Category: សង្គម និងសេដ្ឋកិច្ច

  • Google បញ្ចេញគោលនយោបាយថ្មី អនុញ្ញាតឱ្យកំណត់បន្ថយ Ads ទាក់ទងគ្រឿងស្រវឹង និងល្បែង

    Google បញ្ចេញគោលនយោបាយថ្មី អនុញ្ញាតឱ្យកំណត់បន្ថយ Ads ទាក់ទងគ្រឿងស្រវឹង និងល្បែង

    នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី10 ធ្នូ ក្រុមហ៊ុន Google បាន​បញ្ចេញ​កំណែ​អាប់​ឌែ​ត ក៏ដូចជា គោលនយោបាយ​ថ្មី ទាក់ទង​នឹង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​របស់ខ្លួន។ ចំពោះ​អ្នកប្រើប្រាស់​ទាំងអស់ ដែលមាន​ការរំខាន ដោយសារតែ Ads ពី ល្បែងស៊ីសង ក៏ដូចជា​គ្រឿង​ស្រវឹង​ផង​នោះ នឹងមាន​ឱកាស​ធ្វើការ​កាត់បន្ថយ ឱ្យ​វា​លោត​ចេញមក តិចជាង​មុន​បាន ដោយ​នឹង​ចាប់ផ្ដើម ពី​ដើមឆ្នាំ 2021 ខាងមុខ​តទៅ។

    Google បាន​បន្ថែមទៀតថា អ្នកប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក គឺអាច​កំណត់​បាន ជាបណ្ដើរៗហើយ ដោយឡែក អ្នកប្រើប្រាស់​នៅលើ​ទីផ្សារ​សកល គឺ​ត្រូវមាន​ការរង់ចាំ​បន្ដិចទៀត សម្រាប់​ការផ្ដល់ជូន​សិទ្ធិ​អនុញ្ញាត​មួយ​នេះ។

    បច្ចុប្បន្ននេះ  អ្នកប្រើប្រាស់​ទាំងអស់ មានតែ​សិទ្ធិ​ក្នុង​ការបិទ​មុខងារ Ad Personalization ប៉ុណ្ណោះ ដែល​មុខងារ​នេះ លោកអ្នក​គ្រាន់តែ​ធ្វើ​ការដាក់​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម ទាក់ទង​ទៅនឹង​សកម្មភាព​ទាំងឡាយណា​បាន​ចុច Search ស្វែង​រកមើល។ ការដែល​វា​លោត​បង្ហាញ​មក​នោះ ត្រូវបាន​គេ​គិតថា រំលោភសិទ្ធិ​ឯកជន។

    បើទោះបីជា​មិនអាច​បិទ​បាន​ទាំងស្រុង​ក៏ដោយ យ៉ាងហោចណាស់ អ្នកប្រើប្រាស់​នឹង​អាច​ឃើញ​ពួកវា​តិចជាង​មុន ហើយក៏​លែង​សូវ​មានការ​រំខាន ក៏ដូចជា​ជំរុញ​បង្ខំ​ឱ្យចូល​រួម​តាម​ផងដែរ។ ការបើក​មុខងារ​កាត់​បន្ថយ Ads របស់​ល្បែងស៊ីសង និង​គ្រឿង​ស្រវឹង ក៏​នឹង​ជួយ​ហាមឃាត់ក្មេងៗ មិនឱ្យ​ចូលរួម​តាមដាន​ទៀតផង​ដែរ ដោយសារ​ភាគច្រើន ពួកគេ​ងាយ​នឹងធ្វើ​ទៅតាម ការផ្សព្វផ្សាយ​ទាំងអស់នោះ​ខ្លាំងណាស់។

  • រឿងសំខាន់ដែលអ្នកគួរដឹង មុនគិតចង់សេពគប់អ្នកណាម្នាក់យ៉ាងពិតប្រាកដ…

    រឿងសំខាន់ដែលអ្នកគួរដឹង មុនគិតចង់សេពគប់អ្នកណាម្នាក់យ៉ាងពិតប្រាកដ…

    សម័យនេះ ការទំនាក់ទំនងឆ្លើយឆ្លង ធ្វើឱ្យមនុស្សយើងអាចជជែកនិយាយគ្នាបានកាន់តែងាយស្រួលឡើង។ Application ស្វែងរកគូមានពេញទឹកពេញដី ធ្វើឱ្យកំលោះក្រមុំអាចណាត់ជួបគ្នាកាន់តែងាយឡើងដែរ តែភាពងាយនេះ ក៏មកព្រមជាមួយនឹងសម្ព័ន្ធភាពដែលមិនស្ថិតស្ថេរយូរអង្វែងដែរ ព្រោះម្នាក់ៗមិនបានពិនិត្យមើលអ្វីៗអំពីគ្នាយ៉ាងស៊ីជម្រៅឡើយ។ ការដែលអ្នកចង់សម្រេចចិត្តសេពគប់ជាមួយនរណាម្នាក់នោះ អំឡុងពេលដែលគេហៅថា “មើលចិត្តមើលថ្លើមគ្នា” សំខាន់ខ្លាំងណាស់ ព្រោះអ្នកនឹងបានឃើញពីភាពជាមនុស្សម្នាក់របស់នាង(ឬគេ) បានដឹងពីប្រវត្តិថា តើមនុស្សដែលអ្នកកំពុងមើលចិត្តមើលថ្លើមនោះ មានបទពិសោធជីវិតបែបណា ក្រុមគ្រួសារ និងបែបបទជីវិតរបស់គេអាចទៅជាមួយអ្នកបានឬទេ?

    ខាងក្រោមនេះ គឺរឿងដែលអ្នកត្រូវពិនិត្យមើលឱ្យច្បាស់លាស់ មុននឹងសម្រេចចិត្តយល់ព្រមជាមួយនរណាម្នាក់…។

    1.តើគេ ឬនាង(ម្នាក់ហ្នឹង)មានគូជីវិតហើយឬនៅ?

    នេះគឺជារឿងសំខាន់ មុននឹងសម្រេចចិត្តយល់ព្រមជាមួយនរណាម្នាក់យ៉ាងពិតប្រាកដ។ នេះគឺជារឿងសំខាន់មុនគេ ដែលអ្នកគួរសួរគេ ឬនាងយ៉ាងត្រង់ៗ ដើម្បីឱ្យបានច្បាស់លាស់ទាំងពីរនាក់ ព្រោះសព្វថ្ងៃនេះ មនុស្សដែលមានគូហើយ តែចូលចិត្តធ្វើខ្លួនដូចនៅលីវ និងដើរតែទំនាក់ទំនងជាមួយអ្នកឯទៀតបែបឱ្យក្ដីសង្ឃឹមទៅគេនោះ មានច្រើនណាស់។ តែប្រការសំខាន់ វាស្ថិតនៅលើអ្នកខ្លួនឯង បើបានទទួលចម្លើយយ៉ាងត្រង់ទៅត្រង់មកហើយថា គេ ឬនាងមានគូហើយនោះ គឺរូបអ្នកខ្លួនឯងហ្នឹងហើយដែលជាអ្នកសម្រេចចិត្តថា តើនឹងបញ្ចប់ ឬបន្តទៅទៀត?។

    2.តើគេ ឬនាងម្នាក់ហ្នឹង នៅលីវយូរប៉ុនណាហើយ?

    រឿងសំខាន់ទី2 ដែលអ្នកគួរត្រូវដឹងបន្ទាប់ពីបានដឹងហើយថា រូបគេ ឬនាងម្នាក់នោះពិតជានៅលីវមែននោះគឺ រយៈពេលដែលគេ ឬនាងម្នាក់នោះគ្រងស្ថានភាពនៅលីវនោះយូរប៉ុនណាហើយ? រឹតតែមនុស្សដែលទើបតែលែងលះគ្នាមិនទាន់ដល់ 2ឆ្នាំផងនោះ ចូរកុំអាលសេពគប់ ឬមានទំនាក់ទំនងអីជិតស្និទ្ធពេក ព្រោះសម្ព័ន្ធភាពរវាងមនុស្ស 2នាក់ដែលមានមកយូរហើយនោះ ធ្វើឱ្យចិត្តគេនៅមិនទាន់ត្រៀមជាស្រេចសម្រាប់រូបអ្នកប៉ុន្មានទេ។

    ឬអ្នកខ្លះដែលនៅលីវ និងលែងលះជាមួយអ្នកចាស់មកបានរយៈពេលយូរជាង ​2ឆ្នាំហើយក៏ដោយ ក៏នៅតែគួរឱ្យបារម្ភដែរ ព្រោះទាំងអស់នោះអាចមានន័យពីអារម្មណ៍ខាងក្នុងចិត្តរបស់មនុស្សម្នាក់នោះដែលនៅតែមិនអាចកាត់ដាច់ពីអ្នកចាស់បាន ហើយដោយសម្ព័ន្ធភាពនោះ នឹងធ្វើឱ្យស្នេហាថ្មីរបស់អ្នក មិនគង់វង្ស។

    3.តើគេ ឬនាងម្នាក់ហ្នឹងមានការងារធ្វើឬអត់?

    សំណួរ 1នេះសម្រាប់សង្គមជនបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក គេរាប់ថាជារឿងប្រក្រតីធម្មតាសម្រាប់អ្នកដែលត្រូវចិត្តគ្នាដំបូង ដែលនឹងសួរគ្នាថា តើអ្នកធ្វើការអីដែរ? តែសំណួរដែលសំខាន់បំផុតនោះគឺ “តើអ្នកមានការងារធ្វើ ឬក៏កំពុងទាត់ខ្យល់?”។

    សំណួរនេះ រាប់ថាសំខាន់ណាស់សម្រាប់ការសម្រេចចិត្តរបស់អ្នកថា តើនឹងសេពគប់បន្តឬយ៉ាងណា? ព្រោះការមានការងារធ្វើ មានន័យពីការអាចចិញ្ចឹមជីវិតបានដោយខ្លួនឯង និងគ្មានបញ្ហារឿងហិរញ្ញវត្ថុ។ បើសេពគប់គ្នាហើយ គូស្នេហ៍របស់អ្នកគ្មានការងារធ្វើ សម្ព័ន្ធភាពស្នេហ៍នឹងមិនសូវជាគង់វង្សប៉ុន្មានឡើយ ព្រោះគូស្នេហ៍របស់អ្នកនឹងត្រូវនៅចាំតែពឹងពាក់លើរូបអ្នកជាប់រហូតមិនខាន។

    4.តើគេ ឬនាង(ម្នាក់ហ្នឹង)ចូលចុះជាមួយក្រុមគ្រួសារបានល្អទេ?

    នេះក៏ជារឿងសំខាន់ដែលអ្នកត្រូវដឹងដូចគ្នា ព្រោះថា ក្រុមគ្រួសារគឺការសាងសម្ព័ន្ធភាពដំបូងរបស់ជីវិតមនុស្ស។ ទង្វើ ឬ ទស្សនគតិដែលគេ ឬនាងមានចំពោះក្រុមគ្រួសារនេះ សំខាន់ណាស់ និងនឹងបង្ហាញឱ្យដឹងថា គេ ឬនាងនឹងប្រតិបត្តិចំពោះរូបអ្នកយ៉ាងណា?។

    ខ្លាំងជាងអ្វីទាំងអស់…បើអ្នកបានជជែកជាមួយគេ(ឬនាង)ពីរឿងក្រុមគ្រួសារ នោះអ្នកនឹងបានដឹងតែម្ដងថា តើគេ(ឬនាង)ម្នាក់នោះនឹងមានចរិតនិស្ស័យបែបណា? បើគេ ឬនាងនិយាយអំពីក្រុមគ្រួសារក្នុងសម្ព័ន្ធភាពដែលល្អ និងក្រុមគ្រួសារគឺជាមនុស្សសំខាន់ដែលរុញច្រានឱ្យអ្នក និងគេ(ឬនាង)មានថ្ងៃនេះ នោះបង្ហាញឱ្យដឹងថា នាង ឬគេម្នាក់នោះគឺជាមនុស្សដែលមានមូលដ្ឋានអារម្មណ៍ល្អ។ តែបើគេ(ឬនាង)និយាយអំពីក្រុមគ្រួសារក្នុងលក្ខណៈដែលស្ថិតនៅឆ្ងាយពីគ្នា មិនមានអារម្មណ៍ពាក់ព័ន្ធស៊ីជម្រៅជាមួយក្រុមគ្រួសារ…បើជាបែបហ្នឹង ក៏រាងដូចជាពិបាកក្នុងការចូលទៅដល់ចរិតពិតរបស់គេ(ឬនាង)ម្នាក់នោះបានណាស់។

    5.តើគេ ឬនាងម្នាក់ហ្នឹង មានកូនហើយឬនៅ?

    សំណួរនេះ បើបានចម្លើយថា មានហើយ នោះមានន័យថា នាង ឬគេម្នាក់ហ្នឹងមិនអាចឱ្យអ្នកក្លាយជាមនុស្សសំខាន់ទី1 បានទេ ព្រោះកូនរបស់គេ ឬនាង គឺជាមនុស្សសំខាន់ទី1 ហើយបើជាបែបហ្នឹង ការភ្ជាប់សម្ព័ន្ធភាពរវាងអ្នកជាមួយនាង ឬគេម្នាក់ហ្នឹង អាចនឹងមានបញ្ហាបាននាពេលអនាគត…តែបើអ្នកសម្រេចចិត្តហើយថា នឹងសេពគប់ និងដឹងពីរឿងនេះច្បាស់ហើយ ក៏ត្រូវតែទទួលយកនូវអ្វីដែលនឹងកើតឡើងឱ្យបានផងដែរ៕

  • អនុសាសន៍​របស់​មហា​សេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​លោក៖ CEO គួរតែ​កាត់បន្ថយ​កិច្ច​ប្រជុំ​ដែល​ស៊ីពេល​ច្រើន

    អនុសាសន៍​របស់​មហា​សេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​លោក៖ CEO គួរតែ​កាត់បន្ថយ​កិច្ច​ប្រជុំ​ដែល​ស៊ីពេល​ច្រើន

    មហាសេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក យល់ថា CEO គួរតែ​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើនជាង​មុន​ទៅលើ​ការកែលម្អ​ផលិតផល និង​ស្វែងរក​មតិ​អវិជ្ជមាន ពី ខាងក្រៅ ទន្ទឹមនឹង​ការកាត់បន្ថយ​ពេលវេលា​ទៅលើ​កិច្ចប្រជុំ​ផ្ទៃក្នុង។

    នៅក្នុង​ព្រឹត្តិការណ៍ CEO Summit ដែល​ត្រូវបាន​ធ្វើឡើង​ដោយ Wall Street Journal កាលពី​ថ្ងៃទី 8ធ្នូ លោក Elon Musk បានឱ្យដឹងថា ការលើកកម្ពស់​គុណភាព​ផលិតផល​គឺជា​បញ្ហា​ស្លា​ប់រស់ ដូច្នេះ CEO គួរតែ​កាត់បន្ថយ​ពេលវេលា​សម្រាប់​បញ្ហាផ្សេងៗពីនេះ។ ពួកគេ​គួរ​ចំណាយពេល​ឱ្យបាន​ច្រើន​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន​មាន​ភាព​អស្ចារ្យ​តាម​ដែល​អាចធ្វើ​ទៅបាន។

    មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ​បាន​ជូន​ជា​អនុសាសន៍​ថា បណ្ដា CEO គួរ​ផ្ដោតទៅលើ​ការបង្កើត​ផលិតផល​ឱ្យបាន​កាន់តែ​ល្អ​ជាង​មុន ដោយ​ការ​ចំណាយពេល​ត្រួតពិនិត្យ​ការងារ​នៅឯ​រោងចក្រ និង​ទាក់​ទំនង​ជាមួយ​អតិថិជន រួម​នឹង​ការកាត់បន្ថយ​ពេលវេលា​សម្រាប់​កិច្ចប្រជុំ ឬ​បទ​បង្ហាញ​នានា​ដែល​ស៊ីពេល​ច្រើន។

    ស្ថាបនិក​ក្រុមហ៊ុន SpaceX បាន​អះអាងថា៖ «តើ​ក្រុម CEO នៃ​បណ្ដា​ក្រុមហ៊ុន​អាមេរិក បាន​យកចិត្តទុកដាក់​ដល់ក​ម្រិ​ត​ហើយ​ឬ​នៅ ទៅលើ​ការកែលម្អ​ផលិត? ខ្ញុំ​គិតថា ចម្លើយ​គឺ នៅ»។

    CEO របស់ Tesla និង SpaceX រូបនេះ យល់ថា សូម្បីតែ​មេដឹកនាំ​ក្រុមហ៊ុន​ម្នាក់​ដែល​មិនមាន​ជំនាញ​ខាង​ច្នៃប្រឌិត​លើ​ផលិតផល ពួកគេ​នៅតែ​អាច​រៀន​បាន ព្រោះថា នេះ​គឺជា​ជំនាញ និង​ស្ថិតក្នុង​លទ្ធភាព​របស់​មនុស្សម្នាក់។ ជំហាន​ដំបូងបង្អស់​ដែល​ប្រកបដោយ​ភាពសាមញ្ញ នោះ​គឺ មិន​បោះបង់​ការតស៊ូ។

    អនុសាសន៍របស់មហាសេដ្ឋីលំដាប់ទីពីរក្នុងលោក៖ CEO គួរតែកាត់បន្ថយការប្រជុំដែលស៊ីពេលច្រើន
    លោក​ Elon Musk ថា​ CEO គួរតែកាត់បន្ថយការប្រជុំដែលស៊ីពេលច្រើន

    លោក Musk ថ្លែងថា៖ «បើសិនជា​អ្នក​ប្រឹងប្រែង​មិនទាន់​ដល់​កម្រិត ចូរ​ខំព្យាយាម​បន្ថែមទៀត។ រូបមន្ត​នៃ​ភាពជោគជ័យ​គឺ មិនមាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ»។

    គោលដៅ​ចុងក្រោយ​របស់ CEO នោះ​គឺ ការ​ក្លាយទៅជា​មនុស្ស​ម្នាក់ «ដែល​យល់ច្បាស់​ជាទីបំផុត​អំពី​ផលិត ឬ​សេវាកម្ម​ដែល​ពួកគេ​កំពុងមាន ក៏​ដូ​ជាការ​ស្វែងរក​មតិ​អវិជ្ជមាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពី​អតិថិជន និង​ពី​ក្រុមមនុស្ស​ដែល​មិនមែនជា​អតិថិជន» នេះ​បើតាម​លោក Elon Musk។

    មហាសេដ្ឋី​វ័យ 49 ឆ្នាំ ក៏បាន​ជំរុញ​ឱ្យ CEO ថយក្រោយ​មួយ​ជំហាន​ដើម្បី​អាច​មើលឃើញ «ទិដ្ឋភាព» ទាំងមូល និង​សួរ​ខ្លួនឯង​ថា «តើ​ផលិតផល​ដែល​ខ្លួន​បាន​បង្កើតឡើង ពិតជា​ល្អ​ឥត​ខ្ជោះ​ហើយ ឬ​នៅ? ប្រហែលជា​នៅឡើយ​ទេ។ ដូច្នេះ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បីឱ្យ​ផលិតផល​របស់​យើង​អស្ចារ្យ​ជាង​មុន?»។

    បច្ចុប្បន្ន មាន​ក្រុមហ៊ុន​មិនតិច​នោះទេ​ដែល​យល់ថា បើទោះជា​ពួកគេ​មិន​ចូលចិត្ត​ផលិតផល​ដែល​ខ្លួន​បាន​បង្កើតឡើង ប៉ុន្តែ​អ្នកផ្សេង​អាច​នឹង​យល់​ផ្ទុយ​ពីនេះ អតិថិជន​ប្រហែលជា​ចូលចិត្ត។ មហាសេដ្ឋី Elon Musk បញ្ជាក់ថា៖ «គ្រប់យ៉ាង​នឹងមិន​កើតឡើង​យ៉ាង​ដូច្នេះ​ឡើយ។ បើសិនជា​អ្នក​មិន​ស្រលាញ់​ផលិតផល​ដែល​ខ្លួន​អ្នក​បាន​បង្កើតឡើង​ទេ ចូរ​កុំ​ស្រមៃ​ថា អ្នកផ្សេង​នឹង​ចាប់អារម្មណ៍​លើ​ផលិតផល​នេះ​ឱ្យសោះ»។

    Elon Musk ជាមួយ​នឹង​យាន​អវកាស​​របស់​លោក​

    និយាយ​អំពី​បទពិសោធន៍ ក្រៅពី​ជា CEO របស់​ក្រុមហ៊ុន​អវកាស SpaceX និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk ក៏បាន​បង្កើត​ក្រុមហ៊ុន Boring Company និង​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន OpenAI និង Neuralink ផងដែរ។ លោក​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​នៅក្នុង​ការរកស៊ី។ ក្នុង​កិច្ច​សម្ភាស​នៅលើ​ទូរទស្សន៍ CBS លោក Musk បាន​ថ្លែងថា៖ «ឆ្នាំ 2008 គឺជា​ឆ្នាំ​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ ដោយ​សារ​តែ​ពេលនោះ Tesla បាន​ជួបនឹង​ការខាតបង់​ច្រើន ចំណែក SpaceX ក៏​បរាជ័យ​ក្នុង​ការបាញ់​បង្ហោះ​រ៉ុ​ក​កែ​ត Falcon 1 ហើយ​ខ្ញុំ​ក៏​ត្រៀម​លែងលះ​ជាមួយ​ប្រពន្ធ»។

    ក៏ប៉ុន្តែ 12 ឆ្នាំក្រោយ ក្រុមហ៊ុន​ទាំងឡាយ​របស់លោក Elon Musk សុទ្ធតែ​បាន​បោះជំហាន​ដល់​គោលដៅសំខាន់ៗជា​បន្តបន្ទាប់ ក្នុងនោះ​មានដូចជា ការសហការ​រវាង SpaceX នឹង NASA ក្នុង​ការបាញ់​បង្ហោះ​យានអវកាស​ដែល​ដឹក​អ្នក​អវកាស​ចរ​ដំបូង​ឡើងទៅ​កាន់​ទី​អវកាស​ទទួលបាន​ជោគជ័យ ឬ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Tesla កើនឡើង​ដល់ 500ពាន់​លាន​ដុល្លារ​អាមេរិក​ជាដើម៕

    ប្រភព៖ Business Insider

  • បងៗស្រ្តីមេផ្ទះ ញ៉ាំផ្លែក្រូចហើយ កុំចោលសម្បក ព្រោះវាគុណប្រយោជន៍ អាចប្រើការបានច្រើនយ៉ាងទៀត

    បងៗស្រ្តីមេផ្ទះ ញ៉ាំផ្លែក្រូចហើយ កុំចោលសម្បក ព្រោះវាគុណប្រយោជន៍ អាចប្រើការបានច្រើនយ៉ាងទៀត

    ពេលបងៗស្រ្តីមេផ្ទះទាំងឡាយទិញផ្លែក្រូចមកពិសា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ឬក្រូចត្លុងក៏ដោយ សូមកុំអាល​បោះ​ចោលសម្បកវា ព្រោះវានៅអាចយកមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀតបាន ដូច្នេះបើបងៗចង់ដឹងថា តើសម្បកផ្លែក្រូចទាំងនោះមានប្រយោជន៍អ្វីខ្លះ​នោះ សូមអានជាបន្ត…។

    សម្បកផ្លែក្រូចឆ្មារ

    • យកមកដុសនៅតាមកន្លែងផ្សេងៗលើរាងកាយពេលងូតទឹក វានឹងជួយកម្ចាត់ស្នាមក្អែល ធ្វើឱ្យរាងកាយស្អាតក្រអូបស្រស់ថ្លា។
    • ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងទឹកតែក្ដៅឧណ្ហៗ ដើម្បីបង្កើនរសជាតិឱ្យរឹតតែឈ្ងុយឆ្ងាញ់ឡើង។
    • ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងសាច់មាន់ពេលដាក់អាំង ដើម្បីបង្កើនក្លិន និងមានរសជាតិឱ្យកាន់តែគួរទទួលទានឡើងទៀត។

    សម្បកផ្លែក្រូចពោធិ៍សាត់

    • បង្កើនភាពស្រទន់ដល់ស្ករក្រហម(ស្ករត្នោត) ដោយការយកដាក់ចូលទៅក្នុងដបកែវដាក់ស្ករក្រហម។
    • ធ្វើជាគ្រឿងផ្សំនៅក្នុងភេសជ្ជៈប្រភេទ ខក់ធេល។
    • បន្ថែមភាពក្រអូបប្រហើរដល់ស្រោមជើង ឈុតក្នុង ដោយការធ្វើវាឱ្យស្ងួត រួចដាក់ចូលក្នុងកញ្ចប់ ឬថង់ ហើយចោះប្រហោងឱ្យមានក្លិនសាយភាយចេញមក រួចយកទៅដាក់នៅក្នុងទូខោអាវ ឬថតតុជាដើម។
    • ធ្វើជាជីរុក្ខជាតិ ដោយនាំយកទៅដាក់គរចោលនៅត្រង់គល់ដើមឈើ ហើយទុកឱ្យវារលួយជ្រាបចូលទៅក្នុងដីដោយខ្លួនឯង។
    • យកមកដុសលាបលើស្បែក ដើម្បីបណ្តេញសត្វល្អិតដែលមករំខាននៅពេលយប់។

    សម្បកផ្លែក្រូចត្លុង

    • យកសម្បកក្រូចត្លុងដែលឆ្លងកាត់ការស្ងោរហើយ មកដុសខាត់ភាជនៈប្រភេទអាលុយមីញ៉ូម ដូចជាវែកឆា វែកបាយ ជា​ដើម-ល- នឹងធ្វើឱ្យភាជនៈទាំងនោះឡើងភ្លឺរលោងដូចថ្មីមិនខាន។
    • យកមកចម្រាញ់ធ្វើជាទឹកអប់ក្លិនក្រូច។
    • យកមកធ្វើជាដំណាប់ មានរសជាតិប្លែក ផ្អែមឈ្ងុយឆ្ងាញ់៕
  • ទៅទស្សនាផ្កាសាគូរ៉ារដូវរងាឆ្នាំ2020 នៅជប៉ុន ជិតទីក្រុងតូក្យូ

    ទៅទស្សនាផ្កាសាគូរ៉ារដូវរងាឆ្នាំ2020 នៅជប៉ុន ជិតទីក្រុងតូក្យូ

    ជាទូទៅ ក្នុង 1ឆ្នាំៗ ផ្កាសាគូរ៉ានៅក្នុងប្រទេសជប៉ុននឹងចាប់ផ្ដើមរីកក្នុងអំឡុងរដូវស្លឹកឈើលាស់ ក្រោយអស់រដូវរងា និងធាតុអាកាសចាប់ផ្ដើមកក់ក្ដៅឡើង ឬប្រមាណចុងខែមីនា ដល់ដើមខែមេសា តែក៏មានសាគូរ៉ាមួយផ្នែកឆាប់រីកឡើងដែរ ដែលជនជាតិជប៉ុនហៅថា Hayazaki Sakura ឬសាគូរ៉ាឆាប់រីក ដែលសាគូរ៉ាប្រភេទនេះគឺជាសាគូរ៉ាពូជ ខាវ៉ាស៊ុ សាគូរ៉ា និងខូស៊ុសាគូរ៉ា ដែលនឹងចាប់ផ្ដើមរីកឡើងតាំងពីពាក់កណ្ដាលខែកុម្ភៈ ដល់ខែមីនា ដែលនៅប្រទេសជប៉ុនគឺជារដូវរងានៅឡើយ។ អាចហៅបានថា ជាសាគូរ៉ាខុសរដូវ ដែលរីកមុនរដូវកាលមកដល់។

    សម្រាប់អ្នកដែលចង់ទៅទស្សនា ផ្កាសាគូរ៉ារដូវរងានៅប្រទេសជប៉ុន ក៏អាចទៅទស្សនាបានច្រើនកន្លែងដែរ ថែមទាំងនៅមិនឆ្ងាយពីទីក្រុងតូក្យូទៀតផង…។

    1.Kawazu Sakura Festival 2020 -ខេត្ត ស៊ិស៊ុអូកា

    នាំគ្នាមកដើរលេងប្រទេសជប៉ុន ទស្សនាផ្កាសាគូរ៉ា នៅខេត្តស៊ិស៊ុអូកា ជាមួយពិធីបុណ្យទស្សនាផ្កាសាគូរ៉ារីកលើកដំបូងប្រចាំឆ្នាំដែលល្បីល្បាញបំផុត Kawazu Sakura Festival នៅតាមមាត់ទន្លេ ខាវ៉ាស៊ុ ដែលទីនេះ គឺជាដើមកំណើតរបស់ដើមផ្កា ខាវ៉ាស៊ុ សាគូរ៉ា ឬសាគូរ៉ាឆាប់រីក។ នៅតាមផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេចម្ងាយ 3គីឡូម៉ែត្រ នឹងមានដើមផ្កាសាគូរ៉ាដុះរៀងគ្នាជាជួរជាង 8,000ដើម សម្លឹងមើលទៅខាងណា ក៏មានតែពណ៌ផ្កាឈូក ស័ក្តិសមសម្រាប់គូស្នេហ៍ដែលជុំវិញខ្លួនពោរពេញដោយពណ៌នៃសេចក្ដីស្នេហា។ ឡារ៉ែនសូុមណែនាំថា គួរបបួលគូស្នេហ៍ បបួលលោកឪពុកអ្នកម្ដាយ មកទស្សនាផ្កាសាគូរ៉ានៅទីក្រុងនេះ ធានាថា ច្បាស់ជារំភើបចិត្តមិនខាន។

    2.Minami Sakura and Nanohana Festival 2020-ខេត្ត ស៊ិស៊ុអូកា

    ជាពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆាប់រីក ឬសាគូរ៉ាខុសរដូវមួយទៀតក្នុងខេត្តស៊ិស៊ុអូកាដដែល គឺពិធីបុណ្យ Minami Sakura and Nanohana Festival 2020 ព្រោះទីនេះមិនមែនមានតែផ្កាសាគូរ៉ាប៉ុណ្ណោះទេ តែយើងនៅអាចទស្សនាផ្កា ណាណូហាណា បានទៀតផង ដោយផ្កាណាណូហាណា ជាផ្កាដែលមានពណ៌លឿងស្រស់ស្រាយ ពេលដាំជិតៗដើមសាគូរ៉ា និងមានផ្ការីកដំណាលគ្នាផងនោះ វានឹងក្លាយជាទិដ្ឋភាពផ្កាដែលមានទាំងពណ៌ផ្កាឈូក និងពណ៌លឿងមើលទៅស៊ីគ្នាល្អឥតខ្ចោះ។ ទីនេះជាទីតាំងទស្សនាផ្កាសាគូរ៉ាខុសរដូវដែលស្រស់ស្អាត និងស្ងប់ស្ងាត់មួយទៀត ស័ក្តិសមក្នុងការដើរលេងកម្សាន្ត និងថតរូបខ្លាំងបំផុត។

    3.Miura-kaigan Sakura Festival 2020-ខេត្ត ខាណាកាវ៉ា

    តមកទៀតគឺ Miura-kaigan Sakura Festival ពិធីបុណ្យទស្សនាផ្កាសាគូរ៉ារដូវរងា ដែលស្ថិតនៅក្នុងខេត្ត ខាណាកាវ៉ា។ ពិធីបុណ្យនេះរៀបចំឡើងនៅត្រង់បរិវេណផ្លូវដើរដែលពោរពេញទៅដោយដើមសាគូរ៉ានៅជិតស្ថានីយរថភ្លើង ព្រមជាមួយការតុបតែងលម្អដោយទង់ជាតិ និងគោមភ្លើង។ ពេលថតរូបចេញមក យើងនឹងបានរូបភាពផ្លូវថ្នល់ដែលកោងសណ្ដូកវែងពណ៌ផ្កាឈូក មើលទៅស្រស់ស្អាតបំផុត។

    4.Ichi-no-srki Harane 2020-ខេត្តខាណាកាវ៉ា

    ជាបរិវេណចង្កេះភ្នំ Nuda ក្នុងខេត្ត ខាណាកាវ៉ា ជាទីកន្លែងដែលដាំដើមសាគូរ៉ាពូជ ហារ៊ុមេគិ(Harumeki)ដែលជាផ្កាសាគូរ៉ាពូជថ្មី ទើបតែបានទទួលការចុះបញ្ជីកាលពីឆ្នាំ2000។ សាគូរ៉ានៅក្នុងតំបន់នេះបានទទួលការដាំដុះ និងស្ថិតនៅក្រោមការមើលថែទាំរបស់អង្គការក្នុងប្រទេសជប៉ុន ដែលពេលមកដល់អំឡុងពាក់កណ្ដាលខែមីនា ហារ៊ុមេគិ សាគូរ៉ា ជាង 120ដើម ក៏នឹងចេញផ្កាពណ៌ផ្កាឈូករីកស្គុះស្គាយពេញទីនោះ។ ជាទីតាំងទស្សនាផ្កាសាគូរ៉ាមួយទៀតដែលអ្នកណាបានមកដល់ហើយត្រូវតែជញ្ជក់មាត់សរសើរគ្រប់គ្នា៕

  • ស្ដាប់​សម្ដី​​របស់​ថៅកែ​ កំលោះ​នេះ​បាន​ក្លាយជា​មហាសេដ្ឋី​ក្នុង​វ័យ 30ឆ្នាំ ក្រោយពី​ឈប់​ធ្វើការ ដើម្បី​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន

    ស្ដាប់​សម្ដី​​របស់​ថៅកែ​ កំលោះ​នេះ​បាន​ក្លាយជា​មហាសេដ្ឋី​ក្នុង​វ័យ 30ឆ្នាំ ក្រោយពី​ឈប់​ធ្វើការ ដើម្បី​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន

    នាពេល​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​សរុប​របស់ លោក Nick Molnar មានតម្លៃ​ឡើងដល់ 2ពាន់​លាន​ដុល្លារ​អាមេរិក។

    នៅក្នុង​វ័យ 30ឆ្នាំ បច្ចុប្បន្ន Nick Molnar គឺ​មហាសេដ្ឋី​ដែល​រកស៊ី​មានបាន​ដោយ​បាត​ដៃទទេ​ដែលមាន​វ័យ​នៅ​ក្មេង​ជាងគេ​បង្អស់​នៅ​ប្រទេស​អូស្ត្រាលី។ អ្នកជំនួញ​វ័យក្មេង​រូបនេះ​បាន​ក្លាយជា​អ្នកមាន និង​មានឈ្មោះ​ល្បីល្បាញ ក្នុងនាម​ជា​សហ​ស្ថាបនិក និង​សហ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Afterpay ដែលជា​កម្មវិធី​ទូទាត់​ថ្លៃទំនិញ​មួយ​ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការទិញ​ទំនិញ​តាមរយៈ​ខ្ទង់​បង់​រំលស់​ធម្មតា។

    យោងតាម​រូបមន្ត «ទិញ​មុន សង​ក្រោយ» របស់ Afterpay អតិថិជន​ដែល​ទិញ​ទំនិញ អាចបែងចែក​ប្រាក់​ចំណាយ​ទៅលើ​ទំនិញ (ឡើងដល់ 1,115ដុល្លារ​អាមេរិក) ជា 4ចំណែកស្មើៗគ្នា​សម្រាប់​បង់​រំលស់ ខណៈដែល​ក្រុម​អ្នក​លក់រាយ​ចូលរួម​បង់ប្រាក់​កម្រៃជើងសារ​ប្រមាណ​ពី 4%ទៅ 6% ទៅលើ​ការលក់ទំនិញ​មួយ​លើក។ បើសិនជា​អ្នកទិញ​មិនបាន​ទូទាំង​ទៅតាម​ថ្ងៃ​កំណត់ ពួកគេ​នឹង​ត្រូវបាន​បិទ​ការប្រើប្រាស់​សេវាកម្ម រហូតដល់​ពួកគេ​សងបំណុល​អស់។

    ឆ្នាំនេះ Afterpay មានការ​រីកចម្រើន​ខ្លាំង​ដោយសារតែ Covid-19 បានធ្វើឱ្យ​មនុស្ស​ងាក​មក​ទិញ​ទំនិញ និង​ទូទាត់​តាម​អន​ឡាញ។ តម្លៃ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង 1,300% ដែល​នេះ​បាន​ជួយ​ឱ្យ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Afterpay ក្លាយជា​មហាសេដ្ឋី។

    ក៏ប៉ុន្តែ គ្រប់យ៉ាង​ប្រហែលជា​មិនអាច​កើតមានឡើង​បានឡើយ បើសិនជា​មិនមាន​ការណែនាំ​ពី​សំណាក់​អតីត​ថៅកែ​របស់ Molnar។ មហាសេដ្ឋី Molnar បាន​ប្រាប់ CNBC ថា៖ «គាត់​គឺជា​អ្នក​ដែល​បាន​ជំរុញ​ឱ្យ​ខ្ញុំ​បើក​អាជីវកម្ម​ជាមួយនឹង Afterpay»។

    ឆ្នាំ 2012 លោក Molnar គឺជា​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ Sydney ដែល​កំពុងធ្វើការ​ជា​អ្នកវិភាគ​លើក​ការវិនិយោគ​របស់​ក្រុមហ៊ុន Mark Carnegie។

    លោក Nick Molnar (ស្ដាំ) និង​លោក Anthony Eisen

    ដោយសារ​មាន​ឈាម​ជា​អ្នកជំនួញ Molnar បានចាប់ផ្ដើម​លក់​គ្រឿងអលង្ការ​ណ៍​នៅលើ eBay តាំងតែ​ពី​នៅ​រៀន​​មហា​វិទ្យា​ល័យ។ ពេល​គាត់​ចង់​ពង្រីក​អាជីវកម្ម និង​បង្កើត​គេហទំព័រ​ដោយឡែក Carnegie គឺជា​អ្នក​ដែល​បាន​ជួយ​ជំរុញ​គាត់​លើ​រឿងនេះ។ លោក Carnegie ធ្លាប់​និយាយ​ទៅកាន់ Molnar ថា៖ «ខ្ញុំ​មិន​យល់​សោះ​ថា ហេតុអ្វី​បានជា​ប្អូនឯង​នៅតែ​ធ្វើការ​នៅទីនេះ។ ចូរ​ចំណាយពេល​ទាំងស្រុង​ដើម្បី​រកស៊ី​ចុះ»។

    ក្រៅពីនេះ លោក Carnegie ថែមទាំង​ផ្ដល់​លក្ខណ​ងាយស្រួល​ដល់ Molnar ដោយ​ការ «រក្សា​កៅអី» ទុកឱ្យ Molnar ក្នុង​រយៈពេល 12ខែ។ បើសិនជា​បរាជ័យ​ក្នុង​មុខ​ជំនួញ​ផ្ទាល់ខ្លួន Molnar អាច​ត្រលប់មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ចាស់​បាន។ មកដល់​បច្ចុប្បន្ន គេហទំព័រ​លក់​គ្រឿងអលង្ការ​ណ៍រ​បស់ Molnar នៅតែ​ដំណើរការ​បានល្អ។

    ក្រោយ​រយៈពេល​មិន​ដល់2ឆ្នាំ Molnar ក៏បាន​ចាប់ផ្ដើម​គម្រោង​អាជីវកម្ម​បន្ទាប់ នោះ​គឺ Afterpay ហើយក៏​ទទួលបាន​ជោគជ័យ​ហួស​ពី​ការ​ស្មាន។ ក្រោយពី​បានបង្ហាញ​ខ្លួន​កាលពី​ចុងឆ្នាំ 2014 សកម្មភាព​ជំនួញ​របស់ Afterpay ចាប់ផ្ដើម​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ អតិថិជន​ដែលមាន​ប្រាក់​តិចតួច មានការ​ពេញចិត្ត​នឹង​ការប្រើប្រាស់​រូបមន្ត​បង់​រំលស់​ស្មើគ្នា​នេះ ខណៈ​ក្រុម​អ្នក​លក់រាយ​ដែលជា​អ្នក​ចង់​លក់បាន​ច្រើន ក៏​ពេញ​ចិត្តនឹង​បង់ថ្លៃ​សេវាកម្ម​តិចតួច​ដើម្បី​ផលិតផល​របស់​ពួកគេ​បានបង្ហាញ​ខ្លួន​នៅលើ​ទំព័រ Afterpay។

    2ឆ្នាំក្រោយ Afterpay ក៏បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង​នៅ​ផ្សារ​ហ៊ុន (IPO) និង​ប្រមូលបាន​ទុន​ជិត 18លាន​ដុល្លារ​អាមេរិក។ មុខ​ជំនួញ​នេះ បាន​រីកចម្រើន​ខ្លាំងក្លា​នៅពេល​បាន​ពង្រីក​ខ្លួន​ទៅកាន់​ពិភពលោក បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​បង្ហាញខ្លួន​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ 2018 និង​ត្រូវបាន​តារាល្បីៗជាច្រើនរូប​ជួយ​ឧទ្ទេសនាម។

    អតិថិជនដែលមានប្រាក់តិចតួច មានការពេញចិត្តនឹងការប្រើប្រាស់រូបមន្តបង់រំលស់ស្មើគ្នានេះ ខណៈក្រុមអ្នកលក់រាយដែលជាអ្នកចង់លក់បានច្រើន ក៏ពេញចិត្តនឹងបង់ថ្លៃសេវាកម្មតិចតួចដើម្បីផលិតផលរបស់ពួកគេបានបង្ហាញខ្លួននៅលើទំព័រ Afterpay
    អតិថិជនដែលមានប្រាក់តិចតួច មានការពេញចិត្តនឹងការប្រើប្រាស់រូបមន្តបង់រំលស់ស្មើគ្នានេះ ខណៈក្រុមអ្នកលក់រាយដែលជាអ្នកចង់លក់បានច្រើន ក៏ពេញចិត្តនឹងបង់ថ្លៃសេវាកម្មតិចតួចដើម្បីផលិតផលរបស់ពួកគេបានបង្ហាញខ្លួននៅលើទំព័រ Afterpay

    ខែឧសភា ឆ្នាំ 2020 នេះ ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​របស់​ចិន Tencent បាន​ចំណាយ​ជាង 200លាន​ដុល្លារ​សម្រាប់​ទិញ​ភាគហ៊ុន​ចំនួន 5% របស់ Afterpay។ ប្រការនេះ បាន​ជួយ​ឱ្យ Afterpay ក្លាយជា​មូល​ប​ត្រ​មួយ​ដែល​លេចធ្លោ​ជាងគេ​បង្អស់​នៅ​អូស្ត្រាលី និង​បាន​នាំឱ្យ Molnar និង​សហ​ស្ថាបនិក Anthony Eisen (ម្នាក់ៗកាន់កាប់​ភាគហ៊ុន 7% របស់​ក្រុមហ៊ុន) ក្លាយជា​មហាសេដ្ឋី ដោយម្នាក់ៗមានទ្រព្យ​សរុប​ប្រមាណ 2ពាន់​លាន​ដុល្លារ​អាមេរិក។

    មហាសេដ្ឋី​វ័យ 30 ឆ្នាំ​ខាងលើ បានផ្ដល់​យោបល់​ថា៖ «មនុស្សម្នាក់ៗគួរតែមាន​ការងារ​ប​ន្ថែ​ម​មួយ​ផ្សេងទៀត​ដើម្បី​មាន​ចំណូល​បន្ថែម។ មិនមាន​អ្នកណា​ដឹង​ច្បាស់​ថា វា​នឹង​រីកចម្រើន​យ៉ាងណា​នោះឡើយ ឱ្យតែ​អ្នកមាន​ការព្យាយាម​ខ្ពស់។ កាលពីពេល​ទើប​បញ្ចប់​ការសិក្សា ខ្ញុំ​តែង​គិតថា “ត្រូវតែ​រក​ការងារ​ល្អ​មួយ​ដើម្បី​ធ្វើ” ពោលគឺ​មិនមែន “ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង​ដើម្បី​រកប្រាក់​ឱ្យ​ខ្លួនឯង និង​អ្នកដទៃ​ទេ។ ចូរ​មាន​ភាពក្លាហាន​ដើម្បី​ដើរចេញ​ពី​តំបន់​សុវត្ថិភាព»៕

    ប្រភព៖ CNBC

  • Jese Rodriguez ត្រូវ​ក្លិប​បញ្ចប់​កិច្ចសន្យា​មុន ៦ខែ ព្រោះ​ធ្វើឱ្យ​ខូច​មុខមាត់​ក្លិប

    Jese Rodriguez ត្រូវ​ក្លិប​បញ្ចប់​កិច្ចសន្យា​មុន ៦ខែ ព្រោះ​ធ្វើឱ្យ​ខូច​មុខមាត់​ក្លិប

    ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ Jese Rodriguez ត្រូវបាន​ក្លិប​របស់ខ្លួន Paris Saint Germain បញ្ចប់​កិច្ចសន្យា​ភា្លមៗ ក្រោយ​មានរឿង​អាស្រូវ​ផ្លូវភេទ។

    កីឡាករ​វ័យ 27ឆ្នាំ​រូបនេះ ត្រូវបាន​ចោទប្រកាន់ ពីបទ​លួច​ទាក់ទង​មិត្តភក្ដិ​របស់​មិត្តស្រី របស់ខ្លួន ដែលជា​តារា​ម៉ូ​ដែល។ ក្នុងនោះដែរ កាលពី​ខែ​មុន គេ​បានធ្វើ​ពិធីជប់លៀង​ដោយ​មិនបាន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពីគ្នា ដែល​វា​ខុសពី​វិធានការ​ការពារ​កូ​វីដ-19។

    ក្រោយ​ទទួលបាន​ព័​ត៏​មាន​នេះ ក្លិប PSG បាន​កោះហៅ​កីឡាករ​រូបនេះ​មក​ពិភាក្សា រួច​សម្រេចចិត្ត​បញ្ចប់​កុងត្រា​មុន​កាលកំណត់​តែម្ដង។ លោក Nasser Al-Khelaifi ប្រធាន​ក្លិប​បានប្រកាសថា រឿង​ផ្ទាល់ខ្លួន​កីឡាករ​រូបនេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ក្លិប​យ៉ាងខ្លាំង ដូចនេះ​វា​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ក្លិប៕

  • ការប្រកួត AFF Suzuki Cup ត្រូវអូសបន្លាយដល់ដើមឆ្នាំ2022

    ការប្រកួត AFF Suzuki Cup ត្រូវអូសបន្លាយដល់ដើមឆ្នាំ2022

    ថ្ងៃ​ច័ន្ទ ទី7 ខែវិច្ឆិកា ឆ្នាំ2020 សហព័ន្ធ​បាល់ទាត់​អាស៊ាន (AFF) បានប្រកាសថា ពានរង្វាន់​បាល់ទាត់​ជម្រើសជាតិ​ធំ​បំផុត របស់​អាស៊ាន (AFF Suzuki Cup) នឹងត្រូវ​លើក​ទៅធ្វើ នៅ​ថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 រហូតដល់​ថ្ងៃទី1 ខែមករា ឆ្នាំ2022 វិញ ដើម្បីឱ្យ​ការប្រកួត មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង។

    លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សា​ម៉េ​ត ប្រធាន AFF បាន​ថ្លែងថា សុខភាព និង​សុវត្ថិភាព​របស់​មនុស្ស​គ្រប់គ្នា ជា​អាទិភាព​ទី1 និង​ដូចដែល​យើង​បានដឹងហើយថា វ៉ាក់សាំង​កូ​វីដ-19 បានទទួល​ជោគជ័យ​ហើយ ដូច្នោះ ការលើក​ទៅ​ចុងឆ្នាំ2021 គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដែល​យើង​អាចនឹងទទួល​បាន​ទស្សនិកជន​ពេញ​កីឡដ្ឋាន ហើយ​ប្រទេសនីមួយៗនឹង​អាច​ធ្វើជា​ម្ចាស់ផ្ទះរៀងៗខ្លួន​បាន​ទៀតផង។ ដែល​ទាំងនេះហើយ គឺជា​ទស្សនៈ និង​បេះដូង​នៃ​វិស័យ​បាល់ទាត់ នៃ​ប្រជាជាតិ​អាស៊ាន។

    កាលបរិច្ឆេទ​ថ្មី នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 ដល់​ថ្ងៃទី1 ខែមករា ឆ្នាំ2022 នឹង​ផ្តល់នូវ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ព្រឹត្តិការណ៍ ដែល​ត្រូវបាន​រៀបចំ​ឡើងជា​ទ្រង់ទ្រាយ​ពេញលេញ ជាមួយនឹង​ការប្រកួត​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ​ទាំង​វគ្គ​ជម្រុះ​តាម​ពូ​ល និង​ជាមួយ​កីឡដ្ឋាន ដែល​ពោរពេញ​ទៅដោយ​អ្នកគាំទ្រ សម្រាប់​លើកទឹកចិត្ត និង​អបអរ​ក្រុម​របស់​ពួកគេ៕

  • មូលហេតុ ដែលកម្មវិធី Messenger និង Instagram គាំងម្សិលមិញ

    មូលហេតុ ដែលកម្មវិធី Messenger និង Instagram គាំងម្សិលមិញ

    កាលពី​វេលា​ម៉ោង 6ល្ងាចម្សិលមិញ​នេះ កម្មវិធី​ឆាត Messenger និង​ឆាត​លើ Instagram បាន​ជាប់គាំង​ដំណាលគ្នា មិនអាច​ឆ្លង​ឆ្លើយបាន​សោះ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook និង Instagram មិនតិច​ទេ ដែល​បាន​ជួប​បញ្ហា​ទាក់ទង​នឹង​ការផ្ញើ​សារ ដោយ​ពួកគេ​មិនអាច​ផ្ញើ​សារ​ចេញ​បាន និង​មិនអាច​មើល​សារចាស់ៗ ដែល​បាន​ផ្ញើមក។

    Facebook បានដាក់​បញ្ចូល​គ្នា​នូវ​ប្រអប់​សារ​កម្មវិធី Facebook ជាមួយនឹង​ប្រអប់​សារ Instagram កាលពីថ្មីៗកន្លងទៅនេះ ដើម្បីឱ្យ​អ្នកប្រើប្រាស់ Facebook ទំនាក់ទំនង ជាមួយ​អ្នក​ប្រើ Instagram បាន​កាន់តែ​ងាយ​ឡើង។ ការភ្ជាប់​គ្នា​នេះដែរ ទំនងជា​មូលហេតុ​ដែល​ធ្វើឱ្យ​ប្រអប់​សារ​នៃ​បណ្ដាញ​ទំនាក់ទំនង​ទាំង2 ត្រូវ​គាំង​ក្នុងពេល​ដំណាលគ្នា។

    យោងតាម​ការ​ផូ​ស្ត របស់​អ្នកនាំពាក្យ Facebook ម្នាក់​នៅលើ Twitter បានធ្វើការ​សុំទោស​អ្នកប្រើប្រាស់ ចំពោះ​បញ្ហា​ដែល​កើតមាន​លើ Messenger និង Instagram ហើយ​បាន​ប្រាប់​ឱ្យដឹងទៀតថា ក្រុមការងារ បាន​ដោះស្រាយ​បញ្ហា​នេះ​រួចហើយ  តែ មិនបាន​ប្រាប់​អំពី​មូលហេតុ​ដែលនាំឱ្យ​កើតមាន​បញ្ហា​នោះទេ៕

  • 6វិធីក្នុងការលែងដៃពីមនុស្សដែលអ្នកស្រឡាញ់…នៅពេលស្នេហាដើរមកដល់ផ្លូវទ័ល

    6វិធីក្នុងការលែងដៃពីមនុស្សដែលអ្នកស្រឡាញ់…នៅពេលស្នេហាដើរមកដល់ផ្លូវទ័ល

    តើអ្នកមានធ្លាប់ស្រឡាញ់មនុស្សម្នាក់រហូតដល់គិតថា បើមិនបានរស់នៅជាមួយគេ ជីវិតអ្នកប្រហែលជាឈឺចាប់រហូតមិនអាចអធិប្បាយបានដែរឬទេ? បើសិនជាដូច្នោះមែន តើអ្នកគិតថា តើខ្លួនឯងអាចបង្ខំចិត្តដើម្បីលែងដៃពីគេទៅបានទេ ទោះជាវាឈឺចាប់ប៉ុនណាក៏ដោយនោះ?។ ពេលខ្លះ ការលែងដៃពីមនុស្សដែលអ្នកស្រឡាញ់ ក៏វាប្រសើរជាងការចាប់ឱបគេទុកដែរ។ ត្រឹមត្រូវ! យើងដឹងថា វាហាក់ដូចជាលំបាកស្មុគស្មាញ និងនិយាយ ងាយជាងធ្វើ តែយ៉ាងណាក៏ដោយ ការបែកចេញពីគ្នា គឺជាជម្រើសដែលល្អបំផុតសម្រាប់អ្នកទាំងគូ ហើយលទ្ធផលក៏ពិតជាសមនឹងតម្លៃដែរ។ អូខេ! បើអ្នកត្រៀមខ្លួនរួចរាល់ហើយ នេះជាគន្លឹះងាយៗដើម្បីឱ្យអ្នកអាចលែងដៃគេទៅបានយ៉ាងលឿនបំផុត ទោះជាវាធ្វើឱ្យបេះដូងអ្នកស្ទើរតែរលាយក៏ដោយ…។

    -យល់ពីហេតុផលថា ហេតុអីបានការបែកចេញពីគ្នាជាជម្រើសដែលល្អបំផុត?

    សម្ព័ន្ធភាព មិនមែនជាការតស៊ូដើម្បីមនុស្សដែលអ្នកស្រឡាញ់នោះទេ។ ពេលខ្លះវាអាចសមនឹងតម្លៃបំផុត នៅពេលដែលអ្នកឈប់តស៊ូ និងសុខចិត្តលែងដៃឱ្យគេទៅ តែបើសាកល្បងពិចារណាមើលឱ្យល្អទៅ អ្នកនឹងដឹងថា ការលះបង់ដើម្បីសាងសម្ព័ន្ធភាពបន្ត អាចមិនទទួលបានផលដូចប្រាថ្នាក៏អាចថាបានដែរ ហើយការបែកចេញពីគ្នា គឺជាជម្រើសតែមួយគត់ដែលនៅសល់(ហើយអាចនឹងល្អបំផុតទៀតផង)។

    -ទទួលស្គាល់ថា អ្វីៗគ្រប់យ៉ាងមកដល់ផ្លូវទ័លហើយ

    ខ្លាំងជាងរលាយបេះដូងទៅទៀត នៅពេលបានឃើញសម្ព័ន្ធភាពស្នេហ៍របស់ខ្លួនឯងបាក់រលំនៅចំពោះមុខ ទាំងដែលអ្នកខំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីថែរក្សាវាឱ្យបាន តែដូចដែលបានប្រាប់ហើយថា ទោះជាវានឹងល្អប៉ុនណា ក៏គ្មានអ្វីគង់វង្សស្ថិតស្ថេរដែរ អ្នកអាចធ្វើបានត្រឹមតែទទួលស្គាល់ការពិតប៉ុណ្ណោះ។ យើងដឹងថា វាឈឺចាប់ តែរឹតតែអ្នកទទួលស្គាល់វាបានកាន់តែលឿនប៉ុនណា អ្នករឹតតែលែងដៃគេ ហើយដឹកនាំជីវិតខ្លួនឯងទៅមុខទៀតបានលឿនប៉ុននោះដែរ។

    -អភ័យទោសឱ្យ

    យើងមិនបាននិយាយពីការអភ័យទោសឱ្យគេទេ តែអ្នកត្រូវចេះអភ័យទោសឱ្យខ្លួនឯងផង ដែលចាប់ទាញគេឱ្យនៅបានយូរដល់ថ្នាក់ហ្នឹង។ ចូរអត់ទោសឱ្យខ្លួនឯងដែលមិនហ៊ានសម្រេចចិត្ត ព្រោះថាអ្នកស្រឡាញ់គេខ្លាំងពេក និងព្រោះតែអ្នកអាត្មានិយមដែលមិនព្រមលែងដៃពីគេ។ តែទីបំផុតទៅ ការលែងដៃឱ្យគេទៅ វាងាយជាងឆ្ងាយណាស់។

    -ស្វែងរកពេលវេលាឱ្យខ្លួនឯង

    ការសេពគប់គ្នា ជួនកាលក៏មានន័យថា ការប្រើពេលវេលាភាគច្រើននៅជាមួយមនុស្សដែលអ្នកស្រឡាញ់។ វាមិនខុសប្រក្រតីទេ តែអ្នកក៏គួរតែរកពេលវេលាមើលថែទាំខ្លួនឯងខ្លះផង។ អ្វីដែលសំខាន់ នៅពេលអ្នកប្រើពេលវេលានៅជាមួយខ្លួនឯងជាប្រចាំនោះ រាងកាយ និងផ្លូវចិត្តរបស់អ្នកក៏នឹងមានអារម្មណ៍ថា ស្រស់ស្រាយ និងក្លៀវក្លាស្វាហាប់បានដែរ ហើយការមើលឃើញពីគុណតម្លៃរបស់ខ្លួនឯងនឹងកើនច្រើនឡើង និងធ្វើឱ្យអាការខកស្នេហ៍បានធូរស្រាលបើមិនយូរក៏ឆាប់ដែរ។

    -ទុកចន្លោះទំនេរ ឬផ្អាកការមានស្នេហាជាថ្មី

    កុំអាលប្រញាប់ស្ទុះហក់ត្រឡប់ទៅរកស្នេហាថ្មី និងគិតថា អ្នកអាចរកមនុស្សដែលល្អជាងអ្នកចាស់បានឱ្យសោះ។ សូមប្រាប់ទៅចុះថា មិនបានការទេ ហើយឱកាសដែលអ្នកអាចនឹងឈឺចាប់ខ្លាំងជាងមុនក៏មានខ្ពស់ដែរ។ ដូច្នេះ អ្នកគួរទុកចន្លោះទំនេរពីមនុស្សដែលត្រូវការខ្លាំងជាងសេចក្ដីស្នេហាដ៏បរិសុទ្ធអំពីអ្នក។ ព្យាយាមប្រើជីវិតនៅលីវសិន និងចូររៀនយល់ដឹងពីអ្វីផ្សេងៗ រហូតទាល់តែអ្នកត្រៀមរួចស្រេចជាមួយសេចក្ដីស្នេហាជាថ្មីម្តងទៀត។

    -ការលែងដៃឱ្យគេទៅ អាចឈឺចាប់ តែក៏ដើម្បីអ្វីដែលល្អបំផុតដែរ

    ការលែងដៃឱ្យគេទៅ អាចធ្វើឱ្យពិភពរបស់អ្នកបាក់ដួលរលំនៅពេលដំបូងៗ តែបើវាចាំបាច់សម្រាប់អ្នកទាំងគូមែននោះ ក៏បណ្ដោយឱ្យគេដើរចេញពីសម្ព័ន្ធភាពស្នេហ៍មួយនេះចុះ!។ ចូរនិយាយពាក្យថា លាទៅគេ និងលាអ្វីគ្រប់យ៉ាងដែលអ្នកធ្លាប់មានរួមគ្នា ទោះជាអ្នកមានអារម្មណ៍ឈឺចុកចាប់ប៉ុនណាក៏ដោយ។ ដឹងទេថា បើអ្នកទាំង2 ស្រឡាញ់គ្នាពិតមែននោះ បន្តិចទៀតគេនឹងរកផ្លូវត្រឡប់មករកអ្នកដោយខ្លួនឯងមិនខាន តែបើមិនមែនទេ…អ្នកក៏ទទួលបានមេរៀនហើយតើ?!។ មិនយូរទេ អ្នកអាចនឹងជួបនរណាម្នាក់ដើរចូលមក និងបើកឆាកស្នេហាជាថ្មីដូចដែលអ្នកស្រមៃទន្ទឹងចាំរហូតមកមិនខាន។ សូមឱ្យសំណាងល្អណា៎!៕