Category: សង្គម និងសេដ្ឋកិច្ច

  • មហាសេដ្ឋី Elon Musk ធ្លាប់​ព្យាយាម​លក់ Tesla ឱ្យ Apple តែ​មិន​បាន​សម្រេច​

    មហាសេដ្ឋី Elon Musk ធ្លាប់​ព្យាយាម​លក់ Tesla ឱ្យ Apple តែ​មិន​បាន​សម្រេច​

    CEO របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla បានឱ្យដឹងថា លោក​ចង់​លក់​ក្រុមហ៊ុន​នេះ​ទៅឱ្យ Apple «នៅក្នុង​កាលៈទេសៈ​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​កម្មវិធី Medel 3» ប៉ុន្តែ​មិនបាន​សម្រេច។

    «ខ្ញុំ​បាន​ទាក់ទង​ទៅកាន់​លោក Tim Cook ដើម្បី​សុំ​ពិភាក្សាគ្នា​អំពី​លទ្ធភាព​នៃ​ការលក់ Tesla ឱ្យ Apple ជាមួយនឹង​តម្លៃ​ស្មើនឹង 1/10 នៃ​តម្លៃ​បច្ចុប្បន្ន​របស់​យើង» លោក Musk សរសេរ​នៅលើ Twitter កាលពី​ថ្ងៃទី 22 ធ្នូ ដូច្នេះ។ លោក​បន្តថា៖ «ប៉ុន្តែ គាត់​បាន​បដិសេធ​អំពី​កិច្ចពិភាក្សា​នេះ»។

    ការ​បង្ហើប​ខាងលើ​របស់លោក Musk ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Reuters បាន​ចុះផ្សាយ​កាលពីមុន​នោះ​មួយថ្ងៃ​ថា Apple កំពុងមាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី បើកបរ​ដោយ​ស្វ័យប្រវត្ត ដែល​ប្រើប្រាស់​អាគុយ​បច្ចេកវិទ្យា​ថ្មី។ លោក Musk និយាយថា ព័ត៌មាន​របស់ Reuters ជា «រឿង​ចម្លែក បើសិន​វា​ជាការ​ពិត»។ ប៉ុន្តែ ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ដោយ Reuters ក៏បាន​ធ្វើឱ្យ​មូល​ប​ត្រ Tesla ត្រូវ​ធ្លាក់​ថ្លៃ​ជាង 6% នៅក្នុង​ថ្ងៃ​ដំបូង​ដែល​ក្រុមហ៊ុន​នេះ​បាន​ចូលរួម​ក្នុង​ស​ន្ទ​ស្សន៍ S&P 500។

    Tesla Model 3 បានបង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​កាលពី​ឆ្នាំ 2007។ មុន​នោះ រថយន្ត​ម៉ូ​ដែល​នេះ​ធ្លាប់​ជួបប្រទះ​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ការផលិត និង​បញ្ហា​ផ្សេង​មួយចំនួនទៀត។ ប៉ុន្តែ បច្ចុប្បន្ន ម៉ូ​ដែល​រថយន្ត​នេះ​បាន​ក្លាយជា​រថយន្ត​ទំនើប​ដែល​បាន​លក់ដាច់​ជាងគេ​នៅ​សហរដ្ឋអាមេរិក ជួយ​ឱ្យ Tesla ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលមាន​តម្លៃ​ទុន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក។

    សំណេរ​របស់លោក Musk ខាងលើ មកដល់ពេលនេះ មិនត្រូវ​បានបញ្ជាក់​ជា​ផ្លូវការ​ណាមួយ​នៅឡើយ។ ក៏ប៉ុន្តែ ការ​លោត​ឆ្លង​វិស័យ​ចូលទៅក្នុង​ទីផ្សារ​ផលិត​រថយន្ត តែងតែ​ជួប​ការលំបាក​ខ្លាំង។ លោក Musk ធ្លាប់បាន​ឱ្យដឹងថា នៅក្នុង​អំឡុង 17 ឆ្នាំ​មកនេះ Tesla វិះ​នឹងត្រូវ​ក្ស័យធន​ជាច្រើន​ដង​មកហើយ។ ក្រុមហ៊ុន​នេះ ក៏​ទើប​តែមាន​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​ចាប់​ពី​​ឆ្នាំ 2019 តែ​ប៉ុណ្ណោះ៕

    ប្រភព៖ CNN

  • អ្នក​មាន​ជាង​គេ​ក្នុង​​លោក​ចំនួន​3​រូប​​ ដែល​មិន​ត្រូវ​បង់ពន្ធ​លើ​ប្រាក់​​ចំណូល​​បុគ្គល​

    អ្នក​មាន​ជាង​គេ​ក្នុង​​លោក​ចំនួន​3​រូប​​ ដែល​មិន​ត្រូវ​បង់ពន្ធ​លើ​ប្រាក់​​ចំណូល​​បុគ្គល​

    កំពូល​មហា​សេដ្ឋី​ពិភពលោក​ចំនួន​ 3​រូប​ គឺ លោក Jeff Bezos លោក Elon Musk និង​លោក​ Bill Gates ​មិន​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំណូលបុគ្គល នោះ​ទេ ដោយ​សារ​តែ​គោល​នយោបាយ​របស់​រដ្ឋ​ដែល​ពួកគេ​កំពុង​រស់​នៅ​។

    នៅក្នុង​សន្និសីទ​មួយ​​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ Wall Street Journal កាល​ពី​ថ្ងៃទី 15​ធ្នូ ឆ្នាំ​2020 ​មហា​សេដ្ឋី Elon Musk ដែល​ជា​ CEO របស់​ក្រុម​ហ៊ុន​ផលិត​រថយន្តអគ្គិសនី​ Tesla និង​ក្រុម​ហ៊ុន​ផលិត​យាន​អវកាស​ SpaceX បាន​ទទួល​ស្គាល់​អំពី​ព័ត៌មាន​ដែល​ថា​ លោក​រើ​ផ្ទះ​ទៅ​នៅ​ឯរដ្ឋ​ Texas។

    ការ​រើ​​ពី​រដ្ឋ California ទៅ​នៅ​ក្នុង​រដ្ឋ Texas នេះ​ ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ដល់​លោក Musk ដោយ​សារ​តែ​ពេល​នេះ​ លោក​បាន​នៅ​ក្បែរ​រោង​ចក្រ​របស់ SpaceX និង Tesla។ ក៏ប៉ុន្តែ មូលហេតុ​ពិសេស​មួយ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​មហា​សេដ្ឋី​រូប​នេះ រើ​ទៅ​នៅ​ក្នុង​រដ្ឋ Texas នោះ​គឺ Texas គឺជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ចំនួន​ 9 នៅ​សហរដ្ឋ​អាមេរិក​ ដែល​មិន​យក​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល (personal income tax)។​ ដូច្នេះ លោក Musk នឹង​កាត់​បន្ថយ​ចំណាយ​បាន​ច្រើន​ទៅ​លើ​ការ​បង់​ពន្ធ​ នៅ​ពេល​បាន​ចាក​ចេញពី​ California ​ជា​រដ្ឋ​​ដែល​យក​ពន្ធ​លើ​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​បំផុត​ បើ​ធៀប​នឹង​បណ្ដា​រដ្ឋ​ផ្សេងៗ​​នៅ​សហរដ្ឋ​អាមេរិក​។

    លោក Jeff Bezos

    លោក​ Elon Musk បច្ចុប្បន្ន​គឺជា​មហា​សេដ្ឋី​​​លំដាប់​ទីពីរ​ក្នុង​ពិភពលោក​ ដោយ​មានទ្រព្យ​​សរុប​ឡើង​ដល់​ 152​ ពាន់​លាន​ដុល្លារ​អាមេរិក​។ ចំណែក​លោក Jeff Bezos (មហា​សេដ្ឋី​លំដាប់​ទី​មួយ​) និង​លោក Bill Gates (មហា​សេដ្ឋី​លំដាប់​ទី​បី) សុទ្ធ​តែ​ជា​អ្នក​រស់​នៅ​​ឯ Washington ជា​រដ្ឋ​ដែល​មិន​យក​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល​។ ប្រការ​នេះ​មាន​ន័យ​ថា កំពូល​អ្នក​មាន​ជាង​គេទាំង​ 3 ​រូប​នៅ​ក្នុង​លោក​  មិន​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល​​ទៅ​ឱ្យ​​រដ្ឋ​ដែល​ពួកគេ​កំពុង​រស់​នៅ​។

    លោក Bill Gates

    ក៏ប៉ុន្តែ ដោយ​សារ​តែ​រដ្ឋ​មួយ​ចំនួន​ យកពន្ធ​លើ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ដោយ​យោង​ទៅ​តាម​ទីកន្លែង​ដែល​ពួក​គេ​ធ្វើការ ដែល​ហៅ​ថា «ពន្ធ​លើ​ប្រាក់​ចំណូល​សម្រាប់​បុគ្គលក្រៅ​រដ្ឋ​» ដូច្នេះ កំពូល​អ្នក​មាន​ទាំង​ 3 ​រូប​ខាងលើ នៅ​តែ​ត្រូវ​បង់​ពន្ធ​ចំពោះ​​ប្រាក់​ចំណូល​​ដែល​បាន​ពី​ការ​ងារ​របស់​ពួកគេ​​នៅ​ឯរដ្ឋ​ដទៃ​។ តួយ៉ាង​ រដ្ឋ​ California នៅ​តែ​យក​ពន្ធ​​ពី​លោក Elon Musk នៅក្នុង​ថ្ងៃ​ដែល​លោក​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​នេះ​។

    លោក Elon Musk

    មួយ​វិញ​ទៀត ​បណ្ដា​រដ្ឋ​ដែល​មិន​យក​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល តែ​​បែរ​ជា​យក​ពន្ធ​ក្នុង​អត្រា​ខ្ពស់​​ទៅ​លើ​ការ​លក់​ដូរ​ ឬ​ពន្ធ​លើ​អចលន​ទ្រព្យ​​ជា​ដើម​ ដើម្បី​ «ប៉ះប៉ូវ» សម្រាប់​​​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល​ទៅវិញ​៕

    ប្រភព​៖ BI

  • កូនអណ្ដើក​ជាង 92,000​ក្បាល ចាប់កំណើត​ដំណាលគ្នា​លើ​វាល​ខ្សាច់​នៅ​តំបន់​អាមេរិក​ខាងត្បូង

    កូនអណ្ដើក​ជាង 92,000​ក្បាល ចាប់កំណើត​ដំណាលគ្នា​លើ​វាល​ខ្សាច់​នៅ​តំបន់​អាមេរិក​ខាងត្បូង

    អណ្ដើក​ដ៏​ច្រើនសន្ធឹក​នៅឯ​ទន្លេ​នៃ​តំបន់​អាមេរិក​ខាងត្បូង បាន​ញាស់​ដំណាលគ្នា ដើម្បី​បង្កើន​ឱកាស​រស់រានមានជីវិត​នៅពេល​វារ​ទៅកាន់​ទន្លេ និង​ចាប់ផ្ដើម​ជីវិត​ថ្មី​របស់​ពួកវា។

    អង្គការ​អភិរក្ស​សត្វ​ព្រៃ (WCS) កាលពី​ថ្ងៃទី 14ធ្នូ បាន​ចែករំលែក​វីដេអូ​គួរឱ្យ​ចាប់អារម្មណ៍​ទាក់ទង​នឹង​អណ្ដើក​យក្ស​នៅ​ទន្លេ​នៃ​តំបន់​អាមេរិក​ខាងត្បូង (Arrau turtle/South American river turtle) រាប់ម៉ឺន​ក្បាល​ដែល​ទើបតែ​បាន​ញាស់ថ្មីៗ និង​វារ​នៅលើ​វាល​ខ្សាច់​ដែល​ស្ថិតក្នុង​តំបន់​អភិរក្ស​ជម្រក​ជីវសាស្ត្រ Abufari នៃ​រដ្ឋ Amazonas ប្រទេស Brazil។

    ក្រុម​អ្នក​អភិរក្ស​នៃ​អង្គការ WCS Brazil បានឱ្យដឹងថា ការ​ញាស់​នៃ​ពងអណ្ដើក មាន​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ កូនអណ្ដើក​ប្រមាណ 71,000ក្បាល​បានចាប់កំណើត​ក្នុង​ថ្ងៃ​ជាមួយគ្នា ចំណែក 21,000ក្បាល​ទៀត​បាន​ញាស់​នៅ​ថ្ងៃ​បន្ទាប់។

    WCS Brazil បាន​តាមដាន​អណ្ដើក​មេ និង​សម្បុក​របស់​ពួកវា​យ៉ាង​យកចិត្តទុកដាក់ នៅមុន​និង​ក្រោយ​ការ​ញាស់។ ក្រុម​អ្នកជំនាញ​នៅទីនេះ​បាន​សិក្សា​ស្រាវជ្រាវ​អំពី​លក្ខណ​ដែល​ពង​អាច​ញាស់​ជា​ហ្វូង​ដំណាលគ្នា ដើម្បី​កែលម្អ​យន្តការ​នៃ​ការគ្រប់គ្រង និង​ការពារ​ពួកវា​ពី​ការជួញដូរ។ ពួកវា​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារតែ​ត្រូវគេ​ចាប់​យកទៅលក់​សម្រាប់ធ្វើ​ជា​អាហារ។

    Camila Ferrara អ្នកជំនាញ​ខាង​សត្វ​អណ្ដើក​នៅ​អង្គការ WCS Brazil បានឱ្យដឹងថា៖ «សម្រាប់​អណ្ដើក​យក្ស​នៅ​ទន្លេ​អាមេរិក​ខាងត្បូង ការបន្ត​ពូជ​គឺជា​ដំណាក់កាល​លេចធ្លោ​បំផុត ប៉ុន្តែ​ក៏​ជា​ពេលដែល​ងាយ​រងគ្រោះ​បំផុត​ផងដែរ។ នៅ​តំបន់​មួយចំនួន កូនអណ្ដើក​តែងតែ​ញាស់​ស្រុះគ្នា​ដើម្បី​បង្កើន​ឱកាស​ក្នុងការ​រស់រានមានជីវិត។ ប្រការនេះ​អនុញ្ញាតឱ្យ​ពួកវា​ធ្វើដំណើរ​ជា​ហ្វូង​ទៅកាន់​ទន្លេ និង​ចាប់ផ្ដើម​ជីវិត​ថ្មី»។

    អណ្ដើក​យក្ស​នៅ​ទន្លេ​អាមេរិក​ខាងត្បូង​គឺជា​ប្រភេទ​អណ្ដើក​ទឹកសាប​ធំ​បំផុត​នៅក្នុង​តំបន់​អាមេរិក​ខាងត្បូង ដោយ​អណ្ដើក​ពេញវ័យ​មួយក្បាលៗ មាន​ប្រវែង​ដល់​ទៅ​ជាង 1ម៉ែត្រ និង​ទម្ងន់ 90គីឡូក្រាម។ ពួកវា​មាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ព្រោះថា ពួកវា​ជួយ​ពង្រាយ​គ្រាប់ពូជ​នៃ​រុក្ខជាតិ​តូចធំ ដែល​ជួយ​ដល់​ការកែសម្រួល​ការបាត់បង់​រុក្ខជាតិ​នៅ​ជុំវិញ​ទន្លេ៕

    ប្រភព៖ Reuters

  • ក្លាយជា​សេដ្ឋី ដោយសារ​គាំទ្រ​មហាសេដ្ឋី Elon Musk និង​ក្រុមហ៊ុន Tesla

    ក្លាយជា​សេដ្ឋី ដោយសារ​គាំទ្រ​មហាសេដ្ឋី Elon Musk និង​ក្រុមហ៊ុន Tesla

    មនុស្ស​ជាច្រើន​បាន​ក្លាយជា Teslanaires (សេដ្ឋី Tesla) ព្រោះតែ​ការគាំទ្រ​លោក Elon Musk និង​បាន​ចូលរួម​ទិញ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន Tesla  តែងតែ​ពី​ដំណាក់កាលដំបូង។

    Brandon Smith ដែល​ឆ្នាំ 2020 នេះ មាន​អាយុ 32ឆ្នាំ ជា​អ្នក​ផលិត​វីដេអូ និង​មិនមាន​រថយន្ត​អគ្គិសនី Tesla ទេ បើ​ទោះ​លោកអ្នក​គាំទ្រ​ក្រុមហ៊ុន​នេះ​ក៏ដោយ។ ជាង​នេះ នៅក្នុង​ទីរួមស្រុក​មួយ​ក្នុង​ទីក្រុង Milwaukee នៃ​រដ្ឋ Wisconsin ដែល​លោក​កំពុង​រស់នៅ ការដែល​គេ​មើលឃើញ​រថយន្ត Tesla ក៏​ជា​រឿង​កម្រ។

    ក៏ប៉ុន្តែ កាលពី​ចុងខែ​មិថុនា ឆ្នាំ 2017 លោក Smith បានសម្រេច​ចិត្ត​យកប្រាក់​សន្សំ​របស់ខ្លួន​ចំនួន 10,000 ដុល្លារ​អាមេរិក ទៅ​ទិញ​មូល​ប​ត្រ Tesla។ Smith បានឱ្យដឹងថា នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​លោក​បាន​វិនិយោគ​ទៅក្នុង​ក្រុមហ៊ុន​មួយ ហើយ​នេះ​គឺជា​ការចាប់​ផ្ដើមដំបូង​របស់លោក។ រៀងរាល់​លើក​បន្ទាប់ពី​បាន​បើក​ប្រាក់ខែ Smith ទូទាត់​វិក្កយបត្រ​នានា និង​នៅសល់​ប៉ុន្មាន ក៏​តែងតែ​យកទៅ​ទិញ​មូល​ប​ត្រ Tesla។ ជា​សរុប លោក Smith បាន​ចំណាយ​ប្រាក់​ប្រហែល 90,000 ដុល្លារ​នៅក្នុង​ការទិញ​មូល​ប​ត្រ​ក្រុមហ៊ុន​នេះ។

    «ប្រាក់បៀវត្ស​របស់ខ្ញុំ​មិន​ដល់6ខ្ទង់​ទេ ហើយ​ខ្ញុំ​ក៏​មិន​យល់​អ្វី​អំពី​កិច្ចព្រមព្រៀង​លើ​សិទ្ធិ​ជ្រើសរើស​នោះដែរ។ ខ្ញុំ​គ្រាន់តែ​ទិញ និង​កាន់កាប់​វា (មូល​ប​ត្រ) រហូតមកដល់​បច្ចុប្បន្ន។ ខ្ញុំ​មិន​ធ្លាប់បាន​លក់​មូល​ប​ត្រ​នេះ​មួយ​ហ៊ុន​ណា​ឡើយ» លោក Smith បាន​ប្រាប់ Bloomberg តាម​ទូរស័ព្ទ​បែបនេះ។

    បច្ចុប្បន្ន លោក Smith បាន​ក្លាយជា​មនុស្ស​ម្នាក់​នៅក្នុង​បញ្ជី​ឈ្មោះ «សេដ្ឋី Tesla» (Teslanaires) ជា​ឈ្មោះ​របស់​ក្រុមមនុស្ស​ដែល​បាន​ក្លាយជា​សេដ្ឋី ដោយសារ​ការវិនិយោគ​ទៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​មហាសេដ្ឋី Elon Musk។ មូល​ប​ត្រ Tesla សរុប ដែល Smith កំពុង​កាន់កាប់​បច្ចុប្បន្ន មានតម្លៃ​ជាង 1 លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មូល​ប​ត្រ​នេះ​បាន​កើនឡើង​ជិត 731% នៅក្នុង​ឆ្នាំ 2020។

    ក្លាយជាសេដ្ឋី ដោយសារគាំទ្រមហាសេដ្ឋី Elon Musk និងក្រុមហ៊ុន Tesla
    លោក Brandon Smith អាយុ 32ឆ្នាំ ជា​អ្នក​គាំទ្រ​​របស់​មហា​សេដ្ឋី Elon Musk

    យោងតាម Bloomberg អ្នកវិនិយោគ​មិនចាំបាច់​ធ្វើការ​នៅឯ Wall Street ដើម្បី​ស្វែងយល់​លម្អិត​អំពី​សកម្មភាព និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Tesla ឡើយ។ ប្រព័ន្ធ​ចម្រុះ​ដែល​រួមមាន​ដូចជា podcast ឬ​គណនី Youtube ជាច្រើន​ដែល​ពិពណ៌នា​ស្ទើរតែ​ទាំងអស់​នូវ​ទិដ្ឋភាព​ទាំងមូល​របស់ Tesla អាចជួយ​ឱ្យ​អ្នក​ស្វែងយល់​អំពី​ក្រុមហ៊ុន​នេះ​ដោយ​មិនចាំបាច់​អាន​របាយការណ៍​វិភាគ​នានា មុនពេល​សម្រេចចិត្ត​ទិញ​មូល​ប​ត្រ​នេះ។

    ក្រៅពី «ស្ថាប័ន» ខាងលើ ក៏​នៅមាន​វេទិកា និង​ក្លឹប​របស់​អ្នកមាន​រថយន្ត Tesla រាប់មិនអស់​ផ្សេងទៀត​ដែល​អាច​ពិភាក្សាគ្នា​តាមរយៈ​កម្មវិធី Zoom ឬ​ជួបគ្នា​ដើម្បី​ពិនិត្យមើល​ស្ថានីយ​បញ្ចូល​អគ្គិសនី Supercharger ថ្មី​បំផុត​របស់ Tesla ជាដើម។ Smith និយាយថា លោក​ចំណាយពេល​ចន្លោះ​ពី 2-3 ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​ស្វែងយល់​អំពី Tesla។ លោក​ក៏​តែងតែ​ចូលរួម​ក្នុង​វេទិកា​អន​ឡាញ​នានា​នៅ​ម៉ោង​ហូបបាយ​ថ្ងៃត្រង់។

    មកដល់ពេលនេះ លោក Smith មិនទាន់មាន​គម្រោង​លក់ ឬ​ផ្អាក​ការវិនិយោគ​ទៅលើ​មូល​ប​ត្រ Tesla នៅឡើយ បើទោះជា​បានចាប់ផ្ដើម​គិត​អំពី​ការសាងសង់​ផ្ទះ ឬ​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន។ បច្ចុប្បន្ន Smith និង​បងប្រុស​កំពុង​រស់នៅក្នុង​ផ្ទះមួយ​ខ្នង​ដែល​ជីតា​របស់​ពួកគេ​បាន​សង់​ឡើង​នៅក្នុង​តំបន់ Cudahy នៃ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក។ Smith នៅតែ​ជឿជាក់​លើ​អនាគត​របស់ Tesla ដោយ​គិតថា ក្រុមហ៊ុន​នេះ​នឹង​បន្ត​រីកចម្រើន​ទៅមុខទៀត។

    សូមបញ្ជាក់ថា ចំពោះ​អ្នកវិនិយោគ​លក្ខណ​បុគ្គល​នៃ​ក្រុមហ៊ុន Tesla មិនមែន​មានតែ Smith ម្នាក់​ដែល​ក្លាយជា​សេដ្ឋី Tesla នោះទេ ពោលគឺ​នៅមាន​បុគ្គល​ជាច្រើន​ទៀត​ដែល​មិនបាន​លើកយក​មក​និយាយ​នៅក្នុង​អត្ថបទ​នេះ៕

    ប្រភព៖ Bloomberg

  • វិធីកម្ចាត់សត្វកន្លាតតាមរូបមន្តធម្មជាតិ

    វិធីកម្ចាត់សត្វកន្លាតតាមរូបមន្តធម្មជាតិ

    1.គ្រាប់ម្រេច

    យកគ្រាប់ម្រេច 7 – 8គ្រាប់ទៅដាក់នៅតាមចំណុចផ្សេងៗដែលសត្វកន្លាតចូលចិត្តមកក្បែរ ឬក៏យកគ្រាប់ម្រេចខ្ចប់នឹងក្រណាត់ស្បៃយកទៅដាក់នៅទីនោះក៏បាន ព្រោះក្លិនឆួលរបស់ម្រេចនឹងធ្វើឱ្យសត្វកន្លាតបាក់បបខ្លបខ្លាច លែងហ៊ានមកក្បែរ។

    2.ស្លឹកក្រវាញ

    ស្លឹកក្រវាញមានក្លិនពិសេសរបស់វាដែលសត្វកន្លាតមិនអាចទ្រាំបាន ដូច្នេះគ្រាន់តែយើងយកស្លឹកក្រវាញទៅដាក់នៅតាមចំណុចដែលច្រើនតែមានសត្វកន្លាតមករញេ៉រញ៉ៃនោះ ពួកវានឹងលែងហ៊ានមកក្បែរមិនខាន។

    អ្នកណាដែលខ្ពើមសត្វកន្លាតមែនទែននោះ សាកល្បងធ្វើតាមវិធីខាងលើនេះចុះ ធានាថា សត្វដ៏កខ្វក់នេះនឹងឈប់មកអើត​ក្បាលឱ្យអ្នកឃើញទៀតហើយ៕

  • ក្រុមហ៊ុន Pfizer និង Moderna នឹង​រកបាន 32 ពាន់​លាន​ដុល្លារ ពី​ការលក់​វ៉ាក់សាំង Covid-19

    ក្រុមហ៊ុន Pfizer និង Moderna នឹង​រកបាន 32 ពាន់​លាន​ដុល្លារ ពី​ការលក់​វ៉ាក់សាំង Covid-19

    ចាប់ពីពេលនេះ រហូតដល់​ឆ្នាំ 2023 ការដែល​ពិភពលោក​ត្រូវ​ការចាក់​វ៉ាក់សាំង Covid-19 នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ឱសថ Pfizer និង Moderna រកចំណូលបាន​រាប់សិប​ពាន់​លាន​ដុល្លារ​អាមេរិក។

    ការផ្ដល់​ការអនុញ្ញាត​ទៅឱ្យ​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Pfizer គឺជា​ជំហាន​ដ៏​សំខាន់​ចំពោះ​វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង​មនុស្សជាតិ។ ទន្ទឹមនឹង វា​ក៏​នាំមក​នូវ​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ផងដែរ។

    ក្រុមអ្នកវិភាគ​ប្រចាំ Wall Street បាន​ស្រាវជ្រាវ និង​រកឃើញថា​ថា ក្រុមហ៊ុន Pfizer និង Moderna នឹង​រក​បាន​​ប្រាក់ចំណូល 32 ពាន់​លាន​ដុល្លារ​ពី​ការលក់​វ៉ាក់សាំង Covid-19 នៅក្នុង​ឆ្នាំ 2021 ក្នុងនោះ ក្រុមហ៊ុន Pfizer​ អាច​រកបាន 19 ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley។

    ក្នុង​ឆ្នាំ 2020 នេះ ប្រាក់ចំណូល​ពី​ការលក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer បានត្រឹមតែ 975 លាន​ដុល្លារ​ប៉ុណ្ណោះ។ ប្រាក់ចំណូល​ដែល​បាន​រំពឹងទុក​របស់​ក្រុមហ៊ុន​នេះ​សម្រាប់​ឆ្នាំ 2021 នឹង​កើន​លើស​ប្រាក់ចំណូល​ដែល​បានមកពី​ផលិតផល​ដែល​លក់ដាច់​បំផុត​នៅក្នុង​ឆ្នាំ 2019 នោះ​គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត ដែល​រកបាន​ចំណូល 5.8​ពាន់​​លាន​ដុល្លារ។

    Morgan Stanley ក៏បាន​រំពឹងថា Pfizer នឹង​រកបាន 9.3 ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ពី​វ៉ាក់សាំង Covid-19 ចាប់ពី​ឆ្នាំ 2022 ដល់​ឆ្នាំ 2023 ក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​បន្ត​ចាក់​វ៉ាក់សាំង។ ក្រុមហ៊ុន Pfizer នឹង​ចែក​រំលែក​ប្រាក់ចំណូល​ជាមួយនឹង BioNTech ដែលជា​ក្រុមហ៊ុន​មួយ​របស់​អាល្លឺម៉ង់ សហការ​ជាមួយ Pfizer ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង Covid-19។ វ៉ាក់សាំង​របស់ Pfizer-BioNTech ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់​នៅ​សហរដ្ឋ​​អាមេរិក កាលពី​ថ្ងៃទី 12ធ្នូ ឆ្នាំ2020។

    ការរកឃើញ​វិធី​ថ្មី​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង មិនបាន​ធ្វើឱ្យ​តម្លៃ​មូល​ប​ត្រ​របស់ Pfizer កើនឡើង​ខ្ពស់​ខ្លាំង​នោះទេ ព្រោះថា អ្នក​ផលិត​ឱសថ​នេះ​គឺជា​ក្រុមហ៊ុន​ធំ​ស្រាប់​ហើយ។ មូល​ប​ត្រ​របស់ Pfizer កើន 12% ក្នុងឆ្នាំនេះ។ ប៉ុន្តែ មូល​ប​ត្រ​របស់​ក្រុម​ហ៊ុន​ BioNTech នៅក្នុង​ផ្សារ​ហ៊ុន​អាមេរិក បាន​កើនឡើង​ជិត 300% នាំឱ្យ​ទុន​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ កើន​ដល់​ជិត 30ពាន់​លាន​ដុល្លារ​អាមេរិក។

    ក្រុមហ៊ុន Pfizer និង Moderna នឹង​រកបាន 32 ពាន់​លាន​ដុល្លារ ពី​ការលក់​វ៉ាក់សាំង Covid-19ចំណែក Moderna វិញ វ៉ាក់សាំង Covid-19 ក៏បាន​ជួយ​ឱ្យ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ កើនឡើង​ដល់​ជិត 700% ​ក្នុង​ឆ្នាំ 2020 ធ្វើឱ្យ​ទុន​របស់ Moderna មានតម្លៃ​ឡើងដល់ 62ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន Morgan Stanley ឱ្យដឹងថា តាម​ការស្រាវជ្រាវ ទុន​ប្រមាណ​ជា​ពាក់កណ្ដាល​របស់ Moderna គឺ​ផ្សារភ្ជាប់​ជាមួយនឹង​វ៉ាក់សាំង។

    ចំណែក​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ធនាគារ Goldman Sachs វិញ ឱ្យដឹងថា ក្រុមហ៊ុន Moderna អាច​រកបាន 13.3​ពាន់​លាន​ដុល្លារ​ពី​វ៉ាក់សាំង Covid-19 នៅក្នុង​ឆ្នាំ 2021។ Morgan Stanley អះអាងថា តម្លៃ​មូល​ប​ត្រ Moderna កើនឡើង​យ៉ាង​លឿន​បែបនេះ​បង្ហាញថា ក្រុម​អ្នកវិនិយោគ​រំពឹងថា ក្រុមហ៊ុន​នេះ​អាច​រកបាន​ចាប់ពី 10 ទៅ 15ពាន់​លាន​ដុល្លារ ពី​ការលក់​វ៉ាក់សាំង Covid-19 នៅក្នុង​ឆ្នាំ 2021 និង 2022 រួម​នឹង​ប្រាក់ចំណូល​រាប់ពាន់​លាន​ដុល្លារ​ផ្សេងទៀត​ដែល​នឹងត្រូវ​បាន​ជំរុញ​បន្ថែម។ មុននេះ ក្នុង​ឆ្នាំ 2019 ក្រុមហ៊ុន Moderna រកបាន​ប្រាក់ចំណូល​ត្រឹមតែ 60លាន​ដុល្លារ​ប៉ុណ្ណោះ៕

    ប្រភព៖ CNN

  • តុបតែងផ្ទះដោយផ្ទាំងក្រណាត់ស្អាតៗ

    តុបតែងផ្ទះដោយផ្ទាំងក្រណាត់ស្អាតៗ

    ថ្ងៃនេះសូមនាំមិត្តអ្នកអានមកមើលពីវិធីតុបតែងផ្ទះដោយក្រណាត់ស្អាតៗវិញម្តង…។

    សម្រាប់បន្ទប់ដែលស្ថិតនៅខាងទិសខាងកើត និងខាងត្បូងដែលមិនចង់ឱ្យត្រូវកម្ដៅថ្ងៃខ្លាំងនៅពេលរសៀលនោះ គួរជ្រើសរើសតុបតែងដោយក្រណាត់វាំងននស្តើងៗ ពណ៌ភ្លឺស្រឡះ ស្រាលៗ ហើយដាក់កៅអីសាឡុងពូកដែលមានភ្នាក់ដៃនៅក្បែរនោះធ្វើជាកន្លែងអង្គុយក្រេបទឹកតែ ឬអានសៀវភៅនាពេលរសៀល ក៏មានអារម្មណ៍ថាស្រស់ស្រាយគួរឱ្យចង់អង្គុយសម្រាកម្យ៉ាងដែរ។

    ក្រៅពីភាពស្រទន់ និងភាពស្រស់ស្រាយហើយនោះ ការជ្រើសរើសប្រើក្រណាត់ពណ៌ស្រស់ៗច្បាស់ៗ ក៏ជាជម្រើសមួយ​របស់ភាពស្រស់ថ្លា រីករាយសប្បាយសម្រាប់ផ្ទះរបស់លោកអ្នកដែរ។

    ក្រណាត់កប្បាសសាច់ក្រាស់ ក៏ជាជម្រើសមួយដ៏ស័ក្តិសមរបស់បន្ទប់អង្គុយលេងដែរ ដោយកៅអីសាឡុងពូក និងខ្នើយទ្រនាប់បែបងាយៗ សប្បាយៗស័ក្តិសមនឹងភាពជាបន្ទប់អង្គុយលេងជាទីបំផុត។

    ការប្រើប្រាស់ពណ៌ស្អាតៗ ស្រស់ស្រាយរបស់ក្រណាត់ ក្រៅពីភាពលេចធ្លោដែលត្រូវការសង្កត់ធ្ងន់ដើម្បីឱ្យកើតភាពសប្បាយរីករាយហើយនោះ យើងនៅអាចប្រើប្រាស់ក្រណាត់ដែលមានពណ៌ស្រស់ស្អាតទាំងនោះមកតុបតែងឱ្យកើតមានភាពកក់ក្តៅបានដូចគ្នាដែរ ។

    ការជ្រើសរើសប្រើស្រោមពូក ស្រោមខ្នើយ និងភួយធ្វើពីក្រណាត់កូតុង ពណ៌ក្រឡេក្រឡាស្អាត ធ្វើឱ្យកើតចំហាយនៃភាពជាជនបទនៅក្នុងផ្ទះរបស់អ្នក ហើយក្រណាត់កូតុងថែមទាំងអាចបញ្ចេញកម្ដៅបានល្អ ជួយបន្ថែមភាពត្រជាក់សប្បាយដល់ផ្ទះ និងងាយស្រួលថែរក្សាទៀតផង៕

  • សន្សំ​បាន 1,5000ដុល្លារ​អាមេរិក/ឆ្នាំ កំលោះ​ជនជាតិ​សិង្ហ​បុរស​ម្នាក់នេះ ចែករំលែក​អំពី​វិធីសាស្ត្រងាយៗក្នុងការ​សំច័យ​ប្រាក់​របស់ខ្លួន

    សន្សំ​បាន 1,5000ដុល្លារ​អាមេរិក/ឆ្នាំ កំលោះ​ជនជាតិ​សិង្ហ​បុរស​ម្នាក់នេះ ចែករំលែក​អំពី​វិធីសាស្ត្រងាយៗក្នុងការ​សំច័យ​ប្រាក់​របស់ខ្លួន

    សម្រាប់​មនុស្ស​ស្ទើរតែ​ទាំងអស់ ការ​សន្សំសំច័យ​ប្រាក់​គឺជា​បញ្ហាលំបាក​ដ៏​ធំ​មួយ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​បរាជ័យ​ក្នុង​រឿងនេះ។ ក៏ប៉ុន្តែ បញ្ហា​នេះ​ទំនងជា​មិនអាច​កើតឡើង​ចំពោះ​កំលោះ​ម្នាក់​នៅក្នុង​អត្ថបទ​នេះឡើយ។

    ថ្មីៗនេះ Clyde Chye បាន​ចែករំលែក​អាថ៌កំបាំង​អំពី​ការ​សន្សំសំច័យ​ប្រាក់​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម និង​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងច្រើន។ Clyde Chye ឱ្យដឹងថា ខ្លួន​បាន​សន្សំសំច័យ​ប្រាក់​ដោយ​មិន​គោរព​ទៅតាម​គោលការណ៍​វិទ្យាសាស្ត្រ ឬ​វិធីសាស្ត្រ​ជាក់លាក់​ណាមួយ​ឡើយ។ Clyde Chye គ្រាន់តែ​និយាយ​ពាក្យ​ថា «No» ចំពោះ​ការដើរ​ផ្សារ​ទិញ​អីវ៉ាន់ និង​ការដើរ​ស៊ីចាយ​ហឺ​ហា តែប៉ុណ្ណោះ។

    ជា​លម្អិត Clyde Chye ឱ្យដឹងថា ជាធម្មតា ប្រាក់​សម្រាប់​ហូបចុក​ប្រចាំ​សប្ដាហ៍​របស់ខ្លួន​គឺ​ប្រមាណ​ជា 10ដុល្លារ​អាមេរិក។ ប៉ុន្តែ តួលេខ​នេះ​បាន​ថយ​ចុះមក​នៅត្រឹម​ពាក់កណ្ដាល គឺ​ស្មើនឹង 5 ដុល្លារ​អាមេរិក។ អាថ៌កំបាំង​ដែល Clyde Chye បាននិងកំពុង​ប្រើប្រាស់ នោះ​គឺថា កំលោះ​នេះ​ទិញ​តែ​អាហារ​ក្នុង​បរិមាណ​គ្រប់គ្រាន់​ប៉ុន្តែ ហើយក៏​មិន​ចូលចិត្ត​ទិញ​របស់​បញ្ចុះតម្លៃ​ក្នុង​ចំនួន​ច្រើន ឬ​ទំនិញ​សន្សំ​ពិន្ទុ​នោះដែរ។ សម្រាប់​ការចូល​ហាង​កាហ្វេ​វិញ កំលោះ​នេះ តែង​ចូលចិត្ត​ហាង​តូច​ល្មម​ដែលមាន​លក់​ភេសជ្ជ​ឆ្ងាញ់ ជំនួស​ឱ្យ​ហាង​ប្រែន។ និយាយ​អំពី​ខ្ទង់​ប្រាក់​សម្រាប់​ហូបចុក Clyde សន្សំ​បាន​ជាង 117ដុល្លារ/ខែ ហើយ​បើ​គិត​ពេញ​មួយឆ្នាំ​វិញ តួលេខ​នេះ​នឹង​ឡើងដល់​ជាង 1,400ដុល្លារ​អាមេរិក។

    សន្សំ​បាន 1,5000ដុល្លារ​អាមេរិក/ឆ្នាំ កំលោះ​ជនជាតិ​សិង្ហ​បុរស​ម្នាក់នេះ ចែករំលែក​អំពី​វិធីសាស្ត្រងាយៗក្នុងការ​សំច័យ​ប្រាក់​របស់ខ្លួន
    កំលោះ Clyde Chye (ស្ដាំ)

    មិន​ត្រឹមតែ​ប៉ុណ្ណោះ Clyde ថែមទាំង​បាន​សន្សំសំច័យ​ទៅលើ «ខ្ទង់​សម្រាប់​ស្នេហា» ទៀតផង។ Clyde និង​មិត្តស្រី​មិនដែល​ចេញទៅ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ ឬ​ទៅកាន់​រោងកុន​នោះដែរ តែ​ជំនួស​មកវិញ ពួកគេ​ជ្រើសរើស​ការ​ចម្អិន​អាហារ​នៅឯ​ផ្ទះ និង​មើល​ទូរទស្សន៍​ដែល​ពួកគេ​មាន ដោយសារតែ​ប្រាក់​ចំណាយ​សម្រាប់​សេវាកម្ម​ភាពយន្ត​អន​ឡាញ មានតម្លៃ​ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ការទិញ​សំបុត្រ​មើល​នៅ​រោងកុន។ ការ​សំច័យ​ទាំងនេះ​បាន​ជួយ​ឱ្យ Clyde សន្សំ​បាន​ប្រហែល 7,300 ដុល្លារ​អាមេរិក/ឆ្នាំ។

    ទន្ទឹមនឹងនេះ Clyde Chye ក៏​ជ្រើសរើស​ការធ្វើដំណើរ​ដោយ​មធ្យោបាយ​សាធារណៈ ជំនួស​ឱ្យ​ការ​ជិះ​ម៉ូតូឌុប​បច្ចេកវិទ្យា​ថ្មី ឬ​ជួល​រថយន្ត។ កំលោះ​នេះ​ក៏​កម្រ​នឹង​ទិញ​ទំនិញ​តាម​អន​ឡាញ ប៉ុន្តែ​គាត់​ចូលចិត្ត​ទៅ​ទិញ​ផ្ទាល់ដៃ។ ខ្ទង់​ប្រាក់​ដែល​សន្សំ​បាន​ពី​ប្រការនេះ រួម​នឹង​ការមិន​ចេញទៅ​ជប់លៀង និង​ការចាយវាយ​ផ្ដេសផ្ដាស​ផ្សេងទៀត ជា​សរុប​ក្នុង​មួយឆ្នាំ Clyde សន្សំ​បាន​ជាង 15,000 ដុល្លារ​អាមេរិក។

    Clyde Chye និង​មិត្តស្រី
    Clyde Chye និង​មិត្តស្រី

    សកម្មភាព​របស់ Clyde បាន​នាំឱ្យ​មានការ​រិះគន់ថា ជីវិត​បែបនេះ​គឺ​ពិតជា​វេទនា និង​ខ្វះ​ភាពសប្បាយ​រីករាយ។ ក៏ប៉ុន្តែ Clyde បាន​ឆ្លើយតប​ថា ក្រៅពី​គោលដៅ​សន្សំសំច័យ សកម្មភាព​របស់ខ្លួន​ក៏បាន​ជួយ​ឱ្យមាន​សុខភាព​ល្អ​ជាង​មុន ដោយសារតែ​បាន​កាត់បន្ថយ​អាហារ​ដែលមាន​ខ្លាញ់​ច្រើន។ ជាង​នេះ Clyde អះអាងថា ខ្លួន​មិនមែនជា​មនុស្ស​ប្រភេទ​កំណាញ់​ជ្រុលនិយម​ឡើយ គាត់​ក៏​ចេះ​ចាយលុយ​ផងដែរ​នៅពេល​មានកម្ម​វិធីពិសេសៗ ឬ​ពេល​ចង់​បំបាត់​ភាព​តានតឹង​ម្ដងម្កាល​ជាដើម៕

    ប្រភព៖ Asiaone

  • ណាហ្គាវើលដ៍ ជាប់ជាក្លិបលេខ1 ដែលចូលរួមចំណែកច្រើនជាងគេ ក្នុងការទិញវ៉ាក់សាំងកូវីដ-19

    ណាហ្គាវើលដ៍ ជាប់ជាក្លិបលេខ1 ដែលចូលរួមចំណែកច្រើនជាងគេ ក្នុងការទិញវ៉ាក់សាំងកូវីដ-19

    កាលពី​ថ្ងៃទី11 ខែធ្នូ ឆ្នាំ2020 កន្លងទៅ ស្ថាបនិក​ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍ សញ្ជាតិ​ម៉ាឡេស៊ី លោក  Tan Sri Dato (Dr CHEN LIP KEONG) បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា  ដោយបាន​ផ្តល់​ជាថ​រិ​កា​ចំនួន 5លាន​ដុល្លារ​អាមេរិក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ-19។

    ការរួមចំណែក​នេះ បានធ្វើឱ្យ​ណាហ្គា​វើ​លដ៍ ក្លាយជា​ក្លិប​ដែល​បាន​ចូលរួមចំណែក​ច្រើនជាងគេ ក្នុង​ការជួយ​រាជរដ្ឋាភិបាល​លើ​យុទ្ធនា​ការទិញ​វ៉ាក់សាំង​កូ​វីដ-19 នេះ ខណៈដែល​លេខ2 បាន​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​បាន​ជួយ 1លាន​ដុល្លារ អាមេរិក។

    គួរឱ្យ​ដឹង​ដែរ​ថា ក្រៅពី​ក្លិប​ណាហ្គា​វើ​លដ៍ ក៏មាន​ក្លិប​បាល់ទាត់ ចំនួន5 ផ្សេងទៀត​ដែរ ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទិញ​វ៉ាក់សាំង​កូ​វីដ-19 ដែលមាន​ដូចជា ក្លិប​ភ្នំពេញ​ក្រោ​ន បឹងកេត ក្រសួងការពារជាតិ ព្រះខ័ន​រាជ​ស្វាយរៀង និង​វិសាខា៕

  • PSG ចង់ខ្ចីជើង Alli ព្រោះមើលឃើញថា នៅ Spurs អត់ដែលបានចូលលេង

    PSG ចង់ខ្ចីជើង Alli ព្រោះមើលឃើញថា នៅ Spurs អត់ដែលបានចូលលេង

    ក្លិប​បាល់ទាត់ PSG បានបង្ហាញ​មហិច្ឆតា​របស់ខ្លួន​សាជាថ្មី ក្នុងការ​នាំយក​កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង សញ្ជាតិ​អង់គ្លេស Dele Alli ពី​ក្លិប​មាន់​ខ្នាយ​មាស Tottemhamp Hotspur នាទី​ផ្សារ​ដោះដូរ​កីឡាករ​ពាក់កណ្តាល​រដូវ​កាល​នេះ ។

    ការរៀបចំ​ផែនការ​នេះ គឺ​ក្រោយ​ពេលដែល PSG មើលឃើញថា Dele Alli លែង​ក្លាយជា​កីឡាករ ក្នុង​កែវភ្នែក លោក José Mourinho ទៀតហើយ ខណៈដែល​គេ​ទើបតែ​លេង​បាន 2ប្រកួត​ប៉ុណ្ណោះ ក្នុង​រដូវ​កាល2020 នេះ ដោយមាន​ឈ្មោះ​ត្រឹមតែ​ជា​កីឡាករ​បម្រុង​ស្ទើរតែ​គ្រប់ការ​ប្រកួត។

    PSG ធ្លាប់​បរាជ័យ​ម្ដង​រួចមកហើយ លើ​សំណើ​ខ្ចី​ជើង Alli កាលពីពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្ដៅ ដោយសារតែ Spurs បាន​បដិសេធ​មិនទាន់​ចង់ឱ្យ​កីឡាករ​របស់​ពួកគេ​ចេញ​នៅឡើយ។ យ៉ាងណា ស្ថានភាព​បច្ចុប្បន្ន បាន​បង្ហាញថា Alli មិន​ស្ថិតក្នុង​គម្រោង​របស់លោក Jose Mourinho ទៀត​ទេ៕