត់សើម និងឱ្យញ៉ាំទឹកឱ្យបានច្រើនដើម្បីបញ្ចុះកម្ដៅ តែបើសិនជាចាំបាច់ត្រូវប្រើថ្នាំវិញនោះ ក៏ត្រូវប្រើដោយក្ដីប្រយ័ត្នប្រយែងដែរ។

    តើពេលណាទើបត្រូវពឹងថ្នាំបញ្ចុះកម្ដៅ

    មុនដំបូងលោកឪពុកអ្នកម្ដាយត្រូវស្គាល់ពីការវាស់សីតុណ្ហភាព(កម្ដៅ)ក្នុងខ្លួនរបស់កូនជាមុនសិនថា តើកូនតូចមានសីតុណ្ហភាពប៉ុន្មាន?។ មិនគួរប្រើត្រឹមតែវិធីស្ទាបថ្ងាសនោះឡើយ។

    – ប្រើប្រដាប់វាស់ស្ទង់កម្ដៅ(ឧណ្ហមាត្រ)តាមរយៈមាត់ មានសីតុណ្ហភាពខ្ពស់ជាង 37.5 អង្សាC

    – ប្រើប្រដាប់វាស់ស្ទង់កម្ដៅតាមរយៈប្រឡោះក្លៀក មានសីតុណ្ហភាពខ្ពស់ជាង 37 អង្សាC

    បើវាស់អាការគ្រុនក្ដៅដោយប្រដាប់វាស់កម្ដៅ(Thermometer ) ឃើញមានសីតុណ្ហភាពខ្ពស់ជាងតួលេខខាងលើ នោះមានន័យថា រាងកាយកូនតូចមានគ្រុនក្ដៅខ្លួនហើយ។ បើប្រើវិធីជូតខ្លួនដោយក្រណាត់សើមហើយ អាការក្ដៅខ្លួនមិនថយចុះនោះ សឹមពិចារណាការឱ្យញ៉ាំថ្នាំបញ្ចុះកម្ដៅ(កម្ដៅខ្ពស់គឺ មានតាំងពី 38.5 អង្សាC ឡើងទៅ)។

    – វាស់តាមរយៈរន្ធគូទ មានសីតុណ្ហភាពខ្ពស់ជាង 38 អង្សាC។

    តើថ្នាំបញ្ចុះកម្ដៅត្រូវប្រើយ៉ាងណា?

    ថ្នាំបញ្ចុះកម្ដៅដែលនិយមប្រើគឺ ប៉ារ៉ាសេតាម៉ុល ថ្នាំពពួកអាស្ពីរីន និងអៃប្រ៊ូផូហ្វ៊េន(ថ្នាំបញ្ចុះកម្ដៅខ្ពស់)។ ហាមប្រើដោយខ្លួនឯង ត្រូវប្រើតាមតែគ្រូពេទ្យចេញវេជ្ជបញ្ជាប៉ុណ្ណោះ ព្រោះថ្នាំគ្រប់ប្រភេទមានផលប៉ះពាល់ដល់ថ្លើម ជាពិសេសចំពោះក្មេងតូចៗ ហើយខ្នាតរបស់ថ្នាំដែលឱ្យកូនតូចញ៉ាំ ត្រូវអាស្រ័យលើទម្ងន់ខ្លួន និងសម្រាប់វ័យទារកវិញ គេច្រើនប្រើថ្នាំទឹកប្រភេទបន្តក់ ខ្នាត 5 CC សម្រាប់ទម្ងន់ខ្លួន 10 គីឡូក្រាម។

    តើក្ដៅខ្លួនបែបណាត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?

    – នៅលើក្មេងតូចត្រូវប្រយ័ត្នប្រយែងការប្រើថ្នាំឱ្យខ្លាំង បើកូនតូចរបស់អ្នកអាយុមិនទាន់ដល់ 3 ខែ និងកូនឡើងកម្ដៅខ្លួនខ្ពស់ជាង 38 អង្សាC ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យភ្លាម ទោះជាកូននៅលេងរពឹស ឬមិនទាន់បាត់មាត់បាត់កក៏ដោយ និងមិនគួរឱ្យឱ្យញ៉ាំថ្នាំដោយខ្លួនឯងឡើយ។

    – អាយុ 3 – 6 ខែ បើមានឡើងកម្ដៅខ្លួនខ្ពស់ជាង 38.5 អង្សាC ឬមានគ្រុនក្ដៅខ្លួនខ្ពស់ជាង 37.5 អង្សាC យូរលើសពី 24 ម៉ោង ក៏ហាមនៅបង្អង់យូរដែរ។

    – កូនអាយុ 6 ខែឡើងទៅ មានគ្រុនក្ដៅខ្លួនខ្ពស់ដល់ 38.5 អង្សាC និងកម្ដៅមិនថយចុះយូរជាង 3 ថ្ងៃ។

    – តែបើសិនជាអាយុប៉ុន្មានក៏ដោយ មានគ្រុនក្ដៅខ្លួនកម្ដៅខ្ពស់ជាង 39.5 អង្សាCនោះ ហាមបង្អែបង្អង់យូរជាដាច់ខាត ទោះជាកូនមើលទៅគ្មានបង្ហាញអាការថាឈឺជំងឺអ្វីផ្សេងក៏ដោយ។

    ក្នុងខណៈដែលកូនគ្រុនក្ដៅខ្លួន បើកូននៅលេងបាន ក៏មិនចាំបាច់ដល់ថ្នាក់ត្រូវឱ្យកូនឈប់លេងដែរ តែគ្រាន់តែហាមៗកូនកុំឱ្យលេងច្រើនពេក និងនៅចាំសង្កេតមើលអាការផ្សេងៗដែលអាចនឹងកើតឡើងចំពោះកូន ដូចជា កូនឈឺក មានហៀរសំបោរ មានឡើងស្លាកស្នាមអ្វីនៅលើខ្លួនឬទេ? និងឧស្សហ៍វាស់កម្ដៅខ្លួនកូនឱ្យបានញឹកញាប់ប៉ុណ្ណឹងបានហើយ។

    អាយុ 6 ខែឡើងទៅ បើកូនតូចរបស់លោកអ្នកមានឡើងកម្ដៅខ្លួនប្រមាណជា 38.5 អង្សាC ចូរសង្កេតមើលអាការ បើសីតុណ្ហភាពខ្ពស់ឡើង ឬមិនថយចុះច្រើនជាង 3 ថ្ងៃ ចូរនាំទៅជួបលោកគ្រូពេទ្យ។ សម្រាប់ក្មេងដែលមានអាយុ 3 ខែដល់ 2 ឆ្នាំ បើមានអាការគ្រុនក្ដៅខ្លួនខ្ពស់ជាង 39.5 អង្សាC ចូរនាំទៅមន្ទីពេទ្យភ្លាម ទោះជាកូនគ្មានបង្ហាញអាការថាឈឺថ្កាត់ក៏ដោយ៕

  • អ្នកនាំពាក្យក្រសួងអប់រំថាការបើកដំណើរការសាលារៀនដំណាក់កាលទី2 អនុវត្តដោយរលូនល្អ

    អ្នកនាំពាក្យក្រសួងអប់រំថាការបើកដំណើរការសាលារៀនដំណាក់កាលទី2 អនុវត្តដោយរលូនល្អ

    ម្សិល​ម៉ិ​ញ​នេះ ជា​ពេលវេលា​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថានសាធារណៈ និង​ឯកជន​បើក​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​ដំណាក់កាល​ទី2 ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល។

    នៅក្នុង​ដំណើរការ​នៃ​ការបើក​នៃ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ការបើក​ដំណើរការ​សាលារៀន​ក្នុងដំណាក់កាល​ទី2នេះ សាលា​នីមួយ​បានរៀបចំ​ប្រកបដោយ​ភាពរលូន​ល្អ ដោយសារតែ​គ្រប់​តំបន់​ទាំងអស់​បាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

    ឯកឧត្តម រស់ សុ​វាចា បាន​និយាយថា៖ «ទន្ទឹមនឹង​ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​នូវ​គ្រឹះស្ថាន​អប់រំ​សាធារណៈ​នៅ​ដំណាក់កាល​ទី2នេះ ក្រសួង​ក៏បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន 300កន្លែង​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់​ឧ​ត្ត​មសិ​ក្សា។ សាលា​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ឡើងវិញ​ទាំងអស់នោះ ត្រូវបាន​ពិនិត្យ និង​វាយតម្លៃ​ផ្ទាល់​ដល់ទី​តាំង​សាលា​លើ​ការអនុវត្ត​វិធានការ​សុវត្ថិភាព។

    ប្រសិនបើ​ការបើក​ដំណើរការ​នៅ​ដំណាក់កាល​នេះ អាច​បន្ត​នៅតែមាន​ភាពរលូន ហើយ​គ្រប់​សាលា​ទាំងអស់​អនុវត្ត​បានល្អ​នូវ​គោល​ការប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ក្រសួង​អាច​នឹង​ពិចារណា​បន្ថែម​សម្រាប់​បើក​ឱ្យ​ដំណើរការ​សាលារៀន​នៅ​ដំណាក់កាល​ទី3 បន្ថែមទៀត៕

  • ឧបករណ៍ផ្ទះបាយថ្មីៗទំនើបៗ ដែលបងៗស្រ្តីមេផ្ទះគួរតែមានទុកប្រើ!!

    ឧបករណ៍ផ្ទះបាយថ្មីៗទំនើបៗ ដែលបងៗស្រ្តីមេផ្ទះគួរតែមានទុកប្រើ!!

    ការធ្វើម្ហូបអាហារលែងជារឿងពិបាកទៀតហើយ ព្រោះបច្ចុប្បន្ននេះមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយថ្មីៗចេញមកដើម្បីជួយឱ្យការធ្វើម្ហូបអាហារកាន់តែងាយស្រួលឡើង។ ជាពិសេសឧបករណ៍ផ្ទះបាយដែលឡារ៉ែនបានរួបរួមយកមកជម្រាបជូនក្នុងថ្ងៃនេះដែលធានាថា បងៗស្រីមេផ្ទះច្បាស់ជាចូលចិត្តមិនខាន ព្រោះវាមានមុខងារដែលឆ្លើយតបនឹងការធ្វើម្ហូបអាហារបានយ៉ាងច្រើនរូបបែប ទាំងលឿនរហ័ស ងាយស្រួល មិនបាច់ខាតពេលធ្វើយូរទៀតផង។

    1 . ខ្ទះចៀន-ឆាច្រើនប្រឡោះ

    លែងចាំបាច់លាងខ្ទះច្រើនដងពេលចម្អិនម្ហូបច្រើនមុខទៀតហើយ ជាពិសេសអាហារពេលព្រឹកប្រភេទ អាមេរិកាំង ប្រ៊េកហ្វឹស ព្រោះបងៗស្រ្តីមេផ្ទះអាចចៀនស៊ុត ចៀនសាច់ប៊េកខន់ ហត់ដក ឬបន្លែបានក្នុងពេលតែមួយតែម្ដង។

    2 . កន្រ្តៃកាត់ស្លឹកខ្ទឹម

    ការកាត់ស្លឹកខ្ទឹម ឬបន្លែផ្សេងៗលែងជារឿងពិបាក និងចំណាយពេលយូរទៀតហើយ គ្រាន់តែប្រើពេលវេលាខ្លីៗ ថែមទាំងមិនបាច់បញ្ចេញកម្លាំងច្រើនទៀតផង និងដែលសំខាន់នោះគឺ មិនចាំបាច់ប្រថុយប្រថាននឹងការមុតដៃឡើយ គ្រាន់តែប្រើកន្រ្តៃកាត់តែមិនប៉ុន្មានវិនាទី ក៏បានស្លឹកខ្ទឹមដុំតូចៗមករោយលើមុខម្ហូបបាត់ទៅហើយ។ ពិតជាស្រួលមែន!។

    3 . បន្ទះរូតបេះស្លឹកបន្លែ

    តើយើងខាតពេលអស់ប៉ុន្មានទៅក្នុងការបេះស្លឹកបន្លែចេញពីមែករបស់វា? តែពីពេលនេះទៅ ការរៀបចំបន្លែស្ល(ពិសេសស្លឹកម្រំ ស្លឹកងប់-ល-)នឹងកាន់តែងាយស្រួលឡើងខ្លាំងណាស់ គ្រាន់តែស៊កមែកបន្លែចូលទៅ ហើយទាញចេញមកវិញយឺតៗ ស្លឹកបន្លែនឹងជ្រុះចេញមកឱ្យយើងមិនខាន ទោះជាមែកធំ​ ឬតូចប៉ុនណាក៏ប្រើបានទាំងអស់ ព្រោះមានច្រើនខ្នាតឱ្យជ្រើសរើសប្រើ។

    4 . ជ្រុញ ស៊ីលីខូន

    ទោះជាវិធីប្រើប្រាស់ដូចគ្នានឹងជ្រុញទូទៅមែន តែសូមប្រាប់ទៅចុះថា នេះមិនមែនជាជ្រុញធម្មតានោះទេ ព្រោះបន្ទាប់ពីហាន់បន្លែ ឬសាច់ហើយ យើងអាចចាប់កៀបដៃជ្រុញចូលគ្នា ហើយចាក់ចំណិតបន្លែ ឬសាច់នោះចូលទៅក្នុងឆ្នាំងស្ល ឬខ្ទះឆាតែម្តង។

    5 . ប្រដាប់កិន និងក្រឡុកអាហារដ៏តូចមួយនិងងាយស្រួលប្រើ

    កាន់តែងាយស្រួលមួយកម្រិតឡើងទៀតជាមួយនឹងគ្រឿងក្រឡុក ឬកិនម្ហូបអាហារកាន់ដៃបែបស្វ័យប្រវត្តិ អាចកិន ក្រឡុកគ្រឿងគ្រៅស្លស្លុក(គ្រឿងសម្លកកូរ ឬម្ជូរគ្រឿង ជាដើម) និងច្របល់អាហារក្នុងចានគោមធំៗបានភ្លាមៗតែម្ដង។ អាហារនឹងល្អិតម៉ដ្ឋមិនខុសពីការប្រើម៉ាស៊ីនក្រឡុកធំៗនោះឡើយ។

    6 . ស្លាបព្រាថ្លឹងម្ហូបអាហារ

    បងៗស្រ្តីមេផ្ទះពិតប្រាកដមិនគួរខកខានប្រើឧបករណ៍មួយនេះឡើយ ព្រោះគ្រាន់តែប្រើវាដួសគ្រឿងផ្សំហើយចុចកុងតាក់បើក ក៏នឹងបានដឹងភ្លាមតែម្ដងថា គ្រឿងផ្សំ ឬអាហារដែលយើងដួសឡើងមកនោះមានទម្ងន់ប៉ុន្មាន មានចំនួន និងបរិមាណតាមដែលយើងត្រូវការហើយឬនៅ និងថែមទាំងត្រូវប៉ាច់ៗទៀតផង ព្រោះថ្លឹងដោយជញ្ជីងឌីជីថលហ្នឹងឯង។

    7 . ឆ្នាំងច្រើនមុខងារ

    ឆ្នាំង ម៉ាល់ធី ហ្វាំងស្សិន(Multy function) ដែលមានភាពគួរឱ្យចាប់អារម្មណ៍បង្កប់ក្នុងនោះច្រើន ជាពិសេសធ្វើជាកញ្រ្ចែងសម្រាប់ចំហុយ ឬស្រុសក៏បាន ព្រោះអាចចាក់ទឹកចោលបានយ៉ាងងាយស្រួល មិនបាច់ខ្លាចថា អាហារនឹងកំពប់នោះទេ ក្រៅពីនេះនៅមានចានគោមទំហំប៉ុនឆ្នាំងសម្លសម្រាប់ឱ្យយើងដាំស្លបានទៀតផង។

    8 . ចានលាងអង្ករ

    បងៗស្រ្តីមេផ្ទះជាច្រើនច្បាស់ជាធ្លាប់ជួបបញ្ហាអង្ករកំពប់ ឬហូរចេញទៅជាមួយទឹកពេលលាងអង្កររួចមិនខាន ចានដែកអ៊ីណុកដ៏ស្អាតមួយនេះត្រូវបានផលិតឡើងសម្រាប់ការងារនេះជាពិសេសតែម្ដង ព្រោះមានបន្ទះជ័រប្លាស្ទិកដែលមានរន្ធតូចៗសម្រាប់ចាក់ទឹកចេញ និងបាំងការពារគ្រាប់អង្ករមិនឱ្យហូរចេញទៅតាមទឹកដែលធ្វើឱ្យបងៗស្រ្តីមេផ្ទះលែងកង្វល់នឹងរឿងដដែលៗនោះទៀតហើយ។

    9 . បន្ទះគ្របចង្រ្កានហ្កាស

    កំណកកខ្វក់នៅលើចង្រ្កានហ្កាស បើមិនឧស្សាហ៍ដុសខាត់ឱ្យស្អាតទេនោះ នឹងក្លាយជាកំណកកខ្វក់ជាប់ស្អិតមិនខាន និងថែមទាំងធ្វើឱ្យចង្រ្កានបាយមើលទៅកខ្វក់ទៀតផង តែគម្របចង្រ្កានហ្កាសមួយនេះ គ្រាន់តែយកក្រណាត់ធម្មតាមកជូតប៉ុណ្ណោះ សា្នមកំណកកខ្វក់ទាំងប៉ុន្មាននឹងរលាយបាត់អស់យ៉ាងងាយស្រួល តែបើខ្ជឹលជូត ក៏អាចប្ដូរដាក់បន្ទះថ្មីទៅជាការស្រេច៕

  • ជួយយ៉ាងណា ពេលកូនឈ្លោះគ្នាជាមួយពួកម៉ាក

    ជួយយ៉ាងណា ពេលកូនឈ្លោះគ្នាជាមួយពួកម៉ាក

    មិត្តភាពរបស់ក្មេងវ័យជិតចូលជំទង់( Pre teen )ច្រើនតែមិនសូវជាស្ថិតស្ថេរយូរអង្វែងប៉ុន្មានទេ ជាមធ្យមច្រើនតែសេពគប់គ្នាបានតែប្រមាណជា 1 ឆ្នាំប៉ុណ្ណោះ ព្រោះច្រើនតែមានមិត្តភ័ក្តិថ្មីៗទៀតនៅពេលឡើងទៅថ្នាក់ខ្ពស់ ឬមានចំណាប់អារម្មណ៍ខុសប្លែកពីគ្នា តែកូនរបស់អ្នកអាចនឹងប្រេះធ្លាយបេះដូងនៅពេលមិត្តភ័ក្តិដែលធ្លាប់តែនិយាយរកគ្នាបែរជាព្រងើយកន្តើយដាក់ដោយសារតែការទាស់ចិត្តគ្នាក្នុងរឿងណាមួយ ដែលរឿងនេះក្នុងនាមអ្នកជាឪពុកម្ដាយត្រូវតែជួយកូនក្នុងការសម្រាលការខូចចិត្តក្នុងគ្រានេះ។

    – ទទួលស្ដាប់កូនយ៉ាងអាណិតមេត្តា ព្រោះក្មេងវ័យនេះច្រើនតែចង់ឱ្យឪពុកម្ដាយយកចិត្តទុកដាក់ស្ដាប់ពីបញ្ហារបស់ខ្លួន។ បើកូនចង់និយាយអំពីរឿងដែលឈ្លោះគ្នាជាមួយមិត្តភ័ក្តិនោះ អ្នកក៏គួរតែយកចិត្តទុកដាក់ស្ដាប់យ៉ាងពិតប្រាកដ និងកុំសម្រេចសេចក្ដីថា អ្នកណាខុស ឬត្រូវ ឬបញ្ចេញយោបល់ដូចជា “ម៉ាក់ថាហើយថា កូនឯងមិនគួរទៅសេពគប់ជាមួយម្នាក់ហ្នឹងទេ” ជាដើម ព្រោះមានតែនឹងធ្វើឱ្យកូនរឹតតែខឹង និងសោកស្ដាយកាន់តែខ្លាំងឡើង។ គ្រាន់តែងក់ក្បាលយ៉ាងយល់ចិត្ត និងនិយាយលួងលោមកូនថា “អ៊ើ ពិបាកមែន ម៉ាក់ដឹងហើយថាកូនកំពុងមានអារម្មណ៍យ៉ាងណា”។

    – ផ្ដល់នូវពាក្យណែនាំនៅពេលកូនត្រូវការ តែកុំបង្ខំបើកូនមិនយល់ស្រប ព្រោះនឹងរឹតតែធ្វើឱ្យកូនកាន់តែមានអារម្មណ៍ខឹងខ្លាំងឡើង។ បើកូនរបស់អ្នកជាអ្នកខុស ចូរអធិប្បាយយ៉ាងសន្សឹមៗ មួយៗឱ្យគេបានយល់ ដើម្បីកុំឱ្យកូនធ្វើខុសឆ្គងម្ដងទៀត ដោយអាចនឹងនិយាយទៅកាន់កូនថា “កូនសាកល្បងគិតមើលទៅមើលថា បានធ្វើអ្វីខ្លះឱ្យពួកម៉ាកខូចចិត្តដែរឬទេ?” ជាដើម។

    – កុំជ្រួលច្របល់រហូតជ្រុលពេក។ ការទូរស័ព្ទទៅមិត្តភ័ក្តិរបស់កូន ឬឪពុកម្ដាយរបស់មិត្តភ័ក្ដិកូនដែលឈ្លោះគ្នាដើម្បីរកខុស រកត្រូវ ឬកែសម្រួលសម្ព័ន្ធភាពឡើងវិញ ច្រើនតែធ្វើឱ្យរឿងរឹតតែច្របូលច្របល់រញ៉េរញ៉ៃកាន់តែធំឡើង ហើយកូនក៏ប្រហែលជាមិនពេញចិត្តដែរដែលអ្នកធ្វើបែបនេះ។

    – ចែករំលែកបទពិសោធរបស់ខ្លួនឯងឱ្យកូនបានដឹង កូននឹងមានអារម្មណ៍ធូរស្រាលឡើងនៅពេលដឹងថា កាលពីអាយុនៅប្រហែលៗហ្នឹង អ្នកក៏ធ្លាប់ឈ្លោះជាមួយមិត្តភ័ក្ដិដូចគ្នាដែរ និងអាចទប់ទល់នឹងបញ្ហានោះបានទៀតផង។

    – ណែនាំឱ្យកូនរកមិត្តភ័ក្តិថ្មី ដែលអាចនឹងជួយធ្វើឱ្យអារម្មណ៍របស់កូនបានល្អឡើងវិញ និងលែងសូវខូចចិត្តជាមួយនឹងរឿងចាស់ៗ និងកុំទៅកង្វល់ខ្វល់ខ្វាយនៅពេលឃើញថា កូនមានមិត្តភ័ក្តិតែម្នាក់ ឬពីរនាក់នោះអី ព្រោះមិត្តភាពដែលល្អ មិនបានមានន័យថា ត្រូវតែមានមិត្តភ័ក្ដិច្រើនៗជានិច្ចនោះទេ។

    ឪពុកម្ដាយគឺជាមិត្តភ័ក្ដិដំបូងគេរបស់កូន និងជាមនុស្សដែលកូនទុកចិត្តបំផុតនៅពេលមានបញ្ហាម្ដងៗ ដូច្នេះការទទួលស្ដាប់បញ្ហារបស់កូនយ៉ាងយល់ចិត្តដោយមិនចាំបាច់និយាយអ្វីក៏ធ្វើឱ្យកូនបានធូរស្បើយមួយកម្រិតដែរ ហើយអធិប្បាយពន្យល់កូនដោយក្ដីស្រឡាញ់ និងអាណិតអាសូរ គឺជាភារកិច្ចរបស់ឪពុកម្ដាយ៕