Category: សង្គម និងសេដ្ឋកិច្ច

  • កោះ​កុង​នឹង​មាន​​ព្រលានយន្ដហោះ​​ថ្មី​ទីពីរ​ ខណៈ​ទីមួយ​​នឹង​ហោះហើរ​សាកល្បង​នៅ​ត្រីមាស​ទី​បួន ឆ្នាំ2021

    កោះ​កុង​នឹង​មាន​​ព្រលានយន្ដហោះ​​ថ្មី​ទីពីរ​ ខណៈ​ទីមួយ​​នឹង​ហោះហើរ​សាកល្បង​នៅ​ត្រីមាស​ទី​បួន ឆ្នាំ2021

    នៅ​ចុងឆ្នាំ 2021 នេះ រដ្ឋាភិបាល​កម្ពុជា​នឹង​បើក​ដំណើរការ​ជើងហោះហើរ​សាកល្បង​សម្រាប់​អាកាសយានដ្ឋាន​ថ្មី​ដែល​ស្ថិតនៅក្នុង​តំបន់​តារា​សាគរ ក្នុងស្រុក​បទុម​សាគរ​នៃ​ខេត្តកោះកុង ដែល​នេះ​គឺ​ប្រសាសន៍​របស់​អភិបាលរង​ខេត្តកោះកុង។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី 4 កុម្ភៈ​នេះ អភិបាលរង​ខេត្តកោះកុង លោក សុខ សុ​ទ្ធី បានឱ្យដឹងថា ផ្លូវ​រត់​សម្រាប់​យន្តហោះ​នៃ​ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ នៅឡើយ​តែ​ការបំពាក់​ភ្លើង​សញ្ញា​ប៉ុណ្ណោះ។

    ទាក់ទង​នឹង​ការដាក់ឱ្យ​ដំណើរការ​ព្រលានយន្ដហោះ​តារា​សាគរ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Union Development Group របស់​ចិន ជាមួយនឹង​ទំហំ​ទឹកប្រាក់ 150 លាន​ដុល្លារ​នេះ លោក​អភិបាលរង​ខេត្តកោះកុង បាន​សង្កត់ធ្ងន់ថា៖ «នឹងត្រូវ​ពន្យារពេល​រហូតដល់​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ 2021 នេះ» ដោយសារតែ​បញ្ហា​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ Covid-19។

    អាកាសយានដ្ឋាន​តារា​សារ​គរ​នេះ មិនមែនជា​ព្រលានយន្តហោះ​ថ្មី​តែមួយ​នៅ​ខេត្តកោះកុង​នោះទេ អភិបាលរង​ខេត្តកោះកុង បាន​បង្ហើប​ឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​មួយ​ផ្សេងទៀត​ដែល​អាច​នឹងត្រូវ​សាងសង់​នៅត្រង់​ព្រំប្រទល់​នៃ​ស្រុក​កោះកុង និង​ស្រុក​មណ្ឌលសីមា ក៏​កំពុង​ត្រូវបាន​សិក្សា​លម្អិត​ផងដែរ៕

  • ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​កម្មវិធី មេរោគ​ថ្មី កំពុង​វាយលុក​លើ WhatsApp

    ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​កម្មវិធី មេរោគ​ថ្មី កំពុង​វាយលុក​លើ WhatsApp

    កាលពីពេលថ្មីៗនេះ ក្រុម​អ្នកស្រាវជ្រាវ ទើបតែ​រកឃើញ​កម្មវិធី​មេរោគ​ថ្មី នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​អាច​ឆ្លង​រីក​រាលដាល ដោយ​ស្វ័យប្រវត្តិ តាមរយៈ​កម្មវិធី WhatsApp។

    វិធីសាស្ត្រ​នៃ​ការចម្លង​មេរោគ​នេះ​គឺ ពួកគេ​បាន​ប្រើប្រាស់​មុខងារ​ឆ្លើយតប ដោយ​ស្វ័យប្រវត្តិ ដែលមាន​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​កម្មវិធី WhatsApp។ នៅពេល​ទូរស័ព្ទ ដែលមាន​មេរោគ​ទទួលបាន​សារ តាមរយៈ​កម្មវិធី WhatsApp  ហើយ វា​នឹង​ឆ្លើយតប​ទៅ​អ្នក​ផ្ញើ​វិញ ជាមួយនឹង​តំណ​ភ្ជាប់ ឱ្យ​បញ្ចូល​កម្មវិធី​ក្លែងក្លាយ “Huawei Mobile” តាមរយៈ​គេហទំព័រ​ក្លែងក្លាយ ដែលមាន​រូបរាង​ស្រដៀង​គ្នា​នឹង គេហទំព័រ Google Play Store។

    បន្ទាប់ពី​លោកអ្នក​បញ្ចូល​កម្មវិធី​មេរោគ​នេះហើយ វា​នឹងធ្វើ​ការស្នើសុំ ដើម្បី​អាច​ផ្ញើ​សារ​ចេញ​ដោយ​ស្វ័យប្រវត្តិ ដែល​ការណ៍​នេះ នឹង​ធ្វើឱ្យ​ទូរស័ព្ទ​លោកអ្នក ក្លាយជា​ឧបករណ៍ សម្រាប់​ចែកចាយ​មេរោគ បន្តទៅ​ទូរស័ព្ទផ្សេងៗទៀត។

    ជាងនេះទៅទៀត ក្រុម​អ្នកស្រាវជ្រាវ ក៏បាន​រកឃើញ​ផងដែរ​ថា មេរោគ​នេះ ក៏​អាច​បន្ថែម​ស្គ្រី​ន​ទៅលើ​កម្មវិធីផ្សេងៗទៀត ដើម្បី​លួច​យក​ព័ត៌មានសំខាន់ៗ ដូចជា​ឈ្មោះ និង​លេខ​សម្ងាត់​ជាដើម​បាន​ទៀតផង។

    បច្ចុប្បន្ន​កម្មវិធី​មេរោគ​នេះ អាច​ចម្លង​បាន​តាមតែ​រយៈ​កម្មវិធី WhatsApp ប៉ុណ្ណោះ ប៉ុន្តែ​ជនខិលខូច​ក៏​អាចធ្វើ​ការកែសម្រួល​វា ដែល​អាចឱ្យ​ដំណើរការបាន ជាមួយនឹង​កម្មវិធី​ទំនាក់ទំនង​សង្គមផ្សេងៗទៀត​នៅពេល​អនាគត។

    ដូច្នេះ​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា សូម​លោកអ្នក កុំ​ធ្វើ​ការទាញយក​កម្មវិធី ពី​តំណ​ភ្ជាប់​មួយណា ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ហើយ​លោកអ្នក​គួរតែ​ទាញយក​កម្មវិធី តែ​ពី​ក្នុង​កម្មវិធី​ផ្លូវការ ដែលមាន​នៅក្នុង​ទូរស័ព្ទ​ស្រាប់៕

  • លោក Andy Jassy អ្នកស្នងតំណែង CEO របស់ Amazon

    លោក Andy Jassy អ្នកស្នងតំណែង CEO របស់ Amazon

    នៅពេល Jeff Bezos ចាក​ចេញពី​តំណែង​អគ្គនាយក​ប្រតិបត្តិ លោក Andy Jassy ដែលជា​អ្នកបើក​ផ្លូវ​ឱ្យ​យុគសម័យ cloud-computing នៅ Amazon នឹង​ចូលមក​គ្រប់គ្រង​តំណែង CEO នេះ។

    ក្រុមហ៊ុន Amazon បានប្រកាស​ឱ្យដឹងថា ក្រោយ​រយៈពេល 27 ឆ្នាំ ស្ថាបនិក Jeff Bezos នឹង​លែង​ជា CEO របស់​ក្រុមហ៊ុន​នេះ​ទៀតហើយ ចាប់ពី​ត្រីមាស​ទី​បី ឆ្នាំ 2021។ នេះ​គឺជា​លើកដំបូង​ដែល​លោក Bezos ប្រគល់​សិទ្ធិ​ចាត់ចែង​ក្រុមហ៊ុន​ទៅឱ្យ​អ្នកផ្សេង រាប់​ចាប់ពី Amazon នៅ​ជាឃ្លាំង​សៀវភៅ​អន​ឡាញ​ដ៏​តូច​មួយ​កាលពី​ខែកក្កដា ឆ្នាំ 1994។

    Andy Jassy កើត​ឆ្នាំ 1968 បាន​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន Amazon ចាប់ពី​ឆ្នាំ 1997 បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅ​សាលា​ពាណិជ្ជកម្ម Harvard (HBS)។ «ខ្ញុំ​បាន​ចូលរួម​ប្រលង​លើកចុងក្រោយ​នៅ HBS ក្នុង​ថ្ងៃ​សុក្រ​ដំបូង​នៃ​ខែឧសភា ឆ្នាំ 1997។ ខ្ញុំ​បាន​ចូលធ្វើការ​នៅ Amazon នៅ​ថ្ងៃ​ចន្ទ​នៃ​សប្ដាហ៍​បន្ទាប់​នោះ។ ពេលនោះ សូម្បីតែ​ការងារ ឬ​តំណែង​សម្រាប់​ខ្ញុំ ក៏​ខ្ញុំ​មិនបាន​ដឹង​ដែរ» Jassy ធ្លាប់បាន​ប្រាប់ HBS កាលពី​ខែកញ្ញា ឆ្នាំ 2020។

    ឆ្នាំ 2006 Jassy បាន​ចូលរួម​បង្កើត Amazon Web Services (AWS) ជា​សេវាកម្ម​រក្សា​ទិន្នន័យ (cloud-computing) ដែល​កំពុង​ត្រូវបាន​ក្រុមហ៊ុន សាលារៀន និង​រដ្ឋាភិបាល​រាប់លាន​ស្ថាប័ន​ក្នុង​ពិភពលោក​ប្រើប្រាស់​ដើម្បី​ដំណើរការ​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ (app)។ Jassy កាន់តំណែង​ជា CEO របស់ AWS ចាប់ពី​ឆ្នាំ 2016 ប៉ុន្តែ បច្ចុប្បន្ន Amazon មិនទាន់បាន​ប្រកាស​អំ​ពី​អ្នក​ដែល​ត្រូវ​ឡើងមក​ជំនួស​តំណែង​របស់លោក​នៅឡើយ ក្រោយពី​លោក​ក្លាយជា CEO របស់ Amazon។

    លោក Andy Jassy ជាអ្នកស្នងតំណែង CEO របស់ Amazon

    ល្បីឈ្មោះ​ជា​គេហទំព័រ​ផ្សារ​អន​ឡាញ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ប៉ុន្តែ ប្រភព​ចំណូល​ធំ​បំផុត​របស់ Amazon បែរជា​បានមកពី AWS ទៅវិញ។ Amazon បាន​យកឈ្នះ​លើ​ក្រុមហ៊ុនធំៗជាច្រើន ដូចជា Microsoft និង Oracle ជាដើម និង​កំពុង​កាន់កាប់ 30% នៃ​ចំណែក​ទីផ្សារ​ក្នុង​វិស័យ cloud-computing។

    លោក Jassy ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកមាន​ការយល់ដឹង​ច្បាស់​អំពី​បច្ចេកទេស​លម្អិត និង​ជាទី​ប្រឹក្សា​របស់ Bezos។ ​ជួន​កាល​​លោក​ក៏​ឡើង Twitter ចែករំលែក​អំពី​ការយល់ឃើញ​ផ្ទាល់ខ្លួន​ចំពោះ​បញ្ហា​នានា​ក្នុងសង្គម​ផងដែរ។

    នៅក្នុង​សំបុត្រ​ផ្ញើ​ទៅកាន់​បុគ្គលិក Amazon លោក Jeff Bezos ធ្លាប់បាន​អះអាងថា លោក «ជឿជាក់​ទៅលើ Andy Jassy ទាំងស្រុង ដោយ​ថា Jassy នឹង​ជា​អ្នកដឹកនាំ​ពូកែ​បំផុត»។ អ្នកវិភាគ Dan Ives ក៏​ធ្លាប់បាន​អធិប្បាយ​ថា Jassy គឺជា «មេដឹកនាំ​ម្នាក់​ដែលមាន​អំណាច​បំផុត» មិន​ត្រឹមតែ​នៅក្នុង​វិស័យ​រក្សា​ទិន្នន័យ​ប៉ុណ្ណោះ​ទេ តែ​នៅក្នុង​ពិភព​ជំនួញ​ទៀតផង។

    លោក Jassy ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់បំផុត​នៅក្នុង​ក្រុមហ៊ុន Amazon ដោយ​ទទួលបាន 20 លាន​ដុល្លារ​ក្នុងអំឡុង 3 ឆ្នាំ​កន្លងទៅនេះ។ ប្រភពព័ត៌មាន​មួយចំនួន​បានឱ្យដឹងថា Microsoft និង Uber ក៏​ធ្លាប់បាន​បញ្ចុះបញ្ចូល Jassy ឱ្យមក​ធ្វើជា CEO នៃ​ក្រុមហ៊ុន​ទាំងនេះ​ផងដែរ៕

    ប្រភព៖ NYT

  • ក្រុមហ៊ុន SpaceX ប្រកាស​បេសកកម្ម​ថ្មី នាំយក​មនុស្ស​ស្ម័គ្រចិត្ត 4នាក់ ទៅកាន់​លម្ហ​អវកាស

    ក្រុមហ៊ុន SpaceX ប្រកាស​បេសកកម្ម​ថ្មី នាំយក​មនុស្ស​ស្ម័គ្រចិត្ត 4នាក់ ទៅកាន់​លម្ហ​អវកាស

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​អវកាស​SpaceX បានប្រកាស​ឱ្យដឹងថា ពួកគេ​បាន​បង្កើត​បេសកកម្ម​មួយ ដែលមាន​ឈ្មោះថា Inspiration4 ដែលជា​បេសកកម្ម​ដំបូង​គេ​បំផុត​ក្នុង​ពិ​ព​ភ​លោក ដោយ​នឹងធ្វើ​ការនាំយក​ជន​ស៊ីវិល​ចំនួន 4រូប​ទៅកាន់​លម្ហ ដែល​មិន​ធ្លាប់មាន​វត្តមាន​អាវ​កាស​យានិក ទៅជា​មួយ​នោះទេ។

    បេសកកម្ម​នោះដែរ ត្រូវបាន SpaceX កំណត់​យក​ពេលវេលា នៃ​ការបើក​ដំណើរការ​នៅក្នុង​អំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ2021 នេះ ចេញពី​មជ្ឈមណ្ឌល​លម្ហ​អវកាស Kennedy Space Center ។ ការនាំយក​ជន​ស៊ីវិល​ទាំង 4នាក់ ទៅកាន់​លម្ហ​អាកាស​នោះ គឺ​ត្រូវ​ប្រើប្រាស់​យាន​អាវ​កាស Crew Dragon ។

    អ្នកដឹកនាំ​ក្នុង​បេសកកម្ម​នោះ គឺ​លោក Jared Isaacman គឺជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Shift 4 Payments ដើរតួ​ធ្វើជា​មេបញ្ជាការ ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់។ គាត់​នឹង​ក្លាយជា​ជន​ស៊ីវិល 1រូប​ក្នុងចំណោម 3រូប​ផ្សេងទៀត ដែល​នឹងធ្វើ​ដំណើរ​ទៅកាន់​លម្ហ ខណៈដែល​ជន​ស៊ីវិល​ទាំង 3នាក់​ទៀត​នោះ ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​ធ្វើតេស្ត ខាង​កាយសម្បទា​ជាច្រើន។

    បុគ្គល​ទាំង 4រូប ដែល​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​លម្ហ​នោះ គឺ​នឹង​ទទួលបាន​ការហ្វឹកហាត់​ជាមុន ពី SpaceX នូវ​មុខជំនាញសំខាន់ៗជាច្រើន ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុងការ​ដំណើរ​នោះ ដែល​រួមមាន​ទាំង​របៀប​ប្រើប្រាស់​យានអវកាស ក៏ដូចជា​របៀប​នៃ​ការឆ្លើយតប​បន្ទាន់​ផងដែរ។

    គោលបំណង នៃ​ក្នុង​បេសកកម្ម​ខាងលើ​នោះ គឺ​ដើម្បី​រៃអង្គាស​ថវិកា សម្រាប់​ផ្តល់ទៅឱ្យ​មន្ទីរពេទ្យ និង​កន្លែង​ស្រាវជ្រាវ ទាក់ទង​នឹង​ជំងឺ​របស់​កុមារ​មួយ ដែលមាន​ឈ្មោះថា St. Jude Children’s Research Hospital។

    លោក Jared Isaacman នឹង​បរិច្ចាគ 2កៅអី ដែល​នៅសល់ ទៅកាន់​ជន​ស៊ីវិល 2រូប​ទៀត។ កៅអី​នៅសល់​នេះ នឹង​ផ្តល់ឱកាស​យ៉ាង​បើកចំហ ទៅកាន់​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​បរិច្ចាគ ទៅ​មន្ទីរពេទ្យ​ខាងលើ​ដែរ ហើយ​កន្លែង​សម្រាប់​ម្នាក់ទៀត នឹង​ផ្តល់ជូន​ទៅឱ្យ​អតិថិជន​ចាស់ និង​ថ្មី នៃ​ជំនួញ​តាម​អ៊ី​ន​ធើ​ណិ​ត Shift4Shop របស់លោក Isaacman សម្រាប់​កន្លែង​មួយ​ចុងក្រោយ ដែល​នៅសល់​នោះ គឺ​នឹងត្រូវ​ផ្តល់​ឱ្យទៅ ឯកអគ្គរដ្ឋទូត​នៃ​មន្ទីរពេទ្យ​ខាងលើ។

    សូម​ជម្រាបជូន​ផងដែរ​ថា ក្រុមហ៊ុន​អវកាស SpaceX បាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ ដែល​ជោគជ័យ​លើ​ការបាញ់​បង្ហោះ​រ៉ុក្កែត ចូលទៅ​ស្ថានីយ​អវកាស​អន្តរជាតិ និង​ជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​អាច​ផលិត​បាន​យានអវកាស អាចធ្វើ​ដំណើរ​ទៅកាន់​លម្ហ ដែល​អាច​វិល​ត្រឡប់មក​ផែនដី​បាន៕

  • ក្រុមហ៊ុន Elon Musk  ធ្វើតេស្ត​ជោគជ័យ​លើ​សត្វ​ស្វា គម្រោង​បន្ទះ​ឈី​ប ជាមួយនឹង​ខ្សែ​អេឡិចត្រូត

    ក្រុមហ៊ុន Elon Musk  ធ្វើតេស្ត​ជោគជ័យ​លើ​សត្វ​ស្វា គម្រោង​បន្ទះ​ឈី​ប ជាមួយនឹង​ខ្សែ​អេឡិចត្រូត

    កាលពី​ថ្ងៃទី31 ខែមករា ឆ្នាំ2021 គម្រោង Neuralink របស់លោក​Elon Musk ទទួលបាន​ជោគជ័យ ក្នុងការ​សាកល្បង​ដាំ​បន្ទះ​ឈី​ប​ក្នុង​ខួរក្បាល​សត្វ​ស្វា ដែល​អាច​អនុញ្ញាតឱ្យ​សត្វ​ស្វា​នោះ មាន​សមត្ថភាព ចេះ​លេង​ហ្គេម PingPong តាមរយៈ​ខួរក្បាល​របស់​វា។ នេះ​ជា​ជោគជ័យ​លើកដំបូង​ហើយ ក្នុងការ​ធ្វើតេស្ត និង​ជា​ជំហាន​ថ្មី​មួយទៀត​ក្នុងការ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត។

    ជម្រាបជូន​ផងដែរ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ណឺរ៉ូន កំពុង​សិក្សា និង​ធ្វើតេស្ត​សាកល្បង Neuralink ដែលជា​ឧបករណ៍​បង្កប់​ក្នុង​លលា​ដ៏​ក្បាល ដែល​រួមមាន​បន្ទះ​ឈី​ប​ជាមួយនឹង​ខ្សែ​អេឡិចត្រូតតូចៗ ដែលមាន​សមត្ថភាព​អាច​ភ្ញោ​ច​ណឺរ៉ូន នៅក្នុង​ខួរក្បាល​របស់​មនុ​ស្សបាន។

    ភាពជោគជ័យ​នៃ​ដំណើរការ​គម្រោង​នេះ នៅ​ថ្ងៃ​អនាគត អាចជួយ​ដល់​មនុស្ស​ដែលមាន​បញ្ហា​ឃាង​សរសៃប្រសាទ​បាន ដូចជា បាត់​ការចងចាំ ថ្លង់ ពិការភ្នែក ខ្វិន បាក់​ទឹកចិត្ត ដេក​មិន​លក់ ឈឺចាប់​រ៉ាំរ៉ៃ ប្រកាច់ ថប់​អារម្មណ៍ បញ្ហា​ញៀន​នឹង​អ្វីមួយ ដាច់​សរសៃឈាម​ខួរក្បាល ឬ​បញ្ហា​ខូច​ខួរក្បាល ជាដើម៕

  • (សង្ខេប) 10ប្រការ​ដែល​អ្នក​អាច​មិនបាន​ដឹង​អំពី​លោក Jeff Bezos

    (សង្ខេប) 10ប្រការ​ដែល​អ្នក​អាច​មិនបាន​ដឹង​អំពី​លោក Jeff Bezos

    គ្រប់គ្នា​ធ្លាប់តែ​ចាប់អារម្មណ៍​ថា Jeff Bezos គឺជា​មហាសេដ្ឋី​លំដាប់​កំពូល និង​ល្បីឈ្មោះ​ជាងគេ​មួយរូប​នៅក្នុង​ពិភពលោក ក៏ប៉ុន្តែ​ប្រការ​ទាំងឡាយ​ខាងក្រោម​នេះ គ្រប់គ្នា​ប្រហែលជា​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ។

    លោក Bezos កើត​ក្នុង​គ្រួសារ​សាមញ្ញ​មួយ​គ្រួ ប៉ុន្តែ​បច្ចុប្បន្ន ទ្រព្យ​របស់លោក​បាន​កើនឡើង​ដល់ 197 ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​មហាសេដ្ឋី​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក Elon Musk នេះ​បើតាម​ទំព័រ Bloomberg។

    Jeff Bezos ថត​ជាមួយ​ម្ដាយ និង​ឪពុក​ចុង

    ខាងក្រោម​នេះ​គឺជា​ប្រកា​រទាំង 10 ដែល​អ្នក​គួរតែ​ដឹង​អំពី​ម្ចាស់ Amazon៖

    1-ម្ដាយ​របស់លោក Jeff Bezos ឈ្មោះ Jacklyn Bezos បាន​បង្កើត​លោក​ក្នុង​គ្រា​កំពុង​រៀន​នៅ​វិទ្យាល័យ

    2-ឪពុក​បង្កើត​របស់លោក Bezos គឺជា​អ្នក​សំដែង​សៀក

    3-Bezos ចូលចិត្ត​ស្វែងយល់​គ្រប់យ៉ាង និង​មាន​ចំណូលចិត្ត​ស្វែងរក​របកគំហើញ​ថ្មី​តាំងតែ​ពី​នៅ​ក្មេង

    4-Bezos ធ្វើ​ជំនួញ​ជា​លើកដំបូង​នៅពេល​កំពុង​សិក្សា​កម្រិត​វិទ្យាល័យ

    5-Bezos ធ្លាប់​ធ្វើការ​នៅ​តំបន់ Wall Street ក្នុង​ទីក្រុង New York កាលពីដើម​ទសវត្សរ៍ 1990

    6-Bezos បង្កើត​ក្រុមហ៊ុន Amazon នៅក្នុង​យានដ្ឋាន

    7-ដើមឡើយ Bezos ធ្លាប់បាន​ដាក់ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​របស់ខ្លួន​ថា Cadabra មិនមែន Amazon ទេ

    8-លោក​ធ្លាប់​ជួប​គ្រោះថ្នាក់​ឧទ្ធម្ភាគចក្រ

    9-Bezos គឺជា​ម្ចាស់​នៃ​ទីភ្នាក់ងារសារព័ត៌មាន Washington Post

    10-Bezos មាន​ក្រុមហ៊ុន​អវកាស​ផ្ទាល់ខ្លួន

    ប្រភព៖ BI, BB

  • យាន​អវកាស​ Starship របស់​មហាសេដ្ឋី Elon Musk ផ្ទុះ​នៅពេល​ចុះចត

    យាន​អវកាស​ Starship របស់​មហាសេដ្ឋី Elon Musk ផ្ទុះ​នៅពេល​ចុះចត

    យានអវកាស Starship គំរូ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន SpaceX បាន​ផ្ទុះ​ម្ដងទៀត​នៅពេល​កំពុង​ចុះចត បើទោះជា​បាន​ហោះ​ចេញពី​ទីលាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ។

    គំរូ​យានអវកាស Starship ថ្មី​បំផុត​នេះ ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី 2 កុម្ភៈ ប៉ុន្តែ​បាន​ផ្ទុះ​ដោយសារតែ​មានការ​ប៉ះទង្គិច​នៅក្នុង​ការព្យាយាម​ចុះចត​តាម​លក្ខណ​បញ្ឈរ​ត្រង់។ យាន​គំរូ​នេះ​មាន​លេខ​សម្គាល់​ជា​លេខ 9 ឬ SN9។ វា​ត្រូវបាន​បាញ់​បង្ហោះ​សាកល្បង​ក្នុង​រយៈកម្ពស់​ប្រហែល 10 គីឡូម៉ែត្រ ដូច​ទៅនឹង​យាន Starship មួយគ្រឿង​ផ្សេងទៀត​ដែល​បាន​ហោះ​ឡើង​កាលពី​ខែធ្នូ ឆ្នាំ 2020។ យាន SN8 ក៏បាន​ផ្ទុះ​នៅក្នុងពេល​ចុះចត។

    John Insprucker ដែលជា​វិស្វករ​សំខាន់​របស់ SpaceX បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា៖ «យើង​ត្រូវ​ប្រឹងប្រែង​តែ​បន្តិចទៀត​ប៉ុណ្ណោះ នឹងមាន​ការចុះ​ចត​ដោយ​ជោគជ័យ»។

    Starship មុន​ពេល​បាញ់​បង្ហោះ​

    គំរូ​នៃ​យាន Starship របស់ Elon Musk ត្រូវបាន​រចនា​ឡើង​ដោយ​ប្រើប្រាស់​ដែក​អ៊ី​ណុ​ក ដូច​ទៅនឹង​កំណែ​ដំបូង​ដែល​ត្រូវបាន​ប្រកាស​កាលពី​ចុងឆ្នាំ​មុន។ ក្រុមហ៊ុន SpaceX កំពុងតែ​អភិវឌ្ឍ​យានអវកាស Starship ដើម្បី​ដឹកទំនិញ ឬ​មនុស្ស​ឱ្យបាន 100 នាក់ ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ និង​ពិភព​ព្រះ​អង្គារ​ដោយ​ចំណាយ​ការហោះហើរ​តែមួយ​លើក។

    លោក Musk បាន​បង្វែរ​ចំណាប់អារម្មណ៍​របស់​សាធារណជន ទៅរក​យាន Starship កាលពី​ខែឧសភា ក្រោយពី SpaceX ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ទេសចរណ៍​អវកាស​ដំបូង​របស់ខ្លួន។ លោក Musk ចាត់ទុក Starship ជា​អាទិភាព​ដំបូង​របស់​ក្រុមហ៊ុន។ កាលពី​ឆ្នាំមុន ក្រុមហ៊ុន​បានស្នើ​ឱ្យមាន​ការ​ព​ន្លឿ​ន​កម្មវិធី​នេះភ្លាមៗផងដែរ។

    បើទោះជា SN9 មាន​វាសនា​មិន​ខុសពី SN8 ដែល​បាន​ផ្ទុះ​កាលពី​ពីរ​ខែ​មុន ប៉ុន្តែ SpaceX បាន​ចាត់ទុកថា ការសាកល្បង​ហោះហើរ​នេះ​ជា​ជំហាន​ដ៏​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​រ៉ុ​ក​កែ​ត​របស់ខ្លួន។ SN10 អាច​នឹង​ជោគជ័យ​ក្នុង​ការហោះ​ឡើង និង​ចុះចត​នាពេលខាងមុខ៕

    ប្រភព៖ CNBC

  • Jeff Bezos លាលែង​ពី​តំណែង CEO របស់ Amazon

    Jeff Bezos លាលែង​ពី​តំណែង CEO របស់ Amazon

    ការលាលែង​ពី​តំណែង CEO របស់ Jeff Bezos នឹង​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​ក្រុមហ៊ុន Amazon កំពុងស្ថិត​ក្នុងសម័យ​កាល​រីកចម្រើន​បំផុត។

    សារព័ត៌មាន Bloomberg ទើបតែ​បាន​រាយការណ៍​ថា ស្ថាបនិក​របស់ Amazon គឺ​លោក Jeff Bezos នឹង​ចាក​ចេញពី​តំណែង CEO របស់​ក្រុមហ៊ុន​នេះ​នៅក្នុង​ត្រីមាស​ទី​បី ឆ្នាំ 2021 ហើយ​អ្នក​ចូលមក​ជំនួស​លោក Bezos នោះ​គឺ Andy Jassy ដែល​កំពុង​គ្រប់គ្រង​ផ្នែក cloud-computing របស់ Amazon។

    Jassy វ័យ 53 ឆ្នាំ ជាច្រើន​ឆ្នាំ​មកនេះ ត្រូវបាន​គេ​យល់ថា​ជា​មនុស្ស​ម្នាក់​ដែលមាន​សក្ដានុពល​ដែល​អាច​ជំនួស​លោក Bezos បាន។ លទ្ធភាព​នេះ​កាន់តែ​ត្រូវបាន​បញ្ជាក់ នៅពេល​បេក្ខភាព​ដែលមាន​សក្ដានុពល​ម្នាក់ទៀត​គឺ Jeff Wilke ដែល​បច្ចុប្បន្ន​ជានា​យក​ផ្នែក​អតិថិជន បានប្រកាសថា​នឹង​ចាក​ចេញពី​ក្រុមហ៊ុន​នេះ។

    Bezos អាយុ 57 ឆ្នាំ បាន​ដឹកនាំ Amazon អស់​រយៈពេល 25 ឆ្នាំ រាប់​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង។ ក្រោយ​ចាក​ចេញពី​តំណែង CEO លោក Bezos នឹង​ក្លាយជា​ប្រធាន​របស់​ក្រុមហ៊ុន​នេះ។

    ការផ្លាស់ប្ដូរ​ខាងលើ ត្រូវបាន​ធ្វើឡើង​ចំពេល​ដែល Amazon កំពុងស្ថិត​ក្នុងស្ថានភាព​ល្អប្រសើរ​ជាទីបំផុត ដោយ​សារតែ Covid-19។ Jassy ដែល​បាន​បម្រើការ​នៅ Amazon ចាប់ពី​ឆ្នាំ 1997 ទំនងជា​នឹង​ដឹកនាំ​ក្រុមហ៊ុន​ទៅ​តាម​គន្លង​បច្ចុប្បន្ន៕

    ប្រភព៖ Bloomberg

  • ភ្ញាក់​ដឹងខ្លួន​ឡើង ស្រាប់តែ Covid-19 រាលដាល​ពេញ​ពិភពលោក ខណៈ​ខ្លួនឯង​អត់​ដឹងអី​សោះ

    ភ្ញាក់​ដឹងខ្លួន​ឡើង ស្រាប់តែ Covid-19 រាលដាល​ពេញ​ពិភពលោក ខណៈ​ខ្លួនឯង​អត់​ដឹងអី​សោះ

    Joseph Flavill អាយុ 19 ឆ្នាំ មិនបាន​ដឹង​អ្វី​សោះ​អំពី Covid-19 ដែល​បាន និង​កំពុង​រាតត្បាត​ពេញ​ពិភព​លោក នៅពេល​បានដឹងខ្លួន​ឡើងវិញ​ក្រោយ​ការ​សន្លប់​រយៈពេល 10 ខែ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បើទោះជា​កំលោះ​រូបនេះ​បាន​ឆ្លង​វីរុស​ពីរលើក​មកហើយ​ក៏ដោយ។

    កំលោះ Joseph Flavill ត្រូវបាន​រថយន្តបុក​ពេ​ញ្មួ​យ​ទំហឹង​ពេល​កំពុង​ដើរ​នៅក្នុង​ទីរួមស្រុក Burton upon Trent ក្នុង​តំបន់ Staffordshire ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី 1 មីនា ឆ្នាំ 2020 ពោលគឺ 3 សប្ដាហ៍​មុនពេល​អង់គ្លេស​ដាក់​បំរាម​គោចរ​ទូទាំងប្រទេស​លើកដំបូង។ កំលោះ​នេះ​ធ្លាក់​ក្នុង​សភាព​បាត់បង់​ស្មារតី​អស់​ជាច្រើន​ខែ​ព្រោះ​ត្រូវរបួស​ដល់​ខួរក្បាល ប៉ុន្តែថ្មីៗនេះ Joseph ចាប់ផ្ដើម​ដឹងខ្លួន និង​មានប្រតិកម្ម។

    «ក្មួយ​ខ្ញុំ​មិនដឹង​អ្វី​ទាំងអស់​អំពី​រោគរាតត្បាត​នៅពេល​វា​ត្រូវ​សន្លប់​ជាង 10 ខែ​មកនេះ។ ពេលនេះ វា​ចាប់ផ្ដើម​ដឹងខ្លួន​ឡើងវិញ​ហើយ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា វា​ដឹង​អ្វីខ្លះ​នោះទេ» Sally Flavill Smith ដែលជា​ម្ដាយមីង​របស់ Joseph រៀបរាប់។ «ខ្ញុំ​មិន​ប្រាកដថា Joseph យល់​នូវ​អ្វីដែល​យើង​កំពុងតែ​ឆ្លងកាត់​ដែរ ឬ​យ៉ាងណា»។

    Sally ឱ្យដឹងថា គ្រួ​សារបាន​ព្យាបាល​ពន្យល់​តាមរយៈ​ការហៅ​ទូរស័ព្ទ​ជា​វីដេអូ​ថា ពួកគេ​មិន​អាចមក​នៅក្បែរ Joseph បាន ដោយសារតែ​បំរាម​គោចរ​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19។ «ពេល​អា​ក្មួយ​ខ្ញុំ​ដឹងខ្លួន វា​មិនបាន​ដឹងថា ហេតុអ្វី​បានជា​វា​នៅ​ទីនោះ។ ពួកយើង​បាន​ព្យាយាម​និយាយ​បកស្រាយ​តាម​ទូរស័ព្ទ។

    Joseph Flavill ជា​មនុស្ស​ស្វាហាប់​ និង​ចូល​ចិត្ត​​លេង​​កីឡា

    Joseph បានចាប់ផ្ដើម​កម្រើក​ដៃ​ជើង បិទ​បើកភ្នែក និង​ញញឹម នៅពេល​ក្រុមគ្រួសារ និង​មិត្តភក្ដិ​សួរនាំ។ អ្នកស្រី Sally និយាយថា ក្មួយ​របស់គាត់​អាច​ធ្វើតាម​អ្វីដែល​ពួកគេ​បានស្នើ ដូចជា​យកដៃ​ប៉ះ​ត្រចៀក​ឆ្វេង​និង​ស្ដាំ​ង លើកដៃ​ជើង និង​ឆ្លើយថា​យល់ព្រម ឬ​មិន​យល់ព្រម តាមរយៈ​ការ​ធ្មេច និង​បើកភ្នែក។ ស្នាមញញឹម​ដំបូង​របស់ Joseph បានធ្វើឱ្យ​គ្រប់គ្នា​ស្រក់​ទឹកភ្នែក។

    Joseph ក៏​ធ្លាប់បាន​ឆ្លង Covid-19 ចំនួន​ពីរលើក​ក្នុងពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​បានជា​សះស្បើយ​ហើយ។ អ្នកស្រី Sharon ម្ដាយ​របស់ Jeseph ធ្លាប់​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចូលមក​មើល​កូន​ក្នុង​ថ្ងៃ​ខួបកំណើត​លើក​ទី 19 កាលពី​ខែធ្នូ ឆ្នាំ 2020 ប៉ុន្តែ ត្រូវ​រក្សា​គម្លាត និង​ពាក់​ឈុត​ការពារ​វីរុស។

    Sally រៀបរាប់​ប្រាប់ថា៖ «ពេលនោះ Joseph មិនដឹង​អ្វី​ទាំងអស់ ហើយ​ខ្ញុំ​គិតថា ម្ដាយ​របស់​វា​បារម្ភ​ខ្លាំងណាស់ ព្រោះ​មិនដឹងថា កូនប្រុស​របស់គាត់​នៅ​ស្គាល់​គាត់​ដែរ ឬ​អត់។ ម្ដាយ Joseph ត្រូវ​រង់ចាំ​អស់​ជាច្រើន​ខែ​ដើម្បី​បាន​ជួប​កូនប្រុស»។

    មុនពេល​ជួប​គ្រោះថ្នាក់ Joseph គឺជា​កំលោះ​ដ៏​ស្វាហាប់ និង​ចូលចិត្ត​លេង​កីឡា។ ក្នុង​យុទ្ធនាការ​ស្វែងរក​មូល​និ​ធិ​ដើម្បី​ជួយ​ដល់ Joseph ក្រុមគ្រួសារ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជាង 30,000 ផោន (41,000 ដុល្លារ​អាមេរិក) សម្រាប់​​ការព្យាបាល និង​ថែទាំ​កូនប្រុស​របស់​ពួកគេ៕

    ប្រភព៖ Guardian

  • គេ​ភ័យ​នឹង​រដ្ឋប្រហារ ឯ​នាង​ជា​គ្រូបង្វឹក​កីឡា បែរជា​រាំ​យ៉ាង​សង្ហា​តាម​ចង្វាក់ភ្លេង​ទៅវិញ

    គេ​ភ័យ​នឹង​រដ្ឋប្រហារ ឯ​នាង​ជា​គ្រូបង្វឹក​កីឡា បែរជា​រាំ​យ៉ាង​សង្ហា​តាម​ចង្វាក់ភ្លេង​ទៅវិញ

    នារី​ជនជាតិ​មី​យ៉ាន​ម៉ា​ម្នាក់​មាន​ឈ្មោះថា Wai កំពុងតែ​ធ្វើឱ្យ​កក្រើក​បណ្ដាញ​សង្គម ដោយសារតែ​វីដេអូ​ដែល​បង្ហាញថា នាង​រាំ​តាម​ចង្វាក់ភ្លេង aerobic យ៉ាង​ក្លាហាន ក្នុងពេល​កងទ័ព​មី​យ៉ាន​ម៉ា​កំពុង​ធ្វើ​រដ្ឋប្រហារ។

    ក្រូបង្វឹក​ផ្នែក​លំ​ហាត់ប្រាណ ឈ្មោះ Khing Hnin Wai កាលពី​ថ្ងៃទី 1 មករា បាន​បង្ហោះ​វីដេអូ​នៅលើ Facebook ដែល​បង្ហាញ​អំពី​សកម្មភាព​ដែល​នាង​កំពុង​រាំ​ហាត់ប្រាណ​នៅ​ខាងក្រៅ​អគារ​មួយ ក្នុង​គ្រា​ដែល​ក្បួន​រថយន្ត​របស់​កងទ័ព​កំពុងធ្វើដំណើរ និង​ទិដ្ឋភាព​រណាំង​ដែក​កំពុង​ត្រូវ​បានដាក់​បញ្ឈរ​ក្រោយខ្នង​របស់​នាង។ នេះ​ក៏​ជា​ពេលដែល​កងទ័ព​មី​យ៉ាន​ម៉ា កំពុង​ធ្វើ​រដ្ឋប្រហារ និង​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី រួម​នឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​របស់​រដ្ឋាភិបាល។

    ក្នុង​រយៈពេល​ប្រហែល 3 នាទី នាង Wai ហាក់​មិន​បានដឹង​អំពី​ហេតុការណ៍​មិន​ប្រក្រតី​ដែល​កំពុង​កើតឡើង​នៅក្រោយ​ខ្នង ហើយ​នាង​នៅតែ​បន្ត​ចាក់​ក្បាច់​រាំ​តាម​ចង្វាក់​តន្ត្រី​ធ្វើ​ព្រងើយ។ មនុស្ស​ជាច្រើន​មានការ​សង្ស័យ​អំពី​វីដេអូ​នេះ ប៉ុន្តែ ក្រោយមក នាង Wai បានបញ្ជាក់​ឱ្យដឹងថា នាង​ពិតជា​គ្រូបង្វឹក​ដែល​បាន​ថត​វីដេអូ​រាំ​តាម​ចង្វាក់ aerobic នៅ​ទីតាំង​នេះ​ប្រាកដ​មែន។

    វីដេអូ​របស់ Wai ដែល​បាន​បង្ហោះ​នៅលើ Facebook ទទួលបាន​ការ​ចុច​ចូលចិត្ត​ជាង 36,000 លើក និង​មតិ​ជាង 1,600 ដង រួម​នឹង​ការចែករំលែក​ជាង 12,000 ដង​ផងដែរ។

    សូមបញ្ជាក់ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​កំពុង​កាន់អំណាច​របស់​ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មី​យ៉ាន​ម៉ា លោកស្រី Aung San Suu Kyi ទទួលបាន 346 ក្នុងចំណោម​អាសនៈ​ចំនួន 412 នៅ​សភាជាតិ ក្រោយ​ការបោះឆ្នោត​នៅ​ចុងឆ្នាំ 2020។ ប៉ុន្តែ កងទ័ព​មី​យ៉ាន​ម៉ា​បាន​ចោទថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ចំនួន​ជាង 10 លាន​ករណី និង​ស្នើឱ្យ​គណកម្មការ​រៀបចំ​ការ​បោះឆ្នោត ប្រកាស​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដើម្បី​ពិនិត្យឡើងវិញ ប៉ុន្តែ​ត្រូវបាន​បដិសេធ។

    ប្រការ​ខាងលើ​នេះហើយ ជា​លេស​មួយ​ដែល​ត្រូវបាន​កងទ័ព​ប្រើប្រាស់​ដើម្បី​រដ្ឋប្រហារ និង​បានប្រកាស​អាសន្ន​ទូទាំងប្រទេស​ដើម្បី​គ្រប់គ្រង​អំណាច​ក្នុង​រយៈពេល​មួយឆ្នាំ។ ក្រោយមក កងទ័ព​ក៏បាន​ដកតំណែង​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី​ចំនួន 24 រូប​របស់​បក្ស NLD ហើយ​បានតែងតាំង​ជំនួស​ដោយ​មនុស្ស​ចំនួន 11 នាក់ ឱ្យ​កាន់កាប់​ក្រសួង​មួយចំនួន ដូចជា ក្រសួង​ហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ការបរទេស និង​ក្រសួងការពារជាតិ រួម​នឹង​ក្រសួងមហាផ្ទៃ​និង​ការពារ​ព្រំដែន​ផងដែរ៕

    https://www.youtube.com/watch?v=Uc-v7y1wDDk

    ប្រភព៖ Sputnik