Category: សង្គម និងសេដ្ឋកិច្ច

  • Siroch Chatthong នឹង​មក​ចូលរួម​ក្លិប​ខេត្តព្រៃវែង រដូវ​កាល2021 

    Siroch Chatthong នឹង​មក​ចូលរួម​ក្លិប​ខេត្តព្រៃវែង រដូវ​កាល2021 

    ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ថៃ Siroch Chatthong វ័យ 28ឆ្នាំ បច្ចុប្បន្ន​កំពុងតែ​លេង​ឱ្យ​ក្លិប BG Pathum United របស់​លី​គ​កំពូល​ថៃ ត្រូវបាន​សារ​ព័​ត៏​មាន​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ​របស់​ប្រទេស​ថៃ ប្រកាសថា​រូបគេ​នឹង​ផ្ទេរ​មកកាន់​ក្លិប​មួយ នៃ​លី​គ​កំពូល​កម្ពុជា សម្រាប់​រដូវ​កាល2021 ដែល​គ្រោង​នឹង​បើក​ក្នុងពេលឆាប់ៗនេះ។ ចំពោះ​ប្រភព​ដ៏​ជិតស្និទ្ធ បានប្រកាសថា គឺជា​ក្លិប​ខេត្តព្រៃវែង ដោយសារតែ​ក្លិប​មួយ​នេះ ទើបតែ​ប្រកាស​កីឡាករ​បរទេស​របស់​ខ្លួន​បាន​ម្នាក់​ប៉ុណ្ណោះ ហើយក៏​ទើបតែ​នាំចូល​នូវ​គ្រូបង្វឹក​ជម្រើសជាតិ​ថៃ​មកទៀត​ផង។

    គួរឱ្យ​ដឹង​ដែរ​ថា ខ្សែប្រយុទ្ធ Siroch Chatthong វ័យ 28ឆ្នាំ បាន​ចូលរួម​ជាមួយ​ជម្រើសជាតិ ចាប់តាំងពី​ឆ្នាំ2016 ដោយបាន​ជួយ​ឱ្យ​ថៃ​លើក​ពាន Suzuki Cup និង​ស៊ី​ហ្គេម នៅ​គ្រានោះ​ផងដែរ។ Siroch Chatthong នេះ​ផ្ទាល់ កំពុង​ពុំ​សូវ​មានឱកាស​បង្ហាញខ្លួន​ជាមួយ​ក្លិប ដែល​កំពុង​ឡើង​ជើង​នៅ​លី​គ​កំពូល​ថៃ BG Pathum United ស្រាប់ ដោយ​ស្ថិតនៅ​ជម្រើស​ទី៤ បន្ទាប់ពី​កីឡាករ Diogo, ខ្សែប្រយុទ្ធ​ថៃ​ទាំងពីរ Teerasil Daengda និង Chenrop Samphaodi៕

  • Prey Veng Pre-Season Cup 2021 មាន​ក្រុម​មធ្យម មកពី​លី​គ​កំពូល​កម្ពុជា ៤ ចូលរួម​ប្រកួត

    Prey Veng Pre-Season Cup 2021 មាន​ក្រុម​មធ្យម មកពី​លី​គ​កំពូល​កម្ពុជា ៤ ចូលរួម​ប្រកួត

    នៅ​ថ្ងៃ​អង្គារ ទី9 ខែកុម្ភៈ ឆ្នាំ2021 នេះ ក្លិប​កីឡាបាល់ទាត់​ខេត្តព្រៃវែង បានប្រកាស​អំពី​ការរៀបចំ​ការប្រកួត​ពា​ន​រង្វាន់​បាល់ទាត់​មិត្តភាព មុន​ចាប់ផ្តើម​រដូវ​កាល2021 របស់ខ្លួន ដែលមាន​ឈ្មោះថា Prey Veng Pre-Season Cup 2021។

    ការប្រកួត​នេះ គ្រោង​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​កីឡដ្ឋាន ខេត្តព្រៃវែង ចាប់ពី​ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2021 ដល់​ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021ខាងមុខនេះ។ ដោយមាន​ការចូលរួម​ពី​ក្លិប​បាល់ទាត់​អាជីព 4ក្រុម​ក្នុង​លី​គ​កំពូល​កម្ពុជា ដែលមាន​ដូចជា ក្រុម​ម្ចាស់ផ្ទះ ខេត្តព្រៃវែង ក្រុមបាល់ទាត់​វិសាខា ក្រុមបាល់ទាត់​គិរី​វ​វង់​សុខ​សែន​ជ័យ និង​ក្រុមបាល់ទាត់​អគ្គិសនី​កម្ពុជា។

    ចំពោះ​រូបមន្ត​ប្រកួត គឺ​អនុវត្តតាម​រូបមន្ត ចាញ់​ធ្លាក់ ដែលមាន​ទាំងអស់​ចំនួន 4ប្រកួត ក្រុម​ឈ្នះ​ឡើងទៅ​ដណ្តើម​ជើងឯក ឯ​ក្រុម​ចាញ់​ប្រកួត​គ្នា​ដណ្តើម​លេខ3 ហើយ​ការចាប់​ឆ្នោត​គ្រោង​នឹងធ្វើ​ឡើង នៅ​សប្តាហ៍​ក្រោយនេះ៕

  • នៅពេល Hyundai និង Kia លែង​ចរចា រឿង​ផលិត​រថយន្ត ជាមួយ Apple ធ្វើឱ្យ​ធ្លាក់​តម្លៃ​ភាគហ៊ុន​ភ្លាម​តែម្ដង

    នៅពេល Hyundai និង Kia លែង​ចរចា រឿង​ផលិត​រថយន្ត ជាមួយ Apple ធ្វើឱ្យ​ធ្លាក់​តម្លៃ​ភាគហ៊ុន​ភ្លាម​តែម្ដង

    កាលពី​ថ្ងៃ​ចន្ទ ទី8 កុម្ភៈ មាន​របាយការណ៍​ជាច្រើន បាន​ចុះផ្សាយ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai Motor Co របស់​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន Kia Corp បាន​និយាយថា ពួកគេ​មិនបាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Apple ស្តីពី​ការដំឡើង​កម្មវិធី​លើ​ការផលិត​រថយន្ត​ទេ ដែល​ការណ៍​នេះ បាន​បណ្តាលឱ្យ​ភាគហ៊ុន​របស់​ពួកគេ​ធ្លាក់ចុះភ្លាមៗតែម្ដង។ ភាពមិនច្បាស់លាស់ នៃ​ភាពជា​ដៃគូ​វិនិយោគ​រវាង​គ្នា​នឹង​គ្នា បានធ្វើឱ្យ Hyundai ធ្លាក់ចុះ 8.4% និង​ភាគហ៊ុន​របស់ Kia ធ្លាក់ចុះ​ដល់​ទៅ 15.3%។

    Hyundai និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Kia បាន​បញ្ជាក់ថា ពួកគេ​មិនបាន​ពិភាក្សា​ជាមួយ Apple ទាក់ទង​នឹង​ការផលិត​រថយន្ត​អគ្គិសនី និង​រថយន្ត​អគ្គិសនី អាច​បើក​បើកបរ​ដោយ​ខ្លួនឯង​នោះទេ។

    ទោះ​មិនបាន​ពិភាក្សា​នឹង Apple ក្ដី ប៉ុន្ដែ​ក្រុមហ៊ុន​ទាំង2 ខាងលើ បាន​បញ្ជាក់ថា ពួកគេ​កំពុងតែ​ពិភាក្សាគ្នា ជាមួយ​ក្រុមហ៊ុន​ដទៃទៀត​ជាច្រើន អំពី​គម្រោង​ផលិត​រថយន្ត​អគ្គិសនី។  រីឯ Apple វិញ​កំពុង​ដាក់​លុយ​វិនិយោគ​ប្រមាណ 3.6ពាន់​លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន Kia និង​ជិត​ឈានដល់​ចុះ​កិច្ច​ព្រមព្រៀងគ្នា ក្នុង​ខែ​នេះ​ទៀតផង។ លើសពីនេះ​ទៀត Apple ក៏​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត យ៉ាងហោចណាស់​ចំនួន6 ដែរ សម្រាប់​ការផលិត​រថយន្ត​ដែល​ប្រើ​ចរន្តអគ្គិសនី និង​បើកបរ​ដោយ​ខ្លួនឯង។

    ការឆ្លើយតប​ទាំងនេះ ជា​ដំណឹង​ធ្វើឱ្យ Apple អាក់អន់ស្រពន់ចិត្ត​ផងដែរ ដ្បិតអី​កន្លងមក Hyundai ធ្លាប់​បញ្ជា​ក់លើ Twitter ជា​ផ្លូវការ​ម្ដងមកហើយ​ថា គេ​កំពុង​ពិភាក្សា​នឹង Apple អំពី​គម្រោង​មួយ​នេះ គ្រាន់តែ​មិនទាន់មាន​សេចក្ដីសម្រេច​ណាមួយ​នៅឡើយ​ប៉ុណ្ណោះ។

    ដូចនេះ Apple នៅតែ​មិនទាន់មាន​ដៃគូ​សហការ​ច្បាស់លាស់​នៅឡើយ លើ​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​របស់ខ្លួន៕

  • Telegram វ៉ា​ដាច់​ទាំង TikTok និង Signal ក្លាយជា​កម្មវិធី មាន​អ្នក​ដោ​ន​ឡូត​ច្រើន​បំផុត

    Telegram វ៉ា​ដាច់​ទាំង TikTok និង Signal ក្លាយជា​កម្មវិធី មាន​អ្នក​ដោ​ន​ឡូត​ច្រើន​បំផុត

    Telegram ជា​កម្មវិធី​ទទួលបាន​ការទាញយក​ច្រើនជាង​កម្មវិធីផ្សេងៗទាំងអស់​ក្នុង​លោក ប៉ុន្តែ​នៅក្នុង​ស្ថិតិ​របស់គេ​នោះ គឺ​មិន​គិត​បញ្ចូល​កម្មវិធី​ហ្គេម​ទេ។ នេះ​បើ​យោងទៅតាម​របាយការណ៍​ពី​ទិន្នន័យ Sensor Tower ដែល​គិត​ត្រឹម​ខែមករា ដើមឆ្នាំ2021។

    គួរ​បញ្ជាក់ដែរថា ចំនួន​នៃ​ការទាញយក​កម្មវិធី​ទាំងអស់ គិត​ទាំង​នៅលើ Play Store និង App Store សរុបទៅ Telegram ទទួលបាន​អ្នក​ទាញយក ដល់​ទៅ 63លាន​ដង ច្រើនជាង​ចំនួន​ទាញយក​កាល​ឆ្នាំមុន ដល់​ទៅ 4ដង​ឯណោះ។

    ទិន្នន័យ​ដដែល​បាន​បង្ហើប​ឱ្យដឹងថា ប្រភព​ធំ​នៃ​ចំនួន​ទាញយក​កម្មវិធី​ខាងលើ គឺ​នៅក្នុង​ប្រទេស​ឥណ្ឌា​តែម្ដង ដោយ​គិត​ទៅ គឺ​ប្រមាណ​ជា 24% ឬ​ជាង 15លាន​ដង ក្នុងចំណោម​ចំនួន​ទាញយក​ទាំងអស់៕

  • មហាសេដ្ឋី​ថ្មី វ័យក្មេង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ធ្លាប់​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ ប៉ុន្តែ​​ស្រលាញ់​​ចូល​ចិត្ត​​វិស័យ​បច្ចេកវិទ្យា

    មហាសេដ្ឋី​ថ្មី វ័យក្មេង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ធ្លាប់​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ ប៉ុន្តែ​​ស្រលាញ់​​ចូល​ចិត្ត​​វិស័យ​បច្ចេកវិទ្យា

    Austin Russell គឺជា​ឈ្មោះ​មួយ​ដែល​អ្នក​ប្រហែលជា​មិនទាន់បាន​ស្គាល់​នៅឡើយ ក៏ប៉ុន្តែ ក្នុង​វ័យ 25 ឆ្នាំ កំលោះ​ដែល​មកពី​រដ្ឋ California នៃ​សហរដ្ឋអាមេរិក​រូបនេះ បាន​ក្លាយជា​មហាសេដ្ឋី​ថ្មី និង​ជា​មហាសេដ្ឋី​ដែលមាន​វ័យ​នៅ​ក្មេង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយសារតែ Luminar Technologies ជា​ក្រុម​បច្ចេកវិទ្យា​ថ្មី​ដែលមាន​ជំនាញ​ខាង​អភិវឌ្ឍ និង​ធ្វើ​ពាណិជ្ជកម្ម​បច្ចេកវិទ្យា​សម្រាប់​រថយន្ត​បើកបរ​ស្វ័យប្រវត្ត។

    ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Luminar គឺជា​បុគ្គល​មួយរូប​ដ៏​កម្រ​ដែល​អាច​សន្សំទ្រព្យ​បាន​យ៉ាងច្រើន​នៅក្នុង​ពិភព​រថយន្ត​ក្នុង​វ័យ 25 ឆ្នាំ។ Austin Russell បច្ចុប្បន្ន​ជា​មហាសេដ្ឋី​ដែលមាន​វ័យ​នៅ​ក្មេង​ជាងគេ​បំផុត​នៅ​​ក្នុង​ពិភព​លោក។

    Austin Russell បាន​ប្រាប់​ទស្សនាវដ្ដី Forbes ថា៖ «វា​គឺជា​ការធ្វើដំណើរ​ប្រកបដោយ​ភាព​តានតឹង និង​ហត់នឿយ។ល។ យើង​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​បាន​លទ្ធផល​ដូច​បច្ចុប្បន្ន។ ប៉ុន្តែ ឱកាស​នៃ​ការ​រួច​ផុតពី​ភាព​​ហត់​នឿយ​​ទាំង​ឡាយ​ នោះ​​គឺ រង្វាន់​ដ៏​អស្ចារ្យ​នៅពេល​ក្រុមហ៊ុន​បាន​ឈាន​ជើង​ចូល​ទីផ្សារ និង​រីកចម្រើន​ជា​បន្តបន្ទាប់ តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​សាធារណៈ​លើកដំបូង (IPO)»។

    នៅក្នុង​កិច្ច​សម្ភាស​ប្រយោល​មួយ​ជាមួយនឹង​ទស្សនាវដ្ដី Forbes ពី​ការិយាល័យ​នៅ​ទីក្រុង Palo Alto ក្នុង​រដ្ឋ California លោក Austin Russell ថ្លែងថា៖ «ខ្ញុំ​នៅ​ក្មេង​គួរសម ប៉ុន្តែ បាន​ក្រេប​រសជាតិ​ល្វីង ជូរ ចត់ និង​ទឹកភ្នែក​អស់​រយៈពេល​ជា​យូរ។ សំណាងល្អ​ណាស់​ដែល​ខ្ញុំ​ទទួលបាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​យ៉ាង​ដូច្នេះ»។

    Austin Russell កំពុងកាន់​កាប់​មូល​ប​ត្រ​ប្រមាណ 107.7 លាន​ហ៊ុន ស្មើនឹង 1/3 នៃ​ភាគហ៊ុន​សរុប​របស់ Luminar ដែល​តម្លៃ​មូលធន​សរុប​របស់​ក្រុមហ៊ុន​នេះ ស្មើនឹង 2.4 ពាន់​លាន​ដុល្លារ​អាមេរិក។ ក្រុម​អ្នកវិនិយោគ​របស់ Luminar ក៏មាន​វត្តមាន​របស់​មហាសេដ្ឋី Peter Thiel ដែលជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឌីជីថល Pay Pal (អាមេរិក) និង​ជា​អ្នក​ដែល​ធ្លាប់បាន​ផ្ដល់ជំនួយ​ជា​អាហារូបករណ៍​តម្លៃ 100,000 ដុល្លារ​ដល់​បុគ្គល​ពូកែ ដើម្បីឱ្យ​ពួកគេ​អាច​បន្ត​តាម​ចាប់​ក្ដី​ស្រមៃ​ផ្ទាល់ខ្លួន។

    ខាងលើនេះ​ក៏​ជា​វិធី​ដែល​មហាសេដ្ឋី Thiel ជួយ​ដល់ Russell ក្នុងការ​បង្កើត Luminar។ ក្រៅពីនេះ Thiel ក៏​ជាទី​ប្រឹក្សា​របស់ Austin ផងដែរ ចាប់តាំងពី​កំលោះ​នេះ​បាន​បោះបង់​សាកលវិទ្យាល័យ Stanford (អាមេរិក) ដើម្បី​បង្កើត​ក្រុមហ៊ុន​កាលពី​ឆ្នាំ 2012។

    Russell ក្លាយជា​មហាសេដ្ឋី​ដោយ​របៀប​ណា?

    Russell ដែលជា​បុគ្គល​មួយរូប​ធ្លាប់​បានបង្ហាញ​វត្តមាន​នៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុមមនុស្ស​ពូកែ​ជាងគេ​ទាំង 30 រូប​ដែលមាន​វ័យ​ក្រោម 30 ឆ្នាំ របស់ Forbes កាលពី​ឆ្នាំ 2018 កំពុងតែ​បង្ហើយ​គម្រោង Lidar ដែលជា​ប្រព័ន្ធ​ញាណ​សិប្បនិម្មិត ជួយ​ឱ្យ​រថយន្ត​បើកបរ​ស្វ័យប្រវត្ត «មើលឃើញ» បរិស្ថាន​ជុំវិញ​ដោយ​ការបាញ់​ពន្លឺ​ឡាស៊ែរ។

    យោងតាម​គណៈកម្មការ​មូល​ប​ត្រ និង​ផ្សារ​ហ៊ុន​អាមេរិក (SEC) បរិមាណ​នៃ​ការលក់​ចេញ​របស់​ក្រុម​ហ៊ុន​​ Luminar ​គឺ​បានត្រឹមតែ 15 លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ 2020 ប៉ុ​ន្តេ​តួលេខ​នេះ​នឹង​អាច​កើន​ឡើងដល់​យ៉ាងហោច 1.3 ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ 2026។

    មុនពេល​ក្លាយជា​មហាសេដ្ឋី Russell ក៏​ធ្លាប់​ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ជីវិត។ Forbes ឱ្យដឹងថា Russell ចាំមាត់​យ៉ាង​ស្ទាត់​នូវ​តារាង​ខួប​នៃ​ធាតុគីមី នៅពេល​មាន​អាយុ​ទើបតែ 2 ឆ្នាំ។

    អាយុ 6 ឆ្នាំ Russell បាន​ភ្ជាប់​ម៉ាស៊ីន​លេង​ហ្គេម Nintendo DS ទៅនឹង​ទូរស័ព្ទដៃ​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​ប៉ា​និង​ម៉ាក់​ហាមឃាត់។ អាយុ 13 ឆ្នាំ Russell បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​លើកដំបូង​របស់ខ្លួន នោះ​គឺ ប្រព័ន្ធ​កែច្នៃ​ទឹក​ដែល​បាន​ជ្រាប​ចូលក្នុង​ដី បន្ទាប់ពី​ត្រូវបាន​បញ្ចេញ​ពី​ក្បាល​ទូ​យោ ដើម្បី​កាត់បន្ថយ​ការបាត់បង់​ទឹក។

    ជំនួស​ឱ្យ​ការសិក្សា​នៅ​មធ្យមសិក្សា Russell បាន​ចំណាយ​វ័យ​ជំទង់​របស់ខ្លួន​ក្នុង​សាកលវិទ្យាល័យ California គឺ​នៅឯ​វិទ្យាស្ថាន​ស្រាវជ្រាវ Lase Irvine Beckman។ ក្រោយមក​ក៏បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ Stanford ប៉ុន្តែ​បាន​បោះបង់​ទៅវិញ ក្រោយ​រៀន​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ នៅពេល​ទទួលបាន​អាហារូបករណ៍​តម្លៃ 100,000 ដុល្លារ​ពី​មហាសេដ្ឋី Thiel។ បន្ទាប់ពី​ទទួលបាន​ប័ណ្ណបើកបរ​ភ្លាម Russell ក៏​បើក​ក្រុមហ៊ុន Luminar ភ្លាម។

    អនាគត​របស់ Russell និង Luminar

    Russell មានការ​ជឿជាក់​យ៉ាង​ខ្លាំងក្លា​ទៅលើ​ប្រព័ន្ធ Lidar ដោយ​អះអាងថា វា​មាន​សក្ដានុពល​ក្នុងការ​ជួយ​សង្គ្រោះ​​ជីវិត​មនុស្ស​ពី​គ្រោះថ្នាក់​ចរ​រាច​រណ៍ នៅក្នុង​ករណី​ប្រើប្រាស់​រថយន្ត​បើកបរ​ស្វ័យប្រវត្ត ឬ​ប្រព័ន្ធ​ជំនួយការ​បើកបរ​ទំនើប​ដែល Volvo និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃទៀត​កំពុង​ប្រើប្រាស់។

    ស្ថាបនិក​របស់ Luminar ប្រកាសថា៖ «នៅពេល Lidar ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ដែល​ធានា​សុវត្ថិភាព​សម្រាប់​រថយន្ត ត្រូវបាន​ប្រើប្រាស់​ពាសពេញ​ពិភពលោក នោះ​ក៏​ជា​ពេលដែល​ខ្ញុំ​មាន​ទំនុកចិត្ត​បំផុត​ដើម្បី​អះអាង​ថា យើង​បានសម្រេច​គោលដៅ​ដែល​បានកំណត់»៕

    ប្រភព៖ Forbes

  • ទំនៀមទម្លាប់​ពិសេស​ៗ​នៃ​ការទទួល​អំណរ​ឆ្នាំថ្មី​របស់​ជនជាតិ​ចិន

    ទំនៀមទម្លាប់​ពិសេស​ៗ​នៃ​ការទទួល​អំណរ​ឆ្នាំថ្មី​របស់​ជនជាតិ​ចិន

    ជន​ជាតិចិន​ចាត់ទុក​ពិធី​ចូលឆ្នាំថ្មី​តាម​ចន្ទគតិ​ជា​ពិធីបុណ្យ​ប្រពៃណី​ប្រចាំឆ្នាំ​ធំជាងគេ​បង្អស់​របស់​ប្រទេស​នេះ ហើយ​នៅក្នុង​ពិធី​នេះ ជន​ជាត​ចិន​តែងមាន​ទំនៀមទម្លាប់ពិសេសៗដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី។

    ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ត្រូវបាន​គេ​ហៅថា បុណ្យ​និ​ទាឃ​រដូវ ឬ​បុណ្យ​ចូ​ន​ឆ្នាំ​ចន្ទគតិ ក្នុងនោះ ចាប់ពី​ថ្ងៃទី 8 ខែ 12 ចន្ទគតិ ត្រូវ​នឹង​ថ្ងៃ​ទី​ 20​ ខែ​មករា​ (2021)​ ប្រជាជន​ចិន​នៅ​ពាសពេញ​ពិភពលោក ត្រលប់មក​ផ្ទះ ឬ​ស្រុកកំណើត ជួបជុំ​គ្រួសារ ដើម្បី​ទទួល​ឆ្នាំ​ថ្មី និង​សែនដូនតា។

    រៀបចំផ្ទះ​សំបែង

    មុន​ថ្ងៃទី 30 ខែ 12 ចន្ទគតិ រៀងរាល់ឆ្នាំ ជនជាតិ​ចិន​មាន​ទំនៀមទម្លាប់​រៀបចំផ្ទះ​សម្បែង​យ៉ាង​ស្អាតបាត​ដើម្បី​ទទួល​ឆ្នាំ​ថ្មី។ របស់របរចាស់ៗដែល​លែង​ប្រើប្រាស់​និង​សំរាម ធូលី​ក្នុង និង​ជុំវិញ​ផ្ទះ ត្រូវបាន​គេ​យកទៅ​បោះចោល ក្នុង​បំណង​បណ្ដេញ​ភាព​ឧបទ្រពចង្រៃ​ឱ្យចេញ​ពី​ឆ្ងាយ និង​ទទួលយក​ប្រការល្អៗចូលមក​វិញ។

    តុបតែង​ផ្ទះ​ដោយ​កំណាព្យ​ដែល​សរសេរ ឬ​បោះ​ពុ​ម្ភ​លើ​ក្រដាស​ពណ៌​ក្រហម

    មុន​ថ្ងៃ​ចូលឆ្នាំ គ្រួសារ​ចិន​ស្ទើរតែ​ទាំងអស់​នៅ​ប្រទេស​ចិន សុទ្ធតែ​បិទ​ភ្ជាប់​ក្រដាស់​ពណ៌​ក្រហម​ដែលមាន​សរសេរ​កំណាព្យ នៅ​មាត់ទ្វារ។ ទម្លាប់​នេះ​បានចាប់ផ្ដើម​តាំងពី​មុន​សម័យ​រាជវង្ស​សុង (Song dynasty, 960-1279)។

    ទន្ទឹមនឹងនេះ ជនជាតិ​ចិន​ក៏មាន​ទម្លាប់​ព្យួរ​គោម​ក្រហម និង​បិទ​ក្រដាស​ក្រហម​ដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី​ប្រកបដោយ​ភាពកក់ក្ដៅ និង​សុខ​សប្បាយ។

    មុខម្ហូប «ត្រី​ចំហុយ» សម្រាប់​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី

    គ្រួសារ​មួយចំនួន​នឹង​ត្រៀម​មុខម្ហូប​ជាច្រើន​មុខ ក្នុងនោះ​ក៏មាន​ត្រី​ចំហុយ​ផងដែរ​ស​ម្រ​ប់​ទទួលទាន​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី។ ក្នុង​ភាសា​ចិន ពាក្យ​ថា «ត្រី» គឺមាន​សំនៀង​ស្រដៀង​នឹង​ពាក្យ​ថា «សល់ ឬ​ថែម»។ ដូច្នេះ នាំឱ្យ​មានជំនឿថា ការទទួល​ទាន​សាច់​ត្រី​នឹង​ជួយ​ឱ្យ​ឆ្នាំ​ថ្មី​បាន​សម្បូរ​សប្បាយ សល់​ប្រាក់កាស​ហូរហៀរ។

    ទស្សនា​កម្មវិធី​សំដែង​ទទួល​អំណរ​រដូវ​ផ្កា​រីក​នៅលើ CCTV

    ឆ្នាំ 1983 ទូរទស្សន៍​ជាតិចិន CCTV បាន​ចាក់ផ្សាយ​មហា​កម្មវិធី​អំណរ​ឆ្នាំ​ថ្មី (Gala) ជា​លើកដំបូង។ មកដល់​បច្ចុប្បន្ន វា​គឺជា​កម្មវិធី​ដែល​ត្រូវបាន​គេ​មើល​ច្រើន​បំផុត​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន។

    មហា​កម្មវិធី​ខាងលើនេះ រួមមាន កម្មវិធី​ចម្រៀង រាំ​របាំ និង​ការជជែក​ជាមួយ​បុគ្គល​ល្បីឈ្មោះ រួមទាំង​កំប្លែង។ល។ ដែល​ទាំងអស់នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​នាំមក​នូវ​អារម្មណ៍​សប្បាយរីករាយ​ដល់​អ្នកទស្សនា​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ។

    ទទួលទាន​គាវ​ចំហុយ

    ទំនៀមទម្លាប់​ទទួលទាន​ម្ហូប​គាវ​ចំហុយ​ក្នុង​ថ្ងៃ​ដើមឆ្នាំ​ថ្មី គឺ​ចង់​បង្ហាញថា ពួកគេ​លា​ឆ្នាំ​ចាស់​ដែល​កន្លងផុតទៅ និង​ទទួលយក​ឆ្នាំ​ថ្មី​ដែល​បាន​មកដល់។ ស្នូល​របស់​មុខម្ហូប​នេះ ធ្វើ​អំពី​សាច់ជ្រូក និង​បន្លែ​ចិញ្ច្រាំ ដែល​ត្រូវបាន​ខ្ចប់​នៅក្នុង​សម្បក​នំ​ដែល​ធ្វើ​អំពី​ម្សៅ​មី។ ជួនកាល មានគ្រួសារ​ខ្លះ​ដាក់​ប្រាក់​កាក់​ទៅក្នុង​ស្នូលនំ ដោយ​ជឿថា អ្នកណា​យកបាន​វា អ្នកនោះ​នឹងមាន​លាភ មានជ័យ​ច្រើនជាងគេ​នៅក្នុង​ឆ្នាំ​ថ្មី។

    ជូនពរ​ដល់​ញាតិមិត្ត

    ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដើមឆ្នាំ​ថ្មី ជនជាតិ​ចិន​មាន​ទម្លាប់​ទៅលេង​ផ្ទះ​ញាតិ និង​មិត្តភក្ដិ ហើយ​ជួនកាល​ក៏​នៅ​ទទួលទាន​អាហារ​ជាមួយគ្នា។ ពួកគេ​ក៏​ជូនពរ​គ្នា​ឱ្យ​រកស៊ី​មានបាន ហេងៗ សុភមង្គល រួម​នឹង​ប្រការល្អៗផ្សេងទៀត។ សម្រាប់ក្មេងៗ គេ​ជូនពរ​ឱ្យ​ឆ្លាត​វៃ សប្បាយរីករាយ។ល។ ចំណែក​សម្រាប់​ចាស់​វិញ គេ​ជូនពរ​សុខភាព​ល្អ អាយុ​យឺនយូរ។ល។

    ជូន​ប្រាក់​នាំ​សំណាង (អាំង​ប៉ាវ)

    សម្រាប់​ជនជាតិ​ចិន ពណ៌​ក្រហម​ត្រូវបាន​ចាត់ទុកជា​ពណ៌​ដែល​នាំមក​នូវ​សំណាងល្អ ដូច្នេះ នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ចាស់ៗ ឬ​មនុស្ស​ធំ តែងតែ​ជូន ឬ​ឱ្យប្រាក់​នាំ​សំណាង​ដែល​ដាក់​ក្នុង​សំបុត្រ​ពណ៌​ក្រហម ដែល​ហៅថា អាំង​ប៉ាវ ដល់ក្មេងៗ ឬ​មនុស្ស​ដែលមាន​អាយុ​តិចជាង។ អត្ថន័យ​នៃ​ទំនៀមទម្លាប់​នេះ​គឺមាន​បំណង​ឱ្យ​អ្នកទទួល ជួបតែ​សុភមង្គល សំណាងល្អ និង​សុខ​ភាពល្អ​នៅក្នុង​ឆ្នាំ​ថ្មី។ សព្វថ្ងៃ កូនចៅ​ក៏​ជូន​ប្រាក់​នាំ​សំណាង​នេះ​ដល់​ចាស់ទំ​ក្នុង​គ្រួសារ ឬ​ញាតិមិត្ត​ទន្ទឹមនឹង​ពាក្យ​ជូនពរ​សុខភាព​ល្អ អាយុ​យឺនយូរ​ផងដែរ៕

    ប្រភព៖ Chinesenewyear

  • ប្រាក់អេឡិចត្រូនិក Bitcoin ឡើងថ្លៃដល់ជាង 44,000ដុល្លារក្នុងមួយ Bitcoin

    ប្រាក់អេឡិចត្រូនិក Bitcoin ឡើងថ្លៃដល់ជាង 44,000ដុល្លារក្នុងមួយ Bitcoin

    តម្លៃ​របស់​ប្រាក់​ឌីជីថល ឬ​ប្រាក់​អេឡិចត្រូនិក Bitcoin បាន​ហក់​ឡើង​ខ្ពស់​ជាងគេ​បង្អស់ ក្រោយពី​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla ប្រកាស​ទិញ​ប្រាក់​នេះ​ក្នុង​បរិមាណ​ដ៏​ច្រើន និង​យល់ព្រម​ទទួល​ការទូទាត់​ដោយ​ប្រាក់​នេះ។

    យោងតាម CoinDesk ប្រាក់ Bitcoin កំពុង​ត្រូវបាន​គេ​ជួញដូរ​ជាមួយនឹង​តម្លៃ​ក្នុង​រង្វង់ 44,200 ដុល្លារ​អាមេរិក​ក្នុង​មួយ Bitcoin។ មុននេះ តម្លៃ​របស់​វា​បាន​លោត​ឡើងដល់ 44,800 ដុល្លារ/Bitcoin។ ប្រាក់​ឌីជីថល Bitcoin បាន​កើនឡើង​យ៉ាងខ្ពស់​កាលពី​យប់​ថ្ងៃទី 8 កុម្ភៈ បន្ទាប់ពី Tesla បានប្រកាស​ដូច​បាន​រៀងរាប់​ខាងលើ។

    Tesla ថ្ងៃនេះ​បានដាក់​លិខិត​ទៅកាន់​គណៈកម្មការ​មូល​ប​ត្រ​អាមេរិក (SEC) ដើម្បី​ជូនដំណឹង​ថា បាន​ទិញ​ប្រាក់ Bitcoin ដែលមាន​តម្លៃ 1.5 ពាន់​លាន​ដុល្លារ។

    ក្រៅពីនេះ Tesla ក៏បាន​ប្រកាសថា នឹង​ចាប់ផ្ដើម​ទទួលយក​ការទូទាត់​វិក្កយបត្រ​ដោយ​ប្រាក់ Bitcoin នេះ​ផងដែរ ប៉ុន្តែ​ត្រូវ​យោងទៅតាម​ច្បាប់៕

    ប្រភព៖ CNBC

  • នៅទីបំផុតផលិតកម្ម រាម បញ្ចេញ Teaser MVបទថ្មីរបស់ មាស សុខសោភា

    នៅទីបំផុតផលិតកម្ម រាម បញ្ចេញ Teaser MVបទថ្មីរបស់ មាស សុខសោភា

    នៅថ្ងៃទី៩ ខែកុម្ភៈនេះ គេបានឃើញផលិតកម្ម រាម បានបញ្ចេញ​Teaser MVបទថ្មីរបស់ មាស សុខសោភា ដែលរំលេខផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល គួរជាទីចាប់អារម្មណ៍។ បទថ្មីរបស់កំពូលតារាចម្រៀងស្រីរូបនេះ ត្រូវបានគេដឹងថា ជាប្រភេទបុរាណ និងជាប្រភេទបទសាច់រឿងតគ្នា។ ចំណងជើងដំបូលដែលផលិតកម្ម រាម បានបញ្ចេញ មានចំណងជើងថា «Return» ដែល​មាន​ន័យ​ថា​ជា​ការ​វិល​ត្រឡប់ ហើយ​ក៏​ដូច​នឹង​ការ​វិល​ត្រឡប់​របស់ អតីត​តារា​ចម្រៀង​ថោន ក្រោយ​ពី​នាង​បាន​ស្ងប់ស្ងាត់​ចេញ​បទ​ចម្រៀង​យូរ​ក្រែល​ដែរ​ហើយ។

    គេនៅមិនទាន់ដឹងថា បទចម្រៀងថ្មីរបស់កំពូលតារាចម្រៀងស្រីសំឡេងផ្អែមរូបនេះ មានភាពពីរោះខ្លាំងកម្រិតណាទេ តែយ៉ាងណាមិញអ្នកគាំទ្រអ្នកនាងនៅតែជឿជាក់លើទឹកដមសំឡេងរបស់អ្នកនាង ពោលទោះច្រៀងបទអ្វីក៏នៅតែពីរោះ។ បទចម្រៀងថ្មីមួយនេះ នៅមិនទាន់បញ្ចេញកាលវិភាគរបស់ខ្លួននៅឡើយទេ ក៏ប៉ុន្ដែគេបានដឹងថា បទថ្មីនេះ ជាការដឹកនាំសម្ដែងរបស់ ស្រីអូនសម្រស់ធម្មជាតិ ឬអ្នកនាង នួន ស៊ុនណារី ដែលជានាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ។

    សូមជម្រាបផងដែរថា នៅពេលនេះគឺកាន់តែច្បាស់ការមែនទែនហើយថា កំពូលតារាចម្រៀងស្រី មាស សុខសោភា បានចូលជ្រកក្នុងផលិតកម្ម រាម បន្ទាប់ពីអ្នកនាងមានឈ្មោះជាតារាចម្រៀងឯករាជ្យអស់រយៈពេលមួយឆ្នាំ ក្រោយចាកចេញពីផលិតកម្មថោន ដែលខ្លួនធ្លាប់ជ្រកមកជិត ១០ឆ្នាំ៕

    ទស្សនាវីដេអូខាងក្រោមនេះ  ៖

  • ញ៉ាំ​ហើយ ហេង!! ប្រជាជន​សាន​តុង ប្រទេស​ចិន នាំគ្នា​ធ្វើ “នំ​ត្រី​សិរី​មង្គល” ស្វាគមន៍​បុណ្យចូលឆ្នាំ​ចិន

    ញ៉ាំ​ហើយ ហេង!! ប្រជាជន​សាន​តុង ប្រទេស​ចិន នាំគ្នា​ធ្វើ “នំ​ត្រី​សិរី​មង្គល” ស្វាគមន៍​បុណ្យចូលឆ្នាំ​ចិន

    ពាក្យ​ថា “ត្រី” អក្សរ​ចិន​គឺ 鱼 បញ្ចេញ​សំឡេង​ថា “អ៊ី៎” ត្រូវ​គ្នា​នឹង​សំឡេង​នៃ​ពាក្យ​ភាសា​ចិន ដែល​មានន័យថា “មានទ្រព្យ​សម្បត្តិ របស់របរ បរិបូរណ៍​ហូរហៀរ” គឺ 余 ដែលមាន​សំឡេង​អាន​ថា “អ៊ី៎” ដូចគ្នា ដែលជា​ដើមកំណើត​នៃ​ប្រយោគ​ដ៏​ល្បីល្បាញ និង​ដែល​គេ​តែងតែ​ប្រើ នៅក្នុង​រដូវ​កាល​បុណ្យចូលឆ្នាំ​ចិន​ថា 年年有余  ដែល​មានន័យថា “សូមឱ្យ​មានទ្រព្យ​សម្បត្តិ​ច្រើន​បរិបូរណ៍​ហូរហៀរ” ហ្នឹងឯង។

    សូម​អញ្ជើញ​ទស្សនា​បរិយាកាស បណ្ដា​អ្នកស្ម័គ្រចិត្ត​នៅក្នុង​ទីក្រុង​ចាវ​ចួ​ង មណ្ឌល​សាន​តុង ភាគ​ខាងកើត​ប្រទេស​ចិន កំពុង​វីវក់​ក្នុង​ការធ្វើ​នំប៉័ង​បុរាណ​រូប​ត្រី សម្រាប់​ស្វាគមន៍​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ដែល​កំពុង​ជិត​ចូលមក​ដល់ នៅ​ថ្ងៃទី12 កុម្ភៈ​ខាងមុខនេះ ដើម្បី​នាំយក​ទៅជូន​ក្រុមមនុស្ស​ចាស់​នៅក្នុង​មណ្ឌល​ថែរក្សា​មនុស្ស​ចាស់​ក្នុង​តំបន់ សម្រាប់​ជូនពរ​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​ចិន៖ “សូមឱ្យ​មាន​លុយកាក់​មាសប្រាក់ ចាយវាយ​បរិបូរណ៍​រហូត​តទៅ”

    សូម​អរគុណ រូបភាព​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ

    ប្រែ សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • ចិន​ផ្ដល់​អាំង​ប៉ាវ​ជា​ប្រាក់​អេឡិចត្រូនិក​រាប់លាន​ដុល្លារ​ដល់​ប្រជាជន​ដើម្បី​ទទួល​ចូលឆ្នាំថ្មី

    ចិន​ផ្ដល់​អាំង​ប៉ាវ​ជា​ប្រាក់​អេឡិចត្រូនិក​រាប់លាន​ដុល្លារ​ដល់​ប្រជាជន​ដើម្បី​ទទួល​ចូលឆ្នាំថ្មី

    យោងតាម​សារព័ត៌មាន​ក្នុងស្រុក រដ្ឋធានី​ប៉េកាំង​នឹង​ចែក​ប្រាក់​អេឡិចត្រូនិក 10 លាន​យុន ដល់​ប្រជាជន តាមរយៈ​រូបភាព​ចាប់ឆ្នោត ក្នុងនោះ សំបុត្រ​អាំង​ប៉ាវនីមួយៗនឹងមាន​តម្លៃ​ប្រហែល 200 យុន។

    ដោយសារតែ​រង​ផលប៉ះពាល់​ពី Covid-19 ទីផ្សារ​របស់​ចិន​បាន​ដាំ​ក្បាល​ចុះ ដូច្នេះ អាជ្ញាធរ​ក្រុង​ប៉េកាំង​មិនអាច​នៅ​ស្ងៀម​បាន នៅពេល​ពិធី​ចូលឆ្នាំ​ប្រពៃណីជាតិ​ជិត​ចូល​មកដល់។ ទីក្រុងធំៗជាច្រើន​នៅ​ប្រទេស​នេះ បានសម្រេច​​ចិត្ត​ប្រើប្រាស់​ប្រាក់​អេឡិចត្រូនិក​ដែល​រដ្ឋាភិបាល​ទើបតែ​បានដាក់​ឱ្យប្រើ​ប្រាស់ ដើម្បី​ផ្ដល់​អាំង​ប៉ាវ​ដល់​ពលរដ្ឋ ក្នុង​បំណង​ជំរុញ​ការចាយវាយ។

    រដ្ឋធានី​ប៉េកាំង​នឹង​ផ្ដល់​អាំង​ប៉ាវ​ជា​ប្រាក់​អេឡិចត្រូនិក​ចំនួន 10 លាន​យុន ដែល​ស្មើនឹង 1.55 លាន​ដុល្លារ​អាមេរិក តាមរយៈ​ការប្រើប្រាស់​រូបភាព​ចាប់លេខ​ឆ្នោត ដែល​ក្នុង​សំបុត្រ​អាំង​ប៉ាវនីមួយៗ មានតម្លៃ​ស្មើនឹង 200 យុន ប្រហែល​ជិត 31 ដុល្លារ​អាមេរិក។

    អ្នក​ដែល​ទទួលបាន​អាំង​ប៉ាវ​ខាងលើ​នឹង​អាច​ចាយវាយ​ចាប់ពី​ថ្ងៃទី 10 ដល់ទី 17 ខែកុម្ភៈ ឆ្នាំ 2021 តាមរយៈ​សេវាកម្ម​លក់ដូរ​តាម​អន​ឡាញ​ដែល​ទូទាត់​តាម​អន​ឡាញ ដូចជា​សម្លៀកបំពាក់ សំបុត្រ​កុន បញ្ជា​ទិញ​អាហារ ថ្លៃ​សណ្ឋាគារ។ល។

    ក្រៅពី​រដ្ឋធានី​ប៉េកាំង នៅឯ​ទីក្រុង Suzhou ក្នុង​ខេត្ត Jiangsu ភាគ​ខាងកើត​ប្រទេស​ចិន ក៏​ផ្ដល់ប្រាក់​អេឡិច​ត្រូនិក 30 លាន​យុន​ដល់​ពលរដ្ឋ ខណៈ​ទីក្រុង Shenzhen នៃ​ខេត្ត Guangdong ក៏​ផ្ដល់ 50 លាន​យុន​ផងដែរ។

    ការប្រើប្រាស់​ប្រាក់​អេឡិចត្រូនិក​នេះ មិន​ទាមទារ​ឱ្យមាន​ការភ្ជាប់​ទៅនឹង​គណនី​ធនាគារ​ណាមួយ​នោះទេ អតិថិ​ជន​​ចុះឈ្មោះ​បង្កើត​កាបូប​លុយ​អេឡិចត្រូនិក​ដោយ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ ឬ​ប័ណ្ណបើកបរ ឬមួយ​លេខ​ទូរស័ព្ទ​ក៏បាន៕