Category: សង្គម និងសេដ្ឋកិច្ច

  • លួចស្នេហ៍ប្រុសស្អាត តើធ្វើយ៉ាងម៉េចទៅ ទើបគេដឹងខ្លួន?

    លួចស្នេហ៍ប្រុសស្អាត តើធ្វើយ៉ាងម៉េចទៅ ទើបគេដឹងខ្លួន?

    បើអ្នកនាងកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសណាម្នាក់នោះ ខាងក្រោមនេះ គឺជាវិធី 2-3យ៉ាងដែលអាចធ្វើឱ្យបុរសម្នាក់​នោះដឹងខ្លួនថា ពេលនេះអ្នកនាងកំពុងលួចស្រឡាញ់គេហើយ ដូច្នេះសូមតាមដានដូចតទៅ៖

    សម្តែងអាកប្បកិរិយាបែបត្រង់ទៅត្រង់មកតែម្តង

    វិធីដែលងាយបំផុតនោះគឺ ចូរដកដង្ហើមចូលឱ្យវែងៗ ហើយបើកបង្ហាញបេះដូងឱ្យគេបានដឹងត្រង់ៗតែម្តង ដោយ​គ្រាន់តែរកមើលពេលវេលាណាមួយ ដែលអ្នកនាង និងគេម្នាក់នោះនៅតែ 2នាក់ស្ងាត់ៗ ហើយប្រាប់អំពីអារម្មណ៍ដ៏ពឹតប្រាកដ​របស់​អ្នក​នាងដែលមានចំពោះគេ និងសួរគេថា តើគេមានអារម្មណ៍ដូចគ្នាដែរឬអត់?។

    ការធ្វើបែបនេះ អាចនឹងធ្វើឱ្យរូបអ្នកនាង ​​​​​​ត្រូវបុរសម្នាក់នោះបដិ​សេធ​​​​ភ្លាមៗ ក៏អាចថាបានដែរ តែនេះជាវិធីមួយដ៏ឆាប់រហ័សបំផុត ដែលអ្នកនាងអាចធ្វើឱ្យខ្លួនឯងបាត់ធុញថប់តានតឹងនៅក្នុងចិត្ត ព្រោះបានទម្លាយអ្វីដែលនៅក្នុងចិត្ត(យូរមកហើយនោះ)ឱ្យគេបានដឹងហើយ តែវិធីនេះ​ត្រូវ​​​​ការភាពជឿជាក់លើខ្លួនឯងខ្លាំងបំផុត ដូច្នេះបើអ្នកនាងមិនមែនជាប្រភេទមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងក្លាពេញពោរហូ​ហៀរ​ទេនោះ ជួនកាលវិធីផ្សេងពីនេះ ដូចជាមិនបង្ហាញមុខឱ្យគេស្គាល់ច្បាស់ៗដល់ថ្នាក់នោះ អាចនឹងប្រសើរជាង ក៏ថាបានដែរ។

    បង្កើនការរាយមន្តស្នហ៍

    វិធីដែលល្អបំផុតក្នុងការធ្វើឱ្យដឹងពីភាពអាចទៅរួច ឬមិនរួច នៃការប្រែក្លាយពីមិត្តភាពទៅជាស្នេហានោះ គឺបង្កើនការរាយមន្តស្នហ៍បន្តិចម្តងៗទៅលើអ្នកកម្លោះ ដែលអ្នកនាងប៉ងប្រាថ្នាម្នាក់នោះឱ្យកាន់តែច្រើនឡើង ដូចជា បន្ថែមស្នាមញញឹមដាក់គេឱ្យកាន់តែច្រើនឡើង លបសម្លឹងកែវភ្នែកគេឱ្យបានញឹកញាប់ឡើង ឬធ្វើជាដើរទៅប៉ះខ្លួនគេនៅពេលដែលគេនៅជិតអ្នកនាង ជាដើម។ ទាំងអស់នេះ គឺដើម្បីឱ្យគេបានដឹងថា អ្នកនាងបាន និងកំពុងចាប់អារម្មណ៍លើរូបគេពិសេសជាងអ្នកដទៃហើយហ្នឹងឯង ។

    គ្មានវិធីណាមួយដែលធានាថា នឹងជោគជ័យទាំងអស់ឡើយ

    ហើយទោះយ៉ាងណា ក៏អ្នកនាងនៅតែចាំបាច់ ត្រូវតែប្រាប់គេពីអារម្មណ៍របស់ខ្លួនឯងចំពោះគេចេញមកដដែល នេះក្នុងករណីបើគេនៅតែមិនដឹងពីអត្ថន័យ និងទង្វើដែលអ្នកនាងបានធ្វើដូចបានរៀបរាប់ខាងលើរួចហើយនោះ។ តែដែលសំខាន់ជាងអ្វីទាំងអស់នោះគឺ ការសង្កេតមើលការឆ្លើយតបរបស់គេ បើ​គេឆ្លើយតបចំពោះពាក្យសរសើររបស់អ្នកនាងដោយក្តីធុញទ្រាន់ ឬរំខាននោះ គឺមានន័យថា គេអាចមិនគិត ដូចអ្នកនាងគិតនោះទេ(មិនចាប់អារម្មណ៍អ្នកនាងទេ) តែបើគេតបស្នងមកវិញ ចំពោះអ្វីដែលអ្នកនាងបានធ្វើទៅលើគេ ដោយស្នាមញញឹមយ៉ាងស្មោះ និងរំភើបបំផុតនោះ ហ្នឹងគឺជាសញ្ញាដ៏ល្អ​មួយ ​​​ដែលបង្ហាញថា គេក៏លួចស្រឡាញ់អ្នកនាងដែរ៕

    ឡារ៉ែន ជូនពរឱ្យអ្នកនាងសមបំណង…៕

  • កម្រង​ពាក្យពេចន៍​​ដែល​​មហាសេដ្ឋី Jack Ma ធ្លាប់​ប្រើ​ ​អាចជួយ​​លើកទឹកចិត្ត​ឱ្យ​យើង​ឆ្លង​ផុតពី​ការលំបាក

    កម្រង​ពាក្យពេចន៍​​ដែល​​មហាសេដ្ឋី Jack Ma ធ្លាប់​ប្រើ​ ​អាចជួយ​​លើកទឹកចិត្ត​ឱ្យ​យើង​ឆ្លង​ផុតពី​ការលំបាក

    ពី​គ្រូបង្រៀន​ភាសា​អង់គ្លេស លោក Jack Ma បច្ចុប្បន្ន​បានក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ខ្នាត​យក្ស Alibaba និង​បាន​បំផុសគំនិត​ដ៏​អស្ចារ្យ​ជាច្រើន​សម្រាប់​យុវវ័យ​នៅ​ទូទាំង​ពិភពលោក។

    ខាងក្រោម​នេះ​គឺជា​ពាក្យពេចន៍ ឃ្លាឃ្លោង​មួយចំនួន​ដែល​មិត្ត​អ្នកអាន អាចយ​កមក​ធ្វើជា​ការលើកទឹកចិត្ត​ដើម្បី​បន្តដំណើរ​ឆ្ពោះទៅមុខ សំដៅ​គោលដៅ​ជោគជ័យរៀងៗខ្លួន៖

    «បើសិនជា​អ្នក​មិន​ចុះចាញ់ អ្នកនឹង​នៅតែមាន​ឱកាស។ ការបោះបង់​សេចក្ដី​ព្យាយាម​គឺជា​បរាជ័យ​ធំ​បំផុត»។

    «បើសិនជា​អ្នក​កំពុងស្ថិត​ក្នុង​វ័យ 25 ឆ្នាំ ចូរ​កុំ​ខ្លាច​ក្នុង​ការបង្ក​កំហុសឆ្គង។ កុំ​ព្រួ​បារម្ភ។ ពេល​ដួល​គឺ​ត្រូវតែ​ក្រោក។ អ្នក​បរាជ័យ អ្នក​ត្រូវតែ​ងើបឡើង»។

    «កុំ​អស់សង្ឃឹម​ពេលដែល​ត្រូវគេ​បដិសេធ កុំ​ព្រួយចិត្ត​ពេលដែល​យើង​បរាជ័យ នេះ​គ្រាន់តែ​ជាការ​ពិសោធ​របស់​ជីវិត​តែប៉ុណ្ណោះ»។

    «ខ្ញុំ​ហៅ Alibaba ថា​ជា​កំហុស​ទី 1,001។ ប៉ុន្តែ ពេល​មាន​កំហុស​កាន់តែច្រើន អ្នកនឹង​កាន់តែ​រឹងមាំ»។

    «ខ្ញុំ​មិន​គិតថា ខ្ញុំ​ឆ្លាត​ជាង​អ្នក។ ខ្ញុំ​ប្រលង​ចូល​មហាវិទ្យាល័យ​ធ្លាក់ 3 ដង។ ខ្ញុំ​ដួល ខ្ញុំ​ក្រោក​ឡើង ខ្ញុំ​ដួល​ទៀត ខ្ញុំ​នៅតែ​ក្រោក​ឡើង​ទៀត។ ហើយ​ខ្ញុំ​ក៏បាន​ជោគជ័យ»។

    «ជា​អ្នករកស៊ី ថ្ងៃនេះ​អ្នក​ជួប​ការលំបាក។ ថ្ងៃស្អែក​វា​នឹង​លំបាក​កាន់តែខ្លាំង។ ប៉ុន្តែ ថ្ងៃ​បន្ទាប់​ទៀត វា​នឹង​ល្អប្រសើរ។ មនុស្ស​ភាគច្រើន​បាន​បោះបង់​នៅ «យប់​ស្អែក» ជា​ពេលដែល​កំពុង​ស្ថិតនៅ​កៀក​នឹង​ជោគជ័យ។ អ្នក​ត្រូវតែ​ធ្វើការ​ដោយ​ការប្រឹងប្រែង អ្នក​ត្រូវតែ​រៀន​ស្វែងយល់ និង​ចេះ​ពឹងផ្អែក​ទៅលើ​ក្រុម​របស់​អ្នក»។

    «ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ជួប​បញ្ហា​ជាច្រើន ហើយ​បើសិន​ជាការ​យំ​អាច​ដោះស្រាយ​បញ្ហា​បាន ខ្ញុំ​នឹង​យំ​ពេញ​មួយថ្ងៃ។ ប៉ុន្តែ កា​រយំ​ស្រែក​គ្រាន់តែ​ជួយ​ឱ្យ​ខ្ញុំ​បាន​ធូរស្រាល​ក្នុង​ចិត្ត​ប៉ុណ្ណោះ ចំណែក​ក្រុម​របស់ខ្ញុំ​វិញ ពួកគេ​នឹងមិន​សប្បាយចិត្ត។ ដូច្នេះ អ្វីដែល​ខ្ញុំ​ត្រូវធ្វើ នោះ​គឺ​ធ្វើឱ្យ​ខ្លួនឯង​រីករាយ។ ខ្ញុំ​យកដៃ​ឆ្វេង​ក្ដាប់​ដៃស្ដាំ​របស់ខ្លួន»។

    «ពុំមាន​ឱកាស​នៃ​ការជួញដូរ​ណា​ដែល​ជួយ​ឱ្យ​អ្នក​ជោគជ័យភ្លាមៗនៅ​ថ្ងៃស្អែក ឬ​ឆ្នាំក្រោយ​ឡើយ។ នៅពេល​ចង់​ធ្វើ​អ្វី​នៅថ្ងៃនេះ ចូរ​ចាំ​ថា បើសិនជា​នៅតែ​បន្តធ្វើ នោះ​អ្នកនឹង​ជោគជ័យ​ក្នុង​រយៈពេល 10 ឆ្នាំ​ទៀត​មិន​ខាន»។

    «ខ្ញុំ​មើលឃើញថា អ្នក​ជោគជ័យ​ជាច្រើន​លើ​ពិភពលោក ដូចជា Warren Buffett, Bill Gates, Steve Jobs ជាដើម មាន​ចំណុច​រួមមួយ នោះ​គឺ​មិនដែល​ត្អូញត្អែរ មិន​ដែលមាន​ទុទ្ទិដ្ឋិនិយម»។

    «ជ្រូក​មួយ​ក្បាល​ក៏​អាច​ហោះ​បាន​បើសិន​វា​ជួបនឹង​ខ្យល់​ដ៏​ខ្លាំង ប៉ុន្តែ ពេល​ខ្យល់​លែង​បក់ ជ្រូក​នោះ​អាច​បាត់​បង់ជីវិត។ និយាយ​រួម វា​នៅតែ​ជា​ជ្រូក​មួយ​ក្បាល​ដដែល។ អ្វីដែល​គ្រប់គ្នា​ត្រូវ​គិត នោះ​គឺ​ធ្វើយ៉ាងណា​ដើម្បី​គ្រប់គ្រង​ខ្យល់ ដឹង​អំពី​ទិស​របស់​ខ្យល់ ហើយ​ឱ្យ​វា​បក់​យើង​ឡើង​ទៅលើ។ ខ្ញុំ​យល់ថា យើង​មិនគួរ​ទៅ​ស្វែង​រកខ្យល់​ដែលមាន​កម្លាំង​ខ្លាំង​ជាង​បច្ចុប្បន្ន​នោះទេ តែ​យើង​ត្រូវតែ​ប្រែក្លាយ​ទៅជា​មនុស្ស​ដែល​អាច​ហោះ​បាន សូម្បីតែ​នៅពេល​មាន​ខ្យល់​បក់ស្រាល»៕

    ប្រភព៖ Getty Images, Reuters, Bloomberg

  • Manchester City រកឃើញ​កីឡាករ និង​គ្រូបង្វឹក 7នាក់ ផ្ទុក​កូ​វីដ-19

    Manchester City រកឃើញ​កីឡាករ និង​គ្រូបង្វឹក 7នាក់ ផ្ទុក​កូ​វីដ-19

    ការប្រកួត​របស់​ក្រុម Manchester City ទល់នឹង​ក្រុម Everton កាលពី​យប់មិញ​ត្រូវបាន​ពន្យារពេល ដោយសារ​មាន​ករណី​ផ្ទុះ​ឆ្លង covid 19 ជាច្រើន ក្នុងចំណោម​កីឡាករ​ក្រុមបាល់ទាត់ Man City ។

    ទាក់ទង​នឹង​បញ្ហា​នេះ ត្រូវបាន​ក្លិប Everton ដែលជា​ក្រុម​ដៃគូ​បដិបក្ខ បញ្ចេញ​ជា​ផ្លូវការ ដោយ​មូលហេតុ​ពិតប្រាកដ​នោះ​គឺ មាន​កីឡាករ​ក្លិប ManCity សរុប​ដល់​ទៅ 7រូប ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​វីដ-19 ដោយ​ក្នុងនោះ​មាន​កីឡាករ​សរុប​ចំនួន 4រូប និង​គ្រូបង្វឹក 2រូប។

    ក្នុងនោះដែរ ត្រូវបាន​គេ​ដឹងថា មាន​កី​ទ្បា​ករ Grabriel Jesus, Kyle Walker ក៏បាន​ធ្វើតេស្ត​ឃើញថា វិជ្ជមាន​នៃ​ជំងឺ Covid-19ដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​ប្រទេស​អង់គ្លេស កំពុងតែ​ឆ្លង​រាលដាល​រលក​ទី3 នៃ​ជំងឺ Covid-19 ខ្លាំងក្លា​ទ្បើង៕

  • ក្រសួង​អប់រំ​កម្ពុជា​អនុញ្ញាតឱ្យ​គ្រឹះ​ស្ថាន​សិក្សា​​ឯកជន​ដំណើរការ​ឡើងវិញ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ

    ក្រសួង​អប់រំ​កម្ពុជា​អនុញ្ញាតឱ្យ​គ្រឹះ​ស្ថាន​សិក្សា​​ឯកជន​ដំណើរការ​ឡើងវិញ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ

    នៅ​ព្រឹក​ថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020 នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា​កម្ពុជា បានប្រកាស​ជូនដំណឹង​ថា ក្រសួង​សម្រេច​អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ដំណើរការ​ឡើងវិញ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ។

    ចំណែក​កាលបរិច្ឆេទ​នៃ​ការបើកប​វេស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ក្រសួង​អប់រំ​សម្រេចយក​ថ្ងៃទី 11 ខែមករា ឆ្នាំ២០២។

  • រឿងធម្មតាៗ 10យ៉ាងដែលយើងច្រើនតែភ្លេចក្នុងការតុបតែងផ្ទះ

    រឿងធម្មតាៗ 10យ៉ាងដែលយើងច្រើនតែភ្លេចក្នុងការតុបតែងផ្ទះ

    តើលោកអ្នកធ្លាប់ដែរឬទេ ធ្លាប់មានអារម្មណ៍ថា ទោះជាខំតុបតែងផ្ទះយ៉ាងណា ក៏នៅតែមិនស្អាតដូចរូបនៅក្នុងទស្សនាវដ្តីដែរ និងមានអារម្មណ៍ថា ដូចជារាងទើសភ្នែក ខ្វះនេះ លើសនោះយ៉ាងម៉េចក៏មិនដឹង…។ ព្រោះថា ទោះជាផ្ទះរបស់លោកអ្នក ទំនើប និងថ្លៃប៉ុនណាក៏ដោយ តែរឿងការ​តុបតែងលម្អមិនមែនជារឿងងាយដូចការគិតនោះទេ។ ខាងក្រោមនេះគឺ ឧទាហរណ៍ខ្លះៗដែលយើងច្រើនតែភ្លាត់ភ្លាំងក្នុងការតុបតែងផ្ទះ ដូច្នេះបើអ្នកណាមិនចង់ខុសឆ្គងក្នុងការតុបតែងផ្ទះ សូមតាមដានដូចតទៅ។

    -តែងផ្ទះច្រើនពេក ឡើងស៊ុបទ្រុប

    កុំគិតតែពីតុបតែងផ្ទះដោយរបស់លម្អច្រើនពោរពាស រហូតមើលទៅដូចជាចង្អៀតហប់នោះ បើលោកអ្នកត្រូវដើរចៀសរបស់នេះ ដើរគេចរបស់នោះពេលដើរចេញ-ចូលក្នុងផ្ទះរបស់ខ្លួនឯងនោះ នោះបញ្ជាក់ថា លោកអ្នកមានរបស់របរច្រើនជ្រុលពេកហើយ ដូច្នេះគួរទុកឱ្យមានកន្លែងចន្លោះទំនេរគ្រាន់នឹងសម្រាកខ្សែភ្នែកខ្លះផង។

    -ពេញទៅដោយរបស់ប្រមូលសន្សំទុក

    ផ្ទះដែលពោរពេញទៅដោយរបស់ប្រមូលសន្សំ ដែលជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួននោះ អ្នកអាចមើលឃើញថាវា​ស្អាតក៏ពិតមែន តែអ្នកជឿទេថា ភ្ញៀវដែលមកលេងផ្ទះយើង គេមិនបានគិតបែបហ្នឹងទេ ហើយគេមានអារម្មណ៍ថា ដូចជារំខានទៀតផង ដូច្នេះចូរសាក​ល្បងតុបតែងផ្ទះតាមបែបស្ទីលធម្មតាវិញ ប្រហែលជាគួរឱ្យគយគន់ជាង។

    -ទិញគ្រឿងសង្ហារិមមកដាក់ក្នុងផ្ទះ ខុសទំហំ

    ទំហំរបស់វត្ថុប្រើប្រាស់គួរតែឱ្យវាសមល្មមនឹងទំហំរបស់បន្ទប់ មិនគួរតូច ឬធំជ្រុលពេកឡើយ ដូច្នេះសូមកុំភ្លេចវាស់ទំហំទីកន្លែងដែលត្រូវដាក់តាំង មុននឹងចេញទៅរកទិញរបស់ទាំងនោះផងទើបជាការប្រសើរ។

    -វ៉លផេភើរ៍(ក្រដាសរូបភាពបិទជញ្ជាំង)មានរូបភាពក្បាច់ក្បូរគួរឱ្យខ្លាច

    វ៉លផេភើរ៍ មានរូបដូចសត្វពស់ ដូចសត្វចម្លែក គួរឱ្យខ្លាចញញើត…សូមសាកល្បងគិតទៅមើលថា បើភ្ញៀវមកលេងផ្ទះយើង តើគេហ៊ានឈានជើងចូលមកក្នុងផ្ទះឬទេ? ដូច្នេះ ចូរកុំតុបតែងផ្ទះដោយវ៉លផេភើរ៍បែបនេះជាដាច់ខាត។

    -ដើមផ្កាជ័រ

    ពិតប្រាកដហើយថា ដើមឈើ និងផ្កា នឹងជួយឱ្យផ្ទះមើលទៅស្រស់ស្អាត តែដើមផ្កាក្លែងក្លាយ ឬជ័រ នឹងធ្វើឱ្យផ្ទះមើល​ទៅមានតម្លៃថោក បង្ហាញពីចំណង់ចំណូលចិត្តរបស់អ្នកស្នាក់នៅ មិនហាយក្លាស់ ដូច្នេះគួរចំណាយប្រាក់ទិញដើមផ្កាមែនទែនមកតុបតែងលម្អវិញ ដែលទោះជាថ្លៃជាងមែន តែមើលទៅល្អស្រស់ស្រាយជាងច្រើនណាស់។

    -បន្ទប់គេងប្រើពណ៌ផ្កាឈូកពេញទាំងបន្ទប់

    តើអ្នកគិតយ៉ាងណាដែរ ពេលជួបមនុស្សដែលតុបតែងខ្លួនដោយសម្លៀកបំពាក់ពណ៌តែមួយតាំងពីក្បាលដល់ចុងជើងនោះ? ការតុបតែង​បន្ទប់ ឱ្យអ្វីៗគ្រប់យ៉ាងមានពណ៌ផ្កាឈូកទាំងអស់ ទោះជាមើលយ៉ាងម៉េច ក៏នៅតែដូចជាដែលគ្មានសិល្ប:ក្នុងការតុប​តែង​​​ដែរ។ ដូច្នេះសូមសាកល្បងរករបស់តុបតែងណា ដែលមានពណ៌ស៊ីគ្នានឹងពណ៌ផ្កាឈូកមកដាក់លាយឡំខ្លះ ទើបជាការប្រសើរជាង ។

    -មិនព្រមបកថង់ប្លាស្ទិកចេញពីវត្ថុតុបតែងលម្អ

    មានវិធីផ្សេងទៀតជាច្រើនក្នុងការថែទាំរបស់ប្រើប្រាស់ឱ្យនៅថ្មី ជាប់ធន់បានយូរ និងមិនប្រឡាក់ តែមិនមែនជាវិធីបែបនេះទេ…។

    -ព្យួររូបភាពលើជញ្ជាំងខ្ពស់ជ្រុលពេក

    មើលទៅដូចជាស្អាត តែតើវានឹងវារួយ-កទេ ពេលយើងងើយមើលវា? រូបភាព ឬរូបថតផ្សេងៗមិនគួរព្យួរខ្ពស់ជ្រុលពេក ដល់ថ្នាក់ត្រូវងើបមុខឡើងមើលនោះទេ គួរព្យួរនៅក្នុងកម្ពស់ដែលយើងអង្គុយ ឬឈរក៏អាចមើលឃើញដែរទើបជាការប្រសើរ។

    -ខ្សែភ្លើងច្រវេតច្រវាត់ រញេរញ៉ៃ គ្មានរបៀប

    ខ្សែភ្លើងរបស់ទូរទស្សន៍ កង្ហារ ឬគ្រឿងប្រើប្រាស់អគ្គិសនីទាំងអស់ដែលមាននៅក្នុងផ្ទះ មិនថាតែក្នុងបន្ទប់ណាក៏​ដោយ គួររៀបចំប្រមូលចង ឬរុំបញ្ចូលគ្នាជាខ្សែតែមួយដាក់ទៅកៀនជញ្ជាំង ទើបមើលទៅមិនកេកកាក រញេរញ៉ៃ និងមាន​សណ្តាប់​ធ្នាប់។

    -ដាក់កៅអីសាឡុងឃ្លាតឆ្ងាយពីគ្នាជ្រុលពេក

    នេះគឺជាចំណុចខុសឆ្គងមួយ ដែលមិនអាចទទួលយកបានជាទីបំផុត ដូច្នេះមិនចាំបាច់ដាក់កៅអីសាឡុងទៅជាប់នឹងជញ្ជាំងពេកទេ នឹងទោះជាបន្ទប់ទទួលភ្ញៀវមានទីធ្លាធំទូលាយយ៉ាងណាក៏ដោយ ក៏គួររៀបចំឱ្យបានសមរម្យ និងមានរយ:ឆ្ងាយពីគ្នាសមល្មម ដើម្បីងាយស្រួលក្នុងការសំណេះសំណាលគ្នា៕

  • កសិដ្ឋាន​របស់ Michael Jackson ត្រូវបាន​លក់​ក្នុងតម្លៃ​ជាង 20 លាន​ដុល្លារ​អាមេរិក

    កសិដ្ឋាន​របស់ Michael Jackson ត្រូវបាន​លក់​ក្នុងតម្លៃ​ជាង 20 លាន​ដុល្លារ​អាមេរិក

    ធ្លាប់​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 100 លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​មកដល់​បច្ចុប្បន្ន កសិដ្ឋាន​របស់​អតីត​កំពូល​តារាចម្រៀង លោក Michael Jackson ទើប​តែមាន​អ្នកទិញ​ក្នុងតម្លៃ​ត្រឹមតែ 22 លាន​ដុល្លារ​ប៉ុណ្ណោះ។

    កសិដ្ឋាន Neverland នៅ California របស់ Michael Jackson បាន​រកឃើញ​ម្ចាស់​ថ្មី​របស់​វា នោះ​គឺ​មហាសេដ្ឋី Ron Burkle។ អ្នកជំនួញ​នេះ ធ្លាប់ជា​សហការី​របស់ Michael Jackson និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​វិនិយោគ Yucaipa Compaies។

    Neverland ធ្លាប់​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 100 លាន​ដុល្លារ​កាលពី​ឆ្នាំ 2015 ហើយ​ក្រោយមក​ក៏បាន​ថយ​មក​នៅត្រឹម 67 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016 រួច​ក៏​ធ្លាក់​ថ្លៃ​មួយកម្រិត ដោ​យមក​នៅត្រឹម 31 លាន​ដុល្លារ​កាលពី​ឆ្នាំមុន។ ប៉ុន្តែ មហាសេដ្ឋី Burkle បាន​យល់ព្រម​ទិញ​ក្នុងតម្លៃ 22 លាន​ដុល្លារ នា​ចុងឆ្នាំ 2020 នេះ។ អ្នកនាំពាក្យ​របស់លោក Burkle និយាយថា ថៅកែ​របស់លោក​ចាត់ទុក​ដី​ទំហំ 1,000 ហិកតា​នេះ​ថា​ជា​ឱកាសល្អ​សម្រាប់​ជំនួញ។

    លោក Burkle ចាប់អារម្មណ៍​ទៅលើ Zaca Lake ដែល​ស្ថិត​នៅក្បែរ​កសិដ្ឋាន​រប​ស់ Michael Jackson និង​ទុក​វា​ដូច​ទៅនឹង​ទីតាំង​ថ្មី​សម្រាប់ Soho House ជា​ក្លឹប​មួយ​សម្រាប់តែ​សមាជិក​ប៉ុ​ណ្នោះ ដែល​វា​មាន​ទីតាំងនៅ Los Angeles, Miami, New York និង Toronto។

    ប៉ុន្តែ ចុងក្រោយ Burkle យល់ថា Zaca Lake មាន​ទីតាំងនៅ​ឆ្ងាយ និង​ថ្លៃ​ពេក ដូច្នេះ ក្រោយពី​បាន​ពិនិត្យមើល​កសិដ្ឋាន​រប​ស់ Michael Jackson ពីលើ​អាកាស លោក​ក៏បាន​ទាក់ទង​ដើម្បី​ទិញ។ មហាសេដ្ឋី Burkle បច្ចុប្បន្ន​គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់ Soho House។

    មុនពេល​បាន​ធ្លាក់​មកដល់​ដៃ​ម្ចាស់​ថ្មី កសិដ្ឋាន Neverland ត្រូវបាន​គ្រប់គ្រង​ដោយ​លោក Michael Jackson និង​មូលនិធិ​វិនិយោគ​លើ​អចលនទ្រព្យ Colony Capital។ ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​នេះ​ត្រូវបាន​បង្កើតឡើង​ក្រោយពី Colony «សង្គ្រោះ» Michael Jackson ពី​ការ​ក្ស័យធន​ដោយ​ប្រាក់​ឥណទាន​ដែល​យក​កសិដ្ឋាន​ខាងលើ​ធ្វើជា​របស់​បញ្ចាំ។

    ដំបូង​ឡើយ Michael Jackson បាន​ទិញ​កសិដ្ឋាន Neverland នេះ​ក្នុងតម្លៃ 19.5 លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ 1987។ លោក​បានធ្វើឱ្យ Neverland ល្បីឈ្មោះ ដោយសារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បន្ថែមទៀត ដូចជា ផ្លូវ​រថភ្លើង និង​ឧ​ទ្យា​សម្រាប់​កម្សាន្ត​ជាដើម។ ក្នុង​ឧទ្យាន​នេះ​ក៏មាន​ចិញ្ចឹមសត្វ​ស្វាធំៗ និង​សត្វ​ដំរី​ផង​ដែរ។

    កសិដ្ឋាន​នេះ​មាន​សំណង់​សរុប​ចំនួន​ជាង 22 ក្នុងនោះ​មាន​វិមាន​បែប Normandy ដែលមាន​ផ្ទៃក្រឡា​ទំហំ 1,100 ម៉ែត្រ។ ក្រៅពីនេះ​ក៏មាន​ផ្ទះ​សម្រាប់​សម្រាក​លម្ហែកាយ ទីលាន​បាល់បោះ ទីលាន​វាយ​កូន​បាល់ រោងភាព​យន្ត​ដែល​អាច​ផ្ទុក​មនុស្ស​បាន 50 នាក់។ បន្ទាប់​ពិ​លោក Jackson បានទទួល​មរណភាព កសិដ្ឋាន​នេះ​ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា Sycamore Valley Ranch។

    មហាសេដ្ឋី Ron Burkle គឺជា​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​ចូលចិត្ត​ស្ថាបត្យកម្មល្បីៗ និង​បាន​កាន់កាប់​ផ្ទះ​ជាច្រើន​ខ្នង​ដែល​គួរឱ្យ​ចាប់អារម្មណ៍ រួមមាន Ennis House នៅ Los Angeles ដែល​រចនា​ដោយ Frank Lloyd Wright និង​ត្រូវបាន​លក់​ក្នុងតម្លៃ 18 លាន​ដុល្លារ​កាលពី​ឆ្នាំមុន ក្រោយពី​ជួសជុល​អស់ 10 លាន​ដុល្លារ។ Burkle ក៏​កាន់កាប់​ផ្ទះមួយ​ខ្នង​​មាន​​ឈ្មោះ​ថា ​John ​Lautner​ នៅ​តំបន់ Palm Springs ដែល​ត្រូវបាន​រចនា និង​សាងសង់​កាលពី​ទសវត្សរ៍​ឆ្នាំ 70 សម្រាប់​តារា​សិល្ប​អាមេរិក ដែលមាន​ឈ្មោះថា Bob និង Dolores Hope៕

    ប្រភព៖ WSJ

  • ចិន​បើកទ្វារ​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ផែនដី ដើម្បី​ទទួល​​សហគមន៍​អ្នក​តារាសាស្ត្រ​អន្តរជាតិ

    ចិន​បើកទ្វារ​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ផែនដី ដើម្បី​ទទួល​​សហគមន៍​អ្នក​តារាសាស្ត្រ​អន្តរជាតិ

    តេ​ឡេ​ស្កុប​រលក​វិទ្យុ FAST ចូលមក​ជំនួស​ស្ថានីយ​សង្កេត​តារា Arecibo ដើម្បី​ជួយ​ដល់​សហគមន៍​អ្នកស្រាវជ្រាវ បន្ត​ស្វែងរក​ដាន​នៃ​ជីវិត​នៅក្នុង​ចក្រវាល។

    តេ​ឡេ​ស្កុប​ដែលមាន​រូបរាង​ពាក់កណ្ដាល​រង្វង់​មូល និង​មាន​ជម្រៅ 500ម ស្ថិតនៅ​ក្នុងស្រុក Pingtang ខេត្ត Quizhou ប្រទេស​ចិន និង​មាន​ឈ្មោះថា FAST បាន​យកឈ្នះ​លើ​ស្ថានីយ​សង្កេត​អវកាស Arecibo នៅ​តំបន់ Puerto Rico ហើយ​ក្លាយជា​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​ក្នុង​ពិភពលោក បន្ទាប់ពី​ត្រូវបាន​សាងសង់​រួចរាល់​កាលពី​ឆ្នាំ 2016។ មុននេះ ស្ថានីយ Arecibo កាន់កាប់​ឯតទគ្គ​កម្មនេះ​ក្នុង​រយៈពេល 53 ឆ្នាំ។ ក្រោយ​ការ​ដាច់​ខ្សែកាប​ពីរលើក​កាលពីដើមឆ្នាំ 2020 ស្ថានីយ Arecibo ក៏បាន​ដួលរលំ​កាលពី​ខែវិច្ឆិកា 2020 បណ្ដាលឱ្យ​វា​ត្រូវ​បញ្ចប់​សកម្មភាព​ទាំងស្រុង។ ជំនួស​ឱ្យ Arecibo ស្ថានីយ​តេ​ឡេ​ស្កុប FAST របស់​ចិន កំពុងបើក​ទ្វារ​ទទួល​ក្រុម​តារាវិទូ​មកពី​ជុំវិញ​ពិភពលោក។

    «ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​របស់​យើង មាន​ទិសដៅ​បើកទ្វារ​ទទួល​សហគម​ន៍​អន្តរជាតិ» Wang Qiming អ្នកគ្រប់គ្រង​នៃ​មជ្ឈមណ្ឌល​ដំណើរការ និង​អភិវឌ្ឍ FAST បានឱ្យដឹង​ដូច្នេះ។

    ប្រទេស​ចិន​នឹង​ទទួលយក​សំណើ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ចាប់ពី​ឆ្នាំ 2021 តទៅ។ ជា​មួយ​នឹង​​ថាស​​ស្រូប​រលក​វិទ្យុ​ដែលមាន​អង្កត់ផ្ចិត 500 ម៉ែត្រ តេ​ឡេ​ស្កុប FAST មិន​ត្រឹមតែ​ធំ​ជាង​តេ​ឡេ​ស្កុប Arecibo ដែល​បាន​ខូច​ទាំងស្រុង​ហើយ​នោះទេ តែ​វា​ក៏មាន​ថាមពល​ខ្លាំង​ជាង​ដល់​ទៅ 3 ដង​ឯណោះ។ ត្រូវបាន​ចាប់ពី​ដំណើរការ​តាំងតែ​ពី​ខែមករា ឆ្នាំ 2020 តេ​ឡេ​ស្កុប FAST ថែមទាំង​ព័ទ្ធជុំវិញ​ដោយ​តំបន់​ដែល​ត្រូវ​កាត់បន្ថយ​រលកសញ្ញា​រំខាន​ដែលមាន​អង្កត់ផ្ចិត 5 គម ដែល​ក្នុង​តំបន់​នេះ មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​កុំព្យូទ័រ​នោះទេ។

    តេ​ឡេ​ស្កុប​រលក​វិទ្យុ​ដូចជា FAST នេះ ប្រើប្រាស់​អង់​តែ​ន និង​បង្គោល​ស្រូប​រលកសញ្ញា​ដើម្បី​រុករក​រលក​វិទ្យុ​ដែល​ផ្សាយ​ចេញពី​ទី​អវកាស ដូចជា​ផ្កាយ កាឡាក់ស៊ី និង​ប្រហោង​ខ្មៅ​ជាដើម។ ឧបករណ៍​បែបនេះ​អាច​ប្រើ​ដើម្បី​បញ្ចេញ​រលក​វិទ្យុ ឬ​ចំណាំងផ្លាត​ពន្លឺ​ពី​វត្ថុ​អវកាស​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទៀតផង។ អ្នកវិទ្យាសាស្ត្រ​អាច​ប្រើប្រាស់ FAST (Five-hundred-meter Aperture Spherical Radio Telescope) ដើម្បី​ស្វែងយល់​អំពី​អវកាស ក៏ដូចជា​ភព​ដែល​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​អាច​កំណត់​បាន​ថា ពួកវា​កំពុងស្ថិត​នៅក្នុង​តំបន់​អំណោយផល​សម្រាប់​កកើត​ជីវិត​បានដែរ ឬ​យ៉ាងណា​ផងដែរ៕

    ប្រភព៖ Live Science

  • គន្លឹះល្អៗក្នុងការចម្អិនម្ហូបអាហារបែបចៀន ឬបំពង

    គន្លឹះល្អៗក្នុងការចម្អិនម្ហូបអាហារបែបចៀន ឬបំពង

    មានប្អូនៗស្ត្រីមេផ្ទះថ្មោងថ្មីជាច្រើននាក់ណាស់ ដែលតែងតែមានបញ្ហាក្នុងរឿងចៀន ឬបំពងត្រី ឬសាច់ផ្សេងៗ ដោយមិនដឹងជាត្រូវធ្វើយ៉ាងណាដើម្បីឱ្យឆ្អិនល្អ មិនជាប់ខ្ទះ និងមានពណ៌ស្អាតគួរឱ្យចង់ទទួលទាន…។ ខាងក្រោមនេះ គឺជាចំណេះដឹងល្អៗពាក់ព័ន្ធនឹងការចៀន ឬបំពងត្រី ឬសាច់ផ្សេងៗដែលស្ត្រីមេផ្ទះយើងបានដឹងហើយ ច្បាស់ជាចង់សាកល្បងធ្វើតាមជាមិនខាន។

     មើមខ្ញីជួយឱ្យត្រីចៀនមិនជាប់ខ្ទះ

    នេះជាវិធីមួយដែលនឹងជួយឱ្យពេលចុងភៅ(មិនសូវ)ចំណានដូចយើងប្រុងចៀនត្រី វិធីតទៅនេះនឹងមិនធ្វើឱ្យត្រីជាប់ខ្ទះឡើយ។ វិធីនោះគឺ ពេលចាក់ខ្លាញ់ ឬប្រេងឆាចូលទៅក្នុងខ្ទះ និងទុក​​ឱ្យ​​ក្តៅល្មមហើយ សូមយកមើមខ្ញីស្រស់ៗមកហាន់ជាបន្ទះស្តើងៗប្រមាណជា 2-3បន្ទះ រួចដាក់ចូល​ទៅក្នុងខ្ទះ​ដែលមានខ្លាញ់ក្តៅ​ស្រាប់​​ហើយនោះ។ រង់ចាំឱ្យបន្ទះខ្ញីនោះឡើងក្រៀមហើយសឹមដួសចេញ រួចដាក់ត្រីចូលទៅចៀន ត្រីនោះនឹង​មិនជាប់ខ្ទះឡើយ(ធានា!)។

    វិធីចៀនសាច់ត្រីឱ្យមានពណ៌លឿងស្អាត មិនបែក ឃើញហើយគួរឱ្យចង់ទទួលទា

    ស្ត្រីមេផ្ទះទាំងឡាយប្រហែលជាធ្លាប់ជួបច្រើនដងមកហើយ នៅពេលដែលចង់ពិសាសាច់ត្រីចៀនឱ្យឆ្ងាញ់មាត់ម្តង តែបែរជាជួបនូវសាច់ត្រីចៀនដែលបែកខ្ទេច ឬបាក់ដាច់ជាបំណែកតូចៗ ឃើញហើយមិនចង់ឱ្យទទួលទានសោះ…ថ្ងៃនេះ អ្នកគ្រូ ឆវីមានតិចនិកក្នុងការចៀនត្រីបែបថ្មី មកជម្រាបជូន ធានាថា សាច់ត្រីនឹងនៅជាដុំមូល មិនបែក និងមានពណ៌គួរឱ្យចង់​ញ៉ាំទៀតផង ។

    • ដាក់ខ្លាញ់ ឬប្រេងចៀននៅលើភ្លើងឱ្យក្តៅខ្លាំងជាមុនសិន។
    • ដាក់សាច់ត្រីចូលទៅចៀន ដោយដាក់ខាងស្បែកចុះក្រោម ព្រោះកន្លែងសាច់ជាប់ស្បែកក្រឆ្អឹនជាងកន្លែង​             សាច់សុទ្ធ​។
    • យកវែកឆា ឬវែកឈើសម្រាប់ចៀនសាច់សង្កត់លើសាច់ត្រីតិចៗ ដើម្បីកុំឱ្យសាច់ត្រី-ងឡើង និងកុំប្រែចុះ​ឡើងញឹកញាប់ដោយមិនចាំបាច់ គួរទុកឱ្យឆ្អឹនម្តងម្ខាង។
    • ពេលសាច់ខាងស្បែកនោះឆ្អឹនក្រៀមល្អហើយ សឹមត្រឡប់ឱ្យសាច់ខាងលើទៅនៅខាងក្រោមម្តង និងចៀនរហូតឡើងឆ្អឹនក្រៀម សឹមស្រង់ឡើង ទុកឱ្យស្រក់ខ្លាញ់អស់។

    ចូរកុំភ្លេច មុនពេលដាក់ចៀន អ្នកគួររោយអំបឹលពីលើសាច់ត្រីឱ្យសព្វ ដើម្បីការពារកុំឱ្យសាច់ត្រីជាប់ខ្ទះ។

     គន្លឹះក្នុងការបំពងសាច់មាន់ ឱ្យស្រួយខាងក្រៅ ទន់ខាងក្នុង

    យកសាច់មាន់ដែលលាងហើយទៅដាក់សំដឹលខ្យល់ឱ្យស្ងួត។ បុកមើមខ្ទឹមស និងគ្រាប់ម្រេញឱ្យបែកល្អិតចូលគ្នាសព្វ ដាក់អំបឹលចូល ហើយយកទៅប្រឡាក់ផ្អាប់ជាមួយសាច់មាន់ដែលសំដឹលស្ងួតហើយនោះ រួចទុកចោលយ៉ាងតិច​ឱ្យបានកន្លះម៉ោង។ បន្ទាប់ពីនោះយកមកដាក់ក្នុងចាន ហើយយកទៅដាក់ចំហុយនៅក្នុងឡាំងស៊ឹង(ឆ្នាំងសម្រាប់ចំហុយ) ដែលមានទឹកពុះជាស្រេច​(ដាំទឹកឱ្យពុះសិន សឹមដាក់សាច់មាន់ចូលចំហុយ)។ ចំហុយរហូតសាច់មាន់ឆ្អឹនល្មម សឹមយកចេញពីក្នុងឡាំងស៊ឹង ទុកឱ្យត្រ​ជាក់ និងដាក់សំដឹលខ្យល់ឱ្យស្ងួត រួចហើយយកសាច់មាន់មកច្របល់ជាមួយ និងម្សៅសាលី(ឬម្សៅបំពងស្រួយក៏បាន) បន្ទាប់មកយកទៅជ្រលក់នៅក្នុងទឹកស៊ុតក្រឡុក រួចទើបយកទៅចៀនបំពងនៅក្នុងខ្លាញ់ដែលកំពុងក្តៅខ្លាំង ដោយប្រើភ្លើងខ្លាំងល្មម។ ពេលមើលឃើញម្សៅស៊ុតខាងក្រៅឆ្អឹនឡើងពណ៌លឿងស្រួយហើយ ចូរយកចង្កឹះចាប់ស្រង់ឡើងយកមកទុកឱ្យ​​​ស្រក់ខ្លាញ់អស់…តែប៉ុណ្ណឹងលោកអ្នកនឹងបានសាច់មាន់បំពងដែលស្រួយក្រៅ ទន់ក្នុង មកទទួលទានយ៉ាងឆ្ងាញ់មាត់មិនខាន៕

  • Ronaldo ឈ្នះ​ពាន​កីឡាករ​ប្រចាំ​សតវត្សរ៍​ទី21 ក្រោយ​យកឈ្នះ Messi, Ronaldinho និង Salah ដោយ​ការបោះឆ្នោត

    Ronaldo ឈ្នះ​ពាន​កីឡាករ​ប្រចាំ​សតវត្សរ៍​ទី21 ក្រោយ​យកឈ្នះ Messi, Ronaldinho និង Salah ដោយ​ការបោះឆ្នោត

    Global Soccer បានប្រកាស​ពី​បុគ្គល​ជយលាភី​នានា ដែល​បានឈ្នះ​ពានរង្វាន់​ចំនួន10 ពី​កម្មវិធី Global Soccer Award របស់ខ្លួន ដែល​កម្មវិធី​នេះ បាន​ប្រារព្វ​ឡើង កាលពី​យប់​រំលងអធ្រាត្រ ថ្ងៃ​ច័ន្ទ ទី18 ខែធ្នូ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​នៅ​ឆ្នាំនេះ Messi ត្រូវបាន​គេ​អញ្ជើញ​ឱ្យធ្វើជា​វាគ្មិន​កិត្តិយស ក្នុង​កម្មវិធី​នេះ តែ​មិន​បានឈ្នះ​ពាន​អ្វី​ឡើយ បើទោះបីជា​មានឈ្មោះ​ប្រជែង​ពាន​កីឡាករ​ល្អ ប្រចាំ​ទសវត្សរ៍​ក៏ដោយ ។

    Christiano Ronaldo ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង Lionel Messi , Ronaldinho និង Mohamed Salah ទៅទៀត។ ដោយ​រូបគេ ត្រូវបាន​ចាត់ទុកជា​កីឡាករ​ល្អ​បំផុត​នៅ​សតវត្សរ៍​ទី21នេះ ក្រោយពី​ឈ្នះ​ពានរង្វាន់ UEFA Champions League 5ដង Premier League 3ដង​នៅ Man Utd , La Liga 2ដង ជាមួយ Real Madrid និង Euro 1ដង និង Nations League 1ដង ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់។

    ព្រឹ​ត្ដិ​ការណ៍ Globe Soccer Awards គឺជា​កម្មវិធី ដែល​ជ្រើសរើស​កីឡាករ និង​គ្រូបង្វឹក​ឆ្នើម មកពី​ទូទាំង​ពិភពលោក ដែល​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ2010 មក នៅក្នុង​ទីក្រុង Dubai ប្រទេស​អារ៉ាប់​រួម ដែល​ផ្តួចផ្តើមឡើង​ដោយ Globe Soccer៕

  • Messi ចង់ទៅ​បញ្ចប់​អាជីព​បាល់ទាត់​នៅ​អាមេរិក ហើយ​ថា ក្លិប Barcelona ឆ្កួត!

    Messi ចង់ទៅ​បញ្ចប់​អាជីព​បាល់ទាត់​នៅ​អាមេរិក ហើយ​ថា ក្លិប Barcelona ឆ្កួត!

    កាលពីពេលថ្មីៗនេះ កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi របស់ FC Barcelona បាន​បង្ហើប​ពី​គោលដៅ​អនាគត​របស់ខ្លួន​ថា រូបគេ​មាន​គោលបំណង​មួយ គឺ​ទៅ​ប្រកប​អាជីព​បាល់ទាត់ នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក (Major Soccer League – MSL)។

    កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​បង្ហាញថា គេ​នឹង​ចាក​ចេញពី​ក្លិប FC Barcelona ក្រោយពី​បញ្ចប់​រដូវ​កាល​នេះ តែ​មិនទាន់​ច្បាស់​ថា នឹង​ទៅកាន់​ក្លិប​ថ្មី​ណាមួយ​នៅឡើយ​ទេ។ គេ​ក៏បាន​បញ្ជាក់ដែរថា គម្រោង​ទៅលេង​នៅ​អាមេរិក​នេះ គេ​នឹង​សម្រេច​ឱ្យខាងតែបាន តែ​មិនមែន​ក្រោយ​ពេលដែល​គេ​ចេញពី Barcelona នេះឡើយ។

    Messi បាន​ហៅ​ការចាកចេញ​របស់ Suarez ថា ជា​រឿង​ឆ្កួត​បំផុត ដែល​ក្លិប Barcelona បានធ្វើ​ចំពោះ​កីឡាករ​របស់ខ្លួន។ ការ​បណ្ដោយឱ្យ​ខ្សែប្រយុទ្ធ​ដែល​ធ្លាប់ជួយ​ឱ្យ​ក្លិប​ឈ្នះ​ពាន​ជាច្រើន ចាកចេញ​ដោយ​របៀបនេះ គឺ​មិន​ស័ក្ដិសម​នោះទេ។ Suarez មិនគួរ​ទទួល​បានកា​រ​ចាកចេញ​បែបនេះ​ឡើយ ព្រោះ​រូបគេ​បាន​ជួយ​ដល់​ក្លិប​មួយ​នេះ​ច្រើនណាស់៕