Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុម​មហា​សេដ្ឋ​បច្ចេកវិទ្យា អាន​​សៀវ​ភៅ​​អ្វីខ្លះ​ដើម្បី​ជោគជ័យ?

    ក្រុម​មហា​សេដ្ឋ​បច្ចេកវិទ្យា អាន​​សៀវ​ភៅ​​អ្វីខ្លះ​ដើម្បី​ជោគជ័យ?

    សៀវភៅ​អាច​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាវុធ ឬ​ជា​មធ្យោបាយ​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ជីវិត លើ​វិថី​ដែល​ឆ្ពោះទៅកាន់​ភាពជោគជ័យរ​បស់​ក្រុម​កំពូល​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៃ​ពិភពលោក។ ខាងក្រោម​គឺជា​សៀវភៅ​ទាំងឡាយ​ដែល​ក្រុម​មហាសេដ្ឋី​ចូលចិត្ត​អាន។

    លោក Bill Gates

    អតីត​ប្រធាន​ក្រុមហ៊ុន Microsoft គឺជា​មហាសេដ្ឋី​ម្នាក់​ដែលមាន​បណ្ណាល័យ​ផ្ទាល់ខ្លួន និង​បាន​អាន​សៀវភៅ​រាប់សិប​ក្បាល​ក្នុងមួយឆ្នាំៗ ព្រមទាំង​មាន blog ផ្ទាល់ខ្លួន​មួយ​ផងដែរ​ដើម្បី​ឧទ្ទេសនាម​សៀវភៅ​ដែល​គួរ​អាន។ សៀវភៅ​ដែល​លោក Bill Gates អាន ភាគច្រើន​គឺជា​ប្រភេទ​ដែល​និយាយ​អំពី​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ជាក់ស្ដែង សេដ្ឋកិច្ច អប់រំ អភិវឌ្ឍ​អន្តរជាតិ សង្គមសាស្ត្រ ប្រវត្តិសាស្ត្រ ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​បុគ្គល និង​កំណត់ហេតុ។

    សៀវភៅ​មួយ​ក្បាល​ក្នុងចំណោម​សៀវភៅ​ដែល​លោក Bill Gates និង Warren Buffett ចាប់អារម្មណ៍ នោះ​គឺ Business Adventures (អាថ៌កំបាំង​បង្កើត​អាជីវកម្ម) និង The Ride of a Lifetime (បក​ស្រែ​បណ្ដោះអាសន្ន​ថា៖ ដំណើរ​ជីវិត)។

    CEO របស់ Amazon លោក Jeff Bezos

    Jeff Bezos បាន​បង្កើត Amazon និង​ចាប់ផ្ដើម​រកស៊ី​ដំបូង​ជាមួយនឹង​ការលក់​សៀវភៅ ដូច្នេះ លោក​ប្រាកដជា​បាន​អាន​សៀវភៅ​អស់​រាប់រយ​ក្បាល​មកហើយ​ក៏​ថា​បាន។ លោក​ក៏មាន​សៀវភៅ​ជាច្រើន​ក្បាល​ដែល​អាច​យកមក​ណែនាំ​ជូន​មិត្ត​អ្នកអាន ក្នុងនោះ លេចធ្លោ​ជាងគេ​នោះ​គឺ​សៀវភៅ Built to Last (បកប្រែ​ក្រៅផ្លូវការ​ថា៖ កសាង​ដើម្បី​អនាគត​យូរអង្វែង) និង The Remains of the Day (បកប្រែ​ក្រៅផ្លូវការ​ថា៖ សំណល់​នៃ​ថ្ងៃនោះ)។ ក្រៅពីនេះ សៀវភៅ The Black Swan (ក្ងាន​ខ្មៅ) ក៏ត្រូវ​បាន​លោក ណែនាំ​ឱ្យ​អាន​ផងដែរ។

    CEO របស់ Apple លោក Tim Cook

    សៀវភៅ​ដែល Tim Cook ធ្លាប់​ចូលចិត្ត​អាន និង​ណែនាំ​ឱ្យ​អាន នោះ​គឺ Competing Against Time (បកប្រែ​ក្រៅផ្លូវការ​ថា៖ រត់ប្រណាំង​នឹង​ពេលវេលា) ឬ Mahatma Gandhi (មហា​ត្មះ គ​ន្ធី) និង Bobby Kennedy ជាដើម។

    CEO របស់ SpaceX និង Tesla លោក Elon Musk

    កំពូល​មហាសេដ្ឋី Elon Musk នៅតែមាន​ពេល​សម្រាប់​អាន​សៀវភៅ បើទោះជា​លោក​គ្រប់គ្រង​ក្រុមហ៊ុនល្បីៗដល់​ទៅ​ពីរ និង​ចំណាយ​ពេលវេលា​សម្រាប់​សំដែង​មតិ​នៅលើ Twitter។ សៀវភៅ​ដែល​លោក​ចូលចិត្ត​អាន នោះ​គឺ Foundation ដែល​និយាយ​អំពី​វិទ្យាសាស្ត្រ​បែប​ស្រមៃ ឬ​ប្រឌិត។

    សៀវភៅ Benjamin Franklin: An American Life និង Einstein: His Life and Universe ដែលជា​ស្នាដៃ​និពន្ធ​របស់ Walter Isaacson ក៏​លោក Musk ចូលចិត្ត​អាន​ផងដែរ។

    CEO របស់ Facebook លោក Mark Zuckerberg

    CEO របស់ Facebook គឺជា​មហាសេដ្ឋី​វ័យក្មេង ដូច្នេះ សៀវភៅ​ដែល​លោក​ចូលចិត្ត​គឺជា​ប្រភេទ​ដែល​ងាយស្រួល​អាន បើ​ធៀប​នឹង​សៀវភៅ​នានា​ដែល​មហាសេដ្ឋី​វ័យចំណាស់ៗចូលចិត្ត។ Mark Zuckerberg ចូលចិត្ត​អាន​សៀវភៅ Sapiens (ប្រវត្តិ​មនុស្សលោក) និង Creativity Inc. (បកប្រែ​ក្រៅផ្លូវការ​ថា៖ ពិភព​ច្នៃប្រឌិត) និង​ពិសេស​គឺ​សៀវភៅ Ender’s Game៕

  • មី​យ៉ាន់​ម៉ា កំពុង​ជ្រួលច្របល់ ធ្វើឱ្យ​រោងចក្រ​ផលិត​រថយន្ត​ជប៉ុនធំៗបិទទ្វារ

    មី​យ៉ាន់​ម៉ា កំពុង​ជ្រួលច្របល់ ធ្វើឱ្យ​រោងចក្រ​ផលិត​រថយន្ត​ជប៉ុនធំៗបិទទ្វារ

    រោងចក្រ​ផលិត​រថយន្ត​ជប៉ុន​ចំនួន2 នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ទើបនឹង​បើក​ដំណើរការ​កាលពីពេលថ្មីៗ បានប្រកាស​ផ្អាក​ដំណើរ​ផលិតកម្ម​រថយន្ត​រប​ស់​ខ្លួនភ្លាមៗ បន្ទាប់ពី​រដ្ឋប្រហារ​យោធា កាលពីពេល​ដើមខែ​នេះ។

    ក្រុមហ៊ុនធំៗទាំង 2នោះ​គឺ Suzuki Motor និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​រថយន្ត Denso Corp ដែល​បាន​បោះទីតាំង និង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ ហើយក៏​ជា​រោងចក្រ​ផលិត​រថយន្ត​ធំ​មួយ ក្នុងចំណោម​រោងចក្រ​ដទៃ​នៅ​តំបន់​អាស៊ាន​ផងដែរ។

    នៅ​ប្រទេស​មី​យ៉ាន់​ម៉ា មាន​ក្រុមហ៊ុន​ជប៉ុន​ច្រើនជាង400 មក​បណ្ដាក់​ទុនវិនិយោគ គិត​តាំងពី​ខែឧសភា ឆ្នាំ2019។ មី​យ៉ាន់​ម៉ា មាន​ចំណែក​ទីផ្សារ​ជាង 60% នៃ​ទីផ្សារ​ផលិតផល Suzuki ដោយ​លក់ដាច់​អស់ 13,200គ្រឿង កាលពី​ឆ្នាំ2019 កន្លងទៅ។

    សូម​ជម្រាបជូន​ផងដែរ​ថា ក្រុមហ៊ុន​ជប៉ុន​ល្បីឈ្មោះ 1ទៀត គឺ Toyota Motor Corp ក៏មាន​គម្រោង​មក​វិនិយោគ និង​បោះទីតាំង​សង់រោង​ចក្រ​នៅ​ខែកុម្ភៈ​នេះដែរ តែ​បាន​ដកថយ​ទៅវិញ ដោយសារតែ​ស្ថានភាព​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា កំពុង​ជ្រួលច្របល់៕

  • Apple Car! ក្រោយ​ពី​មាន​ដំណឹងចចាមអារ៉ាម ទាំង Hyundai ទាំង Kia សុទ្ធតែបដិសេធរឿងសហការជាមួយ Apple

    Apple Car! ក្រោយ​ពី​មាន​ដំណឹងចចាមអារ៉ាម ទាំង Hyundai ទាំង Kia សុទ្ធតែបដិសេធរឿងសហការជាមួយ Apple

    ក្រុមហ៊ុន Apple របស់​សហរដ្ឋអាមេរិក កំពុងតែ​ពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​យ៉ាងតិច​ចំនួន 6 អំពី​​កិច្ចសហការ​ដើម្បី​អភិវឌ្ឍ​រថយន្ត Apple Car ប៉ុន្តែ​ពេលនេះ ទាំង Hyundai ទាំង Kia សុទ្ធតែ​បាន​ច្រាន​ចោល​ដំណឹង​ចចាមអារ៉ាម​ដែលថា ខ្លួន​នឹង​សហការ​ជាមួយ Apple។

    យោងតាម​សារព័ត៌មាន Bloomberg ក្រុមហ៊ុន Hyundai Motor និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Kia Motors របស់ Hyundai សុទ្ធតែ​បាន​បញ្ជាក់ថា មិនបាន​ពិភាក្សា​អ្វី​ជាមួយនឹង​ក្រុមហ៊ុន Apple អំពី​ការសហការ​ផលិត​រថ​យន្ត​អគ្គិសនី​ដែល​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នោះទេ។ នេះ​គឺជា​ការអះអាង​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ក្រោយ​មាន​ដំណឹង​ចចាមអារ៉ាម​ជាច្រើន​ដែល​ត្រូវបាន​សារព័ត៌មាន​នានា​ចុះផ្សាយ​នាពេល​កន្លងមក។

    ប្រភពព័ត៌មាន​ឱ្យដឹងថា ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​កូរ៉េខាងត្បូង កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​អំពី​ការអភិវឌ្ឍ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ប៉ុន្តែ​សេចក្ដីសម្រេច​ចុងក្រោយ​មិនទាន់​ត្រូវបាន​ប្រកាស​នៅ​ឡើយ។ Hyundai និយាយថា ទាំងនេះ​គ្រាន់តែ​ជាការ​ពិភាក្សា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ។

    ប្រភពព័ត៌មាន​មួយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Bloomberg និយាយថា Apple បាន​ផ្អាក​ការចរចា​ជាមួយនឹង Hyundai និង Kia កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន។ ក៏ប៉ុន្តែ សារព័ត៌មាន Nikkei បាន​អះអាងថា Apple កំពុងតែ​ចរចា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​យ៉ាងតិច​ចំនួន 6 ទាក់ទង​នឹង​ការអភិវឌ្ឍ និង​ផលិត​រថយន្ត​អគ្គិសនី Apple Car។

    ផែនការ​របស់ Apple សម្រាប់​ការផលិត​រថយន្ត​អគ្គិសនី​កំពុងស្ថិត​ក្នុង​ភាពអាថ៌កំបាំង ក៏ប៉ុន្តែ​ពួកគេ​កំពុងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង។ មូលហេតុ​គឺ​ដោយសារ គម្រោង Apple Car មាន​សក្ដានុពល​ក្នុងការ​ផ្លាស់ប្ដូរ​វិស័យ​ឧស្សាហកម្ម​រថយន្ត ពោលគឺ​ដូច​ទៅនឹង​វិធី​ដែល iPhone និង iPods បាន​ផ្លាស់ប្ដូរ​ទីផ្សារ​ទូរស័ព្ទ​យ៉ាង​ដូច្នោះ​ដែរ៕

    ប្រភព​៖ Bloomberg

  • WTO ជិត​មាន​អគ្គនាយិកា​ស្បែក​ខ្មៅ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​សារ​​គូប្រជែង​បាន​ដកខ្លួន

    WTO ជិត​មាន​អគ្គនាយិកា​ស្បែក​ខ្មៅ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​សារ​​គូប្រជែង​បាន​ដកខ្លួន

    លោកស្រី Ngozi Okonjo-Iweala មកពី​ប្រទេស​នី​ហ្សេ​រី (Nigeria) នឹង​ក្លាយជា​ស្ត្រី​ដំបូង​គេ និង​ជា​ជនជាតិ​អាហ្វ្រិក​ដំបូង​គេ​ដែល​ដឹកនាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដោយសារ​គូប្រជែង​មកពី​កូរ៉េខាងត្បូង​បាន​ដកខ្លួន។

    លោកស្រី Yoo Myung-hee រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 5 កុម្ភៈ បានប្រកាស​ដកខ្លួន​ចេញពី​ការប្រកួត​ដណ្ដើម​តំណែង​អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ លោកស្រី Yoo Myung-hee និង​លោកស្រី Ngozi Okonjo-Iweala គឺជា​បេក្ខភាព​ចុងក្រោយ​នៅក្នុង​ការ​ប្រជែង​នេះ។

    លោកស្រី Ngozi Okonjo-Iweala ដែលជា​អ្នកសេដ្ឋកិច្ច និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នី​ហ្សេ​រី​យ៉ា ទទួលបាន​ការគាំទ្រ​ពី​សមាជិកសំខាន់ៗរបស់ WTO មានដូចជា ចិន អឺរ៉ុប ជប៉ុន និង​អូស្ត្រាលី។ ប៉ុន្តែ សហរដ្ឋអាមេរិក​បែរ​ជា​គាំទ្រ​បេក្ខភាព Yoo Myung-hee មកពី​កូរ៉េខាងត្បូង​ទៅវិញ បណ្ដាលឱ្យ​ការជ្រើសរើស​ជួប​ការលំបាក ដោយសារតែ​ការជ្រើសរើស​មេដឹកនាំ​ថ្មី ទាមទារ​ឱ្យមាន​ការយល់ព្រម​ពី​សមាជិក​ទាំង​អស់នៃ​អង្គការ​នេះ។ ការជ្រើសរើស​លោកស្រី Okonjo-Iweala អាច​ត្រូវ​ចំណាយពេល​ច្រើន​បន្ថែមទៀត ពោលគឺ​រហូតដល់​អាមេរិក​មាន​តំណាង​ថ្មី។

    លោក​ស្រី Yoo Myung-hee

    ការសម្រេចចិត្ត​ដកខ្លួន​របស់លោក​ស្រី Yoo Myung-hee ត្រូវបាន​ធ្វើឡើង​ក្រោយពី​បាន​ប្រឹក្សា​យោបល់​ជាមួយ​សហរដ្ឋ​​អាមេរិក។ លោកស្រី​ថា WTO មិនមាន​មេដឹកនាំ​អស់​ពេល​ជា​យូរ​មកហើយ ចាប់តាំងពី​លោក Roberto Azevedo បាន​ចាក​ចេញពី​តំណែង​នេះ​កាលពី​ខែសីហា ឆ្នាំ 2020 ឆាប់​ជាង​មួយឆ្នាំ​បើ​ធៀប​នឹង​ផែនការ។ ការចាកចេញ​របស់លោក Roberto Azevedo ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល WTO កំពុង​ជាប់គាំង​នៅក្នុង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិន និង​​សហរដ្ឋ​​អាមេរិក។

    អតីត​រដ្ឋាភិបាល​រប​ស់លោក Trump បាន​រិះ​យ៉ាងខ្លាំង​ក្លា និង​មិន​អើពើ​ដល់​តួនាទី​របស់​អង្គការ​នេះ ក្នុង​បំណង​យកពន្ធ​លើ​ការនាំ​ចូល​ពី​កាណាដា ម៉ិ​ក​ស៊ិ​ក ចិន និង​អឺរ៉ុប។ ដូច្នេះ លោកស្រី Ngozi Okonjo-Iweala នឹង​ជួប​ការលំបាក​ខ្លាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ខាងលើ។

    លោកស្រី Ngozi Okonjo-Iweala បានធ្វើ​ការឱ្យ​ធនាគារពិភពលោក (WB) អស់​រយៈពេល 25 ឆ្នាំ ក្នុងតួនាទី​ជា​អ្នកសេដ្ឋកិច្ច និង​អភិវឌ្ឍ​ពិភពលោក។ ក្រោយមក បន្តិចម្ដងៗ លោកស្រី​ក៏បាន​ឈាន​ចូលទៅ​ក្បែរ​តំណែង​ជា​មេដឹកនាំ​នៃ​អង្គការ WTO។ លោកស្រី​ក៏​ជា​ប្រធាន Gavi ដែលជា​អង្គការ​មួយ​កំពុង​ជួយ​ដល់​ការ​ចែកចាយ​វ៉ាក់សាំង Covid-19 នៅ​ទូទាំង​​ពិភព​​លោក និង​ទើបតែ​បានបញ្ចប់​អាណត្តិ​របស់លោក​ស្រី កាលពី​ខែធ្នូ ឆ្នាំ 2020៕

    ប្រភព៖ CNN

  • ផ្ទៃ​បឹង​កប់​ស្រូវ 4 ហិកតា នឹងត្រូវ​​យក​មក​​សាង​សង់​ទីស្ដីការ​ថ្មី​នៃ​​ក្រសួង​​មុខ​ងារ​សាធារណៈ

    ផ្ទៃ​បឹង​កប់​ស្រូវ 4 ហិកតា នឹងត្រូវ​​យក​មក​​សាង​សង់​ទីស្ដីការ​ថ្មី​នៃ​​ក្រសួង​​មុខ​ងារ​សាធារណៈ

    ទីស្ដីការ​ថ្មី​របស់​ក្រសួង​មុខងារសាធារណៈ​នឹង​ត្រូវបាន​សាងសង់​លើ​តំបន់​បឹង​កប់​ស្រូវ (បឹង​តា​មោក) បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​បានសម្រេច​ប្រគល់ឱ្យ​ក្រសួង​នេះ​តាមរយៈ​អនុក្រឹត្យ មួយ ចុះ​ថ្ងៃទី 28 ខែមករា​កន្លងទៅ។

    នៅក្នុង​អនុក្រឹត្យ លេខ 63 សជណ ចុះ​ថ្ងៃទី 28 ខែមករា ឆ្នាំ 2021 ខាងលើ បានឱ្យដឹងថា ទីតាំង​ផ្ទៃដី​បឹង​តា​មោក​ទំហំ 4 ហិកតា ដែល​ត្រូវបាន​ប្រគល់ឱ្យ​ក្រសួង​មុខងារសាធារណៈ​នេះ ស្ថិតនៅក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ភ្នៅ ក្រុងភ្នំពេញ ជាប់​នឹង​ភាគ​ខាងលិច​នៃ​តំបន់​ដី​របស់​ក្រសួងយុត្តិធម៌។ ទីតាំង​នេះ​មាន​ចម្ងាយ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រមាណ 12 គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង និង​ចម្ងាយ​ពី​វត្តភ្នំ​ប្រមាណ 18 គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង​ឆៀង​ខាងលិច។

    នៅ​ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2016 រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការកំណត់​ផ្ទៃ​បឹង ចំនួន 3,239 ហិកតា ​ដែល​​គ្រប​ដណ្តប់​​លើ​​តំបន់​បឹង​តា​មោក និង​ដី​ជុំវិញ​បឹង​នេះ ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ។ ក្នុង​ឆ្នាំ 2020 រដ្ឋ​ក៏បាន​សម្រេច​កាត់​ដី​បឹង​តា​មោក​ប្រមាណ 682 ហិកតា ឱ្យទៅជា​កម្មសិទ្ធិឯកជន និង​ស្ថាប័នរដ្ឋ​មួយចំនួន ប៉ុន្តែ ក្នុងនោះ​ក៏មាន​ករណី​ជាច្រើន​ត្រូវបាន​ទុកជា​មោ​ឃៈ​ផងដែរ។

    បឹង​កប់​ស្រូវ គឺជា​បឹង​មួយ ដែល​ត្រូវបាន​ចាប់ផ្ដើម​អភិវឌ្ឍ​ក្រោយ​គេ​នៅក្នុង​ចំណោម​បឹងធំៗនៅ​រាជធានី​ភ្នំពេញ។ នៅ​ជុំវិញ​បឹង​នេះ មាន​ខណ្ឌ​ចំនួន 2 គឺ​ខណ្ឌ​ព្រែក​ព្នៅ និង ខណ្ឌ​សែន​សុខ។ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្ដីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ថ្មី នា​ព្រឹក​ថ្ងៃទី 22 ខែមករា ឆ្នាំ 2021 សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​មានប្រសាសន៍ថា ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹងត្រូវ​រើ​ទៅ​តំបន់​បឹង​តា​មោក រួមមាន​អគ្គបញ្ជាការដ្ឋាន​កងទ័ព និង​មន្ទីរពេទ្យ​រដ្ឋ​ចំនួន 2។

    ក្រោយពី​មាន​អនុក្រឹត្យ ចុះ​ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2016 និង​គម្រោងខ្លះៗរបស់​រដ្ឋាភិបាល រហូតមកដល់​បច្ចុប្បន្ន គេ​ឃើញ​មាន​គម្រោង​អភិវឌ្ឍ​ឯកជន​ជាច្រើន បានចាប់ផ្ដើម​មាន​ឡើង​នៅ​តំបន់​នេះ៕

  • ដាច់គេហើយ!! ​Galaxy Navatra​ ផ្ទុះខ្លាំងពីមួយបទទៅមួយបទមិនក្រោមលានviews​

    ដាច់គេហើយ!! ​Galaxy Navatra​ ផ្ទុះខ្លាំងពីមួយបទទៅមួយបទមិនក្រោមលានviews​

    ដូច​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​ហើយ​​ថា ផលិតកម្ម​Galaxy Navatraកំពុង​តែ​សម្រុក​ផលិត​បទ​ចម្រៀង​ចូល​ឆ្នាំ​ជា​ច្រើន ខណៈ​ដែល​ផលិតកម្ម​ផ្សេង​ទៀត​ហាក់​មិន​ទាន់​បាន​បញ្ចេញ​ច្រើន​នៅ​ឡើយ។ គិត​មក​ដល់​ថ្ងៃ​នេះ​មាន​បទ​ចម្រៀង​មិន​ក្រោម​ជាង​១០បទ​​ឡើយ​ដែល ផលិតកផលិតកម្មរGalalaxy Navatraបាន​បញ្ចេញ ហើយ​​​ការ​បញ្ចេញ​​នោះ គឺ​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​តែ​ម្ដង។

    ស្ទើរ​គ្រប់​បទ​ចម្រៀង​ទាំង​អស់​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង មិន​​នឹក​​ស្មាន​ដល់ ដោយ​គ្រាន់​តែ​ចេញ​ភ្លាម​មាន​អ្នកviews​រាប់​លាន​គ្រប់​បទ​។ កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និងកំតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​បទ​ចម្រៀង​ច្រើន​ជាង​គេ ទាំង​បទ​ឆ្លើយ​ឆ្លង ទាំង​បទ​ច្រៀង​ទោល​ម្នាក់​ឯង។ ចំពោះ​បទ​ឆ្លើយ​ឆ្លង​អ្នក​ទាំង​ពីរ​មាន​រហូត​ដល់​ទៅ​៦បទ​មក​ហើយ ក្នុង​នោះ​ដូច​ជា ទី១បទ”កាត់ឆុង” ,ទី២បទ”​​ប្រហុក”,ទី៣បទ”រកស៊ី​ជា​មួយ​យក្ស​”ទី៤បទ” អរគុណ​កាមេរ៉ា”ទី៥ បទ”មាន់​កម្សត់” ទី៦​បទ​”ឡាន​ទំនើប”។ បទ​ចម្រៀង​ទាំង​៦បទ​ដែល​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​ច្រៀង​រួម​គ្នា​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ជា​បទ​រាំ​លេង​កម្សាន្ត​បែប​សប្បាយៗ មាន​គ្រប់​ចង្វាក់​ដែល​ងាយ​ស្រួល​សម្រាប់​បង​ប្អូន​រាំលេង ពេល​ជួបជុំគ្នា យ៉ាង​សប្បាយ​រីករាយ ហើយ​​​គ្រប់​បទ​ចម្រៀង​នីមួយៗ មាន​អ្នកviews​រាប់​លាន​ដង។

    ចំណុច​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មហាជន​វាយ​​តម្លៃ​ថា សម្រាប់​ឆ្នាំ​នេះ ប្រហែល​ពិបាក​ទប់ទល់ នឹង​ផលិតកម្ម​Galaxy Navatra​ហើយ​ឆ្នាំ​នេះ ត្បិត​អី​បទ​​ស្ទើរ​តែ​ទាំង​អស់​បែប​នេះ​នោះ។ ផ្អែក​លើ​ផេក Galaxy Navatra ក៍​បានក៍បានក៏បានបង្ហាញពិត ចំនួន អ្នក​ចូល​views បទ​ចម្រៀង​របស់​ខ្លួន​ផង​ដែរ គឺ​ពិត​ជា​មាន​រាប់​លាន​ដង​​គ្រប់​បទ​ច្រៀង​ដែល​បាន​ចេញ​ក្នុង​អាលប៊ុម​ចូល​ឆ្នាំ​នេះ ដែល​ចំនួន​នេះ មាន​ការ​ទទួល​លើស​ការ​រំពឹង​ទុក។ ជា​មួយ​គ្នា​​នោះ​ដែរ​អ្នក​គាំទ្រ​ជា​ច្រើន​អ្នក បាន​ចូល​Comment លើ​Channel youtube Galaxy Navatra ដោយ​កោតសរសើរ ព្រម​ទាំង​​បង្ហាញ​ការ​ពេញចិត្ត​ជា​ខ្លាំង។ លោក យឹម តាស្រង់ ក៏​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថាកំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា គឺ​ពិត​ជា​ដៃគូ​ស័ក្ដិសម​បំផុត​សម្រាប់​បទ​ចម្រៀង​ចូល​ឆ្នាំ​នេះ ​ផលិតកម្មGalaxy Navatra ​នឹង​បន្ត​ផលិត​​បទ​ចម្រៀង​ឲ្យ​អ្នក​ទាំង​ពីរ​ជា​​ច្រើន​បទ​បន្ថែម​ទៀត៕

    ទស្សនាវីដេអូខាងក្រោមនេះ៖

  • ករុណា ពេជ្រ អួលដើមក ក្ដុកក្ដួលអារម្មណ៍ ពេលឃើញស្នាមញញឹមតាៗធាក់ស៊ីក្លូបានពិសាអាហារឆ្ងាញ់ៗ

    ករុណា ពេជ្រ អួលដើមក ក្ដុកក្ដួលអារម្មណ៍ ពេលឃើញស្នាមញញឹមតាៗធាក់ស៊ីក្លូបានពិសាអាហារឆ្ងាញ់ៗ

    ស្នាមញញឹម របស់តាៗធាក់ស៊ីក្លូ ជាច្រើនរយនាក់ បានអង្រួនដួងចិត្តរបស់តារាចម្រៀងករុណា ពេជ្រ អោយស្រក់ទឹកភ្នែក អួលដើមកទៅវិញ ខណៈដែលតារាចម្រៀងរូបនេះ បានរៀបចំពិធីជួបជុំ និងពិសារអាហារនៅភោជនីយដ្ឋានវីហ្វ្រេនស្ពានបាឡេ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៤ កុម្ភៈ ២០២១។

    តារាចម្រៀងរូបនេះ បានអោយដឹងថា គ្រាដែលបានជួបផ្ទាល់ជាមួយនឹងលោកតា ពូ អុំ ធាក់ស៊ីក្លូ និងបានអញ្ជើញគាត់មកពិសាហារមួយពេល ដែលមានរស់ជាតិឆ្ងាញ់ គឺម្ហូបទាំងអស់គឺជាមុខម្ហូបតុកា អោយពួកគាត់បានឆ្ងាញ់ម្តង ទាំងនោះហើយគឺជាសេចក្តីសុខផ្លូវចិត្ត ដែលបានកើតឡើង និងរំភើបរហូតស្រក់ទឹកភ្នែក។ និយាយទាំងអួលដើមក ពេលដែល តាតាស៊ីក្លូ ជាងបីរយ នាក់បានដឹងរឿងពិតអំពីលោកឳពុក របស់ ករុណា ពេជ្រ ឈឺដោយមិនដឹងឮអ្វីទាំងអស់ ពោលគឺជាមនុស្សរុក្ខជាតិ តាតា ទាំងនោះបានជូនពរសូមអោយឳពុក របស់ករុណា បានដឹងខ្លួនស្គាល់កូន ឡើងវិញ ពេលនោះហើយដែលតារាចម្រៀង រូបនេះ អួលដើមក និយាយមិនចេញ ក្រៅពីសម្រក់ទឹកភ្នែក។

    លោកថា ការរៀបចំនេះ គឺធ្វើឡើងនៅចំថ្ងៃទិវានៃក្តីស្រលាញ់១៤ កុម្ភៈ ប៉ុន្តែដោយជាន់ថ្ងៃជាមួយនឹងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ដូច្នេះលោកនិងក្រុមការងារបានសម្រេចផ្លាស់ប្តូរមកថ្ងៃ៤កុម្ភៈវិញម្តង។ លោកក៏បានអរគុណ សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដែលបានរួមចំណែក ចូលជាថវិកា និង សម្ភារៈមួយចំនួន។

  • មហាសេដ្ឋី Jeff Bezos បង្ហើប​ឱ្យដឹង​អំពី​ការកំណត់​គោលដៅ​អនាគត ដែល​មនុស្ស​ភាគច្រើន​ជួប​បរាជ័យ

    មហាសេដ្ឋី Jeff Bezos បង្ហើប​ឱ្យដឹង​អំពី​ការកំណត់​គោលដៅ​អនាគត ដែល​មនុស្ស​ភាគច្រើន​ជួប​បរាជ័យ

    ជាធម្មតា នៅពេល​និយាយ​អំពី​ផែនការ​យូរអង្វែង គ្រប់គ្នា​តែងតែ​កំណត់​គោលដៅ​ក្នុង​រយៈពេល​មធ្យម​ដែល​ប្រកបដោយ​ភាពជាក់លាក់​ណាមួយ រួច​ភ្ជាប់​គំនិត​នានា​ជាមួយគ្នា។ ប៉ុន្តែ បញ្ហា​នៅទីនេះ នោះ​គឺ ផែនការ​នេះ​មាន​លក្ខណ​រឹង និង​តឹងតែង​នៅ​ចំពោះមុខ​ការប្រែប្រួល​រប​ស់​អនាគត ក៏ដូចជា មាន​លក្ខណ​ជាក់លាក់​ពេក ធ្វើឱ្យ​គ្រប់គ្នា​ងាយ​នឹង​បាត់បង់​ភាព​អត់ធ្មត់​នៅពេលអ្វីៗត្រូវ «ដួល​រំលំ»។

    បើទោះជា​ការកំណត់​គោលដៅ​ក្នុង​រយៈពេល 10-20 ឬ 30 ឆ្នាំ មាន​លក្ខណ​មិនសូវ​ជា​ច្បាស់លាស់​បើ​ធៀប​នឹង​រយៈពេល 5 ឆ្នាំ ប៉ុន្តែ វា​ជួយ​ឱ្យ​គ្រប់គ្នា​អាចបង្កើត​យុទ្ធសាស្ត្រ​ប្រកបដោយ​ភាពបត់បែន​ក្នុង​អនាគត ទន្ទឹមនឹងនេះ​ក៏​ជួយ​ឱ្យ​គ្រប់គ្នា​អាច​រក្សាបាន​នូវ​ការអត់ធ្មត់ ភាព​មាំមួន នៅពេល​គម្រោង​ខ្លះ​ត្រូវ​បរាជ័យ។

    នេះ​គឺជា​អ្វីដែល​បានកើត​ឡើង​ចំពោះ​កំពូល​មហាសេដ្ឋី​លំដាប់​លេខ​ពីរ​ក្នុង​លោក និង​ជា​ស្ថាបនិក​របស់ Amazon គឺ​លោក Jeff Bezos នៅក្នុង​ដំណាក់កាលដំបូងៗនៃ​ការដឹកនាំ​ក្រុមហ៊ុន​នេះ។ គ្រប់គ្នា​ចូលចិត្ត​ផ្ដោតទៅលើ​លទ្ធផល​ទៅតាម​ត្រីមាស ដោយ​មិនអាច​មើលឃើញ​បាន​នូវ​ប្រព័ន្ធ​ទាំងមូល​ដែល​ត្រូវការ​ការកសាង​សម្រាប់​អនាគត​រយៈពេល​វែង​រាប់សិប​ឆ្នាំ។

    ការកំណត់​ទិសដៅ​ក្នុង​រយៈពេល 5 ឆ្នាំ គឺ​ពិតជា​ជាក់លាក់ និង​ងាយស្រួល​បញ្ចុះបញ្ចូល​ជាង​សម្រាប់​មនុស្ស​ភាគច្រើន ក៏ប៉ុន្តែ ជោគជ័យ​អាចជា​រឿង​ហេងស៊យ។ ចំពោះ​ក្រុមមនុស្ស​ដែល​កំណត់​គោលដៅ ក៏ដូចជា​ចំណាយ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ដើម្បី​រៀបចំ​គោលដៅ​សម្រាប់​រយៈពេល​វែង ត្រឹម 20-30 ឆ្នាំ នឹងមិន​ងាយ​បរាជ័យ​នោះទេ។ សូម្បីតែ​នៅពេល​មិនអាច​សម្រេចបាន​តាម​ផែនការ ក៏​កម្លាំងកាយ​ចិត្ត បទពិសោធន៍ និង​ចំណេះដឹង​នៅក្នុង​អំឡុង 30 ឆ្នាំកន្លងមក​របស់​គ្រប់គ្នា ក៏​នឹងត្រូវ​បានទទួល​ស្គាល់​ខ្លះ​ផងដែរ។

    យោងតាម​មហាសេដ្ឋី Jeff Bezos គ្រប់គ្នា​កំពុងតែ​រស់នៅក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ដោយ​ការប្ដូរ​ផ្លាស់​ជា​បន្តបន្ទាប់ ហើយ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ប្រសិទ្ធភាព នោះ​គ្រប់គ្នា​គួរតែ​ចៀសវាង​ឱ្យបាន​នូវ​លក្ខណ «ត្រង់ រឹង និង​ច្រំ​ដែល» ប៉ុន្តែ ជំនួស​មកវិញ ត្រូវតែ​ប្រកបដោយ​ភាពបត់បែន និង​ធ្វើ​ពិពិធ​កម្ម​ដើម្បី​ឱ្យមាន​ជម្រើស​ច្រើន។

    ថ្វីបើ​អនាគត​យូរអង្វែង ពិតជា​ធ្វើឱ្យ​គ្រប់គ្នា​ពិបាក​ក្នុងការ​ព្យាករ ឬ​ដឹង​ជាមុន​បាន ប៉ុន្តែ ប្រការនេះ​មិនមែន​មានន័យថា គ្រប់គ្នា​មិនអាច​កំណត់​បាន​នូវ​រូបរាង​នៃ​ផ្លូវ​ដែល​ត្រូវ​ដើរទៅ​កាន់​គោលដៅ​របស់ខ្លួន​នោះដែរ៕

    ប្រភព៖ Tipsmake

  • ជូនមន្ទីរពេទ្យកុមារអង្គរ៥០ ម៉ឺនដុល្លារហើយ សាយ ត្រៀមផ្ដើមគ្រោងទី២ដើម្បីផលិតភាពយន្ដជួយសង្គម

    ជូនមន្ទីរពេទ្យកុមារអង្គរ៥០ ម៉ឺនដុល្លារហើយ សាយ ត្រៀមផ្ដើមគ្រោងទី២ដើម្បីផលិតភាពយន្ដជួយសង្គម

    កន្លងទៅនេះ តារាចម្រៀង សាយ ដែលមានឈ្មោះដើម អ៊ួន បឋម បានទទួពានរង្វាន់វីរយុវជន ឆ្នាំ ២០២០ ហើយ ពីសមាគមអន្តរជាតិយុវជន និង សិស្សនិស្សិតដើម្បីសន្តិភាព ដែលហៅកាត់ថា IAYSP ។ ក្នុងនោះ សាយ ត្រូវបានទទួលរង្វាន់វីរយុវជននេះបាន ក៏ព្រោះតែបន្ទាប់ពីឃើញសកម្មភាពមនុស្សធម៌នៃការរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរចំនួន៥០ ម៉ឺនដុល្លារ តាមរយៈកម្មវិធ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» គណៈកម្មការនៃសមាគម IAYSP ក៏បានវាយតម្លៃ និង ជ្រើសរើសសាយ ជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះ ។

    យ៉ាងណាមិញ តារាចម្រៀង Original song រូបនេះបានបង្ហើបដែរថា លោកគ្រោងរៀបចំកម្មវិធីមួយទៀតដែលមានឈ្មោះថា «តោះចាប់ផ្តើមធ្វើជាមួយ សាយ (Let’s Do It with Sai)» ជាកម្មវិធីបំផុសគំនិតជួយសង្គមតាមរយៈក្រុមតូចៗដែលបានដាក់ពាក្យចូលរួមក្នុងកម្មវិធី។ កម្មវិធីនឹងផ្តល់ជាប្រឹក្សាយោបល់ និង ពិភាក្សាក្នុងការរៀបចំសកម្មភាព ឬយុទ្ធនាការកិច្ចសង្គមណាមួយ ហើយកម្មវិធីអាចនឹងធ្វើការគាំទ្រជាកញ្ចប់មូលនិធិមួយចំនួនផងដែរ ។ លើសពីនោះ យុវជនដែលលោកជ្រើសរើសបាននោះ ក៏ត្រូវចូលរួមក្នុងការផលិតភាពយន្តនៅចំនុចខាងលើនោះដែរ។ ជាមួយនឹងបទពិសោធន៍នេះហើយ ដែលលោកប្រកាសថា នឹងស្វែងរកដៃគូផលិតជាភាពយន្តមួយ ដែលនិយាយពីការរត់សប្បុរសធម៌រយៈពេល៩៩ថ្ងៃរបស់ ដើម្បីអោយភាពយន្តនេះ បានរួមចំណែកកាន់តែច្រើន ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ភាពយន្តដែលគ្រោងផលិតនោះ គឺនិយាយពីការតស៊ូ បង្ហាញពីរឿងរ៉ាវដ៏លំបាកជាច្រើន នៅពីក្រោយការរត់ និង បង្ហាញពីទឹកចិត្តដ៏ច្រើនឥតគណនារបស់បងប្អូនខ្មែរ ដែលបានជួយយកអាសារលោក នៅក្នុងសកម្មភាពរត់។

    ភាយន្តនេះ លោកប្រកាសលក់សំបុត្រ ហើយលុយដែលបានពីការឧបត្ថម្ភ និង បានពីការដាក់បញ្ចាំងតាមរោង គឺប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរទាំងអស់ ដែលការប្រកាសរបស់លោកបានធ្វើអោយមានការសរសើរយ៉ាងខ្លាំង នៅក្នុងពិធីបិទបញ្ចប់ពីសកម្មភាពរត់នោះ។ គណអធិបតី ដែលបានចូលរួមក៏បង្ហាញនូវការស្ងើចសរសើរ ចំពោះទឹកចិត្តលះបង់របស់លោកផងដែរ ដោយការប្រកាសបង្កើតភាពយននតដើម្បីបន្តស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គររនេះ នឹងក្លាយជាសញ្ញាណថ្មីមួយ ដើម្បីបំផុសអោយសប្បុរសជនដែលមានបំណងចង់ជួយ នឹងមានឱកាសជួយដល់មន្ទីរពេទ្យកុមារអង្គរកាន់តែច្រើន តាមរយៈការប្រកាសផលិតនូវស្នាដៃមួយនេះ។ លោក សាយ បន្តថា លោកនឹងប្រើអាជីព និង ជីវិតរបស់លោកដើម្បីជាប្រយោជន៍ចំពោះកុមារអោយបានកាន់តែច្រើនបម្ថែមទៀត ហើយក្រៅពីគម្រោងបង្កើតភាពយន្តនេះ លោកក៏នឹងបង្កើតគម្រោង «តោះចាប់ផ្តើមធ្វើជាមួយ សាយ (Let’s Do It with Sai)» ដើម្បីរៃលុយអោយច្រើនបន្ថែមទៀត។

  • មាស សុខសោភា បើកមុខផលិតកម្មថ្មី ១៩កុម្ភៈនេះ យកគុណភាព តែមិនយកបរិមាណ

    មាស សុខសោភា បើកមុខផលិតកម្មថ្មី ១៩កុម្ភៈនេះ យកគុណភាព តែមិនយកបរិមាណ

    បន្ទាប់ពីចាកចេញពីផលិតកម្មថោន ធ្វើឱ្យហ្វេនជាច្រើនភ្ញាក់ផ្អើលកាលពីពាក់កណ្តាលឆ្នាំ២០២០ នៅពេលនេះកំពូលតារាចម្រៀងសំឡេងផ្អែម មាស សុខសោភាព បានសម្រេចចិត្តទៅជ្រកក្រោមទ្រនំថ្មីជាផ្លូវការហើយ ពោលផលិតកម្មថ្មីនោះ គឺមានឈ្មោះថា «រាម»។

    ដំណឹងចូលជ្រកក្រោមទ្រនំថ្មីនេះ ត្រូវបានមាស សុខសោភា បង្ហោះឱ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្ននាងបានសម្រេចចិត្តចុះកុងត្រៀម ចូលធ្វើជាតារាចម្រៀងពេញសិទ្ធ ក្នុងផលិតកម្មថ្មីមួយហើយ គឺផលិតកកម្ម រាម ខណៈព្រឹត្តិការណ៍សម្ពោធផលិតកម្មរាម និងការស្វាគមន៍វត្តមានរបស់ មាស សុខសោភា មកកាន់ផលិតកម្មរាម គឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ក្នុងពេលជាមួយគ្នាតែម្តង។

    កំពូលតារាចម្រៀងស្រីរូបនេះ មាស សុខសោភា បានបញ្ជាក់ថា ខណៈដែលបទចម្រៀងមួយចំនួនបានត្រៀមរួចជាស្រេច ជាមួយនឹងការសម្រិតសម្រាំងផលិត ដោយបច្ចេកទេស ពិសេសកាំមេរ៉ាដែលផលិតកម្មនេះប្រើគឺមានតម្លៃថ្លៃកប់ពពកមិនធ្លាប់មានប្រើនៅកម្ពុជា ហើយក៏ជាបច្ចេកវិទ្យាកាំមេរ៉ាទំនើបចុងក្រោយដែលក្រុមហ៊ុនលំដាប់ហូលីវូដប្រើប្រាស់ផងដែរ។ យ៉ាងណាមិញ នៅថ្ងៃទី១៩ កុម្ភៈខាងមុខនេះ គឺជាថ្ងៃបើកមុខទំព័រផលិតកម្មថ្មីហើយ បទចម្រៀងនីមួយៗសុទ្ធសឹងតែសម្រិតសម្រាំងគុណភាពជាចំបង ដោយមិនផលិតតែបរិមាណបទ។ មានការលើកឡើងផងដែរថាក្រៅពីតារាចម្រៀង មាស សុខសោភា ផលិតកម្មនេះក៏នឹងទាញយកតារាចម្រៀង តារាកំប្លែងមួយចំនួនចូលច្រៀងផងដែរ ដែលមានការបង្ហើបថា តារាកំប្លែង នាយគ្រឿន និងនាងខ្ញុងក៏នឹងចូលច្រៀងក្នុងផលិតកម្មថ្មីមួយនេះផងដែរ។

    សូមជម្រាបដែរថា គេក៏នៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថាតើសន្ទុះទីផ្សារបទចម្រៀងក្នុងផលិតកម្មថ្មីរបស់នាងនឹងអាចហក់ឡើងបានកម្រិតណា ហើយការចុះកិច្ចសន្យារយៈពេល១ឆ្នាំរបស់នាងក៏ត្រូវបានគេដឹងថាដើម្បីបន្តស្ទាបស្ទង់ទីផ្សារមួយដើម្បីងាយបន្តឬបញ្ចប់កិច្ចសន្យាក្នុងរយៈពេលខ្លី៕