Category: សង្គម និងសេដ្ឋកិច្ច

  • សម្រាប់ស្រីៗយើង ការងូតទឹកត្រូវតាមវិធី ធានាថា សាច់ស្អាត ស្បែកភ្លឺរលោង

    សម្រាប់ស្រីៗយើង ការងូតទឹកត្រូវតាមវិធី ធានាថា សាច់ស្អាត ស្បែកភ្លឺរលោង

    មានសៀវភៅតម្រាមួយ បានណែនាំឱ្យងូតទឹកត្រជាក់ ដែលវាជាការធ្វើឱ្យមនុស្សយើង ស្ថិតក្នុងវ័យកំលោះក្រមុំបានយូរ ព្រោះនៅពេលស្បែក និងសាច់ ប៉ះនឹងភាពត្រជាក់របស់ទឹក ឈាមនឹងនាំគ្នាបាញ់ស្ទុះ មករកស្រទាប់ស្បែក ដើម្បីធ្វើឱ្យរាងកាយបានកក់ក្តៅឡើង និងអាចនិយាយបានថា ជាការបណ្តេញវត្ថុមិនល្អ ចេញពីរាងកាយទៀតផង។

    តែអ្នកខ្លះចូលចិត្តងូតទឹកក្តៅឧណ្ហៗ ដើម្បីកុំឱ្យរងា។ បើក្នុងករណីនេះ សីតុណ្ហភាពរបស់ទឹកក្តៅនោះ មិនគួរក្ដៅខ្លាំងជាងសីតុណ្ហភាពរបស់រាងកាយ លើសពី 2អង្សាហ្វារេនហាយទេ មិនដូច្នោះទេ អាចនឹងធ្វើឱ្យស្បែកស្ងួត កើតអាការរមាស់។

    ការងូតទឹក មិនថាតែទឹកក្តៅ ឬទឹកត្រជាក់ឡើយ ទាំងអស់គ្នាគួរងូត មុនទទួលទានអាហារ រយៈពេល ១ម៉ោង ឬក្រោយពេលបាយរួច យ៉ាងតិច​បំផុត ២-៣ម៉ោង។ ការត្រាំខ្លួននៅក្នុងទឹកក្តៅ មុនពេលចូលគេង នឹងជួយឱ្យគេងលក់បានស្រួល។ តាមរយៈការសាកល្បងនៅលើស្រ្តី​ចំនួន ៩នាក់ ដែលមានបញ្ហារឿងគេងមិនលក់ បានសាកល្បងឱ្យម្នាក់ៗ ងូតទឹកក្តៅ ប្រមាណជា ១ម៉ោងកន្លៈ មុនពេលចូលគេង ជាប់ៗគ្នារយៈពេល ២យប់ក្នុង ១សប្តាហ៍។ តមក ក៏សាកល្បងឱ្យស្រ្តីក្រុមដដែលនេះ សាកល្បងងូតទឹកមិនសូវក្តៅដូចមុន វិញម្តង ដើម្បីពិនិត្យ​មើលលទ្ធផល​ប្រៀប​​​​​ធៀប និងបានសង្កេតឃើញថា ពេលងូតទឹកក្តៅ ក្រុមស្រ្តីទាំងនោះគេងលក់បានស្រួល និងស្កប់ជាងពេលងូតទឹកមិនសូវក្តៅ។

    ចំពោះសុខភាពរូបសម្ផស្សវិញ ការងូតទឹកក្តៅ ការដុសសាប៊ូខ្លាំងៗ នឹងធ្វើឱ្យស្បែករាងកាយឡើងស្ងួត ព្រោះជាតិប្រេងដែលមាននៅលើស្បែកតាមធម្មជាតិនោះ ត្រូវបានកម្ចាត់ចេញអស់ ដូច្នេះបើស្បែករបស់អ្នកឡើងស្ងួតនោះ ចូរលាយប្រេងម្កាក់ប្រភេទថ្លា ១ស្លាបព្រាបាយ នៅក្នុងទឹកសម្រាប់ងូតនោះ ឬក៏លាបលើស្បែកឱ្យសព្វខ្លួន ដោយប្រេងម្កាក់ស្តើងៗ មុនពេលងូតទឹកក្តៅក៏បាន…នៅពេលងូតទឹកហើយ ស្បែករបស់អ្នកនឹងស្រស់ថ្លា មានសំណើម និងថែមទាំងភ្លឺរលោងទៀតផង៕

  • ឯកឧត្តម ជា ចាន់តូ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ2020 បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ:ពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ

    ឯកឧត្តម ជា ចាន់តូ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ2020 បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ:ពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ

    ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា បាន​ថ្លែងថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ2020 បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ:ពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ ដែលជា​ចម្បង​ដោយសារ ការធ្លាក់ចុះ​វិស័យ​ទេសចរណ៍ ការនាំចេញ​ផលិតផល​កាត់ដេរ និង​វិស័យ​សំណង់។

    ឯកឧត្តម ជា ចាន់តូ បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ ដោយបាន​បញ្ជាក់ថា ទោះយ៉ាងណា កម្ពុជា​នៅតែ​អាច​សម្រេចបាន​នូវ​ស្ថិរភាព​ថ្លៃ និង​អត្រា​ប្តូរប្រាក់ ហើយ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បានគរ​ពូន​ជា​លំដាប់ និង​មាន​កម្រិត​ខ្ពស់ជាង 3ដង នៃ​កម្រិត​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន។

    ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ-19 វិស័យ​ធនាគារ​មាន​ស្ថិរ​ភាពរឹងមាំ និង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់ នៃ​វិបត្តិ​មកលើ​អាជីវកម្ម និង​ប្រជាជន​ក្រីក្រ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

    ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី ក៏​នឹង​រួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឱ្យទៅជា​សេដ្ឋកិច្ច​ឌីជីថល​ផងដែ។ ក្នុងចំណោម​ប្រព័ន្ធ​ទូទាត់​ដែល​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​កន្លង​មក ប្រព័ន្ធ​បាគង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន (Blockchain) ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា ជា​ប្រព័ន្ធ​ទូទាត់​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​នៅលើ​ពិភពលោក និង​កំពុង​ក្លាយជា​ប្រព័ន្ធ​ទូទាត់​ចម្បង​មួយ ដែល​សម្រួល​ដល់​ការផ្ទេរ​ប្រាក់ និង​ទូទាត់​សង​ប្រាក់ភ្លាមៗ រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ៕

  • ទស្សនា​ឃ្លី​ប អ្នកបើក​គ្រឿងចក្រ ចាប់ “យន្តហោះ ១គ្រឿង” បង្វិល ដូច​របស់លេង

    ទស្សនា​ឃ្លី​ប អ្នកបើក​គ្រឿងចក្រ ចាប់ “យន្តហោះ ១គ្រឿង” បង្វិល ដូច​របស់លេង

    គេ​នាំគ្នា​និយាយថា ក្មេងប្រុសៗ ពេល​ធំ​ឡើង របស់​លេង​របស់​ពួកគេ ក៏​នឹង​ធំ ហើយ​ថ្លៃឡើងៗទៅតាម​នោះដែរ ហើយ​រឿងនេះ វា​បាន​ក្លាយជា​ការពិត យ៉ាង​មិនបាច់​សង្ស័យ តាមរយៈ​ឃ្លី​ប​វីដេអូ ដែល​កំពុង​ល្បីល្បាញ​ក្នុងខណៈ​ពេលនេះ នៅពេលដែល​បុរស​អ្នកស្រុក​ហ្វ្ល​រី​ដា ម្នាក់ បាន​ប្រើ​ដៃ​ចាប់ របស់​រថយន្ត​គ្រឿងចក្រ​ប៊ែ​ក​ហូ ចាប់​យន្តហោះ ១គ្រឿង បង្វិល​លេង​ដូច​កូនក្មេង។

    អ្នក​ផូ​ស្ត និង​ថត​ឃ្លី​ប​វីដេអូ​នេះ គឺ​មនុស្ស​ម្នាក់​ដែល​ប្រើ​ឈ្មោះថា vice.aviator ក្នុង​ប្រព័ន្ធ​អ៊ី​ន​ស្តា​ក្រាម ដែល​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​យន្តហោះ ដោយ​ឃ្លី​ប​មួយ​នេះ បាន​ក្លាយជា វ៉ា​យ​រ៉ា​ល់ ក្នុង​ទូទាំង​ប្រព័ន្ធ​បណ្ដាញ​សង្គមផ្សេងៗ ដូចជា ហ្វេ​ស​ប៊ុ​ក រេ​ត​ធី​ង ធ្វី​ត​ធើរ និង​អ៊ី​ន​ស្តា​ក្រាម។

    ឃ្លី​ប​វីដេអូ​នេះ ត្រូវបាន​ថត​នៅក្នុង​ព្រលានយន្តហោះ Opa-Locka Executive ក្នុង​ទីក្រុង​ម៉ៃ​អា​មី  ដោយ​អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​រូបនេះ បាន​រៀបរាប់​ឱ្យដឹងថា គាត់​បាន​សម្លឹង​ទៅ​ត្រង់​កន្លែង​នោះ ដើម្បី​ស្វែងរក​យន្តហោះ​បូ​អ៊ីង 707 ចាស់ៗដែល​ទើបត្រូវ​កម្ទេចចោល តែ​គាត់​បែរជា​មើលឃើញ អ្នកបញ្ជា​រថយន្ត​គ្រឿងចក្រ​ម្នាក់ បាន​ប្រើ​ដៃ​ចាប់​របស់​គ្រឿងចក្រ​នោះ ចាប់​រថយន្ត​ហោះ ១គ្រឿង​បង្វិល​លេង តែ​គាត់​មិនបាន​ថា តើ​អ្នកបញ្ជា​រថយន្ត​គ្រឿងចក្រ​នោះ​មានឈ្មោះ​អ្វី​ឡើយ។

    លោក​បានសរសេរថា “ក្រោយ​ចាក​ចេញពី​ព្រលានយន្តហោះ នៅពេល​ព្រឹក បន្ទាប់ពី​ការហ្វឹកហាត់​របស់ខ្ញុំ​ហើយ ក្នុងឋានៈ​ជា​អ្នក​ចូលចិត្ត និង​ស្រឡាញ់​យន្តហោះ ខ្ញុំ​ក៏​សម្រេចចិត្ត ជិះឡាន​ទៅ​មើល​យន្តហោះ​បូ​អ៊ីង707 ចាស់ៗ ដែល​ទើប​ត្រូវ​​កម្ទេច​ចោល​ តែ​​ក៏​​គ្មាន​សំណាង​បានឃើញ​ឡើយ។ ខ្ញុំ​ក៏​បើកឡាន​ត្រឡប់​វិញ និង​បានឃើញ​យន្តហោះ​ប្រភេទ Jet ១គ្រឿង​ដែល​ត្រូវគេ​ឈប់​ប្រើប្រាស់​ទៅហើយនោះ វា​បែរជា​បាន​ហោះហើរ​ម្ដងទៀត ជា​លើកចុងក្រោយ ដោយ​គ្មាន​នរណា​នឹកស្មាន​ដល់…”

    ត្រូវ​អរគុណ​ចំពោះ ការ​ទៅ​ចំពេល​វេលា​របស់គាត់ ទើប​ធ្វើឱ្យ​យើងទាំងអស់គ្នា បាន​ទស្សនា​អំឡុងពេល​ដ៏​គួរ​អស់សំណើច​មួយ​នេះ៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • គម្រោង​សាងសង់​ស្ពាន​ទៅ​អរិយ​ក្សត្រ នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ និង​ទីតាំង​ច្បាស់លាស់

    គម្រោង​សាងសង់​ស្ពាន​ទៅ​អរិយ​ក្សត្រ នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ និង​ទីតាំង​ច្បាស់លាស់

    ការបន្ត​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ-19 កំពុង​ធ្វើ​ឳ្យ​ការកំណត់​កាលបរិច្ឆេទ​នៃ​ការសាងសង់​ស្ពាន ពី​ភ្នំពេញ ទៅ​តំបន់អរិយ​ក្សត្រ ត្រូវ​អូសបន្លាយ ដោយ​មកដល់ពេលនេះ ក្រុមការងារ​ជំនាញ​របស់​ប្រទេស​ទាំង2 នៅ​មិនទាន់បាន​ជួបគ្នា​នៅឡើយ ទោះបីជា​កម្ពុជា បាន​បង្កើត​ក្រុមការងារ​របស់ខ្លួន រួចហើយ​ក៏ដោយ។

    ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ លោក មូ​ន ជេ​អ៊ី​ន កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ2020 បានប្រកាសថា ប្រទេស​កូរ៉េ​នឹង​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ។

    លោក វ៉ា​ស៊ឹម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី20 ខែមករា ថា បន្ទាប់ពី​ទទួលបាន​ការសន្យា​ពី​ប្រទេស​កូរ៉េខាងត្បូង អំពី​ការផ្ដល់​អំណោយ​ស្ពាន​ឆ្លងទន្លេ ភ្ជាប់​ពី​ភ្នំពេញ​ទៅ​តំបន់​អរិយ​ក្សត្រ​ហើយ កម្ពុជា​ក៏បាន​រៀបចំ​ក្រុមការងារ​ជំនាញ​របស់ខ្លួន ដើម្បី​ត្រៀម​ធ្វើការ​ជាមួយ​ភាគី​កូរ៉េ។ លោក​បន្តថា ប៉ុន្តែ​ដោយសារ​ការឆ្លង​កូ​វីដ-19 នៅលើ​ពិភពលោក មិនទាន់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង ដូច្នេះ​មកដល់ពេលនេះ ក្រុមការងារ​នៃ​ប្រទេស​ទាំង2 នៅ​មិនទាន់បាន​ជួបប្រជុំគ្នា​ទេ។

    លោក​បន្ថែមថា ដោយសារតែ​ក្រុមការងារ​ជំនាញ​ប្រទេស​ទាំង2 មិនទាន់​ជួបគ្នា ហេតុនេះ ទើប​គេ​មិនទាន់​អាច​កំណត់​ពី​ការសាងសង់​ស្ពាន​នេះ​ថា នឹងត្រូវ​ធ្វើ​នៅ​កន្លែង​ណា? ពេលណា? និង​មានតម្លៃ​ប៉ុន្មាន​នៅឡើយ​ទេ។

    លោក​និយាយថា៖ “កម្ពុជា​បាន​បង្កើត​ក្រុមការងារ សម្រាប់​គម្រោង​សាងសង់​ស្ពាន ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​តំបន់​អរិយ​ក្សត្រ​រួចហើយ ដោយ​យើង​នៅ​រង់ចាំតែ​ការមកដល់​របស់​ភាគី​កូរ៉េ​ប៉ុណ្ណោះ។ លោក​បន្ថែមថា៖ “សម្រាប់​ពេលវេលា​សាងសង់ គឺ​មិនទាន់​អាច​និយាយថា នឹង​ចាប់ផ្ដើម​នៅពេលណា​បានទេ ព្រោះ​គេ​ត្រូវការ​ពេលវេលា​សិក្សា​បច្ចេកទេស​សាងសង់ និង​ថវិកា​បន្ថែមទៀត។

    ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​ប្រាប់ថា ព័ត៌មាន​ពី​ការផ្ដល់​ជំនួយ​របស់​កូរ៉េ​សម្រាប់

    សាងសង់​ស្ពាន​ទៅ​តំបន់​អរិយ​ក្សត្រ​នេះ មិនបាន​ធ្វើ​ឳ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ទេ តែ​សកម្មភាព​នៃ​ការទិញ​លក់ ហាក់​មាន​ច្រើនជាង​មុន។ អរិយ​ក្សត្រ​គឺជា​ទីតាំង​ល្អ​ដែល​អ្នកវិនិយោគ​មិនគួរ​មើលរំលង ព្រោះ​នៅពេល​មាន​ស្ពាន​ត​ភ្ជាប់​មក​ចំណុចកណ្ដាល​ភ្នំពេញ​ហើយ ទីនោះ​នឹងមាន​ការអភិវឌ្ឍ​លឿន​មិន​ខាន។

    លោក​ប្រាប់ថា៖ “ដោយសារ​ព័ត៌មាន​គម្រោង​សាងសង់​ស្ពាន​នេះ បានប្រកាស​ក្នុងអំឡុងពេល​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-19 ហេតុនេះ​តម្លៃ​ដី​នៅ​អរិយ​ក្សត្រ មិនបាន​ហក់​ឡើង​ខ្ពស់​ទេ បើ​ធៀប​នឹង​ដើមឆ្នាំ2020 គ្រាន់តែ​ចលនា​នៃ​ការទិញ​លក់ គឺមាន​ភាព​មមាញឹក​ជាង​មុន។

    លោក​បន្តថា បច្ចុប្បន្ន ដី​នៅ​អរិយ​ក្សត្រ​តំបន់​ល្អ​បំផុត (ជាប់មាត់​ទន្លេ) មានតម្លៃ​ជា​មធ្យម​ក្នុង​រង្វង់ 1,000ដុល្លារ ក្នុង 1ម៉ែត្រការ៉េ ដីឡូត៍​លំនៅឋាន​មានតម្លៃ​ក្នុង​រង្វង់ 300ដុល្លារ និង​ដី​សម្រាប់​អភិវឌ្ឍន៍ធំៗ មានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី 180-250ដុល្លារ។

    ជាមួយគ្នានេះ លោក​អះអាងថា៖ “តម្លៃ​ដី​នៅ​អរិយ​ក្សត្រ នឹង​ស្ទុះ​ឡើង​ខ្ពស់ ពេល​ស្ពាន​ចាប់ផ្ដើម​សាងសង់ ដែល​វា​នឹង​ស្ទុះ​ឡើង​ខ្ពស់ ដូច​នៅ​តំបន់​ជ្រោយចង្វារ​នាពេល​បច្ចុប្បន្ន​នេះដែរ។

    កន្លងមក កម្ពុជា​ធ្លាប់​លើកយក​តំបន់​កំពង់ចម្លង​ស្វាយជ្រុំ-អរិយ​ក្សត្រ​នេះ ធ្វើជា​កន្លែង​មាន​លក្ខណ:អំណោយផល សម្រាប់​ការកសាង​ស្ពាន ប៉ុន្តែ​សម្រាប់​ការងារ​ជាក់ស្ដែង គឺ​គេ​នៅ​មិនទាន់​បានកំណត់​យក​ក​ន្លែ​ង​ណា​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​អ្នកជំនាញការ​របស់​ភា​គី​ទាំង2 សិក្សា​រួមគ្នា​សិន។ នេះ​បើ​យោងតាម​លោក វ៉ា​ស៊ឹម សូរិយា៕

  • កុំខ្ជិលកោររោមក្លៀក បើមិនចង់ជួបរឿងយ៉ាប់ៗបែបនេះ…

    កុំខ្ជិលកោររោមក្លៀក បើមិនចង់ជួបរឿងយ៉ាប់ៗបែបនេះ…

    ទោះមិនមែនជាមនុស្សប្រុស ក៏មនុស្សស្រីយើង មានដុះរោមក្លៀកដែរ ហើយអ្នកខ្លះ ថែមទាំងខ្ជិលកោរចេញទៀតផង ខាងក្រោមនេះគឺរឿងយ៉ាប់ៗមួយចំនួន ដែលនារីៗណា ខ្ជិលកោររោមក្លៀក ច្បាស់ជាត្រូវជួបមិនខាន។

    . អ្នកណាៗ ក៏សម្លឹងមើលមកអ្នកដែរ

    ប្រាកដហើយ…ព្រោះមានស្រីៗឯណា គេទុករោមក្លៀកឱ្យវែង ដល់ថ្នាក់ហ្នឹងនោះ?!។ បើអ្នកចេញទៅខាងក្រៅ បែបមានរោម​ក្លៀកវែងៗបែបនោះ វាមិនមែនជារឿងប្លែកទេ ដែលអ្នកណាៗ ក៏បែរមកសម្លក់សម្លឹងមើលអ្នកដែរនោះ ព្រោះអ្នកដទៃគេនឹងគិតថា អ្នកជា​មនុស្សកខ្វក់ មិនចេះមើលថែទាំខ្លួន ហើយបើនៅជិតផង អាចនឹងមានធំក្លិនមិនល្អ នាំឱ្យចង់វិលមុខខ្យល់គទៀតផង។

    . ជួបនឹងក្លិនខាៗ មិនស្រស់ស្រាយ

    រោមក្លៀកដែលវែង នឹងធ្វើឱ្យការថែទាំសម្អាតកាន់តែពិបាកឡើង ដល់ពេលនោះ នឹងមានក្លិនមិនល្អកើតឡើងយ៉ាងពិត​ប្រាកដ ហើយអាចនឹងគ្មាននរណាចង់ចូលមកក្បែរឡើយ ក៏អាចថាបានដែរ។

    . ត្រូវគិតរាងច្រើន មុននឹងរើសខោអាវមកស្លៀក

    បើខ្ជិល មិនព្រមកោររោមក្លៀកចេញសោះនោះ ប្រហែលជាលែងបានពាក់អាវដៃខ្លី អាវវៀលក្លៀក ឬក៏អាវអត់ដៃស្អាតៗ​ទៀតហើយមើលទៅ ព្រោះប្រហែលជាគ្មានអ្នកណាគេចង់ឃើញ អ្នកដែលស្លៀកពាក់ស្អាតៗហើយ តែពេលលើកដៃឡើង មានសុទ្ធតែរោមក្លៀកវែងៗនោះទេ។ វិធីដែលល្អបំផុត គឺទុកសម្លៀកបំពាក់ទាំងនោះស្លៀក ពេលកោររោមក្លៀកចេញរួចហើយវិញប្រសើរជាង។

    ខ្លួនជាស្រី យ៉ាងណាៗក៏មិនគួរទុករោមក្លៀកដែរ បើអ្នកណាស្រឡាញ់ចូលចិត្តការទុករោមក្លៀកវែងៗ បែបនារីបរទេសនោះ ក៏សូមឱ្យគិតថា វាមិនស័ក្តិសមនឹងមនុស្សស្រីស្រុកយើងទេ ព្រោះធាតុអាកាសក្តៅ វានឹងធ្វើឱ្យមានក្លិនមិនល្អ និងសូមជឿចុះថា គ្មានបុរសណា ​គេចូលចិត្តបែបហ្នឹងទេ៕

  • ឥណ្ឌា បង្ហាញ​គម្រោង​ជំនួយ និង​វិនិយោគ​ជាច្រើន​នៅ​កម្ពុជា

    ឥណ្ឌា បង្ហាញ​គម្រោង​ជំនួយ និង​វិនិយោគ​ជាច្រើន​នៅ​កម្ពុជា

    ក្នុងឱកាស​ចូលជួប​ស​ម្តែ​ង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ  ខូ​ប្រា​ហ្គា​ដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែល​ទើប​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​សម្តេច​ពី​គម្រោង​ជំនួយ និង​ការវិនិយោគ​ជាច្រើន របស់​ប្រទេស​ឥណ្ឌា​នៅ​កម្ពុជា។ ពិសេស​លោកជំទាវ បាន​ប្តេជ្ញាចិត្ត​នៅក្នុង​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ រវាង​ប្រទេស​ទាំង2 ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ។

    នៅក្នុង​ជំនួប​សវនាកា​រ នា​ព្រឹក​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ បាន​លើកឡើងថា ឥណ្ឌា​មាន​គម្រោង​ចូលរួម​ជួយ​ជួសជុល​អភិរក្ស​ប្រាសាទព្រះវិហារ ដែលជា​បេតិកភណ្ឌ​ពិភពលោក ចូលរួម​ជំរុញ​លើកកម្ពស់​ការប្រើប្រាស់​ទឹកស្អាត​នៅ​ជនបទ និង​ជួយ​ដល់​វិស័យ​សុខាភិបាល ការប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់ និង​ការកសាង​សមត្ថភាព​សមាជិក-សមាជិកា​នៃ​រដ្ឋសភា និង​មន្ត្រីរាជការ ជាដើម។

    ជាមួយគ្នានេះ លោកជំទាវ បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ជំរុញ​ដល់​អ្នក​វិនិយោគិន​ពី​ប្រទេស​ឥណ្ឌា មក​បណ្ដាក់ទុន​នៅ​កម្ពុជា ក្នុង​វិស័យ​សុខាភិបាល ជំរុញឱ្យមាន​ជើងហោះហើរ​ត្រង់ រវាង​ប្រទេស​ទាំង2។ លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ជម្រាប សម្តេច​ដែរ​ថា ឥណ្ឌា​នឹង​លើកកម្ពស់​ការទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន តាមបែប​ឌីជីថល នៅក្នុង​នោះ​មាន ប្រជាជន​កម្ពុជា និង​ប្រជាជន​ឥណ្ឌា ប្រជាជន​ឥណ្ឌា និង​ប្រជាជន​ក្នុង​តំបន់​អាស៊ាន ហើយ​ឥណ្ឌា នឹង​កសាង​ផ្លូវ​គមនាគមន៍​ដ៏​ធំ​មកកាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ។

    លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា ផងដែរ​ថា ចំពោះ​សំណើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បានស្នើ​ដល់​ប្រទេស​ឥណ្ឌា ជួយផ្តល់​ជំនួយ​មនុស្ស​ធម៌​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ដល់​ប្រទេស​កម្ពុជា​នោះ លោកជំទាវ នឹង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ឥណ្ឌា​បាន​ជ្រាប និង​សម្រេច​នៅក្នុង​កិច្ចការ​នេះ។

    សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ​បេសកកម្ម​ការទូត​ថ្មី របស់លោក​ជំទាវ នៅ​កម្ពុជា។ សម្តេច​បាន​លើកឡើងថា បេសកកម្ម​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការបន្ត​រួមចំណែក​លើកកម្ពស់​ទំនាក់​ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំង2 ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​ល្អប្រសើរ ថែម​ឡើង​មួយកម្រិត​ទៀត។

    កម្ពុជា-ឥណ្ឌា មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការទូត​នេះ ជាមួយគ្នា​ជា​យូរយារ​ណាស់​មកហើយ ទាំង​ផ្នែក​សិល្បៈ វប្បធម៌ និង​ជំនឿ​សាសនា។ សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា ឥណ្ឌា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​មិន​ច្រើន​ទេ ដែល​បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា នៅក្រោយ​ថ្ងៃ​រំដោះ ៧មករា ឆ្នាំ១៩៧៩ ខណៈ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​លោកខាងលិច បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា។

    សម្តេច​បាន​លើកឡើងថា រដ្ឋសភា​កម្ពុជា មានការ​ពេញចិត្ត ដោយ​សង្កេតឃើញ​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​យើង​ទាំង2 កម្ពុជា-ឥណ្ឌា មានការ​រីកចម្រើន​ឥតឈប់ឈរ ទាំង​វិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស។

    ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ឥណ្ឌា ដែល​រយៈពេល​កន្លងមក​នេះ បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស រយៈពេល​ខ្លី និង​វែង ដល់​និស្សិត និង​មន្ត្រី​កម្ពុជា ជាង 1ពាន់​នាក់ និង​សូម​ស្នើ​ឥណ្ឌា បន្ត​ជួយ​បណ្តុះបណ្តាល​ជំនាញផ្សេងៗបន្ថែមទៀត។ សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា រដ្ឋសភា​កម្ពុជា​សូម​អបអរសាទរ រដ្ឋាភិបាល​ប្រទេស​ទាំង2 ដែល​បាន​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ជាមួយគ្នា ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​ជាច្រើន និង​បាន​ត្រៀម​ចុះហត្ថលេខា​លើ​ឯកសារសំខាន់ៗជាច្រើន​ទៀត។

    លោកជំទាវ ដេ​វី​យ៉ា​នី ឧ​ត្តាំ  ខូ​ប្រា​ហ្គា​ដ បាន​ស្នើសុំ​សម្តេច បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ប្រទេស​ទាំង2 ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត និង​បាន​គោរព​អញ្ជើញសម្តេច​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុ​ជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ក្រោយពេល​ជំងឺ​កូ​វីដ-១៩ បាន​ធូរស្រាល។

    សម្តេច​ប្រធាន បាន​ទទួលយក​សំណើ​នេះ និង​បាន​គូសបញ្ជាក់ថា  រដ្ឋសភា​កម្ពុជា បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ជាមួយ​រដ្ឋសភា​ឥណ្ឌា នៅក្នុង​ក្របខ័ណ្ឌ​ក្រុម​មិត្តភាព​សភា​ទាំង2 តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​វេទិកា​អន្តរ​សភា​នានា  នៅក្នុង​តំបន់ និង​សកលលោក ដែលមាន​ជាអាទិ៍ អន្តរ​សភា​អាស៊ាន និង​សហភាព​អន្តរ​សភា(IPU) ជាដើម៕

  • របស់​សំខាន់ 3យ៉ាង ដែល Samsung បាន​ដក​ចេញពី​ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ ជំនាន់​ថ្មី Galaxy S21 Series

    របស់​សំខាន់ 3យ៉ាង ដែល Samsung បាន​ដក​ចេញពី​ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ ជំនាន់​ថ្មី Galaxy S21 Series

    Samsung ដែល​ទើបនឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ ជំនាន់​ថ្មី Galaxy S21 Series បាន​ភ្ជាប់​មកជា​មួយ​លក្ខណសម្បត្តិពិសេសៗជាច្រើន ក៏ដូចជា​ការទទួលបាន​មុខងារថ្មីៗ មួយចំនួន​ផ្សេងទៀត ដូចជា​បន្ថែម​ការគាំទ្រ​ប៊ិច S Pen ឱ្យ​ត្រកូល S (Galaxy S21 Ultra) របស់ខ្លួន​ជា​លើកដំបូង ជាដើម តែ​ក្នុងនោះ Samsung ក៏បាន​ដកចេញ​ផងដែរ នូវ​របស់​សំខាន់ 3យ៉ាង មានដូចជា៖ ក្បាល​ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង 25W, កាស​ខ្សែ AKG និង microSD។

    Samsung បាន​ដក​ចេញពី​ប្រអប់ របស់ Galaxy S21 Series គឺ​ក្បាល​ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង 25W ដែលជា វត្ថុ​ដំបូង​គេ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ឯ​របស់​បន្ទាប់​ដែល​ត្រូវ​ដកចេញ​ដែរនោះ គឺ​កាស​ខ្សែ AKG ដែល​ធ្លាប់​ឃើញ​មាននៅ​ក្នុង​ប្រអប់​របស់ Galaxy S10 និង S20 Series កន្លងមក។ មានន័យថា នៅក្នុង​ប្រអប់​របស់ Galaxy S21 Series បាន​ភ្ជាប់​មកជា​មួយ​សៀវភៅ​ណែនាំ, ខ្សែ USB-C និង​ម្ជុលចាក់ SIM មួយ​ប៉ុណ្ណោះ។

    សម្រាប់​មួយ​តួខ្លួន លើ​ស្មា​ត​ហ្វូ​ន​ដែល Samsung បាន​ដក​ចេញពី Galaxy S21 Series ទី3 នោះ​គឺ រន្ធ​បន្ថែម microSD មានន័យថា ម្ចាស់ Galaxy S21 Series ទាំងអស់ មិនចាំបាច់​បារម្ភ រឿង​បន្ថែម​មេម៉ូរី ពី​ខាងក្រៅ​នោះទេ។

    សម្រាប់​ម៉ូ​ដែល​ខ្ពស់​ជាងគេ Galaxy S21 Ultra ក៏​មិនអាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​កម្លាំង 45W ដូច​ទៅនឹង S20 Ultra ដែរ។ សរុបមក Samsung យកចិត្ត​ដាក់​ទៅលើ Galaxy S21 Series របស់ខ្លួន​ខ្លាំង​មែនទែន ដោយ​ពួកវា​ទទួលបាន​លក្ខណ​សម្បត្តិថ្មីៗជាច្រើន គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​ជាមួយគ្នា​នោះដែរ Samsung ក៏បាន​ដក​លក្ខណសម្បត្តិ​មួយចំនួន ដែល​អ្នកប្រើប្រាស់​មិន​ចង់ឱ្យ​ដកចេញ​ពី Galaxy S21 Series ផងដែរ៕

  • Store របស់ Huawei ឈ្មោះ “App Gallery” ឌីហ្សាញ អាប់ឌែតថ្មី ស្អាតទាក់ទាញជាងមុន

    Store របស់ Huawei ឈ្មោះ “App Gallery” ឌីហ្សាញ អាប់ឌែតថ្មី ស្អាតទាក់ទាញជាងមុន

    ក្រុមហ៊ុន Huawei បានបញ្ចេញនូវ App Gallery ដែលជាបណ្ដុំកម្មវិធីផ្ដាច់មុខ ឬ Huawei Store កាលពីម្សិលមិញនេះ ដោយឌីហ្សាញអាប់ឌែតថ្មី លើផ្ទាំង Interface និងមុខងារផ្សេងៗទៀត។

    មុខងារថ្មីមួយ គឺ Feature Tab អាប់ឌែតរបៀបប្រើប្រាស់ គឺ scroll អូសឡើងលើ, បន្ថែមកម្មវិធីថ្មីបំផុត-ចាស់បំផុត និងកម្មវិធីណាល្បីជាងគេជាមួយនឹង រូបភាព, ការណែនាំ(guide) និងអត្ថបទខ្លីៗទាក់ទងនឹង app នោះ។ វាក៏បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដែលនឹងអាចមើលឃើញ Card-style feed ផងដែរ។

    មាតិកាថ្មីនេះ ត្រូវបានគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ ដោយ Editor ដើម្បីឱ្យអ្នកប្រើប្រាស់អាចងាយយល់ និងអ្វីដែលពួកគេចង់បានពី កម្មវិធីដែលពួកគេចង់ដោនឡូត។ ជាមួយគ្នានោះ ការអាប់ឌែតថ្មី ក៏មានចំណុចបញ្ចុះតម្លៃ ថែមទៀតដូចជា៖ Cashback discount, Lucky draw និង Challenges with reward សម្រាប់ឱ្យអ្នកប្រើប្រាស់់អាចទិញ ឬសាកល្បងកម្មវិធីថ្មី។ ម្យ៉ាងទៀត វាក៏មានមុខងារដូច Store ដទៃដែរ គឺ reviews និង rating ឱ្យផ្កាយដល់កម្មវិធីដែលអ្នកគិតថា ល្អប្រើ។

    សូមជម្រាបជូនដែរថា App Gallery របស់ Huawei មកទល់ពេលនេះ ទទួលបានអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ឡើងដល់ 500លាននាក់ គិតចាប់តាំងការប្រកាសចេញកាលពីឆ្នាំមុន។ បច្ចុប្បន្ន App Gallery បានដាក់ដំណើរការទូទាំងអឺរ៉ុបរួចរាល់ហើយ និងជាពិសេសការអាប់ឌែតថ្មីខាងលើ នឹងបង្ហាញមុខឆាប់ៗនេះនៅលើ Store ប្រទេសអឺរ៉ុបដូចជា៖ ស្វ៊ីស, ន័រវែស, ហ្វាំងឡង់, ដាណឺម៉ាក, រ៉ូម៉ានី, សាធារណរដ្ឋឆែក, ប៉ូឡូញ, ប៊ុលការី, ប៉ូឡូញ, តួរគី, អូទ្រីស, លីទុយអានី, ហុងគ្រី និងអ៊ុយក្រែន ជាដើម៕

  • អ្នកនៅពីក្រោយមហាជោគជ័យរបស់ហ្គេម PUBG ធ្លាប់បរាជ័យជាច្រើនលើកក្នុងអាជីពជាអ្នកសរសេរកូដ

    អ្នកនៅពីក្រោយមហាជោគជ័យរបស់ហ្គេម PUBG ធ្លាប់បរាជ័យជាច្រើនលើកក្នុងអាជីពជាអ្នកសរសេរកូដ

    បន្ទាប់ពី​បានទទួល​បរាជ័យ​ជាមួយនឹង startup ចុងក្រោយ​ចំនួន 3 ទើប «កំពូល​អ្នកសរសេរ​កូដ» រូបនេះ អាចបង្កើត​បាន​ជោគជ័យ​ជាមួយនឹង​កំពូល​ហ្គេម PUBG។

    Kim Chang-han មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​សហគមន៍​អ្នក​អភិវឌ្ឍ​ហ្គេម​នៅ​ប្រទេស​កូរ៉េខាងត្បូង ប៉ុន្តែ ក្នុង​អាជីព​ជា​អ្នកបង្កើត​ហ្គេម បុរស​នេះ​បាន​ឆ្លងកាត់​បរាជ័យ​ជាច្រើន​គួរឱ្យកត់សម្គាល់។

    ឆ្នាំ 2014 Kim Chang-han ត្រូវ​បង្ខំចិត្ត​បញ្ឈប់​បុគ្គលិក​ចំនួន 1/3 ពី​ក្រុមហ៊ុន​ហ្គេម​របស់ខ្លួន។ ចាប់ពី​ឆ្នាំ 2020 លោក Kim Chang-han បង្កើតបាន​ហ្កេ​ម​អន​ឡាញ​ចំនួន 3 ជាមួយនឹង​ក្រុមហ៊ុន​ថ្មី​ចំនួន 3 ផ្សេងៗគ្នា​ផងដែរ។ ក៏ប៉ុន្តែ ចុងក្រោយ សុទ្ធតែ​ត្រូវ​បរាជ័យ។

    Kim Chang-han និយាយថា៖ «នោះ​គឺជា​កាលៈទេសៈ​ដ៏​មហា​សែន​ជូរចត់​នៃ​ជីវិត​របស់ខ្ញុំ»។ ក្នុងអំឡុងពេល​បរាជ័យ គាត់​បាន​លក់​ក្រុមហ៊ុន​ទៅឱ្យ Krafton Inc និង​ចូល​បម្រើការ​ក្នុង​ក្រុមហ៊ុន​ថ្មី​នេះ​ដោយមាន​តួនាទី​ជា​នាយក​ផ្នែក​ផលិត។

    ចាប់តាំងពី​ពេលនោះ អាជីព​របស់ Kim Chang-han ក៏​ចាប់ផ្ដើម​ផ្លាស់ប្ដូរ។ គាត់​បានសម្រេច​ចិត្ត​ធ្វើការ​ប្រឹងប្រែង​ជា​លើកចុងក្រោយ​ជាមួយនឹង​ក្ដីសង្ឃឹម​ថា​អាច​ជោគជ័យ​ក្នុង​ការងារ​នេះ នោះ​គឺ «បង្កើត​ហ្គេម​អន​ឡាញ​មួយ​ដែល​អ្នកលេង​ប្រយុទ្ធ​គ្នា​ជាមួយនឹង​អ្នកលេង​ដទៃ ហើយ​អ្នក​ចុងក្រោយ​ដែល​នៅមាន «ជីវិត» គឺជា​អ្នកឈ្នះ។

    Kim Chang-han បាន​បញ្ចុះបញ្ចូល Brendan Greene ឱ្យចូល​មកជួយ​ក្រុមហ៊ុន​នៅ​កូរ៉េខាងត្បូង ដោយ​ឱ្យធ្វើជា​នាយក​ផ្នែក​ច្នៃប្រឌិត​សម្រាប់​ហ្គេម​នេះ។

    ឆ្នាំ 2017 Bluehole (ឈ្មោះ​ចាស់​របស់ Krafton) ក៏បាន​ឧទ្ទេសនាម​ហ្គេម​មួយ​ដែលមាន​ឈ្មោះថា PUBG ហើយ​វា​ក៏បាន​ក្លាយជា​ហ្គេម​មួយ​ដែលមាន​ឈ្មោះ​ល្បីល្បាញ និង​ជោគជ័យ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ក្នុងនោះ​កំណែ​សម្រាប់​កុំព្យូទ័រ លក់បាន​ជាង 70 លាន​ឈុត​នៅ​ទូទាំង​ពិភពលោក និង​កំណែ​សម្រាប់​ទូរស័ព្ទ​ត្រូវបាន​ទាញយក​ជាង 600 លាន​លើក។

    បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​តែមាន​គម្រោង​ធ្វើ IPO (បោះផ្សាយ​លក់​មូល​ប​ត្រ​ដំបូង​នៅ​ផ្សារ​ហ៊ុន) នៅ​ពាក់កណ្ដាល​ចុងឆ្នាំ 2021 ហើយ​វា​នឹង​អាច​ក្លាយជា​ករណី IPO ធំ​បំផុត​នៅ​កូរ៉េខាងត្បូង​ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​មកនេះ។

    ការធ្វើ IPO របស់​ក្រុមហ៊ុន​ថ្មី​នេះ ត្រូវគេ​វាយតម្លៃថា​នឹង​ប្រមូលបាន​យ៉ាងតិច 30 ពាន់​លាន​វ៉ុ​ន ដែល​ប្រហាក់ប្រហែល​នឹង 27.2 ពាន់​លាន​ដុល្លារ​អាមេរិក។ ការធ្វើ IPO ដែល​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េខាងត្បូង​គឺ Samsung Life Insurance ដោយ​ប្រមូលបាន​ទុន 4.3 ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ 2020។

    ក្រុមហ៊ុន Krafton បច្ចុប្បន្ន​គ្រប់គ្រង studio ហ្គេម​ចំនួន 4 ប៉ុន្តែ PUBG រកបាន​ចំណូល និង​ចំណេញ​ច្រើនជាងគេបង្អស់។ PUBG រកបាន 1.1 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2020។

    ស្ថាបនិក​របស់ Krafton លោក Chang Byung-gyu បច្ចុប្បន្ន​ជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ ដោយ​កាន់កាប់​ភាគហ៊ុន 17% គិត​ត្រឹម​ខែកញ្ញា។ តាម​ពីក្រោយ​គឺ​ក្រុមហ៊ុន Tencent Holdings ដោយមាន​ភាគហ៊ុន 16% ខណៈដែល​លោក Kim Chang-han កាន់កាប់ 1.5%។

    Kim Chang-han ធ្លាប់​ទទួលបាន​ជ័យជំនះ​នៅក្នុង​ការប្រកួត​ផ្នែក​កុំព្យូទ័រ​ដែល​ត្រូវ​បានរៀបចំ​ដោយ​ក្រសួង​វិទ្យាសាស្ត្រ​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ 1985 នៅពេល​គាត់​មាន​វ័យ​ទើបតែ 10 ឆ្នាំ។ ក្រោយមក លោក​ក៏​ដណ្ដើមបាន​ពានរង្វាន់​ជាច្រើន​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ការសរសេរ​កម្មវិធី​កុំព្យូទ័រ។ លោក Chang-han ក៏​ជា​សហ​ស្ថាបនិក​របស់​ហ្គេម Ginno Games កាលពី​ឆ្នាំ 2009 ក្រោយពី​បរាជ័យ​ជាមួយ​ក្រុមហ៊ុន​ថ្មី​ចំនួន 2 មុន​នោះ។

    ក៏ប៉ុន្តែ បរាជ័យ​ទាំង​នោះបាន​ក្លាយជា​អតីតកាល​ទៅហើយ ចំណែក​បច្ចុប្បន្ន Chang-han កំពុងតែ​ជួយ Krafton ក្នុង​ការធ្វើ IPO នាពេលខាងមុខ។ លោក Chan-han និយាយថា ការសម្រេច​ពង្រីក​ប្រភេទ​ហ្កេ​មរ​បស់​ក្រុមហ៊ុន ទទួលបាន​ជោគជ័យ​លើសពី​ការរំពឹងទុក​គ្រា​ដំបូង៕

    ប្រភព៖ Bloomberg

  • GDP របស់ចិនកើន 2.3% ក្នុងឆ្នាំ 2020 ជាមួយនឹងការងើបឡើងពីវិបត្តិ Covid-19

    GDP របស់ចិនកើន 2.3% ក្នុងឆ្នាំ 2020 ជាមួយនឹងការងើបឡើងពីវិបត្តិ Covid-19

    នា​ថ្ងៃទី 18 មករា ឆ្នាំ 2021 នេះ នាយកដ្ឋាន​ស្ថិតិ​ជាតិ (NBS) របស់​ប្រទេស​ចិន បាន​បញ្ចេញ​របាយការណ៍​មួយ​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ឆ្នាំ 2020 របស់​ប្រទេស​នេះ ទទួលបាន​ចំនួន 101,598,000,000,000 ឬ 101.598 លាន​លាន​យន់ (ប្រហែល 15,666,000,000,000 ឬ 15.666 លាន​លាន​ដុល្លារ​អាមេរិក) ជាមួយនឹង​អត្រាកំណើន 2.3%។

    នេះ​គឺជា​កំណើន​ទាប​បំផុត​របស់​ប្រទេស​ចិន រាប់​ពី​ពេល​ប្រទេស​នេះ​បានចាប់ផ្ដើម​ធ្វើកំណែទម្រង់​បើកទ្វារ​ស​ដ្ឋ​កិច្ច​ជាតិ​កាលពី​ឆ្នាំ 1978 ប៉ុន្តែ ខឿនសេដ្ឋកិច្ច​ដែល​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខឿនសេដ្ឋកិច្ច​តែមួយ​គាត់​ដែលមាន​កំណើន​បូក នៅក្នុង​គ្រា​ដែល​ពិភពលោក​ទាំងមូល​ត្រូវ​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស Covid-19។ កំណើន​ខាងលើ​របស់​ចិន ក៏​ជា​អត្រា​ខ្ពស់ជាង​បើ​ធៀប​នឹង 2% ដែល​ជាការ​ព្យាករ​របស់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP។

    ការទទួលបាន​លទ្ធផល​ខាងលើ​គឺ​អាស្រ័យទៅលើ​កំណើន GDP កាលពី​ត្រីមាស​ទី​បួន ឆ្នាំ 2020 ដែល​បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស ពោលគឺ​កើន 6.5% បើ​ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2019។ ទន្ទឹមនឹងនេះ ទិន្ន​ផល​​ឧស្សាហកម្ម (ជាស​ន្ទ​ស្សន៍​សេដ្ឋកិច្ច​សំខាន់​មួយ​របស់​ចិន) ក្នុង​ឆ្នាំ 2020 ក៏បាន​កើន 2.8% បើ​ធៀប​នឹង​​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2019៕

    ប្រភព៖ SCMP