Category: សង្គម និងសេដ្ឋកិច្ច

  • ផ្សារ​ជួញដូរ​ប្រាក់​អេឡិចត្រូនិក​ធំជាងគេ​ក្នុង​ពិភពលោក Coinbase ធ្វើ IPO

    ផ្សារ​ជួញដូរ​ប្រាក់​អេឡិចត្រូនិក​ធំជាងគេ​ក្នុង​ពិភពលោក Coinbase ធ្វើ IPO

    បច្ចុប្បន្ន អ្នកវិនិយោគ​លើ​រូបិយវត្ថុ​អេឡិចត្រូនិក​ជាង 43 លាន​នាក់ នៅក្នុង​ប្រទេស​ចំនួន​ជាង 100 កំពុង​ប្រើប្រាស់​ផ្សារ​ជួញដូរ Coinbase។

    ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Coinbase បានដាក់​ពាក្យស្នើសុំ​ធ្វើ IPO (បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ដំបូង) ប្រការនេះ​ធ្វើឱ្យ​ទីផ្សារ​រូបិយវត្ថុ​អេឡិចត្រូនិក កាន់​តែមាន «អំណាច» ថែមទៀត។

    ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2012 Coinbase គឺជា​ថ្នាល​ដ៏​ធំ​មួយ​ដែល​ជួយ​ឱ្យ​អតិថិជន​អាច​ទិញ លក់ និង​រក្សាទុក​រូបិយវត្ថុ​ឌីជីថល (អេឡិចត្រូនិក) ដូចជា Bitcoin និង Ether ជាដើម។ Coinbase ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្សារ​ឈ្មួញកណ្ដាល​ផ្នែក​រូបិយវត្ថុ​ឌីជីថល ដែល​ប្រកួតប្រជែង​ផ្ទាល់់​ជាមួយនឹង Coinmama, CEX.IO និង Gemini។ យោងតាម CNN ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Coinbase រៀបចំ​គម្រោង​ធ្វើ IPO នៅ​ខែធ្នូ​ខាងមុខ។

    ភាគី​ខាង​ក្រុមហ៊ុន Coinbase បានឱ្យដឹងថា ការធ្វើ IPO នេះ​នឹង​ត្រូវធ្វើ​នៅលើ​ផ្សារ​ហ៊ុន Nasdaq ដោយ​ប្រើប្រាស់​ឈ្មោះ COIN។ ព័ត៌មាន​នៅលើ​គេហទំព័រ​របស់ Coinbase ឱ្យដឹងថា មាន​អ្នកវិនិយោគ​លើ​រូបិយវត្ថុ​ឌីជីថល ចំនួន 43 លាន​នាក់ កំពុង​ប្រើប្រាស់ Coinbase ដែល​ការជួញដូរ​នេះ​មានតម្លៃ​សរុប​ស្មើនឹង 455 ពាន់​លាន​ដុល្លារ​អាមេរិក និង​កាន់កាប់​ទ្រព្យ​សរុប 9 ម៉ឺន​លាន​ដុល្លារ​នៅ​ទូទាំង​ប្រព័ន្ធ Coinbase។

    តម្លៃ​សរុប​នៃ Bitcoin ដែល​កំពុង​ត្រូវបាន​ជួញដូរ​នាបច្ចុប្បន្ន បាន​ឡើងដល់​ជាង 1 លាន​លាន (1,000,000,000,000) ដុល្លារ​អាមេរិក​នៅក្នុង​សប្ដាហ៍​កន្លង បន្ទាប់ពី​តម្លៃ​របស់ Bitcoin បាន​កើន​ដល់​ជិត 60,000 ដុល្លារ/Bitcoin។ ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​របស់ Bitcoin បាន​ធ្លាក់ចុះ និង​កំពុង​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ 51,000 ដុល្លារ/Bitcoin។

    Tesla, Mastercard, Bank of New York និង​ក្រុមហ៊ុនធំៗជាច្រើន​ទៀត បានប្រកាស​ជា​សាធារណៈ​ថា ពួកគេ​បាន​វិនិយោគ​យ៉ាងច្រើន​ទៅលើ Bitcoin នា​ប៉ុន្មាន​ខែ​កន្លងទៅថ្មីៗនេះ ដែល​ប្រការនេះ​បាន​ជួយ​ឱ្យ​ភាពស្របច្បាប់​របស់ Bitcoin កាន់តែ​ត្រូវបាន​លើកកម្ពស់។

    យ៉ាងណាក៏ដោយ Bitcoin និង​រូបិយវត្ថុ​អេឡិចត្រូនិក​មួយចំនួន​ផ្សេងទៀត នៅតែ​ប្រឈមមុខ​នឹង​ការប្រែប្រួល​ខ្លាំង ដោយសារ​តម្លៃ​របស់​វា​ឡើង-ចុះ​មិន​ទៀងទាត់៕

    គួរ​អាន​៖ Bitcoin បង្កើតបាន​សេដ្ឋី​ដុល្លារ​ចំនួន 100,000នាក់ ក្នុង​រយៈពេល 3ខែ

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • សេដ្ឋី 177នាក់​ដែល​មានដោយ​សារ​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ សុទ្ធ​តែមាន​វិធីសាស្ត្រ​​ដូចគ្នា​ដើម្បី​ក្លាយជា​អ្នកមាន! អ្នក​ក៏​អាចធ្វើ​បាន!

    សេដ្ឋី 177នាក់​ដែល​មានដោយ​សារ​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ សុទ្ធ​តែមាន​វិធីសាស្ត្រ​​ដូចគ្នា​ដើម្បី​ក្លាយជា​អ្នកមាន! អ្នក​ក៏​អាចធ្វើ​បាន!

    Corley បានសរសេរថា ភាគច្រើន​នៃ​សេដ្ឋី​ដែល​លោក​បាន​សិក្សា​ស្រាវជ្រាវ មិនបាន​ក្លាយជា​អ្នកមាន​នោះទេ រហូតដល់​ក្រោយ​វ័យ 50ឆ្នាំ ប៉ុន្តែ ពួកគេ​សុទ្ធតែ​ចាប់ផ្ដើម​ទៅតាម​វិធីសាស្ត្រ​ដូចគ្នា។

    Thomas C. Corley គឺជា​អ្នកជំនាញ​ខាង​ផែនការ​ហិរញ្ញវត្ថុ ជា​វាគ្មិន និង​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកនិពន្ធ​ដែលមាន​សៀវភៅ​លក់ដាច់​បំផុត ព្រមទាំង​ជា​សហការី​របស់ Business Inseder, CNBC និង​ស្ថានីយទូរទស្សន៍​ជាច្រើន​ផ្សេងទៀត។ លោក​បាន​ចំណាយពេល 5 ឆ្នាំ ក្នុងការ​ស្វែងយល់​អំពី​ក្រុម​សេដ្ឋី​ដែលមាន​បាន​ដោយ​ការប្រឹងប្រែង​ផ្ទាល់ខ្លួន។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ទៅលើ​ទម្លាប់​ដែលនាំឱ្យ​ក្លាយជា​អ្នកមាន​របស់លោក Corley បាន​ទាក់ទាញ​អ្នកអាន​ជាង 50 លាន​លើក នៅក្នុង​ប្រទេស​ចំនួន 25 ក្នុង​ពិភពលោក។ គោលដៅ​របស់​ការសិក្សា​ស្រាវជ្រាវ​នេះ​គឺ ដើម្បី​ឆ្លើយ​នឹង​សំណួរ​សាមញ្ញ​ចំនួន​ពីរ៖ «ហេតុអ្វី​បានជា​មនុស្ស​ក្លាយជា​អ្នកមាន ឬ​អ្នកក្រ?» និង «តើ​អ្នកមាន និង​អ្នកក្រ​ធ្វើ​អ្វីខ្លះ​ចាប់តាំងពី​ពេល​ក្រោក​ពី​គេង​នៅ​ព្រឹក រហូតដល់​ពេល​ចូល​គេង​នៅពេល​យប់?»។

    ចំណុចរួម​របស់​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង

    លោក Corley បាន​សម្ភាស​ជាមួយ​មនុស្ស​ចំនួន 233 នាក់ ដែលមាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​យ៉ាងតិច 160,000 ដុល្លារ​អាមេរិក និង​មានទ្រព្យ 3.2 លាន​ដុល្លារ។ ក្នុងចំណោម​នោះ មាន 177 នាក់ គឺជា​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង។ តាមរយៈ​ការសម្ភាស​នេះ លោក​រកឃើញ​ចំណុចរួម​ជាច្រើន​អំពី​អ្នកមាន ក៏ដូចជា​ទម្លាប់​ប្រចាំថ្ងៃ​ដែលនាំឱ្យ​ពួកគេ​ជោគជ័យ។

    ចំណុច ឬ​ប្រការ​រួមមួយ​ក្នុងចំណោម​ប្រការ​ទាំងឡាយ​ដែល Corley បាន​រកឃើញ នោះ​គឺ ពួកគេ​សុទ្ធ​តែមាន​គោលដៅ​សន្សំសំច័យ​ជា​ចម្បង។ ក្នុង​សៀវភៅ​មួយ​ក្បាល​របស់ខ្លួន លោក Corley សរសេរថា 80% នៃ​សេដ្ឋី​ដែលមាន​បាន​ដោយ​ការប្រឹងប្រែង​ផ្ទាល់ខ្លួន ដែល​លោក​បាន​ស្រាវជ្រាវ មិនបាន​ក្លាយជា​អ្នកមាន​នោះទេ រហូតដល់​ពួកគេ​មាន​វ័យ​ក្រោយ 50 ឆ្នាំ។ ប៉ុន្តែ សេដ្ឋី​ទាំងអស់នោះ សុទ្ធតែ​ចាប់ផ្ដើម​ដោយ​វិធី​ដូចគ្នា​តែមួយ។

    លោក Corley សរសេរថា៖ «បើទោះជា​បានកំណត់​គោលដៅ​រក​ឱ្យបាន 1 លាន​ដុល្លារ, 10 លាន​ដុល្លារ ឬ​ច្រើនជាង​នេះ អ្នក​ត្រូវតែ​ចាប់ផ្ដើម​ពី​ចំណុច​ជាក់លាក់​ណាមួយ។ សេដ្ឋី​ដែល​ក្លាយជា​អ្នកមាន​ដោយ​ការខិតខំ​ផ្ទាល់ខ្លួន ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ សុទ្ធតែ​បានកំណត់​គោលដៅ​សន្សំ​ប្រាក់​ចាប់ពី 10% ទៅ 20% នៃ​ប្រាក់ចំណូល​របស់ខ្លួន ក្នុង​រយៈពេល​ច្រើន​ឆ្នាំ មុនពេល​បាន​ក្លាយជា​សេដ្ឋី។ យោងតាម​ធនាគារកណ្ដាល​អាមេរិក (FED) មធ្យមភាគ​នៃ​អត្រា​សន្សំ​ប្រាក់​របស់​ជនជាតិ​អាមេរិកាំង​គឺ 8% នៃ​ប្រាក់ចំណូល។

    គោលការណ៍​សន្សំ​ប្រាក់​របស់​ក្រុម​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង

    លោក Corley ឱ្យដឹងថា ប្រការ​ដែល​សំខាន់បំផុត នោះ​គឺថា ក្រុមមនុស្ស​ដែលមាន​បំណង​ក្លាយជា​សេដ្ឋី តែងតែមាន​ស្មារតី​ទទួលខុសត្រូវ និង​អនុវត្តតាម​គោលការណ៍ ឬ​វិន័យ​នៃ​ការ​សន្សំ​ប្រាក់​ដ៏​តឹងរ៉ឹង។ ពួកគេ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដែល Corley ហៅថា «ប្រព័ន្ធ​ប៉ោត​ដាក់​ទឹក» ដើម្បី​សន្សំសំច័យ​ប្រាក់។ ពួកគេ​បែងចែក​ខ្ទង់​សន្សំ​របស់ខ្លួន​ទៅជា 4 ប្រភេទធំ៖ ខ្ទង់​សន្សំ​សម្រាប់​ពេល​ចូលនិវត្តន៍ ខ្ទង់​សម្រាប់​ការចំណាយ​ដែលមាន​គម្រោង​ស្រាប់ ខ្ទង់​សម្រាប់​ការចំណាយ​បន្ទាន់ និង​ខ្ទង់​សម្រាប់​ចាយ​ទៅតាម​វដ្ដ។

    -ខ្ទង់​សន្សំ​សម្រាប់​ពេល​ចូលនិវត្តន៍៖ ជា​ប្រាក់​ដែល​ត្រូវបាន​វិនិយោគ​ដើម្បី​ការរីកចម្រើន ហើយ​វា​នឹង​ត្រូវបាន​ប្រើប្រាស់​ពេល​ពួកគេ​ឈប់​ធ្វើការ។

    -ខ្ទង់​សម្រាប់​ការចំណាយ​ដែលមាន​គម្រោង​ស្រាប់៖ រួមមាន ការចំណាយ​សម្រាប់​ការសិក្សា​ដែល​បានគ្រោង​ទុក​នាពេល​អនាគត ការចំណាយ​លើ​អាពាហ៍ពិពាហ៍​ផ្ទាល់ខ្លួន បង់​រំលស់​ផ្ទះ/ដី ឬ​ការចំណាយ​ដែលមាន​គម្រោងផ្សេងៗទៀត។

    -ខ្ទង់​សម្រាប់​ការចំណាយ​បន្ទាន់៖ នេះ​គឺជា​សាច់ប្រាក់​សុទ្ធ​ដែល​បាន​ត្រៀម​នៅក្នុង​ផ្ទះ​ដើម្បី​បង្ការ​ពេល​មាន​អាសន្ន​បន្ទាន់​កើតឡើង ដូចជា​ករណី​បាត់បង់​ការងារ ឬ​ជួប​បញ្ហា​គ្រោះថ្នាក់ និង​ជំងឺភ្លាម។ ខ្ទង់​នេះ​ត្រូវបាន​គេ​កំណត់​យ៉ាងតិចណាស់​ក៏​អាចឱ្យ​មនុស្ស​ម្នាក់​ចិញ្ចឹមជីវិត​បាន 6 ខែ ក្នុង​គ្រា​មិនមាន​ប្រាក់ចំណូល។

    -ខ្ទង់​សម្រាប់​ចាយ​ទៅតាម​វដ្ដ៖ ជា​ប្រាក់​សន្សំ​សម្រាប់​ការដើរ​ទេសចរណ៍ ឬ​សម្រាប់​ទិញ​អំណោយ​ចាំបាច់​ប្រចាំឆ្នាំ។

    យុទ្ធសាស្ត្រ​សន្សំសំច័យ​ដ៏​សាម​ញ្ញា​នេះ មាន​តួនាទី​យ៉ាងសំខាន់​ចំពោះ​សេដ្ឋី​ចំនួន​ជិត​ពាក់កណ្ដាល​ដែល Corley បាន​ស្រាវជ្រាវ។ ជា​លទ្ធផល ពួកគេ​អាចរ​ស់បាន​ដោយ​ប្រាក់ចំណូល​ប្រចាំខែ​ចំនួន 80% (ឬ​តិចជាង​នេះ)។ ហើយ​នៅពេល​បាន​ក្លាយជា​សេដ្ឋី ពួកគេ​នៅតែ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ខាងលើ ព្រមទាំង​មិនដែល​បង្ហាញ​អំពី​ភាពមានបាន​របស់​ពួកគេ។

    លោក Thomas C. Corley បាន​បន្ថែមថា៖ «ក្រុម​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង សុទ្ធ​តែមាន​ទម្លាប់​សន្សំសំច័យ និង​គោរព​តាម​គោលការណ៍​សន្សំសំច័យ​យ៉ាង​តឹងរឹង។ កាន់តែ​ឆាប់​សន្សំសំច័យ អ្នក​កាន់តែ​ឆាប់​មានទ្រព្យ​ច្រើន និង​ឆាប់​សម្រេចបាន​គោលដៅ​របស់ខ្លួន»៕

    ប្រភព៖ Business Insider
    ប្រែសម្រួល​៖ បុត្រា

  • គិតមកទល់ថ្ងៃនេះ តើ​តារា​ប្រុស​ស្រី​​ខ្មែរ​រូប​ណា​ខ្លះ​ហើយ​ដែល​បាន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩?​

    គិតមកទល់ថ្ងៃនេះ តើ​តារា​ប្រុស​ស្រី​​ខ្មែរ​រូប​ណា​ខ្លះ​ហើយ​ដែល​បាន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩?​

    ចាប់​តាំង​ពីថ្ងៃ​ដំបូង​ដែល​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បើក​ឲ្យ​ចាក់វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​ពោល​គឺ​នៅ​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ មក​ដល់​ត្រឹម​ថ្ងៃ​ទី ​២៤ ​ខែ​កុម្ភៈនេះមាន​រយៈ​ពេល​១៤​ថ្ងៃ​ហើយ។ នៅរវាង១៤​ថ្ងៃ​កន្លងមក​នេះ ​មាន​​អ្នក​ទៅ​ទទួលចាក់​វ៉ាក់សាំង​ជា​ច្រើន​នាក់​រួច​មក​ហើយ ​ក្នុងនោះ​ក៏​មាន​សិល្បករ​សិល្បការិនី​និង​បុគ្គលិក​ដែល​ធ្វើ​ការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ជា​ច្រើន​នាក់​បាន​ស្ម័គ្រ​ចិត្ត​ទៅ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​។
    ថ្ងៃ​នេះ​យើង​សូម​លើក​មក​បង្ហាញ​ជូន​សិល្បករ​សិល្បការិនី​ចំនួន​៧​រូប​ដែល​បាន​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​លើក​ទីមួយ​រួច​រាល់​។
    ១. លោក យុត្ថារ៉ា ឆានី
    ២. លោក ជួង ជី ហៅកុយ
    ៣. លោក ប៊ុនថុល ប៊ុនថង ហៅ Tommy
    ៤. នាយ ហុង​ ដា​
    ៥. នាយ ក្រិន
    ៦. អ្នកនាង ប៉ែន ស្រីពេជ្រ
    គួរ​ឲ្យ​ដឹង​ដែរ​ថា​​មក​ទល់​នឹង​ពេល​នេះ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ក្នុង​សហគមន៍​កំពុង​តែ​លុកលុយ​ប្រទេស​កម្ពុជា​ពិសេស​ទីក្រុង​ភ្នំពេញ​ជា​លើក​ទីបី​ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​ កុម្ភៈ​ឆ្នាំ​ ២០២១​នេះ​មានអ្នកឆ្លងសរុប ៦៣៣ នាក់ ក្នុងនោះអ្នកជាសះស្បើយ ៤៧៦ នាក់ និងអ្នកកំពុងព្យាបាល១៤២ នាក់៕
  • Bitcoin បង្កើតបាន​សេដ្ឋី​ដុល្លារ​ចំនួន 100,000នាក់ ក្នុង​រយៈពេល 3ខែ

    Bitcoin បង្កើតបាន​សេដ្ឋី​ដុល្លារ​ចំនួន 100,000នាក់ ក្នុង​រយៈពេល 3ខែ

    តម្លៃ​របស់ Bitcoin បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ នាំឱ្យ​គណនី​ប្រាក់​អេឡិចត្រូនិក​តម្លៃ​ចាប់ពី​លាន​ដុល្លារ​ឡើងទៅ កើនឡើង​ខ្ពស់ជាង​មុន​ទៅដល់ 4 ដង ដោយ​ចំណាយពេល​តែ 3 ខែ​ប៉ុណ្ណោះ។

    សារព័ត៌មាន CBS ដកស្រង់​ទិន្នន័យ​ពី​ទីភ្នាក់ងារ​ស្រាវជ្រាវ​ទីផ្សារ BitInfoCharts បានឱ្យដឹងថា ពិភពលោក​នាពេល​បច្ចុប្បន្ន មាន​គណនី Bitcoin ប្រមាណ 100,000 ដែលមាន​តម្លៃ​ចាប់ពី 1 លាន​ដុល្លារ​ឡើងទៅ ក្នុងនោះ​មាន​គណនី​ជាង 8,000 ដែលមាន​តម្លៃ​ចាប់ពី 10 លាន​ដុល្លារ។ តួលេខ​សេដ្ឋី​ជាង 100,000 នាក់​នេះ ច្រើនជាង​ឆ្ងាយ បើ​ធៀប​នឹង 25,000 នាក់ កាលពី 3 ខែ​មុន និង 15,000 នាក់ កាល​ពីមួយ​ឆ្នាំមុន។

    តម្លៃ​របស់​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin កាលពីដើម​ខែកុម្ភៈ​នេះ បាន​ហក់​ឡើងដល់ 50,000 ដុល្លារ​ក្នុង 1 Bitcoin។ កាលពី​ចុង​សប្ដាហ៍​មុន តម្លៃ​របស់​វា ពេលខ្លះ​បាន​លោត​ឡើងដល់ 58,000ដុល្លារ​អ​មេ​រិ​ក។ កំណើន​នៃ​តម្លៃ​នេះ បាន​ជួយ​ឱ្យ​ក្រុម​សេដ្ឋី Bitcoin កើន​ឡើងដល់​ខ្ទង់សែន​នាក់​នៅក្នុង​សប្ដាហ៍​កន្លងទៅ នេះ​បើតាម​របាយការណ៍​រប​ស់ BitInfoCharts។

    មូលហេតុ​ធំ​បំផុត​ដែលនាំឱ្យ​តម្លៃ​របស់ Bitcoin បន្ត​ឡើងថ្លៃ ហើយ​ជួយ​ឱ្យ​ចំនួន​សេដ្ឋី​ដែល​កំពុង​វិនិយោគ​ទៅលើ Bitcoin កើនឡើង​ខ្ពស់​បែបនេះ ក៏​ព្រោះតែ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាមេរិក Tesla របស់​មហាសេដ្ឋី Elon Musk បានប្រកាសថា បាន​ទិញ Bitcoin ចំនួន 1.5 ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រការនេះ​ក៏​បង្ហាញថា ក្រុមហ៊ុនផ្សេងៗក៏​អាច​វិនិយោគ​ទៅលើ​ប្រាក់​ឌីជីថល Bitcoin នេះដែរ។

    ក៏ប៉ុន្តែ តួលេខ​ពិតប្រាកដ​នៃ​ចំនួន​សេដ្ឋី Bitcoin ពិតជា​ពិបាក​ស្មាន។ ព្រោះថា អត្តសញ្ញាណ​របស់​អ្នក​នៅ​ពីក្រោយ​គណនី Bitcoin នីមួយៗ មិន​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ ពោលគឺ​មានតែ​ចំនួន​គណនី និង​តម្លៃ​របស់​វា​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​ផ្សាយ​ជា​សាធារណៈ។ មនុស្ស​ម្នាក់​អាចមាន​គណនី Bitcoin លើសពី​មួយ ហើយ​គណនី bitcoin មួយ ក៏​អាច​គ្រប់គ្រង​ដោយ​មនុស្ស​ច្រើន​នាក់​ផងដែរ។

    យ៉ាងនេះ​ក្ដី គណនី Bitcoin ភាគច្រើន​គឺមាន​តម្លៃ​ទាប​ខ្លាំង។ យោងតាម BitInfoCharts បច្ចុប្បន្ន មាន​គណនី​ជាង 55 លាន កំពុងដំណើរការ​នៅលើ​បណ្ដាញ Bitcoin ប៉ុន្តែ ក្នុងចំណោម​នោះ មាន​គណនី​ជិត 45 លាន មានតម្លៃ​ក្រោម 100 ដុល្លារ។

    ឆ្នាំនេះ បើទោះជា​មានពេលខ្លះ​ត្រូវ​ធ្លាក់​ថ្ងៃ ប៉ុន្តែ តម្លៃ Bitcoin នៅតែ​ខ្ពស់ជាង​ជិត 70% បើ​ធៀប​នឹង​តម្លៃ​កាលពីដើមឆ្នាំ។ ចំណែក​មាស ដែលជា​គូប្រជែង​ផ្ទាល់​របស់ Bicoin បែរជា​ធ្លាក់​ថ្លៃ 5% ទៅវិញ ខណៈ​ស​ន្ទ​ស្សន៍ DJIA, S&P 500 និង Nasdaq Composite នៅក្នុង​ផ្សារ​ហ៊ុន​អាមេរិក កើនឡើង 5%៕

    ប្រភព៖ Market Watch, CBS
    ប្រែ​សម្រួល៖ បុត្រា

  • ហុយៗ! ស្ថាបនិកគ្រួសារតារាកម្ពុជា ចេញមុខបង្ហោះសារពន្លាស់អ្នកហែកហួរម្ចាស់ផលិតកម្ម រាម 

    ហុយៗ! ស្ថាបនិកគ្រួសារតារាកម្ពុជា ចេញមុខបង្ហោះសារពន្លាស់អ្នកហែកហួរម្ចាស់ផលិតកម្ម រាម 

    នៅពេលថ្មីៗនេះ គេកត់សម្គាល់ឃើញមានសកម្មភាពវាយប្រហាមកលើលោកស្រី ស៊ុន្ទរី នួន ជាអគ្គនាយិកាផលិតកម្មរាម និងក្រុមហ៊ុនសម្រស់ធម្មជាតិ តាមវិធីផ្សេងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ជាពិសេស គេបានឃើញម្ដាយធម៌លោកស្រី ដែលជាតារាសម្ដែងជើងចាស់ លោកស្រី ញឹម សុខា ក៏បញ្ចេញវីដេអូបកស្រាយពីការរងគ្រោះព្រោះម្ដាយធម៌ ដែលហាក់ដូចជា បានវាយបកមកកាន់លោកស្រី ស៊ុន្ទរី នួន ដែលជាកូនធម៌។ ដូច្នោះហើយទើបគេសង្ស័យថា តើមានរឿងអ្វីកើតឡើងឱ្យពិតប្រាកដ។ រហូតមកទល់ពីនេះ នៅមិនទាន់មានការបកស្រាយណាមួយជាផ្លូវការចេញពីម្ចាស់ផលិតកម្មរាម។

    តែយ៉ាងណាមិញ គេបានឃើញមួយដែលបង្ហោះដោយលោក ផាត់ តារារដ្ឋ ជាស្ថាបនិកគ្រួសារតារាកម្ពុជា បានចេញមុខឈឺឆ្អាលជំនួសលោកស្រីនាយិកាម្ចាស់ផលិតកម្មរាម ប្រាប់ដល់អ្នកកំពុងតាមហែកហួរឱ្យដឹងខ្លួន។ លោកបានរៀបរាប់ថា «មួយរយៈនេះ ឃើញគេហែកហួរគាត់ច្រើនមែនទែន រឿងគាត់ជួយគេមិនដូចសន្យា ខ្ញុំសួរត្រលប់ទៅវិញ តើគាត់នឹងអ្នកដែលរិះគន់គាត់ ថាគាត់មិនបានជួយតាមសន្យាហ្នឹង ត្រូវជាសាច់ញាតិអ្វីនឹងគ្នា ជាបងប្អូនទេ ជាអ្នកដែលធ្លាប់ជំពាក់គុណស្រ័យទេ។ សម្រាប់ខ្ញុំគាត់គ្រាន់តែជួយមួយគ្រា ឬ ផ្ដល់ពាក្យសម្ដីមួយលើកទឹកចិត្ត ជាការអាណិតអាសូរ ក្នុងពេលដែលគាត់រវល់១០០មុខបែបហ្នឹង គឺជាទឹកចិត្តមួយរបស់គាត់ហើយ តើរឿងអីត្រូវដាក់បន្ទុកលើគាត់ថា មិចមិនជួយបែបនេះ មិនជួយបែបនោះបន្ថែម មិចទុកអោយអ្នកនេះអ្នកនោះដាច់ពោះ សាកត្រលប់សួរទៅកាន់កូនចៅខ្លួនឯងទៅមើល ថាយើងជាសាច់ជាឈាម ធ្លាប់មានគុណលើពួកគាត់ផង មិចក៏មិនដឹងគុណយើង មិចទុកអោយយើងវេទនា មិចទុកអោយយើងទៅលើកដៃសំពះសុំលុយគេរស់ទៅកើត។ ចុះត្រឹមគាត់គ្រាន់តែជាអ្នកឃើញហើយអាណិត និង សន្យា តើវាចាំបាច់ទេ ដែលគាត់ត្រូវអ្នកនឹងជេថាមិនជួយដូចចិត្ត។ ក្នុងនាមខ្ញុំ ដែលធ្លាប់ឈឺឆ្អាលគេ ហើយរមែងទទួលបាបបែបហ្នឹង ខ្ញុំយល់អារម្មណ៍មួយនឹង យល់អាស្ថានភាព ដែលជួយគេមិនដូចបំណងហើយ ត្រូវអ្នកគាំទ្រគេ ឬ បុគ្គលគេខ្លួនឯង ដើរសម្អុយ និង ព្រួតគ្នាហែកហួរ»។

    លោកបន្ដថា «សួរថា ទង្វើនេះត្រូវទេ ដែលគេមានចិត្តមកលើយើងហើយ តែយើងបែរជាអោយទោសគេ ទាំងមិនខ្មាស់ ទាំងមិនមើលថា ខ្លួនឯងធ្លាប់មានគុណស្រ័យអីនឹងអ្នកដែលសន្យានឹង សួរថាយើងនឹងគេ ជាអ្នកណា។ ដោយសារតែមានគំរូបែបនេះ ទើបអ្នកខ្លះលែងចង់ធ្វើបុណ្យ រួមទាំងខ្ញុំផង ក៏លែងចង់ធ្វើបុណ្យនឹងមនុស្ស ព្រោះជួបរឿងទោសច្រើនជាងគុណចឹង ខ្ញុំនៅតែប្រើពាក្យថា ទើសភ្នែក ហើយបើទើសខ្លាំងពេក ខ្ញុំអាចនឹងចេញមុខវែកញែក អោយគេយល់ខ្លះ ថាតើអ្នកធ្វើបុណ្យត្រូវគេអោយទោសបែបនឹង ជារឿងសមហេតុផលឬទេ គេជួយបានត្រឹមណា អរគុណគេត្រឹមហ្នឹងទៅ អ្វីៗវាមាននិស្ស័យរបស់វា គ្នានអ្នកណាគេមកជួយយើងបាន១០០ជំពូកទេ ធម្មតាគេជួយយើងបានតែមួយដំណើរៗនឹងឯង អរគុណការលះបង់គេទៅ ទោះត្រឹមតែជាពាក្យសម្ដីក៏ដោយ កុំផ្ដេកផ្ដួលលើគេ គ្មានអ្វីមានតម្លៃជាងប្រឹងខ្លួនឯងទេ ចាំបាច់អីទៅអោយទោសគេ ពេលគេមិនជួយអ្នកណាម្នាក់ដូចបំណង រឿងគេមិនជួយជានិស្ស័យបុណ្យគេតើ គេត្រឹមជាអ្នកដទៃនឹងយើងគេធ្វើបុិនណាអរគុណគេបុិននឹងទៅ កុំចឹង ទើសភ្នែកណាស់»។

     

  • លោកស្រី ញឹម សុខា តារាសម្ដែងចេញមុខទួញសោកទ្រហ៊ោយំថា​ ដាច់បាយម្ដងៗរងគ្រោះព្រោះពាក្យម្ដាយធម៌

    លោកស្រី ញឹម សុខា តារាសម្ដែងចេញមុខទួញសោកទ្រហ៊ោយំថា​ ដាច់បាយម្ដងៗរងគ្រោះព្រោះពាក្យម្ដាយធម៌

    កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើការចែករំលែក នៅជីវិតដ៏លំបាករបស់ តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដែលមានជីវភាពក្រលំបាក និងមានជំងឺ គ្មានប្រាក់ដើម្បីព្យាបាល រហូត ដើរលាងចានតាមផ្ទះឲ្យគ្រាន់បានប្រាក់ខ្លះទិញម្ហូបអាហារ និងទិញថ្នាំពិសារ។ ខណៈភ្លាមៗនេះ តារាសម្ដែងជើងចាស់រូបនេះ ក៏ទទួលបានការឧបត្ថម្ភប្រាក់ពីលោកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាអ្នកជំនួញល្បីនៅលើអនឡាញន៍។

    អ្វីដែលចាប់អារម្មណ៍នៅពេលនេះ គឺលោកស្រី ញឹម សុខា ត្រូវបានទម្លាយថា កំពុងរងគ្រោះព្រោះពាក្យម្ដាយធម៌ បើតាមការបង្ហោះរបស់លោក អឹម ជីវ៉ា បានសរសេររៀបរាប់ថា « តើពិតទេ ម្តាយធម៌ ស្រីអូនសម្រស់ធម្មជាតិ យំចេញមុខបកស្រាយថា តាំងពីក្លាយជាម្តាយធម៌មក គាត់ដាច់បាយ..! ហើយគ្មានលុយឡើយ.. ! ការបកស្រាយបែបនេះបន្ទាប់ពីតារាជើងចាស់រូបនេះបានធ្វើដំណើមកជួបខ្ញុំបាទអុឹមជីវ៉ា និងសូមសំណូមពអោយខ្ញុំបាទជួយផ្សាយអោយ ដើម្បីកុំអោយមហាជនមួយចំនួន និងអ្នកសិល្បៈខ្លះថា តារាជើងចាស់រូបនេះតាំងពីបានកូនធម៌ជាសេដ្ឋីមក មានលុយច្រើន មានផ្ទះ នៅ មានប្រាក់ខែរាប់ពាន់ដុល្លារ តែធាតុ ពិត គឺមិនដូចពាក្យនិយាយឡើយ ។ សូមស្តាប់ការបកស្រាយរបស់តារសម្តែងជើងចាស់ អ្នកមីង ញឹម សុខា នៅក្នុងនាទី ជីវិតសិល្បករកម្ពុជា នៅលើផេកសិល្បករកម្ពុជា នៅវេលារម៉ោង៦ល្ងាចនេះ »។

    គួរឱ្យដឹងដែរថា លោក ញឹម សុខា បានយំនិងនិយាយក្នុងវីដេអូថា លោកស្រីមានឈ្មោះតែជាម្ដាយធម៌ទេកាលគ្រាកន្លងមក តែមិនដែលបានទទួលការទំនុកបម្រុងពីខាងកូនចិញ្ចឹមបានទៀងទាត់នោះទេ។ ជាក់ច្បាស់ទស្សនាវីដេអូខាងក្រោមនេះ ៖

  • ​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន ផ្ដល់​អាហារូបករណ៍​ 100% និង​ 50​%​ ! ផុត​កំណត់​ថ្ងៃ​ទី​ 28 កុម្ភៈ

    ​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន ផ្ដល់​អាហារូបករណ៍​ 100% និង​ 50​%​ ! ផុត​កំណត់​ថ្ងៃ​ទី​ 28 កុម្ភៈ

    ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​បាន​ប្រកាស​ឱ្យ​ដឹង​ថា ​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន ចាប់​ផ្ដើម​ទទួល​ពាក្យ​ប្រលង​ចូល​រៀន​ចាប់​ពី​ពេល​នេះ​ រហូត​ដល់​​ចុង​ខែ​កុម្ភៈ ក្នុង​នោះ​ក៏​មាន​ការ​ផ្ដល់​អាហារូបករណ៍​ 100%​ និង​​ 50​%​​ ដល់​សិស្ស​​ផងដែរ​។

    ការ​ជ្រើស​រើស​មានដូច​ខាងក្រោម​៖

    *ថ្នាក់​បរិ​ញ្ញ​ប​ត្រ+១ (វិស្វករ ៥ឆ្នាំ)

    ១- សំណង់​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​កំពង់ផែ

    ២- ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់

    *ថ្នាក់​បរិ​ញ្ញ​ប​ត្រ (៤ឆ្នាំ)

    ៣- សេដ្ឋកិច្ច និង​គ្រប់គ្រង​ការ​ដឹកជញ្ជូន​ផ្លូវគោក

    ៤- គ្រប់គ្រង​ភស្តុភា​រកម្ម និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់

    ៥- បរិបា​ល​នាវា

    ៦- ម៉ាស៊ីន​នាវា

    :::::::::::::::::::::::::::::::::::::

    ក::: តម្លៃ​សិក្សា

    :::::::::::::::::::::::::::::::::::::

    ១- អាហារូបករណ៍ ១០០% សម្រាប់​និស្សិត​ឆ្នើម ចំនួន ៥០នាក់

    ២- អាហារូបករណ៍ ៥០% សម្រាប់​និស្សិត​នារី

    ៣- តម្លៃ​សិក្សា៖ $៦០០ ក្នុង១ឆ្នាំ

    :::::::::::::::::::::::::::::::::::::

    ខ::: លក្ខខណ្ឌ​ដាក់ពាក្យ

    :::::::::::::::::::::::::::::::::::::

    ១- បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​សមមូល។ បេក្ខជន​អាច​ផ្តល់ សញ្ញាបត្រ​ថតចម្លង​នៅពេល​ក្រោយ។

    ២- ទាញយក​ពាក្យ​ស្នេ​ី​សុំ​ប្រឡង៖ https://qrgo.page.link/4Wfzb

    ៣- មក​ដាក់ពាក្យ​ប្រឡង​ផ្ទាល់​នៅ​ទីតាំង​វិទ្យាស្ថាន ឬ​ផ្ញេ​ី​ពាក្យស្នើសុំ​ប្រឡង​ដោយ​ស្គេ​ន ជា​ទម្រង់ PDF ទៅកាន់ Telegram (០៩៦-៥៣០-៥០៨៩) ឬ​តំណ​ភ្ជាប់ https://t.me/tsipwt

    :::::::::::::::::::::::::::::::::::::

    គ::: កាលបរិច្ឆេទ

    :::::::::::::::::::::::::::::::::::::

    – បេី​ក​ទទួល​ពាក្យ​ប្រឡង​ពី​ពេលនេះ​តទៅ!

    – ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ វេលា​ម៉ោង៥:០០ល្ងាច

    – ថ្ងៃ​ប្រឡង​ចូលរៀន៖ ប្រឡង​តាម​អន​ឡាញ (Entrance Exam-Online) នៅ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលា​ម៉ោង ៨:០០ព្រឹក​តទៅ។ មុខវិជ្ជា​ត្រូវ​ប្រឡង៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា

    – ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង៖ នៅ​ថ្ងៃទី០៥ខែមីនា ឆ្នាំ២០២១ តាមរយៈ​ផេ​ក​របស់​ក្រសួង

    – ថ្ងៃ​បើកទទួល​ពាក្យ​ចូលរៀន៖ និស្សិត​ដែល​បាន​ប្រឡង​ជាប់ អាច​ចុះឈ្មោះ​ចូលរៀន ចាប់ពី​ថ្ងៃទី០៦ ខែមីនា ដល់​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ វេលា​ម៉ោង ៥:០០ល្ងាច

    – ថ្ងៃ​ចូលរៀន៖ បើក​បវេសនកាល​ចូលរៀន ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលា​ម៉ោង ៨:០០ព្រឹក

    :::::::::::::::::::::::::::::::::::::

    ឃ::: ការប្រលង ONLINE

    :::::::::::::::::::::::::::::::::::::

    ការប្រលង​នឹងធ្វើ​តាម ONLINE។ វិធី​ភ្ជាប់ និង​ការចូល​ប្រលង​តាម​ប្រព័ន្ធ​អន​ឡាញ​នឹង ជូនដំណឹង​តាម​ក្រោយ។ ដូច្នេះ សូម​សិស្ស-និស្សិត តាមដាន​ពត៌មាន​តាម​ទំព័រ FACEBOOK របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ទំព័រ FACEBOOK របស់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន។

    :::::::::::::::::::::::::::::::::::::

    ង::: ទំនាក់ទំនង

    :::::::::::::::::::::::::::::::::::::

    – ០៩៦ ៩៣៣ ៤២៥៣

    – ០៩៥ ៤០៤ ៥៩០

    – អាសយដ្ឋាន៖ ផ្លូវ​លេខ ៥៩៨ (ផ្លូវ​ឯកឧត្តម ជា សុផារ៉ា)សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ(ខាងក្រោយ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន)។

  • Bitcoin ឡើងថ្លៃ​ខ្ពស់​វិញ​ហើយ! លើក​នេះ​ឡើង​ដល់​​ត្រឹម​ ​51,000​ដុល្លារ/​bitcoin

    Bitcoin ឡើងថ្លៃ​ខ្ពស់​វិញ​ហើយ! លើក​នេះ​ឡើង​ដល់​​ត្រឹម​ ​51,000​ដុល្លារ/​bitcoin

    តម្លៃ​របស់​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin បាន​ងើប​ឡើងវិញ និង​បាន​កើន​ដល់​ជាង 51,000 ដុល្លារ នៅក្នុង 1 bitcoin ក្រោយពី​វាទ​ទួលបាន​ការសរសើ​រ​ពី​អ្នកគ្រប់គ្រង​ការវិនិយោគ​ដ៏​មានឈ្មោះ​ល្បី​ម្នាក់។ល។

    នៅវេលា​ម៉ោងជាង 11 ថ្ងៃត្រង់ ថ្ងៃទី 24 កុម្ភៈ (ម៉ោង​នៅ​ភ្នំពេញ) តម្លៃ​របស់ Bitcoin ស្មើនឹង 51,000 ដុល្លារ​/bitcoin នេះ​បើតាម​ទំព័រ Coinmarketcap.com។ ក្នុងការ​ជួញដូរ​កាល​ពី​ព្រឹក​នេះ តម្លៃ​របស់​វា​ស្ថិតក្នុង​រង្វង់ 48,000 ដុល្លារ/bitcoin។

    ការ​ងើប​ឡើងវិញ​នេះ បាន​កើតឡើង​ក្រោយ​រយៈពេល​ជិត​មួយ​សប្ដាហ៍​ដែល Bitcoin បាន​ជួប​ការលំបាក រួមមាន ការធ្លាក់​ថ្លៃ​មក​នៅត្រឹម 45,000 ដុល្លារ​ក្នុង​ថ្ងៃទី 23 កុម្ភៈ ដោយសារ​តែមាន​យោបល់​ទាក់ទង​នឹង​កម្រិត​នៃ​ភាព​ផុយស្រួយ​របស់​តម្លៃ Bitcoin ដែល​បាន​ឡើងថ្លៃ​ខ្ពស់ជាង​មុន 5 ដង បើ​ធៀប​នឹង​មួយឆ្នាំ​កន្លងទៅនេះ។

    លោក​ Jerome Powell ប្រធានធនាគារ​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក​

    យោងតាម​សារព័ត៌មាន Bloomberg ការព្រួយបារម្ភ​របស់​ក្រុម​អ្នកវិនិយោគ​លើ​ប្រាក់​អេឡិចត្រូនិក ទទួលបាន​ភាពកក់ក្ដៅ​ឡើងវិញ បន្ទាប់ពី​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃទី 23 កុម្ភៈ របស់​អគ្គនាយក​ធនា​គារ​កណ្ដាល​អាមេរិក (Fed) Jerome Powell។ បង្ហាញខ្លួន​នៅ​ចំពោះមុខ​គណៈកម្មការ​ធ​នាគារ​នៃ​សភា​ជាន់ខ្ពស់ លោក Jerome Powell​ បាន​និយាយថា នឹងមិន​ដកហូត​គោលនយោបាយ​រូបិយវត្ថុ​ក្នុងពេល​ឆាប់​នេះឡើយ។

    រូបិយវត្ថុ​អេឡិចត្រូនិក គឺជា​ទ្រព្យ​មួយ​ក្នុងចំណោម​ទ្រព្យ​ដែល​ទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​ពី​គោលនយោ​បាយ​​រូបិយវត្ថុ​ធូររលុង (Ultra-loose monetary policies) និង​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច​ដ៏​ធំ រាប់​ចាប់ពី Covid-19 បានក្លាយ​ជាម​ហា​រោគរាតត្បាត​ពិភពលោក។

    កត្តារួម​ចំណែក​មួយទៀត​ដែល​ជួយ​ឱ្យ​តម្លៃ​របស់ Bitcoin ងើបឡើង​វិញ នោះ​គឺ​លោកស្រី Cathie Wood ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​វិនិយោគ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ មកពី Ark Investment Management។ ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ Bloomberg លោកស្រី Wood និយាយថា «ពិតជា​មានការ​ជឿជាក់​លើ Bitcoin និង​សប្បាយរីករាយ​នៅ​ពេល​​បានឃើញ​​មាន​ការ​​​កែ​សម្រួល​​ប្រកប​ដោយ​វិជ្ជមាន​នៅទីនេះ»។

    លោក​ស្រី Cathie Wood​

    នៅក្នុង​អត្ថបទ​មួយ ក្រុមហ៊ុន Bespoke Investment Group សរសេរថា បើទោះជា​បាន​ធ្លាក់​ពី​ចំណុច​ឯតទគ្គ​កម្ម (ជាង 59,000 ដុល្លារ/bitcoin) ដែល​ត្រូវបាន​បង្កើតឡើង​កាលពីពេលថ្មីៗនេះ ការធ្លាក់​ថ្លែង​នេះ​របស់ Bitcoin ​គឺ​នៅមានកម្រិត​នៅឡើយ។

    កាលពីពេលថ្មីៗនេះ ក្រុម​អ្នកគាំទ្រ Bitcoin បាន​និយាយ Bitcoin គឺជា​ទ្រព្យ​ដែល​ត្រូវបាន​គេ​ទទួលយក​ច្រើន ដោយសារតែ​ប្រសិទ្ធភាព​នៃ​ការ​ទប់​ទល់នឹង​ហានិភ័យ​នៃ​បញ្ហា​អតិផរណា។ ចំណែក​ក្រុម​មួយទៀត​គិតថា នេះ​គ្រាន់តែ​ជា​ការ​​រំភើប​​បណ្ដោះ​អាសន្ន​​ប៉ុណ្ណោះ។ ​យ៉ាងនេះ​ក្ដី ក្រុម​អ្នកគាំទ្រ Bitcoin នៅតែ​ជជែក​តវ៉ា​ជាមួយនឹង​ក្រុម​ដែល​សង្ស័យ​អំពី​កត្តា​លើកទឹកចិត្ត​នៅ​ពីក្រោយ​ការឡើង​ថ្លៃ​របស់​រូ​បិ​ប័ណ្ណ​ឌីជីថល Bitcoin នេះ៕

    ប្រភព​៖ Bloomberg
    ប្រែសម្រួល​៖ បុត្រា

  • Donald Trump រកបាន 1.6ពាន់​លាន​ដុល្លារ ក្នុង​អាណត្តិ​ប្រធានាធិបតី

    Donald Trump រកបាន 1.6ពាន់​លាន​ដុល្លារ ក្នុង​អាណត្តិ​ប្រធានាធិបតី

    អង្គការ​តាមដាន​រដ្ឋា​ភិ​បាល​អាមេរិក ហៅ​កាត់​ថា CREW បាន​និយាយថា លោក Trump រកបាន​ប្រាក់​ចំនួន 1.6 ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល 4 ឆ្នាំ​នៃ​ការ​កាន់តំណែង​ប្រធានាធិបតី ប៉ុន្តែ ប្រាក់​ទាំងនេះ ភាគច្រើន​បានមកពី​សកម្មភាព​ជំនួញ​ដែល​លោក Trump ជា​អ្នក​ឈរឈ្មោះ។

    ក្រោយពី​បាន​ត្រួតពិនិត្យ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump អង្គ​ការមិន​ស្វែងរក​កម្រៃ Citizens for Responsibility and Ethics (ពលរដ្ឋ​ដើម្បី​ការទទួលខុសត្រូវ និង​ក្រមសីលធម៌) ហៅ​កាត់​ថា CREW ដែលមាន​មូលដ្ឋាន​នៅ​វ៉ា​ស៊ី​ង​តោន បាន​អះអាង​កាលពី​ថ្ងៃទី 22 ខែកុម្ភៈ​ថា បើទោះជា​លោក Trump ទទួលបាន​ការកោតសរសើ​រ​ច្រើន​ចំពោះ​ការបរិច្ចាគ​ប្រាក់ខែ​របស់លោក ប៉ុន្តែ នោះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ដ៏​តូច បើ​ធៀប​នឹង​ប្រាក់ចំណូល​ដែល​ក្រុមហ៊ុន​របស់លោក​រកបាន​នៅក្នុងពេល​លោក​កំពុងកាន់​អំណាច។

    CREW ដែលជា​អង្គការក្រៅរដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង​ពី​ឆ្នាំ 2003 ដើម្បី​តាមដាន​លើ​ក្រមសីលធម៌ និង​ការទទួលខុសត្រូវ​លើ​ការបកស្រាយ​របស់​រដ្ឋា​ភិ​បាល​អាមេរិក បាន​បញ្ជាក់ថា ខ្ទង់​ប្រាក់​យ៉ាងហោច 1,613,583,013 ដុល្លារ ដែល​បានមកពី​ក្រុមហ៊ុន Trump Organization រួម​នឹង​ខ្ទង់​ចំណូល​ដទៃ​មួយចំនួនទៀត ត្រូវបាន​លោក Trump ប្រកាស។

    ជាង​នេះ លោក Trump ក៏​ធ្លាប់បាន​បង្ហើប​ឱ្យដឹង​អំពី​ប្រាក់ចំណូល​លើសពី​ខ្ទង់​ខាងលើ​ទៅទៀត ពោលគឺ 1,790,614,202 ដុល្លារ ប៉ុន្តែ រូបភាព​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​នេះ ហាក់​មាន​ភាព​ស្រ​ពេ​ច ស្រពិល។

    Trump National Golf Club នៅ​ Virginia

    ខ្ទង់​ចំណូល​មួយ​ភាគ​ធំ​របស់ Trump Organization បានមកពី​អចលនទ្រព្យ​ល្បីឈ្មោះ​មួយចំនួន ដូចជា តំបន់​លម្ហែកាយ Mar-a-Lago, សណ្ឋាគារ​អន្តរជាតិ Trump នៅ​រដ្ឋធានី វ៉ា​ស៊ី​ង​តោន និង​ទីលាន​វាយកូនគោល​មួយចំនួន​នៅ Doral ក្នុង​រដ្ឋ Florida, Bedminster នៅ New Jersey និង Trump National នៅ Virginia។

    CREW យល់ឃើញថា ភាគច្រើន​នៃ​ប្រាក់ចំណូល​នេះ បានមកពី​ក្រុម​អ្នកជំនួញ​ដែល​ចង់​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ផលប្រយោជន៍​ពី​ប្រធានាធិបតី Trump ដោយ​ការ «នៅ​ជាមួយ» នឹង​អចលនទ្រព្យ​ដែលមាន​ឈ្មោះ​លោក Trump។

    របាយការណ៍​របស់ CREW ត្រូវបាន​លើកឡើង​នៅពេល​តុលាការ​កំពូល​បានចេញ​សេចក្ដីសម្រេច បង្គាប់​ឱ្យ​លោក Trump ប្រគល់​ឯកសារ​ប្រកាស​ពន្ធ​មកឱ្យ​ការិយាល័យ​រដ្ឋអាជ្ញា​នៅ New York។ ប៉ុន្តែ អតីត​ប្រធានាធិបតី Trump បាន​រិះគន់​លើ​បញ្ហា​នេះ និង​បាន​និយាយថា នឹងធ្វើ​ការតវ៉ា​ជា​បន្តទៀត។

    ក្នុង​គ្រា​ទើបតែ​បាន​ឡើងកាន់​អំណាច CREW បានដាក់​ពាក្យ​ប្ដឹង​លោក Trump ដោយ​ចោទប្រកាន់ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ ព្រោះតែ​បន្ត​ទទួលយក​ខ្ទង់​ប្រាក់​ទូទាត់​ពី​រដ្ឋាភិបាល​បរទេស​នា​នា ដោយ​ពឹង​លើ​សកម្មភាព​ជំនួញ​ដែល​ក្រុមគ្រួសារ​របស់លោក Trump កាន់កាប់៕

    ប្រភព៖ Independent
    ប្រែ​សម្រួល៖ បុត្រា

  • ទិដ្ឋភាព​ដ៏​ត្រជាក់​ភ្នែក​​នៃ​​ជ្រោះ​ទឹកធ្លាក់ Niagara Falls ដែល​កំពុង​កក​ស្ទើរ​ទាំងស្រុង

    ទិដ្ឋភាព​ដ៏​ត្រជាក់​ភ្នែក​​នៃ​​ជ្រោះ​ទឹកធ្លាក់ Niagara Falls ដែល​កំពុង​កក​ស្ទើរ​ទាំងស្រុង

    ពេញ​មួយឆ្នាំ ទឹកធ្លាក់ Niagara Falls តែងតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​គ្រប់រូប មិន​ថា​រដូវ​ណា ជា​រដូវ​ណា​នោះឡើយ ក្នុងនោះ នា​រដូវរងា Niagara Falls តែងមាន​ទិដ្ឋភាព​ពេញ​ដោយ​មន្ត​ស្នេហ៍​យ៉ាង​ចម្លែក។

    កាលពី​ថ្ងៃទី 21 កុម្ភៈ ការធ្លាក់​ព្រឹល​នៅ​ភាគ​ខាងជើង​រដ្ឋ New York នៃ​សហរដ្ឋអាមេរិក បាន​នាំឱ្យ​ទិដ្ឋភាព​នៅ Niagara Falls កាន់តែ​អស្ចារ្យ។ ព្រឹល​ធ្លាក់ បានធ្វើឱ្យ​ទឹក​ស្ទើរ​ទាំងអស់​របស់​ជ្រោះ Niagara Falls ត្រូវ​កក នាំឱ្យ​ស្រទាប់​ថ្ម​តូចធំ​ទាំងឡាយ​នៅ​ជុំវិញ ត្រូវ​គ្របដណ្ដប់​ដោយ​ពណ៌​សក្បុស ព្រមទាំង​មាន​លេច​រូប​រង​ឥន្ទធនូ 7ពណ៌​គួរឱ្យ​គយគន់​ផងដែរ។

    អាកាសធាតុ​នៅ Bufalo នៃ​រដ្ឋ New York ត្រូវបាន​ព្យាករ​ថា​នឹង​បន្ត​ចុះ​ត្រជាក់​ខ្លាំង​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​ទៀត។ ខាងក្រោម​នេះ​គឺជា​ទិដ្ឋភាព​មួយចំនួន ស្ដីអំពី​សម្រស់​ដ៏​ស្រស់ត្រកាល​របស់ Niagara Falls ដែល​ត្រូវបាន​ថត​ដោយ​អ្នកសារព័ត៌មាន​របស់ Reuters កាលពី​ថ្ងៃទី 21 ធ្នូ ឆ្នាំ2021។

    ទិដ្ឋ​ភាព​នៃ​ផ្លូវ​ដើរ​នៅ​ទីតាំង​ទេសចរណ៍​ Niagara Falls

    ប្រភព៖ Reuters
    ប្រែសម្រួល៖ បុត្រា