Category: សង្គម និងសេដ្ឋកិច្ច

  • ចាងហ្វាងផលិតកម្ម Galaxy Navatra បរិច្ចាគថវិកាជូន សម្ដេចតេជោ ហ៊ុនសែន ចំនួន1លានដុល្លារដើម្បីទិញវ៉ាក់សាំង

    ចាងហ្វាងផលិតកម្ម Galaxy Navatra បរិច្ចាគថវិកាជូន សម្ដេចតេជោ ហ៊ុនសែន ចំនួន1លានដុល្លារដើម្បីទិញវ៉ាក់សាំង

    បន្ទាប់​ពី​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ពី​ការ​ត្រៀម​ថវិកា​សម្រាប់​ទិញវ៉ាក់សាំង ​ឧញ៉ាឡេង ណាវ៉ាត្រា បានប្រកាស​ភ្លាមៗតាម​បណ្តាញសង្គម​របស់លោក​ផងដែរ ក្នុង​ការ​ត្រៀម​​បរិច្ចាគថវិកាជូនប្រមុខរាជ​រដ្ឋាភិបាល​ផងដែរ។

    ឧញ៉ាឡេង ណាវ៉ាត្រា បាន​សរសេរលើបណ្តាញសង្គម​របស់លោកថា៖ «ខ្ញុំបាទ និងក្រុមគ្រួសារត្រៀមបរិច្ចាគថវិកាជូន សម្ដេចតេជោហ៊ុនសែនចំនួន1លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ។ សូមឱ្យប្រទេសយើងឆ្លងផុតនៅទុក្ខលំបាកនេះ»។ យ៉ាងណាមិញ Facebook Page Galaxy Navatra ក៏បានបង្ហោះសារដែរថា «ក្នុងនាមយើងខ្ញុំជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ផលិតកម្ម Galaxy Navatra ពិតជាមានចិត្តរំភើបខ្លាំងណាស់នូវទឹកចិត្តរបស់លោកអគ្គនាយកក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបរិច្ចាគថវិកា១លានដុល្លា ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនបង្ការជំងឺកូវីដ១៩។🙏🙏🙏ក្នុងនាមជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ផលិតកម្ម Galaxy Navatra សូមជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងកូនៗសូមជួបតែសេចក្តីសុខសុភមង្គល ជោគជ័យគ្រប់មុខជំនួញ ជាពិសេសមានសុខភាពល្អ🙏🙏🙏»។

    សូមជម្រាបដែរថា ក្នុង​អំឡុងពេលដែល​ប្រទេសកម្ពុជា​ជួ​ប​គ្រោះទឹកជំនន់​​កាល​ពី​ប៉ុន្មាន​ខែកន្លងមកនេះ ឧញ៉ាឡេង ណាវ៉ាត្រាបាន​ផ្តល់ថវិកាជួយ​ដល់រាជ​រដ្ឋាភិបាល​ច្រើន​ជាងគេគឺ​រហូត​ដល់60ម៉ឺន​ដុល្លារ​៕

     

     

  • ភិន សុដាលីស បង្ហាញភាពផ្អែមល្ហែមថ្មីនៅឆ្នេរសមុទ្រ បន្ទាប់ពីឯកាយូរឆ្នាំ

    ភិន សុដាលីស បង្ហាញភាពផ្អែមល្ហែមថ្មីនៅឆ្នេរសមុទ្រ បន្ទាប់ពីឯកាយូរឆ្នាំ

    ថ្វីដ្បិតតែរស់មានឈ្មោះជាស្រីមេម៉ាយកូន១ពិតមែន តែអាចនិយាយបានថា ភិន សុដាលីស មានឈ្មោះហៅក្រៅ Katy មានភាពអត់ធ្មត់ អាចចិញ្ចឹមកូនតែម្នាក់ឯងដោយគ្មានស្វាមីតស៊ូហែលឆ្លងឧបសគ្គ មកទល់ពេលនេះកូនស្រីដ៏គួរឱ្យស្រឡាញ់របស់នាង មានវ័យ៤ឆ្នាំហើយ។

    តារាស្រីរូបនេះបានទុកបេះដូងឱ្យទំនេរ អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីបែកបាក់ស្នេហាជាមួយលោក ប៉ែន ចំរុង។ ក៏ប៉ុន្តែនៅពេលថ្មីៗនេះ សុដាលីស បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយបុរសម្នាក់ នៅលើទឹកដីឆ្នេរសមុទ្របាក់ក្លងនាខេត្តកោះកុង ដោយអមដោយ Caption យ៉ាងខ្លីថា blessed (ពរជ័យ) ។ យ៉ាងណាមិញ រូបភាពដ៏មានអត្ថន័យបង្ហាញពីភាពផ្អែមល្ហែមសម្រាប់គូស្នេហ៍នេះ បានធ្វើឱ្យអ្នកគាំទ្រ និងមិត្តរួមសិល្បៈ ចូលរួមអមអរសាទរចំពោះនាង ព្រោះនៅទីបំផុតនាងបានរកឃើញសុភមង្គលថ្មី និងអាចស្អំបេះដូងមិនឱ្យឯកាទៀតហើយ។

    គួរឱ្យដឹងថែមទៀតថា ឯបុរសដែលអាចធ្វើឱ្យបេះដូងនាងកក្រើកជាថ្មី សុដាលីស មិនទាន់បើកបង្ហាញជាផ្លូវការថាជាអ្នកណានោះទេ ប្រហែលមានអ្វីពិសេសសម្រាប់អ្នកគាំទ្រហើយមើលទៅ ពោលគឺមានតែរង់ចាំដំណឹងល្អឆាប់ៗ៕

  • អ្នកនិពន្ធល្បីឈ្មោះ សុខ ជំនោរ ទម្លាយ១០ចំណុចបង្កើតគំនិតនិពន្ធចម្រៀង​បានយ៉ាងល្អ

    អ្នកនិពន្ធល្បីឈ្មោះ សុខ ជំនោរ ទម្លាយ១០ចំណុចបង្កើតគំនិតនិពន្ធចម្រៀង​បានយ៉ាងល្អ

    បន្ទាប់ដកខ្លួនចេញពីផលិតកម្មធំជាងគេនៅក្នុងស្រុក ថ្មីៗនេះស្រាប់តែ អ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ ចេញមុខប្រាប់ពី១០ចំណុចក្នុងកាសរសេរទំនុកចម្រៀងឱ្យបានល្អ។ បច្ចុប្បន្ននេះ បទចម្រៀងពីរោះឬមិនពីរោះគឺមានការវាយតម្លៃខុសគ្នា គឺខុសពីប្រហែល៥ ឆ្នាំមុន តើអ្នកនិពន្ធរូបនេះបានចែករំលែកបទពិសោធអ្វីខ្លះ?

    ជាការពិតណាស់អ្នកនិពន្ធល្បីឈ្មោះរូបនេះបាននិយាយរៀបរាប់ឱ្យដឹងពិស្ដារថាក្នុងវីដេអូ «សុខ ជំនោរ » ១០ចំណុច បង្កើតគំនិតនិពន្ធចម្រៀង​រួមមាន ៖
    1-ភាពយន្ដ ចម្រៀង និងការមើលទូរទស្សន៍
    2-ស្ដាប់ការជជែកគ្នា
    3-មើលលើការផុតលើបណ្ដាញសង្គម ( News Feed)
    4-មើលចំណងជើងសៀវភៅ ភាពយន្ដ និងកម្មវិធីនានា
    5-មើលចំណងធំលើទំព័រកាសែត
    6-គតិ Quote
    7-ស្ដាប់ការចង់បានរបស់អ្នកបញ្ជាទិញ
    8-បរិយាកាសជុំវិញខ្លួន
    9-មើលលើអ្នកចម្រៀង / ស្ដាប់បទចម្រៀង
    10-បទពិសោធន៍ អារម្មណ៍ មនោសញ្ចេតនា

    គួរបញ្ជាក់ថា ទាំង១០ចំណុចនេះ ជាបទពិសោធន៍ក្រោយពីសំងំមមាញឹកក្នុងអាជីពការងារជាអ្នកនិពន្ធប៉ុន្មានឆ្នាំមកនេះ ។ សព្វថ្ងៃលោកបានបង្ហាញមុខជាអ្នកនិពន្ធ និងដឹកនាំសម្ដែងនៅក្នុងផលិតកម្ម Davitra Media ដែលបទចម្រៀងលេចធ្លោជាងគេគឺបទ« ម្អមក្រៀម» បានបង្កប់សាច់រឿងយ៉ាងជក់ចិត្ត។

    តោះមកមើលវីដេអូ ១០ចំណុច បង្កើតគំនិតនិពន្ធចម្រៀង​របស់ សុខ ជំនោរ ខាងក្រោមនេះ៖

  • មាស សុខសោភា មិនប្រកាន់ខឹងពាក្យរិះគន់ ថែមទាំងនិយាយបែបនេះថា…

    មាស សុខសោភា មិនប្រកាន់ខឹងពាក្យរិះគន់ ថែមទាំងនិយាយបែបនេះថា…

    នារី​ម្នាក់ ប្រើប្រាស់​គណនី​ទីកតុក​ឈ្មោះ​«​ស្រី​មុច​» បាន​លើក​ឡើង​ថា តារា​ចម្រៀង​មាស សុខ​សោភា ឈ្លើយ​ណាស់ ឫក​ណាស់ រើស​អាង​ណាស់ ខំ​ទៅ​រាក់ទាក់​សុំ​ថតរូប​ជាមួយ គេ​ឆ្លើយ​វិញ​យ៉ាង​សោះអង្គើយ ហើយ​ថែមទាំង​ដើរ​កន្លង​ម្ហូបអាហារ​ខ្លួន​ទៀត។ ម្ចាស់​គណនី​ទីក​តុ​ក​ខាងលើ បាន​លើកឡើង​បែបនេះ នៅ​តាម​ការ​បង្ហោះ​វីដេអូ​របស់​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រោយពី​បាន​ជួប​តារា​ចម្រៀង​មាស សុខ​សោភា​ដោយ​ផ្ទាល់​នៅ​ភ្នំ​គូលែន​នោះ។

    នារី​ម្នាក់នេះ បាន​និយាយ​រៀបរាប់​ក្នុង​វីដេអូ​បង្ហោះ​នៅលើ​ទីក​តុ​ក​បែបនេះ​ថា «​ចង់​និយាយ​ពី​តារា​មាស សុខ​សោភា ជួប​ផ្ទាល់​នៅ​ភ្នំ​គូលែន ឈ្លើយ​ណាស់ ហើយ​ឫក​ណាស់ រើសអើង​ណាស់​។ ខ្ញុំ​ស្គាល់​ច្បាស់​ជាងគេ​ឈ្មោះ​មាស សុខ​សោភា គឺ​មិន​ច្រឡំ​ទេ​។ រាក់ទាក់​គេ សុំ​គេ​ថត​ជាមួយ គេ​ឆ្លើយ​មក​សោះអង្គើយ គេ​ថា គេ​ថត​មិន​បានទេ​។ គ្នា​គេ​៣​នាក់ ម្នាក់​កាន់​កាមេរ៉ា​ថត​ប្រុស​មិន​ប្រុស ស្រី​មិន​ស្រី គេ​ឆ្លើយ​មក​ថា​មិន​បាន​ទេៗ មិនបាន​ក៏​អត់​បញ្ហា​អរគុណ ចាស អរគុណ អត់​បាន​ក៏​អត់​អី ស្រាប់តែ​អត់​អី​ឯណា មក​ដណ្ដើម​កន្លែង​យើង​លេង កន្លង​ម្ហូបអាហារ​យើង​ញុំា ចង់​កៀរ​យើង​ទម្លាក់​ទឹក​ទៀត នេះ​មី​ក្រមាប់ ពាក់អាវ​ពណ៌​ខ្មៅ អត់​គោរព​ទេ មី​មនុស្ស​អស់​អញ្ចឹង អត់​គោរព​ទេ ហើយ​វា​មី​ទៅ​ល្អ​ជាង ហ្នឹងហើយ ពួកវា មិនបាច់​សមរម្យ​ជាមួយ​ពួកវា​ទេ តារា​បែប​ហ្នឹង​ខ្ញុំ​មិន​គាំទ្រ​ទេ»។ នៅពេល​មានការ​សួរថា​តើ​«​អូន​ភាព​ពិត​ឬ​អត់​នឹង​» ម្ចាស់​គណនី​ទីក​តុ​ក​ខាងលើ បាន​ឆ្លើយតប​តាម​វីដេអូ​ទៀត​ថា «​ចាស់​សូម​ឆ្លើយតប​ខំ​មិន​បង​ឬក៏​ប្អូន​ទេ ខ្ញុំ​សូម​ហៅ​បងហើយ ហ្នឹងហើយ​រឿងនេះ​ជា​រឿង​ពិត ខ្ញុំ​ហ៊ា​និយាយ គឺ​ហ៊ាន​ការពិត បើសិនជា​មិន​ពិត​ទេ ខ្ញុំ​នឹងមិន​ហ៊ាន​និយាយ​ជាដាច់ខាត​ឡើយ ចាស់​អត់​ហ៊ាន​និយាយ​ទេ ចាស ឬមួយ​ក៏​បងប្អូន​មួយ​ចំនួន​គិតថា​ខ្ញុំ​និយាយ​នេះ បំភ្លៃ​គេ ចោទ​គេ ដើម្បី​តែ​ចង់បាន​បេះដូង​ឬ​ចង់​ល្បី ស្រេច​តែ​បងប្អូន​គិត សំខាន់​គឺ​ខ្ញុំ​និយាយ​ការពិត ខ្ញុំ​មិន​ខ្លាច​ទេ​ហើយ​ឲ្យ​អ្នក​នឹង​មកជួប​ខ្ញុំ​ផ្ទាល់​ក៏បាន ជួប​គ្នា​ផ្ទាល់​បាន​៣​នាក់​ហ្នឹង ទង្វើ​គេ​ធ្វើ​ដាក់​ខ្ញុំ​អត់​មាន​កាមេរ៉ា​ថត ដោយសារ​នៅ​លើ​ភ្នំ កន្លែង​ទី​កម្សាន្ត​ព្រៃភ្នំ ទឹក​ជ្រះ មិនអាច​ទៅ​ដាក់​កាមេរ៉ា​អី​ដូច​នៅ​ទីក្រុង​ទេ ចឹង​វា​អត់​មាន​កាមេរ៉ា​សុវត្ថិ ប៉ុន្តែ ជាក់ស្ដែង​ប្អូនស្រី​៣​នាក់ ដែល​នាំ​៣​នាក់​ហ្នឹង​មកលេង​ក្រោយ​ខ្ញុំ គេ​ទាំង​អាណិត​ខ្ញុំ យកចិត្តទុកដាក់​ខ្ញុំ ចង់​ជួយ​កាន់​កាមេរ៉ា​ឱ្យខ្ញុំ ឃើញ​គេ​ធ្វើ​ចឹ​ង​ដាក់​ខ្ញុំ អាណិត​ខ្ញុំ ស្រឡាញ់​ខ្ញុំ​…»។

    ក្រោយពី​មានការ​លើកឡើង​បែបនេះ គេ​មិនឃើញ​តារាចម្រៀង​មាស សុខ សោភា ធ្វើការ​ឆ្លើយតប​ភ្លាមៗ​នោះទេ ប៉ុន្តែ​មាន​អ្នកគាំទ្រ​តារាចម្រៀង​រូបនេះ ចេញមក​ការពារ​អាយ​ដល​របស់​ពួកគេ ជាមួយនឹង​ការលើកទឹកចិត្ត​តារាចម្រៀង​មាស សុខ​សោភា ជាច្រើន​ផងដែរ​។​ ពេល​មានការ​លើកទឹកចិត្ត​បែបនេះ​នោះ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០​ តារាចម្រៀង​មាស សុខ​សោភា បាន​បង្ហោះ​រូបថត​ខ្លួន​មួយ​សន្លឹក អម​ដោយសារ​ឆ្លើយតប​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​ថា «​នាង​ខ្ញុំ​សូម​អរគុណ​ទៅដល់​ពុក​ម៉ែ​បងប្អូន ក៏ដូចជា​អ្នកគាំទ្រ​នាង​ខ្ញុំ​និង​បងប្អូន​មិត្ត​សិ​ល្បករ​ទាំងអស់គ្នា​ទាំង​ក្នុង​និង​ក្រៅប្រទេស សម្រាប់​ការផ្ញើ​សារ​បញ្ចេញ​ជាម​តិ​ផ្ដល់​កម្លាំងចិត្ត និង​ស្រលាញ់​នៅ​អ្វី​ដែល​នាង​ខ្ញុំ​មាន​ហើយ​គាំទ្រ​នាង​ខ្ញុំ​តាំងពីដើម​រហូតមក​»​៕

     

     

  • CEO ដែលមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​លំដាប់​ទី 5 ក្នុង​ពិភពលោក៖ គ្រប់គ្រង​ទំព័រ​ពាណិជ្ជកម្ម​សម្រាប់​សត្វ​សំណព្វ ដែលមាន​តម្លៃ 30ពាន់​លាន ទទួលបាន​ប្រាក់រង្វាន់​រាប់លាន​ដុល្លារ

    CEO ដែលមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​លំដាប់​ទី 5 ក្នុង​ពិភពលោក៖ គ្រប់គ្រង​ទំព័រ​ពាណិជ្ជកម្ម​សម្រាប់​សត្វ​សំណព្វ ដែលមាន​តម្លៃ 30ពាន់​លាន ទទួលបាន​ប្រាក់រង្វាន់​រាប់លាន​ដុល្លារ

    នៅពេលដែល Chewy ត្រូវបាន​ដាក់ចូល​ផ្សារ​ហ៊ុន​ដំបូង (IPO) CEO Singh ទទួលបាន​រង្វាន់​ជា​មូល​ប​ត្រ​ដែលមាន​តម្លៃ​ដល់​ទៅ 139លាន​ដុល្លារ​អាមេរិក ហើយ​បើ​គិត​មកដល់​ការជួញដូរ​មូល​ប​ត្រ​ក្នុង​ថ្ងៃទី 16វិច្ឆិកា 2020 រង្វាន់​ជា​មូល​ប​ត្រ​នេះ​មានតម្លៃ​ឡើងដល់ 256លាន​ដុល្លារ​អាមេរិក។

    នៅក្នុង​បញ្ជី​ឈ្មោះ​ដែល​និយាយ​អំពី​នាយក​ប្រតិបត្តិ​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់បំផុត​របស់ Bloomberg គេ​ឃើញថា មហាសេដ្ឋី Elon Musk ឈរ​នៅលើ​លំដាប់​ទីមួយ ជាមួយនឹង​ក្រុមហ៊ុន Tesla។ បៀវត្សរ៍​ឆ្នាំ 2019 របស់​អ្នកជំនួញ​រូបនេះ បាន​កើន​ដល់ 600លាន​ដុល្លារ។ ឈរ​លំដាប់​ទី​ពីរ​គឺ Tim Cook របស់​ក្រុមហ៊ុន Apple ដោយ​ទទួលបាន​បៀវត្សរ៍ 134លាន​ដុល្លារ​ក្នុង 1ឆ្នាំ។ បន្ទាប់មក​គឺ CEO របស់ Intel, Alphabet (Google) ឬ Blackstone។

    ក៏ប៉ុន្តែ ប្រការ​ដែល​គួរឱ្យភ្ញាក់ផ្អើល នោះ​គឺ Sumit Singh ដែលជា CEO របស់​ក្រុមហ៊ុន​លក់​សម្ភារ​សម្រាប់​សត្វ​សំណព្វ Chewy ដោយ​ទទួលបាន​ប្រាក់បៀវត្សរ៍ 108.2លាន​ដុល្លារ​អាមេរិក។ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ2020 Chewy បាន​លក់​សម្ភារ​សម្រាប់​សត្វ​សំណព្វ​ទៅឱ្យ​អតិថិជន​ចំនួន 13.5លាន​នាក់ កើន 27% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ក៏បាន​កើន 37% ឡើងដល់ 4.9ពាន់​លាន​ដុល្លារ។

    របាយការណ៍​របស់​ស​មា​គម​អ្នកធ្វើ​ជំនួញ​ជាមួយ​សត្វ​សំណព្វ​សហរដ្ឋអាមេរិក (APPA) បានឱ្យដឹងថា 2/3 នៃ​ចំនួន​គ្រួសារ​សរុប​របស់​ប្រទេស​នេះ មាន​សត្វ​ចិញ្ចឹម​សំណព្វ ហើយ​ពួកគេ​នឹង​ចំណាយ​យ៉ាងតិច 99ពាន់​លាន​ដុល្លារ​ដើម្បី​ថែទាំ​សត្វ​ចិញ្ចឹម​ទាំងនោះ​នៅក្នុងមួយឆ្នាំៗ ដែលជា​តួលេខ​មួយ​មិន​គួរឱ្យ​ជឿ។

    ចាប់តាំងពី Covid-19 បានបង្ហាញ​ខ្លួន តម្រូវការ​នៃ​ការទិញ​សម្ភារ​ទូទៅ​តាម​អន​ឡាយ ក្នុងនោះ​មាន​សម្ភារ​សម្រាប់​សត្វ​ចិញ្ចឹម​ជាដើម បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស។ ប្រការនេះ​បាន​ជួយ​ឱ្យ​ផ្សារ​អេឡិចត្រូនិក​ដូចជា Chewy ទទួលបាន​ផលប្រយោជន៍​ច្រើន។ ក្នុងអំឡុង​ចាប់ពី​ខែកុម្ភៈ ដល់​ខែកក្កដា ឆ្នាំ2020 Chewy រកបាន​អតិថិជន​ថ្មី​ច្រើនជាង​ឆ្នាំ2019។ តម្លៃ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ​ក៏បាន​កើន​ពី 30ដុល្លារ​នៅ​ដើមឆ្នាំ ឡើងដល់ 72ដុល្លារ/ហ៊ុន នៅក្នុង​ខែតុលា ឆ្នាំ2020។ តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Chewy ក៏បាន​កើន​ដល់​ជិត 30ពាន់​លាន​
    zដុល្លារ​អាមេរិក។

    ចំណុចខ្លាំង​របស់ Chewy

    រាល់ពេល​ដែលមាន​ការ​ហៅ​ទូរស័ព្ទ​មកសុំ​ការប្រឹក្សា​យោបល់ គឺ​សុទ្ធ​តែមាន​បុគ្គលិក​ចាំ​ទទួល ដោយ​រង់ចាំ​មិន​ដល់ 6វិនាទី ខណៈ​សំបុត្រ​អេឡិចត្រូនិក (email) ក៏​ត្រូវបាន​ឆ្លើយតប​ក្នុង​រង្វង់1ម៉ោង។ ផលិតផល​ដែលមាន​កំហុស ក៏​សុទ្ធតែ​ត្រូវបាន​ប្ដូរ​ជំនួស ឬ​ទទួល​ត្រលប់​មកវិញ​ដោយ​មិនមាន​ការសួរនាំ​ច្រើន ឬ​ការ​តម្រូវឱ្យ​អតិថិជន​បង់ប្រាក់​អ្វីមួយ​ឡើយ។

    ជាង​នេះ សត្វ​សំណព្វ​របស់​អតិថិជន នឹង​ទទួលបាន​សំបុត្រ​ជូនពរ​ថ្ងៃកំណើត និង​កម្រងផ្កា​ពេល​លាចាក​លោក​ទៀតផង។ អតិថិជន​ខ្លះ​ថែមទាំង​ទទួលបាន​រូបគំនូរ​ពេញលេញ​របស់​សត្វ​សំណព្វ​របស់ខ្លួន​ប្រកបដោយ​ការភ្ញាក់ផ្អើល​ពី​ក្រុមហ៊ុន Chewy ផងដែរ។

    ដើមឆ្នាំ 2012 ប្រាក់ចំណូល​ប្រចាំខែ​របស់ Chewy បានត្រឹមតែ 1លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​នេះ​បាន​កើន​ដល់​ជាង 10លាន​ដុល្លារ នៅក្នុង​រយៈពេល 2ឆ្នាំ​បន្ទាប់។

    Chewy បន្ត​ខ្ចីប្រាក់​ដើម្បី​ពង្រីក​សកម្មភាព​ពាណិជ្ជ​កម្ម​របស់ខ្លួន ហើយ​យុទ្ធសាស្ត្រ​របស់​ពួកគេ នោះ​គឺ ពង្រីក​ឥទ្ធិពល​កាន់តែ​ធំ កាន់តែ​ល្អ ដើម្បី​ទប់ទល់​នឹង Amazon។ ឆ្នាំ 2016 ប្រាក់ចំណូល​របស់ Chewy កើន​ដល់ 900លាន​ដុល្លារ។ ឆ្នាំ 2017 ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ដល់​ទៅ 10,000នាក់។

    មហិច្ឆតា​ធំ​របស់ CEO Singh

    ពេល​ចូលធ្វើ​ការឱ្យ Chewy កាលពី​ឆ្នាំ 2017 CEO Singh គឺជា​មនុស្ស​ម្នាក់​ដែល​មិនទាន់បាន​យល់ដឹង​អ្វី​សោះ​អំពី​ពាណិជ្ជកម្ម​របស់ Chewy ព្រោះថា លោក​រៀន​ផ្នែក​បច្ចេកវិទ្យា និង​ធ្វើ​ការឱ្យ​ក្រុមហ៊ុន Dell និង Amazon អស់​រយៈពេល 10ឆ្នាំ។ ប៉ុន្តែ ក្រុមប្រឹក្សាភិបាល​របស់ Chewy នៅតែ​សម្រេច​ទទួលយក Singh មកកាន់​តំណែង​ជា​អ្នកគ្រប់គ្រង។

    ភ្លាមនោះ CEO Singh ក៏​ប្រញាប់​កែលម្អ​បណ្ដាញ​ផ្គត់ផ្គង់ ប្រព័ន្ធ​ដំណោះស្រាយ ក៏ដូចជា​ការសម្រួល​រូ​មន្ត​ពាណិជ្ជកម្ម​របស់ Chewy។ ផលិតផល​របស់​ក្រុមហ៊ុន បាន​កើន​ឡើងដល់ 67,000ប្រភេទ។ លោក Singh ក៏បាន​ជំទាស់​ទៅនឹង​ការយក​តម្រាប​តាម Amazon នៅពេល​ពង្រីក​វិសាលភាព​របស់ខ្លួន​តាមតែ​ចិត្ត។ ជំនួស​មកវិញ លោក​បានដាក់​ចេញ​នូវ​ផែនការ​ជាក់លាក់​ជាង​មុន។

    ជាមួយនឹង​បទពិសោធន៍​របស់ខ្លួន លោក Singh បាន​ស្នើឱ្យ​បុគ្គលិក​ធ្វើ​បទ​បង្ហាញ​ដោយផ្ទាល់​មាត់​នូវ​គំនិត និង​លទ្ធផល​នៃ​ការបំពេញ​ការងារ​រប​ស់​ខ្លួន ជំនួស​ឱ្យ​របាយការណ៍​នៅលើ Power Point។ ជំនួស​ឱ្យ​ការពង្រីក​សាខា CEO Singh បាន​ផ្ដោតទៅលើ​មជ្ឈមណ្ឌល​ដោះស្រាយ​ទិន្នន័យ និង​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការទទួល​ការបញ្ជាទិញ ការចែក​ចាយ រួម​នឹង​ការថែទាំ​អតិថិជន។

    លោក Singh តែងតែ​កោះប្រជុំ និង​ស្នើ​ឱ្យមាន​ការជជែក​តតាំង​គ្នា​ដោយ​មិន​ប្រកាន់​ឋានៈ ដើម្បី​ទទួល​មតិ​ពី​បុគ្គលិក​គ្រប់​ជាន់ថ្នាក់។ Singh ក៏បាន​បញ្ជូន​ថាមពល​ថ្មី​ដល់​ក្រុម​បុគ្គលិក​របស់ខ្លួន នៅពេលដែល​លោក​ចង់​ប្រែក្លាយ Chewy ពី​គេហទំព័រ​លក់​សត្វ​សំណព្វ​ទៅជា​ក្រុមហ៊ុន​យក្ស​ដែលមាន​ទុន​រាប់ពាន់​លាន​ដុល្លារ។

    អតីត​ប្រធាន​ផ្នែក​ទីផ្សារ Andrea Wolfe របស់ Chewy បានឱ្យដឹងថា៖ «យើងទាំងអស់គ្នា​សុទ្ធតែ​ដឹងថា ខ្លួន​គ្រាន់តែ​លក់​សម្ភារ​សម្រាប់​សត្វ​ចិញ្ចឹម​ប៉ុណ្ណោះ ប៉ុន្តែ CEO Singh បានធ្វើឱ្យ​គ្រប់គ្នា​ដឹងខ្លួន​ថា កំពុងតែ​បង្កើត​នូវ​អ្វីដែល​ធំធេង​ជាង​នេះ និង​ខុសប្លែក​សម្រាប់​ជីវិត​របស់​សត្វ​សំណព្វ ក៏ដូចជា​ម្ចាស់​របស់​ពួកវា»។

    នៅពេលដែល Chewy ត្រូវបាន​ដាក់ចូល​ផ្សារ​ហ៊ុន​ដំបូង (IPO) CEO Singh ទទួលបាន​រង្វាន់​ជា​មូល​ប​ត្រ​ដែលមាន​តម្លៃ​ដល់​ទៅ 139លាន​ដុល្លារ​អាមេរិក ហើយ​បើ​គិត​មកដល់​ការជួញដូរ​មូល​ប​ត្រ​ក្នុង​ថ្ងៃទី 16វិច្ឆិកា ឆ្នាំ2020 រង្វាន់​ជា​មូល​ប​ត្រ​នេះ​មានតម្លៃ​ឡើងដល់ 256លាន​ដុល្លារ​អាមេរិក។

    តាម​ការ​ព្យាករ ប្រាក់ចំណូល​របស់ Chewy អាច​កើន​ដល់ 7ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំសារពើពន្ធ 2020 កើន​ជាង 40% ធៀប​នឹង​ឆ្នាំមុន។ ប្រការ​ដែល​គួរ​និយាយ នោះ​គឺ ក្រោម​ការកែលម្អ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ជំនាន់​របស់ CEO Singh ក្រុមហ៊ុន Chewy កាត់បន្ថយ​ការ​ចំណាយបាន​យ៉ាងច្រើន​ទៅលើ​ការគ្រប់គ្រង ក៏ដូចជា​ការធ្វើ​ទីផ្សារ។ ការ​ព្យាករ​នានា​បាន​បង្ហាញថា ប្រាក់ចំណេញ​ក្នុង​ឆ្នាំសារពើពន្ធ2020 របស់ Chewy អាច​កើន​ដល់ 20.4លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ Bloomberg/Businesswire

  • បង្គោល​លោហធាតុ​អាថ៌កំបាំង​ទី​បួន ត្រូវបាន​ប្រទះឃើញ​នៅ​អង់គ្លេស

    បង្គោល​លោហធាតុ​អាថ៌កំបាំង​ទី​បួន ត្រូវបាន​ប្រទះឃើញ​នៅ​អង់គ្លេស

    បង្គោល​លោហធាតុ​អាថ៌កំបាំង​ទី​បួន ដែល​ប្រហាក់ប្រហែល​នឹង​បណ្ដា​បង្គោល​លោហធាតុមុនៗ ត្រូវបាន​ប្រជាជន​ក្នុង​តំបន់​ប្រទះឃើញ​នៅលើ​កោះ​ភាគខាងត្បូង​ប្រទេស​អង់គ្លេស។

    Tom Dunford អាយុ 29ឆ្នាំ បាន​ប្រទះឃើញ​បង្គោល​លោហធាតុ​មួយពេល​កំពុង​នាំ​អនាគត​ភរិយា និង​ប្អូនស្រី​ដើរលេង​តាម​ឆ្នេរសមុទ្រ Compton នៃ​កោះ Wight កាលពី​ព្រឹក​ថ្ងៃទី 6ធ្នូ។ Dunford និយាយថា៖ «ខ្ញុំ​បានដឹង​អំពី​ព័ត៌មាន​ទាំងឡាយ​ទាក់ទង​នឹង​បង្គោល​លោហធាតុ​កាលពីពេលថ្មីៗនេះ ដូច្នេះ ខ្ញុំ​ស្គា​ល់វា​ច្បាស់»។

    យោងតាម Dunford បង្គោល​លោហធាតុ​នេះ មានមុខ​បី កម្ពស់​ប្រហែល 3ម៉ែត្រ និង​មាន​ភ្លឺរលោង ប្រហាក់ប្រហែល​នឹង​បង្គោល​លោហធាតុ​ដែល​ត្រូវបាន​ប្រទះឃើញ​នៅ​សហរដ្ឋអាមេរិក និង​រូ​ម៉ា​នី​មុននេះ។

    ក្រោយពី​ដំណឹង​ខាងលើ​បាន​លេចឮ ភ្លាមនោះ ប្រជាជន​ក្នុង​តំបន់​ក៏​នាំគ្នា​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​បានឃើញ​ផ្ទាល់​នឹង​ភ្នែក។

    Dunford និយាយថា៖ «អ្នក​ដែល​បានដាក់​បង្គោល​លោហធាតុ​នៅ​ទីនោះ ដឹងថា ពួកគេ​កំពុង​ធ្វើ​អ្វី។ ប្រហែល​ជាមាន​អ្នកណាម្នាក់​កំពុងតែ​លេងល្បែង​បញ្ឆោត​លក្ខណ​ជាក់ស្ដែង»។

    បណ្ដា​បង្គោល​លោហធាតុ​ដ៏​អាថ៌កំបាំង បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ទូទាំង​ពិភពលោក ក្រោយពី​វា​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​សមុទ្រ​ខ្សាច់​មួយ​ក្នុង​រដ្ឋ Utah សហរដ្ឋអាមេរិក និង​នៅលើ​ភ្នំ​មួយ​ក្នុងប្រទេស​រូ​ម៉ា​នី ហើយថ្មីៗនេះ​ទៀត គឺ​នៅលើ​កំពូលភ្នំ​មួយ​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។

    ការបង្ហាញ​ខ្លួន​របស់​ពួកវា (បង្គោល​លោហធាតុ) នាំឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​អំពី​ប្រភព​របស់​វា ក្នុងនោះ​មាន​អ្នកខ្លះ​ជឿថា វា​អាចជា​ឧបករណ៍​វិទ្យាសាស្ត្រ​រប​ស់មនុស្ស​ពិភព​ផ្កាយ​ដទៃ ខណៈដែល​អ្នកខ្លះ​ថា ជាការ​លេងសើច ឬ​ជា​ស្នាដៃ​សិល្បៈ​របស់​មនុស្ស​មួយក្រុម។ល។

    >បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​រូ​ម៉ា​នី បាន​បាត់​ខ្លួន​ដែរ​ហើយ! ប្រជាជន​ក្នុង​តំបន់ អះអាងថា មាន​ពន្លឺ​ចម្លែក​នៅត្រង់​ទីតាំង​នៃ​បង្គោល​នោះ

    >ប្រទះឃើញ​បង្គោល​លោហ​ធាតុ​ចម្លែក​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់! ​អាជ្ញា​ធរ​ថា ​“ទោះ​​អ្នក​ដាំ​មក​ពី​ពិភព​ផ្កាយ​ក៏​ដោយ​ វា​ជា​រឿង​ខុស​ច្បាប់ បើ​សិន​ជា​ធ្វើ​ឡើង​នៅ​ទី​សាធារណៈ”

    ប្រភព៖ NY Post

  • SpaceX បាញ់​បង្ហោះ​យាន​ដឹកទំនិញ​ជិត 3,000គីឡូក្រាម​ឡើងទៅ​កាន់ ISS

    SpaceX បាញ់​បង្ហោះ​យាន​ដឹកទំនិញ​ជិត 3,000គីឡូក្រាម​ឡើងទៅ​កាន់ ISS

    រ៉ុ​ក​កែ​ត​ពីរ​ជាន់ Falcon 9 ដែលមាន​ភ្ជាប់​យានអវកាស Dragon បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស Kennedy រដ្ឋ Florida នៃ​សហរដ្ឋអាមេរិក នៅវេលា​ម៉ោង 11និង17នាទី ថ្ងៃទី 6ធ្នូ ឆ្នាំ2020។

    ក្រុមហ៊ុន SpaceX ធ្វើការ​ដឹកជញ្ជូន​ទំនិញ​ឱ្យ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) លើក​ទី 21 ដោយ​ជោគជ័យ។ នេះ​គឺជា​ការបាញ់​បង្ហោះ​លើក​ទី 24 របស់ SpaceX នៅក្នុង​ឆ្នាំនេះ ហើយ​វា​ក៏​ជាការ​បាញ់​បង្ហោះ​លើក​ទី 101 របស់​រ៉ុ​ក​កែ​ត Falcon 9 ផងដែរ។ បញ្ហា​អាកាសធាតុ​បាន​បណ្ដាលឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ពន្យារពេល​បាញ់​បង្ហោះ​មួយថ្ងៃ​ធៀប​នឹង​កាលបរិច្ឆេទ​ដំបូង។

    ប្រហែលជា 9នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ ជាន់​ទីមួយ​របស់​រ៉ុ​ក​កែ​ត Falcon 9 ដែលមាន​ឈ្មោះថា B1058 បាន​ត្រលប់​មកកាន់​ផែនដី និង​ចុះចត​នៅលើ​ស្រឡាង “Of Course I Still Love You” របស់ SpaceX ដែល​ស្ថិតនៅលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ ដូច្នេះ B1058 ត្រូវបាន​ប្រើប្រាស់​ជា​លើក​ទី4 ដោយ​សុវត្ថិភាព។ មុននេះ B1058 ក៏​ធ្លាប់​ចូលរួម​ក្នុង​បេសកកម្ម Demo-2 ដែល​នាំយក​អវកាស​ចរ 2រូប ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ការបាញ់​បង្ហោះ​ផ្កាយរណប​ព័ត៌មាន​របស់​កងទ័ព​កូរ៉េខាងត្បូង និង​ការបាញ់​បង្ហោះ​ផ្កាយរណប Starlink របស់ SpaceX ផងដែរ។

    នៅក្នុង​ភារកិច្ច​ថ្មី​នេះ យាន Dragon បាន​នាំយក​ទំនិញ 2,903គីឡូក្រាម​ទៅកាន់​ស្ថានីយ ISS។ ទំនិញ​ទាំងនេះ រួមមាន ឧបករណ៍​វិទ្យាសាស្ត្រ និង​សម្ភារ​មួយចំនួន​សម្រាប់​រដូវ​បុណ្យ​ណូអែល។

    យាន Dragon នឹង​ត​ភ្ជាប់​ជាមួយ​ស្ថានីយ ISS ក្រោយពី​បាន​បាញ់​បង្ហោះ​ជាង 24ម៉ោង។ ខណៈនោះ គឺជា​លើកដំបូង​ហើយ​ដែល ISS នឹង​ត​ភ្ជាប់​ជាមួយនឹង​យានអវកាស Dragon ចំនួន 2 ក្នុងពេល​តែមួយ។ ក្រៅពីនេះ​ក៏​នៅមាន Crew Dragon Resilience ដែលជា​យាន​ដឹក​អ្នក​អវកាស 4រូប ឡើងទៅ​កាន់ ISS កាលពី​ថ្ងៃទី 15វិច្ឆិកា។

    នៅពេល​ត្រលប់​មកកាន់​ផែនដី យាន Dragon នឹង​ចុះចត​លើ​ស្រឡាង​ដែល​ស្ថិតនៅលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជំនួស​ឱ្យ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​សម្រាប់​ក្រុមការងារ​របស់ SpaceX៕

    ប្រភព៖ Space

  • Messi រងពិន័យជាទឹកប្រាក់ ក្រោយធ្វើតម្រាប់តាម Maradona

    Messi រងពិន័យជាទឹកប្រាក់ ក្រោយធ្វើតម្រាប់តាម Maradona

    គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​លី​គ​កំពូល​អេ​ស្ប៉ា​ញ (La Liga) បានចេញ​វិធានការ ពិន័យ​ទៅលើ​កីឡាករ Lionel Messi ដោយសារតែ​បានបង្ហាញ (ផ្សព្វផ្សាយ) ឯកសណ្ឋាន​ក្រុម​ផ្សេង ដែល​មិនមាន​នៅក្នុង​ការប្រកួត ដែល​នឹងត្រូវ​រ៉ាប់រង​បង់ប្រាក់​ចំនួន ៣ពាន់​អឺរ៉ូ ចំពោះ​កំហុស​នេះ។

    កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ខាងលើ បាន​ដោះអាវ​ក្រុម Barcelona ចេញ ដោយ​បង្ហាញ​អាវ​ក្រុម Newell’s Old Boys ដែលជា​ក្រុម​ដែល​លោក Maradona ប្រកប​អាជីព​ចុងក្រោយ​ជា​កីឡាករ​បាល់ទាត់ ក្រោយ​ពេលដែល​រូបគេ បាន​ស៊ុត​បញ្ចូល​ទី កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ2020 កន្លងទៅនេះ ដើម្បី​ជាការ​រំឭក​ដល់​វីរបុរស​អា​ហ្ស​ង់​ទីន។

    Maradona ដែល​បាន​ស្លាប់​កាលពី​សប្ដាហ៍​មុន ក្នុង​វ័យ 60ឆ្នាំ ធ្លាប់​លេង​ឱ្យ​ក្រុម Newell’s Old Boys នៅ​ចុង​អាជីព​របស់លោក ហើយ Messi ក៏​ធ្លាប់ជា​យុវជន​ក្នុង​ក្រុម​នេះដែរ កាលពី​គេ​នៅ​ក្មេង។ Messi ក៏បាន​ធ្វើ​កាយវិការ ថើប​ដៃ រួច​លើកឡើង​ទៅលើ ធ្វើ​ដូច Maradona ដែល​ធ្លាប់ធ្វើ​ពី​ពេលមុន​ម​ដូចគ្នា៕

  • ស្ថាបនិក BioNTech ក្លាយជា​មហាសេដ្ឋី បន្ទាប់ពី​មូល​ប​ត្រ​កើនឡើង 250%

    ស្ថាបនិក BioNTech ក្លាយជា​មហាសេដ្ឋី បន្ទាប់ពី​មូល​ប​ត្រ​កើនឡើង 250%

    Sahin បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 493 ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យ​សរុប​ចំនួន 5.1ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ស្ថិតិ​របស់ Bloomberg Billionaires Index។

    សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន BioNTech ទើបតែ​មានឈ្មោះ​នៅក្នុង​បញ្ជី​មហាសេដ្ឋី​ទាំង 500នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក ក្រោយពី​មុននេះ​ប៉ុន្មាន​ថ្ងៃ​ត្រូវបាន​រដ្ឋាភិបាល​អង់គ្លេស​សម្រេច​អនុម័ត​ប្រើប្រាស់​វ៉ាក់សាំង Covid-19 ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​សហការ​ជាមួយ​ក្រុមហ៊ុន Pfizer ក្នុងការ​អភិវឌ្ឍ។

    ចាប់ពី​ដើម​សប្ដាហ៍​រហូតដល់​ពេលនេះ មូល​ប​ត្រ BioNTech បាន​កើនឡើង​ជិត 10% និង​កើន​សរុប​ជាង 250% រាប់​ចាប់ពី​ដើមឆ្នាំ។ Ugur Sahin បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 493 ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យ​សរុប​ចំនួន 5.1ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ស្ថិតិ​របស់ Bloomberg Billionaires Index។

    អង់គ្លេស​គឺជា​ប្រទេស​ដំបូង​គេ​មួយ​នៅ​អឺរ៉ុប​ដែល​បានអនុម័ត​ប្រើប្រាស់​វ៉ាក់សាំង Covid-19 ដែលជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​វ៉ាក់សាំង​ដែល​ក្រុមហ៊ុន Pfizer និង BioNTech អះអាងថា មាន​ប្រសិទ្ធភាព​រហូតដល់ 95% ក្នុងការ​ទប់ស្កាត់​វីរុស Covid-19។ BioNTech កំពុងតែ​រង់ចាំ​ការសម្រេច​ពី​នាយកដ្ឋាន​គ្រប់គ្រង​ឱសថ និង​ចំណីអាហារ​អាមេរិក (FDA) និង​ក្រុម​អ្នកគ្រប់គ្រង​របស់​សហ​ភាព​អឺរ៉ុប។

    មុននេះ ក្រុមហ៊ុន BioNTech ផ្ដោតទៅលើ​តែ​ការព្យាបាល​ជំងឺមហារីក ប៉ុន្តែ​ចាប់តាំងពី​ខែមករា Sahin និង​ភរិយា Ozlem Tureci បាន​ងាក​មក​ផ្ដោតទៅលើ Covid-19 ក្រោយពី​បានដឹង​អំពី​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​នៅ​ទីក្រុង Wuhan ប្រទេស​ចិន។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​គូ​ស្វាមីភរិយា​នេះ បាន​រកឃើញ​ថ្នាំ​ថ្មី​មួយ​ប្រភេទ​ដែល​ពួកគេ​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​តាមរក។

    លោក Sahin និងភរិយា Ozlem Tureci

    Sahin ដែលជា​អ្នកវិទ្យាសាស្ត្រ​ដើមកំណើត​ទួរគី គឺជា​ម្ចាស់​ភាគហ៊ុន​តែមួយគត់​នៃ​ក្រុមហ៊ុន​មួយ​របស់​អាល្លឺម៉ង់​ដែល​កំពុង​កាន់កាប់​ភាគហ៊ុន 18% របស់ BioNTech។ កាលពី​ឆ្នាំទៅ BioNTech ប្រមូល​ទុន​បាន 150លាន​ដុល្លារ​នៅក្នុង​ការធ្វើ IPO នៅ​សហរដ្ឋអាមេរិក។

    ក្រៅពី Sahin បងប្អូន​ត្រកូល Struengmann ដែល​កំពុង​កាន់កាប់ BioNTech ចំនួន​ពាក់កណ្ដាល ក៏​ស្ថិតក្នុង​បញ្ជី​អ្នកមាន​ជាងគេ​ទាំង 500នាក់​នៅក្នុង​ពិភពលោក​របស់​ទស្សនា​វ​ដ្ដី Bloomberg។ ពួកគេ​ក៏​គាំទ្រ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Ganymed Pharmaceuticals ដែល​ប្ដី​ប្រពន្ធ Sahin បាន​បង្កើតឡើង​ផងដែរ។

    ការ​ប្រជែង​គ្នា​ក្នុង​វិស័យ​វ៉ាក់សាំង Covid-19 ក៏​បង្កើតបាន​មហាសេដ្ឋី​មួយចំនួន​នៅក្នុង​ក្រុមហ៊ុន Moderna ដែលជា​គូប្រជែង​ធំ​បំផុត​របស់ BioNTech។ មូល​ប​ត្រ​របស់​ក្រុមហ៊ុន Moderna ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Massachusetts សហរដ្ឋអាមេរិក​បាន​កើនឡើង​ជាង 650% ចាប់តាំងពី​ដើមឆ្នាំ​រហូត​ដល់ពេលនេះ ដែល​នេះ​បាន​ជួយ​ឱ្យ​ក្រុមមនុស្ស​ដែល​បាន​វិនិយោគដំបូងៗ ដូចជា​សាស្ត្រាចារ្យ Bob Langer មកពី​សាកលវិទ្យាល័យ MIT និង​សាស្ត្រាចារ្យ Tim Springer មកពី​សាកលវិទ្យាល័យ Harvard រួម​នឹង CEO Stephane Bancel ក្លាយជា​មហាសេដ្ឋី​ទៀតផង៕

  • Hazard ចូល​លេង​ឱ្យ Real Madrid 2រដូវ​កាល គ្រាន់តែ​របួស ចង់​អស់ 1រដូវ​កាល

    Hazard ចូល​លេង​ឱ្យ Real Madrid 2រដូវ​កាល គ្រាន់តែ​របួស ចង់​អស់ 1រដូវ​កាល

    កីឡាករ ជម្រើសជាតិ​បេ​ល​ហ្ស៊ិ​ក Eden Michael Hazard បានទទួល​រងរបួស​សាច់ដុំ​ម្តងទៀត​ហើយ  កាលពី​ថ្ងៃ​អង្គា​រ៏ ទី1 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ ដែល​នេះ គឺជា​ការរង​របួស​ជា​លើក​ទី8 ហើយ គិត​ត្រឹម រយៈពេល 1ឆ្នាំ​ជាង នៃ​ការផ្ទេរ​មក Real Madrid នេះ។

    ខ្សែបម្រើ​ស្លាប សញ្ជាតិ​បែលហ្ស៊ិក Eden Hazard ទើបតែ​មកដល់​ក្លិប Real Madrid បាន​ជាង 1ឆ្នាំកន្លះ​ប៉ុណ្ណោះ តែ​កីឡាករ​រូបនេះ​ខកខាន​លេង​អស់ 42ប្រកួត (ទិន្នន័យ​របស់ Transfermarket) ព្រោះតែ​ការ​ញាំញី​ដោយ​របួស។

    គួរ​រំឭក​ដែរ​ថា កីឡាករ​រូបនេះ ធ្លាប់​រងរបួស​ជាច្រើនលើក​មកហើយ ដូចជា របួស​សរសៃពួរ​ជើង (សម្រាក 1ខែ​ជាង), របួស​ប្រេះ​ឆ្អឺ​ង (សម្រាក 3ខែ), របួស​សាច់ដុំ (សម្រាក​កន្លះ​ខែ), កូ​វីដ-១៩ (សម្រាក​កន្លះ​ខែ) រួម​នឹង​របួស​រយៈពេលខ្លីៗជាច្រើន​ទៀត៕