Category: សង្គម និងសេដ្ឋកិច្ច

  • កំពូល​អ្នកតាមដាន ទស្សន៍ទាយ​ថា ឆ្នាំ2021 នេះ  Apple នឹង​បញ្ចេញ​ផលិតផល AR Glasses

    កំពូល​អ្នកតាមដាន ទស្សន៍ទាយ​ថា ឆ្នាំ2021 នេះ  Apple នឹង​បញ្ចេញ​ផលិតផល AR Glasses

    ថ្មីៗនេះ លោក Kuo កំពូលអ្នកតាមដានខាតិចណូឡូជី បាន​បង្ហោះ​សារ​លើ Twitter បង្ហើប​ឱ្យដឹង ពី​ផលិតផល​ក្នុង​ឆ្នាំ2021 ដែល​ខាង​ក្រុមហ៊ុន​អាច​នឹង​បញ្ចេញ ដែលមាន​ដូចជា វ៉ែនតា​ឆ្លាត​វៃ AR Glasses, កម្មវិធី AirTags ,កាស AR Headset, និង​ផលិតផល​ជាច្រើន​ទៀត ដូចជា iPad Pro , Mac បំពាក់​ដោយ Mini-LED displays ទំហំ 12.9អ៊ិ​ញ លើ iPad Pro ជាដើម។

    សូម​ជម្រាបជូន​ផងដែរ លោក Kuo ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​ក្រៅ​ឱ្យ​លោក​ថា ជា​កំពូល​អ្នកតាមដាន​ព័ត៌មាន​តិច​ណូ​ឡូ​ជី និងជារឿយៗ តែងតែ​ទស្សន៍ទាយ អំពី​ផលិតផល​ដែល​ត្រៀម​ចេញថ្មីៗរបស់​ក្រុម​ហ៊​ន Apple ជាក់ស្ដែង ដែលមាន​ដូចជា iMac ជាដើម៕

  • កាស AirPods Max ប្រណីត ច្នៃ​ស្រោបមាស និង​អាលុយមីញ៉ូម តម្លៃ ពាន់​ដុល្លារ​ឡើង

    កាស AirPods Max ប្រណីត ច្នៃ​ស្រោបមាស និង​អាលុយមីញ៉ូម តម្លៃ ពាន់​ដុល្លារ​ឡើង

    ថ្មីៗនេះ ក្រុមហ៊ុន Cavir បាន​បញ្ចេញ​ផលិតផល​ម៉ូ​ដែល​ពិសេស (Edition) ដូច​សព្វមួយដង ដែល​ម្ដងនេះ គឺជា កាស AirPods Max របស់​ក្រុមហ៊ុន Apple។

    កាស AirPods Max តម្លៃ​ធម្មតា 549ដុល្លារ ប៉ុន្តែ​ម៉ូ​ដែល​ពិសេស ដែល​រចនា​បន្ថែម តម្លៃ 6,720ដុល្លារ រីឯ​ប្រអប់​សាក​ភ្លើង​វិញ តម្លៃ 107ដុល្លារ។ កាស​ម៉ូ​ដែល​ពិសេស​នេះ បំពាក់​ដោយ​មាស 18កា​រ៉ាត់ និង​ស្រោប​អាលុយមីញ៉ូម​ទូទាំង​តួ​កាស និង​ប្រអប់។ សម្រាប់​លក្ខណសម្បត្តិផ្សេងៗ វា​ដូចនឹង​កាស​ធម្មតា​ដែរ។

    គួរ​រំឭក​ផងដែរ​ថា ក្រុមហ៊ុន Cavir តែងតែ​ផលិត​សម្ភារថ្លៃៗ និង​ប្រណី​តរបស់ Apple មិនដែល​ដាច់​នោះទេ មាន​ទាំង iPhone ស្រោប​ពេជ្រ នាឡិកា ឬ​កុំព្យូទ័រ​ជាដើម៕

  • Elon Musk ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក

    Elon Musk ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក

    មហាសេដ្ឋី Elon Musk ដែលជា CEO របស់​ក្រុមហ៊ុន Tesla និង​ជា CEO របស់ SpaceX ទើបតែ​បាន​បង្កើត​កំណត់ត្រា​ថ្មី​ប្រកបដោយ​ភាពមិនធម្មតា។

    យោងតាម​ទិន្នន័យ​របស់ Bloomberg អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បច្ចុប្បន្ន​មានទ្រព្យ​នៅក្នុង​ដៃ​ដែលមាន​តម្លៃ 194.8 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង 9.5 ពាន់​លាន​ដុល្លារ​បើ​ធៀប​ជាមួយនឹង​លោក Jeff Bezos ដែលជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​ជា​អ្នក​ដែល​ធ្លាប់បាន​កាន់កាប់​តំណែង​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ចាប់ពី​ខែតុលា ឆ្នាំ 2017។

    នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បរិបទ «មិនធម្មតា» សម្រាប់​លោក Elon Musk និង​ជា​ប្រការ​មួយ​ដែល​ជួយ​ឱ្យ​ជោគជ័យ​របស់​មហាសេដ្ឋី​រូបនេះ អូសបន្លាយ​បន្ត​ទៅមុខទៀត។ ក្នុង​ឆ្នាំ 2020 មូល​ប​ត្រ​របស់ Tesla បាន​កើនឡើង​ជាង 740% ដែល​ក្នុង​កម្រិត​នេះ ក្រុម​អ្នក​ដែល​ឈប់​ជឿជាក់​លើ Tesla បាន​ខាតបង់​ជាង 38 ពាន់​លាន​ដុល្លារ ដោយសារ​បាន​លក់​មូល​ប​ត្រ​របស់​ពួកគេ។

    បច្ចុប្បន្ន Tesla គឺជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ទុន​ខ្ពស់​ជាងគេ​បង្អស់​បើ​ធៀប​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃ។ កាលពី​ឆ្នាំ 2020 Tesla បានប្រគល់​រថយន្ត​ជូន​ដល់ដៃ​អតិថិជន​ចំនួន 499,550 គ្រឿង ក្នុងនោះ​មាន 180,570 គ្រឿង​ត្រូវបាន​លក់​ក្នុង​ត្រីមាស​ទី​បួន។

    កំណើន​មិន​ឈប់ឈរ​នៃ​មូល​ប​ត្រ​របស់ Tesla បាននិងកំពុង​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ។ ព្រោះថា ក្រៅពី​កាន់កាប់​មូល​ប​ត្រ 20% លោក Musk ក៏​កំពុង​កាន់កាប់​ប្រាក់ចំណេញ​ប្រមាណ 40 ពាន់​លាន​ដុល្លារ​ដែល​បានមកពី​សិទ្ធិ​ជ្រើសរើស​មូល​ប​ត្រ​ដែលជា​រង្វាន់​របស់​ក្រុមហ៊ុន​សម្រាប់​រូបលោក។ តួលេខ​មូល​ប​ត្រ​ទាំងនេះ​បានមកពី​ខ្ទង់​រង្វាន់​ចំនួន​ពីរ​នៅ​ឆ្នាំ 2021 និង​ឆ្នាំ 2018 ហើយ​នេះ​គឺជា​ខ្ទង់​រង្វាន់​ដែល​ធំ​មិន​ធ្លាប់​បានឃើញ​ពីមុនមក​សម្រាប់ CEO ម្នាក់ និង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន។

    ក្រុមអ្នកវិភាគ​អះអាងថា Elon Musk ប្រៀបដូចជា​កូន Nicola Tesla ដែលជា​អ្នកប្រាជ្ញ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ស៊ែ​ប៊ី ដែល​បាន​រកឃើញ​អគ្គិសនី​ចរន្តឆ្លាស់ Alternating Current (AC) រួម​នឹង​ប័ណ្ណ​ប៉ាតង់​ចំនួន 300 និង​របក​គំ​ឃើញ​ជាច្រើន​ផ្សេងទៀត។ លោក Musk គឺជា​មនុស្ស​ម្នាក់​ដែល​ហាក់​មានអំណាច​ដ៏​អាថ៌កំបាំង​ដែល​មិនទាន់មាន​អ្នកណា​ដឹង។ មហាសេដ្ឋី​រូបនេះ​មានការ​ច្នៃប្រឌិត​ឥត​ដែន​កំណត់​របស់ NicolaTesla ឬ Leonardo da Vinci។

    មនុស្ស​មួយចំនួន​បានចាត់ទុក​លោក Elon Musk ដូច​ទៅនឹង​មនុស្ស​ដែលមាន​ចក្ខុវិស័យ​កម្រិត​កំពូល។ ចំណែក​អ្នកខ្លះ​ថា លោក​ជាម​នុស្ស​បោកប្រាស់ កំពូល​អ្នក​អង់អាច និង​ប្រកបដោយ​គ្រោះថ្នាក់។ ប៉ុន្តែ អ្នកជំនួញ វិស្វករ សប្បុរសជន និង​ជា​កំពូល​អ្នក​ចូលចិត្ត​ធ្វើ​ឱ្យគេ​រងរបួស​ផ្លូវចិត្ត​ដោយ​សម្ដី​រូបនេះ គឺ​ពិតជា «ពូជ​កម្រ» របស់​មនុស្ស​នៅក្នុង​សហស្ស​វត្សរ៍​ទី 21៕

  • ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បញ្ចេញស្នាដៃរឿងដំបូងនៃដើមឆ្នាំ2021 « រសស្នេហ៍ផ្លែល្វា »

    ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បញ្ចេញស្នាដៃរឿងដំបូងនៃដើមឆ្នាំ2021 « រសស្នេហ៍ផ្លែល្វា »

    នៅព្រឹកថ្ងៃទី8 ខែមករា ឆ្នំា2021នេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានដំណើរការណ៍ក្រុងពាលីរឿងដំបូងនៃដើមឆ្នាំ2021 មានចំណងជើងថា « រសស្នេហ៍ផ្លែល្វា » មានការចូលរូមជាអធិបតីភាពពីលោក អឺមេណេហ្ស៉ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រ តារាសិល្បៈជាច្រើនដួង និងក្រុមការងារផលិតភាពយន្ដរបស់ស្ថានីយ។

    សិល្បករសិល្បការិនីចាស់ក្មេងមិនតិចនាក់ទេ បានបង្ហាញវត្តមានក្នុងពិធីក្រុងពាលីភាពយន្តរឿង « រសស្នេហ៍ផ្លែល្វា » នៅការិយាល័យប៉ុស្តិ៍លេខ5 ដែលមានទីតាំងស្ថិតក្នុងសណ្ដាគារ សូហ្វីតែលភ្នំពេញ។ នេះជាភាពយន្តមួយដែលបង្ហាញពីស្នេហាផ្អែមល្ហែមល្វីងជូរចត់ និងឆ្លុះបញ្ចាំងពីរឿងរ៉ាវជាច្រើននៅក្នុងសង្គម ។ ហើយតួអង្គសំខាន់ៗនៅក្នុងភាពយន្តនេះរួមមាន៖ លោក សេង មង្គល ( សម្ដែងជាតួអង្គលោក ផាន់រ៉ុង ដែលមាបរុសស្រឡាញ់ប្រពន្ធកូន មានចរិតម៉ឺងម៉ាត់ តែចាញ់ល្បិចក្រោមសម្រស់ស្រីស្អាតមួយរូប), លោក ឆឹម សក្កដា ( សម្ដែងជាតួអង្គឈ្មោះ ម៉ូនិន្ទ ដែលជាបុរសសង្ហារមានចរិតចាស់ទុំ និងផ្ដល់ភាពកក់ក្ដៅដល់មនុស្សស្រីដែលខ្លួនស្រឡាញ់), កញ្ញា ឈិន ស៊ាវម៉ី ( សម្ដែងជាតួអង្គនាង វ៉ាន់ដាលី ដែលមានចរិតឈ្លាសវ៉ៃ និងជឿជាក់ខ្លួនឯង) និង កញ្ញា ហាស់ ឌីជូលី ( សម្ដែងជាតួអង្គនាង រ៉ូសានីត ដែលជានារីឆ្នាស់ឆ្នើម ពុតត្បុត និងដើរពង្រាយមន្តស្នេហ៍ )។ ក្រៅពីតួអង្គសំខាន់ៗទាំងនេះ ក្នុងភាពយន្តទាំងមូលក៏មានតួអង្គសំខាន់ៗផ្សេងទៀតផងដែរ ដូចជា៖ លោក ម៉ុង ប៊ុនណូរ៉ា, លោក អៀង ចេនឡា, កញ្ញា រ៉ូហ្សា, លោក វណ្ណៈ និងតួអង្គចាស់ក្មេងជាច្រើនរូបផ្សេងទៀត។

    សូមជម្រាបផងដែរថា នៅក្នុងពិធីក្រុងពាលីនេះក៏មានវត្តមានថ្នាក់ដឹកនាំសំខាន់ៗរបស់ប៉ុស្តិ៍លេខ5 ចូលរួមផងដែរ ដោយក្រុមការងារផលិតករទាំងអស់ក៏ទទូចឱ្យសិល្បករសិល្បការិនី យកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការ ការពារពីជម្ងឺរ COVID-19 ជាពិសេសក្នុងអំឡុងពេលចុះថតភាពយន្តមួយនេះក្នុងពេលខាងមុខ។

     

  • ផ្ទះដែលមានសុខភាពល្អ មានលក្ខណៈបែបណា?

    ផ្ទះដែលមានសុខភាពល្អ មានលក្ខណៈបែបណា?

    ” ផ្ទះ ” គឺជាបច្ច័យមួយក្នុងចំណោមបច្ច័យទាំង ៤ របស់មនុស្ស តែភាពសំខាន់របស់ផ្ទះ មិនមែនគ្រាន់តែជាកន្លែង​សម្រាប់ស្នាក់អាស្រ័យនៅប៉ុណ្ណោះទេ ការមើលថែទាំឱ្យផ្ទះស្អាត មានសុវត្ថិភាព ងាយស្រួលដល់ការរស់នៅយ៉ាងមាន​សេចក្តីសុខទាំងកាយ និងចិត្ត នឹងរឹតតែធ្វើឱ្យអ្នកស្នាក់អាស្រ័យមានសុខភាពល្អ និងមានគុណភាពជីវិតកាន់តែល្អប្រសើរ​ឡើង ដូច្នេះថ្ងៃនេះយើងនាំគ្នាមកធ្វើឱ្យផ្ទះរបស់យើងក្លាយជាផ្ទះមានសុខភាពល្អទាំងអស់គ្នា ។

    គោលការណ៍ចម្បងនៃផ្ទះមានសុខភាពល្អដែលគួរយកចិត្តទុកដាក់នោះគឺ គ្មានធូលីដី ស្រឡះសប្បាយ គ្មានសារធាតុពុល ដែលយើងអាចធ្វើបានដោយវិធីដូចខាងក្រោមនេះ ៖

    គ្មានធូលីដី

    • ក្នុងបន្ទប់គេង ជាពិសេសនៅម្តុំក្បាលតំណេក មិនគួរមានធ្នើរ ឬថ្នាក់ដាក់ឥវ៉ាន់ឡើយ ព្រោះនៅពេលមានថ្នាក់ដាក់ ច្បាស់ជាត្រូវមានឥវ៉ាន់ដាក់មិនខាន រួចហើយវានឹងក្លាយជាប្រភពប្រមូលសន្សំធូលីដីបានយ៉ាងងាយ ។
    • តុធ្វើការ បើនៅក្នុងបន្ទប់គេងផងនោះ គួរឱ្យនៅឆ្ងាយពីក្បាលតំណេក ព្រោះមានការស្រាវជ្រាវវិភាគមួយបានរក​ឃើញ​ថា តុធ្វើការមានមេរោគបាក់តេរីច្រើនជាងនៅក្នុងបន្ទប់ទឹករាប់សឹបដងឯណោះ ។
    • គ្រឿងតុ កៅអី នៅក្នុងផ្ទះ ដូចជា កៅអី ឬកៅអីសាឡុង គួរជ្រើសរើសប្រើប្រភេទដែលរុំដោយស្បែក ព្រោះមិន​សូវសន្សំធូលីដី ថែមទាំងងាយស្រួលសម្អាតទៀតផង ។
    • កម្រាលព្រំ បើមិនចាំបាច់ទេ មិនគួរមានទេ ព្រោះជាកន្លែងសន្សំធូលីដីបានដោយងាយ ។
    • វាំងនន បើសឹនជ្រើសរើសប្រើវាំងននដែលជាវត្ថុផ្សេងៗក្រៅពីផ្ទាំងក្រណាត់នោះ គឺជាការល្អ ដូចជាវាំងននបែប​ស្លាបព្រឹលជាដើម ព្រោះវាងាយស្រួលសម្អាត ។

    ស្រឡះសប្បាយ

    • មិនគួរបើកម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃនោះទេ ព្រោះក្រៅពីអស់លុយច្រើនហើយ នៅធ្វើឱ្យខ្យល់អាកាសធម្មជាតិមិនអាចបក់ចេញចូលមកក្នុងផ្ទះ ឬក្នុងបន្ទប់បានឡើយ ។
    • គួរបើកបង្អួច ដើម្បីឱ្យខ្យល់អាកាសបរិសុទ្ធចេញចូល និងពន្លឺពីធម្មជាតិបានឆ្លងកាត់ចូលមកក្នុងផ្ទះ ឬក្នុងបន្ទប់ឱ្យបានញឹកញាប់ផង ។

    គ្មានសារធាតុពុល

    • តុ ទូ កៅអី ដូចជា ទូដាក់ខោអាវ ឬទូដាក់ឥវ៉ាន់ គួរប្រើប្រាស់ទូឈើធម្មជាតិ មិនគួរប្រើប្រាស់បែបឈើសឹប្បនិម្មិតឡើយ ជាពិសេសឈើ Particle board ព្រោះវាមានចំណែកផ្សំរបស់ Formaldehyde ដែលមានផលប៉ះពាល់ដល់ប្រព័ន្ធដង្ហើមរបស់មនុស្សបាន ។
    • ថ្នាំលាបផ្ទះ ឬថ្នាំលាបឈើផ្សេងៗ គួរជ្រើសរើសថ្នាំដែលមានគុណសម្បត្តិ និងមានសុវត្ថិភាពចំពោះសុខភាព ។
    • បន្ទប់គេង ដែលមានបន្ទប់ទឹកនៅខាងក្នុង មិនគួរធ្វើប្រឡោះខ្យល់នៅលើទ្វាបន្ទប់ទឹកឡើយ ព្រោះមេរោគបាក់តេរី និងវត្ថុកខ្វក់ផ្សេងៗពីខាងក្នុងបន្ទប់ទឹកនឹងចូលមកក្នុងបន្ទប់គេងបានតាមរយៈប្រឡោះខ្យល់ទាំងនោះ ។ គួរជ្រើសរើសប្រើទ្វាដែលជិត និងបំពាក់កង្ហារបឺតខ្យល់ចេញពីបន្ទប់ទឹកផង ។
  • Trump ថ្លែងការណ៍​ជា​លើកដំបូង​ក្រោយ​មាន​អំពើហិង្សា​នៅ​សភា

    Trump ថ្លែងការណ៍​ជា​លើកដំបូង​ក្រោយ​មាន​អំពើហិង្សា​នៅ​សភា

    លោក Donald Trump បាន​ថ្កោលទោស​អំពើហិង្សា និង​សន្យាថា​នឹង​ប្រគល់​អំណាច​ដោយ​រលូន​ដល់​រដ្ឋបាល​លោក Biden នៅក្នុង​ការធ្វើ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ដំបូង ក្រោយពី​មាន​អំពើហិង្សា​នៅ​សភា។

    «យើង​ទើបតែ​បាន​ឆ្លងកាត់​ការបោះឆ្នោត​ប្រកបដោយ​ភាព​តានតឹង។ ប៉ុន្តែ ពេលនេះ ក្បាល​ដែល​កំពុង​ក្ដៅ ត្រូវការ​ត្រជាក់​មកវិញ និង​កែលម្អ​អស្ថិរភាព» លោក Trump ថ្លែង​ដូច្នេះ​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ Twitter កាលពី​យប់​ថ្ងៃទី 7 មករា (ព្រឹក​ថ្ងៃទី 8 មករា នៅ​ភ្នំពេញ)។

    នេះ​គឺជា​សេចក្ដីថ្លែងការណ៍​ដំបូង​របស់​ប្រធានាធិបតី​អាមេរិក ក្រោយពី​មាន​ក្រុម​អ្នកគាំទ្រ​រាប់រយ​នាក់​របស់លោក បាននាំគ្នា​សម្រុកចូល​វិមាន​សភា នាំឱ្យមាន​ភាពវឹកវរ​កើតឡើង។

    លោក Trump ថ្លែងថា៖ «រដ្ឋាភិបាល​ថ្មី​មួយ​នឹង​ស្បថ​ចូលកាន់​អំណាច​នៅ​ថ្ងៃទី 20 មករា។ អាទិភាព​របស់ខ្ញុំ​ពេលនេះ​គឺ​ការ​ងាក​ទៅ​ធានា​ដល់​ការប្រគល់អំណាច​ប្រកបដោយ​ភាពរលូន។ នេះ​ជា​ដំណាក់​កាលដែល​ត្រូវ​អំពាវនាវ​ឱ្យមាន​ការផ្សះផ្សា​ជាតិ»។

    សេចក្ដីថ្លែងការណ៍​នេះ ត្រូវបាន​គេ​ជឿថា ជាការ​ទទួលស្គាល់​ដំបូង​របស់លោក Trump ចំពោះ​បរាជ័យ​ក្នុងការ​បោះឆ្នោត។ លោក Trump ក៏បាន​និយាយថា រយៈពេល 4 ឆ្នាំ​នៃ​ការ​កាន់អំណាច​គឺជា «កិត្តិយស​នៃ​ជីវិត​របស់ខ្ញុំ»។ យោងតាម​សារព័ត៌មាន​អាមេរិក សំឡេង​របស់លោក Trump បាន​ប្ដូរផ្លាស់​ទាំងស្រុង​ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ។

    «ក្រុមបាតុករ​ដែល​បាន​រំលោភ​ចូល​ភ្នំ Capitol ធ្វើឱ្យ​ល្អក់កករ​ដល់ទី​ឋាន​នៃ​ខឿន​ប្រជាធិបតេយ្យ​អាមេរិក។ ក្រុម​អ្នក​ដែល​បាន​ចូលរួម​ប្រើ​អំពើហិង្សា និង​បំផ្លិចបំផ្លាញ មិន​តំណាងឱ្យ​ប្រទេសជាតិ​យើង​ឡើយ។ ក្រុម​អ្នក​បំពាន​ច្បាប់ នឹង​ត្រូវតែ​ទទួលទោស» លោក Trump បញ្ជាក់​យ៉ាង​ដូច្នេះ។

    ក្រោយពី​សភា​អាមេរិកាំង​បានទទួល​ស្គាល់​ជ័យជំនះ​របស់លោក Joe Biden លោក Trump តាមរយៈ​ជំនួយការ ក៏បាន​ឱ្យដឹងថា លោក​នឹង «ប្រគល់​អំណាច​ដោយ​រលូន» ទៅឱ្យ​រដ្ឋាភិបាល​ថ្មី៕

    ប្រភព៖ AFP, Hill

  • ប្រយោជន៍ 15យ៉ាងរបស់ផ្លែក្រូចឆ្មារក្នុងការងារផ្ទះ ដែលបងៗស្ត្រីមេផ្ទះគួរតែដឹង (តចប់)

    ប្រយោជន៍ 15យ៉ាងរបស់ផ្លែក្រូចឆ្មារក្នុងការងារផ្ទះ ដែលបងៗស្ត្រីមេផ្ទះគួរតែដឹង (តចប់)

    ប្រយោជន៍របស់ផ្លែក្រូចឆ្មារជាមួយការងារក្នុងផ្ទះ ដែលបងៗស្រ្តីមេផ្ទះជាច្រើននាក់អាចមិនធ្លាប់បានដឹងថា ការពិតទៅផ្លែក្រូចឆ្មារអាចធ្វើអ្វីៗផ្សេងទៀតបានច្រើនជាងគ្រាន់តែជាគ្រឿងគ្រៅសម្រាប់បន្ថែមរសជាតិអាហារទៅទៀត។ កាលពីលេខមុន ទំព័រចំណេះដឹងស្ត្រីមេផ្ទះ បានជម្រាបមិត្តអ្នកអានរួចហើយ 10ចំណុច ឥឡូវយើងនាំក្នាមកតាមដានជាបន្តទៀត…។

    11-ជួយបន្ធូរកម្លាំងក្នុងការលាងសម្អាតបន្ទប់ទឹក

    ចាក់ទឹកក្រូចឆ្មារចូលទៅក្នុងទឹកសាប៊ូលាងសម្អាតបន្ទប់ទឹក ដើម្បីបន្ថែមប្រសិទ្ធភាពក្នុងការកំចាត់ស្នាមកំណកក្អែលដែលតោងជាប់ណែននៅតាមឥដ្ឋការ៉ូដោយការចាក់ទឹកសាប៊ូលាយទឹកក្រូចឆ្មារនោះឱ្យសព្វលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក រួចទុកចោល 2ម៉ោង មុននឹងដុសសម្អាតចេញឱ្យស្អាត។

    12-បន្ថែមភាពស្រស់ស្រាយដល់ក្រណាត់ពណ៌ស

    ក្រូចឆ្មារ គឺជាជម្រើសដ៏ល្អបែបគ្មានសារធាតុពុលមួយសម្រាប់ក្រណាត់ពណ៌ស។ គ្រាន់តែបន្ថែមទឹកក្រូចឆ្មារ 1/4 នៃពែងចូលទៅក្នុងម៉ាស៊ីនបោកខោអាវ តែប៉ុណ្ណឹងក៏អាចបន្ថែមថាមពលនៃភាពសភ្លឺស្រស់ស្រាយដល់ក្រណាត់ពណ៌សបានច្រើនឡើងទៅហើយ និងចូរដាក់ហាលជាមួយនឹងពន្លឺថ្ងៃ ជំនួសឱ្យការចំហុយឱ្យស្ងួត។

    13-កម្ចាត់ស្នាមកំណកខ្លោចខ្មៅនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វ

    ច្របាច់ទឹកក្រូចឆ្មារចូលទៅក្នុងទឹកស្អាត ហើយយកទៅដាក់កម្ដៅនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វរយៈពេល 2 – 3នាទី។ ចំហាយទឹកក្រូចឆ្មារក្នុងម៉ៃក្រូវេហ្វ នឹងជួយរំលាយស្នាមកំណកខ្លោចខ្មៅដែលតោងជាប់នៅខាងក្នុងនោះ ធ្វើឱ្យងាយជូតសម្អាតបានយ៉ាងស្អាតល្អ។

    14-បង្កើនភាពស្រស់បស់នៅក្នុងខ្យល់អាកាស

    បង្កើនភាពស្រស់បស់ឱ្យបន្ទប់គេងក្នុងរដូវរងា ដោយការដាក់ចំណិតផ្លែក្រូចឆ្មារដែលហាន់ស្តើងៗចូលទៅក្នុងទឹកក្តៅឧណ្ហៗ។ ក្លិនក្រូចឆ្មារនឹងបង្កើនភាពស្រស់ស្រាយ និងសំណើម មិនឱ្យប្រថុយប្រថាននឹងបញ្ហាស្បែកស្ងួត និងថែមទាំងជួយឱ្យមានក្លិននៅក្នុងផ្ទះក្រអូបស្រស់ស្រាយបែបធម្មជាតិទៀតផង។

    15-កម្ចាត់ក្លិនមិនល្អនៅក្នុងទូទឹកកក

    កម្ចាត់ក្លិនផ្តុសៗនៅក្នុងទូទឹកកកដោយការយកដុំសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារ ហើយយកទៅដាក់នៅក្នុងទូទឹកកកឱ្យបានច្រើនម៉ោង។ ក្លិនទឹកក្រូចឆ្មារនឹងជួយកម្ចាត់ក្លិនមិនល្អបានយ៉ាងមានប្រសិទ្ធភាព៕

  • រូបិយវត្ថុ​ឌីជីថល​ Bitcoin ឡើងថ្លៃ​លើស 35,000 USD/bitcoin ខណៈ​តម្លៃ​ទុន​សរុប​ឡើងដល់​ជាង 650 ពាន់​លាន​ដុល្លារ

    រូបិយវត្ថុ​ឌីជីថល​ Bitcoin ឡើងថ្លៃ​លើស 35,000 USD/bitcoin ខណៈ​តម្លៃ​ទុន​សរុប​ឡើងដល់​ជាង 650 ពាន់​លាន​ដុល្លារ

    តម្លៃ​រូបិយវត្ថុ​ឌីជីថល​ដែល​ពេញនិយម​បំផុត​ក្នុង​ពិភពលោក បាន​បង្កើត​កំណត់ត្រា​ថ្មី​ជា​បន្តបន្ទាប់ ដោយ​ប៉ុន្មាន​ម៉ោង​មុននេះ វា​មានតម្លៃ​ឡើងដល់​ជាង 35,000 ដុល្លារ​ក្នុង​មួយ bitcoin។

    រូបិយវត្ថុ​ឌីជីថល Bitcoin បាន​ឡើងថ្លៃ​កាលពី​ថ្ងៃត្រង់ ពី 33,800 ដុល្លារ ឡើងដល់ 35,751 ដុល្លារ ដោយ​ប្រើពេល​មិន​ដល់ 1 ម៉ោង។ CoinDesk បានឱ្យដឹងថា ពេលនេះ 1 bitcoin ត្រូវបាន​គេ​ជួញដូរ​ក្នុងតម្លៃ​ប្រហែល 35,100 ដុល្លារ​អាមេរិក។ ដូច្នេះ តម្លៃ​របស់​វា​បាន​កើនឡើង​ជាង 12.5% នៅក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ។

    កាលពី​ថ្ងៃទី 2 ខែមករា Bitcoin បានចាប់ផ្ដើម​ឆ្នាំ​ថ្មី​ដោយ​ការ «លោត» ឆ្លងកាត់​ចំណុច 30,000 ដុល្លារ និង​បន្ត​កើនឡើង​លើសពី 33,000 ដុល្លារ​ក្នុង 1 bitcoin ដោយ​ចំណាយពេល​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​នោះ។ នៅក្នុង​ការជួញដូរថ្មីៗនេះ តម្លៃ​របស់ Bitcoin បាន​ឡើង-ចុះ​ពិបាក​ស្មាន​ត្រូវ ព្រោះ​ពេលខ្លះ​វា​បាន​ធ្លាក់​ដល់ 29,400 ដុល្លារ​ក៏មាន។

    ពេញ​មួយឆ្នាំ 2020 Bitcoin បាន​កើនឡើង 300% ខណៈ​ក្នុង​ខែធ្នូ ឆ្នាំ 2020 វា​បាន​កើនឡើង 50%។ មូលហេតុ​ដែលនាំឱ្យ​តម្លៃ​របស់ Bitcoin ឡើងថ្លៃ​ខ្ពស់ គឺ​ដោយសារ​មាន​មនុស្ស​កាន់តែច្រើន​ចាត់ទុកថា វា​ជា​មាស​ឌីជីថល និង​ទាក់ទាញ​បាន​អ្នកវិនិយោគ ក៏ដូចជា​មូលនិធិ​ជាច្រើន មានដូចជា Skybridge Capital, MassMutual និង Guggenheim ជាដើម។

    តារាង​ដែល​បង្ហាញ​អំពី​តម្លៃ​ឡើង​ចុះ​របស់​ Bitcoin

    ការដែល​ធនាគារកណ្ដាល​របស់​សហរដ្ឋអាមេរិក (Federal Reserve System – Fed) និង​ធនាគារជាតិ​នៃ​បណ្ដា​ប្រទេស បាន​បន្ធូរបន្ថយ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែល​បណ្ដាលមកពី Covid-19 ក៏បានផ្ដល់​ផលប្រយោជន៍​ដល់ Bitcoin ផងដែរ។ ដោយសារ​ប្រការនេះ​ត្រូវបាន​ចាត់ទុកថា​ជា​កាតាលីករ​ធ្វើឱ្យមាន​អតិផរណា ដែល​អាច​ជាន់ពន្លិច​ត​ម្លៃ​រូបិយ​បណ្ណ​ដុល្លារ​អាមេរិក ដូច្នេះ តម្លៃ​របស់ Bitcoin ក៏​កើនឡើង។

    អស្ថិរភាព​នយោបាយ​នៅ​ទូទាំង​ពិភពលោក ឥទ្ធិពល​របស់ Covid-19 និង​ការព្រួយបារម្ភ​អំពី Brexit (Brexit គឺជា​​ព្រឹត្តិ​ការណ៍​​ដែល​​អង់គ្លេស​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​និង​សហគមន៍​ថាមពល​អា​តូ​ម៉ិ​ក​អឺរ៉ុប កាលពី​ដំណាច់​ថ្ងៃទី 31 ខែមករា ឆ្នាំ 2020 (ម៉ោង​នៅ​អឺរ៉ុប)) ក៏ត្រូវ​បាន​គេ​ជឿថា បានធ្វើឱ្យ​ក្រុម​អ្នកវិនិយោគ​រត់ទៅរក Bitcoin។

    បច្ចុប្បន្ន តម្លៃ​ទុន​សរុប​របស់​រូបិយវត្ថុ​ឌីជីថល Bitcoin មាន​ទំហំ​ប្រមាណ 654 ពាន់​លាន (654,000,000,000) ដុល្លារ​អាមេរិក៕

    ប្រភព៖ CoinDesk

  • ខាតបង់​ប្រាក់​អស់ 300 លាន ដោយ​​សារ​​មូល​ប​ត្រ កំលោះ​វ័យ 27ឆ្នាំ សម្រេចចិត្ត​លោត​ពី​ស្ពាន​សម្លាប់ខ្លួន

    ខាតបង់​ប្រាក់​អស់ 300 លាន ដោយ​​សារ​​មូល​ប​ត្រ កំលោះ​វ័យ 27ឆ្នាំ សម្រេចចិត្ត​លោត​ពី​ស្ពាន​សម្លាប់ខ្លួន

    ការលេង​មូល​ប​ត្រ​នៅលើ​កម្មវិធី​ទូរស័ព្ទ នាំឱ្យ​កំលោះ​ជនជាតិ​វៀតណាម​ម្នាក់ វ័យ 27 ឆ្នាំ ខាតបង់​ប្រាក់​អស់​ចំនួន 300 លាន​ដុង។ ក្នុងពេល​ទាល់ច្រក កំលោះ​រូបនេះ​ក៏បាន​នឹកឃើញ​ដល់​ដំណោះស្រាយ​មួយ នោះ​គឺ​សម្លាប់ខ្លួន​ដោយ​លោត​ពីលើ​ស្ពាន​ចូលទៅក្នុង​ទឹកទន្លេ។

    ក៏ប៉ុន្តែ សំណាងអាក្រក់ គោលបំណង​ធ្វើអត្តឃាត​កាលពី​ព្រលប់​ថ្ងៃទី 5 មករា នៅឯ​ខណ្ឌ Cai Rang ទីក្រុង Can Tho ភាគខាងត្បូង​ប្រទេស​វៀតនាម របស់​កំលោះ​នេះ​មិន​ទទួលបាន​ជោគជ័យ​នោះទេ ដោយសារ​តែមាន​ក្រុមប៉ូលិស​មកជួយ​សង្គ្រោះ ក្នុង​គ្រា​បុរស​អស់សង្ឃឹម​នេះ​កំពុង​ត្រៀម​លោត​ពីលើ​ស្ពាន។

    ប្រភពព័ត៌មាន​ឱ្យដឹងថា ដំបូង​ឡើយ នៅវេលា​ម៉ោង​ប្រហែល 15 រសៀល មន្ត្រី​សន្តិសុខ​ប្រចាំ​ស្ពាន Can Tho បាន​មើលឃើញ​កំលោះ​ម្នាក់​ឈប់​ម៉ូតូ​លើ​ស្ពាន រួច​តោង​ឡើង​ឆ្លងកាត់​បង្កាន់ដៃស្ពាន ដើម្បី​លោត​សម្លាប់ខ្លួន ភ្លាមនោះ សន្តិសុខ​ក៏បាន​រាយការណ៍​ដល់​ស​ម​ត្ថ​កិច្ច។

    មិនយូរប៉ុន្មាន ក្រុមប៉ូលិស​ក៏​មកដល់​កន្លែងកើតហេតុ និង​បានស្នើ​កម្លាំង​ជំនួយ​បន្ថែម។ ម៉ោង​ប្រហែល 17 ល្ងាច អនុប្រធាន​នគរបាល​សង្កាត់ Hung Phu ក៏បាន​ឡើងទៅ​ក្បែរ រួច​ក៏​នាំគ្នា​អូស​កំលោះ​នេះ​ចេញពី​តំបន់​គ្រោះថ្នាក់។

    ក្រោយ​ការស្រាវជ្រាវ ប៉ូលិស​ឱ្យដឹងថា បុរស​នេះ​មាន​ឈ្មោះថា L.H.D កើត​ឆ្នាំ 1994 មកពី​ខេត្ត Tra Vinh (ព្រះ​ត្រពាំង) ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម។

    L.H.D បានឱ្យដឹងថា នៅ​ពាក់កណ្ដាល​ឆ្នាំ 2019 ខ្លួន​បាន​ទៅកាន់​ហាង​លក់​ទូរស័ព្ទ​មួយកន្លែង​ដើម្បី​ខ្ចីប្រាក់ និង​បានធ្វើ​ឯកសារ​សរុប​ចំនួន 15 ច្បាប់ (11 ច្បាប់​នៅលើ app ទូរស័ព្ទ ជាមួយនឹង​ប្រាក់​ប្រហែល 120 លាន​ដុង និង 4 ច្បាប់​ទៀត​ធ្វើ​នៅឯ​ហាងផ្សេងៗ ដែលមាន​តម្លៃ​សរុប​ប្រហែល 220 លាន​ដុង)។

    ក្រោយពី​ខ្ចី​បាន​ប្រាក់ L.H.D ក៏បាន​ប្រើប្រាស់​វា​ទៅក្នុង​គោលដៅ​ផ្ទាល់ខ្លួន។ L.H.D បាន​ទៅកាន់​ធនាគារ​មួយ​ដើម្បី​ដាក់​ប្រាក់ បន្ទាប់មក​ក៏បាន​ប្រើប្រាស់​កម្មវិធី​មួយ​នៅលើ​ទូរស័ព្ទ​ដើម្បី​ផ្ទេរប្រាក់​នៅក្នុង​ការលេង​មូល​ប​ត្រ​លើ​កម្មវិធី​នេះ។ គិត​មកដល់​ដំណាក់កាល​ត្រៀម​ធ្វើអត្តឃាត L.H.D បាន​ខាតបង់​ប្រាក់​អស់​ប្រមាណ​ជា 300 លាន​ដុង (13,000 ដុល្លារ​អាមេរិក)។

    ដោយសារតែ​ជំពាក់​បំណុល​ច្រើនពេក និង​គ្មាន​លទ្ធភាព​សង បូករួម​នឹង​ការគិត​ខ្លី L.H.D ក៏​នឹកឃើញ​ដល់​ការ​សម្លាប់ខ្លួន​ដើម្បី​បញ្ចប់​បញ្ហា។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​ទាក់ទង​ទៅកាន់​សាច់ញាតិ ដើម្បី​មក​ទទួល​កំលោះ​នេះ​ត្រលប់​ទៅផ្ទះ​វិញ៕

    ប្រភព៖ CB

  • ប្រាក់ខែ CEO របស់ Apple ក្នុង​ឆ្នាំ 2020 កើន​ជិត 30%

    ប្រាក់ខែ CEO របស់ Apple ក្នុង​ឆ្នាំ 2020 កើន​ជិត 30%

    ក្នុង​ឆ្នាំ 2020 ប្រាក់បៀវត្ស​សរុប​ប្រចាំឆ្នាំ​របស់លោក Tim Cook ដែលជា CEO នៃ​ក្រុមហ៊ុន Apple បាន​កើន​ជិត 30% ពោលគឺ​ខ្ទង់ 15 លាន​ដុល្លារ​អាមេរិក នៅពេលដែល​ក្រុមហ៊ុន​ផលិត iPhone នេះ បាន​រីកចម្រើន​ខ្លាំង​ក្នុងសម័យ Covid-19។

    យោងតាម​សេចក្ដីប្រកាស​របស់ Apple ប្រាក់រង្វាន់​របស់ CEO Tim Cook បាន​កើនឡើង 28% ក្នុង​ឆ្នាំ 2020 បើ​គិត​ជា​ទឹកប្រាក់ ស្មើនឹង 14,769,259 ដុល្លារ​អាមេរិក។ ឆ្នាំ 2019 ប្រាក់​ដែល​លោក​រកបាន (មិនទាន់​បូករួម​ទាំង​រង្វាន់​ជា​មូល​ប​ត្រ) ចំនួន 11,555,466 ដុល្លារ។

    ជា​សរុប ថ្នាក់ដឹកនាំកំពូលៗចំនួន 5 រូប​របស់ Apple (Tim Cook, នាយក​ផ្នែក​ហិរញ្ញវត្ថុ Luca Maestri, នាយក​ផ្នែក​ច្បាប់ Kate Adams, នាយក​ផ្នែក​លក់រាយ Deirdre O’Brien, នាយក​ប្រតិបត្តិ Jeff Villiams) ត្រូវ​បានផ្ដល់​ប្រាក់បៀវត្ស​ចំនួន 119,8 លាន​ដុល្លារ កើន 13% ធៀប​នឹង​ឆ្នាំ 2019។

    កាលពី​ខែសីហា ឆ្នាំ 2020 CEO របស់ Apple បាន​ក្លាយជា​មហាសេដ្ឋី​ជា​ផ្លូវការ ដោយសារ​ប្រាក់ចំណូល និង​មូល​ប​ត្រ​ដែល​លោក​មាននៅ​ក្នុង​ក្រុមហ៊ុន Apple។

    ប្រាក់បៀវត្ស​គោល​របស់លោក Tim Cook គឺ 3 លាន​ដុល្លារ មិនមាន​ការប្រែប្រួល​បើ​ធៀប​នឹងឆ្នាំមុន។ លោក Tim Cook ក៏​ទទួលបាន​រង្វាន់​ផ្នែក​ពាណិជ្ជកម្ម​ចំនួន 10,7 លាន​ដុល្លារ​ផងដែរ។ ក្រៅពីនេះ Apple ថែមទាំង​ចំណាយ​ប្រាក់ 1 លាន​ដុល្លារ​ផ្សេងទៀត​ទាក់ទង​នឹង​តំណែង CEO មានដូចជា 470,000 ដុល្លារ​សម្រាប់​សន្តិសុខ និង 430,000 ដុល្លារ​សម្រាប់​ការធ្វើដំណើរ។

    Apple បានឱ្យដឹងថា ប្រាក់បៀវត្ស​របស់ CEO ខ្ពស់ជាង 256 ដង បើ​ធៀប​នឹង​ប្រាក់បៀវត្ស​ជា​មធ្យម​របស់​បុគ្គលិក (57,783 ដុល្លារ) ក្នុង​ឆ្នាំ 2020។ ឆ្នាំ 2019 អត្រា​នេះ​ខុសគ្នា​ចំនួន 200 ដង៕

    ប្រភព៖ BI