Category: សង្គម និងសេដ្ឋកិច្ច

  • 7វិធីក្នុងការរចនាម៉ូដផ្ទះដោយខ្លួនឯងឱ្យស្អាតត្រូវចិត្ត ប្រើការបាន និងគោលការណ៍ដំបូងដែលគួរដឹង មុនចាប់ផ្ដើម

    7វិធីក្នុងការរចនាម៉ូដផ្ទះដោយខ្លួនឯងឱ្យស្អាតត្រូវចិត្ត ប្រើការបាន និងគោលការណ៍ដំបូងដែលគួរដឹង មុនចាប់ផ្ដើម

    សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធក្នុងការរចនាម៉ូដផ្ទះ និងគូសប្លង់ផ្ទះ អាចគិតថាជារឿងមួយដែលលំបាកខ្លាំងណាស់ ព្រោះក្រៅពីត្រូវនឹកដល់ភាពស្រស់ស្អាត និងហ្វាំងស្សិនការប្រើការហើយនោះ នៅត្រូវនឹកដល់តម្លៃការចាយវាយដែលគួរឱ្យឈឺក្បាលវិលមុខទៀតផង ដូច្នេះសម្រាប់អ្នកដែលកំពុងចង់រចនាម៉ូដផ្ទះដោយខ្លួនឯង និងកំពុងសម្លឹងរកមើលកម្លាំងជំរុញចិត្តនោះ ថ្ងៃនេះឡារ៉ែនបានរួបរួមគន្លឹះល្អៗពាក់ព័ន្ធនឹងការរចនាម៉ូដផ្ទះយ៉ាងមានប្រសិទ្ធភាពមកជម្រាបជូន ធានាថា ពេលបានដឹងហើយ វានឹងជួយឱ្យរឿងដែលពិបាក ក្លាយជារឿងងាយស្រួលឡើងបាន និងថែមទាំងបានផ្ទះដែលស្អាតត្រូវចិត្តទៀតផង។

    1-ជ្រើសរើសប្រភេទផ្ទះដែលស្នាក់នៅឱ្យស័ក្តិសមនឹងសមាជិកគ្រួសារ

    មិនមែនថាគ្រប់ក្រុមគ្រួសារសុទ្ធតែត្រូវការផ្ទះធំៗ ហើយក៏មិនមែនថាគ្រប់ក្រុមគ្រួសារសុទ្ធតែស័ក្តិសមនឹងផ្ទះទំហំតូចៗនោះដែរ ដូច្នេះរឿងដែលសំខាន់បំផុត គឺការជ្រើសរើសប្រភេទផ្ទះដែលស្នាក់នៅឱ្យស័ក្តិសមនឹងចំនួនសមាជិកគ្រួសារ ដូចជាផ្ទះទោល ផ្ទះល្វែង ឬបន្ទប់ខុនដូ ដោយសាកល្បងពិចារណាមើលថា គួរតែមានទំហំប៉ុន្មានទើបត្រូវនឹងឡៃហ្វ៍ស្តាយល៍របស់សមាជិកគ្រប់គ្នា ដើម្បីនាំយកទៅគណនាជាបន្តថា នៅខាងក្នុងទីស្នាក់នៅរបស់យើងនោះ គួរមានបន្ទប់គេងប៉ុន្មាន? បន្ទប់ទឹកប៉ុន្មាន? និងតបន្ថែមនៅផ្នែកត្រង់ណាខ្លះ?។

    2-ផ្ដល់ភាពសំខាន់លើ Layout មុនគេបង្អស់

    បន្ទាប់ពីជ្រើសរើសប្រភេទផ្ទះដែលត្រូវស្នាក់អាស្រ័យបានហើយ គួរផ្ដល់ភាពសំខាន់ទៅលើគំនូសប្លង់ផ្ទះមុនការតុបតែង ព្រោះទោះជាផ្ទះនឹងស្រស់ស្អាតក៏ដោយ តែបើមិនឆ្លើយតបនឹងការប្រើការបានក្នុងជីវិតពិតៗនោះ វាក៏គ្មានប្រយោជន៍អ្វីដែរ

    ដូច្នេះអ្នកណាដែលកំពុងច្នៃម៉ូដផ្ទះ គួតែគូសម៉ូដប្លង់ផ្ទះឱ្យរួចជាមុនសិន ដោយពិចារណាថា តើនឹងដាក់ទីតាំងបន្ទប់នីមួយៗយ៉ាងណា រវាងទីធ្លារួម និងទីធ្លាផ្ទាល់ខ្លួន? ដាក់នៅជាប់គ្នាបាន ឬបំបែកនៅទីតាំងផ្សេងគ្នាល្អជាង ដើម្បីការពារសំឡេងរំខាន? ឬបន្ទប់ទទួលភ្ញៀវ បន្ទប់ញ៉ាំបាយ ផ្ទះបាយ រៀបជញ្ជាំងខណ្ឌល្អដែរទេ? ឬច្នៃម៉ូដបែប Open Plan ល្អជាង? ជាដើម។ល។

    3-តុបតែងឱ្យស៊ីគ្នានឹងទីកន្លែង

    បន្ទាប់ពីជ្រើសរើសបែបប្លង់ផ្ទះដែលត្រូវការបានហើយ ក៏មកដល់ដំណាក់កាលរបស់ការតុបតែង ដែលលោកអ្នកគួរជ្រើសរើសឱ្យស៊ីគ្នាទៅនឹងទំហំទីកន្លែង និងការរៀបប្លង់ផ្ទះ ដូចជាបើខាងក្នុងផ្ទះហាក់ដូចជាតូច គួរជ្រើសរើសការតុបតែងស្តាយល៍

    ម៉ូឌើន ព្រោះទាំងទម្រង់ពណ៌ និងច្នៃម៉ូដស្តាយល៍នេះ នឹងជួយឱ្យខាងក្នុងផ្ទះមើលទៅរាងធំទូលាយ ភ្លឺ មានបរិយាកាសស្រឡះខ្លាំងជាងស្តាយល៍ ថ្រេឌិស្សិនណល ឬផ្ទះបែបពីដើម ដែលតែងតែប្រើជញ្ជាំងខណ្ឌបន្ទប់បែងចែកទីកន្លែង ដែលវានឹងធ្វើឱ្យផ្ទះដែលមានទំហំតូចស្រាប់ មើលទៅរឹតតែចង្អៀត។

    4-នឹកដល់ចំណុចល្អ-មិនល្អរបស់ចំណុចនីមួយៗ

    ពេលបានម៉ូដផ្ទះដែលត្រូវចិត្តហើយ ចូរកុំអាលចាប់ផ្ដើមភ្លាមអី សាកល្បងពិចារណាពីចំណុចល្អ-ចំណុចអាក្រក់របស់ចំណុចទីតាំងនីមួយៗម្ដងទៀតសិន ដូចជាបើម្ចាស់ផ្ទះជាមនុស្សចូលចិត្តមាត់បង្អួចធំៗ ព្រោះចង់ឱ្យផ្ទះភ្លឺស្រឡះ និងមើលឃើញទេសភាពខាងក្រៅនោះ កុំភ្លេចសង្កេតមើលផងថា តើត្រូវនឹងទិសព្រះអាទិត្យដែរឬទេ? តើពន្លឺថ្ងៃនឹងចាំងចូលមកនៅពេលណា? មិនដូច្នោះទេវានឹងធ្វើឱ្យផ្ទះក្ដៅ ដែលអាចនឹងត្រូវបំពាក់ដំបូលបង្អួច ឬប្ដូរវាំងននបែបការពារកម្ដៅបាន។

    (នៅមានត)

  • Apple ចាប់ដៃជាមួយ TikTok បង្ហោះវីដេអូ ផ្សាយផលិតផល ទាំងដែលកន្លងមក មិនដែលផុសលើបណ្ដាញសង្គមសោះ

    Apple ចាប់ដៃជាមួយ TikTok បង្ហោះវីដេអូ ផ្សាយផលិតផល ទាំងដែលកន្លងមក មិនដែលផុសលើបណ្ដាញសង្គមសោះ

    អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា ​Apple បាន​បង្កើត​គណនី TikTok ជាផ្លូវ​ការ លើក​ដំបូង​តាំង​ពី​ជាង 6ខែ​មុន ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បង្ហោះ​វីដេអូ ​ជា​លើក​ដំបូង ​ដោយ​មាន​វត្តមាន​​បុគ្គល​ល្បីៗ​នៅលើ TikTok មួយ​ចំនួន ដែល​​ចេញ​មក​ផ្សព្វផ្សាយ​អំពី iPhone 12 mini។ ​ប្រការ​ដ៏​ចម្លែក​នេះ​ គឺ​ជា​លើក​ដំបូង​ហើយ ដែល​ក្រុមហ៊ុន Apple ​យក​បណ្ដាញ​សង្គម ​មក​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ ​ទាំង​ដែល​កន្លង​មក ​មិន​ដែល​ធ្វើបែបនេះឡើយ​ តែ​ម្ដង​នេះ​ក៏​ដូច​សព្វ​ដងនៅ​លើ YouTubeដែរ ​ពោល​គឺ Apple មិនបានបើកការអនុញ្ញាត សម្រាប់ឱ្យអ្នកទស្សនា ធ្វើការបញ្ចេញមតិឡើយ ដោយអាចធ្វើបាន ត្រឹមតែចុច Like និងទស្សនាវីដេអូប៉ុណ្ណោះ។​​

    គិត​មក​ទល់​ពេល​នេះ​មាន​វីដេអូ​ថ្មី​ចំនួន​4 ហើយ​ដែល Apple បាន​បង្ហោះ​ក្នុង​ពេល​តែ​មួយ មានការ​ផ្សព្វផ្សាយ​អំពី​ទំហំ​ដ៏​តូច​របស់ iPhone 12 mini។ Apple បានបង្ហោះវីដេអូផ្សព្វផ្សាយឱ្យ iPhone 12 mini ស៊េរីថ្មីរបស់ខ្លួន ដែលមានការចូលរួមដោយបុគ្គលល្បីៗដូចជា Zach King, Jessica Wang, Julian Bass និង Kevin B Parry ជាដើម ដើម្បីបង្កើតបានជាវីដេអូ គួរឱ្យទាក់ទាញទាំងនោះ។ នៅក្នុងឃ្លីបវីដេអូទាំងនោះ ពួកគេបានព្យាយាមធ្វើវេទមន្ត ឱ្យវត្ថុធំៗ ក្លាយទៅជាវត្ថុតូចៗ ដោយការប្រើប្រាស់ វិធីកាត់តវីដេអូ និងចុងក្រោយ ជាការធ្វើឱ្យ iPhone 12 Pro ទៅជា iPhone 12 mini វិញ។

    ជាការពិតណាស់ កម្មវិធីបណ្ដាញសង្គម TikTok មានភាពល្បីល្បាញខ្លាំងមែនទែន និងបន្ដពង្រីកប្រជាប្រិយភាព ជារៀងរាល់ថ្ងៃ បានយ៉ាងលឿន ស្ទើរតែមិនគួរឱ្យជឿ។ ដូច​នេះ​ ប្រសិនបើចង់ចូលមើលវីដេអូ TikTok របស់ Apple ទាំងអស់នោះ លោកអ្នកអាចស្វែងរកគណនីផ្លូវការ របស់ពួកគេបាន នៅក្នុងកម្មវិធី TikTok តែម្ដង៕

  • YouTube អាប់ឌែតថ្មី នៅលើ Android TV អាចមើលវីដេអូ កម្រិត 8K បាន

    YouTube អាប់ឌែតថ្មី នៅលើ Android TV អាចមើលវីដេអូ កម្រិត 8K បាន

    ថ្មីៗនេះ ក្រុមហ៊ុន Google បាន​បញ្ចេញ​កំណែ​អាប់​ឌែ​ត​ថ្មី ទៅឱ្យ​កម្មវិធី YouTube របស់ខ្លួន​ដែល​ដំណើរការ​នៅលើ​ទូរទស្សន៍ Android TV ជា​ផ្លូវការ​ហើយ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នៅលើ កំណែ​អាប់​ឌែ​ត​ជំនាន់ YouTube for Android TV v.2.12.08 នោះ គឺ​បាន​ផ្ដល់ជូន​នូវ​ការគាំទ្រ​ក្នុង​ការចាក់​វីដេអូ រហូតដល់​កម្រិត 8K ជាមួយ​ទូរទស្សន៍​ឆ្លាត​វៃទំនើបៗទាំងនោះ ក៏ដូចជា​បន្ថែម​មុខងារ​មួយចំនួន​ផងដែរ។

    ក្រៅពី​ទទួលបាន​សមត្ថភាព​ចាក់​វីដេអូ​កម្រិត 8K នៅលើ​ទូរទស្សន៍ Android TV ។ Google ក៏​ផ្ដល់ជូន​ការគាំទ្រ​ចាក់​វីដេអូ ប្រភេទ AV1 HDR ដែរ និង​ការ​ជុស​ជួល​កំហុសផ្សេងៗ ដូចជា បញ្ហា​បណ្ដាញ​ប្រព័ន្ធ Network មិន​ដំណើរការបាន​រលូន ព្រមទាំង​ជំនួយ ឱ្យ​ដើរ​លឿន​ជាង​មុន ជាដើម។

    ការបន្ថែម​មុខងារ Cast Connect នៅលើ​កំណែ​អាប់​ឌែ​ត​ចុងក្រោយ ក៏មាន​អត្ថប្រយោជន៍​ច្រើន ដូចគ្នា ដោយ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ ធ្វើការ​បញ្ជា​លើ​ផ្ទាំង​ចាក់​វីដេអូ ឬ​បទ​ចម្រៀង​ពី​ទូរស័ព្ទ​វៃឆ្លាត ទៅកាន់​ទូរទស្សន៍​តាមរយៈ​តេ​ឡេ​បញ្ជា​ផ្ទាល់ ដោយ​មិនចាំបាច់​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទៀតឡើយ។

    ជាការ​ពិតណាស់ វីដេអូ​កម្រិត 8K នៅលើ YouTube មិនទាន់​សូវ​មាន​ច្រើន​ទេ ហើយក៏​ទាមទារ​ល្បឿន​អ៊ី​ន​ធើ​ណេ​ត​លឿន​ផងដែរ។ បើទោះជា​បច្ចុប្បន្ន ទូរទស្សន៍​ឆ្លាត​វៃ 8K មិនទាន់មាន​ភាព​ធំ​ទូលាយ និង​នៅមាន​តម្លៃ​ខ្ពស់​នៅឡើយ តែ​ប្រសិនបើ​អ្នកប្រើប្រាស់​ទាំងឡាយណា ដែលមាន​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ដើរ​លឿន ហើយ​ជាពិសេស​មាន​ទូរទស្សន៍ 8K ស្រាប់​ហើយ​នោះ នឹង​អាច​ទស្សនា​វីដេអូ​នៅលើ YouTube បាន​កាន់តែ​ដិត​ច្បាស់ ថែម​ទៀតផង៕

  • បង្គោល​លោហធាតុ​អាថ៌កំបាំង​ដែល​គេ​ប្រទះឃើញ​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់​អាមេរិក បាន​បាត់​ខ្លួន!

    បង្គោល​លោហធាតុ​អាថ៌កំបាំង​ដែល​គេ​ប្រទះឃើញ​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់​អាមេរិក បាន​បាត់​ខ្លួន!

    ក្រុមមន្ត្រី​នៃ​រដ្ឋ Utah បានឱ្យដឹងថា បង្គោល​លោហធាតុ​ដ៏​អាថ៌កំបាំង​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់ បាន​បាត់​ខ្លួន​ហើយ ដែល​នេះ​ត្រូវបាន​សង្ស័យថា ប្រហែល​ជាមាន​ក្រុមមនុស្ស​ណាមួយ លួច​គាស់​យកទៅ​កន្លែង​ផ្សេង។

    នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី​របស់​រដ្ឋ Utah សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 28 វិច្ឆិកា បានឱ្យដឹងថា ពួកគេ​ទទួលបាន​សេចក្ដីរាយការណ៍​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ និយាយថា បង្គោល​លោហធាតុ​នេះ ត្រូវបាន “ក្រុម​ជន​ណាមួយ” លួច​គាស់​យកទៅ​កន្លែង​ផ្សេង​កាលពី​យប់​មុន​នោះ។ ប៉ុន្តែ នាយកដ្ឋាន​នេះ​ប្រកាសថា ខ្លួន​មិន​ធ្វើការ​ស៊ើបអង្កេត​លើ​បទល្មើស​ទាក់ទង​នឹង​ទ្រព្យ​ឯកជន​នេះ​ទេ ដោយ​កិច្ចការ​នេះ​ជា​ភារកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ក្នុង​តំបន់។ នាយកដ្ឋាន​នេះ ជឿថា បង្គោល​លោហធាតុ​នេះ​គឺជា​ទ្រព្យ​ឯកជន។

    បង្គោលលោហធាតុអាថ៌កំបាំងដែលគេប្រទះឃើញនៅកណ្ដាលសមុទ្រខ្សាច់អាមេរិក បានបាត់ខ្លួន!សូម​រំលឹកថា មុនពេល​បាត់​ខ្លួន​ពី​កន្លែងកើតហេតុ បង្គោល​លោហធាតុ​ដែលមាន​រាង​ត្រីកោណ កម្ពស់​ប្រហែល 3.6 ម៉ែត្រ និង​ត្រូវបាន​ផ្គុំ​ពី​បន្ទះ​ដែក​ដែក​អ៊ី​ណុ​ក​ចំនួន 3 ផ្ទាំង នៅ​កណ្ដាល​ថ្ម​ពណ៌​ក្រហម​នៅលើ​សមុទ្រ​ខ្សាច់​ភាគខាងត្បូង​រដ្ឋ Utah ត្រូវបាន​ក្រុមមន្ត្រី​ក្នុង​តំបន់​ប្រទះឃើញ​កាលពី​ថ្ងៃទី 18 វិច្ឆិកា នៅពេល​ពួកគេ​កំពុង​ហោះហើរ​ដើម្បី​រាប់​ចំនួន​សត្វ​ចៀម​ស្នែង​ធំ​នៅក្នុង​តំបន់។

    ក្រុមមន្ត្រី​ខាងលើ មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ទីតាំងរ​បស់បង្គោល​ខាងលើ​ទេ ប៉ុន្តែ វា​នៅតែ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​ចង់ដឹង​ចង់​ឮ ហើយ​មនុស្ស​ជាច្រើន​បាន​ទៅដល់​កន្លែងកើតហេតុ។ អ្នកខ្លះ​បានចាត់ទុក​ថា វា​គឺជា​វត្ថុ​របស់​មនុ​ស្សម​ក​ពី​ពិភព​ខាងក្រៅ ខណៈ​អ្នកខ្លះ​ថា វា​គឺជា​ស្នាដៃ​របស់​មនុស្ស​នៅលើ​ផែនដី។

    បង្គោលលោហធាតុអាថ៌កំបាំងដែលគេប្រទះឃើញនៅកណ្ដាលសមុទ្រខ្សាច់អាមេរិក បានបាត់ខ្លួន!
    រូប​ភាព​បង្ហាញ​ថា បង្គោល​លោហ​ធាតុ​​បាន​បាត់​ខ្លួន​

    មកដល់​បច្ចុប្បន្ន មិនទាន់មាន​អ្នកណាម្នាក់​ចេញមុខ​អះអាងថា ជា​ម្ចាស់​កម្មសិទ្ធិ​លើ​បង្គោល​លោហធាតុ​នេះ​នៅឡើយ។

    >ប្រទះឃើញ​បង្គោល​លោហធាតុ​ចម្លែក​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់! អាជ្ញាធរ​ថា “ទោះ​អ្នក​ដាំ​មកពី​ពិភព​ផ្កាយ​ក៏ដោយ វា​ជា​រឿង​ខុសច្បាប់ បើសិនជា​ធ្វើឡើង​នៅ​ទីសាធារណៈ” 

    >ទីតាំង​នៃ​បង្គោល​លោហធាតុ​ដ៏​អាថ៌កំបាំង​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់ ត្រូវបាន​គេ​រកឃើញ​ហើយ!

    ប្រភព៖ AFP

  • ប្រយោជន៍ផ្សេងទៀតរបស់វត្ថុប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះដែលស្រ្តីមេផ្ទះគួរដឹង (ត)

    ប្រយោជន៍ផ្សេងទៀតរបស់វត្ថុប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះដែលស្រ្តីមេផ្ទះគួរដឹង (ត)

    7 . អំបិល

    យើងអាចសម្អាតស្នាមប្រឡាក់ខ្មៅៗនៅលើគ្រឿងរបស់ប្រើប្រាស់ដែលធ្វើពីទង់ដែងឱ្យភ្លឺស្អាត ដោយគ្រាន់តែលាយទឹកខ្មេះជាមួយ​នឹងអំបិលប្រមាណជា 3ស្លាបព្រាបាយ រួចចាក់ចូលទៅក្នុងកំប៉ុងបាញ់ទឹក(ស្រ្បៃយ៍) រួចហើយយកទៅបាញ់នៅលើរបស់របរដែលធ្វើពី​ទង់ដែង​នោះឱ្យសព្វ ទុកចោលមួយស្របក់ ហើយសឹមជូតចេញដោយក្រណាត់ស្អាត។ តែប៉ុនហ្នឹង របស់ទាំងអស់នោះនឹងឡើងភ្លឺស្អាតថ្មីច្រឺងវិញមិនខាន។

    8 . ទឹកថ្នាំខ្ពុរមាត់

    បើកម្រាលឥដ្ឋផ្ទះរបស់អ្នកឡើងកខ្វក់ ឬឡើងខ្មៅស្រអាប់ មិនភ្លឺរលោង ហើយចៃដន្យទឹកសាប៊ូជូតផ្ទះក៏អស់ទៀតនោះ សូមសាកល្បងលាយទឹកថ្នាំខ្ពុរមាត់ 1គម្របពេញ ជាមួយនឹងទឹក 1ធុង ហើយយកមកជូតកម្រាលឥដ្ឋនោះ ព្រោះរូបមន្តនេះនឹងជួយសម្លាប់មេរោគ​បាក់​​តេរី និងជួយឱ្យកម្រាលឥដ្ឋឡើងស្អាតភ្លឺរលោងបានទៀតផង។

    9 . ក្រដាស់ជូតដៃបែបសើម

    ផ្ទះណាដែលមានក្រដាស់ជូតដៃបែបសើមប្រើប្រាស់ជាប់ជានិច្ច​នោះ ពេលនេះសូមសាកល្បងយកមកដុសខាត់សម្អាតក្បាល​ចំពួយទឹកធម្មតា ក្បាលចំពួយទឹកផ្កាឈូក ក្បាលចំពួយបាញ់ទឹក ឬដៃទ្វារ ជាដើមក៏បាន ព្រោះទឹកថ្នាំដែលមាននៅក្នុងក្រដាស់ជូតដៃបែបសើមនោះនឹងជួយសម្លាប់មេរោគ និងសម្អាតវត្ថុអស់ទាំងនោះបានយ៉ាងល្អ។ នេះគឺជាការសម្អាតផ្ទះមួយដែលងាយស្រួល និងអាចធ្វើបានគ្រប់​ពេល​​វេលា។

    10 . ថ្នាំបញ្ចុះជាតិអាស៊ីតនៅក្នុងក្រពះ

    ថ្នាំបញ្ចុះជាតិអាស៊ីតនៅក្នុងក្រពះប្រភេទគ្រាប់ដែលទំពារឱ្យម៉ដ្ឋមុនលេបនោះ អាចយកមកដាក់ឱ្យរលាយនៅក្នុងទឹក ទុកចោលប្រមាណ 20នាទី ហើយយកទៅចាក់ចូលក្នុងចានបង្គន់ដើម្បីលាងជម្រះវត្ថុកខ្វក់ទាំងឡាយដែលនៅក្នុងនោះបាន ឬបើចង់ឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទៀតនោះ អាចចាក់ទឹកភេស្ជជៈកំប៉ុងដែលមានហ្គាសចូលទៅតាមក្រោយ ហើយយកច្រាសមកដុសសម្អាតទៀតក៏បាន។

    11 . ក្រណាត់ចាស់ៗដែលឈប់ប្រើហើយ

    កំណកជាតិកំបោរដែលកកជាប់នៅតាមក្បាលចំពួយទឹក ក៏អាចបងៗស្រ្តីមេផ្ទះកម្ចាត់ចេញបានយ៉ាងងាយស្រួលដែរ ដោយប្រើទឹកខ្មេះ។ យកក្រណាត់ចាស់ៗដែលលែងប្រើហើយនោះមកជ្រលក់នឹងទឹកខ្មេះឱ្យសើមជោក ហើយយកទៅរុំក្បាលចំពួយទឹកនោះឱ្យជិត និងយកដង្កៀបមកគាបដើម្បីឱ្យណែនបន្តិច ទុកចោលប្រមាណជា 1ម៉ោង រួចហើយសឹមស្រាយចេញ និងជូតសម្អាតម្តងទៀតជា​ការ​ស្រេច។

    12 . នំប៉័ង

    រូបភាពនៅជាប់ជញ្ជាំងដែលមិនបានទទួលការមើលថែទាំសម្អាតសោះនោះ ចូរសាកល្បងពូតសាច់ក្នុងនំប៉័ងជាដុំមូលៗ ហើយយកទៅលុញរមៀលនៅលើរូបភាពនោះ ដើម្បីផ្ដិតយកធូលីដី និងវត្ថុកខ្វក់ចេញឱ្យអស់ ពេលរួចហើយ​ចូរយកជក់ខ្នាតតូច​មួយ​មកបោសកម្ទេចនំប៉័ងចេញយ៉ាងថ្នមៗ តែប៉ុនហ្នឹងផ្ទាំងរូបភាពទាំងនោះនឹងមើលទៅស្អាតគួរឱ្យចង់គយគន់មិនខាន។

    13 . ស្រោមដៃក្រណាត់ពណ៌ស

    បើក្នុងផ្ទះលោកអ្នកមានស្រោមដៃក្រណាត់ពណ៌សប្រើដែរនោះ អ្នកអាចយកវាមកជូតសម្អាតវាំងននស្លាបព្រឹលបាន ដោយ​លាយទឹកសាជូរជាមួយនឹងទឹកក្តៅឧណ្ហៗក្នុងបរិមាណស្មើគ្នា ហើយពាក់ស្រោមដៃក្រណាត់នោះនៅដៃទាំងសងខាង រួចជ្រលក់ដៃទៅក្នុងទឹកល្បាយ​នោះឱ្យសើមជោក បន្ទាប់មកក៏ប្រើម្រាមដៃជូតសម្អាតបន្ទះស្លាបព្រឹលទាំងនោះម្តង 1សន្លឹកៗ នៅពេលស្រោមដៃប្រឡាក់ខ្លាំង​ហើយ ចូរលូកដៃទៅជ្រលក់លាងក្នុងល្បាយទឹកនោះ ហើយយកមកជូតសម្អាតជាបន្ត។ នេះជាវិធីសម្អាតវាំងននស្លាបព្រឹលដ័ងាយបំផុត។

  • YouTube អាប់ឌែតថ្មី នឹងដាក់ Ads លើឆាណែលតូចៗ តែម្ចាស់ឆាណែលមិនបានលុយទេ

    YouTube អាប់ឌែតថ្មី នឹងដាក់ Ads លើឆាណែលតូចៗ តែម្ចាស់ឆាណែលមិនបានលុយទេ

    YouTube បានធ្វើការ​កែសម្រួល​លក្ខខណ្ឌ នៃ​សេវាកម្ម​របស់ខ្លួន ដោយបាន​បញ្ចូល​ផ្នែក​ថ្មី​មួយ​ផ្ដល់​សិទ្ធិ​ឱ្យ YouTube  ក្នុងការ​ស្វែងរក​ចំណូល​ពី​គណនីតូចៗ ដែល​មិនទាន់បាន​ក្លាយជា​សមាជិក​នៃ Partner Program។

    ច្បាប់​ថ្មី​នេះ នឹង​អាចឱ្យ YouTube ដាក់​ផ្ទាំង​ពាណិជ្ជកម្ម លើ​វីដេអូ នៃ​គណនី YouTube តូចៗបាន ប៉ុន្តែ​មិន​មានន័យថា គណនី​ទាំងនោះ​អាច​ទទួលបាន​ចំណែក​ភាគលាភ ពី​ចំណូល​បាន​ពី​ផ្ទាំង​ពាណិជ្ជកម្ម​នោះទេ។ ដូចនេះ​នៅលើ​វីដេអូ នៃ​គណនី YouTube តូចៗ អ្នកនឹង​ឃើញ​មាន​លោត​ផ្ទាំង​ពាណិជ្ជកម្ម មិន​ខុសពី​គណនីធំៗនោះឡើយ។

    ដើម្បី​អាច​ចូលរួម​ក្នុង​កម្មវិធី YouTube Partner Program បាន ម្ចាស់​គណនី YouTube មួយ រស់នៅក្នុង​ប្រទេស​ដែល​ខ្លួន​បានកំណត់​លើ YouTube, ត្រូវមាន​ចំនួន​ទស្សនា 4ពាន់​ម៉ោង ក្នុង​រយៈពេល 12ខែ ចុងក្រោយ និង​មាន Subscriber ចាប់ពី1ពាន់​នាក់​ឡើង៕

  • ត្រឹម 12ប្រកួត​សោះ Haaland រកបាន​គ្រាប់​បាល់ លើស Ronaldo ទៅទៀត

    ត្រឹម 12ប្រកួត​សោះ Haaland រកបាន​គ្រាប់​បាល់ លើស Ronaldo ទៅទៀត

    ខ្សែប្រយុទ្ធ Erling Haaland បាន​ក្លាយជា​កីឡាករ ដែល​អាច​រក​គ្រាប់​បាល់​បាន 16គ្រាប់ ក្នុង​ពានរង្វាន់ Champions League លឿន​ជាងគេ​ក្នុង​ប្រវត្តិ​សា​ស្ត​បាល់ទាត់ ត្រឹមតែ 12ប្រកួត។

    Haaland បានបង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​មែនទែន។ ជាក់ស្ដែង គេ​បាន​បន្ដ រក​គ្រាប់​បាល់ បាន​ច្រើន​សឹងតែ​គ្រប់ការ​ប្រកួត​ទៅហើយ ខណៈដែល​កាលពីពេលថ្មីៗនេះ ក្រុម Dortmund របស់គេ បាន​យកឈ្នះ​លើ​ក្រុម Club Brugge 3-0 ដែល​ក្នុងនោះ ខ្សែប្រយុទ្ធ​វ័យ 20ឆ្នាំ​រូបនេះ រកបាន 2គ្រាប់​ផងដែរ។

    គួរឱ្យ​ដឹង​ដែរ​ថា ក្នុង​ពានរង្វាន់ UEFA Champions League នេះ Haaland ធ្វើបាន​ល្អ​ជាង Ronaldo ទៅទៀត ដោយមាន​ចំនួន​គ្រាប់​បាល់​រកបាន លើស Ronado (ដែល​រកបាន​ត្រឹមតែ  14គ្រាប់) ដល់​ទៅ ២គ្រាប់ ខណៈដែល​គេ​ទើប​ប្រកួត​បានតែ 12ប្រកួត​ប៉ុណ្ណោះ៕

  • រកឃើញ 4ក្រុមដំបូង ដែលកក់កៅអី វគ្គ 16ក្រុមចុងក្រោយ ក្នុងChampions League

    រកឃើញ 4ក្រុមដំបូង ដែលកក់កៅអី វគ្គ 16ក្រុមចុងក្រោយ ក្នុងChampions League

    ក្រុម​អេ​ស្ប៉ា​ញ2 អ៊ីតាលី1 និង​អង់គ្លេស1 បាន​កក់​កៅអី វគ្គ 16ក្រុម​ចុងក្រោយ UEFA Champions League 2020-21 រួចរាល់​ហើយ ក្រោយ​ឈ្នះរៀងៗខ្លួន​ក្នុង​ការប្រកួត​លើក​ទី4 ប្រចាំ​ពូ​ល​របស់​ពួកគេ​កាលពី​យប់​ថ្ងៃ​អង្គារ ទី24 ខែវិច្ឆិកា។

    ក្រុម​ដែល​បាន​កក់​កៅអី ឡើងទៅ​វគ្គ​បន្ត ទាំង 4ក្រុម​នោះ គឺ​មកពី​លី​គ​កំពូល​អេស្បា់ញ​ចំនួន 2ក្រុម (Barcelona និង Sevilla), លី​គ​កំពូល​អង់គ្លេស Premier League 1ក្រុម (Chelsea), និង​មកពី​លី​គ​កំពូល​អ៊ីតាលី Seria A 1ក្រុម (Juventus)។

    គួរឱ្យ​ដឹង​ដែរ​ថា ក្នុង​ពានរង្វាន់ UEFA Champions League វគ្គ​ចែក​ពូ​ល​នេះ ក្រុម​ទាំងអស់​នៅសល់​ការប្រកួត​តែ 2ប្រកួត​ទៀត​ប៉ុ​ណ្នោះ ខណៈដែល​ការប្រកួត​វគ្គ 16ក្រុម​ចុងក្រោយ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី14 ខែធ្នូ ឆ្នាំ2020 ខាងមុខនេះ ដោយ​ទាំង 16ក្រុម នឹងត្រូវ​ចាប់​គូ​គ្នា​ប្រកួត 2ជើង ដើម្បី​ចម្រាញ់​យក 8ក្រុម ទៅ​វគ្គ​បន្តទៀត៕

  • (វីដេអូ) ភ្នំ Huanghua ប្រែក្លាយជា “ឋានសួគ៌ា” បន្ទាប់ពីព្រឹលធ្លាក់ដើមរដូវ

    (វីដេអូ) ភ្នំ Huanghua ប្រែក្លាយជា “ឋានសួគ៌ា” បន្ទាប់ពីព្រឹលធ្លាក់ដើមរដូវ

    ព្រឹលបានធ្លាក់ចាប់ពីថ្ងៃអាទិត្យសប្ដាហ៍មុន បានគ្របដណ្ដប់លើតំបន់ភ្នំ Huanghuan នៃខេត្ត Henan ភាគកណ្ដាលប្រទេសចិន ធ្វើឱ្យតំបន់ទាំងមូលពោរពេញទៅដោយពណ៌ស ប្រៀបបានទៅនឹងឋានទេវតា គួរជាទីចាប់​ចិត្ត។

    ព្រឹលដើមរដូវ កាលពីថ្ងៃទី22វិច្ឆិកា បានធ្លាក់ចុះមកគ្របដណ្ដប់ពេញតំបន់ភ្នំ Huanghua នាទីក្រុង Anyang ខេត្ត Henan ប្រទេសចិន។

    (វីដេអូ) ភ្នំ Huanghua ប្រែក្លាយជា “ឋានសួគ៌ា” បន្ទាប់ពីព្រឹលធ្លាក់ដើមរដូវទិដ្ឋភាពដ៏មហាសែនស្អាតនៃព្រៃភ្នំ បូកជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាលនៃពណ៌សក្បុសរបស់ព្រឹល រួមនឹងពពកអ័ព្ទអណ្ដែតត្រសែតនៅមិនឆ្ងាយពីផ្ទៃដី បង្កើតបានជាទេសភាពមួយដែលអាចប្រៀបទៅនឹងឋានត្រ័យត្រិង្សដែលជាសួគ៌ាគួរជាទីរស់នៅ។

    ស្ថិតក្នុងឧទ្យាន Huanghua Shenyuan ភ្នំ Huanghua គឺជាទីតាំងដ៏ល្បីឈ្មោះតាំងតែពីសម័យដើម និងធ្លាប់ត្រូវបានរំលឹកនៅក្នុងស្នាដៃកំណាព្យ និងចម្រៀងជាច្រើនរបស់ចិន៕

     

    ប្រភព៖ CCTV+

  • គន្លឹះនៃការចម្អិនអាហារ “បន្លែ” ឱ្យរក្សាបានសារធាតុអាហារបានច្រើនបំផុត

    គន្លឹះនៃការចម្អិនអាហារ “បន្លែ” ឱ្យរក្សាបានសារធាតុអាហារបានច្រើនបំផុត

    ការចម្អិនបន្លែជាអាហារនេះ រឿងសំខាន់បំផុតគឺ គួរប្រើភ្លើងខ្លាំង និងចម្អិនយ៉ាងឆាប់រហ័ស ព្រោះវានឹងធ្វើឱ្យមិនបាត់បង់គុណតម្លៃខាងសារធាតុអាហារច្រើន។ ការបន្ថែម “ទឹកខ្មេះ” ចូលទៅបន្តិចបន្តួចមិនត្រឹមតែជាការបង្កើនរសជាតិរបស់ម្ហូបអាហារប៉ុណ្ណោះទេ តែថែមទាំងជាការថែរក្សាវីតាមីន C បានទៀតផង ហើយការប្រើប្រាស់ឧបករណ៍ផ្ទះបាយសម្រាប់ឆា ឬស្ងោរបន្លែវិញ ក៏គួរប្រើឧបករណ៍ពពួកដែក ដូចជាខ្ទះដែក ជាដើម ដែលវានឹងជួយឱ្យបាត់បង់វីតាមីនអស់តិចបំផុត។

    ការស្ងោរ

    1. ព្យាយាមប្រើទឹកឱ្យតិចបំផុតតាមដែលអាចធ្វើទៅបានសម្រាប់ការស្ងោរបន្លែ។
    2. រង់ចាំឱ្យទឹកពុះខ្លាំង សឹមដាក់បន្លែចូលទៅ និងមិនគួរទុកឱ្យទឹកពុះ ឬរម្ងាស់យូរឡើយ។
    3. បិទគម្របឆ្នាំងគ្រប់ពេល ដើម្បីឱ្យទឹកឆាប់ពុះ និងបន្លែឆាប់ឆ្អិន។
    4. បន្លែពណ៌បៃតង ចូរស្រុស ឬដាក់ចូលនៅពេលទឹកពុះ រួចរង់ចាំឱ្យទឹកពុះម្ដងទៀត ទើបដួសឡើងតែម្ដង។
    5. បើជាបន្លែមើមវិញ គួរដាំទឹកឱ្យពុះ រួចបន្ថយភ្លើងបន្តិច ហើយយកបន្លែដែលត្រៀមរួចជាស្រេចដាក់ចូលទៅទាំងមូល ឬហាន់ជាដុំៗក៏បាន។
    6. បើបន្លែដែលយើងត្រូវការស្ងោរ ឬស្រុសមានបរិមាណច្រើន ចូរបែងជាចំណែកៗ មិនគួរយកទៅដាក់ស្ងោរ ឬស្រុសដំណាលគ្នាច្រើនៗទេ ព្រោះបើមានបរិមាណច្រើនជ្រុលពេក នឹងត្រូវប្រើពេលវេលាយូរ ហើយនឹងធ្វើឱ្យបាត់បង់គុណតម្លៃនៃសារធាតុអាហារអស់ច្រើនទៀតផង។

    ការឆា

    1. ត្រៀមគ្រឿងផ្សំគ្រប់យ៉ាងឱ្យរួចជាស្រេច ដោយសារតែបន្លែដែលដាក់ឆានៅក្នុងខ្ទះរឹតតែយូរ រឹតតែបាត់បង់គុណតម្លៃនៃសារធាតុអាហារ និងភាពស្រួយឆ្ងាញ់ប៉ុននោះដែរ។
    2. ធ្វើឱ្យបន្លែស្ងួត ឬស្រស់ទឹកឱ្យបានច្រើនបំផុត ព្រោះបើនៅមានទឹកនៅជាប់លើបន្លែច្រើន(ជាពិសេសបន្លែស្លឹក)រឹតតែធ្វើឱ្យប្រើរយៈពេលនៃការឆាយូរឡើង ថែមទាំងបាត់បង់គុណតម្លៃនៃសារធាតុអាហារ និងភាពឆ្ងាញ់អស់ទៀតផង។
    3. មុនចាប់ផ្ដើមឆា គួរដាក់ខ្ទះនៅលើភ្លើងឱ្យក្ដៅសព្វជាមុនសិន។
    4. ធ្វើការញែកបំបែក ឬដាក់ផ្នែកណារបស់បន្លែដែលក្រឆ្អិនចូលឆាមុនគេ ដូចជា មែកបន្លែ និងដើម រួចសឹមដាក់ស្លឹកចូលទៅ ដាក់គ្រឿងឆាប់ៗ និងឆ្អិនហើយប្រញាប់ដួសឡើងពីខ្ទះ ហើយប្រញាប់ទទួលទានភ្លាមៗ។

    ការរម្ងាស់ឱ្យផុយ

    1. ហាន់បន្លែទំហំធំល្មម មិនធំជ្រុលពេក ព្រោះអាចនឹងធ្វើឱ្យក្រឆ្អិន។
    2. ដាក់បន្លែស្លឹកចូលទៅក្រោយគេ ព្រោះវាឆាប់ផុយ។
    3. បិទគម្របឆ្នាំងឱ្យជិត។

    ការចំហុយ

    1. ត្រូវដាំទឹកឱ្យពុះជាមុនសិន រួចសឹមដាក់បន្លែដែលត្រូវការចំហុយចូលទៅដើម្បីកុំឱ្យបន្លែប៉ះនឹងកម្ដៅយូរជ្រុលពេក។
    2. បិទគម្របឆ្នាំងឱ្យជិត ការពារកុំឱ្យចំហាយទឹកភាយចេញមកក្រៅ ព្រោះនឹងធ្វើឱ្យបាត់បង់កម្ដៅនៅខាងក្នុង និងធ្វើឱ្យអាហារក្រឆ្អិន៕