លាងផ្លែអំពឹលខ្ចីដែលត្រូវការបកសំបកចេញនោះឱ្យស្អាត រួចចាក់ទឹកចោល បន្តដោយការយកទឹកក្តៅដែលដាំឡើងពុះហើយនោះមកស្រោចពីលើផ្លែអំពឹលខ្ចីទាំងនោះ កូរ ឬក្រឡុកឱ្យអំពឹលគ្រប់ផ្លែត្រូវទឹកក្តៅឱ្យសព្វប្រមាណជា 2 – 3នាទី(កុំឱ្យយូរជាងនេះ ព្រោះនឹងធ្វើឱ្យផ្លែអំពឹលឡើងជ្រាយ) ហើយចាក់ទឹកនោះចោល បន្ទាប់ពីនោះ ចូរយកទឹកត្រជាក់ធម្មតាមកស្រោចពីលើផ្លែអំពឹលទាំងអស់ឱ្យសព្វ រួចចាក់ទឹកចេញ បន្ទាប់មកយកចុងកាំបិតកេះបកសំបកផ្លែអំពឹលខ្ចីនោះចេញ សំបករបស់វានឹងរបើកចេញយ៉ាងងាយស្រួល ៕
Category: សង្គម និងសេដ្ឋកិច្ច

ក្រសួងអប់រំណែនាំប្រព័ន្ធវាស់ស្ទង់សមត្ថភាពសិស្ស ដោយប្រើកម្មវិធីកុំព្យូទ័រអនឡាញរបស់ក្រសួង
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់ដឹងអំពីសមត្ថភាព ឬចំណេះដឹងរបស់ខ្លួនដែលបានសិក្សានាពេលកន្លង ឬមួយចង់សាកល្បង «ប្រលងក្រៅផ្លូវការ» ជាមុន អាចចូលទៅកាន់គេហទំព័ររបស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បីចុះឈ្មោះ និងធ្វើតេស្តដោយខ្លួនឯង។
នៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី 10 ខែធ្នូ ឆ្នាំ2020 នេះ ក្រសួងអប់រំយុវជននិងកីឡា បានឧទ្ទេសនាមកម្មវិធីវាស់ស្ទង់សមត្ថភាពរបស់សិក្សានុសិស្ស បែបថ្មីមួយ ដែលអនុញ្ញាតឱ្យសិស្សធ្វើតេស្តលើចំណេះដឹងផ្ទាល់ខ្លួន ដោយគ្រាន់តែចុះឈ្មោះ និងធ្វើតេស្តនៅលើគេហទំព័ររបស់ក្រសួងនេះ។
ក្រសួងអប់រំបានបញ្ចាក់ថា រាល់លំហាត់ និងសំណួរទាំងនេះគឺ សម្រាប់ឱ្យសិស្សានុសិស្សអនុវត្ត ការវាស់ស្ទង់និងការពង្រឹងសមត្ថភាពខ្លួនឯង។ លំហាត់ និងសំណួរដែលមានក្នុងប្រព័ន្ធនេះ មិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងឡើយ។
ដើម្បីស្វែងយល់លម្អិតទាក់ទងទៅនឹងការណែនាំផ្សេងៗរបស់ក្រសួង និងដើម្បីប្រើប្រាស់កម្មវិធីថ្មីនេះ សូមចុចលើតំណភ្ជាប់នេះ https://exam.moeys.gov.kh/។
https://www.youtube.com/watch?v=lqYK8AzEUsY&feature=emb_logo

កម្ពុជាបន្តការផ្អាកសកម្មភាពអប់រំ និងកីឡា រហូតដល់ចប់ព្រឹត្តិការណ៍ 28 វិច្ឆិកា
ក្រសួងអប់រំយុវជន និងកីឡា តាមរយៈទំព័រ Facebook បានប្រកាសឱ្យដឹងថា សកម្មភាពអប់រំ និងកីឡា ត្រូវបានដាក់ឱ្យផ្អាកដំណើរការមួយរយៈពេលទៀតក្រោយពីមានព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែលជាការចាប់ផ្ដើមឆ្លងវីរុស Covid-19 នៅក្នុងសហគមន៍។
នៅក្នុងលិខិតជូនដំណឹងនេះ ក្រសួងបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីចៀសវាងការឆ្លងរាលដាលនៃវីរុស Covid-19។ វិធានការមានដូចខាងក្រោម៖
ទី1-ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានមនុស្សចូលរួមលើសពី 20នាក់
ទី2-ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្ន ដោយបន្តការបង្រៀន និងរៀនតាមអនឡាញ
ទី3-ផ្អាករាល់ការហាត់ប្រាណ និងលេងកីឡាដែលមានលក្ខណៈប្រមូលផ្ដុំ។
ក្រសួងអប់រំបានបញ្ជាក់ថា រាល់ការផ្អាកខាងលើនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹង (10ធ្នូ 2020) នេះ រហូតដល់ព្រឹត្តិការណ៍សហគមន៍ 28វិច្ឆិកា ត្រូវបានបញ្ចប់៕


ទីតាំងផលិតអគ្គិសនីប្រើកម្លាំងខ្យល់ធំជាងគេក្នុងលោកនៅលើលម្ហសមុទ្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ2021
ក្រុមហ៊ុន Vineyard Wind បានប្រកាសអំពីគម្រោងសាងសង់ទីតាំងផលិតអគ្គិសនីពីកម្លាំងខ្យល់នៅក្នុងលម្ហសមុទ្រ ដែលមានទ្រង់ទ្រាយធំជាងគេបង្អស់នៅសហរដ្ឋអាមេរិក និងនៅក្នុងពិភពលោក ជាមួយនឹងទួរប៊ីនកង្ហារដែលមានកម្ពស់ដល់ទៅ 260ម៉ែត្រ។
ទីតាំងផលិតអគ្គិសនីដែលមានទួរប៊ីនកង្ហារយក្សចំនួនជាង 60 នឹងត្រូវបានដំឡើងនៅក្នុងលម្ហសមុទ្រដែលមានចម្ងាយប្រហែល 24គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Martha’s Vineyard នៃរដ្ឋ Massachusetts។ នៅពេលដាក់ឱ្យដំណើរការពេញលេញនៅឆ្នាំ 2023 មូលដ្ឋាននេះនឹងផលិតបានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់គ្រួសារចំនួន 400,000គ្រួ នៅតំបន់ New England។
ដោយមានកម្ពស់ដល់ទៅ 260ម ទួរប៊ីន Haliade-X នីមួយៗ មានកម្លាំង 13MW ដែលខ្លាំងដល់ថ្នាក់ ការវិលមួយជុំរបស់កង្ហារ អាចផលិតអគ្គិសនីបានគ្រប់គ្រាន់សម្រាប់មនុស្សមួយគ្រួសារប្រើប្រាស់ក្នុងរយៈពេល 2ថ្ងៃ នេះបើតាម ក្រុមហ៊ុន GE Renewable Energy។ ទាំងនេះគឺជាម៉ូដែលទួរប៊ីនខ្យល់ធំជាងគេបង្អស់ក្នុងពិភពលោក។

លោក Lars T. Pedersen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vineyard Wind ជាមួយនឹងទួរប៊ីនសរុបចំនួន 62 នៅពេលដំណើរការអស់ពីសមត្ថភាព ទីតាំងផលិតអគ្គិសនី Vineyard Wind នេះ នឹងអាចផលិតបានអគ្គិសនីចំនួន 312 MWh/ថ្ងៃ ច្រើនជាង 10% បើធៀបនឹងឯតទគ្គកម្ម 262 MWh ដែលត្រូវបានផលិតឡើងដោយទីតាំងទួរប៊ីនខ្យល់នៅប្រទេសហូឡង់។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vineyard Wind លោក Lars T. Pedersen បញ្ជាក់ថា៖ «នេះគឺជាគម្រោងដ៏សំខាន់សម្រាប់យើងខ្ញុំ និងសម្រាប់អនាគតនៃវិស័យថាមពលស្អាត ដែលបានត្រៀមខ្លួនជាស្រេចក្នុងការរីកចម្រើនយ៉ាងឆាប់រហ័សនាពេលខាងមុខ»។

ការប្រៀបធៀបរវាងបង្គោលកង្ហារ Haliade-X របស់ក្រុមហ៊ុន Vineyard Wind ជាមួយនឹងសំណង់ខ្ពស់ៗក្នុងពិភពលោក គម្រោងខាងលើនេះ ក៏ត្រូវបានគេសង្ឃឹមថា នឹងជួយកាត់បន្ថយឧស្ម័នកាបោនចំនួនជាង 1.6លានតោនក្នុងមួយឆ្នាំៗ ដែលនេះនឹងរួមចំណែកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅលើពិភពលោកផងដែរ។
ក្រុមហ៊ុន Vineyard Wind ឱ្យដឹងថា ការសាងសង់ទីតាំងផលិតអគ្គិសនីនេះនឹងចាប់ផ្ដើមធ្វើឡើងនៅពាក់កណ្ដាលចុងឆ្នាំ 2021 ជាមួយនឹងទុនវិនិយោគឡើងដល់ 3ពាន់លានដុល្លារអាមេរិក។ បង្គោលកង្ហារយក្សនីមួយៗ នឹងត្រូវបានដាក់ឃ្លាតពីគ្នា 0.8 ម៉ាយល៍ (ប្រហែល 1.3គីឡូម៉ែត្រ)៕
ប្រភព៖ Amed Post

ខ្សែប្រយុទ្ធក្លិប JDT ជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់
កីឡាករជម្រើសជាតិម៉ាឡេស៊ី និងក្លិប JTD លោក Muhammad Syafiq Ahmad បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅគីឡូម៉ែត្រលេខ163 នៃផ្លូវជាតិភាគខាងជើងប្រទេសម៉ាឡេស៊ី ស្ថិតនៅតំបន់ Sungai Bakap។ ខណៈប្រពន្ធរបស់គាត់ រងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយកូនស្រីរបស់គាត់ ដែលទើបកើតបាន 22ថ្ងៃ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ។ ក្រៅពីនោះ មានជនរងគ្រោះ 2នាក់ទៀត បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នោះដែរ គឺម្ដាយក្មេករបស់គាត់ និងជនជាតិឥណ្ឌូនេស៊ី ម្នាក់ទៀត។
គួរឱ្យដឹងដែរថា ក្នុងហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ និង 36នាទីព្រឹក ដោយមូលហេតុ ត្រូវបានគេដាក់ការសង្ស័យថា ខ្សែប្រយុទ្ធរូបនេះអាចបើកបរ ដោយការងងុយដេក និងហួសល្បឿនកំណត់ ខណៈដែលពេលនេះ កីឡាករ Muhammad Syafiq Ahmad បានរងរបួសស្រាល ហើយកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ៕




មកទល់នឹងពេលនេះ ការសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ សម្រេចបាន 85%ហើយ
ពហុកីឡដ្ឋានជាតិ មរតកតេជោ កំពុងតែដំណើរការសាងសង់ជាធម្មតា ថ្វីបើមានការរាតត្បាតនៃជំងឺកូវីដ-19 ក៏ដោយហើយមកទល់នឹងពេលនេះ ទីលានបាល់ទាត់ធំ របស់ពហុកីឡដ្ឋានជាតិមួយនេះ បានសាងសង់រួច បានប្រមាណជាង 85ភាគរយហើយ ដោយបានបំពាក់ដំបូល និងលេចជារូបរាងទីលានបាល់ទាត់កម្រិតស្តង់ដាហើយ នៅឡើយតែការបំពាក់កៅអី និងបន្ថែមការរចនាពណ៍តែប៉ុណ្ណោះ។
ពហុកីឡដ្ឋានមរតកតេជោ ដែលជាកន្លែងសម្រាប់ធ្វើពិធីបើក-បិទ ព្រឹត្តការណ៍ស៊ីហ្គេមលើកទី32 របស់កម្ពុជា នឹងត្រូវសាងសង់រួចរាល់នៅខែមេសា ឆ្នាំ2021 ខាងមុខ។ នេះបើតាមឱ្យដឹងពីឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការរបស់ CAMSOC។
ពហុកីឡដ្ឋានមរតកតេជោ គឺជាហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលប្រទេសចិន ដែលគ្រោងចំណាយទុនប្រមាណ160លានដុល្លារ ដែលអាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់ សាងសង់នៅលើផ្ទៃដីជាង១៦ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ2023៕


វិធីកម្ចាត់ក្លឹនផ្អូមជូររបស់អាហារដែលជាប់នៅលើចាន
លេខនេះ យើងមានគន្លឹះល្អៗមកជម្រាបជូនដូចសព្វដង តែសម្រាប់បញ្ហានេះមិនពិបាកដោះស្រាយទេ បើសឹនជាចានក្បានដែលយើងលាងហើយ តែវានៅតែមានធំក្លឹនផ្អូមជូរបស់ម្ហូបអាហារនៅជាប់នឹងចានទៀតនោះ ។ ចូរយកម្សៅសាជូរ លាយជាមួយអំបឹលហ្មត់ក្នុងបរិមាណស្មើៗគ្នាដាក់ចូលទៅក្នុងអាងលាងចាន ហើយចាក់ទឹកក្តៅពុះចូលទៅឱ្យលិចចានដែលយើងចង់លាងម្តងទៀតទាំងនោះ ទុកចោលប្រមាណ15 នាទី ឬរហូតទាល់តែទឹកនោះត្រជាក់ សឹមធ្វើការលាងសំអាតរួចហើយបន្តដោយការលាងសំអាតម្តងទៀត បន្ទាប់ពីនោះចូរយកទៅដាក់ហាលថ្ងៃ ឬជូតឱ្យស្ងួត ក្លឹនផ្អូមរបស់កាកសំណល់អាហារដែលជាប់នៅលើចានទាំងនោះ នឹងរលាយបាត់អស់មិនខាន ៕

កម្ពុជានឹងមានសេវាទូទាត់ប្រាក់តាមអនឡាញឆ្លងគ្រឹះស្ថាន «តម្លៃទាប» ដើម្បីទប់ទល់នឹងការឆ្លង Covid-19 តាមរយៈការចាយក្រដាសប្រាក់ផ្ទាល់
សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមមួយទាក់ទងនឹងការសហការសម្រួលឱ្យមានសេវាកម្មទូទាត់ប្រាក់ឆ្លងគ្រឹះស្ថានដោយកម្រៃសេវាសមរម្យ ក្នុងបំណងរួមចំណែកទប់ស្កាត់ការឆ្លងរាលដាល Covid-19 តាមរយៈការប្រើប្រាស់សាច់ប្រាក់ផ្ទាល់។
សេចក្ដីប្រកាសបន្តថា សហគមន៍ធនាគារ និងហិរញ្ញវត្ថុបាននិងកំពុងសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការសម្រួលឱ្យមានការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងគ្រឹះស្ថាន ដែលនឹងកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងកម្រៃសេវាកម្មទាបសមរម្យជាងមុន តាមរយៈការកែសម្រួលលក្ខខណ្ឌផ្សេងៗដែលនឹងត្រូវជូនដំណឹងនាពេលខាងមុខ។
នៅក្នុងសេចក្ដីប្រកាសនេះ សមាគមបានលើកទឹកចិត្តឱ្យសាធារណជន អតិថិជន និងអាជីវករទាំងអស់ ធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលអតិថិជនកំពុងប្រើប្រាស់ ដោយការទាញយកកម្មវិធីទូទាត់ និងកម្មវិធីធនាគារឌីជីថលនានានៅកម្ពុជា៕


NASA ប្រកាសអំពីផែនការលម្អិតសម្រាប់បេសកកម្មឡើងជាន់ដីឋានព្រះចន្ទជាថ្មី
ទីភ្នាក់ងារអវកាសអាមេរិក (NASA) កាលពីថ្ងៃទី 7ធ្នូ បានប្រកាសឱ្យដឹងអំពីរបាយការណ៍បឋមមួយដែលនិយាយលម្អិតអំពីគោលដៅអាទិភាពសម្រាប់ក្រុមអវកាសចរនៅក្នុងបេសកកម្ម Artemis នាពេលខាងមុខ។
មួយក្នុងចំណោមគោលដៅនានារបស់បេសកកម្មខាងលើ នឹងនាំយកសំណាកដីដែលមានទម្ងន់ 85 គីឡូក្រាម ដែលរួមមានទាំងសំណាកនៅលើផ្ទៃខាងលើ និងខាងក្រោមដីរបស់ឋានព្រះចន្ទ ត្រលប់មកកាន់ផែនដី ដែលនេះគឺជាបរិមាណដ៏ច្រើន បើធៀបនឹងទម្ងន់មធ្យម 64 គីឡូក្រាមដែលអវកាសចរក្នុងបេសកកម្ម Apollo បាននាំមកកាន់ផែនដី ចាប់ពីឆ្នាំ 1969 ដល់ឆ្នាំ 1972។
«ព្រះចន្ទមានសក្ដានុពលផ្នែកវិទ្យាសាស្ត្រដ៏ធំធេង ហើយក្រុមអវកាសចរនឹងជួយឱ្យយើងស្រាវជ្រាវទៅលើវា» អនុប្រធានរបស់គណៈកម្មការនៃបេសកកម្មវិទ្យាសាស្ត្ររបស់ NASA លោក Thomas Zurbuchen និយាយដូច្នេះ។
របាយការណ៍ដែលមានកម្រាស់ 188 ទំព័រ បានគូសវាសនូវគោលដៅវិទ្យាសាស្ត្រអាទិភាពជាច្រើនសម្រាប់បេសកកម្ម Artemis ដែលនឹងត្រូវបានដំណើរការចាប់ពីឆ្នាំ 2021។
ក្នុងនោះដែរ បេសកកម្ម Artemis I នឹងមានការសាកល្បងប្រព័ន្ធបាញ់បង្ហោះក្នុងទីអវកាស និងយាន Orion គ្មានមនុស្សបើក ដែលនេះនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ 2021។ ពីរឆ្នាំបន្ទាប់ NASA នឹងដំណើរការបេសកកម្ម Artemis II ជាមួយនឹងការសាកល្បងលើយានអវកាសមានមនុស្សបើក ដែលនឹងហោះទៅកាន់គន្លងគោចរផែនដី ប៉ុន្តែមិនទាក់ទងនឹងការចុះចតលើឋានព្រះចន្ទ។ ភារកិច្ចសំខាន់ជាងគេ នោះគឺ បេសកកម្ម Artemis III ដែលនឹងនាំមនុស្សឡើងទៅជាន់ភពរណបធម្មជាតិរបស់ផែនដីនេះ នៅក្នុងឆ្នាំ 2024 ក្នុងនោះក៏នឹងមានអវកាសចរជាស្ត្រីមួយរូបដំបូងគេផងដែរ។
ក្រុមអវកាសចរនឹងត្រូវចំណាយពេលត្រឹមតែ 6ថ្ងៃកន្លះ នៅលើឋានព្រះចន្ទ ដើម្បីប្រមូលសំណាកដី និងថ្ម និងស្វែងយល់បន្ថែមអំពីទីឋាននេះ។ គោលដៅចុងក្រោយរបស់ NASA គឺការសាងសង់មូលដ្ឋាន Artemis នៅលើឋានព្រះចន្ទឱ្យបានមុនដំណាច់ទសវត្សរ៍ 2030 ដែលនេះគឺជាមហិច្ឆតាដ៏ធំសម្បើមមួយទាមទារឱ្យមានជំនួយរាប់ម៉ឺនលានដុល្លារ និងត្រូវការការយល់ព្រមពីប្រធានាធិបតី ក៏ដូចជាសភាអាមេរិកាំង។

គោលដៅចុងក្រោយរបស់ NASA គឺការសាងសង់មូលដ្ឋាន Artemis នៅលើឋានព្រះចន្ទឱ្យបានមុនដំណាច់ទសវត្សរ៍ 2030 នៅក្នុងបេសកកម្ម Artemis III ក្រុមអ្នកជំនាញមានគម្រោងបង្កើតបណ្ដាញវីដេអូ និងទិន្នន័យក្នុងពេលតែមួយដែលភ្ជាប់ពីក្រុមអ្នកអវកាសនៅលើឋានព្រះចន្ទទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រនៅលើផែនដី។ ពួកគេក៏ស្នើឱ្យបង្កើតឧបករណ៍ដែលមានទម្ងន់ស្រាលជាងមុន និងអាចបំពេញភារកិច្ចបានច្រើនជាងមុន។
ក្រៅពីនេះ NASA ក៏នឹងពិនិត្យទៅលើការដំឡើងជាមុននូវឧបករណ៍វិទ្យាសាស្ត្រនៅក្នុងតំបន់ក្បែរខាងនៃទីតាំងចុះចត Artemis III ក្នុងនោះមានដូចជា ឃ្លាំងផ្ទុកសម្ភារសម្រាប់ក្រុមអវកាសចរប្រើប្រាស់ពេលឡើងដល់ឋានព្រះចន្ទ រួមនឹងរ៉ូបូតស្រាវជ្រាវមួយគ្រឿង ឬច្រើនគ្រឿង ដើម្បីតាមដានបរិស្ថាននៅជុំវិញ៕
ប្រភព៖ AFP

វិធីបន្ថែមមន្តស្នេហ៍ឱ្យផ្ទះស្រស់ស្អាតគួរឱ្យចង់រស់នៅ
ការធ្វើឱ្យផ្ទះរបស់លោកអ្នក ក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញនោះ មិនមែនជារឿងពិបាកឡើយ គ្រាន់តែលោកអ្នកចំណាយពេលវេលាក្នុងការសម្អាត ជួសជុល និងតុបតែង ធ្វើឱ្យផ្ទះរបស់លោកអ្នកមើលទៅមានសោភណភាពគួរចង់រស់នៅទាំងខាងក្នុង និងខាងក្រៅតែប៉ុណ្ណោះ។
ការបន្ថែមមន្តស្នេហ៍ផ្នែកខាងក្រៅផ្ទះរបស់អ្នកអាចធ្វើបានតាមរយៈ៖
- ជួសជុល ឬផ្លាស់ដំបូលផ្ទះនៅកន្លែងណាដែលបាក់ពុក ឬខូចខាត។
- ជួសជុល ឬលាបពណ៌ផ្ទះជាថ្មីឱ្យមើលទៅរៀបរយ ស្អាតបាត។
- ពិនិត្យមើលទ្វារ បង្អួច ថាតើមានកន្លែងណារបក ឬស្លកពណ៌ឬទេ? ពិនិត្យមើលថា តើកណ្តឹងចុចខាងមុខផ្ទះនៅអាចប្រើការបានឬទេ?។
- សម្អាតទបង្ហូរទឹក និងប្រព័ន្ធបង្ហូរទឹកមិនស្អាត។
- មើលថែសួនច្បារ និងដើមឈើឱ្យរៀបរយស្អាតបាត។
- ពិនិត្យមើលជណ្តើរ ផ្លូវដើរ របង និងរានហាលថា តើមានស្នាមប្រេះបាក់បែកឬទេ?។

ការបន្ថែមមន្តស្នេហ៍ផ្នែកខាងក្នុងផ្ទះដែលលោកអ្នកអាចធ្វើបានតាមរយៈ៖
- បោសសម្អាតគ្រប់បន្ទប់នៅក្នុងផ្ទះ ប្រមូលរបស់របរដែលមិនចាំបាច់ រួមទាំងកម្ចាត់ចោលនូវវត្ថុណាដែលទើសទែងចេញពីបន្ទប់ តែប៉ុណ្ណឹង ផ្ទះរបស់លោកអ្នកនឹងមើលទៅឃើញរាងស្រឡះ និងភ្លឺជាងមុនមិនខាន។
- ក្នុងករណីបើចាំបាច់ គួរលាបពណ៌ខាងក្នុងផ្ទះដែលមើលទៅរាងចាស់ស្អាប់ហើយនោះ ឱ្យមើលទៅភ្លឺឡើងវិញ។ ពណ៌ជញ្ជាំង គួរជាពណ៌ដែលមើលទៅដូចធម្មជាតិ ដូចជាពណ៌ស ឬពណ៌ឃ្រីម ហើយពណ៌ដូចគ្នានេះ ដោយលោកអ្នកអាចប្រើពណ៌ដដែលនោះជាមួយនឹងកម្រាលព្រំបានដូចគ្នា។
- ត្រួតពិនិត្យមើល និងជួសជុល ស្នាមប្រេះបាក់បែក ធ្លាយមានប្រហោង ឬស្នាមគូសវាសនៅលើជញ្ជាំង រួមទាំងបរិវេណកន្លែងណាដែលមានភាពសើម ត្រូវធ្វើឱ្យស្ងួត និងស្អាតឡើងវិញ។
- ផ្លាស់កញ្ចក់បង្អួចណាដែលប្រេះ បែក ឬស្អាប់ចេញ។
- ពិនិត្យមើលក្បាលចំពួយទឹក និងចំពួយទឹកផ្កាឈូកក្នុងបន្ទប់ទឹក រួមទាំងរបស់ប្រើប្រាស់ផ្សេងៗថា តើនៅប្រើការបានល្អឬទេ?។
- ត្រួតពិនិត្យមើលឱ្យច្បាស់ក្នុងចិត្តថា កម្រាលឥដ្ឋបន្ទប់ទឹក និងបន្ទប់ចង្រ្កានបាយគ្មានស្នាមបាក់បែក ឬប្រឡាក់ស្នាមកខ្វក់។
- លោកអ្នកគួរកម្ចាត់ប្រភព ឬកន្លែងណាដែលបញ្ចេញក្លិនមិនល្អចេញឱ្យស្អាត ដូចជាកន្លែងចោលកាកសំណល់អាហារក្នុងចង្រ្កានបាយ និងកន្លែងឆ្កែ ឆ្មាដេកជាដើម។
- ឧស្សាហ៍ពិនិត្យមើលគ្រឿងប្រើប្រាស់អគ្គិសនី ខ្សែភ្លើង និងឌុយភ្លើងឱ្យស្ថិតក្នុងសភាពប្រើការបានល្អជានិច្ច។
- មើលថែទាំបន្ទប់បាយឱ្យស្អាត និងស្ថិតក្នុងសភាពត្រៀមប្រើការបានជានិច្ច។

ក្រៅពីចំណុចណែនាំខាងលើនេះហើយ លោកអ្នកអាចនឹងបន្ថែមចំណុចខ្លះទៀត ដើម្បីធ្វើឱ្យផ្ទះរបស់លោកអ្នកក្លាយជាកន្លែងដ៏គួរឱ្យស្វាគមន៍រឹតតែខ្លាំងឡើងដូចជា ការប្រើស្រ្បៃយ៍ដែលមានក្លិនក្រអូប បន្ថែមផ្កាស្រស់ៗនៅក្នុងថូ 2 – 3 ដាក់លម្អនៅតាមកន្លែងផ្សេងៗនៅក្នុងផ្ទះ ឬនៅកន្លែងទទួលភ្ញៀវជាដើមក៏បាន៕
