Category: សង្គម និងសេដ្ឋកិច្ច

  • មិន​នឹកស្មានថា អាច​​រកបាន​ប្រាក់​​ខ្ទង់​សែន​ដុល្លារ/ខែ ក្រោយពី​បាត់បង់​ការងារ​ជាជាង​កាត់​ស​ត់ ដោយសារ Covid-19! តើ​មាន​អ្វី​ជាពិសេស និង​អាថ៌កំបាំង​នៃ​ជោគជ័យ​នេះ?

    មិន​នឹកស្មានថា អាច​​រកបាន​ប្រាក់​​ខ្ទង់​សែន​ដុល្លារ/ខែ ក្រោយពី​បាត់បង់​ការងារ​ជាជាង​កាត់​ស​ត់ ដោយសារ Covid-19! តើ​មាន​អ្វី​ជាពិសេស និង​អាថ៌កំបាំង​នៃ​ជោគជ័យ​នេះ?

    វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​វីរុស Covid-19 បាន និង​កំពុង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ធ្លាក់ខ្លួន​ក្រ​ដោយសារ​គ្មាន​ការងារ​ធ្វើ ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​បានក្លាយ​ជា​អ្នកមាន​ដោយសារ​វីរុស​នេះដែរ។

    កំលោះ Ben Gulliver អាយុ 20 ឆ្នាំ ដើមឡើយ​គឺជា​បុគ្គលិក​នៅ​ហាង​កាត់​ស​ត់ Advanced Hair Studio នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស។ ខែមីនា ឆ្នាំ 2020 កំលោះ Ben បាន​ក្លាយជា​មនុស្ស​គ្មាន​ការងារ​ធ្វើ ដោយសារតែ​រដ្ឋាភិបាល​ដាក់​បម្រាម​គោចរ​ដើម្បី​ទប់ស្កាត់ Covid-19។

    ក្នុងពេល​នៅផ្ទះ Ben មានគំនិត​រកស៊ី​ដោយ​ខ្លួនឯង។ ភ្លាមនោះ គាត់​ក៏​ចូលទៅ​កាន់​ទំព័រ Youtube ដើម្បី​ស្រាវជ្រាវ​ឱ្យដឹងថា ខ្លួន​គួរតែ​លក់​អ្វីខ្លះ។ Ben និយាយថា៖ «ខ្ញុំ​បានគិត​ដល់​ផលិតផល​ដែល​ល្អ ផលិតផល​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវការ»។

    ក្នុង​បន្ទប់​គេង​ដ៏​តូច​របស់ខ្លួន Ben ចាប់ផ្ដើម​ស្វែងរក​ប្រភព​ទំនិញ​ដែល​ទាក់ទង​នឹង​ការសម្អាត​មាត់​ធ្មេញ ដែលមាន​ប្រភពពី​ចិន ហើយ​ក្រោយមក​គឺ​ម៉ាស៊ីន​ធ្វើ​លំ​ហាត់ប្រាណ និង​ប៉ាន់តែ។ល។ ដូច​អ្វីដែល​ខ្លួន​បានគិត ផលិតផល​ទាំងនេះ​សុទ្ធតែ​ទទួលបាន​ការ​ជាវ​យ៉ាងច្រើន ដែល​នេះ​បាន​នាំឱ្យ Ben រកបាន​ប្រាក់ចំណេញ​យ៉ាងច្រើន​សន្ធឹក។

    ខែ​ខ្លះ Ben លក់បាន​ប្រាក់​ជាង 2 សែន​ផោន (ប្រហែល 273,828 ដុល្លារ​អាមេរិក) ហើយ​មាន​ខែ​ខ្លះ​ក៏​រកបាន​ជាង 1 សែន​ផោន (136,914 ដុល្លារ) ក្នុង​រយៈពេល​តែ 10 ថ្ងៃ។

    Ben បង្ហើប​ឱ្យដឹងថា៖ «យើង​ចែកចាយ​ផលិតផល​តាមរយៈ​ផ្សារ​អន​ឡាញ Amazon ហើយ​យើង​លក់ទំនិញ​ទូទាំង​ពិភព​លោក ចាប់ពី​អាមេរិក អាហ្វ្រិក រហូតដល់​អាស៊ី។ មកដល់​បច្ចុប្បន្ន ខ្ញុំ​រកបាន​ជាង 1 លាន​ដុល្លារ​អាមេរិក នេះ​គឺជា​ប្រាក់ចំណូល មិនមែន​ប្រាក់ចំណេញ​នោះទេ ប៉ុន្តែ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​នឹង​ជោគជ័យ​នេះ»។

    Ben បន្តថា «ខ្ញុំ​ចង់​ជួយ​ដល់​យុវវ័យ​ក្នុងការ​ចាប់ផ្ដើម​ការរក​ស៊ី​ផ្ទាល់ខ្លួន និង​ផ្ដល់យោបល់​ដល់​ពួកគេ។ អ្វីដែល​ពួកគេ​ត្រូវការ នោះ​គឺ​កម្លាំងចិត្ត​ដើម្បី​ចាប់ផ្ដើម»។

    «ឱ្យតែ​អ្នកមាន​កុំព្យូទ័រ​យួរដៃ ឬ​ទូរស័ព្ទ​មួយគ្រឿង និង​មានភ្ជាប់​អ៊ី​ន​ធើ​ណិ​ត អ្នក​អាចបង្កើត​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង។ ចូរ​កុំ​បោះបង់​អ្វីមួយ​ដែលជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក»។ ប្រការ​មួយគត់​ដែល Ben ចង់​ផ្ដាំ​ដល់​គ្រប់គ្នា នោះ​គឺ «ការប្ដេជ្ញាចិត្ត» ព្រោះថា វា​អាចជួយ​ឱ្យ​ពួកគេ​បង្កើតបាន​នូវ​ប្រការ​ខុសប្លែក​ពីមុន។

    Ben បាន​លក់​ការងារ​អាជីវកម្ម​ផ្នែក​លក់​ម៉ាស៊ីន​សម្អាត​ធ្មេញ​ទៅឱ្យ​អ្នកវិនិយោគ​ជនជាតិ​អាមេរិក​ម្នាក់​ក្នុងតម្លៃ​ខ្ទង់លាន​ដុល្លារ​អាមេរិក ក្រោយពី Ben លក់ទំនិញ​អស់​រាប់ពាន់​មុខ​នៅក្នុង​អំឡុង​មាន​បម្រាម​គោចរ។

    កាលពី​នៅ​ក្មេង Ben ធ្លាប់ «ធ្វើ​ជំនួញ» តូចតាច ដោយ​ទិញ​ស្ករ​គ្រាប់​មាន​ដង​តម្លៃ 15 កាក់ រួច​លក់​ឱ្យ​មិត្តភក្ដិ​ក្នុងតម្លៃ 1 ផោន។ អាយុ 14 ឆ្នាំ Ben ធ្លាប់​រកបាន 1,000 ផោន (ជាង 1,000 ដុល្លារ​អាមេរិក) ពី​ការលក់​ខោអាវ ក្នុង​រយៈពេល 1 ខែ។

    Ben បាន​ប្រាប់ថា ក្រោយពី​បញ្ចប់​ការសិក្សា​កម្រិត​មធ្យម​ក្នុង​វ័យ 16 ឆ្នាំ គាត់​ធ្លាប់​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ស្វែងរក​បទពិសោធន៍​ថ្មី។ «ពេលនោះ ខ្ញុំ​នឹក​ផ្ទះ​ណាស់ ប៉ុន្តែ បទពិសោធន៍​នៅទីនេះ​ពិតជា​អស្ចារ្យ។ ខ្ញុំ​រៀន​បាន​ប្រការ​ជាច្រើន ហើយ​ប្រការ​ធំធេង​ដែល​ខ្ញុំ​ប្រមូលបាន នោះ​គឺ​ទំនាក់ទំនង»៕

    ប្រភព៖ Birminghammail

  • មកស្គាល់មុខមាត់ពិតអ្នក​និពន្ធ​បទ​ភ្លេង«កាត់ឆុង»របស់លោក​ព្រាប សុវត្ថិ​និងកញ្ញា​តន់ចន្ទសីម៉ា កំពុងល្បីខ្លាំង

    មកស្គាល់មុខមាត់ពិតអ្នក​និពន្ធ​បទ​ភ្លេង«កាត់ឆុង»របស់លោក​ព្រាប សុវត្ថិ​និងកញ្ញា​តន់ចន្ទសីម៉ា កំពុងល្បីខ្លាំង

    បង​ប្អូន​ពិត​ជា​ជ្រាប​ច្បាស់​ហើយ​បទ​ចម្រៀង​រួម​គ្នា​របស់​តន់​ចាន់​សីម៉ា​និង​ព្រាប​សុវត្ថិ​គឺ​បទ”កាត់​ឆុង”​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​ល្បី​និង​មាន​ការ​គាំទ្រ​ខ្លាំង។ បទ​ដំបូង​ក្នុង​អាល​ប៊ុប​ពិសេស​នេះ ត្រូវ​បាន​និពន្ធ​​ទំនុក​ភ្លេង ដោយ​លោក​សាក់ ធារិទ្ធ ។

    លោក​សាក់ ធារិទ្ធ គឺ​ជា​អ្នក​ពន្ធ​ថ្មី​ឈ្មោះ​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​បទ​កន្លង​មក​ហើយ បច្ចុប្បន្ន​គាំ​ជា អ្នកនិពន្ធ​​កុងត្រា​ប្រចាំ​ក្នុង​ផលិតកម្ម Galaxy Navatra ។ តាម​Channel Galaxy Navatra​បង្ហាញ​ឲ្យ​ដឹង​ពី បទ”កាត់​ឆុង” ត្រូវ​បាន និពន្ធ​បទ​ភ្លេង​ដោយ​លោក សាក់ ធារិទ្ធ ។ បទ​ចម្រៀង​​​ច្រៀង​រួម​គ្នា​​របស់​កំពូល​តារា​ចម្រៀង ​ព្រាប សុវត្ថិ​និង​តន់ចន្ទសីម៉ា ក្នុង​អាល់ប៊ុម​ដំបូង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រាន់​តែ​ចេញ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង មាន​អ្នក​ទស្សនា​ជា​ច្រើន​លាន​ដង​ទៅ​ហើយ។

    ចង់​ដឹង​ថា បទ​”កាត់​ឆុង” របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ដែល​និពន្ធ​បទ​ភ្លេង​ដោយ​លោក សាក់ ធារិទ្ធ ពីរោះ​រណ្ដំ​ ហើយ​ចង់​រាំ​លេង​យ៉ាង​ណា​នោះ​ស្ដាប់​ទាំង​អស់​គ្នា៖

  • កំពុង​ស្វែង​រកអាហារូបករណ៍​ផ្នែក​បច្ចេក​វិទ្យា​? «Techo Digital Talent Scholarship» តម្លៃ​ជាង 1.7ម៉ឺន​ដុល្លារ/ម្នាក់ កំពុង​រង់ចាំ​អ្នក​

    កំពុង​ស្វែង​រកអាហារូបករណ៍​ផ្នែក​បច្ចេក​វិទ្យា​? «Techo Digital Talent Scholarship» តម្លៃ​ជាង 1.7ម៉ឺន​ដុល្លារ/ម្នាក់ កំពុង​រង់ចាំ​អ្នក​

    ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា នា​ព្រឹក​ថ្ងៃទី 29 មករា បានប្រកាស​ឱ្យដឹងថា “អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ Techo Digital Talent Scholarship” ដែល​ផ្ដល់ឱកាស​ដល់​សិស្ស​ចំនួន 100 នាក់ កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​យុវជន យុវនារី​នៅ​កម្ពុជា ក្រោយពី​ត្រូវបាន​ប្រកាស​ព័ត៌មាន។

    ក្រសួង​ប្រៃសណីយ៍​បាន​បន្ថែមថា បេក្ខភាព​ចំនួន 2,207 នាក់ បានដាក់​ពាក្យសុំ​អាហារូបករណ៍​ខាងលើ​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ថ​ល​កម្ពុជា ក្នុងនោះ​មាន​នារី​ចំនួន​ជាង 800 នាក់​ផងដែរ គិត​ត្រឹម​ថ្ងៃទី 22 ខែមករា ឆ្នាំ 2021។

    អាហារូបករណ៍​ខាងលើនេះ​នឹង​ផ្ដល់ជូន​បេក្ខភាព​ជ័យលាភី ម្នាក់ៗ គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ 17,000 ដុល្លារ សម្រាប់​ការសិក្សា​រយៈពេល 4 ឆ្នាំ ក្នុងនោះ​មាន​ប្រាក់ឧបត្ថម្ភ 120 ដុល្លារ/ខែ និង​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​ទៀតផង។

    បេក្ខភាព​ជ័យលាភី​នៃ​អាហារូបករណ៍​នេះ​នឹងត្រូវ​មក​សិក្សា​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ថ​ល​កម្ពុជា (អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) ដែលជា​គ្រឹះស្ថាន​អប់រំ​ស្រាវជ្រាវ​របស់​រដ្ឋ​ឈានមុខ​គេ​ក្នុងការ​បណ្តុះបណ្តាល ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល លើ​មុខជំនាញ​កម្រិត​បរិញ្ញាបត្រ មានដូចជា ទីមួយ​គឺ «ទូរគមនាគមន៍​និង​បណ្ដាញ-Telecoms & Networking» ទី​ពីរ​គឺ «វិទ្យាសាស្ត្រ​កុំព្យូទ័រ-Computer Science» និង​ទី​បី​គឺ «ពាណិជ្ជកម្ម​អេឡិចត្រូនិក-e-Commerce»។

    បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជា​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​មួយ​ដែលមាន​កម្មវិធីសិក្សា​និង​វិធីសាស្ត្រ​បង្រៀន​យ៉ាង​សម្បូរបែប ដោយមាន​បញ្ចូល​ជំនាញ​បច្ចេកទេស (Technical Skill) ជំនាញ​ទន់ (Soft Skill) សហគ្រិនភាព (Entrepreneurship) និង​ភាពជា​អ្នកដឹកនាំ(Leadership)។

    រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់​ដេ​ត បាន​អំពាវនាវ​ដល់​សិស្ស​ដែល​បាន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តែ​មិនទាន់បាន​ដាក់ពាក្យ​ប្រឡង សូម​មកកាន់​បណ្ឌិត្យសភា​បច្ចេក​វិទ្យា​ឌីជីថល ដើម្បី​ដាក់ពាក្យ​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2021។

    បេក្ខជន​ដែលមាន​បំណង​សុំ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ សូម​ចុះឈ្មោះ​ប្រឡងប្រជែង​តាមរយៈ​តំណរ​ភ្ជាប់ https://bit.ly/ApplyNIPTICT ។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​បណ្ឌិត្យសភា​ឌីជីថល​កម្ពុជា (អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) តាម​ទូរស័ព្ទ​លេខ 010 340 000 ឬ​អ៊ី​ម៉ែ​ល [email protected]

  • ក្រោយបញ្ចប់រឿង! ហ្វេសប៊ុកមួយចេញមុខរិះគន់ សេង រដ្ឋា មិនសំចៃមាត់ ថែមទាំងបញ្ជាក់ហេតុផង

    ក្រោយបញ្ចប់រឿង! ហ្វេសប៊ុកមួយចេញមុខរិះគន់ សេង រដ្ឋា មិនសំចៃមាត់ ថែមទាំងបញ្ជាក់ហេតុផង

    ក្រោយពីបវរកញ្ញាឯក Miss Grand Cambodia ជ្រុះមកុដ គេសង្កេតឃើញថាមានការរិះគន់ចេញមកជាហូរហែរ ពាក់ព័ន្ធនឹងអត្តចរឹតរបស់។ អ្នកលេងហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា Phlong Sok Raksa បានទាំងសំណេរមួយយ៉ាងគួរអោយចាប់អារម្មណ៍ជាសាធារណៈនោះផង។

    លោកបានសរសេរថា “មួយរយៈនេះខ្ញុំឃើញដូចជាល្បីខ្លាំងអំពីរឿង Miss Grand Cambodia ទី១ខ្ញុំសង្កេតឃើញ បវរកញ្ញា សេង រដ្ឋា អត្តចរិតរបស់គាត់មិនសូវល្អសោះ នៅក្នុងប្រព័ន្ធ social media មិនសមជា miss grand cambodia សោះ តើអ្វីជាពាក្យកញ្ញាឯក ? តើគាត់គួរធ្វើអ្វីខ្លះដើម្បីសង្គមខ្មែរ ដើម្បីជួយលើកស្ទួយស្រ្ដីខ្មែរ តែនេះកញ្ញា សេង រដ្ឋា មិនបានបំពេញតួនាទីជាកញ្ញាឯកសោះ មានតែជាន់ពន្លិចស្រ្ដីខ្មែរក្នុងការផុសរបស់គាត់មិនសមជាកញ្ញាឯកសោះ ហើយនាំអោយសង្គមច្របូកច្របល់ដោយសារគាត់ នាំអោយស្ដ្រីខ្មែរមានការមិនសប្បាយចិត្ត ។ តើនេះសមជាបវរកញ្ញា ឬសមជាអ្នកតំណាងអោយស្ដ្រីខ្មែរទូទាំងប្រទេសដែលនាំយកវប្បធម៌ដ៏ស្រស់ឆើតឆាយទៅប្រកួតប្រជែងនៅឆាកអន្តរជាតិដែរឬទេ ? ចំណែកខ្ញុំគិតថានាងមិនសាកសមនឹងទៅប្រកួតលើឆាកអន្តរជាតិសោះ ទង្វើរបស់នាងគឺជាទង្វើមួយដែលស្រ្ដីខ្មែរមិនពេញចិត្ត ហើយការដកតំណាងនេះពិតជាត្រឹមត្រូវណាស់ សូមអស់យោបល់ក្នុងនាមខ្ញុំជាអ្នកគាំទ្រកម្មវិធី និងជាអ្នកចូលចិត្តតាមដានកម្មវិធី Miss Grand Cambodia ឆ្នាំ២០២០”។

    ជាមួយនឹងការរិះគន់នេះ ក៏មានការវិភាគផងដែរថា កញ្ញា សេង រដ្ឋា នឹងទទួលបានការចាប់អារម្មណ៍តែមួយឆាវ ក្រោយដំណឹងប្រកាសដកតំណែងប៉ុណ្ណោះ ប៉ុន្តែមិនយូរប៉ុន្មាននាងនឹងស្ងប់ស្ងាត់ទីផ្សារ ដែលមិនខុសគ្នានឹងតារាមួយចំនួនដែលល្បីបញ្ច្រាសខ្យល់ គឺបានតែមួយប្រាវ ក៏ស្ងាត់បាតឈឹង។ ស្របគ្នាដែលនាងត្រូវបានខ្ទរខ្ទារដោយដំណឹង បាត់បង់មកុដ ព្រោះតែមានកំហុសឆ្គងផងនោះទេ ទើបវាច្បាស់ណាស់ថា បណ្ដាផលិតករ និង ក្រុមហ៊ុនធំៗ នឹងខ្លាចរអារក្នុងការទទួលយកនាង ដោយសារតែបានសាងរឿងអាស្រូវជុំរឿងបាត់បង់តំណែង ដែលនេះមិនមែនជាដំណឹងល្អ។

    អ្នកវិភាគជាច្រើនយល់ថា បើទោះជាស្ថិតនៅក្នុងហេតុផលណាមួយ តែមូលហេតុនៃការបាត់បង់មកុដរបស់នាង គឺពិតជាពាក់ព័ន្ធនាងរឿងមិនទទួលខុសត្រូវរបស់នាង ដោយសារនាងគឺជាបេក្ខនារីមួយរូបដែលត្រូវបានកម្មវិធីជ្រើសអោយគ្រងមកុដយ៉ាងលំបាក គឺមិនអាចក្រុមហ៊ុនជាអ្នកបង្កើតបញ្ហាអោយនាង ដើម្បីទម្លាក់នាងចោលនោះទេ។ មានការវិភាគថា លុះត្រាតែនាងបានល្មើសនូវអ្វីដែលគោលការណ៍ ដែលក្រុមហ៊ុនមិនអាចទទួលយកបានច្រើនចំណុច ទើបឈានដល់ការប្រកាសដកតំណែង ហើយក្នុងនាមនាងជាបេក្ខនារីតំណាងប្រទេសមួយទាំងមូល មិនអាចគ្រាន់តែឮថាកម្មវិធីព្រមានដកតំណែង ស្រាប់តែបង្ហោះតបវិញ អោយក្រុមហ៊ុនធ្វើតាមការព្រមានចុះ ដោយលើកហេតុផលថា ក្រុមហ៊ុនធ្វើអោយអាម៉ាស់នោះទេ។ នាងគួរបង្ហាញនូវភាពទន់ភ្លន់ក្រោយពេលក្រុមហ៊ុនប្រតិកម្ម ហើយស្វែងរកដំណោះស្រាយមួយ ដើម្បីរក្សាតំណែងរបស់ខ្លួន ហើយបានបន្តឱកាសទៅកាន់ឆាកអន្តរជាតិ ទើបជារឿងដ៏ប្រសើរក្នុងនាមជាបេក្ខនារីវ័យឆ្លាត ក្នុងការរក្សាមុខមាត់របស់ខ្លួន។

    ភាពឆេវឆាវរបស់នាង ដែលតបតដោយជំហរអោយក្រុមហ៊ុនដកតំណែង និង ឥរិយាបថ ដែលនាងមិនព្រមទទួលយកការចចារជាមួយក្រុមហ៊ុន ក្រោយពេលក្រុមហ៊ុនបន្ទន់ឥរិយាបថ បានធ្វើអោយគេមើលឃើញកាន់តែច្បាស់ថា នាងមិនទាន់មានផ្នត់ចាស់ទុំក្នុងការដោះស្រាយបញ្ហា ហើយក៏អាចធ្វើអោយមានការវាយតម្លៃពីអត្តចរឹតផងដែរ ខណៈពេលនាងមិនទាន់សាងកេរ្តិ៍ឈ្មោះអោយល្បីល្បាញបានយូរនៅឡើយផង
    ប្រភពជាច្រើនលើកឡើងថា មុននឹងឈានដល់ក្រុមហ៊ុនបង្ហោះព្រមាន គឺដោយសារតែក្រុមហ៊ុនទាក់ទងនាងច្រើនដងហើយ តែគ្មានលទ្ធផល និង ដោយសារតែនាងគ្មានភាពច្បាស់លាស់អោយមានការជឿជាក់។ ប្រភពនោះថា នាងតែងលើកពេល ដែលក្រុមហ៊ុនបានណាត់គ្រោងទុក ដោយស្នើលើកថ្ងៃនេះលើកថ្ងៃនោះ ធ្វើអោយដំណើរទស្សនកិច្ច ឬ គម្រោងចូលសម្ដែងការគួរសមមួយចំនួនផ្សេងទៀត ជាមួយថ្នាក់ដឹកនាំ ធ្វើអោយក្រុមហ៊ុនមានការខាតបង់យ៉ាងខ្លាំង។ ប្រភពនោះបន្តថា ពេលខ្លះស្នើអោយនាងមកហ្វឹកហាត់ថ្ងៃនេះ នាងសុំថ្ងៃនោះ ហើយធ្វើអោយកម្មវិធីបង្វិលតាមនាង ជាជាងរូបនាងសម្របតាមការចង់បានរបស់ក្រុមហ៊ុន។ មានការវិភាគថា ក្រោយជ្រុះមកុដនេះ នាងនឹងខូចប្រេន ហើយ ក៏មានការប៉ាន់ស្មានថា ទីផ្សារសិល្បៈរបស់នាង នឹងឈានឡើងផងដែរ ដោយសម្អាងលើរូបសម្រស់ និង ទេពកោសល្យ។

  • GDP អាមេរិក​ក្នុង​ឆ្នាំ 2020 ដាំ​ក្បាល​ចុះ​ជ្រៅ​បំផុត​ក្នុងអំឡុង 74ឆ្នាំ​មកនេះ

    GDP អាមេរិក​ក្នុង​ឆ្នាំ 2020 ដាំ​ក្បាល​ចុះ​ជ្រៅ​បំផុត​ក្នុងអំឡុង 74ឆ្នាំ​មកនេះ

    ខឿនសេដ្ឋកិច្ច​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក​មួយ​នេះ បាន​រួញ​ក្រញង់​មក​នៅត្រឹម 3.5% ដែល​នេះ​គឺជា​ឱនភាព​ធំ​បំផុត​រាប់​ចាប់ពី​ឆ្នាំ 1946 ហើយ​វា​ក៏​ជា​ឆ្នាំ​ដំបូង​នៃ​ការដាំ​ក្បាល​ចុះ​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ចន្លោះ​ឆ្នាំ 2007-2009។

    ក្រសួងពាណិជ្ជកម្ម​អាមេរិក កាលពី​ថ្ងៃទី 28 មករា បានប្រកាសថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រទេស​នេះ​កើន 4% ក្នុង​ត្រីមាស​ទី 4 នៃ​ឆ្នាំ 2020។ អត្រាកំណើន​នេះ បាន​ថយចុះ​យ៉ាងច្រើន​បើ​ធៀប​នឹង 33.4% ក្នុង​ត្រីមាស​ទី 3។ មូលហេតុ​គឺ​ដោយសារ​ការយឺតយ៉ាវរ​បស់​រដ្ឋាភិបាល​ក្នុងការ​បញ្ចេញ​កញ្ចប់​ថ​វិកា​ជំនួយ​សេដ្ឋកិច្ច​ថ្មី និង​សកម្មភាព​របស់​បណ្ដា​ក្រុមហ៊ុន​ត្រូវបាន​ផ្អាក​ដំណើរការ​ព្រោះតែ Covid-19។

    ជារួម ក្នុង​ឆ្នាំ 2020 ខឿនសេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​នេះ បាន​ថយ​ចុះមក​នៅត្រឹម 3.5% ដែលជា​អត្រា​ទាប​ជាងគេ​ដោយ​រាប់​ចាប់ពី​ឆ្នាំ 1946 និង​ជា​ឱនភាព​នៃ​ឆ្នាំ​ដំបូង​រាប់​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​បាន​កើតឡើង​ចាប់ពី​ឆ្នាំ 2007 ដល់​ឆ្នាំ 2009។ ឆ្នាំ 2019 GDP អាមេរិក​កើន 2.2%។

    វិស័យ​ស្ទើរតែ​ទាំងអស់​នៅ​សហរដ្ឋអាមេរិក បាន​ដាំ​ក្បាល​ចុះ។ ការចាយវាយ​លក្ខណ​បុគ្គល ដែល​កាន់កាប់​ជាង 2/3 នៃ​ទំហំ​សេដ្ឋកិច្ចជាតិ ក៏បាន​ថយចុះ​មក​នៅត្រឹម 3.9% កាលពី​ឆ្នាំមុន ដែល​នេះ​ក៏​ជា​ឱនភាព​ធំ​បំផុត​ចាប់តាំងពី​ឆ្នាំ 1932។ សហរដ្ឋអាមេរិក​បាន​ធ្លាក់ចូល​ក្នុង​ឱនភាព​សេដ្ឋកិច្ច​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ 2020។

    ល្បឿន​នៃ​កំណើន​សេដ្ឋ​កិច្ច​អាមេរិក​តាម​បណ្ដា​ឆ្នាំ​

    យ៉ាងនេះ​ក្ដី GDP អាមេរិក​ក៏ត្រូវ​បាន​ព្យាករ​ថា​នឹង​វិល​ត្រលប់​ទៅរក​ស្ថានភាព​មុន​វិបត្តិ​សុខភាព​នៅក្នុង​ត្រីមាស​ទី 2 ឆ្នាំ 2021។ ធនាគារកណ្ដាល​អាមេរិក (FED) កាលពី​ថ្ងៃទី 27 មករា បានសម្រេច​រក្សា​អត្រា​ការប្រាក់​ជិត 0%។ ​ទន្ទឹមនឹងនេះ FED ក៏បាន​សន្យាថា​នឹង​បន្ត​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​ទៅក្នុង​ទីផ្សារ​សេដ្ឋកិច្ច​តាមរយៈ​ការទិញ​មូល​ប​ត្រ​បំណុល​ផងដែរ។

    ក្នុង​គ្រា​ដែល Covid-19 នៅតែ​បន្ត​រាតត្បាត ក្រុម​សេដ្ឋវិទូ​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​អាមេរិក​នឹង​បន្ត​ធ្វើដំណើរយឺតៗ ដោយ​កើន 2% នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2021 នេះ។ បន្ទាប់មក GDP នឹង​បង្កើនល្បឿន​នៅក្នុង​រដូវក្ដៅ នៅពេល​មាន​កញ្ចប់​ថវិកា​ជំនួយ និង​ពេលដែល​ពលរដ្ឋ​អាមេរិក​កាន់តែច្រើន​ត្រូវបាន​ចាក់​វ៉ាក់សាំង។

    «យើង​យល់ថា កំណើន​នៃ​ការចាយវាយ​នឹង​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ឆ្នាំ 2021 នៅពេល​គ្រួសារ​នានា​ទទួលបាន​ខ្ទង់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​របស់លោក Biden ខណៈដែល​ពលរដ្ឋ​អាមេរិក​ប្រមាណ​ជា 2/3 គិតដល់​ខែកក្កដា ត្រូវបាន​ចាក់​វ៉ាក់សាំង រូ​ក​រួម​នឹង​ទីផ្សារការងារ​បាន​បង្កើន​ល្បឿន​នៅក្នុង​រដូវ​ផ្កា​រីក» លោក Gregory Daco ប្រធាន​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​ក្រុមហ៊ុន Oxford Economics អះអាង​ដូច្នេះ៕

    ប្រភព៖ Reuters

  • Bloomberg៖ អាមេរិក​ប្រឈម​នឹង​សង្គ្រាម​រូបិយវត្ថុ​ក្រោយ​សម័យ​កាល​ Covid-19

    Bloomberg៖ អាមេរិក​ប្រឈម​នឹង​សង្គ្រាម​រូបិយវត្ថុ​ក្រោយ​សម័យ​កាល​ Covid-19

    នៅ​ចំពោះមុខ​សម្ពាធ​នៃ​ការបញ្ចុះ​តម្លៃ​ប្រាក់​ដុល្លារ​របស់​អាមេរិក ខឿនសេដ្ឋកិច្ច​នានា​ជាច្រើន​ដូចជា អឺរ៉ុប ថៃ និង​ឈី​លី​ជាដើម ក៏ត្រូវ​បង្ខំចិត្ត​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​ក្នុងស្រុក​របស់​ពួកគេ​ផងដែរ។

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោកស្រី Janet Yellen កំពុងតែ​ឈឺក្បាល​យ៉ាងខ្លាំង​ដោយសារតែ​ឧបសគ្គ​ដ៏​ធំ​មិន​ចាញ់ Covid-19 ប៉ុន្មាន​ឡើយ នោះ​គឺ​សង្គ្រាម​រូបិយវត្ថុ។

    រាប់​ចាប់តាំងពី​បាន​ឡើងដល់​កម្រិត​កំពូល​កាលពី​ខែមីនា ឆ្នាំ 2020 រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​បាន​ធ្លាក់​ថ្លៃ 13% ព្រោះតែ​ធនាគារកណ្ដាល​អាមេរិក (FED) បាន «ជះ» លុយ​ចូលទៅក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ ក៏ដូចជា​បាន​បញ្ចុះ​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សកម្មភាព​ឥណទាន ក្នុង​បំណង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី Covid-19។ ប៉ុន្តែ ទន្ទឹមនឹង​ការជួយ​សង្គ្រោះ​សេដ្ឋកិច្ច​នៅក្នុង​វិបត្តិ​សុខភាព វិធានការ​ខាងលើ​ក៏​កំពុងតែ​ជំរុញឱ្យមាន​សង្គ្រាម​រូបិយវត្ថុ​ថ្មី​មួយ​នៅក្នុង​ពិភពលោក។

    នៅ​ចំពោះមុខ​សម្ពាធ​នៃ​ការបញ្ចុះ​តម្លៃ​ប្រាក់​ដុល្លារ​របស់​អាមេរិក ខឿនសេដ្ឋកិច្ច​នានា​ជាច្រើន​ដូចជា អឺរ៉ុប ថៃ និង​ឈី​លី​ជាដើម ក៏បាន​នាំគ្នា​ធ្វើតាម​សហរដ្ឋអាមេរិក ដោយ​ការ​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​ក្នុងស្រុក​របស់​ពួកគេ។

    នៅក្នុង​សវនាការ​មួយ​នៅ​សភាជាតិ​កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក និង​ជា​អតីត​ប្រធាន FED លោកស្រី Yellen បានបង្ហាញ​អំពី​គំនិត​បដិសេធ​ការស្ដារ​កម្លាំង​រូបិយវត្ថុ​អាមេរិក។ ជំនួស​មកវិញ លោកស្រី Yellen ឱ្យដឹងថា នឹង​បង្កើត​សម្ពាធ​ទៅលើ​បណ្ដា​ប្រទេស​ដែល​ហ៊ាន​លូកដៃ​ចូលក្នុង​រឿង​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​អាមេរិក។

    រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen

    មុននេះ កាលពី​អំឡុង​ឆ្នាំ 2010-2011 សហរដ្ឋអាមេរិក​ក៏​ធ្លាប់បាន​បញ្ចុះតម្លៃ​ប្រាក់​ដុល្លារ និង​បង្កឱ្យមាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក។ ការចុះ​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក បានធ្វើឱ្យ​ផលិតផល​នានា​ដែល​ជួញដូរ​ដោយ​ប្រើ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​ក្នុង​ទីផ្សារ​អន្តរជាតិ ត្រូវ​ធ្លាក់​ថ្លៃ​ទៅតាម​នោះដែរ។ ប្រការនេះ​ក៏បាន​នាំឱ្យ​ការ​មានប្រៀប​ក្នុងការ​នាំចេញ​របស់​អា​មេ​រិ​កបាន​កើនឡើង ប៉ុន្តែ​មុខទំនិញ​ដែល​នាំចូល​ប្រទេស​នេះ​បែរជា​ដាំ​ក្បាល​ចុះ បណ្ដាលឱ្យ​ប្រទេស​ជាច្រើន​ត្រូវ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច។

    ដើម្បី​ដោះស្រាយ​បញ្ហា ប្រទេស​ជាច្រើន​ក៏បាន​បង្ខំចិត្ត​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​ក្នុងស្រុក​ដើម្បី​រក្សា​លំនឹង​ផ្នែក​សេដ្ឋ​កិច្ច។ កាលណោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រេ​ស៊ី​ល ក៏បាន​រិះគន់​ដោយ​ចំហ​ចំពោះ​ចំណាត់ការ​របស់​អាមេរិក​ថា នេះ​គឺជា​សង្គ្រាម​រូបិយវត្ថុ។

    បច្ចុប្បន្ន ស្ថានភាព​កំពុងតែ​អាក្រក់​ជាង​មុន នៅពេលដែល​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក មិនមាន​គម្រោង​ណាមួយ​ដើម្បី​រក្សា​លំនឹង​ចំពោះ​តម្លៃ​រូបិយវត្ថុ​ដុល្លារ ក៏ដូចជា​ដើម្បី​គេច​ពី​សង្គ្រាម​រូបិយប័ណ្ណ។ បើទោះជា​ត្រូវបាន​ចោទថា កំពុងតែ​ធ្វើ​អន្តរាគមន៍​លើ​ចំណាត់ការ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក ប្រទេស​ស្វី​ស និង​ឥណ្ឌា នៅតែ​បន្ត​បញ្ចុះតម្លៃ​រូបិយវត្ថុ​របស់​ពួកគេ​ដដែល។

    ក្នុងសម័យ​ប្រធានាធិបតី​អាមេរិក Donald Trump មុនពេល​វិបត្តិ Covid-19 មកដល់ ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ក្រុម​អ្នកវិនិយោគ​យកចិត្តទុកដាក់ និង​ផ្ដល់​តម្លៃ​ជាខ្លាំង ដោយសារតែ​កំណើនសេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​កើន​ឡើង​ខ្ពស់ និង​មាន​លំនឹង​ល្អ។ ក៏ប៉ុន្តែ Covid-19 បានធ្វើឱ្យ​ប្រែប្រួល​គ្រប់យ៉ាង ហើយ​សង្គ្រាម​រូបិយវត្ថុ​ថ្មី​មួយ​នឹង​អាច​កើតឡើង​ទ្រង់ទ្រាយ​ធំ នៅពេលដែល​ប្រទេស​នានា​នាំគ្នា​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​ក្នុងស្រុក​របស់​ពួកគេរៀងៗខ្លួន៕

    ប្រភព៖ Bloomberg

  • អុិន សុភិន បញ្ចប់រឿងជាមួយ សេង រដ្ឋា ថែមទាំងបង្ហោះយ៉ាងក្បោះក្បាយ

    អុិន សុភិន បញ្ចប់រឿងជាមួយ សេង រដ្ឋា ថែមទាំងបង្ហោះយ៉ាងក្បោះក្បាយ

    នៅទីបំផុតវិវាទដ៏ចម្រូងចម្រាស់រវាង កញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និង គណកម្មការរៀបចំត្រូវបានបញ្ចប់ហើយ។ នេះប់យោងតាមការបង្ហោះជាផ្លូវការមុននេះ។

    នៅលើផេក Miss Grand Cambodia បានសរសេរបង្ហោះកាលពីរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២១ថា”បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញា សេង រដ្ឋា ដូចនេះគូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ដែលបានកំណត់ដូចខាងក្រោម សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញា សេង រដ្ឋា”។

    ការបញ្ជាក់ក្នុងការបង្ហោះនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងទាំងស្រុងនៅក្នុងឯកសារ។ ដោយឡែកនៅលើហ្វេសប៊ុក របស់ លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia 2020 ក៏បានបង្ហោះថា “ពេលវេលា​បានមកដល់ទី​បញ្ចប់​រវាង​ ក្រុមហ៊ុន Mohahang ​ និង​ Miss Grand Cambodia 2020 មានតែផ្លូវច្បាប់ទេីបអាចដោះស្រាយ​។ សូម​អរគុណ​នូវ​ការយកចិត្តតាមដានទាំងអស់គ្នា​ ពេលនេះការពិតបានលាតត្រដាងហេីយ​ ខ្ញុំ​សូមអស់យោបល់ហេីយ​សង្ឃឹម​ ថា​អ្វី​ៗនឹងបានល្អប្រសេីរ​ យេីងជាខ្មែរដូចគ្នាត្រូវចេះដោះស្រាយដោយ​សន្តិវិធី​ ខ្ញុំ​បាទ​សូម​សុំទោសជា​សាធារណៈ​នូវពាក្យពេជ្រខុសឆ្គងកន្លងមក​ហេីយសូមសន្យាថា​កម្មវិធី​ Miss Grand Cambodia 2021 នឹង​រៀបចំ​អោយ​បានល្អជាងឆ្នាំ2020 អរគុណគ្រប់យ៉ាង​ដល់ក្រុមការងារ​នឹង​អ្នក​គាំទ្រ​ ដែល​បាន​ជួយលេីកទឹកចិត្តខ្ញុំកន្លងមក​ ស្រលាញ់​អ្នក​ទាំង​អស់​គ្នា​ពេញ​បេះដូង​។

  • Elon Musk ជិត​ទទួលបាន​រង្វាន់​ទី5 តម្លៃ 7ពាន់​លាន​ដុល្លារ​អាមេរិក

    Elon Musk ជិត​ទទួលបាន​រង្វាន់​ទី5 តម្លៃ 7ពាន់​លាន​ដុល្លារ​អាមេរិក

    ដោយសារតែ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស CEO Elon Musk ក៏​ជិត​ទទួលបាន​ប្រាក់រង្វាន់​ដែលមាន​តម្លៃ​ជិត 7 ពាន់​លាន​ដុល្លារ​អាមេរិក។ នៅក្នុង​រដូវ​ផ្ដល់​រង្វាន់​លើក​មុន (ខែតុលា 2020) មហាសេដ្ឋី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​រូបនេះ ទទួលបាន 2.9 ពាន់​លាន​ដុល្លារ។

    នៅពេលដែល​របាយការណ៍​សម្រាប់​ត្រីមាស​ទី 4 ឆ្នាំ 2021 របស់​ក្រុមហ៊ុន Tesla ត្រូវបាន​ប្រកាស វា​នឹង​អាច​បើកផ្លូវ​ឱ្យមាន​ការផ្ដល់​រង្វាន់​ទី 5 តម្លៃ 7 ពាន់​លាន​ដុល្លារ​ទៅឱ្យ​អគ្គនាយក​ប្រតិបត្តិ Elon Musk។ ប្រការនេះ​គឺ​យោងទៅតាម​ការ​ព្យាករ​អំពី​ប្រាក់ចំណេញ​មុន​បង់ពន្ធ និង​ការប្រាក់​ដែល​ត្រូវ​សង (EBITDA) របស់ Tesla ដែលថា នឹង​​រកបាន​ចំនួន 2.3 ពាន់​លាន​ដុល្លារ កើន 92% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    តួលេខ EBITDA បែបនេះ​គឺ​គ្រប់គ្រាន់​ដើម្បី​អាច​ផ្ដល់​រង្វាន់​ទី 5 ក្នុងចំណោម​រង្វាន់​ទាំង 12 កម្រិត​របស់​ក្រុមហ៊ុន Tesla សម្រាប់ CEO លោក Elon Musk ដោយយោង​ទៅលើ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ 2018 រវាង​មហាសេដ្ឋី​រូបនេះ ជាមួយនឹង​ភាគ​ហ៊ុ​និករ​បស់ Tesla។ គោលដៅនីមួយៗដែល Tesla សម្រេចបាន នឹង​អនុញ្ញាតឱ្យ Elon Musk ទិញ​មូល​ប​ត្រ​បន្ថែមចំនួន 8.4 លាន​ហ៊ុន ក្នុងតម្លៃ​ត្រឹមតែ 70 ដុល្លារ​អាមេរិក/ហ៊ុន។

    Tesla មាន​រង្វាន់​ចំនួន 12 កម្រិត​សម្រាប់ CEO ដោយ​អាស្រ័យទៅលើ​តម្លៃ​មូលធន​ទីផ្សារ​គិត​ក្នុងអំឡុង 6 ខែម្ដង និង​គោលដៅ​ប្រាក់ចំណូល រួម​នឹង​ប្រាក់ចំណេញ​មួយចំនួនទៀត។ ដោយសារតែ​មូល​ប​ត្រ Tesla កើនឡើង​យ៉ាង​ឆាប់រហ័ស គោលដៅ​នៃ​តម្លៃ​មូលធន​ទីផ្សារ​ក៏​ងាយ​នឹង​សម្រេចបាន ហើយ Elon Musk គ្រាន់តែ​រង់ចាំ​បញ្ចប់​​គោលដៅ​អម​មួយចំនួនទៀត​តែប៉ុណ្ណោះ មុននឹង​ទទួលបាន​រង្វាន់។

    តម្លៃ​មូល​ប​ត្រ​បច្ចុប្បន្ន​របស់ Tesla គឺ​ប្រមាណ 880 ដុល្លារ/ហ៊ុន ដូច្នេះ Elon Musk អាច​ទិញ​មូល​ប​ត្រ​នេះ​ដោយ​មានការ​បញ្ចុះតម្លៃ​ដល់​ទៅ 90%។ គិត​ជា​សរុប CEO របស់ Tesla អាច​រកបាន​ជិត 7 ពាន់​លាន​ដុល្លារ​ពីរ​ង្វាន់​លើក​នេះ។ រង្វាន់​លើក​មុន Elon Musk ទទួលបាន 2.9 ពាន់​លាន​ដុល្លារ នៅក្នុង​ខែតុលា ឆ្នាំ 2020៕

    ប្រភព៖ Reuters

  • សិង្ហ​បុរី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជូន «អាំង​ប៉ាវ​អេឡិចត្រូនិក» ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន

    សិង្ហ​បុរី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជូន «អាំង​ប៉ាវ​អេឡិចត្រូនិក» ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន

    ដើម្បី​ជៀសវាង​ការជួប​ជុំគ្នា​ដែលមាន​មនុស្ស​ច្រើន និង​ដើម្បី​ការពារ​បរិស្ថាន រដ្ឋាភិបាល​ប្រទេស​សិង្ហ​បុរី បានចេញ​សេចក្ដីអំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន ជូនអំណោយ​ជា​ប្រាក់​នាំ​សំណាង (អាំង​ប៉ាវ) ដោយ​ប្រើប្រាស់​រូបភាព​ឌីជីថល នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នាពេលខាងមុខ។

    នាយកដ្ឋាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប្រទេស​សិង្ហ​បុរី (MAS) បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចាត់ទុក​អាំង​ប៉ាវ​អេឡិច​ត្រូនិក​​​ជា ​«បែប​ផែន​​ធម្មតា​ថ្មី​មួយ» នៅក្នុង​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ Covid-19។ MAS សង្ឃឹមថា ប្រការនេះ​នឹង​អាច​កាត់បន្ថយ​ការឆ្លង​រាលដាល​របស់​វីរុស ដោយសារ​មនុស្ស​មិនបាន​ជួបជុំ​គ្នាច្រើន និង​មិនបាន​កាន់​អាំង​ប៉ាវ​ដោយ​ផ្ទាល់ដៃ ក៏ដូចជា​ជួយ​ឱ្យ​បរិស្ថាន​មាន​ភាពល្អប្រសើរ ព្រោះ​មិនត្រូវ​បោះ​ពុ​ម្ភ​ក្រដាសប្រាក់​ថ្មី។

    ប្រជាជន​នៃ​ប្រទេស​សិង្ហ​បុរី ភាគច្រើន​គឺជា​ពលរដ្ឋ​ដើមកំណើត​ចិន។ រៀងរាល់​រដូវ​បុណ្យចូលឆ្នាំ​ចិន ពួកគេ​តែងតែ​ជូនពរ និង​ជូនអំណោយ​ដល់​គ្នា​ដោយ​ក្រដាសប្រាក់​ដែល​ដាក់​នៅក្នុង​សំបុត្រ​ពណ៌​ក្រហម ដែល​គេ​ហៅថា អាំង​ប៉ាវ។ នៅ​ប្រទេស​ចិន​ឯណោះ​វិញ ប្រព័ន្ធ​អាំង​ប៉ាវ​អេឡិចត្រូនិក​បានក្លាយ​ជា​ឧបករណ៍​ពេញនិយម អនុញ្ញាតឱ្យ​គ្រប់គ្នា​ផ្ទេរប្រាក់​តាមរយៈ​កាបូប​អេឡិចត្រូនិក​នៅក្នុង​ទូរស័ព្ទ​ឆ្លាត​វៃ មានដូចជា​កម្មវិធី Wechat Pay ។ល។ សម្រាប់​កម្ពុជា គេ​ក៏​ឃើញ​មាន​កាបូប​​អេឡិច​ត្រូនិក​​មួយ​ចំនួន​ មានកម្ម​វិធី «អាំង​ប៉ាវ» ផងដែរ ដូចជា Wing ជាដើម។

    នៅកម្ពុជា គេក៏ឃើញមានកាបូបអេឡិចត្រូនិកមួយចំនួន មានកម្មវិធី «អាំងប៉ាវ» ផងដែរ ក្នុងនោះមាន Wing ជាដើម

    យោងតាម​សមាគម​ធនាគារ​សិង្ហ​បុរី ធនាគារ​ចំនួន 6 របស់​ប្រទេស​នេះ កំពុង​ផ្គត់ផ្គង់​ប្រាក់​អេឡិចត្រូនិក​សម្រាប់​ជូន​អាំង​ប៉ាវ​តាមរយៈ Paynow ជា​សេវា​ដែល​អ្នកប្រើប្រាស់​អាច​ផ្ទេរប្រាក់​ពី​ធនាគារ​មួយ ទៅ​ធនាគារ​មួយទៀត​ដោយ​ប្រើ​លេខ​ទូរស័ព្ទ។

    ក្រៅពី​កម្មវិធី​អាំង​ប៉ាវ MAS ក៏​កំពុងតែធ្វើការ​ជាមួយ​សមាគម​ធនាគារ​សិង្ហ​បុរី​ដើម្បី​លើកទឹកចិត្ត​ឱ្យ fintech (Financial technology) អភិវឌ្ឍ និង​បង្កើត​កម្មវិធី​អាំង​ប៉ាវ​អេឡិចត្រូនិក​ប្រភេទ​ផ្សេង​ផងដែរ។ MAS ជឿជាក់ថា ការធ្វើ​ឌីជីថល​ឧ​ប​ណី​យក​ម្ម​លើ​សាច់ប្រាក់ គឺជា​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​ម​ធ្យ​ម និង​វែង​របស់​សិង្ហ​បុរី។

    ប្រទេសជិតខាង​របស់​សិង្ហ​បុរី គឺ​ម៉ាឡេស៊ី ជា​ប្រទេស​ដែលមាន​ពលរដ្ឋ​ដើមកំណើត​ចិន​ប្រមាណ​ជា 20% ក៏​អាច​នឹងមាន​កម្មវិធី​ឌីជីថល​សម្រាប់​ប្រើប្រាស់​ក្នុងការ​ជូនអំណោយ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​នេះដែរ។ ម៉ាឡេស៊ី កំពុង​តែ​ទទួលរង​រលក​នៃ​ការឆ្លង​រាលដាល Covid-19 ថ្មី និង​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ចាប់ពី​ថ្ងៃទី 12 ខែមករា។ មូលហេតុ​នេះ​នឹង​ជួយ​ឱ្យ​ការប្រើប្រាស់​អាំង​ប៉ាវ​ឌីជីថល កើនឡើង​ថែម​មួយកម្រិត​ទៀត៕

    ប្រភព៖ Nikkei

  •  Forbes៖ មហាសេដ្ឋី​ដុល្លារ​នៅ​ទ្វីបអាហ្វ្រិក ថយចុះ​ចំនួន 2រូប បើ​ធៀប​នឹង​ដើមឆ្នាំ 2020

     Forbes៖ មហាសេដ្ឋី​ដុល្លារ​នៅ​ទ្វីបអាហ្វ្រិក ថយចុះ​ចំនួន 2រូប បើ​ធៀប​នឹង​ដើមឆ្នាំ 2020

    ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ស្ដីអំពី​អ្នកមាន​ជាងគេ​បង្អស់​ប្រចាំ​ទ្វីបអាហ្វ្រិក​សម្រាប់​ឆ្នាំ 2021 ដែល​បង្ហាញថា ទ្វីប​នេះ​មាន​មហាសេដ្ឋី​ត្រឹមតែ 18 នាក់ ហើយ​ពួកគេ​មានទ្រព្យ​សរុប​ចំនួន 73.8 ពាន់​លាន​ដុល្លារ​អាមេរិក។

    នៅក្នុង​គ្រា​ដែល Covid-19 កំពុងតែ​ធ្វើឱ្យប៉ះពាល់​ដល់​សកម្មភាព​ជំនួញ និង​កំណើន​នៃ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​នានា មហាសេដ្ឋី​មួយចំនួនទៀត​បែរជា​កាន់តែ​មានឡើងៗ ដោយសារតែ​មូល​ប​ត្រ​ឡើងថ្លៃ។

    ចំនួន​មហាសេដ្ឋី​ដុល្លារ​នៅ​អាហ្វ្រិក​បាន​ថយចុះ​ពី 20 នាក់​កាលពីដើមឆ្នាំ 2020 មក​នៅត្រឹម 18 នាក់​នា​ដើមឆ្នាំ 2021 ប៉ុន្តែ​ជាក់ស្ដែង ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅតែ​បន្ត​កើនឡើង បើទោះជា​កើន​មិន​ច្រើន។

    មកដល់​ដំណាក់កាល​ដើមឆ្នាំ 2021 នេះ ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​អាហ្វ្រិក​ទាំង 18 នាក់​ខាងលើ មាន​ចំនួន​ 73.8 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង​បន្តិច​បើ​ធៀប​នឹង 73.4 ពាន់​លាន​ដុល្លារ​របស់​មហាសេដ្ឋី​ទាំង 20 រូប កាលពី​ឆ្នាំ 2020។

    ប្រការ​ដែល​គួរកត់សម្គាល់​នោះ​គឺថា បញ្ជី​ឈ្មោះ​មហាសេដ្ឋី​អាហ្វ្រិក​របស់​ទស្សនាវដ្ដី Forbes នេះ គឺ​គិតតែ​មហាសេដ្ឋី​ដែល​កំពុង​រស់នៅក្នុង​ទ្វីបអាហ្វ្រិក ជា​កន្លែង​ដែល​ក្រុមហ៊ុន និង​មូល​ប​ត្រ​ត្រូវ​បានដាក់​នៅក្នុង​ទ្វីប​នេះ លើកលែង​តែ​មហាសេដ្ឋី Mo Ibrahim សញ្ជាតិ​អង់គ្លេស ដើមកំណើត​ស៊ូដង់ និង​មហាសេដ្ឋី Mohamed Al-Fayed ជន​ជាតិ​​អង់គ្លេស ដើមកំណើត​អេ​ហ្ស៊ី​ប។

    បើ​គិត​ទៅលើ​ប្រទេស គេ​ឃើញថា អាហ្វ្រិក​ខាងត្បូង និង​អេ​ហ្ស៊ី​ប គឺជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ ដោយ​ប្រទេសនីមួយៗមាន​មហាសេដ្ឋី 5 នាក់ ស្មើគ្នា បន្ទាប់មក​គឺ​ប្រទេស​នី​ហ្សេ​រី​យ៉ា​មាន 3 នាក់ និង​ម៉ា​រ៉ុ​ក (Morocco) មាន 2 នាក់៕

    ប្រភព៖ Forbes