Category: សង្គម និងសេដ្ឋកិច្ច

  • Telegram ក្លាយជា​កម្មវិធី ដែលមាន​អ្នក​ទាញយក​ប្រើ ច្រើនជាងគេ​លំដាប់​ទី2 នៅ​សហរដ្ឋអាមេរិក

    Telegram ក្លាយជា​កម្មវិធី ដែលមាន​អ្នក​ទាញយក​ប្រើ ច្រើនជាងគេ​លំដាប់​ទី2 នៅ​សហរដ្ឋអាមេរិក

    បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump ត្រូវបាន​ផ្អាក​ពី​ការប្រើប្រាស់​គណនី Twitter និង Facebook ក្រោយ​ការ​លុកលុយ​វិមាន​កា​ពី​តូ​ល ហ៊ីល​ល៍ ដ៏​សាហាវ​ដោយ​អ្នកគាំទ្រ​របស់លោក ដែល​ប្រដាប់​ដោយ​អាវុធ និង​ហានិភ័យ​នៃ​ការ​ញុះញង់​ឱ្យមាន​អំពើហិង្សា​រួចមក កាលពី​ថ្ងៃ​ចន្ទ ប្រជាជន​ប្រហែល 545,000នាក់​នៅ​សហរដ្ឋអាមេរិក បាន​ទាញយក​កម្មវិធី Telegram នៅ​ចន្លោះ​ថ្ងៃ​ពុធ (ទី6មករា) និង​ថ្ងៃអាទិត្យ(ទី10មករា) ដែលមាន​ចំនួន​ជិត 3ដង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​សប្តាហ៍​មុន​ហ្នឹង។

    អ្នកប្រើប្រាស់ WhatsApp ជាច្រើន​លាន​នាក់ ក៏បាន​ធ្វើការ​បោះបង់ចោល​កម្មវិធី​ផ្ញើ​សារ​មួយ​នេះ មុន​ការ​អាប់​ឌែ​ត គោលការណ៍​ថ្មី ដែល​បង្ខំ​ឱ្យ​អ្នកប្រើប្រាស់​ចែករំលែក​ព័ត៌មាន របស់​ពួកគេ​ជាមួយ Facebook។ ការ​អាប់​ឌែ​ត​ថ្មី របស់ WhatsApp ដែល​នឹង​មកដល់​នៅ​ថ្ងៃទី8 ខែកុម្ភៈ​ខាងមុខនេះ នឹង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ទាំង​អស់ ដែល​មិនមែន​រស់នៅក្នុង​តំបន់​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ដែល​តំបន់ 2នេះ មានច្បាប់​តឹងរ៉ឹង​ការពារ​ព័ត៌មាន​របស់​អ្នកប្រើប្រាស់។

    អ្នកប្រើប្រាស់​នៅក្រៅ​ពី​តំបន់​ទាំង 2ខាងលើ នឹង​តម្រូវ​ផ្ដល់​សិទ្ធ​សម្រាប់​ឱ្យ Facebook ចូល​យក​ព័ត៌មាន​របស់​ពួកគេ មាន​រួមបញ្ចូល​លេខ​ទូរស័ព្ទ និង​ព័ត៌មាន​អំពី​ការទំនាក់ទំនង​របស់​ពួកគេ ជាមួយ​អ្នកដទៃ។ ទាល់តែ​ព្រម​ផ្ដល់​សិទ្ធិ ទើប​ពួកគេ​អាច​បន្ត​ប្រើប្រាស់ WhatsApp បាន​តទៅទៀត។ ការទាមទារ​នេះ នឹងត្រូវ​អនុវត្ត​លើ​គ្រប់​អ្នកប្រើប្រាស់​ទាំងអស់ ទោះបីជា​ពួកគេ​មិនមាន​គណនី Facebook ក្ដី។

    ពេល WhatsApp ប្រកាស​អំពី​ផែនការ នៃ​ការផ្លាស់ប្ដូរ​នេះ​ភ្លាម បានធ្វើឱ្យ Telegram មាន​កំណើន​ចំនួន​ទាញយក​ជិត 1.7លាន​ដងភ្លាមៗ ហើយ​កម្មវិធី Signal (ជា​កម្មវិធី​ផ្ញើ​សារ​ដែល​លោក Elon Musk ណែនាំ​ឱ្យប្រើ​ប្រាស់) មាន​កំណើន​ចំនួន​ទាញយក 1.2លាន​ដង។

    ដោយឡែក​ចំនួន​ទាញយក​កម្មវិធី WhatsApp ក្នុង​រយៈពេល 7ថ្ងៃ​ដំបូង នៃ​ឆ្នាំ2021 មានការ​ធ្លាក់ចុះ​ចំនួន 13% មក​នៅត្រឹម 10.3លាន​ដង ប្រសិនបើ​ធៀប​នឹង​អំឡុងពេល 7ថ្ងៃមុន។ ការសម្រេចចិត្ត​របស់ WhatsApp នាពេលនេះ គឺ​ខុសគ្នា​ទាំងស្រុង ប្រៀប​នឹង​ពេលដែល Facebook ទើប​ទិញ WhatsApp ដំបូង​ក្នុង​ឆ្នាំ2014 ក្នុង​ទំហំ​ទឹកប្រាក់ 19ពាន់​លាន​ដុល្លារ។

    ពេលនោះ WhatsApp បាន​ធានាថា ទិន្នន័យ​របស់​អ្នកប្រើប្រាស់ នឹង​បន្ត​នៅ​ជា​ឯកជន ហើយ​មិន​ចែករំលែក​ជាមួយ Facebook នោះទេ។ ការផ្លាស់ប្ដូរ​គោលការណ៍​នេះ បានចាប់ផ្ដើម​លេចចេញ​ដំបូង​កាលពី​ឆ្នាំ2016 ពេលដែល WhatsApp ចាប់ផ្ដើម​ចែករំលែក​ទិន្នន័យ​ជាមួយ Facebook ជា​លក្ខណៈ Default ដែល​ពេលនោះ​អ្នកប្រើប្រាស់ អាចមាន​សិទ្ធ​បិទ​មិនឱ្យ​មានការ​ចែករំលែក​បាន។

    នៅ​ថ្ងៃទី8 ខែកុម្ភៈ​ខាងមុខនេះ អ្នកប្រើប្រាស់ WhatsApp នឹង​មិនមាន​ជម្រើស​អ្វី​ឡើយ គឺ​ត្រូវតែ​ទទួលយក​ការផ្លាស់ប្ដូរ ដែល​តម្រូវឱ្យ​មានការ​ចែករំលែក​ទិន្នន័យ​របស់ខ្លួន​ជាមួយ Facebook ប្រសិនបើ​ពួកគេ​ចង់​ប្រើប្រាស់ WhatsApp ជា​បន្ត៕

  • SONY បង្ហាញ​ផលិតផល​ដំបូងបង្អស់ ជា​ដ្រូ​ន ថត​វីដេអូ (មាន​វីដេអូ)

    SONY បង្ហាញ​ផលិតផល​ដំបូងបង្អស់ ជា​ដ្រូ​ន ថត​វីដេអូ (មាន​វីដេអូ)

    ថ្មីៗនេះ ក្រុមហ៊ុន Sony បានដាក់បង្ហាញឱ្យឃើញ ការឌីហ្សាញផលិតផល Drone ជំនាន់ដំបូងគេស្របពេលដែលដ្រូននោះ មានបំពាក់មកជាមួយនូវម៉ាស៊ីនថតស៊េរី Alpha Series ថែមទៀតផង។

    Drone ជំនាន់ដំបូងគេរបស់ Sony ម៉ូដែលនេះ នៅមិនទាន់មានព័ត័មានច្រើនពីលក្ខណសម្បត្តិ និងតម្លៃរបស់វានៅឡើយទេ តែគេបានដឹងថា វាមានជើងទម្រ អាចបត់ឡើងលើបាន នៅពេលកំពុងហោះហើរ និងបត់ចុះក្រោមវិញ រៀងរាល់ពេលដែលវាចុះចត។ វាជាផលិតផលពិសេសមួយ ដែលធ្វើឡើងសម្រាប់ទីផ្សារអ្នកផលិតវីដេអូ កម្រិតខ្ពស់ ឬកម្រិត Professional ក្នុងវិស័យភាពយន្តជាដើម។

    សូមជម្រាបជូនផងដែរថា ចំពោះគំនិតផលិត Drone ជំនាន់ដំបូងនេះ ក៏ធ្លាប់ត្រូវបាន SONY បង្ហើបឱ្យដឹងម្ដងរួចមកហើយដែរ កាលពីឆ្នាំ2020 តែវាទើបនឹងលេចរូបរាងឡើងនៅឆ្នាំ2021 សម្រាប់ដាក់តាំងក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍បច្ចេកវិទ្យា CES 2021។ ដ្រូនដំបូងគេនេះ មានឈ្មោះថា Sony’s Airpeak ដែលមានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលនឹងដ្រូន របស់ក្រុមហ៊ុន DJI ដូច្នោះដែរ។

    ខាងក្រោមនេះជាវីដេអូ ដែល Sony បានបង្ហាញ៖

    *វីដេអូទី1 ដាក់បង្ហាញអំពី Drone ផ្ទាល់

    *វីដេអូទី2 យកទៅឱ្យថតរថយន្ដ VISION-S

  • ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវ​ដោះ​កៅអី​ទាំងអស់​ក្នុង​យន្តហោះ​​មួយ​គ្រឿង​ ព្រោះតែ​ចិញ្ចៀនពេជ្រ​របស់​អ្នកដំណើរ

    ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវ​ដោះ​កៅអី​ទាំងអស់​ក្នុង​យន្តហោះ​​មួយ​គ្រឿង​ ព្រោះតែ​ចិញ្ចៀនពេជ្រ​របស់​អ្នកដំណើរ

    ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​វៀតណាម បាននាំគ្នា​ដោះ​កៅអី​ទាំងអស់​នៅក្នុង​យន្តហោះ​មួយគ្រឿង​ដើម្បី​ស្វែងរក​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែលមាន​តម្លៃ​ខ្ពស់ ក្រោយពី​អ្នកដំណើរ​ម្នាក់​បាន​ជ្រុះ​នៅក្នុង​កាប៊ីន​សម្រាប់​អ្នកជំនួញ។

    កាលពី​ថ្ងៃទី 12 មករា តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines បាន​បញ្ជាក់ថា ក្រុមហ៊ុន​នេះ កាលពី​ថ្ងៃទី 11 មករា បាន​ប្រគល់ជូន​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែល​បាន​ជ្រុះ​បាត់​នៅក្នុង​យន្តហោះ​នៃ​ក្រុមហ៊ុន​នេះ​កាលពី​ថ្ងៃទី 8 មករា នៅក្នុង​ជើងហោះហើរ​ក្នុងស្រុក ទៅឱ្យ​អ្នកដំណើរ​របស់ខ្លួន​វិញ​ហើយ។

    អតិថិជន​ដែល​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ប្រភេទ​ពាណិជ្ជកម្ម បាន​ហោះ​ពី​ទីក្រុង​ហូជីមិញ ទៅកាន់​រដ្ឋធានី​ហាណូយ​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី 8 ខែមករា និង​បាន​ចុះចត​នៅវេលា​ម៉ោង 15 និង 10 នាទី។ ក្នុងពេល​យន្តហោះ​ត្រៀម​ចុះចត ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​ក៏បាន​ជ្រុះ​បាត់​ចិញ្ចៀនពេជ្រ​មួយ​វង់​នៅក្នុង​យន្តហោះ​នេះ។

    តំណាង​របស់​ក្រុមហ៊ុន Vietnam Airlines បានឱ្យដឹងថា ផ្នែក​បច្ចេកទេស​របស់​ខ្លួន ក្រោយមក​ក៏បាន​ដោះ​កៅអី​ទាំងអស់​ដែលមាន​នៅលើ​យន្តហោះ ដើម្បី​ស្វែងរក​ចិញ្ចៀន។ ប៉ុន្តែ មិនបាន​រកឃើញ​នោះទេ ដោយសារ​វា​មាន​ទំហំ​តូច​ពេក។ ផ្នែក​បច្ចេកទេស​ក៏បាន​រាយការណ៍​ហេតុការណ៍​នេះ​ដល់​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​បន្ត​រុករក។

    បន្ទាប់មក យន្តហោះ​នេះ​ក៏បាន​ហោះ​ត្រលប់​មកកាន់​ទីក្រុង​ហូជីមិញ​វិញ នៅវេលា​ម៉ោង 18 ថ្ងៃទី 8 មករា ជាមួយនឹង​លេខ​សម្គាល់​ជើងហោះហើរ VN275។

    ក្រោយមក សំណាងល្អ​ក៏បាន​កើតឡើង​ចំពោះ​ក្រុម​បុគ្គលិក​នៅលើ​យន្តហោះ​នេះ នៅពេលដែល​អ្នកបម្រើ​បាន​រកឃើញ​ចិញ្ចៀនពេជ្រ​ក្នុងពេល​ពិនិត្យមើល​ក្នុង​កាប៊ីន​អ្នកដំណើរ។ ពួកគេ​ក៏បាន​ប្រគល់​មកឱ្យ​អង្គភាព Lost & Found នៅ​ព្រលានយន្តហោះ Tan Son Nhat នាទី​ក្រុង​ហូជីមិញ ហើយ​វា​ក៏​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​នៅ​រសៀល​ថ្ងៃទី 11មករា៕

    ប្រភព៖ DNTT

  • ប្រទេស​នាំចេញ​ប្រេង​លំដាប់​កំពូល​របស់​ពិភពលោក ​ប្រកាស​សាង​សង់​​ទីក្រុង​គ្មាន​រថយន្ត និង​គ្មាន​កា​បោ​ន

    ប្រទេស​នាំចេញ​ប្រេង​លំដាប់​កំពូល​របស់​ពិភពលោក ​ប្រកាស​សាង​សង់​​ទីក្រុង​គ្មាន​រថយន្ត និង​គ្មាន​កា​បោ​ន

    កាលពី​ថ្ងៃទី 10 មករា​កន្លងទៅ រាជបុត្រា​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ព្រះនាម Mohammed bin Salman បានប្រកាស​បង្ហាញ​ផែន​ការកសាង​ទីក្រុង​មួយ​ដែល​មិនមាន​សកម្មភាព​បញ្ចេញ​ឧស្ម័ន​កា​បោ​ន ដែល​ស្ថិតក្នុង​គម្រោង​លំដាប់​យក្ស NEOM។

    អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​ប្រទេស​នាំចេញ​ប្រេង​លំដាប់​កំពូល​របស់​ពិភពលោក បានប្រកាស​អំពី​គម្រោង​បើក​ដំណើរការ​ទីក្រុង​ធម្មជាតិ «គ្មាន​រថយន្ត គ្មាន​ផ្លូវ​ក្នុង​ក្រុង និង​គ្មាន​សកម្មភាព​បញ្ចេញ​ឧស្ម័ន​ពុល​កា​បោ​ន» នៅក្នុង​មហា​គម្រោង NEOM។ NEOM ដែលមាន​តម្លៃ 500 ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​កសាង​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ក្រហម​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​បំណង​ធ្វើ​ពិ​ធិ​ធ​កម្ម​ខឿន​សេដ្ឋកិច្ចជាតិ។

    នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត រាជបុត្រា Mohammed bin Salman ឱ្យដឹងថា ទីក្រុង​ថ្មី​នេះ​មាន​ឈ្មោះថា The Line។ ក្នុង​ទីក្រុង​ឆ្លាត​វៃ The Line ដែលមាន​បណ្ដោយ 170 គីឡូម៉ែត្រ​នេះ មនុស្ស 1 លាន​នាក់​អាច​ស្នាក់​នៅបាន និង​ធានាថា មិនមាន​រថយន្ត មិនមាន​ផ្លូវ​សម្រាប់​រថយន្ត និង​មិន​បញ្ចេញ​ឧស្ម័ន​កា​បោ​ន។

    គម្រោង​ NEOM របស់​អារ៉ាប៊ីសាអូឌីត

    ទីក្រុង​នេះ​នឹងមាន​សេវាកម្ម​នានា​ដូចជា​សាលារៀន មជ្ឈមណ្ឌល​សុខភាព និង​ទីលាន​ធម្មជាតិ ក៏ដូចជា​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ល្បឿន​លឿន​ជាមួយនឹង​ការធ្វើដំណើរ​មិន​លើសពី 20 នាទី។ បញ្ញា​សិប្បនិម្មិត​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ទីក្រុង​នេះ។ សកម្មភាព​របស់​ទីក្រុង​នេះ​នឹង​ដំណើរការ​ដោយ​ថាមពល​ស្អាត 100% នាំមក​នូវ​បរិស្ថាន​ស្អាត បរិសុទ្ធ និង​ស្ថិរភាព​យូរអង្វែង​សម្រាប់​ប្រជាជន។

    ការសាងសង់​ទីក្រុង​នេះ​នឹង​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ 2021 នេះ ជាមួយនឹង​ជំនួយ​របស់​មូលនិធិ​វិនិយោគសាធារណៈ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត។ តាម​ផែនការ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ចំនួន 380,000 មុខតំណែង និង​រួមចំណែក 180 ពាន់​លាន​រី​យ៉ា​ល់ (48 ពាន់​លាន​ដុល្លារ​អាមេរិក) ទៅក្នុង GDP របស់​ប្រទេស​នេះ​ក្នុង​ឆ្នាំ 2030។

    នេះ​គឺជា​ផែនការ​សាងសង់​ធំ​ដំបូង​នៅក្នុង​គម្រោង​យក្ស NEOM រាប់​ចាប់ពី​គម្រោង​នេះ​ត្រូវបាន​រាជបុត្រា bin Salman ប្រកាស​កសាង​កាលពី​ឆ្នាំ 2017 ដោយ​ចាត់​ទុកដូចជា​សសរទ្រូង​ក្នុង​គម្រោង​ចក្ខុវិស័យ​ឆ្នាំ 2030 ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ទៅលើ​ប្រភព​ចំណូល​ពី​ប្រេង៕

    ប្រភព៖ Economic Times

  • មហាសេដ្ឋីលំដាប់ទីមួយដំបូងគេក្នុងពិភពលោក ជាអ្នកណា និងមានស្ថានភាពបែបណានាបច្ចុប្បន្ន?

    មហាសេដ្ឋីលំដាប់ទីមួយដំបូងគេក្នុងពិភពលោក ជាអ្នកណា និងមានស្ថានភាពបែបណានាបច្ចុប្បន្ន?

    បច្ចុប្បន្ន ឈ្មោះ Bill Gates, Warren Buffett, Jeff Bezos និង Elon Musk ជាដើម ជា​បុគ្គល​ធ្លាប់​នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​របស់​ទស្សនាវដ្ដី Forbes ឬ Bloomberg (ឬ​ទាំងពីរ​តែម្ដង) ដែល​ត្រូវ​មហាជន​ស្គាល់​ច្រើន ប៉ុន្តែ គេ​ហាក់ដូច​កម្រ​បានឮ​ឈ្មោះ Yoshiaki Tsutsumi ដែល​ធ្លាប់ជា​អ្នកមាន​ផុត​លេខ​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន។

    ជាមួយនឹង​ទ្រព្យ​ដែលមាន​តម្លៃ​សរុប​ជិត 20 ពាន់​លាន​ដុល្លារ​អាមេរិក អ្នកជំនួញ​ជនជាតិ​ជប៉ុន Yoshiaki Tsutsumi គឺជា​បុគ្គល​ដំបូង​គេ​ដែល​ត្រូវបាន Forbes លើក​ជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក​កាលពី​ឆ្នាំ 1987។ បន្ទាប់មក លោក Yoshiaki Tsutsumi ក៏បាន​បន្ត​គ្រប់គ្រង​តំណែង​នេះ​រហូតដល់​ឆ្នាំ 1990 និង​ឆ្នាំ 1993-1994។ ជា​សរុប លោក Yoshiaki Tsutsumi ធ្លាប់បាន​ស្ថិតនៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​របស់​ទស្សនាវដ្ដី Forbes ដល់​ទៅ 6 លើក។

    លោក Yoshiaki Tsutsumi កើន​ឆ្នាំ 1934 នៅក្នុង​គ្រួសារ​អ្នកមាន​ស្ដុកស្ដម្ភ​មួយ​នៅ​ជប៉ុន។ ឪពុក​របស់លោក Yoshiaki Tsutsumi គឺជា​ជីតា​របស់​ក្រុមគ្រួសារ​មួយ​ក្នុងចំណោម​ត្រកូល​នានា​ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​បំផុត​ក្នុងសង្គម​ជប៉ុន​នា​សម័យ​ទំនើប។ លោក Yoshiaki Tsutsumi កាលនោះ​គឺជា​ប្រធាន​ក្រុមហ៊ុន Seibu ដែលជា​ក្រុមហ៊ុន​មានអំណាច​បំផុត​ក្នុង​វិស័យ​ផ្លូវដែក សណ្ឋាគារ និង​អចលនទ្រព្យ នៅ​ប្រទេស​ជប៉ុន។

    លោក​ Yoshiaki Tsutsumi

    អាយុ 30 ឆ្នាំ លោក Yasujiro បានទទួល​មរតក និង​គ្រប់គ្រង​ក្រុមហ៊ុន ក្រោយ​មរណភាព​របស់​ស្ថាបនិក​ដែលជា​ឪពុក​របស់ខ្លួន។ ក្រោយពី​បាន​ឡើងកាន់​កាប់ លោក​Tsutsumi ក៏បាន​បន្ត​ដឹកនាំ​ក្រុមហ៊ុន Seibu ប្រកបដោយ​ការរីកចម្រើន។ Tsutsumi បាន​ទិញ​សណ្ឋាគារ​ជាច្រើន​កន្លែង តំបន់​លេង​ស្គី​លើទឹក​កក ទីលាន​វាយកូនគោល​ជាដើម និង​បានធ្វើឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់ខ្លួន​ក្លាយជា​ក្រុមហ៊ុនមេ​ធំ​ដ៏​សម្បើម​មួយ​ក្នុង​ពិភពលោក។

    ហេតុអ្វី​ពេលនេះ មិនមាន​អ្នកណា​រំលឹក​ដល់​ឈ្មោះ Tsutsumi ទៀត?

    Tsutsumi ធ្លាប់មានអ្វីៗគ្រប់យ៉ាង និង​ធ្លាប់​ស្ថិតនៅលើ​ចំណុចកំពូល​នៃ​ក្ដីសង្ឃឹម។ ប៉ុន្តែ គួរឱ្យ​ស្ដាយ ជីវិត​បន្ទាប់មក​រប​ស់លោក បែរជា​មិន​ទទួលបាន​លទ្ធផល​ល្អ​ទៅវិញ។ វិបត្តិ​អចលនទ្រព្យ​នៅ​ជប៉ុន​បាន​ដួល​កើតឡើង​ចន្លោះ​ឆ្នាំ 1986 ដល់ 1991 បណ្ដាលឱ្យ​សេដ្ឋកិច្ចជាតិ​ត្រូវ​ដាំ​ក្បាល​ចុះ។ បញ្ហា​នេះ​បានធ្វើឱ្យ Seibu ធ្លាក់​ទៅក្នុង​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ នៅមាន​កត្តា​ផ្សេង​មួយទៀត​ដែលនាំឱ្យ Seibu ត្រូវ​ដួលរលំ​ទាំងស្រុង នោះ​គឺ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ជប៉ុន។

    ក្នុង​ឆ្នាំ 2004 ជប៉ុន​បាន​បង្កើត​ស្ដង់ដា​គណនេយ្យ​ថ្មី និង​គ្រប់គ្រង​លើ​បណ្ដា​ក្រុមហ៊ុន​យ៉ាង​តឹងរ៉ឹង។ Seibu បាន​ក្លាយជា​គោលដៅ​របស់​រដ្ឋាភិបាល និង​ត្រូវបាន​រកឃើញ​កំហុស​យ៉ាងច្រើន។ ចុងក្រោយ ពួកគេ​ក៏ត្រូវ​បង្ខំចិត្ត​លុបចោល​ការបោះ​ផ្សាយ​លក់​មូ​លប​ត្រ​នៅក្នុង​ផ្សារ​ហ៊ុន Tokyo។

    លោក Yoshiaki Tsutsumi បច្ចុប្បន្ន​មាន​អាយុ 86​ ឆ្នាំ

    នេះ​គឺជា​កាលៈទេសៈ​ដ៏​មហា​សែន​អាក្រក់​នៅក្នុង​ជីវិត​របស់លោក Yoshiaki Tsutsumi ក៏ដូចជា​សមាជិក​រប​ស់​ត្រកូល Tsutsumi។ ឆ្នាំ 2005 លោក Yoshiaki Tsutsumi ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា​បានធ្វើ​ការជួញដូរ​ក្រៅច្បាប់ និង​ក្លែង​ឯកសារ។ លោក Yoshiaki Tsutsumi ត្រូវ​ពិន័យ 50,000 ដុល្លារ​អាមេរិក និង​ជាប់ពន្ធនាគារ 4 ឆ្នាំ។

    ប៉ុន្តែ ភាពអាម៉ាស់​របស់លោក មិនមែនជា​ការដែល​ត្រូវ​ពិន័យ និង​ជាប់ពន្ធនាគារ​នោះទេ តែ​គឺជា​ការបាត់បង់ «អាណាចក្រ» Seibu។ នៅពេល Seibu ជួប​រឿងអាស្រូវ លោក Yoshiaki Tsutsumi ក៏ត្រូវ​ចាកចេញ​ពី​តំណែង​នានា​ដែល​លោក​កំពុង​កាន់កាប់​នៅក្នុង​ក្រុមហ៊ុន​នេះ។ «ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លារ​របស់លោក ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​រយៈពេល​ដ៏​ខ្លី​ជាទីបំផុត» នេះ​បើតាម​សារព័ត៌មាន Business Insider។

    បច្ចុប្បន្ន លោក Tsutsumi មាន​វ័យ 86 ចូល 87 ឆ្នាំ​ហើយ។ ដូច្នេះ ពិតជា​ពិបាក​ខ្លាំងណាស់​ក្នុង​ការដែល​លោក​អាច​សាង​កេរ្តិ៍ឈ្មោះ​ជាថ្មី៕

    ប្រភព៖ BI

  • Lenovo បញ្ចេញ​ផលិតផល​វ៉ែនតា​ឆ្លាត​វៃ 3D និង AR អាច​បង្ហាញ​ម្ដង 5ផ្ទាំង​កម្មវិធី លើ​កុំព្យូទ័រ

    Lenovo បញ្ចេញ​ផលិតផល​វ៉ែនតា​ឆ្លាត​វៃ 3D និង AR អាច​បង្ហាញ​ម្ដង 5ផ្ទាំង​កម្មវិធី លើ​កុំព្យូទ័រ

    ក្នុង​ព្រឹត្តិការណ៍ CES 2021 ជា​ព្រឹត្តិការណ៍​ដាក់តាំង​ពិព័រណ៍​បច្ចេក​វិទ្យា​ដ៏​ធំ នា​ដើមឆ្នាំ2021 នេះ ក្រុមហ៊ុន​ទាំងអស់ ដែលមាន​ឈ្មោះ​ចូលរួម បាន​បញ្ចេញ Prototype (គំរូ) ផលិតផល​របស់ខ្លួន ក៏ដូចជា​ដាក់​បង្ហាញ​ផលិតផល​របស់​ពួកគេ ជាបណ្តើរៗហើយ​ដែរ។

    ជាក់ស្ដែង​ក្រុមហ៊ុន Lenovo ដែល​ល្បីល្បាញ​ខាង​ផលិត​គ្រឿង​អេឡិចត្រូនិក​យូរ​ឆ្នាំ​មកហើយ​នោះ ក៏បាន​បង្ហាញឱ្យឃើញ​ពី វ៉ែនតា​ឆ្លាត​វៃ ThinkReality A3 ដែល​ក្នុងនោះ វា​មាន 2ជម្រើស ទៅតាម​ប្រភេទ​អ្នកប្រើប្រាស់ ដែល​សុទ្ធ​តែមាន​សមត្ថភាព 3D visualizations និង AR-guided ដូចគ្នា។

    Lenovo ក៏បាន​បញ្ជាក់ដែរថា គោលដៅ​នៃ​ការផលិត​វ៉ែនតា​ឆ្លាត​វៃ​ខាងលើនេះ មិនមែន​សម្រាប់​លក់​ឱ្យ​អតិថិជន​ទូទៅ​នោះទេ ផ្ទុយទៅវិញ​គឺ គោលដៅ​សម្រាប់​សហគ្រាស។

    លក្ខណសម្បត្តិ​វ៉ែនតា AR ទាំង ២ម៉ូ​ដែល ស្ទើរតែ​ដូចគ្នា​ទាំងស្រុង គ្រាន់តែ​ថា វា​ទាំង2 ត្រូវបាន​ធ្វើឡើង ដើម្បី​តម្រូវ​ទៅតាម​ករណី នៃ​ការប្រើប្រាស់​ផ្សេងគ្នា។

    សម្រាប់​ម៉ូ​ដែល ThinkReality A3 បំពាក់​មក​ជាមួយនឹង​ឈី​ប Snapdragon XR1 សម្រាប់​វ៉ែនតា​ឆ្លាត​វៃ និង 1ទៀត ម៉ូ​ដែល​ThinkReality A3 PC Edition ដែល​ត្រូវបាន​បង្កើតឡើង សម្រាប់​ឱ្យ​វា​ភ្ជាប់​ជាមួយនឹង PC តែម្ដង ដើម្បី​ធ្វើការ​ប្រើប្រាស់​វា ឱ្យ​អាចធ្វើ​ការបង្ហាញ​កម្មវិធី​នៅលើ Windows បាន5 នៅលើ​ផ្ទៃ​បង្ហាញ​និម្មិត​នៃ​វ៉ែនតា​នោះ។

    ថាមពល​ថ្ម របស់​វា អាស្រ័យទៅលើ​ឧបករណ៍ ដែល​នឹង​ត​ភ្ជាប់​មកជា​មួយ​ប៉ុណ្ណោះ ដោយ​ធ្វើបែបនេះ នឹង​ជួយ​ឱ្យ​វា កាន់តែ​ស្រាល​ងាយស្រួល​ពាក់ ប៉ុន្តែ​អ្នក​ប្រើ​ត្រូវ​ការភ្ជាប់​វា​ដោយ​ប្រើ​ខ្សែ USB-C 3.1 ទៅកាន់​ឧបករណ៍​ដែល​ភ្ជាប់​ជាមួយ​នោះ។

    សូម​ជម្រាបជូន​ដែរ​ថា Lenovo មិនទាន់​បញ្ជាក់​ពី​តម្លៃ​របស់ ThinkReality A3 ទាំង 2ម៉ូ​ដែល​ខាងលើ​នៅឡើយ​ទេ ប៉ុន្តែ​ត្រូវបាន​គេ​រំពឹងថា វ៉ែនតា​ឆ្លាត​វៃ​នោះ នឹង​បង្ហាញខ្លួន នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ2021 ខាងមុខនេះ៕

  • LG ឌី​ហ្សា​ញ​គ្រែ​គេង បំពាក់​អេក្រង់ OLED ឆ្លាត​វៃ បញ្ជា​ដោយ​សំឡេង ដូច​ក្នុង​រឿង​ហូលីវូដ

    LG ឌី​ហ្សា​ញ​គ្រែ​គេង បំពាក់​អេក្រង់ OLED ឆ្លាត​វៃ បញ្ជា​ដោយ​សំឡេង ដូច​ក្នុង​រឿង​ហូលីវូដ

    ក្នុង​ព្រឹត្តិការណ៍ CES 2021 ក្រុមហ៊ុន​ទាំងអស់ ដែលមាន​ឈ្មោះ​ចូលរួម បាន​បញ្ចេញ Prototype (គំរូ) ផលិតផល​របស់ខ្លួន។ ជាក់ស្ដែង​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ធំ​បំផុត​មួយ របស់​កូរ៉េខាងត្បូង LG បាន​បញ្ចេញឱ្យឃើញ នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​សន្លាង​មួយ​គឺ គ្រែ​គេង​ឆ្លាត​វៃ ភ្ជាប់​ជាមួយនឹង​អេក្រង់​ហូត​ឡើង​បញ្ជា​ដោយ​សំឡេង ហាក់បីដូចជា​នៅក្នុង​ខ្សែភាពយន្ត​ហូលីវូដ​ដូច្នេះ​ដែរ។

    លោក Jong-sun Park ជា​អនុប្រធាន​ផ្នែក​ផលិត​អេក្រង់​របស់ LG បានបង្ហាញ​ចំណាប់អារម្មណ៍​ថា៖ “ជាមួយនឹង​ផលិតផល​នេះ វា​អាចឱ្យ​យើង​រីកចម្រើន​ទៅមុខ ទៅកាន់​ជំនាន់​ចុងក្រោយ​នៃ​អេក្រង់ ដែល​យើង​មាន​លទ្ធផល​គ្រប់គ្រាន់ ក្នុងការ​ផ្លាស់ប្តូរ​បែបផែន​នៃ​ការផលិត​អេក្រង់”

    សូម​ជម្រាបជូន​ផងដែរ​ថា អេក្រង់​ទំហំ 55អ៊ី​ញ ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​មាន​តួនាទី ដូចនឹង​អេក្រង់​កុំព្យូទ័រ នៅ​ចុងជើង​របស់​យើង​តែម្ដង ពេលមុន ឬ​ក្រោយ​ក្រោក​ពី​គេង​មក អាច​បញ្ជា​បាន មិនចាំបាច់​រង់ចាំ​យូរ​ឡើយ។ មកទល់ពេលនេះ មិនទាន់មាន​ព័ត៌មាន​ច្រើន អំពី​គ្រែ​គេង​ដ៏​ទំនើប​មួយ​នេះ​នៅឡើយ៕

  • ទ្រព្យ​របស់ Elon Musk បន្ត​កើនឡើង​លើសពី 200 ពាន់​លាន​ដុល្លារ

    ទ្រព្យ​របស់ Elon Musk បន្ត​កើនឡើង​លើសពី 200 ពាន់​លាន​ដុល្លារ

    មហាសេដ្ឋី Elon Musk បន្ត​បង្កើត​កំណត់ត្រា​ថ្មី​អំពី​ទំហំ​ទ្រព្យសម្បត្តិ​ដែល​លោក​កំពុង​កាន់កាប់ ក្រោយពី​បាន​ដណ្ដើមបាន​តំណែង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ពី​មហាសេដ្ឋី Jeff Bezos។

    បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី 8 មករា មូល​ប​ត្រ Tesla បាន​កើនឡើង​ខ្ពស់ ជួយ​ឱ្យទ្រព្យរបស់​លោក Elon Musk កើន​លើសពី 200 ពាន់​លាន​ (200,000,000,000) ​ដុល្លារ​អា​មេ​មេ​រិ​ក​ជា​លើកដំបូង។

    យោងតាម Bloomberg Billionaires Index បច្ចុប្បន្ន មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ កាន់កាប់​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​សរុប​ចំនួន 209 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង 23 ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​មហាសេដ្ឋី Jeff Bezos។ រាប់​ចាប់ពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន CEO របស់ Tesla រក​បាន​​ប្រាក់​បន្ថែមចំនួន 39.6 ពាន់​លាន​ដុល្លារ។

    កាលពី​ខែសីហា ឆ្នាំ 2020 អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon លោក Jeff Bezos បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែលមាន​ទ្រព្យ​ចំនួន 200 ពាន់​លាន​ដុល្លារ។ ប៉ុន្តែ មិនយូរប៉ុន្មាន តួលេខ​នេះ​បាន​ធ្លាក់ចុះ ដោយសារ​មូល​ប​ត្រ Amazon ធ្លាក់​ថ្លៃ។ ក្រោយមក ទ្រព្យ​របស់លោក Bezos ជាថ្មី​ម្ដងទៀត បាន​កើនឡើង​លើស​ពី 200 ពាន់​លាន​ដុល្លារ​កាលពី​ខែតុលា ឆ្នាំ 2020។

    បច្ចុប្បន្ន ពិភពលោក​ទាំងមូល មាន​មហាសេដ្ឋី​ចំនួន 5 រូប ដែលមាន​ទ្រព្យ​ចាប់ពី 100 ពាន់​លាន​ដុល្លារ​អាមេរិក​ឡើងទៅ។ ក្រៅពី Elon Musk និង Jeff Bezos ក៏មាន​លោក Bill Gates សហ​ស្ថាបនិក​របស់ Microsoft (134 ពាន់​លាន​ដុល្លារ) លោក Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH (117 ពាន់​លាន​ដុល្លារ) និង​លោក Mark Zuckerberg CEO របស់ Facebook  (101 ពាន់​លាន​ដុល្លារ)។

    មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ​អាស៊ី Zhong Shanshan (អ្នកជំនួញ​ចិន) និង​កំពុង​កាន់កាប់​​ទ្រព្យ​ដែលមាន​តម្លៃ​សរុប 95.1 ពាន់​លាន​ដុល្លារ​អាមេរិក នឹង​អាចមាន​ឈ្មោះ​ក្នុង​ក្រុម​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​លើសពី 100 ពាន់​លាន​ដុល្លារ​នាពេល​ដ៏​ខ្លី​ខាងមុខ៕

    ប្រភព៖ Bloomberg

  • ស្មា​ត​ហ្វូ​ន Mi 11 របស់ Xiaomi ប្រើពេល​ត្រឹមតែ 5នាទី​ប៉ុណ្ណោះ លក់បាន​ជាង 35ម៉ឺន​គ្រឿង

    ស្មា​ត​ហ្វូ​ន Mi 11 របស់ Xiaomi ប្រើពេល​ត្រឹមតែ 5នាទី​ប៉ុណ្ណោះ លក់បាន​ជាង 35ម៉ឺន​គ្រឿង

    ក្រុមហ៊ុន Xiaomi អាច​លក់​ស្មា​ត​ហ្វូ​ន Mi 11 បាន​ជាង 35ម៉ឺន​គ្រឿង ដោយ​ប្រើពេល​ត្រឹមតែ 5នាទី ដែល​គិត​ជា​ទឹកប្រាក់​វិញ គឺ​លើសពី 1.5ពាន់​លាន​យន់ (ឬ​ប្រមាណ 230លាន​ដុល្លារ)។

    ក្រុមហ៊ុន បានចាប់ផ្ដើម​បើក​ការលក់​លើកដំបូង​ក្នុងប្រទេស​ចិន ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង​បំផុត  កាលពី​ថ្ងៃទី1 ខែមករា ឆ្នាំ2021 កន្លងទៅ។

    Xiaomi ទើបនឹង​បង្ហាញ​រូបរាង​ស្មា​ត​ហ្វូ​ន Mi 11 ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ2020 កន្លងទៅ ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ក្នុង​លោក ដែលមាន​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 888 របស់​ក្រុមហ៊ុន Qualcomm និង​មាន​បង្កប់​បច្ចេកវិទ្យា​ស្គែ​ន​ចង្វាក់បេះដូង​ថែម​ទៀតផង។

    លក្ខណសម្បត្តិ​របស់ Mi 11 មាន​ថ្ម​ទំហំ 4600mAh, អាច​សាក​ថ្ម​កម្លាំង 55W និង​សាក​ដោយ​ឥត​ប្រើ​ខ្សែ​កម្លាំង 50W ។ ប្រើប្រាស់​អេក្រង់ AMOLED ទំហំ 6.81អ៊ី​ញ ដែលមាន​កម្រិត​បង្ហាញ 2K និង​មាន Refresh Rate 120Hz។ វា​មាន​កាមេរ៉ា​ក្រោយ 3គ្រាប់ ដែល​កាមេរ៉ា​មេ ទំហំ 108MP, កាមេរ៉ា Ultrawide ទំហំ 13M, កាមេរ៉ា Macro ទំហំ 5MP, កាមេរ៉ា Selfie ទំហំ 20MP និង​មាន​ជម្រើស RAM ទំហំ 8GB ឬ 12GB ជាមួយ​អង្គ​ផ្ទុក 128GB ឬ 256GB ។

    Xiaomi mi 11 ជម្រើស RAM 8GB និង​មេម៉ូរី 128/256GB និង 1ទៀត គឺ RAM 12GB មេម៉ូរី 256GB និង​ដាក់លក់​ក្នុងតម្លៃ​ប្រមាណ​ជា 610ដុល្លារ៕

  • ឆ្នាំង​សាក​ល្បឿន​លឿន​ដាច់​គេ 135W របស់ Huawei ត្រៀម​ចេញ​ហើយ តែ​មិន​ច្បាស់​ថា​សម្រាប់​ទូរស័ព្ទ ឬ​កុំព្យូទ័រ

    ឆ្នាំង​សាក​ល្បឿន​លឿន​ដាច់​គេ 135W របស់ Huawei ត្រៀម​ចេញ​ហើយ តែ​មិន​ច្បាស់​ថា​សម្រាប់​ទូរស័ព្ទ ឬ​កុំព្យូទ័រ

    ថ្មីៗនេះ ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង 135W Super fast របស់​ក្រុមហ៊ុន Huawei បាន​លេចចេញ​វត្តមាន បញ្ជាក់​ដោយ​វិញ្ញាបនបត្រ 3C (China Compulsory Certificate) តែ​យ៉ាងណាមិញ គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ថា តើ​វា​នឹងត្រូវ​យកទៅ​ប្រើ​ជាមួយ​ទូរស័ព្ទ ឬក៏​កុំព្យូទ័រ​យួរដៃ របស់ Huawei ឬក៏​ឧបករណ៍​ផ្សេងទៀត?។

    ស្របពេល​នេះដែរ ទូរស័ព្ទ​លំដាប់​កំពូល Huawei P50 Pro+ ក៏​ត្រៀម​នឹង​ប្រកាស​ចេញ​ដូចគ្នា។ បើសិនជា​បែបនេះ​ពិតមែន ភាគរយ​ដែល​ខ្ពស់​នោះ​គឺ ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង 135W អាច​នឹង​យកទៅ​ប្រើ​ជាមួយ P50 ជាមិនខាន​ឡើយ។

    សម្រាប់​កាលបរិច្ឆេទ​ប្រកាស​ចេញ ក៏​ពុំទាន់​ប្រកាស​ឱ្យដឹង​ដែរ។ ដូច្នេះ​មានតែ​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ជា​បន្តទៀត៕