Category: សង្គម និងសេដ្ឋកិច្ច

  • ថៃ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​ និងការ​​ស្នាក់​នៅ​សម្រាប់​ពលករ​កម្ពុជា

    ថៃ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​ និងការ​​ស្នាក់​នៅ​សម្រាប់​ពលករ​កម្ពុជា

    ក្រសួង​ការ​ងារ​ថៃ បាន​ចេញ​អនុក្រឹត្យ​​ថ្មី​មួយ​ដែល​កំណត់​តម្លៃ​ថ្មី​ទៅ​លើ​​ការត្រួត​ពិនិត្យ​ និង​ផ្ដល់​លិខិត​ពលកម្ម​ ចំពោះ​ពលករ​បរទេស​ដែល​មក​ពី​ កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​​។

    យោង​តាម​សារព័ត៌មាន​ក្នុងស្រុក អនុក្រឹត្យ​​ខាងលើ​មាន​សុពលភាព​រយៈ​ពេល​ 4 ឆ្នាំ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃទី 10 វិច្ឆិកា 2023 និង​អនុវត្ត​សម្រាប់​ពលករ​ដែល​ធ្វើ​ការ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សន្យា ឬ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ (MoU) ដែល​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ពលករ​។

    សេចក្ដី​សម្រេច​ថ្មី​នេះ​កំណត់​ថា ថ្លៃ​ទិដ្ឋាការ​សម្រាប់​ពលករ​មក​ពី​ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​ ត្រូវ​បាន​កាត់​បន្ថយ​ពី 2,000 បាតនា​បច្ចុប្បន្ន មក​នៅត្រឹម​ 500 បាត ស្រប​ពេល​ដែល​ថ្លៃ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ (ថ្លៃ​ពន្យារ​ពេល​ទិដ្ឋាការ​រៀង​រាល់​ឆ្នាំ) ក៏​ត្រូវ​បាន​បន្ថយ​ពី 1,900 បាត​នា​បច្ចុប្បន្ន មក​នៅ​ត្រឹម​ 500 បាត​ផងដែរ​។

    ក្រសួង​ការ​ងារ​ថៃ​សង្កត់​ធ្ងន់​ថា អនុក្រឹត្យ​​ខាងលើ​គឺ​​ស្រប​នឹង​​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ការ​ជ្រើស​រើស​ពលករ​បរទេស​ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​នេះ ក៏​ដូចជា​ការ​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូវីដ-19​។

    យោង​តាម​ព័ត៌មាន​របស់​នាយកដ្ឋាន​រដ្ឋបាល​ការ​ងារ​បរទេស​នៃ​ប្រទេស​ថៃ ក្នុង​ខែ​កញ្ញា ប្រទេស​នេះ​មាន​ពលករ​បរទេស​ចំនួន​ 2,593,439 នាក់​ និង​ប្រហែល​មួយ​លាន​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលដាក់​ពាក្យ​​ស្នើ​សុំ​លិខិត​អនុញ្ញាត​ការ​ងារ​ ទៅតាម​អនុក្រឹត្យ​ចុះថ្ងៃទី 03 តុលា ឆ្នាំ 2023 របស់​រដ្ឋាភិបាល​ថៃ​៕

  • អ្នក​លក់ដូរតាមកញ្ច្រែង និង​អ្នក​លក់​ចល័ត​ នឹង​ត្រូវ​បាន​លើក​លែង​ភាស៊ី​នៅ​ភ្នំ​ពេញ

    អ្នក​លក់ដូរតាមកញ្ច្រែង និង​អ្នក​លក់​ចល័ត​ នឹង​ត្រូវ​បាន​លើក​លែង​ភាស៊ី​នៅ​ភ្នំ​ពេញ

    ការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ នឹង​ត្រូវ​បាន​លើក​លែង​ថ្លៃ​ភាស៊ី ទៅ​តាម​បទបញ្ជា​របស់​សម្ដេច​ ហ៊ុន​ ម៉ាណែត ដែល​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃទី 03 តុលា 2023​។

    នេះ​បើ​តាម​សេចក្ដីណែនាំស្ដីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះអ្នក​លក់ដូរតាមកញ្ច្រែង និង​អ្នក​លក់​ចល័ត របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃទី 31 តុលា 2023​។

  • ទីក្រុង​ហាណូយរំពឹង​ថា ​ពាណិជ្ជកម្ម​អាម៉េរិក – វៀតណាម នឹង​កើន​ដល់​ 200 ពាន់​លាន​ដុល្លារ​អាម៉េរិក​

    ទីក្រុង​ហាណូយរំពឹង​ថា ​ពាណិជ្ជកម្ម​អាម៉េរិក – វៀតណាម នឹង​កើន​ដល់​ 200 ពាន់​លាន​ដុល្លារ​អាម៉េរិក​

    (ហាណូយ) – នៅ​ក្នុង​កិច្ចប្រជុំកំពូល​ស្ដី​ពី​ពាណិជ្ជកម្ម​វៀតណាម – អាម៉េរិក ដែល​រៀបចំដោយ​ VCCI និង AmCham នា​ព្រឹក​ថ្ងៃទី 31 តុលា នេះ ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម សង្ឃឹម​ថា ភាគី​ទាំង​ពីរ​នឹង​លើក​កម្ពស់​តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឡើង​ដល់​ 200 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នា​ពេល​ឆាប់​ៗ​ខាង​មុខ​។

    ក្នុង​កិច្ច​ប្រជុំ​ខាងលើ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម លោក ត្រឹង លឺវ ក្វាង បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់​ និង​អាទិភាព​ចំនួន​ 5 នៅ​ក្នុង​ទំនាក់​ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​ស្ដី​ពី​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ រវាង​វៀតណាម និង​សហរដ្ឋ​អាម៉េរិក។

    ក្នុង​បណ្ដា​ចំណុច​សំខាន់​ និង​អាទិភាព​ទាំង​នេះ​ រួម​មានជា​អាទិ៍ ការ​អនុវត្ត​តាម​កិច្ច​សន្យា​ទាំង​ឡាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​នៅ​ពេល​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ការ​បង្កើន​ការ​នាំ​ចេញ​-នាំចូល ក៏​ដូច​ជា​ការ​ស្នើ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិកបង្កើន​ការ​​ជួយជ្រោម​ជ្រែង​ដើម្បី​ឱ្យ​​វៀតណាម​ឆាប់​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា​ជា​សេដ្ឋកិច្ច​ទីផ្សារ​ធំ​មួយ​។

    ចំណែក​ប្រធាន VCCI និងប្រធាន AmCham ដែល​ជា​អ្នក​រៀប​ចំ​កិច្ចប្រជុំ​ខាងលើ ក៏​សង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​វៀតណាម -អាម៉េរិក នឹង​ស៊ី​ជម្រៅ​ជាង​មុន​។

    នា​បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក​គឺជា​ដៃគូពាណិជ្ជកម្មធំ​ជាង​គេ​លំដាប់​ទីពីរ​ និង​ជា​ទីផ្សារ​នាំ​​ចេញ​ធំ​បំផុត​របស់​វៀតណាម​។ វៀតណាម​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ក្នុង​ចំណោម​ដៃគូ​ធំជាង​គេ​ទាំង​ 10 របស់​សហរដ្ឋ​អាម៉េរិក​​៕

  • ឡាវ​ដំណើរ​ការ​​កម្មវិធី​ «ផ្ទេរ​ប្រាក់ដោយ​ងាយ​» ​សម្រាប់​ពលករ​នៅ​បរទេស

    ឡាវ​ដំណើរ​ការ​​កម្មវិធី​ «ផ្ទេរ​ប្រាក់ដោយ​ងាយ​» ​សម្រាប់​ពលករ​នៅ​បរទេស

    កាល​ពី​ពេលថ្មី​ៗ​នេះ ធនាគារ​ជាតិ​ឡាវ (BOL) ទើប​តែ​បាន​សហការ​ជាមួយ​ក្រសួង​ការ​ងារ​ និង​សុខុមាល​ភាព​សង្គម ដាក់​ឱ្យ​ដំណើរ​ការ​យន្តការ​​គ្រប់​គ្រង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​សម្រាប់​ពលករ​ឡាវ​នៅ​បរទេស​ និង​ពលករ​បរទេស​នៅ​ប្រទេស​ឡាវ​។

    ក្នុង​ដំណាក់​កាល​ដំបូង​នៃកម្មវិធី​នេះ ភាគី​ទាំង​ឡាយ​នឹង​ដំណើរ​ការ​សាកល្បង​នូវ​បណ្ដាញ​ផ្ទេរ​ប្រាក់​រវាង​ប្រទេស​ឡាវ និង​ប្រទេស​កូរ៉េខាងត្បូង​ តាម​រយៈ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ធនាគារ​ពាណិជ្ជកម្ម​បរទេស​ឡាវ និង​ក្រុម​ហ៊ុន​ GLN របស់​កូរ៉េខាងត្បូង​ ក្នុង​បំណង​ជួយ​ដល់​ពលករ​ឡាវ​នៅ​កូរ៉េខាងត្បូង​អាច​ផ្ញើ​ប្រាក់​របស់​ខ្លួន​មក​កាន់​គ្រួសារ​ដោយ​មាន​ភាព​ងាយ​ស្រួល​។

    បច្ចុប្បន្ន ពលករ​ឡាវ​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​បើក​គណនី​ធនាគារ​នៅ​បរទេស​ ដោយ​សារ​តែ​ត្រូវ​បំពេញ​លិខិត​ស្នាម​ច្រើន​បែប​ច្រើន​យ៉ាង​ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ នាំ​ឱ្យ​មាន​សេវាកម្ម​ផ្ទេរ​ប្រាក់​មិន​ស្រប​ច្បាប់ និង​បង្ក​ការ​ខាត​បង់​ដល់​ពលករ​។

    គម្រោង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​យន្តការ​សហប្រតិបត្តិការ​ដ៏ល្អ​រវាង​ពីរ​ស្ថាប័ន​នៃរដ្ឋាភិបាល​ឡាវ ក្នុង​ទិស​ដៅ​​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលករ​​ ពលការិនី​ នៅ​ក្នុង​ការ​ផ្ញើ​ប្រាក់​មក​ស្រុក​ លើក​ទឹក​ចិត្ត​ឱ្យ​មាន​សកម្មភាព​ទូទាត់​​ក្នុង​បណ្ដាញ​ធនាគារ​ រក្សា​លំនឹង​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​កាត់បន្ថយ​លំហូរ​ហិរញ្ញវត្ថុ​មិន​ស្រប​ច្បាប់​៕

  • ​ថៃបញ្ជាក់​​ថា ​កម្មវិធី «កាបូប​លុយ 10,000 បាត» នឹង​ត្រូវ​បាន​អនុវត្ត​

    ​ថៃបញ្ជាក់​​ថា ​កម្មវិធី «កាបូប​លុយ 10,000 បាត» នឹង​ត្រូវ​បាន​អនុវត្ត​

    នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin កាល​ពីថ្ងៃទី 29 តុលា ប្រកាស​ថា កម្មវិធី​ «កាបូប​លុយ​ 10,000 បាត» ប្រាកដ​ជា​នឹង​ត្រូវ​បានអនុវត្ត​ចាប់​ពី​ខែ​កុម្ភៈ 2024 ដូច​បាន​កំណត់​ ហើយ​ថា ថ្នាល​បច្ចេកវិទ្យា និង​តម្លៃ​ជា​គោល​របស់​កម្មវិធី​នេះ​ក៏​ប្រាកដ​ជា​នឹង​ត្រូវ​បាន​រក្សា​ដូច​ដើម​។

    បន្ទាប់​ពី​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី ឧបនាយក​រដ្ឋមន្ត្រី Phumtham Wechayachai ក៏​បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​ថៃ​បាន​ធ្លាក់​ទៅ​ក្នុង​ភាព​យឺត​យ៉ាវ​ក្នុង​អំឡុង​ប្រហែល 10 ឆ្នាំ​កន្លង និង​ត្រូវ​ការ​យន្តការ​ជំរុញ​ខ្លាំង​ក្លា​ ដើម្បី​បង្កើត​សម្ទុះ​សម្រាប់​ការ​អភិវឌ្ឍ​។

    យោង​តាម​លោក Phumtham បញ្ហា​ទាំង​​ឡាយ​ដែល​ត្រូវ​បាន​ព្យាករ​ថា​ អាច​នឹង​កើត​ឡើង​​នៅ​ពេល​អនុវត្ត​កម្មវិធី ​«10,000 បាត» នេះ រដ្ឋាភិបាល​មាន​ដំណោះ​ស្រាយ​រួច​ហើយ​។

    កន្លង​មក កម្មវិធី «កាបូប​លុយ 10,000 បាត» ត្រូវ​រង​សម្ពាធ​ច្រើន​ពី​សាធារណមតិ នៅ​ពេល​ពួក​គេ​យល់​ថា កម្មវិធី​នេះ​អាច​​ប្រឈម​​នឹង​ភាព​មិន​​ស្រប​ច្បាប់ លទ្ធភាព និង​ប្រសិទ្ធភាព​ នាំ​ឱ្យ​រដ្ឋាភិបាល​ថៃ ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​​។ ថ្មី​ៗ​នេះ កាល​ពី​ថ្ងៃទី 25 តុលា នាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​យល់​ស្រប​តាម​សំណើ​របស់​ធនាគារ​ជាតិ​ថៃ ស្ដី​ពី​ការ​ដក​អ្នក​មាន​ចេញ​ពី​ក្រុម​គោលដៅ​ដែលត្រូវ​​ចូល​រួម​ទទួល​ផល​ពី​កម្មវិធី​នេះ​ផងដែរ។

    តាម​ផែនការ​ដំបូង កម្មវិធី «កាបូប​លុយ 10,000 បាត» នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃទី 01 កុម្ភៈ 2024​ និង​អនុវត្ត​សម្រាប់​ពលរដ្ឋ​ថៃ​គ្រប់​រូប​ដែល​មាន​អាយុ​ចាប់​ពី 16 ឆ្នាំ​ឡើងទៅ​ ក្នុង​នោះ ម្នាក់​ៗ​នឹង​ទទួល​បាន​ប្រាក់​ជំនួយ​ 10,000 បាត​ (ប្រហែល 270 ដុល្លារ​អាម៉េរិក) ដែល​រដ្ឋ​ផ្ទេរ​ទៅ​ក្នុង​កាបូប​លុយ​អេឡិចត្រូនិច​របស់​ពួក​គេ​៕

  • ក្រុម​ហ៊ុន​វៀតណាម បញ្ចេញ​ម៉ូតូ​អគ្គិសនី អាច​​ធ្វើ​ដំណើរ​​បាន​ 270 គីឡូម៉ែត្រ​

    ក្រុម​ហ៊ុន​វៀតណាម បញ្ចេញ​ម៉ូតូ​អគ្គិសនី អាច​​ធ្វើ​ដំណើរ​​បាន​ 270 គីឡូម៉ែត្រ​

    ម៉ូដែល​ម៉ូតូ​ Quantum ទើប​តែ​ត្រូវ​បាន​ក្រុម​ហ៊ុនវៀតណាម​ Dat Bike ប្រកាស​ដាក់​លក់​ក្នុង​ទីផ្សារ​ អាច​ធ្វើដំណើរ​បាន​រហូត​ដល់ 270 គីឡូម៉ែត្រ​ ខណៈ​ក្រុម​ហ៊ុន​មួយ​ផ្សេង​ទៀត​របស់​វៀតណាម ថា ផលិត​ផល​របស់​ខ្លួន​ «ធ្វើដំណើរ​មិន​កំណត់​រយៈ​ចម្ងាយ​»។

    កាល​ពី​ថ្ងៃទី 21 តុលា Dat Bike បញ្ចេញ​ម៉ូដែល​ម៉ូតូ​អគ្គិសនី​ជំនាន់​ទី​បួន​ដែល​មាន​ឈ្មោះ​ថា Quantum មាន​រូប​រាង​សាមញ្ញ​ និង​ធ្វើដំណើរ​បាន​ឆ្ងាយ​ជាង​គេ​បង្អស់​នៅ​វៀតណាម។ Quantum អាច​បរ​បាន​ 270 គីឡូម៉ែត្រ​/សាកថ្ម​ម្ដង​ និង​ល្បឿន​អតិបរមា 100 គីឡូម៉ែត្រ​/ម៉ោង​។ ម៉ូតូ​នេះ​ស៊ីពេល​ 4 ម៉ោង​សម្រាប់​បញ្ចូល​អគ្គិសនី​មួយ​ពេញ​នៅ​តាម​ផ្ទះ និង​ 1 ម៉ោង​នៅ​តាម​ស្ថានីយ​របស់ Dat Bike។ ក្រៅ​ពី​នេះ វា​ក៏​ស៊ី​ពេល​តែ​ 1 ម៉ោង​ក្នុង​ការ​បញ្ចូល​ថាមពល​នៅ​តាម​ផ្ទះ​ នឹង​អាច​បរ​បាន​ 100 គីឡូម៉ែត្រ​។ អាយុ​កាល​ថ្ម​ផ្ទុកអគ្គិសនី​របស់​ Quantum ឡើង​ដល់ 25 ឆ្នាំ​។

    ប៉ុន្តែ​ ពីរ​បី​ថ្ងៃ​បន្ទាប់​ពីការ​ប្រកាស​របស់ Dat Bike ក៏​មាន​ក្រុម​ហ៊ុន​វៀតណាម​មួយ​ទៀត គឺ​ Selex Motors ​អះអាង​ថា រយៈ​ចម្ងាយ​ផ្លូវ​អតិបរមា​ «មិន​ស្ថិត​ក្នុង​វច្ចនានុក្រម​» នៅ​ពេល​ប្រើ​ប្រាស់​ម៉ូតូ​អគ្គិសនី​របស់​ពួក​គេ​។

    Selex Motors ដែល​កំពុង​វាយ​លុក​ទីផ្សារ​ម៉ូតូ​អគ្គិសនី​សម្រាប់ការ​ដឹក​ជញ្ជូន​ បញ្ជាក់​ថា ដើម្បី​ឱ្យ​អ្នក​បើក​បរ​អាច​ធ្វើ​សកម្មភាព​បាន​ច្រើន​បំផុត​ Selex Motors ប្រើ​ប្រាស់​ដំណោះ​ស្រាយ​ប្ដូរ​ថ្ម​ដែល​ស៊ី​ពេល​តែ​ 2 នាទី​ប៉ុណ្ណោះ ដោយមិន​បាច់​រង់​ចាំបញ្ចូល​ថាមពល​ច្រើន​ម៉ោង​ដូច​ម៉ូតូ​អគ្គិសនី​ដទៃ​។

    ផលិតផលរបស់​ Selex Motors

    Selex Motors មាន​ប្រព័ន្ធ​គាំទ្រ​ចំនួន 4 ផ្នែក​ ដែល​រួម​មាន ម៉ូតូ Selex Camel, ថ្មផ្ទុក​អគ្គិសនី Selex, ស្ថានីយ​ប្ដូរ​ថ្ម​ស្វ័យប្រវត្ត​ និង​កម្មវិធី​ទូរស័ព្ទ (App) ដែល​ជួយ​គ្រប់​គ្រង​ប្រព័ន្ធ​នេះ​ទាំង​មូល​។ បច្ចុប្បន្ន ក្រុម​ហ៊ុន​នេះមាន​ស្ថានីយ​ប្ដូរ​ថ្ម​សរុប 54 នៅ​ទូទាំង​ប្រទេស​។

    ដើម្បី​ប្ដូរ​ថ្ម អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​ចូល App និង​ជ្រើស​រើស​ស្ថានីយ​ដែល​នៅ​ជិត​បំផុត ពេល​នោះ app នឹង​បង្ហាញ​ទីតាំង​ និង​ចំនួន​ថ្ម​ដែល​កំពុង​មាន​ក្នុង​ស្ថានីយ​នេះ​។ មក​ដល់​ស្ថានីយ អ្នក​ប្រើ​ប្រាស់​ចុះ​ឈ្មោះ​ចូល​ប្រព័ន្ធ​នៅ​ក្នុង​ស្ថានីយ​ដោយ​គណនី​ដេល​បាន​ចុះ​ឈ្មោះ​ពេល​ទិញ​ម៉ូតូ​ ឬ​ស្កេន​កូដ QR រួច​ធ្វើតាម​ការ​ណែនាំ​លើ​អេក្រង់​។ ម៉ូដែល​ម៉ូតូ​អគ្គិសនី Selex Camel របស់​ Selex Motors អាច​ដាក់​ថ្ម​រហូត​ដល់​ 3 គ្រាប់ និង​អាច​ធ្វើ​ដំណើរ​បាន​ 150 គីឡូម៉ែត្រ​៕

  • ម្ចាស់​ SpaceX ចង់​លុប​បំបាត់​ធនាគារ​ចាប់​ពី​​ឆ្នាំ​ក្រោយ​ដោយ​​បណ្ដាញសង្គម​ X

    ម្ចាស់​ SpaceX ចង់​លុប​បំបាត់​ធនាគារ​ចាប់​ពី​​ឆ្នាំ​ក្រោយ​ដោយ​​បណ្ដាញសង្គម​ X

    មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក Elon Musk ចង់​​ប្រែក្លាយ​បណ្ដាញ​សង្គម​ X (អតីត​ Twitter) ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើ​ប្រាស់​ ក្នុង​មហិច្ឆតា​លុប​បំបាត់​គណនី​ធនាគារ​ចាប់​ពី​ចុង​ឆ្នាំ 2024​។

    The Verger ដកស្រង់​សម្ដី​​របស់​លោក Elon Musk ដែល​បាន​ថ្លែង​ទៅ​កាន់​បុគ្គលិក​កាល​ពី​ថ្ងៃទី 26 កក្កដា​ថា លោក​ចង់​ឱ្យ​បណ្ដាញ​សង្គម X អាច​ដោះស្រាយ​គ្រប់​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​ប្រាក់​កាសនៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​អ្នក​ប្រើ​ប្រាស់​ «នឹង​ត្រូវ​ភ្ញាក់​ផ្អើល​នៅ​ចំពោះ​មុខ​ឥទ្ធិពល​របស់​វា​»។

    លោក Elon Musk បក​ស្រាយ​ថា ការ​ទូទាត់​ប្រាក់​លើ​ X នឹង​កែ​ប្រែ​ទាំង​ស្រុង​នូវ​វិធី​ផ្ទេរ​ប្រាក់​របស់​អ្នក​ប្រើប្រាស់​។ បើ​សិន​អ្នក​លេង​បណ្ដាញ​សង្គម​ X ណា​ម្នាក់​ចង់​ផ្ញើ​លុយ 20 ដុល្លារ​ឱ្យ​មិត្ត​ភក្ដិ ពួក​គេ​នឹង​មិន​ចាំបាច់​មាន​គណនី​ធនាគារ​ឡើយ​។

    ទាក់​ទង​នឹង​រឿង​នេះ​ដែរ CEO របស់​ X អ្នកស្រី Linda Yaccarino ក៏​បាន​ចាត់​ទុក​ថា ឱកាស​នេះ​នឹង​អាច​អនុវត្ត​បាន​ចាប់​ពី​ឆ្នាំ 2024​។

    យោង​តាម The Verge លោក Elon Musk ចង់​ផ្ដួល​ PayPal ដែល​លោក​បាន​បង្កើត​ឡើង​កាល​ពី​ពីរ​ទសវត្សរ៍​មុន​។ គំនិត​របស់​ម្ចាស់​ Tesla ដែល​ចង់​ឱ្យ X ក្លាយ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ បាន​ដក់​ជាប់​ក្នុង​បេះដូង​របស់​គាត់​ ហើយ​គាត់​បាន​និយាយ​អំពី​រឿង​នេះ​តាំង​ពី​កិច្ច​ប្រជុំ​ដំបូង​នៅ​ Twitter ៕

  • រថយន្ត​ប្រើ​អគ្គិសនី​​ពី​ព្រះអាទិត្យ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ការ​ប្រកួត​ចម្ងាយ​បី​ពាន់​គីឡូម៉ែត្រ​

    រថយន្ត​ប្រើ​អគ្គិសនី​​ពី​ព្រះអាទិត្យ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ការ​ប្រកួត​ចម្ងាយ​បី​ពាន់​គីឡូម៉ែត្រ​

    (អូស្ត្រាលី) – ដោយ​សារ​មាន​រូប​រាង​ពិសេស​ រថយន្ត​ដំណើរ​ការ​ដោយ​អគ្គិសនី​ពី​ព្រះ​អាទិត្យ​របស់​ក្រុម​ប្រណាំង​មួយ​របស់​បែលហ្ស៊ិក ដណ្ដើម​បាន​ជ័យ​ជំនះ​​ក្នុង​ការ​ប្រកួត​រយៈ​ចម្ងាយ​ 3,000 គីឡូម៉ែត្រ បើ​ទោះ​អាកាសធាតុ​មិន​អំណោយ​ផល​។

    នេះ​ជា​លើក​ទីពីរ​ជាប់​ៗ​គ្នា​ហើយ​ដែល​ក្រុម​ប្រណាំង​ឡាន​មក​ពី​បែលហ្ស៊ិក​ ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​នៅ​ពាន​រង្វាន់ Bridgestone World Solar Challenge (BWSC) ជា​ការ​ប្រកួត​ប្រណាំង​ឡាន​មួយ​នៅ​អូស្ត្រាលី​ ដែល​មាន​ការ​ចូលរួម​ពី​រថយន្ត​ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យទំនើប​ៗ​​រាប់​សិប​គ្រឿង​ រួម​នឹង​​វិស្វករ និង​និស្សិត​ជា​ច្រើន​ក្រុម​មក​ពី​ជុំវិញ​ពិភពលោក​។ ការ​ប្រកួត​រថយន្ត​នេះ​មាន​រយៈ​ចម្ងាយ​ 3,000 គីឡូម៉ែត្រ ចាប់​ផ្ដើម​ពី​ Darwin ទៅ​កាន់​ Adelaide។

    ការ​ប្រកួត​ខាងលើ​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ 8 ព្រឹក ដល់​ម៉ោង​ 5 ល្ងាច ហើយ​ក្រុម​នីមួយ​ៗ​ត្រូវ​តែ​ផ្គត់​ផ្គង់​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង​។

    ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​ឆ្នាំ 2019 ក្រុម​របស់​បែលហ្ស៊ិក​បាន​ឈ្នះ​ ក្រោយ​ពី​រថយន្ត​នាំ​មុខ​គេ​ដែល​ជា​របស់​ប្រទេស​ហូឡង់​បាន​ឆេះ​។ ក្នុង​ការ​ប្រណាំងឆ្នាំ​នេះ​ ក្រុម​របស់​បែលហ្ស៊ិក​ដែល​មាន​ឈ្មោះ​ថា Innoptus រក្សា​គម្លាត់​ពី​ក្រុម​ហូឡង់​ស្ទើរ​តែ​ពេញ​មួយ​ប្រកួត​ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត​ 34 ម៉ោង 4 នាទី និង 41 វិនាទី​ លឿន​ជាង​ជិត​ 5 នាទី បើធៀប​នឹង​ឆ្នាំ 2019​។

    ចំណាត់​ថ្នាក់​លេខពីរ​គឺ​បាន​ទៅ​លើ​ក្រុម​របស់​ហូឡង់ Twente ដោយ​ប្រើ​ប្រាស់​ពេល​វេលា​ 34 ម៉ោង 24 នាទី និង 58 វិនាទី។

  • ប្រាក់​ចំណេញ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់ប្រទេស​ចិន​ ងើប​ឡើង​ជា​បណ្ដើរ​ៗ​

    ប្រាក់​ចំណេញ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់ប្រទេស​ចិន​ ងើប​ឡើង​ជា​បណ្ដើរ​ៗ​

    ប្រាក់​ចំណេញ​របស់​បណ្ដា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ធំៗ​នៅ​ប្រទេស​ចិន ​​ក្នុង​ខែ​កញ្ញាបាន​កើន​ឡើង​ជិត 12% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំកន្លង​​​។ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​នេះ។

    តម្រូវ​ការ​កើន​ឡើងវិញ រួម​នឹង​បណ្ដា​វិធាន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ មាន​ដូច​ជា​ ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​ និង​អត្រា​ពន្ធ​ជា​ដើម បាន​រួម​ចំណែក​ជំរុញ​វិស័យ​ផលិត​កម្ម​​របស់​ប្រទេស​ចិន​ ឱ្យ​ឆ្លង​ផុត​ដំណាក់​កាល​លំបាក​ជា​បណ្ដើរ​ៗ​។ ប្រាក់​ចំណេញ​របស់​សហគ្រាស​នានា​ក៏​បាន​ប្រសើរ​ឡើង​ ហើយ​មាន​សហគ្រាស​ជា​ច្រើន​រក​បាន​ប្រាក់​ចំណេញ​ពីរ​ខែ​ជាប់​ៗ​គ្នា​។

    ទិន្នន័យ​នានាដែល​ត្រូវ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី 27 តុលា បង្ហាញ​ថា ប្រាក់​ចំណេញ​របស់​បណ្ដា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ធំៗ​នៅ​ប្រទេស​ចិន ​​ក្នុង​ខែ​កញ្ញាបាន​កើន​ឡើង​ជិត 11.9% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2023​។

    ការ​កើន​ឡើង​នៃ​ប្រាក់​ចំណេញ​ក៏​សម​ស្រប​នឹង​ការ​កើន​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​របស់​សន្ទស្សន៍​វាស់​វែង​អតិផរណា​​ក្នុង​ការ​ផលិត​ និង​កម្រិត​នៃ​សកម្មភាព​។ ប្រការ​នេះ​បង្ហាញ​ថា វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​ចិន​ទំនង​ជា​បាន​ឆ្លង​ផុត​ដំណាក់​កាល​លំបាក​បំផុត​រួច​ហើយ​។

    ចំណែក​ក្រុម​អ្នក​ជំនាញ​ក៏​បាន​រំពឹង​ថា បើ​ទោះ​ដំណើរ​ការ​ងើប​ឡើង​វិញ​អាច​នៅ​មាន​ឧបសគ្គច្រើន ប៉ុន្តែ​វិស័យ​​ឧស្សាហកម្ម​ចិន​នៅ​តែអាច​បោះ​ជំហាន​ទៅ​រក​ការ​រីក​ចម្រើន​​ជា​បន្ត​បន្ទាប់​។ កត្តា​ជំរុញ​ជា​វិជ្ជមាន​នេះ​ត្រូវ​បាន​ព្យាករ​ថា អាច​អូស​បន្លាយ​រហូត​ដល់​ត្រី​មាស​ទីបួន​នៃ​ឆ្នាំ 2023 និង​ដើម​ឆ្នាំ 2024​ គ្រា​ដែល​វិធាន​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ថ្មីៗ​ត្រូវ​បាន​អនុវត្ត​ជា​បន្ត​បន្ទាប់៕

  • ថៃ និង​វៀតណាម​ជំរុញ​ឱ្យ​ឆាប់​សម្រេច​បាន​គោល​ដៅ​ពាណិជ្ជកម្ម​ 25 ពាន់​លាន​ដុល្លារ​

    ថៃ និង​វៀតណាម​ជំរុញ​ឱ្យ​ឆាប់​សម្រេច​បាន​គោល​ដៅ​ពាណិជ្ជកម្ម​ 25 ពាន់​លាន​ដុល្លារ​

    ថៃ និង​វៀតណាម បាន​យល់​ព្រម​ប្រឹង​ប្រែង​ជំរុញ​ការ​នាំ​ចេញ​-នាំចូល​ទ្វេ​ភាគី​ ឱ្យ​ឆាប់​បាន​សម្រេច​​គោលដៅ​ពាណិជ្ជកម្ម​ 25 ពាន់​លាន​ដុល្លារ​អាម៉េរិក​ តាម​រយៈ​ការ​កាត់បន្ថយរនាំង​ពាណិជ្ជកម្ម​។

    ក្នុង​ឱកាស​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​នៅ​ទីក្រុង​ហាណូយ កាល​ពី​ម្សិល​មិញ រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក Parnpree Bahiddha-Nukara ឱ្យ​ដឹង​ថា វៀតណាម​គឺជា​ដៃគូ​សំខាន់​ជួរមុខ​របស់​ប្រទេស​ថៃនៅ​ក្នុង​តំបន់​។

    អំពី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ភាគី​ទាំង​ពីរ​បាន​​យល់​ព្រម​ប្រឹង​ប្រែង​ជំរុញ​ការ​នាំ​ចេញ​-នាំចូល​ទ្វេ​ភាគី​ ឱ្យ​ឆាប់​សម្រេច​បាន​គោលដៅ​ពាណិជ្ជកម្ម​ 25 ពាន់​លាន​ដុល្លារ​អាម៉េរិក​ តាម​រយៈ​ការ​កាត់បន្ថយឧបសគ្គ​នានា​ ដែលជា​​រារាំង​រារាំង​​ពាណិជ្ជកម្ម និង​បើក​ទូលាយ​បន្ថែម​ទៀត​​សម្រាប់​ទំនិញ​របស់​ប្រទេស​ទាំង​ពីរ​។

    ការ​លើក​ឡើង​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ពី​ថ្ងៃទី 25 ដល់ 26 តុលា របស់​លោក Parnpree នៅ​ប្រទេស​វៀតណាម​។

    ក្នុង​ឆ្នាំ 2022 តម្លៃ​នៃ​ការ​នាំ​ចេញ​-នាំចូល​រវាង​ប្រទេស​ថៃ និង​វៀតណាម សម្រេច​បាន​ 21.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ វៀតណាម​គឺជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​លំដាប់​ទីពីរ​របស់​ប្រទេស​ថៃ នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​លំដាប់​ទី​ប្រាំ​នៅ​លើ​ពិភពលោក​៕